រឿង៖ ថ្ងៃលិចនៅអង្គរ

«ម៉ែ ខ្ញុំចង់មើលថ្ងៃលិចនៅអង្គរ!»

ខ្ញុំស្រែកប្រាប់ម៉ែច្បាស់ៗតាមកំសួលចិត្តក្មេងប្រុស១២ឆ្នាំម្នាក់។

ម៉ែឈរធ្មឹងគ្រាន់តែឮភ្លាម ពាក្យខ្ញុំមុននេះទាញឱ្យដៃម៉ែនឹងថ្កល់ ភ្នែកគាត់សម្លឹងខ្ញុំដោយសំកាំងឆ្នាំងបាយជាប់ដៃមិនងាកទៅណា។

ប្អូនតូចៗខ្ញុំប្រហែលយំស្រែកយ៉ៃពេញផ្ទះទៀតហើយ ព្រោះបាយល្ងាចដែលប្រុងដាំ មិនទាន់បានទាំងលាងអង្ករផង។ រាល់ល្ងាចពេលត្រលប់មកវិញម៉ែរលះរលាំងធ្វើម្ហូបមិនហ៊ានដំអក់ឡើយ បើមិនអ៊ីចឹងអាច្រម៉ក់តូចៗដែលនៅចាំឱ្យរហង់ ច្បាស់យំប្រណាំងគ្នាព្រោះឃ្លានបាយមិនខាន។

តែថ្ងៃនេះបងប្រុសវា មុខជាធ្វើឱ្យផ្ទះក្លាយជាទីលានស្រែកប្រណាំង ដល់ថ្នាក់មីងអ្នកជិតខាងអើតសួរដូចរាល់ដងមិនខានទេ។

ម៉ែគាំងហើយសើចស្ងួត ទើបសួរខ្ញុំមកវិញ៖

«ចុះថ្ងៃលិចនៅនេះ ឯងមើលមិនបានអ្ហីកូន?»

ម៉ែសើចរលាក់តិចៗ គ្រវីក្បាលមួយៗផង ហើយបែរចេញពីខ្ញុំស្រូតដណ្ដាំបាយភ្លែតគេចពីខ្ញុំវឹង ទើបខ្ញុំស្ទុះតាំងៗតាមម៉ែពីក្រោយ និយាយឮៗ៖

«ខ្ញុំឃើញពួកច្រមុះស្រួចៗជិះយន្តហោះឆ្លងទឹកផង គោកផង មកមើលអង្គរវត្តម៉ែ! គេមកទាំងក្រុមៗរាល់ថ្ងៃ ហើយយើងនៅក្បែរបង្កើយ ខ្ញុំចង់ទៅមើលហ្នឹងគេម្តងម៉ែ…អង្គរវត្តអស្ចារ្យម៉េចទៅបានគេខំតស៊ូមកពីឆ្ងាយម៉េះ?!»

ម៉ែអាក់បន្តិច ទោះបីខ្ញុំឃើញតែខ្នងគាត់ដែលបែកញើសជោកអស់ពេញមួយថ្ងៃ។ អង្គរវត្តអស្ចារ្យប៉ុនណា ក៏ម៉ែមិនដឹងថាឆ្លើយប្រាប់ខ្ញុំបែបម៉េចដែរ ព្រោះសូម្បីគាត់ក៏មិនធ្លាប់បានទៅស្គាល់ឱ្យច្បាស់ដូចថ្ងៃផង បានត្រឹមមើលពីចម្ងាយ ឬឆ្លងកាត់ កុំថាឡើយអាល្អិតចិត្តធំដូចខ្ញុំនេះ។

ដ្បិតម៉ែនិងពុកជាអ្នកសៀមរាបពីកំណើតមក តែយើងនៅតែក្នុងភូមិ មិនដែលបានត្រាច់ចរទៅណា ឬនិយាយម៉្យាងទៀតថា ទៅស្គាល់ប្រាសាទក្នុងខេត្តយើងឱ្យអស់ផង។ ផ្ទះយើងនៅស្រុកបន្ទាយស្រី ចម្ងាយជាង២៥គីឡូដីពីខាងជើងក្រុងសៀមរាប ដែលអង្គរវត្តឈរយ៉ាងស្កឹមស្កៃ ប៉ុន្តែយើងរកមួយថ្ងៃសល់តែបាយចម្អែតពោះបីពេល បើស្អែកមិនខំបន្ថែមទេ ច្បាស់ជាដាច់បាយពេលមិនខាន។

ថ្ងៃនេះខោអាវប្រឡាក់ម៉ែមិនទាន់បានផ្លាស់ផង ក៏ត្រូវប្រញាប់រៀបចំបាយទឹកទៀត កុំថាឡើយរឿងធនធាន តែពេលវេលាក៏ពុកនិងម៉ែមិនមានផង។ ម៉ែមិនឆ្លើយខ្ញុំក៏ដឹងថា មិនមែនចំណង់ខ្ញុំធំហួសមាឌទេ តែម៉ែមិនដឹងថាត្រូវពន្យល់ខ្ញុំពីណាទៅណា ម្យ៉ាងម៉ែក៏អន់ចិត្តដែលគ្មានលទ្ធភាពដូចគេឯង។

«ថ្ងៃលិចនៅបន្ទាយស្រីស្អាតមិនចាញ់អង្គរដែរឧត្តមកូនណ្អើយ!»

ម៉ែតបហើយហុចពងទាស្ងោរឆ្អិនឱ្យខ្ញុំបកសម្បក។ ខ្ញុំបករួចម៉ែចាក់ទឹកស៊ីវអ៊ីវ ហើយញ៉េចម្ទេសក្រហមឆៅ ឱ្យខ្ញុំដួសបាយកកដែលសល់តូចល្មមលើកឱ្យពុកមុន។

ពុកអង្គុយធ្វើហត្ថកម្ម ដើម្បីបានវត្ថុអនុស្សារវីយ៍យកឱ្យខ្ញុំលក់នៅថ្ងៃស្អែក ក្បែររទេះរុញដែលចោលចតក្បែរៗគាត់។ ពេលខ្ញុំធំឡើង គឺឃើញពុកបែបនេះទៅហើយ។ ខ្ញុំមិនច្បាស់ថាពុកបាត់ជើងម្ខាងពីពេលណាទេ ម្តងម៉ែប្រាប់ថាមកពីពុកទៅធ្វើទ័ព ម្តងថាពុកត្រូវមីន មិនដឹងថាគាត់មិនចង់រំឭករឿងឈឺចាប់នេះ ឬមួយទោះប្រាប់ ក៏ក្មេងនិយាយច្រើន ឆ្ងល់មិនឈប់ដូចខ្ញុំ ស្ដាប់មិនយល់?

«ពុកពិសាបាយ!»

ពុកកំពុងញាប់ដៃ មិនឈប់សោះ។ គាត់ធ្វើវាមួយល្ងាចពេញ ឥឡូវព្រលប់ទៅហើយក៏ពុកមិនចង់ឈប់មួយដង្ហើមណាសោះ។ ម៉ែចេញទៅលក់កម្លាំងដើម្បីប្តូរបាយមកចិញ្ចឹមខ្ញុំ ស្រីនាង និងអាភ្លោះពៅពីរនាក់ទៀត ពុកពិបាកទៅណា ហើយគ្មានអ្នកមើលប្អូនតូចៗផង ទើបម៉ែចេញទៅរ៉ាប់រងម្នាក់ឯង ឱ្យពុកនៅមើលផ្ទះសម្បែង។ ពុកជួយម៉ែមិនកើត បានត្រឹមរបស់តិចតួចដែលគាត់មានជំនាញ ហើយពឹងលើខ្ញុំដែលជាអ្នកយកទៅលក់ក្រោយចេញពីរៀនហ្នឹងឯង ដែលពុកអាចជួយម៉ែបាន ម្ល៉ោះហើយទើបខ្ញុំមិនធ្លាប់ឃើញពុកបង្អន់ដៃម្តងណាទេ ព្រោះតែអម្រែកកូនតូច៤នាក់នេះ។

ខ្ញុំដាក់ខ្លួនអង្គុយក្បែរពុក ហើយទាញកន្រ្តក សង្វាតជួយគាត់ ទើបពុកព្រមពិសាបាយ។ ខ្ញុំក្រងអំបោះបណ្ដើរលួចមើលមុខពុកបណ្ដើរ លុះលួចមើលញយៗពុកក៏ចាប់បាន ហើយចុងភ្លែកគាត់សម្លឹងមកខ្ញុំរឿយៗ។

«ពុក! អង្គរវត្តស្អាតអត់?»

«កូនឯងចង់ទៅ?» ពុកសើចពព្រាយ

«ខ្ញុំឮអ្នកគ្រូថាអស្ចារ្យណាស់ អ្នកណាៗក៏គេចង់មើលអង្គរវត្តស្រុកខ្មែរដែរពុក!»

«អើ! បើឯងចង់មើលណាឧត្តម ទាល់តែកូនឯងហ្នឹងខំរៀន!»

ខ្ញុំទម្លាក់របស់នៅដៃចោល ហើយសួរភ្លាម៖

«ម៉េចបានខំរៀនបានមើលបានពុក ខ្ញុំឃើញថ្ងៃបុណ្យទាន សៅរ៍ អាទិត្យម្តងៗគេមកមើលមិនពិបាកអីផង! ក្មេងៗខ្លះតូចជាងខ្ញុំផង គេជិះឡានធំៗតាំងពីភ្នំពេញមកសៀមរាបយើងហ៎ពុក!»

«ហេហេហេ….» ពុកសើចស្រួលណាស់ ដូចរឿងកំប្លែងអ៊ីចឹង

«បើកូនឯងទៅមើលអង្គរវត្តបាត់ បានពីណាទៅលក់កូន? បើពុកត្រូវមើលប្អូនឯង វានៅតូចៗណាស់ ហើយម៉ែទៅស៊ីឈ្នួលគេបាត់ៗហត់ណាស់ កុំរករឿងម៉ែណាឧត្តម!»

ខ្ញុំធ្វើមុខជូរដូចគ្រាប់អំពិលដែលម៉ែចំណាំស្លម្ជូរព្រលិតនិងកូនត្រីអ៊ីចឹង

«មានរករឿងណាពុក គ្រាន់តែចង់ទៅមើលថ្ងៃលិចតែម្តងសោះហ្នឹង!»

«អើ….ៗៗៗ ពុកយល់ៗ ទម្រាំតែថ្ងៃលិចបាត់ ម៉ែឯងគត់ខោអាវ ដាំបាយ ធ្វើម្ហូបអស់ល្មម នៅជួយម៉ែទៅណាកូន ថ្ងៃលិចនៅទីណាក៏ដូចគ្នាដែរឧត្តម!»

«ដូចណាពុក ខុសគ្នា!»

ប្អូនភ្លោះពៅទាំងពីររបស់ខ្ញុំ ក៏ស្រែកយំព្រមគ្នាល្មម ពុកក៏ដេញខ្ញុំបានទាន់ចិត្ត

«ណក៎ៗ…យំហើយៗ…ទៅ…ទៅមើលមើល៍ៗ ប្អូនឯងរករឿងទៀតហើយ»

ខ្ញុំក៏ស្ទុះទៅវឹង ឮតែពុករអ៊ូពីក្រោយ

«ហ៊ើយ…កូននេះ និយាយមិនឈ្នះវាតាស៎ហ្មង…ហិហិហិ…!»

ស្អែកឡើង ចេញពីសាលាភ្លាម ខ្ញុំទៅផ្ទះហើយយករបស់ទៅលក់តាមធម្មតា។ មេឃបាក់រសៀលទៅហើយ ថ្ងៃក៏ជិតលិចដែរ តែថ្ងៃនេះស្ងាត់ណាស់! លក់មិនបានលុយប៉ុន្មានផង ខ្ញុំក៏នៅបន្ត មិនទាន់ទៅផ្ទះទេ ម្យ៉ាងចិត្តប៉ងចង់មើលថ្ងៃលិចខ្លាំងណាស់។ រាល់ដងទោះលក់បានប៉ុន្មាន ក៏ខ្ញុំត្រូវប្រញាប់ទៅវិញឱ្យទាន់ម៉ែដែរ។

ព្រះអាទិត្យទម្លាក់ខ្លួនកាន់តែទាបទៅៗហើយ សន្សឹមៗមកឆ្លុះគ្នានឹងប្រាសាទដែលមានពណ៌ស្អាតដាច់គេ ធ្វើពីថ្មភក់ពណ៌ផ្កាឈូកនិងក្បាច់ចម្លាក់យ៉ាងប្រណីតនៅសៀមរាបហើយ។ ខ្ញុំបានត្រឹមមើលពីចម្ងាយ មើលកាំរស្មីពណ៌មាសដែលធ្វើទិដ្ឋភាពកាន់តែស្រស់ស្អាតដូចគំនូរ។

«នៅអង្គរវត្តស្អាតប៉ុនណាទៅ?» ខ្ញុំគិតតែឯង ហើយដើរទៅផ្ទះវិញយ៉ាងស្ងៀមស្ងាត់។

មិនទាន់បានចូលដល់ផ្ទះផង ឮសំឡេងប្អូនខ្ញុំយំតាមទម្លាប់ក្មេងមិនចេះនិយាយទៀតហើយ។ ខ្ញុំទម្លាក់អីវ៉ាន់ដោយហត់នឿយ រួចពរប្អូន លួងវាឱ្យឈប់ស្រែក។ ទិដ្ឋភាពថ្ងៃនេះ ច្រាលឱ្យខ្ញុំចង់ឈានជើងទៅអង្គរវត្តឱ្យបានម្តង បំណាច់ចិត្តដែលចង់ទៅហើយ ប៉ុន្តែសភាពផ្ទះ ចេះតែឱ្យខ្ញុំគិតថា បើទោះមានស្លាបហោះ ក៏ខ្ញុំមកវិញមិនទាន់ដែរ។

ខ្ញុំមិនចង់ទ្រាំទេ មិនចង់ចាំបន្តិចទៀតៗដូចពុកប្រាប់ទេ ព្រោះមិនដឹងបន្តិចហ្នឹងពេលណាទើបមកដល់ទេ តែណ្ហើយ! ខ្ញុំក៏មិនហ៊ានព្រហើន លួចទៅអង្គរបាត់ឱ្យម៉ែតាមរកស្លេកមុខដែរ។ តាមថាថ្ងៃលិចនៅផ្ទះយើងក៏មិនអន់ដែរ គ្រាន់តែខ្ញុំមិនដែលបានចំណាយពេលអង្គុយមើលថ្ងៃលិចឱ្យស្រួលបួលសោះ។

រឿងអីដែលថាខ្ញុំមិនធ្លាប់ឃើញថ្ងៃលិច តាមវាលស្រែ ផ្លូវកៅស៊ូ ផ្លូវលំ…វាមិនដូចគ្នាមែន តែក៏ស្អាតខុសៗគ្នាតាមបែបផែនរបស់វាដែរ។

ពេលថ្ងៃលិច ទើបពុកអាចសម្រាកដៃឱ្យបាត់ហេវហត់

ពេលថ្ងៃលិច ទើបម៉ែអាចមកផ្ទះបានចួបកូនៗ

ហើយពេលថ្ងៃលិចទើបខ្ញុំដឹងពីអារម្មណ៍ហេវហត់អស់កម្លាំង

ទោះថ្ងៃលិចបាត់ទៅហើយ ក៏ម៉ែនៅតែមិនសម្រាក មិនឈប់ពីការងារជាម្ដាយទេ

ទោះព្រលប់ក្តី ក៏ពុកនៅតែចូលសម្រាន្តយឺតដូចរាល់ដង

ទោះខ្ញុំទៅមើលថ្ងៃលិចនៅទីណា ក៏ព្រះអាទិត្យនៅតែលិចទៅតាមធម្មតា ដូចពុកថាថ្ងៃលិចកន្លែងណាក៏ដូចគ្នា។ ប៉ុន្ដែខ្ញុំសន្យា សន្យាក្នុងនាមជាកូនប្រុសថា ថ្ងៃមួយខ្ញុំនឹងនាំអ្នកផ្ទះយើងទៅមើលថ្ងៃលិចនៅអង្គរឱ្យបាន ព្រោះថាគ្មានកន្លែងដែលស្អាតជាងថ្ងៃលិចនៅស្រុកកំណើតយើងឡើយ៕

ចប់