លោក សោភ័ណ គឺជាមន្ត្រីរាជការម្នាក់ផ្នែករុក្ខាប្រមាញ់ ។ ក្នុងវ័យ៤២ឆ្នាំ មានភរិយាឈ្មោះ ហ្សាវីននិងរៀបការជាង១០ឆ្នាំនៅមិនមានកូនម្នាក់នៅឡើយ។
ដោយសារមានយសសក្តិកាន់តែឡើង និងមានទ្រព្យសមរម្យស្តុកស្តម្ភ គាប់ជួនជិតត្រូវបានផ្លាស់ ឱ្យមកធ្វើការនៅបាត់ដំបងផង គាត់បានសម្រេចចិត្តថា ចង់រកទិញយកផ្ទះមួយបន្ថែមទៀតនៅខេត្តស្រុកកំណើតនេះ។ មិនយូរប៉ុន្មានខាងអចលនទ្រព្យបានយកផ្ទះមួយចំនួនមកពិភាក្សាជាមួយគាត់ ក្នុងនោះគាត់ចាប់អារម្មណ៍ខ្លាំងលើវីឡាធំមួយនៅក្នុងសង្កាត់ស្វាយប៉ោ (ឃុំស្វាយប៉ោ)ដែលមានរចនាបទជំនាន់បារាំង។
យប់នោះលោកសោភ័ណបានចូលដំណេកនិងបង្ហាញរូបថតផ្ទះចង់ទិញយកនោះដល់ភរិយា។ គាត់ប្រាប់នាងថា៖
«ហ្សាវីន! ខេត្តបាត់ដំបងនេះនឹងក្លាយជាក្រុងធំមួយសម្រាប់ប្រទេសយើង ! ពេលដែលទិញផ្ទះនោះហើយ បងមានបំណងថា នៅថ្ងៃមុខនឹងសន្សំលុយកែវាធ្វើជាសណ្ឋាគារមួយរកចំណូលពេលយើងចូលនិវត្ត!»
អ្នកស្រីហ្សាវីនក្នុងវ័យ៣៥ឆ្នាំជាអ្នកឌីសាញវិចិត្រកម្មលើកំព្យូទ័រ គាត់ធ្វើការពីទីណាក៏បានដូច្នេះគាត់បានយល់ស្របជាមួយប្តីក្នុងការមានកម្មសិទ្ធិផ្ទះទីនេះ។
«ស្រឡាញ់តាស៎បង! ដោយសារផ្ទះនេះមានរចនាបថជំនាន់បារាំងគួរឱ្យទាក់ទាញ ទោះបីចាស់បន្តិចក្ដីតម្លៃក៏ធូរ! ហើយ….ពេលណាបងផ្លាស់ទៅកាន់តំណែងនៅនុះ?»
«អត់អីទេ! ២ខែទៀតហ្នឹង!»
«យើងប្រហែលជាជួសជុលទាន់ដឹង?»
ប្តីប្រពន្ធត្រូវគ្នាហើយ ក៏សម្រេចចិត្តឡើងទៅមើលផ្ទះ។ ទៅដល់ឃើញភ្លាម ក៏ពេញចិត្តមូលមតិគ្នាកក់លុយទិញយកភ្លែត។
ប៉ុន្តែនៅពេលបីសប្តាហ៍ក្រោយ…ដែលលោកសោភ័ណឡើងមកម្នាក់ឯងមុន ដើម្បីពិនិត្យមើលដំណើរការជួសជុលថ្មី គាត់បានជួបរឿងប្លែកមួយចំនួន។
អ្នកយាមផ្ទះ ឈ្មោះមឿន មានអាយុ៣៥ឆ្នាំ បានរៀបរាប់យកចិត្តចៅហ្វាយថា៖
«មេ! ផ្ទះនេះជួសជុលលឿនណាស់! លឿនជាងគម្រោងមែន! ជាងញាប់ដៃញាប់ជើងណាស់ មិនហ៊ានពន្យាទេ! ….ហើយ….គ្រប់យ៉ាង ខ្ញុំតាមពិនិត្យល្អិតល្អន់តាមចៅហ្វាយបង្គាប់ មិនឱ្យខកចិត្តទេទានប្រោស!»
លោកសោភ័ណពេញចិត្តជាខ្លាំង។
«តែ…មឿនឯងមិនបាច់ហៅខ្ញុំថាចៅហ្វាយក៏បានដែរ! មឿនឯងជាអ្នកយាមផ្ទះនេះ តាំងពីជំនាន់ម្ចាស់មុន….ឥឡូវនេះមកធ្វើជាអ្នកយាមបន្តទៀត ខ្ញុំរាប់អានមឿនឯង ! ខ្ញុំទុកចិត្ត! ហើយណេះដើម្បីជាសាគុណដែលខំធ្វើការបានល្អ ខ្ញុំពេញចិត្តណាស់! ប្រាក់នេះយប់នេះទិញទឹកទិញសាច់មកឱ្យជាងៗហូបបាយជុំគ្នា!»
យប់នោះ នៅពេលដែលស្រវឹងជោក មឿនត្រូវក្រោកចេញមកបើកទ្វាររបងទៀត ពីព្រោះចៅហ្វាយបាននាំមិត្តភក្តិមួយចំនួនមកពិនិត្យផ្ទះដោយមិនបានព្រាងទុក។
លោកសោភ័ណបានរៀបរាប់ប្រាប់មិត្តភក្តិគាត់៖
«នេះជាផ្ទះដែលខ្ញុំបាននិយាយប្រាប់ហ្នឹងហើយ! ហើយបើសិនជាការវិនិយោគរបស់យើងដំណើរការទៅល្អខ្ញុំគិតថាវាអាចក្លាយទៅជាសណ្ឋាគារថ្នាក់ផ្កាយ ដែលយើងអាចលក់ជាមួយភ្ញៀវទេសចរបរទេស!»
មិត្តគាត់ម្នាក់ឈ្មោះ ផានិតបានយល់ស្រប៖
«ទៅរួច សម្រាប់ការដែលធ្វើឱ្យផ្ទះនេះក្លាយទៅជាសណ្ឋាគារដ៏ប្រណិតមួយប៉ុន្តែមានរចនាបថពីជំនាន់បារាំង! ពួកច្រមុះស្រួចចូលចិត្តស្នាក់នៅណាស់!»
នៅពេលដែលស្រុកលោកសោភ័ណជូនមិត្តភក្តិទៅដល់ឡាន ហើយងាកមកឃើញមឿននៅឈរក្បែរៗទីមទើម គាត់ក៏ចេញមក ត្រលប់ដើរក្បែរដើម្បីផ្តាំផ្ញើ។
«ស្អែកបងឡើងទៅភ្នំពេញវិញសិន! មឿនឯងទៅមើលជាងដូចរាល់ដងហើយកុំប្រហែសកន្លែងសំខាន់ៗណា! នៅពេល ក្លាយទៅជាសណ្ឋាគារមឿនឯងអាចនឹងក្លាយទៅជាប្រធានសន្តិសុខ ហើយប្រាក់ខែមឿន អាចនឹងឡើងច្រើនដែរទៅតាមហ្នឹង!»
«អូបាទ! អរគុណទាន! អរគុណច្រើន!»
«ហើយ….មានរបស់ខ្លះបងទុកនៅហ្នឹង? ឬមួយអាចមានចោរលបចូលទេ?»
«អូ ចោរឯណាហ៊ានចូលមកណេះ?! ផ្ទះនេះធ្លាប់មានមនុស្សស្លាប់ គ្មាននរណាហ៊ានមកបៀតទេ!»
លោកសោភ័ណចាប់អារម្មណ៍នឹងសម្ដីមនុស្សស្រវឹង ក៏ងាកមកសម្លឹងថ្មែ?
«មិញ… មឿនឯងនិយាយថាម៉េចវិញ?!»
មឿនផ្តើមកោកកាកតាមអំណាចគ្រឿងស្រវឹង៖
« នៅផ្ទះនេះ…..ដូចចៅហ្វាយដឹងស្រាប់ហើយ!»
«កុំហៅខ្ញុំថាចៅហ្វាយ!….ហើយ….ផ្ទះនេះធ្លាប់មានអ្នកស្លាប់?!»
«បាទ! សម្លាប់ខ្លួនទាន!»
លោកសោភ័ណភ្ញាក់ដូចដើរផុងអណ្តូង។ គាត់ងាកយឺតៗសម្លឹងមិត្តភក្តិដែលចាំក្នុងឡាន។ មឿននៅតែបូរបាច់៖
«ចឹង….មិនដែលមានអ្នកណាហ៊ានជិះកាត់ផង កុំថាឡើយនៅពេលយប់ស្ងាត់ភ្លៀងរិចៗចឹងទៀត! ប៉ុន្តែម្ចាស់ផ្ទះមុន….ដែលឱ្យខ្ញុំយាមបានដល់ទៅដប់ឆ្នាំនេះ គឺដោយសារតែខ្ញុំមិនចេះខ្លាច!»
« ផ្ទះនេះធ្លាប់មានអ្នកសម្លាប់ខ្លួន?» គាត់ខ្សឹបសួរបញ្ជាក់ព្រោះថា ស្ដាប់ឮហើយរាងដូចជាខ្នក់ក្នុងចិត្តខ្លាំង។ ឃើញអ្នកយាមងើយមុខសម្លឹងទៅជាន់ខាងលើប៉ុន្តែមិនទាន់ឆ្លើយ លោកសោភ័ណក៏ហាម៖
«មិនឱ្យនិយាយរឿងនេះប្រាប់អ្នកណាទេណា៎ពិសេសប្រពន្ធខ្ញុំ!»
អ្នកយាមឈ្មោះមឿនស្រវឹងចូលខ្លួនទៅហើយបានអីយល់ចិត្តមេទៀត?គេនៅតែនិយាយពន្យល់ថា៖
«មិនអីទេទាន! ខ្មោចនៅផ្ទះនេះតាមថែរក្សាខ្ញុំទៅហើយ! និយាយទៅអាណិតគាត់ដែរ គាត់សម្លាប់ខ្លួនតាំងពីជំនាន់មុនយូរណាស់ហើយ តាំងពីម្តាយឪពុកខ្ញុំមិនទាន់កើតផង!»
សោភ័ណសម្លុតតិចៗ៖
«ហើយឈប់និយាយទៅ! យប់ហើយ!!! »
«អូ! រឿងនេះកើតឡើងយូរហើយ! ចៅហ្វាយមិនបាច់ខ្លាចទេ! រឿងនេះប្រហែលកើតឡើងតាំងពីជំនាន់លោកម្ចាស់! ផ្ទះនេះមិនមែនទើបតែសាងសង់ទេទាន! សាងសង់តាំងពីជំនាន់សម័យលោកម្ចាស់ក្រោយមកក៏កែកុនរៀបចំឡើងវិញប៉ុន្មានតំណហើយ រឿងសម្លាប់ខ្លួននោះកើតឡើងយូរហើយ!»
«បានហើយ! និយាយប៉ុណ្ណឹងបានហើយ! តែត្រូវច្បាស់ថា រឿងនេះលាក់ឱ្យជិត ពេលហ្សាវីនមកនៅកុំធ្លោយនិយាយប្រាប់ឱ្យសោះ! គេជាមនុស្សស្រី!»
«អូបាទ!បាទ!បាទ! ខ្ញុំយល់ហើយទាន! ខ្ញុំមិនជម្រាបអ្នកស្រីទេ!»
ចាប់តាំងពីពេលនោះមក លោកសោភ័ណត្រលប់មកភ្នំពេញវិញមានអារម្មណ៍មិនល្អសោះ ។ ពេញមួយថ្ងៃគាត់ស្រាវជ្រាវក្នុងInternetដឹងថាផ្ទះនោះតាមពិតបានលក់ដូរតគ្នា៦ម្ចាស់មកហើយ គ្មានអ្នកណារើចូលនៅទេ។
យប់នោះគាត់គេងហើយក៏ភ្ញាក់ៗម្នាក់ឯងឡើងជាច្រើនដង ព្រោះតែនឹកឃើញដល់សម្តីរបស់អ្នកយាមឈ្មោះមឿន។
ប្រពន្ធឃើញដូច្នេះក៏សួរវិញ៖
«បងមកពីបាត់ដំបងដូចជាសម្រាន្តមិនលក់?»
ប្តីបង្វែរសាច់រឿងយកលេសផ្សេងមកឆ្លើយ៖
«ធម្មតាយើងជិតរើទៅនៅស្រុកផ្សេង….ការផ្លាស់ប្តូរមានសម្ពាធតិចតួច! គ្រាន់តែបងមានអារម្មណ៍រាងមិនសូវស្រណុកចិត្តបន្តិច!»
«មិនអីទេ! ប្រហែលជាបងបារម្ភពីការងារថ្មីនៅឯខេត្តនោះទេដឹង? ចេះតែចោទថាមកពីផ្ទះថ្មីនោះ?»
«ចុះអូន?យល់ថាផ្ទះនោះម៉េចដែរ?»
«អូន? គឺស្រឡាញ់ខ្លាំងណាស់ធំហើយមើលទៅប្រណីត!»
«ហើយអូនគិតរៀបចំពិធីឡើងផ្ទះទេ ?!»
«ស្រេចតែបងទេ!»
«អ៊ីចឹង….គិតថាយើងនិមន្តព្រះសង្ឃមកចម្រើនពរផងទៅ!»
«ធម្មតាយើងត្រូវតែធ្វើហើយបង!»
«តែបងមិនចង់ឱ្យមានមនុស្សមកច្រើនប៉ុន្មានទេ ព្រោះបងចូលចិត្តភាពស្ងប់ស្ងាត់ជាង! មិនចង់ឱ្យគេគិតថាយើងមានផ្ទះធំពេក! យើងជាអ្នករាជការឡូយឆាយពេកមិនល្អទេ!»
«ចា៎! ខ្ញុំធ្វើតាមបង! រកបងសុភីឱ្យនិមន្តលោកក៏បានបង»
«អូខេ!ស្អែកបងខលទៅបងស្រីបង!»
ដល់ថ្ងៃចូលនៅផ្ទះនោះ ពួកគេសប្បាយរីករាយជាខ្លាំងជាពិសេសហ្សាវីនដោយសារនាងសង្កេតឃើញមានរុក្ខជាតិហូបផ្លែទ្រុបទ្រុលនៅអែបតាមរបងខាងក្រៅ។ ចំណែករចនាបថនៅក្នុងផ្ទះរក្សាទម្លាប់ដើមគ្រាន់តែជួសជុលឱ្យថ្មីស្រឡាងហើយមានខ្យល់អាកាសចេញចូលប្រកបទៅដោយបទដ្ឋានរស់នៅល្អជាងផ្ទះចាស់នៅភ្នំពេញឆ្ងាយ។
« បង!បង!»
នាងហៅទៅរកប្តីព្រោះឃើញលោកកំពុងឡើងជណ្តើរនៅជាន់ខាងលើ។ ប្តីមិនបានងាកមកនិយាយជាមួយនាងសោះហាក់ស្លុងនឹងអ្វីមួយហើយដើរឡើងទៅបាំងបាត់ក្រោយជញ្ជាំង។
« បងជួយលើកេសនេះឡើងផងកុំឱ្យខាតជើង!»
នាងនិយាយតែម្នាក់ឯងប៉ុន្តែមិនឃើញប្តីចុះមកវិញ ដូច្នេះហ្សាវីនក៏លើកឡើងខ្លួនឯងដោយដើរមួយៗសំដៅទៅជាន់ខាងលើតាមពីក្រោយប្តី។
មកដល់ជាន់ខាងលើស្ងាត់ច្រៀបគ្មានមនុស្សទាល់តែសោះ។
ប្រពន្ធសម្លឹងបន្តទៅជណ្តើរដែលឡើងដំបូលលើចុងប៉ូច។
« បងសោភ័ណឡើងទៅដំបូលផ្ទះធ្វើអី? ការងារនៅក្រោមច្រើនណាស់! ល្ងាចហើយណាបង!»
«ឡើងមក!»
នាងឮប្តីហៅ។
ហ្សាវីនដាក់កេះចុះ ឡើងតាមសំឡេងប្តីហៅខ្លី។
នៅពេលដែលនាងឡើងមកដល់ដំបូលហ្សាវីនមានអារម្មណ៍ចម្លែកដ្បិតនាងបែរជាឮសូរសំឡេងកោកកាករវាងមឿនហើយនិងប្តីនៅជាន់ខាងក្រោមទៅវិញ។
លើនេះពិតជាគ្មានអ្នកណាទេ!
វាជាដំបូលផ្ទះមិនទាន់ជួសជុលនិងកខ្វក់ដក់ទឹកកាន់ស្លែដោយអន្លើៗ។
«បង?»
នាងហៅតិចៗហើយឈានក្បែរបង្កាន់ដៃឱនសម្លឹងទៅក្រោម ក៏ឃើញប្ដីកំពុងតែលើកនេះនោះនៅក្នុងសួនច្បារជាមួយនឹងមឿនព្រមទាំងកម្មករពីរនាក់ទៀតដែលជួលមកឱ្យជួយរៀបចំ។
« ខ្ញុំឃើញគាត់ឡើងមកលើច្បាស់ណាស់! ហើយហៅខ្ញុំទៀត?»
នាងគិតរួចងាកសម្លឹងជុំវិញ។
«មានអ្នកណានៅនេះទេ?»
ហ្សាវីនស្រែកសួរឡើង ។ ជុំវិញខ្លួនស្ងាត់ច្រៀប ។ នៅសុខស្រាប់តែមានអារម្មណ៍ថា ព្រឺសម្បុរក៏ចាប់ផ្ដើមរត់ចុះមកក្រោមលែងគិត។
រាត្រីចូលមកដល់…
« បងយប់នេះមឿនត្រលប់ទៅផ្ទះវិញ?!»
«ត្រូវហើយ! គេមិនអាចគេងម្ភៃបួនម៉ោងនៅទីនេះទេ!»
នាងសម្លឹងទៅសួនខាងក្រោមខៀវស្រអាប់ក្រោមអំពូលរាត្រីស្រទន់។
« ខ្ញុំដូចជាមានអារម្មណ៍ប្លែកម៉េចទេ!»
«នៅផ្ទះថ្មីអ៊ីចឹងហើយ! បងយកទឹកមកទុកហូប ហើយយើងចូលបន្ទប់បិទទ្វារជិតទៅ ខានស្អែកបងសុភីបានអ្នកមកជួយជំនួសដៃជើង យើងបានបីនាក់ហើយ!»
ហ្សាវីនបិទវាំងននបែរមកវិញ ។ ប្តីនាងចុះទៅចាក់ទឹកហើយ។
បងស្រីរបស់លោកសោភ័ណនឹងនាំអ្នកបម្រើម្នាក់មក ចំណែកពេលាសូត្រមន្ត ឡើងផ្ទះគាត់ថា គាត់កំពុងតែសុំជួបព្រះសង្ឃមួយអង្គ រើសថ្ងៃសិន។
នាងចុចទូរស័ព្ទថយមកអង្គុយលើពូក។
ហ្សាវីនកាលពីព្រឹកមិញបានថ្វាយចេកមួយស្និតនិងផ្លែឈើខ្លះដែរនៅឯម្ចាស់ទឹកម្ចាស់ដីខាងក្រោមដូច្នេះក៏តាំងចិត្តបំភ្លេចភាពស្ងាត់នេះហើយនាំគ្នាប្រះសម្រាក។
ដោយសារហត់នឿយនឹងការរើផ្ទះពីរបីថ្ងៃមកនេះ ពេកគេគេងបានស្កប់ល្អណាស់ពីព្រលប់ តែនៅកណ្តាលអធ្រាត្រស្រាប់តែសោភ័ណត្រូវភ្ញាក់ស៊ើងមមើងឡើង ព្រោះសម្រែកប្រពន្ធស្រែកឆោឡោ។
ម្ចាស់ផ្ទះស្ទុះក្រោកឡើង។
« មានរឿងអី?»
តាមពិតប្រពន្ធនៅក្បែរសោះ នាងយល់សប្តិមិនល្អ។
«បងខ្ញុំ….!»
« គេងទៅ!»
ប្តីប្រញាប់កាត់ព្រោះឃើញសភាពរបស់នាងដូចជាទើបនឹងយល់សប្តិមិនល្អ បានជាមិនចង់ស្តាប់។
«….មនុស្សប្រុសម្នាក់លបចូលមកក្នុងផ្ទះនេះតាមសម្លាប់ខ្ញុំ!»
ប្តីក៏មិនសប្បាយចិត្តដែរដែលឮពាក្យនេះតែបានសម្រាលការភ័យរបស់នាងដោយស្រដី៖
«សំពះក្បាលដំណេកសារដើមហើយគេងមកវិញមក!»
សោភ័ណឱបភរិយាទាំងមានអារម្មណ៍ចម្លែក។ ពីរនាក់ប្រពន្ធប្តី ឱបគ្នាគេងបន្តមិនមាត់អ្វីរហូតដល់ព្រឹកឡើង។ មុនចេញទៅធ្វើការ ប្រពន្ធជូនប្តីមកដល់ក្បែរឡាន។
ចំណែកមឿនរត់ត្រុកៗទាំងដៃកាន់ធុងទឹកសម្រាប់ស្រោចផ្កា។
«អ្នក….អ្នកយាមពេលយប់នោះ រកមិនបានសោះទាន!~
គេរាយការណ៍។
ទឹកមុខរបស់គេធ្វើឱ្យហ្សាវិនមានអារម្មណ៍មួយថ្មី។ អ្នកស្រីក្មេងតាមសម្លឹងមឿន ។ ចំណែកសោភ័ណដោយសារតែបានដឹងរឿងខ្លះ កាត់យល់បានហើយថា មកពីទីនេះមានពាក្យចចាមអារ៉ាមមានម្ចាស់ផ្ទះតាំងពីជំនាន់បុរាណសម្លាប់ខ្លួន និងមានខ្មោចលងផង ដូច្នេះហើយគ្មាននរណាហ៊ានមកគេងយាមយប់ងាយនោះទេ។
« មិនអីទេមឿន រកតាមសម្រួលសិនទៅ ខ្ញុំទៅធ្វើការហើយ អាចជួយការងារលោកស្រីផង!»
«បាទទាន»
ប្តីចាកចេញទៅ។
ហ្សាវីនងាកមកមើលមឿន បុរសនេះក៏ឱនលំទោន៖
«ប្រសិនចង់ប្រើខ្ញុំទៅទិញអ្វីឆាប់ប្រាប់មកទាន!»
អ្នកស្រីក្មេងដង្ហើមធំងើយសម្លឹងភូមិគ្រឹះ ហើយតបឡើងថា៖
«ប្រើអីទៅ? នៅនឹងហើយ នៅក្បែរៗហ្នឹងចុះ ខ្ញុំដូចជាអត់ហ៊ាននៅផ្ទះតែម្នាក់ឯងទេមឿន!»
អ្នកយាមសើចអេះក្បាល៖
«គ្មានអ្វីគួរឱ្យខ្លាចទេលោកស្រី! ខ្ញុំនៅយាមទីនេះតាំងពីជំនាន់ផ្ទះមិនទាន់ជួសជុលវិញម្ល៉េះ!»
«ប៉ុន្តែ….»
« អាចថា មកពីលោកស្រីធ្លាប់តែរស់នៅភ្នំពេញអ៊ូអរអីអ៊ីចឹងទេដឹង!»
«ថាចឹងក៏បាន! តែ…..យប់មិញខ្ញុំ….!!»
«អូ! យប់មិញ យប់ដំបូងផងសម្រាន្តស្រួលទេទាន?!»
«មិនអីទេរឿងគេង តែ….យល់សប្តិមិនសូវល្អទេ!~
« អូ! លោកស្រីឃើញអ្វីទៅ?!»
«គឺ…..យ៉ាប់ណាស់ ឃើញមនុស្សប្រុសម្នាក់ មកដេញតាមខ្ញុំ….ហើយ….ហ៊ុម….អូខេ ប៉ុណ្ណឹងចុះខ្ញុំទៅធ្វើការហើយ! ខ្ញុំនៅខាងលើ មឿនឯងកុំចេញទៅណាឆ្ងាយៗណា៎!»
«បាទទាន!»
នាងផ្តាំហើយ ក៏ចូលទៅផ្ទះបាយរៀបចំឆុងកាហ្វេ រួចបន្តការងារជាមួយ Laptop រហូតដល់ពេលល្ងាចពេលដែលប្ដីមកដល់វិញ ពួកគេក៏ញាំអាហារពេលល្ងាច និងចូលគេងដូចសព្វមួយដង។
«យប់មិញអូនយល់សប្តិចន្លែកណាស់!»
«ហ្នឹងហើយនិយាយមក បងមិនបានស្តាប់ចប់ចុងចប់ដើមផង!»
«ឃើញមនុស្សប្រុសម្នាក់ រត់ចូលផ្ទះនេះប្រដេញអូនហើយ….ហើយតាមមកសម្លុតថា អូនជាប្រពន្ធគេហើយក្បត់ចិត្ដគេ!»
សោភ័ណលើកដៃគងថ្ងាសនឹកឃើញដល់ពាក្យសម្ដីមុនរបស់អ្នកយាម ដែលបានប្រាប់ថាម្ចាស់ផ្ទះនេះបានសម្លាប់ខ្លួនដោយសារភរិយាផិតក្បត់។
ទូរស័ព្ទរោទ៍ គាត់ក្រោកទៅ និយាយក្បែរបង្អួច។
«បងស្រី? រកថ្ងៃឱ្យខ្ញុំសូត្រមន្តឡើងផ្ទះឬនៅ?!»
ពេលនិយាយចប់ក៏ងាកមកប្រាប់ភរិយា។
«បងសុភីទៅរកព្រៈសង្ឃពីរដងហើយ ព្រោះលោករវល់ច្រើន ទៅមិនទាន់បានជួបទេ! គាត់ថា ស្អែកព្យាយាមម្ដងទៀត!»
«អូខេ! តែឱ្យបងសុភីឆាប់បន្តិចបង បើមិនចឹងទេ យើងអាចនិមន្តព្រះសង្សគង់នៅវត្តក្បែរៗនេះឱ្យហើយកុំបង្អង់យូរពេក!»
ថ្ងៃស្អែកឡើង នៅពេលដែលប្តីចេញទៅធ្វើការបាត់ នាងហ្សាវីនក៏ឈរក្រេបកាហ្វេក្តៅសម្លឹងពីក្នុងបន្ទប់ទទួលភ្ញៀវទៅមឿនដែលកំពុងតែធ្វើការថែសួននិងសម្អាតនៅខាងក្រោមដូចសព្វដង។ នាងមានអារម្មណ៍ថាមានអ្នកណាម្នាក់រុះរើអ្វីមួយនៅជាន់ខាងលើ។
«អ្នកណា?»
នាងសួរដោយភ័យ។ ដាក់ពែងកាហ្វេចុះព្រោះតែសំឡេងជើងនៅតែបន្តរត់ចុះឡើង ជួនដូចជាទាញតុកៅអី។
នាងបែរមកជណ្តើរហើយឈានមួយកាំ….
«អ្នកណា?»
ស្ងាត់….នាងថយមកវិញព្រោះអារម្មណ៍ពញ្ញាក់ខ្លួនឯងកំពុងធ្វើឱ្យហ្សាវីនបែកញើស….
« លោកស្រីមានមនុស្សមករក!»
មឿនស្រែកមកពីខាងក្រោម។
ហ្សាវីនបោះបង់ចោលការឡើងទៅលើ ដោយងាកមកទ្វារធំវិញ….
«អូ! គឺ អូ! អ្នកបង! អញ្ជើញចូលបងសោភ័ណទើបតែចេញមិញនេះ!»
គឺសុភីបងថ្លៃរបស់នាងបាននាំអ្នកបម្រើមកឱ្យនៅជាមួយ។
«អឺ ហ្សាវីន នេះគឺអាម៉ុម! អាម៉ុមនេះហើយដែលមកធ្វើការជំនួសដៃជើងជាមួយនឹងហ្សាវីន!»
«អូ! អរគុណណាស់អ្នកបង! គ្រាន់មិនសូវស្ងាត់!»
នាងងាកទៅបង្គាប់អ្នកបម្រើ ៖
«បន្ទប់នៅក្រោយនោះ ខាងឆ្វេងដៃ ទៅមើលមើល៍ ហើយយកខោអាវទៅទុកសិនទៅណា! »
«ចាស៎អ្នកស្រី!»
ពេលនោះបងថ្លៃបានប្រាប់នាងថា ខ្ញុំរក ថ្ងៃសូត្រមន្តឡើងផ្ទះបានហើយ គឺថ្ងៃទីប្រាំបីនេះ វេលាម៉ោងប្រាំបីព្រឹក។
បងថ្លៃសម្រេចចិត្តស្នាក់នៅជាមួយជួយរៀបចំការងារសូត្រមន្តនេះ ។ គាត់នៅទុកដាក់ខាងក្រោមជាមួយម៉ុមទុកឱ្យហ្សាវីនឡើងទៅលើ បន្តការងារមួយចំនួនតាមអនឡាញព្រោះនាងជាអ្នកឌីសាញ។
កំពុងស្លុងជាមួយការឌីហ្សាញរបស់នាងដែលបានផ្អាកចោលពីរបីថ្ងៃមកហើយដោយសារតែអារម្មណ៍ចម្លែកនៃ ការរើផ្ទះមករស់នៅទីនេះ ស្រាប់តែសំឡេងអ្វីមួយលាន់មកពីជាន់ខាងលើទៀត។
ម្តងណេះជាសំឡេងតន្ត្រីហ្សាសជំនាន់បារាំង។
ជុំវិញនេះអ្នកណាគេចាក់បទរបៀបហ្នឹងទៅ?
នាងផ្ចង់ស្តាប់។
សំឡេងភ្លេងរលត់ បែរជាឮសំឡេងបោសទឹក។
ដោយនឹកស្មានថាជាអ្នកបម្រើដែលទើបមកដល់ថ្មី ឡើងទៅសម្អាតលើដំបូល នាងក៏ក្រោកចោលតុ ឡើងទៅដែរ។
«ម៉ុម? ម៉ុម?»
ភាគទីពីរផ្សាយជូនថ្ងៃស្អែក