ប៉ុន្តែមិនមានចម្លើយ…..
អ្វីមួយបានជំរុញចិត្តនាង។ ហ្សាវីនក៏ឈានឡើងទៅជាន់ខាងលើមួយជាន់ទៀត តែសំឡេងមិនមែនលាន់មកពីខាងក្រៅដែលដក់ទឹកទេ គ្មានអ្នកណាធ្វើអី្វនៅទីនោះបោសជ្រះអីទាំងអស់ មានតែមឿនដែលកំពុងតខ្សែហាលខោអាវម្នាក់ឯងប្រហែលជាម៉ុមប្រើឱ្យតឱ្យទុកហាលអ្វីៗ។
បានមឿននៅចម្ងាយប្រមាណជា១០ម៉ែត្រពីគ្នាអ្នកស្រីនេះលែងខ្លាចអ្វីបែរមកសម្លឹងពិនិត្យក្បែរជណ្តើរភ្ញាក់នឹងកូនបន្ទប់មួយនៅខាងត្បូងដៃ។ វាដូចជា ស្កាកដែលគេទុកដាក់អីវ៉ាន់ចាស់ៗ។
ហ្សាវីនហាក់នឹកឆ្ងល់ដែលនាងមិនបានឃើញកូនបន្ទប់នេះសោះកាលពីថ្ងៃមុន?
«មានចាក់សោរនុកពីក្រៅទៀត?»
នាងគិតទាំងឆ្ងល់តែដៃក៏មិនបង្អង់ទេបានដករនុកនិងក៏រុញទ្វារចូលទៅ។
ទីនេះមានស្លាបព្រឹលឥដ្ឋប្រហោងមិនមានងងឹតសោះ។
នៅទីនោះនាងឃើញមានកេសមួយចំនួន? ក្បែរនោះមានរូបថតពីជំនាន់យូរណាស់មកហើយដែលជារូបថតសខ្មៅ ផ្តេកទ្រេត។
រូបថតស្លៀកក្បិន?
ពួកគេនេះជាអ្នកណា?
នាងងាកមកក៏បាត់មឿន។
នៅពេលដែលអ្នកស្រីងាកទៅសម្លឹងរូបម្តងទៀត ក្រសែភ្នែករបស់ស្ត្រីភរិយាដ៏ស្អាតនៅក្នុងរូបថតបណ្តាលឱ្យហ្សាវីនកោតសរសើរសម្រស់មិនចង់ដកភ្នែកទេ។ ទោះយ៉ាងណានៅមានអារម្មណ៍ធម្មតា។
ប៉ុន្តែនៅពេលក្រឡេកឃើញទឹកមុខដ៏ក្រញ៉ូវរបស់ប្ដីដែលឈរថតក្បែរ ហ្សាវីនមានអារម្មណ៍ថាព្រឺសម្បុរ។
«មឿនៗ»
នាងធ្វើជាហៅបន្លប់ការភ័យខ្លាច។
គ្មានសំឡេងទេ។ មឿនស្រាប់តែបាត់ទៅយ៉ាងរហ័សម្ល៉េះ? សឹងថាមុននេះគេមិនទាំងបានឃើញវត្តមានអ្នកស្រីខ្លួនផងដឹងទេនៀកបានជាឃើញកំពុងធ្វើស្នួហាលសុខៗ បាត់ស្រមោលម្តេចចុះក្រោមបាត់គ្មានចម្លើយគ្មានសំឡេង?
ម្ចាស់ស្រីក៏ប្រញាប់ចាកចេញពីបន្ទប់នោះ ទុកចោលទ្វារចំហនិងផ្ទាំងរូបថតដែលប្រឡាក់ប្រឡូស ហើយចុះមកខាងក្រោមវិញសស្លើត។
នៅតុបាយ នាងបានរៀបចំនំចំណីអង្គុយផឹកកាហ្វេជជែកជាមួយបងថ្លៃ។
« ខ្ញុំមានអារម្មណ៍ថាផ្ទះនេះមានប្រវត្តិមិនធម្មតាទេអ្នកបង!»
បងសុភីសម្លឹងប្អូនថ្លៃស្រី ។ ហ្សាវីនមានសភាពមិនល្អទេលើផ្ទៃមុខ។
«ខ្ញុំយល់សប្តិមិនល្អប៉ុន្មានទេ» នាងថ្លាថ្លែងបន្ត អ្នកបងក៏ងើយសម្លឹងជុំវិញ។ ប្អូនថ្លៃនិយាយទៀត៖
«ខ្ញុំមានរឿងចង់ពិភាក្សាជាមួយបងដែរ!»
«និយាយមកវីន!»
«ថ្ងៃមកដល់ម្សិលមិញ ខ្ញុំយល់សប្តិឃើញមានមនុស្សប្រុសម្នាក់ដេញតាមសម្លាប់ខ្ញុំ!»
«ម៉េចបានយប់ដំបូងមានរឿងចឹង? ម៉េចក៏មិនប្រាប់បង! មិនសូវល្អទេណា !»
«ចាស៎ អ្នកបង! គិតថាអ៊ីចឹងដែរ មិនសូវល្អមែន! »
«ប៉ុន្តែយើងជិតបានព្រះសង្ឃប្រោះព្រំហើយ!»
«តាមពិត ពេលមកដល់ភ្លាម គ្មានអ្នកនៅជាមួយសោះខ្ញុំចាប់ផ្តើមខ្លាច! ដំបូងសង្ឃឹមថាមានគេយាមយប់ ឥឡូវរកមិនទាន់បាន! ខ្ញុំមិនចង់ចូលនៅទេ ចង់ពន្យាតែបងសោភ័ណមកធ្វើការហើយ មិនចង់ឱ្យគាត់ពិបាកចិត្ត!»
«អឺ! មិនអីទេ បងនៅជាមួយជាគ្នា! ចាំរួចកម្មវិធីសូត្រមន្តហើយសឹមបងទៅផ្ទះវិញ! ម្យ៉ាងបានអាម៉ុមម្នាក់ដែរ!»
«តាមពិតណា៎អ្នកបង ប្តីខ្ញុំក៏គាត់ក៏មិនសូវជាគេងលក់ដែរប៉ុន្តែគាត់ធ្វើពុតជាគេងលក់!»
«តែ….នៅសល់ច្រើនថ្ងៃទៀតបានដល់សូត្រ!»ហ្សាវីនស្ទាក់ស្ទើរ។
«ភ័យអី បងនៅណេះហើយ!»
រាត្រីនោះ នាងរៀបចំកូនបន្ទប់មួយនៅជាន់ជាមួយគ្នាឱ្យបងថ្លៃសម្រាកក្បែរបន្ទប់ខ្លួន។ បងសុភីដូចជាមនុស្សមិនចេះខ្លាចទេ។ ចំណែកម៉ុមមានបន្ទប់មួយនៅជិតផ្ទះបាយ។
យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ដែរ។
ហ្សាវីនគេងលក់ពេញមួយយប់មិនពិបាកដូចកាលពីម្សិលទេ។
ពេលនាងភ្ញាក់ឡើង មិនឃើញស្វាមី ក៏ដឹងថាគេងជ្រុលហើយ ព្រោះគេងបានស្កប់ល្អពេក។
អ្នកស្រីក្មេងលើកកំព្យូរទ័រចុះមកក្រោម គាប់ជួនឃើញទាន់សុភីអូសដៃប្អូនប្រុសទៅខ្សឹបខ្សៀវមាត់ជណ្តើរ។
ចង់ដឹងថាពីរនាក់បងប្អូននោះនិយាយរឿងអ្វី ហ្សាវីនក៏ដកថយមកបន្តិច លាក់កាយបាំងជញ្ជាំងកុំទាន់ឱ្យពួកគេឃើញ។
«ភ័ណ បងយប់មិញឮសំឡេងប្លែក!»
«ស្អីទេសបងឯង! អារម្មណ៍ទេដឹង?»ប្អូនប្រុសប្រកែក។
«អារម្មណ៍បងមិនសូវខុសទេឯងដឹងហើយប្អូនប្រុស!»
«សំឡេងអីទៅ?!»
«មនុស្សប្រុសស្រីឈ្លោះគ្នា!»
ហ្សាវីនឱបកំព្យូទ័រណែនជាងមុន ព្រោះកំពុងមានអារម្មណ៍ក្តុកក្តាក់ទៅតាមបទសន្ទនានេះ។
«បងដឹងភ័ណ! ឯងក៏មានអារម្មណ៍ដែរ! តែឯងធ្វើពើ!»
បងស្រីថាបែបនេះប្អូនក៏នៅស្ងៀម។
អ្នកសុភីខ្សឹបឡើងទៀត៖
«កណ្តាលយប់ជុំវិញនេះគេលក់ស្ងាត់អស់បានអ្នកណាឈ្លោះគ្នាទៅ?»
«ហ្នឹងហើយ!»ប្អូនបន្ទរ។
«ចឹងបានថា ខ្មោចលង!»
ហ្សាវីនព្រឺសម្បុរនឹកឃើញដល់រូបគំនូរខាងលើកាលពីល្ងាចម្សិល។
«ណាមួយហ្សាវីនប្រពន្ធឯងក៏យល់សប្តិមិនល្អ! អ៊ីចេះទៅ ឯងឆាប់មកពីធ្វើការ ហើយសុំច្បាប់គេម៉ាល្ងាចទៅប្អូន ចាំបងនាំឯងឱ្យទៅជួបគ្រូខ្មែរម្នាក់នៅជើងផ្ទះចាស់យើង!»
លោកសោភ័ណដឹងថាបងស្រីខ្លួនកំពុងនិយាយសំដៅអ្នកអូមអាមល្បីម្នាក់ដែលខ្លួនស្គាល់តាមអ្នកភូមិតាំងពីយូរមកហើយ។
ហ្សាវីនដកសង្ហើមធំ នាងបង្ហាញខ្លួនឱ្យពីរនាក់បងប្អូនឃើញ។
«ទៅៗ បង!»
នាងប្រាប់ប្តី។
អ្នកបងសុភីងក់ក្បាលយល់ស្របហើយនិយាយបន្ត៖
«គាត់អាចនឹងមើលឱ្យផ្លូវងងឹតហើយដឹងថារៀបចំម៉េចឱ្យល្អ! ដើម្បីមានសិរីសួស្តីផង»
លោកសោភ័ណសម្លឹងមនុស្សស្រីទាំងពីរនេះហើយ ក៏ងក់ក្បាលយល់ព្រមយឺតៗ ដោយមិនដាច់ចិត្តប្រាប់ពីរនាក់នេះ ពីប្រវត្តិពិតនៃអត្តឃាតកម្មសម័យបុរាណនៅឡើយទេ។
«ចុះអូនឯងទៅទេ?!»គាត់សួរបញ្ជាក់ភរិយា។
អ្នកស្រីហ្សាវីនឆ្លើយវិញ៖
« បានប្ដីខ្ញុំទៅជាមួយបងខ្ញុំទុកចិត្តហើយ ខ្ញុំជាប់ធ្វើការងារProject ច្រើនណាស់បង! មិនទាន់បញ្ចប់ឱ្យគេ!»
«អូខេឯងចឹងក៏បានដែរ!»អ្នកសុភីឆ្លើយ។
រសៀលនោះហើយដែល អ្នកសុភីបាននាំប្អូនប្រុសខ្លួនទៅជួបគ្រូខ្មែរនៅភូមិកំណើតរបស់ពួកគេ។ អាចារ្យនេះ ឈ្មោះថា គ្រូធំដែលល្បីថាមានមន្តអាគមអូមអាមពូកែច្រើនជំនាន់មុន។
គាត់បិទភ្នែកសមាធិតែបន្តិច ក៏បង្ហាញភាពតានតឹងជ្រីវជ្រួញដាក់ភ្ញៀវ។
« យើងឃើញហើយៗ! នៅទីនោះ ផ្ទះមួយនោះ ពិតជាមានវិញាណមួយក្រាញនៅ! ជាមនុស្សប្រុស….»
មនុស្សប្រុសក៏នឹកឃើញដល់សម្តីមឿន។ ម្យ៉ាងភរិយាខ្លួននៅថ្ងៃចូលរស់នៅដំបូង ក៏ទាំងថ្ងៃចែស បានឃើញមនុស្សប្រុសឡើងទៅលើ ប៉ុន្តែស្មានថាប្ដីក៏ទៅតាម តែក៏មិនឃើញអ្នកណាទាំងអស់ ។
«គិតធ្វើយ៉ាងណាទៅដើម្បីបានសុខសប្បាយគ្រូធំ?!»
លោកគ្រូធំនេះគ្រវីក្បាកចុះឡើងរួចនិយាយពន្យល់ថា៖
«ដោយសារខ្មោចនេះ គេស្អប់មនុស្សស្រីខ្លាំងណាស់! សម្រាប់សោភ័ណឯងមិនអីទេ ប៉ុន្តែគេអាចស្អប់ភរិយាឯង ដោយសារគេមានប្រវត្តិខ្លះៗ»
បងស្រីឮហើយបារម្ភក៏សួរដេញដោល៖
«បើមែនលោកគ្រូធំគួរធ្វើយ៉ាងណា? នៅយប់មកដល់ដំបូង ប្អូនថ្លៃខ្ញុំយល់សប្តិឃើញគេតាមសម្លាប់នាងហើយនិយាយថា នាងក្បត់! ខ្ញុំគិតថា ជិតដល់ថ្ងៃនិមន្តព្រះសង្ឃមកចម្រើនពរហើយបានជាសំងំ តែយល់សប្តិបែបនេះមិនធ្វើឱ្យមានអារម្មណ៍ល្អសោះ?!»
គ្រូធំងក់ក្បាល៖
«ចាំខ្ញុំឡើងទៅមើលផ្ទះឱ្យ! ក្រែងនឹកឃើញក្បួនរៀបចំឱ្យស្រួលសិន! ប៉ុន្តែមួយរយៈនេះមិនអាចឱ្យមនុស្សស្រីរស់នៅក្នុងផ្ទះនោះបានទេ!»
បងប្អូនទាំងពីរមើលមុខគ្នា។
ដូច្នេះហើយតាមផ្លូវមកវិញបងប្អូនទាំងពីរក៏សម្រេចចិត្តថា ឱ្យទាំងហ្សាវីននិងអ្នកបម្រើស្រីទៅនៅសណ្ឋាគារក្បែរកន្លែងធ្វើការប្តីមួយរយៈសិនដើម្បីគ្រូធំ អាចរៀបចំអ្វីៗឱ្យប្រសើរឡើងវិញ។
ប៉ុន្តែនៅពេលដែលហ្សាវីនយល់ព្រមចាកចេញទៅ ដោយមានវ៉ាលីសខោអាវជាប់ខ្លួនដែរ ស្រាប់តែឡានខូចបញ្ឆេះមិនឡើងសោះ។
ឃើញហេតុការណ៍រឹតតែមិនសូវល្អ ពួកគេក៏ត្រូវតែបង្ខំចិត្តហៅរឺម៉កជិះចាកចេញយ៉ាងប្រញាប់។
ដោយមិនអស់ចិត្តបងស្រីបាននៅជាមួយប្អូនប្រុសគឺលោកសោភ័ណតាមមើលការងារពិនិត្យផ្លូវងងឹតពីលោកគ្រូធំ។
គ្រូធំមកដល់នៅម៉ោង១០ព្រឹក។
មកដល់ឃើញមឿនភ្លាម ក៏នៅធ្មាំងសម្លឹងមឿនមើលពីលើដល់ក្រោមដូចជាបង្កប់នូវការគិតអ្វីម្យ៉ាង។
បន្ទាប់ពីបានម្ចាស់ផ្ទះនាំចូលទៅក្នុងផ្ទះដើម្បីពិនិត្យ គាត់ឆ្លៀតងាកមកសួរលោកសោភ័ណ៖
«មនុស្សប្រុសខាងក្រៅត្រូវជាអ្វី?»
«ជាអ្នកយាមផ្ទះតាំងពីខ្ញុំមិនទាន់ទិញយកទីនេះម្ល៉េះបាទ!»
គ្រូងក់ក្បាល ដោយងាកទៅសម្លឹងមឿនតាមបង្អួច។ មឿនកំពុងឱនចុះឡើងពិនិត្យឡានថាហេតុអ្វីនៅសុខៗឡានចៅហ្វាយមិនបានកើតអីសោះបែរជាបញ្ឆេះមិនឡើង។
លោកគ្រូស្រាប់តែចង្អុលទៅគេជាថ្មីដោយប្រាប់ទៅសុភី៖
«មីនាងរៀបចំទឹក រោយផ្កាពីលើបាញ់ទឹកអប់ដាក់ថ្វាយម្ចាស់ដីសុំសុខហើយអស់ធូបកាលណាបង្គាប់អន្ទិតនោះស្រោចក្បាលខ្លួនឯងឱ្យជោក វាមានរាសីមិនល្អទេ!»
ពីរនាក់បងប្អូនក៏ងាកសម្លឹងទៅមឿនដោយពិភាល់។ មិនយូរទេ ពេលសោភ័ណនាំគ្រូធំឡើងជាន់ខាងលើអ្នកសុភីរត់ទៅរកទឹកនិងផ្កាតាមបង្គាប់គាត់ភ្លាម។
សោភ័ណវិញតាមលោកគ្រូមកដល់ជាន់ដំបូលខាងលើ។ នៅពេលពិនិត្យត្រលប់មកជាន់សួនផ្កាខាងក្រោមវិញ លោកគ្រូធំនៅតែមិនចោលការសម្លឹងមឿនសោះ។
«អ្នកយាមនេះទុកចិត្តបានទេលោកគ្រូ?» សោភ័ណដាច់ចិត្តសួរ«ហេតុអីក៏លោកគ្រូតាមមើលគេរហូតកុំលាក់ខ្ញុំអី ខ្ញុំក៏ទើបស្គាល់គេដែរហ្នឹង ឃើញគេព្យាយាមធ្វើការ គេចាំផ្ទះនេះតាំងពីជំនាន់ម្ចាស់ដីមុនៗមក បានជាយកមកយាមបន្ត!»
លោកគ្រូងក់ក្បាលមិនទាន់មានប្រសាសន៍អ្វីតបវិញនៅឡើយ ម្ចាស់ផ្ទះក៏និយាយបន្ថែម៖
«គេហ្នឹងហើយ ជាអ្នកប្រាប់ខ្ញុំពីរឿងថាមានម្ចាស់ដំបូងសម្លាប់ខ្លួន លោតពីលើផ្ទះកាលគេស្រវឹង!»លោកគ្រូងក់ក្បាលនិយាយកាត់៖
«មនុស្សណាជាអ្នកដឹងរឿង មនុស្សនោះឯងក៏ជាអ្នកដោះស្រាយបញ្ហា! ហ្អែ មឿន! អឺក្មួយ! ឯងឡើងមកណេះអាយ!»
ពេលនោះមឿនឮសំឡេងហៅពីលើក៏ផ្ទៀងស្តាប់រួចលោកសោភ័ណជួយបក់ដៃហៅបន្ថែមទៀត គេក៏គោរពត្រុនៗឡើងមកជួបនៅជាន់ដំបូលភ្លាមដែរ។
ពេលដែលគាត់ជួបមឿនផ្ទាល់នៅកៀកគ្នា គ្រូធំនៅតែពិនិត្យមនុស្សនេះពីលើចុះមកដល់ក្រោម មើលហើយមើលទៀត។ ឯមឿនក៏ត្រុនៗគោរពសាកមកវិញ៖
«លោកតាមានការអ្វីសួរឬប្រើខ្ញុំទាន?!»
«ប្រាប់អ៊ំមក! ឯងដឹងថា អ្នកណាដែលជាអ្នកដឹងរឿងពិតនៃប្រវត្តិផ្ទះនេះតាំងពីសម័យមុនៗ គឺពីដើមដល់ចប់?!»
ឮសំណួរគេនៅស្ងៀមទីទើរ ប៉ុន្តែលោកសោភ័ណងក់ក្បាលជាសញ្ញាបង្ខំឱ្យគេនិយាយ។
«បាទ គឺ….ជីតារបស់ខ្ញុំ!!»
«អាចនាំខ្ញុំទៅជួបជីតាបានទេ?»
ភ្លាមនោះគេងើបមុខសម្លឹងចៅហ្វាយសារជាថ្មីដូចជាពិបាកក្នុងការសម្រេចចិត្ត។ តែលោកសោភ័ណព្យាយាមប្រាប់៖
«មឿន រឿងនេះសំខាន់!»
មឿនគិតហើយលំទោនក្បាលគោរពតាមបញ្ជា។ ដូច្នេះហើយអ្នកទាំងបីបានចេញដំណើរទៅជួបនិងជីតារបស់មឿន។ ឡានស្រាប់តែឆេះទ្រុល គ្មានឧបសគ្គអ្វីដូចកាលពីប្រុងដឹកដំណើរអ្នកស្រីហ្សាវីនសោះ។
នៅតាមផ្លូវ មឿនគេបានរៀបរាប់ប្រាប់ថាតាមពិតជីតាគេឈ្មោះស៊ុមមិនបាននៅបម្រើផ្ទះនេះទេ។ គឺជំនាន់នោះ ម្ចាស់ដំបូងឈ្មោះប៊ុនថន បានជួលអ៊ំស្រីរបស់ជីតាមឿនមកបម្រើការជាមេផ្ទះរៀបចំបាយម្ហូបមើលការខុសត្រូវនៅក្នុងផ្ទះនេះឱ្យ ។
លោកមាច ប៊ុនថន មានភរិយាតែមិនបានកូនម្នាក់ឡើយ។
លុះពួកគេបានទៅដល់ផ្ទះលោកតា ស៊ុមដែលជាជីតារបស់មឿន ។ ជីតារបស់មឿនគឺជាមនុស្សវ័យចំណាស់៧០ ប្លាយទៅហើយ ។ គាត់ពិតជាភ្ញាក់ផ្អើលណាស់ដែលមកស្គាល់ចៅហ្វាយថ្មីរបស់ផ្ទះធំមួយចៅគាត់យាមកាម។
តែយ៉ាងណាគាត់បដិសេធមិនចង់និយាយអ្វីឡើយ៖
«ខ្ញុំមិនដឹងរឿងអ្វីទេ! តើមកនេះអស់លោកបម្រុងសួរខ្ញុំរឿងអ្វីខ្លះទៅ?!»
គ្រាន់តែឃើញទឹកមុខរបស់គាត់ ក៏គ្រប់គ្នាអាចស្មានដឹងបានទេ គាត់ពិតជាដឹងរឿងជាច្រើន គ្រាន់តែគាត់មិនចង់និយាយ។
មឿនក៏ដឹងការពិតនេះ បានជាគេចាប់ផ្តើមអង្វរជីតារបស់ខ្លួនឯង ដោយរំអុកដូចជាកូនក្មេងនិងប្រាប់រឿងរ៉ាវទាំងអស់ថា៖
«តាអើយ!ចៅហ្វាយស្រីខ្ញុំគាត់មិនអាចចូលទៅរស់នៅផ្ទះនៅស្វាយប៉ោហ្នឹងទេ គិតមើល ម្សិលមិញ មកដល់ភ្លាមគាត់សម្រាន្តយល់សប្តិឃើញមានអ្នកចោទថាគាត់ក្បត់ប្តីគាត់!»
តាស៊ុមញាក់ខ្លួនព្រើតៗ។
មឿននិយាយបន្ត៖
«ហើយឥឡូវនេះ គាត់ត្រូវចេញទៅនៅកន្លែងផ្សេងសិន! ហើយ អស្ចារ្យបំផុត គឺពេលចេញទៅរកជិះឡាន ខូចទាំងឡានទៀត! »
ជីតាមឿនដកសង្ហើមវែងសម្លឹងទៅឆ្ងាយ។ ទឹកមុខគាត់ពោរពេញទៅដោយវិបត្តិអ្វីមួយយ៉ាងជ្រៅ។
មឿនរំអុកទៀតថា៖
«ចៅហ្វាយខ្ញុំម្នាក់នេះ ពិតជាមានចិត្តសន្តោសខ្ញុំណាស់ តាត្រូវប្រាប់រឿងរ៉ាវទាំងអស់មក!»
លោកតាស៊ុមហេតុតែស្រលាញ់ចៅក៏សារភាពឡើងថា៖
«ល្ងាចមួយ ខ្ញុំត្រូវបានអ៊ំស្រីនាំឡើងទៅផ្ទះធំនៅស្វាយប៉ោ ជួបជាមួយលោកប៊ុនថនដែលជាចៅហ្វាយគាត់បានម្តង! ដោយ ពេលនោះឯង ចៅហ្វាយប្រុសនេះប្រាប់ខ្ញុំឱ្យចោលរៀន មកធ្វើជាជំនិតតាមការពារគាត់វិញ! រឿងហេតុពេលនោះខ្ញុំទើបតែបានអាយុ១៤ឆ្នាំ ឯលោកប៊ុនថនប្រាប់ថា គាត់ត្រូវការឱ្យខ្ញុំមកនៅការពារដោយសារដឹងខ្លួនថា មានមិត្តជំនិតម្នាក់ងារជាដង្ខៅលបមកឡើងចុះសាហាយស្មន់ជាមួយនឹងភរិយាគាត់ និងប្រុងយាយីគាត់!»
គ្រូធំធ្មេចភ្នែកសមាធិនិមិត្តឮរឿងពិតនេះ ឯលោកសោភ័ណវិញសឹងភ្លេចដកដង្ហើម។ តាស៊ុមក៏ដកដង្ហើមធំបង្គាប់ទៅលោកសោភ័ណថា៖
« គាត់អុជធូបឱ្យគេតិចតួចបន់ស្រន់ទៅ! បើគាត់បានជាជ្រុលទិញយកផ្ទះនេះរៀបចំរស់នៅហើយ! »
«អ្នកមុនៗទិញយកមិនបានប៉ុន្មានក៏លក់ចេញវិញមែនទេអ៊ំ?!» លោកសោភ័ណសួរភ្លាម។ អ៊ំនៅស្ងៀមមិននិយាយស្តីស្រាប់តែគ្រូធំបើកភ្នែកឡើងសួរនាំម្តង៖
«មានខ្មោចមួយនៅចាំកន្លែងនោះ! តាត្រូវតែនិយាយគ្រប់ដំណើរដើមទងមក ទើបខ្ញុំអាចដោះស្រាយបញ្ហានេះបាន! អុចធូបធម្មតាៗ កែបញ្ហាចូលរស់នៅមិនបានទេ!»
មឿនសម្លឹងមុខគ្រូហាក់ដូចជាភ័យ។ តាគាត់ក៏ចាប់ផ្ដើមញ័រដៃ។ លោកសោភ័ណសង្កេតមើលរហូត។ ពេលដឹងគេតាមមើលនិងរង់ចាំប្រតិកម្មខ្លួននោះ ជីតារបស់ពួកគេងាកមុខចេញហាក់ខឹងដែលត្រូវបានសួរដេញដោល។
«មឿនឯងអ្នកនិយាយផ្ទាល់ថាមានខ្មោចសម្លាប់ខ្លួន ?!»លោកសោភ័ណសួរមឿន គេក៏អេះអុញ ព្រោះជីតាសម្លក់មក។
«….ប៉ុន្តែចៅហ្វាយខ្ញុំចិត្តល្អណាស់ គាត់បានជួយខ្ញុំច្រើនហើយតា បានឱ្យលុយសម្រាប់ប្រពន្ធខ្ញុំសម្រាលកូនទៀត!»
ពេលនោះហើយដែលជីតារបស់មឿនចាប់ផ្តើមអញ្ជើញអ្នកទាំងអស់អង្គុយលើគ្រែហើយព្រមតំណាលនូវដំណើររឿងឡើងវិញប្រាប់។
«ហឹម កាលហ្នឹង ខ្ញុំមានអាយុទើបតែដប់បួនឆ្នាំ មិនចង់ឈប់រៀនមកធ្វើការតាមគាត់ហៅទេ! អ៊ំស្រីធំរបស់ខ្ញុំឈ្មោះថាបុងគឺជាអ្នកដែលចៅហ្វាយផ្ទះនោះទុកចិត្តខ្លាំង ទុកជាអ្នកជំនួសដៃជើងចៅហ្វាយ! លោកប៊ុនថនជាអ្នករកស៊ីនាំចូលគ្រឿងទឹកអប់បារាំង ប្រពន្ធគាត់លោកស្រីមាលាក្មេងស្អាតធ្លាប់ជាបវរកញ្ញាកាលពីសម័យនោះផង! តែប្តីគាត់ប្រចណ្ឌណាស់! កាលនោះខ្ញុំនៅជាក្មេងជំទង់ ខ្ញុំឧស្សាហ៍ទៅលេងផ្ទះនោះដើម្បីសុំបេះស្វាយនិងបេះផ្លែចន្ទីជូនចៅហ្វាយស្រី ព្រោះគាត់ចិត្តល្អចំពោះអ៊ំស្រីខ្ញុំ និងតែងតែឱ្យខោអាវខ្ញុំ នំចំណីដល់ខ្ញុំ !»
«សូមប្រាប់ការពិតថាហេតុអីបានជាមានវិញ្ញាណមួយនៅទីនោះ? តើជាអ្នកណាសម្លាប់ខ្លួន?»
ត្រូវគ្រូធំនិយាយកាត់និងសម្លុតតិចៗផង តាស៊ុមដូចជាអាក់។ លោកសោភ័ណនិយាយដែរ៖
« លោកអ៊ំត្រូវតែនិយាយប្រាប់ការពិត!»
«ខ្ញុំមិនដឹងទេ! ហេតុអីបានសួរខ្ញុំដូច្នេះ?!»
លោកសោភ័ណស្តីឱ្យព្រោះដឹងបុរសនេះពូកែខាងគេចពីការពិត និង លាក់លៀម៖
«បើអ៊ំមិនជួយដោះស្រាយតើ ចៅអ៊ំទៅរកការងារនៅឯណាបានធ្វើ? ហើយបើសិនជាគេនៅសុខសប្បាយនិងបាននៅទីនេះជារៀងរហូត សុំអ៊ំប្រាប់មក ខ្ញុំហ្នឹងដោះស្រាយ ! ត្រូវហើយ ខ្ញុំសន្យាជាមួយអ៊ំថាខ្ញុំនឹងឱ្យមឿននេះនៅធ្វើការជាមួយខ្ញុំជារៀងរហូតមិនឱ្យគេខ្វះបាយហូបទេ! »
ឮហើយ គាត់ក៏សម្លឹងចៅ រួចដកដង្ហើមធំនិយាយឡើង៖
« បាន! បើសិនជាលោកសេដ្ឋីបានសន្យាដូច្នេះហើយ ខ្ញុំសូមជម្រាបប្រាប់រឿងពិតថា ម្ចាស់ផ្ទះពីមុននោះពួកគាត់មិនមានកូនជាមួយគ្នាទេ ! នៅយប់មួយ សម្រាប់តែអ៊ំស្រីខ្ញុំបានហៅខ្ញុំចេញទៅជាបន្ទាន់ ! ពេលនោះចៅហ្វាយស្រីឡើងទៅស្រុកថៃបាត់ទៅហើយ តែចៅហ្វាយប្រុសផឹកស្រាស្រវឹងនិងស្រពន់ចិត្តខ្លាំងគាត់ហៅខ្ញុំមកប្រាប់ឱ្យតាមការពារគាត់ធ្វើការជាមួយគាត់ ទាំងខ្ញុំទើបតែអាយុបានដប់បួនឆ្នាំ! គាត់ឡូឡាថានឹងឱ្យលុយច្រើន ហើយគាត់ប្រាប់ថា ហៅខ្ញុំការពារនេះដោយសារតែដឹងរឿងប្រុសម្នាក់ឈ្មោះសាក់សុនហេងដែលជាមិត្តភក្តិជិតស្និទ្ធរបស់គាត់ បានលោកសាហាយស្មន់ជាមួយភរិយាគាត់និងចង់សម្លាប់គាត់! យប់នោះឯងដែល គាត់ពិបាកចិត្តពេកស្រវឹងឡើងទៅដំបូលរើរូបថតប្រពន្ធគាត់គ្រវាត់គ្រវែងចោលលើស្កាកហើយខ្លួនគាត់ក៏ធ្លាក់ពីលើផ្ទះស្លាប់ ! ក្រោយមកទៀតខ្ញុំមិនដឹងរឿងបន្តទេ ព្រោះខ្ញុំក៏ត្រូវទៅនៅកំពង់ចាម ជាមួយនឹង អ៊ំស្រីធំរបស់ខ្ញុំហើយផ្ទះនេះត្រូវបានគេទុកចោល! តែធ្លាប់ឮសូរថា អ្នកស្រីមាលាបានចេញទៅនៅស្រុកសៀម! អ្វីដែលខ្ញុំដឹងមានតែប៉ុណ្ណឹង!»
«តើគាត់លោតសម្លាប់ខ្លួន ឬគាត់រអិលជើង?» លោកសោភ័ណសួរបញ្ជាក់ តែតាស៊ុមបែរជាបង្វែរចម្លើយ៖
លោកបានសន្យារួចហើយថា នៅពេលដែលលោកដោះស្រាយព្រលឹងនោះ កុំភ្លេចចិញ្ចឹមចៅខ្ញុំផងព្រោះខ្ញុំមានជំងឺឥឡូវនេះខ្ញុំមានសុខភាពមិនល្អទេ!»
ដោយដឹងថា មិនអាចជជីកសួរអ្វីទៀតបាន ភ្ញៀវក៏ចាកចេញទៅវិញ ។ លោកគ្រូធំបានលាទៅផ្ទះភាវនារកវិធីដោះស្រាយសិន។
បីថ្ងៃក្រោយមក គឺនៅពេលដែលព្រះសង្ឃបានឡើងផ្ទះចម្រើនពរហើយ ភរិយារបស់លោកសោភ័ណដែលបានមកចូលរួមដែរ ហាក់បានស្រស់ចិត្តឡើងវិញ ។
នៅល្ងាចនោះដែរស្រាប់តែមឿនរត់មកត្រហេបត្រហបមកខ្សឹបៗប្រាប់ប្ដីប្រពន្ធទាំងពីរថា ជីតារបស់ខ្លួនបានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យទៅហើយ ដោយសារតែជំងឺគាំងបេះដូងនេះ។
ពិតជាព័ត៌មានមិនសូវល្អទេសម្រាប់ពួកគេ។ ដោយនោះជាយប់ដំបូងក្រោយពីបានរៀបពិធីសាសនាហើយ គ្រូធំក៏បានឱ្យអ្នកស្រីសាកល្បងរើមកស្នាក់ផ្ទះក្នុងនេះសារជាថ្មីឡើងវិញ ដោយមានឱ្យបង្វែរក្បាលដំណេកមករកទិសសិរី។
«គេងទៅ អស់អីហើយ!» ប្តីប្រាប់ប្រពន្ធដែលនៅតែមិនស្រណុកចិត្ត។
«ណាមួយយើងមិនដែលធ្វើអីម្ចាស់ផ្ទះនេះទេ គឺគាត់ស្លាប់ដោយរអិលជើងខ្លួនគាត់!»
ប្តីពន្យល់បន្ថែម។
មិននឹកស្មានថា យប់នោះ កំពុងតែគេង ស្រាប់តែអ្វីមួយបានមកកន្ត្រាក់អង្រួនឱ្យលោកសោភ័ណត្រូវភ្ញាក់ដឹងខ្លួនឡើងវិញមមីងមមាំង។
ពេលងាកមក ក៏មិនបានឃើញភរិយារបស់ខ្លួននៅលើគ្រែដែរ។
គាត់ស្រែកហៅដោយសម្លឹងបន្ទប់ទឹក៖
«ហ្សាវីនៗៗ?»
គ្មានសំឡេងហើយពេលដើរទៅរកគ្មានអ្នកណានៅទេ។ ភ្លាមនោះ គាត់ផ្ទៀងស្តាប់សូរមនុស្សសម្លុតគ្នានៅជាន់ខាងលើ។ គាត់សង្ស័យណាស់ប្រញាប់រត់ឡើងទៅមើល ស្រាប់តែឃើញមឿនកំពុងតែលើកកាំបិតមួយចង្អុលទៅភរិយារបស់ខ្លួន។
ចំណែកភរិយាកំពុងភ័យខ្លាចយ៉ាងខ្លាំង ព្រោះពេលប្តីឡើងមកដល់មឿនក៏ចាប់ក្រៀកជាប់ពីក្រោយនឹងភ្ជង់ក។ បើប្រហែសតែបន្តិច អ្នកស្រីនេះអាចនឹងត្រូវចុងកាំបិតចាក់ត្រដរខ្យល់ភ្លាមៗមិនខានទេ។
«ដាក់កាំបិតមឿន! ដាក់ដៃចុះ លែងហ្សាវីនមក ! ឯងធ្វើអីហ្នឹង? ឯងធ្វើអី?»
ស្រាប់តែមឿនតបតខ្លីៗដោយកែវភ្នែកកោងកាច៖
«វាជាស្រីក្បត់ !»
មិនមែនជាសំឡេងរបស់មឿនទេ លោកសោភ័ណដឹងច្បាស់។ នៅកណ្តាលអធ្រាត្រស្រាប់តែអ្នកយាមម្នាក់នេះលេចធ្លោមកដល់ផ្ទះនេះដោយមិនមានការអនុញ្ញាតថែមទាំងធ្វើកាយវិការឆ្កួតវង្វេង ហើយនិយាយក្នុងសំឡេងអ៊ីចឹងទៀត?
អ្វីមួយប្រាប់មកឱ្យលោកសោភ័ណយល់ថា ពិតជាវិញាណនៃម្ចាស់ផ្ទះមុនដែលជាវិលវល់នៅផ្ទះនេះ ។
«លែងនាងទៅ! ពួកខ្ញុំមិនដែលធ្វើអីលោកទេ!»លោកសោភ័ណខំនិយាយតែមឿនក្រឡោតៗភ្នែកតបតមកវិញ៖
«វាគឺជាស្រីក្បត់!»
«ប្រពន្ធខ្ញុំជាមនុស្សស្រីល្អណាស់!»
«វាជាស្រីអសិរពិស គ្មានកូនចៅតពូជនិងមានចិត្តមិនស្មោះ ជាស្រីក្បត់!»ថាហើយកាំបិតរកកលតែនឹងអាករផ្តាច់ជីវិត។
«មិនមែននោះទេ សូមទុកជីវិត ឱ្យនាងផង នាងជាហ្សាវីន មិនមែនជាអ្នកមាលាទេ! លោកកុំធ្វើកម្មពារទៀតហើយឆាប់ចាប់ជាតិទៅ! ខ្ញុំនឹងឱ្យគ្រូធំរៀបចំឱ្យនៅថ្ងៃស្អែក!»
«គ្មាននរណាអាចឱ្យយើងនេះទៅចាប់ជាតិបានស្ងប់ទេ! យើងរងអយុត្តិធម៌ជាខ្លាំង! មានរឿងជាច្រើនដែលយើងមិនអស់ចិត្ត! វាបានរួមដៃគ្នាច្រានយើងទម្លាក់! »
ស្តាប់ឮពាក្យនេះលោកសោភ័ណរន្ធត់ជាខ្លាំង។
«ក្រែងលោករអិលជើងខ្លួនឯង?»
មឿនគ្រហឹម៖
«ពួកវាសម្លាប់យើង!»
លោកសោភ័ណទន់ជង្គង់ចុះពេលឮពាក្យនេះ។
ក្នុងភ្នែករបស់លោកស្រាប់តែបានឃើញសាច់រឿងនាយប់នោះដោយឯកឯង។ មនុស្សស្រីពីរនាក់និងក្មេងជំទង់ម្នាក់បានប្រតាយប្រតប់ជាមួយមនុស្សប្រុសធាត់ ចុងក្រោយគាត់ក៏ដួលផ្ងារក្រោយទៅក្រោមសួន។
«យើងខំជួលអង្គរក្សរបស់យើងមក មិនដឹងសោះថាពួកវាសុទ្ធតែត្រូវរ៉ូវគ្នាជាមួយស្រីក្បត់នោះ! ពេលយើងកុហកថាចេញទៅខេត្តឆ្ងាយ កណ្តាលយប់ស្កាត់មកដល់ផ្ទះក៏ឃើញប្រុសសាហាយវាកំពុងនៅជាមួយ ដេក ឱបថើបគ្នា! យើងខំហៅមេផ្ទះនិងអាស៊ុមឱ្យមកជួយជាសាក្សីយើងប្រកូកស្រែករករាជការ ស្រាប់តែ ស្រីស្មន់ស្ទុះមកច្រានឃាត់យើងមិនឱ្យស្រែក ថែមទាំងឱ្យគ្នីគ្នាវាគឺអាស៊ុមនិងអ៊ំវារួមដៃច្រានយើងធ្លាក់ទៅក្រោម!»
តាមពិតគឺអ៊ីចឹងសោះ?
ម្ចាស់ផ្ទះមិនបានស្លាប់ដែលរអិលជើងទេ គឺត្រូវបានជីតារបស់មឿនដែលគាត់ខំហៅឱ្យមកការពារបានរួមដៃជាមួយនឹងពួកប្រពន្ធដែលផិតច្រានគាត់ទម្លាក់ហើយកែសាច់រឿងនេះឱ្យទៅជាការរអិលជើង ឬអត្តឃាតកម្មទៅវិញ។
លោកសោភ័ណនិយាយរវើរវាយដោយមិនដឹងខ្លួន៖
«ដូច្នេះហើយ បានជាជីតារបស់មឿនបានស្លាប់កាលពីម្សិលមិញ?! ខ្ញុំសូមអង្វរដោះលែងហ្សាវីនចេញវិញមក! នាងមិនមែនមនុស្សក្បត់ទេ គេមិនបានដឹងអីនោះទេ! កុំច្រឡំជាមួយរឿងរ៉ាវរាប់សិបឆ្នាំកន្លងទៅហើយ! លោកទៅកាន់សុគតិភពទៅចាំខ្ញុំធ្វើបុណ្យឱ្យ !»
«ទេ! យើងមិនទៅណាទាំងអស់ យើងស្ដាយតែរបស់ទ្រព្យយើងណាស់!»
«បើដូច្នេះខ្ញុំនឹងឱ្យផ្ទះលោកទៅលោកវិញ! សូមតែដោះលែងប្រពន្ធខ្ញុំទៅ!»
«យើងជាខ្មោចមិនអាចយកផ្ទះធ្វើអ្វីទេ!»
«ចឹងលោកមកចាប់ជាតិនៅនឹងខ្ញុំទៅ ខ្ញុំគ្មានកូននោះទេ! លោកអាចចាប់ជាតិហើយនឹងក្លាយជាម្ចាស់ផ្ទះនេះ !»
ឮពាក្យនេះកាលណា មឿនក៏របូតកាំបិតទៅដី រួចទន់ខ្លួនដួលសន្លប់។ ហ្សាវិនក៏សន្លប់ដែរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បួនខែក្រោយមក…..
«សូមអបអរសាទរលោកស្រី! កូនក្នុងផ្ទៃជាកូនប្រុស!»
ចប់