រឿង៖ អ្នកចំណូលថ្មី

ថ្ងៃរះបញ្ចេញពន្លឺមកបំភ្លឺលោកាធ្វេីឱ្យស្បៃអន្ធិកាអន្តាយនិរាសទៅបន្សល់តែពន្លឺសម្រាប់បំភ្លឺថ្ងៃថ្មីនៃការចូលឆ្នាំសកល។  មនុស្សម្នាហាក់សប្បាយក្រៃលែងក្នុងការត្រៀមទទួលយករឿងល្អៗសម្រាប់ឆ្នាំថ្មី ចម្លែកអីស្រីស្រស់វ័យជំទង់១៦ឆ្នាំជេីងតូចៗរន្ថាន់លឿនៗហាក់ប្រញាប់ប្រញាល់ក្រោមពន្លឺព្រះអាទិត្យ។

នៅមាត់កំពង់ទន្លេមានមនុស្សម្នាជាច្រេីនខុសប្លែកពីសព្វមួយដងកំពុងតម្រៀបជួរគ្នាទិញសំបុត្រទូកដដូចតម្រង់ជួរគ្នាទិញសំបុត្រកុន។  មិនយូរប៉ុន្មានទូកដបេីកមកដល់ច្រាំងហេីយពន្លត់ម៉ាសុីនចូលចតក្បែរនោះ។  មាណវីស្រីស្រស់បានលេីកអីវ៉ាន់ដាក់ចូលទូកដដោយទឹកមុខមិនស្រស់ថ្លាដូចផ្កាគ្មានសន្សើម។

“នៅជាមួយមីងឯងត្រូវចេះមេីលថែខ្លួននិងចេះជួយការងារផ្ទះផង ពេលពុកមានជីវភាពសមរម្យពុកនឹងយកឯងមកនៅជាមួយពុកវិញ”

បុរសចំណាស់វ័យ៤០ប្លាយនិយាយជាមួយមាលាដោយអង្អែលក្បាលតិចៗដោយជម្រៅនៃក្តីស្រឡាញ់រវាងឪពុកនិងកូនដែលមិនអាចកាត់ថ្លៃបាន។

“ចា៎! ពុក កុំបារម្ភអីកូនមេីលថែខ្លួនឯងបាន”

មាលាតបទៅឪពុករួចឱបឪពុកជាការលាចុងក្រោយ មិនដឹងថាថ្ងៃណានឹងវិលជួបជុំគ្នាវិញ ដំណក់ទឹកថ្លាៗបានហូរមួយដំណក់ចេញពីកែវភ្នែកមាណវីដែលបង្ហាញពីជម្រៅមនោសញ្ចេតនាដែលខ្លួនមានចំពោះឪពុក។

មាលាឡេីងលេីទូកដ រួចមិនបានប៉ុន្មាននាទីផងទូកក៏ចេញដំណេីរចេញពីច្រាំងទៅ ធ្វេីឱ្យមាណវីត្រឹមតែអង្គុយសម្លឹងមេីលពុកដោយក្តីលាទាំងអាល័យ។ មាលាអង្គុយមេីលទឹកទន្លេដោយស្រណោះខ្លួនដោយសម្លឹងមេីលទេសភាពល្វឹងល្វេីយតាមដងទន្លេសាប ដោយអមជាមួយព្រៃលិចទឹកធ្វេីឱ្យស្រីស្ងួនបណ្តែតអារម្មណ៍ទៅតាមខ្យល់បោករលកទូកដធ្វេីឱ្យងងុយគេងស្ទេីរតែមិនដឹងខ្លួន។ 

វាជាលេីកដំបូងដែលមាណវីធ្វេីដំណេីរលេីទូកដតាមដងទន្លេសាប ព្រោះតែជីវភាពទេីបធ្វេីឱ្យនឹមនួនឃ្លាតឆ្ងាយពីឪពុកមករស់នៅជាមួយម្តាយមីងនៅភូមិមួយស្ថិតនៅលេីដងទន្លេសាប។  ភូមិនោះជាភូមិបណ្តែតទឹកមានឈ្មោះថា ភូមិបឹងរំចេក។ 

រំលងជាងមួយម៉ោង ទូកដបានមកដល់ភូមិបឹងរំចេក នៅទីនោះពុំមានភ្លេីងគ្រប់គ្រាន់ទេ មានត្រឹមតែផ្ទាំងសូឡាតែប៉ុណ្ណោះប្រេីបានបន្តិចបន្តួច យប់បន្តិចក៏អស់ទៅ។  ភាគច្រេីនអ្នកនៅក្នុងភូមិនេះរកសុីនេសាទត្រីនិងស្ត្រីភាគច្រេីនត្បាញកន្ទេលឬរបស់ប្រេីប្រាស់ផ្សេងៗពីដេីមរំចេក ពិសេសសម្បូរទូកតូចៗជាច្រេីនសម្រាប់ធ្វេីដំណេីរហេីយក៏មានទូកត្នោតផងដែរ។

♪♪ទូកត្នោតតូចមួយឪឱ្យដាក់បង ដាក់រួចអុំឆ្លងទៅកោះជ័យទ័ត្ត ទូកត្នោតតូចមួយឪឱ្យដាក់មង ដាក់រួចអុំឆ្លងទៅកោះជ័យទ័ត្ត អូនអុំគេចបងៗខំអុំស្កាត់ ដល់កោះត្រែងស្ងាត់អូនពូនក្នុងស្មៅ ឡាៗៗៗៗៗៗ…..

សំឡេងច្រៀងពីអ្នកភូមិយ៉ាងស្រស់រីករាយដែលកំពុងទទួលរឿងល្អៗពីឆ្នាំថ្មី ដេីម្បីបំបាត់ភាពនឿយហត់ពីការរកត្រីផងដែរ ធ្វេីឱ្យមាលាទទួលបានអារម្មណ៍រីករាយបំបាត់ទុក្ខកង្វល់ទាំងឡាយ។  រួចនាងក៏ចុះពីទូកដដេីម្បីចូលផ្ទះមីងរ៉ានៅលេីទឹក។  អ្នកគ្រប់គ្នានៅទីនោះស្វាគមន៍នាងយ៉ាងរីករាយនិងទទួលយ៉ាងកក់ក្តៅ ស្នាមញញឹមក៏រំលេចលេីផ្ទៃមុខមាណវីមកកាន់ការរស់នៅយ៉ាងប្លែកពីការរស់នៅតំបន់ខ្ពង់រាប។

 “ម៏! ចូលមកក្មួយ ផ្ទះមីងមិនសូវធំប៉ុន្មានទេតែអាចរស់នៅបានបួនប្រាំនាក់ដែរ” មីងរ៉ានាំមាលាចូលក្នុងផ្ទះដោយជួយយួរអីវ៉ាន់ផង។

“មីង! ចុះពូទៅណាហេីយទេីបមិនឃេីញ? ” មាលាសួររកប្តីមីងរ៉ាបណ្តេីរក៏ដាក់អីវ៉ាន់ចុះបណ្តេីរ។

“អរ! ពូឯងទៅលេីកលបបាត់ហេីយ ល្ងាចបន្តិចទេីបមកវិញ” មីងរ៉ាញញិមរួចក៏និយាយបន្ត

“ក្មួយមីងនេះខានឃេីញតែប៉ុន្មានឆ្នាំសោះឡេីងក្រមុំស្តូកហេីយ”

“មានណាមីង ខ្ញុំនៅតូចដដែលនឹង”

“អង្គុយចុះសិនមកក្មួយ បេីក្មួយចង់ទៅណាឬដេីរលេងមេីលតំបន់នេះឱ្យអាទូចកូនមីងជូនទៅក៏បានដែរ ព្រោះក្មួយមិនចេះចែវទូកហេីយហែលទឹកផង” មាលាបានត្រឹមតែញិមៗព្រោះក្រែងចិត្តមីងរ៉ាណាមួយគាត់ជាសាច់ឆ្ងាយទៀត។

“បងមាលាហូបចុងអំពៅដូចខ្ញុំទៅ ចេះហែលទឹកហេីយ ហាហា” នាយទូចកូនមីងរ៉ាបញ្ជោះមាលា ញុំាងឱ្យបរិយាកាសមិនស្ងប់ស្ងាត់។

មាលាជាមនុស្សមិនសូវចេះនិយាយទេីបត្រឹមតែសេីចហេីយក្រវីក្បាលតិចៗព្រោះអស់សំណេីចនឹងក្តឹបមនុស្សដូចនាយទូច។

ម៉ោង៥ល្ងាច…

“អេីយមាលាក្មួយ! ម៏! មកបាយទឹកក្មួយ ម្ហូបឆ្អិនអស់ហេីយ “មីងរ៉ានៅរានហាលខាងមុខផ្ទះកំពុងតែស្រែកហៅមាលាបណ្តេីរក្រាលកន្ទេលបណ្តេីរ។

“ចា៎! មីង ខ្ញុំទៅឥឡូវហេីយ”

មាលាចេញពីក្នុងផ្ទះរួចក៏ជួយរៀបចំដួសបាយមីងរ៉ាដោយមានប្តីមីងរ៉ា នាយទូចនិងកូនគាត់តូចៗពីរនាក់អង្គុយស្រូបស្រង់ក្លិនពីម្ហូបថ្មីៗក្តៅយ៉ាងឈ្ងុញហាក់ចង់ទទួលទាន។  ត្រីទន្លេស្រស់មានទាំងបំពងនិងស្ងោរជ្រក់ទៀត ទោះបីមាលាមិនដែលទម្លាប់ញុំាបាយម៉ោង៥ក៏ដោយ តែបេីឃេីញម្ហូបនឹងចំពោះមុខហេីយធ្វេីឱ្យពោះនាងកូរគ្រូកតែម្តង។  

“នេះពូ បាយ ហេីយនេះបាយមីង នេះបាយអូនទូច”

“បាទអរគុណបងស្រីស្អាត”​ នាយទូចទទួលបាយទាំងរំលេចស្នាមញញឹមលេីផ្ទៃមុខ។

“ក្មួយមាលា! ពូដឹងថាក្មួយមិនដែលញុំាបាយម៉ោងប៉ុណ្ណឹងទេ តែនៅនេះទម្លាប់អ្នកស្រុកគេញុំាបាយតែម៉ោងប៉ុណ្ណឹង។  ខំញុំាឱ្យច្រេីនៗទៅក្មួយកុំឱ្យយប់ដេកកូរពោះ ព្រោះនៅនេះអត់មានភ្លេីងប្រេីចឹងហេីយមានតែញុំាម៉ោងប៉ុណ្ណឹងឱ្យហេីយ ព្រោះពឹងលេីភ្លេីងសូឡានឹងប្រេីមិនបានយូរទេ”

    “ចា៎! មិនអីទេពូ តោះ! ឆាប់ពិសារទៅពូទាន់ម្ហូបនៅក្តៅៗ មេីលទៅទំនងៗណាស់ពូមីង”

    “បេីទំនងញុំាឱ្យច្រេីនណាក្មួយ អាងសម្រាកយកកម្លាំងណា ស្អែកក្មួយត្រូវចូលរៀនផង”

    “ខ្ញុំគ្មានអីក្រៅពីអរគុណដល់ពូមីងទេ ដែលបានជួយជ្រោមជ្រែងខ្ញុំពេលពុកជួបការលំបាក” និយាយបណ្តេីរមាលាក៏លេីកដៃសំពះទៅកាន់ពូមីងបណ្តេីរ។

    មីងរ៉ាលេីកដៃអង្អែលក្បាលមាលារួចក៏នាំគ្នាបញ្ចប់ការសន្ទនាហេីយនាំគ្នាញុំាបាយជាមួយទឹកមុខរីករាយជាមួយស្នាដៃចំណានមីងរ៉ា។

    “អេីយអ្នក! អញ្ចេីញមកហូបបាយមួយគ្នា” មីងរ៉ាបញ្ឃប់សកម្មភាពហូបបាយរួចក៏ហៅអ្នកភូមិដែលកំពុងជិះទូកមកពីនាយអាយហៅជាការគួរសម។

    “មិនអីទេអ្នក”អ្នកនៅលេីទូកឆ្លេីយតបទៅមីងរ៉ា។

    “មិនអីយ៉ាងម៉េច ម៏! ចូលមកនេះសិនមក” ប្តីមីងរ៉ាបក់ដៃជាការហៅចូល ពេលចូលទៅដល់ ប្តីមីងរ៉ាក៏បន្តថា “មេចដែរអ្នក រកត្រីបានច្រេីនអត់? “

    “បានច្រេីនណាស់អ្នកអេីយ នេះយកមួយសម្លទុកហូបទៅ” អ្នកភូមិដែលកំពុងនៅលេីទូកក៏លេីកត្រីហុចឱ្យប្តីមីងរ៉ា។ 

    “អគុណហេីយអ្នក ចឹងចាំមួយភ្លែតចាំខ្ញុំដួសសម្លឱ្យ” ថារួចមីងរ៉ាក៏ទៅដួសសម្លឱ្យ។

    “នេះកូនចៅណាគេដែរអ្នក? អ្នកចំណូលថ្មីមែន? ដូចមិនដែលឃេីញ? ” អ្នកនៅលេីទូកចង្អុលទៅកាន់មាលា។

    “ចា៎! ជម្រាបសួរលោកពូ ខ្ញុំឈ្មោះមាលាជាក្មួយរបស់មីងរ៉ា ជាអ្នកចំណូលថ្មីខ្ញុំមិនសូវដឹងពីទំនៀមទម្លាប់រស់នៅទីនេះប៉ុន្មានទេជួយណែនាំខ្ញុំផងពូ” មាលាឆ្លេីយបណ្តេីរលេីកដៃសំពះបណ្តេីរ។

    “អឺ! មិនអីទេក្មួយ បេីមានការអីក៏ពឹងមកបេីជួយបានពូនឹងជួយហេីយ កុំក្រែងចិត្តអី។  អ្នកនៅទីនេះចិត្តល្អណាស់”

    “ចា៎! ពូ”

     មីងរ៉ាក៏យកសម្លមួយកូនចានឱ្យទៅអ្នកដែលទេីបមកពីរកត្រីរួចក៏គាត់ត្រលប់ទូកលាទៅវិញទៅ។ អ្នកគ្រប់គ្នាក៏បន្តហូបបាយយ៉ាងឆ្ងាញ់ ពិសេសមាលាញុំាបាយស្ទេីរតែអស់២ចានទៅហេីយព្រោះមិនដែលបានទទួលសាច់ត្រីស្រស់ៗអ៊ីចឹងពីមុនទេ។

 …

      ពន្លឺព្រះចន្ទក៏ប្រឹងកកាយខ្លួនដែលលាក់បំពួនក្នុងពពកមកបញ្ចេញពន្លឺក្នុងពេលរាត្រីតាមច្បាប់នៃធម្មជាតិតាក់តែងមក។ មាលាងូតទឹករួចស្រាប់តែភ្លេីងសូឡាក៏រលត់ទៅ នាងក៏ទៅបំរះខ្លួនលេីកន្ទេលដែលធ្វេីឡេីងពីដេីមរំចេកព្រោះមានអារម្មណ៍ថារាងកាយទាំងមូលហាក់រាងអស់កម្លាំង។ នាងព្យាយាមបិទភ្នែកនិងពព្រិចភ្នែកជាច្រេីនដងដេីម្បីឱ្យត្របកភ្នែកនឿយហត់រួចវានឹងងងុយគេង ប៉ុន្តែអ្វីៗមិនដូចនាងគិតសោះទោះព្យាយាមយ៉ាងណាក៏នៅតែភ្នែកមួយគូនេះមិនព្រមគេងលក់សោះ។

       មាណវីក៏អង្គុយបញ្ឈរជង្គង់ព្រោះតែប្លែកកន្លែងបូករួមនឹងអាកាសធាតុត្រជាក់ផងទេីបគេងមិនលក់បែបនេះ។  ក្នុងភូមិគេគេងលក់អស់ហេីយ គ្រប់យ៉ាងនៅទីនេះស្ងប់ស្ងាត់បន្សល់តែសំឡេងចង្រិតយំ។ សុខៗភ្នែកទាំងគូរបស់មាលាក៏ប្រទះនឹងភ្លេីងម្យ៉ាងដែលហោះវឹងកាត់បង្អួចរបស់នាងយ៉ាងលឿនស្លេវដោយមាលាបានបេីកបង្អួចចោលព្រោះចង់ស្រូបបរិយាកាសនៅទីនេះ។

មាលាចាប់ផ្តេីមបុកពោះតិចៗរួចប្រមូលអារម្មណ៍គិតថាប្រហែលជាភ្លេីងពិលអ្នករកត្រីពេលយប់ព្រោះមីងរ៉ាថាពេលយប់គេក៏ចេញមកត្រីដែរ ព្រោះរកបានច្រេីន។

នាងក៏ដេីរទៅជិតបង្អួចរួចក៏ប្រុងនឹងទាញបង្អួចបិទទៅហេីយ ពេលនោះភ្នែកនាងក៏រំពៃឃេីញភ្លេីងយ៉ាងធំពណ៌បៃតងដែលធ្វេីឱ្យនាងឃេីញច្បាស់ៗនឹងភ្នែកហោះសំដៅទៅដេីមរំចេកក្រោយផ្ទះមីងរ៉ា។  មាលាស្រូបខ្យល់ចូលពេញពោះរួចលូកដៃបិទបង្អួចយ៉ាងលឿន ហេីយរត់ទៅគេងក្នុងភួយដណ្តប់ពីចុងសក់ដល់ចុងជេីងយ៉ាងជិត។ ពេលនេះនាងបន់ឱ្យតែនាងគេងលក់ទេ។ ពេលនាងកាន់តែចង់ឱ្យនាងគេងលក់តែខួរក្បាលនាងកាន់តែគិតពីរឿងភ្លេីងបៃតងដ៏ធំនោះ។

“ឬមួយជាភ្លេីងអាប? ទេមិនអាចទេបេីជាអាបខ្ញុំគួរតែមេីលឃេីញក្បាលវា” មាលាគិតក្នុងចិត្តម្នាក់ឯង។

តុកៗៗ! ! មួយសន្ទុះមកស្រាប់តែសំឡេងគោះទ្វាបន្លឺឡេីង ធ្វេីឱ្យមាលាសេីយភួយដែលគ្របចេញ រួចសួរទាំងឆ្ងល់

     “អ្នកណាគេ? អ្នកណារកអីទាំងយប់នឹង”

     “…”

     “អ្នកណា? “

     “…” នៅតែមិនទទួលបានចម្លេីយ។ 

មាលាក៏ងេីបឡេីងមួយអស់កម្ពស់ដេីរសំដៅទៅទ្វារដោយកាន់ចង្កៀងប្រេងកាត ពេលទៅដល់នាងឈប់បន្តិចរួចលេបទឹកមាត់ក្អឹក។

ក្រាក! !

សំឡេងទ្វាបេីកបន្លឺឡេីង តែមាលាមិនបានឃេីញអីទេក្រៅពីស្បៃអន្ធិកាងងឹតសូន្យឈឹង រួចនាងក៏បិទទ្វារហេីយសំងំគេងដោយលង់លក់ទៅ។

កំពុងគេងលក់សុខៗស្រាប់តែនាងមានអារម្មណ៍ថាដូចមានអ្នកគងខ្លួននាងទាំងដែលនាងគេងតែម្នាក់ឯង។ ក្លិនស្អុយអាសោចគគ្រុកក៏ចូលពេញដល់នាសារបស់មាលាធ្វេីឱ្យនាងទ្រាំមិនបានក៏យកដៃខ្ទប់ច្រមុះរួចបេីកភ្នែកយ៉ាងរហ័ស។

“អា! ! ” សំឡេងស្រែកខ្លាំងៗចេញពីមាត់មាលា ប៉ុន្តែមិនធ្វេីឱ្យរំខានដំណេកគ្រួសារមីងរ៉ាឡេីយ។

ដៃជេីងនាងលែងកម្រេីក នាងលែងហាស្តីភ្នែកនាងបេីកប៉ុនពងមាន់ហាក់ដូចមានខ្មោចសង្កត់។ នាងពិតជាត្រូវខ្មោចសង្កត់ដោយខ្មោចស្រីម្នាក់នោះលានភ្នែកចេញមកប៉ុនៗពងមាន់ដោយមានឈាមហូរចេញពីប្រឡង់ភ្នែក សក់កន្រីងកន្រេីង ស្លៀកក្បិនពណ៌ត្រួយចេកបោះទៅក្រោយអស់បូកនឹងស្បៃពណ៏ត្រួយចេកកំពុងអង្គុយសង្កត់លេីមាលា ក្រចកវែងៗកំពុងតែច្របាច់កមាណវីដោយសារកំហឹងអ្វីមួយ រំពេចនោះឈាមរឹមៗហូរចេញពីកនាងតិចៗដោយស្នាមក្រចកស្ទេីរតែផុតដង្ហេីមនាងទៅហេីយ។

“ខេះៗ! ! “សំឡេងមាលាចាប់ផ្តេីមក្អកដោយសារមុននឹងខ្មោចស្រីនឹងបានប្រលែងរួចក៏បាត់ខ្លួនទៅ។ ខ្លួននាងប្រែជាញ័រញាក់ប្រឹងស្រែករត់ត្រដរខ្យល់ខំបេីកទ្វា តែបេីកយ៉ាងណានៅតែមិនចេញ។

“មីងរ៉ាជួយខ្ញុំផង ខ្មោចលង…”

ទោះប្រឹងស្រែកយ៉ាងណាតែគ្រប់យ៉ាងហាក់ស្ងាត់គ្មានឮដល់ត្រចៀកមីងរ៉ាសោះ ទោះប្រឹងអង្រួងទ្វារយ៉ាងណាក៏គ្មានសង្ឈឹមនឹងទ្វារបេីកដែរទាំងដែលនេះនាងមិនបានដាក់គន្លឹះទ្វារ។ មាលាក៏អង្គុយឱបជង្គង់ជ្រប់មុខនឹងជង្គង់អង្គុយផ្អែកខ្នងនឹងទ្វារ។ ដោយសារកម្លាំងទោរទន់នាងក៏អង្គុយលក់ដោយមិនដឹងខ្លួនទៅ។

“តុកៗ! ! “

សំឡេងគោះទ្វាបន្លឺឡេីង ញុំាងស្មារតីក្មេងស្រីក្រមុំមាលាឱ្យភ្ញាក់ដំណេកថ្វីបេីព្រះអាទិត្យមិនទាន់រះនៅឡេីយ។  មាលាយកដៃញីភ្នែកព្រោះតែហាក់ងងុយខ្លាំងដោយសារតែមិនបានគេងស្ទេីរពេញមួយយប់ហេីយ។

“អ្នក…អ្នកណា? “នាងសួរដោយសំឡេងញ័រ រួចចាប់ផ្តេីមភ័យម្តងទៀតព្រោះខ្លាចឃេីញអ្វីដូចដែលនាងបានគិត។

“…”គ្មានអ្នកណាឆ្លេីយម្តងទៀត នាងព្រឺឆ្អឹងខ្នងខ្ញាក។

“គឺមីងរ៉ាក្មួយមាលា បេីកទ្វារឱ្យមីងតិចមក” មាលាក៏ដកដង្ហេីមធំដោយធូរចិត្តរួចក៏បេីកទ្វាឱ្យមីងរ៉ា។ បេីកទ្វារួចមាលាប្រទះមុខមីងរ៉ាជាមួយទឹកមុខស្លេកស្លាំង ទេីបបណ្តាលឱ្យចិត្តនាងបង្ហេីបសួរគាត់ទៅហេីយ តែមីងរ៉ាឆ្លេីយតបទៅមាលាមុនថា

“មាលាមកឆាប់ទៅមេីលពុកឯង ពុកឯងត្រូវបាវស៊ីម៉ង់ត៍រលំលេីហេីយបោកក្បាលនឹងថ្មទៀតផង។  ពេលនេះមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ” មីងរ៉ាបង្ហាញពីភាពមិនស្រណុកចិត្តនិងនៅមិនស្ងប់ព្រោះតែបារម្ភពីពុកមាលា។

“ពុក! មីង! ចុះមីងដឹងដំណឹងនេះពីណា? “

“គឺអ្នកដែលធ្វេីការជាមួយពុកឯងតេមកយេីងនឹងហាស”

“មីងខ្ញុំចង់ទៅមេីលពុកណាស់”ទឹកភ្នែកមាណវីរមៀលធ្លាក់ចុះមកព្រោះតែឃ្លាតពីឪពុកមិនទាន់មួយថ្ងៃផងក៏ពុកត្រូវជួបបែបនេះ។

“មិនអីទេ ចាំមីងជូនទៅ”

ថាហេីយមីងរ៉ាក៏ស្រាយចំណងទូកពីកំពង់ទឹក ដោយហុចដៃឱ្យមាលាកាន់ចុះទូកជាមួយគ្នា។ មាលាអង្គុយកាន់ចង្កៀងប្រេងកាតធ្វេីមុខភ្លឹះៗក្រោមស្បៃអធន្ធិកាដោយបានត្រឹមមេីលមីងរ៉ាចែកទូកបែកញេីសតូចល្អិតៗពេញថ្ងាសព្រោះខ្លួនមិនចេះចែវទូកទេីបមិនអាចជួយអ្វីបានដោយស្តាប់តាមពាក្យចាស់ពោលថា”បេីមិនជួយចូកជួយចែវកុំយកជេីងរាទឹក”។

ទូកចេះតែរំកិលទៅមុខតែមាលាមិនដឹងថាទៅដល់ណាទេ នៅទីនោះគ្មានផ្ទះអ្នកភូមិមានតែព្រៃលិចទឹកនិងសម្បូរដេីមរំចេក។  ខ្យល់ត្រជាក់បក់ផាត់ប៉ះសាច់មាលាធ្វេីឱ្យនាងព្រឺឆ្អឹងខ្នងខ្ញាក ទេីបសួរទៅកាន់មីងរ៉ាថា

“មីងរ៉ានេះនៅយូរទៀតទេ? ខ្ញុំបារម្ភពីពុកណាស់”

“…”មិនឮមីងរ៉ាតប មាលាឃេីញតែដៃមីងរ៉ាចេះតែចែវទូកទៅមុខ។ នៅសុខៗនាងមានអារម្មណ៍មិនស្រួលកេីតមក សំឡេងញ័រក៏បន្លឺឡេីង

“មីង…មីងរ៉ា? ឮខ្ញុំហៅទេ? “

“…”សំឡេងមីងរ៉ានៅតែមិនឆ្លេីយតប ល្បឿនទូកចេះតែលឿនទៅ។ មាលាលេបទឹកមាត់ក្អឹករួចបួងសួងកុំឱ្យមានរឿងអីកេីតឡេីង។

“អា! !” សំឡេងមាលាស្រែកអស់ទំហឹង ក្រោយពីមីងរ៉ាងាកមុខមកតែបែបមិនមែនជាមុខមីងរ៉ា មុខប្រែក្លាយជាអាប់ប្រឡាក់មេីលសឹងតែមិនយល់លាយឡំដោយឈាមឆ្អាបឆ្អេះគឺជាខ្មោចស្រីស្លៀកក្បិននិងស្បៃពណ៌ត្រួយចេក ក្រចកដៃវែងៗកំពុងញញិមយ៉ាងពិរុទ្ធមកកាន់មាលាយេីង។ 

មាលាអង្គុយថយក្រោយស្ទេីរតែធ្លាក់ពីទូក ទឹកមុខប្រែជាស្លេកដូចមាន់ស្ងោរទេីបស្រែកឡើងអស់សំឡេង

“ម៉ែអេីយ! ជួយកូនផងខ្មោចលង”ថាបណ្តេីរទឹកភ្នែកនាងស្រក់ចុះពីផែនថ្ពាល់បណ្តេីរ។

ខ្មោចអបល័ក្សណ៍នោះបានហោះមកកាន់មាលារួចចាប់ក្បាលនាងច្រមុជទឹកយ៉ាងឃៅឃៅទោះបីមាលាប្រឹងរេីបម្រះយ៉ាងណាក៏រួចបានត្រឹមតែដៃខ្វៃៗវាយទឹក។ នាងស្ទេីរតែសល់ដង្ហេីមចង្រិតហេីយពេលនោះខ្មោចស្រីនោះបានចាប់ច្របាច់កនាងយ៉ាងកំហឹងរួចបោះមាលាចូលទឹកទៅ។

“ហាហា…នេះជាការព្រមានចំពោះមនុស្សដែលមិនស្គាល់ទាបខ្ពស់ហាហា”ខ្មោចស្រីបុរាណនោះនិយាយទាំងគ្រលួចនិងការសេីចខ្ទរពេញផ្ទៃទឹកទន្លេនាពេលរាត្រីកាល។

ព្រឹកថ្ងៃបន្ទាប់…

“មាលាក្មួយ! ក្មួយម៉េចមកដេករានហាលអ៊ីចឹងក្មួយ?” សំឡេងមីងរ៉ានិយាយឡេីងដោយអង្រួនប្រាណមាលាតិចៗដោយទទឹកជោក។ មាលាបេីកភ្នែកមកសន្សឹមៗដោយឃេីញពិដានឈេីរួចក៏ប្រឹងកម្រេីកខ្លួនយ៉ាងរហ័ស។

“ពុក! មីងរ៉ានេះពុកយ៉ាងម៉េចហេីយ? “មាលាចាប់អង្រួនដៃមីងរ៉ា។

“ពុកឯងកេីតអីមាលា? “

“គឺ..គឺយប់មិញមីងរ៉ាថាពុកត្រូវបាវស៊ីម៉ង់ត៍រលំលេីហេីយក្បាលត្រូវថ្មហូរឈាមទៀត”នាងនិយាយទាំងរដាក់រដុបចង់យំ។

“យប់មិញ? យប់មិញមីងដេកនៅក្នុងផ្ទះទេតើហេីយក៏មិនបានទៅប្រាប់ឯងរឿងពុកឯងអីដែរ? នេះឯងកេីតអី? ព្រឹកឡេីងមីងឃេីញឯងដេកនៅរានហាលទទឹកជោកហ្នឹង? “មីងរ៉ានិយាយទាំងចងចិញ្ចេីមស្ទេីរដល់គ្នាទៅហេីយ។

“នេះកុំប្រាប់ថា…បងខ្មោចលងហាស? “នាយទូចនៅជិតមាលាបន្លាចមាលាថែម។

“មែនហេីយមីងគឺខ្ញុំ…ខ្ញុំពិតជាខ្មោចលងមែន បេីមិនជឿមីងអាចមេីលភ្នែកខ្ញុំបានស្លក់ដូចមនុស្សអត់បានដេកចឹង មីងមេីលស្នាមនៅលេីកខ្ញុំក៏បានខ្ញុំស្ទេីរតែមិនរួចជីវិតហេីយ ” មាលានិយាយទាំងភ័យខ្លាចព្រមទាំងបង្ហាញស្នាមលេីកទៅគ្រួសារមីងរ៉ាដែលនៅជិតនឹង។

“ក្មួយសាកនិយាយមេីលយប់មិញឯងជួបអ្វីខ្លះ? “ប្តីមីងរ៉ាជ្រួញចិញ្ចេីមចង់ដឹងព្រឹត្តិការណ៍យប់មិញ។ មាលាបានរៀបរាប់ព្រឹត្តិការណ៍ដែលបានកេីតឡេីងកាលពីយប់មិញទៅគ្រួសារមីងរ៉ាស្តាប់ស្ទេីរតែស្រៀងឆ្អឹងខ្នង។  និយាយចប់មីងរ៉ានិងប្តីគាត់ដកដង្ហេីមធំរួចមេីលមុខគ្នាភ្លឹសៗ រួចមីងរ៉ាក៏និយាយបន្តមាលា

“យប់មិញនេះឯងមិនបានជួបខ្មោចទេ អ្នកដែលឯងជួបគឺជាព្រាយដេីមរំចេក”

“អា! ព្រាយ”មីងរ៉ាចូលជិតមាលារួចឱបនាងកុំឱ្យនាងមានភាពភ័យខ្លាច។

“កាលដែលនាងចេញមកធ្វេីបានឯងព្រោះតែឯងជាអ្នកចំណូលថ្មីដោយចូលមករស់នៅគ្មានការសុំអនុញ្ញាតនិងសែនរបស់តិចតួចឱ្យអ្នកថែរក្សានៅទីនេះ។ ម្សិលមិញមីងក៏ភ្លេចប្រាប់ឯងព្រោះរវល់តែសប្បាយចិត្តបានឯងមកនៅជាមួយ”

“មូលហេតុអ្វីទៅមីងដែលធ្វេីឱ្យនាងក្លាយជាព្រាយចាំថែរក្សានៅទីនេះ? “

“មែនហេីយម៉ែដោយសារអ្វីទៅ? ខ្ញុំក៏ចង់ដឹងដែរ។ “នាយទូចបន្ថែម។

“ក្មេងគេមិនចង់ឱ្យដឹងអ្វីច្រេីនទេវាមិនល្អ ឆាប់នាំគ្នាទៅងូតទឹកទៅ”ប្តីមីងប្រាប់ទៅនាយទូចនិងមាល។

“នាំគ្នាទៅងូតទឹកហេីយអាលប្រញាប់ទៅផ្សារទិញចេក មកវិញចាំមីងនិយាយប្រាប់”

“ចា៎! មីង”

“បាទម៉ែ”

-ចប់-