គ្រាប់ភ្លៀងរាប់លានតំណក់កំពុងតែស្រក់នៅលើដំបូលស័ង្កសីដែលមានស្នាមច្រែះដោយអន្លើ បន្ទរជាស្នូរយ៉ាងទ្រហឹងរំពងត្រចៀករកតែស្តាប់អ្វីមិនចង់ឮ។ អាកាសវេហាស៍ងងឹតសូន្យសុង បាំងបាត់ពន្លឺព្រះចន្ទ ដោយប្តូរជំនួសនូវស្បៃអន្ធិការ។ យូរៗម្តង ពន្លឺផ្លេកបន្ទោរបានចូលខ្លួនមកបំភ្លឺជំនួសដួងចន្ទ្រាដោយនាំយកមកទាំងសំឡេងផ្គរលាន់ផងដែរ។ នភាល័យដែលមានសភាពមិននឹងនរបែបនេះ បានកំពុងតែធ្វើឱ្យទឹកភ្នែកនារីម្នាក់ ដែលមានវ័យ១៧ឆ្នាំ រមៀលស្រក់មកប្រណាំងគ្នាជាមួយនឹងគ្រាប់ភ្លៀងស្ទើរតែជោកថ្ពាល់ដ៏គ្រើមដោយសារតែទទួលរងនូវសម្ពាធផ្លូវចិត្ត ប្រៀបបីដូចជាទិដ្ឋភាពបែបនេះគឺជាឧទ្យានទឹកភ្នែកសម្រាប់រូបនាងអ៊ីចឹង។
គន្ធាកំពុងតែអង្គុយមុខមាត់បង្អួច សម្លឹងមើលទៅផ្ទៃមេឃ មើលទៅទេសភាពខាងក្រៅ ដោយយកស្នូរគ្រាប់ភ្លៀងធ្វើជាតន្ត្រី ក៏ប៉ុន្តែកាន់តែស្តាប់នាងកាន់តែបង្ហូរទឹកភ្នែកធ្លាក់ចុះមកស្ទើរតែខ្សោះពីខ្លួន។ គ្រប់តំណក់ទឹកភ្លៀង ដែលនាងបានឃើញហើយស្តាប់ឮ គឺកំពុងតែចាក់ទម្លុះអារម្មណ៍របស់នាងឱ្យនឹកភ្នកស្រមៃទៅដល់រឿងរ៉ាវនាអតីតកាលដ៏ឈឺចាប់មួយមិនអាចបំភ្លេចបាន វាដូចជាស្រមោលតាមលងបន្លាចនាងគ្រប់ពេលវេលា។
………………
វេលារសៀល ព្រះទិនករចាប់ផ្តើមថមថយពន្លឺនិងរស្មី ដែលធ្វើឱ្យជីវិតដែលរស់នៅលើភពផែនដីបានធូរស្រាលពីកម្តៅបានមួយគ្រា។ នាងក្រមុំដែលមានឈ្មោះថា គន្ធាកំពុងតែជិះកង់មកពីសាលារៀនវិញ ទាំងហូរញើសប៉ុនៗគ្រាប់ពោតស្ទើរតែជោកអាវ។ ក៏ប៉ុន្តែទោះបីជានាងមិនសូវជាមានពេលសម្រាប់តុបតែងកាយនិងសម្ភារៈប្រើប្រាស់ល្អៗដូចជាមនុស្សស្រីផ្សេងក៏ដោយ ក៏មុខមាត់របស់នាងមើលទៅស្រស់ស្អាត សុភាពមិនចាញ់អ្នកទីក្រុងឡើយ។
នាងខំធាក់កង់យ៉ាងប្រញាប់ ខ្លាចក្រែងទៅមិនទាន់ពេលដណ្តាំបាយ។ ពេលមកដល់ផ្ទះ រូបភាពដែលនាងកំពុងតែមើលឃើញគឺវាមានសភាពខុសពីសព្វមួយដង។ មនុស្សចាស់ៗប្រហែលជិត១០នាក់ កំពុងតែអង្គុយនៅលើគ្រែក្រោមផ្ទះ ដោយមានឡានទំនើបពណ៌ទឹកប្រាក់បញ្ឈរនៅពីមុខផ្ទះមួយផងដែរ។ ជិះដល់ក្បែរសសរផ្ទះ នាងប្រញាប់ចុះពីកែបកង់ ដោយដង្ហើមលោតញាប់ហត់គឃូសមិនចង់ដល់គ្នា តែយុវសិស្សម្នាក់នេះនៅតែឆ្លៀតរេក្រសែភ្នែកទៅកាន់ភ្ញៀវចម្លែកមុខ។ ខួរក្បាលរបស់នាងនៅពេលនេះ កំពុងតែបង្កើតនូវចម្ងល់ដែលមិនអាចបកស្រាយបាន។
“គន្ធា! កូនទៅផ្លាស់សម្លៀកបំពាក់ចេញឱ្យលឿនៗ ហើយមកណេះជាប្រញាប់!” មីងលីដែលជាម្តាយរបស់នាងបន្លឺឡើងអមជាមួយនឹងទឹកមុខយ៉ាងរីករាយខុសពីធម្មតា។
ចិញ្ចើមរបស់នាងចងចូលគ្នា សម្លឹងមើលទៅជនប្លែកមុខដែលកំពុងតែមានវត្តមាននៅក្រោមផ្ទះរបស់នាង។ បន្ទាប់មក ស្រីស្រស់រូបនេះរេក្រសែភ្នែកទៅម្តាយរបស់នាង រួចនិយាយតបទៅគាត់វិញថា “ ចាសម៉ែ!” និយាយរួចនាងក៏ប្រញាប់ឡើងទៅខាងលើផ្ទះដើម្បីធ្វើតាមបញ្ជារបស់គាត់។
ពេលចុះមកដល់ខាងក្រោមផ្ទះ នាងមិនបានទៅជិតម្តាយរបស់នាងទេ។ នាងដើរសំដៅចូលទៅផ្ទះបាយដែលមានដំបូលប្រក់ស្លឹកត្នោត ដាច់រហែកដោយអន្លើ សសរផុសជិតរលំ ព្រោះតែនៅក្នុងផ្ទះរបស់នាងសុទ្ធតែមនុស្សស្រី។ មិនទាន់ទាំងដើរចូលដល់ខាងក្នុងផង ស្រាប់តែសំឡេងម្តាយរបស់នាងស្រែកហៅនាងយ៉ាងឮៗ…
“ គន្ធា! កូនមកណេះ!” គាត់ប្រើសម្តីយ៉ាងស្រទន់ ដែលតាំងពីមុនមក គាត់តែងតែប្រើវាចាគំរោះគំរើយ ហើយជាពិសេសនោះមិនដែលហៅនាងថា គន្ធានោះទេ គឺហៅកាត់ខ្លីត្រឹមតែអាធាប៉ុណ្ណោះ។
ដោយខ្លាចអ្នកម្តាយជាទីស្រឡាញ់ខឹង នាងក៏បានដើរចូលទៅជិតទាំងអារម្មណ៍មិនចង់សូម្បីតែបន្តិច។ ពេលដែលដាក់គូទអង្គុយនៅលើគ្រែ នាងបានសង្កេតឃើញក្រសែភ្នែកម្តាយរបស់នាងសម្លឹងមើលទៅលើកូនថាសដែកមួយដែលមានដាក់លុយដុល្លារមួយខ្ទាស់ធំ អមទៅដោយផ្លែឈើមួយកន្ត្រកយួរដៃដែលបានរៀបចំយ៉ាងស្អាតបាត។ គ្រាន់តែបានឃើញរូបភាពជាមួយនឹងទឹកមុខរបស់ម្តាយ នាងបានដឹងរួចមកហើយថា ប្រាកដជាវត្តមានភ្ញៀវដែលបានមកផ្ទះរបស់នាងនេះ មិនមែនមកលេងធម្មតានោះទេ។
យុវតីវ័យក្រមុំឱនមុខចុះជ្រប់ និយាយអ្វីក៏លែងចេញដែរ។ នាងបានត្រឹមតែអង្គុយដូចជាទីងមោងឱ្យគេរៀបចំកាយតែប៉ុណ្ណោះ។
“ កូនរបស់អ្នកបងស្រស់ស្អាតណាស់! អ៊ីចឹងតើបានជាវុត្ថាកូនប្រុសខ្ញុំបង្ខំឱ្យខ្ញុំមកចូលស្តីដណ្តឹងនាងស្ទើរតែមិនលោះថ្ងៃសោះ! ហើយអ្នកឱ្យនាងញ៉ាំអ្វីបានជាសាច់ទ្រលុកទ្រលន់បែបនេះ!” អ្នកស្រីភួងចិន្តាវាចាឡើង បន្ទាប់ពីគាត់អង្គុយពិនិត្យមើលមុខគន្ធាយ៉ាងយូរ។
“ម៉ាក់! ម៉ាក់មិនគួរយករឿងពិតមកនិយាយលេងបែបហ្នឹងទេ!” វុត្ថានិយាយទាំងអៀន។
“ កុំខ្មាសអៀនអីកូន!” គាត់ងាកមកម្តាយរបស់គន្ធា រួចនិយាយ “បើអ៊ីចឹង យើងសម្រេចគ្នាតាមហ្នឹងហើយណាអ្នក!”
“ចា…អ្នកស្រី! បើម៉េចម៉ា ចាំខ្ញុំជូនដំណឹងបន្ថែមទៀតណា៎!” មីងលីនិយាយទាំងមាត់បិទមិនចង់ជិត។
“ បើអ៊ីចឹង ខ្ញុំសុំជម្រាបលាអ្នកទាំងអស់គ្នាសិនហើយ!” ម្តាយលោកវុត្ថា លើកដៃសំពះទៅកាន់ម្តាយរបស់គន្ធា។
និយាយរួច ពួកគេក៏ត្រលប់ទៅវិញ ដោយទុកឱ្យស្ត្រីក្រមុំអង្គុយឆ្ងល់ ចំពោះភ្ញៀវដែលបានមកអម្បាញ់មិញ មិនដឹងថាពួកគេមកមានការណ៍អីឱ្យពិតប្រាកដនោះទេ។ ដោយអត់ទ្រាំនឹងការចង់ដឹងមិនបាន នាងក៏ឈ្លេចសួរម្តាយបន្ថែម។
“ម៉ែ! អម្បាញ់មិញពួកគាត់មកមានការណ៍អ្វីមែនដែរឬទេ?”
មីងលីឮសម្តីកូនបែបនេះ គាត់ក៏រំកិលគូទទៅជិតកូន រួចក៏និយាយយ៉ាងផ្អែម “ គ្មានអីទេ! ពួកគាត់មកលេងទេតើ!”
“តែ…ខ្ញុំគិតថាដូចជាមិនមកលេងធម្មតានោះទេ ព្រោះឃើញមានផ្លែឈើហើយនឹង…!”
នាងនិយាយមិនទាន់ចប់ផង ស្រាប់តែម្តាយរបស់នាងចូលមកអង្អែលក្បាលតិចៗ ហើយបន្តនិយាយ “ តែម៉ែថាគ្មាន គឺគ្មានហើយ! កូនកុំឆ្ងល់ពេកមើល! ទៅ! ទៅដាំបាយឱ្យឆាប់កុំឱ្យយប់ទាន់!”
ពេលបានស្តាប់ឮម្តាយនិយាយអះអាងដល់ម្លឹងហើយ គន្ធាក៏លែងសូវជាឆ្ងល់ទៀតអ្វីដែរ។ ស្រស់ស្រីក៏ទៅបំពេញកិច្ចការរបស់នាងបាត់ទៅ។
មួយសប្តាហ៍ក្រោយមក…
“ ថ្ងៃនេះកូនមិនបាច់ទៅរៀនទេ! ព្រោះមានភ្ញៀវសំខាន់មកលេង!”
គន្ធាចងចិញ្ចើមចូលគ្នា ងាកមើលទៅមុខរបស់ម្តាយរបស់នាង ដែលកំពុងតែដើរញញឹមញញែមម្នាក់ឯង ដូចជាមនុស្សដែលកំពុងតែលង់លក់ជាមួយនឹងក្តីសុខអ៊ីចឹង។ តាំងពីពុករបស់នាងបានស្លាប់ផុតទៅ នាងកម្របានឃើញម្តាយមានទឹកមុខស្រស់ស្រាយបែបនេះទេ។ ទឹកមុខនិងកាយវិការរបស់អ្នកម្តាយ បានធ្វើឱ្យនាងអត់គិតមិនបាន ក៏ធ្លោយសួរ “ ភ្ញៀវណាទៅម៉ែ ដល់ថ្នាក់ឱ្យខ្ញុំឈប់រៀនចាំទទួលដែរ!”
“ តែបន្តិចទៀតបានដឹងហើយ ! ទៅផ្លាស់ខោអាវសិស្សសាលាហ្នឹងចោលឱ្យលឿនទៅ!បន្តិចទៀត សុធីនឹងយកសម្លៀកបំពាក់ថ្មីឱ្យឯងហើយ!”
គ្រប់សម្តីដែលមីងលីបានបន្លឺឡើង កំពុងតែញ៉ាំងខួរក្បាលកូនស្រីរបស់គាត់ឱ្យឆ្ងល់ជាពន្លឹក។ នាងឈរទ្រឹង មិននិយាយអ្វីទាំងអស់។
“ហើយនៅភ្លឹកដល់ណាទៀត! ម៉ែធ្លាប់ប្រាប់ជាញយហើយ ថាកុំធ្វើស្លឺៗបែបហ្នឹង រកស៊ីមិនទាន់គេទេ!” គាត់និយាយទាំងគំរោះគំរើយ។
ភ្ញាក់ពីការភ្លឹកដោយសារតែសម្តីដ៏មុតស្រួចដូចជាម្ជុលរបស់ម្តាយ គន្ធាក៏ឡើងទៅលើផ្ទះទាំងមិនស្រណុកចិត្ត។
នាងផ្លាស់សម្លៀកបំពាក់បណ្តើរ នឹកគិតឆ្ងល់បណ្តើរ រហូតស្ទើរតែដូចជាមនុស្សវិកលចរិត។ អារម្មណ៍ដែលមិនបានឋិតនៅនឹងខ្លួនផង ស្រាប់តែវត្តមានសុធីដែលជាបងប្អូនជីដូនមួយរបស់នាងមក ហើយថែមទាំងមានស្ពាយកាបូបនៅពីក្រោយទៀតផង។ នាងសម្លឹងមើលទៅសុធី ទាំងដែលអារម្មណ៍របស់នាងច្របូកច្របល់ជាខ្លាំង។
“សុំទោស! យើងរវល់តែទៅយកឈុត ទើបបានជាមករាងយឺតបន្តិច!” សុធីនិយាយបណ្តើរ រូតកាបូបយកឈុតចេញមកបណ្តើរ។
“ ឈុតអីគេហ្នឹងបង?”
សុធីសម្លឹងមើលទៅមុខប្អូន ទាំងដែលដៃរបស់នាងបានបញ្ឈប់សកម្មភាពមួយរំពេច។នាងសួរទាំងឆ្ងល់ “ ហ្អាក! ចុះក្រែងថ្ងៃនេះឯងភ្ជាប់ពាក្យនោះអី ម៉េចបានជាធ្វើមិនដឹងអ៊ីចឹង!”
“ បងឯងប៉ិនលលេងណាស់! ខ្ញុំមិនបានភ្ជាប់ពាក្យឯណា? មុខដូចខ្ញុំមានពីណាគេយកបង!” នាងនិយាយទាំងញញឹម ព្រោះនាងគិតថាសុធីពិតជានិយាយលលេងតាមទម្លាប់ដដែលៗជាមួយនឹងនាងជាមិនខាន។
“ យី!…ឯងអត់បានដឹងមែនឬក៏ធ្វើពុតជាមិនដឹងអ្ហាស់?”
“ខ្ញុំមិនដឹងទេ! ភ្ជាប់ពាក្យភ្ជាប់ពំាងស្អីបង…!”នាងស្ងាត់បន្តិច រួចនិយាយទៅកាន់សុធីបែបលេងសើចបន្ត “ បើមានគេចូលសួរខ្ញុំមែន ម្ល៉េះម៉ែប្រាប់ខ្ញុំហើយបង!”
រំពេចនោះ មីងលីក៏បានមកដល់…
“ ហើយថ្មើរហ្នឹង មិនទាន់ស្លៀកពាក់ទៀត!” គាត់សម្លឹងទៅសុធី “ ហើយកាលណាស្លៀកពាក់ឱ្យប្អូនអ្ហាស់! ខាងកូនកំលោះគេមកដល់ហើយ! ស្រូតៗទៅ កុំអាល័យតែប្រាជ្ញគ្នាឥតប្រយោជន៍អី!”
“ចាសមីង!” នាងនិយាយព្រមជាមួយការឱនមុខចុះជ្រប់។ នាងដឹងពីនិស្ស័យរបស់មីងលីច្បាស់ណាស់ បើគាត់បញ្ជាថាឱ្យធ្វើអីហើយ គឺត្រូវតែធ្វើឱ្យបាន បើមិនដូច្នោះទេ គាត់ស្តីឱ្យមិនដឹងទិសតំបន់អ្វីឡើយ។
គន្ធាសម្លឹងមើលទៅម្តាយទាំងភ្នែកក្រហម រួចនិយាយស្ទើរតែមិនចង់ចេញ “ម៉ែអាចប្រាប់ខ្ញុំឱ្យច្បាស់បានទេ ថាម៉ែកំពុងតែចង់ធ្វើអ្វី?”
មីងលីចូលទៅជិតកូនស្រី រួចយកដៃអង្អែលថ្នមៗទៅតាមទម្លាប់របស់គាត់ “ឯងត្រូវស្តាប់ម៉ែឱ្យបានច្បាស់ណា៎ ម៉ែបានលើកកូនឱ្យទៅគេហើយ!”
ភ្នែកដែលក្រហមរបស់នាងក៏បានពន្លិចនូវទឹកសៗរមៀលស្រក់មកកាត់ថ្ពាល់ដ៏ក្រពុំរលោងស្រិលដូចជាពងមាន់បក។ ទឹកភ្នែកមួយនេះកំពុងតែឃាត់មាត់របស់នាងជិតមិនឱ្យនិយាយឬប្រកែកអ្វីឡើយ។ នាងគិតតែពីអួលដើមកឈ្ងោកមុខចុះតែប៉ុណ្ណោះ។
“កូនអាចធ្វើតាមម៉ែម្តងបានដែរឬទេ?”មីងលីសួរកូនស្រីបញ្ជាក់។
នាងក្រមុំងក់ក្បាលទាំងដែលទឹកភ្នែករបស់នាងហូរស្រក់ចុះប្រដេញប្រណាំងគ្នា។ ទោះបីជាការសំណូមពររបស់ម្តាយនាងធ្វើឱ្យនាងមិនពេញចិត្តយ៉ាងណាក៏ដោយ ក៏នាងនៅតែមិនជំទាស់ ព្រោះថាមុនពេលពុករបស់នាងស្លាប់ គាត់ថាផ្តាំនាងថាឱ្យមើលថែម្តាយជំនួសគាត់ ហើយធ្វើអ្វីដែលអាចឱ្យគាត់រីករាយបាន។ ម្តងនេះជាឱកាសដែលនាងត្រូវគោរពតាមពាក្យសន្យាក៏ដូចជាជាការដឹងគុណចំពោះម្តាយនាងផងដែរ។
និយាយជាមួយកូនរួច មីងលីក៏ប្រញាប់ចុះទៅខាងក្រោម ដើម្បីទទួលដន្លងដែលបាននៅចាំ។ គាត់មិនទាន់ហ៊ានឱ្យដន្លងឡើងទៅលើផ្ទះនៅពេលនេះនោះទេ ព្រោះខ្លាចក្រែងកូនស្រីគាត់ជំទាស់ នាំតែមានបញ្ហាផ្លូវចិត្តដល់ដន្លង។
សុធីស្លៀកពាក់ឱ្យប្អូនស្រីបណ្តើរ សម្លឹងមើលទឹកមុខនាងបណ្តើរ។ ដោយការមិនអស់ចិត្ត នាងក៏បានធ្លោយមាត់សួរ “បើប្អូនមិនពេញចិត្ត ម៉េចក៏មិនព្រមប្រកែកជាមួយនឹងគាត់ទៅ?”
គន្ធាយកខ្នងដៃជូតទឹកភ្នែកចេញដោយទាំងម្សៅដែលសុធីបានផាត់ឱ្យ រួចនិយាយតបទៅកាន់បងវិញ “ខ្ញុំមិនពេញចិត្តចំពោះពិធីមួយនេះមែន តែខ្ញុំពេញចិត្តក្នុងការសម្រេចចិត្តរបស់ម៉ែ!”
សុធីផ្អាកសកម្មភាពបន្តិច ហើយសួរបន្ត “ តែការសម្រេចចិត្តរបស់ម្តាយប្អូន មិនសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ!”
“ទោះបីជាយ៉ាងណាក៏ខ្ញុំនៅតែធ្វើតាមគាត់ដែរ ព្រោះមិនចង់មានឈ្មោះថាកូនរមិលគុណ ហើយខ្លាចព្រលឹងពុកដែលបានស្លាប់ទៅនៅតែលតោលមិនបានចាប់ជាតិ បើខ្ញុំមិនបានធ្វើតាមបំណងរបស់គាត់!”
“ឯងមិនបាច់សងគុណដោយយកខ្លួនប្រាណទៅដោះដូរបែបហ្នឹងក៏បានដែរ! គ្រាន់តែឯងមើលថែគាត់ឱ្យបានល្អដិតដល់នោះគេហៅថាការសងគុណទៅហើយ!”
“ការមើលថែគាត់ដោយគ្មានលុយកាក់ដើម្បីទិញរបស់របរឱ្យគាត់ហូបចុះគ្រប់គ្រាន់ដូចខ្ញុំសព្វថ្ងៃនេះ ក៏មិនបានជួយឱ្យម៉ែមានក្តីសុខឡើយ!”
“តែនេះឯងទើបតែ១៧ឆ្នាំ ហើយនៅរៀនទៀត! ហ៊ឺយ…”នាងដកដង្ហើមធំយ៉ាងមាំ “ឯងមិនស្តាយការសិក្សាទេអី! នៅសល់តែ២ឆ្នាំទៀត ឯងរៀនចប់ហើយ!” នាងនិយាយបន្ត។
និយាយដល់ការរៀនភ្លាម ទឹកភ្នែករបស់គន្ធាកាន់តែហូរចុះមកដូចជាទឹកបាក់ទំនប់អ៊ីចឹង។ នាងឈរឱ្យសុធីស្លៀកពាក់ឱ្យស្ទើរតែមិនចង់ជាប់។ នាងមិននឹកស្មានថា អ្វីៗលឿនដល់ថ្នាក់ហ្នឹងសោះ។ វាលឿនរហូតនាងមិនទាន់អាចបញ្ជាទឹកភ្នែកមួយនេះកុំឱ្យរមៀលស្រក់ចុះបាន។ នៅសុខៗបែរជាត្រូវភ្ជាប់ពាក្យជាមួយនរណាក៏នាងមិនដែលដឹងផង តើឱ្យនាងប្រើជីវិតគូជាមួយគេម្នាក់នោះបានដោយរបៀបណា?
“អញ្ជើញអ្នកដន្លងឡើងមកលើមក!” សំឡេងមីងលីបន្លឺឡើងយ៉ាងផ្អែម។
គន្ធាមិនអាចមើលឃើញមុខគូដណ្តឹង និងម្តាយក្មេកបានទេ ព្រោះសុធីបានយកវាំងននបាំងបិទជិត ដោយចាំពេលលោកមហាហៅទើបនាងនាំកូនក្រមុំចេញ។
មិនយូរប៉ុន្មាន ពេលាល្អក៏បានមកដល់។ ពេលដែលគន្ធាបើកវាំងននចេញមកភ្លាម ភ្នែករបស់នាងរេសម្លឹងមើលទៅភ្ញៀវដែលបានមកចូលរួមទាំងមុខស្ងួតចែស។ នាងព្យាយាមញញឹមយ៉ាងណាក៏មិនសូវជាសមប៉ុន្មានដែរ ព្រោះភាពសោកសៅបានគ្របសង្កត់សភាពផ្លូវចិត្តរបស់នាងអស់ទៅហើយ។ ពេលនេះ នាងមិនខុសអ្វីពីបុប្ផាខំប្រឹងរីកទាំងដែលគ្មានទឹកជាយូរថ្ងៃនោះទេ។
ក្រសែភ្នែករបស់នាងរំលងផុតពីភ្ញៀវមួយចំនួន ក៏ដល់វត្តមានបុរសដែលជាអនាគតគូដណ្តឹងរបស់នាងនាពេលបន្តិចទៀតនេះ។ នាងបានចាំរូបរាងបុរសម្នាក់នេះបានយ៉ាងច្បាស់ថា គេបានមកផ្ទះរបស់នាងកាលពីមួយសប្តាហ៍មុន។ ឬមួយក៏ពេលនោះគេមកចូលស្តីដណ្តឹងខ្ញុំ? តែម៉ែហាក់ដូចជាធ្វើជាមិនដឹងអីទាល់តែសោះ។
សុធីបាននាំកូនក្រមុំតែកាយម្នាក់នេះចូលទៅក្រាបសំពះផ្ទឹមជាមួយនឹងកូនកំលោះ។ ពេលដាក់គូទអង្គុយរួចហើយ គន្ធាមិនបានងាកមើលទៅណាទាំងអស់ ព្រោះនាងនៅភ័យជាខ្លាំង ណាមួយពិធីមួយនេះវារហ័សពេក ទោះបីជានាងយល់ព្រមធ្វើជាកូនក្រមុំតែសម្បកកាយនេះក៏ដោយ។ ចំណែកឯវុត្ថាដែលជាកូនកំលោះវិញ គេសម្លឹងមើលទៅប្រពន្ធរបស់គេ ដោយញញឹមញញែមបិទមាត់មិនជិត។ គាត់ស្រមៃដល់កាលដែលគាត់ បានចួបនាងជាលើកដំបូងពេលដែលនាងជិះកង់មកពីសាលា។ ពេលនោះហើយ ដែលគេអត់ទ្រាំនឹងឈប់ស្រឡាញ់នាងមិនបាន រហូតដល់ទៅបង្ខំម៉ាក់របស់គេឱ្យចូលមកស្តីដណ្តឹងឱ្យខានតែបាន ព្រោះបើទុកយូរអាចនឹងមានកន្លង់ផ្សេងចូលមកចែចង់ជាមិនខាន។
ពិធីចាប់ផ្តើម។ ពេលដែលគន្ធានិងវុត្ថាអង្គុយសំពះផ្ទឹមបែបហ្នឹងទៅ គឺពិតជាសមគ្នាម្យ៉ាងដែរទេតើ ទោះបីជាខាងកូនកំលោះមានអាយុច្រើនជាងនាង៤ឆ្នាំក៏ដោយ។
“ អ៊ីចឹងសម្រេចថា អ្នកទាំងពីរនឹងចាប់ដៃគ្នាធ្វើជាប្តីប្រពន្ធរហូតទៅ…!”
គ្រាន់តែបានឮប្រសាសន៍របស់លោកមហាភ្លាម គន្ធាធ្លាក់ថ្លើមក្ឌុក ទឹកភ្នែករបស់នាងហូរកាត់នៅលើថ្ពាល់ដែលមានជាប់ក្រែមម្សៅ។ នាងមិននឹកស្មានថា ពិធីមួយនេះជាពិធីសែនសម្រេចទាល់តែសោះ។ ទឹកភ្នែកដែលកំពុងតែហូរនេះជាភស្តុតាងបញ្ជាក់ពីសភាពផ្លូវចិត្តរបស់នាងដែលត្រូវធ្វើតាមម្តាយទាំងដែលខ្លួនមិនចង់។ ដោយការអត់ទ្រាំនឹងភាពឈឺចាប់ខ្លាំងពេក បុប្ផាក្រពុំក្រោមផ្ទាំងថ្មរូបនេះក៏ស្ទុះងើបចេញរត់ចុះទៅខាងក្រោមទាំងដែលកំពុងក្រាបផ្ទឹម។
វត្តមានភ្ញៀវទាំងអស់ដែលកំពុងតែអង្គុយ ស្រឡាំងកាំង ភ្នែកសស្គុសគ្រប់គ្នា។ ឃើញបែបនេះសុធីក៏បានងើបគូទយ៉ាងរហ័ស ចុះទៅតាមប្អូនស្រី។ ពេលទៅដល់ នាងឃើញគន្ធាកំពុងតែអង្គុយយំតែម្នាក់ឯងក្បែរគុម្ពចេក ក្នុងឈុតហូលផាមួងដែលទើបតែទិញថ្មី។ នាងដើរចូលទៅជិត តែគ្រាប់ភ្នែករបស់នាងក៏ចាប់ផ្តើមក្រហមចង់រកយំតាមប្អូនស្រីដែរ។ តាំងពីតូចមកដល់ពេលឥឡូវនេះ សុធីមិនដែលចាត់ទុកគន្ធាត្រឹមតែជាប្អូនជីដូនមួយនោះទេ គឺនាងចាត់ទុកនារីម្នាក់នេះដូចជាប្អូនបង្កើតអ៊ីចឹង។
“ឯងឈប់យំទៅ! រឿងវាដល់ដំណាក់កាលបែបនេះទៅហើយ! សូម្បីតែបងក៏ស្រឡាំងកាំងដែរ!”
គន្ធាងាកមកឱបបងស្រី ទាំងដែលថ្ពាល់របស់នាងសុទ្ធតែទឹកភ្នែកស្ទើរតែគ្មានចន្លោះ។ នាងស្រែកយំយ៉ាងឮៗលែងខ្មាសអ្នកភូមិផងរបងអ្វីទៀតឡើយ។ នាងយំរហូតដល់ស្មារបស់សុធីពោរពេញទៅដោយទឹកភ្នែក ក៏នាងនៅតែមិនព្រមឈប់យំទៀត។ តែសំឡេងមួយ អាចធ្វើឱ្យនាងងើបចេញពីស្មារបស់បងស្រីបាន។
“ឱ្យម៉ែសុំទោសផង! ម៉ែគ្មានចេតនាទេ!” មីងលីនិយាយទាំងទឹកភ្នែក។
បុប្ផាក្រពុំក្នុងភ្នក់ភ្លើងពេលនេះមិនត្រឹមតែមិនចង់ឃើញមុខម្តាយរបស់នាងប៉ុណ្ណោះទេ គឺនាងថែមទាំងមិនចង់ឮសំឡេងថែមទៀតផង។ នាងងាកមុខចេញ ធ្វើជាមិនបានដឹងឮចំពោះសំឡេងរបស់ម្តាយនាង តែនៅក្នុងចិត្តរបស់នាងវិញគឺកំពុងតែអួលណែនស្ទើរក្ស័យទៅហើយ។
“បើម៉ែមិនព្រមធ្វើបែបនេះទេ ម៉ែគ្មានលុយសម្រាប់យកទៅសងគេ ថ្លៃមើលជំងឹពុកឯងកាលគាត់នៅរស់ឡើយ!”
ប្រយោគនេះបានច្រានអារម្មណ៍របស់យុវតីឱ្យងាកមើលមកមុខម្តាយទាំងភ្ញាក់ផ្អើល។
“អម្បាញ់មិញម៉ែមានប្រសាសន៍ថាម៉េច?” ទឹកភ្នែកនាងក៏រមៀលស្រក់ចុះនៅលើដានចាស់ ទាំងដែលវាមិនទាន់ជាស្ងួតអស់នៅឡើយ។
“កូនស្តាប់មិនច្រលំទេ!”
នាងព្រិចភ្នែកបន្តិច ធ្វើឱ្យទឹកភ្នែកដែលនៅដក់នៅលើត្របកភ្នែករមៀលធ្លាក់ចុះមកស្ទើរតែអស់។ នេះបញ្ជាក់ប្រាប់ថា នាងមិនបានជឿទៅលើសម្តីរបស់ម្តាយនាងនោះទេ ព្រោះរយៈពេល៥ឆ្នាំមកនេះ នាងមិនបានទទួលបានដំណឹងអ្វីពីការចំណាយថ្លៃព្យាបាលរបស់ពុកនាងឡើយ។ ហើយនាងក៏បានដឹងដែរថា ពុករបស់នាងស្លាប់ដោយសារតែធ្លាក់ពីលើចុងត្នោត មិនមែនជាជំងឺទេ។
នាងជូតស្នាមទឹកភ្នែកដែលនៅសល់ រួចនិយាយ “ម៉ែមិនចាំបាច់រកលេសកុហកខ្ញុំទៀតទេ! ខ្ញុំធំហើយមិនមែនកូនក្មេងនោះទេ!”ផ្អាកបន្តិចទើបនាងនិយាយបន្ត “ ត្រឹមតែភ្ជាប់ពាក្យ ខ្ញុំ…អាចធ្វើបានដើម្បីម៉ែ តែនេះម៉ែបែរជាមិនឱ្យតម្លៃកូនស្រីតែម្នាក់របស់ម៉ែ…ហើយថែមទាំងធ្វើបែបនេះដោយមិនបានសួរចិត្តខ្ញុំទៀត!”
“ម៉ែធ្វើបែបនេះក៏ព្រោះតែចង់រក្សាដីភូមិរបស់យើង! ម្យ៉ាងទៀត ម៉ែចង់ឱ្យកូនល្អបានប្តីអ្នកមាន បានស្រណុកសុខកាយសប្បាយចិត្ត មិនពិបាកដូចសព្វថ្ងៃនេះទៀត!” គាត់យកកន្សែងដែលនៅបង់កមកជូតទឹកភ្នែក រួចនិយាយបន្ត “ម៉ែឃើញកូនមុននឹងទៅរៀនរត់ទៅស៊ីស្នួលដកសំណាបឱ្យគេ មកវិញថ្ងៃត្រង់រត់ទៅលាងចានក្នុងហាងបាយទៀត…ក្នុងនាមជាម្តាយម្នាក់ ម៉ែមិនអាចទ្រាំមើលកូនលំបាកបានទេ!” គាត់លូកយកក្រដាសមួយមកលាតបង្ហាញកូន “នេះជាភស្តុតាង! បើកូនមិនជឿម៉ែទេ! កូនអាចមើលក្រដាសនេះបាន!”
គន្ធាទទួលក្រដាសពីម្តាយទាំងរលីងរលោង។ ពេលដែលស្រីស្រស់បើកពិនិត្យរួចហើយ ទឹកភ្នែករបស់នាងក៏កាន់តែហូរជាងមុនទៅទៀត។ ក្រដាសកិច្ចសន្យាខ្ចីលុយពីធនាគារ ដែលទើបតែដាក់ខ្ចីមិនទាន់បានកន្លះឆ្នាំផង ហើយចំនួនក៏ច្រើនទៀត។ នេះជាមូលហេតុដែល ម្តាយរបស់នាងស៊ីឈ្នួលធ្វើការឱ្យគេមិនលោះថ្ងៃ ការពិតយកមកបង់ធនាគារនេះសោះ។ នាងហុចក្រដាសនេះឱ្យទៅម្តាយវិញ ទាំងដែលនៅលើក្រដាសមានបោះត្រាស្នាមទឹកភ្នែករបស់នាងមិនទាន់ស្ងួតនៅឡើយ។ កូនក្រមុំស្ទើរអាយុរួបនេះប្រញាប់ស្រវាយកកន្សែងពីដៃម្តាយមកជូតទឹកភ្នែក រួចញញឹមទាំងមិនសម។
“តោះៗម៉ែ! ភ្ញៀវរង់ចាំយូរហើយ!” និយាយរួចនាងក៏បានដឹកដៃម្តាយដើរឡើងទៅលើផ្ទះវិញ។
សុធីឈរមើលសកម្មភាពរបស់ប្អូនស្រីទាំងឆ្ងល់ តែនាងដឹងយ៉ាងប្រាកដថា អ្វីគ្រប់យ៉ាងដែលប្អូនរបស់នាងធ្វើគឺដើម្បីតែម្តាយរបស់គេតែប៉ុណ្ណោះ។
ពិធីសែនព្រេនលាយទឹកភ្នែកជាច្រើនតំណក់នេះក៏បានបញ្ចប់។ ពេលនេះនៅសល់ត្រឹមតែសមាជិកខាងប្រុសនិងខាងស្រីតែប៉ុណ្ណោះ។
“ ខ្ញុំគិតថា…អើនែក…!”
“មានការណ៍អ្វីមែនទេ អ្នកដន្លង?” មីងលីបន្លឺឡើងទៅអ្នកស្រីភួងចិន្តា ព្រោះគាត់បានដឹងថាដន្លងរបស់គាត់កំពុងតែមានរឿងដែលចង់និយាយ។
អ្នកស្រីភួងចិន្តាញញឹមចុងមាត់បន្តិច ទើបគាត់និយាយ “ បើអ៊ីចឹង…អើនែក…ខ្ញុំសុំកូនគន្ធាទៅនៅផ្ទះខាងខ្ញុំហើយណា! អូ! មិនមែនទេគឺទៅនៅផ្ទះជាមួយកូនវុត្ថា!”
មីងលីឱនមុខចុះ ព្រោះគាត់គិតថា គាត់មានកូនស្រីតែម្នាក់ បើឱ្យទៅនៅផ្ទះខាងប្រុសទៀត តើគាត់នឹងរស់នៅជាមួយនរណា? ហើយគាត់ពិតជាបារម្ភពីសុវត្ថិភាពកូនគាត់ណាស់។ នាងនៅក្មេង ដ្បិតតែការងារផ្ទះនាងចំណាប់ក៏ពិតមែន តែចំណាប់បានតែម្ហូបស្រែៗតែប៉ុណ្ណោះ។ ចុះបើថ្ងៃណាមួយ កូនធ្វើម្ហូបមិនត្រូវចិត្តពួកគេវិញ តើគេធ្វើបាបនាងដែរឬទេ? កាន់តែគិត មីងលីកាន់តែដឹងពីទុក្ខលំបាករបស់កូនស្រី ត្រូវទៅរស់នៅផ្ទះខាងប្តី។
“សុំទោសផងអ្នកដន្លង! ខ្ញុំមិនអាចឱ្យកូនខ្ញុំទៅនៅខាងហ្នឹងបានទេ!” គាត់និយាយទាំងសំពះ។
“ថីថាមិនបាន? បើវុត្ថាកូនខ្ញុំជាប្តីកូនរបស់អ្នក ហើយប្រពន្ធត្រូវទៅបម្រើប្តីអ៊ីចឹងហើយ!” លោកវិចិត្រត្រូវជាប៉ារបស់វុត្ថានិយាយយ៉ាងសោះកក្រោះ។
មីងលីងាកមើលទៅមុខកូនស្រីទាំងស្ងួតចែស រួចក៏ងាកមកវិញ “ចាំខ្ញុំសួរចិត្តកូនសិន?” គាត់ងាកមើលទៅមុខគន្ធាម្តងទៀត។
“ កុំទៅគិតច្រើនអីអ្នកដន្លងអើយ! វុត្ថាកូនខ្ញុំគេមិនធ្វើអីកូនស្រីអ្នកទេ! គេសុំខ្ញុំរួចរាល់ហើយ ថាគេនឹងនាំប្រពន្ធទៅនៅផ្ទះវីឡាដែលគេទើបតែទិញថ្មី! ដូច្នេះអ្នកកុំបារម្ភអី!” អ្នកស្រីចិន្តានិយាយយ៉ាងផ្អែម។
ដោយមិនអាចប្រកែកជាមួយការស្នើសុំរបស់អ្នកដន្លងបាន មីងលីក៏សម្រចចិត្តឱ្យកូនទៅរស់នៅខាងគេទាំងដែលមិនសូវជាស្រណុកចិត្ត។ តែគាត់មិនអាចប្រកែកអ្វីបាន ព្រោះពួកគេជាប្តីប្រពន្ធទៅហើយ ម្យ៉ាងទៀតកូនស្រីរបស់គាត់ក៏បានងក់ក្បាលយល់ព្រមផងដែរ។
រាត្រីដំបូង…
នៅកណ្តាលទីក្រុងភ្នំពេញ មានផ្ទះវីឡាទោលមួយដែលធ្វើដាច់ដោយឡែកពីគេ។ នៅទីធ្លាជុំវិញវីឡានេះ គ្របដណ្តប់ទៅដោយដើមឈើតូចធំ អមទៅដោយផ្កាជាច្រើនប្រភេទ ដែលវុត្ថាបានជួលគេមកដាំឱ្យ។ ចំណែកឯខាងក្នុងវិញ គឺមានសាឡុងពូក នឹងរបស់របរប្រើប្រាស់ជាច្រើនទៀតសុទ្ធតែទំនើបៗ។ វុត្ថានិងគន្ធាបានមកដល់ទីនេះតាំងពីម៉ោង៥ល្ងាច។
ពេលមកដល់ភ្លាម នារីក្រមុំដែលទើបតែសែនព្រេនហើយថ្មីៗមិនហ៊ានដើរចូលទៅខាងក្នុងទេ ព្រោះនាងដូចជាមិនសូវទម្លាប់ក្នុងការរស់នៅកន្លែងទំនើបបែបហ្នឹងសោះ ជាពិសេសត្រូវរស់នៅជាមួយមនុស្សស្រីតែពីរនាក់ទៀត។ វុត្ថាបានចាប់ដៃនាងឱ្យចូលខាងទៅក្នុង ហើយប្រាប់ឱ្យនាងរស់នៅធ្វើខ្លួនដូចជាធម្មតា ចាត់ទុកទីនេះជាផ្ទះរបស់នាង។
មិនយូរប៉ុន្មាន ពេលរាត្រីក៏បានមកដល់។ វុត្ថាមុជទឹករួចជាស្រេច រួចដើរចូលមកឱបប្រពន្ធទាំងទឹកមុខញញឹមខ្ជិប។ តែបុប្ផាដែលឋិតនៅក្នុងដៃប្រុសព្រានបានគ្រវាសដៃវុត្ថាចេញ ព្រោះនាងនៅអៀនៗនៅឡើយ។ នាងមិនដែលធ្លាប់មានបុរសណាចូលមកឱបនាងយ៉ាងនេះទេ។ នាងកាន់តែដើរចេញ ប្តីរបស់នាងកាន់តែដើរតាម ហើយចាប់ឱបនាងពេញមួយទំហឹង។ ដោយមិនអាចគេចចេញេពីក្រញំាដៃរបស់បុរសដែលមានងារជាប្តីបាន នាងមានតែប្រើល្បិចសុំទៅមុជទឹកសិន។ វុត្ថាយល់ព្រមតាមការស្នើសុំរបស់ប្រពន្ធ ដោយគាត់គិតថា ទោះបីជានាងព្យាយាមប្រើល្បិចគេចពីគាត់យ៉ាងណាក៏មិនបានដែរ ព្រោះពេលនេះ នាងប្រៀបបីដូចជាកូនមាន់ឋិតនៅក្នុងក្រញ៉ាំសត្វឥន្ទ្រីអ៊ីចឹង។
គន្ធាព្យាយាមសំងំនៅក្នុងបន្ទប់ទឹក ក្រែងតណ្ហាក្នុងខ្លួនបុរសម្នាក់នេះបានបាត់រលត់ខ្លះ តែអ្វីដែលនាងគិតបែរជាផ្ទុយស្រលះ ព្រោះពេលដែលនាងចេញមកវិញ វុត្ថាបានដេកចាំនាងរួចទៅហើយ។ ជំហានដែលនាងដើរចេញពីបន្ទប់ទឹក ប្រៀបដូចជាសត្វកុកដើរតិចៗរង់ចាំចាប់ត្រី ទាំងដែលនាងមានទឹកមុខភ័យជាខ្លាំង។
“ នាងចង់គេចទៅណា?”
ស្រស់ស្រីងាកមើលទៅម្ចាស់សំឡេង រួចញញឹមចុងមាត់ តែនាងមិនបានតបសម្តីជាមួយគេឡើយ។ នាងបន្តដើរទៅកន្លែងដាក់សម្លៀកបំពាក់ តែដៃដ៏ធំៗមាំបានឱបនាងពីក្រោយជាប់ទៅហើយ។ នារីក្រមុំភ្ញាក់ព្រើត ដូចគេយកទឹកមួយធុងមកជះកណ្តាលមុខ។
“លោកចង់ធ្វើអី?” និយាយផងនាងចាប់បេះដៃវុត្ថាចេញផង។
បុរសដែលកំពុងរោលរាលដោយកាមតណ្ហា បានស្ទុះថើបគល់កពីក្រោយប្រពន្ធយ៉ាងញីញក់ទៅតាមអារម្មណ៍ដែលកំពុងតែកើតឡើង។ ដកច្រមុះចេញពីគល់កដ៏សខ្ចីល្វក់បន្តិច គាត់ក៏និយាយ “ បងចង់ធ្វើអ្វីដែលប្តីប្រពន្ធទូទៅគេធ្វើហ្នឹងហើយ!” និយាយរួចគាត់ក៏ចាប់ថើបនាងបន្ត។
គន្ធាព្យាយាមគេច តែមិនបាន មានតែប្រើល្បិចទី២ប៉ុណ្ណោះ។ “ តែខ្ញុំនៅមិនទាន់ព្រមនៅឡើយទេ! ខ្ញុំ…ដូចជាអស់កម្លាំងណាស់!”
“ តែខ្ញុំមាន…ហើយមានពេញទៀតផង!”
“កុំអី! បើលោកចាត់ទុកខ្ញុំជាប្រពន្ធពិតមែន លោកគួរតែទុកពេលឱ្យខ្ញុំបន្តិចទៀតទៅ!”
វុត្ថាទាញស្មានាងឱ្យបែរមុខទល់គាត់ រួចនិយាយទាំងកំហឹង “ ខ្ញុំឱ្យលុយម៉ែនាងទាំងដុំៗ យកនាងមកធ្វើជាប្រពន្ធ មិនមែនយកនាងមកធ្វើជាព្រះនាងនោះទេ!” គាត់អង្រួនស្មាប្រពន្ធពេញមួយទំហឹង។ បន្ទាប់មក គាត់ចាប់បីនាងបោះទៅលើពូក រួចក៏ចាប់ថើបស្លីញីញក់។
ពេលស្តាប់សម្តីរបស់បុរសដែលមានងារជាប្តីរួច នាងមិននិយាយអ្វីទាំងអស់ ទុកឱ្យព្រហ្មលិខិតដ៏កំណាចមួយនេះធ្វើបាបនាងបន្តទៀតចុះ។ នាងព្រមប្រគល់ព្រហ្មចារីឱ្យទៅប្តីតែឈ្មោះ តែចិត្តនឹងបេះដូងនាងមិនបានមិនបានប្រគល់នោះទេ។ ទឹកភ្នែកនារីស្រក់ចុះកាត់តាមចង្អូរកន្ទុយភ្នែក ស្របពេលដែលកន្លង់កំណាចកំពុងតែក្រេបជញ្ជក់លម្អងយ៉ាងកំរោល។
តួនាទីជាប្រពន្ធក៏ដូចជាតួនាទីដើម្បីម្តាយក៏បានបញ្ចប់។ គន្ធាគេងបែរខ្នងចេញពីប្តីដោយដណ្តប់ភួយទាំងទឹកភ្នែកនៅហូរនៅឡើយ។
វុត្ថាស្ទុះងើបចេញ ទាំងដែលខ្លួនគាត់លែងទទេ ស្លៀកតែខោខ្លីតែប៉ុណ្ណោះ។ គាត់បាននិយាយមកកាន់ប្រពន្ធថា “ខំតែយកលុយទៅជះទាំងដុំៗ ស្មានថាអ្នកស្រែនៅមានព្រហ្មចារី ការពិតអស់ដូចជាអ្នកក្រុងដែរសោះ!” និយាយរួចគាត់ក៏ដើរចេញទៅមុជទឹក។
គន្ធាស្តាប់ឮនឹកហួសចិត្តជាពន់ពេក មិនគួរណាបុរសដែលនាងផ្ញើរវាសនាជាមួយគិតតែពីរឿងព្រហ្មចារីបែបហ្នឹងសោះ។ នេះឬមនុស្សដែលនាងត្រូវរស់នៅជាមួយពេញមួយជីវិត។ គ្រាន់តែនៅត្រឹមតែមួយយប់សោះ នាងត្រូវទទួលរងនូវពាក្យមិនគួរឮប៉ុណ្ណឹងហើយ ចុះទម្រាំតែថ្ងៃបន្ទាប់ទៀត តើនាងនឹងអាចទ្រាំបានដែរឬទេ?
មួយខែកន្លងផុតទៅ…
រយៈពេលដែលបុប្ផាចាកទងត្រូវផ្លាស់ប្តូរមករស់កន្លែងថ្មីនេះ នាងមិនដែលស្គាល់ពាក្យថាក្តីសុខ ហើយទទួលបានក្តីស្រឡាញ់ចេញពីបុរសដែលជាប្តីរបស់នាងម្តងណាទេ។ នាងឮតែពាក្យតិះដៀលគ្រប់សព្វ ទាំងពីការធ្វើម្ហូបមិនត្រូវចិត្ត …ជាពិសេសនោះគឺគេតែងតែនិយាយពាក្យថា “ស្តាយលុយ ស្មានតែនៅព្រហ្មចារី!” ដដែលៗស្ទើរតែគ្មានលោះថ្ងៃ។ ជីវិតនាងពេលនេះ មិនខុសពីទាសករផ្លូវភេទនោះទេ។ ឯណាក្តីសុខដែលម្តាយរបស់នាងបាននិយាយប្រាប់? ជីវិតពិតវាមិនដូចរឿងកុនឬរឿងប្រលោមលោកឡើយ។ ការរំពឹងលើប្តីអ្នកមាន មិនខុសពីរំពឹងទឹកភ្លៀងនៅខែប្រាំងនោះទេ។ ជាពិសេសស្រ្តីដែលមានរូបរាង តែគ្មានចំណេះដឹងការងារដូចជារូបនាងពិតណាស់ត្រូវប្រឈមជាមួយពាក្យតិះដៀលថារស់រំពឹងតែកម្លាំងគេ។
យប់មូយ…
ទ្រឺន! ង៉ឺត!
សំឡេងឡានរបស់វុត្ថាត្រឡប់មកពីធ្វើការវិញទាំងយប់អាធ្រាត្រ។ គន្ធាប្រញាប់រត់ទៅបើកទ្វារទទួលប្តីយ៉ាងលឿន ព្រោះមិនចង់ឱ្យប្តីរង្គាសចិត្ត។ ពេលបើកទ្វារឱ្យប្តីរួចហើយ នាងបានឃើញសភាពប្តីដែលស្រវឹងស្រាជោកខ្លួនដើរមិនចង់រួច។ នាងឆាប់គ្រាហ៍ប្តីឱ្យអង្គុយនៅលើសាឡុង រួចដោះអាវដើម្បីជូតខ្លួនឱ្យស្វាងស្រវឹងខ្លះ។ ពេលដែលដោះអាវចេញអស់ នាងបានឃើញគល់ករបស់គេមានស្នាមជាប់ដោយសារធ្មេញ។ នាងមិនបានចាប់អារម្មណ៍នោះទេ។ នាងយកអាវទៅទុកនៅក្នុងធុងដាក់ខោអាវដែលត្រូវបោក តែមិនទាន់បានទាំងដាក់ផង ស្រាប់តែនាងបានឃើញកញ្ចប់ស្រោមអនាម័យដែលបានហែកប្រើរួចហើយជ្រុះចុះ។ ម្តងនេះនាងប្រាកដចិត្តណាស់ ព្រោះភស្តុតាងឃើញជាក់ស្តែងបែបនេះទៅហើយ។ ក្នុងនាមជាភរិយានៅពេលដែលឃើញប្តីរបស់ខ្លួនប្រព្រឹត្តអំពើបែបនេះ គឺកាន់តែឈឺចិត្តស្អឹតទ្រូងយំក្នុងចិត្តនិយាយហាស្តីមិនចេញ។ នាងគិតថា និយាយជាមួយមនុស្សស្រវឹងមិនខុសពីនិយាយជាមួយរូបចម្លាក់ដែលគ្មានវិញ្ញាណនោះទេ។ បន្ទាប់ពីសម្រួលអារម្មណ៍បានគ្រាន់បើបន្តិច នាងក៏បន្តបំពេញតួនាទីជាប្រពន្ធ ដោយយកកន្សែងនិងទឹកមកជូតខ្លួនវុត្ថាទាំងភ្នែកក្រហមចង់រកយំ។
ពីរខែកន្លងផុតទៅ…
ការរស់នៅជាមួយនឹងមនុស្សដែលគិតតែពីតណ្ហា បានធ្វើឱ្យជីវិតរបស់គន្ធារស់ដូចជាស្លាប់ ឈឺចាប់មិនអាចពណ៌នាបាន។ រយៈពេល២ខែមកនេះ គ្មានថ្ងៃណាដែលនាងមិនទទួលនូវពាក្យតិះដៀលនោះឡើយ។
ស្របជាមួយភាពលំបាកវេទនាទាំងផ្លូវកាយនិងផ្លូវចិត្តនេះ ក៏កើតមានភាពល្អប្រសើរចំពោះគន្ធាផងដែរ។ នាងបានពិនិត្យឃើញថាមានផ្ទៃពោះ បន្ទាប់ពីនាងបានបាត់រដូវ។ នារីវ័យក្មេងបានយករឿងនេះទៅប្រាប់វុត្ថា តែការឆ្លើយតបរបស់គេគឺមិនដឹងថាកូនក្នុងផ្ទៃជាកូននរណាផង ដោយគេលើកហេតុផលថា នាងបានអស់ព្រហ្មចារីមុនពេលបានមករស់នៅជាមួយគាត់។ ដោយអស់ទ្រាំនឹងភាពមើលងាយមិនបាន មាណវីបានគិតថា នៅថ្ងៃអាទិត្យនេះ នាងនឹងនិយាយរឿងមួយនេះជាមួយប្តីរបស់នាងឱ្យបានដាច់ស្រេច។
វុត្ថាអង្គុយនៅលើសាឡុងគងអន្ទាក់ខ្លា ដោយដៃម្ខាងកាន់កែវកាហ្វេ ដៃម្ខាងទៀតកាន់ទូរសព្ទ ប្រកបដោយទឹកមុខរីករាយ។ ឃើញថាទឹកមុខប្តីប្រសើរបន្តិចហើយ អ្នកម្តាយវ័យក្មេងក៏ដើរទៅជិត ទាំងអារម្មណ៍មិនសូវប្រាកដ។
“ បង!” នាងហៅប្តីទាំងដែលគាត់កំពុងតែមានវត្តមាននៅចំពោះមុខនាង។
វុត្ថាងាកមើលបន្តិច រួចក៏បែរទៅសម្លឹងអេក្រង់ទូរសព្ទវិញ ដោយមិនខ្ចីនិយាយរកប្រពន្ធសូម្បីតែមួយម៉ាត់។
គន្ធាទៅអង្គុយលើសាឡុងក្បែរនោះដែរ រួចនាងក៏និយាយបន្ត “ ខ្ញុំមានរឿងចង់និយាយជាមួយបងបន្តិច!”
“ មានអីក៏និយាយមក!” គាត់និយាយចុងមាត់។
ឮប្តីឆ្លើយតបបែបនេះ ក្នុងចិត្តរបស់នាងហាក់បីដូចជារីករាយជាងមុន។ នាងរំកិលទៅជិតបន្តិច រួចនិយាយ “តាមពិត ខ្ញុំ…ខ្ញុំមិនធ្លាប់មានអីៗជាមួយនរណាពីមុនមកទេ គឺបងជាមនុស្សដំបូងហ្នឹងហើយ!”
“ ឱ! នាងចង់គិតថា ខ្ញុំភ្លើ…ឆ្កួតមិនដឹងថា នាងនៅព្រហ្មចារីមែនទេ!” គាត់ស្ទុះក្រោកឈរ ទាំងដែលដៃនៅកាន់កែវកាហ្វេនៅឡើយ។
គន្ធាស្ទុះក្រោកយ៉ាងលឿន ព្រោះនាងគិតថាប្តីរបស់នាងច្បាស់ជាខឹងទៀតមិនខាន។ “មិ…មិនមែនបែបហ្នឹងទេ! គឺ…!” នាងនិយាយរដាក់រដុប។
“គឺស្អី! ឆាប់និយាយមក! ខ្ញុំមិនមានពេលច្រើនសម្រាប់មនុស្សដូចជានាងទេ!”
“គឺ…ប្រហែលជាខ្ញុំធ្វើការធ្ងន់ទើបបានជាជ្រុះព្រហ្មចារីបែបនេះ!” នាងនិយាយទាំងខ្លាចញញើត។
វុត្ថាទះដៃ រួចដើរជុំវិញភរិយាមួយជុំ រួចនិយាយបន្ត “ នាងទៅនិយាយប្រាប់ក្មេងដែលទើបនឹងកើត ទើបបានវាជឿ! មិនដែលគ្រាន់តែធ្វើការធ្ងន់សោះ ក៏ជ្រុះបាត់ព្រហ្មចារីនោះទេ! បានហើយឈប់បោកខ្ញុំទៅ! ខ្ញុំជ្រេញណាស់!” ផ្អាកនិយាយបន្តិច គាត់ក៏ដើរទៅបើកទូរដែក រួចយកលុយមួយចំនួនមកបោះនៅលើសាឡុង។ “ យកលុយនេះទៅយកកូននេះចេញទៅ! ខ្ញុំមិនចង់ចិញ្ចឹមក្មេងដែលមិនមែនជាឈាមជ័ររបស់ខ្ញុំនោះទេ!”
គន្ធាសម្លឹងមើលទៅលុយដ៏ច្រើនសម្បើមដែលនៅលើសាឡុង រួចរេភ្នែកមកមើលមុខប៉ាដែលចិត្តអាក្រក់មួយនេះទាំងភ្នែកក្រហមចង់រកយំ។ នាងតបសម្តីទាំងអួលដើមក ទាំងដែលមិនធ្លាប់សោះឡើយ “ បងយកលុយនេះវិញចុះ! ខ្ញុំមិនអាចសម្លាប់កូនបានឡើយ!”
“អីយ៉ា!ឥឡូវនាងហ៊ានតបតសម្តីជាមួយយើងផងហី! កុំគិតថាការដែលនាងមានកូនអាចចងចិត្តយើងបានឱ្យសោះ!នាងយល់ខុសហើយ!” គាត់ស្រវាយកលុយពីសាឡុង មកគប់កណ្តាលមុខភរិយាដ៏កម្សត់ រួចនិយាយទាំងកំហឹង “នាងប្រញាប់ធ្វើតាមបញ្ជារបស់ខ្ញុំឱ្យឆាប់! បើពុំដូច្នោះទេ ខ្ញុំនឹងដេញនាងឱ្យទៅនៅជាមួយភក់ជ្រាំតាមទម្លាប់ចាស់របស់នាងវិញមិនខាន!” និយាយរួចគាត់ក៏ស្រវាកូនសោដើរចេញទៅក្រៅបាត់ទៅ។
នារីដែលកំពុងតែពពោះជាលើកដំបូងឈរសម្រក់ទឹកភ្នែករហាម ជើងទាំងគូរទ្រលែងជាប់ក៏ភ្លាត់ដាក់គូទអង្គុយចុះនៅលើឥដ្ឋ។ ពេលនេះនាងបានយកបន្ទប់ដែលពោរពេញទៅដោយសម្ភារៈទំនើបៗធ្វើជាឋាននរកអវចី យកទឹកភ្នែកជំនួសក្តីឈឺចាប់ដែលមិនអាចបរិយាយបាន។ នាងយកខ្នងដៃជូតទឹកភ្នែកបន្តិច រួចក្រោកឈរតម្រង់ទៅកាន់ទូរសព្ទដើម្បីខលទៅបងស្រីជីដូនមួយរបស់នាង។ ក្រៅពីសុធី នាងមិនអាចពិភាក្សាជាមួយនរណាបានឡើយ។
ដូចចិត្តមែន សុធីបានទទួលទូរសព្ទយ៉ាងរហ័ស។ តែនាងប្រាប់សុធីត្រឹមតែវុត្ថាឱ្យយកកូនចេញតែប៉ុណ្ណោះ ព្រោះបើនាងប្រាប់រឿងប្តីធ្វើបាបផ្លូវចិត្តនិងតិះដៀលថានាងអស់ព្រហ្មចារីមុនការ នោះប្រាកដជាសុធីយកទៅប្រាប់ម្តាយរបស់នាងជាក់ជាមិនខាន។ អ្វីដែលអ្នកម្តាយវ័យក្មេងកាន់តែទទួលរងសម្ពាធផ្លូវចិត្តខ្លាំងលើសដើមនោះគឺ បងស្រីរបស់នាងក៏យល់ស្របជាមួយគំនិតរបស់វុត្ថាដែរ។ តែនាងបានប្តេជ្ញាចិត្តខ្លួនឯងយ៉ាងច្បាស់ថា ដាច់ខាតត្រូវតែទុកកូននេះ។
គន្ធាទម្លាក់ទូរសព្ទចុះ រួចក៏ចូលទៅសំងំដេកទាំងទឹកភ្នែក ដោយមិនបានរង់ចាំប្តីដែលមានត្រឹមតែឈ្មោះនេះទៀតឡើយ។
ថ្ងៃបន្តបន្ទាប់វុត្ថាចេះតែដេញនាងឱ្យទៅយកកូនចេញស្ទើរតែគ្រប់ពេលដែលនៅជាមួយគ្នា។ ដោយមិនអាចឆ្លើយចំពោះសំណួរដដែលៗបាន ស្រស់ស្រីក៏ចេញទៅខាងក្រៅមួយថ្ងៃពេញ ហើយប្រាប់ប្តីថានាងទៅយកកូនចេញ។ ការពិតនាងទៅពិភាក្សាជាមួយអ្នកគ្រូពេទ្យពីវិធីសាស្ត្រក្នុងការថែទាំគភ៌សោះ។ វុត្ថាមិនបានចាប់អារម្មណ៍ថា ប្រពន្ធរបស់គាត់បានយកកូនចេញនៅអត់ទេ ព្រោះគាត់គិតថាមនុស្សម៉ឹសៗ ស្លូតបូតដូចជាភរិយាដែលបានទិញដោយលុយនេះ មិនហ៊ានប្រឆាំងនឹងគាត់ឡើយ។
ពីមួយថ្ងៃ គន្ធាព្យាយាមស្លៀកពាក់ខោអាវធំៗដើម្បីបិទបាំងផ្ទៃពោះដែលបានកំពុងតែខ្ទាតធំពីមួយថ្ងៃទៅមួយថ្ងៃ។ តែដោយសារតែនាងទើបតែមានកូនដំបូងផង ពោះមើលទៅមិនជាសូវធំប៉ុន្មាន ទើបនាងអាចលាក់បាំងពីភ្នែកប្តីចិត្តយក្សនេះបាន។ ម្យ៉ាងទៀត ពេលដែលចាញ់កូនម្តងៗនាងបានតាំងចិត្តថា ធ្វើជាធម្មតាព្រោះអាការៈបែបនេះក៏អាចធ្វើឱ្យវុត្ថាចាប់អារម្មណ៍បានដែរ។
បួនខែកន្លងផុតទៅ…
នៅក្រោមពន្លឺភ្លើងអគ្គិសនីដ៏ភ្លឺចិញ្ច្រាចចាំងសាចពេញបន្ទប់ទទួលភ្ញៀវ មានស្ត្រីម្នាក់ដែលកំពុងតែអង្គុយនៅលើសាឡុង ក្រសែភ្នែករេចុះរេឡើងសំដៅទៅកាន់មាត់ទ្វារដែលបានបើកចំហររួចជាស្រេច។ ក្នុងចិត្តរបស់នាងជ្រួលច្របល់អន្ទះសារជាខ្លាំង ដូចជាមេមាន់ដែលកំពុងតែរកពង។ គន្ធាមានការចម្លែកចិត្តជាខ្លាំង តាំងពីនាងបានរៀបការហើយមករស់នៅទីនេះ ប្តីរបស់នាងមិនដែលចូលផ្ទះយឺតដូចជាថ្ងៃនេះទេ។ អារម្មណ៍មួយភ័យខ្លាចប្តីចួបគ្រោះថ្នាក់ អារម្មណ៍មួយទៀតខ្លាចប្តីត្រលប់មកវិញស្រវឹងជោកជាំហើយបង្កហឹង្សាមកលើនាង។
ទ្រនិចនាឡិកាព្យួរជញ្ជាំងបន្លឺឡើងឮសូរប៉ឹកៗ រហូតដល់ចំណុចកណ្តាលនៅផ្នែកខាងលើស្រាប់តែវារោទ៍បន្លឺឡើងយ៉ាងឮៗ។ គន្ធារេភ្នែកពីមាត់ទ្វារមើលទៅនាឡិកាឃើញលោតម៉ោង១២យប់។ នាងដកដង្ហើមធំជារឿយៗដើម្បីឱ្យសម្ពាធដែលកំពុងតែកើតមាននៅក្នុងចិត្តរបស់នាងបានរសាយខ្លះ តែវាកាន់តែតានតឹងលើសដើម ពេលដែលនាងនឹកឃើញដល់ស្ថានភាពវុត្ថានៅពេលគាត់ស្រវឹង។ ក្រោមត្របកភ្នែករបស់នាងឡើងខ្មៅដោយសារតែការអត់ងងុយគួបផ្សំជាមួយនឹងការចាញ់កូនផង។ ខ្យល់ត្រជាក់បង្ហើរឡើងពីម៉ាស៊ីនត្រជាក់ធ្វើឱ្យត្របកភ្នែករបស់នាងយំទាររកគ្នា។ រំពេចនោះនាងបានដេកលក់ទាំងមិនបានដឹងខ្លួន។
មិនទាន់ទាំងដេកលក់ស៊ប់ផង ស្រាប់តែនាងភ្ញាក់ជាមួយនឹងសំឡេងហ្វ្រាំងឡានដែលបន្លឺឡើងយ៉ាងឮៗចេញពីមុខផ្ទះ។ នាងស្ទុះអង្គុយទាំងមមើ ភ្នែកបើកមិនចង់រួច។ បន្ទាប់ពីយកដៃញីភ្នែករួចហើយ នាងក៏បានសម្លឹងមើលទៅមាត់ទ្វារឃើញប្តីរបស់នាងដើរចូលមកទាំងទ្រេតទ្រោត ជំហានឈានម្តងទៅមុខម្តងទៅក្រោយ។ គន្ធាស្ទុះទៅកាន់ដៃប្តី ខ្លាចក្រែងពេលដែលគាត់ដើរចូលមករកមាត់ទ្វារមិនឃើញ។
ពេលដើរមកដល់ខាងក្នុងបន្ទប់ទទួលភ្ញៀវភ្លាម វុត្ថាបានគ្រវាសដៃរបស់នាងចេញពីដៃគាត់ តែមិនអាចគ្រវាសចេញបានព្រោះគាត់មិនសូវមានកម្លាំងនៅក្នុងខ្លួន។ គន្ធាបានដាក់ប្តីឱ្យអង្គុយនៅលើសាឡុង រួចនាងគិតថានឹងទៅយកកន្សែងនិងទឹកដើម្បីជូតខ្លួនឱ្យគាត់។ ស្រស់ស្រីឈានជើងដើរមិនបានឆ្ងាយប៉ុន្មានផង ស្រាប់តែវុត្ថារមៀលធ្លាក់ពីលើសាឡុង។ នាងផ្អាកពីការទៅយកទឹក ងាកមកលើកប្តី។ ម្តាយវ័យក្មេងរូបនេះលើកប្តីបានឈរហើយ តែទូរសព្ទបានបន្លឺឡើងមកទៀត។ នាងមិនដឹងថាគួរធ្វើបែបណានោះទេ បើទៅលើកទូរសព្ទប្តីច្បាស់ជាដួល ម្យ៉ាងបើនៅគ្រាហ៍ប្តីមិនបានទៅលើកទូរសព្ទ ខ្លាចក្រែងអ្នកខលមកមានការណ៍សំខាន់។ អារម្មណ៍កំពុងតែចែកមិនដាច់រវាងភារៈនៅចំពោះមុខ បានធ្វើឱ្យកម្លាំងដែលគ្រាហ៍ប្តីចុះខ្សោយជាមុន។
“ អូយ!” សំឡេងរបស់គន្ធាស្រែកយ៉ាងឮៗពេញបន្ទប់ បន្ទាប់ពីវុត្ថាបានគ្រវាសដៃខ្ទាតនាងទៅបុកជាមួយនឹងជញ្ជាំង។ នាងយកដៃក្តោបពោះដែលកំពុងតែឈឺស្ទើរតែដាច់ខ្យល់។ នាងក្រលេកមើលទៅជើងរបស់នាងឃើញមានឈាមហូរឡើងខ្មៅដាប។ ពេលនេះនាងមិនបានគិតអ្វីក្រៅពីកូនរបស់នាងនឹងរលូតនោះទេ។
ស្រីស្រស់ខ្មៅស្រអែមរូបនេះ បានព្យាយាមរំកិលយកទូរសព្ទខលទៅអ្នកគ្រូពេទ្យដែលនាងបានទៅពិភាក្សារឿងការយកកូនចេញពីថ្ងៃមុន។ សំណាងនៃការប្រព្រឹត្តល្អពិតជាបានហុចផលមកពិតមែន គ្រាន់តែនាងខលភ្លាម អ្នកគ្រូពេទ្យលើកភ្លាម។
ត្រឹមតែរយៈពេលកន្លះម៉ោងតែប៉ុណ្ណោះ ឡានពេទ្យក៏បានមកដល់។ ម្តងនេះមាណវីលែងទ្រាំនៅមើលប្តីដែលគ្មានទំនួលខុសត្រូវដូចជាវុត្ថាទៀតហើយ។ ក្នុងចិត្តរបស់នាងពេលនេះគឺធ្វើម៉េចរក្សាកូននៅក្នុងផ្ទៃរបស់នាងតែប៉ុណ្ណោះ។
ការសង្គ្រោះរបស់ក្រុមគ្រូពេទ្យទទួលបានជោគជ័យ ទាំងគន្ធានិងកូនរបស់នាងគឺមានសុវត្ថិភាព តែពេទ្យឱ្យនាងសម្រាកនៅបន្ទីរពេទ្យសិន ព្រោះកម្លាំងនាងចុះខ្សោយណាស់ ហើយឈាមក៏ហូរចេញច្រើនមកដែរ។ ស្រីស្រស់យល់ព្រមតាមវេជ្ជបញ្ជា តែនាងសុំនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នាងខ្លាចពេលប្តីចិត្តអាក្រក់ភ្ញាក់ឡើងមិនឃើញ នោះនាងច្បាស់ជាមានបញ្ហាជាក់ជាមិនខាន។ ជីវិតដែលកំពុងតែរស់ពឹងលើក្តីសុខរបស់អ្នកដទៃពិតជាមិនងាយស្រួលនោះទេ។
៨ខែក្រោយមក…
ការពពោះកូនដំបូងរបស់គន្ធាជាការលំបាកបំផុតសម្រាប់នាង។ នាងនៅក្មេង ចំណេះដឹងរឿងការមើលថែទាំគភ៌មិនសូវមាន។ ចំណែកឯរបបអាហារវិញទៀតសោត ក៏មិនសូវបានញ៉ាំគ្រប់គ្រាន់ដែរ ព្រោះលោកប្តីតែឈ្មោះឱ្យលុយកំណត់ត្រឹមតែទិញម្ហូបប្រចាំថ្ងៃប៉ុណ្ណោះ។ ម្យ៉ាងទៀត នាងជាកូនអ្នកស្រែ មិនសូវជាស្គាល់កន្លែងនៅទីក្រុងច្រើននោះទេ ដូច្នេះ ពិបាករកកន្លែងទិញអីញ៉ាំណាស់។
មកដល់៨ខែនេះ នាងពិបាកគ្រប់សព្វ។ ជាពិសេសរឿងការស្លៀកពាក់។ នាងខ្លាចពេលដែលពោះនាងខ្ទាតខ្លាំង នោះវុត្ថាប្រាកដជាដឹង ហើយគាត់នឹងប្រាប់ឱ្យនាងទៅយកកូនចេញជាក់ជាមិនខាន។ រាល់ថ្ងៃនាងស្លៀកពាក់ខោអាវជាច្រើនជាន់ដើម្បីមើលទៅឃើញថារាងធំឱ្យស្របជាមួយនឹងពោះដែលកាន់តែធំ។ ស្រីស្រស់មានការប្រុងប្រយ័ត្នជាងមុនឆ្ងាយណាស់ ព្រោះនាងមានបទពិសោធន៍រហូតដល់ថ្នាក់ជិតរលូតកូនម្តងមកហើយ។
ខ្យល់ត្រជាក់បក់មករហៀកៗចូលតាមចន្លោះបង្អួចកញ្ចក់មកប្រជៀតប៉ះកាយនារីម្នាក់ដែលកំពុងតែអង្គុយបញ្ឈរជង្គង់រងចាំប្តីទាំងកណ្តាលអាធ្រាត្រ។ ខ្យល់នេះហាក់កំពុងតែបង្ហាញប្រាប់ពីសម្ពាធផ្លូវចិត្តស្រីស្រស់ម្នាក់នេះ ដែលកំពុងតែរងារខ្វះភាពកក់ក្តៅ ទោះបីជានាងបានរស់នៅកន្លែងកក់ក្តៅក៏ដោយ។ មិនខុសអ្វីពីសត្វសេកដែលរស់នៅក្នុងទ្រុងមាសនោះទេ។ អ្នកផងមើលមកគឺអស្ចារ្យ មើលមករស់បែបស្រណុកសុខសប្បាយ តែធាតុពិតកំពុងតែរស់នៅក្នុងឋាននរកលើដីតែប៉ុណ្ណោះ។
មាណវីអង្គុយបណ្តើរគិតបណ្តើរ រហូតឃ្លាតពីភាពត្រជាក់បានដោយអន្លើ។ ដោយការងងុយនឹងភាពអស់កម្លាំងដោយសារតែកូនក្នុងផ្ទែធ្វើទុក្ខផង គន្ធាក៏សម្រចចិត្តថាទៅចូលដេកមុនប្តីបាត់ទៅ។
មិនយូរប៉ុន្មាន រស្មីព្រះអាទិត្យក៏បានរះឡើង ប្រជ្រៀតតាមចន្លោះទ្វារបង្អួចមកចាំងភ្នែកដល់អ្នកម្តាយវ័យក្មេងឱ្យបង្ខំចិត្តក្រោកពីដំណេកទាំងមិនទាន់អស់ងងុយនៅឡើយ។ តែដោយសារតែតួនាទីជាប្រពន្ធដែលត្រូវរៀបចំផ្ទះនិងម្ហូបអាហារឱ្យប្តីផងនោះ នាងក៏សម្រចចិត្តថានឹងបោះចោលនូវងងុយដែលនៅសល់ចោលឱ្យអស់ ហើយចាប់កាន់ការងារឱ្យបានពេញដៃ។
គន្ធាបានរៀបចំម្ហូបដាក់នៅលើតុអាហារដូចសព្វមួយដង ទោះបីជាថ្ងៃខ្លះវុត្ថាមិនញ៉ាំក៏ដោយ។ បន្ទាប់មកនាងក៏បានចូលទៅក្នុងផ្ទះបាយវិញ ដើម្បីលាងសម្អាត។ ពេលដែលការងារក្នុងផ្ទះបាយរៀបចំស្រេចបាច់អស់ហើយ ស្រីស្រស់ក៏បានដើរចូលមកបន្ទប់ទទួលទានអាហារ។ តែរូបភាពនៅចំពោះមុខ បានធ្វើឱ្យទឹកមុខដែលកំពុងតែរីករាយរបស់នាង ប្រែក្លាយទៅជាស្រពោនបានមួយរំពេច។ នាងបានឃើញស្រ្តីម្នាក់ មានមុខមាត់ស្អាតបាតសក់ស្រឡូនត្រង់ ចងទៅលើផុត រំលេចនៅទម្រង់មុខរាងពងក្រពើ សមជាមួយនឹងបបូរមាត់ស្តើងពណ៌ក្រហមដោយការលាបក្រេម។ នាងដើរចូលទៅជិត ដើម្បីយកទឹកក្រូចទៅឱ្យប្តីរបស់នាង។ ពេលដែលនាងក្រលេកមើលទៅ ហើយប៉ះជាមួយក្រសែភ្នែករបស់នារីម្នាក់នេះ ទើបនាងបានដឹងយ៉ាងច្បាស់ថា ក្រសែភ្នែករបស់ស្រីស្រស់ម្នាក់នេះមុតមិនធម្មតានោះទេ។
នាងព្យាយាមដើរធ្វើជាធម្មតា។ ពេលនេះនារីម្នាក់នេះមិនខុសពីអ្នកបម្រើនៅផ្ទះនោះទេ។ នាងបម្រុងនឹងហៀបដើរចេញមកហើយ តែ…
“ នេះឬជាប្រពន្ធដែលបងថាគ្មានព្រហ្មចារីឱ្យបង!” នារីម្នាក់នេះបន្លឺឡើងដោយទឹកដមសំឡេងបែបសើចចំអក។
“បាទ!គឺជានាងហ្នឹងហើយ!” វុត្ថាឆ្លើយបញ្ជាក់។
“អេ!…មើលទៅដូចជាម៉ឹសៗស្រែៗអ៊ីចឹងសោះ មិនគួរណាទៅភ្លាត់ស្នៀតជាមួយនឹងប្រុសណាមិនដឹង ទើបបានជាធ្លោយដល់ថ្នាក់អស់ព្រហ្មចារីទាំងវ័យក្មេងបែបនេះ។ ហ៊ឺយ! ពាក្យចាស់និយាយមិនខុសនោះទេ! ម៉ឹសៗកេះឆ្នាំងបាយធ្លុះ!” នាងនិយាយបណ្តើរ រួចដើរមកជិតគន្ធាបណ្តើរ។
អ្នកម្តាយវ័យក្មេងមិនតបស្តីអ្វីទាំងអស់។ ពេលនេះនាងដូចជារូបម៉ារ៉ាកាំងដែលចាំឱ្យគេស្លៀកពាក់ឱ្យ ថាសមឬមិនសមតែប៉ុណ្ណោះ។ តែគ្រាប់ភ្នែករបស់នាងបានបៀមទឹកពណ៌សថ្លាៗរួចទៅហើយ។
“ យំហ៎? នែក…ធ្វើជាមនុស្សស្រីកុំទន់ជ្រាយពេក តិចគេជាន់កំពិតដូចចេកចៀនទៅប្អូនស្រីដ៏ស្រស់ស្អាតរបស់បង!”
“ បើនាងអស់ការអ្វី ខ្ញុំសុំទៅសិនហើយ ព្រោះខ្ញុំមានកិច្ចការដែលត្រូវធ្វើ!” និយាយរួចគន្ធាក៏ឈានជើងដើរចេញទៅ។ តែសំឡេងមួយបានស្រែកប្រាប់ឱ្យនាងឈប់ជាលើកទី២។
“ឈប់!” សង្សារថ្មីសម្តីបានរបស់វុត្ថាងើបគូទបចេញពីកៅអី ដើរទៅជិតគន្ធាម្តងទៀត។ “ នាងមានផ្ទៃពោះឬ?” នាងសួរបន្ទាប់ពីបានឃើញពោះរបស់គន្ធាធំខុសធម្មតា។
វុត្ថាឮបែបនេះ ក៏ស្ទុះងើបចេញពីកៅអីយ៉ាងប្រញាប់។ “ ថាម៉េច! មានផ្ទៃពោះ” គាត់បន្លឺឡើងយ៉ាងឮៗជាមួយគ្រាប់ភ្នែកបើកធំៗ។
“គ្មា…គ្មានទេ! ខ្ញុំគ្រាន់តែដុះក្បាលពោះទេតើ!” គន្ធាប្រកែកទាំងញ័រមាត់តតាត់។
សង្សារថ្មីរបស់វុត្ថាលូកដៃស្ទាបពោះសុជាតា រួចនាងនិយាយបន្ត “ ច្បាស់ណាស់! នាងមានផ្ទៃពោះ ហើយជិតគ្រប់ខែទៀតផង!” នាងងាកមើលមកមុខវុត្ថា “ បងជាប៉ាកូនក្នុងពោះរបស់នាងឬ?”
“ អត់ទេ! អត់ទេ! បងមិនមែនជាប៉ាអាក្មេងនេះឡើយ! មិនដឹងថានាងនេះលួចទៅមានសាហាយជាមួយនរណា ហើយទម្លាក់កំហុសឱ្យបងក៏មិនដឹង?” គាត់ងាកទៅចាប់ដៃគន្ធាយ៉ាងណែន រួចនិយាយតិចៗ “ ខ្ញុំឱ្យនាងទៅយកចេញ! ម៉េចបានជាមិនទៅយកចេញហ្អាស!” គាត់និយាយទាំងគ្រឺតធ្មេញ។
គន្ធាបន្តសម្រក់ទឹកភ្នែកម៉ាត់ៗស្រក់ចុះមកក្រោមដូចទឹកភ្លៀងខែវស្សា។ តែនាងនិយាយអ្វីមិនចេញឡើយ បានត្រឹមតែហួសចិត្តតែប៉ុណ្ណោះ។ នាងធ្លាប់គិតថា ថ្ងៃណាមួយដែលប្តីរបស់នាងបានឃើញសភាពពោះរបស់នាងធំបែបនេះ គាត់នឹងអាចសប្បាយចិត្ត ហើយយល់ព្រមបើកចិត្តទទួលស្គាល់កូនមួយនេះមិនខាន។ តែការពិតផ្ទុយស្រឡះទាំងស្រុង គាត់មិនត្រឹមតែមិនរីករាយប៉ុណ្ណោះនោះទេ គឺថែមទាំងធ្វើដូចជាស្អប់ខ្ពើមកូនណាស់អ៊ីចឹង។
“ខ្ញុំមិនចង់ធ្វើជាអ្នកទីបីនោះទេ! ខ្ញុំនឹងចាកចេញ!” ស្រីស្រស់មុខមានមន្តស្នេហ៍និយាយបណ្តើរ ស្រវាយកកាបូបដៃនៅលើតុបណ្តើរ។
“ មិនបាន! បងមិនឱ្យអូនចេញទៅណាទាំងអស់!” វុត្ថាស្ទុះទៅឱបនាងជាប់ណែន រួចនិយាយយ៉ាងផ្អែម “ បងស្រឡាញ់អូន! បងចង់នៅជាមួយអូនតែម្នាក់គត់! អូនកុំទៅណាចោលបងបានទេ!”
គន្ធាឈរមើលពួកគេទាំងពីរទាំងទឹកភ្នែកបន្តស្រក់ចុះឥតដាច់។ តាំងពីនាងរួមរស់ជាប្តីប្រពន្ធជាមួយវុត្ថា នាងមិនដែលបានឮពាក្យថាស្រឡាញ់បែបនេះទេ មានតែពាក្យថាធុញ គ្មានព្រហ្មចារីឱ្យគេ…។ នាងស្ទុះចូលទៅបន្ទប់គេង ដោយទុកឱ្យគូស្នេហ៍ដែលកំពុងតែបង្ហាញអារម្មណ៍ក្នុងចិត្តឱ្យនៅតែពីរនាក់។ នាងសម្រេចចិត្តថានឹងដើរចេញ ទាំងកំពុងពពោះជិតគ្រប់ខែ។ ការស្រឡាញ់ជាការលះបង់ តែការលះបង់របស់នាងកំពុងតែធ្វើឱ្យក្មេងម្នាក់កើតមកឃើញពន្លឺព្រះអាទិត្យតែគ្មានប៉ាហៅដូចគេ។ តែនាងមិនអាចរស់នៅដោយភាពរងទុក្ខបន្តទៀតបានទេ។ នាងបាននឹកឃើញដល់ពេលដែលនាងកើតកូនមក តើមាននរណាមើលថែនាង? បើមានប្តីដូចជាអត់មានបែបនេះ សុខចិត្តទៅរស់នៅពឹងពាក់ម្តាយនាងកក់ក្តៅជាង។
បន្ទាប់ពីរៀបចំខោអាវរួចមក នាងក៏យួរចេញមកខាងក្រៅបំណងគិតថានឹងលាប្តីរបស់នាងបន្តិច តែពេលចេញមកបាត់វត្តមានរបស់គាត់។ នាងក្រលេកមើលទៅចំណតឡាន ក៏មិនឃើញឡានទៀត។ នាងអាចស្មានបានដឹងថា ពួកគេទាំងពីរប្រាកដជាចេញទៅខាងក្រៅជាមួយគ្នាជាយ៉ាងប្រាកដ។
នាងដើរដល់បរិវេណខាងមុខ រួចងាកក្រោយសម្លឹងមើលទីកន្លែងដែលធ្លាប់រស់នៅរងទុក្ខ ទីកន្លែងដែលឱ្យនាងស្គាល់ពីតួនាទីប្រពន្ធតែឈ្មោះ ទីកន្លែងបានធ្វើឱ្យនាងស្គាល់ថាអ្វីដែលហៅថាតម្លៃជាមនុស្ស ស្គាល់ពីភាពឈឺចាប់គ្រប់បែបយ៉ាងដែលនាងមិនធ្លាប់ឆ្លងកាត់។ ក្នុងចិត្តនាងពិតជាមិនចង់ចាកចេញពីទីនេះនោះទេ ព្រោះពេលដែលនាងត្រលប់ទៅទាំងស្ថានភាពបែបនេះ ច្បាស់ណាស់គេចមិនផុតពីភាពមើលងាយនឹងការនិយាយដើមនោះពីសំណាក់ញាតិជិតខាង ហើយម្តាយរបស់នាងប្រឈមមុខជាមួយនឹងភាពអាម៉ាស់ជាមិនខាន។ ស្រីស្រស់គិតថា ចាត់ទុកការនិយាយដើមមាត់ចុងមាត់បែបនេះត្រឹមតែជាខ្យល់ ដែលបក់ប៉ះរាងកាយមួយគ្រាប៉ុណ្ណោះ។ កាន់តែគិតទឹកភ្នែករបស់នាងកាន់តែហូរស្រក់ចុះមក រហូតដល់ធ្លាក់ចុះដល់ដីសើម។ វាជាទឹកភ្នែកចុងក្រោយដែលនាងសម្រក់នៅទឹកដីដែលមើលទៅអស្ចារ្យ តែបង្កប់ទៅដោយភាពឈឺចាប់រាប់មិនអស់។ គិតរួចនាងក៏ដើរចេញទាំងអាល័យ។
យប់ថ្ងៃសម្រាលកូន
សម្រែកឈឺចាប់របស់ស្ត្រីម្នាក់ បានបន្លឺឡើងសុំរកជំនួយទាំងតម្អូញ។ ស្របពេលនោះដែរ មានខ្យល់កន្ត្រាក់យ៉ាងខ្លាំងលាយឡំជាមួយនឹងសំឡេងគ្រហឹមរបស់ផ្គរលាន់ឮពេញផែនពសុធា។ ភ្លាមនេះពន្លឺផ្លេកបន្ទោរក៏ចូលខ្លួនមកបំភ្លឺដែនលោកាបណ្តោះអាសន្នបន្ទាប់ពីរស្មីដួងចន្ទ្រាត្រូវគ្របដណ្តប់បាំងបិទជិតទៅដោយពពកខ្មៅដេសដាស។ មិនយូរប៉ុន្មាន គ្រាប់ភ្លៀងក៏បានបង្អុរមកលាយឡំជាមួយនឹងខ្យល់ធ្វើឱ្យស្រីស្រស់ដែលកំពុងតែឈឺពោះមានការរងារជាខ្លាំង។
មីងលីឮសំឡេងកូនស្រែកហៅ ក៏ស្ទុះងើបទាំងមមីមមើ ព្រោះយប់រំលងអាធ្រាត្រទៅហើយ។ គាត់ស្ទុះចូលមកជិតកូនបណ្តូលចិត្ត រួចវាចា “ កូនឈឺពោះខ្លាំងដែរឬទេ?”
គន្ធាមិនទាន់ទាំងបានឆ្លើយផង ស្រាប់តែជើងរបស់នាងមានទឹកអ្វីថ្លាៗតែស្អិតហូរស្រោចមកយ៉ាងច្រើន។
“ កូនបែកទឹកភ្លោះហើយ!” មីងលីលាន់មាត់។
“ខ្ញុំឈឺពោះណាស់ម៉ែ! សូមម៉ែជួយកូនផង! អូយ! អូយ!” នាងទប់ពោះបណ្តើរនិយាយបណ្តើរ។
មីងលីស្ទុះទៅយកទូរសព្ទអិនចុចពិលនៅលើគ្រែ បំណងចង់ខលទៅសុធីឱ្យមកជួយ តែ…
“ គុណព្រះជួយ!” គាត់ទម្លាក់ទូរសព្ទចុះ ព្រោះផ្លេកបន្ទោរបំភ្លឺឡើងឆ្វាចដូចកំពុងតែគម្រាមដល់គាត់មិនឱ្យចេញទៅខាងក្រៅអ៊ីចឹង។
មីងលីមិនដឹងថាគួរតែធ្វើអ្វីបន្តទៀតទេ បើគាត់ចេញទៅតាមឱ្យគេមកជួយ ខ្លាចក្រែងកូនស្រីនៅម្នាក់ឯងមានរឿងអ្វីកើតឡើង តែបើទុកឱ្យនាងនៅតែឈឺបែបនេះគាត់ធ្វើមិនបានឡើយ។ គិតរួចស្រេចហើយ គាត់ក៏ស្ទុះចុះទៅតាមគេឱ្យមកជួយ ដោយទ្រាំដើរទ្រាំកាត់ភ្លៀងនិងផ្គររន្ទះ។
គន្ធាបន្តការស្រែកពីភាពឈឺចាប់ប្រណាំងគ្នាជាមួយនឹងសំឡេងគ្រាប់ភ្លៀងដែលកំពុងតែស្រក់នៅលើដំបូលផ្ទះ។ កាន់តែឈឺចាប់ នាងកាន់តែនឹកគិតទៅដល់មុខវុត្ថា ដែលជាមនុស្សគ្មានទំនួលខុសត្រូវ ជាមនុស្សប្រុសម្នាក់ដែលអន់ជាងសត្វទៅទៀត។ សត្វចេះស្រឡាញ់កូន ចេះរកស៊ីចិញ្ចឹមកូន តែបុរសម្នាក់នេះមិនត្រឹមតែមិនបានដើរតួនាទីជាប៉ាគេ ហើយថែមទាំងមិនស្គាល់ពីសាច់សាលោហិតខ្លួនឯងទៀត។
ដោយទ្រាំពីភាពឈឺចាប់មិនបាន គន្ធាក៏សម្រចចិត្តដេកនៅលើរនាបក្តារទទេ ឥតមានកម្រាលអ្វីសោះឡើយ។ នៅតាមរនាបក្តារទាំងអស់ នាងបានដេករមៀលអស់សូម្បីតែក្រោមស្នួរខោអាវក៏នាងលែងខ្វល់ដែរ។ ពេលនេះក្នុងចិត្តរបស់នាង សុំត្រឹមតែកូនរបស់នាងចេញពីពោះឱ្យបានផុតៗតែប៉ុណ្ណោះ។ ពាក្យដែលគេតែងនិយាយថាការឈឺពោះកើតកូនមិនខុសពីការដើរលុយទឹកឆ្លងទន្លេនោះទេ។ តែស្រីស្រស់ពេលនេះបែរជាគិតលើសពីគំនិតរបស់ចាស់ៗទៅវិញ ព្រោះនាងគិតថាការឈឺចាប់នៅពេលនេះគឺមានទំហំធំជាងទន្លេរាប់រយដងទៅទៀត។
ពេលនេះនាងបែរជាលែងរងារទោះបីជាមានភ្លៀងនិងខ្យល់ត្រជាក់ក៏ដោយ តែរាងកាយរបស់នាងបែរជាពោរពេញទៅដោយញើសជាច្រើនស្ទើរតែជោកអាវ។ នាងគិតថា បើរង់ចាំមានអ្នកជួយមកដល់ នាងប្រាកដជាស្លាប់មុនមិនខាន នាងក៏សម្រេចចិត្តប្រឹងកើតដោយខ្លួនឯង។ គន្ធាព្យាយាមម្តងហើយម្តងទៀត រហូតនាងមានអារម្មណ៍ថាក្នុងខ្លួនរបស់នាងដូចជាស្រាលជាមុន តែដល់ពេលដែលនាងបើកភ្នែកសម្លឹងមើលទៅដំបូលផ្ទះខាងលើ វាប្រែជាចាប់ផ្តើមស្រវាំងបន្តិចម្តងៗ រហូតនាងមើលអ្វីលែងឃើញ។
ពេលដែលនាងបើកភ្នែកម្តងទៀត នាងបានឃើញវត្តមានម្តាយនាងនិងសុធីកំពុងតែនៅជិតនាងទៅហើយ។ អ្វីដែលពិសេសនោះ មានទារកម្នាក់កំពុងតែដេកលង់លក់នៅក្បែរនាង ដែលមើលទៅគួរឱ្យស្រឡាញ់ជាពន់ពេក។ នាងព្យាយាមក្រោកពីកន្ទេល រួចសួរពីដំណើររឿងដែលបានកើតឡើងលើរូបនាង។ សុធីបានប្រាប់នាងតាមលំដាប់ រហូតដល់ទឹកភ្នែករបស់នាងស្រក់ចុះមកទាំងមិនបានដឹងខ្លួន។
…………..
ផ្អាកពីការនឹកស្រមៃដល់រឿងអតីតកាលដ៏សែនជូរចត់ អ្នកម្តាយវ័យក្មេងរូបនេះក៏ងាកមើលទៅកូនប្រុសរបស់នាងដែលកំពុងតែដេកនៅលើអង្រឹងយ៉ាងគួរឱ្យអាណិត។ នាងយកខ្នងដៃជូតទឹកភ្នែកចេញ ស្របពេលនេះស្នូរគ្រាប់ភ្លៀងក៏បានលែងឮផងដែរ។ រំពេចនោះ វាយោចូលខ្លួនមកបក់ផាត់ពពកដែលនៅសល់ពីចំហាយគ្រាប់ភ្លៀងចេញបាត់ ក៏ស្រាប់តែលេចចេញនូវស្នាមញញឹមរបស់ព្រះចន្ទ្រយ៉ាងស្រស់ប៉ប្រិមគួរជាទីស្នេហា។ នាងផ្អាកដៃពីការយោលកូនមកគយគន់ដួងចន្ទថ្លាដ៏ល្អគ្មានពីរមួយនេះ រួចនាងគិតថា ជីវិតនភាល័យមិនខុសពីជីវិតរបស់នាងពេលនេះទេ។ ជួនមានពន្លឺ ជួនមានភាពស្រអាប់ ជួនសប្បាយ ជួនកើតទុក្ខ តែភាពទាំងអស់នេះនឹងរសាត់បាត់ទៅតាមពេលវេលាជាក់ជាមិនខាន។ សំខាន់នៅពេលនេះ អ្នកម្តាយវ័យក្មេងរស់នៅជាមួយបច្ចុប្បកាលមិនមែនរស់នៅជាមួយអតីតកាលដ៏សែនឈឺចាប់នោះទេ៕