រឿង៖ អន្លង់ប៉ែនដែនចិត្ត

«ការឈឺចាប់គឺចៀសមិនរួចទេក្នុងជីវិត​យើងគ្រប់គ្នា ទោះយ៉ាងណាក៏ដោយ យើងអាចជ្រើសរើសការ​ប្រព្រឹត្តដូចម្តេច​ចំពោះខ្លួនយើង! ខ្ញុំលើកទឹកចិត្តឱ្យគ្រប់គ្នាប្រព្រឹត្តចំពោះខ្លួនឯង​ដោយសប្បុរស និងដោយក្តីស្រឡាញ់ នៅពេលដែលកំពុងប្រឈមនឹងការឈឺចាប់ សូមកុំឃោរឃៅ​ចំពោះខ្លួនឯង កុំបោះបង់ចោលខ្លួនឯងណ៎ា!»

ដូចជារឿងពិតនៃជីវិត​ខ្ញុំនេះ ខ្ញុំបានឆ្លងកាត់រួចមកហើយ។

«មើលទៅឆ្ងាយពីភូមិស្រុកត្រូវចេះសម្របខ្លួនណាកូន! ចេះអត់ធ្មត់​ស្តាប់បង្គាប់មីងពូ នៅផ្ទះគេ​កុំដេកយូរ ត្រូវក្រោកមុនម្ចាស់ផ្ទះ រៀនសូត្រកុំបែកឆ្វេង រៀនឱ្យដឹងរៀនបានវាបានផលគាប់ចិត្ត​!»

ម្តាយខ្ញុំនិយាយពាក្យនេះដដែលៗពេលដែលគាត់សម្រេចនិងពុកថាបញ្ជូនខ្ញុំមកភ្នំពេញ​រៀនបន្តយកជំនាញទ្រទ្រង់ជីវិត។

«ខ្ញុំថា បងភស្សគាត់មិនដែលធ្វើឱ្យគ្រួសារខកចិត្ត​ទេម៉ែ!»

ប្អូនខ្ញុំតែម្នាក់គត់នាងឈ្មោះបុប្ផា នាង​តែទុកខ្ញុំជាគម្រូ និងទុកចិត្តខ្ញុំគ្រប់យ៉ាងដោយសារខ្ញុំជាសិស្សពូកែនិងមាន​ចរិតជារៀមច្បងល្អ។

ខ្ញុំជាអ្នកពោធិ៍សាត់ កើតជាចិញ្ចឹម​ជីវិត​រស់នៅក្បាលស្ទឹងស្វាយដូនកែវ នា​​ស្រុកបាកាន។ តាំងពីតូចដឹងក្តីមក អ្នកភូមិយើង​អាស្រ័យជីវិតប្រើទឹកស្ទឹង​ដែលជាដៃដ៏សំខាន់នៃបឹងទន្លេសាប។ ទោះយ៉ាងណា ពុកម៉ែតែងតែប៉ងចង់ឱ្យកូនៗរៀនបានខ្ពស់។

​ទោះបីពាក្យថាឈ្លក់ទឹកម៉ាស៊ីន​ភ្លេចទឹកស្ទឹងទន្លេជាពាក្យអវិជ្ជមានមួយសម្រាប់អ្នកស្រុក​​ដូចយើង តែទទួលស្គាល់ថា ខ្ញុំពិតជាឆ្លងកាត់រឿងនោះមែនពេលមករស់នៅភ្នំពេញសិក្សាបន្ត។

ដំបូងខ្ញុំរស់ជាមួយម្តាយមីងខាងប៉ានៅម្តុំផ្សារអូឡាំពិក ហើយទៅរៀនមហាវិទ្យាល័យនៅពេលថ្ងៃ ធម្មតា។ ក្រោយមកបានសម្រេចចិត្តដូរទៅស្នាក់នៅជាមួយបងជីដូនមួយប្រុសនិងបងថ្លៃវិញ ព្រោះគាត់ជាប្រធានរដ្ឋបាលរោងចក្រ គាត់អាចជួយរកការងារឱ្យធ្វើ និងប្តូរខ្ញុំឱ្យទៅរៀនពេលយប់។ ខ្ញុំបានចូលធ្វើការនៅហាងលក់សម្លៀកបំពាក់មួយដែលជាបណ្ដុំនៃហាងជាច្រើនរបស់គ្រួសារអ្នកជំនួញ​ដ៏មានស្តុកស្តមម្នាក់នៅភ្នំពេញគេ ។ របរគោល​នៃពួកគេ​គឺរោងចក្រសម្លៀកបំពាក់នាំចេញ ថែមទាំងមានហាងសម្រាប់លក់សម្លៀកបំពាក់ប្រចាំស្លាកយីហោផងដែរ។

«រូបរាងគួរសម! បើបងឱ្យឯងliveនិងលខោអាវម៉ូដមកថ្មី ព្រមដែរ?!»

«ចាស៎ ព្រមបងប្រសិនបងទុកឱកាសឱ្យខ្ញុំសាក ខ្ញុំមិនធ្លាប់ទេបង!»

គាត់ជាប្រធានខ្ញុំ ជាអ្នកគ្រប់គ្រងហាង​​ឈ្មោះបងអិន។ បងអិនជាមនុស្សប្រុសស្រលាញ់ប្រុស​ពិតមែនតែគាត់ចំណាប់ចំនួន​ខាងមើលម៉ូត និងតុបតែងតាំងលក់ហ្វេស្សហិនណាស់។ នៅធ្វើការទីនេះ​ ខ្ញុំពិតជារៀនអំពី​របៀបលក់ខោអាវពីគាត់បានច្រើន ទាំងរបៀបរើសពណ៌ រើសស្ទីល និង​និយាយចចារទាញចំណាប់អារម្មណ៍​អតិថិជន។

 ខ្ញុំពេញចិត្តនឹងការងារនេះជាខ្លាំង ពីព្រោះខ្ញុំចូលចិត្តលសម្លៀកបំពាក់ល្អៗ ណាមួយខ្ញុំក៏មានរូបរាងស្អាត ខ្ញុំចូលចិត្តLiveសម្លៀកបំពាក់។ មានអីល្អជាងនេះទៀត ? បានប្រាក់ខែផង បានធ្វើអ្វីដែលយើងចូលចិត្តផងដែរ ប៉ុន្តែ មានរឿងមួយមិនសូវល្អគឺ ការទៅរៀនមហាវិទ្យាល័យ​របស់ខ្ញុំ បាន​ក្លាយទៅចំណូលចិត្ត​លំដាប់ញ៉ក ព្រោះធុញទៅៗ  ខុសពីកាលឡើងមកពីខេត្តដំបូងៗ។

«ម៉េចក៏ម៉ែតេច្រើនដងហើយមិនឃើញលើក?»

ម៉ែតែងតែសួរនាំពីការសិក្សា​ចំណែកខ្ញុំវិញវក់តែនឹង​ការតុបតែងនៅហាង។

«ខ្ញុំហត់ពេកគេងលក់មួយភាំង!»

«ការងារហត់ពេកហ្អីកូន? បើថាហត់ពេក ផ្អាកទៅណា៎កូន​រៀនសិន!»

ហេតុអ្វីបានឈប់? ម៉ែមិនយល់ឡើយ​ថា​ការងារលក់សម្លៀកបំពាក់ទើបជាចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្ញុំ។ មកដល់ពេលនេះ ខ្ញុំបានគិតឃើញភ្លាមមពីគោលដៅនៃអនាគតមួយ​ដែលមិននិយាយប្រាប់អ្នកណាតែខ្ញុំបានតាំងចិត្ត​សម្រាប់ខ្លួនឯង សង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹង​ ក្លាយទៅជាអ្នកថតម៉ូដជាម៉ូឌែលសម្លៀកបំពាក់ដ៏ល្បីឈ្មោះនៅភ្នំពេញ។

វាជាការស្រមៃ តែ​គ្រប់គ្នាមានសិទ្ធិស្រមៃ។

«ខ្ញុំមានកម្ពស់មួយម៉ែត្រហុកសិប៦បង!»

«អូ! »

បងស្រីម្នាក់នេះឈ្មោះលក្ខគាត់ជាម៉ូយប្រចាំនៃសាឡនមួយនៅក្បែរហាងខ្ញុំ​។ គាត់ឃើញខ្ញុំក៏តាមសួរពីកម្ពស់ព្រោះអះអាងថា គាត់ធ្វើការនៅAgencyកាន់តួស្រីៗនិងម៉ូឌែលជាច្រើនច្រើននាក់។

«ប្អូនឈ្មោះអី?!»

«សម្ភស្សបង!»

«អឺភស្ស! គឺបងចង់ប្រាប់ថា បើសិនជាអ្ហែងចេះពត់ដំណើរ ថ្ងៃណាមួយនឹងក្លាយទៅជាអ្នកដើរម៉ូដដ៏ល្បីមិនខានម្នាក់!»

«ពត់ដំណើរ?»

«ចា៎ ពាក្យ catwalk ដែលសំដៅទៅលើ “ការ ដើរដូចឆ្មា” »

គ្រប់គ្នា​ខ្ទប់មាត់សើច។

រឿងកម្ពស់និងភាពលេចធ្លោនៃសម្រស់មុខមាត់​សក់វែងរលោងរបស់ខ្ញុំបានបង្កើតជាការចាប់អារម្មណ៍​សម្រាប់គ្រប់គ្នា រហូតខ្ញុំត្រូវបានអ្នករួមការងារច្រណែន ។

ទោះយ៉ាងណាខ្ញុំតែងតែប្រាប់ខ្លួនឯងថា​ឱកាសលើសពីការរំពឹងទុកកំពុងស្ថិតនៅលើវិថីជីវិតរបស់ខ្ញុំ ខ្ញុំត្រូវតែចេះតោងទាម​ចាប់យក ។ ខ្ញុំលបរៀនម្នាក់ៗឯងអំពីការដើរបង្ហាញម៉ូដ គឺរបៀបពើងទ្រូងនិងរលាស់កែងដៃ កែងជើង​តាមដែលពួកអ្នកបង្ហាញម៉ូតបរទេសដើរថតឱ្យមើលលើយូធូប។

មិនតែប៉ុណ្ណោះខ្ញុំចាប់ផ្តើមវក់ចិត្ត​អានសៀវភៅ​ទ្រឹស្តីជាច្រើនដែលខ្មែរយើងបកមកពីបរទេស​ហើយហៅវាថាសៀវភៅលើកទឹកចិត្ត​។ ភាគច្រើនបង្រៀនខ្ញុំ​ឱ្យអត្តនោម័តធ្វើតាមគំនិតខ្លួន និងមិនបាច់រវល់ពីការគិត​របស់អ្នកដទៃប៉ុន្មានទេ។

ខ្ញុំមាន​មហិច្ឆតាជាងកាលពីទើបមកភ្នំពេញ​ដំបូងៗ ចំណែក​មហិច្ឆតានេះទៀតសោតក្តៅសន្ធោឡើងៗមិនចេះរលត់ខ្សោយចុះវិញទេ។

ពេលនេះ បរិញ្ញាបត្រ័ក៏ចង់បាន ការងារ​សិល្បៈខាងហ្វេសស្សិនក៏ចង់ចាប់។

 នៅយប់មួយដែលជាថ្ងៃសម្ពោធហាងសាខាទីបួន ដោយសារពួកគេខ្វះបុគ្គលិកប្រើ បងអិនកោះហៅខ្ញុំឱ្យសុំច្បាប់ខានរៀនមួយថ្ងៃ ។ ដំបូង​ថាទៅ​មើលការខុសត្រូវខោអាវ​ដែលគេស្លៀកថត តែម៉ូដែលម្នាក់គ្រោះថ្នាក់ចៃដន់ក្នុងបន្ទប់ទឹក ខ្ញុំក៏ត្រូវឡើងឆាកជំនួសគេដោយទាន់ហន់បំផុត​។

ដោយខ្ញុំមិនបានហាត់សមជាមួយអ្នកជំនាញ ខ្ញុំដើរមិនបានល្អទេ។​ ខុសគេម្នាក់ឯង ហើយខ្មាស់គេទៀត។

ពេលមកសំងំ​ក្នុងបន្ទប់ទឹក ខ្ញុំវិលមុខធេងធោងព្រោះអារម្មណ៍។

ចេញមកក្រៅវិញមិនប្រយ័ត្នក៏ប៉ះនឹង​បុរសអ្នកមានម្នាក់វ័យប្រហែលជាង៣០ស្តើង។ ក្រោយមកទើបស្គាល់ថា  គេនោះឈ្មោះ សម្បូរជាកូនប្រុសច្បងនៃ ម្ចាស់អាជីវកម្មដែលខ្ញុំកំពុងធ្វើការឱ្យនេះ។

ខ្ញុំពិតជាចាប់អារម្មណ៍​សម្តីនិងកាយវិកា​សុភាពបុរស​របស់គាត់ជាខ្លាំង។

កន្លងមកមិនដែលដឹងថា ថៅកែមានកូនប៉ុន្មានទេពីព្រោះគាត់អ្នកមានខ្លាំង ហើយកូនៗចេញទៅរៀននៅបរទេសទាំងអស់ ប៉ុន្តែបន្ទាប់ពីយប់នោះមក ខ្ញុំបានតាម Search ឃើញលោកសម្បូរដែលជាកូនប្រុសច្បងម្នាក់នេះ តាមពិត​គាត់គឺជាអ្នកឌីហ្សាញសម្លៀកបំពាក់ផង ជានិស្សិតនៅសហរដ្ឋអាមេរិកផងមិនដឹងរៀនផ្នែកអីទេ ប៉ុន្តែគាត់ពិតជាមានរូបរាងស្រស់សង្ហា ហើយប្រូហ្វាល់គាត់និងព័ត៌មានរបស់គាត់ប្រាប់អាយុត្រឹម២៩ឆ្នាំមិនដូចការស្មាន​របស់ខ្ញុំទេ។

ចាប់ពីពេលនោះមកខ្ញុំចាប់ផ្ដើមកាន់តែឈ្លក់វង្វេងនឹងជីវភាពរស់នៅក្រុងភ្នំពេញ ការបានជួបបុរសអភិជន ហើយខ្ញុំគេងស្រមៃឃើញគាត់។

រឿងសំខាន់ គាត់ក៏ដឹងថាខ្ញុំធ្វើការនៅហាងសាខាទីពីរ។ រឿងនេះមិនចៃដន់ទេ គឺគាត់មកលេងខ្ញុំដល់ហាង។

«អូយ កិត្តិយសពេកហើយ លោកសម្បូរមកលេង!»

បងអិនទទួលរាក់ទាក់គាត់​ តែគាត់រកមើលខ្ញុំពេញហាង ពេលខ្ញុំរត់ចេញមកទាំងដៃកាន់ទំពក់ប្រុងថារៀបចំខោអាវពីឆាកសម្ពោធឡើងស្នួរវិញ ខ្ញុំត្រូវភ្លឹកព្រោះមនុស្សខ្ញុំដេកនឹក បានបង្ហាញខ្លួន​ដូចសុបិន។

មិនត្រឹមញញឹម​និង​ប្រើកែវភ្នែកស្រទន់ស្វាគមន៍ខ្ញុំនោះទេ​ លោកសម្បូរម្នាក់នេះថែមទាំង​ឱ្យគេគ្រប់គ្នា​ដឹងតែម្តងតាមរយៈកាយវិកា​របស់គាត់ថា «គោលដៅដែលគាត់មកជាន់ទីនេះគឺព្រោះខ្ញុំ»។

អារម្មណ៍​រំភើបអណ្តែតត្រសែតបានធ្វើឱ្យខ្ញុំរៀនលែងកើតរាល់យប់ អង្គុយ​ភ្លឹក​ស្រមៃ​ពីអនាគតជាកូនប្រសាអ្នកមាន ហើយការនេះ ខ្ញុំបានប្រលងធ្លាក់ឆមាសលើកទីពីរមែន​។

យប់នោះថតពិន្ទុ​ផ្ញើទៅម៉ែទាំងមិនសប្បាយចិត្ត តែក្រោយមកសម្រេចចិត្ត​ថាមិនផ្ញើវិញ។ កំពុង​អង្គុយកើតទុក្ខស្រាប់តែដាក់ទូរស័ព្ទចុះក៏រោទិ៍ភ្លាម ហើយលេចលេខរបស់បុរសក្នុងពិភពស្រមៃ។

Dating ជួបគ្នាដំបូង ពិតជាបានកើតឡើង​ទាំងមិនដែល​គិត​ទេថា វាអាចលឿនដល់ថ្នាក់នេះ ។ ដូច្នេះ ស្នេហា​ដំបូង​របស់ខ្ញុំគឺ​បាន​ជួប​បុរស​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​អ្វីៗ​ហាក់​ដូច​ជាភព្វព្រេងវាសនា។

ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ជីវិតបត់លឿនម្ល៉េះ មិនទាន់ជោគជ័យក្នុងសិល្បៈផង ស្រាប់តែ……

ទូរសព្ទរោទ៍…ខ្ញុំទើរបំពង់ក្រែមសិនស្មាន​ថាគាត់មកទទួលមុនកំណត់ ដឹងអីគឺម៉ែ….

«កូនអ្ហ៎ា​អ៊ុំឯងនាំកំលោះខាងអន្លង់ប៉ែនម្នាក់មកស្តីដណ្តឹងកូនឯង! គេរូបរាងកម្ពស់កម្ពរបាន ចរិតសមរម្យ ចេញ​ធ្វើការ​ហើយ ​ខាងធនាគារ!»

នេះជាអ្វីដែលខ្ញុំខ្លាចបំផុត និងមិនសប្បាយចិត្ត​ភា្លមៗ។

«ជូនពាក្យគេ​ទៅម៉ែ​ប្រាប់ថាខ្ញុំនៅរៀន!»

«ចុះភ្ជាប់ពាក្យទុកសិនទៅ រៀនចប់សឹមការមានអ្នកណាថាអី?!»

«អត់ទេ! កុំរញ៉េរញ៉ៃជាមួយខ្ញុំរឿងចឹងៗទៀត!»

តាមពិត​មកពី​ខ្ញុំមិនចង់បានអ្នកស្រុកពោធិ៍សាត់ដូចគ្នា​ឬមកពីខ្ញុំកំពុងវក់នឹង​ទីក្រុងធំ?

មិនដឹងទេ !​ខ្ញុំគ្មានពេលវេលា​រកចម្លើយឡើយ។ ម្ដង​ទៀតខ្ញុំយកចិត្ត​ទុកដាក់តែលើនិស្ស័យខ្ញុំជាមួយ​នឹង​លោកសម្បូរ។ ខ្ញុំគិតថា​រឿងនេះ​ដូចជាគូស្នេហ៍ដទៃដែរ យើងស្គាល់ចិត្តគ្នាសិន​ចាំជម្រាបប៉ាម៉ាក់។ តែប្រសិន​មិនត្រូវរ៉ូវគ្នា​ក៏​ប្រហែល​ជា​មិនមែន​អ្វី​ធ្ងន់ធ្ងរ​ដែរ។

មានអ្នកជិតដិតខ្លះធ្លាប់ពិភាក្សាគ្នាលេងថា ពេលមាន​មិត្តប្រុស​យើងអាចជួបប្រភេទចង់លួងរួមភេទមុនរៀបការ​ តែមិននឹកស្មានថា យប់នោះ Dating ដំបូងសោះ ប្រុសអ្នកមាន​ម្នាក់នេះពិតជាហ៊ាន​អន្ទងខ្ញុំបន្តទៅកន្លែងផ្សេង។

ដោយមិនលាក់លៀម គឺគាត់ស្នើថា​ចង់ដេកជាមួយតែម្តង។

នេះជាពាក្យ​និយាយដ៏កខ្វក់ជាមួយខ្ញុំដែលជាក្រមុំជនបទ ហើយគាត់មិនព្រមពន្យាឬបង្វៀងទេ ទោះបីជាខ្ញុំទទូចថា ខ្ញុំមិនស្រួលខ្លួន​និងចង់ដកថយទៅផ្ទះក៏ដោយ។

តើ​ខ្ញុំកំពុង​ធ្វើអ្វី?

ចិត្តខ្ញុំមិនចង់ចប់ជាមួយបុរសនេះ ថែមទាំងមិនចង់ទៅបន្តតង់ទីពីរ​ដែរ តើសម្រេចចិត្ត​យ៉ាងណា?

បោះចោលគាត់?​ដូចចោលសុបិន​មាស​ដែរ។

ខ្ញុំធ្លាប់មាន​អារម្មណ៍ល្អបំផុត​ពេលស្គាល់គាត់ និងមាន​ការគោរពថែមទៀត​ទោះពេលនេះក្តីខ្ញុំមិនចង់ឈានហួសគំនូសតែខ្ញុំក៏នៅតែឱ្យតម្លៃគាត់ខ្ពស់ដដែល។

កន្លងមក ខ្ញុំមិនមានទស្សនៈឬ​បញ្ហាអ្វីជាមួយអ្នកស៊ីវិល័យ​ដែលនិយាយរឿងកខ្វក់ៗរៀងដេកជាមួយគ្នាមុនរៀបការទេ តែខ្ញុំក៏មិនដែលគិតថានឹង​អនុវត្តិដូចពួកគេ នោះដែរ។

ខ្ញុំមាន​ប្អូនម្នាក់ដែលតែងតែយកខ្ញុំជាគម្រូ។

«គិតថា​វាជា​ការស្រើបស្រាលសម្រាប់ការរួមភេទ?​មិនមែនទេ វាជាស្នេហា!»

បុរសនេះពន្យល់ខ្ញុំ។

« ប៉ុន្តែ…..ប្រសិនបើវាជាអ្វីដែលហួសហេតុ….?!»

«ហួសហេតុអី? យើងធំៗអស់ហើយ! មានក្មេងឯណា?!  ការពន្យាកំណើតទុកចិត្តបាន និងស្រោមអនាម័យគេលក់ធ្វើអី?»

គាត់សួរមកខ្ញុំអៀនងើបមុខមិនរួចទេ​តែបេះដូងនៅត្រូវការស្នេហាមួយនេះខ្លាំងដដែលគ្រាន់តែខ្ញុំភ័យ។

មានសៀវភៅមួយដែលខ្ញុំអាន​ហើយខ្ញុំពេញចិត្ត​បាននិយាយថា ធ្វើអ្វីធ្វើទៅ ជីវិតជារបស់យើង តែបើមិនមែនជាស្ទីលរបស់យើងកុំធ្វើ។

«មនុស្ស​គ្រប់គ្នា​ទុក​នេះថា​ជា​រឿង​ធម្មតា​ណាស់សម្ភស្ស!» គាត់ផ្លុំខ្ញុំទៀត។

ខ្ញុំមិនមាត់ទេ តែ​អារម្មណ៍មួយបានប្រាប់មកថា ប្រសិនបើមិនចង់ក្លាយជាមនុស្ស​ស្រីសំខាន់ម្នាក់របស់គេ បន្តជួបគ្នាបាន នៅ​លើកទីពី ឬលើកទីបីទៀត ​ខ្ញុំអាចបដិសេធគេពេលនេះហើយយើងបែកគ្នា។ ​សូម្បីការងារក៏អាចគ្មានធ្វើទៀតផង ​កុំថាឡើយបានឃើញគេនេះខលមក។

ទីបំផុត ខ្ញុំបានធ្វើ រឿងដែលមិនធ្លាប់សូម្បីតែគិតទុក។ ហើយ​មានម្យ៉ាង​ដែលដូចការគិត​គឺ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ។ ស្តាយជាទីបំផុត។

​ដំបូង​ខ្ញុំគិតថា​ ទំនាក់ទំនងបែបនេះ​ពិត​​បង្កើតចំណង​​ទាក់ទង​ស៊ីជម្រៅដោយ​ការទាក់ទាញខាងរាងកាយហើយជួយយើងឱ្យ​ ឆ្លងកាត់បន្ទាត់ធម្មតា​ទៅដល់«មនុស្ស​សំខាន់»លឿន។ តែ​…..មិនបានពីរខែទេ ក្រោយស្គាល់ខ្ញុំអស់ចិត្ត កាយវិការគេបានប្លែកឡើងៗ ហើយចិត្ត​ខ្ញុំមានការធានាតិចតួចបំផុត​ថា គេនឹងនៅជាប់លាប់ជាអនាគតជាមួយ​ខ្ញុំ។​ ពីរខែមកនេះចេញដើរជាមួយគ្នាតែពេលយប់ មិនដែល​បានជួបមិត្តភ័ក្តិរបស់គាត់ឬចូលរួមសង្គមដោយមាន​គាត់ ហើយសូម្បីខ្ញុំរៀនអ្វី មានអនាគតបែបណា ខ្ញុំស្រលាញ់អី​គាត់ប្រហែលជាមិនទាំងខ្វល់ដឹងផង គាត់អាចថា មិនឃើញតម្លៃនៅក្នុងបុគ្គលិកលក្ខណៈរបស់ខ្ញុំក្រៅពីខ្លួនប្រាណខ្ញុំទេ។

មិនពិបាកយល់ឡើយ ខ្ញុំជាស្រីងាយ!

មានអ្នកណាឱ្យតម្លៃទៅ?

ប្រុសអ្នកមាន​ដែលតែងតែទទួលបានការរួមភេទស្រួលៗពីខ្ញុំនិយាយជាមួយខ្ញុំតែរឿង​គគ្រិចៗ​ខ្ញុំដឹងថា​ចាជាសញ្ញាថាក្នុងទំនាក់ទំនងនេះ គេ​ចាប់អារម្មណ៍តែរឿងដេកជាមួយគ្នា​ប៉ុណ្ណោះ។

«ខ្ញុំមានផ្ទៃពោះហើយ!»

ព្រឹកនេះខ្ញុំតេស្តហើយផ្ញើSMSទៅគាត់។ គាត់មើលហើយមិនឆ្លើយទេ។ ងតែល្ងាចឡើងគាត់មកជួបខ្ញុំ ហើយ​​ផ្លាស់ពីរបៀបសន្ទនាផ្អែមល្ហែម ពាក្យ​ស៊ិចគគ្រិចៗមកជា​ពាក្យ​តឹងតែងនិងស្នើឡើង​យ៉ាង​លឿនឱ្យខ្ញុំទៅគ្លីនីក….​។

ខ្ញុំយំ​ហើយ​ឈ្លោះគ្នាខ្លាំងបណ្តេញ​ព្រានម្នាក់នេះចេញព្រោះឈឺចាប់ពេក។​ បន្ទាប់ពីនោះ គាត់មិនដែលឆ្លើយតបសារខ្ញុំឬខលមកសោះ។

បានប្រហែលមួយអាទិត្យ បងអិន បានធ្វើមុខក្រៀម ហៅខ្ញុំជួបហើយប្រាប់ថា​ខាងហាងកាត់បុគ្គលិក​ ឯខ្ញុំស្ថិតក្នុងបញ្ជីនោះ។

ខ្ញុំសើច ហើយឌឺគាត់ថា មេណាមួយ​អ្នកកាត់ខ្ញុំឱ្យ​បំបាត់ភស្តុតាង។

បងអិនបានត្រឹមតបខ្លីថា« ភស្ស​អើយ យើង​ពងមាត់កុំជល់នឹង​ថ្ម ! លុយនេះ គេសងជំងឺចិត្ត​ច្រើនដែរ​ទៅស្រុកវិញទៅ!»

សូម្បីបងអិនក៏ចង់ឱ្យខ្ញុំចេញ​ឱ្យឆ្ងាយពីភ្នំពេញ​ដែរ។

គិតទៅ ក្នុងរឿងអយុត្តិធម៌ ម្នាក់ៗ​ផ្សំគំនិត​តែជាមួយក្រុមដែលមានលុយមានអំណាច?

ខ្ញុំបើកស្រោមនោះមើលឃើញលុយ២ពាន់ដុល្លារ ប្រហែលជាជិត7 ខែនៃប្រាក់ខែគោលរបស់ខ្ញុំ។ ខ្ញុំចាកចេញដោយមិនលាអ្វីទេព្រោះឆ្អែតចិត្តណាស់។

ខ្ញុំ​មាន​អាយុក្មេងយ៉ាងនេះត្រូវមនុស្សម្នាក់ទាត់ចោលត្រឹម២ខែនៅជាមួយគ្នា? ​ខ្ញុំពិតជាមានអារម្មណ៍ថាវង្វេង និងច្របូកច្របល់ណាស់ទោះបីជាខ្ញុំធ្លាប់គិតនិងទុកថាខ្លួនឯងរឹងមាំ និងឡូយអស្ចារ្សជាងក្មេងខេត្តអាយុស្របាលគ្នា។

ប្រហែលមានតែបងអិន ឬអាមនុស្ស​ក្បត់ទេដឹងរឿងនេះ ឯម៉ែពុកនិងមីងពូបងៗខ្ញុំមិនដឹងអ្វីទាំងអស់។ ចិត្តខ្ញុំគឺ ចង់រកវិធីណា ថែរក្សាកូនខ្ញុំដោយ​ មិនមានអារម្មណ៍ស្ដាយក្រោយឡើយដែលមានគេក្នុងពោះ។ នៅរៀនទាំងកើតទុក្ខបានពីរអាទិត្យ ខ្ញុំ​បាន​ដឹងព័ត៌មាន​មក​ថា​សម្បូរ​បាន​ចាប់​ផ្តើម​ណាត់​ជួប Dating ​នឹង​ក្មេង​ស្រី18ឆ្នាំ​ម្នាក់ទៀតក្នុងសិល្បៈ។

បេះដូង​របស់​ខ្ញុំ​បាន​បាក់បបចុះ​​ខ្សោយរឹតតែថែមឡើងទៀត ទោះលែងស្រលាញ់សល់តែស្អប់ក្តី​។

ព្រានអ្នកមាន ​​មិន​បាន​ទាក់ទង​មក​ខ្ញុំ​ជិត១ ​ខែ​មក​ហើយ ។

ជារៀងរាល់ថ្ងៃ ​ខ្ញុំ​គិតម្នាក់ឯងវិលវល់ដោយមិន​ដឹង​ថា តើ​ខ្ញុំ​គួរ​ទាក់​ទង​ទៅគេឱ្យគិតរឿងកូនក្នុងពោះ ​ឬ​អត់ទេ ចំណែក​ពេលដែលកូនកើតចេញមកតើជីវិតនេះ​នឹងប្រែប្រួលទៅជាបែបណា?

ខ្ញុំតែងតែស្រមៃថា គេនឹងដឹងកំហុស តែពេលវេលាកន្លងទៅ សម្លាប់បណ្តើរៗនូវសេចក្តីសង្ឃឹមរបស់ខ្ញុំ។ ខ្ញុំមិនបានព្យាយាមរង់ចាំទៀតនោះទេ។

ក្នុងសភាព​ឈឺចាប់ ខ្ញុំប្រាប់ខ្លួនខ្ញុំថា នារីថ្មីៗក្រោយៗទាំងនោះ​នឹងមកលំនាំដូចខ្ញុំ។ តែក្រោយមកមានអ្នកមកប្រាប់ខ្ញុំថា ​ពួកគេបាន​នៅជាប់លាប់រីករាយនឹងគ្នា​ព្រោះខាងស្រីជាអ្នកចំណាប់ខាងការពារ​ប្រុសស្នេហ៍មិនឱ្យឆាបហោះហើរបាន ណាមួយ​នាង​គ្មានកូនទេ នាងក្មេងមែន តែម្តាយនាង​ធ្លាប់នាំឱ្យអ្នកមានៗច្រើនហើយ ​នាងមិនធ្លោយមានផ្ទៃពោះព្រោះល្ងង់ត្រង់ធ្លូដូច​ខ្ញុំឡើយ ដូច្នេះហើយនាងក៏មិនបានយំម្នាក់ឯងរាល់យប់ដូចខ្ញុំដែរ។

ខ្ញុំវិលទៅស្រុកចំថ្ងៃភ្ជុំបិណ្ឌ។

មិត្តចាស់របស់ខ្ញុំម្នាក់ ត្រូវបានគេនិយាយដើមថា បានរៀបការជាមួយបុរសអ្នកមានម្នាក់​នៅបាត់ដំបង វ័យប្រហែលឪពុកនាង ហើយ​ត្រូវប្តីធ្វើបាបស្ទើរតែរាល់ថ្ងៃក៏មិនព្រមលែងលះ ព្រោះគ្មានជំនាញនិងរបរអ្វី​អាចចិញ្ចឹម​ជីវិតបានជាមួយកូនដល់ទៅពីរនាក់។

ទម្រាំដល់ឆ្លងកាត់ការឈឺចាប់និងមេរៀនអស់នេះ ខ្ញុំទើបដឹងខ្លួន​ដូចខ្មោច៧ថ្ងៃនិងវិលមកគិតសារដើមថា មានតែចំណេះ​ជំនាញ ទេជាអនាគតពិតនៃម៉ែកូនយើង។ ខ្ញុំរកឱកាសសារភាពប្រាប់ម៉ែពីរឿងនេះ នឹងបាន​គាត់អភ័យទោសទទួលស្គាល់កូននេះ តែមិនទាន់និយាយចេញនៅឡើយ។​​​

«ស្អែកយើងទៅវត្តនៅអន្លង់ប៉ែនណាកូន ក្រោកជួយដាំបាយស្លរម៉ែពីមាន់រងាវ !»ម្តាយខ្ញុំបង្គាប់។

«អន្លង់ប៉ែននៅដល់ណាម៉ែ?»

តាមពិតចាស់ៗនៅតែចង់ផ្គូផ្គងខ្ញុំជាមួយម្នាក់ដែលធ្វើការនៅធនាគារនោះ។

ម្ល៉ោះហើយ ថ្ងៃនោះខ្ញុំបានជួបជាមួយគាត់ពេញ​មួយថ្ងៃ​ហើយហូបបាយជុំគ្នានៅវត្ត​។ នេះជាការជួបដោយចៃដន្យនិងដំបូងរបស់យើងតែ​ភ្លាមៗនោះខ្ញុំមានអារម្មណ៍ថា ខ្ញុំនិងប្រុសម្នាក់នៅអន្លង់ប៉ែននេះ​ហាក់ជានិស្ស័យ​ឬមានទំនាក់ទំនងជាមួយគ្នាយូរមកហើយ​សឹងពិបាកក្នុងការពន្យល់។

«នៅភ្នំពេញម៉េចដែរ?»

គាត់ឈ្មោះភារ៉ា គាត់សួរខ្ញុំឱ្យតែបានសួរនឹងអាលបាននិយាយគ្នា ប៉ុន្តែការសម្លឹងមើលទៅមកក្នុងភ្នែករបស់ខ្ញុំ គាត់គឺដូចជាបានបង្ហាញពីការយកចិត្ត​ទុកដាក់ខ្លាំងនិងពិតជាពេញចិត្ត​ចំពោះខ្ញុំ។

ខ្ញុំសើចនិងឆ្លើយឌឺ៖

«ម៉េចដែរមានន័យថាម៉េច?»

«ចង់ដឹងថា សប្បាយដូចពោធិ៍សាត់ទេ?»

ខ្ញុំទម្លាក់ទឹកមុខនឹកដល់រឿងអាថ៌កំបាំងរបស់ខ្លួនឯងដ៏ឈឺចាប់និងបរាជ័យយ៉ាងអាម៉ាស់ព្រោះភាពភ្លើតភ្លើន។ ខ្ញុំឆ្លើយវិញ​ធម្មតាៗ៖

«មិនដែលកន្លែងណាសប្បាយជាងស្រុកកំណើតទេបង!»

គាត់រីករាយដែលខ្ញុំហៅគាត់ថាបង។​ យើង ត្រូវបាន​គេបង្កឱកាសឱ្យជជែកគ្នា​ពីការងារ ពីសេដ្ឋកិច្ចនិងវិស័យធនាគារ។ ចំណែកខាងក្នុងចិត្ត​ខ្ញុំវិញ ស្តាយក្រោយណាស់ពេលឃើញមនុស្សម្នាក់នេះផ្ទាល់។

គាត់មិនហ៊ឺហារតែ បើកូនក្នុងផ្ទៃខ្ញុំបានឪពុកបែបនេះ កក់ក្តៅជាងមនុស្ស​ហាយសូព្រានជើងបោក។ គេមិនទាំងដែលស្គាល់ខ្ញុំផងគេបានចូលស្តី​ខ្ញុំដល់ម៉ែឪ ចំណែក​ខ្ញុំជ្រើសយកប្រុសប៉ោឡែរំលងប្រពៃណី ហើយធុញថប់ស្អប់ខ្ពើមអ្នកដែលចងឱ្យផ្កាស្លាមកខ្ញុំទៅវិញ

«ខែក្រោយនៅណេះមាន​បុណ្យភូមិ!»

គេចង់ជួបខ្ញុំទៀត។ ខ្ញុំដឹងច្បាស់ណាស់ជាមួយការសន្ទនានេះ។

«ខ្ញុំមិនដឹងបានមកពោធិ៍សាត់អត់ទេ!»ខ្ញុំតបទាំងទាក់ទើរ។

«អ៊ីចឹង ខ្ញុំទៅលេងសម្ភស្ស​នៅភ្នំពេញបានទេ!»

ខ្ញុំមិនមាត់ ម្យ៉ាង​ចង់ទុកពេលឱ្យខ្លួនឯង ម្យ៉ាងទៀតមិនទាន់សម្រេចចិត្ត​ថាចង់ជួបគេនេះម្តងទៀតនៅឡើយ។ គឺមិនច្បាស់លាស់ទេ។ ក្នុងផ្ទៃខ្ញុំមានជីវិតមួយទៀត​ ដែលខ្ញុំលែងដូចពីមុនទៀតហើយ ឬសូម្បីតែមានសិទ្ធិពេញលេញក្នុងការ​ទទួលបានផ្កាស្លាពីគេ។

មានភាគបន្ត…