ដំណើរជីវិត (សៀវភៅអប់រំចិត្ត​)

ជីវិតយើង ទោះបីយ៉ាងណាក៏ដោយអាចហៅថាជាដំណើរមួយ ដែលយើងត្រូវរៀនដើរ រៀនឆ្លងកាត់ ដើម្បីក្រេបជញ្ជក់យក​នូវសេចក្តីស្រឡាញ់ លោតរំលងភាពស្អប់ បង្កើតនូវរឿងល្អ បន្សល់ទុកនូវកំណប់ ដូចជាចំណេះដឹង និងបទពិសោធន៍។ល។

 មនុស្សគ្រប់រូប មានជីវិតមួយដែលមាន​អត្ថន័យផ្សេងគ្នា ដូច្នេះចំពោះដំណើររបស់ពួកគេក៏មិនអាចចម្លងគ្នាដែរ។

 ដំណើរជីវិតតែងតែបង្កប់ឬពោរពេញទៅដោយឧបសគ្គ ពុំនោះវានឹងគ្មាន​សមិទ្ធិផលអ្វីកើតឡើងទេ ព្រោះបើមិនពុះពារគឺ​ធុញ ។

សម្រង់​ទីមួយ

 «ផ្នែកដ៏អស្ចារ្យបំផុតនៃជីវិត គឺការឆ្លងកាត់ដំណាក់កាលតស៊ូ ដូចគ្នានឹងការធ្វើដំណើរតាមផ្លូវដែលរីករាយ មិនមែនមកដល់គោលដៅហើយទើបរីករាយទេ។»

ដំណើរជីវិត ពាក់ព័ន្ធសំខាន់នឹង​បណ្តា​​រឿង​រ៉ាវនានាដែល​កើតមាន​ឡើង​នៅ​តាម​ផ្លូវ ពីវ័យក្មេង យុវវ័យ វ័យកណ្តាល និងចូលចំណាស់។ ទិដ្ឋភាពទាំងនេះខុសគ្នា ហើយដំណោះស្រាយឬការប្រព្រឹត្តិក៏តែងតែខុសគ្នា។​ ជួនកាលនៅក្នុងការធ្វើដំណើរដ៏វែងបំផុតដែលយើងធ្វើ ពាក់ព័ន្ធលើផ្នត់គំនិតនិងបេះដូងរបស់យើងថាតើយើង​ចង់ដើរត្រសងជាមួយនឹងអ្នកណា អ្នកណាដែលបន្ថែមកម្លាំងដល់យើង អ្នកណាវាយយើងផ្តួល អ្នកណាដែលធ្ងន់ពេកយើងត្រូវចាកចោល ឬអ្នកណាដែលស្ពាយគ្នាជាមួយយើង យោងគ្នាទៅវិញទៅមកមិនចេះបោះបង់?

ពេលវេលានៃជីវិតមិនដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែទាក់ទងនឹងរបៀបដែលការធ្វើដំណើរនេះ អាចផ្លាស់ប្តូរតួអង្គរបស់យើង អ៊ីចឹងហើយបានជាគេនិយាយថា​ទោះលំបាកឬស្រណុកវាមានតម្លៃជាមេរៀន និងជា​លទ្ធផល។ មនុស្ស​គ្មាន​វិធីគេច មានតែព្រមដោយក្លាហាន និងរៀនជឿជាក់លើខ្លួនឯងសិន ទើបការធ្វើដំណើរ ទៅមុខ មិនសូវ​ស្ត្រេស ហត់ និងចុះចាញ់​ឆាប់ដួល​ឆាប់បោះបង់។

សម្រង់ទីពីរ

«ជីវិតគឺជាឱកាសមួយ! មនុស្សត្រូវចេះចាប់យកការរស់នៅ ថ្ងៃនិមួយៗឱ្យបានពេញលេញបំផុតព្រោះ ជីវិត​មិន​មែន​ជា​គម្រោង​ទេ ប៉ុន្តែ​ជា​ដំណើរ​ដែល​ត្រូវ​រីករាយ»

ដំណើរជីវិត​រមែង​ផ្លាស់យើង​ក្នុងរូបភាព​ធ្លាប់​មាន​កាល​ពី​មុន ឱ្យក្លាយទៅ​ជា​អ្នក​ណា​ម្នាក់ថ្មីដែលអភិវឌ្ឍ។ មិនមែនការដើរថយក្រោយទេ បែបនេះហើយបានជាគេតែងនិយាយថា កុំសម្លឹងអតីតកាល បោះចោលខ្លះទៅ ហើយឆ្ពោះទៅមុខទៀត។  ពេលយើង​​ចេញ​ដំណើរដំបូងយើងព្យាយាមក្រោកតេះតះ រៀនដើរ រៀនទប់រួចរៀនរត់។ ហើយ​ពេលយើងធំពេញវ័យ ឧបសគ្គ​ហែរហូរនៅ​​គ្រប​ដណ្តប់ពេញ​លើ​ផ្លូវរង់ចាំសាកល្បងយើង។  មនុស្ស​តែងតែគេចមិនបាន​ក្នុងការ​ទទួលយកដំណើរជីវិត ដោយការដឹងគុណ បានន័យថាជាឱកាសនៃការរៀន ឧបសគ្គជាការល្បងនិងលត់ដំ ការតស៊ូជាបទពិសោធ៍ន ដូច្នេះថាវិធីដែលយើង​ធ្វើដំណើរតាមផ្លូវរបស់អ្នកយើង  ពិតជាមានសារៈសំខាន់ជាងការទៅដល់គោលដៅចុងក្រោយ ។ មនុស្ស​កាន់តែហត់ឡើងៗ ព្រោះពួកគេស្រេកឃ្លាន​«ការឈ្នះ » ហើយ​ខ្លាច«ការបាត់បង់ឬបរាជ័យ»តែទោះបីជាភ័យខ្លាច ឬខំបង្កា​យ៉ាងណា ក៏គ្មានអ្នកណាជៀសរួចឡើយ។

យើងមើលអ្នកលេងបាល់ទាត់ អាជីពនេះក៏ហាក់បីដូចជាជាដំណើរមួយ និយាយអំពីការរីកលូតលាស់ និងការផ្លាស់ប្តូរ ឈានដល់លក្ខខណ្ឌច្បាស់លាស់ជាបញ្ញត្តិរបស់ជីវិត។

មិនថាយើង ពូកែបែបណា ខ្លាំងកម្រិតណា យើងនៅតែមិនអាចជោគជ័យរហូតទេ។ យើងប្រឹងរហូត ​តែជួនក៏ជោគជ័យ ជួនអាចបរាជ័យ។

សម្រង់ទីបី

«ពេលវេលាយើងមាន​ខ្លីពេកណាស់ សម្រាប់ការបង្កើតគំនិតនិងការរៀន ដូច្នេះបានជាការអាន​ សៀវភៅរឹតតែមានតម្លៃនិងជំរុញបានលឿននៃដំណើរជីវិតយើងម្នាក់ៗ»

មានអ្នកស្គាល់គ្នា​របស់ខ្ញុំម្នាក់ថ្មីៗនេះបានទទួលមរណភាពដោយរោគាពាធដែលមិនធ្លាប់ស្មានដឹងមុនទេ។ ឧប្បត្តិហេតុនេះបានធ្វើឱ្យខ្ញុំគិតច្រើនឡើងៗអំពីជីវិត និងរបៀបដែលយើងរស់នៅ។ យើងច្រើនតែជាប់គាំងក្នុងរឿងតូចតាចដែលមិនសំខាន់ ហើយមិនយកចិត្តទុកដាក់ចំពោះមនុស្សរញ៉េរញ៉ៃ ឬបណ្តារឿងដែលស្មុគដដែលៗ បានជា​យើង​ខាតពេល ឬអាចនិយាយថា ចិត្តគំនិតយើង​ជាទូទៅឈប់រីករាយនឹងការធ្វើដំណើរនឿយណាយ ហត់នឿយ​វិលវល់គ្មានគោលដៅ។

ទោះយ៉ាងណា យើង​អ្នកអាចផ្លាស់ប្តូររឿងនេះបាន។ អាថ៌កំបាំងនៃសុភមង្គលនៅត្រង់នេះ គឺការព្រមទទួលយកថា យើងនឹងជួបរឿងខកបំណង ពីកន្លែងខ្លះ ឬមនុស្សខ្លះ​និងកាលៈទេសៈខ្លះនៅ ក្នុងជីវិត រឿងនេះមិន​សំខាន់​ថា ​យើង​អាយុ​ប៉ុន្មាន ធ្វើ​អ្វី ឬ​មាន​លុយ​ប៉ុន្មាន​ទេ។ ដំណើរ​របស់​យើង​គឺ​ជា​មេរៀន​ផ្ទាល់​ខ្លួន​មួយ​ដែល​ពោរពេញ​ដោយ ​ហេតុផល​ដើម្បី​រីករាយនិងការជំរុញទឹកចិត្ត ប្រសិន​បើយើងឈប់លែងប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃ ហើយដឹងថា ជីវិតមនុស្ស​មានដំណើរនិងសុភមង្គលខុសគ្នា ពេលនោះយើងនឹង​រស់នៅបាន​ពេញលេញក្នុងរបៀបរបស់យើងដោយ​ផ្អែកលើគុណតម្លៃ(ជំនឿសុចរិត)របស់យើងម្នាក់ៗធ្វើជាយាន។

សម្រង់ទីបួន

«មនុស្ស​ចេះដឹងគុណតែងមាន​សុភមង្គល»

ស្វែងរកអ្វីមួយ ដែលយើងអាចស្ងើចដឹងគុណ ! ធំឬតូចសុទ្ធតែសំខាន់ទាំងអស់ដើម្បីបង្កើតភាពស្កប់ស្កល់និងមោទនភាពឡើងវិញ។  ប្រាប់មនុស្សដែលនៅជុំវិញថា យើងដឹងគុណអំណរ​ចំពោះមិត្តភាពរបស់ពួកគេ ដឹងគុណកាលៈទេសៈល្អៗ ដឹងគុណមនុស្សដែលបង្រៀនយើងទាំងអាក្រក់និងល្អ ដឹងគុណជាតិទឹកដី ស្រុកកំណើត​វប្បធម៌ដូនតា។

មានការរកឃើញថា មនុស្ស​ដែលរស់នៅក្នុងសម្ពាធខ្ពស់ និងមិនចេះដឹងគុណ ឬមិនចេះ​សប្បាយចិត្ត តែងតែបន្ទោសពីរបៀបដែលខ្លួនឆ្លងកាត់ទៅអ្នកដទៃ ដោយគ្មានការត្រួតពិនិត្យ បញ្ហា​ផ្ទាល់របស់ខ្លួន យូរៗទៅអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការជីវិត អាជីព និងសុខភាពទ្រុឌទ្រោម។ មនុស្សខ្លះបំភ្លេចគុណ និងវាយប្រហារដណ្តើមឱកាស រកចំណុចមិនល្អមកគិត រកភាពអគតិមកផ្តុំឱ្យក្លាយជាឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើ ជីវិតដែលភាគច្រើនគេបោះបង់ចោល​ការតស៊ូដោយគ្មាន​ថាមពលវិជ្ជមាន​សម្រាប់បន្តដំណើរជីវិតឡើយ។

អត្ថប្រយោជន៍មួយចំនួននៃការអនុវត្តការដឹងគុណ ជាធម្មតាគឺវាបានទាញផ្នត់គំនិតយើងឱ្យគិតអំពីអ្វីមួយដែលល្អ លើគ្រប់ស្ថានភាព វាបង្កើតជាសេចក្តីសង្ឃឹម ហើយ​ផ្តល់ហេតុផលដល់យើងក្នុងការបន្តដំណើរទៅមុខជាមួយការប្តេជ្ញាចិត្ត។

សម្រង់ទីប្រាំ

«ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សូមបន្តដើរនឿយហត់ និងរៀនជាមួយសកម្មភាពថ្មីជានិច្ច»

កុំធ្វើកិច្ចការច្រើនដល់ថ្នាក់មិនអាចផ្តោតបានល្អលើអ្វីមួយជាក់លាក់។ បច្ចុប្បន្នភាពសំខាន់ណាស់​កុំរស់នៅ​ក្រៅវដ្តិ៍នៃសង្គម។ ត្រូវមាន​តុល្យភាពជីវិតរបស់យើង ទាំងហារ​និយាយនិងការ​ធ្វើជាក់ស្តែងផង។

ត្រូវហ៊ាន​ចំណាយលើការធ្វើដំណើរទាំងពេលវេលា​និងធនធាន ព្រោះបើកចិត្តរបស់យើងនិងបង្រៀនយើងពីអ្វីដែលពិភពលោកកំពុងធ្វើ។ មិនមែន​ដើរលេងដើម្បីថតបង្អួតគេឯងហើយវិលមកវិញក្រៀមស្រពោនទេ ការស្គាល់អ្វីៗច្រើននិងថ្មី ធ្វើឱ្យយើង​កាន់តែមានភាពអត់ធ្មត់ និងយល់ដឹង​ចេះអាធ្យាស្រ័យចេះឱ្យតម្លៃអ្នកដទៃ និងឱ្យតម្លៃខ្លួនឯង ចេះ​ដឹងគុណ​ចំពោះអ្វីដែលយើងមាននៅឯផ្ទះ ចេះស្ងើចសរសើររការរក្សាទុកមករបស់ដូនតាយើង។

ក្រៅពីនោះទៀត ការយល់ដឹងអំពីបច្ចេកវិទ្យាពិតជាមានឥទ្ធិពលសំខាន់លើប្រតិបត្តិការអាជីវកម្មនិងអាជីពគ្រប់យ៉ាង។  មិនថាសហគ្រាសទំហំប៉ុនណានោះទេ បច្ចេកវិទ្យាមានអត្ថប្រយោជន៍ទាំងរូបី និងអរូបី ដែលនឹងជួយយើងរកលុយ និងបង្កើតលទ្ធផលដែលអតិថិជន ទាមទារ។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាប៉ះពាល់ដល់វប្បធម៌ ប្រសិទ្ធភាព និងទំនាក់ទំនងនៃអាជីវកម្មថែមទាំងប៉ះពាល់ទៀតដល់សុវត្ថិភាពនៃព័ត៌មានសម្ងាត់ និងអត្ថប្រយោជន៍ពាណិជ្ជកម្មផងដែរ។

នៅក្នុងបរិយាកាសធុរកិច្ចនាពេលបច្ចុប្បន្ននេះ ពិតចាំបាច់ណាស់ សម្រាប់បុគ្គលិកក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនឱ្យបានរហ័ស និងច្បាស់លាស់។ ការយល់ដឹងនិង​ចេះប្រើប្រាស់បច្ចេកវិទ្យា ទទួលបានអត្ថប្រយោជន៍ព្រោះទំនាក់ទំនងកាន់តែប្រសើរឡើង បង្កើតរូបភាពសាធារណៈល្បីឆាប់ និងកាន់តែរឹងមាំ។

មនុស្សដែល​រីចម្រើនសមត្ថភាពបច្ចេកវិជ្ជា តែងតែរលូនក្នុងការស្រាវជ្រាវរកបន្ថែម​ឱកាសថ្មីៗនឹងស្ថិតនៅមុខមុនគេឯងមួយជំហានជានិច្ច។

សម្រង់ទី៦

«ការជួយគ្នា ជារង្វាន់ធំដល់ខួរក្បាលនិងចិត្ត​របស់យើង»

មនុស្សត្រូវបានគាំទ្រដោយគីមីសាស្ត្រខួរក្បាល។ នៅក្នុងការសិក្សាដោយវិទ្យាសាស្ត្រ ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានផ្តល់ប្រាក់ចំនួន 100 ដុល្លារដល់អ្នកចូលរួម ហើយដាក់វានៅក្នុងម៉ាស៊ីនស្កេន ។ បន្ទាប់មកពួកគេត្រូវបានគេផ្តល់ឱកាសឱ្យបរិច្ចាគប្រាក់ទាំងនោះ ការបរិច្ចាគត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ឬនិងដោយបង្ខំ​ ដូច្នេះអ្នកវិទ្យាសាស្ត្រអាចមើលឃើញភាពខុសគ្នារវាងការផ្តល់ដោយស្ម័គ្រចិត្ត ឬត្រូវបានបង្ខំ ។ នៅពេលដែលយើង ចូលរួមផ្តល់ដោយស្ម័គ្រចិត្ត បរិមាណសារធាតុ dopamine កើនឡើងខ្ពស់នៅក្នុងផ្នែកនៃខួរក្បាលយើង ហើយផ្សារភ្ជាប់ដោយ ដំណើរការរង្វាន់ផ្លូវចិត្ត​ដែលមិនរំពឹងទុក។ ការធ្វើឱ្យសកម្មភាពនេះអាចពន្យល់ពីមូលហេតុដែលមនុស្សបន្តផ្តល់ឱ្យ អ្នកដទៃសូម្បីតែគ្មានរំពឹងបានអ្វីត្រឡប់ឬសូម្បីខ្លួនឯងកំពុងតែពិបាក។

នៅក្នុងដំណើរជីវិតរបស់យើង នៅពេលដែលយើង​បាន​ជួយដល់នរណាម្នាក់ យើងនឹងទទួលបានអារម្មណ៍វិជ្ជមានជាថ្នូរ ត្រឡប់មកវិញ។ សម្រាប់មនុស្សដែលត្រូវបានយើងជួយ ពួកគេក៏មានអារម្មណ៍ល្អ ចំពោះទង្វើនោះ ដែរតែមិនយូរស្ថិតស្ថេរដូចយើងជាម្ចាស់នៃ សេចក្តីសប្បុរសទេ។

សប្បុរសដោយ​សេចក្តីស្មោះត្រង់ត្រូវបានគេឱ្យតម្លៃ ហើយក្នុងដំណើរនៃជីវិត​យើងនេងមានអារម្មណ៍ថាមានសុវត្ថិភាពសប្បាយរីករាយផ្ទុយពីមនុស្សកំណាញ់។

សម្រង់ទី៧

«បង្កើនការគោរពខ្លួនឯងជាអារម្មណ៍វិជ្ជមានដែល មានឥទ្ធិពលលើរបៀបដែលយើងមើលឃើញខ្លួនយើងនិងឱ្យតម្លៃលើដំណើរជីវិត​យើង»

ការស្រាវជ្រាវបានបង្ហាញថា នៅពេលដែលមនុស្សម្នាក់ៗ ចេះជួយចេះឱ្យតម្លៃ ចេះដឹងគុណ គឺជាការផ្តល់ភាពជាពិសេសបង្កើនការគោរពខ្លួនឯងស្រលាញ់ជីវិត ពេញចិត្តនឹងដំណើរទៅមុខរបស់ខ្លួន​យល់ថាខ្លួនឯងមាន​តម្លៃក្នុងការរស់នៅ និងប្រើប្រាស់ពេលវេលាប្រកដោយប្រសិទ្ធិភាព។ ការគោរពខ្លួនឯង ជាកត្តារួមចំណែកសំខាន់ដល់សុខភាពចិត្ត អាចពន្យារអាយុជីវិត ឱ្យ​​មាន​អាយុ​វែង​ជាង​មុន។ ការសិក្សាឆ្នាំ 2003 មួយនៅអង់គ្លេស ដែលបានពិនិត្យទៅលើក្រុមមនុស្សចាស់ ដែលខ្លះកំពុងផ្តល់ការគាំទ្រជំនួយដល់សង្គម និងខ្លះទៀតដែលកំពុងទទួលជំនួយលទ្ធផល​បង្ហាញថា ការផ្តល់ជំនួយសង្គម ធ្វើឱ្យមនុស្សម្នាក់នោះ នៅតែមានអារម្មណ៍ជីវិតគាត់នៅតែ​រស់រវើក សកម្មនិងមានតម្លៃ​ទោះគាត់ជរាកម្រិតណាក្តី។

ជាសរុបមក ការគោរពខ្លួនឯងជាការកសាងទំនុកចិត្ត និងបង្កើតជាដំណើរជីវិតឆ្ពោះទៅរក

គោលដៅដែលពេញដោយក្តីសង្ឃឹម។  អ្នកដែលនិយមកសាងទំនុកចិត្ត និងការគោរពខ្លួនឯង តែងតែមានលទ្ធភាពពង្រឹងគ្រួសារ និងជីវិតអាពាហ៍ពិពាហ៍បានល្អជាងអ្នកផ្សេង  គេគ្រប់គ្រងភាពតានតឹង និងចេះរំដោះខ្លួនពីរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ល។

​មនុស្ស​មួយ​ចំនួន​ដែលយើងយល់ថាគេ​មាន​សំណាងតាមពិត​មកពីដំណើររបស់គេពោរពេញដោយទំនុកចិត្ត និងមាន​សុភមង្គលទោះបីមិនទាន់ទទួលបានជោគជ័យក៏ ពួកគេមានអារម្មណ៍ស្រលាញ់ និងមិនស្រេកឃា្លនការឱ្យតម្លៃអស្ចារ្ស ពួកគេមិនបង្អួត​ពួកគេមិនប្រៀបធៀបហើយពួកគេចេះ« គ្រប់គ្រាន់»។

លុយមែនទេ? ឱកាស? ទេពកោសល្យ? បញ្ញា? សម្រស់? ប្រជាប្រិយភាព? ចំនួននៃការlikesលើបណ្តាសង្គម លើប្រព័ន្ធផ្សព្វផ្សាយទើបបង្កើតជាការគោរពខ្លួនឯង? ពុំមែនទេ មានការគោរពខ្លួនឯងទើបមាន​របស់ទាំងនោះមកតាមក្រោយ។

សម្រង់ទី៨

«យើងរៀនបានកាន់តែច្រើន នៅពេលកាន់តែចាស់»

ច្បាប់ធម្មជាតិមួយនេះ ត្រូវបានបង្កើតឡើងដើម្បីបំបែកគំនិតមនុស្សយើងឱ្យក្លាហានដើម្បីរស់នៅតាមលក្ខខណ្ឌរបស់ខ្លួនឯង។ ទោះមិន​ព្រម​ចុះ​សម្រុង​នឹងជីវិត ក៏​ផ្លូវ​ដែល​គ្រប់គ្នា​បាន​ធ្វើ​ដំណើរ​ ស្ទើរតែពេញមួយជីវិតគឺ ស្វែងរកភាពសុខដុមរមនាក្នុងជីវិត ។ ដំណើរស្វែងរកដែលគួរឱ្យចាប់អារម្មណ៍ប្រហែលជាមនុស្សភាគច្រើននៅលើភពផែនដីតូចមួយនេះ ដោយព្យាយាមស្វែងរកចម្លើយចំពោះជីវិតថា តើមានន័យដូចម្តេច? តើជីវិតជាអ្វី? តើជីវិតសមនឹងរស់នៅនៅពេលណា? ពេលណាត្រូវស្វែងរកសន្តិភាពផ្លូវចិត្ត?

ភាពចាស់ទុំតាមពេលវេលា ជួយយើងឱ្យចេះបត់បែន ចេះបន្សាំចិត្ត ចេះសង្កត់តណ្ហា និងកាន់តែចេះឱ្យតម្លៃលើភាពសុខដុមរមនាលើភាព ជិតស្និទ្ធនៃគ្រួសារ និងមិត្តភក្តិ ជាងកាលពីនៅក្មេង​ដែលយើង ឱ្យតម្លៃលើ ភាពសុខដុមរមនាថាតាមរយៈសម្ភារៈឬទ្រព្យសម្បត្តិ។

នៅពេលដែលយើងជឿថា វាជាអ្វីដែលចាំបាច់ដើម្បីរីករាយ ការគោរព និងមានអត្ថន័យក្នុងជីវិតទម្លាប់ និយមភាពល្អឥតខ្ចោះបានត្រូវទាត់ចោល ដែលកាលពីយើងនៅក្មេង ទម្លាប់ចង់បានឡូយ​អស្ចារ្ស​ៗធ្លាប់បាន​បង្កើនបញ្ហាប្រឈមមកឱ្យយើងហត់នឿយឡើងៗ។

ព្យាយាមបំពេញនូវជំនឿចិត្តដោយ​ ​តុល្យភាព រវាងរកភាពសុខដុមរមនា ទោះក្នុងភាពមិនចុះសម្រុងគ្នា ដោយមនុស្សយើងកើតមកមានប្រាជ្ញានិងចំណេះ​ដឹងក៏ដើម្បីទុកមកដោះស្រាយលើរឿងទាំងនេះ។

ត្រូវចាំថា ជីវិតស្ទើរតែមិនអាចទៅរួចទេក្នុងការធ្វើឱ្យមានតុល្យភាពល្អ គ្រប់សព្វ ឬថាគ្រប់យ៉ាង​នឹងស្ថិតក្រោមការគ្រប់គ្រងban ទាំងអស់។ ដូច្នេះហើយមានទ្រឹស្តីខ្លះលើកឡើងថា ជីវិតគឺពិបាកហើយ តែការស្វែងរកតុល្យភាពទាំងរីករាយនិងទុក្ខសោក​គឺរឹតតែពិបាក ដូច្នេះយើងត្រូវចេះទទួលយកថា អ្វីៗ មិនអាចនៅជាមួយយើង​ជារៀងរហូតទេ។ គ្រប់គ្រងតែអ្វីដែលយើងអាចគ្រប់គ្រងបានទៅបានហើយ ដូចជា កុំធ្វើឱ្យអ្នកដទៃឈឺចាប់ដោយចេតនា ឬកុំឈឺចាប់យូរ ពេកត្រូវរៀនបំភ្លេច។ល។

នៅពេលដែលយើងយល់រឿងទាំងនេះ នឹង​ទទួលយកតាមសម្រួល នឹងជួយសន្សំថាមពលបានច្រើន ទទួលបានកម្លាំង និងភាពរឹងមាំ លើសពីពេល​មុន។ មនុស្សខ្លះចំណាយដំណើរជីវិតរស់នៅក្នុងជីវិតអ្នកដ៏ទៃ សមទេ? ជីវិត​គឺ​ខ្លី​ណាស់ ដូច្នេះប្រើវាឱ្យបានល្អ។ កុំ​ឱ្យ​មនុស្ស​ផ្សេង​ទៀត ឬ​សង្គម​កំណត់​នូវ​អ្វី​ដែលយើង ​ត្រូវ​ធ្វើ កំណត់របៀប​ដែល​យើង​ត្រូវ​រស់នៅ ។ ចូរ​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួន​ឯងកុំកហុកខ្លួនឯងព្រោះរឿងនេះហត់ណាស់ គ្មានអ្នកណាមកជួយយើងបានទេ។

សម្រង់ទី៩

«រៀនឥតឈប់ឈរ ដើម្បីបើកចិត្ត ទទួលយកអ្វីដែលថ្មី ពេញមួយជីវិត. ចាំទុកថាការរៀនមិនចេះចប់​ទេ»

ការចង់ដឹងចង់ឃើញ គឺជាម៉ាស៊ីននៃកម្លាំងចិត្ត ដែលយើងគ្រប់គ្នា​ត្រូវតែវិនិយោគក្នុងជីវិតទើបទទួលបានមកវិញនូវ ភាពរីកចម្រើន និងអារម្មណ៍សប្បាយជាមោទនភាព ភាពភ្លឺស្វាងនៃអាជីព និងការដោះស្រាយបញ្ហា។

យោងតាមការស្រាវជ្រាវថ្មីៗនេះ វិទ្យាសាស្ត្របង្ហាញថា មនុស្សអាចរស់នៅបានយ៉ាងហោចក៏១៣០ឆ្នាំ ដែរ និងថែមទាំងអាចលើសពីនេះទៀត និងមានខ្លះលើក ហេតុផលថា គ្មានអាយុអតិបរមាសម្រាប់មនុស្សនោះទេ។

ទស្សនាវដ្តី Royal Society Open Science បាន ជជែកដេញដោលនិងវិភាគទិន្នន័យថ្មីៗឆ្នាំ២០២២អំពីមនុស្សដែលមានអាយុលើសពី១១០ ឆ្នាំ ដោយលើក​សម្តីអះអាងរបស់​លោក Anthony Davison សាស្ត្រាចារ្យផ្នែកស្ថិតិនៅវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីសនៅទីក្រុង Lausanne (EPFL) ដែលដឹកនាំការស្រាវជ្រាវ «គ្មានដែនកំណត់ចំពោះអាយុជីវិតរបស់មនុស្សទេ និងវ័យទេ បើយើងកាន់តែនៅចង់រៀន កម្រិតខួរក្បាលយើងនៅតែស្ទុះស្ទារ​យើងនៅតែមាន​ពេលវែងឆ្ងាយ»។ សំណុំទិន្នន័យដំបូងដែលក្រុមនេះ ចេញពីមូលដ្ឋានទិន្នន័យអន្តរជាតិស្តីពីអាយុយឺនយូរ ដែលគ្របដណ្ដប់លើមនុស្សចាស់ជាង 1,100 នាក់មកពី 13 ប្រទេស រួមទាំងអ៊ីតាលីនិងជប៉ុនផង បង្ហាញថា មធ្យោបាយបង្កើនទំនាក់ទំនងសង្គម កាត់បន្ថយសុរា កាត់បន្ថយការតឹងតែងដោយការប្រៀបធៀប​ បន្ថែមពេលវេលាជួបជុំនិងក្រុមគ្រួសារ មិត្តភក្តិ ចូលរួមសិក្ខាសាលា រៀនជំនាញថ្មី អាចជួយបង្កើនអាយុរបស់មនុស្សយើង។