រឿង៖ កញ្ចក់ខ្មោច

នៅពេលយប់អធ្រាត្រ…
ឆ្នាំ១៩០០
​នៅតាមផ្លូវដ៏ស្ងាត់ជ្រងំ មានរទេះគោមួយបរនៅលើផ្លូវដោយប្រើចន្លុះបំភ្លឺផ្លូវ ទោះបីមានភ្លៀងធ្លាក់ខ្លាំងស្ទើរមើលផ្លូវមិនឃើញក៏ដោយ។
«ឪវា!ពិតជាធ្វើបែបនេះពិតមែនអ្ហះខ្ញុំអាណិតកូន…»
«យើងគ្មានជម្រើសទេម៉ែវា»
«តែយ៉ាងណាខ្ញុំក៏នៅតែមិនដាច់ចិត្តដែរឪវា»
«មកពីវាធ្វើទុក្ខព្យាបាទអ្នកស្រុកពេក ទើបយើងចាំបាច់ត្រូវធ្វើបែបនេះ ចុះមកម៉ែវា! ដល់ទន្លេហើយ»
រទេះគោឈប់នៅក្បែរទន្លេទួលគ្រាំងដែលនៅដាច់ស្រយាល ព្រោះទីនេះមិនសូវមានផ្ទះអ្នកភូមិប៉ុន្មានទេ។

បុរសចំណាស់ចុះពីលើរទេះគោទាញបាវដែលធ្ងន់ចុះពីរទេះយ៉ាងត្រដាបត្រដួស។

«អហោសិកម្មឱ្យម៉ែពុកផងកូន ពុកនិងម៉ែចាំបាច់ត្រូវធ្វើបែបនេះ»
និយាយរួច ពួកគាត់ក៏លើកបាវនោះទម្លាក់ទឹកទន្លេទៅ។
ប្រូង!
បាវលិចបាត់ទៅក្នុងទន្លេក្នុងមួយប៉ប្រិចភ្នែក ព្រោះតែវាមានទម្ងន់ធ្ងន់ស្រាប់។

ពេលឃើញជាក់ថាបាវនោះលិចបាត់ទៅក្នុងទឹកហើយ ពីរនាក់តាយាយក៏ប្រញាប់ឡើងរទេះគោបរចេញពីទីនោះយ៉ាងលឿន។

ដោយពួកគាត់មិនដឹងទេថារបស់ដែលពួកគាត់បានទម្លាក់ទៅក្នុងទឹកទន្លេ បានឆូតនឹងអ្វីម្យ៉ាងធ្វើឱ្យបាវរហែកបង្ហាញឱ្យឃើញនូវកញ្ចក់ស៊ុមឈើយ៉ាងប្រណិត។

ពេលបច្ចុប្បន្ន…
ផ្ទះល្វែងដែលដាក់ស្លាកលក់ត្រូវបានដោះចេញពេលម្ចាស់ផ្ទះថ្មីរើចូលមកនៅ។

ឌី និងនីតា រៀបការនឹងគ្នាបានបីឆ្នាំហើយ មានកូនប្រុសម្នាក់ឈ្មោះថីម។ ពួកគេខិតខំ ធ្វើការ សន្សំលុយ រហូតបានទិញផ្ទះល្វែងនេះ ដោយសារអ៊ំម្ចាស់ផ្ទះដែលត្រូវជាសាច់ញាតិរបស់ប្រពន្ធលក់ឱ្យក្នុងតម្លៃធូរថ្លៃដែរ គ្រាន់តែវានៅជាយក្រុងបន្តិច។

«ផ្ទះនេះទិញហើយដឹងតែមិនខកបំណងទេអូន ព្រោះទំហំផ្ទះក៏ធំ និងមានមុខផ្ទះវែងចតឡានស្រួលទៀត»

«ហ្នឹងហើយបង តែប៉ុណ្ណេះយើងមានលំនឹងគ្រួសារបន្តិចហើយ»
«ហ្នឹងហើយអូន»
«ច័ន្ទយកប្អូនចូលផ្ទះមុនទៅ»
«ចា៎សអ៊ី»
ច័ន្ទដែលនីតានិយាយដល់ គឺជាអ្នកនៅជាមួយឌី និងនីតា ដែលពួកគេជួលឱ្យមកមើលថែកូនប្រុស និងធ្វើការងារផ្ទះ ពេលពួកគេទៅធ្វើការបាត់។
ឌីលើកអីវ៉ាន់ចូលក្នុងផ្ទះ ចំណែកនីតានៅរើអីវ៉ាន់ពីក្នុងឡាន ស្រាប់តែមានអ៊ំប្រុសម្នាក់ហៅនាងពីក្រោយខ្នង។
«ក្មួយត្រូវការទិញគ្រឿងសង្ហារិមឈើទេ អ៊ំមានលក់»
នីតាលើកចិញ្ចើមឆ្ងល់ អ៊ំនេះមកតាំងពីថ្មើរណាមិនឱ្យឮសំឡេងអីសោះ។
«សង្ហារិមឈើអីគេអ៊ំ?»
«នោះអ៊ំដាក់លើឡាន ក្មួយចង់បានអីមានទាំងអស់»
នីតាដើរសំដៅទៅឡានមួយបាំងកន្លះដែលឈប់ពីក្រោយឡានរបស់នាង ដើម្បីមើលគ្រឿង    សង្ហារិមដែលធ្វើពីឈើ។
«ស្អាតៗតើអ៊ំ»
«ក្មួយចង់ទិញដាក់ផ្ទះថ្មីទេ អ៊ំលក់ឱ្យធូរថ្លៃទេ»
«ម៉េចក៏អ៊ំដឹងថាខ្ញុំទិញផ្ទះថ្មី?»
«ព្រោះអ៊ំបើកលក់តាមនេះរាល់ដង ផ្ទះនេះមិនឃើញមានអ្នកណានៅទេ ទើបអ៊ំគិតថាក្មួយទើបរើមកនៅ»
«អ៎ អ៊ីចឹងទេអ្ហាះអ៊ំ»
នីតាដើរមើលជុំវិញឡាន ដែលមានទាំងតុ កៅអី គ្រែឈើ និងកញ្ចក់។
អេ! កញ្ចក់នេះធ្វើស្អាតដល់ហើយ!
នីតាគិតក្នុងចិត្ត រួចងាកទៅសួរអ៊ំអ្នកលក់។
«អ៊ំកញ្ចក់នេះលក់យ៉ាងម៉េច?»
«អ៊ំលក់តែ៣០$ទេ»
«ថោកម៉្លេះអ៊ំ កញ្ចក់ប៉ុនណាណី ហើយធ្វើពីឈើទៀត»
«អ៊ំទិញតពីគេដែរទេ អ៊ំលក់យកចំណេញតិចតួចហ្នឹងឯង គ្រាន់បានដើមមកវិញ»
«អ៊ីចឹងអ៊ំចាំមួយភ្លែត ខ្ញុំទៅយកកាបូបលុយសិន»
នីតាយកកាបូបដកលុយឱ្យអ៊ំអ្នកលក់ ព្រមទាំងឱ្យគាត់ជួយលើកដាក់មុខផ្ទះឱ្យផង ព្រោះនាងលើកមិនរួច។
«អរគុណច្រើនហើយអ៊ំ»
«សូមឱ្យសំណាងល្អក្មួយ»
និយាយរួច អ៊ំនោះក៏បើកឡានចេញទៅ។
ឌី ដើរចេញពីផ្ទះបាយមកខាងក្រៅផ្ទះ ឃើញប្រពន្ធកំពុងជូតអង្អែលកញ្ចក់។
«អូនបានកញ្ចក់នេះមកពីណា?»
«មានបានមកពីណា ទិញមិញហ្នឹងបង»
«ទិញពីថ្មើរណា??»
«ពេលបងចូលផ្ទះយកអីវ៉ាន់ទុក មានអ៊ំម្នាក់គាត់បើកឡានដើរលក់គ្រឿងសង្ហារិមឈើ គាត់ហៅអូនឱ្យជួយទិញ អូនក៏ទិញទៅ ណាមួយថោកទៀត គាត់លក់ឱ្យតែ30$ទេ»
«អូ! ធ្វើពីឈើប៉ុនណាណីតែ30$ បើកន្លែងផ្សេងលក់វិញ ឆ្លាក់ក្បាច់ស្អាតហើយឈើក្រាស់បែបនេះ ប្រាកដជាលក់តម្លៃពីរបីរយដុល្លារបាត់ហើយអូន»
«ហ្នឹងហើយបង អ៊ីចឹងបានអូនទិញទៅ»
«ចាំបងលើកយកទៅទុក អូនចង់ដាក់ត្រង់ណា?»
«ដាក់បន្ទប់យើងហ្នឹងហើយបង ចេះសួរទៅកើត»
«អូខេៗ»
ឌីលើកកញ្ចក់ចូលក្នុងផ្ទះភ្លាម  ស្រាប់តែអំពូលភ្លើងក្នុងផ្ទះក៏លោតភ្លឹបភ្លែតៗតែម្តង។
ឌីក៏មិនសង្ស័យអ្វី ព្រោះគិតថាប្រហែលជាអំពូលរកខូចហើយមើលទៅ គេក៏លើកកញ្ចក់នោះឡើងជាន់លើដាក់ក្នុងបន្ទប់របស់ខ្លួនទៅ។

ព្រឹកថ្ងៃថ្មី…
«ច័ន្ទឯង ចាំធ្វើម្ហូបញ៉ាំមួយមុខបានហើយ ព្រោះយប់តិចទើបពួកបងត្រឡប់មកផ្ទះវិញ»
«ចាសអ៊ី ខ្ញុំរកធ្វើសម្លម្ជូរយួនយ៉ាងម៉េចដែរ?»
«អឺ ធ្វើម្ហូបអីក៏បានស្រេចចិត្ត ម៉ាក់ទៅធ្វើការហើយណាកូន កុំរពឹសពេកដឹងទេ»
ប្រឡែងលេងជាមួយកូនមួយភ្លែតហើយ  ទើបនីតាចេញទៅធ្វើការបាត់។
ច័ន្ទឡើងទៅក្នុងបន្ទប់ យកកំប៉ុងដោះគោឆុងឱ្យប្អូន ស្រាប់តែគ្រលៀសភ្នែកទៅដូចមានមនុស្សដើរកាត់ពីក្រោយខ្នង ទើបនាងងាកទៅមើល។
«អ៊ី? អ៊ីមែនទេ?»
ច័ន្ទងាកមើលជុំវិញខ្លួនមិនឃើញមានអ្វី ទើបដើរទៅមើលក្នុងបន្ទប់ទឹកបន្ត គ្រាន់តែបើកទ្វារភ្លាម ច័ន្ទភ្ញាក់ស្រែកផ្អើលផ្ទះ ព្រោះឃើញដូចមានមនុស្សអង្គុយលើចានបង្គន់ក្នុងបន្ទប់ទឹក នាងរត់ចេញមកវិញ បុកគ្នានឹងឌីដួលផ្ងារក្រោយ។
«យ៉ាងម៉េចហ្នឹងច័ន្ទ?»
ឌីសួរនាំពេលឃើញនាងមានឫកពាឆ្លេឆ្លា។
«គឺ…ខ្ញុំឃើញដូចមានមនុស្សក្នុងបន្ទប់ទឹក»
នាងនិយាយទាំងញ័រមាត់ មិនហ៊ានដើរទៅមើលវិញ។
ឌីដែលឈរក្បែរនាង ឮនាងនិយាយបែបនេះក៏ឆ្ងល់ ព្រោះមកនៅមួយថ្ងៃហើយមិនឃើញមានស្អីផង។
«ប្រហែលនាងព្រិលភ្នែកហើយ ចាំខ្ញុំទៅមើលមើល៍»
គេដើរទៅបើកភ្លើងបន្ទប់ទឹក សម្លឹងរកមើលថាដូចច័ន្ទនិយាយឬអត់ តែគ្មានឃើញស្អីទេ។
«មិនឃើញមានអ្វីផង ច័ន្ទឯងប្រហែលមើលច្រឡំហើយ ឃើញមានតែកន្សែងពោះគោព្យួរចោលលើធ្នើរតើ»
ពេលច័ន្ទដើរទៅមើលដែរ ពិតជាឃើញមានតែកន្សែងដូចឌីនិយាយមែន។
«ខ្ញុំប្រហែលជាព្រិលភ្នែកមែនហើយ សុំទោសពូ…»
«មិនអីទេ ច័ន្ទឯងប្រញាប់យកកំប៉ុងដោះគោទៅឆុងឱ្យប្អូនអ៊ិមទៅ ថ្មើរនេះប្រហែលឃ្លានហើយ»
«ចាសពូ»
ឌីចេញពីបន្ទប់ ចំណែកឯច័ន្ទយកកំប៉ុងដោះគោរួចក៏ចេញតាមក្រោយឌី ដោយមិនដឹងទេថាមានកែវភ្នែកដាបឈាមមួយគូសម្លឹងមើលពួកគេដោយក្រសែភ្នែកគុំគួនពីក្នុងបន្ទប់ទឹក។

នីតាត្រឡប់មកពីធ្វើការក្រុមហ៊ុនវិញ  នាងចូលងូតទឹកក្នុងបន្ទប់ទឹក កក់សក់ដ៏វែងអន្លាយរបស់នាង ដោយមិនបានចាប់ភ្លឹកទេថាមានដៃមួយផុសពីជញ្ជាំងលូកមកជួយកក់សក់របស់នាង ដោយនាងមិនដឹងខ្លួន។
នីតាមានអារម្មណ៍ប្លែកៗដូចព្រឺខ្នងយ៉ាងម៉េចមិនដឹង ហាក់ដូចមានស្អីនៅពីក្រោយ ទើបនាងបែរក្រោយមើល តែក៏មិនឃើញមានអ្វីប្លែក ទើបនាងកក់សក់បន្ត។
ខ្យល់ត្រជាក់បក់ត្រសៀកផាត់ប៉ះកញ្ចឹងក ធ្វើឱ្យនាងព្រឺសម្បុរយ៉ាងម៉េចមិនដឹង ទាំងដែលក្នុងបន្ទប់ទឹកគ្មានខ្យល់ចេញចូលផង នាងក៏ប្រញាប់លាងសក់ចេញពីបន្ទប់ទឹក តែពេលដើរកាត់មុខកញ្ចក់ស៊ុមឈើដែលនាងទើបទិញ ធ្វើឱ្យនាងទច់ដំណើរងាកទៅសម្លឹងមើលវា។
កញ្ចក់នេះមើលទៅចម្លែកយ៉ាងម៉េចមិនដឹង នាងគិតក្នុងចិត្ត ព្រមទាំងសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់មិនដាក់ភ្នែក តែអ្វីម្យ៉ាងមិនប្រក្រតីកើតឡើង ស្រាប់តែនាងឃើញមានមនុស្សស្រីម្នាក់ផុសឡើងនៅក្នុងកញ្ចក់មកឈរក្រោយខ្នងរបស់នាង មានឈាមដាបពេញមុខ ព្រមទាំងតោងករបស់នាង បើកមាត់និយាយឃើញដល់កន្លើត ធ្វើឱ្យនីតាមិនដែលឃើញខ្មោចក្នុងជីវិត ត្រូវរត់ចេញពីបន្ទប់ដេកទាំងស្លៀកកន្សែងពោះគោ ស្រែកផ្អើលផ្ទះ។
«ជួយផង!ខ្មោចលង! ខ្មោចលង!»
ឌីកំពុងលាងឡាននៅមុខផ្ទះ ពេលឮប្រពន្ធស្រែកក៏ស្ទុះចូលមកមើល ឃើញប្រពន្ធខ្ទប់មុខយំរត់ចេញមកទាំងស្លៀកកន្សែងពោះគោ ចំណែកច័ន្ទក៏ពថីមរត់ចេញពីផ្ទះបាយមកមើលនីតាដែរ។
«កើតអីអូន? បានជាស្រែកឡូឡាទាំងយប់គេដេកគេពួនណា»
នីតានិយាយទាំងញ័រមាត់យំអណ្ដឺតអណ្ដក។
«ខ្មោច… មានខ្មោចក្នុងបន្ទប់ដេកយើង»
«ខ្មោច! អូនព្រិលភ្នែកទេដឹង?»
ឌីបើកភ្នែកស្ទើរលៀន ពេលឮប្រពន្ធថាមានខ្មោចក្នុងបន្ទប់។
«តែខ្ញុំឃើញខ្មោចស្រីក្នុងកញ្ចក់មែន មិនកុហកទេ…»
នីតានិយាយទាំងយំ ភ័យឡើងមុខស្លេកដូចមាន់ស្ងោរទៅហើយ។
«មិនអីទេ ចាំបងឡើងទៅមើលមើល៍»
«បងកុំទៅអី…»
«មិនអីទេ បងឡើងទៅមើលតែមួយភ្លែតទេ»
ឌីទះដៃប្រពន្ធដែលក្តោបដៃរបស់ខ្លួន រួចក៏ដើរទៅមើលក្នុងបន្ទប់ជាន់លើ។
«តាមពិតពេលខ្ញុំមកនៅម្សិលមិញ ឃើញមានអ្វីមិនស្រួលទៅហើយអ៊ី»
«ច័ន្ទឯងឃើញអី?»
«ខ្ញុំឃើញដូចមានមនុស្សអង្គុយក្នុងបន្ទប់ទឹក តែពេលបើកភ្លើងមើលក៏មិនឃើញមានអ្វី ទើបខ្ញុំគិតថាប្រហែលមើលច្រឡំខ្លួនឯង»
«ហើយម៉េចក៏ច័ន្ទមិនប្រាប់ខ្ញុំ?»
«ពូឌី មិនឱ្យខ្ញុំនិយាយ ខ្លាចថាអ៊ីភ័យ»
នីតាងក់ក្បាលយល់ ព្រោះប្តីនាងមិនសូវជឿអ្វីអស់ទាំងនេះទេ ពេលឃើញប្តីចុះមកវិញនាងក៏សួរនាំភ្លាមយ៉ាងអន្ទះសា។
«យ៉ាងម៉េចហើយបង ឃើញអីទេ?»
«មិនឃើញមានអ្វីទេអូន ប្រហែលអូនហត់ពេក មើលច្រឡំហើយ»
«តែ…»
ច្រឡំអីក៏ដូចស្តែងម៉្លេះ!

នាងមិនហ៊ាននិយាយអីទៀតបានតែសំងំគិតម្នាក់ឯងក្នុងចិត្ត។
«បងយកខោអាវឱ្យអូនផ្លាស់ ក្រែងលោអូនមិនហ៊ានទៅផ្លាស់ក្នុងបន្ទប់ម្នាក់ឯង»
«អរគុណបង»
នាងយកខោអាវពីដៃប្តី ខណៈដែលខួរក្បាលគិតពីរឿងមុនហ្នឹងទាំងមិនអស់ចិត្ត។

ស្អែកឡើងនាងរៀបចំខ្លួនទៅធ្វើការដូចធម្មតា យប់មិញតាំងពីប្តីនាងឡើងទៅមើលក្នុងបន្ទប់ហើយក៏មិនឃើញមានអ្វីប្លែកទៀត។
«ច័ន្ទមើលកូនថីមនៅជាន់ក្រោមហ្នឹងហើយ មិនអ៊ីចឹងក៏ទៅអង្គុយលេងមុខផ្ទះទៅ ខ្យល់ល្ហើយស្រួល»
«ចាសអ៊ី»
នីតានិយាយអ៊ីចឹង ព្រោះមិនចង់ឱ្យច័ន្ទនៅជាមួយកូនតែពីរនាក់ក្នុងបន្ទប់ ខ្លាចឃើញអ្វីមិនស្រួលដូចម្សិលមិញទៀត ព្រោះនាង និងច័ន្ទឃើញអីប្លែកៗតែពីរនាក់ អត់តែប្តីនាងទេ ទើបនាងមិនទុកចិត្តឱ្យច័ន្ទនៅជាន់លើតែពីរនាក់កូន។
នីតាបើកឡានទៅធ្វើការនៅក្រុមហ៊ុន ចំណែកប្តីនាងចេញទៅធ្វើការតាំងពីព្រលឹមមុននាងទៅទៀត។

ពីមួយថ្ងៃទៅមួយថ្ងៃនីតាចាំសង្កេតមានអ្វីប្លែកឬអត់ តែក៏មិនឃើញមានអ្វីចម្លែកកើតឡើង ទើបនាងចាប់ផ្តើមរសាយការភ័យខ្លាចរបស់ខ្លួនបន្តិច មិនសូវតានតឹងដូចមុន។
«ស្អែកបងត្រូវប្រជុំនៅខេត្តពីរថ្ងៃ អូននៅផ្ទះតែបីនាក់បានឬអត់? មិនអ៊ីចឹងចាំបងឱ្យសក្តាប្អូនជីដូនមួយបងមកនៅកំដរ»
«មិនអីទេបង មិនបាច់រំខានប្អូនទេ»
«តាមចិត្តអូនចុះអ៊ីចឹង»
ស្អែកឡើងឌីចេញទៅខេត្តតាំងពីជិតភ្លឺ ព្រោះត្រូវទៅឱ្យដល់ខេត្តមុនម៉ោង៧ព្រឹក។
«ច័ន្ទថ្ងៃហ្នឹងគិតរកស្លអីញ៉ាំ?»
«ខ្ញុំរកធ្វើសម្លកកូរ យ៉ាងម៉េចដែរអ៊ី?»
«មានអីខានញ៉ាំយូរហើយ អ៊ីចឹងយើងទៅផ្សារទាំងអស់គ្នាទៅ រកមើលទិញអីបន្ថែមដាក់ទូទឹកកកផង»
និយាយរួចក៏នាំគ្នារៀបចំចេញទៅផ្សារ ដោយឱ្យច័ន្ទពកូន នាងជាអ្នកបើកឡាន ព្រោះច័ន្ទមិនចេះបើក។
មកដល់ផ្សារ នីតាបើកឡានទៅចត រួចនាំគ្នាដើរចូលផ្សារមើលនេះមើលនោះ រហូតដើរកាត់តុគ្រូទាយមួយ គាត់ក៏ហៅពួកនាង។
«ថ្ងាសរបស់នាងខ្មៅខ្លាំងណាស់»
នីតាដែលប្រឡែងលេងជាមួយកូនសុខៗ ស្រាប់តែឮអ៊ំអង្គុយកៅអីនៅចំហៀងផ្លូវ និយាយមកកាន់នាង នាងក៏ងាកទៅមើលគាត់វិញ។
«អ៊ំនិយាយពីខ្ញុំ?»
នាងចង្អុលមុខខ្លួនឯង។
«ក្មួយហ្នឹងហើយ មើលទៅក្នុងផ្ទះក្មួយដូចមានអ្វីមិនស្រួលទេ»
នីតាឮបែបនេះក៏ដើរមកអង្គុយកៅអីទល់មុខគាត់ដោយការចាប់អារម្មណ៍។
«មិនស្រួលយ៉ាងម៉េចអ៊ំ?»
«ក្មួយសាប់បៀបីដងទៅ ហើយកាច់ផង»
នីតាសាប់បៀតាមគាត់ប្រាប់ហើយក៏កាច់បៀ រួចហុចទៅឱ្យគាត់វិញ គ្រូទាយបើកសន្លឹកបៀ​      បណ្តើរសម្លឹងមើលមុខនាងបណ្ដើរ ធ្វើឱ្យនាងភ័យបុកពោះដែរ។
«ក្នុងផ្ទះក្មួយមានរបស់អថ័នដែលមិនគួរយកមកប្រើ»
«របស់អថ័ន?»
«អ្ហឺ!​ មើលទៅមានអ្នកលែងវិញ្ញាណវាចេញមក ក្មួយត្រូវរកវិធីឃុំវិញ្ញាណនោះឱ្យចូលកន្លែងដើមវិញ មុននឹងអ្វីៗហួសពេល»
«ខ្ញុំមិនយល់ទេអ៊ំ?»
«បើតាមជើងលេខបង្ហាញ របស់អថ័ននោះជារបស់បុរាណយូរឆ្នាំហើយដែលគេចោលមិនប្រើ ព្រោះវាជារបស់មិនល្អ របស់នោះត្រូវបានគេបិទយ័នគាថាឃុំវាទុកហើយ តែមានអ្នកទៅលុបយ័ន្តនោះចេញ ធ្វើឱ្យវារួចចេញមកបាន»
«ក្នុងផ្ទះខ្ញុំដូចមិនមានអ្វីជារបស់បុរាណទេអ៊ំ»

«ក្មួយសាករកនឹកបន្តិចមើល៍ ព្រោះសន្លឹកបៀបានបញ្ជាក់ប្រាប់ច្បាស់ណាស់ ហើយទើបយកចូលផ្ទះកាលពីថ្មីៗនេះទៀតផង»

ពេលនីតាឮគ្រូទាយនិយាយថាទើបយកចូលផ្ទះថ្មីៗ នាងក៏ព្យាយាមរកនឹក តែនាងរកនឹកមិនឃើញសោះ។

«ខ្ញុំដូចជាមិនមានបានយករបស់បុរាណចូលផ្ទះទេអ៊ំ»

«អ៊ី…ឬមួយគាត់ចង់សំដៅលើកញ្ចក់ដែលអ៊ីទើបទិញទេដឹង?»

«អូមែនហើយ!បើមាន គឺមានតែកញ្ចក់ដែលធ្វើពីឈើខ្ញុំទិញនៅថ្ងៃដំបូងដែលខ្ញុំទៅនៅផ្ទះថ្មី»
«ប្រហែលកញ្ចក់នោះហើយ ក្មួយត្រូវរកអ្នកដែលចេះមន្តអាគម ឱ្យមកបង្រ្កាបទើបបាន ជាពិសេសត្រូវធ្វើឱ្យបានមុនថ្ងៃពេញបូរមី ព្រោះពេលនេះវិញ្ញាណនោះមិនទាន់មានអានុភាពខ្លាំងក្លាធ្វើអីបានច្រើនទេ តែបើទុកវារហូតដល់ថ្ងៃពេញបូរមី វាអាចធ្វើឱ្យគ្រួសារក្មួយគ្រោះថ្នាក់ដល់ជីវិតបាន»
«តែកញ្ចក់ខ្ញុំទិញនោះ មើលទៅគ្មានអ្វីគួរឱ្យចម្លែកផង»
«របស់ខ្លះមើលនឹងភ្នែកមិនឃើញទេ ក្មួយយកយ័ន្តនេះទៅបិទលើកញ្ចក់នោះមុនថ្ងៃលិច វាអាចពន្យាពេលបានប៉ុន្មានថ្ងៃដែរ»
«ចាស អរគុណអ៊ំ»
នីតាទទួលយកយ័ន្តទាំងស្ទាក់ស្ទើរ ធ្លាប់ឃើញខ្មោចពីក្នុងកញ្ចក់នោះដែរ ឬមួយដូចអ្វីដែលអ៊ំគ្រូទាយនេះនិយាយពិតមែនទេដឹង នីតាជូនលុយគាត់រួចក៏ប្រញាប់នាំគ្នាមកផ្ទះយកយ័ន្តមកបិទលើកញ្ចក់បុរាណនោះ។
មកដល់ផ្ទះភ្លាមក៏នាំគ្នាបើកភ្លើងឱ្យភ្លឺពេញផ្ទះ ព្រមទាំងចំហទ្វារឱ្យថ្ងៃចាំងចូលមក ព្រោះធ្លាប់ឮថាខ្មោចខ្លាចពន្លឺថ្ងៃ។
«បងឡើងទៅខាងលើ ច័ន្ទឯងមើលប្អូននៅក្រោមហ្នឹងហើយ»
«ចាសអ៊ី ប្រយ័ត្នខ្លួនផង»
នីតាឡើងទៅខាងលើ ទាំងបេះដូងលោតដុកដាក់ បានតែនឹកដល់គុណម៉ែគុណឪ និងទេវតាឱ្យជួយថែរក្សានាងផង។
នាងដើរចូលក្នុងបន្ទប់ដេក ដោយបើកភ្លើងមើលជុំវិញខ្លួនយ៉ាងប្រុងប្រយ័ត្ន នាងលើកយ័ន្តដែលអ៊ំគ្រូទាយឱ្យដាក់ពីមុខខ្លួន មុននឹងយកទៅបិទលើកញ្ចក់នោះយ៉ាងលឿន គ្រាន់តែយ័ន្តនោះបិទលើកញ្ចក់ភ្លាម គ្រប់អំពូលភ្លើងក្នុងបន្ទប់ក៏បែកអស់ភ្លែតមួយរំពេច។
ផាំង ផាំង!!!
«អ្ហា!!»
នីតារត់ចេញពីបន្ទប់មកជាន់ក្រោមយ៉ាងលឿន ដោយមិនហ៊ានងាកក្រោយ។
«យ៉ាងម៉េចហើយអ៊ី?»
«ខ្ញុំបិទយ័ន្តរួចហើយ គ្រាន់តែបិទភ្លាមបែកអំពូលអស់រលីង»
«យ៉ាងណាក៏ធូរតិចដែរអ៊ី ខ្ញុំថាយកកញ្ចក់នោះទៅបោះចោលតែម្តងទៅអ៊ី»
«ខ្ញុំគិតអ៊ីចឹងដែរ តែវាធ្ងន់ណាស់ខ្ញុំលើកតែឯងមិនរួចទេ ទាល់តែច័ន្ទឯងជួយលើក»
«បានតើអ៊ី ដាក់អូនថីមលេងក្នុងរទេះមួយភ្លែតប្រហែលមិនអីទេ»
«អ៊ីចឹងតោះប្រញាប់ទៅ»
ច័ន្ទ និងនីតា ឡើងមកបន្ទប់វិញ ព្រមទាំងស៊ីញ៉ូភ្នែកឱ្យលើកព្រមគ្នា តែមិនថាពួកនាងព្យាយាមលើកយ៉ាងណា ក៏ពួកនាងលើកវាមិនរួចដែរ។
«ម៉េចលើកមិនរួចអ៊ីចឹងអ៊ី?»
«ខ្ញុំមិនដឹងដែរហ្នឹងច័ន្ទ ទុកចោលសិនទៅ ចាំបងឌីមកវិញចាំឱ្យជួយលើកយកទៅចោល»
ពួកនាងចេញពីក្នុងបន្ទប់ ដោយមិនដឹងទេថាក្នុងកញ្ចក់បង្ហាញរូបមនុស្សស្រីម្នាក់ស្លៀកឈុតបុរាណសម្លក់ពួកនាងដោយកំហឹង។
«ច័ន្ទនៅមើលប្អូនផង ខ្ញុំតេប្រាប់បងឌីសិន»
«ចាសអ៊ី»
ទឺត ទឺត…
តេមិនចូលសោះ!
នីតាព្យាយាមតេទៅប្តីទាំងបារម្ភ ព្រោះប្តីមិនលើកទូរស័ព្ទ។
ចំណែកឯឌីវិញដែលធ្វើការនៅខេត្តក៏ទាក់ទងមកប្រពន្ធមិនបានដូចគ្នា។

…………………..

ចាប់តាំងពីនីតាបិទយ័នលើកញ្ចក់នោះមកក៏គ្មានអីគួរឱ្យបារម្ភរឿងអមនុស្សទៀត ប៉ុន្តែនាងបែរជាចាប់ផ្តើមមិនស្រួលខ្លួន ល្ហិតល្ហៃ អស់កម្លាំង និងវិលមុខជាដើម ដល់ថ្នាក់ធ្វើការមិនកើត ទើបតេសុំច្បាប់នៅកន្លែងធ្វើការ។
«នេះនីតនៅឯណា ច័ន្ទ?»
ឌីដែលត្រឡប់មកពីធ្វើការនៅខេត្តវិញក៏សួររកប្រពន្ធ។
«អ៊ីមិនស្រួលខ្លួន សម្រាកក្នុងបន្ទប់របស់ខ្ញុំ»
«ម៉េចក៏ទៅគេងនៅបន្ទប់ច័ន្ទឯងទៅវិញ?»
«គឺ…អ៊ីមិនហ៊ានដេកក្នុងបន្ទប់ខ្លួនឯង»
ឌីមិនសួរនាំអ្វីទៀត ក៏ឡើងទៅមើលប្រពន្ធក្នុងបន្ទប់។
ក្រាក…
«អូនយ៉ាងម៉េចហើយ?មិនស្រួលខ្លួនម៉េចមិនទៅពេទ្យ?»
«អូនលេបថ្នាំហើយមិនអីទេ គេងមួយភ្លែតទៅធូរហើយ»
«អ៊ីចឹងបងទៅងូតទឹកមួយភ្លែត ចាំបងចូលមកមើលអូនវិញ»
»ចាស…»
ហេតុតែមិនស្រួលខ្លួន នីតាក៏ភ្លេចប្រាប់ប្តីពីរឿងយ័ន្តបិទលើកញ្ចក់នោះឱ្យឈឹង។
ឌីចូលក្នុងបន្ទប់ដេកចុចកុងតាក់ភ្លើង ប៉ុន្តែអំពូលបែរជាមិនឆេះសោះ ទើបគេដើរមើលទៅឃើញថាបែកអស់ហើយ។
«បែកអំពូលអស់ហើយម៉េចក៏មិនដូរ?»
ឌីបើកពិលទូរស័ព្ទបញ្ចាំងក្នុងបន្ទប់ តែពេលបញ្ចាំងចំកញ្ចក់ គេភ្ញាក់ព្រើត ព្រោះពេលពន្លឺចាំងចំកញ្ចក់អំបាញ់មិញដូចមានឃើញមុខមនុស្សស្រីក្នុងនោះ ពេលគេដើរទៅមើលជិត តាមពិតគឺយ័ន្តដែលមានមុខដូចរាហ៊ូបិទលើនោះសោះ។
«នីតាយកស្អីមកបិទផ្តេសផ្តាសហ្នឹង ចំមែនហើយ!»
ឌីទាញក្រណាត់យ័ន្តចេញ ដោយមិនដឹងរឿងគ្រោះថ្នាក់ដែលត្រូវកើតឡើង។
គ្រាន់តែយ័ន្តត្រូវដកចេញភ្លាម វិញ្ញាណក្នុងកញ្ចក់ក៏ហោះចេញពីកញ្ចក់បោះពួយទៅបន្ទប់របស់ច័ន្ទភ្លែត។
នីតាដែលគេងសុខៗក៏រើកញ្ជ្រោលច្របាច់កខ្លួនឯងស្ទើរលៀនភ្នែក។
«អ្ហា!!!»
វិញ្ញាណខ្មោចចូលសណ្ឋិតក្នុងខ្លួននីតាភ្លាម ពេលដែលនាងស្រែក គ្រាប់ភ្នែករបស់នាងប្រែទៅជាសស្លើត បញ្ចេញស្នាមញញឹមយ៉ាងកំណាច។
ឌីរត់ចេញពីបន្ទប់ខ្លួនឯងមកគោះទ្វារបន្ទប់ច័ន្ទ ស្រែកហៅប្រពន្ធខ្លាំងៗ ព្រោះទ្វារជាប់សោ។
«នីត អូនយ៉ាងម៉េចហើយ បើកទ្វារនីត!»
ក្រាក…
«ហៅធ្វើអី!»
នីតានិយាយទៅកាន់ប្តីដោយសម្លេងរឹង។
«បងឮអូនស្រែក មានអីឬអត់?»
«គ្មានស្អីទេ!»
និយាយរួច នាងក៏បិទទ្វារវិញ។
ផាំង!!!
ឌីចងចិញ្ចើមឆ្ងល់នឹងឫកពារបស់ប្រពន្ធដែលប្លែកសោះកក្រោះខុសពីមុននេះ តែឌីមិនហ៊ានសួរនាំទៀត ព្រោះមើលទៅនាងដូចជាមួម៉ៅយ៉ាងម៉េចមិនដឹង។
តាំងពីថ្ងៃនោះ ឌីចាប់ផ្តើមសង្កេតមើលអាកប្បកិរិយារបស់ប្រពន្ធរាល់ថ្ងៃ កាន់តែប្លែកទៅៗ ពេលព្រឹកនាងឈឺទុរន់ទុរា ទៅពេទ្យពិនិត្យក៏មិនឃើញឈឺអីមើលទៅដូចរឹងមាំល្អ តែពេលមកដល់ផ្ទះវិញ នាងក៏ទៅជាឈឺមមើនិយាយគ្នាស្តាប់មិនបាន ហើយដល់ពេលយប់វិញនាងក៏រឹងមាំធម្មតា ថែមទាំងមានឫកពាគំរោះគំរើយ សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ជួនកាលមិនទាំងនិយាយស្តីរកអ្នកណាទៀត គិតតែសំងំក្នុងបន្ទប់ដេកចាក់សោ ដល់ថ្នាក់ឌីត្រូវមកដេកលើសាឡុងជាន់ក្រោម។
ប៉ុន្មានថ្ងៃក្រោយមកលុះទ្រាំលែងបាន ឌីក៏សួរនាំពីច័ន្ទ ទើបនាងប្រាប់តាមដំណើររឿងពេលគេទៅធ្វើការនៅខេត្ត។
ស្តាប់ច័ន្ទនិយាយប្រាប់ហើយ ឌីមិនសូវជឿរឿងអស់ទាំងនេះប៉ុន្មានទេ ទាល់តែម្សិលមិញម៉ាក់របស់គេតេមកថាយល់សប្តិមិនល្អខ្លាចគ្រួសារគេមានបញ្ហា ទើបរំលឹករឿងរ៉ាវកន្លងមកឡើងវិញ សំខាន់យ័ន្តដែលច័ន្ទនិយាយដល់ គេបានបោះចោលក្នុងធុងសំរាមបាត់ហើយ ថ្មើរនេះមិនដឹងឡានដឹកសំរាមយកទៅចាក់ចោលដល់ណាដល់ណីហើយទេ។
«ធីរ៉ាត់ ឯងមានស្គាល់គ្រូអាគមណាពូកែទេ?»
ឌីដាច់ចិត្តសួរមិត្តរួមការងារដែលជិតដិត ព្រោះធ្លាប់ឮថាម្តាយរបស់ធីរ៉ាត់ធ្លាប់ត្រូវអំពើគេ ហើយរកគ្រូដោះអំពើចេញបាន ឥឡូវគាត់ជាសះស្បើយហើយ។
«ស្គាល់តើ លោកគ្រូឈុំ នៅវត្តកៀនកោះ ល្បីណាស់ រឿងអាគមអូមអាមនេះ តែឯងសួរធ្វើអី?»
«គឺ…»
ឌីនិយាយប្រាប់មិត្តតាមដំណើររឿង ធ្វើឱ្យធីរ៉ាត់លាន់មាត់។
«ងាប់ហើយ! នេះឯងទិញកញ្ចក់បុរាណចូលផ្ទះមានរឿងប្លែកអ៊ីចឹងទៀត ប្រហែលជាត្រូវរបស់គេមែនហើយ ហើយនេះប្រពន្ធឯងមានអាការៈបែបនេះយូរប៉ុនណាហើយ? »
«មួយរយៈហើយ តែនីតាប្លែកមែនទែន កូនក៏មិនរវល់ សំងំតែក្នុងបន្ទប់ សុខភាពក៏ដូចទ្រុឌទ្រោមទៅរាល់ថ្ងៃ គ្នាធ្លាប់នាំទៅពេទ្យពិនិត្យដែរ តែពិនិត្យទៅមិនឃើញមានឈឺអី្វទេ ទើបមកអង្គុយពិបាកចិត្តហ្នឹងណា »
«អ៊ីចឹងចាំស្អែកគ្នាជូនឯងទៅរកលោកគ្រូនោះជាមួយគ្នា»
«អរគុណហើយសម្លាញ់»
«អ្ហឺ មិនអីទេ»
ឌីចេញពីធ្វើការរាងព្រលប់ទៅហើយ ពេលមកដល់ផ្ទះក៏ឮសម្លេងឡូឡាពីខាងក្នុង។
«កុំ… កុំធ្វើអ៊ីចឹងអ៊ី ដាក់អូនថីមចុះទៅ»
«កុំចូលមកជិតយើង បើមិនចង់ឱ្យវាងាប់!»
«នីត! អូនធ្វើស្អីហ្នឹង ដាក់កាំបិតចុះទៅ កុំធ្វើបាបកូន!»
ឌី ស្លុតនឹងអ្វីដែលបានឃើញ ព្រលឹងសឹងហោះចេញពីខ្លួន ពេលឃើញនីតាឈរពីលើជណ្តើរពកូនប្រុស ឈរសម្លឹងមុខឌី និងច័ន្ទដោយក្រសែភ្នែករឹងកំព្រឹស ព្រមទាំងយកកាបិតមុតស្រួចភ្ជង់កកូនទៀត។
«កុំចូលមកជិតយើង! បើមិនចង់ឱ្យវាងាប់ ចេញទៅ!»
ភ្នែកនីតាឡើងក្រហមងាំង មុខមាត់ក៏ស្លេកស្លាំង សក់ក្បាលក៏រញ៉េរញ៉ៃ មើលមិនយល់ នីតាគំរាមហើយ ក៏ប្រញាប់រត់ចូលបន្ទប់ទាំងពថីមទៅជាមួយផង។
«ង៉ាៗៗ!»
ថីមយំយកៗ ព្រោះភ័យ។
បន្ទប់បើកទ្វារចំហចោល ពេលឌីបម្រុងរុញទ្វារចូលទៅយកកូន ស្រាប់តែទ្វាររុញបិទដោយខ្លួន  ឯង។
ផាំង!
«នីតបើកទ្វារ! កុំធ្វើបាបកូន!»
ទាំងឌី និងច័ន្ទស្ទុះឡើងទៅដណ្តើមថីមលែងខ្លាចស្អីទៀត។
«ហ៊ឺ…បើកទ្វារអ៊ី កុំធ្វើអីអូនថីម បើកទ្វារភ្លាម! មីខ្មោចចង្រៃ!»
«ច័ន្ទឯង និយាយពីអី?»
«មនុស្សស្រីក្នុងបន្ទប់មិនមែនអ៊ីនីតាទេ វាជាខ្មោចចេញពីកញ្ចក់នោះ ខ្ញុំឃើញ…ឃើញច្បាស់ណាស់»
ច័ន្ទ និយាយទាំងអណ្តឺតអណ្តក។
«ច័ន្ទឯងនិយាយឱ្យច្បាស់មើល»
«ល្ងាចមិញខ្ញុំនៅដាំស្ល ដោយទុកអូនថីមនៅជាមួយអ៊ី តែពេលដាំស្លរួច មួយសន្ទុះហើយមិនឃើញអ៊ីចុះមកហូបទៀត ទើបខ្ញុំឡើងទៅមើល ពេលបើកទ្វារបានបន្តិច ខ្ញុំឃើញអ៊ីអង្គុយនៅមុខកញ្ចក់សិតសក់របស់គាត់ តែថា…មនុស្សស្រីក្នុងកញ្ចក់មិនមែនមុខអ៊ីនីតាទេ ហ៊ឺ…»
ឌី ស្លុតនឹងអ្វីដែលបានឮ ខណៈនោះទូរស័ព្ទរបស់គេក៏រោទ៍ឡើង។
(ឌី គ្នាបានតេទៅសួរគ្រូឈុំពីរឿងរបស់ឯង គ្នាមិនទាន់បាននិយាយអីផង គាត់ដូចដឹងមុន ឱ្យឯងឆាប់នាំប្រពន្ធកូនចេញពីផ្ទះនោះ ទៅផ្ទះរបស់គាត់ជាប្រញាប់ ព្រោះស្អែកជាថ្ងៃពេញបូណ៌មីហើយ យើងត្រូវធ្វើពិធីឱ្យបានមុនយប់ស្អែកមកដល់)
«ប្រពន្ធគ្នាមានស្អីចូលនាងហើយ ព្រមទាំងគំរាមរកចាក់សម្លាប់កូនថីមទៀត ឥឡូវមិនដឹងធ្វើម៉េចទេ»
(វីវរហើយ! នាងខ្មោចនោះប្រាកដជាដឹងខ្លួនមុនថាយើងចង់កម្ចាត់នាងហើយ ចាំគ្នាតេទៅគ្រូឈុំម្តងទៀតរកវិធីជួយឯង)
ទូត ទូត…

សម្លេងទូរស័ព្ទបិទទៅហើយ ស្រាប់តែសម្លេងថីមស្រែកយំពីក្នុងបន្ទប់ចេញមក។
«ង៉ា!!!»
«កូនថីម!/អូនថីម!»
ពួកគេឆ្លេឆ្លាមុខបន្ទប់ គោះទ្វារសឹងបាក់ដៃទៅហើយ ហើយទ្វារបើកមិនចេញទៀត។
«ហ៊ឺ…យើងមានសោសាគួរទេពូ?»
«មែនហើយ ខ្ញុំភ្លេច នៅមុខទូរទស្សន៍ ច័ន្ទចាំនៅនឹងហើយ ខ្ញុំទៅយកកូនសោមួយភ្លែត»
ឌីស្ទុះរត់ចុះមកជាន់ក្រោម បើកថតតុកកាយរកកូនសោសាគួរបន្ទប់។
«ទុកនៅឯណា ម៉េចក៏មិនឃើញ!»
«អូនថីម!»
ពេលឮច័ន្ទស្រែកទៀត ឌីក៏ប្រញាប់រកកូនសោ។
ពេលឃើញកូនសោសាគួហើយ ឌីស្រវាយកវាប្រញាប់ឡើងទៅខាងលើវិញ តែក៏ឃើញទ្វារបន្ទប់បើកទៅហើយ។
«យ៉ាងម៉េចហើយច័ន្ទ??»
«អូនថីមមានសុវត្ថិភាពទេពូ បាត់តែអ៊ី និងកញ្ចក់នោះមិនឃើញទេ»
«ហើយនាងចេញតាមណា បើបន្ទប់គ្មានបង្អួចផង?»
ឌីមើលជុំវិញបន្ទប់ មិនឃើញប្រពន្ធមែន ទើបប្រញាប់នាំគ្នាចេញពីផ្ទះទៅរកគ្រូឈុំនៅវត្តកៀនកោះទាំងយប់។

«សុំទោសផងធីរ៉ាត់ ត្រូវនាំមកអំពល់ទុក្ខជាមួយគ្នាទាំងយប់»
«អំពល់ទុក្ខស្អីជាមិត្តនឹងគ្នា ត្រូវជួយគ្នាចឹងហើយ»
«ហើយនេះប្រពន្ធឯងនាងទៅណាទៅ?»
«គ្នាមិនដឹងទេថានាងទៅណា កញ្ចក់នោះក៏បាត់ដែរ»
«ចំជាសាហាវមែន ដូចចេះបំបាំងខ្លួនអ៊ីចឹង»
ពួកគេធ្វើដំណើរទាំងយប់រហូតដល់មុខផ្ទះធ្វើពីឈើមួយដែលរាងស្ងាត់ជ្រងំ ដោយសារពួកគេមកដល់ប្រហែលពាក់កណ្តាលយប់ទៅហើយ។
វូសវូស វូ…
ឆ្កែចាប់ផ្តើមលូមិនឈប់ ធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរខ្ញាកៗតែម្តង។
«ឯងច្រឡំផ្ទះឬអត់ម៉េចក៏ស្ងាត់ម៉្លេះ»
«គ្នាមិនច្រឡំទេ ហ្នឹងហើយផ្ទះគ្រូឈុំ»
«ឡើងខាងលើមក!»
សំឡេងស្រែកពីក្នុងផ្ទះហៅពួកគេ ធ្វើឱ្យឌី ធីរ៉ាត់ និងច័ន្ទមើលមុខគ្នា ចំណែកថីមដេកលក់ក្នុងដៃរបស់ច័ន្ទទៅហើយ។
«ឡើងទៅកុំឱ្យលោកគ្រូចាំយូរ»
នាំគ្នាឡើងទៅលើផ្ទះឈើដែលមានចង្កៀងប្រេងអុជបំភ្លឺ។
ពេលចូលដល់ក្នុងផ្ទះឃើញមានមនុស្សប្រុសអាយុប្រហែលខ្ទង់៥០ក្រាស់ស្លៀកឈុតសកំពុងពែនភ្នែនបិទភ្នែកសមាធិពីមុខពួកគេ នៅពីក្រោយគាត់ឃើញមានអាសនៈជាច្រើនថ្នាក់។
«នាងនៅមិនឆ្ងាយទេ»
លោកគ្រូនិយាយទាំងបិទភ្នែកសមាធិ។
ចុះប្រពន្ធខ្ញុំអាចមានគ្រោះថ្នាក់ទេលោកគ្រូ?
«នាងមិនអីទេ ព្រោះខ្មោចស្រីនោះចង់បាននាងយកទៅចូលរូប»
«ចូលរូប!!!»
ពួកគេស្រែកឡើងព្រមគ្នា ធ្វើឱ្យថីមបម្រះតិចៗព្រោះភ្ញាក់ ទើបច័ន្ទលួងឱ្យគេងវិញ។
«មែនហើយ ខ្មោចស្រីនោះតាមពិតជានាងរំផាកូនស្រីលោកចៅហ្វាយស្រុកកៀនកោះនេះឯង កាលជំនាន់លោកតាខ្ញុំ ល្បីថានាងរំផានេះស្រស់ស្អាតខ្លាំងណាស់ ដល់ថ្នាក់មិនមានស្រីណាស្អាតដូចនាងនោះទេ មានថ្ងៃមួយមានគេចង់ចូលស្តីដណ្តឹងនាងរំផាជាភរិយា តែនាងរំផានោះមានគូកំណាន់ចិត្តរួចទៅហើយ គឺសំផែនដែលជាមេចោរប្លន់អ្នកភូមិអ្នកស្រុក លោកចៅហ្វាយស្រុកជំទាស់យ៉ាងដាច់អហង្ការ មិនឱ្យនាងរំផាទាក់ទងសំផែននោះទេ តែនាងរំផាហេតុតែស្រលាញ់ងប់ងុលនឹងសំផែនខ្លាំងពេក ក៏រត់ទៅនៅជាមួយវាឯក្នុងព្រៃដែលជាជម្រករបស់ពួកចោរ»
«នាងជាកូនស្រីមានឪពុកជាលោកចៅហ្វាយស្រុកទាំងមូលបែរជាទៅស្រលាញ់ចោរទៅវិញ»
ធីរ៉ាត់ឆ្ងល់ក៏ធ្លោយមាត់និយាយឮៗ។
«តាមពិតមុនដំបូងសំផែនក៏មិនមែនជាចោរដែរ តែជាកូនអ្នកស្រែចម្ការក្រីក្រប៉ុណ្ណោះ សំផែនត្បិតតែក្រ តែមានរូបសម្បត្តិស្រស់សង្ហាមិនចាញ់កូនគហបតីធំៗនោះទេ សំផែនព្យាយាមទៅ   ដណ្តឹងនាងរំផាពីលោកចៅហ្វាយស្រុកដែរ ប៉ុន្តែគាត់មិនព្រមលើកឱ្យ ថែមទាំងរកមនុស្សឱ្យ     កម្ចាត់សំផែនចេញពីស្រុកទៀត ទើបសំផែនមានកំហឹងក្នុងចិត្ត ចាប់ផ្តើមប្រែខ្លួនពីអ្នកស្រែចម្ការទៅជាមេចោរដើរប្លន់អ្នកស្រុកអ្នកភូមិតែម្តង»
«តែរឿងនេះទាក់ទងអីនឹងរឿងកញ្ចក់ប្រពន្ធខ្ញុំទិញមកទៅលោកគ្រូ?»
«កញ្ចក់នោះជារបស់នាងរំផាដែលស្រលាញ់ជាទីបំផុត ព្រោះនាងតែងតែឆ្លុះកញ្ចក់នោះតុបតែងខ្លួនជានិច្ច ព្រោះកញ្ចក់នោះគឺសំផែនធ្វើឱ្យនាងរំផា ហើយក្រោយមកមិនយូរប៉ុន្មានចៅហ្វាយស្រុកក៏រកជម្រកពួកចោរឃើញ ហើយកម្ទេចចោលគ្មានសល់ សូម្បីសំផែនក៏ត្រូវស្លាប់ដែរ ធ្វើឱ្យនាងរំផាខូចចិត្តជាខ្លាំង ពេលត្រឡប់មកផ្ទះវិញ លោកចៅហ្វាយស្រុកក៏ឃុំនាងទុកក្នុងបន្ទប់មិនឱ្យចេញទៅណាទេ ថែមទាំងបង្ខំឱ្យនាងរៀបការជាមួយនឹងកូនប្រុសមិត្តភក្តិលោកចៅហ្វាយស្រុកទៀត ទើបនាងរំផាសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទៅ ដោយគ្រប់គ្នាមិនដឹងទេថាវិញ្ញាណរបស់នាងចូលសណ្ឋិតនៅក្នុងកញ្ចក់នោះទៅហើយ»
«តែនាងត្រូវការប្រពន្ធខ្ញុំចូលរូបធ្វើអីលោកគ្រូ?»
ឌីសួរដេញដោលបន្ត។
«ព្រោះពេលដែលនាងបានអ្នកចូលរូបហើយ នាងនឹងសណ្ឋិតចូលក្នុងខ្លួនរបស់ស្រីម្នាក់នោះជារៀងរហូតបាន រួចកិច្ចបន្តទៀត នាងនឹងចាប់ផ្តើមរកមនុស្សប្រុសដែលមានថ្ងៃខែឆ្នាំកំណើតដូចសំផែន យកមកចូលរូបដូចនាងដែរ ដើម្បីធ្វើពិធីអន្ទងព្រលឹងសំផែនឱ្យចូលខ្លួនបុរសម្នាក់នោះ ដើម្បីមានជីវិតឡើងវិញ ម្យ៉ាងទៀតនាងក៏ត្រូវការអ្នកចូលរូបជាយូរមកហើយ រហូតដល់ជួបប្រពន្ធរបស់ឯងដែលកើតឆ្នាំខ្លា ថ្ងៃពេញបូណ៌មី អាយុ28ឆ្នាំដូចអ្វីដែលខ្មោចនោះត្រូវការល្មម»
«សម័យនេះហើយ នៅមានរឿងបែបនេះទៀត»
ធីរ៉ាត់ភ្ញាក់ផ្អើលនឹងអ្វីដែលបានឮ។
«រឿងខ្លះយើងគ្រប់គ្នាមិនមែនសុខតែអាចដឹងគ្រប់គ្នានោះទេ»
«អ៊ីចឹងលោកគ្រូធ្វើម៉េចទើបអាចជួយប្រពន្ធខ្ញុំបាន?»
«ក្មួយត្រូវយកកញ្ចក់របស់នាងរំផាមកទីនេះឱ្យបានមុនយប់ថ្ងៃស្អែក ដើម្បីយើងធ្វើពិធីស្រូបព្រលឹងនាងរំផាឱ្យចូលទៅក្នុងកញ្ចក់វិញ រួចកំទេចវាចោល»
«តើឱ្យពួកខ្ញុំទៅរកកញ្ចក់នោះនៅឯណាទៅលោកគ្រូ?»
ឌីកាន់តែវិលវល់មិនដឹងទៅរកនៅឯណា។
«នាងរំផាប្រាកដជាពឹងពាក់រូបកាយប្រពន្ធឯង ទៅកន្លែងណាមួយ ដើម្បីធ្វើពិធីចូលរូបហើយ»    «អ៊ីចឹងមានន័យថានាងប្រាកដជាលាក់ទុកកញ្ចក់នោះនៅកន្លែងណាមួយមិនខានទេ ព្រោះនាងមិនអាចលើកកញ្ចក់នោះទៅជាមួយខ្លួនបានទេ ព្រោះវាមានទំហំធំដែរ»
«សមាធិធ្វើចិត្តឱ្យស្ងប់ ប្រើខ្សែចិត្តរបស់ឯងស្វែងរកប្រពន្ធរបស់ឯងលាក់កញ្ចក់នៅកន្លែងណា»
គ្រូឈុំប្រាប់ទៅឌី ព្រមទាំងហុចរបស់លោហៈម្យ៉ាងមានរាងដូចកងចក្រឱ្យឌីកាន់ជាប់នឹងដៃ។
ឌីពែនភ្នែនបិទភ្នែកសមាធិតាមគ្រូឈុំប្រាប់ ព្យាយាមទន្ទេញក្នុងចិត្តហៅឈ្មោះប្រពន្ធឱ្យត្រឡប់មកវិញ។
ខណៈនោះគ្រូឈុំក៏សូត្របាលីលើកាំបិតអាគមរបស់គាត់ដូចគ្នា។
រូបភាពស្រពេចស្រពិលចាប់ផ្តើមផុសឡើងនៅក្នុងចក្ខុរបស់ឌី។
ឌីមើលឃើញវាលស្រែខៀវស្រងាត់ ដែលមានកូនខ្ទមមួយនៅកណ្តាលវាលស្រែនោះ ព្រមទាំងមានដើមត្របែកដុះក្បែរខ្ទមនោះផងដែរ…។
ឌីរៀបរាប់អ្វីដែលខ្លួនបានឃើញទាំងបិទភ្នែក ភ្លាមនោះដូចមានពន្លឺម្យ៉ាងជះចំពីមុខរបស់ឌីមួយរំពេច ធ្វើឱ្យឌីមើលអ្វីលែងឃើញទៀត ធ្វើឱ្យឌីភ្ញាក់ក្រញាងរបូតរបស់កាន់នឹងដៃទៅលើក្តារប្រេះជាពីរ។
គ្រូឈុំសម្លឹងមើលរបស់លោហៈដែលប្រេះជាពីរនោះមិនដាក់ភ្នែក។
«កម្លាំងអាគមនាងរំផាខ្លាំងមែន សូម្បីតែប្រើត្រឹមសមាធិរកមើលពួកនាងនៅកន្លែងណាក៏មិនបានដែរ តែមិនអីទេពួកឯងទៅរកកញ្ចក់តាមអ្វីដែលឌីប្រមើលមើលឃើញហើយ»
«តែលោកគ្រូពួកខ្ញុំមិនដឹងវាលស្រែនោះនៅកន្លែងណាទេ?»
«ខ្ញុំគិតថាអាចដឹងកន្លែងនោះនៅឯណា»
ច័ន្ទដែលមិនមាត់មិនកយូរហើយក៏និយាយឡើងមក។
ឌីនិងធីរ៉ាត់ ព្រមទាំងគ្រូឈុំងាកទៅមើលនាងព្រមគ្នា។
«បើតាមស្តាប់រឿងរំផា និងសំផែនជាកូនអ្នកស្រែនោះ តើអាចទេវាលស្រែនោះជាកន្លែងសំផែនរស់នៅពីមុន»
«សមហេតុផលដែរ»
ឌីយល់ស្របតាមគំនិតរបស់ច័ន្ទ។
«ប៉ុន្តែវាយូរឆ្នាំហើយ គេអាចរុះរើហើយក៏ថាបាន»
ធីរ៉ាត់ពោលឡើងមក។
«ទាល់តែសាកមើលសិន ជាជាងមិនមានតម្រុយអ្វីសោះ លោកគ្រូដឹងទេថា កន្លែងសំផែនរស់នៅពីមុននៅផ្តុំណាទេ?»
គ្រូឈុំងក់ក្បាល ព្រមទាំងស្រែកហៅចៅរបស់គាត់ឱ្យមកខាងលើផ្ទះ។
«អាទូច អាទូច! ឡើងមកខាងលើបន្តិច»
«បាទតា!»
ក្មេងប្រុសអាយុប្រហែល14ឆ្នាំរត់មកឈប់ពីមុខពួកគេ។
«ឯងជូនពូទៅស្រែយាយសឿនបន្តិចទៅ»
«បាទតា! ពូតាមខ្ញុំមក»
មុនចេញមក គ្រូឈុំបានយកប្រទាលបំបាំងកាយឱ្យពួកគេម្នាក់មួយដាក់ជាប់ខ្លួន ដើម្បីការពារពួកគេពេលទៅកន្លែងស្រែនោះ កុំឱ្យវិញ្ញាណនាងរំផាដឹងខ្លួន។
«ពួកឯងកុំភ្លេចឱ្យសោះរកឃើញកញ្ចក់ពេលណា យកកំបោរនេះទៅគូសពីលើវាជាសញ្ញាជើងក្អែកកុំខាន»
«បាទលោកគ្រូ/បាទលោកគ្រូ»       
«អ៊ីចឹងពួកខ្ញុំផ្ញើច័ន្ទ និងកូននៅសំណាក់លោកគ្រូសិន ព្រោះនាងជាស្រី និងកូនខ្ញុំនៅតូចទៀតប្រហែលទៅវាលស្រែមិនកើតទេ»
«អឺឱ្យនាង និងកូនប្រុសឯងនៅទីនេះហើយ»
ឌី និងធីរ៉ាត់រូតរះចេញទៅ និងបម្រុងឡើងឡាន ស្រាប់តែចៅគ្រូឈុំស្រែក។
«ពូចង់យកឡានទៅណា»

«គឺជិះទៅស្រែយាយសឿនហ្នឹងហើយ»
ធីរ៉ាត់តប។
«ជិះឡានចូលទៅមិនកើតទេពូ ផ្លូវវាតូចហើយគ្រលុកច្រើន ខូចផ្លូវចង់អស់ទៅហើយ ជិះម៉ូតូចូលទើបបាន»
អាទូចអូសម៉ូតូចាស់នៅក្រោមផ្ទះមកបញ្ឆេះ។
ប្រឺនៗ…
«នេះឯងរកឌុបពួកយើង?»
«បាទ!»
«មិនបាច់ទេ ចាំពូឌុបវិញ រាងឯងស្គមម្លឹងៗតិចបានដួលម៉ូតូទាំងអស់គ្នា»
ឌីដើរទៅអង្គុយលើម៉ូតូឱ្យអាទូច និងធីរ៉ាត់អង្គុយពីក្រោយ រួចគេក៏បើកម៉ូតូចេញទៅ។
និយាយពីនីតាវិញពេលនេះនាងមិនដឹងខ្លួនឯងនៅឯណាទេ ចិត្តគំនិតនាងវិលវល់ និងតែលតោល មិនថាខ្មោចស្រីនោះបញ្ជាឱ្យទៅកន្លែងណាក៏ខ្លួននាងមិនអាចគ្រប់គ្រងខ្លួនឯងបាន នាងបានតែបន់ស្រន់ឆាប់ឱ្យប្តីរបស់នាងមកជួយនាងផងទាំងទឹកភ្នែក។

ឌី និងធីរ៉ាត់ជិះម៉ូតូមកដល់ស្រែយាយសឿនដែលត្រូវជិះចូលទៅឆ្ងាយពីភូមិដែលឥឡូវនេះនៅយប់នៅឡើយ។
«គ្នាថាប្រញាប់ទៅរកទៅ  ខ្ទមនោះប្រហែលជានៅម្តុំនេះទេ»
«អ៊ីចឹងអាទូចឯងនៅចាំម៉ូតូនៅហ្នឹងហើយមិនបាច់ចូលទៅទេ ចាំពូចូលទៅតែពីរនាក់បានហើយ»
«បាទពូ»

ឌីផ្តាំប្រាប់អាទូចហើយ ក៏ដើរចេញទៅជាមួយធីរ៉ាត់ ពួកគេដើរតាមភ្លឺស្រែដោយប្រើពិលទូរស័ព្ទបញ្ចាំងផ្លូវ ព្រោះនៅយប់មើលអ្វីមិនឃើញ។
«ម៉េចក៏រកមិនឃើញឌី ឬមួយឯងសមាធិទៅមិនមែននៅទីនេះទេដឹង»
«ប្រហែលហើយធីរ៉ាត់»
ឌីនិយាយទាំងទឹកមុខអស់សង្ឃឹម ព្រោះបើរកកញ្ចក់នោះមិនឃើញមែន ប្រពន្ធរបស់គេច្បាស់ជាវីវរហើយ។
«អេ៎ឌី! មើលខាងនោះមើលមានដើមឬស្សីដុះជុំជិតក្រាស់ឃ្មឹក ចម្លែកម៉្លេះ»
«មែនហើយ»
ពួកគេខំប្រឹងសម្លឹងមើលម្តុំឫស្សីដែលដុះតែមួយកន្លែងកណ្តាលវាលស្រែមិនតែប៉ុណ្ណោះថែមទាំងមានដើមត្របែកមួយដើមដុះក្បែរនោះទៀត។
«កន្លែងនោះហើយធីរ៉ាត់ ព្រោះមានដើមត្របែកដូចអ្វីដែលខ្ញុំសមាធិឃើញអ៊ីចឹង»
ពួកគេប្រញាប់ទៅក្បែរគុម្ពឫស្សីដោយមិនភ្លេចបន់ស្រន់ក្នុងចិត្ត បើសិនកន្លែងនេះពិតជាកន្លែងដែលខ្មោចនាងរំផាយកកញ្ចក់មកលាក់មែន សូមឱ្យម្ចាស់ទឹកម្ចាស់ដីនៅរក្សាវាលស្រែនេះ ជួយឱ្យអាគមនាងរំផាពង្រាយបាំងភ្នែកពួកខ្ញុំសាបរលាបផង។
គ្រាន់តែពួកគេបន់ស្រន់ចប់ភ្លាម គុម្ពឬស្សីដែលឃើញមុននេះប្រែទៅជាកូនខ្ទមមួយរំពេច។
«សូម្បីតែម្ចាស់ទឹកម្ចាស់ដីក៏ជួយពួកយើងដែរ»
«អំពើល្អត្រូវតែឈ្នះអំពើអាក្រក់»
ឌីនិយាយទាំងមោះមុតមិនចុះចាញ់ គេត្រូវតែជួយប្រពន្ធឱ្យបាន។
ពួកគេបើកទ្វារចូលទៅក្នុងខ្ទមចាស់ដែលមានសភាពទ្រុឌទ្រោមសុទ្ធតែធូលីដីហើរពាសពេញអាកាស និងសម្បុកពីងពាងក្រាស់ឃ្មឹក ព្រោះគ្មានមនុស្សនៅយូរ ថែមស្អុយអាចម៍សត្វល្អិតទៀត កណ្តុរក៏រត់ប្រសេចប្រសាច ព្រោះផ្អើលមានមនុស្សចូលមក។
ចំណែកឌី និងធីរ៉ាត់ស្រែកភ្ញាក់លោតជើងពីរជើងបី សំណាងហើយថ្មើរនេះនៅយប់នៅឡើយគ្មានមនុស្ស កុំអីផ្អើលអ្នកភូមិចោទថាពួកគេជាចោរចូលក្នុងខ្ទមលួចឥវ៉ាន់ហើយមើលទៅ។
«ខ្ទមតូចតែមួយ លាក់កញ្ចក់នៅឯណាទៅ?»
ធីរ៉ាត់សួរឌីទាំងងឿងឆ្ងល់ ព្រោះពួកគេរកសព្វខ្ទមទៅហើយនៅរកមិនឃើញ។
«គ្នាថានាងប្រាកដជាលាក់នៅទីនេះមិនខានទេ»
ឌីនៅតែមិនអស់ចិត្ត។
«ឬមួយនាងលាក់នៅក្រោមខ្ទមនេះ?»
«មែនហើយ បើលាក់ខាងលើមិនកើត មានតែខាងក្រោមហ្នឹងហើយ»
ពួកគេបញ្ចាំងពិលទូរស័ព្ទមើលលើដី និងក្រោមគ្រែ។
«ខ្ញុំថាប្រាកដជានៅក្រោមគ្រែនេះហើយ ព្រោះដីដូចទើបមានអ្នកកាយថ្មីៗទេ ឯងមើលមើល៍»
«ហ្នឹងហើយ យើងប្រញាប់កាយទៅអ៊ីចឹង»
ហេតុតែគ្មានចបជីក ពួកគេក៏ប្រើដៃកាយដីដោយមិនខ្លាចរបកដៃ។

ធីរ៉ាត់ក៏ជាមិត្តចេះជួយទុក្ខធុរៈមិត្ត គេខ្នះខ្នែងជួយឌីពីកម្លាំងកាយចិត្តមិនរអ៊ូមួយម៉ាត់។
«ស្លាប់ហើយ!»
«មានអីធីរ៉ាត់?»
ឌីងាកមកសួរ។
«មានក្បាលខ្មោច…»
ឌីក្រឡេកទៅមើលឃើញក្បាលខ្មោចពិតមែន។
«ប្រាកដជាឆ្អឹងសំផែនសង្សារនាងរំផាហើយ នាងយកមកលាក់នៅទីនេះ»
«ថារកកញ្ចក់បែរជាឃើញឆ្អឹងខ្មោចឯណាឯណីទៅវិញ»
«ខ្ញុំថាលើកគ្រោងឆ្អឹងនេះចេញសិនទៅ កញ្ចក់ប្រហែលលាក់កប់នៅក្រោមនេះហើយ»
«បើកាយដៃបែបនេះមិនងាយកាយដល់ក្រោមទេឌី»
«យ៉ាប់មែន គ្នាក៏ភ្លេចយកចបជីកមកជាមួយដែរ»
«អ៊ីចឹងគ្នាសាកចេញទៅរកមើលក្រៅខ្ទមសិន ក្រែងលោមាន»
និយាយរួចធីរ៉ាត់ក៏ដើរចេញពីខ្ទមទៅ។
វូស វូស វូ…
អំបាញ់មិញស្ងាត់ច្រៀប ស្រាប់តែឆ្កែចាប់ផ្តើមលូទៀតហើយ។
‍​-ប្រញាប់ឡើងយើងគ្មានពេលច្រើនទេ ប្រយ័ត្នវាដឹងខ្លួនមុន-
សម្លេងគ្រូឈុំស្រាប់តែបន្លឺក្បែរត្រចៀករបស់ឌី ធ្វើឱ្យឌីប្រញាប់កាយដីយកៗ។
«ឌី!ខ្ញុំឃើញមានចបក្រោយខ្ទម តែវារាងចាស់ហើយ»
«មិនអីទេ ឱ្យតែមានល្អជាងអត់ដែរ»
ពួកគេជីកកាយដីរាប់ម៉ោង ចង់របើកខ្ទមទៅហើយ ប៉ុន្តែនៅតែរកមិនឃើញសោះ។
«នាងខ្មោចនោះពូកែលាក់ម៉្លេះ ពួកយើងជីកចង់សុះដីអស់ទៅហើយនៅមិនឃើញទៀត»
«ប្រហែលកប់ជ្រៅទេដឹង»
ពួកគេនៅប្រឹងជីកបន្តឡើងបែកញើសជោកខ្លួន។
«ឃើញហើយឌី!»
ធីរ៉ាត់ស្រែកប្រាប់ទាំងត្រេកអរ ព្រោះជីកឃើញស៊ុមឈើលឹមៗហើយ។
ពួកគេជីកដីប្រហែលជម្រៅជិតមួយម៉ែត ទើបយកកញ្ចក់បាន ឌីប្រញាប់យកកំបោរគូសសញ្ញាជើងក្អែកលើកញ្ចក់ភ្លាមមិនបង្អង់យូរ។
«ប្រញាប់ចេញពីទីនេះទៅ»
ឌីប្រញាប់ចេញពីខ្ទមជាមួយធីរ៉ាត់ ដោយមិនភ្លេចច្រកក្បាលខ្មោចនោះទៅជាមួយផង។
ពួកគេលើកកញ្ចក់ដែលធ្ងន់ទៅៗដោយមិនរួញរារហូតមកដល់ម៉ូតូឃើញអាទូចអង្គុយចាំលើម៉ូតូស្រេច។
ឌី និងធីរ៉ាត់ប្រញាប់ឡើងម៉ូតូបើកទៅផ្ទះគ្រូឈុំវិញ ដោយលើកនេះធីរ៉ាត់ជាអ្នកបើកម្តង។

និយាយពីនាងរំផាដែលសណ្ឋិតក្នុងខ្លួននាងនីតា មកដល់ល្អាងភ្នំជាជម្រកប្តីសំផែនរបស់នាងក៏ចាប់ផ្តើមស្លៀកដណ្តប់ឈុតបុរាណដែលខ្លួនចូលចិត្តពាក់កាលសំផែននៅរស់។
នាងចាប់ផ្តើមរៀបពិធីដោយមិនភ្លេចយកឈាមក្របីឃ្លៀចមកលាបលើថ្ងាស និងភ្នែកនាងនីតា ហើយរាំពត់ពែនខ្លួនចុះឡើង ដោយនៅពីមុខនាងមានរូបធ្វើពីក្រមួនចំនួនពីរមួយជារូបរបស់នាង និងមួយទៀតជារូបរបស់នីតាដោយមានរូបថតនាងបិទនៅលើរូបក្រមួននោះ ព្រមជាមួយកាំបិតមុតស្រួចនៅលើថាសផងដែរ។
«ម្តងនេះនាងឯងគេចមិនរួចទេ!»
ខ្មោចនាងរំផានិយាយដោយសម្លេងពិសពុល ដោយមិនភ្លេចក្រឡេកទៅកាន់ផ្នូរដែលកប់នៅចំហៀងខ្លួនដោយស្នាមញញឹម។
«អូននឹងធ្វើឱ្យបងរស់ឡើងវិញ»
បើក្នុងល្អាងជាផ្នូររបស់សំផែន ចុះក្បាលខ្មោចដែលឌី និងធីរ៉ាត់ឃើញក្នុងខ្ទមជារបស់អ្នកណាវិញទៅ?
…………………………

ឌី និងធីរ៉ាត់បើកម៉ូតូមកដល់ផ្ទះគ្រូឈុំភ្លាម ក៏ប្រញាប់លើកកញ្ចក់ឡើងលើផ្ទះភ្លែតមិនបង្អង់យូរ។
គ្រូឈុំយកអំបោះសីមាមកចងព័ទ្ធកញ្ចក់ឈើភ្ជាប់នឹងដៃរបស់ឌី ដោយឱ្យធីរ៉ាត់ ច័ន្ទ និងកូនប្រុសរបស់ឌីអង្គុយនៅពីក្រោយ។
«ឌីឆាប់បិទភ្នែកសមាធិ ផ្សងចិត្តរកមើលនីតានៅកន្លែងណា មិនថាមានរឿងអ្វីកើតឡើង ឬឮ     សំឡេងអីក៏ដោយហាមចេញពីក្នុងផ្ទះនេះជាដាច់ខាត»
ឌីបិទភ្នែកតាមគ្រូឈុំប្រាប់ មិនយូរប៉ុន្មានគេក៏ចាប់ផ្តើមមានទឹកមុខស្លេកស្លាំង និងបែកញើសជោកខ្លួន។
«បងឌី…ហ៊ឺហ៊ឺ»
គ្រប់យ៉ាងជុំវិញខ្លួនឌីងងឹតស្លុប ឮតែសំឡេងនីតាល្វើយៗ។
«អូននៅឯណានីត? មករកបង និងកូនវិញមក»
«ជួយអូនផង អូនខ្លាច…ហ៊ឺហ៊ឺ»
«អូនកុំខ្លាចអី បងរកមនុស្សមកជួយអូនហើយ អូនទ្រាំបន្តិចទៅ»
រំពេចនោះឌីក្រឡេកទៅឃើញប្រពន្ធរបស់ខ្លួនឈរនៅទីងងឹតដែលនៅក្នុងព្រៃជ្រៅ មានរាងកាយស្គមស្គាំង ស្លេកស្លក់ ដាបដោយទឹកភ្នែកសុទ្ធតែឈាម។
«ជួយអូនផងបងឌី…»
នាងទ្រហោយំស្រែកឱ្យប្តីជួយ ចំណែកឌីក៏ស្រក់ទឹកភ្នែកដែរ ព្រោះអាណិតប្រពន្ធចង់រត់ទៅជួយនាងក៏មិនបាន ព្រោះដូចមានអ្វីខណ្ឌរវាងគេ និងនាងមិនឱ្យចូលរកគ្នាបាន។
«អូនកុំយំអី បងប្រាកដជាជួយអូន»
«ជួយអូនផង កុំទុកអូនចោល… អ្ហា!!»
នីតាត្រូវដៃមួយគូរឹតកអូសនាងចូលទៅក្នុងព្រៃវិញមួយរំពេច ធ្វើឱ្យឌីកញ្ជ្រោលរត់ទៅជួយនាង តែគ្រប់យ៉ាងបែរជាងងឹតស្លុបមើលអ្វីមិនឃើញទៅវិញ។
«ឆាប់លែងនាងទៅ! មីខ្មោចចង្រៃ!»

ឌីសម្លឹងមើលជុំវិញខ្លួនដែលងងឹត មិនដឹងទិសតំបន់ ស្រាប់តែមានពន្លឺក្រហមមួយជះមកកាន់គេមួយរំពេច ធ្វើឱ្យគេត្រូវកម្លាំងនោះស្រូបទៅកន្លែងមួយ គេមើលទិដ្ឋភាពជុំវិញខ្លួន ឃើញថាគេឈរនៅវាលស្រែយាយសឿនដែលខ្លួន និងធីរ៉ាត់ទៅរកកញ្ចក់នោះ។

ផា…បងស្រលាញ់អូន អូនទុកចិត្តបងចុះ ពេលស្រែបងប្រមូលផលបានពេលណា បងនឹងឱ្យម៉ែចូលស្តីដណ្តឹងអូនតាមប្រពៃណីមិនខាន

បងកុំភរអូនឱ្យសោះណា អូនហ៊ានសូម្បីតែជំទាស់បញ្ជាពុកមកទាក់ទងបង ព្រោះអូនស្រលាញ់បង អូនជឿថាបងមិនធ្វើឱ្យអូនខូចចិត្តទេ

រំផាដែលអង្គុយក្រោមដើមត្របែកក្បែរខ្ទមស្រែដោយឱ្យសង្សារគេងកើយភ្លៅ សាសងពាក្យពេចន៍ស្នេហានិងគូសង្សារក្រោមព្រះអាទិត្យអស្តង្គត មើលឱ្យឃើញវាលស្រែទាំងមូលដូចពន្លឺមាសក្រហមទុំ ដូចស្នេហារវាងនាង និងសំផែនដែលស្អិតល្មួតមិនមានអ្វីមកបំបែកបាន។

ឌីមើលទិដ្ឋភាពចំពោះមុខដោយការសញ្ជឹងគិត ភ្លាមនោះស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងទាញរាងកាយរបស់ឌីចេញពីកន្លែងនោះ មកឈរមុខបន្ទប់អ្នកណាម្នាក់ ថែមទាំងឮសំឡេងឈ្លោះគ្នាពីក្នុងបន្ទប់ទៀតផង។

នេះឯងហ៊ានទុំមុនស្រគាលជាមួយអាផែនផងអ្ហះ?នេះបើឯងមិនឈឺខ្សោយដួលសន្លប់ ហើយពុកម៉ែឱ្យគ្រូពេទ្យមកពិនិត្យទេ ឯងចង់លាក់នឹងពុកម៉ែ ហើយរត់តាមវាឬយ៉ាងម៉េចអ្ហា!

ខ្ញុំស្រលាញ់គាត់ ហើយគាត់ក៏ស្រលាញ់ខ្ញុំម៉េចពុកម៉ែមិនយល់ចិត្តកូនសោះ

វាមានស្អីល្អឱ្យឯងស្រលាញ់វាដល់ថ្នាក់នេះ?

មីងភួងសួរកូនទាំងហួសចិត្ត ដែលមើលឃើញដុំថ្មជាដុំពេជ្រ។

បងផែនមិនដូចអ្នកដទៃទេ គាត់ស្រលាញ់កូនដោយស្មោះ

វាហុតទឹកសម្លឹងកាក គ្រាន់តែមើលក៏យើងមើលដឹងដល់ពោះវៀនពោះតាំងវាដែរ ឯងវាភ្លើទៅចាញ់បោកពាក្យសម្តីវា តែមិនថាយ៉ាងណាយើងលើកឯងឱ្យចក្រកូនប្រុសមិត្តរបស់យើងហើយ កូនគេរៀនសូត្របានខ្ពង់ខ្ពស់មានវង្សត្រកូល ឯងនឹងបានស្រណុកស្រួលទៅថ្ងៃក្រោយ មិនមែនសម្បត្តិអ្នកស្រែមើលគោដូចអាផែនទេ

ខ្ញុំមិនព្រមទេពុក ខ្ញុំមានកូននឹងបងផែនហើយ ឪកូនខ្ញុំមានតែបងផែនម្នាក់គត់

មានហើយក៏រំលូតបាន

ឪវា!

ពួកឯងទៅចងវាជាប់នឹងគ្រែ ចាំម៉ោងបាយទឹក ចាំលើកមកឱ្យវាស៊ីទៅ

និយាយរួចគាត់ដើរចេញពីបន្ទប់កូនស្រីទាំងកំហឹង។

ម៉ែមិនដឹងជួយឯងយ៉ាងម៉េចទេកូន

លែងខ្ញុំ ខ្ញុំមិនព្រមទេ!

មីងភួង និយាយទាំងដកដង្ហើមធំទៅកាន់កូនស្រី រួចក៏ដើរចេញពីបន្ទប់រំផាព្រមជាមួយបាវព្រាវ។

ពួកឯងមើលនាងឱ្យស្រួលបួល ប្រយ័ត្នឱ្យមែនទែន ក្រែងលោអាផែននាំគ្នាវា មកនាំកូនយើងរត់

បាទអ្នកស្រី

ឌីមើលអ្វីកើតឡើងចំពោះមុខទាំងមិនអស់ចិត្ត មើលទៅលោកចៅហ្វាយស្រុកដូចជាចិត្តអាក្រក់ និងដាច់អហង្ការជាមួយរំផានិងសំផែនណាស់ តែហេតុអីពេលគាត់ដើរចេញពីបន្ទប់នាងអំបាញ់មិញ គាត់បែរជាមានទឹកមុខស្រងូតស្រងាត់ មិនដូចពេលនៅចំពោះមុខនាងរំផាទេ។

ផ្សែងសហោះមកពាសពេញផ្ទះធ្វើឱ្យឌីមើលអ្វីមិនឃើញទៀត ប៉ុន្តែសម្លេងទ្រហោយំនៅពីក្រោយខ្នងធ្វើឱ្យគេងាកទៅមើល។

កូនខ្ញុំ! មិនអាចទេ!

ឈាមក្រហមឆ្អៅហូរចេញតាមជើងរបស់នាងរំផា ដែលជាសញ្ញាប្រាប់ថាកូនរបស់នាងចាកចេញពីនាងហើយ។

ហ៊ឺហ៊ឺ…ម៉េចក៏ពុកម៉ែធ្វើបែបនេះ ហេតុអីដាច់ចិត្តដាក់ថ្នាំរំលូតកូនក្នុងម្ហូបឱ្យខ្ញុំហូប

លោកចៅហ្វាយស្រុកសម្លឹងមើលមុខកូនស្រីដោយទឹកមុខស្ងួតស្ងប់។

ទៅតាមពេទ្យឱ្យមកមើលនាងផាផង

គាត់ដើរចេញពីបន្ទប់ភ្លាមដោយមិនចាំប្រពន្ធនិយាយអីមកកាន់ខ្លួនវិញ។

មីងភួងទឹកភ្នែករលីងរលោងអាណិតកូន តែមិនដឹងធ្វើយ៉ាងម៉េច។

ឌីមើលរឿងគ្រប់យ៉ាងដែលកើតឡើងដែលបង្ហាញឱ្យឃើញតាមផ្សែងសនោះ ប្រៀបដូចផ្ទាំងស បញ្ចាំងកុន។

ផា…បងមកជួយអូនហើយ

បងផែន…

នាងយំឱបសង្សារទាំងត្រេកអរ ព្រោះតាំងពីថ្ងៃនាងរលូតកូនមក ពុកឃុំនាងក្នុងបន្ទប់រហូត។

អូនរត់ទៅនៅជាមួយបងទៅ បងសន្យាថានឹងមើលថែថ្នាក់ថ្នមអូន មិនឱ្យអូនលំបាកទេ

អូននឹងទៅជាមួយបង មិនថានៅទីណាឱ្យតែមានបងនៅក្បែរអូន អូនមិនខ្លាចអ្វីទាំងអស់

ឌីមើលពួកគេទាំងពីរដែលរត់តាមគ្នា គេចពីមនុស្សរបស់ចៅហ្វាយស្រុកដែលដេញតាមចាប់នាងរំផាមកវិញ ប៉ុន្តែពួកគេគេចផុតចូលមកក្នុងព្រៃជ្រៅដែលមនុស្សរបស់ចៅហ្វាយស្រុករកមិនឃើញតាមមិនទាន់។

ប៉ុន្តែពួកគេទាំងពីររស់នៅជាមួយគ្នាមិនបានយូរប៉ុន្មាន ជំរំចោរសំផែនត្រូវក្លាយជាថ្លុកឈាម ពោរពេញដោយសាកសពពាសពេញព្រៃ និងក្នុងល្អាង ដោយសារពួកគេប្រយុទ្ធមិនឈ្នះក្រុមទាហានដែលលោកចៅហ្វាយស្រុកនាំមកកម្ចាត់គេ សូម្បីតែសំផែនក៏គេចមិនផុតពីសេចក្តីស្លាប់ដោយបិទភ្នែកមិនជិតដែរ ហើយនាងរំផាក៏ត្រូវព្រាត់ប្តី ត្រូវឪពុកចាប់យកមកឃុំក្នុងផ្ទះបង្ខំឱ្យរៀបការនឹងកូនប្រុសមិត្តភក្តិរបស់គាត់ទៀត។ ទើបយប់មុនថ្ងៃរៀបការ នាងរំផាក៏ដាច់ចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ ព្រមទាំងសច្ចាថានឹងវិលត្រឡប់មកសងសឹកគ្រប់គ្នាដែលបំបែកបំបាក់នាង និងប្តីឱ្យវិនាសព្រាត់ប្រាស់ដូចជានាងដែរមិនខាន។

ផ្សែងសដែលបង្ហាញពីអតីតដ៏ឈឺចាប់របស់រំផាត្រូវរលាយរសាត់បាត់អស់ ទើបឌីដឹងថាគេឈរនៅក្នុងព្រៃ ដែលពេលនេះឃើញមានអ្នកភូមិអ្នកស្រុកឈរអ៊ូអរត្រៀបត្រា ព្រមទាំងមានបុរសចំណាស់អាយុប្រហែល៦០ប្លាយឈរប្រណមដោយក្នុងដៃមានកាន់ធូបមួយបាច់ធំ ដោយមានកញ្ចក់នាងរំផាចងអំបោះសនៅពីមុខខ្លួនផងដែរ។

ឆាប់ចេញមកនាងរំផា នាងធ្វើទុក្ខព្យាបាទអ្នកស្រុកដល់ណា ម៉េចមិនព្រមទៅចាប់ជាតិចាប់កំណើត បែរជានៅសាងកម្មពៀរឱ្យខ្លួនឯងមិនឈប់

មេឃដែលចង់ភ្លៀងស្រាប់ ចាប់ផ្តើមមានផ្គរ ផ្លេកបន្ទោរជាខ្សែភ្លែតៗដាលច្រវាត់ពេញអាកាសគួរឱ្យខ្លាច ហើយភ្លាមនោះរន្ទះក៏បាញ់ចំមែកឈើធ្លាក់មកក្រោម ធ្វើឱ្យអ្នកស្រុកឈរក្រោមនោះគេចមិនចង់ទាន់។

យើងមិនទៅណាទាំងអស់ ដរាបណាពួកឯងមិនទាន់សងជីវិតយើងវិញ!

រំផាលេចឡើងមកឈរចំពោះមុខអ្នកស្រុក ដោយមានមុខអបលក្ខណ៍ដាបដោយឈាមនិងរលេះរលួយគួរឱ្យខ្លាច នាងចង្អុលមុខគ្រប់គ្នាដោយចងអាឃាត។

ឈប់ទៅកូន ទុកថាម៉ែអង្វរទៅចុះ

ព្រោះតែម៉ែពុក ទើបខ្ញុំមានសភាពបែបនេះ ចង់ឱ្យខ្ញុំស្ងប់ចិត្ត កុំសង្ឃឹម!

បើនាងមិនភ្ញាក់រលឹកកុំបន្ទោសថាយើងចិត្តអាក្រក់

គ្រូឈួន សូត្រគាថា ព្រមទាំងលូកយកក្រមួនដែលសូនជារូបក្របីចេញពីថង់យាមបោះទៅលើដី ស្រាប់តែស្រមោលក្របីខ្មៅក៏ផុសឡើងដោលបុកព្រលឹងនាងរំផាឱ្យខ្ទាតទៅម្ខាង។

នាងរំផាមិនព្រមចាញ់ស្ទុះហោះមកចាប់ស្នែងក្របីជាប់ ហើយគ្រវែងវាទៅបុកដើមឈើមួយទំហឹង ធ្វើឱ្យក្របីនោះរលាយបាត់ទៅជាផេះ។

គ្រូឈុំមិនបង្អង់ទាញខ្សែគាថាបោះទៅលើព្រលឹងនាងរំផាធ្វើឱ្យនាងស្រែកឡើងទាំងឈឺចាប់។

អួយក្តៅណាស់!លែងយើងភ្លាម ម៉ែជួយកូនផង

មីងភួងបម្រុងចូលទៅជួយកូនតែលោកចៅហ្វាយស្រុកចាប់ឃាត់ជាប់ ព្រោះលើកនេះជាឱកាសតែមួយគត់ដែលអាចឃុំព្រលឹងនាងកុំឱ្យដើរធ្វើបាបអ្នកស្រុកទៀត។

ព្រលឹងនាងរំផាត្រូវចងជាប់នឹងខ្សែគាថាស្រូបចូលក្នុងកញ្ចប់ភ្លាម ពេលដែលគ្រូឈុំចារយ័ន្តពីលើនោះរួច។

លោកចៅហ្វាយស្រុក ត្រូវយកកញ្ចក់នេះទៅទម្លាក់ចោលក្នុងទឹកទន្លេមុនព្រះអាទិត្យរះ ដើម្បីឱ្យនាងនៅក្នុងនេះតាំងចិត្តសុំសីលឱ្យស្ងប់នឹងអាលបានចាប់កំណើតថ្មី

បាទលោកគ្រូ

ហើយគ្រប់យ៉ាងក៏រលាយបាត់ ពន្លឺក្រហមនោះចាប់ផ្តើមបញ្ចេញពន្លឺម្តងទៀតស្រូបឌីចេញពីនោះ ធ្វើឱ្យគេធ្លាក់ចូលក្នុងពន្លឺពណ៌សមួយដែលសូម្បីតែវិញ្ញាណនាងរំផាដែលមានចេតនាបង្ហាញអតីតកាលឱ្យឌីបានឃើញក៏មិនដឹងពីវត្តមានពន្លឺចម្លែកនោះដែរ។

«ឌី!ឌី! ភ្ញាក់ឡើង»

ធីរ៉ាត់ព្យាយាមស្រែកហៅឌីដែលសន្លប់បាត់ស្មារតីពេលកំពុងតាំងសមាធិ ដែលនេះរំលងទៅច្រើនម៉ោងហើយក៏នៅមិនទាន់ដឹងខ្លួនទៀត។

ឌីកម្រើកខ្លួនពេលភ្ញាក់ពីសន្លប់វិញទាំងងីងើ​ ខណៈនោះភ្លើងទានអុជបំភ្លឺក្នុងផ្ទះក៏រលត់ឈឹប   ព្រមដោយសម្លេងឆ្កែលូចាប់ផ្តើមបន្លឺឡើងយ៉ាងគ្រលួច។
វូស វូស វូ…
ខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឱ្យប៉ើងរបស់របរក្នុងផ្ទះ បង្អួចក៏បើកបិទរង្គោះរង្គើពេញហ្នឹង។
ផាំងៗ!!
ស្រមោលស្រីម្នាក់ឈរនៅមាត់ទ្វារពាក់ស្បៃក្រហមនិងស្លៀកសំពត់ក្បិនពណ៌ខ្មៅ បួងសក់សៀតផ្កាចំប៉ា សម្លឹងមើលពួកគេដោយកំហឹងចងអាឃាត។
«ពួកឯងចង់ងាប់មែនទេ!!!»
ស្រីម្នាក់នោះស្រែកឡើងស្ទើរបែកក្រដាសត្រចៀក។
«ដោះលែងនីតាមក នាងជាខ្មោចគួរនៅភពខ្មោច មិនគួរមកភពមនុស្សធ្វើបាបគេឱ្យខ្លួនមានកម្មពៀរទេ»
«កុំមកប្រដៅយើង អាកញ្ចាស់!! តារបស់ឯងមករារាំងរឿងរបស់យើងឱ្យបរាជ័យម្តងហើយ ឥឡូវនេះនៅមានឯងមករារាំងយើងម្តងទៀត ពួកឯងសមតែងាប់ឱ្យអស់ទេ ហាហា…»
«យើងមិនខ្លាចនាងទេ នាងសាងតែអំពើបាបសម្លាប់មនុស្ស មិនយូរមិនឆាប់ម្ចាស់កម្មពៀរនឹងមករកនាងវិញជាមិនខានទេ»
«ហាហា!! យើងមិនខ្លាចទេ ពួកឯងអាចធ្វើអ្វីយើងបានទៅ សំអាងលើយ័ន្តបិទផ្ទះទាំងអស់នេះ យើងមិនព្រឺទេ»
គ្រូឈុំមិនតប គាត់បិទភ្នែកសូត្របាលីលើកញ្ចក់ដែលមានចងខ្សែសីមាជាប់ញាប់មាត់ស្អេក។
«អូយ! ក្តៅណាស់! អាកញ្ចាស់ចង្រៃ! ហ៊ានយកកញ្ចក់របស់យើងមកធ្វើបែបនេះផងអ្ហះ?»
«ប្រគល់នីតាឱ្យយើងវិញមក បើនាងមិនចង់ឈឺខ្លួន»
«គ្មានផ្លូវ! ពួកឯងគ្មានថ្ងៃរកនាងឃើញនោះទេ ហាហា…»
«ចុះបើយើងបំផ្លាញក្បាលសង្សាររបស់នាងវិញ»
ឌីក្រោកឈរឡើងព្រមទាំងលើកក្បាលខ្មោចគំរាមនាងរំផា។
ខ្មោចរំផាបើកភ្នែកធំៗសម្លឹងមើលក្បាលខ្មោចដែលឌីកាន់មិនដាក់ភ្នែក។
«ឯងបានវាមកពីណា?»
«យើងបានពីក្រោមខ្ទមដែលនាងឯងយកទៅលាក់នោះអី»
«ហាហា!»
ឌីលើកចិញ្ចើមឆ្ងល់ មើលឫកពាខ្មោចរំផាដូចជាមិនភ័យខ្លាចនឹងការគំរាមរបស់គេសោះ ឬមួយ…
«នេះមិនមែនជាក្បាលរបស់សំផែនទេមែនទេ???»
«ហាហា! ល្ងង់ដូចជាពួកឯងគ្មានថ្ងៃរកឃើញគ្រោងឆ្អឹងប្តីរបស់យើងនោះទេ»
«មួយម៉ាត់ល្ងង់ពីរម៉ាត់ល្ងង់ នាងល្អណាស់ទៅអ្ហះ ដើរពង្រត់ប្តីប្រពន្ធគេ ដើម្បីបំពេញបំណងខ្លួនឯង នាងឯងអាត្មានិយមណាស់»
ច័ន្ទទ្រាំលែងបានក៏ជេរមីខ្មោចចង្រៃដោយអត់មិនបាន ចំណែកថីមក៏យំយ៉ាងខ្លាំង មិនបាត់សោះ។
«យើងមិនខ្វល់ ពួកឯងត្រៀមខ្លួនងាប់ទៅ!»
ហេតុតែមានយ័ន្តបិទការពារនៅមាត់ទ្វារផ្ទះ ទើបខ្មោចរំផាចូលមិនបាន នាងក៏ធ្វើជានិយាយលួងឌីវិញម្តង។
«បើឯងចង់បានប្រពន្ធទៅវិញយកកញ្ចក់នោះមកឱ្យយើង»
«កុំអីឌី កុំជឿសម្តីវា វាបោកឯង បើវាបានកញ្ចក់ទៅវិញពួកយើងចាញ់ប្រៀបវាហើយ»
ធីរ៉ាត់ប្រញាប់ឃាត់ ព្រោះឃើញឌីស្ទាក់ស្ទើរខ្លាចចាញ់បោកពាក្យសម្តីរបស់ខ្មោចរំផា។
«កាលនោះតាយើងឃុំឯងក្នុងកញ្ចក់ទៅហើយ ឯងចេញមកបានយ៉ាងម៉េច?»
គ្រូឈុំសួរទៅកាន់ខ្មោចរំផាដែលឈរមុខទ្វារព្រោះចូលមិនបាន ហើយតារបស់គាត់ស្លាប់កាលនោះក៏ប្រហែលជាស្នាដៃវាហើយ។
«ក្រោយពីម៉ែ និងពុករបស់យើងយកកញ្ចក់ទៅទម្លាក់ទឹកទន្លេហើយមិនយូរប៉ុន្មាន យើងក៏ត្រូវបានគេស្រង់ឡើងមកលើទឹកវិញ ពេលគេបង់សំណាញ់ត្រីជាប់ដោយ ព្រោះតែចង់បានលុយអាអ្នកនេសាទនោះក៏យកកញ្ចក់ទៅលក់នៅកន្លែងជាងឈើ ថែមទាំងស្រាយយ័ន្តនោះចេញទៀត ហើយអ្នកដែលយើងទៅរកមុនគេគឺតារបស់ឯងនោះហើយដែលចេះដឹងខុសរឿង វាងាប់ព្រោះស្នាដៃយើងសមហើយ ចំណែកអ្នកបន្ទាប់គឺម៉ែឪយើងដែលខ្វល់ពីអ្នកស្រុកជាងយើងដែលជាកូន ហ៊ានឱ្យអាកញ្ចាស់ឈួនឃុំវិញ្ញាណយើងក្នុងកញ្ចក់ទម្លាក់ទឹកទន្លេ»
«នេះកុំប្រាប់ថានាងសម្លាប់ទាំង…»
ឌីសួរទាំងមិនចង់ជឿអ្វីដែលបានឮ។
«មែន! យើងសម្លាប់ម៉ែឪរបស់យើងសងសឹកឱ្យប្តីយើង ខ្មោចនៅក្រោមខ្ទមនោះ ជាខ្មោចឪយើង ដែលយើងកប់ឱ្យគាត់វិលវល់នៅទីនោះ គាត់ស្អប់បងផែនជាអ្នកស្រែមែនទេ យើងឱ្យគាត់ធ្វើជាខ្មោចយាមនៅទីនោះម្តង វាមានរសជាតិបែបណា ហាហា!»
«នាងឆ្កួតហើយ ព្រោះតែស្រលាញ់អាផែនងប់ងល់ នាងដល់ថ្នាក់ហ៊ានលើកដៃសម្លាប់ម៉ែឪខ្លួនឯង មិនយូរមិនឆាប់នរកប្រាកដជាមកយកនាងមិនខានទេ!»
ធីរ៉ាត់ស្រែកគំហកដាក់ខ្មោចរំផាដោយមិនខ្លាចញញើតតទៅទៀត។
«យើងមិនខ្លាចស្អីទាំងអស់ឱ្យតែបាននៅជាមួយបងផែនវិញស្អីក៏យើងហ៊ានធ្វើដែរ»
គ្រូឈុំមិនបង្អង់យូរយកកាំបិតអាគមចារលើកញ្ចក់ដោយសូត្របាលីញាប់មាត់ស្អេក។
«អ្ហា!!អាកញ្ចាស់ឈុំ យើងនឹងសម្លាប់ឯងមិនខានទេ!»
ខ្មោចរំផាក្តៅក្រហល់ក្រហាយពេញខ្លួនពេក ទើបវិញ្ញាណចេញពីខ្លួននីតា ធ្វើឱ្យនីតាដែលត្រូវខ្មោចបញ្ជាប្រែជារូបរាងកាយជានាងវិញសន្លប់បាត់ស្មារតីផ្ងារក្រោយធ្លាក់ពីលើកាំជណ្តើរផ្ទះ ហើយដោយសារខ្មោចរំផាមានកញ្ចក់ជាចំណុចខ្សោយ ទើបមិនអាចធ្វើអ្វីពួកគេបាន។
«នីត!»
ឌីស្ទុះចេញពីមាត់ទ្វារផ្ទះពេលឃើញប្រពន្ធខ្លួនធ្លាក់ពីលើកាំជណ្តើរផ្ទះ។
«កុំទៅឌី!»
ធីរ៉ាត់ឃាត់មិនទាន់ ព្រោះឌីចេញពីមាត់ទ្វារចុះពីលើផ្ទះទៅហើយ។
«កុំតាមឱ្យសោះ!»
គ្រូឈុំហាមធីរ៉ាត់ ដោយដៃគាត់នៅបន្តចារពីលើកញ្ចក់មិនឈប់។
ឌីមកដល់ខាងក្រោមទើបដឹងខ្លួនថាចាញ់កលខ្មោចរំផា។
«ទៅយកកញ្ចក់នោះមកឱ្យយើង!»
រំផាបើកភ្នែកក្រហមតែត សម្លឹងមើលឌីមិនដាក់ភ្នែក។
«បាន…»
ឌីឆ្លើយដូចត្រូវមន្តសណ្តំ ធ្វើឱ្យខ្មោចរំផាពេញចិត្តយ៉ាងខ្លាំង តែក៏ត្រូវភាំងព្រោះសម្តីបន្ទាប់របស់ឌី។
«តែនាងនឹងទៅយកវានៅឋាននរកតែប៉ុណ្ណោះ»
ច្រុច!
ឌីយកកាំបិតអាគមដែលគ្រូឈុំសៀតនៅចង្កេះរបស់គេពេលយកកញ្ចក់មកដល់ផ្ទះភ្លាម ចាក់ពោះរបស់នាងមួយទំហឹង។
“យកកាំបិតនេះទុកទៅ បើមានអ្វីកើតឡើងហួសវិស័យ ឯងយកកាំបិតនេះចាក់ខ្មោចនាងរំផាទៅ  វានឹងអស់ឬទ្ធិហើយ”
«អ្ហា! ឯង…»
ខ្មោចរំផាលើកម្រាមដៃចង្អុលមុខឌីដោយការខឹងសម្បា ភ្លាមនោះមានផ្សែងខ្មៅចេញពីខ្លួននាងមួយរំពេច។
ចំណែកគ្រូឈុំវិញពេលសូត្របាលីចប់ហើយ គាត់ក៏យកញញួរមកដំបំបែកកញ្ចក់មួយទំហឹង។
«អូយ!!»
ខ្មោចរំផាដួលស្រុតទៅលើដីសម្លឹងមើលគ្រប់គ្នាជុំវិញខ្លួនដោយកំហឹងព្យាបាទ។

«លែងយើង យើងមិនទៅជាដាច់ខាត! យើងនឹងចងពៀរជាមួយពួកឯងគ្រប់ជាតិ!ហើយឯងក៏គ្មានថ្ងៃបានព្រលឹងប្រពន្ធឯងត្រឡប់ទៅវិញដែរ»
ឌីសម្លឹងមើលនាងដែលមានតែកំហឹងគំនុំព្យាបាទ សូម្បីតែពេលនេះព្រលឹងនាងជិតរលាយសូន្យហើយក៏នៅតែមិនភ្ញាក់រលឹក។
«នាងដឹងទេថាអ្វីដែលនាងបានធ្វើកាលពីអតីតកាលជាកំហុសមួយដែលធ្វើឱ្យនាងមានវិប្បដិសារីបាន ទោះធ្លាក់ក្នុងឋានក្រោមរងទុក្ខទោសប៉ុន្មានភពប៉ុន្មានជាតិក៏មិនអាចលុបលាងបាន»

«ឯងនិយាយពីស្អី!»

«មនុស្សដែលនាងស្រលាញ់អស់ពីដួងចិត្តធ្វើឱ្យនាងហ៊ានលើកដៃធ្វើបាបអ្នកផ្តល់កំណើតឱ្យនាង តាមពិតគឺជាអ្នកនៅពីក្រោយខ្នងនៃរឿងទាំងអស់»

«ឯងកុំមកចង់លាបពណ៌ឱ្យប្តីយើងឱ្យសោះ!»

«នាងដឹងទេថាពេលដែលនាងទាញចិត្តរបស់ខ្ញុំឱ្យមើលឃើញអតីតកាលរបស់នាង ខ្ញុំបានចូលក្នុងពន្លឺមួយទៀតមើលឃើញរឿងអ្វីខ្លះ»

ខ្មោចរំផាមិនឆ្លើយ តែចាំស្តាប់ឌីចង់និយាយពីអី។

«នាងហ៊ានដើរចូលអតីតកាលមើលរឿងដែលឪពុកនាងព្យាយាមលាក់ពីនាង ដើម្បីកុំឱ្យនាងខូចចិត្តទេ»

ខ្មោចរំផាដែលពេលនេះអស់ឫទ្ធិទៅហើយប្រៀបដូចជាព្រលឹងខ្មោចធម្មតាប៉ុណ្ណោះក៏ក្រោកឈរព្រមតាមឌីទៅមើលរឿងដែលកើតឡើងនៅអតីតកាលជាមួយគ្នាដោយមិនតវ៉ា ទោះក្នុងចិត្តនៅមានកំហឹងមិនទាន់ស្រឡះក៏ដោយ។

«ឌីធ្វើបែបនេះមិនបានទេ!»

«មែនហើយពូ វាប្រថុយពេកហើយ​ បើខ្មោចនេះមានបំណងមិនត្រង់ចាប់ពូយកទៅម្នាក់ទៀតគិតយ៉ាងម៉េច?»

ទាំងធីរ៉ាត់ និងច័ន្ទនៅមិនទាន់ទុកចិត្តខ្មោចរំផានៅឡើយមិនហ៊ានឱ្យឌីប្រថុយខ្លួន។

«មានតែវិធីនេះប៉ុណ្ណោះទើបអាចបញ្ចប់រឿងគ្រប់យ៉ាងបាន»

ឌីនិយាយដោយទឹកមុខស្ងួតស្ងប់ ព្រមទាំងនិយាយទៅកាន់គ្រូឈុំ។

«លោកគ្រូអាចជួយឱ្យខ្ញុំនិងរំផាឆ្លងទៅមើលអតីតកាលបានទេ?»

«យើងជួយឯងបាន តែឯងមានពេលតែធូបមួយសរសៃប៉ុណ្ណោះ ហើយវិធីនេះក៏ប្រថុយនឹងគ្រោះថ្នាក់ដែរ»

ឌីព្រមឱ្យគ្រូឈុំធ្វើពិធី ព្រោះគេតាំងចិត្តហើយថានឹងជួយរំដោះព្រលឹងនាងរំផាឱ្យរួចផុតពីគំនុំចងអាឃាតឱ្យបាន​ គេងាកមកមើលធីរ៉ាត់ដែលបីប្រពន្ធខ្លួនទៅកាន់មន្ទីរពេទ្យ ព្រោះនាងមានបែកក្បាលហូរឈាមពេលបោកនឹងជណ្តើរផ្ទះ។
«ខ្ញុំ និងច័ន្ទជួយយកនីតាទៅពេទ្យ ឯងនៅទីនេះដោះស្រាយរឿងរ៉ាវមន្ទិលរបស់ខ្មោចរំផាឱ្យចប់និងរកវិធីជួយរកព្រលឹងនីតាឱ្យឃើញទៅ កុំបារម្ភពីខាងណេះអី»
«ផ្ញើផងធីរ៉ាត់/ច័ន្ទ»
«កុំបារម្ភអីពូ ខ្ញុំនឹងមើលថែអ៊ីឱ្យ»
មិនយឺតយូរពួកគេឡើងឡានចេញទៅមន្ទីរពេទ្យភ្លាម។

ឌីអង្គុយទល់មុខគ្រូឈុំ មុននេះបន្តិចធីរ៉ាត់បានតេមកប្រាប់គេថាប្រពន្ធគេមានសុវត្ថិភាពហើយគ្រាន់តែមានជីពចរខ្សោយ និងមិនទាន់ដឹងខ្លួនតែប៉ុណ្ណោះ។
«ត្រូវចាំឯងមានពេលតែធូបមួយសរសៃទេ ពេលឮសម្លេងយើងស្រែកហៅ ឯងត្រូវប្រញាប់      ត្រឡប់មកវិញភ្លាម បើធូបអស់ហើយ ឯងមិនចូលក្នុងខ្លួនវិញទេ ឯងមិនអាចត្រឡប់ចូលខ្លួនវិញបានជារៀងរហូត»
ឌីបិទភ្នែក បញ្ជាក់ចម្លើយថាគេព្រមហើយ គ្រូឈុំក៏ចាប់ផ្តើមសូត្រគាថា។
ឌីមានអារម្មណ៍ថាត្រជាក់ខ្លួន និងងងុយគេងជាខ្លាំង​ ដោយទ្រាំមិនបាន គេក៏ផ្តួលខ្លួនគេងទៅ    ខណៈនោះព្រលឹងនាងរំផាក៏ហោះចូលមកក្នុងខ្លួនឌីទៅកន្លែងនោះជាមួយគេដែរ។


ឌីដែលឈរចាំខ្មោចរំផារួចជាស្រេចដោយមានពន្លឺពណ៌សនោះនៅចំពោះមុខដដែល។
«ឯងចង់នាំខ្ញុំទៅណា?»
«យើងត្រូវដើរតាមពន្លឺពណ៌សនោះ»

គេចង្អុលទៅពន្លឺនោះដើម្បីបង្ហាញខ្មោចរំផាឱ្យដើរតាម។
«ឯងកុហកយើងគ្មានឃើញពន្លឺស្អីក្រៅពីភាពងងឹតមើលអ្វីមិនឃើញទេ»
ឌីសម្លឹងមើលមុខរំផាដែលសូម្បីតែពន្លឺដែលចាំងមកចំពោះមុខទៅហើយក៏នាងមើលមិនឃើញ ប្រហែលនាងសាងបាបកម្មច្រើនពេក។
«ចាំខ្ញុំដឹកដៃនាងឆ្លងពន្លឺនោះជាមួយគ្នា»

គេកាន់ដៃរំផាដើរឆ្លងពន្លឺពណ៌សមកកាន់កន្លែងមួយគឺវាលស្រែសំផែន។

ឯងប្រាកដចិត្តហើយថាធ្វើបែបនេះ?

អឺ!យើងប្រាកដហើយ អាចៅហ្វាយស្រុកនោះត្រូវសងគំនុំឈាមពុកយើងវិញ ព្រោះវាទើបធ្វើឱ្យពុកយើងគ្រាំចិត្តស្លាប់

តែក្រែងពុកឯងជំពាក់លុយចៅហ្វាយស្រុកគេទារលុយវិញវាត្រូវហើយតើ

ឯងមិនដឹងឬធ្វើពើការប្រាក់ចៅហ្វាយស្រុកទារពីអ្នកស្រុកច្រើនជាងប្រាក់ដើមពេលខ្ចីទៅទៀត បើកុំតែគាត់ទារប្រាក់ច្រើនហួសហេតុនិងរឹបអូសយកដីស្រែពុកអាផែន ឪវាក៏មិនក្អួតឈាមស្លាប់ព្រោះគ្រាំចិត្តដែរ

ក្លើរបស់សំផែនម្នាក់ទៀតនិយាយរឿងរ៉ាវទាំងអស់ឱ្យក្លើអង្គុយជាប់នោះស្តាប់។

ឯងប្រាកដចិត្តឬថានាងរំផាជាប់អន្ទាក់ឯង នាងស្អាតហើយថែមទាំងមានអ្នកចែចូវសុទ្ធតែអ្នកមានទ្រព្យម៉េចនឹងមកស្រលាញ់ឯងជាកូនអ្នកស្រែទៅ?

វាមិនមែនជាបញ្ហា យើងបានទៅរកគ្រូតេងឱ្យធ្វើក្រមួនស្នេហ៍ឱ្យយើង ធានាថានាងរំផាមិនរួចពីដៃយើងនោះទេ ហាហា

តែប៉ុណ្ណេះផែនការសងសឹកឱ្យឪពុកឯងជោគជ័យមិនខានទេអាផែន

ពួកគេសើចក្អាកក្អាយជល់ស្រាផឹកស៊ីសប្បាយដោយមិនដឹងទេថា មានព្រលឹងរំផាឈរមើលពួកគេទាំងមិនយល់សេចក្តី។

«មានន័យថាម៉េច ម៉េចក៏បងផែននិយាយស្អីបែបនេះ ហេតុអីគាត់ចាំបាច់ដាក់ស្នេហ៍ខ្ញុំ ពួកយើងស្រលាញ់គ្នា គាត់មិនមែនមនុស្សបែបនេះទេ ឯងប្រឌិតរឿងកុហកយើងមែនទេ?»

«ខ្ញុំមិនអាចកុហកនាងបានទេ យើងឆ្លងមកមើលអតីតកាលជាមួយគ្នានេះសុទ្ធតែជាការពិតទាំងអស់ ហើយនៅមានអ្វីជាច្រើនទៀតដែលនាងមិនទាន់ដឹង»

«មិនពិត…»

«នាងមកតាមខ្ញុំមក នៅមានរឿងមួយទៀតដែលធ្វើឱ្យនាងកាន់តែភ្ញាក់ផ្អើល»

ខ្មោចរំផាដើរតាមឌីចូលក្នុងផ្សែងពណ៌សដែលអណ្តែតឡើងចំពោះមុខពួកគេ។

ពុកវាដឹងរឿងនេះមកពីណា?

អាផែនពេលនេះវាក្លាយជាមេចោរហើយ វាថែមទាំងចេះមន្តអាគមទៀត កូនស្រីយើងប្រាកដជាមានគ្រោះថ្នាក់ បើឱ្យវាដឹងថានាងមានកូនរបស់វា ខ្ញុំខ្លាចថាវាមានបំណងវះពោះយកកូនពីរំផាធ្វើជាកូនក្រកការពារវាពីពួកសត្រូវ ខ្ញុំបានដំណឹងជាសម្ងាត់ពីចក្រកូនប្រុសមិត្តរបស់ខ្ញុំដែលជាទាហានកាន់រឿងក្តីនេះ ព្រោះនៅស្រុករបស់ចក្រ សកម្មភាពអាផែនដើរចាប់ស្រីមានគភ៌ខ្ចីខែវះយកកូន ល្បីសុះសាយហើយពេញស្រុកទួលដំបូល នៅឡើយតែស្រុកយើងវាមិនទាន់ធ្វើសកម្មភាពប្រហែលខ្លាចរំផាវាផ្អើល

អ៊ីចឹងធ្វើយ៉ាងម៉េចទៅឪវា បើរំផាកូនយើងងប់នឹងវាយ៉ាងហ្នឹង បើប្រាប់កូនទៅ ក៏វាមិនជឿសម្តីយើងដែរ

មានយ៉ាងម៉េចម៉ែវាមានតែរំលូតកូននោះចោល កុំឱ្យមានបញ្ហា

មិនបានទេឪវា នោះជាចៅយើង រំលូតចោលមិនបានទេ ក្មេងវាមិនដឹងអីទេ

មានតែវិធីនេះទេ ដែលកុំឱ្យអាផែនវាធ្វើបានសម្រេច បើវាបានកូនក្រកជាសាច់ឈាមវាបង្កើតទៀត មន្តអាគមវារឹតតែខ្លាំងពូកែ ដល់ពេលនោះយើងបង្ក្រាបវាមិនឈ្នះទេ

អាផែនវាមិនដល់ថ្នាក់សម្លាប់រំផាកូនយើងវះពោះយកកូនទេឪវា យ៉ាងណារំផាក៏ជាប្រពន្ធវាដែរ

ឯងក៏ដឹង វាមិនបានស្រលាញ់កូនយើងស្មោះត្រង់ទេ វាធ្វើព្រោះចង់សងសឹកយើងប៉ុណ្ណោះ បើយើងឱ្យវាការចូលក្នុងគ្រួសារយើង ដូចបើកទ្វារឱ្យខ្លាចូលមកសម្លាប់ដល់ផ្ទះអ៊ីចឹង តែមិនថាយ៉ាងណា ខ្ញុំបានគិតគូរហើយ ពេលកូនរបស់រំផាលែងនៅហើយ ខ្ញុំឱ្យវារៀបការនឹងចក្រ ឱ្យចក្រនាំវាទៅនៅស្រុកទួលដំបូលយ៉ាងណានៅទីនោះជាកន្លែងប្រចាំការរបស់ទាហានមានគ្នាច្រើនកូនយើងក៏មានសុវត្ថិភាពពីដៃអាផែន ទោះវាយល់ថាម៉ែឪវាជាមនុស្សចិត្តខ្មៅក៏ដោយចុះ ក៏មិនអីដែរ

ខ្មោចរំផាមើលគ្រប់យ៉ាងចំពោះមុខពោរពេញដោយភាពស្ទាក់ស្ទើរជឿផង មិនជឿផង ឌីក៏នាំនាងទៅមើលកន្លែងមួយទៀតដែលស្រាយចម្ងល់របស់នាងកាន់តែច្បាស់។

ល្បងធ្វើយ៉ាងម៉េចទៅ បើកូនល្បងរលូតទៅហើយ ធ្វើម៉េចគ្រប់កូនក្រកទាំង១០០ទៅ

មិនអីទេ អត់លើកនេះ មិនយូរគង់តែមានទៀតទេ មីរំផាជឿងប់ស្រលាញ់យើងចង់ងាប់ សំខាន់ពេលនេះយើងត្រូវបោកវាសួររកទ្រព្យឪវាលាក់ទុកត្រង់ណាខ្លះ នឹងអាលយើងនាំគ្នីគ្នាទៅប្លន់យកឱ្យអស់ ហើយសឹមសំឡេះវាចោលជាក្រោយពេលគ្រប់យ៉ាងបានដូចអ្វីដែលយើងត្រូវការហើយ ហាហា

រំផាមើលរឿងរ៉ាវគ្រប់យ៉ាងបង្ហាញចំពោះមុខទាំងទឹកភ្នែករលីងរលោង ហើយគ្រប់យ៉ាងមិនមែនដូចអ្វីដែលនាងយល់ សំផែនក្បត់នាងទោះគេនាំនាងរត់មកនៅជំរំក៏ដោយ តែគេមានស្រីច្រើនរាប់មិនអស់ ថែមទាំងចាប់កូនក្រមុំអ្នកស្រុកមករំលោភបំពាន បើស្រីខ្លះព្រមតាម គេក៏ទុកជីវិតឱ្យ តែក៏បែងចែកឱ្យកូនចៅរំលោភបំពានបន្តពីខ្លួន ហើយបើស្រីណាជំទាស់ គេក៏សម្លាប់ចោលបំបិទមាត់ សំផែនដែលនាងស្គាល់ពីមុខនាង និងសំផែនពីក្រោយខ្នងនាងគឺខុសគ្នាដូចមេឃនិងដី គេអាក្រក់ជួជាតិ នាងមិនឆ្ងល់ទៀតទេថាហេតុអីពេលនោះអ្នកស្រុកអ្នកភូមិស្អប់ខ្ពើមឱ្យតែឮឈ្មោះសំផែនដឹងតែជេរប្រទេចដាក់បណ្តាសាមិនឈប់មិនឈរ។ ហើយក៏ព្រោះតែនាងទើបរលូតកូនទើបសំផែនឱ្យនាងនៅតែក្នុងល្អាង គេលាក់រឿងគ្រប់យ៉ាងមិនឱ្យនាងមិនដឹងអីសោះ នាងល្ងង់ឱ្យគេបោកដូចសត្វលាមួយក្បាលដែលគេប្រើឬបញ្ជាឱ្យធ្វើអីក៏ធ្វើតាម។

ក្រោយមកនាងក៏មានគភ៌ម្តងទៀត សំផែននាំនាងទៅកន្លែងអាសនៈរបស់គេ ព្រមទាំងប្រាប់នាងថាទៅសុំទឹកមន្តផឹកឱ្យកូនសុខសប្បាយ តែតាមពិតគេនាំនាងទៅវះពោះយកកូនចេញមកធ្វើកូនក្រកសម្រេចមហិច្ឆតារបស់គេសោះ សំណាងដែលពុកនាងនាំទាហានមកជួយនាងទាន់កុំអីនាងស្លាប់បាត់ទៅហើយ ប៉ុន្តែនាងបែរជាយល់ច្រឡំនឹងពុកម៉ែថាមកបំបែកនាងពីសំផែនទៅ      វិញ។

«មិនពិត ម៉េចគ្រប់យ៉ាងទៅជាក្រឡាប់ចាក់បែបនេះ ក្រែងឯងថាស្រលាញ់យើង ស្មោះនឹងយើង ម៉េចក៏ឯងបោកយើងបែបនេះ អាផែន អាទុរយស ហ៊ឺហ៊ឺ…»

ខ្មោចរំផាទ្រហោយំឡើងគ្រលួចមាត់បើកធំចង់ឃើញគ្រឡើតទៅហើយ ព្រោះឈឺចាប់នឹងអ្វីដែលបានដឹង។

«ពុកម៉ែ…កូនខុសហើយ កូនយល់ច្រឡំនឹងពុកម៉ែ កូនជាកូនអកតញ្ញូ យល់ខ្មៅជាស ទោះកូនធ្លាក់នរកសងកម្មរាប់រយជាតិក៏សងពុកម៉ែមិនអស់ដែរ ហ៊ឺហ៊ឺ…»

ឌីឈរមើលខ្មោចរំផាស្រែកទ្រហោយំទាំងអួលដើមក តែមិនដឹងជួយនាងយ៉ាងម៉េចព្រោះអ្វីគ្រប់យ៉ាងនាងជាអ្នកធ្វើវាឡើងមកដោយខ្លួនឯង។

ពន្លឺសរលត់បាត់ គេឮសំឡេងគ្រូឈុំស្រែកហៅគេឱ្យត្រឡប់ទៅវិញ ហើយកម្លាំងខ្យល់មកពីណាមិនដឹងស្រូបគេ និងខ្មោចរំផាចេញពីទីនោះមួយរំពេច។
«ឌីភ្ញាក់ឡើង ឌី!»
សម្លេងបន្លឺក្បែរត្រចៀកធ្វើឱ្យឌីបើកភ្នែកឡើងសន្សឹមៗ។
«លោកគ្រូ! »
ឌីក្រោកអង្គុយក្បែរគ្រូឈុំ។
«នាងឃើញគ្រប់យ៉ាងហើយមែនទេ?»
ខ្មោចរំផាងក់ក្បាលដោយទឹកមុខសោកសៅ និងស្តាយក្រោយ។

«ខ្ញុំដឹងថានរកនឹងបើកទ្វារមកយកខ្ញុំឥឡូវនេះហើយ តែខ្ញុំសុំខមាទោសពីលោកគ្រូ និងគ្រួសារឌីផងដែលខ្ញុំធ្វើឱ្យអ្នកទាំងពីរមានបញ្ហារហូតមក»

នាងនិយាយទាំងទឹកភ្នែក ស្តាយកំហុសដែលខ្លួនបានប្រព្រឹត្ត ជាពិសេសចង់ក្រាបសំពះសុំទោសអ្នកមានគុណទាំងពីរក៏គ្មានឱកាសដែរ។

«ពួកខ្ញុំអហោសកម្មឱ្យនាង នាងទៅឱ្យស្ងប់ចុះ»

គ្រាន់តែឌីនិយាយពាក្យអហោសកម្មឱ្យនាងហើយ ព្រលឹងនាងរំផាក៏ត្រូវភ្លើងអគ្គីដុតរោលខ្លួនក្លាយជាផេះបន្តិចម្តង ប៉ុន្តែនាងបែរជារលាយខ្លួនដោយស្នាមញញឹមមិនមានស្តាយក្រោយបន្តិចសោះឡើយ។

ហើយចាប់ពីថ្ងៃនេះទៅនឹងគ្មានខ្មោចនាងរំផាមកយាយីធ្វើបាបគ្រួសាររបស់ឌីតទៅទៀតទេ…
ចាប់តាំងពីថ្ងៃដែលខ្មោចរំផារលាយខ្លួនបាត់ គ្រួសាររបស់ឌីក៏សុខសប្បាយមិនមានបញ្ហាអ្វីកើតឡើងទៀត នីតាសម្រាកនៅមន្ទីរពេទ្យបានមួយសប្តាហ៍ក៏ត្រឡប់មកផ្ទះវិញ។

ចំណែកឯធីរ៉ាត់វិញក៏ឱ្យឪពុកម្តាយចូលស្តីដណ្តឹងច័ន្ទតាមប្រពៃណី ឌីមិនដឹងទេថាធីរ៉ាត់ចាប់ចិត្តស្រលាញ់ច័ន្ទតាំងពីពេលណាសោះ ព្រោះឃើញធីរ៉ាត់ជួបច័ន្ទតែពេលជួយគ្រួសារគេពី…ហើយមកសួរសុខទុក្ខប្រពន្ធគេនៅពេទ្យតែប៉ុណ្ណោះ សង្ស័យមកសួរសុខទុក្ខប្រពន្ធគេ គ្រាន់ជាលេសមកមើលមុខច័ន្ទទេមើលទៅ។
ហើយមួយខែក្រោយមកច័ន្ទ និងធីរ៉ាត់ក៏ភ្ជាប់ពាក្យនឹងគ្នា តែច័ន្ទក៏នៅតែមើលថែកូនថីមដដែល មិនព្រមឈប់ ប្រហែលទាល់តែនាងរៀបការនឹងធីរ៉ាត់ហើយមើលទៅ បានឈប់នៅជាមួយគ្រួសារគេ។

«បងឌី!យប់មិញអូនយល់សប្តឃើញរំផាមកសុំទោសអូន សូមឱ្យអូនអហោសកម្មឱ្យនាងផង នាងប្រាប់ថាយមរាជអនុញ្ញាតឱ្យនាងឡើងមកឋានមនុស្សជួបអ្នកដែលនាងចង់ជួបជាលើកចុងក្រោយមុននឹងនាងត្រូវធ្លាក់នរករងទុក្ខទោសបន្តទៀត»

«នាងបានទទួលកម្មដែលនាងបានសាងហើយ ពួកយើងក៏មិនភ្លេចធ្វើបុណ្យឧទ្ទិសកុសលឱ្យនាងដែរ ប្រហែលជាតិមុនពួកយើងជំពាក់នាង ទើបជាតិនេះនាងមកជាប់ជំពាក់នឹងគ្រួសាររបស់យើង»
ឌីនិយាយទៅកាន់ប្រពន្ធដោយស្នាមញញឹម ម្យ៉ាងទៀតគេ និងប្រពន្ធក៏ប្តេជ្ញាចិត្ត មុននឹងទិញអ្វីចូលផ្ទះ ត្រូវមើលឱ្យច្បាស់លាស់សិន មិនមែនឱ្យតែថោកចេះតែទិញដូចពីមុនទៀតទេ ហើយពួកគេក៏មិនភ្លេចធ្វើបុណ្យឧទ្ទិសកុសលឱ្យរំផា និងឪពុកម្តាយរបស់នាងឱ្យទៅកាន់សុគតិភពផងដែរ៕