មិនយូរប៉ុន្មាន សុភារ៉ាបានដូរមកធ្វើការនៅភ្នំពេញទាល់តែបានមែន ដោយជួលកន្លែងរស់នៅឆ្ងាយពីផ្ទះម្តាយមីងមិនដល់ពីរផ្លូវទេ។
នៅពេលគាត់ខលរកខ្ញុំ យើងក៏បានចេញមកហូបអីជួបគ្នា។ ដំបូងខ្ញុំស្មានថា គាត់មានការមកភ្នំពេញ
ធម្មតា ដឹងអីពេលគាត់ប្រាប់រឿងនេះបានធ្វើឱ្យខ្ញុំសែនភ្ញាក់ផ្អើលថា គាត់រកការងារធ្វើនៅទីនេះទាល់តែបាន ព្រោះកម្លាំងបណ្តាលចិត្តពីខ្ញុំ។
រវាងមនុស្សដែលយកយើងលេងសើច និងបណ្ដោះអាសន្ន ជាមួយនិងបុរសដែលមានការប្រឹងប្រែងយកចិត្តទុកដាក់ចំពោះយើង ពិតជាខុសគ្នាស្រឡៈ។ ជាមួយគាត់ ខ្ញុំមានអារម្មណ៍ល្អឡើងនៅពេលជួបមុខគ្នាលើកទីពីរ។
ពិតមែនថា ពេលវេលានឹងបញ្ជាក់ថា អ្នកណាមករកយើងដោយបេះដូងក្លែងក្លាយ អ្នកណាមានបេះដូងពិត តែសម្រាប់គាត់ ខ្ញុំតែងមានអារម្មណ៍ថា ត្រូវបានគេតាមយកចិត្តឱ្យតម្លៃ តាមស្រលាញ់ពិតៗ។
ត្រលប់មកវិញ គាត់មិនចេះនិយាយច្រើនតែធ្វើទង្វើដែលគួរឱ្យទុកចិត្ត។ គាត់មើលទៅមិនគិតអំពីរឿងលើគ្រែដូចសង្សារខ្ញុំពីមុនទេ។
ស្អែកឡើង គាត់សុំមកទទួលខ្ញុំហូបបាយថ្ងៃត្រង់ពេលចេញពីធ្វើការ។ ខ្ញុំមិនទាន់មានការងារនៅឡើយ ហើយនៅតែរៀនព្រោះការងារបានធ្វើឱ្យឆ្អែតចិត្ត។
នៅពេលដែលមនុស្សយើង ឆ្លងកាត់ស្នេហាមិនស្ថិតស្ថេរ ឬធ្លាប់ចាញ់ចិត្តគេ មានអារម្មណ៍ត្រឹមបានជាមនុស្សស្រីបណ្តោះអាសន្ន ស្នេហាសម្រាប់ខ្ញុំពេលនេះ សាបនឹងគ្មាន អ្វីអស្ចារ្យទេ។ តែនៅពេលភារ៉ាព្យាយាមវិនិយោគពេលវេលា និងថាមពលរបស់គេច្បាស់លាស់ជាមួយខ្ញុំ ខ្ញុំកាន់តែពិបាកចិត្តខ្លាំងពេក។
«ខ្ញុំមានគម្រោងរកការងារក្រៅម៉ោងធ្វើសៅរ៍អាទិត្យ!»
«ខំម៉េះ?!»
ខ្ញុំនិយាយតិចៗឱ្យតែបាននិយាយតបនឹងគាត់ តែគាត់វិញតែងសម្លឹងខ្ញុំដោយស្រទន់។
«គិតពីអនាគតកូនស្រីគេ!»
ខ្ញុំអៀនក្រហមមុខ គេហាក់ភ្លឹកសម្លឹងខ្ញុំមិនងាកទៅណា។ នៅពេលយើងកំពុងនិយាយជាមួយបុរសម្នាក់ហើយដែលគេប្រាប់យើងផងដែរ អំពីផែនការអនាគត ជាសញ្ញាមួយថាគេ កំពុងគិតអំពីការរស់នៅយូរអង្វែងជាមួយគ្នាខ្ញុំកាន់តែកណ្តោចកណ្តែង។ ទាំងនេះព្រោះខ្ញុំមានគំនិតជានិច្ចថា ខ្ញុំនឹងគាត់មិនអាចទៅរួចទេ បានជាមានអ្វីមួយធ្វើឱ្យខ្ញុំចេះតែមានអារម្មណ៍ថា ក្រៀមក្រំឡើងរាល់ពេលមកជួបគេ។
«បុណ្យអុំទូកហ្នឹងទៅពោធិ៍សាត់ទេ?»
គាត់សួរខ្ញុំ តែខ្ញុំមិនទាន់ច្បាស់ថាគួរពាក់ព័ន្ធនឹងគេនេះដល់ពេលណាបើពោះកំពុងធំឡើងៗជាលំដាប់មុនក្រោយគង់តែមិនជួបគ្នា?
«ខ្ញុំមិនច្បាស់ទេបងភារ៉ា!»
«បើភស្សមិនទៅបាន ខ្ញុំក៏អាចនៅភ្នំពេញជាមួយបានជាគ្នា!»
ខ្ញុំងើបមុខសម្លឹងគេ ។ អ្វីមួយប្រាប់ខ្ញុំថាការពន្យាពេលតទៅមុខមិនល្អឡើយ។ មនុស្សនេះគាត់លះបង់ពេលទំនេរដើម្បីចំណាយជាមួយខ្ញុំ ផ្ទុយពីចរិតធម្មតាដែលមនុស្សប្រុសចូលចិត្តមានពេលសម្រាប់ខ្លួនឯង ដូច្នេះ គឺជាគេមានចំណាប់អារម្មណ៍លើខ្ញុំខ្លាំងឬគិតអំពីរឿងជីវិតជាមួយខ្ញុំច្បាស់លាស់ហើយ។ ខ្ញុំភ័យឡើងៗ ដែលនឹងត្រូវបំផ្លាញទឹកចិត្តគាត់។
«ម្តាយខ្ញុំចង់ឃើញភស្សណាស់!»
នៅពេលគេចាប់ផ្តើមនិយាយពីរឿងនេះបង្ហាញថា គេបានប្រាប់អំពីខ្ញុំដល់ សមាជិកគ្រួសារ គេ និងជាសញ្ញាបង្ហាញថា គេពិតជា កំពុងគិតចង់មានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយខ្ញុំ នឹងណែនាំខ្ញុំទៅដល់គ្រប់មនុស្សសំខាន់ នៃជីវិតរបស់គេ។
ខ្ញុំលែងមាត់ព្រោះតឹងតែងចិត្តណាស់។ ខ្ញុំស្តាយគេ ព្រោះយើងមិនអាច……
«បងភារ៉ា….!»
«បាទ!»
«យើង….!»
ខ្ញុំនៅស្ងៀមវិញដូចគេចុក។ ជាមួយភាពស្មោះត្រង់ដែលគាត់ឱ្យមកខ្ញុំ ខ្ញុំមិនចង់សងទៅគាត់វិញដោយ
លេងស្ទីលបៀរបួនសន្លឹកទេ។ គ្រប់ពេលនៅជិតគ្នា ខ្ញុំចង់តែនិយាយការពិតគ្រប់យ៉ាងចេញមក ពិតជាណែនទ្រូងដល់ហើយ តែខ្ញុំនិយាយម៉េចនឹងចេញ?
«ត្រឹមជាមិត្តស្និទ្ធស្នាលយើងអាចទៅរួច….តែ…..បងកុំគិតអីលើសពីនេះ!»
គេផ្លាស់ទឹកមុខ។ ខ្ញុំអាណិតបងម្នាក់នេះ ឬអាចនិយាយថា កាន់តែមានអារម្មណ៍ស្អប់ខ្ញុំខ្លួនឯងឡើង។
«ថ្ងៃណាមួយខ្ញុំនឹងទៅលេងអន្លង់ប៉ែនទៀត តែ…..ក្នុងឋានៈត្រឹមជាមិត្ត!»
«ចង់បានលើសពីមិត្ត!»
គេនិយាយមិនបង្អង់ទេធ្វើឱ្យខ្ញុំគ្រវីក្បាលភ្លាម។ គាត់និយាយឡើងទៀត៖
«កុំប្រញាប់បដិសេធ ទុកឱ្យពេលវេលាធ្វើការ!»
ខ្ញុំសម្លឹងមុខមនុស្សប្រុសក្លាហាននិងដើមទ្រូង៥ហត្ថម្នាក់ដែលខ្ញុំមានត្រឹមនិស្ស័យតែគ្មានវាសនា។
ខ្ញុំយល់ថា ប្រសិនបើគេចង់មានទំនាក់ទំនងជាមួយស្រីស្អាតនិងមនុស្សល្អៗផង គេប្រាកដជានឹងទទួលបានជាមួយសន្តានមនុស្សកម្ររកបានដូចគេ។
«ចុះថ្ងៃខួបកំណើតរបស់ភស្សខែក្រោយ ប្រុងមានកម្មវិធីអីដែរ?»គេសួរមកទៀត ធ្វើឱ្យខ្ញុំហួសចិត្តដែលគេអាចចងចាំព័ត៌មានលម្អិតអំពីខ្ញុំមិនថាតូចឬធំនោះទេពិតជាគួរឱ្យភ្ញាក់ផ្អើល។
នឹកដល់សង្សារព្រានវិញ គេនេះចងចាំតែរឿងលើគ្រែប៉ុណ្ណោះ។ ខ្ញុំធ្វើមុខមិនសប្បាយចិត្តជាខ្លាំងពេលនឹកឃើញដល់មនុស្សឈ្មោះសម្បូរនោះ។ ឃើញដូច្នេះភារ៉ាបែរជាលួងលោម៖
«កុំគិតច្រើន!សួរលេងៗទេ ខ្ញុំមិនចង់ឱ្យសម្ភស្សមិនសប្បាយចិត្តអ៊ីចឹងទេ!»
គាត់គោរពខ្ញុំ និងតែងតែបង្ហាញការគោរពបែបនេះថែមទាំងកំណត់ព្រំដែនរបស់គាត់ មិនមែនដូចមនុស្សខ្លះដែលចង់បានយើងតាំងពីdatingដំបូងនោះទេ។
គាត់និយាយជាញឹកញាប់ថា “ការសប្បាយចិត្តរបស់ខ្ញុំជាអ្វីដែលគាត់ចង់ឃើញ” ។
«ខ្ញុំមិនល្អដូចភារ៉ាគិតទេ!»
ខ្ញុំនិយាយបានតែប៉ុន្មានម៉ាត់នេះ ព្រោះតែអួល ។
ថាហើយខ្ញុំក្រោកចេញចោលគាត់ឱ្យនៅធ្មឹង។
ខ្ញុំមិនចង់ប្រឈមមុខនឹងការស្អប់ខ្លួនឯង ព្រមទាំងខកចិត្តឡើងៗចំពោះអតីតកាលដ៏អាម៉ាសដែលខ្លួនខ្ញុំបានសាងដោយភាពភ្លើតភ្លើន។ យប់នោះខ្ញុំបិទទូរស័ព្ទរហូតព្រោះមិនចង់ទាក់ទងនឹងបងភារ៉ាទៀត។
ស្នេហាចាស់ទុំនៃចរិតលក្ខណៈធម្មតា និងសាមញ្ញរបស់គាត់ បង្ហាញមានន័យថាអ្នកណាដែលក្លាយជាដៃគូកាត់ នឹងមានសំណាងណាស់ គាត់ជាដៃគូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងផ្តោតលើភាពស្មោះត្រង់ ជាមនុស្សប្រុសមានកម្រិតនៃក្តីមេត្តាទន់ភ្លន់យល់ចិត្ត ដែលស្រីៗរមែងប៉ងប្រាថ្នាចង់បាន។
ស្រាប់តែស្អែកឡើងថ្ងៃត្រង់គាត់មករកខ្ញុំដល់ផ្ទះមីងខ្ញុំតែម្តងថែមទាំងទិញក្រូចនិងនំមកទៀត។
«អាភស្ស គូដណ្តឹងមករក!»
មីងខ្ញុំចូលមកប្រាប់ពេលខ្ញុំកំពុងធ្វើមេរៀន។ ខ្ញុំអើតតាមបង្អួច និងទើសចិត្តក្រៃដែលឃើញគាត់។
«គាត់មិនត្រូវជាអ្វីនឹងខ្ញុំទេមីង! កុំជឿតាមសម្តីម៉ែ!»
ទោះនិយាយបែបនេះនៅតែមីងញឹមៗបង្ហាញការពេញចិត្តគាត់នៅនឹងមុខខ្ញុំ។
« ចេញទៅហៅបងហូបបាយទៅក្មួយ បើថាមិនចង់ចេញទៅហូបនៅក្រៅ»
ខ្ញុំដកដង្ហើមធំ ។ គិតថា គួរចេញទៅនិយាយគ្នាច្បាស់លាស់ម្តង។ ខ្ញុំមិនចង់ធ្វើឱ្យគេប្រេះស្រាំចិត្តទេដូច្នេះនិយាយគ្នាឱ្យច្បាស់ៗក៏ល្អ ទោះបីអ្នកបេះស្រាំចិត្តនោះជាខ្ញុំនេះខ្លួនឯង។
«ខ្ញុំមានសង្សារ មានផ្ទៃពោះជាមួយគេនោះ ហើយ ! និយាយនេះ ព្រោះមិនចង់ឱ្យបងឯងខាតពេលជាមួយខ្ញុំ ទៀតទេ!»
គេហាក់ខូចចិត្តដល់ថ្នាក់ធ្លាក់ស្លាបព្រាពីដៃ។ តែជាមួយស្នេហាចាស់ទុំហួសពីវ័យនិងរាងកាយ ចរិតលក្ខណៈរបស់គេបានដើរតួជាសុភាពបុរសដដែលគេខំនិយាយលើកទឹកចិត្តខ្ញុំ។
«បើភស្សឯងស្អប់បង មិនចង់ជួបបងក៏មិនបាច់មកនិយាយពាក្យអស់នេះកុហកដែរ!«
ខ្ញុំញីភ្នែកព្រោះរលីងរលោង។ ខ្ញុំញញិមទាំងជូរចត់ណាស់ តែខ្ញុំត្រូវតែបញ្ជាក់៖
«វាជាការពិត! ជារឿងដ៏ឈឺចាប់របស់ខ្ញុំ ! ខ្ញុំបានលង់ព្រោះគំនិតខ្លួនខ្ញុំ ក្នុងការទាក់ទាញដោយសម្ភារៈ ! ឈ្លក់ទឹកម៉ាស៊ីន ប៉ុន្តែខ្ញុំមិនចុះចាញ់ទេ! ខ្ញុំប្រាប់បងឯង បានន័យថាមុនក្រោយខ្ញុំនឹងជម្រាបបម្តាយខ្ញុំ!»
គាត់នៅស្ងៀមសម្លឹងខ្ញុំនិងពោះខ្ញុំ។
ខ្ញុំនៅដដែលមិនគិតទៅណាដាច់ខាត ។ កម្ពស់ ទម្ងន់ រាងកាយ ម៉ូដសក់ និងលក្ខណៈរូបវន្តផ្សេងទៀតរបស់ខ្ញុំនេះនឹងផ្លាស់ប្តូរ វិវឌ្ឍទៅតាមពេលវេលា ភាពគ្មានសីលធម៌កាលពីអតីតនៅតែមិនអាចបំបាត់ចរិតភាពស្មោះត្រង់ជាគុណលក្ខណៈពេញមួយជីវិតដែលខ្ញុំមាន។
«ប្រុសម្នាក់នោះជួបម៉ែភស្សឬនៅ?!»
«គេជាព្រាន!»ខ្ញុំឆ្លើយមិនខ្វល់នឹងការវិនិច្ឆ័យអ្វីទាំងអស់ « ខ្ញុំជឿគេនិងស្រើបស្រាលពីភាពជាអ្នកមានរបស់គេ ដែលជារឿងធម្មតានៅក្នុងពេលពេញវ័យ ខ្ញុំចាញ់បោកគេ! តែកូននេះ….ខ្ញុំមិនចោលទេ! គេនោះ ខ្ញុំដាច់គ្នាពីរខែហើយ!»
គេធ្វើមុខហួសចិត្តនិងរលីងរលោងសម្លឹងខ្ញុំពីលើដល់ក្រោម។
ខ្ញុំផ្អែកខ្នងគិតពីគេ។ បងភារ៉ាមានភាពអត់ធន់លើសពីការរំពឹងទុក។ គាត់នៅស្ងៀមបន្តិចទើបនិយាយ៖
« ប្រាប់ម្តាយភស្សទៅថាជាកូនរបស់បង!»
ខ្ញុំក្រពាត់ដៃសើច។
គេបញ្ជាក់មកទៀត៖
«បងមិនលេងសើចទេ!»
«ខ្ញុំក៏មិនលេងសើចដែរ!»
«អ៊ីចឹងយើង ឱ្យចាស់ៗឆាប់រកពេលទៅយើងរៀបការជាមួយគ្នា!»
«បងឯងអាណិតខ្ញុំមែនទេ?!»
គាត់នៅស្ងៀម។
ខ្ញុំសើចទៀតដូចមនុស្សឆ្កួតចិត្ត។
«ខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់ប្រាប់បងឯងរឿងទាំងអស់នេះកុំច្រឡំថាខ្ញុំចង់សុំឱ្យអាណិតខ្ញុំ!»
«ថ្ងៃណាមួយ បើភស្សទុកពេលឱ្យបង យើងនៅជាមួយគ្នា បងនឹងបញ្ជាក់ឱ្យភស្សដឹងថា វាមិនមែនជាការអាណិតមួយពេលទេ វាជាស្នេហាពិត!»
ខ្ញុំសើចទាំងទឹកភ្នែក។ ដឹងថា គ្រាន់តែជាអារម្មណ៍បណ្ដោះអាសន្នដែលគាត់ទន់ចិត្តអាណិតជីវិតខ្ញុំ ។បេះដូងខ្ញុំបានបាត់ទៅជាមួយកម្មពារនេះទៅហើយ ខ្ញុំមិនរំភើបអីទេ។
«ខ្ញុំនិយាយនេះព្រោះចង់ឱ្យបងភារ៉ាឈប់មកទៀត! »
«បងនៅតែមក!»
ខ្ញុំសើចហើយខឹង ។
គេនិយាយបន្ថែម៖
«ភស្សគិតថា វាងាយស្រួលណាស់ក្នុងការឱ្យម្តាយឪពុកទទួលយករឿងនេះ?»
«លោកនេះគ្មានអ្វីងាយស្រួលទេ! តែខ្ញុំហ៊ានធ្វើ ខ្ញុំត្រូវហ៊ានប្រឈម!»
«បងចង់ចែករំលែកការប្រឈមនេះ!»
«ហេតុអី?»
«ក្នុងនាមមនុស្សស្រលាញ់គ្នា!»
ខ្ញុំធុញណាស់ចង់ក្រោកចេញ ស្រាប់តែគេចាប់កដៃខ្ញុំ។
«អង្គុយមកភស្ស!ព្រោះយើងនៅនិយាយគ្នាច្រើន!»
«ខ្ញុំនិយាយអស់ហើយ!»
«អង្គុយមក!»
គេតឿនទៀត។ នេះគឺជាទម្រង់ស្នេហាដ៏ចម្លែក គេមិនដែលស្គាល់ខ្ញុំ ពេលស្គាល់ក៏ស្គាល់ដល់រឿងអាស្រូវរបស់ខ្ញុំ។ គេជាមនុស្សដំបូងដែលខ្ញុំបានហែកទ្រូងប្រាប់……
ជាធម្មតាបុរសត្រូវបានទាក់ទាញចំពោះគុណសម្បត្តិនារីយើង ដូចជាភាពស្រស់ស្អាត ភាពរស់រវើក ភាពគ្មានកំហុស ភាពបរិសុទ្ធ។ល។ ខណៈដែលស្ត្រី ទាក់ទាញចិត្តលើបុរសវិញ ដោយសារតែរូបរាងសង្ហារឹងមាំ ភាពវៃឆ្លាត ទ្រព្យសម្បត្តិ អំណាច តំណែងជាដើម។
«ខ្ញុំខ្មាសខ្លាំងឡើងៗរាល់ពេលជួបបងឯង!»
«មើលមកបង!»
គាត់និយាយធ្វើឱ្យខ្ញុំរឹតតែគេចមុខ។
«នេះជាការជួបគ្នាចុងក្រោយរបស់យើង…..រហូតដល់ថ្ងៃណាមួយបងឯងព្រមរាប់គ្នាជាមិត្តភក្តិធម្មតាទើបជួបគ្នាវិញទៀត!»
«មើលមកបងភស្ស!»
គេតឿនទៀតខ្ញុំងាកមកវិញចង់បង្ហាញថា ខ្ញុំរឹងមាំណាស់ ខ្ញុំមិនខ្លាចអ្វីទេ …..គេនិយាយមកចំៗកែវភ្នែកខ្ញុំ….
«មើលមនុស្សស្រីម្នាក់ក្នុងភ្នែកបង! គេមានតម្លៃណាស់! គេជាមនុស្សស្រីដ៏មានតម្លៃម្នាក់! បងត្រូវការគេ បងចង់រួមសុខទុក្ខជាមួយគេ!»
ខ្ញុំភ្លឹកកំដរតំណក់ទឹកភ្នែកខ្លួនឯង ហើយគាំងដោយសារសម្តីរបស់កំលោះអន្លង់ប៉ែនម្នាក់នេះ។ ខ្ញុំពិតជា….នៅមានតម្លៃដូចគេកំពុងនិយាយមែនឬអ្វី?
កូនខ្ញុំស្រាប់តែកម្រើក…..បាតដៃខ្ញុំស្ទាបពោះខ្លួនឯង មាត់ខ្ញុំអំណរញញិម….
«គេកម្រើកហើយៗៗៗៗ»
ខ្ញុំអរម្នាក់ឯង ពេលមានអារម្មណ៍ដឹងអំពីជីវិតមួយទៀតក្នុងផ្ទៃខ្លួន តែពេលងើបមុខឡើងមកវិញ ខ្ញុំដឹងថា មានម្នាក់ទៀតកំពុងត្រេកអរជាមួយខ្ញុំដែរ។
ខ្ញុំឈប់ញញឹម ព្រោះស្រពោនពេក…..ស្រពោនចិត្តណាស់….
ធ្លាប់ប្រាប់ខ្លួនឯងថា ភារ៉ាដ៏ល្អនេះ មិនមែនសម្រាប់ខ្ញុំទេ….តែពេលនេះ គេកំពុងបានផ្លាស់ប្តូរចែករំលែកសុភមង្គលជាមួយខ្ញុំ ។
«រកមនុស្សល្អណាម្នាក់សមនឹងមនុស្សដូចបងឯងទៅ!»
ថាហើយខ្ញុំក៏បែកចេញពីគេមកទាំងយំរហាម។ ច្រើនថ្ងៃនៅឆ្ងាយពីគេខ្ញុំប្លុកលេខគេនិងមិនព្រមលើកទូរស័ព្ទលេខប្លែកទេ។
តែមួយអាទិត្យក្រោយមកយើងក៏បានជួបគ្នាទៀតនៅសាលារៀនខ្ញុំ។ គេថាគេមានការមករកបងប្អូនតែខ្ញុំបានដឹងច្បាស់នូវហេតុផលពិត….ហាក់ដូចជា បុរសល្អឥតខ្ចោះម្នាក់នេះ ទេវតាបានប្រទានគេមកឱ្យខ្ញុំពិតមែន។
គ្មាននរណាធ្លាប់ធ្វើការលះបង់ច្រើនយ៉ាងនេះសម្រាប់មកផ្តល់ក្តីស្នេហាដល់ខ្ញុំនោះទេក្នុងជីវិតខ្ញុំកន្លងមកនិងទៅថ្ងៃខាងមុខ។ គាត់ស្រលាញ់ខ្ញុំ ដូចជាខ្ញុំនេះស្រលាញ់គាត់វិញដែរទាំងមិនដឹងថាហេតុអ្វី? ប៉ុន្តែស្ថានភាពរបស់ខ្ញុំស្មុគស្មាញពេក ហើយខ្ញុំមិនអាចកំណត់ពីចិត្តខ្លួនឯងច្បាស់សោះ។
ខ្ញុំគេចគាត់ទៀត រហូតខ្ញុំបានរលូតកូននេះនៅសប្តាហ៍ទីពីរនៃការពរពោះបាន 3 ខែ។ ពេទ្យប្រាប់ថា ខ្ញុំស្រមៃទេ កូននេះនៅតូចពេកមិនអាចកម្រើកឡើយ ប្រហែលខ្ញុំរំជួលចិត្ត ហើយគិតស្មានព្រោះមិនមានបទពិសោធន៍មានកូន។
បន្ទាប់ពីបាត់បង់កូនខ្ញុំត្រូវវិលទៅផ្ទះសម្រាកមួយសប្តាហ៍។
អារម្មណ៍ល្អៗត្រូវបានបំផ្លិចបំផ្លាញតែម៉ែ ប្អូន និងពុក មិត្តភ័ក្តិជិតស្និទ្ធបំផុតក្តី គ្មានអ្នកណាម្នាក់បានដឹងរឿងនេះទេ។
ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណា ហើយមានអារម្មណ៍ថាមានកំហុស ទាំងជាមួយគ្រូសារនិងជាមួយកូន។
ណាមួយ ពេទ្យថាថ្ងៃក្រោយទៅអាចនឹងពិបាកមានកូនទៀត រឿងនេះបានបន្តធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង។
បន្ទាប់ពីបាត់បង់កូន ខ្ញុំបានប្រាប់ម្តាយថាខ្ញុំនឹងទៅរៀននៅបាត់ដំបងវិញ។ នេះព្រោះខ្ញុំចង់នៅជាមួយម្តាយធំខាងម៉ែរបស់ខ្ញុំប៉ុន្តែការពិតគឺខ្ញុំមិនចង់វិលទៅភ្នំពេញទេ បានជាខ្ញុំកុហកគាត់។
ភ្នំពេញ ខ្ញុំខ្ចិលចង់ជួបអ្វី ព្រោះខ្ញុំឈឺចាប់ខ្លាំង មិនចង់ជួបមនុស្សអតីតនិងទីកន្លែងដែលខ្ញុំធ្លាប់បានភ្លើតភ្លើន។
ខ្ញុំបានផ្លាស់ទៅបាត់ដំបង មករៀននិងរស់នៅជាមួយអ៊ំស្រី។ ក្រោយមកពេលថ្ងៃបានធ្វើការ Part-time
ក្នងបណ្ណាល័យមួយជិតសាលារៀនដែលខ្ញុំរៀន។
«សុំទិញសៀវភៅនេះមួយ!»
បងភារ៉ាបានបង្ហាញខ្លួនមកជួបខ្ញុំ ក្រោយពេលគាត់បានអត់ធ្មត់មិនទាក់ទងគ្នាអស់រយៈពេលជិត២ ខែ ។ ដោយគិតថាគាត់បន្តរស់នៅក្នុងទីក្រុងភ្នំពេញ ខ្ញុំអរដែរដែលមិនបាច់ជួបមុខ ព្រោះគាត់ជាអ្នកពោធិ៍សាត់ដំបូងគេ ដែលដឹងរឿងជូរចត់របស់ខ្ញុំ មិនស្មានថា ពេលនេះគាត់មកដល់បាត់ដំបង?
«បងឯងមកបេសកកម្ម?»
«បងដូរមកធ្វើការនៅណេះ!»
ខ្ញុំគាំងទៀតហើយ! គាត់យល់ចិត្តខ្ញុំ ក៏និយាយពន្យល់ខ្ញុំអន្លាយៗ៖
«បងរកការងារធ្វើនៅណេះពីរខែហើយទម្រាំជាប់!»
ខ្ញុំលែងនិយាយចេញ។
«កូនតូចសុខភាពល្អទេ?»
ខ្ញុំស្រពោន។
ល្ងាចនោះខ្ញុំនឹងគាត់ចេញទៅបាយជាមួយគ្នាតាមបណ្តោយស្ទឹង។
គាត់មានការភ្ញាក់ផ្អើលសម្រាប់ព័ត៌មានរឿងកូនខ្ញុំ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំបានត្រលប់ទៅស្រុក តេមិនដែលជម្រាបម៉ែទេ ។
គាត់យល់ណាស់ពីអាថ៌កំបាំងនៃការភ័យបារម្ភរបស់ខ្ញុំ គាត់សន្យាឡើងទាំងខ្ញុំមិនបាច់ហើបមាត់៖
«កុំភ័យ រឿងនោះចប់ទៅហើយ គ្មានអ្នកណាដឹងទេ!»
១ ខែក្រោយមក ខ្ញុំបានដឹងថាគាត់នឹងស្នើសុំនាំពុកម៉ែគាត់ទៅលេងផ្ទះខ្ញុំ ហើយខាងខ្ញុំបានយល់ព្រមមុនទើបឱ្យដំណឹងខ្ញុំជាក្រោយ ទោះបីជាខ្ញុំនៅបាត់ដំបងនេះក៏ដោយ ។
«ខានស្អែកខាងគេមកលេងផ្ទះយើងហូបបាយហើយ! កូនឯងមកថ្មើរម៉ាន?មកបានស្អែកនេះ មុនមួយថ្ងៃណាកូន!»
«ចាំខ្ញុំសុំច្បាប់ម្ចាស់ហាងសិនម៉ែ!»
ខ្ញុំនិយាយបែបនេះត្រឹមតែជាលេសប៉ុណ្ណោះទេ តាមពិតដឹងតែខ្ញុំទៅមិនខានព្រោះថា…ទោះបីខ្ញុំនៅមានអារម្មណ៍ខ្លាចក្នុងការជួបគាត់តែខ្ញុំក៏មិនចង់បាត់បង់គាត់បន្តរស់នៅម្នាក់ឯងក្នុងអតីតកាលឡើយ។
ខ្ញុំបានគេងមិនលក់សោះនៅយប់នោះ។ ជាយប់ដែលខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរឿងមួយ…..អពមង្គលនិងកំហុសដែលបានកើតឡើងក្នុងអតីតកាលខ្ញុំមិនចង់ទុកឱ្យវាកំណត់អនាគតរបស់ខ្ញុំទេតែវាមិនព្រមទៅណានៅឡើយ។
គេប្រាប់ថា អតីតជាអតីត តែវាពុំមែនជារឿងតូចតាចទេ សម្រាប់ស្រីខ្មែរដូចជាយើង។
វាជាកំហុសដំបូង តែជាស្លាកស្នាមជីវិតដ៏គួរឱ្យភ័យខ្លាច។ ខ្ញុំតែងបន្លំថាខ្ញុំជាកូនស្រីរឹងមាំតែខ្ញុំខ្លាចណាស់ថា ក្រោយបានគ្នាជាប្តីប្រពន្ធភារ៉ាអាចប្តូរចិត្ត ឬនិយាយអ្វីមួយដែលអាប់ឱនបង្កការឈឺចាប់។
ខ្ញុំប្រាថ្នាថា មិនឱ្យប្អូនខ្ញុំដឹងពីគម្រូអាក្រក់នេះដាច់ខាត។
«បើយើងប្រកាន់ខ្ជាប់នូវការឈឺចាប់នោះ យើងមិនអាចបន្តទៅរកអ្វីដែលវិជ្ជមានជាងនេះបានទេ!»
គេសរសេរបែបនេះក្នុងក្រដាសជូនពរខួបកំណើតនិងផ្ញើមកខ្ញុំនៅថ្ងៃដែលមកលេងផ្ទះ។ ភារ៉ាបាននាំពុកម៉ែនិងបងស្រីគេមកលេងចំបុណ្យកំណើតខ្ញុំ។ ខ្ញុំញញឹមអានហើយអានទៀតពេលអានប៉ះឃ្លាថា យើងអាចរៀនពីអតីតកាល តែកុំរស់នៅទីនោះ។
«ខ្ញុំកំពុងពង្រឹងខ្លួនខ្ញុំ និងកម្ចាត់អារម្មណ៍ថាមានកំហុស»
ខ្ញុំសរសេរតបទៅកាន់គេតាមឆាត។
គេក៏តបមកវិញថា៖
«កុំស្ទាក់ស្ទើរក្នុងការទទួលស្គាល់ការឈឺចាប់ដែលភស្សកំពុងមាន តែត្រូវការដឹងហើយបំភ្លេចបន្តិចម្តងៗ ដើម្បីបន្តទៅមុខក្នុងជីវិត! សំខាន់ជាងនេះគឺ សុខភាពកុំបណ្តោយខ្លួនឱ្យទៅ រកការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ឈឺក្បាល និងសម្ពាធឈាមខ្ពស់!»
«និយាយដូចគ្រូចិត្តសាស្ត្រ!»
«គ្រូស្អំបេះដូង!»
ខ្ញុំញញិមរាល់ពេលសរសេរជាមួយគេ។ គេជាមនុស្សតែម្នាក់គត់លើលោកយើងនេះដែលមកជួយខ្ញុំឱ្យអាច បង្ហាញ ទុក្ខព្រួយដែលកំពុងស៊ូៗឆ្លងកាត់ក្នុងនាមជាជនរងគ្រោះ នឹងការព្យាយាមទទួលយកការពិតឈប់ ស្តីបន្ទោសខ្លួនឯង។
«មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការបោះបង់ចោលអតីតកាល គឺការទទួលយកបច្ចុប្បន្នកាល។»
គេនិយាយមកទៀតយ៉ាងជំរុញចិត្តខ្ញុំ។ សម្តីគេជួយឱ្យខ្ញុំទទួលបាននូវគំនិតថ្មីមួយក្នុងការលះបង់ជីវិតចាស់ បង្កើតផែនការឆ្ពោះទៅរកជីវិតថ្មី។
«អ៊ីចឹង! ពេលណាមកយកខ្ញុំទៅលេងអន្លង់ប៉ែន?»
ខ្ញុំសរសេរទាំងញញឹមអៀន ក៏ដឹងថាគេសប្បាយចិត្តណាស់។
«មែន?»គេសួរមកភ្លាម។
«មានមនុស្សដែលល្អដូចបង ខ្ញុំមានសុភមង្គលឡើង កាន់តែរីករាយ កាន់តែមានអារម្មណ៍ថាត្រូវបានគេយល់ចិត្ត និងមានសុវត្ថិភាព»
៨ខែក្រោយមក ខ្ញុំបានរៀបការហើយផ្លាស់ទៅនៅអន្លង់ប៉ែន។
ខ្ញុំបានបើកកន្លែងលក់សម្ភារៈក្មេងៗ និងទារក ឯគេធ្វើការនៅធនាគារចម្ងាយប្រមាណជា៤គីឡូពីផ្ទះ។
នេះហើយរឿងខ្ញុំនៅមុនពេលដាក់ចិត្តដាក់កាយជាមនុស្សរបស់អន្លង់ប៉ែនដែនចិត្ត៕
ចប់