ពេទ្យខេត្តក៏មានពេទ្យស្រុកក៏មាន ម្ចាស់ចម្ការបែរជូននាងមកប៉ះពេទ្យសង្សារចាស់?
នាងភ្ញាក់ដឹងខ្លួនពីការសន្លប់មកពីខ្សោយអស់កម្លាំង ហើយទ្រាំហាលថ្ងៃរាប់ម៉ោងព្រោះការងារប្រញាប់ទាំងដែលក្លិនផ្កានៅឈួលជាប់ខោអាវរួមទាំងក្លិនខ្លោចៗព្រោះកម្តៅថ្ងៃភាយស្ទើរពេញបន្ទប់ពេទ្យ តែមិនស្មានទម្រង់មុខគ្រូពេទ្យប្រុសសង្ហាធ្វើឱ្យនាងចង់សន្លប់ថែម។ មិនមែនលង់ស្នេហ៍តែជាមនុស្សដែលមិនចង់ឃើញ។
គ្រូពេទ្យមកពិនិត្យបន្ទាប់ពីនាងត្រូវគេសង្គ្រោះឱ្យដឹងខ្លួនវិញ។
«ដាក់វានៅក្លៀក»
គេនិយាយខ្លីហើយហុចប្រដាប់វាស់កម្តៅឱ្យទៅនាងបន្ទាប់ពីចុចរួច ខុសពីពាក្យសន្ទនាដែលគ្រូពេទ្យនិងអ្នកជំងឺដទៃនិយាយគ្នា។ វាជាធម្មតាពេទ្យតែងសុំការអនុញ្ញាតពីអ្នកជំងឺហើយទាញកអាវដើម្បីវាស់កម្តៅ តែសម្រាប់ពេទ្យនិងអ្នកជំងឺដែលធ្លាប់មានអតីតកាលជាមួយគ្នា លោកគ្រូពេទ្យក៏ហុចឱ្យគេធ្វើខ្លួនឯង មិនមែនមិនចង់ប៉ះពាល់តែម្នាក់ស្រីហ្នឹងមិនមែនងាយនិយាយ ហើយសម្លក់ស្តីត្រមុតត្រមុយ។
ត្រង់ទើបសន្លប់ឈឹងហើយ នៅមានអារម្មណ៍មកសម្លក់ដាក់ពេទ្យដែលបែកគ្នារាប់ឆ្នាំផង។
នាងដាក់ហើយក៏ងាកចេញ អត់គិតថាពេលនេះគេតែម្នាក់ដែលអាចជួយសង្រ្គោះជីវិតនាងពីការឈឺ ខ្សោយពេញរាងកាយ តែមនុស្សនេះបែបស៊ូស្លាប់ក៏មិនខ្ចីអង្វរគេ ទាំងដែលអតីត គេជួយសឹងគ្រប់រឿង។
គេអង្គុយក្បែរហើយសួរតិចៗ៖
«ឈឺអី?»
នាងស្រាប់តែឆ្លើយឡើងធ្វើឱ្យពេទ្យស្រីម្នាក់ចាប់អារម្មណ៍ងាកសម្លឹង៖
«បើដឹងឈឺអីចាំបាច់មកពិនិត្យដែរ?»
ចម្លើយនាងពិតជាបានទាក់ទាញអ្នកគ្រូពេទ្យដែលឈរក្បែរនោះឱ្យមកមើលនាង។ គាត់ទទួលប្រដាប់វាស់កម្តៅពេលវាលោតបញ្ចាក់ថារួចរាល់ហើយធ្វើសញ្ញាឱ្យលោកគ្រូក្រោកចេញទុកឱ្យនាងជាអ្នកពិនិត្យជំនួសវិញ។
សិក្ខា សម្លឹងមុខអ្នកជំងឺ មិនមែនខឹង តែគេហាក់ស្រពោនចម្លែក ព្រោះពាក្យសម្តីកាលពីអតីតកន្លងបានជ្រៀតចូលក្នុងខួរក្បាលរម្លឹកឱ្យគេចងចាំ៖
«សិក្ខាចង់ទៅភ្នំពេញរៀនពេទ្យ?»
«បាទ! ចុះនីត? គិតថានឹងរៀនត្រៀមបាក់ឌុបមួយឆ្នាំទៀតអត់?»
នាងសើចឡើងដូចមនុស្សមិនដែលមានកង្វល់សោះក្នុងចិត្តបើទោះជាពេលនេះនាងបរាជ័យប្រលងថ្នាក់ទី១២មិនជាប់ក៏ដោយ៖
«រៀនស្អីទៀត? ប្រលងធ្លាក់ខាតឆ្នាំ បើមិនឱ្យទៅធ្វើចម្ការក៏ទៅធ្វើការរោងចក្រដែរ!»
តាមថាគេកំពុងអាណិតពីរឿងកម្សត់របស់នាង។ គេជាមិត្តស្និទ្ធដែលយល់គ្រប់រឿងពីក្មេងស្រីម្នាក់នេះ នីតខំរៀន តែការគិតច្រើនពេកក្នុងខួរក្បាលបានធ្វើឱ្យសម្ពាធកើនឡើងលើសពីអ្វីដែលនាងត្រូវទទួលខុសត្រូវ។
ជីវភាពគ្រួសារគឺជាកត្តាសំខាន់ក្នុងដំណើរបង្អាក់ការរៀនសូត្ររបស់នាង នីតព្យាយាម តែនាងនៅតែមិនជោគជ័យក្នុងការធ្វើជាសិស្សល្អម្នាក់ ជាកូនស្រីអ្នកក្រម្នាក់ដែលមានចំណេះដឹង មានសញ្ញាប័ត្រ។
«នីត! ទៅភ្នំពេញរៀនទី១២ម្តងទៀតជាមួយខ្ញុំ ទោះយ៉ាងណា យើងធានាផ្គត់ផ្គង់ឯង!»
នាងសើចគឺដើម្បីតែបញ្ឈឺខ្លួនឯង នាងដឹងច្បាស់ ថាភ្នំពេញអាចជាកន្លែងចាប់ផ្តើមអនាគតដ៏ល្អមួយសម្រាប់នាង។ នាងអាចរៀន អាចធ្វើការ និងធ្វើអ្វីតាមដែលចិត្តខ្លួនឯងចង់ តាមក្តីស្រមៃដែលនាងនិងសិក្ខាសន្យាជាមួយគ្នាថារៀនធ្វើជាគ្រូពេទ្យដើម្បីត្រលប់មកព្យាបាលអ្នកស្រុក តែវាគ្រាន់តែជាការស្រមៃ ហើយមិនដឹងថា ជាតិក្រោយក៏អាចទៅរួចឬអត់ផង?
«បើម៉ែយើងមិនទៅរកដល់ហ្នុង យើងកោសក់ឱ្យឯងបោកខ្វិត!»
«ចាំយើងទៅនិយាយជាមួយម៉ែឯង!»
«គាត់មិនមែនទៅខ្វល់យើងទៅរៀន ឬទៅធ្វើការទេ តែគាត់មុខជាគិតថាយើងរត់ចោលគាត់!»
គេអស់អីនិយាយត្រឹមសម្លឹងមុខនាងដោយក្តីអាណិត។ គេក៏ស្គាល់ច្បាស់ចរិតម្តាយនីតបែបណា គាត់ស្តាយល្បែងជាងអនាគតនិងការសិក្សារបស់កូន គាត់ជាមនុស្សស្រីដែលបង្កើតកូនគឺដើម្បីរកស៊ីចិញ្ចឹមគាត់វិញ និងបំពេញក្តីសប្បាយរបស់គាត់។ នីតមានបងប្អូនប្រាំពីរនាក់ ដែលខ្លួនជាកូនស្រីច្បងត្រឹមអាយុ១៧ឆ្នាំ ហើយក៏ត្រូវរ៉ាប់រងជីវភាពគ្រួសារទាំងមូលពេលឪពុករត់ចោលបាត់។
នាងគិតថាខ្លួនឯងសំណាងធំធេងណាស់ ដែលនៅអាចរៀនបានថ្នាក់ទី១២ទោះប្រលងមិនជាប់ក៏ដោយ។
ជាបងស្រីត្រូវរកប្រាក់ចិញ្ចឹមជីវិតប្រាំពីរម្នាក់ឯង នាងមើលមិនឃើញពីអនាគតត្រចះត្រចង់ ឬក្តីស្រមៃដែលនាងធ្លាប់ប៉ងទៅរលូនបានតាមផ្លូវណាទេ។
នាងលំបាក តែមិនដឹងទៅរៀបរាប់រឿងវេទនាទាំងនោះបានអីមកវិញ នាងមិនចេះត្អូញត្អែរ ដែលវាពេលខ្លះពិតជាអាចសម្រួលដល់ការថប់ដង្ហើមរបស់នាងបើគ្រាន់តែឱ្យគេជាមិត្តល្អជួយចែករំលែក តាមរយៈការស្តាប់រឿងហូរហែនៅក្នុងចិត្តនាង តែនីតមិនធ្វើ ហើយពូកែបំផុតរឿងសើចបន្លប់ទុក្ខ។
នីតក្រោកឡើងនិយាយទាំងញញឹមទៅកាន់សួនផ្កាស្បៃរឿងជាងមួយហិកតាកន្លែងដែលនាងធ្វើការដើម្បីដូរបាយនិងចិញ្ចឹមជីវិតប្រាំបីនាក់រាល់ថ្ងៃ៖
«ទៅណាកើតសិក្ខាអើយ! ទៅភ្នំពេញ ច្បាស់នឹកផ្កាស្បៃរឿងទាំងនេះស្លាប់មិនខាន!»
នាងងាកសម្លឹងសិក្ខាដែលស្រពោនព្រោះយល់អារម្មណ៍ឈឺចាប់នាង។ មិនមែនធម្មជាតិ អនុស្សាវរីយឬស្រុកកំណើតទេដែលនាងចោលមិនបាន គឺប្អូនៗនាង។
«ភ្នំពេញមានសួនផ្កាដែលដុះជិតភ្នំធម្មជាតិអ៊ីចឹងដែរទេសិក្ខា?»
គេឆ្លើយទាំងស្រពោនខកចិត្ត
«គ្មានទេ! តែជាទឹកដីដែលអាចផ្លាស់ប្តូរជីវិតនីត!»
នាងគេចមុខពីគេ បើទោះយំ ក៏មិនមែនយំមុខមនុស្សប្រុសម្នាក់នេះដែរ។ គេជួយនាងច្រើនពេកហើយកន្លងមក មិនថាការរៀនសូត្រដែលគេធ្វើជាគ្រូបន្ថែមមិនយកប្រាក់ មិនថាសម្លៀកបំពាក់ប្រុសម្នាក់នេះក៏ធ្លាប់ទិញឱ្យនាង មិនថាលុយកាក់ពេលនាងខ្វះខាត គេតែងជួយមិនគិតចង់បានវិញម្តងណាឡើយ។
សិក្ខាដើរទៅឈរពីមុខនីត។ នាងរហ័សជូតទឹកភ្នែកហើយក្លែងធ្វើជាញញឹមដូចរឿងដែលកើតឡើងក្នុងជីវិត ដូចបញ្ហាស្មុគស្មាញទាំងនោះតិចពេកណាស់ ដែលព្រហ្មលិខិតចង់សាកល្បងជាមួយនាង។
«យើងអាចសុំអង្វរម៉ាក់ ដើម្បីជួយឯងបានទៅរៀនភ្នំពេញ! ធ្វើការទីនោះក៏ប្រហែលបានច្រើនជាងធ្វើនៅចម្ការស្បៃរឿងនេះ! ឯងអាចនឹងសល់ប្រាក់ខ្លះផ្ញើមកផ្ទះ បើម៉ាក់យើងចេញមុខ ម្តាយឯងអាចនឹងព្រម!»
នាងដកង្ហើមធំនៅស្ងៀមក៏ព្រមស្តាប់ពាក្យដែលសិក្ខានិយាយគ្រប់ម៉ាត់ ព្រោះក៏ជាក្តីសង្ឃឹម។ គេជាមិត្តល្អម្នាក់ ដែលនីតមិនដឹងថាទៅរកមនុស្សល្អដូចគេពីណាបានទៀត? ហើយបើបដិសេធបំណងគេក៏ពិតជាស្តាយពេកណាស់៖
«យើងទៅបាន! ចុះប្អូនៗយើង? ម៉ែមិនដែលយកចិត្តទុកដាក់ មិនធ្លាប់ខ្វល់ថាពួកគេបានអ្វីហូបផង! យើងទៅអាចស្រួលចិត្តដែរ?»
«តែនារីអាយុដប់ប្រាំមួយឆ្នាំហើយ! បន្ទាប់ពីឯង គេជាបងស្រីដែលអាចមើលថែប្អូនៗជំនួសនីតបាន!»
តែនាងនៅប្រកែកព្រោះមិនអាចធ្វើជាបងស្រីអាត្មានិយម៖
«នារីរៀនពូកែ ខ្ញុំមិនចង់ឱ្យគេដូចខ្ញុំ ប្រលងធ្លាក់ រកសញ្ញាប័ត្រមួយគ្មាន! ខ្ញុំជាកូនអ្នកក្រ តែមិនមែនព្រោះពាក្យក្រ ទើបប្អូនស្រីត្រូវចោលការសិក្សាដូចខ្ញុំទេ!»
គេអស់ចិត្តនិងនិយាយពន្យល់នាង គេបោះបង់គំនិតត្រឹមពាក្យបដិសេធគ្រប់ម៉ាត់របស់នីត ទាំងមិនទាន់បានសាកល្បងសុំឱ្យម៉ាក់គេអន្តរាគមន៍ផង។
សិក្ខាពេញដោយក្តីទុក្ខសោក ការពិតដែលគេខ្លាច ទៅរស់នៅភ្នំពេញដែលគ្មាននាងគេកណ្តោចកណ្តែងយ៉ាងណា ពាក្យសន្យាពីរនាក់ ម៉េចក៏ពេលនេះគេត្រូវដើរផ្លូវនោះម្នាក់ឯង? គេសែនអាណិត គួរដែរទេ បន្ទុកក្មេងស្រី១៧ឆ្នាំរូបនេះធំធេងពិបាកនឹងពណ៌នា?
«បើឯងអត់ទៅ! យើងមិនចង់ទៅទេ!»
នីតងាករកគេចង់ខឹងហ្នឹងសម្តីគ្មានការគិតមួយម៉ាត់នោះរបស់សិក្ខា៖
«ឯងឡប់សតិទេឬ? មិនចង់ទៅរៀនបំពេញក្តីស្រមៃព្រោះតែខ្ញុំ? គិតថាឯងមិនបានធ្វើគ្រូពេទ្យសង្ហាម្នាក់ នៅកំដរយើងវេទនាទីនេះ យើងសប្បាយចិត្តកើត?»
គេមិនតប ហើយសម្លឹងមុខនាងមិនព្រិចភ្នែក។ នីតដកដង្ហើមធំបន្តនិយាយ៖
«ទៅៗ! ទោះយើងមិនបានទៅរៀនត តែយើងចង់ឃើញឯងស្លៀកឈុតសនោះ ឯងសង្ហាស្រាប់ យើងចាំមើលថ្ងៃនោះ ឯងហ្នឹងសង្ហាដល់កម្រិតណា! ឯងបានប្រលងធ្វើដុកទ័រទើបជាក្តីស្រមៃយើងពិតប្រាកដ!»
នីតនៅតែញញឹម ហើយវាគឺជាស្នាមញញឹមមួយដែលធ្វើឱ្យគ្រូពេទ្យម្នាក់នេះចងចាំគ្មានថ្ងៃភ្លេច។
គេបានផ្តិតយកស្នាមញញឹមនៃក្មេងស្រីដែលពេញដោយការតស៊ូម្នាក់ទៅជាមួយ មិនថាទីក្រុងបានផ្តល់សម្ពាធទាំងការសិក្សា ឬការងារយ៉ាងណា ឱ្យតែពេលគេឈឺចាប់ស្មុគស្មាញ ហើយបានសម្លឹងស្នាមញញឹមរបស់នាង ដែលរីកស្គុះស្គាយ មិនថាក្រោមកម្តៅថ្ងៃក្តៅខ្លាំង មិនថាត្រូវស្រពោនស្ងួតព្រោះគ្មានសន្សើមដូចផ្កាស្បៃរឿងដែលស្វិតរលួយ តែនាង មិនធ្លាប់ស្រពោនទៅតាមផ្កាទាំងនោះឡើយ។
ហើយស្នាមញញឹមនេះហើយដែលកំដរចិត្តនឹកនាងអស់រយៈពេលជិតដប់ឆ្នាំ។
មិនស្មានថ្ងៃនេះ នាងមកក្នុងស្ថានភាពដែលគេសង្ឃឹមជានិច្ចមកថាជីវិតនាងបានល្អប្រសើរ ហើយរីករាយជាងបឋមវ័យ តាមដែលគេធ្លាប់ឮថា នាងបានប្តីម្នាក់ដែលមានជីវភាពធូរធា ស្រលាញ់ ចិញ្ចឹមប្អូនៗនាងដោយក្តីមេត្តា ចុះម៉េចក៏មើលទៅកាន់តែយ៉ាប់លើសដើម?
ធ្វើការក្រោមថ្ងៃក្តៅទាំងមិនខ្វល់ពីសុខភាពខ្លួនឯងដល់ថ្នាក់ដួលសន្លប់យ៉ាងនេះ?
សិក្ខាតាមថាគឺមិនចង់ដើរចេញទេ យ៉ាងណាក៏ជាមនុស្សធ្លាប់ស្រលាញ់គ្នា គេពិតជាបារម្ភណាស់ ហើយចង់មើលថែនាងផ្ទាល់ដៃ តែកែវភ្នែកមួយគូររបស់អ្នកគ្រូស្រីស្អាតដែលនៅចំពោះមុខ បើគេធ្វើដូចជាបារម្ភហួងហែងនីតដូចកាលមុន ក៏ប្រហែលត្រូវរកពាក្យបកស្រាយច្រើនយ៉ាងណាស់សម្រាប់នាង។
«ប្រពន្ធលោកគ្រូពេទ្យសិក្ខា ប្រចណ្ឌខ្លាំង!»
«មែនហ្នឹង! ក៏មកពីលោកគ្រូពេទ្យសង្ហាពេកទេដឹង?»
សិក្ខាស្តាប់ឮដោយចៃដន់គិលានុបដ្ឋាយិកាពីរនាក់និយាយគ្នាខ្សឹបៗពេលដែលគេឈរពួនទៅម្ខាងរង់ចាំមើលអាការៈនីត។ ព្រោះមិនចង់ឱ្យពេទ្យពីនាក់ដែលនិយាយដើមខ្មាស គាត់ក៏ដើរចេញទាំងស្រពោនចិត្ត។
«យូរហើយ! ខ្ញុំស្មានថានាងបានល្អជាងនេះ ម៉េចក៏នៅតែដដែល?»
គេរអ៊ូម្នាក់ឯងស្ងាត់ៗក្នុងបន្ទប់ដែលអង្គុយផ្អែកខ្នងជាប់ជញ្ជាំងព្រោះកំពុងតែឈឺចាប់។
បន្ទាប់ពីពីរឆ្នាំដែលគេទៅភ្នំពេញ ហើយទើបនឹងត្រលប់មកវិញជាលើកដំបូង។
គេរត់ទៅរកនាងនៅចម្ការផ្កាស្បៃរឿង ទាំងមិនទាន់ទម្លាក់កាបូបស្ពាយជាប់ខ្លួន ហើយមិនទាន់បានទៅដល់ផ្ទះផង ចុះពីលើរថភ្លើងដែលធ្វើដំណើរពីភ្នំពេញទៅដល់បាត់ដំបងភ្លាម គេបន្តជិះម៉ូតូឌុបទៅរកនាងទាំងក្តីនឹងរលឹក។
ក្មេងស្រីម្នាក់ចំតិតចំតូងនៅកណ្តាលចម្ការផ្កាដ៏ធំល្វឹងល្វើយតែម្នាក់ឯង ទាំងកណ្តាលថ្ងៃក្តៅចែស គេឃើញហើយញញិមសប្បាយចិត្ត សម្លឹងនាងហើយបែរជាមានទឹកភ្នែករលីងរលោង។
«នីត!»
នាងមិនឮទេព្រោះគេហៅខ្សឹបប៉ុណ្ណោះ។
សិក្ខានៅតែឈរសម្លឹងនាងពីចម្ងាយមានក្តីសុខម្នាក់ឯង ជួនពេលនីតក្រោកឡើងមើលថ្ងៃដែលក្តៅខ្លាំងក៏បានប្រទះនិងវត្តមានគេ។
នាងស្ងៀមដោយភាពភ្ញាក់ផ្អើល។ ទោះមើលមិនច្បាស់ តែរូបរាងគេមិនដែលបាត់ពីក្នុងចិត្តនាង មិនថាចម្ងាយឆ្ងាយប៉ុនណា ត្រឹមក្លិនដែលភាយតាមខ្យល់អាកាស ក៏នាងដឹងបានទៅហើយថាជាគេ។
តែស្នាមញញិមដែលនាងបានជួបជាមួយមនុស្សប្រុសដែលនាងដេកនឹកយប់ថ្ងៃនៅចំពោះមុខប្រែភ្លាមៗស្របពេលសំឡេងមួយបានលាន់មកក្នុងការចងចាំ៖
«ដោះលែងសិក្ខាទៅ! ហើយរឿងតែមួយដែលអាចឱ្យគេកាត់ចិត្ត គឺឯងគួរណាតែរៀបការឱ្យបាត់!»
នីតស្រក់ទឹកភ្នែករាល់ពេលនឹកដល់សម្តីម្តាយសិក្ខាដែលហាមឃាត់នាងជាមួយកូនប្រុសគាត់ទាក់ទងគ្នា។ ទោះគ្មានម្តាយសិក្ខាមកជេរស្តីថានាងមិនប្រមាណខ្លួន ក៏នីតដឹងច្បាស់ថាមិនអាចទៅរួចហើយ រវាងនាងនិងសិក្ខា ជាតិនេះគឺអាចបានត្រឹមធ្វើជាមិត្តល្អ ដែលនឹងរាប់អានគ្នា យល់ចិត្តគ្នា ជាមិត្តរួមថ្នាក់ ជាអ្នករួមស្រុក ច្បាស់គ្មានថ្ងៃបានកាន់ដៃគ្នារួមខ្សែវាសនាឡើយ។
នាងបែរខ្នងខុសពីគេដែលមុននេះចង់រត់មករកនាង ឬក៏អាចនិងឱបនាងឱ្យបាត់នឹក តែពេកឃើញកាយវិការគេប្លែក សិក្ខាក៏ស្ងៀមទ្រឹងជ្រួញចិញ្ចើមម្នាក់ឯង មិនយល់ថាហេតុអីគេចង់គេចពីខ្លួន។
«ឯងចាំយើងមកវិញនីត! តែមុនយើងទៅ យើងចង់ប្រាប់ឯងរឿងមួយ!»
«រឿងអី? សំខាន់ខ្លាំងទេ?!»
នាងមុខស្ងួតពិតជាមិនដឹងមែនថាគេមានអ្វីដែលនៅលាក់ ហើយពេលនេះទើបចង់ប្រាប់នាង។ តែមុខសិក្ខាឯណេះ ដូចបែកញើសខុសធម្មតា។
នីតដើរបន្តមើលផ្កាស្បៃរឿងបន្ទាប់ពីគិតអស់ចិត្តហើយ ថាទុកឱ្យសិក្ខាទៅជួយបំពេញក្តីស្រមៃជាគ្រូពេទ្យរបស់នាងនៅភ្នំពេញម្នាក់ឯង ព្រោះនីតចោលប្អូនមិនបាន។ ទម្រាំរឿងនេះដាច់ស្រឡៈនាងខូចចិត្ត តួចចិត្តលួចយំម្នាក់ឯងស្ងាត់ៗមិនដឹងប៉ុន្មានយប់មកហើយទេ។
សិក្ខាដើរទៅក្បែរហើយចាប់ដៃនាងធ្វើឱ្យនីតបើកភ្នែកធំ៖
«នីត! យើង…គឺ…!»
នាងសួរព្រោះមិនធ្លាប់ឃើញគេស្ទាក់ស្ទើរយ៉ាងនេះពីមុនមក៖
«ស្អីឯងសិក្ខា! រដាក់រដុបមើលតែម៉ាស៊ីនឈ្លក់ទឹក?»
«គឺយើង! ចង់ឱ្យឯងចាំ! ពេលយើងត្រលប់មកវិញ យើងនិងគិតគូរពីអនាគតជាមួយគ្នា យើងចង់ជួយឯងចិញ្ចឹមប្អូនៗមិនឱ្យឯងហត់ម្នាក់ឯងទេ!»
នាងស្ងៀមសម្លឹងមុខគេដែលស្លេកស្លាំងអស់ហើយពេលនិយាយពាក្យក្នុងចិត្តទាំងនេះចេញមក តែមិនស្មាននីតស្រាប់តែសើចឡើងខ្លាំងៗធ្វើឱ្យសិក្ខាជ្រួញចិញ្ចើមមិនអស់ចិត្ត៖
«ឯងសើចស្អី?»
នាងតបផងសើចផង
«គឺសើចឯង! របៀបថា…ហ៊ើយ…មិនអីទេ! យើងចាំ ឯងទៅចុះ!»
សិក្ខាញញឹមហើយបន្តចាប់ដៃគេមិនព្រមលែង។ ព្រោះតែនីតជាមនុស្សចូលចិត្តធ្វើជាសប្បាយគ្មានកង្វល់ ទើបម្តងនេះ សិក្ខាហាក់មើលមិនឃើញពីក្តីបារម្ភ និងទុក្ខសោកក្នុងចិត្តនាង នីតចង់យំ តែមិនហ៊ានឱ្យគេដឹងព្រោះមុននេះ ម្តាយសិក្ខាទើបនឹងមកជួប ហាមមិនឱ្យនាងទៅតោងទាមកូនប្រុសគាត់ដល់ទីក្រុង។
ពីរឆ្នាំបន្ទាប់ពីគេចាកចេញ គេមិនបានទទួលដំណឹងថានាងរៀបការឬ?
នីតដើរទៅក្បែរខ្ទមស្បូវតូចមួយដែលទុកសម្រាប់ចាំចម្ការ ក៏ដើម្បីគេចពីសិក្ខា។ សិក្ខាមិនអស់ចិត្តដែលនាងស្រាប់តែព្រងើយដាក់គេយ៉ាងនេះប្រុងថានិងទៅចាប់នាងសួរនាំឱ្យដឹងរឿង តែមិនស្មានថា វត្តមានមនុស្សប្រុសម្នាក់ បានកៀកស្មានីត ហើយហុចទឹកឱ្យនាងទាំងស្នាមញញិម ដើមទ្រូងសិក្ខាស្ទើរបែក។
ពួកគេស្និទ្ធស្នាល ហើយវាជាលើកទីមួយហើយដែលសិក្ខា ឃើញនាងនៅក្បែរមនុស្សម្នាក់ផ្សេងស្និទ្ធក្រៅពីគេ។
សិក្ខាបញ្ឈប់ជំហានជើង បានត្រឹមសម្លឹងមើលគេទាំងឈឺចាប់ ព្រោះអនាគតលោកគ្រូពេទ្យយល់ពីទំនាក់ទំនងពួកគេច្បាស់ តាំងពីដើមមនុស្សដែលអាចក្បែរនីតបានស្និទ្ធបែបនេះ ទាល់តែម្នាក់នោះមានសិទ្ធិគ្រប់គ្រាន់។
គេថយចេញ។ នីតលួចសម្លឹងមើលគេពីក្រោយខ្នង ឯប្តីនាងមិនចាប់អារម្មណ៍នោះទេ ព្រោះស្មានថាសិក្ខាគឺជាភ្ញៀវដែលមកកំសាន្តមើលផ្កាស្បៃរឿងធម្មតា។
សំឡេងគោះទ្វារលាន់ឡើងបង្អាក់ក្តីស្រមៃឈឺចាប់ដែលជាងប្រាំបីឆ្នាំមកនេះ ពួកគេឃើញត្រឹមរូបភាព មិនទាំងបាននិយាយសួរនាំគ្នាមួយម៉ាត់ផង ព្រោះស្អែកឡើងដែលសិក្ខាដឹងគ្រប់រឿងថានីតរៀបការចោលគេ មិនរង់ចាំពាក្យសន្យាដែលបាននិយាយជាមួយគ្នាមុនពេលគេចេញទៅទីក្រុង គេក៏ត្រលប់ទៅវិញបាត់ ហើយប្រាំបីឆ្នាំនេះ គេមិនមកស្រុក ទើបតែមានវត្តមានពេលក្លាយជាគ្រូពេទ្យនៅមណ្ឌលសុខភាពនេះឯង។
ថ្ងៃដំបូងបែរជាបានជួបសង្សារចាស់?
តែពេលនេះគេក៏ត្រូវប្រឈមមុខនឹងប្រពន្ធដែលបានមកតាមគេដល់បន្ទប់ដើម្បីសួរនាំ៖
«ម្នាក់ហ្នឹងមែនសង្សារចាស់បងឯង?»
សិក្ខាហាក់មិនពេញចិត្តនឹងសំណួរដែលប្រពន្ធសួរគាត់ត្រង់ន័យឌឺដងយ៉ាងនេះ។ គាត់មិនធ្លាប់លាក់បាំងទេ ពិតជាបានប្រាប់នាងគ្រប់រឿងដែលកើតឡើងនៅស្រុកកំរៀងនេះ គាត់ក៏ថាមិនចង់មកធ្វើជាគ្រូពេទ្យនៅស្រុក ក៏មិនចង់ឃើញចម្ការស្បៃរឿង នាំឃើញអនុស្សាវរីយឈឺចាប់ទាំងនោះដែរ តែប្រពន្ធគាត់ទេតើ ដែលទាមទារចង់មកនៅដីម្តាយក្មេងថាសាងសង់គ្លីនិចមួយឱ្យ។
«គេទៅវិញហើយ? ម៉េចមិនឱ្យសម្រាកសិន?»
មិនស្មានថាប្រពន្ធគាត់ឆ្លើយឌឺ៖
«បារម្ភស្រីម្នាក់ ខោអាវប្រឡាក់ប្រលូសជាងការឈឺចាប់ប្រពន្ធមែន?»
សិក្ខាហួសចិត្តនិងសំណួរប្រពន្ធ។ គាត់មិនទាំងបានទៅស្និទ្ធស្នាល ដុតរោលភ្លើងស្នេហ៍ចាស់អីឯណាផង ប្រពន្ធបែរជាសួរនាំខុសរឿងទៅកើត នាងឈឺអីជាងគាត់ដែលកាលនោះត្រូវម្តាយបង្ខំឱ្យរៀបការទៅ?
បើមិនមែនខឹងចិត្តនិងនីតរៀបការមិនប្រាប់ ក៏គិតថាបែបគេមិនចង់រង់ចាំខ្លួន ទើបសិក្ខាព្រមប្រថុយការស្រលាញ់របស់ខ្លួន ចិញ្ចឹមស្នេហ៍ទៅលើស្រីម្នាក់ដែលជាមិត្តរួមថ្នាក់ ត្រូវម្តាយពេញចិត្ត ព្រោះឃើញគេមានវង្សត្រកូលខ្ពស់ តែមិនស្មាននាងមិនយល់ចិត្តគាត់បែបនេះ។
សិក្ខាបើកទ្វាដើរចេញមិននិយាយសូម្បីមួយម៉ាត់ព្រោះបើគាត់ត នាំតែមានរឿងឈ្លោះទាស់ខ្មាសអ្នកក្នុងពេទ្យ។
ហើយគេ ក៏បានមកឃើញនាង ទើបក្រោកពីឈឺមិនប៉ុន្មានម៉ោងផង បែរមកអង្គុយកាត់ផ្កាទាំងកណ្តាលថ្ងៃក្តៅហែងទៀត?
មីងម្ចាស់ចម្ការឃើញសិក្ខាឈប់ឡានមកមើលនីត គាត់ដើរមកនិយាយ៖
«មិនដឹងថីទេសិក្ខាអើយ! មីងប្រាប់មិនស្តាប់សោះ ថ្ងៃនេះគេរឹងរុសណាស់ ថាឱ្យសម្រាកនៅពេទ្យ គេថាមិនចង់ ឱ្យទៅផ្ទះសម្រាកក៏មិនព្រម មីងមិនដឹងថាយ៉ាងម៉េចទៀតទេ! ទើបសន្លប់ម៉ោងជាងមួយ ម៉ោងបួនមិនទាន់ ឃើញមកអង្គុយក្នុងគុម្ពផ្កាស្រេច»
«ចាំខ្ញុំទៅមើលគេមីង!»
សិក្ខាថារួចក៏ដើរទៅយកឆត្រពីគូទឡានខាងក្រោយបម្រុងនឹងទៅបាំងថ្ងៃឱ្យនាង តែពេលឈានបានមួយជំហានពីម្ចាស់ចម្ការគេក៏បែរមកសួរវិញ៖
«មីង! ប្តីនីតទៅណា?»
«គេស្លាប់ជាងប្រាំឆ្នាំហើយ គ្រោះថ្នាក់ចរាចរណ៍!»
ឬក៏មកពីគេខឹងពេកទើបមិនចាប់អារម្មណ៍អ្វីសោះ បែបហ្នឹងមែនទេ ទើបនាងត្រូវបង្ខំធ្វើការលើសដើម? នាងលំបាកវេទនា គេបែរជាបំភ្លេចមិនខ្វល់? ឯងនៅហ៊ានថាខ្លួនឯងជាមិត្តដែលយល់ចិត្តគេទៀតដែរទេសិក្ខា?
នៅមានភាគបន្ត…