រឿង៖ កំរៀងស្នេហ៍ចាស់(ភាគបញ្ចប់)

ប្តីគេស្លាប់ច្រើនឆ្នាំហើយ ឯងកុំឱ្យតែដឹងខ្យល់អី។

សិក្ខាយកឆត្របាំងថ្ងៃឱ្យនីត។ តែនាងមិនទទួលយកចេតនាល្អរបស់មិត្តចាស់ ក៏មិនព្រមជ្រកក្រោមម្លប់ឆត្រគេស្រួល។ នាងក្រោកដើរចេញ ធ្វើយ៉ាងណាឱ្យតែខ្លួនឯងត្រូវថ្ងៃ កុំជ្រកកោនក្រោមម្លប់គេទោះត្រូវសន្លប់ជាលើកទីពីរក៏ដោយ ទាំងដែលការពិតនាងបានស្រមៃឃើញគេមកក្បែរបែបនេះច្រើនឆ្នាំមកហើយ។

«ទៅសម្រាកទៅ! កុំប្រឹងពេក!»

នាងងាកសម្លឹងមុខគេតែមិននិយាយ។ ចាំបាច់មកចេះដឹងបារម្ភធ្វើអី ទៅច្រើនឆ្នាំហើយ នៅហាលថ្ងៃខ្លោចសាច់សាំទៅហើយ មិនទាន់ស្លាប់ផង គ្រាន់តែសន្លប់ព្រោះអត់បាយព្រឹកប៉ុណ្ណឹង ចាំបាច់មកបញ្ជា? អាងអី?

មិនស្មានថាសិក្ខាក៏ឆ្លើយវឹង៖

«បញ្ជាឱ្យសម្រាកក្នុងនាមជាគ្រូពេទ្យ! បើសន្លប់ទៀត អាលរករឿងពេទ្យមិនពូកែមែន?»

គេនិយាយកំប្លែង តែហាក់សោកសៅណាស់ក្នុងចិត្តនាង។ តាមថាមិនគួរខឹង ក៏កាន់តែមិនសមណាសោះកក្រោះ ព្រងើយនឹងចេតនាល្អរបស់គេ ព្រោះអ្នកដែលបំភ្លេចពាក្យសន្យាគឺនាងខ្លួនឯង គេមិនបានដឹងអ្វីសោះ បែរជាត្រូវមកឈឺចាប់រឿងនាងរៀបការមិនប្រាប់គេមួយម៉ាត់។

នីតក្រោកទៅអង្គុយក្នុងរោងស្បូវ។ កម្តៅថ្ងៃ កម្លាំងខ្យល់បក់មកភាយចំហាយ ម្តងត្រជាក់ ម្តងក្តៅ ធ្វើឱ្យមុខនាងកាន់តែស្លេកខ្លាំង។ នីតធីងធោងមិនស្រួលខ្លួន គេស្ទុះគ្រវាត់ឆត្រចោលលើគ្រែទៅអង្គុយក្បែរដើម្បីឱ្យនាងផ្អែកស្មា ប្រឹងទប់ខ្លួននាងពីការបាត់ជំហរ។

នាងគ្មានកម្លាំងគេចគេទៀតទេ មានតែបណ្តោយតាមដំណក់ទឹកភ្នែកដែលស្រក់ ក៏មិនដឹងថាហេតុអ្វី វាស្រក់បានដោយរបៀបណា វាជាទឹកភ្នែកសោកសៅ ឬជាទឹកភ្នែករំភើបកាលបើបាននៅក្បែរគេ?

«គេជាមនុស្សល្អទេ?»

សិក្ខាសួរសម្តៅទៅអតីតប្តីនីត។ បើទោះគេដាច់ចិត្តចាកចេញទុកឱ្យភរិយាកម្សត់បន្តដំណើរជីវិតដ៏វែងឆ្ងាយមួយនេះទាំងលំបាកលំបិនក្តី ក៏សិក្ខាចង់ដឹងថាកន្លងទៅ តើការចាកចេញពីនីតដើម្បីឱ្យនាងបានរស់នៅជាមួយការសម្រេចចិត្តមិនរង់ចាំនាយ គេបានសុខសប្បាយរីករាយដែរឬអត់?

«គាត់ជាមនុស្សល្អ! គាត់មើលថែខ្ញុំ មិនប្រកាន់ដែលខ្ញុំត្រូវចិញ្ចឹមប្អូនៗជាច្រើននាក់…»

គេអស់ចិត្តហើយដែលដឹងថាប្រុសម្នាក់នោះបានបំពេញតួនាទីជំនួសគេយ៉ាងល្អ បើមិនអ៊ីចឹងសិក្ខាអាចមានវិប្បដិសារីអស់មួយជីវិត កាលដែលគេបានដឹងថាម្នាក់ប្រុសដែលជាប្តីនីតគឺម្តាយសិក្ខាជាអ្នកផ្សំផ្គុំ។

គេទើបនឹងបានដឹងរឿងពេលម៉ាក់សិក្ខាទៅលេងគេដល់ទីក្រុង។

គេខឹងណាស់ តែពេលបានដឹងប្រវត្តិកូនកំលោះនីតដែលជាក្មេងកំព្រាមានការតស៊ូ គេធ្វើជាមន្រ្តីធនធានទឹកនៅខេត្ត ហើយក៏ជាបុរសស្លូតបូត ស្គាល់ខុសត្រូវ អាចយកជាគ្នាបាន។​ យ៉ាងនេះហើយទើបសិក្ខាដាច់ចិត្តរៀបការជាមួយភរិយាសព្វថ្ងៃ។

តែអ្វីដែលសិក្ខាខឹងខ្លួនឯងម៉េចក៏ពេលប្តីនីតស្លាប់ជាងប្រាំឆ្នាំយូរយ៉ាងនេះគេមិនដឹង?

នាងឈឺចាប់យ៉ាងណាទម្រាំបានជួបមនុស្សប្រុសល្អដែលព្រមទទួលយកលក្ខខណ្ឌគ្រួសារ កម្រិតជីវភាពនាងតែគេក៏ចាកចេញទៅបាត់ទុកឱ្យនីតមេម៉ាយទាំងវ័យក្មេង។

«ចូលរួមសោកស្តាយផង!»

នីតញញិមហើយបន្តគេងលើស្មាគេសម្លឹងមើលសួនផ្កាដែលនាងខំប្រឹងថែផ្ទាល់ដៃពេញដោយក្តីសុខ ព្រោះពេលនេះមិត្តល្អតែម្នាក់ក្នុងជីវិតនាងបានត្រលប់មកវិញ។

សិក្ខាឈប់និយាយ ព្រោះចង់ឱ្យនីតបន្តសម្រាកយកកម្លាំង តែនីតក៏ពោលឡើងមួយៗ៖

«កុំខឹងដែលប្រពន្ធឯងប្រចណ្ឌ មកពីគេស្រលាញ់ឯង យល់ច្រឡំតិចតួច ក៏និយាយគ្នាទៅ!»

សិក្ខាស្ងៀមមិនមាត់។ ឬនីតមិនដឹងទេ ថាមនុស្សស្រីដែលគេមានក្នុងបេះដូងគឺជានាងតែម្នាក់ នាងមិនដឹងទេថាស្នេហ៍ចាស់នៅកំរៀង សួនផ្កាស្បៃរឿងជាសាក្សី ដែលបានដឹងឮពាក្យសន្យាអ្នកទាំងពីរ គេភ្លេចមិនបាន។ ដឹងថាអយុត្តិធម៌សម្រាប់ភរិយាខ្លួននៅពេលនេះដែលគេមិនដែលឈប់ស្រលាញ់នីត តែរឿងផ្តើមឡើង គឺបេះដូងគេទទួលរងភាពអយុត្តិធម៌យូរណាស់មកហើយ។

គេគ្មានសិទ្ធសូម្បីស្រលាញ់មនុស្សដែលគេស្រលាញ់។

សិក្ខាក្តុកក្តួលណាស់ តែក៏ប្រឹងទប់អារម្មណ៍តបទៅនាង៖

«ឯងដឹងទេ? បើអាចត្រលប់ទៅដប់ឆ្នាំមុនវិញ យើងមិនជ្រើសរៀបការ ហើយក៏មិនជ្រើសចាកចេញពីឯងដែរ! ជាគ្រូពេទ្យហើយវាយ៉ាងម៉េច? ហើយក៏មកឃើញឯងក្នុងស្ថានភាពបែបនេះដដែល! កាលនោះ យើងគួររៀនអ្វីផ្សេងនៅសាលាខេត្ត យ៉ាងណាមិនគួរឃ្លាតពីឯង!»

នីតប្រឹងញញឹមទាំងដំណក់ទឹកភ្នែកនៅបន្តស្រក់ព្រោះអារម្មណ៍មនោសញ្ចេតនា

«បើអាចត្រលប់ទៅកាលពីដប់ឆ្នាំមុនវិញ យើងនៅតែជ្រើសដើរផ្លូវនេះដដែល!»

សិក្ខាឮហើយសែនឈឺចិត្ត ជម្រើសដែលនីតរើស គ្មានវត្តមានគេទេ។ នេះក៏មកពីសិក្ខាយល់ថា ស្នេហាតែមួយពិតជាអាចពុះពារអ្វីគ្រប់យ៉ាងបាន មកពីគេមិនបានដឹងរឿងដែលម្តាយខ្លួនបានមកគម្រាម និយាយឌឺដងនីតដែលក្រខ្សត់ បន្ទុកច្រើន ពិសេស ដៃខ្លីគួរកុំស្រវាឱបភ្នំ។

នីតក្រ តែក៏មានកិត្តិយស គិតអ្ហេស? បើនាងបានទៅរស់នៅក្នុងគ្រួសារសិក្ខា អាចមានក្តីសុខជាងរៀបការជាមួយប្តីនាង?

«នីត! យើងនៅសល់សំណួរមួយចង់សួរឯង!»

នាងត្រដរឆ្លើយទាំងខ្សោះកម្លាំងពីខ្លួន៖

«សួរអី?»

«ប្រាប់យើងត្រង់! ធ្លាប់ស្រលាញ់យើងទេ? មានធ្លាប់គិតថាចង់រៀបការជាមួយយើងអត់?»

ស្នាមញញិមដែលធ្លាប់ក្លែងបន្លំទុក្ខគ្រប់ពេល ពេលនេះលែងមានហើយ វាប្តូរមកវិញដោយទឹកភ្នែករាប់រយដំណក់កំពុងដណ្តើមគ្នាស្រក់មិនអស់ព្រោះនាងត្រូវបង្ខំចិត្តឆ្លើយចម្លើយដែលផ្ទុយស្រឡៈពីបេះដូង។

«អត់ទេ!»

គេថាមនុស្សប្រុសមិនគួរយំ តែសិក្ខាហាមឃាត់បេះដូងដែលកំពុងឈឺចាប់មិនបាន។ ស្នេហ៍ដែលគេចងចាំច្រើនឆ្នាំយ៉ាងនេះ គឺជាស្នេហ៍ដែលគេបង្កើតឡើងតែម្ខាង។

គេស្កប់ស្កល់ចិត្តស្របពេលដែលនាងស្រាប់តែសន្លប់បាត់ជាលើកទីពីរ។

អាការៈនាងមិនស្រាលទេ សិក្ខាបារម្ភខ្លាំងក៏បញ្ជូនទៅពេទ្យខេត្ត។

«អាចជាជំងឺរលាកក្រពះទេសិស្សច្បង?»

សិក្ខាសួរទៅរៀមច្បងដែលធ្វើការនៅមន្ទីពេទ្យខេត្តហើយក៏ជាអ្នកជួយព្យាបាលនីតផ្ទាល់។

«Helicobacter Pylori កំពុងវិវឌ្ឍន បងត្រូវការបញ្ជាក់ឱ្យច្បាស់ថា ជាការរលាកឬក៏ដំបៅ ចេញលទ្ធផលបងនឹងប្រាប់!»

សិក្ខាបាត់មាត់និយាយអ្វីមិនចេញ មិនសូម្បីអាចនិយាយអរគុណ ឬតបមួយម៉ាត់ទៅកាន់រៀមច្បងដែលបានដើរចេញទៅបាត់។

គេសម្លឹងមើលនាងដែលគេងសន្លប់នៅលើគ្រែហើយក៏ធ្លាប់ដឹងថានីតមានជំងឺក្រពះតាំងពីរៀននៅអនុវិទ្យាល័យ។ នាងមិនធ្លាប់បាយទៀតទាត់ទេ ព្រោះពេលខ្លះមានហូប ខ្លះក៏អត់ហូប ចំណែកនាងគឺត្រូវគិតប្អូនមុនទើបសល់សម្រាប់ខ្លួនឯង ហើយក៏មិនដែលបានគេងឆ្អែតម្តងណាដែរ នាងត្រូវទម្លាប់ខ្លួនធ្វើការដល់យប់ជ្រៅក៏ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។

តែគេមិនស្មានថាពេលនេះវាប្រែទៅជាធ្ងន់ធ្ងរ ព្រោះនាងមិនដែលបង្ហាញឱ្យគេឃើញថានាងឈឺចុកចាប់ម្តងណាទេ។ ព្រោះអាការៈជំងឺនេះ ចុកច្អល់ ហើយរកកល់និងក្អួតចង្អោរស្ទើគ្រប់ពេលនៅជំហានដំបូង។

«នេះជាមូលហេតុដែលឯងចង់ឱ្យយើងរៀនពេទ្យ? ក៏ដើម្បីឯងបានព្យាបាលមិនអស់ប្រាក់មែន? បើឯងឈឺខ្លាំង យើងនិងយកលុយឯងឱ្យអស់ពីខ្លួន មិនឱ្យឯងបានចិញ្ចឹមប្អូនៗទៀតទេ!»

សិក្ខាជូតទឹកភ្នែក។ គេអង្គុយចាប់ដៃសម្លឹងមុខមនុស្សស្រីដែលមិនធ្លាប់ក្រម៉ូវ មិនធ្លាប់បាក់ទឹកចិត្តទាំងដែលជីវិតបង្ខំឱ្យនាងទាល់ច្រកច្រើនដងក៏ដោយ ក៏នីតនៅញញិមទៅកាន់គេជានិច្ច។

ក្មេងស្រីម្នាក់ ដែលមិនធ្លាប់ស្គាល់គ្រឿងតុបតែងលើខ្លួន ក្រៅពីកម្តៅថ្ងៃដែលធ្វើឱ្យរូបគេខ្មៅស្រអាប់។ ក្មេងស្រីម្នាក់ដែលជីវិតនាងនៅគឺដើម្បីតែទ្រទ្រង់ជីវិតប្រាំពីរឱ្យមានខ្យល់ដង្ហើម ទាំងដែលខ្លួនឯងចុងក្រោយក្លាយទៅជាបែបនេះ?

«នីត! យើងនៅចាំថា ឯងចង់មានដីផ្ទាល់ខ្លួនដាំផ្កាជាច្រើនចម្រុះពណ៌មិនត្រឹមតែស្បៃរឿងទេ! ទៅរៀនភ្នំពេញយើងឆ្លៀតធ្វើការ ហើយក៏សន្សំលុយទិញដីមួយកន្លែងជិតចម្ការស្បៃរឿងដែលឯងដាំ…យើងហត់ណាស់ណា ទម្រាំសន្សំលុយគ្រប់ ឯងត្រូវតែជាអ្នកមើលថែ!»

គេនិយាយម្នាក់ឯងចេតនាចង់ឱ្យនាងបានឮហើយក្រោកមកឆ្លងឆ្លើយជាមួយគេ តែនេះពីរថ្ងៃហើយនីតនៅមិនទាន់ដឹងខ្លួននៅឡើយ។ គេអត់បាយទឹក ក៏មិនព្រមក្រោកដើរទៅណាក្រៅពីអង្គុយសម្លឹងនាង។

លទ្ធផលចេញមក នាងមិនទាន់ដល់ដំណាក់កាលរលាកក្រពះ ឬដំបៅទេ គ្រាន់តែជាជំងឺរ៉ាំរ៉ៃដែលនាងមិនយកចិត្តទុកដាក់ព្យាបាល ហើយកាលដែលសន្លប់យូរក៏មកពីនាងចូលចិត្តធ្វើការហួសកម្លាំងក្រោមកម្ដៅថ្ងៃអត់បាយទឹក។

ម៉ោងជាងមួយយប់ សិក្ខានៅអង្គុយដំអក់សម្លឹងតាមបង្អួចមើលហ្វូងផ្កាយដែលរៈកំដរមេឃ។

ពិបាកបន្ទោសនីតដែលមិនយកចិត្តទុកដាក់និងសុខភាព គេជាមនុស្សមានហូបគ្រប់គ្រាន់ ក៏ច្បាស់មិនយល់អារម្មណ៍អ្នករកប្រាក់ព្រឹកខ្វះល្ងាចដូចជាគ្រួសារនាងទេ។

នីតបើកភ្នែកសម្លឹងឃើញគេសោកសៅព្រោះតែបារម្ភពីនាង។ តែម្នាក់ស្រីនេះនៅមិនចោលទម្លាប់ចូលចិត្តស្តីឱ្យគេ៖

«បើតែអ៊ីចឹង មិនឱ្យប្រពន្ធឯងខឹងយ៉ាងម៉េច?»

សិក្ខាសប្បាយចិត្តដែលនាងនៅមានកម្លាំងបន្ទោសគេនៅឡើយ។ គាត់រំភើបដែលអាចមើលឃើញស្នាមញញិមលាក់ទុក្ខព្រួយរបស់នីតម្តងទៀត។

«យើងប្រាប់គេរួចហើយ! ឯងមិនបាច់ព្រួយទេ!»

«គួរឱ្យចង់សើចណាស់! បើឯងជាប្តីយើងវិញ និងត្រូវដំបងហើយ!»

សិក្ខាតបទៅនាងទាំងស្រពោន៖

«បើយើងជាប្តីឯងវិញ មិនបាច់ចាំហត់ចិត្តដូចពេលនេះទេ!»

នាងនៅតែញញិមធ្វើឱ្យសិក្ខាមិនយល់ថាចិត្តនាងគិតអ្វី។

«យប់ហើយ ម៉េចក៏មិនដេក?»

«យើងចង់ឱ្យឯងក្រោកឡើងឃើញយើងមុនគេ!»

«យើងឃ្លា​នទឹក!»

សិក្ខាមិនមាត់ហើយក៏ដើរចេញទុកឱ្យនីតតាមសម្លឹងគេទាំងស្រក់ទឹកភ្នែក។

សិក្ខាមិត្តសម្លាញ់…

យើងប្រហែលកំពុងនៅលើរថភ្លើងពេលឯងបានសំបុត្រនេះ យើងទៅភ្នំពេញ ដើម្បីជួយនារីបានរៀនបន្តដែលជាក្តីស្រមៃនាងចង់ធ្វើជាគ្រូពេទ្យដូចយើង ពេលនេះ ម៉ែយើងលែងដូចមុនហើយ គាត់ឈប់លេងល្បែង គាត់គិតគូរស្រលាញ់កូន ទើបយើងទុក្ខចិត្តឱ្យប្អូនៗប្រាំនាក់ទៀតបានក្រោមការមើលថែម៉ែ។

ដូចឯងថា ទៅទីក្រុងយើងអាចមានឱកាសធ្វើអ្វីដែលយើងស្រលាញ់ ហើយក៏អាចបានប្រាក់ច្រើនជាងនៅចម្ការស្បៃរឿង យើងក៏សង្ឃឹមថារកការងារបានធ្វើហើយអាចសល់លុយផ្ញើឱ្យម៉ែនិងប្អូនរាល់ខែ។

អរគុណឯង សម្រាប់ការរាប់អានចេញពីបេះដូង អរគុណដែលឯងផ្គត់ផ្គង់យើង មើលថែ បារម្ភកន្លងមក ហើយបានទិញដីទុកជាកាដូថ្ងៃកំណើតយើង យើងបានឮពេលឯងរៀបរាប់នៅមន្ទីពេទ្យ តែប្រហែលយើងគ្មានវាសនាបានដាំផ្កាចម្រុះពណ៌លើដីហ្នឹងឡើយ យើងនៅតែនឹកសួរផ្កាស្បៃរឿងជាកន្លែងដែលពួកយើងចូលចិត្តរត់លេង យើងនៅតែចងចាំក្តីស្រលាញ់មួយនៅកំរៀង តែមកពីយើងគ្មាននិស្ស័យ។

សិក្ខា! សូមទោសដែលខ្ញុំកុហកឯងរឿងមួយ ហើយក៏សុំឱ្យមីងម្ចាស់ចម្ការ ជួយកុហក គឺរឿងរៀបការ

មកពីខ្ញុំមិនដាច់ចិត្តនិងមនោសញ្ចេតនា និងអនុស្សាវរីយដែលយើងធ្លាប់សាងជាមួយគ្នា ខ្ញុំបានជួបមនុស្សប្រុសល្អដូចបងបុត្រ តែគ្រាន់តែរាប់អានគ្នាជាមិត្តល្អ មិនដែលទទួលយកការស្នើសុំរៀបការរបស់គាត់ទេ។ យើងដឹងឯងស្រលាញ់យើង តែយើងជឿលើនិស្ស័យប្តីប្រពន្ធអតីតជាតិដែលសាងជាមួយគ្នា ពួកយើងត្រឹមមិត្តល្អ។

មិត្តសម្លាញ់ ការចាកចេញរបស់ខ្ញុំគឺដោយភាពរីករាយ និងសប្បាយចិត្តបំផុត យើងចង់ឃើញឯងសប្បាយចិត្តទទួលយកការពិតក្នុងពេលនេះ កំរៀងស្នេហ៍ចាស់ គឺជាអតីតកាលដែលមិនសាបសូន្យតរៀងទៅ។

យើងសំណាងណាស់ក្នុងជាតិនេះដែលមានឯងជាមិត្ត។

ពីយើង នីត!

សិក្ខាទម្លាក់សំបុត្រ ហើយក៏ប្រឹងរត់កាត់ព្រៃដើម្បីតាមរថភ្លើងពីក្រោយ…

ចប់