រំដួលពោធិ៍សាត់ត្រួយជីវិតស្នេហ៍ បងស្ម័គ្រម្លឹងដែរនៅតែព្រងើយ ឬ រំដួលផ្កាមានគ្នាទៅហើយ សូមឆ្លើយឱ្យបងអស់ក្ដីសង្ស័យ… ខ្ញុំសូមសច្ចាប្រាថ្នាតែនាង អ្នកតាឃ្លាំងមឿង ជួយចាំសម្ដី…ទឹកឡើងលិចព្រៃដីទន្លេសាប រនោចខែទាបរៀបខ្លួននិន្រ្ទា ឱ! ស្រុកក្រគរជំនោររងា ដួងចិត្តកំព្រាក្នុងទូកនេសាទ….! ដងស្ទឹងពោធិ៍សាត់ជីវិតខ្ញុំអើយ កំពង់នេះហើយងូតទឹកជិតអូន…
ទាំងនេះសុទ្ធសឹងតែជាកម្រងចម្រៀងបំពេរមនោសញ្ចេតនាមួយ នៃជីវភាពរស់នៅរបស់អ្នកស្រុកពោធិ៍សាត់។ មកដល់ទីនេះដំបូងខ្ញុំក៏បានឮចម្រៀងទាំងនេះទៅហើយ…នៅលើទូកដ៏សែនឃ្លេងឃ្លោងព្រះសុរិយាបន្ទាបកាយចូលបន្ទំទៅហើយ…។
មកទីនេះតែម្នាក់ឯងខ្ញុំបានសុំផ្ទះអ្នកភូមិអន្សាម្នាក់ ដែលគាត់ប្រកបរបរលក់អាហារពេលព្រឹកជារៀងរាល់ថ្ងៃស្នាក់អាស្រ័យមួយគ្រា…! ថ្វីដ្បិតតែមីងជួនកាចបន្តិចមែន តែគាត់មានទឹកចិត្តល្អណាស់គឺទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅរាក់ទាក់។ គេហដ្ឋានដ៏ប្រណីតរបស់គាត់សាងសង់អំពីថ្ម។ ជាវីឡាមួយដ៏មនោរម្យលាបពណ៌ត្រាវក្រមៅ ហើយពីមុខវិញគឺមានតយ៉ាបទៅវែងបន្តិចសម្រាប់អាជីវកម្មលក់អាហារបាយគុយទាវ…របស់គាត់។ លើសពីនេះគាត់ថែមទាំងឱ្យកូនបន្ទប់ស្នាក់នៅមួយដល់ខ្ញុំទៀតផង។ ខ្ញុំរសាត់ខ្លួនមកដល់ភូមិបណ្ដែតទឹកនេះ ដើម្បីស្រាវជ្រាវពីផ្នែកនរវិទ្យា សរសេរសារណាបញ្ចប់ការសិក្សាផ្នែកបុរាណវិទ្យានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ…។
ខ្ញុំហាក់មាននិស្ស័យនឹងទីនេះ មកដល់ទីនេះខ្ញុំស្លៀកខោខ្មៅអាវសដៃវែងមួរដៃឡើង ពោលគឺក្រោមសម្លៀកបំពាក់ជានិស្សិត។ ទឹកត្រជាក់ស្រេងដល់ឆ្អឹងខ្នង… ខ្យល់រំភើយបក់បោកសក់ខ្ញុំរវិចវរេចុះរេឡើង ហាក់រំភើបឡើងមួយរំពេច។ អ្វីដែលពិសេសជាងនេះនោះគឺអ្នកភូមិនេះសម្បូរទៅដោយកូនក្រមុំស្អាតៗជាប់ភ្នែក…។
ល្ងាចទៅហើយព្រះអាទិត្យក៏យាងលាទ្វីបលោក ស្បៃរាត្រីចាប់ផ្ដើមដណ្ដប់ភពផែនទាំងមូលឱ្យងងឹតបន្តិចម្ដងៗ…។
– តោះក្មួយប្រុស ល្ងាចយប់ទៅហើយល្មមទៅផ្ទះយើងវិញហើយ
ជាសំឡេងរបស់មីងជួន យើងត្រូវទៅភូមិស្នាអន្សាវិញគឺវារាងឆ្ងាយពីទីនេះបន្តិចហើយ។
ខ្ញុំឈានជើងឡើងលើឡានធ្វើដំណើរត្រលប់មកស្នាក់នៅផ្ទះមីងជួនវិញ។ នៅតាមផ្លូវស្ងាត់ជ្រងំ…រថយន្តរត់កាត់ខ្យល់ត្រជាក់ស្រេង ស្បៃរាត្រីងងឹតតិចៗធ្វើឱ្យមើលឃើញរុក្ខជាតិទើបទទួលទឹកភ្លៀងមួយមេបក់ស្លឹកត្រកួញតាមខ្យល់…..។ ភ្នំទាបខ្ពស់នៅអមសងខាងផ្លូវ ទីនេះគឺពិតជាប្រភពកម្សាន្តធម្មជាតិដ៏សែនល្ហែល្ហើយពិតមែន…។ មិនយូរប៉ុន្មានពួកយើងក៏មកដល់ទីលំនៅដ៏សែនកក់ក្ដៅ។
- បត់ចូលខាងស្ដាំដៃនេះទៅក្មួយជាផ្ទះមីងហើយ…
– បាទមីង!
ខ្ញុំស៊ីផ្លេតែតៗ បន្តិចមកស្រាប់តែឃើញនារីម្នាក់ខ្មៅស្រអែមសក់វែងអង្កួចដល់ចង្កេះជើងដៃរលូនប្រផូរ គួរឱ្យចេតនា…មករុញរបងតែទាញរបងដែកនោះពុំរួច។
– ក្មួយពុំបាច់ស៊ីផ្លេទេ ផ្ទះមីងបើមីងមិនបើកគ្មានអ្នកណាមកទេ! ស្រីពៅនេះរុញរបងពុំរួចមែន!
មីងជួននិយាយបែបខ្លាំង! បន្ទាប់មកខ្ញុំក៏ចុះទៅជួយបើករបង រសាត់ខ្លួនទៅដល់ភ្លាមដួងចិត្តរបស់ខ្ញុំរន្ធត់ញាប់ញ័រអស់ទៅហើយដៃញ័ររអឹក ជើងវិញហាក់មិនដឹងបោះទៅខាងណា ព្រោះរំភើបនិងសម្រស់នារីម្នាក់… កែវភ្នែកយើងទាំងពីរសម្លឹងរកគ្នាប្រហែលជានាងប្លែកនឹងវត្តមានរបស់ខ្ញុំនៅទីនេះហើយមើលទៅ… យើងទាំងពីររុញរបងនៅជិតគ្នាបណ្ដាលឱ្យសាច់ដ៏ទន់របស់នាងបានមកជំពប់នឹងចង្កេះរបស់ខ្ញុំ ធ្វើឱ្យបេះដូងខ្ញុំរបើកឡើងរំភើបមួយរំពេច… នាងសម្លឹងមុខខ្ញុំដោយខ្សែភ្នែកស្រទន់មានរោមតូចៗដុះអមកែវមួយដួងថ្លាឆ្វង់ដូចពន្លឺនៃចន្ទពេញបូណ៌មី… យលនេត្រយើងទាំងពីរហាក់យល់ដល់បេះដូងគ្នាទៅហើយ…ខ្យល់បក់មួយរំភើយសក់ដ៏វែងរលោងរបស់នាងក៏រសាត់មកចំមុខខ្ញុំធ្វើឱ្យច្រមុះរបស់ខ្ញុំបានយល់នូវរសក្លិនសព្វសក់របស់នាង ខ្ញុំរំភើបផងហាក់ស្រវឹងនឹងទឹកដមក្លិនដ៏សែនក្រអូបឈួលពិបាកនឹងស្មានថាជាក្លិនបែបណាឱ្យប្រាកដផង ខ្ញុំគាំងនឹងមន្តសណ្ដំនេះ…។
មីងជួនស៊ីផ្លេតែតៗទើបខ្ញុំកម្រើកស្មារតីឡើងវិញ ចំណែកកំពូលនារីម្នាក់នោះវិញ ដកខ្លួនរត់គេចពីខ្ញុំរសាត់ខ្លួនរត់ចូលទៅផ្ទះបង្ហាញដងខ្លួនដ៏ល្វត់ល្វន់សក់រលាស់ក្រាលគ្របពីលើស្មាចុះឡើងៗបង្ហើបឱ្យឃើញនូវកញ្ចឹងកដ៏សខ្ចី…ឱ! ខ្ញុំម្ដេចក៏មានសំណាងម្ល៉េះ?……
ចាប់តាំងពីបានឃើញនាងបានម្ដងមកខ្ញុំក៏លែងបានចួបនាងតាំងពីពេលនោះមក…
មួយខែកន្លងមកហើយ…ជាមួយខែដ៏មានន័យសម្រាប់ខ្ញុំនិងកិច្ចការរបស់ខ្ញុំ បានកន្លងផុតទៅយ៉ាងឆាប់រហ័ស។ មួយថ្ងៃៗខ្ញុំបង្កប់ខ្លួនតាមទូកនេសាទដើម្បីសង្កេតមើលការនេសាទរបស់អ្នកស្រុក ក៏ដូចជាមើលការរស់នៅរបស់អ្នកភូមិបណ្តែតទឹក ពិតជាអស្ចារ្យនិងស្ងើចសរសើរមិនដាច់ពីមាត់អំពីបច្ចេកទេសនៃការសាងសង់ផ្ទះលើទឹក ជាពិសេសនោះគឺមានការធ្វើអាជីវកម្ម។ លើទឹកមានផ្សារ មានការ៉ាស់សាំងលក់ដូរទៅវិញទៅមក អ្នកស្រុកនេះអុំទូកចុះឡើងៗយ៉ាងរស់រវើកអ៊ូអរគួរចេតនាពេកពន់… បើគេជិះទូកពុះជ្រែកកាត់ផ្ទៃគង្គាដ៏ពេញប្រៀបមកផ្នែកខាងជើងវិញនោះ គេនឹងបានឃើញរុក្ខជាតិជាច្រើនកំពុងប្រណាំងប្រតោងជាមួយផ្ទៃទឹក ដើមស្លែងរេរាំប្រឡែងផ្ទៃទឹកតាមជំនោរខ្យល់បន្ទះស្លឹក ប្រៀបដូចដៃបក់អបអរអ្នកដំណើរញ៉ាំងអារម្មណ៍ឱ្យស្រស់ស្រាយជាមួយខ្យល់រដូវដ៏រងា ផ្កាកំប្លោកសបន្តិចខៀវបន្តិចចម្រុះពណ៌តាមអែបច្រាំងផតចុះពើតឡើងតាមកម្លាំងរលកបីដូចជាសួនកម្រាលផ្កាមួយ…។ ម្ដងម្កាលទៀតនោះយប់ៗចួននៅក្នុងវត្ត ចួននៅក្នុងបណ្ណាល័យខេត្ត ខ្ញុំអង្គុយស្រាវជ្រាវនិក្ខេបបទរហូតដល់យប់ជ្រៅ…។
ល្ងាចថ្ងៃសៅរ៍មួយ ខ្ញុំក៏សម្រេចចិត្តទៅលេងផ្ទះមីងជួនមួយរយៈ ខ្ញុំនឹកគាត់ ហាក់មានមនោសញ្ចេតនានឹងគាត់ បន្ទាប់ពីចេញពីផ្ទះគាត់ ចុះស្រាវជ្រាវ គាត់ជាស្រ្តីមេមាយមានកូនស្រីបីនាក់ កូនស្រីបងមានប្ដីទៅហើយសព្វថ្ងៃប្ដីគាត់ជាគ្រូបង្រៀននៅតាមភូមិអណ្ដែតទឹកគាត់មានជីវភាពល្អប្រសើរ…។ ឯកូនស្រីពៅរបស់គាត់ពេញក្រមុំទៅហើយទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិថ្មីៗបាននិទ្ទេសល្អមួយ…ចំណែកឯកូនទីពីររបស់គាត់វិញនោះគាត់ពុំបាននិយាយទាល់តែសោះ…។ បន្ទាប់ពីឆ្លងកាត់ផ្លូវថ្នល់ដ៏វែងអន្លាយខ្ញុំក៏មកដល់គេហដ្ឋានរបស់អ៊ំជួន គាត់បានរៀបបាយទឹកសម្រាប់ខ្ញុំយ៉ាងកក់ក្ដៅ។
- មកអញ្ជើញចូលតុពិសាបាយមកក្មួយ យី! ឥឡូវដូចស្គមម្ល៉េះក្មួយ…? ឬជាប់ស្នេហ៍នារីណាម្នាក់ហើយអាក្អូនប្រុសមីង
– ហាស ហាស! មីងចេះនិយាយលេងសើចទៀតឥឡូវ ស្មានតែមីងកាចណាស់តើ មិនដឹងជាក្លាយជាម៉ាក់ក្មេករបស់អ្នកណាទេ។
ខ្ញុំសើចកាច់ក ហើយជ្រាបដំណក់ទឹកភ្នែក កូនពៅរបស់គាត់ញ៉ាំបាយមិនចូលទេ គាត់ផ្ទុះសំណើចជាខ្លាំង។
– ញ៉ាំបាយទៅកូន… ញ៉ាំមិនចូលទេម៉ាក់ កូនញ៉ាំបាយជាមួយអ្នកកំប្លែងអ៊ីចឹង!
មីងជួនតបទៅកូនស្រីបណ្ដូលចិត្តរបស់គាត់
– អ្នកណាជាអ្នកកំប្លែងកូន?
– កូនទើបតែដឹងថាម៉ាក់ជាអ្នកកំប្លែងអ៊ីចឹងសោះហាសហាស!
បន្តិចក្រោយមកខ្ញុំក៏ដាច់ចិត្តសួរទៅមីងជួនថា
– មីងចុះឯណាកូនស្រីមីងម្នាក់ទៀត
– វាញ៉ាំបាយរួចហើយក្មួយ មីងឱ្យមកជម្រាបសួរក្មួយដែរ តែមិនដឹងយ៉ាងណាចាប់តាំងពីបានចួបក្មួយម្ដងមក
– បានចួបខ្ញុំ…? ខ្ញុំនឹកឆ្ងល់ក្នុងចិត្តម្នាក់ឯង…
- អត់ទោសអ្នកមីងកូនមីងម្នាក់នេះមានឈ្មោះអ្វីដែរទៅ អ្នកមីង!
– មិនបាច់ហៅមីង មីងទេ ហៅមីងម្ដាយក្មេកតែម្ដងទៅ!
កូនពៅរបស់គាត់សើចបន្ទរហាសហាស
– មើលម៉ាក់និយាយ!
គាត់បែរជាបង្វែរសំណួរ! ហើយមីងជួនក៏បន្តទៀតថា នាងក៏មិនសូវនិយាយស្ដី ចេញតែពីធ្វើការមកផ្ទះវិញញ៉ាំបាយរួចចូលបន្ទប់ប្រហែលប្រញាប់សន្ទនាជាមួយអ្នកណាហើយ… ខ្ញុំរាងអន់ចិត្តបន្តិចទឹកមុខខ្ញុំហាក់ស្រពោន ប្រហែលជាមីងជួនអាចដឹងពីដួងចិត្តខ្ញុំក៏ថាបានគាត់ចេះតែសម្លឹងមុខខ្ញុំ… ខ្ញុំគេចពីកែវភ្នែករបស់គាត់ក៏ប្រទះនឹងសម្លៀកដែលជាឯកសណ្ឋានពេទ្យមួយឈុតព្យួរជាប់ជញ្ជាំង។ ខ្ញុំសម្លឹងមើលយូរៗទៅហាក់ឃើញនាងពាក់អាវនេះញញឹមស្រស់ប៉ប្រឹមមករកខ្ញុំ។
- ពៅ ជួយទៅមើលរៀបចំបន្ទប់ឱ្យពូធានផង
ខ្ញុំក៏ភ្ញាក់ព្រើតឡើងវិញ។ ក្រោយពីបាយល្ងាចរួចហើយ ខ្ញុំក៏បានទៅសម្រាក់ក្នុងបន្ទប់តូចមួយ ដែលមានបង្អួចបែរទៅទិសខាងកើត។
យប់ងងឹតបន្តិចទៅហើយ ខ្ញុំច្រត់ដៃលើរបារបង្អួចមើលទៅក្រៅជាមួយអារម្មណ៍សោកសៅមួយ…
យប់នេះហាក់ចម្លែក….! ព្រះចន្ទក៏គ្មាន ផ្កាយក៏មិនអញ្ជើញរះ លំហូរខ្យល់បក់ខ្ជិលច្រអូសបង្អូសខ្លួនមិនចង់រួច ល្វើយៗរំភើយៗម្ដងៗ…គួរជាទីធុញថប់។ ស្លឹកឈើរស្ងៀមធ្មឹងមិនកម្រើករំពើកអ្វីបន្តិចសោះ។ អំពិលអំពែកភ្លឹបភ្លែតៗតាមសេរីភាពធម្មជាតិរបស់វា…រឹតតែធ្វើឱ្យដួងចិត្តខ្ញុំស្រងេះស្រងោច…ដើមដូង ដើមស្លា ច្រូងច្រាងពាសពេញភូមិ មានមែកខ្ពស់ត្រឈឹងត្រឈៃ ធ្វើឱ្យទេសភាពនេះរឹតតែស្ងប់ស្ងាត់ទៅ…ហាក់គ្មានអ្នកណាយល់អំពីដួងចិត្តខ្ញុំសោះសូម្បីតែជីវិតរុក្ខជាតិក៏ធ្វើព្រងើយដាក់ខ្ញុំដែរ…។
នៅជាប់ផ្ទះរបស់មីងជួនមានមានកូនផ្ទះចាស់មួយទៀតដែលធ្វើឱ្យអារម្មណ៍ខ្ញុំព្រឺខ្លាច នោះគឺផ្ទះឈើបុរាណមួយខ្នងធំនៅក្នុងភូមិមួយដ៏ស្ងាត់… ខ្ញុំក្រឡេកមកវិញ អុះ! ស្រមោលស្រមោលស្រីម្នាក់រសាត់មកដល់ខាងត្បូងរានហាល។
ស្រមោលនោះឈប់ស្ងៀម។ ដៃនាងកាន់ធូបបីសរសៃររួចជាស្រេច។ នាងកាន់ធូបបីសរសៃនេះដោយដៃទាំងពីរហើយលោកផុតក្បាលហើយដោតចូលស្ដុបមួយ។ នាងថយក្រោយមួយជំហានហើយលើកដៃប្រណមមួយដ៏ល្អ ផ្ចិតផ្ចង់សម្រួមអារម្មណ៍យ៉ាងគោរព។ តើនាងជាកូនចៅអ្នកណាហ្ន៎! ក៏ស្រគត់ស្រគំស្គាល់បុណ្យស្គាល់បាប ស្គាល់ខុស ស្គាល់ត្រូវអ្វីម្ល៉េះទេ…?
ខ្ញុំតាមមើលកាយវិការនាងជាប់ជានិច្ច….នាងនៅក្មេង សក់វែងប្រាស្មា ដូចនារីម្នាក់ដែលធ្វ់ឱ្យខ្ញុំមានអារម្មណ៍រំភើបលើកដំបូង។ នាងស្លៀករ៉ូបស ដែលមានខោខ្លីលើជង្គង់ បញ្ចេញសាច់សរលោងជើងរលូនដូចកបាសប្រណីត តែរង្វង់មុខនាងខ្ញុំពុំសូវឃើញច្បាស់ទេ។ នាងមកអង្គុយក្នុងអង្រឹងមួយក្រោមដើមចំប៉ា ជាប់របងផ្ទះ។ ក្លិនចំប៉ាពេលរាត្រីក្រអូបល្វឹងល្វើយហក់បីដូចជាទេវតាប្រោះព្រំកញ្ញាតូចនេះ។
ឱ! រាត្រីដ៏ស្រងេះស្រងោចមួយប្រែក្លាយជារាត្រីដ៏ផ្អែមល្ហែម
ឱ! រាត្រីនេះម្ដេចក៏មានន័យម្ល៉េះ…?
កូនអង្រឹងឈើយោលទៅមុខទៅក្រោយ ដៃម្ខាងរបស់នាងចុចទូរស័ព្ទ។ ជើងនាងទាំងពីររបស់នាងត្រឹមលើជង្គង់ចុះក្រោមបន្តិចបញ្ចេញសាច់សរលោងមូលក្លំមកបង្អួតរាត្រី ក៏ដូចជាឆាបឆក់មនោសញ្ចេតនារបស់ខ្ញុំផងដែរ…។ បន្តិចក្រោយមក…. មីងជួនក៏ចូលមកដើម្បីយកខ្នើយនិងភួយឱ្យខ្ញុំ គាត់សម្លឹងតាមភ្នែកខ្ញុំរួចក៏និយាយថា
– យី កូនម្នាក់នេះយប់ជ្រៅហើយមិនព្រមចូលបន្ទប់គេងទៀត នៅអង្គុយលើអង្រឹងដូចពេលថ្ងៃ កូនម្នាក់នេះពិបាកផ្គាប់ចិត្តណាស់។
– ខ្ញុំឃើញនាងយកធូបនិងចេកមកថ្វាយរានទេវតាខាងនេះណាមីង ប្រហែលជាតានតឹងអារម្មណ៍រឿងអ្វីហើយ…
– អត់ទេក្មួយ ឱ្យតែថ្ងៃសីលគឺនាងយកដង្វាយមកថ្វាយព្រះអង្គនៅទីនេះហើយ
ខ្ញុំដកដង្ហើមបន្ធូរអារម្មណ៍តាមគាត់មួយខ្យល់យ៉ាងត្រជាក់…គាត់ដករូបថតពីទូមួយក្នុងក្បាលដំណេកខ្ញុំនោះឱ្យខ្ញុំមើល…
– ក្មួយពុំដែលបើកទូនេះមើលទេមើលទៅ នេះជារូបថតនាងជាមួយកូនពៅ
មើលចុះមុខនាងក្រពុំល្អណាស់សក់ចងបួងឡើងលើបង្ហាញឱ្យឃើញនូវកញ្ចឹងកមានសក់ដុះងរៗតិចៗ ឱ! ល្អអ្វីក៏ល្អម្ល៉េះ…សក់មួយផ្នែកមុខធ្លាក់ចុះកាត់ថ្ពាល់តិចៗគួរជាទីចេតនា កែវភ្នែវថ្លាយ៉ង់ដូចពេជ្រនិល ជីវិតខ្ញុំហាក់មានន័យមួយប៉ប្រិចភ្នែក ពេលបានឃើញនាងលើកដំបូង….មីងជួនក៏ដើរចេញទៅ។ រាត្រីនេះខ្ញុំមិនចង់គេងសោះ ខ្ញុំចង់នៅសម្លឹងមើលកែវភ្នែកដ៏ភ្លឺថ្លាខៀវស្រងាត់ដូចទឹកស្ទឹងពោធិ៍សាត់របសនាង។ ខ្ញុំប្រះខ្លួនលើគ្រែរួចសម្លឹងមើលរូបនាង…ល្អណាស់ ល្អមែន… ល្អទាំងពូជល្អទាំងពង្ស…។
ចាប់តាំងពីរាត្រីដ៏មានន័យនោះមកទឹកដីពោធិ៍សាត់ហាក់កាន់តែមានន័យសម្រាប់ជីវិតរបស់ខ្ញុំ ឥឡូវនេះជីវិតខ្ញុំពោរពេញទៅដោយទឹកដម…ខ្ញុំលួចមើលនាងរៀងរាល់រាត្រី ពេលយប់ឡើងរំដួលពិដោរដ៏ក្រអូបមួយនេះតែងតែរះក្នុងកែវភ្នែកនៃដួងចិត្តខ្ញុំជានិច្ច…
ថ្ងៃមួយនោះមិនដឹងជាចៃដន្យអ្វី… ខ្ញុំបើកទ្វារដើម្បីសម្លឹងមើលទៅកូនអង្រឹងតូចដូចសព្វមួយដងស្រាប់តែនាងក៏សម្លឹងរេខ្សែចក្ខុមករកខ្ញុំយ៉ាងមុត ខ្ញុំភ្ញាក់ព្រើតនឹងខ្សែចក្ខុនេះរួចទាញទ្វាបិទមកវិញ តែមិនដឹងជាសំណាងអ្វីរបស់ខ្ញុំ នាងក៏បោះវាចាដ៏ក្រអួនទន់ល្មើយពីអង្រឹងក្រោមមករកខ្ញុំ
– លោក! លោក….!
– បាទ អ្នកនាង តើអ្នកនាងមានការអ្វីដែរ…?
ខ្ញុំឆ្លើយទាំងភ័យផងអរផង ហាក់រញាក់រញ័របន្តិចផង…
– តើលោកអាចមកក្រោមបន្តិចបានទេ?
ខ្ញុំចុះទៅតាមបញ្ជារបស់នាង…
- មកអង្អុយទីនេះមក!
– ទីណាទៅអ្នកនាង?
– ខ្ញុំអង្គុយតែម្ខាងទេតើ អង្រឹងលើនេះធំណាស់លោកអង្គុយម្ខាងមក!
ខ្ញុំអង្គុយតាមបញ្ជានាង ហាក់ព្រឺព្រួចបន្តិចដែរ ព្រះខែបញ្ចេញពន្លឺល្ហឹមៗផ្ការំដួល ផ្កាមាលតី និងផ្កាម្លិះប្រឹងបញ្ចេញលម្អងក្លិនប្រណាំងគ្នា តែហាក់ពុំឈ្នះក្លិនរុំដួលកំពុងរីកមួយទងនេះសោះ…ខ្យល់រំភើយម្ដងៗធ្វើឱ្យខ្ញុំរងាដល់ឆ្អឹងខ្នង អ្វីម្យ៉ាងដែលរឹតតែធ្វើឱ្យខ្ញុំរងាផង ភ័យផងនិងមានសេចក្ដីសុខផងនោះគឺរំយោលរ៉ូបរបស់នាង ដែលធ្លាក់លើជង្គង់ផើតចុះផើតឡើងតាមកម្លាំងខ្យល់ម្ដងៗ ធ្វើឱ្យភ្នែកខ្ញុំបានពិភាល់យ៉ាងច្បាស់… នាងបោះជើងចុះឡើងៗ…ធ្វើឱ្យខ្ញុំភ្លឹកភ្លាំងរកនិយាយអ្វីមិនចេញ!
– លោក? តើខ្ញុំអាចស្គាល់ឈ្មោះលោកបានទេ?
ខ្ញុំភ្ញាក់ព្រើតពីការភ្លឹក គ្រាន់តែបានអង្គុយជិតនាងសោះ ម្ដេចខ្ញុំភ្លឹកៗមិនដឹងអ្វីជាអ្វីអ៊ីចឹងខ្ញុំលួចសើចក្នុងចិត្តម្នាក់ឯង! ខ្ញុំឆ្លើយនឹងនាង
– ខ្ញុំគឺធាន តើអ្នកនាងពុំធ្លាប់ឮម៉ាក់អ្នកនាងហៅទេឬ…?
– បើធ្លាប់ឮតើខ្ញុំសួរធ្វើអ្វី? អ៊ីចឹងខ្ញុំសុំហៅលោកថាជាបងហើយណា ព្រោះលោកប្រហែលជាមានអាយុឬឋានៈបងខ្ញុំហើយ…
– មានរឿងមួយចង់សួរលោក…
នាងនិយាយហើយកែវភ្នែកសម្លឹងមករកខ្ញុំ។
– អ្នកនាងមានការអ្វី? មានប្រសាសន៍មកចុះកុំទើសទាល់អ្វី
– តើលោកធ្លាប់ទៅទីនោះឬទេ? ភូមិបណ្ដែតទឹក! ថ្វីដ្បិតតែខ្ញុំនៅទីនេះមែនតែខ្ញុំពុំសូវស្គាល់ទេ! ជាគ្រូពេទ្យព្យាបាលផងនិងបន្តរៀនយកម៉ាសស្ទ័រផងពិតជារវល់ណាស់ ឥឡូវត្រូវជាប់ឈ្មោះទៅព្យាបាលអ្នកជំងឺនៅទីនោះទៀត ហើយប្អូនពុំសូវស្គាល់ផ្លូវណាមួយជាភូមិលើទឹកផងខ្លាចក្រែងមិនសុវត្ថិភាព។
– តើបងមានភារកិច្ចចុះស្រាវជ្រាវនៅទីតាំងនោះទៀតទេ…? នាងសួរខ្ញុំបន្ត។
ខ្ញុំបោះសម្ដីប្រាប់នាងជារឿយៗប្រាប់ឆោមស្រស់ជាបន្តបន្ទាប់…
– បាទអ្នកនាងតាមពិតទៅ ខ្ញុំពុំទាន់បានបញ្ចប់ការស្រាវជ្រាវនៅទីនោះនៅឡើយទេ ខ្ញុំបានចូលរួមជាមួយលោកមេស្រុកដើម្បីកម្ចាត់ក្រុមនេសាទខុសច្បាប់ពេលយប់… អូន អូន….
ខ្ញុំធ្លោយមាត់ហៅនាងអូនទៅហើយ…ព្រោះពុំហ៊ានសួរឈ្មោះរបស់អ្នកគ្រូពេទ្យម្នាក់នេះទេ!
– អូនជាស្រីផង ហើយភូមិនោះសម្បូរតែជនជាតិបែបនេះ បងព្រួយបារម្ភពីសុវត្ថិភាពអ្នកគ្រូពេទ្យណាស់ដែរ…
– មិនជាអ្វីទេបង ក្នុងនាមជាគ្រូពេទ្យ តួនាទីគឺព្យាបាលអ្នកជំងឺដោយមិនរើសអើងជាតិសាសន៍អ្វីទេ ខ្ញុំអរគុណបងណាស់ ដែលស្ម័គ្រចិត្តចួលរួមការពារផលប្រយោជន៍នៃអ្នកស្រុកភូមិយើង
– បាទអ្នកគ្រូពេទ្យ…
នាងនិងខ្ញុំអង្គុយជជែកគ្នាលេងពីនេះពីនោះមានដួងចន្ទមួយចំណិតតូចដ៏សង្គមនៅកំដររហូតយប់ជ្រៅ… នាងជជីកសួររឿងពីប្រវត្តិខ្ញុំជាច្រើន… ពេលខ្លះខ្ញុំឆ្លើយទាំងអៀនប្រៀនក៏មាន!
– លោកប្រហែលជារវល់ណាស់ហើយមែនទេលោក?
- មិនសូវរវល់ប៉ុន្មានទេអ្នកគ្រូពេទ្យ ជាអ្នកស្រាវជ្រាវវប្បធម៌ម្នាក់តែមិនសូវបានដឹងច្រើនពីជីវិតរស់នៅលើទឹកនេះទេ មិនដឹងថា ការរស់នៅបែបនេះវាមានរស់ជាតិបែបណា ហិហិ
ខ្ញុំឆ្លើយប្រាប់នាងដោយក្ដីរីករាយជាខ្លាំង
– ណ្ហើយ… យប់ជ្រៅទៅហើយខ្យល់រងាណាស់ ខ្ញុំសុំសម្រាកមុនហើយលោកបងធាន នាងនិយាយទាំងញញឹមពព្រាយមករកខ្ញុំ…នាងបែរខ្លួនដើរចេញទៅ មិនថាមកពីអ្វី មកពីខ្ញុំនឹកនាងផងក៏មិនដឹង ខ្ញុំលូកចាប់ដៃនាងជាប់! នាងឈប់ងង់តាមបំណងរបស់ខ្ញុំ
– អត់ទោសអ្នកនាង… តើអាចឱ្យខ្ញុំស្គាល់ហ្វេសបុករបស់អ្នកគ្រូពេទ្យបានទេ?
នាងលើកទូរស័ព្ទបង្ហាញ «អ្នកគ្រូពេទ្យតូច» ខ្ញុំញញឹមដាក់នាងដោយមនោសញ្ចេតនារីករាយ នាងសម្លឹងមុខខ្ញុំដោយស្លូតបូតកែវភ្នែកនាងងងុយទន់ៗទៅហើយ
– ចាស! មិនអីទេលោកចាំខ្ញុំទទួលលោក។
នាងស្ងាបភើយៗញញឹមដាក់ខ្ញុំយ៉ាងរីករាយរួចក៏បោះជើងចេញទៅ។ ខ្ញុំតាមមើលនាងរហូតបាត់ស្រមោល…
ចាប់តាំងពីពេលនោះមកពួកយើងកាន់តែស្និទ្ធស្នាលនឹងគ្នា ផ្ទះមីងជួនហាក់កាន់តែមានន័យសម្រាប់ដួងចិត្តខ្ញុំ មិនយូរប៉ុន្មានទេពួកយើងនិងបានទៅបំពេញបេសកកម្មជាមួយគ្នាហើយ… រាល់យប់ខ្ញុំតែងតែគេងរង់ចាំសាររបស់អ្នកគ្រូពេទ្យស្អាត ក្នុងដំណេករបស់ខ្ញុំតែងតែមានវត្តមាននាងជានិច្ច។ មួយថ្ងៃៗដ៏មានន័យរបស់ខ្ញុំចំពោះនារីម្នាក់ចេះតែកន្លងហួសទៅ… ខ្ញុំតែងតែព្រួយបារម្ភខ្លាចលែងបានទទួលនូវពេលវវេលាបែបនេះជាមួយនាងប្រៀបដូចដួងចិត្តកវីក៏ធ្លាប់មានលើសង្សារបស់ខ្លួនផងដែរ…។
-រាត្រីសួស្ដីលោកកវីសង្ហា សុបិន្តឃើញអ្នកគ្រូពេទ្យម្នាក់នេះផងណា។
– សុបិន្តល្អណាកញ្ញាពេទ្យអូន… ស្អែកចួបគ្នា បងនឹកមីងជួនណាស់…
– បងនឹកខ្ញុំក៏នឹកម៉ាក់ខ្ញុំ? ថាឱ្យត្រូវមើល
– ទេបងនឹកមីងជួនពិតមែន…
– ខិខិ…នឹកម៉ាក់គេតែមិននឹកកូនម៉ាក់គេ បងឯងចាំមើល ខឹងហើយ…
– គេងមកក្មេងល្អ…កុំរៀនយប់ជ្រៅពេកណាមុខចាស់អស់ហើយ ប្រយ័ត្នអត់មានអ្នកស្រឡាញ់
– បងឯងហានតែមិនស្រឡាញ់ខ្ញុំមើល…ដឹងតែត្រូវហើយបងឯង…ខិខិ
នាងនិយាយលេងសើចជាច្រើនជាមួយខ្ញុំ មិនដឹងថាដួចចិត្តនាងគិតយ៉ាងណាមកលើខ្ញុំទេ ពេលខ្លះនាងផ្ដល់ក្ដីសង្ឃឹមឯពេលខ្លះទៀតហាក់ធ្វើព្រងើយដាក់ខ្ញុំ ប្រហែកមកពីនាងហត់ច្រើនហើយ ខ្ញុំរកគិតមិនយល់សោះ។
«ឱ! ទឹកដីពោធិ៍សាត់ដ៏សែនរីករាយ លោកតាឃ្លាំងមឿងដ៏សក្ដិសិទ្ធអើយ ជួយប្រាប់អនាគតអ្នកគ្រូពេទ្យម្នាក់នោះផង ថាខ្ញុំស្រឡាញ់នាងខ្លាំងណាស់»
បងចង់ឃើញមុខអូន… បងនឹកអូន…! កូនបេះដូងដ៏ចោលម្សៀតខ្ញុំអើយ…តើលង់ស្រឡាញ់គេតាំងពីពេលណាមក? បេះដូងដ៏ស្ងប់ស្ងាត់របស់ខ្ញុំហាក់ចេះកម្រើកតិចៗ។ មិនយូរប៉ុន្មានយប់ដ៏សែនសប្បាយក្អាកក្អាយនេះក៏លូនចេញផុតទៅ…។
ខ្យល់ត្រជាក់ណាស់ព្រោះទីនេះសម្បូរទៅដោយទឹក…មាន់រងាវខ្វើយៗ ខ្ញុំបើកភ្នែកឡើង។ ដៃចាប់កាន់ទូរស័ព្ទមើលម៉ោង…
ទីងៗ! សំឡេងសារ…
– មិនបាច់ចាំមើលម៉ោងទេ លោកគ្រូកំពូលគេង រៀបចំខ្លួនឱ្យលឿនមក លោកបញ្ញាចេញទូកចោលឥឡូវហើយ។
ខ្ញុំស្ទុះស្ទាប្រឹងងើបទាំងទ្រមក់ ពូកខ្នើយដ៏ទន់ល្មើយវាមានន័យណាស់សម្រាប់មនុស្សធ្វើការច្រើនដូចខ្ញុំ។ ក្រោយពីរៀបចំរួច ខ្ញុំក៏បានទៅជម្រាបលាមីងចួននៅឯផ្ទះគាត់
– មីងផ្ដាំជួយមើលកូនមីងផងណា!
– មិនអីទេមីង កូនមីងចេះមើលខ្លួនឯងហើយ ខ្ញុំនិយាយឌឺដងដាក់នាង មីងជួនគាត់ដឹងចិត្តខ្ញុំច្បាស់ណាស់។
– ចេញទៅក្មួយថ្ងៃណាស់ហើយ…
ពួកយើងទាំងបីនាក់ខ្ញុំ អ្នកគ្រូពេទ្យនិងលោកអធិការរថ្មីដែលទៅស៊ើបមើលសកម្មភាពចោរទន្លេ..ក៏ចេញដំណើរទៅរកទូកដែលភ្ជាប់ម៉ាស៊ីនពីក្រោយ… ខ្ញុំហុចដៃឱ្យអ្នកគ្រូពេទ្យតោងឡើងតែនាងទាញដៃលោកអធិការបញ្ញាម្នាក់នោះទៅវិញ រួចនាងធ្វើមាត់ឌឺដងដាក់ខ្ញុំ… ម៉ាស៊ីនបញ្ចេញសម្រែកយ៉ាងខ្ទរខ្ទារ រហាត់ទឹកវិលពុះជ្រែកផ្ទៃទឹកធ្វើឱ្យទូករំកិលទៅមុខយ៉ាងលឿនដោយភាពប៉ិនប្រសព្វរបស់ពូបើកបរ។ មេឃស្រទុំៗផ្ទៃទឹកឡើងខ្លាំង…អ្នកគ្រូពេទ្យដែលខ្ញុំពុំស្គាល់ឈ្មោះមិនទាន់ស៊ាំនឹងអាកាសធាតុរងាឡើងស្លាំង
– បងថាហើយឱ្យពាក់អាវដៃវែងមកអត់ទេ…
– អ្នកណាដឹងថាបែបហ្នឹងទៅលោកប្រុស! នាងខឹងនឹងខ្ញុំ រួចលោកបញ្ញាយកអាវដណ្ដប់ឱ្យ។ ខ្ញុំចោលភ្នែកក្រឡេកមើលមកខាង…។
មាគ៌ាមកកាន់ភូមិនៅបណ្ដែតទឹកលាក់ទុកនូវរឿងរ៉ាវជាច្រើនក្នុងដួងចិត្តរបស់ខ្ញុំ…តាមទូកមក ធម្មជាតិទាំងឡាយទទឹកជោកដោយសន្សើមតិចៗនៃភ្លៀង រឹតតែញ៉ាំងឱ្យមនោសញ្ចេតនាខ្ញុំស្រងេះស្រងោចរងាឯកាជាខ្លាំងនៅពេលដែលឃើញបុរសម្នាក់អង្គុយជាមួយមនុស្សស្រីដែលខ្ញុំស្រឡាញ់។
មិនយូរប៉ុន្មាន… ពួកយើងក៏មកដល់…ផ្ទះតូចៗអណ្ដែតលើទឹកជាច្រើន ពួកយើងជិះទូកអង្កេតមើលទីតាំងភូមិសាស្រ្តនៃភូមិនេះចេញពីច្រកមួយចូលច្រកមួយហើយបានប្រទះឧបករណ៍នេសាទខុសច្បាប់ដែលដាក់ចាប់កូនត្រីស្ទើរតែផុតពូជ។ ខ្ញុំយកកាំបិតជួយកាប់ស្បៃដាក់ទប់កូនត្រីអស់មួយចំនួនជាមួយលោកបញ្ញា រួចលោកអង្គុយសរសេររបាយការណ៍…។
– ខែទឹកឡើងបែបនេះបើមានស្បៃដាក់យកត្រីច្រើនបែបនេះវានិងធ្វើឱ្យទឹកហូរពុំទាន់ទេ…
ជាសម្ដីរបស់អ្នកគ្រូពេទ្យ។ រួចលោកបញ្ញាឧទានឡើង!
– ទីនេះដូចជាពិបាកគ្រប់គ្រងណាស់…ប្រជាជនពុំសូវបានរៀនសូត្រច្រើនការយល់ដឹងរបស់គាត់នៅមានកម្រិតប្រហែលជាពិបាកពន្យល់ណាស់ហើយ។ មានតែធ្វើតាមជាក់ស្ដែងហើយ។
ព្រះសូរ្យរមៀលខ្លួនដល់ផ្ទៃទឹកទៅហើយ។
– លោកធានល្មមទៅរកកន្លែងសម្រាកហើយ…
នាងប្រាប់ខ្ញុំឱ្យប្រាប់អ្នកបញ្ជាទូកឱ្យបកទៅរកផ្ទះសម្រាប់សម្រាកព្រោះយប់ទៅហើយ។ ទូកក៏ផ្លាស់ទីលើទឹកតិចៗទៅ… ខ្ញុំសម្លឹងមើលមកម្ដងខាងនេះម្ដងខាងនោះ ភ្លាមនោះស្រាប់តែ
– អ្នកនាង! អ្នកនាង! អ្វីអណ្ដែតលើទឹកខ្មៅស្ទុងៗ លើដើមចេកអណ្ដែតមួយរសាត់ចុះឡើងៗនោះ …!
– ជួយខ្ញុំផងៗ!
ពូបើកបរទូកកាចចង្កូតរេទៅរកគាត់។ លោកបញ្ញាដកកាំភ្លើងខ្លីឡើង។ ទូកក៏រសាត់ដល់ គេហុចដៃសុទ្ធតែឈាមក្រហមច្រាលឱ្យខ្ញុំជួយ ខ្ញុំក៏បោះដៃឱ្យគេតោងឡើងលើទូក លោកអធិការម្នាក់នោះស្រឡាំងកាំងរកធ្វើអ្វីមិនត្រូវក៏ទុកកាំភ្លើងខ្លីវិញ!។
– លោកៗៗ…
ជាសំឡេងខ្សាវៗរបស់អ្នករបួស។
ស្មាគាត់ចាក់សាក់រូបទង់ជាតិប្រទេសកម្ពុជាតូចមួយខ្នងគាត់ចាក់រូបទង់ជាតិសាសនា រីឯថ្គាមរបស់គាត់មានស្មាមគេវាយជាំហើមពេញមមុខ ជើងរបស់គាត់វិញហូរឈាមរហាមសុះទៅដោយរបួសដាច់សាច់…ខោអាវធ្លាយធ្លុះសុះសាច់ទៅហើយ។ គាត់ចេះតែហៅខ្ញុំ លោកៗខ្សាវៗមិនដាច់ពីមាត់រួចក៏សន្លប់បាត់ទៅ…។
ផ្ទៃមេឃងងឹតឈឹង កណ្ដាលជលសាដ៏ល្វឹងល្វើយសែនត្រជាក់ សំឡេងរលករត់ប្រដេញគ្នា…បុរសម្នាក់ដេកស្ដូកស្ដឹងសល់តែដង្ហើមចង្រិតដកចុះឡើងៗកំដររាងកាយដ៏សំគមមួយ។
ម៉ោង៩ទៅហើយបុរសកម្សត់ម្នាក់នោះពុំទាន់ដឹងខ្លួនសោះ ធ្វើឱ្យអ្នកគ្រូពេទ្យម្នាក់នោះនៅមិនស្ងៀមដើរចុះឡើងៗបន្តិចស្ទាបក្បាលបន្តិចស្ទាបដង្ហើមបុរសនោះ។ ខ្ញុំដើរចេញចូលៗ តាមមនោសញ្ចេតនាដាច់ខ្យល់មួយ…ផ្កាយរះព្រោងព្រាតពេញផ្ទៃមេឃា ខ្យល់រងាបក់ថ្នមរាងកាយតិចៗ ព្រះចន្ទមួយចំណិតតូចមួយបញ្ចេញពន្លឺព្រាលៗគ្របដណ្ដប់លើផ្ទៃទឹក យូរៗម្ដងឮសំឡេងមច្ឆជាតិចាប់ចំណីលាន់រងើ្គទឹក រឹតតែធ្វើឱ្យអារម្មណ៍ខ្ញុំស្ងប់ស្ងាត់ឡើង។ លោកបញ្ញាគេងលក់ទៅហើយប្រហែលជាអស់កម្លាំងខ្លាំង!
– អេ អេ លោក! លោក អ្នកជំងឺដឹងខ្លួនហើយ!
មាណវីស្រែកហៅខ្ញុំ! ខ្ញុំក៏រត់ទៅយ៉ាងលឿន
– លោក! លោក! ដឹងខ្លួនឡើងៗ
ខ្ញុំស្រែកហៅអ្នកជំងឺដែលទើបបិទភ្នែកទៅវិញថ្មីៗ។ បន្តិចក្រោយមកស្រាប់តែស្រទាប់ភ្នែកចាប់បើកឡើង។
– តើខ្ញុំនៅទីណានឹងលោក!
គេសួរខ្ញុំ
– ទីនេះៗ គឺស្ថិតក្នុងភូមិបណ្ដែតទឹកណាលោក! លោកចាំបានទេម្ដេចលោករសាត់មកដល់ទីនេះ?
– កុំទាន់សួរអ្វីលោក នេះបបរក្ដៅ លោកបញ្ចុកគាត់បន្តិចទៅ!
ក្រោមពន្លឺស្រាលៗនៃទៀនរឹតតែញ៉ាំងឱ្យសម្ភស្សអ្នកគ្រូពេទ្យស្រស់ស្អាតឡើង មើលន៎! មុខសម៉ដ្ឋខៃដូចដួងខែពេញបូណ៌មី កែវភ្នែកថ្លាយ៉ង់ដូចពេជ្រ រាត្រីនេះនាងស្លៀកអាវសស្ដើងមួយនឹងខោសាច់ក្រណាត់យ៉ាងស្រស់។
– នែ៎លោក នៅភ្លឹកដល់ណាទៀត ។
ពេលនាងប្រញាប់នាងហៅខ្ញុំលោក ឯពេលនិយាយលេងនាងចូលចិត្តហៅខ្ញុំបង។
– ឱ្យចានបបរមកខ្ញុំមកអ្នកនាង… ហុចចានបបរមកខ្ញុំ។
-លោក! ហូបបបរ ហាមាត់មកខ្ញុំបញ្ចុក ។
ពេលខ្ញុំបញ្ចុកអ្នកជំងឺម្នាក់នេះ ជីវិតអ្នកនិពន្ធម្នាក់ហាក់នឹកដល់យប់ដ៏ផ្អែមល្ហែមមួយរវាងខ្ញុំនិងអ្នកគ្រូពេទ្យម្នាក់កាលដែលពួកយើងចួបគ្នាដំបូង។ វង្សភក្រ្តដ៏ផូរផង់របស់នាងចាប់លេចឡើងក្នុងកែវភ្នែកខ្ញុំ។
ពីរស្លាបព្រាក៏កន្លងផុត
– លោក! លោក! ម្ដេចលោកហូរទឹកភ្នែកបែបនឹង? គេដង្ហក់ដង្ហើយ..ទឹកភ្នែកឈួលស្រក់កាន់តែខ្លាំង។
មិននឹកស្មានខ្ញុំទទួលបានភាពកក់ក្ដៅបែបនេះ គេងក្នុងផ្ទះស្លឹកមួយលើដងទន្លេ…សម្លឹងទៅលើមេឃឃើញផ្កាយរះពេញផ្ទៃមេឃ ឱ! រាត្រីនេះម្ដេចក៏មានន័យអ្វីម្ល៉េះសម្រាប់ជីវិតជនភៀសខ្លួនដូចខ្ញុំ។
– ពិសាមួយម៉ាត់ទៀតទៅលោក។
គេហាមាត់លេបបបរជាមួយទឹកភ្នែកយ៉ាងជោគផ្ពាល់… អ្នកគ្រូពេទ្យម្នាក់នោះអង្គុយសម្លឹងទាំងទឹកភ្នែកតិចៗ
-ខ្ញុំបញ្ចុកគេមួយស្លាបព្រាទៀត។ ហូបបន្តទៀតទៅលោក។
គេក្រវីក្បាលតិចៗ រួចក្រោកអង្គុយខ្លួនឯងៗ
-អូយ! អូយៗ
ជាសំឡេងគាត់ស្រែក។
– ប្រយ័ត្នផងណាលោក!
គេចាប់លើកស្លាបព្រាពីដៃខ្ញុំរួចយកម្រាមដៃដ៏គ្រើមស្លេកពោរពេញដោយស្នាមរបួសដួសបបរហូបខ្លួនឯង។ ខ្ញុំសំងំបន្តិចដើម្បីឱ្យគាត់ហូបបានឆ្អែត!។
បីយាមក៏កន្លងផុត…អ្នកគ្រូពេទ្យនិងលោកបញ្ញាក៏គេងលក់។
– អធ្រាត្រទៅហើយលោកចេញមកក្រៅធ្វើអ្វី? ចុះលោកវិញម្ដេចមិនសម្រាក?
គេសួរខ្ញុំវិញ!
-ខ្ញុំគេងមិនលក់ទេ! លោកគេងមិនលក់ដែរឬ?
គេងក់ក្បាលជំនួសចម្លើយ!
– អត់ទោស! តើខ្ញុំអាចស្គាល់ឈ្មោះលោកបានទេ?
គេពុំលាក់ទេ រហ័សឆ្លើយភ្លាមមកខ្ញុំវិញ!
-ខ្ញុំឈ្មោះបញ្ញាវ័ន្តជាសកម្មជនបរិស្ថានរៀនចប់ពីបរទេស!
គេឆ្លើយទាំងញញឹម។
បញ្ញាវ័ន្តៗ ខ្ញុំអេះក្បាលដូចធ្លាប់ឮឈ្មោះនេះ
– បញ្ញាវ័ន្តៗកូនលោកជំទាវបុផ្ផាភួងនេះមែនទេ?
– ម្ដេចក៏លោកស្គាល់? មិនស្គាល់មិនបានទេចំពោះវីរៈភាពរបស់លោក! ខ្ញុំអានទស្សនាវដីធ្លាប់ឮឈ្មោះលោកទៅការពារព្រៃនៅតំបន់អារ៉ែងទៀតផង!
– បាទពិតមែនហើយលោក! ម្ដេចក៏លោកមកសម្រាកចំទីតាំងតំបន់គ្រោះថ្នាក់បែបនេះទៅវិញ?
គេសួរខ្ញុំ!
– ទីនេះគ្រោះថ្នាក់ណាស់ មិនយូរទេយប់បន្តិចទៀតនឹងមានពួកនេសាទខុសច្បាប់មកនេសាទទីនេះហើយ។ ពួកវាមានគ្នាច្រើន…។
ខ្ញុំនឹងគាត់ប្រញាប់ចូលក្នុងវិញ។ ខ្ញុំទៅដាស់លោកអធិការរឱ្យក្រោកមកវិញ ទុកឱ្យអ្នកគ្រូពេទ្យគេងស្កប់ស្កល់។
– លោកសម្រាកចុះទីនេះទុកឱ្យខ្ញុំនិងលោកអធិការបានហើយ។
ខ្ញុំឧទានទៅលោកបញ្ញាវ័ន្ត!
– ទេលោក! ខ្ញុំសម្រាកមិនលក់ទេ! ខ្ញុំចេញទៅអង្កេតផងចុះ។
ពួកយើងទាំងបីនាក់កាន់កាំភ្លើងម្នាក់មួយជិះទូកតិចៗយឺតៗដើរល្បាតលើភូមិបណ្ដែតទឹក។ អ្នកភូមិស្រុកគេងលក់ស្ងាត់ភូមិទៅហើយ…ផ្ទះខ្លះទើបឃើញពុកនិងកូនប្រុសម្នាក់ទើបមកពីនេសាទ
– ពួកអានេះលួចកាត់មងអញអស់! ម៉ែវាអើយ គ្មានបានអ្វីទេយប់នឹង! ម៉ែអើយបើកទ្វារ មងដាច់អស់ហើយដោយដោយសារស្លាបចាក់របស់ម៉ាស៊ីនទូកវា!
ខ្ញុំលបស្ដាប់សំឡេងរបស់ពួកគេ។ បន្តិចមកពួកយើងក៏ត្រលប់ទៅផ្ទះដើមវិញព្រោះមិនហ៊ានទុកអ្នកគ្រូពេទ្យឱ្យគេងម្នាក់ឯង!
– លោកធាន! ភ្លើងអ្វីនោះក្បែរកន្លែងស្នាក់នៅរបស់យើង?
លោកបញ្ញាវ័ន្តសួរខ្ញុំ!
– គឺភ្លើងទូកធំនេសាទនិងលោក! ពួកវាកំពុងឆក់! ឆក់ត្រជាក់ថែមទាំងយកអួនមកអុះពីក្រោយទៀតផង កូនត្រីឬ អ្វីៗដែលនៅក្នុងអួននោះវាចេញទៅណាមិនរួចទេ មើលចុះលោកអើយ!
ជាសម្ដីរបស់លោកបញ្ញាវ័ន្ត!
ដោយស្មារតីស្រឡាញ់បរិស្ថានជីវៈចម្រុះលោកបញ្ញាវ័ន្តចាប់ម៉ាស៊ីនរោទិ៍កាន់តែខ្លាំងឡើង ទៅក្បែរទូកដ៏ធំរបស់ពួកវាដែលកំពុងនេសាទខុសច្បាប់ពីរគ្រឿង!
បាំង! បាំង! បាំង! ជាស្នូរកាំភ្លើងដែរចេញពីដៃរបស់លោកអធិការដែលមិនដឹងមកនៅលើទូករបស់យើងទាំងពីរពីពេលណាមក! ទូកធំៗទាំងនោះរលត់ភ្លើងអស់! រួចបើកយ៉ាងលឿនទៅកាន់ត្រើយម្ខាងទៀត! ខ្ញុំភ័យនឹងព្រឹត្តការណ៍នេះ រួចលោកអធិការក៏បាញ់ប្លោងទៅទូកធំៗទាំងពីរនោះ! បាំង! រួចស្រាប់តែឮសំឡេងគ្រាប់កាំភ្លើងទៅបុកនឹងក្បាលម៉ាស៊ីនហើយស្រាប់តែរលត់ហើយពួកវាក៏ចាប់សណ្ដោងគ្នាទៅ
– ណ្ហើយលោក! យប់ជ្រៅហើយ តោះទៅសម្រាកយកកម្លាំងស្អែក
លោកបញ្ញាតឿនខ្ញុំ! ឯលោកអធិការរក៏បាននិយាយថា
– តោះលោកយប់នេះប៉ុណ្ណឹងសិនចុះ ល្មមទៅសម្រាកហើយ…។
– តាមទម្លាប់! ស្អែកពួកវានិងលើកគ្នាមក! ពួកវាមិនខ្លាចទេ ប្រហែលជាមានខ្នងបង្អែកណាមួយដែលរកស៊ីខុសច្បាប់នៅពីក្រោយពួកវា!
លោកបញ្ញាវ័ន្តបោះវាចារឡើង!។
ខ្ញុំជានិស្សិតមកស្រាវជ្រាវតែឥឡូវបែរជាមកបែបនេះទៅវិញ! តែខ្ញុំក៏ដឹងខ្លះៗពីរបៀបរបប ប្រពៃណីនៅទីនេះខ្លះៗដែរ ពេលដល់ផ្ទះវិញខ្ញុំពុំបានគេងទេពោលគឺនេះសរសេរសារណាទាល់តែភ្លឺៗ ម្ដងម្កាលខ្ញុំតែងតែលួចសម្លឹងទៅរកមុខអ្នកគ្រូពេទ្យម្នាក់ដែលគេងយ៉ាងលង់លក់ស្កប់ស្កល់ណាស់ព្រោះនាងហត់នឿយពីថ្ងៃផង។ មិនខុសពីសព្វដងមួយយប់ក៏រំលងទៅ!
– ជិតភ្លឺត្រជាក់ណាស់លោក!
នាងយកស្បៃយកឱ្យខ្ញុំ។ ខ្ញុំទើបគេងលក់មួយវឹងទៅ…
– អរគុណអ្នកនាង!
ខ្ញុំទទួលកន្សែងពីអ្នកគ្រូពេទ្យទាំងអារម្មណ៍រំភើបព្រោះនាងទើបដណ្ដប់រួច!
– អ្នកនាងក្រោកហើយឬ? មកគេងក្បែរខ្ញុំសិនមកមេឃនៅងងឹតណាស់។
មិនដឹងជាមានមន្តមកបន្ទន់នាងក៏គេងក្បែរខ្ញុំយ៉ាងសុភាព! ខ្ញុំយកកន្សែងដែលនាងឱ្យខ្ញុំដណ្ដប់ឱ្យនាងវិញ។ មើលទៅនាងគេងយ៉ាងកក់ក្ដៅស្រោបដោយស្រទាប់មនោសញ្ចេតនានៃការបារម្ភរបស់ខ្ញុំ។ ខ្ញុំអង្គុយបណ្ដែតអារម្មណ៍តាមមាត់បង្អួចសម្លឹងទៅផ្ទៃទឹកជាមួយអារម្មណ៍ក្រៀមក្រំមិនដឹងថាថ្ងៃស្អែកម្ដងទៀតនឹងមានរឿងអ្វីកើតឡើង… មិនដឹងថាខ្ញុំអាចយកកែវភ្នែកដ៏កខ្វក់របស់ខ្ញុំសម្លឹងនាងម្ដងទៀតបានឬទេ?
ចង់សារភាពប្រាប់នាងថាស្រឡាញ់នាង ចង់រួមរស់ជាមួយនាង ចង់ថើបថ្ពាល់ដ៏ក្រពុំរបស់អូន ហើយពុំឱ្យអ្នកណាបានប៉ះពាល់អូនក្រៅពីបងទេ… តែហាក់ពុំហ៊ាន…ខ្លាចនាងបដិសេធ។ នាងជាគ្រូពេទ្យដ៏ស្រស់ស្អាតម្នាក់ ជើងដៃសរលូនសមអើយសែនសម ឯម្រាមដៃខ្ញុំវិញគ្រើមគគ្រាត ពិបាកយល់អ្វីបន្តិចក៏គ្មានថ្ពាល់ក៏មិនរលោងម្ដេចនិងសមនឹងនាងទៅ….នាងជាគ្រូពេទ្យប្រហែលជានាងសម្លឹងរកពេទ្យដូចគ្នាហើយ ឯខ្ញុំគ្រាន់តែជានិស្សិតទាត់ខ្យល់ម្នាក់ ជាមនុស្សអត់បានការគ្នានផលប្រយោជន៍អ្វីបន្តិចសោះ ណ្ហើយចាញ់គេគ្រប់យ៉ាង…នេះហើយជាជីវិតរបស់ខ្ញុំជាជីវិតពុំសមប្រកប!
ខ្ញុំអង្គុយស្ងៀមធ្មឹងសម្លឹងទៅរកផ្ទៃទឹកដ៏ស្ងប់ស្ងាត់ដាច់កន្ទុយភ្នែក ហើយស្រណោះដល់ជីវិតនេះមិនដឹងធ្លាក់ដល់ណា មិនដឹងថាបាននាងជាគូវាសនាឬទេ
ឱ! អូនសម្លាញ់អើយបងបានត្រឹមតែនិយាយពាក្យស្រឡាញ់ម្នាក់ឯង បងស្រឡាញ់អូន…ស្រឡាញ់ខ្លាំង ខ្លាំងណាស់អូនដឹងអត់? អូនឮទេ…ទេអូនមិនឮទេអូនគេងលង់លក់ទៅហើយ…! ថ្ពាល់ខ្ញុំចាប់សើមដោយទឹកភ្នែក…សំឡេងពុះកញ្ជ្រោលនៃពពួកបក្សីសត្វបានពុះបំបែកដំណេកនារីម្នាក់ឱ្យភ្ញាក់ តែវាក៏ជាសំឡេងដ៏លន្លង់លន្លោចរំសាយវិបត្តនៃចិត្តបុរសម្នាក់ឱ្យលង់លក់ទៅ
– លោក! លោក!…. ម្ដេចអង្គុយឱបជង្គង់បិទភ្នែកអ៊ីចឹង?
ជាសំឡេងនាងដាស់ខ្ញុំ
– មេឃជិតភ្លឺហើយលោក! ក្រោក!
នាងយកដៃជួតដានស្នាមទឹកភ្នែកខ្ញុំ…ដៃនាងទន់ត្រជាក់ពិបាកពណ៍នាឱ្យត្រូវហើយអង្អែលសើៗលើថ្ពាល់ខ្ញុំ… ខ្ញុំចាប់ដៃនាងហើយយកមកថើបជាប់ច្រមុះ ម្រាប់ដៃនាងដូចបន្លោក្រួច ខ្ញុំថើបហើយថើបទៀត ហើយកាន់ដៃនាងជាប់…។ ផ្កាវាចាដ៏ស្រទន់មួយលាស់ចេញពីបបូរមាត់ដ៏ក្រពុំ
- ទៀបភ្លឺយប់មិញបងយកឈ្មោះអូនមកធ្វើជាឈ្មោះតួអង្គប្រលោមលោកមែនទេ…ព្រោះសំឡេងបងៗមួយម៉ាត់ៗដ៏ត្រជាក់ផ្អែម ញ៉ាំងឱ្យភ្នែកខ្ញុំក៏បើកតិចៗឡើង!
– ទេបងគេងលក់ជាមួយអូនតើ បងឃើញអូនគេងអោបដៃរងា បងចាំបានថាបងបាយកស្បៃដែលអូនឱ្យបងទៅដណ្ដប់ឱ្យអូនវិញ! រួចបងអង្គុយហើយក៏លក់ទៅ។
– ទេ ទេ! អូនឮបងនិយាយពីរោះណាស់សំឡេងបងល្វើយៗ… អូនស្ដាប់ឡើងលក់លក់ទៅហើយ បងនិយាយពីរោះណាស់។
ខ្ញុំញញឹមតិចៗរួចបោះវាចារមួយៗថា
– បងមមើលទេដឹង បងមិនស្គាល់ឈ្មោះអូនទេអូនលាក់បងជិតពុំប្រាប់បងផង។
– អូនឮបងហៅ អ្នកគ្រូពេទ្យៗ… ហើយបងបន្តទៀតថា «នាងជាគ្រូពេទ្យប្រហែលជាយកគ្រូពេទ្យដូចគ្នាហើយ…ព្រោះពួកគេសង្ហាហើយរៀនពេទ្យដូចគ្នា គ្រាន់តែស្រមៃឃើញរូបភាពអូនរៀបការជាបុរសពេទ្យណាម្នាក់ក៏បងមានក្ដីសុខដែរ។ អូនឈរទន្ទឹមនឹងកូនកំលោះពេទ្យរបស់អូនសម្បុរសៗដូចគ្នា សមគ្នាណាស់។ បងឈរមើលអូនកាន់ដៃជាមួយបុរសនោះនៅថ្ងៃមង្គលការអូន ហើយបងញញឹមយ៉ាងរីករាយទះដៃអបអរពេលកូនកំលោះបណ្ដើរអូនចូលបន្ទប់មាសផ្សំដំណេក មើល៍ន៎គេឱបអូន…! ក្លិនអូនប្រហែលជាក្រអូបណាស់ហើយ…។ តែច្រមុះបងហាក់គ្មានសំណាងបានស្រូបក្លិនដ៏ពិសិទ្ធនេះឡើយ បងសប្បាយចិត្តណាស់ពេលឃើញថ្ងៃមង្គលការដ៏រីករាយរបស់អូន។ បងតាមមើលមុខអូនឃើញអូនញញឹមរហូត ហើយនឹងដល់អនុស្សាវរីយ៍របស់អូនជាមួយបងយើងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា អូនថានឹងតស៊ូរស់ជាមួយបងរហូត។ តែមកពីបង! អូនអើយឱ្យបងសុំទោសណា បងក្រ! បងក្រពេកហើយ!»
– ពេលត្រចៀកអូនឮបងនិទានដល់ត្រឹមនេះ បេះដូងអូនត្រជាក់ស្រេង! ទឹកភ្នែកអូនក៏ហូរ…ឯទ្រូងអូនលោតញាប់មិនឈប់ ហើយរំភើបនឹងស្នាមញញឹមរបស់បុរសម្នាក់នោះ! មិនដឹងថាគាត់ញញឹមបែបណាទេ…!។
ដៃនាងញ័រៗកាន់ដៃខ្ញុំជាប់មិនលែង ហើយចេះតែហៅខ្ញុំថាបងៗមិនដាច់ពីមាត់។ ជំនោរទន្លេបក់មកតិចៗបំពេរបេះដូងខ្ញុំឱ្យលោតញាប់ចុះឡើងៗមិនឈប់ហើយបង្ខំកែវភ្នែកខ្ញុំឱ្យសម្លឹងរកកែវភ្នែកអ្នកគ្រូពេទ្យមិនឈប់។ បន្តិចក្រោយមកនាងយកដៃដាក់ស្ទាបលើដើមទ្រូងរបស់ខ្ញុំហើយទាញខ្ញុំឱ្យគេងក្បែរនាង ខ្ញុំក៏ដាក់ខ្លួនតាមបំណងរបស់នាង!
មិនយូរប៉ុន្មានព្រះចន្ទក៏លិចទៅ…ព្រះអាទិត្យក៏ធ្វើដំណើចេញផុតពីផ្ទៃទន្លេសាបដ៏ត្រជាក់ល្វឹងល្វើយ។ ខ្ញុំបើកភ្នែកឡើង។
– អ្នកនាង! អ្នកនាងក្រោកឡើង! មើល៍ន៎ព្រះអាទិត្យរះស្អាតណាស់។
ខ្ញុំដាស់នាងឱ្យក្រោកមកមើលព្រះអាទិត្យរះជាមួយគ្មា។
– ចាសបង!
ខ្ញុំភ្ញាក់ព្រើតនឹងសំឡេងរបស់នាងដែលនៅតែហៅខ្ញុំបង មិនហៅលោកៗ ដូចមុនទៀតៗ ខ្ញុំចេញមកក្រៅមុននាង។ ព្រះអាទិត្យមូលក្រឡង់ក្រហមតិចៗរៀបចាកចេញពីផ្ទៃទឹក ហើយចាំងពន្លឺភ្លឺផ្លេកៗលើដងទន្លេ។
– ពិតជាស្រស់ស្អាតណាស់បង បងទៅយកវាឱ្យអូនមក! ជាសំឡេងរបស់នាង
– ចេះលេងសើចទាំងព្រឹកផងន៎ រងាណាស់អ្នកគ្រូពេទ្យ។
ខ្ញុំឈរឱបដៃនៅបណ្ដើរពីក្រោយនាង។
– រងាទេអ្នកនាង?
– រងាណាស់លោក! ត្រជាក់ស្រេងតែម្ដង! ថតរូបឱ្យខ្ញុំបន្តិចបានទេលោក? ស្ដាយទេសភាពថ្ងៃលិចណាស់បើមិនបានថត។
– បាទបានអូនពេទ្យ។
ខ្ញុំបន្លំហៅនាងអូន នាងក៏ញញឹមឡើង! បញ្ចេញថ្ពាល់ខួចដ៏ក្រពុំ។
ឈរឱ្យស្អាតមកអូនពេទ្យរបស់…របស់ៗៗ
– របស់អ្នកណាបងកវី? បងឯងនេះប៉ិនណាស់! ខ្ញុំសើចរួចថតរូបឱ្យនាង
– មកថតជាមួយខ្ញុំបន្តិចមកលោក។
នាងសម្លឹងមកខ្ញុំដោយកែវភ្នែកក្នុងន័យអ្វីម្យ៉ាង
– មិនហ៊ានថតជាមួយទេខ្លាចបងពេទ្យវាយខ្ញុំ អ្នកណាទទួលខុសត្រូវ? ទេខ្ញុំមិនហ៊ានទេ
– មកចូលមកលោក កាន់ camera មក! ថតមកលោក ទុកថាខ្ញុំសុំថតជាមួយលោកចុះ លឿនឡើងព្រះអាទិត្យរះឡើងផុតឥឡូវហើយលោក!។
ខ្ញុំក៏យកទូរស័ព្ទពីដៃនាងរួចថតរូបតាមសំណូមពររបស់នាង ខ្ញុំឈរជិតនាងយ៉ាងសង្ហានាងឈក្បែរខ្ញុំត្រឹមស្មាខ្ញុំ មានព្រះអាទិត្យចាំងនៅពីក្រោយពួកយើងទាំងពីរនាក់ ខ្ញុំធ្វើស្ទាយចុះឡើងៗតាមបំណងប្រាថ្នានាង!
– កុំទុកតែមើលម្នាក់ឯងអីណា! ផ្ញើឱ្យខ្ញុំមើលផង!
– ម្ដេចក៏សមគ្នាម្ល៉េះន៎
នាងនិយាយឡើងទាំងសើចកក្អឹក
– លោកសង្ហាណាស់តើ នារីណាមួយបានលោកធ្វើជាប្ដីសំណាងណាស់ហើយ ។
នាងសើច ខឹកៗ។ ខ្ញុំក៏បន្ទរតាមក្រោយនាង
– គ្មានអ្នកណាទៀតក្រៅពីអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតនៅនឹងមុខនេះ…!
– ឯណាៗ? នាងសួររក
– អ្នកគ្រូពេទ្យដែលហៅខ្ញុំថតអម្បាញ់មិញនេះ។
នាងក៏សើចហើយសម្លឹងមករកខ្ញុំក្នុងកែវភ្នែកដែលផ្ដ់នូវភាពអាលោះអាល័យដល់ខ្ញុំ។ នាងប្រហែលជាយល់ពីបេះដូងដ៏ស្វិតក្រៀមរបស់ខ្ញុំហើយមើលទៅ!
មិនយូរប៉ុន្មានទេសភាពពេលព្រឹកដ៏ស្រស់ត្រយង់ភ្លឺថ្លា ក៏កាន់តែមានពន្លឺឡើង។ ជើងមេឃល្អអើយសែនល្អ…។ សត្វបក្សាបក្សីលើផ្ទៃទឹកទាំងឡាយលាន់ឮដោយសម្រែកពុំជ្រែកផ្ទៃទឹកថ្ងៃថ្មី…ខ្ញុំឈរជាមួយអ្នកគ្រូពេទ្យយ៉ាងយូរសម្លឹងមើលព្រះអាទិត្យរហូតរះផុតទៅ។
– អ្នកគ្រូពេទ្យទៅមើលជំងឺលោកតាចាស់ម្នាក់ដែលត្រូវរបួសដោយសារបើកទូកគេចពីពួកនេសាទខុសច្បាប់នោះទៀតទេ?
-ចាសលោក! គិតថាទៅលាងរបួសឱ្យគាត់បន្តិចនឹងចាក់ថ្នាំបំបាត់ការឈឺចាប់របស់គាត់បន្តិចទៀតលោក!។ រួចគិតថាទៅផ្សាលើទឹកនឹងគេបន្តិច
– អ៊ីចឹងចាំខ្ញុំជូនទៅណា អ្នកគ្រូពេទ្យស្អាត!
នាងញញឹមក្របួច មិននឹងស្មានថានាងចេះលេងសើចនឹងគេទេ បើពេលខ្ញុំចួបនាងដំបូងនាងហាក់រត់គេចពីខ្ញុំរហូត! ហាសហាស!
– យីថ្ងៃនេះម្ដេចចង់ជូនទៅ? រាល់ថ្ងៃព្រះអាទិត្យរះមិនទាន់ទេទៅបាត់ហើយ ហើយមិនដែលប្រាប់ខ្ញុំម្ដងណាទេ !
– គ្រាន់តែចង់ជូនទៅដើម្បីបន្សល់អនុស្សាវរីយ៍ជាមួយអ្នកនាង ហិហិ ។
នាងញញឹមរួចនិយាយថា
– តាមចិត្តលោកទៅចុះណា លោកធានគួរឱ្យ…
– គួរឱ្យអ្វីអ្នកនាង?
ខ្ញុំហាក់រំភើបផងចង់សើចផង!
– មិនដឹងទេ …..
– ណ្ហើយ…ឆាប់ទៅផ្លាស់ខោអាវមកអ្នកនាងណា! ខ្ញុំមិនចង់ឃើញទេអាវស្អីអញ្ចេះថ្ងៃកាន់តែរះកាន់តែស្ដើងអ៊ីចឹង? ណាមួយខ្យល់ក៏ខ្លាំងដែរណាអ្នកនាង!។
នាងសើចត្រហេបត្រហបអៀននឹងខ្ញុំផង ខឹងផង រួចក៏រត់ទៅក្នុងបាត់ទៅ..! ខ្ញុំសើចយ៉ាងខ្លាំងនៅខាងក្រៅ។
បន្តិចក្រោយមកនាងខេញមកជាមួយសម្លៀកបំពាក់អ្នកគ្រូពេទ្យដ៏ស្រស់ស្អាតក៏ចេតនាពេកពន់ណាស់ ឱ!សម្រស់របស់អ្នកគ្រូពេទ្យអើយ។ នាងបោះដៃឱ្យខ្ញុំចាប់កាន់ដើម្បីចុះទូកថ្នមៗ
– មកអ្នកនាង ប្រយ័ត្នៗ!
ទូកចាប់ឃ្លេងឃ្លោងៗចុះឡើងៗ
– អ្នកនាង! អ្នកនាង!
ខ្ញុំហៅនាងខ្លាំងៗ រួចចាប់ដៃនាងទាញដើម្បីកុំឱ្យធ្លាក់ទឹកទៅម្ខាងទៀតនៃទូក។ នាងទប់ជំហរខ្លួនមិនបានក៏ដួលមកលើខ្ញុំ! នាងនៅពីលើខ្ញុំឯខ្ញុំនៅក្រោមនាងបបូរមាត់ទាំងពីររបស់យើងបានប៉ះគ្នាយ៉ាងយូរ! រួចខ្ញុំនិយាយខ្សឹបៗតិចៗដាក់ត្រចៀកនាង ថ្ពាល់ខ្ញុំក៏ប៉ះថ្ពាល់នាងម្ដងទៀត
– ក្រោកពីលើខ្ញុំមកអ្នកនាង ធ្ងន់សម្បើមណាស់!
– ហ៊ឹសលោកគិតថាធ្ងន់ មកប៉ះបបូរមាត់គេ ហ៊ឹស!
-អ្នកនាងទេដឹងចង់ប៉ះស្នាមថើបរបស់ខ្ញុំហើយធ្វើដួលលើខ្លួនខ្ញុំ។
ខ្ញុំនិយាយផងសើចផង ចម្អន់ដាក់នាង មុខនាងឡើងក្រហម។
នាងក្រោករួច ខ្ញុំក៏ជូននាងចេញទៅកាត់ផ្ទៃទឹកដ៏ល្ហល្ហេវ។ មិនយូរប៉ុន្មានពួកយើងទាំងពីរក៏បានទៅដល់ផ្ទះតូចរបស់លោកតា។ នៅផ្ទះនោះមានលោកយាយចចំណាស់លោកតាដែរ គាត់កំពុងបញ្ចុកបបរក្ដៅតិចៗដល់លោកតា និងមានក្មេងប្រុសម្នាក់កំពុងរៀនអានអក្សរក្បែរជីតាដ៏កម្សត់
– បានធូរខ្លះទេលោកតា? ជាសម្ដីរបស់អ្នកគ្រូពេទ្យដែលសួរទៅកាន់លោកតា
– ធូរបន្តិចហើយចៅស្រី តែតាបាត់អស់កម្លាំងជាងមុនឆ្ងាយណាស់ចៅ តាហេវខ្លាំង…
– មិនអីទេលោកតា សឹមចៅចាក់ថ្នាំកម្លាំងឱ្យនិងលាងរបួសឱ្យលោកតា ប្រហែលពីរថ្ងៃទៀតជំងឺតានឹងបានធូរច្រើនហើយ! លោកតាកុំព្រួយអ្វីណា។
នាងក៏ចាប់លាងស្នាមរបួសឱ្យអ្នកជំងឺចាស់ ហើយក៏បញ្ជាឱ្យខ្ញុំបូមថ្នាំដាក់សឺរាងរបស់នាង។ ខ្ញុំធ្វើតាមបញ្ជារបស់នាង! ភ្លាមនោះនាងក៏យកសឺរាងពីដៃខ្ញុំទៅចាក់ឱ្យលោកតាយ៉ាងស្ទាត់ជំនាញតាមវិជ្ជាពេទ្យ និងមានទុកថ្នាំខ្លះសម្រាប់អ្នកជំងឺនោះផងដែរ…បន្ទាប់ពីរៀបចេញដំណើរពីផ្ទះលោកតាមក ខ្ញុំក៏ជូននាងទៅផ្សារយ៉ាងសប្បាយរីករាយពេញមួយថ្ងៃ ពួកយើងដើរផ្សារលើទឹកជាមួយគ្នា ពេលយើងកុម្ម៉ង់អាហារញ៉ាំនៅហាងមួយនោះ អ្នកលក់សរសើរយើងថា ជាប្ដីប្រពន្ធទើបរៀបការរួចទៀត មានអ្នកខ្លះទៀតដើរភ្លឹកមើលយើងទាំងពីររហូតដល់ធ្លាក់ទឹកក៏មាន… មិនយូរប៉ុន្មានពេលវេលាដ៏មានន័យនេះត្រូវវេចខ្ចប់ត្រឹមនេះដោយព្រះទិនករចាប់សម្រុតខ្លួនបន្តិចៗម្ដងៗ ហើយនាំយកអនុស្សាវរីយ៍ទាំងឡាយរបស់ពួកយើងទៅផ្ញើរដល់ព្រះចន្ទថ្លាឱ្យបានដឹងឮវិញម្ដង!
– ល្ងាចណាស់ទៅហើយលោកធាន ផ្ទះរបស់យើងឆ្ងាយផង! តិចទៅពុំទាន់ណាលោក។
– មិនចង់ទៅឱ្យឆាប់ដល់ទេអ្នកនាង! ខ្ញុំខ្លាចកែវភ្នែករបស់ខ្ញុំលែងបានឃើញអ្នកនាងទៀត…។
– លោកថាម៉េចលែងបានឃើញខ្ញុំ?
ខ្ញុំងាកទៅម្ខាងហើយនិយាយ
– តែណ្ហើយមិនគួរណាសោះ ផ្កាយលើមេឃរះក្នុងកែវភ្នែកមនុស្សដូចខ្ញុំនេះសោះ នាំឱ្យប្រឡាក់ផ្កាយដ៏ល្អ កែវភ្នែកបងកខ្វក់ណាស់មិនសមសម្លឹករកអូនសោះ…
យប់ងងឹត សំឡេងកាំភ្លើងលាន់ឮផាំងៗ ។ នេះច្បាស់ណាស់ប្រហែលជាយប់នេះហើយដែលខ្ញុំមិនអាចឃើញអ្នកនាងទៀត
– តើមានរឿងអ្វីទៅបង! បងធាន! ធាន!
ខ្ញុំចាប់ខ្លួននាងផ្ដួលនឹងទូកដើម្បីកុំឱ្យផ្លាតគ្រាប់កាំភ្លើងត្រូវ។
– អ្នកនាងកុំកក្រោកឱ្យសោះ! ខ្ញុំនិងជួយអ្នកនាងទៅផ្ទះវិញឱ្យបាន!
ខ្ញុំចាប់ចេញទូកដើម្បីជួនអ្នកគ្រូពេទ្យទៅមានកំពង់ទៅផ្ទះវិញ ម្ដងនេះវាលើកគ្នាមកច្រើនណាស់ សុទ្ធតែប្រដាប់អាវុទ្ធនៅនឹងដៃ។ យប់ងងឹតស្លុបមើលអ្វីពុំយល់។ យល់តែភ្លើងរបស់ពួកកប៉ាលនេសាទ ពួកវាបានបាញ់មករកទូករបស់ខ្ញុំដែកដាក់ម៉ាស៊ីននៅខាងក្រោយ។
– អ្នកនាងប្រយ័ត្ន ប្រយ័ត្ន!
ខ្ញុំយកខ្លួនបាំងបន្ថែមរងពីលើខ្លួននាង! ដៃម្ខាងកាន់ម៉ាស៊ីនបញ្ជាទៅរកច្រាំងម្ខាងដើម្បីត្រលប់ទៅផ្ទះវិញ…
– បង! បង! ប្រយ័ត្ន!
គ្រាប់កាំភ្លើងសាចព្រាចមកលើពួកយើង តែត្រូវបានលោកអធិការរបាញ់ស្កាត់ការពារពួកយើង។ ទូករបស់ខ្ញុំជិតដល់ច្រាំងទៅហើយ! តែមានគ្នាវាម្នាក់មកស្ងាត់ពីមុខទូករបស់ខ្ញុំ។ ខ្ញុំក៏យកខ្លួនបាំង ការពារអ្នកគ្រូពេទ្យដែលដេកសណ្ដូកជើងត្រង់ភ្លឹងលើទូកផង។ តាមពិតទៅការដែលពួកវាតាមពួកយើងនោះក៏ព្រោះតែតាមសងសឹកកូនរបស់លោករិទ្ធិដែលគាត់ជាមន្រ្តីបរិស្ថានឆ្នើមមួយរូបក្នុងការការពារ និងអភិរក្សសត្វព្រៃ ដោយប៉ះទង្គិចគ្នាពីមុនមក លោកក៏បានបាញ់គ្នាហើយមានរបួសនិងស្លាប់ផងដែរ! មិនតែមិនប៉ុន្មានក្រោយមកលោកក៏បានត្រូវគេបាញ់សម្លាប់ក្នុងកំឡុងពេលចុះត្រួតពិនិត្យបឹងទន្លេសាបនេះ។
ម៉ាស៊ីនចេះតែរុញទូកឱ្យទៅមុខ ប្រៀបដូចមច្ឆុរាជរុញខ្ញុំទៅរកសេចក្ដីស្លាប់។ ខ្ញុំចេះតែប្រឹងបើកបររេចុះរេឡើង…ដើម្បីកុំឱ្យពួកវាបាញ់ត្រូវ ។លោកអធិការរក៏តាមបាញ់ស្កាត់ការពារពួកយើងទាំងពីរ
– អូនកុំភ័យជិតដល់ហើយពៅ…!
– ជិតដល់ហើយៗ
នាងនិយាយញ័រៗខ្សោយៗ។
ទូកជិតដល់ច្រាំងខ្ញុំក៏ពន្លត់ទូកដើម្បីកុំឱ្យទូកបុកច្រាំងនាំឱ្យក្រឡាប់ទូក។ គ្នាវាម្នាក់ទៀតបាញ់សម្ដៅមករកព្រលឹងដួងចិត្តរបស់ខ្ញុំ។ ខ្ញុំក៏បែរខ្នងរងជំនួសនាង។ នាងនៅក្រោមខ្លួនខ្ញុំ…កែវភ្នែកនាងសម្លឹកមករកខ្ញុំ។ តំណក់ទឹកភ្នែកនាងហូរកាត់ផែនថ្ពាល់ដ៏ក្រពុំ… ខ្ញុំត្រូវពីគ្រាប់ចំស្មា ច្បាស់ណាស់ៗ ខ្ញុំដឹងខ្លួនខ្ញុំច្បាស់ណាស់ថាមិនអាចរស់បានទេ។ ខ្ញុំសម្លឹងមើលនាងយ៉ាងយកចិត្តទុកដាក់ហើយញញឹមរួចភ្នែកខ្ញុំក៏លែងយល់អ្វីទៅទៀត…។
មន្ទីរពេទ្យខេត្តពោធិ៍សាត់…
ខ្ញុំបើកភ្នែកឡើងទាំងមិនដឹងអ្វី… រួចក៏សម្លឹងឃើញអ្នកគ្រូពេទ្យដែលរះក្នុងកែវភ្នែកខ្ញុំគេងក្បែរខ្លួនប្រាណខ្ញុំយ៉ាងហត់នឿយ… ខ្ញុំសម្លឹងរកនាង ភ្នែកនាងក៏បើកឡើងស្របពេលដែលខ្ញុំសម្លឹងទៅ…នាងសម្លឹងមករកកែវភ្នែកដ៏អភ័ព្វមួយយ៉ាងមុត រួចថ្ពាល់នាងសើបដោយដំណក់ទឹកថ្លា…ហើយក៏ចាប់ញញឹមឡើង
– លោក! បងៗ! ដឹងខ្លួនហើយមែនទេ
មិនដឹងដួងចិត្តនាងយ៉ាងណាទេ នាងហៅខ្ញុំបងតាំងពីនៅលើទូកមកម្ល៉េះ!
– លោកស្គាល់ខ្ញុំទេ?
នាងសួរខ្ញុំ។ ខ្ញុំក៏បោះសម្ដីយ៉ាងយឺតៗមួយៗតបទៅនាងវិញ
– បាទ ខ្ញុំចាំ… ហើយពុំដែលភ្លេចទៀតផង…
នាងចាប់ញញឹមឡើង។
– ហេតុអ្វីបានជាខ្ញុំមកនៅទីនេះវិញអ្នកនាង?
– ចាសបង! ពេលបងសន្លប់បាត់ស្មារតីទៅក្រុមជំនួយរបស់លោកអធិការរក៏មកដល់ហើយជួយសង្រ្គោះពួកយើង និងថែមទាំងចាប់ពួកបទល្មើសទាំងនោះបានទាំងអស់ទៀតផង។
– ចុះលោកអធិការរមានត្រូវអ្វីទេ?
ខ្ញុំកម្រើកដៃឡើង អូយៗ…
ខ្ញុំសម្លឹងមើលដៃខ្លួនឯងត្រូវរុំដោយបង់កំណាត់ពណ៌ស ជាច្រើនកំណាត់… ហើយក៏ហូរទឹកភ្នែក…នេះតើខ្ញុំបាក់ដៃមែនទេ? សល់តែបីខែទៀតខ្ញុំឡើងការពារសារណាហើយ…តែពេលនេះខ្ញុំអើយ…!
– លោកបាក់ឆ្អឹងបន្តិចនៅខាងក្នុងមិនអាចកម្រើកបានទេបង នៅឱ្យស្ងៀម…លោកអធិការរមានរបួសតិចតួចមិនសូវធ្ងន់ដូចបងទេ បងត្រូវសម្រាកព្យាបាលនៅទីនេះប្រហែលពីអាទិត្យទើបអាចធូរសះស្បើយតិចៗបាន។ ចាំខ្ញុំជួយមើលថែណាបង! បង បងធាន !
– អូន
យើងទាំងពីរនាក់សម្លឹងរកគ្នា…ទាំងទឹកភ្នែក
មួយអាទិត្យទៅហើយមួយអាទិត្យដ៏មានន័យសម្រាប់ខ្ញុំស្នាក់នៅមន្ទីពេទ្យនេះក្រោមការមើលថែរបស់អូនពេជ្រ។ តែថ្ងៃនេះព្រឹកហើយម្ដេចនាងមិនឃើញយកអាហារពេលព្រឹកមកឱ្យខ្ញុំដូចរាលើដងអ៊ីចឹង? ដោយការរង់ចាំយូរពេក ហើយនឹងនាងខ្លាំងផង ខ្ញុំក៏ដាច់ចិត្តសួរមីងអនាម័យម្នាក់ដែលមកសម្អាតនៅបន្ទប់ក្បែរខ្ញុំ។
– មីងៗ តើមីងមានដឹងថាអូនពេជ្រទៅណាទេ
– ឮថាដល់ថ្ងៃភ្ជាប់ពាក្យហើយ ប្រហែលជាទៅស្រុកភ្ជាប់ពាក្យហើយមើលទៅ!
គ្រាន់តែឮពាក្យនេះភ្លាមខ្លួនខ្ញុំស្រាលភើតឡើងអស់រលីង ដៃជើងរបស់ខ្ញុំញាប់ញ័រចំប្រប់ កម្លាំងហាក់រត់ចេញពីខ្លួនខ្ញុំអស់ររលីង សល់តែដង្ហើមដ៏កម្ជិលមួយៗដកកំដររាងកាយ។
ខ្ញុំមកគេងលើគ្រែវិញ។ ទឹកភ្នែកហូរកាត់ថ្ពាល់ដែលទើបជាពីរបួសនៅស្នាមតិចៗ ពេលនេះខ្ញុំគ្មានសល់អ្វីទៀតទេ… អូនពេជ្របងស្រឡាញ់អូន បងកក់ក្ដៅណាស់ក្រោមការមើលថែរបស់អូនកន្លងមក មិនគួរណាសោះអូនដាច់ចិត្តដល់ម្ល៉ឹង… អូនរៀបការចោលបងហើយមែនទេ? តើឱ្យបងរស់នៅដូចម្ដេចទៅបើបេះដូង ចិត្តវិញ្ញាណរបស់បងផ្ញើលើអូនអស់ទៅហើយ…អូន អូនសម្លាញ់របស់បង ថែខ្លួនណា…។ បងលាហើយ…។
នេះជាសំបុត្រដែលខ្ញុំសរសេរដាក់ក្រោមដំណេករបស់ខ្ញុំលើគ្រែនៃមន្ទីរពេទ្យនោះ។
ល្ងាចបន្តិច…ជាល្ងាចដ៏ស្រងេះស្រងោចក្នុងបេះដូងខ្ញុំ…ហើយក៏ជាល្ងាចដ៏អាឡោះអាល័យរបស់ខ្ញុំ…ខ្ញុំបោះជំហានមួយៗចាក់ចោលបន្ទប់មន្ទីរពេទ្យពោធិ៍សាត់ទៅកាន់ចំណតរថភ្លើងទាំងអារម្មណ៍ស្ងប់ស្ងាត់…បន្តិចក្រោយមកស្រាបតែនាងទូរស័ព្ទមករកខ្ញុំ
-បងៗ បង! នេះបងទៅហើយមែនទេ? បងមិនទាន់ជាបែបហ្នឹងគួរតែនៅសម្រាកឱ្យបានល្ហែល្ហើយបន្តិចសិន។
នាងនិយាយទាំងភ័យញ័រៗ
– ទេ អូនបងត្រូវទៅហើយ ហើយជិតដល់ថ្ងៃប្រឡងបញ្ចប់ផង។ បងទៅហើយណា!
– ចាបង អូនចាំ។
រួចនាងក៏ចុចបិទទាំងក្ដុកក្ដួល។ ប្រហែលមកពីនាងមិនបានឃើញខ្ញុំហើយ រួចខ្ញុំក៏ចេញទៅទាំងបែបនេះ។ ចាប់ពីពេលនោះរួចមក ពួកយើងក៏ឃ្លាតឆ្ងាយកាយពីគ្នា បានត្រឹមតែ message ប្រាប់គ្នា សួរសុខទុក្ខគ្នាបន្តិចបន្តួចប៉ុណ្ណោះ នាងរវល់ច្រើនជាមួយភារកិច្ចរបស់នាង។
ពេលវេលាចេះតែដើទៅមុខ…បីនិទាឃរដូវកន្លងផុត។ ថ្ងៃនេះខ្ញុំអង្គុយក្នុងកន្លែងធ្វើការមួយ។ ចេះតែរសាប់រសល់ពេញខ្លួននៅពុំសុខ ក៏ដាច់ចិត្តសរសេរសារក្នុងឈែតទៅនារីម្នាក់នោះ….
– អ្នកគ្រូពេទ្យចាំខ្ញុំបានទេ…?
– មិនចាំទេលោក! ហិហិ
– តែបងចាំអូន! អូនពេជ្រ! ពេជ្រៗ
– អូនមានកូនហើយហ្នឹង
នាងនិយាយបែបសើចដាក់ខ្ញុំ។
– អត់មកលេងកូនអូនទេហ៎?
នាងថតរូចជាមួយក្មេងម្នាក់មកខ្ញុំ
– មុខដូចអូនណាស់។
នាងសើចញញឹមឡើង!
– ស្អែកបងទៅលេងអូន ទៅមើលមុខកូនរបស់អូន…
នាងកាន់តែសើច…។
ស្អែកមកដល់ខ្ញុំចាប់រៀបចំខ្លួនស្អាតបាតដើម្បីទៅលេងមីងជួនអ្នកមានគុណរបស់ខ្ញុំ។ ពេលមកវិញខ្ញុំជិះរថភ្លើង ឥឡូវពេលទៅរករំដួលមួយទងវិញក៏ខ្ញុំសម្រេចិតជិះរថភ្លើងផងដែរ។ រថភ្លើងវាកាត់ផ្លូវដែកទៅមុខជាបន្តបន្ទាប់…ខ្ញុំសម្លឹងតាមកញ្ចក់មើលមកខាងក្រៅទេសភាពស្រស់ត្រកាលព្រៃទាបខ្ពស់ៗត្រែងត្រស់រាំរេតាមចង្វាក់ខ្យល់ហាក់លន្លងលន្លោចពេកក្រៃ។
មិនយូរប៉ុន្មានបួនម៉ោងក៏កន្លងផុត។ ខ្ញុំក៏មកដល់ខេត្តពោធិ៍សាត់រួចក៏ចេញពីចំណតរថភ្លើងទៅមន្ទីពេទ្យដែលនាងធ្វើការ។ ទៅដល់ខ្ញុំធ្វើប្រាប់អ្នកគ្រូពេទ្យនៅក្បែរនោះថាមានអ្នកជំងឺម្នាក់ឈឺធ្ងន់ណាស់ត្រូវការអ្នកគ្រូពេទ្យពេជ្រជាអ្នកព្យាបាលជាបន្ទាន់។ តែឮក្រុមពេទ្យនៅទីនោះថានាងឈប់ធ្វើការនៅទីនេះយូរទៅហើយ…។ ខ្ញុំឈរេរាៗចុះឡើងៗរួចក៏ចាកចេញទៅបណ្ណាល័យខេត្តចួបមិត្តចាស់ដែលធ្លាប់មកសិក្សាមកអានសៀវភៅជាមួយគ្នារាល់យប់នោះ។ ពេលនោះខ្ញុំក៏បានសាកសួរព័ត៍មានពីនាងខ្លះៗតែគេពុំសូវដឹងអ្វីឡើយ។មិនយូរប៉ុន្មានរសៀលបន្តិចទៅហើយ…ព្រះអាទិត្យបន្ថយកម្ដៅតិចៗ ជះពន្លឺស្រាលៗមកដណ្ដប់ផែនដី…។ ខ្ញុំក៏ចាប់ចេញដំណើរទៅរកផ្ទះមីងជួនដែលជាម្ដាយរបស់នាង.. បន្តិចក្រោយមកខ្ញុំក៏ទៅដល់…
– ជម្រាបសួរមីង…
មីងជួនគាត់ប្រឹងសម្លឹងមើលខ្ញុំដោយបើកភ្នែកតិចៗ… ភ្នែកខ្ញុំរេរំពៃសម្លឹងរកនារីម្នាក់ ទៅជ្រុងម្ខាងក៏គ្មាន ជ្រុងម្ចាងទៀតក៏គ្មាន… បេះដូងខ្ញុំហាក់លោកក្ដុកកក្ដួលមួយរំពេញ ទឹកនេត្រាក៏ចាប់ស្រវាំងចេញមក… មីងជួនក៏បង្វែរខ្លួនមកអោបខ្ញុំដោយក្ដីនឹករលឹកពេកក្រៃ
– ធាន ធាន ៗ…ទៅបាត់យូរម្ល៉េះក្មួយ នេះមិនអាណិតអាសូរអ៊ំទេហ៎…ជាសំឡេងគាត់និយាយទាំងញ័រៗព្រមទាំងអោបខ្ញុំជាប់យ៉ាងណែន… ខ្ញុំក៏ចាប់គាត់អោបវិញយ៉ាងណែនដៃមីង មីងៗ…។
ខ្ញុំក៏ចាប់សួរគាត់អំពីអ្នកនាងពេជ្រ!
– តើអូនពេជ្រទៅណាហើយមីង! ម្ដេចមិនឃើញចឹង…
ពេលនោះព្រះអាទិត្យកាន់តែអស់ពន្លឺទៅ…
– ពេជ្រប្រហែលជានាំក្មេងទៅលេងនៅវាលមុខផ្ទះហើយ នោះក្មួយទៅៗបន្តិចទៅក្មួយ…
ខ្ញុំក៏ចេញទៅរកនាង ពន្លឺកាន់តែខ្សោយទៅ… ចេញផុតមុខផ្ទះបន្តិចខ្ញុំក៏ឃើញនាងពរក្មេងប្រុសម្នាក់ នឹងដឹកដៃក្មេងប្រុសម្នាក់ទៀតយ៉ាងស្រណោះ… ទឹកភ្នែកខ្ញុំក៏ចាប់ចេញមកបន្តិចម្ដងៗ…។ ខ្ញុំក៏ស្រែកហៅនាងពីចម្ងាយយ៉ាងឮៗ…
– ពេជ្រៗ … ពេជ្រៗ… អូន…! នាងក៏ឆ្លើយមកវិញតិចៗហាក់អស់សង្ឃឹម..!
– ច៎ាបង…! យ៉ាងខ្សោយៗតិចៗ…
– នេះតើអូនមានកូនមែនហ៎! កូនពីរទៅហើយ! បែកបងតែបន្តិចសោះ…! ចាំបងបន្តិចមិនបានទេហ៎…
ខ្ញុំនិយាយទាំងអារម្មណ៍ពិបាកយល់!
នាងដាក់ក្មេងចុះពីរដៃឱ្យឈររួចនឹងដៃ រួចរត់មកស្រវាអោបខ្ញុំ ខ្ញុំក៏រត់ទៅរកនាងហើយឱបនាងមួយទំហឹងនៃអារម្មណ៍នៃការនឹករបស់ខ្ញុំ។
ផ្កាស្មៅរីកស្វិតស្រពោនដោយកម្ដៅថ្ងៃក៏ចាប់ស្រស់មកវិញតិចៗ។ ពួកយើងទាំងពីរស្រវាឱបគ្នាកណ្ដាលហ្វូងផ្កាស្មៅហើយមានព្រះអាទិត្យបញ្ចេញរស្មីតិចៗផង ហាក់ញ៉ាំងឱ្យអារម្មណ៍ខ្ញុំកាន់តែនឹកនាងខ្លាំងឡើង។ នាងឱបខ្ញុំជាប់។ ខ្ញុំក៏សួរទៅនាងតិចៗម្ដងទៀត
– នេះអូនមានកូនមែនហ៎
នាងឆ្លើយមកវិញទាំងអារម្មណ៍កក់ក្ដៅ!
– ទេអត់ទេបង! នេះជាកូនរបស់ប្អូនអូនទេតើ! នាងមានប្ដីហើយបង នាងប្រឡងបាក់ឌុបជាប់ហើយក៏ក្លាយជាគ្រូបង្រៀន ឯប្ដីនាងក៏ជាគ្រូបង្រៀនដែរបង! នេះបងមើលទៅកូនពីរទៅហើយ! ល្អៗណាស់!
ខ្ញុំរំភើបជាខ្លាំងនៅពេលនាងនិយាយថាមិនមែនជាកូនរបស់នាង។ ជាអារម្មណ៍មួយដែលរកថាមិនត្រូវ។ ពួកយើងជជែកគ្នាពីនេះពីនោះយ៉ាងយូរ។ ខ្ញុំអង្គុយជិតនាងពីរនាក់នាងសម្លឹងទៅរកថ្ងៃរៀបលិច…ក្មេងប្រុសស្រីនាំគ្នាបោចស្មៅលេងពីមុខពួកយើងទាំងពីរប្រៀបដូចជាកូនៗរបស់យើង…
– ម្ដេចបងទៅបាត់ទាំងមិនបានមកចួបអូនអ៊ីចឹង!
នាងសួរខ្ញុំ
-បងហាក់ប្រចណ្ឌអូនបាត់ទៅហើយ គ្រាន់តែឮគេថាអូនទៅភ្ជាប់ពាក្យ ។ គេប្រាប់បងមិនអស់ បងស្មានតែអូនទៅភ្ជាប់ពាក្យជាមួយលោកគ្រូពេទ្យណាម្នាក់បាត់ទៅហើយ…ពេលនោះបងអស់សង្ឃឹមខ្លាំងណាស់ណា… ហើយអស់កម្លាំងថែមទៀតផង រកសរសេរកូនសំបុត្រតូចនោះឱ្យអូនសឹងមិនបានផង។
- បងឯងនេះ…ច្រឡោតណាស់!
នាងក្នាញ់នឹងខ្ញុំ។ ខ្ញុំក៏លើកដៃចង្អុលទៅដើមត្នោតដើម្បីពង្វាងសាច់រឿង…។
– អូនមើលន៎ដើមត្នោតនោះខ្ពស់ណាស់…
-នាងលូកដៃក្ដិចភ្លៅរបស់ខ្ញុំ
– ខ្ញុំក៏ញញឹម នាងហាក់យល់ពីបំណងរបស់ខ្ញុំ ខ្ញុំចាប់ឱបនាងម្ដងទៀត ក្មេងៗទាំងពីរនាក់នោះសម្លឹងមកមើលសកម្មភាពរបស់យើងទាំងពីរនាក់ហើយសើចកក្អឹក…។
ពួកយើងអង្គុយកាត់កម្រាលស្មៅដ៏ល្វឹងល្វើយមុខផ្ទះរបស់មីងជួន រហូតថ្ងៃលិចបាត់ស្រមោលហើយ ធ្លាក់ខ្យល់ត្រជាក់ស្រេបទើបប្អូនស្រីនាងមកយកកូនៗរបស់នាងទៅហូតទឹកហើយក៏នាំគ្នាដើរត្រសងទៅផ្ទះវិញ។ខ្ញុំសម្រាកនៅផ្ទះមីងជួន… ពួកយើងញ៉ាំបាយជាមួយគ្នាយ៉ាងឆ្ងាញ់ពិសា។
ពេលញ៉ាំបាយខ្ញុំតែងតែសម្លឹងមើលកែវភ្នែកនាងមិនដាច់ពេលម្ដងណាសោះឡើយ។ ហើយនាងក៏ចេះតែសម្លឹងមកមើលកែវភ្នែករបស់ខ្ញុំដែរ ហាក់បង្ហាញ់បំណងចង់ឱ្យខ្ញុំសារភាពប្រាប់ម៉ាក់របស់នាង។ កែវភ្នែកនាងស្រទន់ភ្លឺថ្លាដូចដួងខែរះពេញបូណ៌មី ពេលសម្លឹងមមកខ្ញុំម្ដងៗ ហាក់ជាកម្លាំងជម្រុញភាពក្លាហានមួយដល់ខ្ញុំ។ មិនដឹងគិតយ៉ាងណា អណ្ដាតខ្ញុំក៏គ្រលាស់ហៅមីងជួន។ ហាក់ធ្វើឱ្យគាត់យល់ពីបំណងរបស់ខ្ញុំ។ ពេលនោះកែវបណ្ដូលពេជ្ររបស់ខ្ញុំក៏ហម៉ាក់នាងស្រប់ពេលខ្ញុំហៅគាត់ម្ដងទៀត…
– មីងៗៗ ខ្ញុំៗស្រឡាញ់អូនពេជ្រ។
ប្អូនរបស់នាងឈ្លក់បាយរួចសើច ឯប្ដីរបស់ប្អូននាងសម្លឹងមមកខ្ញុំបែបអៀនៗ។
– ចាសៗ ថាម្ដេចក្មួយ?
– ខ្ញុំស្រឡាញ់កូនមីងណាមីង ខ្ញុំស្រឡាញ់ពេជ្រៗ…។
គាត់ស្ងាត់មាត់បន្តិចសម្លឹងមើលមកកែវភ្នែកខ្ញុំបន្តិចហើយក៏មើលទៅភ្នែកអូនពេជ្របន្តិចផង។ បន្តិចមកទើបគាត់និយាយ
– សួរកូនពេជ្រទៅ មីងមិនដឹងទេ ។
ខ្ញុំរកឆ្លើយ តែពេជ្រនាងក៏ឆ្លើយកាត់យ៉ាងលឿមដែរ។
– កូនក៏ស្រឡាញ់គាត់ដែរម៉ាក់ នេះកូនចាំគាត់សក់សឹងតែស្កូវទៅហើយ…ដោយឃើញពួកខ្ញុំត្រូវគ្នាអស់ហើយគាត់ក៏យល់ព្រម។
ប្រាំមួយខែកន្លងមកមង្គលការរបស់ខ្ញុំនិងនាងក៏ចាប់ផ្ដើម។
ថ្ងៃនេះនាងស្លៀកឈុតកូនកក្រមុំសែនស្រស់ស្អាតណាស់។ ថ្ពាល់នាងផាត់ម្សៅស្ដើងៗតិចៗបញ្ចេញសាច់សយ៉ាងក្រពុំ ដងខ្លួននាងសមអើយសែនសម..បបូរមាត់នាងលាបក្រែមពណ៌ផ្កាឈូកស្រាល់សមនឹងច្រមុះតូចស្រួច។ នាងពាក់កែងចោទសក់នាងបួងឡើងលើ…ឱ! វង់ភក្រ្តដ៏ផូរផង់អើយខ្ញុំមានវាសនាបានប៉ះពាល់ឯងហើយ នាងញញឹមរួចដើតមករកខ្ញុំ ខ្ញុំញញឹមដាក់នាងសែនគាប់ហឫទ័យពេកពន់ ពួកយើងក្រាបផ្ទឹមជាមួយគ្នាដូចកូនព្រាបមួយគូ ចាស់ទុំទាំងឡាយមើលមកពួកយើងហើយក៏សរសើរថាសមគ្នា…ទ្រ ស្គរ ឃឹម តាខេ… ចាប់ប្រគុំភ្លេងឡើងគ្រលួចធ្វើឱ្យខ្ញុំព្រឺរោម…ហើយនឹកដល់ប៉ាដែលស្លាប់ទៅមិនបានមើលកូនក្រាបផ្ទឹមសំពះលលោកមេបា ម្ដាយរបស់ខ្ញុំអង្អែលក្បាលរបស់ខ្ញុំ…។ កូនក្រមុំរបស់ខ្ញុំហាក់ឈួលអារម្មណ៍តាមខ្ញុំដែរ។ ទឹកភ្នែកនាងហូរសើមៗតិចៗកាត់ផែនថ្ពាល់ដ៏ក្រពុំ។ មិនយូរប៉ុន្មានពិធីទាំងប៉ុន្មានក៏ចប់អស់។ ពេលយប់ក៏មកដល់ ម៉ោង១០យប់ជាងទៅហើយតន្រ្តីករនៅតែប្រគុំបទញាក់មនុស្សម្នារាំពេញរោង…ខ្ញុំក្រោកមកបន្ទប់របស់អូនពេជ្រ នាងគេងលក់ទៅហើយ ខ្ញុំឱនថើបថ្ពាល់នាងថ្នមៗបន្តិចក៏ឈានជើងចេញពីបន្ទប់តែនាងភ្ញាក់ទៅហើយ…!
– យប់នេះបងគេងនៅឯណា?
ខ្ញុំថើបនាងមួយដង្ហើមទៀតទើបឆ្លើយ…
– បងគេងនៅក្រោម! អូនគេងចុះណា
ខ្ញុំថើប បបូរមាត់មាងមួយដង្ហើមទៀតទើបក្រោកចេញទៅ។
– Good night ប្រពន្ធសម្លាញ់
– ខ្ញុំថើបថ្ងាសនាងម្ដងទៀតទើបឈានជើងចេញទៅ នាងក៏ប្រះខ្លួនលង់លក់ទៅ…!