អស់រយៈពេលជិត១ឆ្នាំមកហើយដែលកម្មវិធី MST Writer នៅតែផ្តល់ជូនការលើកទឹកចិត្តដល់អ្នកនិពន្ធជាបន្តបន្ទាប់ សម្រាប់ស្នាដៃដែលទទួលបានការចូលអានយ៉ាងច្រើនពីមួយខែទៅមួយខែ។ ជាមួយនឹងការគាំទ្រ រួមនឹងមាតិកាជាច្រើនចេញផ្សាយបន្តបន្ទាប់គ្នា តាំងពីរដូវកាលទី១មកម្ល៉េះ យុវនិពន្ធជាច្រើនបានបន្តចេញផ្សាយស្នាដៃរបស់ខ្លួន និងទទួលបានរង្វាន់លើកទឹកចិត្តពីកម្មវិធីជាប្រចាំ។
ដោយឡែកសម្រាប់ MST Writer រដូវកាលទី២ ដែលទើបបានចេញផ្សាយជាផ្លូវការកាលពីដើមខែឧសភានេះវិញ នៅតែបន្តទទួលបានការចូលចិត្តពីសំណាក់មិត្តអ្នកអាន រហូតបានឈរក្នុងតារាងកំពូលមាតិកាទាំង១៥ ប្រចាំខែរបស់យើង។ ក្នុងនោះស្នាដៃចំនួន៣ របស់អ្នកនិពន្ធ MST Writer រដូវកាលទី២ ក្រោមប្រធានបទ«អ្នកនិពន្ធជុំវិញបឹងទន្លេសាប» ទទួលបានចំនួនចុចអានយ៉ាងច្រើនសន្ធឹក បើទោះបីជាមានមាតិកា Premium ផ្សេងៗបង្ហាញខ្លួននៅក្នុងខែឧសភាដូចគ្នាយ៉ាងណាក្តី ហើយចំនួននៃការចូលអានរបស់អ្នកទាំងអស់គ្នា ជាការលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់អ្នកនិពន្ធរបស់យើង។
១.អ្នកនិពន្ធ គន្ធា នីកា ម្ចាស់រឿង ដួងខែកម្សត់
សួស្តីអ្នកទាំងអស់គ្នា នាងខ្ញុំគន្ធា នីកា ជាម្ចាស់ស្នាដៃ «ដួងខែកម្សត់» ដែលកាលពីរដូវកាលទី១ អ្នកទាំងអស់គ្នាបានជួបខ្ញុំម្តងហើយក្នុងចំណងជើងរឿង «ប៉ា២ម៉ាក់២» មកជាថ្មីនូវរដូវកាលថ្មីនេះ ដែលមិននឹកស្មានថាសាច់រឿងប្រភេទ GL ដំបូងរបស់ខ្ញុំដែលខ្ញុំបានបង្ហាញឡើងពីមនោសញ្ចេតនានៃនារីពីរនាក់ហាក់ដូចជាបងប្អូន ជាមិត្តល្អ និងរស់នៅជាមួយគ្នាជាងម្ភៃឆ្នាំត្រូវបានបញ្ចប់ដោយសារការស្រឡាញ់ខុសធម្មជាតិមួយនោះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់បងប្អូនអ្នកអានរបស់វេបសាយ meysansotheary.com ហើយបានឡើង Top 15 នៅចំណាត់ថ្នាក់លេខ ១១ ពិតជាធ្វើឱ្យនាងខ្ញុំមានក្តីរំភើប និងរីករាយជាខ្លាំង។
ឆ្លៀតឱកាសនេះ ក៏សូមជម្រាបដល់បងប្អូនដែលមានក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធ គួរតែសាកល្បងចាប់ផ្តើមជាមួយកម្មវិធី MST Writer រដូវកាលថ្មីនេះដែលនឹងផ្តល់បទពិសោធថ្មីទៅលើការសរសេរស្នាដៃ ការផ្តល់យោបល់ពាក់ព័ន្ធការសរសេរពីសំណាក់ក្រុមការងារ និងជាពិសេស បានបង្ហាញស្នាដៃទៅដល់អ្នកអានរាប់ម៉ឺននាក់។ ចុងក្រោយខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់ប្រធានបទ«អ្នកនិពន្ធជុំវិញបឹងទន្លេសាប» នៃកម្មវិធី MST Writer រដូវកាលទី២ ដែលធ្វើឱ្យក្តីស្រមៃផ្សាយរឿងរបស់ខ្ញុំដល់សាធារណៈជន ហើយមានអ្នកមើលច្រើន ក្លាយជាការពិត។
អរគុណដល់ក្រុមការងារសម្រាប់ការយកចិត្តទុកដាក់និងក្តីស្រឡាញ់ អរគុណមិត្តអ្នកអានសម្រាប់ការលើកទឹកចិត្ត នាងខ្ញុំនឹងប្រឹងប្រែងបន្ថែមអ្វីដែលថ្មីទៅលើស្នាដៃក្រោយៗទៀត។
២.អ្នកនិពន្ធ រ៉ាហ្ស៊ី ម្ចាស់រឿង អនុស្សាវរីយ៍លើផ្ទៃជលសា
សួស្ដីជាថ្មីម្ដងទៀតអ្នកអាននៅទីនេះ! ខ្ញុំរ៉ាហ្ស៊ី ជាអ្នកសរសេរមួយរូបក្នុងរដូវកាលទី១ និងរដូវកាលទី២ និយាយរួមទៅឱ្យតែអ្នកគ្រូម៉ីសន សុធារីនៅបន្ដរៀបចំធ្វើកម្មវិធីនេះ ខ្ញុំនឹងមានវត្តមានចូលរួមដាក់ស្នាដៃជាក់ជាមិនខាន ហិហិ…។
ក្នុងរដូវកាលទី២នេះ ខ្ញុំមានរឿងមួយក្រោមចំណងជើងថា «អនុស្សាវរីយ៍លើផ្ទៃជលសា» ដែលនិយាយពីការវិលត្រលប់មកស្រុកកំណើតជាថ្មីម្ដងទៀត លើដែនដីខេត្តកំពង់ឆ្នាំងដែលជាតំបន់ជាប់បឹងទន្លេសាប ដែលមានបង្កប់ប្រវត្តិរឿងរ៉ាវឈឺចាប់ ខឹងអាក់អន់ចិត្តរវាងនាងនិងឪពុករបស់ខ្លួន។ និយាយតាមត្រង់ ខ្ញុំមិនគិតថា រឿងមួយនេះមានអ្នកអានចូលចិត្តច្រើនរហូតបានជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងតារាងកំពូល១៥ សម្រាប់ខែឧសភានេះទេ…ខ្ញុំពិតជារំភើប ត្រេកអរខ្លាំងណាស់ដែលសាច់រឿងមួយនេះមានគេស្រឡាញ់ ចូលអានបានច្រើនបែបនេះ ព្រោះវាជារឿងខ្លីមួយដែលខ្ញុំចង់បង្ហាញពីតថភាពមូយផ្នែកនៃសង្គមបច្ចុប្បន្ន ដែលឪពុកម្ដាយមួយចំនួន ពេលខ្លះគាត់មិនដែលប្រាប់ហេតុផលឬបង្ហាញពីទុក្ខលំបាករបស់ខ្លួន ឬរឿងដែលខ្លួនកំពុងដែលធ្វើនោះទៅអ្នកម្ខាងទៀតឱ្យយល់នោះទេ…គាត់គិតតែម្នាក់ឯងថា អ្នកម្ខាងទៀតនឹងយល់ពីទង្វើ បំណងរបស់ខ្លួន តាំងនាមធ្វើដូចអ្វីដែលខ្លួនគិតគេនឹងដូចខ្លួនដែរ ព្រោះទាំងនោះវាជាអំពើល្អ កើតប្រយោជន៍ដល់សង្គមជាតិឬខ្លួនឯង ប៉ុន្តែពេលខ្លះការគិតនិងអំពើល្អទាំងនោះ ក្លាយជាសម្ពាធដល់កូនខ្លួន ឱ្យខឹងស្អប់ពួកគាត់បាន។ ខ្ញុំជឿថា ឪពុកម្ដាយគ្រប់រូបស្រឡាញ់កូន ប៉ុន្ដែក្ដីស្រឡាញ់របស់គាត់ដែលសម្ដែងចេញនោះ ស្ថិតក្រោមក្នុងរូបភាពបែបណា ពេលខ្លះពិបាកកំណត់ថាពួកគេនឹងទទួលស្គាល់ពីក្តីស្រឡាញ់ទាំងនោះណាស់ ព្រោះម្នាក់ៗសុទ្ធតែមានការយល់ឃើញនិងគំនិតផ្ទាល់ខ្លួនផ្សេងៗគ្នា។
ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រូម៉ីសន សុធារី និងក្រុមការងារដែលបានរៀបចំកម្មវិធីនេះឡើង និងខិតខំប្រឹងប្រែងខ្នះខ្នែងផ្សព្វផ្សាយស្នាដៃរបស់ខ្ញុំឱ្យអ្នកដទៃបានឃើញបានដឹងជាច្រើនទៀត និងសូមអរគុណមិត្តអ្នកអានដែលនិយមគាំទ្រស្នាដៃរបស់ខ្ញុំ។
សូមអរគុណ…រ៉ាហ្ស៊ី!
៣.អ្នកនិពន្ធ ហ៊ុយ សារ៉ាត់ ម្ចាស់រឿង គិតខ្លី
ជម្រាបសួរនិងសួស្តីដល់បងប្អូនទាំងអស់គ្នាសាជាថ្មី។ ខ្ញុំបាទឈ្មោះហ៊ុយ សារ៉ាត់ ជាម្ចាស់ស្នាដៃរឿង «គិតខ្លី» ដែលមានដាក់ផ្សាយឱ្យអានជាសាធារណ:នៅក្នុងកម្មវិធី MST Writer រដូវកាលទី២ «អ្នកនិពន្ធជុំវិញបឹងទន្លេសាប»។ ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងដែលរឿងរបស់ខ្ញុំទទួលបានអ្នកអានច្រើនគួរសម ជាពិសេសនោះគឺទទួលបានថវិកាលើកទឹកចិត្តមួយចំនួនពីអ្នកគ្រូផងដែរ។ ខ្ញុំសង្ឃឹមថា រឿងមួយនេះនឹងបន្តមានអ្នកអានជាច្រើនទៀត ហើយខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនដែលមានបំណងចង់ដាក់ស្នាដៃក្នុងកម្មវិធីមួយនេះ ឱ្យប្រញាប់រួសរាន់ឡើង ដើម្បីបំពេញទៅតាមក្តីស្រមៃរបស់ខ្លួន។
ជាចុងក្រោយ ខ្ញុំមានតែអរគុណយ៉ាងខ្លាំងដល់កម្មវិធីមួយនេះ ក៏ដូចជាអរគុណដល់អ្នកគ្រូម៉ីសន សុធារីផងដែរ។ មានគាត់ មានក្រុមកាងារ មានកម្មវិធីមួយនេះ ទើបខ្ញុំអាចមានដល់ថ្ងៃនេះ។ ទោះបីមិនសុះសាយ តែសម្រាប់ខ្ញុំគឺគ្រប់គ្រាន់ហើយសប្បាយចិត្ត។
គួររំឭកផងដែរថា ក្រៅពីស្នាដៃខាងលើ ក្រុមការងារក៏បានចេញផ្សាយនូវស្នាដៃរបស់យុវនិពន្ធជាច្រើនទៀតដូចជា រំដួលពោធិ៍សាត់ កំរៀងស្នេហ៍ចាស់ អ្នកចំណូលថ្មី អន្លង់ប៉ែនដែនចិត្ត នេតយ៉ង់រឿងចាស់ អក្ខរាផ្ដាច់ស្នេហ៍…។ល។ ដែលលោកអ្នកអាចអានបានដោយសេរីនៅលើវេបសាយផ្លូវការរបស់អ្នកនិពន្ធម៉ីសន សុធារី។ ម្យ៉ាងវិញទៀត លោកអ្នកអាចក្លាយជាអ្នកដែលដាក់ផ្សាយស្នាដៃរបស់ខ្លួនដើម្បីឱ្យប្រិយមិត្តអានបានផងដែរ ដោយគ្រាន់តែទាក់ទងតាមរយៈតេឡេក្រាមក្រុមការងាររបស់យើងខ្ញុំជាការស្រេច។
ចុចអានស្នាដៃអ្នកនិពន្ធ MST Writer រដូវកាលទី២
ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែមេសា
តេឡេក្រាមក្រុមអ្នកនិពន្ធ MST Writer