ធាតុធំៗទាំង៣ក្នុងភាពយន្តដ៏ល្បីនិងមានតថភាពនៃអ្នកស្រី ពាន់ ភួងបុប្ផា

លោកស្រី ពាន់ភួង បុបា្ជ ដែលទើបនឹងផលិត​បញ្ចប់នូវកម្រង​រឿងភាគ​ «រសជាតិអ្នកមាន» វគ្គ ហេឡូអ្នកម៉ាក់ ប្រាប់ឱ្យដឹងនូវចំណុចសំខាន់មួយចំនួនដែលអ្នកផលិត​ឬអ្នកសរសេរជំនាន់ក្រោយអាចយកសិក្សាពិចារណា​ធ្វើយ៉ាងណាឱ្យសាច់រឿងមាន​ការអប់រំស៊ីជម្រៅ ​និងតថភាព។

ទីមួយ​ឆ្អឹងរឿង

លោកស្រីពន្យល់ថា ​រឿងភាគ​ «រសជាតិអ្នកមាន» ទាំងបីវគ្គ ទទួលបានជោគជ័យ​ដោយមានការកំណត់ការសិក្សា​លើ ឆ្អឹងរឿងជាសំខាន់ ។ ក្នុងនោះឈុត ឆាក សកម្មភាព ឬព្រឹត្តិការណ៍ដែលបង្កើតនូវបញ្ហា ទំនាស់​ទាញ​ឱ្យជក់តាមដាន អ្វីៗត្រូវបានកំណត់ប្រិតប្រៀងណាស់។ ​លោកស្រីបញ្ជាក់ថាភាពស្មុគស្មាញឬអស្ចារ្យ​រំភើប រន្ធត់​អ្នកណាក៏អាចធ្វើបាន តែត្រូវស្របនឹងបរិបទពិតនៃសង្គម​រស់នៅ​ត្រូវមានតថភាព និងសមស្របតាម​អ្វីដែលអ្នកទស្សនាអាចជឿជាក់បានទើបគាត់​មិនធុញទ្រាន់ក្នុងការទស្សនា ឬនាំគ្នាជជែកពីកំហុស ឬភាពឆ្គងដោយភ្លេចតាមដានសាច់រឿងវិវត្តន៍យ៉ាងណា។

ទីពីរការអភិវឌ្ឍន៍ឃ្លាសន្ទនា​និងរូបភាព

ការធ្វើឱ្យតួអង្គមានជីវិតរស់រវើកនៅក្នុងចិត្តអ្នកទស្សនាជាទេពកោសល្យនៃអ្នកនិពន្ធនិងដឹកនាំរឿង អ្នកជំនាញ​DOP  ដែលត្រូវល្អិតល្អន់​រាប់ចាប់ពីរូបភាពតូចៗ រហូតដល់ខ្សែរឿងទាំងមូល មិនអាច​ប្រហែសឬធ្វើឱ្យតែរួចពីដៃនោះទេ។ ស្ទីលការសន្ទនា ពិតជាផ្នែកទាក់ទាញណាស់ក្នុងសាច់រឿង ​ប្រសិនមិនរកពាក្យមកឆ្ងាញ់ៗក៏មិនជក់ចិត្តអ្នកទស្សនាដែរ។ «​អ្នក​និពន្ធមិនអាច​​ប្រើ​វាក្យសព្ទ​ក្នុងប្រលោមលោក មកនិយាយក្នុងកុនទេ សំឡេងនិង​ប្រយោគត្រូវមាន​ស្ទីលសាមញ្ញ ធម្មជាតិ​តែ​ពញ្ញាក់អារម្មណ៍!» អ្នកនិពន្ធរូបនេះ​បញ្ជាក់ទៀតដែរថា ភាពរំភើបរីករាយ មានទំនោរប្រើប្រយោគខ្លីៗល្អជាង តួអង្គចេះបត់បែនសំឡេង សម្តែងអារម្មណ៍​តាមខ្យល់ដង្ហើម ទើបធ្វើឱ្យឆាកនីមួយៗមានប្រសិទ្ធភាពខ្ពស់ជាងមុន ក្នុងការអន្ទងអ្នកទស្សនា។

លោកប៉ែន ចំរ៉ុង និង តារាស្រី អ្នកនាង​ឌុច លីដា ​ក្នុងពិធីសម្ពោធរឿងភាគភីអិនអិន រសជាតិអ្នកមាន​ វគ្គបី

ទីបីតួសម្តែង

ទោះបីជាភាពយន្តនោះពោរពេញទៅដោយឥទ្ធិពលពិសេសយ៉ាងណា​ក៏ដោយ អ្នកស្រីបញ្ជាក់ថាការរើសនិងសាកល្បងតួឱ្យសក្តិសម ជាចំណុចសំខាន់ទីបី។ «ទ្រឹស្ដីមួយក្នុងចំណោមទ្រឹស្ដីសាមញ្ញបំផុត​​ សម្រាប់សិល្បៈភាពយន្តមិនមែនឲ្យតែតួស្អាតល្បី សម្តែងសុទ្ធតែសមទាំងអស់នោះទេ ដ្បិតសាច់រឿងនីមួយៗមានចរិតតួអង្គ ដែលទាមទារអ្នកសម្តែងចូលស៊ីនឹងសាច់រឿង ធ្វើឲ្យអ្នកទស្សនាលង់ចិត្តស្រឡាញ់តួ យ៉ាងជ្រៅដោយមិនដឹងខ្លួន។ ដូចលោកស្រីធ្លាប់លើកឡើងថា តួល្បីព្រោះរឿង មិនមែនរឿងល្បីព្រោះតួនោះទេ ជាក់ស្តែងលោកស្រីបានជ្រើសរើស និងដឹកនាំសម្តែងតួមួយចំនួនសឹងពីមិនទាន់ស្ទាត់ក្នុងការសម្តែង ឬអ្នកទស្សនាមិនទាន់បានស្គាល់រហូតឲ្យក្លាយជាតួល្បី ដោយសាររឿង និងពាក្យសន្ទនាដែលពោរពេញដោយ សីលធម៌ គុណធម៌ និងការលះបង់ ធ្វើឲ្យអ្នកទស្សនាលង់អារម្មណ៍ភ្លេចខ្លួនថាតួល្បីនោះ ដោយសារសាច់រឿងល្អ ព្រោះសន្ទនាងាយស្រួលស្តាប់ មានអត្ថន័យ និងដោយសារការដឹកនាំយ៉ាងតឹងតែងច្បាស់លាស់ របស់អ្នកដឹកនាំរឿងដែលមានបទពិសោធយូរឆ្នាំនោះឯង។

អ្នកនិពន្ធនិងដឹកនាំរឿង លោកស្រី ពាន់ ភួងបុប្ផា ធ្លាប់ជាម្ចាស់ជ័យលាភីភាពយន្តអប់រំសង្គមមួយចំនួនមកហើយ ក៏ជាម្ចាស់នៃកម្រងភាពយន្តខ្នាតធំ ​រឿងទឹកចិត្តម្តាយ ដ៏ជោគជ័យ ​ថែមទាំងមាន​ប្រវត្តិស្នាដៃ​ភាគច្រើន ដែលធ្វើឲ្យអ្នកទស្សនាចងចាំមិនភ្លេច។

ជាមួយ​និងស្នាដៃថ្មីនេះទៀតសោត ទូរទស្សន៍ភីអិនអិន កំពុងនឹង​ចាក់ផ្សាយ​ រឿងរសជាតិអ្នកមាន វគ្គ៣ វគ្គហេឡូអ្នកម៉ាក់ នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហ វេលាម៉ោង ៨ ដល់ ៩យប់ ចាប់ពីថ្ងៃទី ០៦ ខែមិថុនាតទៅ ។