នៅលើផ្លូវលំតូចមួយ ដែលមានស្មៅពណ៌បៃតងខ្ចីដុះអមសងខាងក្រោមជំនោរខ្យល់ល្ហៀកៗ ដែលបក់មកពីទិសខាងកើតនោះ ខ្ញុំកំពុងតែដើរយ៉ាងឥតគោលដៅ ក្រោមកម្តៅថ្ងៃពេលល្ងាចដែលជះមកមិនពេញកម្លាំងដូចពេលថ្ងៃសោះ។
តែថាខ្ញុំដើរឥតគោលដៅក៏មិនត្រូវព្រោះគោលដៅរបស់ខ្ញុំនេះគឺ មកដើរមើលទេសភាពវាលស្រែចម្ការ ច្បារដំណាំដែលកំពុងលូតបង្ហាញសម្រស់យ៉ាងត្រកាលប្រកបដោយពណ៌ធម្មជាតិពីកំណើតយ៉ាងស្រស់ស្អាតនិងមកស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធប្រកបដោយក្តីសុខសុភមង្គលរបស់ធម្មជាតិឱ្យបានស្រឡះចិត្ត ស្បើយពីទុក្ខសោកព្រោះរឿងស្នេហាផង។
ឃើញផលដំណាំដែលដាំដោយកសិករ ក្រោមជំនោរខ្យល់ដ៏ត្រជាក់ ឃើញដើមត្នោតនិងបានស្តាប់សំឡេងទួញសោករបស់សត្វតាវ៉ៅរួចមក ធ្វើឱ្យខ្ញុំសង្វេគចិត្តយ៉ាងខ្លាំងចំពោះខ្លួនឯងព្រោះថា ចិត្តខ្ញុំនៅពេលវាលែងក្លាយជារបស់ខ្ញុំទៀតហើយគឺ ត្រូវបាននារីម្នាក់ឆក់យកទៅបាត់ដោយមិនដឹងខ្លួនព្រោះតែស្នាមញញិមដ៏ស្រស់ស្អាត កែវភ្នែកដ៏ស្រទន់ សម្តីដ៏រួសរាយផ្អែមល្ហែមនិងចរិតលក្ខណ:ដ៏ល្អ។
ទាំងអស់នេះហើយដែលធ្វើឱ្យចិត្ត បេះដូងរបស់ខ្ញុំលែងក្លាយជារបស់ខ្ញុំទៀតព្រោះថា វាមិនស្តាប់បញ្ជារបស់ខ្ញុំទេ ដោយវាតែងតែបារម្ភពីនាង ខ្វាយខ្វល់ពីនាង ទាំងមិនដឹងថានាងមានចិត្តមកលើខ្ញុំវិញឬអត់ផង? សម្តីកាយវិការដ៏រួសរាយរបស់នាងធ្វើឱ្យចិត្តខ្ញុំជាប់ជំពាក់យ៉ាងខ្លាំងទៅលើនាង ដែលវាធ្វើឱ្យចិត្តរបស់ខ្ញុំនៅមិនសុខសោះ ម្តងសប្បាយ ម្តងកើតទុក្ខ ប្រែប្រួលយ៉ាងរហ័ស។ សប្បាយព្រោះបាននៅក្បែរនាង ឃើញនាង និយាយលេងជាមួយនាងហើយរឹតតែសប្បាយរីករាយពេលដែលបានលេងឈែតជាមួយនាង ហើយនាងនិយាយជាមួយខ្ញុំយ៉ាងស្និទ្ធស្នាល រួសរាយ ដូចជានាងមានចិត្តមកលើខ្ញុំដែរអ៊ីចឹង។
ចំណែកឯការកើតទុក្ខវិញកើតទុក្ខព្រោះឃើញនាងស្និទ្ធស្នាលជាមួយអ្នកផ្សេង ជាពិសេសពេលខ្ញុំបានឮគេបង្អាប់ថានាងសមគ្នាជាមួយម្នាក់នោះឬជាសង្សារជាមួយម្នាក់នោះ ដែលរឿងទាំងអស់នេះបានរុកគួនចិត្តខ្ញុំយ៉ាងខ្លាំង ដូចត្រូវគេទាញជើងទម្លាក់ជ្រោះគ្មានបាត ឬ ដូចជាមួយពិភពលោកនេះមានតែខ្ញុំអ៊ីចឹង។ ហើយពិភពលោកដ៏ស្រស់ឆើតឆាយក៏ប្រែជាគ្មានន័យអ្វីសោះសម្រាប់ខ្ញុំ ដោយខ្ញុំមើលទៅឃើញតែស្រអាប់ គ្មានសម្ផស្ស គ្មានសោភ័ណភាព គ្មានមនោសញ្ចេតនាសម្រាប់ផ្តល់ក្តីសង្ឃឹមឱ្យខ្ញុំសោះឡើយ។
ហេតុនេះហើយទើបបានជាខ្ញុំមកដើរមើលទេសភាពវាលស្រែចម្ការ មកស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ដើម្បីជម្រុះចិត្តកើតទុក្ខ សៅហ្មងទាំងឡាយនិងដើម្បីកុំឱ្យខ្វល់ខ្វាយពីនាងពេកផង។ នារីដែលខ្ញុំតែងតែគិតនិងនឹកឃើញរាល់ពេលវេលានោះ នាងមានឈ្មោះថា សិរី។ដែលឈ្មោះរបស់នាងគឺពិតជាពីរោះណាស់ ពីរោះអស់ស្រីលើផែនដីនេះ។ នៅពេលដែលខ្ញុំរំលឹកពីឈ្មោះនាង ខ្ញុំមានអារម្មណ៍ថារំភើបចំពោះឈ្មោះដ៏វិសេសនេះណាស់ ឈ្មោះរបស់នាងប្រៀបដូចជាពន្លឺនៃក្តីសង្ឃឹមនិងភាពរំភើបរីករាយ ដែលជ្រៀតចូលមកបំភ្លឺនៅក្នុងទីដ៏ងងឹតនៃចិត្តរបស់ខ្ញុំអ៊ីចឹង។ ដែលខ្ញុំតែងតែទន្ទេញឈ្មោះនាងជាប់ជានិច្ច ដើម្បីកំដរភាពឯកានៃអារម្មណ៍ដ៏សោកសៅ អារម្មណ៍ដែលប្រែប្រួលរកយល់មិនបាន។
ហ៊ឹម…សិរីបើពេលនេះមាននាងនៅច្បាស់ជាល្អខ្លាំងណាស់ហើយៗ បើនាងយល់ចិត្តខ្ញុំៗពិតជាសប្បាយរីករាយណាស់។ ខ្ញុំនឹងនាំនាងអង្គុយមើលថ្ងៃលិចនៅលើវាលស្មៅដ៏បៃតងខ្ចីក្រោមជំនោរខ្យល់ដ៏ត្រជាក់នៅទីនេះ ពួកយើងនឹងអង្គុយស្តាប់សំឡេងចាបច្រៀង មើលពពកមើលផ្ទៃមេឃដ៏ធំធេង ដែលប្រៀបដូចជាចិត្តនឹកគិតរបស់ខ្ញុំចំពោះនាង។
ហើយពេលនោះខ្ញុំនឹងច្រៀងឱ្យសិរីស្តាប់ទៀត ច្រៀងចម្រៀងដែលបង្ហាញពីចិត្តស្នេហ៍របស់ខ្ញុំទៅកាន់សិរី ហើយពេលនោះបើសិរីញញិមសប្បាយចិត្ត ខ្ញុំក៏រំភើបរីករាយក្នុងចិត្តដែរ។ បន្ទាប់មកទៀត ពួកយើងក៏និយាយលេងជាមួយគ្នាយ៉ាងរីករាយ ក្រោមទស្សនីយភាពនៃរូបភាពថ្ងៃលិចដ៏ស្រស់ត្រកាលរបស់ធម្មជាតិនាពេលល្ងាចដ៏ត្រជាក់។ សិរី សិរី ឈ្មោះរបស់នាងពិតជាពីរោះណាស់សម្រាប់ខ្ញុំ ហ៊ឹម…។
ខ្ញុំដើរបណ្តើរស្រមើស្រមៃពីរូបភាពនៃសេចក្តីសុខផ្លូវចិត្ត ដែលមិនអាចកើតឡើងយ៉ាងរំភើបរីករាយស្ទើរស្រក់ទឹកភ្នែកបណ្តើរ។ នេះជាក្តីសុខដែលខ្ញុំតែងតែប្រតិដ្ឋឡើងសម្រាប់លួងលោមចិត្តរបស់ខ្លួនឯងឱ្យបានធូរស្បើយពីជំងឺស្នេហាខ្លះ ទាំងដឹងថាវាមិនអាចកើតឡើង ហើយពេលខ្លះត្រូវឈឺចាប់ នឹកគេលើសដើមក៏ដោយក៏ខ្ញុំសុខចិត្តទទួលយកគឺទទួលទាំងស្នាមញញិម ដែលជាស្នាមញញិមផ្ទុយពីធម្មជាតិ។
ខ្ញុំបន្តដើរមើលទេសភាពនៅជុំវិញខ្លួនទៀត វាលស្រែល្វឹងល្វើយនៃ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបងដែលខ្ញុំស្រលាញ់ ឈ្លក់វង្វេងលើទឹកដីកំណើតនេះមិនជិនណាយ ក៏ផ្តល់ឱ្យខ្ញុំនូវអនុស្សារគួរឱ្យចងចាំគ្មានថ្ងៃភ្លេច។
ខ្ញុំពេលនេះក្នុងសភាពជាអ្នកស្រវឹងពេញដោយមនោសញ្ចេតនាៗ ដែលគ្មានរូបរាងប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំងក្លា ខ្លាំងរហូតដល់គ្មានអ្នកនឹកស្មានដល់។ កំពុងតែដើររវើរវាយម្នាក់ឯងយ៉ាងមានក្តីសុខ ស្រាប់តែខ្ញុំភ្ញាក់អារម្មណ៍ រំភើបរីករាយក្នុងចិត្តជាខ្លាំងដូចរើសបានដុំពេជ្រមួយដុំធំ ព្រោះថាកំពុងតែគិតពីសិរី ស្រាប់តែខ្ញុំឃើញសិរីកំពុងអង្គុយនៅលើទីទួលមួយក្រោមដើមត្នោតទេរពីរដើម ដែលក្រាលដោយកម្រាលស្មៅដែលប្រៀបដូចកម្រាលព្រំពណ៌បៃតងខ្ចី។ ឃើញខ្ញុំភ្លាមស្រាប់តែនាងញញិមមកកាន់ខ្ញុំយ៉ាងស្រស់រឹតតែធ្វើឱ្យទ្រូងខ្ញុំរំភើបញាប់ញ័រទៀតហើយៗ បបូរមាត់របស់ខ្ញុំក៏ញញិមតបទៅនាងវិញដោយមិនបាច់គិត។
អារម្មណ៍ខ្ញុំនៅពេលនេះគឺរំភើបលាយសប្បាយដែលពណ៌នាមិនអស់ទេ ប៉ុន្តែខ្ញុំក៏នឹកឆ្ងល់បន្តិចដែរថា ម៉េចក៏នាងមកនៅទីនេះទៅវិញ? ឬនេះជានិស្ស័យណ៎? នឹកគិតសប្បាយតែក្នុងចិត្ត ពេលនោះខ្ញុំក៏ដើរទៅកាន់នាង ដែលនៅមិនឆ្ងាយពីខ្ញុំប៉ុន្មានដែរទេ។ បន្ទាប់ពីដើរទៅជិតនាងខ្ញុំក៏សួរនាងដោយចិត្តឆ្ងល់បន្តិចបន្តួច ប្រកបដោយស្នាមញញិមមិនចេះដាច់
_ម៉េចក៏សិរីមកទីនេះដែរអ៊ីចឹង? ហើយមកយូរនៅហ្នឹង?
_ ខ្ញុំអង្គុយនៅទីនេះយូរហើយ ចុះបងជ័យមកធ្វើអីដែរ?
ភាំងព្រោះរំភើប បេះដូងរបស់ខ្ញុំក៏ចាប់ផ្តើមលោតញាប់ព្រោះតែពាក្យបងដ៏មានទឹកដម ពីរោះផ្អែមល្ហែមជាងទឹកឃ្មុំដែលហូរចេញពីសំឡេងដ៏ស្រទន់របស់សិរី។
ប៉ុន្តែខ្ញុំក៏នឹកឆ្ងល់ដែរ ព្រោះអីទោះនាងរួសរាយយ៉ាងណាក៏មិនដែលនិយាយពាក្យថាបងមកកាន់ខ្ញុំដូចពេលនេះដែរតែខ្ញុំក៏មិនខ្វល់អ្វីច្រើនទេ ព្រោះថាសុភមង្គលដែលខ្ញុំចង់បានវាកំពុងតែកើតឡើងហើយ
_ អ៎! ខ្ញុំមកដើរលេងរំសាយអារម្មណ៍ខ្លះ ណាមួយចង់មកស្រូបយកខ្យល់អាកាសធម្មជាតិដើម្បីឱ្យបានសប្បាយចិត្តផង។
_ ចាស! តែកុំនៅឈរអ៊ីចឹងអី អង្គុយកៀនខ្ញុំមកស្រួលនិយាយគ្នាលេង។
នាងពោលទាំងញញិមព្រមទាំងវែកកន្លែងឱ្យខ្ញុំទៀត ដែលធ្វើឱ្យអារម្មណ៍របស់ខ្ញុំកាន់តែស្ទុះរំភើបទៀតហើយ ខ្ញុំមានអារម្មណ៍ថាពិភពលោកដែលបាំងដោយអ័ព្ទដ៏ក្រាស់នៃក្តីទុក្ខសោក ភាពខ្វល់ខ្វាយទាំងឡាយ ក៏ត្រូវបានរលាយបាត់ទៅ ដោយជំនួសមកវិញនូវទេសភាពដ៏ត្រកាល អារម្មណ៍ដ៏រំភើបរកពណ៌នាមិនត្រូវ ហើយពិភពលោកក៏ប្រែជាស្រស់បំព្រង មានមនោសញ្ចេតនានិងមានពណ៌នៃក្តីស្រលាញ់ឡើងវិញដែរ។
មួយដង្ហើមក្រោយមក ខ្ញុំក៏កាច់ស្មៅមួយទងរួចក៏ផ្តើមសួរទៅកាន់នាងជ្រែកសំឡេងចាបដែលកំពុងយំចេចចាចពីលើចុងឈើនិងដើមត្នោតដែលខ្ញុំកំពុងជ្រកថា
_ សិរីមកអង្គុយលេងម្នាក់ឯងដូច្នេះ មិនខ្លាចទេអី?
ស្តាប់ចប់សិរីក៏សើចបញ្ចេញធ្មេញដែលសដូចភ្លុកយ៉ាងស្រស់ ដែលជាសម្ផស្សមួយគួរឱ្យត្រកាលក្នុងការគយគន់ ទើបតបមកខ្ញុំវិញយ៉ាងស្និទ្ធស្នាល
_ ខ្ញុំមកអង្គុយលេងនៅទីនេះសឹងរាល់ថ្ងៃទៅហើយ ណាស់តែបងមិនដែលមកទេតើទើបមិនដែលឃើញ។ ហើយខ្ញុំក៏គ្មានខ្លាចអីដែរព្រោះអីទីនេះជាកន្លែងរបស់ខ្ញុំហ្នឹង។
_ កន្លែងរបស់សិរី! អ៎បែបប៉ាម៉ាក់របស់សិរីមានដីចម្ការនៅទីនេះហើយ។
ល្ងើមែន! ខ្ញុំមិនដែលដឹងសោះ ស្គាល់គ្នាយូរហើយហ្នឹងហា៎ស។ នាងមិនតបបានត្រឹមតែសើចតិចៗយ៉ាងស្រស់។
ហ៊ឹម…ក្តីសុខនៃជីវិតរបស់ខ្ញុំបានត្រឹមតែ មើលមុខនាងពេលសើច ពេលញញិមសប្បាយក៏អស់ចិត្តដែរ។ ពេលនៅក្បែរនាងអារម្មណ៍ របស់ខ្ញុំប្រៀបដូចជាទទួលបានកំណប់ទ្រព្យដ៏មហាសាលអ៊ីចឹង សមនឹងនាងនិយាយពាក្យបងយ៉ាងស្និទ្ធស្នាលមកកាន់ខ្ញុំទៀត វារឹតតែធ្វើឱ្យខ្ញុំមើលលែងឃើញទៀតហើយនូវក្តីឈឺចាប់ក្នុងពេលខាងមុខ។
ទោះខ្ញុំមិនដឹងថាហេតុអ្វីបានជានាងហៅខ្ញុំបងក៏ដោយ ក៏ខ្ញុំចង់ស្តាប់ពាក្យដ៏ពីរោះនេះរៀងរាល់ពេលដែលនាងនិយាយជាមួយខ្ញុំរហូត ដោយខ្ញុំមិនចង់ដឹងពីមូលហេតុអ្វីទាំងអស់គឺ ខ្ញុំគ្រាន់តែចង់ឮពាក្យថាបងដ៏ស្និទ្ធស្នាលនេះចេញពីមាត់របស់នាងតែប៉ុណ្ណោះ។
ពួកយើងបន្តជជែកគ្នាលេងយ៉ាងសប្បាយ ក្រោមជំនោរខ្យល់រំហើយយ៉ាងត្រជាក់ ដែលជួយញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពល្អស្រស់ត្រកាលឡើងក្រោមសំឡេងឆ្លើយឆ្លងដ៏មានក្តីសុខ និយាយពីធម្មជាតិ បក្សាបក្សី ព្រៃព្រឹក្សា លំហផ្ទៃមេឃដ៏ធំល្វឹងល្វើយ សុទ្ធតែជាប្រធានបទដែលខ្ញុំយកមកសន្ទនាមិនចេះចប់មិនចេះហើយ។
ពេលនោះខ្យល់បក់មកប៉ះនឹងសក់របស់នាងដែលធ្វើឱ្យវារាយប៉ាយបិទបាំងមុខនាងបន្តិចដែរ ដែលធ្វើឱ្យចិត្តរបស់ខ្ញុំកម្រើករញ្ជួយយ៉ាងខ្លាំង ចង់តែវែកសក់ឱ្យនាងទេប៉ុន្តែខ្ញុំមិនហ៊ាន ធ្វើមិនកើតក៏បានត្រឹមតែអង្គុយស្ងៀមវិញទៅ ដែលគ្រានោះនាងក៏វែកសក់ចេញឱ្យស្អាតបាតទើបងាកមកញញិមដាក់ខ្ញុំយ៉ាងស្រស់។
តិចនាងដឹងថាខ្ញុំលបមើលនាងទេដឹង? មួយស្របក់ក្រោយមក សិរីក៏ចាប់ដៃខ្ញុំថ្នមៗ ដែលរុញច្រានទឹកសមុទ្រដែលស្ងួតហួតហែង ឱ្យជន់ជោរពោរពេញដោយទឹកឡើងវិញយ៉ាងខ្លាំងក្លា។
ខ្ញុំឆ្ងល់ទាំងរំភើបចំពោះកាយវិការរបស់នាង ដែលនៅក្នុងពេលនេះដែរខ្ញុំក៏ងាកមកមើលមុខនាងភ្លឹះៗ ប្រកបដោយចិត្តជ្រួលច្របល់ក្រៃលែងព្រោះដៃនេះហើយដែលខ្ញុំចង់ប៉ះ ចង់ថើប ចង់ថ្នាក់ថ្នម
_ តើបងគិតថាខ្ញុំជាមនុស្សបែបណាដែរ?
នាងងាកមកសួរខ្ញុំដោយទឹកមុខងឿងឆ្ងល់ ដែលជម្រុញឱ្យចិត្តរបស់ខ្ញុំកាន់តែឆ្ងល់ថែមឡើងទៀត តែខ្ញុំក៏គិតថាប្រហែលនាងចង់ដឹងពីការគិតរបស់ខ្ញុំចំពោះនាងហើយ ទើបខ្ញុំឆ្លើយប្រាប់ចេញពីចិត្ត ក្រោមជំនោរខ្យល់ល្វើយៗបក់កាត់មុខយ៉ាងល្ហើយត្រជាក់ស្រួលថា
_សិរីជាមនុស្សដែលមានចិត្តល្អ រួសរាយរាក់ទាក់គួរឱ្យស្រលាញ់ចូលចិត្ត ស្អាតឆ្លាតហើយរៀនក៏ពូកែទៀត ហើយជាមនុស្សដែលផ្តល់ស្នាមញញិមដល់អ្នកនៅជុំវិញខ្លួន ដែលជាស្នាមញញិមដ៏ស្រស់ស្អាត។ ចេះជួយយកអាសារអ្នកដទៃនិងចេះយល់អធ្យាស្រ័យគេទៀត និយាយទៅសិរីល្អគ្រប់យ៉ាងម៉ង។
ខ្ញុំសើចដោយការយកចិត្ត ទើបពោលបន្ត។ តែទាស់ត្រង់សិរីឆាប់ខឹង ហើយអន់ចិត្តបន្តិច ដែលវាមិនល្អសម្រាប់សិរីទេព្រោះអីខឹងច្រើនឆាប់ចាស់ហាណា៎។
និយាយចប់ខ្ញុំក៏សើចញញិមចំអន់ឱ្យនាង ក្រែងល៎នាងអស់សំណើចនឹងពាក្យរបស់ខ្ញុំ។ តែមិនមែនអ៊ីចឹងអីពេលស្តាប់ចប់ ទឹកមុខរបស់នាងហាក់ដូចជាមិនសូវសប្បាយចិត្តសោះ ដែលធ្វើឱ្យខ្ញុំរឹតតែឆ្ងល់ថែមទៀតហើយ តើខ្ញុំនិយាយអ្វីខុសឬ? ទើបនៅពេលនោះនាងក៏បែរជាសួរមកកាន់ខ្ញុំថា
_តើបងស្រលាញ់ខ្ញុំឬស្រលាញ់សិរីនោះ?
ភ្ញាក់ដូចគេវាយក្បាលមួយអង្កត់អុស ខ្ញុំលែងយល់អ្វីសោះតែម្តងបានត្រឹមតែមើលមុខសិរីស្លឺ ដោយភាន់ភាំង
_នេះសិរីចង់បានន័យថាម៉េចហ្នឹង? ខ្ញុំមិនយល់ទេ។
សិរីចង់លេងសើចជាមួយខ្ញុំមែន? សិរីជាសិរីហើយតើនៅមានសិរីឯណាទៀត។
_ ខ្ញុំមិនមែនលេងសើចជាមួយបងទេ ខ្ញុំមិនមែនជាសិរីដែលបងគិតស្មានតាំងពីដើមនោះទេ ប៉ុន្តែខ្ញុំជាគូសង្សារពីអតីតជាតិរបស់បង។ ខ្ញុំរង់ចាំបងនៅទីនេះយូរហើយ ទើបតែពេលនេះទេដែលខ្ញុំមានឱកាសអាចជួបបងបាន។
ស្តាប់ដល់ត្រឹមនេះខ្ញុំរឹតតែលែងយល់អ្វីសោះហើយ ខ្ញុំភ្ញាក់សឹងហើបគូទផុតពីដីដោយមើលមុខនាងទាំងចំហមាត់ចំពោះអ្វីដែលបានឮ។ ម៉េចក៏ទៅជាបែបនេះវិញ សិរីដែលខ្ញុំលួចស្រលាញ់ លួចគិតប៉ងនៅទីនេះមិនមែនជាសិរីទេ នាងគ្រាន់តែជាព្រលឹងដែលមានរូបរាង ដូចសិរីតែប៉ុណ្ណោះ តែម៉េចក៏លក្ខណ:នាងស្រដៀងគ្នាម្ល៉េះ ហើយម៉េចក៏ខ្ញុំមានអារម្មណ៍ថាមិនខ្លាចនាងសោះអ៊ីចឹងទាំងដឹងថានាងមិនមែនជាមនុស្សហើយ។ គិតរួចខ្ញុំក៏សួរទៅនាងវិញថា
_ តើនាងចង់បានអ្វី ហើយត្រូវការអ្វី?
_ ខ្ញុំមិនចង់បានអ្វីពីបងទេ ប៉ុន្តែខ្ញុំមានលក្ខខណ្ឌពីរឱ្យបងជ្រើសរើសគឺ បើបងនៅជាមួយខ្ញុំគឺពិតជាល្អណាស់ព្រោះពួកយើងជាគូពីអតីតជាតិមក។ យើងនឹងរស់នៅកន្លែងដ៏មានក្តីសុខនេះជាមួយគ្នាយ៉ាងរីករាយដូចកាលពីមុនវិញជារៀងរហូត ដោយបងមិនបាច់គិតពីរឿងអ្វីច្រើនទេហើយក៏មិនបាច់រស់នៅក្នុងសង្គមមនុស្សដ៏ពិបាកនោះដែរ។ ដែលពេលខ្លះបងត្រូវជួបរឿងលំបាកៗនិងខកចិត្តមិនសមបំណងជាច្រើន តែបើបងនៅទីនេះវិញគឺមិនជួបរឿងទាំងនេះទេ។
ឈប់បន្តិចនាងក៏ពោលបន្ថែមយ៉ាងរំភើបចិត្តថា
_ហើយពួកយើងនឹងរស់នៅជាមួយគ្នានៅទីកន្លែងធម្មជាតិដ៏ស្រស់បំព្រងនេះយ៉ាងមានសេក្តីសុខ។
ស្ងាត់បន្តិច ទើបនាងនិយាយបន្តកាត់សំឡេងស្លឹកត្នោតដែលទង្គិចគ្នាដោយសារខ្យល់បក់លាន់ប្រាវៗថា
_ តែបើបងមិនព្រមនៅជាមួយខ្ញុំទេ នោះបងក៏មិនអាចជួបនិងនៅជាមួយសិរីនោះដែរព្រោះថាបើខ្ញុំមិនបាននៅក្បែរបងៗ ក៏មិនអាចរស់នៅមានក្តីសុខជាមួយនាងនោះដែរ។ បងសម្រេចចិត្តទៅអូនមិនបង្ខំបងទេ អូនចង់ឱ្យបងមករួមរស់ជាមួយអូនដោយសុទ្ធចិត្តដូចកាលពីមុនវិញ។
ពោលចប់នាងក៏ក្តោបចាប់ដៃខ្ញុំយ៉ាងណែន បំណងប្រាប់ថាកុំឱ្យខ្ញុំបដិសេធ ចាកចេញពីនាងអី ក្នុងទឹកមុខប្រកបដោយភាពស្រងូតស្រងាត់លាយក្តីសង្ឃឹមដែលមានមកលើខ្ញុំ។
ហ៊ឹម…រយ:ពេលដែលខ្ញុំបាននៅក្បែរនាងមួយល្ងាចនេះ ទោះនាងមិនមែនជាសិរីដែលខ្ញុំលួចស្រលាញ់ពិតប្រាកដក៏ដោយ ប៉ុន្តែចរិតលក្ខណ:របស់នាងគឺស្រដៀងនឹងសិរីណាស់ សូម្បីតែមុខមាត់រួបរាងក៏ដូចគ្នាដែរ។ ហើយខ្ញុំនៅជាមួយនាងប្រកបដោយស្នាមញញិម ភាពរីករាយ រំភើបសប្បាយចិត្តយ៉ាងខ្លាំង តែក៏មិនដឹងថាមកពីដំបូងខ្ញុំចាត់ទុកនាងជាសិរីឬ? បានជាខ្ញុំ មានអារម្មណ៍បែបនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំមានចិត្តសប្បាយរីករាយជាខ្លាំងពេលដែលបាននៅក្បែរនាងមួយល្ងាចនេះ។
ខ្ញុំមិនប្រាកដទេថាសិរីដែលខ្ញុំលួចគិតលើនោះ នាងមានចិត្តមកលើខ្ញុំវិញឬអត់ផង? ទោះនាងរួសរាយរាក់ទាក់ចំពោះខ្ញុំនិងនិយាយរាងស្និទ្ធស្នាលក៏ពិតមែន ប៉ុន្តែវាស្ថិតនៅក្នុងសភាពមួយដែលមិនច្បាស់លាស់សោះឡើយ ដោយខ្ញុំមិនអាចទាយចិត្តនាងដឹងទេថា តើនាងមានចិត្តមកលើខ្ញុំវិញឬអត់? ព្រោះថានាងតែងតែរួសរាយរាក់ទាក់ដាក់មិត្តភក្តិគ្រប់គ្នាដែលនាងស្គាល់ ហើយភាពរាក់ទាក់ចំពោះខ្ញុំនេះក៏បែបនាងធ្វើក្នុងន័យមិត្តភាពផងក៏មិនដឹង?
ម្យ៉ាងទៀតសព្វថ្ងៃនេះខ្ញុំខ្វល់ចិត្តនិងស្អប់យ៉ាងខ្លាំងចំពោះពាក្យដែលគេបង្អាប់សិរីជាមួយអ្នកផ្សេង ប៉ុន្តែការពិតវាហាក់ដូចនេះខ្លះមែនព្រោះថាទំនាក់ទំនងនាងជាមួយគេនោះវាហាក់មានទំនោរ ដែលបង្កភាពឈឺចាប់យ៉ាងខ្លាំងដល់ខ្ញុំមែន។ សរុបមកខ្ញុំអាចថាសិរីនាងមិនយកចិត្តទុកដាក់ចំពោះខ្ញុំដល់សិរីដែលនៅជាមួយខ្ញុំពេលនេះផង ទោះនាងជាព្រលឹងឬជាខ្មោចអ្វីក៏ដោយប៉ុន្តែនាងស្រលាញ់ខ្ញុំ យកចិត្តទុកដាក់ចំពោះខ្ញុំណាស់។
បើខ្ញុំនៅក្បែរនាង នោះខ្ញុំក៏នឹងអាចរស់នៅក្នុងសុភមង្គលមួយដ៏មានក្តីសុខជានិច្ច ព្រោះថាមុខមាត់រូបរាងចរិតលក្ខណ:នាងក៏ស្រដៀងសិរី ហើយនាងក៏ស្រលាញ់ខ្ញុំខ្លាំងទៀត ដោយខ្ញុំមិនចាំបាច់ខ្វល់ខ្វាយគិតពិបាកចិត្តពីសិរីច្រើនដូចមុនទេ។ ហើយបើរស់នៅទីនេះក៏ល្អដែរគឺរស់នៅកន្លែងធម្មជាតិដ៏ស្ងប់ស្ងាត់ មិនបាច់គិតច្រើន ហើយក៏អាចគេចផុតពីភាពលំបាកនៅក្នុងជីវិតដែរ មិនចាំបាច់ខំប្រឹងធ្វើការរកលុយ ខំគិតឈឺក្បាលពីអនាគតនិងរឿងនៅក្នុងជីវិតជាច្រើនទៀតដែលគួរឱ្យធុញទ្រាន់។
ប៉ុន្តែបើខ្ញុំរស់នៅជាមួយនាងនៅទីនេះរហូត ចុះឪពុកម្តាយខ្ញុំតើពួកគាត់នឹងទៅជាយ៉ាងណាពេលបាត់រូបខ្ញុំ? ខ្ញុំអាចរស់នៅសប្បាយចិត្តក្នុងសុភមង្គលដែលស្ថិតនៅក្នុងពិភពក្លែងក្លាយនេះមែន ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំត្រូវឈឺចាប់យ៉ាងខ្លាំង ព្រោះពួកគាត់ត្រូវបាត់បង់រូបខ្ញុំដែលជាកូន តើខ្ញុំអាចធ្វើទៅរួចទេ? ម្យ៉ាងទៀតបើខ្ញុំនៅទីនេះខ្ញុំអាចសប្បាយចិត្តប៉ុន្តែខ្ញុំក៏មានឈ្មោះថាជាមនុស្សកំសាក ដែលមិនហ៊ានប្រឈមមុខនឹងការពិត ប្រឈមមុខនឹងជីវិត ដោយ សុខចិត្តបណ្តោយខ្លួនឱ្យរស់នៅជាមួយសេចក្តីសុខក្នុងពិភពក្លែងក្លាយមួយ។
ខ្ញុំស្រលាញ់សិរីប៉ុន្តែនាងមិនមែនជាសិរី នោះក្តីស្រលាញ់របស់ខ្ញុំដែលមានចំពោះនាងគឺគ្រាន់តែធ្វើឡើងដោយសារតែសំបកខ្លួនរបស់សិរីតែប៉ុណ្ណោះ ចុះបើនាងគ្មានរូបរាងដូចសិរីតើចិត្តខ្ញុំនឹងប្រែប្រួលទៅជាយ៉ាងណា? គឺខ្ញុំមិនដូចជាធ្វើបាបចិត្តរបស់នាងទេឬ? បើខ្ញុំរស់នៅក្នុងពិភពក្លែងក្លាយ ខ្ញុំអាចសប្បាយចិត្ត មានសុភមង្គលក្នុងភាពក្លែងក្លាយ ដែលបង្កើតឡើងដោយសំបកខ្លួនក្លែងក្លាយរបស់សិរី។ តែបើខ្ញុំរស់នៅក្នុងពិភពពិតខ្ញុំអាចនឹងឈឺចាប់ ព្រោះតែការពិតដែលអាចនឹងកើតឡើងដោយវាខុសពីបំណងរបស់ខ្ញុំ តើខ្ញុំត្រូវធ្វើបែបណាចំពោះរឿងនេះ? ឱ! ពិភពលោកអើយ ម្តេចក៏អ្នកឱ្យខ្ញុំខុសពីអ្វីដែលខ្ញុំរំពឹងទុកអ៊ីចឹង។
ហ៊ឹម…ខ្ញុំមិនអាចរស់នៅក្នុងសុភមង្គលក្លែងក្លាយដែលត្រាំដោយទុក្ខសោកនិងភាពឈឺចាប់របស់ឪពុកម្តាយខ្ញុំបានទេ។ ក្រោយពីប្រទាំងប្រទើសក្នុងផ្លូវគំនិតរួចមក ខ្ញុំក៏សម្រេចចិត្តថានឹងមិនរស់នៅជាមួយនាងទេ
_ ខ្ញុំគិតច្បាស់ហើយ គឺខ្ញុំយកលក្ខខណ្ឌទីពីរ។
ឮភ្លាមនាងក៏ព្រលែងដៃខ្ញុំហើយក្រោកឈរឡើងទាំងទឹកភ្នែក ដោយវាចាយ៉ាងខ្សឹកខ្សួលអួលអាក់
_ បងសុខចិត្តឈឺចាប់ក៏មិនរើសយកខ្ញុំព្រោះតែស្រីនោះ។ បងពិតជាអាក្រក់ណាស់ បងមិនល្អដូចពីមុនទេ ពីមុនបងមិនហ៊ានធ្វើឱ្យខ្ញុំឈឺចាប់ទេ បងតែងតែធ្វើឱ្យខ្ញុំញញិមជានិច្ច។ ដំបូងខ្ញុំស្មានថាការរង់ចាំរបស់ខ្ញុំ វានឹងផ្តល់ផលតបស្នងដ៏ល្អមកដល់ខ្ញុំវិញ ប៉ុន្តែចុងក្រោយការរង់ចាំរបស់ខ្ញុំបានត្រឹមតែធ្វើឱ្យខ្ញុំឈឺចាប់ប៉ុណ្ណោះ ព្រោះពេលវេលាធ្វើឱ្យបងប្រែប្រួលអស់ហើយ។ តែខ្ញុំក៏សម្រេចតាមចិត្តបងៗ ទៅចុះ។
ឃើញនាងក្រោក ខ្ញុំក៏ងើបឈរដំណាលនាងដែរ ពេលឃើញនាងឈឺចាប់ដូច្នេះ ខ្ញុំក៏ពិបាកចិត្តហើយឈឺចាប់ដូចនាងដែរចំពោះទង្វើរបស់ខ្ញុំនេះ ប៉ុន្តែខ្ញុំត្រូវតែធ្វើបែបនេះព្រោះតែព្រហ្មលិខិតវាដាក់កំហិតឱ្យខ្ញុំជ្រើសបានតែមួយទេ
_ខ្ញុំលាហើយកុំពិបាកចិត្តអី បំភ្លេចមនុស្សដូចជាខ្ញុំចោលទៅ។
_បងនិយាយថាបំភ្លេចដូចជាស្រួលណាស់ ចាំមើលនៅពេលដែលបងចង់បំភ្លេចនរណាម្នាក់ដែលបងស្រលាញ់ ទើបបងដឹងថាវាពិបាកខ្លោចផ្សាយ៉ាងណា។ បានហើយបងទៅចុះទៅពិភពមនុស្សរបស់បងវិញចុះ។
ស្តាប់ចប់ខ្ញុំបានត្រឹមតែដកដង្ហើមធំ ដើម្បីជម្រុះភាពតានតឹងខ្លះយ៉ាងស្រងូតចិត្ត រួចទើបបោះជំហានឈានទៅមុខទាំងល្វើយកម្លាំង។ ដើរបានបួនប្រាំជំហាន ខ្ញុំក៏ងាកមើលនាងម្តងទៀតទាំងមិនអស់ចិត្ត ប៉ុន្តែក៏ត្រូវភ្ញាក់ចិត្តនិងត្រូវភាពអស់សង្ឃឹមគ្របសង្កត់ថែមទៀត ព្រោះថានាងទៅបាត់ហើយ នាងទៅកន្លែងដែលនាងគួរទៅហើយ។
ទ្រឹងៗៗ
ហាស! ខ្ញុំភ្ញាក់ភ្លាត់សំឡេង ព្រោះតែសំឡេងរោទ៍របស់នាឡិកាដែលខ្ញុំដាក់ជិតក្បាលដំណេក រួចទើបខ្ញុំចុចបិទយ៉ាងលឿន។
យី! នេះជាការយល់សប្តិទេតើ ម្តេចក៏ដូចការពិតម្ល៉េះ! ហ៊ឹម…សង្ឃឹមថានេះគ្រាន់តែជាយល់សប្តិដែលមិនអាចកើតឡើងទៅចុះ។
ហើយ! ឯងខំតែភ័យចង់ងាប់ គិតរួចខ្ញុំក៏ក្រោកពីដំណេកទាំងខ្ជិលច្រអូសព្រោះហាក់មិនទាន់អស់ងងុយសោះ តែក៏ត្រូវតែក្រោកទៅរៀនដែរ។ ក្រោយពីសម្អាតខ្លួនប្រាណរួចហើយ ខ្ញុំក៏ចូលទៅក្នុងបន្ទប់ដោយអង្គុយនៅលើកៅអីខាងមុខតុរៀន រួចក៏ចាប់ទូរសព្ទមកអូសមើលហ្វេសប៊ុករបស់សិរីនិងឆាតអរុណសួស្តីទៅកាន់នាងជាដំបូង។
នៅពេលចូលឆែកមើលប្រូហ្វាល់នាង ដោយអូសមិនទាន់បានមួយដង្ហើមផង ស្រាប់តែខ្ញុំត្រូវធ្លាក់ថ្លើមក្តុក ចិត្តបេះដូងត្រូវខ្ទេចខ្ទាំអស់ ព្រោះតែខ្ញុំឃើញនាងដាក់relationship ជាមួយបុរសម្នាក់ដែលនាងស្រលាញ់ តែខ្ញុំស្អប់ជាទីបំផុត។
អរុណសួស្តី ពាក្យនេះខ្ញុំគិតថាវាស្រស់បំព្រងបំផុត គួរឱ្យសប្បាយចិត្តបំផុតពេលឈែតទៅនាង ប៉ុន្តែឥឡូវនេះពាក្យនេះគឺជាពាក្យដ៏ងងឹតស្រអាប់និងឱ្យគួរស្អប់ជាទីបំផុត ដែលខ្ញុំនឹងលែងប្រើវាយកទៅឆាត ជាមួយនាងទៀតហើយ។
…ខ្ញុំសើចតែក្នុងបំពង់កដូចមនុស្សឆ្កួត សើចចំអកឱ្យខ្លួនឯង សើចទាំងរំជួលចិត្ត ព្រោះតែខ្ញុំជាមនុស្សកំសាកពេក ទើបទៅជាអ៊ីចឹង! វាសមមុខខ្ញុំហើយ។ សុបិនដែលខ្ញុំគិតថាវាជារឿងមិនពិត ប៉ុន្តែតាមពិតវាជាការពិតដែលកើតឡើងយ៉ាងទាន់ហន់បំផុត។ ភាពកំសាករបស់ឯងវាផ្តល់លទ្ធផលឱ្យឯងហើយអាជ័យ។ ខ្ញុំសើចចំអកឱ្យខ្លួនឯងដូចមនុស្សឆ្កួតៗ ព្រោះស្នេហាៗដែលខ្ញុំគិតថាវាល្អ វាស្រស់បំព្រង ប៉ុន្តែតាមពិតវាខ្មៅងងឹតដូច្នេះសោះ។
ខ្ញុំតែងតែគិតថា ខ្ញុំជាតួឯកជាមួយសិរីក្នុងរឿងស្នេហានេះ ប៉ុន្តែតាមពិតខ្ញុំគ្រាន់តែជាតួរាយរងដែលចាំតែអបអរសាទរ ជូនពរក្តីស្នេហារបស់ពួកគេប៉ុណ្ណោះ។ ហើយជាតួម្នាក់ដែលគ្មានតម្លៃសោះគឺតួខ្ញុំនេះដាក់នាំតែចង្អៀត អំពល់ទុក្ខដល់គេទៅវិញទេ។
អនុស្សាវរីយល្អៗមានច្រើនប៉ុនណា វាក៏នឹងក្លាយជាក្តីឈឺចាប់ដែលចាំច្របាច់កម្ទេច បេះដូងរបស់ខ្ញុំខ្លាំងប៉ុននោះ ហើយសុបិនល្អៗដែលទាក់ទងនឹងសិរីមានច្រើនប៉ុនណា វាកាន់តែធ្វើឱ្យខ្ញុំលែងចង់ដេកនិងយល់សប្តិខ្លាំងប៉ុននោះដែរ ព្រោះខ្ញុំមិនចង់យល់សប្តិឃើញនាងមកធ្វើជាស្និទ្ធស្នាលនឹងខ្ញុំ ដែលវាខុសពីការពិតនោះទេ។
ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះទង្វើរួសរាយរាក់ទាក់របស់អ្នក ដែលវាជាធ្នាក់ទាក់ខ្ញុំយ៉ាងជាប់នៅក្នុងអន្លង់ស្នេហាមួយដ៏គ្មានតម្លៃ គ្មានខ្លឹមសារ គ្មានអនាគតដែលខ្ញុំតែងតែគិតប៉ងតែម្នាក់ឯង ហើយដែលចុងក្រោយវាក៏ក្លាយទៅជារឿងនិទានមួយដ៏គួរឱ្យអស់សំណើចរបស់បុរសកំសាកម្នាក់។ ខ្ញុំមិនដឹងទេថា ទុក្ខសោក ក្តីឈឺចាប់នេះវាបន្តឈឺចាប់ដល់ពេលណា ប៉ុន្តែខ្ញុំដឹងត្រឹមថា នៅពេលណាដែលខ្ញុំនៅឃើញនាង នោះក្តីឈឺចាប់ក៏នៅតែមាននិងបន្តរុកគួនក្នុងចិត្តរបស់ខ្ញុំ រហូត។
ហ៊ឹម…ដូចពាក្យនាងថាមែន ខ្ញុំនឹងមិនអាចជួបនិងនៅជាមួយសិរីទេ ព្រោះថាទោះខ្ញុំជួបក៏ខ្ញុំគេចមុខឱ្យបាត់ដែរ ព្រោះថាខ្ញុំវាខ្មាសនាងណាស់មិនបាច់ជួបនាំតែឱ្យដំបៅវាឡើងខ្ទុះដូចយកឈើរុកចាក់ទេ។ ខ្ញុំខំងើយមុខឡើងទៅលើ ដើម្បីកុំឱ្យទឹកភ្នែកដ៏គ្មានតម្លៃនេះវាស្រក់ចុះមក ខ្ញុំមិនចង់ឱ្យវាស្រក់ចុះមកទេ ព្រោះថាវាគ្មានន័យខ្លឹមសារអ្វីសោះឡើយ។ តើខ្ញុំសម្រេចចិត្តត្រូវឬខុស ដែលសុខចិត្តរស់នៅក្នុងការពិតដែលពោរពេញដោយភាពឈឺចាប់ដែលមិនអាចបញ្ចេញបាននេះ?
ចប់