ក្រុមអ្នកនិពន្ធវ័យក្មេង MST Writer របស់អ្នកស្រី ម៉ីសន សុធារី ទើបតែបានប្រកាសចេញនូវ រដូវកាលទីបី ក្រោមប្រធានបទ ដែននិរតី។
នៅក្នុងបទសម្ភាសន៍មួយនៅព្រឹកមិញនេះ អ្នកនិពន្ធ ម៉ីសន សុធារីបានឲ្យដឹងថា នេះគឺជាការបើកនៅរដូវកាលទីបី ពីលើរដូវកាលទីពីរ ដែលមានប្រធានបទថា អ្នកនិពន្ធជុំវិញបឹងទន្លេសាប ដើម្បីប្រកូកប្រកាស ជ្រើសរើសស្នាដៃ និងទទួលយកមកបណ្តុះបណ្តាល អ្នកដែលមានបំណងចង់ក្លាយទៅជាអ្នកនិពន្ធ តែមិនធ្លាប់បានឆ្លងកាត់ការរៀនតែងនិពន្ធ ឬមួយក៏មានស្នាដៃហើយមិនមានឱកាសនៅក្នុងការបញ្ចេញដើម្បីទទួលយកនូវមតិរបស់សាធារណជនទៅលើដៃរបស់ខ្លួន។

អ្នកស្រីបានបន្ថែមទៀតថា រដូវកាលពីរ គឺ«អ្នកនិពន្ធពីជុំវិញបឹងទន្លេសាប» ទទួលបានស្នាដៃតិចតួច បើប្រៀបធៀបទៅនឹងរដូវកាលទីមួយដែលលើកឡើងក្រោមប្រធានបទថា «អ្នកនិពន្ធក្រៅសាលា» ដែលទទួលយកពីគ្រប់ទិសទីនៃផ្ទៃប្រទេស។
ចំណែករដូវកាលទីបីនេះ ដែលមានប្រធានបទថា ដែននិរតី គឺនឹងជ្រើសរើសស្នាដៃពីជនវ័យក្មេង សិស្ស និស្សិត គ្រូបង្រៀនមន្ត្រីរាជការរូបណាដែលមានបំណងចង់ចូលរួមនៅក្នុងការបញ្ចេញស្នាដៃតែងនិពន្ធក៏ដូចជា ទទួលបានវគ្គសិក្សាខ្លីៗដែលបង្ហាត់បង្ហាញរំលែកបទពិសោធដោយអ្នកស្រីផ្ទាល់ និងអ្នកនិពន្ធផ្សេងទៀតនៅក្នុងក្រុម MST។
បច្ចុប្បន្ននេះ គ្រប់គ្នាអាចដាក់ពាក្យមកចូលរួមពីខេត្តចំនួនបួន គឺខេត្តកោះកុង ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺនិងខេត្តកំពត ដោយចាប់ផ្តើមទទួលស្នាដៃពីពេលផ្សាយដំណឹងនេះតទៅរហូតដល់ចុងបញ្ចប់នៃរដូវកាលគឺរយៈពេលប្រាំមួយខែទៀត។
ដូច្នេះ នៅរដូវកាលទីពីរ«អ្នកនិពន្ធបឹងទន្លេសាប»និង«អ្នកនិពន្ធដែននិរតី» នៃរដូវកាលទីបីគឺធ្វើឡើងចួនពេលគ្នាតែម្ដង ដើម្បីបំផុសគំនិតឱ្យអ្នកនិពន្ធកាន់តែច្រើនឡើង ហ៊ានបញ្ចេញនូវស្នាដៃរបស់ខ្លួនជាសាធារណៈ ក៏ដូចជាចូលរួមជាបណ្ដាញអ្នកសរសេរដូចគ្នា ទទួលយកនូវការលើកទឹកចិត្តនិងឱកាសនៅក្នុងការចួបផ្ទាល់ជាមួយអ្នកអានរបស់ខ្លួនផងដែរ។
គួររំឭកផងដែរថា រហូតមកដល់ពេលនេះ ទាំងរដូវកាលទីពីរនិងរដូវកាលទីបី គឺកំពុងទទួលនូវស្នាដៃព្រមៗគ្នាតែម្ដង ចំណែកស្នាដៃទាំងអស់របស់អ្នកនិពន្ធ MST នៅក្នុងរដូវកាលទាំងប៉ុន្មាននោះ មិនត្រូវបានដាក់ចូលទៅក្នុងផ្នែកនៃមាតិកាគិតថ្លៃនៅលើ meysansotheary.com ទេ គឺនៅក្នុងវេទិកាអានដោយសេរីមិនគិតថ្លៃ ។
ជារៀងរាល់ខែអ្នកនិពន្ធដែលទទួលបានចំណាត់ថ្នាក់ខ្ពស់នៅក្នុងលំដាប់ កំពូលទាំងដប់ប្រាំនឹងទទួលបាននូវរង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់។



