អ្នកនិពន្ធ ម៉ីសនសុធារី នឹងចេញផ្សាយកម្រងប្រលោមលោក ដែលត្រូវបានទុកឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំប្រមាណជាជិតពីរឆ្នាំមកហើយ ក្រោមមានចំណងជើងថា«ស្រឡាញ់បងជ្រៅជាងសមុទ្រ»។
នេះគឺជាវណ្ណកម្មអក្សរសិល្ប៍ថ្មីបំផុត និងចុងក្រោយបង្អស់ដែលចេញផ្សាយភាគដំបូងនៅលើវេបសាយប្រលោមលោក meysansotheary.com ដែលសង្ឃឹមថា ទាក់ទាញបាននូវអ្នកអានច្រើនកុះករ ដូចកំពូលប្រលោមលោកល្បីៗមុន រួមមាន«ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់»«ស្រទន់មន្តស្នេហ៍»«អធិរាជបេះដូង»«បេះដូងមេគង្គ»«ស្នេហ៍កិច្ចសន្យាស្នេហាយើង» របស់អ្នកនិពន្ធដដែល។
អ្នកនិពន្ធរូបនេះបាននិយាយឱ្យដឹងថា ដោយសារតែមានបញ្ហាខ្លះនៅក្នុងការរៀបចំ meysansotheary.com និងគម្រោងការងារផ្សេងៗក្នុងការទទួលយកមកប្រកួតប្រជែងស្នាដៃពីអ្នកនិពន្ធវ័យក្មេងបីជំនាន់ គឺ MST Writers ជំនាន់ទីមួយ «អ្នកនិពន្ធក្រៅសាលា» MST Writers រដូវកាលទីពីរ «អ្នកនិពន្ធជុំវិញបឹងទន្លេសាប» និង MST Writers រដូវកាលទី៣ «អ្នកនិពន្ធមកពីដែលនិរតី» ដែលធ្វើឲ្យអ្នកស្រីមានការមមាញឹកនៅក្នុងការធ្វើយ៉ាងណាឲ្យប្រលោមលោកនេះចេញបានទៅតាមការគ្រោងទុក ។
នៅក្នុងបទសន្ទនារបស់ខ្លួនជាមួយហ្វេនក្លឹបកាលពីដើមសប្ដាហ៍នេះ អ្នកនិពន្ធ ម៉ីសន សុធារី បាននិយាយថា ប្រលោមលោកមួយនេះជួបការលំបាកគួរសមក្នុងការបង្កើតចរិតលក្ខណៈតួអង្គពិសេសឱ្យមានលក្ខណៈខុសពីតួអង្គក្នុងរឿងមុនៗ ហើយក៏ជាសាច់រឿងមានភាពបត់បែនច្រើន ទិដ្ឋភាពពណ៌នាក៏ថ្មីសន្លាង ភាគច្រើនផ្តោតទៅលើដែននិរតីនៃប្រទេសកម្ពុជា ជាតំបន់ឆ្នេរសមុទ្រនិងដែនកោះ។
នៅក្នុងខ្សែរឿងដ៏វែងនេះផងដែរ និពន្ធសង្ឃឹមថានឹងចូលរួមផ្តល់បាននូវពុទ្ធិថ្មី ការសិក្សាអំពីជំនាញទន់ មធ្យោបាយនៅក្នុងការដោះស្រាយបញ្ហា ការប្រឈមមុខទៅនឹងស្ថានភាពតឹងតែង អត្ដចរិតខុសៗគ្នា ពីររវាងតួអង្គមួយទៅតួអង្គមួយ ដែលប្រព្រឹត្ដឆ្លើយតបគ្នា បង្កើតបានទៅជាបទពិសោធសំខាន់នៅក្នុងដំណោះស្រាយជីវិត ដែលយុវវ័យជាអ្នកអាននឹងទទួលបាន។
ចូលអានប្រលោមលោក«ស្រឡាញ់បងជ្រៅជាងសមុទ្រ» ៣ភាគដំបូងដោយឥតគិតថ្លៃនៅលើ meysansotheary.com
សម្រាប់ភាគបន្តបន្ទាប់ អ្នកអាននឹងត្រូវបង់ប្រាក់១០០០០រៀល អាចចូលអានគ្រប់ភាគគ្រប់រឿងពេញមួយខែ និង៨០០០០រៀល សម្រាប់ពេញមួយឆ្នាំ។