រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី២

មកដល់ជំនិះ គេអង្គុយស្ងៀមនៅខាងក្រោយក្បែរយូស៊ូ។

លើកនេះ​គេមិនអាចធ្វើជាអ្នកបើកដូចកាលពីគេជិះសំដៅមកភ្នំពេញ​នោះទេ។ យាននៅមិនទាន់ហោះឡើងទៅលើវេហា​នៅឡើយ ជាហេតុបណ្តាលឱ្យប្អូនប្រុសមានឱកាសនៅក្នុងការត្អូញត្អែរ៖

«ខ្ញុំគួរតែដឹងយូរហើយ! ថា….ស្រីចង្រៃនោះគឺប៉ូលិសដាក់មក! ឥឡូវនេះ….ប៉ាខាតលុយរាប់សិបលានដោយសារខ្ញុំ! គាត់ច្បាស់បោះខ្ញុំទៅក្នុងទឹក ឬកាត់ជើងខ្ញុំចោលផងមិនដឹង!»

ឥន្ត្រាមិនមាត់មិនកព្រោះគេដឹងថាប្អូនស្រវឹងខ្លាំងហើយ។ ដោយសារការឈឺចាប់មួយដែលគេទើបនឹងទម្លាយមុននេះ ​ឥន្ត្រាមិនបន្ទោស​យូស៊ូពីភាពប្រមឹក​ដាច់ដាបរបស់គេទេ។

ខណៈបងប្រុស​នៅមិនមាត់មិនក លើកកាសមកពាក់ឱ្យថែមទាំងបិទខ្សែក្រវាត់ចង្កេះខ្ជាប់ខ្ជួន

យូស៊ូ​នៅតែបិទភ្នែកទ្រេតខ្លួន​រអ៊ូរង៉ូវៗ៖

«ចាប់ពីខ្ញុំមកដល់ទីនេះ! ក្នុងទីក្រុងមួយនេះ! ខ្ញុំដឹងថា គ្រប់គ្នាគឺជាមនុស្សកុហក! ពួកគេគឺជាមនុស្សល្អសម្បកក្រៅ ធាតុក្នុង​មើលឃើញ​តែលុយៗៗៗ! ឱ្យតែមានលុយ គឺមានតម្លៃ!  គ្រប់គ្នាសុទ្ធតែមាន​ស្នៀតឆ្ពិនភ្នែកបោកប្រាស់រៀងៗខ្លួន ក៏ប៉ុន្តែ…..ភណ្ណរ៉ា គឺជាពិភពលោកមួយថ្មីមួយផ្សេង! គេបានបង្រៀនឱ្យខ្ញុំចេះមើលឃើញ​ផ្នែក​វិជ្ជមានក្នុងសង្គមអវិជ្ជមាន ទ្រឹស្ដីនៃជីវិតមួយចំនួនដែល​គេបង្រៀន  ជួយ​ឱ្យខ្ញុំចេះអត់ធ្មត់ ចេះចង់ធ្វើអំពើល្អ ខ្ញុំស្មានថា…..គេ….ជាមនុស្សល្អ?….ហេតុអី??»

«……»

គ្មានចម្លើយ។

ឥន្ត្រាតែងតែបែបនេះ។ គេមិនឆ្លើយនឹងសំណួររវើរវាយ ឬសំណួរមិនសំខាន់ទេ។ ព្រោះឧទ្ធម្ភាគចក្រមិនទាន់ឡើងទៀត គេងាកមកសម្លឹងពួកបរិវា​នៅខាងក្រៅ។

«សាម៉ោះ?»

គេសួរខ្លី ​ខណៈអ្នកផ្គាប់ផ្គុនម្នាក់នេះកំពុងនិយាយទូរសព្ទ។

​ដ្បិតតែគេមាន​វ័យក្មេងនិងមានឈ្មោះជាខ្មែរមូស្លីម ​តែក៏ជាមនុស្ស​បាញ់បោះដៃត្រង់ ភ្នែកមុត​ ឆ្អឹងរឹងមាំ​តាមបម្រើឥន្ត្រា​រហូតមក។

«កំពុង​តាមរកដំណឹងនាងភណ្ណរ៉ាទាន!»

ពូបៀលងាកពីកៅអីខាងមុខមកប្រាប់​គេ។ គាត់ជាឪពុករបស់សាម៉ោះ ឯគាត់ខ្លួន​ឯងក៏ជាមនុស្ស​ជំនិតនឹងឪពុកគេបំផុត។

លើកនេះបើយូស៊ូមិនស្ថិតនៅចំចំណុចស៊ីបរបស់ប៉ូលិស ក៏មិនដល់ថ្នាក់ឥន្ត្រា និងពូ BILL ត្រូវ​ហោះមកភ្នំពេញ​ដោយខ្លួន​ឯងដែរ។

​សម្រាប់ឥន្ត្រា ជាលើកទីពីរហើយដែលគេឮឈ្មោះមនុស្សស្រីម្នាក់នេះ។ ម្តង គឺចេញពីមាត់ប្អូនប្រុសរបស់គេយូស៊ូ ម្ដងទៀតគេចេញពីមាត់អ្នកជំនិត​វ័យចំណាស់រូបនេះ។

ទោះបីអាការៈគេ​មិនមាត់មិនកអត់ធ្មត់ ក៏ជនបម្រើចំណាស់​ងាកមកក្រោយនិងកំពុងតែបើក​ទូរសព្ទបង្ហាញគេ។

«នេះរូបរបស់ស្រីម្នាក់ហ្នឹង! គ្នា​យើងកំពុងតែហែកក្រុងភ្នំពេញដើម្បីស្វែងរក! រត់ទៅណាមិនរួចទេ!»

គេជ្រួញចិញ្ចើមដូចជាធ្លាប់ឃើញ។ មិនយូរប៉ុន្មានបុរសនេះលើកដៃទៅស្រវាទូរសព្ទមកពិនិត្យ។ ហួសចិត្តណាស់!

គេច្បូតមុខ។ មនុស្សស្រីម្នាក់ដែលកាន់ថូផ្កាពេញទៅដោយទឹកកខ្វក់ ជះមកចំកណ្តាលមុខគេ មុនពេលដែលគេដើរទៅរកប្អូនប្រុសរបស់គេនោះ តាមពិតជាមនុស្សស្រីម្នាក់នេះ?

គេងើបមុខសម្លឹងទៅកាន់អ្នកបើកបរនិងពោលបញ្ជា៖

«ពន្លត់ម៉ាស៊ីន!»

BILL និងអ្នកបើកចំហរមាត់ងាកសម្លឹងមុខគេ។ ចំណែកឯប្អូនប្រុសរបស់គេនៅតែរវើរវាយបិទភ្នែកនិយាយដូចកំពុងនិយាយម្នាក់ឯងស្ដាប់តែម្នាក់ឯង….

«ជាលើកដំបូងខ្ញុំចេះស្រឡាញ់ស្រី! ជាលើកដំបូងខ្ញុំចង់ធ្វើមនុស្សពិតប្រាកដម្នាក់ ប្រើបេះដូង​ដូចគេដូចឯង! ក៏ជាលើកដំបូងដែលខ្ញុំចាញ់បោកគេ!»

ឥន្ត្រាក្តាប់មាត់ងាកសម្លឹងទៅពូ Bill ហើយដាក់បញ្ជា៖

«ស្រីម្នាក់នេះនៅក្នុងអូតែល! ព័ទ្ធគ្រប់ច្រក នាំខ្លួនមក! ខ្ញុំចាំនៅកន្លែងនេះ!»

ជំនិតមើលមុខគ្នា។ Bill ស៊ីញ៉ូងក់ក្បាលឱ្យអ្នកបើកពន្លត់យាន។

គាត់ដោះក្រវ៉ាត់ ស្រវាស្រទេញ​ដើរ​ចុះចោលទីនោះ ឆ្ពោះទៅរកសាម៉ោះជាកូនប្រុស។

ពីនេះទៅ គេនៅអង្គុយធ្មឹងរង់ចាំមើលកូនចៅធ្វើការ។ ទាំងពូ Bill ទាំងសាម៉ោះកំពុងញាប់ដៃជើង….

«ស្ដាប់ឱ្យបាន! មេប្រាប់ថា នាងស្រីភណ្ណរ៉ាស្ថិតនៅក្នុងអូតែលនេះនៅឡើយ! ហាមឱ្យរួចខ្លួន! ចែកជើងគ្នាគ្រប់ច្រក! រកឃើញ ត្រូវ​នាំយកមកភ្លាម!»

គាត់បង្អង់បន្តិចក៏ងាកមកសម្លឹងមុខស្មើធេង របស់កូនប្រុសច្បងនៃបុរសមេកោះដ៏ល្បីល្បាញ អង្គុយច្រង៉ុកក្បែរប្អូនប្រុសលើយាន។ គេកាន់តែអត់ធ្មត់ចាំ​ គាត់ដឹងថា នារីនោះធ្វើឱ្យគេ​សៅហ្មងចិត្ត​កម្រិតណាហើយ។

សាម៉ោះដៃចុចអាយកូមផង ងាកមកមើលតាមខ្សែភ្នែក​ឪពុក​ ឆ្ពោះទៅរកចៅហ្វាយប្រុសដែល​មិនចេះសើចរបស់គេផង។ មិនយូរទេ គេ​លេបទឹកមាត់សម្រន់ភ័យស្លេកសិន ទើបដាច់ចិត្ត​ខ្សឹបខ្សៀវសួរឪពុក៖

«ពុកអ្ហ៎ា ខ្លាច​តែរកឃើញហើយ យកចេញពីភ្នំពេញមិនរួច ដោយជាប់ទាំងចៅហ្វាយពីរនាក់នៅហ្នឹងទៀត?!»

Bill ច្បូតចង្កាសម្រាលអារម្មណ៍​តឹងតែង។ បញ្ជាគឺបញ្ជា ទោះចិត្ត​គាត់ក៏កំពុង​ខ្លាច​ក្រែងតែមានបញ្ហា ព្រោះដឹងហើយនារីនោះមាន​ទំនាក់ទំនងនឹងប៉ូលិស។

«ធ្វើតាមគាត់សិនទៅ! ចាំពុក​រកវិធី​ខលទៅជម្រាបលោកម្ចាស់!»

«បាទ!»

កូនប្រុសប្រញាប់ចាត់ការតាមឪពុកប្រាប់។ ធ្វើការរួចហើយ​ Bill វិលមកក្បែរវិញហើយរាយការណ៍៖

«ព័ទ្ធគ្រប់ច្រកហើយ មាន​ស្លាបក៏ហោះមិនរួចដែរ!»

ស្មាគេរង្គើព្រោះអំនួត ​តែគេមិនងាកមកទេ។ កន្ទុយភ្នែកដៀងទៅ​ម្ខាង នៅឃើញ​យូស៊ូប្អូនប្រុសរបស់គេលង់លក់ទៅក្រោម​អំណាចនៃគ្រឿងស្រវឹង។ នៅខាងមុខ​ អ្នកបើកបរនៅរង់ចាំបញ្ជា ប៉ុន្តែក្នុងអាការៈ សឹងមិនហ៊ានសូម្បីតែ​ក្អក។

ទៅតាមបទបញ្ជាដាច់ណាត់នៃបុរសដ៏មានអំណាច ដែលពេលនេះគេកំពុងងាកទៅសង្គ្រប់សម្លឹងយកទិដ្ឋភាពនៃរាជធានីមួយក្រោមស្បៃរាត្រីស្ងាត់ ជនចំណាស់ក៏កំពុងតែរវល់រកវិធីណានឹងអាល​បាន​រាយការណ៍ទៅឪពុកគេដូចគ្នា ​មុនពេល​រឿងរ៉ាវរញ៉េញ៉ៃគ្រានេះត្រូវលាន់ចេញ ឮដល់ប៉ូលិសក្រុង។

តែមិនយូរប៉ុន្មាន​គេងាកមក​មើលបុរសចំណាស់នៅខាងស្ដាំដៃខ្លួនហើយហើបមាត់សួរ៖

«មានប្រវត្តិស្រីម្នាក់នោះទេ?!»

«ឈ្មោះភណ្ណរ៉ាជាឈ្មោះបន្លំទាន!» គាត់ឆ្លើយ​យ៉ាងរហ័សមក​ ធ្វើឱ្យឥន្ត្រាងាកមកសម្លឹងពូបៀលទាំងហួសចិត្តក្នុងន័យ​​ថា «អ្នកណាមកធ្វើការជារនុកក្នុងបែបនេះហើយឱ្យឈ្មោះពិត?» តែគេរក្សាភាពស្ងាត់ស្ងៀមដោយ​ដៀងភ្នែកមើលប្អូនប្រុសកម្សត់មួយឆ្វាច់។

យូស៊ូដ៏ស្រស់សង្ហា​ដូចជាមិនឮអ្វីទេ។ គេ​លង់លក់ទៅក្នុងអាងសណ្តំ​នៃជាតិស្រាបារាំងបាត់ទៅហើយ។

ឥន្ត្រាឱ្យសញ្ញាទៅពូ Bill និយាយបន្តទៀត។

គាត់ចាប់ផ្តើមសូត្រ​អ្វីដែលខ្លួនបានដឹង៖

«នាង​ត្រូវបានគេ​ដាក់ចូលមកក្បែរលោកក្មួយយូស៊ូ ពីរខែកន្លះហើយ! បើតាមរបាយការណ៍សាម៉ោះបានមកមុននេះ នាង​តាមពិតជាប្អូនស្រីពៅរបស់ មេប៉ូលិសម្នាក់ឈ្មោះជេន!»

ឃើញគេនៅបន្តស្តាប់​គាត់ក៏បន្ថែម

«ជិន ជេននរៈ ឧត្តមសេនីយ៍ដែលល្បីខាងបង្ក្រាបបទល្មើសដែនសមុទ្រ គឺជាមនុស្សម្នាក់ដែលធ្លាប់បំបែកក្ដីរឿងត្រីកោណមាសដ៏គគ្រឹកគគ្រេងនៅក្នុងសំណុំរឿងត្រីកោណមាសលើកោះបេះដូង នៅខេត្តស្ទឹងត្រែងទាន!»

គេរឹតតែនៅស្ងៀម ភ្នែក​រេចុះឡើងម្តងទៅឆ្វេងម្តងទៅស្តាំ​ជាសញ្ញានៃការរិះគិត ​តែបបូរមាត់គេ ដូចជា​សើចចំអកដល់ខ្លួនឯងតិចៗ ​ដែលនៅទីបំផុតនេះបានប្រហែសបណ្តោយ​​ឱ្យប៉ូលិស​​ប្រើប្អូនស្រី​គេចូលមកស៊ីរូងក្នុងសំបុក រូងយកបាន​ទាំង​បេះដូងប្អូនប្រុសព្រាន​នារី​របស់គេបានទៀត។

«សុំទោសមួយម៉ាត់ក៏មិនចេះនិយាយ! មនុស្សព្រៃ!»

សំឡេងនាងដៀលគេកកប់ៗណាស់​ លាន់មកជានិច្ច​រវាងពេលគេបិទនិងបើកភ្នែក។ អ្វីដែលឥន្ត្រាគិតគឺ មិននឹកស្មានថា ប៉ូលិសក៏មានចរិតកំសាក ប្រើស្រីស្អាតជាទុន យកស្នេហាជានុយ​មកនៅក្បែរប្អូនប្រុសដែលមានចិត្តល្អបរិសុទ្ធរបស់គេ។

ឃើញ​គេនៅស្ងៀម បុរសចំណាស់ចុចទូរសព្ទឱ្យមើលប្រវត្តិមួយចំនួនទៀត គេដៀងភ្នែកសម្លឹងមើល។ សម្លឹងកាលណា បេះដូងចេះតែឈឺតិចៗ ហើយនឹកឃើញដល់ភាពអាក្រាតមួយល្វែងដែលនាង​បានត្រូវគេឆ្មក់ចូល​ឃើញ​នៅក្នុងបន្ទប់តុបតែងខ្លួន។

    មនុស្សស្រីវ័យក្មេងម្នាក់ដែលស្លៀកពាក់មិនទាន់បានមាំត្រឹមត្រូវ ហ៊ាន​រត់ចេញមកប្រដេញតាមនាយ​និង​ជះទឹកថូមកលើគេទៀត ប្រហែល​ស្គាល់ប្អូនគេនិងប៉ាគេ ​តែមិនដែលស្គាល់គេ ដោយសារឥន្ត្រា​មិនមានភាពល្បីល្បាញ ព្រោះមិនដែលបង្ហាញខ្លួនក្នុងបណ្ដាញសង្គមដូចជាប្អូន។

បុរសចំណាស់សូត្រមកទៀត៖

«តាមពិត​នាង​មាន​ឈ្មោះកំណើត ជិន ចន្ទនីយ៉ា ជាកូនស្រីពៅគ្រួសារ​អ្នកស្រុកស្ទឹងត្រែងមានឪពុកជាអតីតមន្ត្រីប៉ូលិសចូលនិវត្តន៍ និងស្លាប់ច្រើនឆ្នាំហើយ ម្ដាយក៏ទើបតែស្លាប់បានពីរបីឆ្នាំ! សម្បកក្រៅនាងសិក្សាខាងច្បាប់ មានបំណងចង់បន្តទៅផ្នែកមេធាវី ប៉ុន្តែធាតុពិតនាងមានការងារជារនុកក្នុងរបស់ប៉ូលិស ភណ្ណរ៉ា​គឺជាឈ្មោះក្លែងបន្លំរបស់នាង នាង​មានឈ្មោះច្រើនទៀតដូចជា ​តី សក្កណា Nova និងស្រអែម»

គេឱនទទួលទូរសព្ទមកស្តាប់ ឆ្លៀតពេលនោះ គាត់ពង្រឹងសេចក្តីក្លាហានត្រៀមថានឹង​និយាយបញ្ចេញយោបល់ឡើង….អ៊ីចឹងហើយ​ពេលគេបែរមកវិញ​ពីការនិយាយទូរសព្ទ​គាត់ក៏​សាកល្បង….

«តែ…..លោកក្មួយឥន្ត្រា! ការ….ការចាប់ប្អូនស្រីប៉ូលិសយកទៅកោះ សួរលោកម្ចាស់មួយម៉ាត់សិនទៅបានទេទាន?»

«បញ្ឆេះម៉ាស៊ីនទៅ!​ គ្នាយើងនាំស្រីម្នាក់ហ្នឹងមកដល់ឥឡូវហើយ!»

    ជាមួយបញ្ជាដាច់ណាត់មួយនេះបុរសចំណាស់លែងហ៊ាន​បញ្ចេញយោបល់ឬសួរនាំអ្វីតែម្តង។ គាត់ដឹងអំពីសន្ទុះកំហឹងនៅក្នុងទ្រូងយុវវ័យ ដែលនៅខាងឆ្វេងដៃប្អូនស្រវឹងរបស់គេ ប៉ុន្តែគាត់ដឹងត្រឹមតែពីររឿងប៉ុននោះ គឺឥន្ត្រា​ខឹងនាងដែលបានបោកប្រាស់បេះដូងប្អូនប្រុសគេ ហើយចុងក្រោយធ្វើឱ្យខូចការរបស់ប៉ាគេ បាត់បង់ប្រាក់រាប់សិបលាន ប៉ុន្តែគាត់មិនដឹងទេថា នាងមានរឿងទីបីជាមួយនាយទៀត….នៅឯបន្ទប់ទឹកទៀតក្នុងសណ្ឋាគារ។

ជំពូក

ថ្ងៃទីមួយក្នុងនាម​ចំណាប់ខ្មាំង

ទីបំផុត…នាងបានកំណត់ទីតាំងដឹងហើយ ថាខ្លួនឯងកំពុងស្ថិតនៅក្នុងជ្រុងនៃបន្ទប់មួយ ដែលសែនកខ្វក់ មានក្លិន​ដូចជាត្រូវបានគេបោះបង់ចោលយូរមកហើយ។

ដោយ​ផ្ចង់ស្ដាប់ឮសូរសំឡេងរលកទឹក បញ្ជាក់ថានេះជាឆ្នេរ? កោះ? ភូមិនេសាទ? កន្លែងនេះ​ភ្លឺមិនពិបាកមើលទេ ពេលនាង​បើកភ្នែកដែលស្រវាំងដោយជាតិថ្នាំសណ្តំ ក៏​ឃើញ​សភាពទីតាំងដែលខ្លួនកំពុង​នៅ។

«ដូចជា….គុករបស់ទាហាន?»

ជាមួយនឹងពន្លឺភ្លើងចាំងនៅផ្ទៃខាងក្នុង តែងងឹតស្លុបខាងក្រៅ បានន័យថា គេអាចអង្កេតនាងពីខាងក្រៅមក តែនាង​មើលអ្នកក្រៅពិបាកវិញ។

ជញ្ជាំងឥដ្ឋស្រោបទៅដោយធូលីនិងស្លែកាន់ស្ងួតនៅកន្លែងខ្លះ។

ដ្បិតតែមានកម្រាលឥដ្ឋនិងស្ងួតមិនសើម ប៉ុន្តែទីនេះមិនសមរស់នៅយូរនោះទេ។ ដោយការខ្ពើមរអើម នាង​ខំសម្លឹង​ទាំងសង្ឃឹម​ទៅរក​ទិស​នៅម្ខាងទៀតនៃបន្ទប់ គឺបង្អួចតូច។ ស្រីតូចចង់ស្ទុះជំទើតទៅពិនិត្យមើលសភាពខាងក្រៅ ប៉ុន្តែអន់ចិត្ត​ណាស់ដែលជើងទាំងពីរត្រូវចង ដៃទាំងពីរត្រូវភ្ជាប់ម៉ឺងទៅក្រោយចង្កេះ។

ក្តៅចិត្តណាស់ដែលត្រូវ​មានសភាព​បែបនេះ ក្នុងសម្លៀកបំពាក់ប្រភេទនេះ។

ជាមួយសន្ធឹកខ្យល់ត្រជាក់ មិនដឹងថា​ជាវេលា​ណា​ហើយទេ ដឹងតែថាជា​ពេលយប់។ តើមនុស្សណា ដែលធ្វើអំពើនេះមកលើយើង? ដកហូតទៅសូម្បីតែសិទ្ធិរស់នៅក្នុងនាមជាមនុស្សស្រីម្នាក់ ហើយ​យកនាង​មកទម្លាក់​ចោលយ៉ាងគ្មានធម៌មេត្តា​ឱ្យដេកដួលលើ​ផ្ទៃបន្ទប់ដ៏កខ្វក់នេះ?  សក់នាងប្រឡាក់ ខ្លួនប្រាណរមាស់រកាំ រូបស្បៃសដ៏ប្រណីត​របស់នាងដែលត្រៀមថានឹងចូលរួមនៅក្នុងកម្មវិធីស្រមោសស ក៏ត្រូវប្រឡាក់ដោយអន្លើ រាងកាយ​នៅរងា ​ចំហ​ដើមទ្រូងដែលសង្ស័យនិងបារម្ភខ្វល់​ខ្វាយ​។

ជាមួយអារម្មណ៍ហត់នឿយ ឈឺចាប់ស្ពឹកដោយអន្លើ ព្រោះត្រូវបានមនុស្សមិនស្គាល់មុខ ខ្ទប់មាត់ឱ្យសន្លប់និងបីនាងមកដល់ទីនេះ មិនដឹងដោយមធ្យោបាយណា មិនដឹងថាខ្លួនបាន​មកដល់កន្លែងណា តែនាង​ចាប់អារម្មណ៍​ដឹងថាគ្មាននរណានៅក្បែរៗនេះទេ។

សូម្បីដង្ហើមមួយក៏មិនឮផង ចង់ស្រែកតែមិនដឹងស្រែកថាម៉េច នាងចង់សួរ មិនដឹងសួរអ្នកណាដូចគ្នា។

ការធ្វើជាប្អូនស្រីរបស់មេប៉ូលិសម្នាក់ ថ្ងៃណាមួយនឹងត្រូវគេចាប់ជំរិត ឬអាចថា ថ្ងៃណា​មួយអាចនឹងក្លាយជាចំណាប់ខ្មាំងឬក៏ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ៗ សុទ្ធជារឿងដែលបងប្រុសនាងបានព្រមាន​រួចច្រើនលើក​ហើយ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ នាងមិនដែលមានស្ថានភាពបែបនេះទេ នៅកន្លែងបែបនេះ ក្នុងចំណង​យ៉ាងនេះ ធុំក្លិនឆ្អាបនៃពពួកសារាយសមុទ្រនិងឮតែសូរសព្ទ​សំឡេងគ្រហឹមព្រោះអំណាច​ខ្យល់សមុទ្រ នាង​ពិតជាគ្មាន​មធ្យោយបាយណាមកលួងលោមពង្រឹងខ្លួនឯងនៅឡើយ។

តរុណីខ្សឹបតិចៗ​ប្រាប់ខ្លួនឯងថា៖

« អូខេៗណ៎ា ដកដង្ហើមវែងៗ….ខ្ញុំត្រូវការពេលបន្តិចដើម្បីធ្វើឱ្យការភ័យខ្លាចរបស់ខ្ញុំថយចុះ….វែងៗ ដកដង្ហើមវែងៗ…..កុំខ្លាច»

«ត្រូវហើយមិនបាច់ខ្លាចទេ!»

សំឡេងនេះលាន់ឮស្រាលៗ តែរឹងត្អឹងនិង​ត្រជាក់ស្រេង ដូចត្រូវបានប្រើចេញពីមនុស្ស​យន្តឬពីមនុស្សដែលគ្មានបេះដូងដូច្នេះដែរ។

ពិតណាស់រូបរាងរបស់គេបង្ហាញខ្លួននៅមាត់ទ្វារហើយ។

គេប្រហែលជាឃើញនាងយូរហើយ រង់ចាំឱ្យតែ​នាងកម្រើកគេក៏នឹង​ដើរចូលមក។

ពេលគេ​បោះជំហានចូលមកនាង​មើលឃើញស្បែកជើង កីឡាដ៏ធំមាំរបស់គេ។ ខ្មងជើងលាក់នៅក្នុងខោខូវប៊យរបស់គេ ទោះមើលមិនឃើញប៉ុន្តែមានអារម្មណ៍ថា ការឈរបង់ជំទែងដ៏ជម្លើយមួយនៅចំពោះមុខនេះ បាន​បង្ហាញស្រេចថា មនុស្សប្រុសម្នាក់ដែលនាង​ទើបនឹងប៉ះគ្នានៅសណ្ឋាគារនឹងមិនឱ្យនាងបានដកដង្ហើមវែងៗ ស្រួលបួលដូចការតាំងចិត្តនោះឡើយ។

ជាមួយទឹកមុខភ័យខ្លាច រាងកាយ​នាង​នៅលើឥដ្ឋ ឯគេនៅឈរបង់ជំទែងពីមុខស្រីស្អាត។ នាង​ពិតជាមានភ្នែកទាំងគូក្រឡង់ៗផ្ចង់សម្លឹងគេមិនហ៊ានព្រេច មិនថាមានមនុស្សប្រុសបីបួននាក់ទៀតបង្ហាញខ្លួនពីក្រោយខ្នងគេ។

បេះដូងនាងលោតកាន់តែញាប់ពេលស្គាល់គេ! ដៃនាងជាប់ចំណង​នៅខាងក្រោយខ្នង ចង់ធាក់ថយក៏មិនកើតបានត្រឹមតែងឿងឆ្ងល់ថា ហេតុអីបានជាគេធ្វើបែបនេះមកលើនាង? ដោយសារតែ ការជះទឹកមួយថូចំកណ្ដាលមុខកាលពីនៅក្នុងសណ្ឋាគារនោះមែនឬក៏មិនមែន?

បុរសដែលគ្មានស្នាមញញឹមប៉ុន្តែមានកែវភ្នែកស្រទន់​ ក៏ជាមនុស្សប្រុសដែលមានសំឡេងត្រជាក់ស្រិបស្មើទឹកកក ចាប់ផ្ដើមបង្ហាញនូវអំនួតតាមរយៈពន្លឺភ្នែករបស់គេ។

    ជាបណ្ដើរៗដើម្បីបញ្ចប់នូវការងឿងឆ្ងល់របស់នាង គេនិយាយបន្ថែម៖

«កុំខ្លាច….នូវអ្វីដែលយើងមិនធ្លាប់ស្មានដល់ថានឹងកើតមានឡើង!»

ចរណៃកើតគំនិតតវ៉ាឡើងភ្លាម នាងសួរខ្លួនឯងទាំងមិនពន្លែងភ្នែកចេញពីផ្ទៃមុខគេ «តើស្អីទៅ? គេប្រុងធ្វើស្អីយើង? គេចាប់យើងចងមកដូចសត្វធាតុ ទាំងយើង​ស្លៀកពាក់ចំហ​បែបនេះ គ្មានអ្វីរុំ ជាមួយអាវចោមពុងខ្លីកំប៉ិត ប្រលាក់ស្រម៉កដួលដេកនៅនឹងដី រូបភាពយើងជាអ្វីទៅនៅក្នុងកែវភ្នែកមនុស្សចោលម្សៀតអស់នេះ? យ៉ាងហោចណាស់ក៏គេគួរតែដឹងថា យើងជាមនុស្សស្រីម្នាក់ យើងមានសេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង។

កែវព្យាយាមបត់ជើងដែលត្រូវបានចងភ្ជាប់គ្នា ដើម្បីបិទបាំងកុំឱ្យសំពត់រើចេញ​ពីកំភួនជើង ឈានដល់គល់ភ្លៅបង្ហាញនូវរូបរាងអាសអាភាស​ចំពោះមុខកែវភ្នែកមនុស្សចម្លែកទាំងនេះ ប៉ុន្តែបេះដូងស្រីពោរពេញទៅដោយកំហឹងនិងការមិនសុខចិត្ត។

«ឯងចាប់យើងមកកន្លែងនេះអាមនុស្សពាល!»

នាង​ជេរឮៗធ្វើឱ្យ​កងកម្លាំង​ពីក្រោយខ្នងនាយ​សឹងមិនហ៊ាន​ស្តាប់ ឬធ្វើជាឮសោះឡើយ។ មនុស្ស​ឥន្ត្រាឯណាធ្លាប់ស្តាប់គេជេរបែបនេះ?

    សម្តីនាង​ពីមុនដែលនិយាយមកកាន់គេថា«មនុស្សព្រៃ» មួយលើកទៀតនេះដូរមកជា«មនុស្សពាល» ដ្បិតតែមិនធ្វើឱ្យបុរសនេះលេចចេញ​សំណើច ព្រោះគេប្រហែលជាភ្លេចសើចតាំងពីទសវត្សរ៍ឆ្នាំហុកសិបមកនៅក្នុងកែវភ្នែកមនុស្សគ្រប់គ្នា ប៉ុន្តែសម្រាប់នាងមនុស្ស​គេនេះទោះប្រឹងសើចទៀត​ក៏នៅតែជាបិសាចដដែល។

«លែងយើង!»

    គេញាក់ចិញ្ចើមមួយចំហៀងឡើងលើ ដូចជាស្តាប់មិនឮពាក្យញ័រៗពីរម៉ាត់របស់នាង​។ 

«ឯងឮខ្ញុំនិយាយទ? ខ្ញុំឱ្យឯងលែងខ្ញុំ ស្រាយចំណង​ខ្ញុំ! ឯងគ្មានសិទ្ធិចាប់ចងខ្ញុំព្រោះតែខឹងនឹងទឹកមួយថូដែលខ្ញុំជះកណ្តាលមុខឯងនោះទេ!​ ព្រោះឯងជាអ្នកខុស!»

កងការពារងាកមើលមុខគ្នា។ «ឯង»ជាពាក្យ​ដាច់សាច់ ក៏ជាពាក្យដែលឥន្ត្រាមិនដែលឮជាយូរមកហើយក្រោយការរស់នៅធំដឹងក្ដីលើកោះនេះ។ ពាក្យនេះ សម្រាប់គេ​គឺ​អសុរោះស្មើនឹងពាក្យ      «មនុស្សព្រៃ»ឬក៏«មនុស្សពាល» ដែលនាងបានជូនជាជំនូន​ជួបមុខ​ដល់គេ​ដូច្នោះដែរ។

ពេលនេះគឺលើកចិញ្ចើមរង់ចាំស្តាប់​ ព្រោះគេហួសចិត្ត ដែលនាងបានលាតត្រដាងនូវរឿងអាម៉ាស់ គេមិនដែលប្រាប់អ្នកណាថានាង​បាន​ជះទឹកចំកណ្ដាលមុខគេឡើយ។

    ដូចគេស្មាន មនុស្សដែលក្រោយខ្នងទាំងប៉ុន្មាន ដែលបានឮហេតុការណ៍នេះ សន្និដ្ឋានបានថា​រឿងរ៉ាវរវាងនាង​និងគេ ​ទំនង​ជា​កើតឡើងនៅក្នុងសណ្ឋាគារដដែលមួយនោះ បាន​ជាចៅហ្វាយឥន្ត្រារបស់គេ​ដឹងច្បាស់ថា នាងនៅក្នុងបរិវេណ​នោះនៅឡើយ។

«ដឹងថាធ្វើអ៊ីចឹង នាំទុក្ខដល់ខ្លួនទេ? ចាប់ខ្ញុំមកកន្លែងឯងធ្វើអី?»

    គេរបូត​ស្នាមញញឹមដំបូងមួយ ដែល​ទើបតែត្រូវបានបង្ហាញចេញមក។   វាមិនបានធ្វើឱ្យគេ​ស្រស់​សង្ហា ​ប៉ុន្តែវាធ្វើឱ្យនាង​ទទួល​អារម្មណ៍ពី​ភាពអំនួតពើងទ្រូង​ក្នុងស្នាមសើចគ្មានសំឡេងនោះ។

ទោះបីជាបុរសនេះមិនទាន់ហារនិយាយស្តីបន្ថែម ក៏ឫកពាគេ​បាន​បញ្ជាក់ស្រេចថា នាងមិនអាចចេញពីទីនេះមិនរួចផង កុំថាឡើយយកពាក្យណាមួយមកគំរាមកំហែងមនុស្សដូចគេ​នេះបាន។

អស់គំនិតនឹងសម្លុតជនពាល នាងចាប់ផ្ដើមពិនិត្យសម្លឹងជុំវិញខ្លួននិងមនុស្ស​នៅក្រោយខ្នង​គេទាំងអស់។ ម្នាក់ៗត្រូវបាននាងសម្គាល់ឃើញថា មានទឹកមុខ«មិនហ៊ាន»សូម្បីនឹង​ដកដង្ហើមឱ្យឮ​ផង​។

គ្រានេះស្រីចាប់ផ្ដើមរកមធ្យោបាយថ្មី។ ទោះណា​ជាមនុស្សប្រុសម្នាក់នេះមានចិត្តកំណាច ធ្វើអី្វមិនត្រឹមត្រូវ តែមិនបានន័យថា​គ្រប់គ្នាមានចិត្ត​ដូចគេទេ។

«ទាំងអស់គ្នា​ឃើញហើយ​មនុស្ស​កម្រោលនេះចាប់ខ្ញុំមកទាំងមិនមានទោស! គេមានសិទ្ធិអីធ្វើអ៊ីចឹង ឆាប់ដោះលែងខ្ញុំទៅ! ខ្ញុំមិនបានធ្វើអីអ្នកទាំងអស់គ្នាទេ! ខ្ញុំមិនបានធ្វើអីខុសនោះទេ! លែងខ្ញុំ! ចងដៃចងជើងខ្ញុំដូចជាសត្វ សមដែរទេ? ចុះបើគេធ្វើមកលើប្អូនស្រីខ្លួន!»

គ្មាននរណាម្នាក់តបតនឹងនាង​ទេខណៈ ស្រី​ត្រូវតែបែរត្រលប់មកវិញជាបន្ទាន់ ពីព្រោះបុរសនៅនឹង​មុខនាង​ម្នាក់នេះ គេខ្លាចនាងពិបាកអង្គុយងើយសម្លឹងគេ បានជាខ្លួន​គេអង្គុយចុះសន្សឹមៗមក។

ក្បាលជង្គង់ដ៏វែងស្រួចរបស់គេផ្ដើមលយមកសឹងប៉ះនឹងចង្ការបស់នាងទៅហើយ។ កែវភ្នែករបស់គេស្រទន់ ប៉ុន្តែជ្រៅក្នុងជម្រៅមួយធ្វើឱ្យអ្នកដែលត្រូវ​គេសម្លឹងនោះចាំបាច់មានអារម្មណ៍ភ័យខ្លាច​។

ទោះបីជានាងរឹងមាំប៉ុនណា ប៉ុន្តែនាងមានអារម្មណ៍ថាស៊យណាស់ដែលត្រូវមកមានរឿងជាមួយបិសាចដូចគេនេះ។

បុរសនេះ គេប្រើដៃឆ្វេង។ ដៃឆ្វេងរបស់គេចាប់ក្តាប់លើចង្ការលោងនៃស្រីល្អ ហើយទាញតម្រង់យ៉ាងរឹងមាំដូចជាដង្កាប់ ​ឱ្យនាងប្រឈម​មើលមុខគេងាកទៅណាមិនបាន។

ស្រីឈឺណាស់ ជាពិសេសឈឺចិត្ត​ដែល​កម្រើកងាកចេញមិនបាន។

«មិនត្រឹមរស់នៅដូចសត្វទេ អាចរស់នៅក្នុងសភាពជាសត្វបម្រើ! ជាទាសករ…..!»

គេនិយាយធ្វើហី តែនាង​ពុះកញ្ជ្រោលខឹង។ នាង​សម្លឹងគេទាំងចាប់ផ្តើមរលើបគ្រាប់ភ្នែកទាំងសងខាងដោយកំហឹង។

សំឡេងបុរសនេះលាន់មកទៀត តទល់តបឆ្លើយនឹងការសម្លឹង​ហួសចិត្ត​របស់ខាងស្រី។

«ខ្លួនត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំចង់ឱ្យធ្វើ! ឮ? គឺធ្វើគ្រប់យ៉ាងដែលមិនដែលស្រមៃថាខ្លួនឯងអាចធ្វើបាន!»

ទឹកភ្នែកនាង​ហូរមកមួយតំណក់ខ្វាច ដែលធ្វើឱ្យចិត្ត​ជននេះ​មោទនភាព​នឹងលទ្ធផល​នៃការធ្វើឱ្យនាងឈឺចាប់បាន។

ខឹងបំផុត​មិនអាចជូតទឹកភ្នែកនេះបាន​ព្រោះ ហេតុថានាងមិនចង់ឱ្យជន​នេះឃើញនាងក្នុងសភាព​ទន់ខ្សោយទេ។

«ស្គាល់ពាក្យសត្វដែលទើបតែនិយាយនេះអត់? អ្ហះ? វាមិនទាន់ចាប់ផ្តើមនៅឡើយទេ ជិន-ចន្ទ-នី-យ៉ា!»

គេហៅឈ្មោះនាងម្តងមួយពាក្យៗ…..ទម្រាំតែចប់។

គេហៅនាង​ធ្វើឱ្យស្រីត្រូវ​ព្រេចភ្នែកដែលផ្សាព្រោះរកាំនឹងជលនេត្រ។ កែវល្អសម្លឹងបុរសនេះទាំងឆ្ងល់ថា ហេតុអ្វី​គេស្គាល់ឈ្មោះពេញរបស់នាងបាន?

«អ៎…ឬមួយភណ្ណរ៉ា? Nova? សក្កណា? ស្រអែម?»