ប្រលោមលោកថ្មីសន្លាងមួយ របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលទើបតែចេញផ្សាយកាលពីសប្ដាហ៍មុនបាននឹងកំពុងតែទទួលបានការពេញនិយម គឺរឿង«ស្រឡាញ់បងជ្រៅជាងសមុទ្រ»ចេញផ្សាយភាគទីបីស្អែកត្រង់ឆាកតួប្រុសឱ្យខាងស្រីនូវឱកាសរត់បីដង។
នៅក្នុងភាគទីមួយនិងភាគទីពីរដែលផ្សាយចេញកាលពីសប្តាហ៍មុន អ្នកនិពន្ធរំលេចចេញតួអង្គចំនួនពីររូបតែប៉ុននោះ គឺតួអង្គស្រីដែលមានឈ្មោះថា ជិន ចន្ទនីយ៉ា និងតួអង្គប្រុសដែលមានឈ្មោះថា ឥន្ត្រា ដែលអ្នកទាំងពីរ ម្នាក់ជាកូនប្រុសរបស់អ្នករកស៊ីដ៏ធំនិងមានឈ្មោះល្បីនៅដែនសមុទ្រ និងម្នាក់ទៀតគឺជា ប្អូនស្រីរបស់ប៉ូលិសជេន ដែលជាតួអង្គដ៏សំខាន់នៅក្នុងរឿងបេះដូងមេគង្គ។
នៅក្នុងការជួបគ្នាលើកដំបូងនាសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ការយល់ច្រឡំមួយរួមជាមួយឧប្បត្តិហេតុប៉ះទង្គិច ដែលតួប្រុស ត្រូវតក់ក្រហល់ស្វែងរកប្អូនប្រុសគេ រហូតដល់ច្រឡំរបើកទ្វារបន្ទប់ទឹកស្រី ចំពេលដែលខាងតួស្រីកំពុងផ្លាស់ខោអាវ ធ្វើឲ្យតួប្រុសត្រូវខាងស្រីប្រដេញតាម ជះទឹកស្អុយមួយថូផ្កាព្រមាន។
«ឈប់! អ្ហេ៎ ឮឱ្យឈប់?» គឺហៅយ៉ាងទ្រគោះ ព្រោះនាងខឹង។
ដែលកាន់តែអស្ចារ្យបំផុត គឺនៅលើដៃនាងមានថូផ្កាមកតាមមួយផងទាស់ត្រង់គ្មានផ្កាទេ មានតែទឹកកន្លះថូគ្រីស្តាល់…..
រាងកាយមនុស្សប្រុសនៅទ្រឹងភាន់ ព្រោះឃើញស្រីឱបអាវរ៉ូបស្បៃសត្រឹមទ្រូងហើយរត់ប្រដេញមក បានជាគេមិនឈានទៅណា ស្រាប់តែនេះជាឱកាសឱ្យនាងប្រើដៃតែម្ខាងដែលនៅសល់លើកថូគ្រីស្តាល់ជះមកចំកណ្តាលមុខរកគេចទៅណាមិនរួច…..
«សុំទោស មួយម៉ាត់ក៏មិនចេះនិយាយ! មនុស្សព្រៃ!»
នាងថាឱ្យខ្លាំងៗទាំងខាំមាត់ធ្វើមុខកាចមុតៗ សម្លឹងភ្លឺផ្លេកៗទៅកាន់មនុស្សប្រុសដែលកំពុងលើកកំភួនដៃស្តាំមកជូតមុខសន្សឹមៗ។
ដៃគេទម្លាក់ចុះមកបញ្ចេញនូវវង់ភក្ត្រកាចៗសម្លឹងនាងមុតៗវិញ។ កូនប្រុសច្បងរបស់មហាសេដ្ឋីដីកោះ គេធ្លាប់និយាយសុំទោសអ្នកណាទៅ? សូម្បីតែទៅរៀនក៏គេមិនដែលទៅផង គេចេះគួរសមពីណាមក? សូម្បីស្រឡាញ់ស្រីក៏ពាក្យនេះគេមិនដឹងមានន័យអ្វីឡើយ តើគេចេះផ្អែមល្ហែមជាសុភាពបុរសម្ដេចបាន?
នេះក៏ជាហេតុការណ៍ដែលធ្វើឲ្យសាច់រឿងទំនាស់មិនចេះចប់រវាងពួកគេត្រូវបានកើតមានឡើង។ ចរិតលក្ខណៈតួប្រុសត្រូវបានហ្វេនក្លិបស្រឡាញ់ជាប់ចិត្តជាខ្លាំងតាំងពីប៉ុន្មានទំព័រដំបូង ហើយសមាជិកហ្វេនក្លិបម្នាក់ បាននិយាយប្រាប់ក្រុមការងាររបស់យើងថា គេជាមនុស្សមិនងាយមាត់មិនងាយក! ជាមនុស្សប្រុសដែលមានចរិតកាច ហើយមិនចងគំនុំប៉ុន្ដែធ្វើសកម្មភាពភ្លាមៗដើម្បីប្រឆាំងទៅនឹងអ្នកណាដែលហ៊ានអុកឡុករបររកស៊ីគ្រួសារគេ!។
ពេលនេះ យើងអាចអានប្រលោមលោករឿង ស្រឡាញ់បងជ្រៅជាងសមុទ្របីភាគមិនគិតថ្លៃ ដោយពេលនេះ ភាគទីពីរត្រូវបានបញ្ចប់ ត្រឹមឆាកដែលតួស្រីជាប់ក្នុងដៃតួប្រុសដែលបានចាប់នាងបញ្ជូនដោយឧទ្ធម្ភាគចក្រមកកាន់ដែនកោះ។ តួស្រីនាង ជិន ចន្ទនីយ៉ា ត្រូវបានខាងប្រុសចោទប្រកាន់លើបទចំនួនបី គឺការប្រដេញតាមជះទឹកកណ្តាលមុខគេ ទីពីរនាងបានចូលខ្លួនមកនៅក្បែរប្អូនប្រុសគេដើម្បីយកការណ៍ និងចុងក្រោយសមាសភាពនាងជាប្អូនស្រីប៉ូលីសដែលមានឈ្មោះក្លែងបន្លំច្រើន។
អ្នកអាននៅបន្តចង់ដឹងថា តើបងប្អូនស្រីរបស់ប៉ូលិស អាចចាកចេញពីសំបុករបស់មនុស្សដែលបាតដៃប្រឡាក់ទៅដោយឧក្រិដ្ឋកម្មទាំងនេះបានដែរឬក៏មិនបាន ចូលអានទាំងអស់គ្នាភាគទីបីដែលនឹងចេញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើ MEYSANSOTHEARY.COM ។
គួររំឭកផងដែរថា ប្រលោមលោកថ្មី រឿង ស្រឡាញ់បងជ្រៅជាងសមុទ្រនេះ គឺជាសាច់រឿងដែលនិពន្ធផ្ទាល់ដោយអ្នកនិពន្ធឡើងដោយអ្នកស្រី ម៉ីសនសុធារី ។ ចុះឈ្មោះឥឡូវនេះដើម្បីចូលអានសាច់រឿងដ៏ល្អៗជាច្រើនរបស់អ្នកនិពន្ធខ្មែរនិងបរទេស។