ប្រលោមលោកមួយ ដែលអូសក្រឡាចេញផ្សាយយ៉ាងយូរ នៅវេបសាយ meysansotheary.com និងជាប្រលោមលោក ដែលត្រូវបានទទួលការពេញនិយម ស្ថិតនៅលើកំពូលតារាងនៃការចូលអានច្រើនបំផុតដល់ទៅប្រាំមួយខែជាប់គ្នា (សាច់រឿងលេខមួយបីខែ បីខែដូចគ្នានៅក្នុងនាមសាច់រឿងលេខពីរ )ពេលនេះបានប្រកាសបញ្ចប់សាច់រឿងជាផ្លូវការនៅសប្ដាហ៍ក្រោយហើយ។
ប្រលោមលោកដំបូងមួយ របស់ក្រុមសាមូរ៉ៃ ដែលជាក្រុមអ្នកនិពន្ធវ័យក្មេងក្រោមការដឹកនាំផ្ទាល់របស់ អ្នកនិពន្ធ ម៉ីសនសុធារី បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា សាច់រឿងរៀបការសងគំនុំ ដែលកំពុងចេញផ្សាយត្រឹមភាគទីហាសិបប្រាំបីនៅយប់ថ្ងៃពុធនេះ គ្រោងថានឹងចេញភាគបញ្ចប់នៅសប្ដាហ៍ក្រោយ។
ដោយសារសាច់រឿងនេះ គឺជាប្រភេទសាច់រឿងដប់ប្រាំបីបូក ដែលមានតែអ្នកគ្រប់អាយុដប់ប្រាំបី និងបានរីចុះឈ្មោះទើបអាចចូលអានបានដូច្នេះ រឿងនេះបានទម្លាក់ពីកំពូលតារាងនៅក្រោយពេលដែលមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមការងារសម្រាប់សមាសភាពអ្នកចូលអាន។
ប៉ុន្តែ តាមប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់ក្រុមសាមូរ៉ៃផ្ទាល់ គេបានអះអាងថា នឹងមានការបោះពុម្ពចេញជាសៀវភៅ ហើយអ្នកអាននិងអាចយកតួប្រុសនិងតួស្រីទៅឱបថ្នមទុកជាអនុស្សាវរីយ៍ បានផងដែរ តាមរយៈសៀវភៅមួយក្បាលនោះ។
មិនដឹងថាតើសៀវភៅរឿង រៀបការសងគំនុំ នឹងត្រូវបោះពុម្ពជាប៉ុន្មានច្បាប់នៅឡើយ ដោយសារ រឿងប្រលោមលោកមួយនេះ មានសាច់រឿងវែងប្រមាណជាជាងប្រាំមួយរយទំព័រA4។
យ៉ារ៉ា