របៀបអ្នកនិពន្ធ​​បង្កើតចំណុច​ស្រពេចស្រពិល/សង្ស័យ ឬហៅថា«សំណេរទាញ​​អារម្មណ៍»

សកម្មភាពបង្កើតរូបភាព​ស្រពេចស្រពិល ឬបណ្តាលចិត្តអ្នកអា​ន​ឱ្យសង្ស័យ គឺជាអក្សរសាស្ត្រដែលប្រើមកពិពណ៌នាផ្នែកសំខាន់ៗនៃខ្សែរឿងគ្រប់​ប្រភេទ មិនថា​​​ពី​ប្រលោមលោក​ទៅ​ស្គ្រីប​ទូរទស្សន៍ ឬកុនខ្នាតធំ ចំណែក​បំណងធំមួយក្នុងនេះ គឺទាញ​​អារម្មណ៍​ទស្សនិកជនឱ្យស្លុង​​ចូលរួមជាមួយ​ចលនា​រឿង។

ស្វែងយល់ពីរបៀបដែលអ្នកនិពន្ធអាច​បង្កើតឡើងនូវសកម្មភាពតួអង្គ​ដ៏ទាក់ទាញឱ្យអ្នកអាន​ចង់​ចូលទៅដោះស្រាយបញ្ហា​សប្បាយឬខឹងសម្បាជាមួយ​៖

ដំបូង​យើងត្រូវដឹងពី​និយមន័យថា អ្វីទៅជា«ការទាញ​​អារម្មណ៍» នៅក្នុងអក្សរសិល្ប៍។

និយមន័យជាមូលដ្ឋានគឺ អ្វីក៏ដោយ​នៅក្នុងផ្ទៃរឿងរបស់យើង​ដែលអាចបង្កើតអារម្មណ៍រំភើបបំផុតបាន។ ពេលអ្នកនិពន្ធកំពុងប្រើរចនាសម្ព័ន្ធគ្រោងធាតុធំទាំងប្រាំ ដូចជា​ រចនាសម្ព័ន្ធរឿង គ្រោងសកម្មភាព ចំណុចប្រទាក់ ទំនាស់ និងហេតុផល  ការទាញអារម្មណ៍​ត្រូវគិតជាអាទិភាព​ ទុកជាធាតុធំមួយទៀតនៅសិល្បវិធី​នៃការនិទាន។

ក្នុងន័យនេះ សិល្បៈទាក់ទាញ​អារម្មណ៍​ អាចចាប់ផ្តើមដោយឧប្បត្តិហេតុញុះញង់បង្កើតការចង់ដឹងចង់ឮថែមជានិច្ច​​ ចង់ចូលរួមព្យាករណ៍ពីសំណាក់អ្នកអាន ចង់ជួយតួអង្គដោះស្រាយ និង​​បង្កើន​ការ​ប៉ះទង្គិចជាប្រស្នាធំឡើងៗ​ រំភើបខ្លះ ខកចិត្ត​ខ្លះ ​និងធូរស្រាលខ្លះ ​តឹងតែងខ្លះ។

ចំណុចកំពូលនៃរឿង​ដែលកំណត់ថា​ចុងបញ្ចប់នៃការទាញអារម្មណ៍​នៃផ្ទៃរឿងទាំងមូល​គប្បីតែធំនិងខ្លាំង ថ្មី​ប្លែកជាង​ចំណុចទាញ​អារម្មណ៍មុនៗខ្លះគេហៅថា«ឆាកធំ»។

មុខងារនៃសំណេរ​ទាញអារម្មណ៍

វិធីសាស្ត្រនៃការ​បង្កើតភាពតានតឹងឬស្ទាក់ស្ទើរ នឹងអនុញ្ញាតឱ្យទស្សនិកជនស្គាល់តួអង្គសំខាន់ៗកាន់តែច្បាស់បន្តិចម្តងៗឡើង យើង​នឹង​ឃើញ​តួអង្គយើង​​ធ្វើ​ការ​សម្រេច​ចិត្តយ៉ាង​​ពិបាក មាន​​កំហុសដែលធ្វើទស្សនិកជនទើសចិត្ត ឬធ្វើបាន​ល្អហួស​ញ៉ាំង​ឱ្យទស្សនិកជនមានមោទនភាព។ ការណ៍នេះ​នឹង​​ជួយ​អ្នកអានឱ្យស្លុង ចង់តែចូលទៅប្រ​ទាក់ដោះស្រាយជាមួយ​នឹងតួអង្គ​ ឬទុកខ្លួនឯងថា ជាតួអង្គម្នាក់នោះ។

ប្រវត្តិនៃសិល្បៈទាញអារម្មណ៍ក្នុងនិទានកថា របស់ខ្ញុំ

នៅឆ្នាំ២០១៤ ​ខ្ញុំបានសរសេរប្រលោមលោក សំណុំឯកសារZ22 ដែលបានរាយនូវចំណុចទាញអារម្មណ៍ជាច្រើន រចនា​ឡើងដោយ​ប្រុងប្រយ័ត្ននិងយកចិត្ត​ទុកដាក់ខ្លាំងជាងស្ទូឌីយោលេខ៧

ខ្ញុំបានបង្កើតដ្យាក្រាមសម្រាប់គ្រោង រឿងសុភាប្រុសមួយនេះ ​ជាទម្រង់ជាពីរ៉ាមីត ដែល​ខ្ញុំបាន​ រួមបញ្ចូលធាតុចំនួនប្រាំពីរ ដោយ​មាន​មួយ​ក្នុងចំណោមនោះ គឺជាសកម្មភាពអាចបង្កើន​ការទាញអារម្មណ៍ខ្លាំងឡើងៗក្នុងភាគរយលើសពីវគ្គមុនៗជាលំដាប់ ដូចជា ខ្ញុំបញ្ចេញ​តួអង្គ​ណិចអ្នកបញ្ចូលបទភ្លេងដែលត្រូវធ្វើឃាត ក្រោយមកប្អូនធម៌គេ និងរឿងមុនគេស្លាប់ ក្រោយមកទៀត​តួអង្គ​ សិក្ខា​ដែលមានគ្រាប់ខ្សាច់ជាប់ក្នុងស្បែកជើងតែបានបដិសេធថា មិនបានទៅកំពង់សោមក្នុងយប់កើតហេតុ។ល។

នៅក្នុងរឿង«ស្រលាញ់​បងជ្រៅជាងសមុទ្រ» ខ្ញុំបានបញ្ចេញ​ចរិតលក្ខណៈតួអង្គម្នាក់ៗដោយសន្សឹមៗ ធ្វើឱ្យការយល់ចិត្ត​និងជាប់ចិត្ត​ចេះតែកើនឡើង ពីសកម្មភាព​មួយទៅសកម្មភាពមួយ ។ ​ចំណែកអ្នកអានវិញ​ដែល​​បានទុកថាខ្លួនគាត់ស្គាល់ចិត្ត​តួតាំងពីភាគទីមួយ ​តែក្រោយៗមកគាត់កាន់តែយល់ឡើងថា មានការពិតច្រើនទៀត ​ដែលតួអង្គនៅមិនទាន់លាតត្រដាង។ គ្រប់ចំណុចប្រទាក់នៃការលាតត្រដាងត្រូវតែមានហេតុផលសមរម្យ ល្មមទទួលយកបាន។ ទាំងនេះជាធ្នាក់ទាញអារម្មណ៍ក្នុងនិទានកថាដែលគ្រប់វគ្គ​ត្រូវតែរចនាឡើង ផ្គូរផ្គង និងយកចិត្ត​ទុកដាក់។

ជួបគ្នា​នៅមេរៀនលើកក្រោយ ការអ្នកនិពន្ធរឿងបែបឧក្រិដ្ឋកម្ម!