ជាការល្អ ក្នុងការធ្វើឱ្យទស្សនិកជនមានការ ភ្ញាក់ផ្អើល ប៉ុន្តែអ្នកនិពន្ធរមែងតែត្រូវការបង្កើតឈុតឆាកស្ទាបស្ទង់សិន មុននឹងបន្លាចឱ្យដល់ទីជម្រៅនៃអារម្មណ៍ដែលមនុស្សធម្មតាអាចគ្រប់គ្រងបាន។
ដើម្បីឱ្យអ្នកអានអាចចាប់អារម្មណ៍លើរឿងប្រភេទរន្ធត់ទាំងមូលបាន ហើយ ពិតជាជ្រមុជចូលទៅក្នុងភាពស្មុគស្មាញនៃអារម្មណ៍ដែលយើងប្រើតួអង្គបំពក់ យើងត្រូវការសិល្ប៍វិធីសរសេរមានបច្ចេកទេសត្រឹមត្រូវដែរ។
ធម្មតាទេពាក្យថា អានរឿងរន្ធត់គឺតោងត្រូវប្រឈមមុខនឹងការភ័យខ្លាច ។ ហើយប្រសិនបើតួឯកអាចធ្វើជាអ្នកនាំមុខល្អបាន អ្នកអាន និងអ្នកនិពន្ធគឺដើរទៅជាមួយគ្នា។ ដូច្នេះ ចូរមានគំនិតច្នៃប្រឌិត ឡើងនូវតួអង្គ ឬស្ថានភាព ឬសត្វ ឬអ្វីក្តី ដែលយើងមិនធ្លាប់បានឃើញពីមុនមក ប៉ុន្តែកុំបាត់បង់តួអង្គមនុស្សជាតិដែលជាស្នូលនៃដំណោះស្រាយរឿងបានន័យថាគេនឹងប្រឈមលើអ្វីមិនដែលជឿ មិនដែលឃើញដោយភ្នែកពីមុនមក ធ្វើឱ្យមានអារម្មណ៍លើសពីការភ័យខ្លាច តែត្រូវយកចិត្តទុកដាក់ពុំនោះទេនឹងមានគ្រោះថ្នាក់។ សំណួរដែលគេសួរញឹកញាប់អំពីចចំណុចនេះ គឺ How? ការសរសេររឿងភ័យរន្ធត់ខ្លាំង ចាប់ផ្តើមរឿងភ័យរន្ធត់ដោយរបៀបណា?
គន្លឹះក្នុងការចាប់ផ្តើមរឿងភ័យរន្ធត់ដ៏ជោគជ័យគឺបង្កើតអារម្មណ៍ភ័យខ្លាចទៅឱ្យ អ្នកអានតាំងពីសមណេរឃ្លាដំបូងៗ ឧទាហរណ៍ «វាជាអារម្មណ៍ ដ៏អាថ៌កំបាំងរបស់ខ្ញុំដែលបានកើតឡើងរយៈពេលពីរបីថ្ងៃកន្លងមកហើយមុនពេលយើងរើមកនៅផ្ទះចាស់កេរលោកយាយខ្ញុំនៅខេត្តកំពង់ធំ។
ខ្ញុំ »«បងឯងមិនព្រមស្ដាប់ខ្ញុំសោះ!យើងជួលអោយគេយកលុយវិញទៅ ផ្ទះធំណាស់ហើយចាស់ទៀត!» អានក្នុងរឿង គាថាបុរាណ ។ ពីរឃ្លានេះអាចនាំអ្នកអានទៅឃើញទីនោះ និងទទួលអារម្មណ៍អំពីផ្ទះនោះស្រេចទៅហើយ។ អ្នកនិពន្ធអាចទាញអារម្មណ៍ដោយបង្កើតបរិយាកាស គួរឱ្យសង្ស័យតាំងពីដំបូង ជាជាងអធិប្បាយវែងអន្លាយរៀបចំណែងណងយូរយារព្រោះអ្នកអាននឹងទុកសៀវភៅចោល។ យើងមិនចង់ឱ្យគេអានរំលងទេមែនដែរទេ? អ្នកនិពន្ធល្អ គ្មានឃ្លាមួយ ដែលថាមិនសំខាន់នោះឡើយ មិនថាឃ្លាសន្ទនា ឬការរៀបចំឈុតឆាក ណែនាំតួអង្គ និងផ្តល់ឱ្យអ្នកអាននូវអារម្មណ៍នៃអ្វីទៅដែលហាក់មានបញ្ហាឬជាមេបញ្ហា។
បន្ទាប់មកក៏ដល់ពេលដែលនិទានកឋាត្រូវដំឡើងកម្រិតប្រស្នា។ បន្ថែមព័ត៌មាន តិចៗ ឈានទៅលម្អិតដែលធ្វើឱ្យស្ថានភាពកាន់តែគួរឱ្យភ័យខ្លាច។ ត្រូវប្រាកដថា យើងមានព័ត៌មានថ្មីបន្ថែមជានិច្ច រក្សាភាពតានតឹងឱ្យខ្ពស់ពេញមួយរឿង ដើម្បីឱ្យអ្នកអានតែងតែនៅអន្ទៈសាររង់ចាំមើលថានឹងមានអ្វីកើតឡើងបន្ទាប់ទៀត។ ឧទាហរណ៍ «អញ យកសក់អាស្នាសូត្រ!»
«អូ? ឯងមានសក់វា? គ្រប់ទេ?!»
«កុំភ័យ! កាលវានៅសក់វាជ្រុះទាំងប៉ុន្មាន អញរើសទុកទាំងអស់! ឯកឧត្ដមអាយុ ៥៥ អញប្រហែលមានគ្រប់៥៥សរសៃ។ ឯកឧត្ដមនោះច្បាស់ជាពេញចិត្ត ហើយនាំម៉ូយមើមៗមកច្រើនទៀត! យើងនឹងបានរង្វាន់ច្រើនទៀត!»
ខ្ញុំលូកដៃស្ទាបសក់ខ្លួនឯងដោយមិនដឹងខ្លួន។
«គេពិតជាអាចយកសក់អាស្នាមកសូត្រដើម្បីឲ្យឯកឧត្ដមនោះដុះសក់បានមកវិញមែន?»
ជាមួយនឹងគន្លឹះទាំងនេះ យើងអាចថា ត្រៀមបានស្រេចបាច់ហើយ ក្នុងការសរសេររឿងភ័យរន្ធត់ដែលនឹងធ្វើឱ្យអ្នកអាននៅដាច់យប់ជាមួយយើង។ ធាតុសំខាន់ៗរួមមាន៖
១ បំភ័យអ្នកអាន
តាមរយៈ សេចក្តីស្លាប់ ការព្រមាន ការបាត់បង់ប ណ្តាសានិងអបិយជំនឿ។ល។ ធាតុទាំងនេះត្រូវបានអ្នកនិពន្ធមុនៗ គេនិយមប្រើដើម្បីបង្កើតបរិយាកាសនៃភាពភ័យរន្ធត់ និងអារម្មណ៍ភ័យរន្ធត់។ ឧទាហរណ៍ មិនទាន់អីផង សត្វឆ្កែមួយរត់ឆ្វាចពីក្រោយខ្នងខ្ញុំ។ ខ្ញុំងាកទៅដោយអរថា មានឆ្កែច្បាស់ជាមានមនុស្សនៅក្បែរៗនេះ? តែដោយឆ្កែមានភ្នែកហាក់ថ្លាមុតព្រមទំាងសម្លឹងមើលមកខ្ញុំយ៉ាងចម្លែក ចិត្តខ្ញុំរំជួលសារជាថ្មី។ ខ្ញុំបោះបង់ចោលគំនិតស្វែងរកម្ចាស់សំយ៉ាបនេះ ហើយដើរធ្វើហីមួយៗទៅរកអាគារស្នាក់វិញ ស្រាប់តែ វាលូមករ៉ាវតាមពីក្រោយខ្នង។ ចិត្តភ័យខ្លាចរបស់ខ្ញុំបានកម្រើកភ្ញាក់ឡើងមកវិញ។ យ៉ាងហោចណាស់ខ្ញុំគិតថា ឆ្កែលូ ជាប្រផ្នូលមិនល្អទេ ពិសេសកណ្តាលយប់ស្ងាត់ ហេតុអ្វីវាសម្លឹងខ្ញុំហើយលូ? ខ្ញុំបានដើរប្រមូលចិត្តកាយប្រឹងត្រដាបតរដួស ហើយចុងក្រោយបិទភ្នែកសូត្រធម៌ទំាងដើរតែម្តង។ដោយសារតែការបិទភ្នែកនោះហើយ បានជាខ្ញុំដើរបុកមនុស្ស….
អានបន្តក្នុងរឿង បណ្តសារាត្រីរនោច
២ ធ្វើឱ្យសង្ស័យ
តាមរយៈព័ត៌មានថ្មីដែលបន្ថែមភាពតានតឹង រក្សាអ្នកអានឱ្យនៅ តក់ស្លុត និងច្របូកច្របល់គិតមិនយល់ពីការពិត ហើយគេចង់ដឹងខ្លាំងឡើងៗ។ ឧទាហរណ៍ ជំនឿអរូបីត្រូវបានប្រើដើម្បីបង្កើតអារម្មណ៍នៃភាពមិនអស់ចិត្ត និងភាពភ័យរន្ធត់។ ធាតុទាំងនេះ មានសារៈសំខាន់សម្រាប់កាបង្កើតរឿងភ័យរន្ធត់ដែលទទួលបានជោគជ័យជាច្រើនរួចមកហើយ ឧទាហរណ៍ «វិញ្ញាណនោះប្រហែលជាចង់សម្លាប់អ្នកនិពន្ធមកពីភ្នំពេញមិនមែនអាឆោមទេ តែមកពីប្តីឯងលួចយកអាវគេពាក់បានរងជំនួសគេទៅ! អានេះ ម្នាក់សេងនៅខាងលិចផ្សារគេជួបគ្រូបញ្ជាប់អារក្សអ្នកចូលរូបបានប្រាប់ម៏អ៊ីចឹង!»អ្នកណាជាអ្នកនិពន្ធភ្នំពេញនោះ? ប្រាថ្នាសួរខ្លួនឯង ហើយងាកមកមើលជុំវិញខ្លួន នាសួនផ្កាក៏ដូចជាបរិវេណទីផ្ទះសំណាក់ដ៏ស្ងាត់ជ្រងំ ចុងក្រោយគេចាប់ផ្ដើមហេងហាងក្នុងចិត្ត។ អ្នកដែលពូមឿនកំពុងតែនិយាយជាមួយប្អូនស្រីគាត់ គឺយើង?
អានក្នុងរឿង តួស្រីក្នុងរឿងព្រេង។
៣ ដើម្បីឆាកភ័យរន្ធត់ធំឡើងៗ
និងត្រូវមានភាពជាក់ស្តែងដោយ អ្នកនិពន្ធត្រូវតែចូលទៅក្នុងចំណុចភ័យខ្លាចដ៏ជ្រៅបំផុតមួយជាមួយអ្នកអានដែរ។ បើបេះដូងយើងមិនភ័យ អ្នកអានគ្មានអារម្មណ៍អ្វីទាំងអស់។ មិនថា ជាការភ័យខ្លាចនៃភាពងងឹត ការភ័យខ្លាចកម្ពស់ឬការភ័យខ្លាចពីងពាង ទីកខ្វក់ ចំឡេង រឿងភ័យរន្ធត់ត្រូវអាចទាញយកសភាវគតិដំបូងរបស់អ្នកអានឱ្យប្រុងជើងការនិងការពារខ្លួនជាងស្ថានភាពធម្មតា ។ ចំណុចភ័យរន្ធត់លើសធម្មតានេះ ផ្អែកលើ បរិយាកាសដែលធ្វើឱ្យស្រឡាំងកាំង ស្មានមិនត្រូវ លើកដសជើងមិនបាននិង លោតញាប់បេះដូងស្រែកមិនចេញ សំឡេងដែលមិននឹកស្មានដល់។ ចំណុចទាំងនេះ មិនអាចប្រើលើរូបភាពល្មមៗនៅឡើយទេ ពុំនោះអ្នកអានមិនមានអារម្មណ៍អ្វីទាំងអស់មានតែអារម្មណ៍ថា ភ្លាវ មិនល្អមើល បានន័យថា រឿងមិនទាន់ដល់ឈុតរន្ធត់ខ្លាំងផង ម្តេចតួអង្គឆាប់គាំងចលនាម្ល៉េះ?
ប៉ុន្មានចំណុចខាងក្រោមនេះ ត្រូវគិតមុនពេលសរសេររឿងបែបរន្ធត់។
១ ជៀសវាងការប៉ះទង្គិចហួសហេតុ
រឿងណាក្តីដែលផ្តល់ឱ្យអ្នកអាននូវអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំង ការភ្ញាក់ផ្អើលឬ ការភ័យខ្លាចដោយប្រើឈាម សម្រែកទារុណកម្ម អំពើឃោរឃៅ ងាយក្នុងទាញយកភាពភ័យរន្ធត់ ប៉ុន្តែនោះពុំមែនជាគោលដៅសម្រាប់អ្នកអានទៅអានទេ។ ពិតមែនថា អ្នកអានចូលចិត្តរឿងរន្ធត់ព្រោះពួកគេចង់រន្ធត់ ប៉ុន្តែក្នុងរបៀបដែលគេដឹងថា វានឹងមិនកើតឡើងក្នុងជីវិតពិត ពុំមែនបានន័យថា ឱ្យតែគេរន្ធត់បាក់ស្បាតជាជោគជ័យឡើយ។
២ អ្នកនិពន្ធត្រូវទទួលខុសត្រូវខ្ពស់
គឺជាឱកាសរបស់យើងក្នុងការធ្វើឱ្យទស្សនិកជនភ័យ ឬចម្លងភាពឃោរឃៅរតាមរយៈរឿងរបស់យើង ដូច្នេះយើងគិតអំពីបញ្ហាសង្គម ទំនៀមទម្លាប់ដូនតានិង ធម្មជាតិនៃតម្លៃរបស់មនុស្ស ។ កុំយកទិដ្ឋភាពជាន់ឈ្លីមនុស្ស ឬការបំបាក់វប្បធម៌យើងឬជាតិផ្សេងដទៃទៀតមកជាគន្លឹះទាញអារម្មណ៍។ ឧទាហរណ៍ …..ម៉ោងបួនភ្លឺខ្ញុំក្រោកអង្គុយ។ ខ្ញុំបែរមុខទៅរកព្រះអាទិត្យ ហើយនិយាយក្នុងចិត្តទាំងមិនស្រួលកាយ ព្រោះដេកមិនលក់សូម្បីតែមួយស្រឡេតណា៖
«ម៉ែអើយ!!! កូនមិនបានសងគុណម៉ែទេមើលទៅ! តែកូនត្រូវតែកម្ចាត់អារូបដីបិសាចនោះក្នុងថ្ងៃនេះហើយ! សូម្បីក្មេងម្នាក់ក៏មិនត្រូវឲ្យស្លាប់ក្រោមដៃតាអិតដែរ! បើកូនធ្វើមិនបានសម្រេច ហើយត្រូវស្លាប់ក្រោមដៃអាតាចង្រៃនេះក៏ស្លាប់ចុះ ជាជាងនៅឈរឱបដៃមើលក្មេងៗត្រូវអាគមតានេះស្លាប់រង្គាលភូមិ!»ក្នុងរឿងផ្ទះគ្រូទាយ។
អ្នកនិពន្ធត្រូវពង្រីកវិសាលភាបច្នៃប្រឌិតតែមិនឱ្យហួសរង្វង់មនុស្សធម៌និងគុណធម៌ទេ។ ការសរសេរបែបអាសារឈាម ចាប់មនុស្សទៅធ្វើជាសត្វទាសករតណ្ហា មិនមែនជាការបង្កើតភាពភ័យរន្ធត់តែមួយមុខឯណាវាជាការចាប់ផ្តើមនៃវប្បធម៌អមនុស្ស គ្មានសិលធម៌ ព្រោះសៀវភៅជាមូលដ្ឋានគ្រឹះនៃការបង្រៀន។
សេចក្តីសន្និដ្ឋានរបស់ខ្ញុំ
ធាតុធំៗ ក្នុងប្រលោមលោករន្ធត់ពិតប្រាកដ ទីមួយគឺរចនាសម្ព័ន្ធរឿងរឹងមាំ។ រឿងភ័យរន្ធត់ គួរតែមានការចាប់ផ្តើមតំណរប្រទាក់ កណ្តាល និងចុងបញ្ចប់ដែលមានហេតុផលច្បាស់លាស់ ដោយផ្នែកនីមួយៗមានបង្កប់នូវ អារម្មណ៍នៃភាពស្រពិចស្រពិល និងភាពតានតឹង សង្ស័យ ។ ធាតុទីពីរ គឺតួអក្សរសំណេរដែលត្រូវអភិវឌ្ឍយ៉ាងល្អ ឡួយឆាយតាមសម័យកាលបទសន្ទនាសាមញ្ញ ងាយយល់។ ធាតុទីបីគឺអារម្មណ៍នៃពញ្ញាក់ សាច់រឿងគួរតែកាន់តែមានភាពស្រពិចស្រពិលបន្តិចម្តងៗ ដែលនាំទៅដល់ចំណុចកំពូលដ៏គួរឲ្យភ្ញាក់ផ្អើលឬស្រឡាំងកាំងបាន។
បន្ថែមរឹតតែសំខាន់គឺ ការសរសេររឿងភ័យរន្ធត់ គឺជាការបង្កើតមូលដ្ឋានសំណេរជុំវិញសកម្មភាពសាមញ្ញ ហើយបង្កើតឱ្យទៅប្រឈមនឹងអ្វីដែលស្មុគស្មាញ និងប្លែក ព្រមទាំងបំផុសគំនិតតស៊ូ ស្វិតស្វាញ រក្សាសិលធម៌គុណតម្លៃ ហើយផ្នែកដ៏ល្អបំផុតមួយ គឺយើងអាចបន្លាចអ្នកអានរបស់យើង កុំឱ្យរេខ្លួនចេញពីរឿងត្រឹមត្រូវ ចេះគោពប្រពៃណីដូនតាខ្លួន និងគោរពជាតិសាសន៍ដទៃ ចេះចូលស្ទឹងតាមបត់ រក្សាគុណតម្លៃមិនបំពានលើក្រិត្យក្រមធម្មជាតិ មិនបំពានមនុស្សដូចគ្នា។ល។