រឿង៖ អ្នករងគ្រោះបន្ទាប់

​វាសនាគេជាជាងថតរូបម្នាក់ដែលរស់នៅយ៉ាងលំបាក ចល័តតាមផ្ទះជួល ចាប់ផ្តើមអាជីពជាក្តីស្រមៃរបស់គេ។

មកដល់ខេត្តបន្ទាយមានជ័យនៅពេលល្ងាច ដើម្បីធ្វើការឱ្យគម្រោងមួយឈ្មោះថា ​«ភ្នំជញ្ជាំងពណ៌មាសនាដែនបន្ទាយ» ជាគម្រោង​ស្នាក់នៅដើរផ្សងព្រេង​ថតរូបមកស្តុកទុកលក់នៅក្នុងអ៊ីនធឺណិត។

បន្ទប់របស់ពូនៅចុងក្រោយគេនោះ ក្មេងស្រីជំទង់ឈ្មោះដា ដើរផងចង្អុលទៅកាន់បង្អួចមួយដែលមានសំណាញ់ដាមខ្មៅ។ មើលពីនេះទៅដូចកន្លែងឃុំខ្លួន?

នេះសោបងឯង!

នាង​ហុចកូនសោរឱ្យហើយមិនជូនទៅដល់ទីនោះទេ។

គេគិតហួសចិត្ត​ ព្រោះលើនោះមាន​សរសេរលេខ១៣​។ វាសនា​មែន! បន្ទប់ដេក​ក៏មានសណ្ឋានជាបន្ទប់គ្មានអ្នកណាស្រមៃចង់គេង លេខក៏យ៉ាប់ ព្រោះក្នុងតម្លៃសាមសិបប្រាំដុល្លារសម្រាប់មួយខែគឺវាថោកខ្លាំងណាស់។

ក្នុងការចាយលុយមួយដុល្លារ សម្រាប់ការស្នាក់នៅគេយល់ថាតិច ប៉ុន្តែវាថ្លៃណាស់សម្រាប់វាសនាដែលមិនមានចំណូលសូម្បីមួយរៀលណា រយៈពេលប្រាំបួនខែមកហើយក្រោយកូវីដបិទប្រទេស។

គេបានចាយប្រាក់មួយចំនួនដែលបងប្រុសគេនៅស្រុកកំណើតជួយមកខ្លះនិងម្ដាយគេបានលក់ស្រូវផ្ញើមកឱ្យគេខ្លះ។

ជាមួយនឹងកាមេរ៉ានៅក្នុងដៃដែលជាវត្ថុសំណព្វ គេឱបវានៅពីមុខទ្រូងនិង​ហាក់ធ្ងន់ៗ ដើរសំដៅទៅក្រោមកែវភ្នែកសម្លឹងដ៏ចម្លែកមួយរបស់ក្មេងស្រីជាអ្នកនាំផ្លូវ។

សាក់កាដូក្រោយខ្នងរបស់គេ មានសភាពស្រាលជាមួយ​ខោអាវ​បីកំប្លេ កំប៉ុងមី និងត្រីខ ដូច្នេះវាមិនមានអីសំខាន់ស្មើទៅនឹងកាបូបដែលគេឱបជាប់ប្រាណនៅពីមុខនោះឡើយ។

នៅបរិវេណជុំវិញបន្ទប់នេះ ដូចជាមានសម្បុកពីងពាងថែមទាំងមានស្លែកាន់លើឥដ្ឋ ផ្នែកខ្លះជាកន្លែងដែលទឹកជ្រាប ចូលដល់ក្នុងរដូវវស្សាហើយស្ងួត មិនសម្អាតទាន់អស់នៅក្នុងរដូវប្រាំងនេះ។

ច្បាស់ណាស់គេមិននៅទីនេះដល់ខែវស្សាទេ។ ​ពេល​ចប់ការងារ នឹងបានលុយ​មួយដុំ គេនឹងបន្តផ្សងព្រេងជីវិតនៅសៀមរាប​ឬភ្នំពេញវិញ។

រុញទ្វារចូលទៅ​នៅធុំធូលី។

វាប្រហែលជាគ្មានគេបេតីយូរហើយ។ នេះឯងជាមូលហេតុ​តម្លៃវាថោក ព្រោះម្ចាស់ផ្ទះបានប្រាប់គេតាមទូរសព្ទថាបន្ទប់ជួរខាងមុខទាំងមុខពេញ​អស់ហើយ តែ​មានតម្លៃពីចិតសិបទៅប៉ែតសិបដុល្លារ​ នៅតែបន្ទប់ពីរក្រោយគេ​នេះ តម្លៃក៏ល្អ។

គេដាក់សាក់កាដូខោអាវនិងកាមេរ៉ា​ចុះលើគ្រែដែក​ទទឹងមួយម៉ែត្រពីរតឹក ហើយងាកសម្លឹងរកមើលតុធ្វើការមួយ​ដែលគាត់បាន​សន្យាថារកឱ្យគេ​បានអង្គុយ​ធ្វើការ​ងារ។ គាត់ប្រាប់វាសនា​ថាបន្ទប់នេះ ធ្លាប់ជាកន្លែងដាក់ឥវ៉ាន់របស់គាត់ ប៉ុន្តែគាត់បានប្រមូលលក់អស់ហើយ រៀបចំសាជាថ្មីឱ្យគេ។

គេបកទៅមាត់ទ្វារទាញខ្ទប់ការពារ​កាមេរ៉ា ដោយ​លោសោថាបម្រុងចាក់វិញ​នៅពេលដែលផ្អៀងក្បាលខាងស្ដាំបន្តិចអ្វីដែលគេមានអារម្មណ៍ចម្លែកគឺក្មេងស្រីអម្បាញ់មិញ ឈប់ខាងមុខបន្ទប់ ចម្ងាយប្រមាណជាជាង១០ម៉ែត្រ​ឯណោះ តែនាងនៅងាកមកមើលគេភ្លឹះៗ។

សាជាថ្មីគេមិនឃើញមុខរបស់នាងនោះទេ ដោយសារតែពីនេះទៅគឺត្រូវកុងជាមួយពន្លឺថ្ងៃ។

ដោយមិនចង់ខ្វល់ច្រើន ហូបមីស្រុសមួយកំប៉ុងរួចហើយថែមកាហ្វេស្រាប់មួយកំប៉ុងទៀត គេចាប់ផ្ដើម Edit រូប។ នៅទីនេះអ៊ីនធឺណិតលឿនគួរសម។

គ្មានអ្វី​ជក់ជាងការងារមួយនេះទេ ដល់តែក្រពះរើសសាជាថ្មីទើបនឹកឃើញ​ពត់ដៃជើង ងើបចេញពីតុ។

មិនទាន់ក្រោក​ផង  ឮសំឡេងអ្វីមួយនៅខាងក្រៅ……ងឺត…..ប្រៀបបីដូចជាមនុស្សបើកទ្វារចូលមក។

កម្លោះងាកទៅមើលទ្វារ ទ្វារនៅបិទដដែលមិនបានហើបអីបន្តិចណាទេ ថែមទាំងមានរនុកខ្ទាស់ពីក្នុងទៀត។ ទម្លាប់របស់វាសនា កិច្ច​ការពារកាមេរ៉ារបស់គេ ជាអាយុជីវិត ដូច្នេះហើយនៅគ្រប់ទីកន្លែងត្រូវតែមាំខ្លាំង។ គេដើរទៅមើលរនាំងបង្អួចដើម្បីបង្ការយប់នេះ បង្អួចនេះដូចជាខានបើក​យូរហើយ បានជាករសម្បុកពីងពាងខ្លះជូតចេញ​ជ្រះខ្លះមិនជ្រះខ្លះ។

ដោយសារគេមិនមាន​អ្វីសម្រាប់បោសសម្អាតវា ក៏ធ្វើមិនដឹងបែរសំដៅ​ទៅបន្ទប់ទឹក ចាប់ផ្ដើមបើករ៉ូប៊ីណេងូត។

ភាពត្រជាក់ស្រេងផ្តើមកម្លាំងព្រឹស។ ដ្បិតតែថា មានក្លិនជាទឹកអណ្ដូង ហើយបន្ទប់ទឹកនេះដូចជាស្ងួតកាន់ក្លិនស្លែនិងធូលីខានមានគេប្រើជាយូរមកហើយក្តី ម្ចាស់ផ្ទះដូចជាមាន​ចូលមកបោសសម្អាតលំៗ តែគេមិនសូវរវល់យកភ្នែកទើសទេ។

ហោចណាស់វាសមតម្លៃហើយ។

Apartment ទើបជាក្ដីស្រមៃរបស់គេ ប៉ុន្តែមុនទៅដល់អាផាតមិនគេត្រូវតែឆ្លងកាត់ដំណាក់កាលបន្ទប់ដែលថោកបំផុតសិន នេះជាលំនាំជីវិត។

ចម្លែកទៅទៀតនៅតំបន់ចុងកាត់មាត់ញកនេះមានបន្ទប់ថោកបំផុតមួយស្វាគមន៍គេមែន។

«អាឡូ បាទម៉ែខ្ញុំមកដល់ហើយ ជាប់រវល់ការងារបានជាមិនទាន់ចុចទៅ!»

សំឡេងម្តាយគេត្រេកពេលឮថាកូនដល់បន្ទាយមានជ័យ។

«យប់ហើយ​នៅធ្វើអីហ្នឹងមិនគេងកូន!»

«កំពុង​រៀបចូលគេង!»

«អឺ ដល់ហ្នុងថ្ងៃដំបូងអ៊ីចឹង បើពេលចូលគេង ចេះបន់ស្រន់សំពះក្បាលដំណេកអីផង!»

«បាទ!»

ជាងថតក្មេង​ឆ្លើយឱ្យតែរួចពីមាត់ ហើយបោះហ្វូនចោលទៅលើគ្រែ។ ទើបតែចាប់អារម្មណ៍​ថា គ្រែដែកដ៏​តូចមួយនេះ មានខ្នើយកើយមួយ និងភួយមួយបត់ផ្ទុកគ​រពីលើគ្នា ក្រៅពីនេះពូកវា ក៏មើលទៅដូចជាស្ដើង។

ទោះបីថាកម្រាលត្រូវបានរៀបចំថ្មីប៉ុន្តែជាកម្រាលចាស់ពណ៌ខ្មៅ សក្ដិសមនឹងតម្លៃបន្ទប់ពេកហើយ។ កន្លែងខ្លះ គ្មានពូកឱ្យយើង​ផង នេះបើតាមការអួតរបស់ម្ចាស់ផ្ទះជួល។

ការសម្រន់ពេលនេះ មីទៀតហើយ ដោយ​ដាំទឹកជាមួយនឹងកំសៀវភ្លើងចាស់ដែលគេបានស្នើសុំមីងម្ចាស់ផ្ទះ​តាំងពីល្ងាចមិញ​មកដល់ដំបូង។  មីងម្ចាស់ផ្ទះបានប្រាប់ថា ជារបស់កូនស្រីគាត់ប្រើ ប៉ុន្តែកូនគាត់ឡើងទៅរៀនតនៅភ្នំពេញបាត់ហើយ ដូច្នេះគាត់ឱ្យខ្ចីទុកឆុងមីសិនចុះ។

បានជោគជ័យគ្រាន់បើដែរ មានជាតិមីស៊ុបជាលើកទីពីរហើយក៏ចាប់ផ្តើមការងារ។

អីទេព្រោះសាជាថ្មី នឿយហត់ជាខ្លាំងបើសិនបានកូកាកូឡាមួយល្អពាក្យឆ្វេងស្ដាំ រកមើលប្រុងថាចេញភាព​នឿយហត់​និងងោកងុយ​សន្ធប់មកដល់…..ស្នូរសំឡេងគោះទ្វារតុៗ…..គេលើកនាឡិកាមើល។

ម៉ោង១១និង៥៩នាទីយប់ហើយ ពីណាគេមករកអី?

គេក្រោកទាំងស្ងាប​និងធេងធោង។  ទ្រនិចនាឡិកាចង្អុលចំម៉ោងដប់ពីរល្មម។

នេះហើយជីវភាពជាំងថតឯករាជ្យ Edit រូប គ្មានដែនកំណត់ ឱ្យតែជក់មិនដែល​ដឹងភ្លឺនោះទេ។

«អ្នកណាគេ?»

វាសនា​សួរតិចៗ តែមិនបានបើកទ្វារព្រោះកាមេរ៉ាត្រូវតែមានសុវត្ថិភាព។

«ខ្ញុំនៅក្បែរនេះក្មួយ សុំចូលផង!» សំឡេងមនុស្សប្រុសចំណាស់។

ធូរចិត្តបន្តិចក៏បានសម្រេចបើកគន្លឹះ​ទ្វារ​ឱ្យគាត់ចូល។ ភ្ញៀវនេះជាមនុស្សប្រុសមានរូបរាងស្គមស្តើង​ ទឹកមុខញញឹមប៉ុន្តែស្ថានភាពសុខភាពមិនសូវមាំទេ។

គាត់មានវ័យប្រហែលជាសែសិបឆ្នាំជាង ប៉ុន្តែអាចមើលសម្បកក្រៅទៅចាស់ជាងនេះ ដោយសារតែគាត់មិនមែនជាតុបតែងខ្លួនបែបអ្នកភ្នំពេញឡូយឆាយ។

«ពូឈ្មោះខឿន នៅបន្ទប់លេខ៤!»

«ខ្ញុំ…..វាសនា​! អឺ ពូមានការអី?»

«សុំជជែកគ្នាលេងបានទេ គ្រាន់បានរាប់ជាញាតិ​ជិតខាង!»

 តាមដាន​អកប្បកិរិយា​ដ៏សុភាពនេះ កម្លោះអាចទុកចិត្តបានថា ពូខឿនជាមនុស្ស​ស្លូតត្រង់ តែបើលោជាចោរហារយវិញ​ក៏​គង់តែគ្មានអីដែលស៊ូជាមួយគេបានដដែលផ្អែក​តាម រូបរាងស្គមស្គាំងរបស់គាត់។

«អង្គុយ​លេងសិនខ្ញុំ អត់មាន​អីជូនពូពិសាទេ ថាស្អែកបានចេញទៅទិញ​អីមកទុកខ្លះ!»

ទេសកាលអី​ឃើញ​ភ្នែកបុរសនេះសម្លឹងទៅកាន់កុំព្យូទ័ររបស់គេ គេក៏ប្រញាប់ចុចបិទ។​ យល់ចិត្ត​យុវវ័យ​ ពូខឿននិយាយឡើង៖

«ពូជាអតីតគ្រូ Photoshopនៅស្រុកថៃ! ចេះការងារនេះខ្លះ!»

គាត់និយាយប្រាប់វាសនា​នូវវិធីសាស្ត្រកែរូបនិងធ្វើ animation បានល្អជាងនេះ​រហូត​ដល់ម៉ោងជិត៣ភ្លឺ ទើបលាទៅវិញ​។

ចំណេះគាត់ ធ្វើឱ្យគេ​ភ្ញាក់ផ្អើលជាខ្លាំង​និងកើតចិត្ត​គោរព​គាត់ប្លែក ខុសពីដំបូង​ដែលវាយតម្លៃគាត់តាមរយៈតែ​រូបរាងពីក្រៅ។

«សម្រាកទៅជិតភ្លឺហើយ ចាំស្អែកពូមកទៀត!»

«បាទពូ អរគុណណាស់ ខ្ញុំភ្ញាក់ផ្អើលដោយសារចំណេះរបស់ពូខ្លាំងមែនទែន!»

«កុំភ័យ​ចាំពូផ្ទេរឱ្យ!»

«ពូថាមែនឬលេង​! ខ្ញុំមកទីនេះមិនស្តាយក្រោយមែន»

ចិត្ត​មនុស្ស​វ័យក្មេងម្នាក់ដែលចង់ធ្វើការថតរូបរហូត​ក្លាយជាអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីប្រចាំកម្ពុជា មានរឿងអីមិន​ឱប​ខ្នើយគិតសរសើរសំណាងខ្លួន?

រយៈពេលបីថ្ងៃជាប់គ្នា គេកម្រចាកចេញពីបន្ទប់ទៅណាណាស់ មានតែ​ទៅរក​ទិញអាហារបន្តិចបន្តួចសល់ពីនេះ​គេនៅរៀនកម្មវិធី Photo Editor ថ្មីអនុវត្តខ្លួនឯងពេលថ្ងៃ រៀនជាមួយ​ពូខឿននៅពេលយប់។ វាសនា​ពិតជា​ជក់ចិត្តណាស់ ដែលគាត់បានបង្រៀននូវវិធីសាស្ត្រមួយចំនួននៅក្នុងការថតទៀត មិនត្រឹមតែកែរូប កែពណ៌នោះទេ។ ដល់ព្រឹកថ្ងៃទីបួន គេចេញមកក្រៅ​ចួបជាមួយមីងម្ចាស់ផ្ទះ។

«រាល់ថ្ងៃ ញ៉ាំបាយនៅណាដែរក្មួយ? បាយមានលក់នៅទល់មុខនេះម៉េចក៏មិនដែល​ឃើញចេញមកហូប?»

«ទិញអត់អីទេមីងខ្ញុំហូបអីតិចតួចការងារប្រញឹកពេក! អាទិត្យ​ក្រោយអីប្រហែលរយាលដៃ!»

«ភ្នែកក្មួយខ្មៅណាស់ គេងមិនលក់ឬក៏យ៉ាងម៉េច ស្អុះខ្លាំង?!»

«មិនអីទេមីង!»

ពាក្យថាមិនអីទេ គឺបានន័យ​ថា គេចង់ឱ្យការសន្ទនា​នេះឆាប់ៗចប់។ គេមិនសូវចង់និយាយស្តីនោះទេ ព្រោះមិនចាប់អារម្មណ៍​នឹងអ្វីផ្សេងក្រៅពីប្រធានបទ​ថតរូបឡើយ។

ងាកមកបន្តិចក៏ឃើញក្មេងស្រីម្នាក់ដដែល​តាមសម្លឹងមកគេទាំងដៃឱបកន្ធន់បោកខោអាវ។

គេឃើញថា នេះជាលើកទីបីហើយ​ដែលនាងលបសម្លឹងគេ ហើយ​ងាកចេញបាត់ពេកគេចាប់បាន។

ដូច្នេះគេចាប់ផ្ដើមចាប់អារម្មណ៍អៀន លបគិត​រឿងប្រុសស្រី ដោយឱនសម្លឹងខោអាវ​ទាញរៀបរយ។ ចិត្ត​គិតថា ក្មេងនោះអាច​លង់ជាមួយរូបរាងរបស់គេជាអ្នកភ្នំពេញឬក៏យ៉ាងម៉េច?

ម្ល៉ោះហើយ​គេធ្វើជាទទួលយកនំនិងទឹកក្រូចពីអ្នកលក់ដើរធ្វើហីត្រលប់មកកាន់បន្ទប់វិញ។

«បង! បង! បង!»

នាងរត់តាមមក ពីក្រោយមិនត្រឹមតែតាមមើលហើយហៅបងទៀត?

គេគិតដោយញញឹម​ងាកមករកនាងវិញសម្លឹងនាង​ពីលើ​ដល់ក្រោម។ តាមពិតនាង​នៅក្មេងខ្លាំងណាស់ ១៥ឬ១៦ឆ្នាំទេ បើសិនជានាងស្រឡាញ់ក៏មិនដឹងថាតើត្រូវធ្វើម៉េចដែរ មិនចង់ប្រឈមមុខទៅនឹងបញ្ហានោះទេ។

«មានកាអីកូនក្មេង!»

«សុំសួរបងឯងមួយ» នាង​ធ្វើភ្នែកវិលជុំហើយ​ខ្សឹបតូចៗ «នៅបីថ្ងៃនេះ បងឯង​ដែលឃើញអីអត់?»

ក្ដីសង្ឃឹមថានាង កំពុងតែអូសក្រឡាជាមួយខ្លួនព្រោះក៏ចង់ឯកោយូរ​នៅកន្លែងនេះ ត្រូវរលាយខ្សុលធ្លាក់ដល់ចុងជើង ឯសំណួរនាងធ្វើឱ្យគេសម្លឹងទៅក្នុងទឹកមុខរាងភ័យៗនោះ បណ្តាលចិត្ត​គេឱ្យគិតដល់រឿងអ្វីម្យ៉ាង។

«ឃើញអីគេ?»

នាងត្រូវហានិយាយ ​តែត្រូវស្ត្រីម្ចាស់ផ្ទះជួលដែលលក់ចាប់ហួយនៅខាងមុខស្រែកហៅកកោក៖

«អឺ…អាដា យក​ឆ្នាំងបាយមកណេះជាងគេមកជួសជុលហើយ!»

«ចាស៎មីង!»

មុនពេលទៅនាងឆ្លៀតងាកមកខ្សឹប៖

«បើមាន​ឃើញអីប្លែក​ត្រូវប្រាប់ខ្ញុំផង!»

មុនពេលទៅនៅឆ្លៀតមកខ្សឹបប្រាប់គ្នាដូច្នេះទៀត​តើមានន័យថាម៉េច?

ធ្វើឱ្យគេបែរមកវិញ ដៃម្ខាងកាន់កូកាកូឡាដៃម្ខាងទៀត​រាវរកសោបន្ទប់ចាក់សោចូលក្នុងលែងរវល់។

តែមុនឈានជើង ចិត្ត​ចាប់ផ្ដើមនឹកឃើញដល់អ្វីម្យ៉ាងក៏ក្រឡេកទៅរកមើលជួលបន្ទប់ដ៏វែងអន្លាយគិតបើរាប់ពីនេះទៅ៩បន្ទប់ទៀតទើបសល់បន្ទប់ពូខឿន?

បីថ្ងៃហើយមិនដែលស្គាល់អ្នកជិតខាងណាម្នាក់សោះក្រៅពីពូនេះ។ ចាំមើលបានលុយពីកម្រៃការងារទិញអីទៅហូបជុំគ្នានៅបន្ទប់គាត់លេងម្តង។

តុក! តុក! តុក!

គេភ្ញាក់វិញក្រោយពីទ្រោបលើកុំព្យូទ័រដេកលក់មួយភាំង។

ម៉ោង​១១ជិត១២ហើយហ្នឹង?

ជាងថត​ដើរទៅបើកទ្វារទាំងស្ងាបងោកទទួលគ្រូ ប៉ងនឹង​ប្រាប់គាត់ថា​ថ្ងៃនេះសុំ​សម្រាកមួយយប់ព្រោះហត់នឿយពេក តែនៅពីក្រោយ​ទ្វារដែលរបើក មិនមានអ្នកណាទាំងអស់​មានតែសំណើមលើកម្រាលសាបនិងអាកាសត្រជាក់ចំហាយ​ភ្លៀងកក់ខែ។

គិតឆាប់ចប់ថា ប្រហែលជាគាត់ក៏ហត់ដូចជាយើងដែរហើយ គ្មានអ្នកណាមានកម្លាំងមកបង្រៀនយើងរហូតទេ ក៏បែរខ្នង​ទាញទ្វារបិទវិញ ស្រាប់តែឃើញពូនេះ កំពុងអង្គុយឆែកកុំព្យូទ័ររបស់គេ។

ភ្ញាក់ព្រើតស្វាងងោក!

មិនដឹងឡើយ​! គ្មានចម្លើយ​! តើគាត់ហក់ចូលតាមណាបាន? ជាខ្មោចឬជាមនុស្ស?

ជាបណ្តើរៗ​គេ​នៅពីចម្ងាយ​ចោល​ភ្នែកសម្លឹងគាត់ពីក្រោយខ្នង។ បុរសនេះហាក់ជក់ចិត្ត​មិនរវល់នឹងគេសោះ គឺ​គាត់អង្គុយធ្វើអ្វីម្យ៉ាងដោយស្ងៀមស្ងាត់ នៅពីមុខកុំព្យូទ័រ។

គេដើរយឺតៗមួយៗប្រុង​ថា​ឆ្ពោះទៅរកគាត់ ​តែក៏នឹកឃើញ​ឈប់ជើងខណៈពេលដែលផ្ទាំងកញ្ចក់នៅខាងស្ដាំដៃ ជាកញ្ចក់ដែលមានស្នាមប្រេះបែកមួយ​ព្យួរនឹងជញ្ជាំងក្បែរទ្វារបន្ទប់ទឹក។

វាសនា​ថ្លោះទឹកមុខ​ទន់ជើងព្រោះក្នុងនោះបង្ហាញថានៅលើកៅអីដែលគេអង្គុយធ្វើការ​គ្មានអ្នកណាទេនៅក្នុងកញ្ចក់ ហេតុអីបានជានៅខាងក្រៅគេឃើញគាត់?

គេថយក្រោយវឹងដោយមិនដឹងខ្លួន ហើយ​បុកប៊ឹង​នឹង​ទ្វារ​ដែក​ បែកញើសជោកថ្ងាស។

វាសនា​ស្លុតចិត្ត​សម្លឹងទៅបុរសនោះព្រោះថាស្នូរប៊ឹងបានធ្វើឱ្យគាត់ងាកក្រោយ។

បុរសនេះងាក​តែក្បាលគាត់ទេប៉ុន្តែខ្លួនគាត់នៅតែបែរខ្នង​ដដែលបែបនេះ។

គាត់អាចបង្វិលក្បាលបានមួយជុំសម្លឹងមុខគេ ធ្វើឱ្យ​គេត្រូវភ្លាត់មាត់ស្រែកបះដៃបះជើងភ្ញាក់ឡើងក្រញ៉ាងព្រោះឃើញខ្លួនឯងនៅលើគ្រែ។

ម៉ោងបួនទៀបភ្លឺមាន់រងាវ…..អូខេគ្រាន់បើគួរសម! មេឃភ្លៀងហើយត្រូវនិងសុបិនអាក្រក់បូករួមគ្នាទៀត?

បើភ្ញាក់ដឹងខ្លួននៅចំកណ្តាលយប់ប្រាកដជារឿងផ្សេង!

នេះព្រឹកហើយ! គេបើកភ្នែកសម្លឹងទៅតុកៅអីនិងកុំព្យូទ័រគ្មានអ្វីចម្លែកនោះទេ។

យល់សប្តិអាក្រក់ដដែលហ្នឹង!

ខ្ជិលគិត បាន​ត្រឹមងូតទឹក ប៉ុន្តែពេលដើរកាត់ក្រឡេកទៅឃើញកញ្ចក់ប្រេះបែកនៅព្យួរតែកតោកនៅមុខបន្ទប់ទឹកក៏នឹកឃើញថា យើងមិនត្រូវទុករបស់​ប្រេះបែកនៅក្នុងនេះ​ទេ​ក៏​យួរកញ្ចក់ចេញទៅទុកនៅខាងក្រៅ​ឱ្យម្ចាស់គេវិញ។

គេគិតថា​ចេញ​រត់ហាត់ប្រាណមួយព្រឹកយកអារម្មណ៍ល្អស្តារមកវិញសិន ​ទើបដោះអាវដៃវែងស៊កអាវយឺតកីឡានិងខោខ្លី ឱនចងស្បែកជើង។

ទើបតែដឹងថានៅក្រោមគ្រែមានស្រោមស្បែកជើងមួយគូ ព្រមទាំងគម្របកាមេរ៉ាមួយ។

គេយកជើងកេះមកមើល។ សូម្បីគម្របកាមេរ៉ាឬស្បែកជើងសុទ្ធតែរុំព័ទ្ធទៅដោយធូលីស្រមក បន្ទប់នេះកខ្វក់ពេកហើយ គេ​ងើយភ្នែកពិនិត្យ​សម្លឹងពិតានជុំវិញហើយគិតថាអូខេ ល្មមនឹងរើចេញដែរ ចាំមើលសួរពួកខឿនតើបន្ទប់គាត់យ៉ាងម៉េចដែរអាចចែកគ្នាដេកបានទេ អ្នកថតរូបដូចគ្នាសោះហ្នឹងទៅមុករកគ្នារាល់យប់ដដែលហើយបន្ទប់គាត់ថ្លៃជាងនេះ ម៉េចក៏បានជួយ​ស៊ែរចេញគ្នា?

គេចេញទៅក្រៅចមពេល​ក្មេងស្រីជំទង់ឈ្មោះដាកំពុងតែលើកបបរសំដៅទៅបន្ទប់មួយទៀតនៅជាន់លើ។ នាងភ័យភ្ញាក់ផ្អើលនៅពេលដែលឃើញគេ។

បន្ទប់លេខបួន​ទៅខាងណា?

គេសួរទាំងញញឹម​ក្នុងរបៀបប្រុសស្អាត។

បន្ទប់លេខបួន?

ក្មេងស្រីធ្វើភ្នែកឡិងឡង់។

«ដើរឱ្យលឿនមកដាមីងប្រញាប់ឱ្យអាទូចញ៉ាំថ្នាំ!»

សម្លេងស្ត្រីម្ចាស់ផ្ទះ​បានបញ្ជាមកធ្វើឱ្យនាងតក់ក្រហល់គ្រវីដៃ

លាសិនហើយ!

នាង​លើកបបរប្រញិប​ប្រញាប់​​រត់ឡើង​ទៅជណ្ដើរមួយឆ្ពោះទៅជាន់ខាងលើដែលជាផ្ទះរបស់ម្ចាស់ផ្ទះគេទុកនៅខ្លួនគេ។

ចង់ស្វែងរកបន្ទប់លេខបួន​បន្ត​ដែរប៉ុន្តែរកមិនឃើញនោះទេ។ បន្ទប់លេខផ្សេងៗ គ្មានបង់លេខទាំងអស់​ហើយគ្មានឃើញ​អ្នកនៅគ្រាន់នឹងសួរផង។

វាសនា​បោះបង់ចោល​ការ​ស្វែងរកហើយចេញទៅរត់សិន។

«អាអូនអ្នកភ្នំពេញហ្មែន?»

គេងាកទៅពូប៉ះកង់ស្លៀកខោទាហាន​ដែលកំពុងតែរៀបចំកន្លែងសប់កង់របស់គាត់។ គេសើចគួរសម ហើយសួរបក៖

«ក៏ពុំគិតថាខ្ញុំអ្នកបាត់ដំបងផងទៅ?»

«គ្រាន់តែឃើញក៏ស្គាល់! ពេលស្ដាប់ឮសម្តីកាន់តែស្គាល់ទៀត!»

«បាទ​​​ខ្ញុំមកពីភ្នំពេញ!»

«គេងនៅផ្ទះជួលនោះមែន?»

«បាទ!»

«ដែលឃើញអីអត់?»

សំណួរនេះហើយ​ដែលធ្វើឱ្យគេនឹកឃើញដល់សម្តីរបស់ក្មេងស្រីម្សិលមិញ។

«ឃើញអីទៅពូ!»

«អូខេៗៗ សួរលេងទេ រត់ទៀតទៅណា ពូរៀបចំសិន!»

ថ្ងៃនេះមិនសូវសប្បាយចិត្តនឹងសំណួរមួយឃ្លានោះទេ មានពិភាល់។ គេចេញទៅស្រស់ស្រូបនិងដើរកម្សាន្ត​ក្នុងហាងកាហ្វេខេត្ត​ពីរបីកន្លែងអង្គុយធ្វើការ​យកអារម្មណ៍ល្អសិន រសៀលជ្រេ​ទើបវិលមកវិញ។

មកដល់ទីនេះកាលណាក៏មាន​អារម្មណ៍​តឹងតែង​។ ជិតយប់វិញហើយ គេនឹកដល់សុបិនកាលពីទៀបភ្លឺ។ ចិត្ត​គេ ដូចជា​ចង់ចួបមីង និង​និយាយ​សុំដូរបន្ទប់នោះចេញឆាប់ៗក្រោយសុបិនអាក្រក់ តែទាល់ពូខឿនព្រមឱ្យចែកបន្ទប់ជាមួយគាត់។

គេគិតដូច្នេះហើយក៏ត្រលប់មកវិញ ហើយដើររុករកពាសពេញទីបំផុតគេរកឃើញបន្ទប់លេខបួន ដែលនៅចុងម្ខាងទៀតនៃអគារផ្ទុយស្រឡះពីកន្លែងគេ។

មើលពីខាងក្រៅទៅដូចជាពិបាកមើលជាងបន្ទប់ចាស់របស់គេទៀតដោយសារមានកូនគ្រែឫស្សី និងសម្ភារៈដែលមិនប្រើប្រាស់ចាស់ៗ​គខាងមុខថែមទាំងមានដុះដើមវល្លិ៍ធ្លាក់មកខ្លះៗ។

«អ្ហេបង! ​មកធ្វើអីនៅហ្នឹង?»

នាង​ដាធ្វើមុខស្លឺ ដើរមកពីឆ្ងាយ​ជាមួយអំបោះនិងប្រដាប់កើប។

«បន្ទប់ពូខឿនមែនអត់?»

«ពូខឿន?»

នាងធ្វើមុខ​ដូចជាមិនដែលស្គាល់ឬសូម្បីតែ​ឮឈ្មោះនេះ។

«បន្ទប់នេះ!  គាត់ប្រាប់ខ្ញុំថានៅបន្ទប់លេខ៤!»

នាង​គ្រវីក្បាលធ្វើមុខមីងមាំង៖

«នែបង! បន្ទប់គេទុកដាក់អេតចាយចោលយូរហើយហ្នឹង?»

គេអេះក្បាលងាកមកសម្លឹងបន្ទប់នេះទៀត។

«ពូម្នាក់ស្គមណា! ខ្ញុំឃើញ​គាត់បីដងហើយ!​»

នាង​ធ្វើមុខសង្ស័យមិនមាត់តែសម្លឹងគេ។

គេរំឭកទៀត៖

«គាត់មកលេងខ្ញុំតាំងពីយប់ដំបូង ហើយ​ថា នៅបន្ទប់លេខបួន! គាត់ជាគ្រូបង្រៀនថតរូបមកពីស្រុកថៃ!»

ឆ្កែមួយបោលកាត់នាង​ភ្ញាក់ឡើងរបូតអំបោសពីដៃ។ អាការៈដា​ដូចជាភ័យនិងអ្វីម្យ៉ាង។ នាង​សម្លឹង​បន្ទប់នេះបន្តិច​រួច​ប្រញិបប្រញាប់ឱនរើស​អំបោស​រត់ចេញទៅ។

​តែពេលនាង​ឈប់រត់ ហើយងាកមកក៏ឃើញ​គេនៅឈរទីរទើនៅមុខបន្ទប់ចាស់ នាង​ដកដង្ហើមធំ​ស្ទុះមកក្បែរៗ និងខ្សឹបបើកភ្នែកធំៗ៖

«​កុំមកកន្លែងហ្នឹងទៀត!» នាងថាហើយក៏ធ្វើដូចស្លេកស្លាំងដើរហួសចេញទៅ​បណ្តាលឱ្យគេ​ប្រដេញតាមពីក្រោយហើយខ្សឹកសួរព្រោះសង្ស័យ៖

«មានរឿងអី?»

ដោយ​នាងងាកឆ្វេងស្ដាំមិនឃើញមានមនុស្ស មិនឃើញមីងម្ចាស់ផ្ទះមកក៏លើកដៃក្បង់ខ្សឹបដាក់ត្រចៀកគេ៖

«ខ្ញុំមិនទាន់ដែរ! ខ្ញុំមកទើបបានបីខែហ្នឹង តែឮអ្នកមុនៗថា បន្ទប់នេះ​មានមនុស្សសម្លាប់ខ្លួន!»

គេបើកភ្នែកធំៗ ធ្វើឱ្យដាស្លន់ភ័យ​នាងគ្រវីក្បាលគេចខ្លួន៖

«ហើយ….រឿងបន្តខ្ញុំអត់ដឹងទេ!  ខ្ញុំទើបមកនៅបានបីខែ! ប៉ុន្តែមានគេមុនៗ ធ្លាប់ប្រាប់ថាកុំឱ្យដើរកាត់នេះពេលព្រលប់​ៗ ឬយប់អាធ្រាត្រ ព្រោះយូរហើយ ធ្លាប់មាន​មនុស្សប្រុសម្នាក់ញៀនថ្នាំ អត់លុយបង់ថ្លៃបន្ទប់ត្រូវថៅកែដេញចេញ យប់ដដែលហ្នឹង​គាត់ក៏សម្លាប់ខ្លួននៅហ្នឹងទៅ! កាលមុនមិនទាន់មានបន្ទប់ជួលថ្មីមួយជួរ នៅខាងមុខហ្នឹង​ទេ មានតែម្តុំនេះ តែ​ក្រោយពីមានរឿងហ្នឹងមក គេក៏សង់បន្ទប់ជួលថ្មីនៅខាងមុខវិញ ម្តុំនេះ អ្នកដឹងរឿងមានអ្នកណាហ៊ានមកនៅទេ បងឯងកុំឧស្សាហ៍ដើរមកពេក។»

បេះដូងគេចង់ញាប់ញ័រព្រោះសំណួរមិនល្អជាច្រើន។

គេប្រញាប់វិលទៅបន្ទប់វិញយ៉ាងរហ័សដៃញ័រទទ្រើក ចាប់ផ្តើមបើក laptop ហើយស្រាវជ្រាវរកករណីសម្លាប់ខ្លួននៅខេត្តបន្ទាយមានជ័យ។

​មិនយូរទេ គេ​រកឃើញ​មនុស្សប្រុសម្នាក់ឈ្មោះខឹម ខឿន ដែលមានប្រវត្តិ​ទៅធ្វើការនៅថៃយូរ ញៀនថ្នាំខ្លាំង​និង​វិលត្រលប់មកស្រុកនេះ លក់ម៉ាស៊ីនថតលក់អ្វីគ្រប់យ៉ាងរបស់គាត់ដេកសំងំក្នុងបន្ទប់សេពថ្នាំ រហូត​ដល់អស់លុយបង់ថ្លៃបន្ទប់។

មានគេនិយាយថាគាត់ធ្លាប់ជាអ្នកថតរូបល្បីម្នាក់នៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយនា​ទីក្រុងបាងកក ប៉ុន្តែត្រូវបានបណ្ដេញចេញត្រលប់មកស្រុកវិញដោយសារតែគាត់ញៀនថ្នាំ ហើយបាត់បង់ស្នេហាព្រមទាំងព្រឹត្តិការណ៍ទៀត ចុងក្រោយគេរកឃើញគាត់សម្លាប់ខ្លួននៅពេលដែលគាត់ត្រូវមីងម្ចាស់ផ្ទះទារឱ្យ​បង់ថ្លៃបន្ទប់។

គេទម្លាក់ដៃចោលកុំព្យូទ័រ​ គាំងរាងកាយ​ទាំងពេលព្រលប់ល្អះៗមិនទាន់បើកភ្លើង។ ចិត្តវាសនា ​ចង់រត់ទៅចុចភ្លើង ឱ្យបាន​ភ្លឺស្រលះមុនមេឃងងឹតដែរ ​តែ​ដូចជាប់គាំង ត្រូវអាគម។​ ដោយឯកឯង កុំព្យូទ័ររបស់គេស្រាប់តែ​លោតបង្ហាញ​ព័ត៌មាន​ចាស់ៗទាំងមិនបានចុច Key។

​មនុស្សដែលសម្លាប់ខ្លួនព្រោះគ្មាន​ថ្លៃឈ្នួលផ្ទះនៅខេត្តបន្ទាយមានជ័យទោះ​រូបភាព ត្រូវបានគេបិទភ្នែកមុខ​នៅលើទំព័រសារព័ត៌មានក៏ដោយ នៅតែពិនិត្យ​ស្គាល់ថាជាពូខឿន។

ស្នូរគោះទ្វារ…..តុៗៗៗ

គេភ័យ​របូតខ្លួនពីកៅអី ធាក់ថយនៅលើឥដ្ឋ។

ដោយ​បែកញើសជោក​ជាំ​​គេងាកក្រឡោត​ៗទៅសម្លឹងទ្វារ។​ នៅក្នុងភាព​ងងឹត គេពិតជាឮសំឡេង​គាត់ហៅ​៖

«វាសនា! វាសនា!»

គេសម្លឹងនាឡិកាលើដៃនិងស្រែកវ៉ាសព្រោះឃើញ​ម៉ោងដប់ពីរយប់ហើយ? ​ឆាប់ម្ល៉េះ?

«ទេ! ទេ! ចេញទៅៗៗៗៗ»

គេស្រែកហើយ​រត់ទៅចុចបើកភ្លើង អំពូល​នោះក៏​បញ្ចេញ​ពន្លឺ​ខៀវស្រអាប់ បន្ទាប់មកប្រផេះ ដូចជាមានអព្ទផ្សែង។

គេក្រោកមិនរួចទេ ស្នូរគោះនៅតែរន្ថើន។

គេ​ស្ទុះមកលើគ្រែរាវរកទុរសព្ទខលទៅម្តាយ ស្រាប់តែម្តាយគេទទួល។

«ម៉ាក់! ម៉ាក់! ជួយខ្ញុំ! ជួយខ្ញុំផងម៉ាក!»

សំឡេងឆ្លើយមកមិនមែន​ម្តាយគេឯណា​ជាសំឡេងគ្រូខឿន៖

«ឯង ត្រូវតែខំរៀនវាសនា! ឯងមិនចង់រៀនទេ?»

ជាសំឡេងរបស់បុរសឈ្មោះខឿន ដែលឆ្លើយឆ្លងជាមួយគេតាម​ទូរសព្ទទៅវិញ? នេះធ្វើឱ្យគេងាកមកលើកទូរសព្ទមើល​រួចហើយគ្រវែងវាចោលដោយភ័យខ្លាច។

ទ្វារចាប់បានផ្តើមរបើកដោយខ្លួនវា….គេខំស្រែកយ៉ាងខ្លាំងព្រោះរន្ធត់ តែទំនងសំឡេងគេ​មិនលាន់មកក្រៅទេ វាឮថប់ទៅៗ តែក្នុងបេះដូងខ្លួនឯង រហូតដល់គាំងៗខ្ទរ​ៗ និងលែងឮ។

ពេលរាងកាយគេស្ងៀមបញ្ជាដៃជើងលែងរួចព្រោះឈាមលែងរត់ បេះដូង​ផ្អាកដំណើរការ គេនៅចាំសម្តីចុងក្រោយ​របស់ពូខឿន«ចាំពូផ្ទេរ​ឱ្យ!»។

មេឃនៅខាងក្រៅរលឹមស្រិច។

គេឮសូរសំឡេងមនុស្ស​ស្រែកជេរថា បើអត់បង់លុយទេរើចេញ។

បន្ទាប់មកសំឡេងលោកសង្ឃសូត្រធម៌ និងសំឡេងមនុស្ស​រងា…..

«បើឯងរកអ្នកផ្ទេរមិនបាន ឯងនឹងត្រូវចាំនៅកន្លែងនេះរហូត!»

——

៧ខែក្រោយមក

«សួស្ដីមីង ខ្ញុំជាជាងថតរូប មកពីភ្នំពេញដែលបានកក់បន្ទប់!»

 «អូនោះ អាដា ! ជូនក្មួយនេះទៅ នោះបន្ទប់នៅចុងគេ!»

ក្មេងស្រីឈ្មោះដាសម្លឹងនាក់មកពីភ្នំពេញពីលើដល់ក្រោម។ គេរាងធាត់និងទាបក្រអាញ សភាពរបស់គេមិនដូចអ្នកថតរូបឈ្មោះវាសនា ដែលបានគាំងបេះដូងស្លាប់កាលពី៧ខែមុនទេ។

«ណេះ​សោបង!​ ហើយចុះបងឯងជិះឡានមកយឺតម៉េះ​យប់ហើយបានមកដល់?»

គេនោះញញឹម​លូកដៃប្រុងទទួលសោពីដា ស្រាប់តែនាងមិនដាច់ចិត្ត​នាងនិយាយខ្សឹប៖

«មានបន្ទប់ផ្សេងសល់ទេតើបង សុំគាត់ដូរទៅ!»

ជាងថតងាកសម្លឹងឆ្វេងស្តាំហើយឆ្លើយឡូយ៖

«ដូរធ្វើអី បន្ទប់នេះចុងគេមិនសូវថ្លង់ បងចូលចិត្ត!»

«តែ….»

នាងងាកទៅម្ខាងឃើញវាសនា​ឈរស្កុប នាង​ស្លុត​ញ័រមាត់​ងាកមុខចេញ​លែងនិយាយរួចព្រោះអ្នកចំណូលថ្មីនេះប្រហែលមើលមិនឃើញ​វាសនា​ដូចនាងទេ។

«ថី? មានអីនិយាយ?»

អ្នកទើបនឹងមកជួលបន្ទប់នេះ​ឃើញនាង​នៅភាំងស្លេក គេ​ក៏ដកដង្ហើមធំ….

«បងហត់ណាស់! បងចូលសម្រាកហើយ!»

គេបើកសោទាំងហួចផងច្រៀងផង រួចបោះកាតាបស្ពាយនិង​កាបូបកាមេរ៉ា​ទៅលើគ្រែ។ កាតគេ​ជាប់កាបូបបង្ហាញ​ឈ្មោះ​ថា វ៉ាឌី។

គេសម្លឹងជុំវិញ រួចមក​អង្គុយនៅតុធ្វើការ​។

ដោយហត់ពេកឈ្ងោកជ្រប់លក់ភ្លឹង…..ដឹងខ្លួនមកវិញ​ឃើញខ្លួនឯងក្នុងបន្ទប់ដែលមិនចាំបានថា បានចុចបើកភ្លើងពីពេលណា​ គ្រាន់តែភ្លើងនេះ​ដូចជាប្រផេះស្រអាប់មិនស្រលះបានសោះ?

ស្នូរគោះទ្វារ…..មើលនាឡិកា អូម៉ោង១១និង៥៩ហើយ?

គេក្រោកទៅបើកគន្លឹះ……

«សួស្ដីខ្ញុំឈ្មោះវាសនាស្នាក់នៅបន្ទប់ជាប់នេះ! ​ខ្ញុំជាជាងថតរូបរៀមច្បងមានអីចោទឡើង អាចសួរខ្ញុំបាន ខ្ញុំជួយបង្រៀនហ្វ្រីទេ!»
——

អ្នកបន្ទាយមានជ័យជឿថា មានជើងកបនៅជាប់បណ្តាសាត្រូវ​រង់ចាំ​នា​កន្លែងដែលពួកគេស្លាប់រហូត​ ទាល់តែរកបានអ្នកមកផ្ទេរ​ទើបគេ​អាច​បានទៅចាប់ជាតិវិញ។

តើអ្នកណាជាអ្នករងគ្រោះចុងក្រោយ?

សូមអរគុណដែលអានរឿងនិទានរបស់ខ្ញុំហើយជួយឱ្យតម្លៃផង នេះគឺជារឿងប្រតិដ្ឋសុទ្ធសាធ បើមានខុសទាស់ត្រង់ណា សូមមេត្តា​ជួយកែតម្រូវ​ ឱ្យយោបល់ព្រមទាំងជួយស៊ែរផង។