« បងសម្លាញ់….បងយល់ថាគំនូរដែលអូនទិញនេះស្អាតដែរទេ?» នារីវ័យក្មេងដើរបណ្ដើរនិយាយបណ្ដើរក្រោយពីចាកចេញពីកន្លែងតាំងពិព័រណ៍គំនូរមួយដែលមានការតាំងរូបគំនូរល្បីៗជាច្រើនដោយនាងបានពាំនាំនូវផ្ទាំងគំនូរមួយផ្ទាំងមកជាមួយ……
« បើមិនស្អាតមិនមែនអូនហ៊ានចំណាយលុយប្រាក់ខែមួយខែមកទិញវាទេ»
កំលោះដេវីតដែលត្រូវជាសង្សារនិយាយទាំងចំអន់សើចតិចៗហើយប្រើកន្ទុយភ្នែកមើលទៅនាង។
« ឆឺស……» សំឡេងសើចក្អាកក្អាយរបស់គូស្នេហ៍មួយគូរនេះនៅតែបន្លឺឡើងក្រោមអាកាសធាតុចុះត្រជាក់នាពេលរាត្រី។ ពួកគេធ្វើដំណើររហូតមកដល់ខាងមុខផ្ទះនាងជាសង្សារចំណែកឯដេវីតក៏លើករបស់មួយបង្ហាញនាង…..។
« ជាអ្វីនិងដេវីត….»
« បងជូនអូន ហើយឆាប់ចូលផ្ទះទៅយប់ហើយ…….»
និយាយចប់ដេវីតក៏ប្រញាប់ចាកចេញទៅដោយមិនចាំស្ដាប់ពាក្យអរគុណពីនាងសោះ។
« គាត់យ៉ាងម៉េចហ្នឹង…..?»
ឃើញបែបនេះនាងក៏រាងឆ្ងល់បន្តិចតែក៏មិនបានគិតច្រើនព្រោះមួយថ្ងៃនេះគាត់កំដរនាងមួយថ្ងៃពេញប្រហែលជាហត់មិនចង់និយាយច្រើនទើបនាងសម្រេចចិត្តចូលទៅក្នុងផ្ទះជារបៀបApartmentមួយកន្លែង។
ចូលមកដល់ក្នុងបន្ទប់នាងប្រញាប់បើកមើលវត្ថុដែលមានទំហំធំរបស់សង្សារដែលឱ្យមកនាង….
« រូបគំនូរ…?» នីនឧទានឡើងក្រោយឃើញរូបគំនូរគូស្នេហ៍នៅមាត់បឹងទន្លេស្ថិតក្រោមចន្ទរាត្រីយ៉ាងស្រស់ស្អាតធ្វើឱ្យស្នាមញញឹមត្រូវបញ្ចេញមកដោយសេចក្ដីសុខ។ នាងប្រញាប់ថតរូបវារួចហើយផ្ញើទៅនាយជាសង្សារព្រមភ្ជាប់ជាមួយCaption……
« អរគុណបងសម្លាញ់…….»
ដោយដេវីតមិនទាន់ចូលតបនាងក៏លើករូបគំនូរទាំងនោះទៅព្យួរនិងជញ្ជាំងព្រមជាមួយនិងគំនូរដែលនាងបានទិញដាក់ទៅជញ្ជាំងម្ខាងឯរូបគំនូររបស់សង្សារនាងដាក់នៅជញ្ជាំងម្ខាង។
នាងឈរសម្លឹងទៅផ្ទាំងគំនូរដែលនាងបានទិញ នាងឈរសម្លឹងវាកាន់តែយូរក៏មានអារម្មណ៍កាន់តែចម្លែកឡើង។ វាំងននពណ៌សដែលគូរបាំងរូបរាងមនុស្សស្រីមួយចំហៀងខ្លួនរីឯមួយចំហៀងខាងឆ្វេងលេចចេញរូបរាងញញឹមស្រស់វាដូចជារូបភាពលេងបិទពួនយ៉ាងច្នឹង…..!
« ឈប់គិតហើយទៅដេកវិញ…» នាងបំភ្លេចរាល់ការគិតច្រើនហើយប្រាសខ្លួនចូលដេកដោយមិនសម្អាតកាយឬប្ដូរសម្លៀកបំពាក់នោះទេ។
ព្រឹកឡើងគ្រប់យ៉ាងក៏គ្មានអ្វីប្រែប្រួល តែគ្រាន់តែភ្ញាក់ពីដំណេកនីនក៏បានបើកទូរស័ព្ទមើលមុនគេព្រោះមិត្តប្រុសនាងមិនបានតបសារតាំងពីយប់មិញម្ល៉េះ……!
“ បងមានភារកិច្ចដែលត្រូវធ្វើមិនបានឆ្លើយតបអូនទេ តែអូននៅក្នុងបេះដូងបងរហូត ស្រលាញ់អូន នីន…..”
សារយ៉ាងវែងភ្ជាប់ជាមួយស្ទីកឃើររូបបេះដូងជាច្រើនពីដេវីតគ្រាន់តែអានចប់ភ្លាមស្រីស្រស់លីនីនក៏ញញិមបិទមាត់មិនជិត ព្រឹកនេះមើលទៅហាក់ប្រែជាពេលព្រឹកដ៏ស្រស់ស្រាយខ្លាំងហើយ នាងទម្លាក់ទូរស័ព្ទចុះហៀបនិងទៅបន្ទប់ទឹកតែក៏ប្រទះឃើញខ្លួនឯង….
« អ្អេ៎…..យប់មិញយើងមានបានផ្លាស់សម្លៀកបំពាក់ឯណា ម៉េចក៏…?»
នាងហាក់ឆ្ងល់ហើយសួរខ្លួនឯងដែលខ្លួនស្ថិតក្រោមឈុតគេងរលុងៗទៅវិញ?
« ប្រហែលយើងច្រឡំខ្លួនឯងហើយ…!!!»
នាងនិយាយបន្លប់ម្ដងទៀតរីឯបន្ទាប់ពីររៀបចំខ្លួនហើយក៏ចេញទៅខាងក្រៅជួបជុំមិត្តភក្ដិតាមធម្មតារបស់មនុស្សស្រី។ នាងក៏បានបានត្រលប់មកapartmentវិញនៅពេល្ងាចម៉ាងប្រហែល៥ជិត៦។
“ ក្រាក….!”
សំឡេងបើកទ្វារបន្ទប់ដោយស្នាដៃនីន គ្រាន់តែឈានជើងចូលមកដល់បន្ទប់ភ្លាមនាងហាក់ភ្ញាក់ផ្អើលនូវសភាពបន្ទប់ខ្លួនជាពន់ពេក
« មានរឿងអី? អ្នកណាចូលមករុះរើបន្ទប់ខ្ញុំ? ឬមួយក៏មានចោរ?»
លីនីនហួសចិត្តដែលសភាពបន្ទប់នាងប្រៀបដូចជាមានមនុស្សមកកកាយឬបែបជាត្រូវខ្យល់បក់ប៉ើងធ្លាក់របស់របរពេញឥដ្ឋខុសពីសភាពពេលនាងចេញទៅ។ ក្រោយមិនអស់ចិត្តនាងបានហៅសន្តិសុខយាមកាមនៅទីនេះមកមើលថែមទាំងបានឆែកកាម៉េរាសុវត្ថិភាពទៀតផងប៉ុន្តែចម្លើយបានត្រឹមតែ………
« ខ្ញុំយាមនៅទីនេះមួយថ្ងៃហើយគ្មានមនុស្សប្លែកមុខឬអ្នកណាឡើងទៅជាន់អ្នកនាងទេ កាម៉េរាក៏គ្មានចាប់បានអ្នកណាចូលទៅបន្ទប់អ្នកនាងដែរ ហើយសោរក៏មិនបានខូចខាតដែរបាទ! អ្នកនាងប្រហែលជាច្រឡំខ្លួនឯងហើយ…»
« ខ្ញុំមិនបានច្រឡំទេមុនពេលទៅគ្រប់យ៉ាងនៅធម្មតាទេតើ….»
នាងប្រញាប់បកស្រាយទៅសន្តិសុខនិងគ្រប់គ្នាដែលមកចោមរោមមើលប៉ុន្តែគ្រប់គ្នាហាក់មិនខ្វល់ហើយដើរចេញប្រហែលជាគេគិតថានាងវង្វេងវង្វាន់ច្បាស់ណាស់!
« ហ៉ើយ……ចំជាចង្រៃមែន»
នាងបោកកាបូបដៃចោលទៅក្នុងបន្ទប់ទាំងក្ដៅក្រហាយ សុខៗក៏ត្រូវរៀបបន្ទប់សារជាថ្មីប្រាប់ហេតុផលក៏គ្មានអ្នកណាជឿគិតទៅគួរឱ្យក្ដៅក្រហាយពិតមែន…! ចំណាយពេលអស់មួយសម្ទុះលីនីនរៀបចំគ្រប់យ៉ាងហើយអស់រហូតដល់ផ្ទាំងរូបគំនូរទាំងអស់សុទ្ធតែត្រូវធ្លាក់រាយប៉ាយសូម្បីតែគំនូររបស់ដេវីត តែចម្លែកអីរូបគំនូរដែលនាងទើបនិងទិញនោះនៅជាប់ជញ្ជាំងដដែលខុសពីរគំនូរដទៃរួចក៏ពោលម្លាក់ឯង តិចៗ
« ម៉េចក៏វាខុសពីគេ អាយ៎…………….»
នាងស្រែកឡើងទាំងតក់ស្លុតក្រោយនិយាយមិនទាន់ផុតពីមាត់រូបគំនូរនោះស្រាប់តែធ្លាក់ចុះមកភ្លាមៗ……….។ លីនីនសម្លឹងទៅផ្ទាំងគំនូរនោះដែលដូចជាមើលមកនាងវិញអារម្មណ៍ចម្លែកៗក៏ហោះចូលមកក្នុងខួរក្បាល នាងប្រញាប់រៀបចំពួកវាឱ្យបានរៀបរយហើយមុជទឹកចូលគេងយ៉ាងលឿនខុសពីររាល់ដង…………។
អធ្រាត្រយប់ស្ងាត់ខ្យល់បក់បោកនាំយកភាពត្រជាក់ចូលមកកាន់បន្ទប់ស្រីក្រមុំដែលគេងបែរខ្នងយ៉ាងស្កប់ស្កល់…..
« ហ៊ឹម……» នីនគ្រហឹមប្រាស់ខ្លួនទាំងមានអារម្មណ៍ថាត្រជាក់ស្រឹបៗមិនដូចរាល់ដង។ ភ្នែកបើកព្រិមៗក៏ប្រទាក់ភ្នែកនិងរូបគំនូរដែលនាងទិញ វាចាប់ផ្ដើមមានសភាពខុសប្លែក។
រូបវាំងននប្រែសភាពជាវាំងននពិតៗឯមនុស្សស្រីនោះស្រាប់តែលេចចេញពីរូបពាក់កណ្ដាលមួយចំហៀងខ្លួន ធ្លាក់ដៃឆ្វេងធ្លាក់សក់ក្បាលចេញពីស៊ុមធ្វើឱ្យលីនីនបើកភ្នែកធំរៀបនិងស្រែកតែនាងនោះបែជាងើបក្បាលមករួចសម្លឹងមុខនាងមិនដាក់ហើយស្រែកដាក់លីនីនមុនយ៉ាងគ្រលួច…។
“ អា៎………….”
« អាយ៎……» លីនីនស្រែកមួយវ៉ាសធ្វើឱ្យងើបអង្គុយភ្ញាក់ពីដំណេកដូចគេទាញ។ នាងអង្គុយសម្លឹងមើលទៅរូបគំនូរពីរលើគ្រែទាំងធូរទ្រូងខ្សាកព្រោះមិញនេះវាជាការយល់សប្តិសោះ តែវាកាន់តែធ្វើឱ្យនាងមានអារម្មណ៍ថាវាមិនមែនធម្មតាដូចនាងគិតឡើយ……………។
ប៉ុន្មានថ្ងៃបន្ទាប់មកទៀតចេះតែមានរឿងចម្លែកៗកើតឡើងលើនាងមិនថាបន្ទប់ទឹកឬបន្ទប់គេងឡើយសុខៗក៏ដាច់ភ្លើង ពេលខ្លះគេងឮសំឡេងមនុស្សប្រុសស្រីស្រែកហៅឈ្មោះរបស់នាងយ៉ាងច្បាស់ដូចជាធ្លាប់ស្គាល់ពីមុនមក។ នាងក៏បានសម្រេចចិត្តយកគំនូរដែលបានទិញនោះទៅប្រគេនព្រះសង្ឃហើយត្រលប់មកកន្លែងស្នាក់វិញនៅពេលល្ងាចដោយវិលវល់នូវពាក្យដែលព្រះសង្ឃនោះមានសង្ឃដីការប្រាប់នាងថា…….
« គ្រប់យ៉ាងសុទ្ធតែជាការបំភាន់ភ្នែក បើញោមអាចគេចផុតនោះញោមនិងបានរួចខ្លួន…..»
« គុណម្ចាស់ចង់បានន័យថាម៉េច ចុះបើមិនរួចខ្លួននោះ? ហ៊ឹស….លេងសើចណាស់…» នាងសើចតិចៗព្រោះគិតថាជាពាក្យបំភ័យតែនាងមិនមែនជាមនុស្សខ្លាចពាក្យបែបហ្នឹងនោះទេ ម្យ៉ាងគំនូរបានប្រគេនព្រះសង្ឃរួចហើយមានអីត្រូវគិតទៀត?
« អ្វីដែលគួរគិតនោះគឺដេវីតបាត់ឈឹងតែម្ដង គួរតែខលទៅស្ដីឱ្យទើបបាន….»
នាងចាប់យកទូរស័ព្ទបម្រុងខលទៅសង្សារខ្លួនហើយបែរជាមានលេខមួយខលមកនាងមុន។ ដោយឃើញថាលេខប្លែកនាងក៏បានលើកនិយាយហើយក៏…..
“ ហាឡូ….ជាលីនីនមែនទេ”
“ ត្រូវហើយខ្ញុំលីនីននិយាយ អ្នកជាអ្នកណា?”
“ ខ្ញុំជាអ្នកម៉ាក់របស់ដេវីត…”
“ អូ៎…គឺអ្នកម៉ាក់ឬ……អឹម……មែនហើយខ្ញុំថារៀបនិងខលទៅបងដេវីតដែលគាត់មិនទាក់ទងមកខ្ញុំទេប៉ុន្មានថ្ងៃនេះអ្នកម៉ាក់ដឹងថាគាត់កើតអីទេ?”
“ នេះនីនមិនដឹងរឿងដេវីតទេ? ហ៊ឹកៗ….ដេវីតគេបានស្លាប់ហើយ”
“ អ្នកម៉ាក់ម៉េចក៏និយាយបែបនេះវាអត់សប្បាយទេណា៎…..”
នីនចាប់ផ្ដើមមានអារម្មណ៍មិនស្រួលតើគាត់ចង់លេងសើចហ្នឹងនាងឬ?
“ ខ្ញុំមិនបានលេងសើច ដេវីតគេត្រូវចោរប្លន់សម្លាប់តាំងពីសប្ដាហ៍មុនមកម្ល៉េះ ហ៊ឹក…..ពេលនេះទើបតែរកសាកសពឃើញទេ”
“ ទឺត….ទឺត……”
នាងចុចបិទទូរស័ព្ទយ៉ាងលឿនព្រោះគិតថាជាមនុស្សបោកនិយាយមិនដឹងរឿងប៉ុណ្ណោះ តែហាក់មិនអស់ចិត្តនាងបានបើកទូរស័ព្ទចូលទៅមើលព័ត៌មាននៅក្នុងបង្ដាញសង្គមម្ដងទៀត។
ក្ដុក…..!!
ទូរស័ព្ទនីនបានធ្លាក់ពីក្នុងដៃ អណ្ដាតដូចជាគាំងមិនអាចគន្លាស់បានទៀតនេះច្បាស់ណាស់វាជារឿងពិត។ ទឹកមុខប្រែជាស្លេកស្លាំងគ្មានឈាមធ្វើអ្វីក៏មិនត្រូវ តែនាងនៅតែសម្លឹងមើលទៅរូបគំនូរឮព្យួរនៅជញ្ជាំងយ៉ាងស្រស់ស្អាតដែលសង្សារនាងទើបនិងជូនប៉ុន្មានថ្ងៃមុននេះសោះតែម្ចាស់វាបែរជាត្រូវគេសម្លាប់ ៧ថ្ងៃមកហើយ ចុះហេតុអីគំនូរនៅទីនេះ?
ឌូក…!!!
គំនូរដ៏ស្រស់ស្អាតបានធ្លាក់របូតដោយឯកឯងទាំងគ្មានខ្យល់បក់សូម្បីបន្តិច! នីនងើបដើរសម្ដៅទៅរកវាបន្តិចម្ដងៗដោយញ័រអស់ទាំងខ្លួនខួរក្បាលហាក់ទទេរស្អាតគិតអ្វីមិនចេញ។ នាងបានឈោងដៃយកវាមកកាន់មើល បានបន្តិចឈាមក្រហមស្រស់បានហូរចេញពីមនុស្សប្រុសនៅក្នុងគំនូរហូរធ្លាក់មកលើដៃនាងយ៉ាងច្រើន…………..
« អាយ៎……ហ៊ឹកៗ…..» នីនបោះចោលគំនូរហើយប្រញាប់ដើរថយក្រោយទាំងទឹកភ្នែកចាប់ផ្ដើមស្រក់ដោយអារម្មណ៍ភ័យខ្លាច ឯសំឡេងហៅឈ្មោះរបស់នាងបន្លឺឡើងពេញសោតរបស់នាង
“ នីន……លីនីន…..”
« ឈប់ទៅ….ពួកយើងជាសង្សារនិងគ្នាបងកុំធ្វើបាបអូនអីវីត…….ហ៊ឹកៗ……ហ៊ឺ…..»
លីនីនយំស្រែកម្នាក់ឯងប្រៀបដូចមនុស្សឆ្កួតស្ថិតក្នុងកាលៈទេសៈនេះនាងមិនដឹងថាត្រូវធ្វើអ្វីក្រៅពីពាក្យអង្វរកនោះទេ…….
“ តែបងស្រលាញ់អូន………”
« ហ៊ឺៗ………បើស្រលាញ់អូនមិនត្រូវធ្វើបែបនេះទេ អាយ៎…….»
ឌឹប…………!!!!!
សំឡេងដេវីតចេញពីកន្លែងណា៎ក៏មិនដឹងបានធ្វើឱ្យនាងកាន់តែយំនិងភ័យលើសដើមនាងនៅតែដើរថយក្រោយរហូតរអិលជើងនិងក្រណាត់ហើយដួលផ្ងាកក្រោយមួួយជំហរធ្វើឱ្យបោកក្បាលនិងគ្រែហើយបត់កទៅចំហៀងដេកដួលនិងឥដ្ឋលើឈាមទាំងថ្លុក…!
« ជួយ….អឹក….កុំអី…!!!» នាងមិនអាចក្រោកបានដោយហេតុកត្រូវបាក់បត់ទៅចំហៀងតែនាងនៅតែស្រែកហៅរកជំនួយទាំងដឹងខ្លួនច្បាស់ណាស់ថានាងគ្មានសំណាងបានរស់ដល់ស្អែកឡើយ។ កែវភ្នែកទាំងគូរចាប់ព្រិលបន្តិចម្ដងៗមានព្រមជាមួយនិងទឹកភ្នែកដែលហូរមិនចេះដាច់……..!
«…………….»
គ្រាសល់ត្រឹមដង្ហើមតឹកៗនាងបានព្យាយាមផ្ដិតរូបភាពរាល់សកម្មភាពរហូតឃើញជំហានបោះមួយៗមករកនាងបន្តិចម្ដងៗដោយជើងប្រឡាក់ភក់សើម។ នាងសម្លឹងពីក្រោមរហូតដល់លើក្រោមសភាពងងឹតមានត្រឹមពន្លឺពីព្រះចន្ទនៅក្រៅបន្ទប់។
ខ្មោចនាយដេវីតនាំមកជាមួយកាំបិតស្រួចវែងដោតជាប់នៅនិងកធ្លុះពីម្ខាងទៅម្ខាងឈាមកកជាប់អាវសមុខហើមស្លេក ក្លិនភក់ស្អុយមិនគួរនិងហិតធ្វើឱ្យនីនដែលបានឃើញកាន់តែខ្លាចហើយអាណិតបុរសម្ចាស់ស្នេហ៍ព្រមគ្នា…….។
« ហ៊ឹកៗ……» លីនីនកាន់តែយំព្រោះនាងយល់ថាគ្រប់រឿងដែលកើតឡើងហាក់នឹកស្មានមិនដល់ ខ្មោចដេវីតឱនមកជិតមុខរបស់នីនសម្លឹងយ៉ាងយូរ តែរួចក៏ហួសទៅផ្ដិតស្នាមថើបលើថ្ងាសនាងជាសង្សារយ៉ាងយូរប្រៀបដូចជានឹកមករាប់ថ្ងៃខែ…..។
« ខ្ញុំយល់ហើយពាក្យដែលព្រះសង្ឃមួយអង្គមានសង្ឃដីការ គឺគ្រប់យ៉ាងវាជាការបំភាន់ភ្នែករបស់ដេវីតធ្វើឱ្យខ្ញុំយល់ច្រឡំ…..»
ត្រលប់ទៅអតីត
ដេវីតដឹងថាលីនីនសង្សារខ្លួនជាមនុស្សស្រលាញ់រូបគំនូរទើបនាយបានគូរគំនូរមួយផ្ទាំងសម្រាប់ជូនទៅនីនតែអកុសលយប់ដែលនាយទៅជួបនាងក៏មានចោរមួយក្រុមមកស្ទាក់ប្លន់ហើយសម្លាប់បោះចូលស្ទឹងបឹងទន្លេសាបយ៉ាងស្ងៀមស្ងាត់នាយស្លាប់យ៉ាងតៃហោងដោយវិញ្ញាណានិងព្រលឹងរបស់នាយស្ថិតជាប់នៅក្នុងគំនូរដែលបានប្រឡាក់ឈាមនៅពេលស្លាប់ ហើយដេវីតក៏ចង់ឱ្យរបស់ដែលនាយបានគូរទៅមនុស្សដែលនាយស្រលាញ់បំផុត។
គ្រប់យ៉ាងដែលនីនបានឃើញបាននិយាយជាមួយដេវីតគឺនាងនិយាយតែម្នាក់ឯងធ្វើតែម្នាក់ឯងទាំងការទៅសាលតាំងពិព័រណ៍គឺនាងជាអ្នកយល់ច្រឡំ! វិញ្ញាណដេវីតស្ថិតក្នុងរូបគំនូរគូស្នេហ៍ជាអ្នកបង្កើតបញ្ហាគ្រប់បែបយ៉ាងព្រោះដេវីតចង់រស់នៅជាមួយនាង ហើយតែងដើរតាមនីនគ្រប់ពេលវេលា។
« ព្រោះបងស្រលាញ់អូន បងចង់ឱ្យអូនទៅរស់នៅជាមួយបង»