រឿង៖ ម្ចាស់សារសម្ងាត់ ភាគ៣

វគ្គ៖ អ្នកណាជាឃាតកៈ

ស្អែកឡើង…!

អ្វីដែលខ្ញុំសង្ស័យនោះពិតជាមិនខុសមែន។ វុធកំពុងប្រើប្រាស់ខ្លួនប្រាណភារុណ មកស្និទ្ធស្នាលនឹងនារីដែលគេស្រលាញ់ស្មើជីវិត។ ម្នាក់នោះគឺខ្ញុំ។

«នេះគឺមកពីខ្ញុំ! គ្រប់យ៉ាងមកពីខ្ញុំទាំងអស់។»

ខ្ញុំអង្គុយត្រមង់ត្រមោចម្នាក់ឯងលើបង់ក្នុងផ្ទះភារុណ មាត់និយាយបន្ទោសខ្លួនឯងឥតឈប់។ 

«បើពេលនោះខ្ញុំមិនខ្វាក់ភ្នែក បើពេលនោះខ្ញុំមិនងប់តែនឹងភារុណ បើពេលនោះខ្ញុំមើលឃើញវុធតែបន្តិច ម្ល៉េះសមពេលនេះគេមិនវេទនាដូច្នេះទេ។ គេស្លាប់ទៅហើយ វិញ្ញាណគេមិនបានទៅសុគតិភពទៀត។ ខ្ញុំអើយខ្ញុំ! ធ្វើបាបគេដល់ពេលណា?»

ខ្ញុំយំខ្សឹកខ្សួលទម្លាក់ទឹកភ្នែកនៃវិប្បដ្ឋិសារីចុះមករាប់រយតំណក់។ វាស្រក់! វាបន្តស្រក់ជាហូរហែ ជោកក្រណាត់យ័ន្តដែលខ្ញុំកំពុងកាន់នៅក្នុងដៃ។

«វុធដឹងទេ ក្រណាត់យ័ន្តទាំងនេះហើយដែលខ្ញុំនឹងប្រើវាបណ្តេញវិញ្ញាណរបស់វុធត្រលប់ទៅវិញ។ ខ្ញុំអាក្រក់ណាស់មែនទេ មិនអាណិតសូម្បីតែវុធក្លាយជាវិញ្ញាណទៅហើយ។»

តំណក់ទឹកភ្នែកបន្តស្រក់មកឥតដាច់ ហាក់ចង់ឃាត់ខ្ញុំមិនឱ្យបណ្តេញវិញ្ញាណវុធចេញទៅវិញ។ ពួកវាប្រហែលដាក់ចិត្តអាណិតវុធណាស់ហើយមើលទៅ។ មិនមែនខ្ញុំមិនអាណិតគេទេ បើអាចខ្ញុំស្ម័គ្រចិត្តព្រមនៅជាមួយវិញ្ញាណគេរហូតទៅ។ តែ…ចុះសុភមង្គលរបស់ភារុណនិងនីកានោះ? បើទោះបីខ្ញុំចង់ឃាត់វិញ្ញាណវុធយ៉ាងណាក៏ដោយ ក៏មិនអាចបំផ្លាញក្តីសុខរបស់អ្នកដទៃដែរ។ ស្នេហាម៉េចនឹងអាចអាត្មានិយមបែបនេះទៅ។ ពេលនេះនីកាកំពុងមានផ្ទៃពោះ។ តើខ្ញុំអាចទ្រាំមើលក្មេងម្នាក់កើតមកគ្មានឪពុកដែរទេ?

ខ្ញុំយកដៃជូតទឹកភ្នែក ជម្នះចិត្តក្រោកពីបង់អង្គុយដើរទៅរកមាត់ទ្វារ។ នីកាប្រាប់ថាឱ្យតែខ្ញុំបិទយ័ន្តនេះក្នុងផ្ទះគេ យ៉ាងយូររយៈពេលបីថ្ងៃព្រលឹងវុធនឹងចាកចេញពីខ្លួនភារុណជាក់ជាមិនខាន។

ខ្ញុំបង្ខំចិត្តបិទក្រណាត់យ័ន្តនៅមាត់ទ្វារចូលផ្ទះទាំងកំពុងត្រូវបេះដូងជេរស្តីយ៉ាងខ្លាំង។ ខ្ញុំនេះអាក្រក់ណាស់។ វុធធ្វើគ្រប់យ៉ាងដើម្បីខ្ញុំហើយ ខ្ញុំនៅតែដាច់ចិត្តធ្វើបាបគេទៀត។ ខ្ញុំយំហ៊ូៗដោយនឹកអាណិតគេខ្លោចចិត្ត។

សូរសំឡេងរថយន្តមកឈប់នៅមុខផ្ទះ។ ភារុណត្រលប់ពីផ្ទះចាស់នៅជាយក្រុងរបស់គេវិញហើយ។​ ខ្ញុំប្រឹងសម្រួលចិត្ត ញញិមធ្វើដូចគ្មានរឿងអី។

ជើងរបស់គេកំពុងបោះជំហានមករកខ្ញុំ។ បានបន្តិចគេក៏បង្ហាញខ្លួនទាំងញញិមស្រស់។ ស្នាមញញិមរបស់គេជាស្នាមញញិមដ៏បរិសុទ្ធរបស់វុធ ហើយក៏ជាស្នាមញញិមដ៏ស្មោះត្រង់ឥតយល់ការថាបន្តិចទៀតវិញ្ញាណរបស់គេនឹងត្រូវចាកចេញពីខ្លួនប្រាណភារុណដោយស្នាដៃមនុស្សស្រីដែលគេស្រលាញ់។

គេអង្គុយលើបង់យ៉ាងស្ងៀមស្ងាត់តែនៅតែមិនភ្លេចបញ្ចេញស្នាមញញិមដ៏មុតស្រួចដាក់ខ្ញុំឡើយ។ ខ្ញុំយកផ្លែឈើចិតសម្បករួចមួយចានមកដាក់លើតុនៅខាងមុខគេ។ កែវភ្នែកគេដូចមិនបានចាប់អារម្មណ៍លើចានផ្លែឈើសោះ គេគិតតែសម្លឹងមុខខ្ញុំមិនឈប់។

«ម៉េចក៏ចេះតែមើលមុខខ្ញុំ? មុខខ្ញុំប្រឡាក់អីមែន?»

«គ្មានអីទេ! ខ្ញុំគ្រាន់តែនឹកធារីខ្លាំងប៉ុណ្ណោះ។»

ខ្ញុំស្តាប់ពាក្យគេនិយាយទាំងខ្លោចចិត្ត តែក៏ប្រឹងទប់អារម្មណ៍មិនសម្តែងឱ្យគេដឹងឡើយ។ ពួកយើងអង្គុយនិយាយគ្នាពីនេះពីនោះជាច្រើនរឿង។ ភ្នែកខ្ញុំសម្លឹងមើលភ្នែកគេរហូត ចង់ផ្តិតយកកែវភ្នែកដ៏ទន់ភ្លន់របស់វិញ្ញាណវុធជាលើកចុងក្រោយ។​

បីថ្ងៃក្រោយមក…

រយៈពេលបីថ្ងៃដូចដែលនីកានិយាយប្រាប់ តែដូចជាមិនឃើញភារុណមានប្រតិកម្មអីសោះ។​ គេនៅតែធ្វើខ្លួនជាវុធ នៅតែធ្វើល្អ នៅតែយកចិត្តទុកដាក់ផ្គាប់ចិត្តខ្ញុំគ្រប់បែបគ្រប់យ៉ាង។ គេមិនបានត្រលប់ទៅជាភារុណដូចមុនទេ។

«ឬមកពីក្រណាត់យ័ន្តនេះមិនស័ក្តិសិទ្ធ? មិនអាចទេ នីកានិយាយច្បាស់ហើយថាគ្រូដែលធ្វើយ័ន្តនេះខ្លាំងពូកែណាស់។»

ខ្ញុំឈរសម្លឹងមើលក្រណាត់យ័ន្តដែលបិទនៅមាត់ទ្វារទាំងចម្ងល់ពេញខ្លួន។ បីថ្ងៃហើយ គេមិនមានអីប្រែប្រួលសោះ ឬក៏…

«ឬមួយក៏ភារុណមិនមានវិញ្ញាណស្ថិតនៅក្នុងខ្លួនទេ? កាលដែលគេផ្លាស់ប្តូរអត្តចរិតមកជាវុធនេះគឺគេធ្វើឡើងដោយមានចេតនា?»

ខ្ញុំភ្ញាក់ស្មារតីព្រើត គ្រលៀសភ្នែកចេញពីក្រណាត់យ័ន្ត។ ប្រហែលមកពីខ្ញុំគិតទៅដល់វុធពេក ទើបខ្ញុំលង់ជឿនឹងរឿងអស់នេះ។ គ្មានមនុស្សរស់ណាត្រូវវិញ្ញាណសណ្ឋិតអីទេ។ រឿងដែលភារុណសុខៗផ្លាស់ប្តូរអត្តចរិតចំពោះខ្ញុំក៏ប្រហែលជាមានមូលហេតុអីផ្សេង។ ខ្ញុំគួរឈប់គិតពីរឿងជំនឿផ្តេសផ្តាសនេះតទៀត។

ដើម្បីបញ្ជាក់ចម្ងល់នេះឱ្យកាន់តែច្បាស់ ខ្ញុំសម្រេចចិត្តទូរស័ព្ទទៅសួរនីកាម្តងទៀត៖

«ខ្ញុំក៏មិនដឹងដែរធារី។ តែខ្ញុំច្បាស់ថា បងភារុណចាប់ផ្តើមប្រែប្រួលខ្លាំងក្រោយពេលដែលវុធស្លាប់។»

«ក្រោយពេលវុធស្លាប់?»

«ចា៎»

តើអាចទេដែលមូលហេតុដែលភារុណផ្លាស់ប្តូរចរិតមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់វុធ? កាលដែលខ្ញុំឃើញវុធពាក់នាឡិការបស់ភារុណក្នុងយល់សប្តនោះប្រហែលជាប្រផ្នូលអីទេដឹង?

«ដំបូងខ្ញុំគិតថា បងភារុណប្រែដោយសារត្រូវវិញ្ញាណវុធសណ្ឋិត។ តែពេលនេះបើគ្មានរឿងវិញ្ញាណទេ មានតែរឿងអីផ្សេង?»

«ចុះនីកាមានចាប់អារម្មណ៍ទេថា មុនពេលដែលវុធស្លាប់ ភារុណមានអ្វីខុសប្រក្រតីដែរទេ?»

«ដូចជាគ្មានទេ! តែមានរឿងមួយដែលខ្ញុំមិនបានប្រាប់ឯង។ មិនដឹងថាវាទាក់ទងឬក៏អត់ទេ?»

«រឿងអីនីកា? ឆាប់និយាយមក!»

«នៅមុនពេលដែលវុធស្លាប់បីថ្ងៃ ភារុណនិងវុធបានឈ្លោះគ្នាតាមទូរស័ព្ទ។ ពេលនោះខ្ញុំស្តាប់ឮដោយចៃដន់ទេក៏មិនដឹងថាពួកគេទាស់គ្នារឿងអ្វីឡើយ។»

«ឈ្លោះគ្នាតាមទូរស័ព្ទ?» ខ្ញុំឧទានសួរនាង។

ទូរស័ព្ទដាច់សេវាប៉ិតបន្សល់នៅចង្ងល់រាប់រយជំពូកក្នុងខ្លួនខ្ញុំ។ ខ្ញុំកាន់តែសង្ស័យពីការផ្លាស់ប្តូរអត្តចរិតរបស់ភារុណកាន់តែខ្លាំង។ មិនអាចគ្មានរឿងអីសោះមនុស្សម្នាក់ស្រាប់តែផ្លាស់ប្តូរចរិតខ្លួនឯងទេ។

ខ្ញុំដកដង្ហើមធំឱ្យស្បើយល្ហើយក្នុងទ្រូងបន្តិច។ រំពេចនោះសំឡេងសារលោតឡើង! ខ្ញុំប្រាកដណាស់ថា ជាសារអនាមិកនោះទៀតហើយ។

«០២៣»

ខ្ញុំភ្ញាក់ព្រើត! ភ្ញាក់ផ្អើលនឹងលេខដែលសរសេរក្នុងសារអនាមិកនេះ។ ខ្ញុំគិតថាប្រហែលជាត្រូវទទួលបានសារ«ប្រយ័ត្នមនុស្សក្បែរខ្លួន»ដដែលទៀតហើយ ។​ តែម្តងនេះអត់ទេ! ម្តងនេះគឺលេខបីខ្ទង់។

«លេខបីខ្ទង់នេះកំពុងប្រាប់ខ្ញុំពីអ្វី? ០២៣ ដូចជាប្រហែលៗ។» ខ្ញុំរកនឹកបន្តិច។ ដូចជាប្រហែលៗនឹងលេខបន្ទប់ដែលវុធស្នាក់នៅ? ខ្ញុំប្រញាប់ប្រញាល់ចាកចេញពីផ្ទះភារុណបំណងត្រលប់ទៅផ្ទះខ្ញុំវិញដើម្បីមកបញ្ជាក់ពីអាថ៌កំបាំងលេខបីខ្ទង់នោះ។

ត្រលប់មកដល់ផ្ទះភ្លាម ខ្ញុំស្ទុះវឹងទៅឆែកឆេររកមើលឯកសាររបស់វុធដើម្បីមើលពីលេខបន្ទប់ដែលគេស្នាក់នៅ។ 

«០២២! ជាលេខបន្ទប់របស់វុធ។ ចុះ ០២៣?» ប្រាកដជាលេខបន្ទប់ដែលនៅជាប់នឹងបន្ទប់របស់វុធហើយ។ 

គិតដល់ត្រឹមនេះ ខ្ញុំបែកញើសជោកខ្លួន។ ពិតឬមិនពិតមានតែសាកល្បងទេទើបអាចបញ្ជាក់បាន។ ម្ចាស់សារនេះប្រហែលជាមានរឿងរ៉ាវសំខាន់អ្វីមួយចង់ឱ្យខ្ញុំដឹងហើយ។ អាថ៌កំបាំងនោះប្រហែលជាអាចបកស្រាយបាននៅបន្ទប់០២៣នោះក៏ថាបាន។ 

ស្អែកឡើងខ្ញុំរៀបចំទៅអគារចាស់នោះ។ ជំហានរបស់ខ្ញុំបោះយឺតៗសំដៅទៅរកបន្ទប់លេខ០២៣។ ដើរទៅដល់ក្បែរបន្ទប់នោះ ជង្គង់ខ្ញុំស្រាប់តែរោយលែងចង់ទៅមុខទៀត។ ទឹកភ្នែកខ្ញុំស្រក់ស្របពេលដែលខ្ញុំក្រឡេកឃើញលេខបន្ទប់ដែលខ្ញុំឈរពីមុខលេខ០២២។ បន្ទប់នេះត្រូវបានគេយកឈើខ្វែងពីក្រៅទ្វារដែលបិទជិត។ 

«វុធ! ខ្ញុំមកមើលវុធហើយ។ វុធសុខសប្បាយទេ?»

ខ្ញុំយកដៃជូតទឹកភ្នែក ខំប្រឹងបន្លប់ទៅរឿងអីផ្សេង។ បើមិនធ្វើបែបនេះទេ ខ្ញុំប្រាកដជាយំបោកខ្លួនដួលសន្លប់មុខបន្ទប់នេះមិនខាន។ 

ខ្ញុំសង្រួមចិត្ត ប្រឹងបង្ខំជើងឱ្យដើរហួសបន្ទប់នេះ។ មកដល់មុខបន្ទប់លេខ០២៣ ខ្ញុំរាងស្ទាក់ស្ទើរបន្តិច។ ខ្ញុំលើកដៃយឺតៗ គោះទ្វារដោយសំឡេងស្រាលៗ។ បានបន្តិច មីងម្នាក់អាយុប្រហែលជាងសែបើកទ្វារបន្ទប់។ 

«ជម្រាបសួរអ្នកមីង! ខ្ញុំសុំរំខានពេលវេលាអ្នកមីងបន្តិចបានទេ?»

«អូ! មិនអីទេក្មួយ! ចុះក្មួយមានការអីដែរ?»

«ចាស! ខ្ញុំឈ្មោះធារី ជាមិត្តភក្តិជិតស្និទ្ធរបស់វុធដែលធ្លាប់ស្នាក់នៅបន្ទប់លេខ០២២ជាប់នេះ។ ខ្ញុំមកនេះចង់សួរអ្នកមីងអំពីរឿងរ៉ាវខ្លះៗកាលពីគេនៅរស់។» 

អ្នកមីងហាក់បញ្ចេញអាកប្បកិរិយារាងភ័យបន្តិច។ គាត់អើតមកក្រៅបន្ទប់ក្រឡេកមើលឆ្វេងស្តាំដោយទឹកមុខភ័យព្រួយ។ មិនឃើញមានអ្នកណានៅក្បែរនោះ អ្នកមីងក៏ហៅខ្ញុំចូលក្នុង រួចបិទទ្វារជិតឈឹងហាក់ដូចជាខ្លាចនរណាម្នាក់ស្តាប់ឮ។ 

«អង្គុយមកក្មួយ!»

«ចាស! អរគុណអ្នកមីង!»

«រឿងដែលបន្ទប់ក្មួយវុធផ្ទុះធុងហ្គាសនោះ មីងដូចជាមានអារម្មណ៍ថាមិនស្រួលទេ តែមិនហ៊ាននិយាយព្រោះដឹងមិនសូវច្បាស់។»

«មិនសូវច្បាស់? អ្នកមីង! អ្នកមីងបានដឹងរឿងអីខ្លះ អ្នកមីងប្រាប់ខ្ញុំផង។»   

«នៅមុនពេលកើតហេតុមីងបានឮសំឡេងទាស់សម្តីគ្នានៅក្នុងបន្ទប់គេ។ តែមីងមិនដឹងថាគេទាស់ជាមួយនរណាទេ។» 

«ទាស់សម្តីគ្នា?» 

ស្តាប់ដល់ចំនុចនេះ ខ្ញុំក៏នឹកឃើញពាក្យដែលនីកាប្រាប់ខ្ញុំ «នៅមុនពេលដែលវុធស្លាប់បីថ្ងៃភារុណនិងវុធបានឈ្លោះគ្នាតាមទូរស័ព្ទ»។ តើអាចទេអ្នកដែលទាស់គ្នាជាមួយវុធក្នុងបន្ទប់នោះជាភារុណ? 

ខ្ញុំប្រញាប់ទាញទូរស័ព្ទមកចុចមើលរូបភារុណបង្ហាញឱ្យអ្នកមីងមើល។ ក្នុងចិត្តចាប់ផ្តើមភ័យច្របល់ខ្លាចក្រែងអ្វីដែលខ្ញុំគិតជារឿងពិតមែន។

«មីងធ្លាប់ឃើញគេម្នាក់នេះមកលេងវុធទេ?»

អ្នកមីងប្រឹងសម្លឹងមើលរូបថតភារុណយ៉ាងយកចិត្តទុកដាក់។ បានបន្តិចគាត់គ្រវីក្បាល។ 

«មិនដែលទេក្មួយ! មីងនៅបន្ទប់រាល់ថ្ងៃមិនដែលឃើញក្មួយប្រុសក្នុងរូបនេះមកទីនេះសោះ។»

ចិត្តខ្ញុំបានរសាយអស់ពីទ្រូងក្រោយស្តាប់ពាក្យរបស់អ្នកមីងរួច។ នេះខ្ញុំកំពុងគិតអីហ្នឹង ខ្ញុំកំពុងសង្ស័យលើភារុណមែនទេ? 

«បើក្មួយចង់ដឹងរឿងច្បាស់ទាល់តែឆែកមើលកាមេរ៉ាសុវត្ថិភាពដែលដាក់នៅមុខបន្ទប់ក្មួយវុធ។ តែតាមមីងដឹង វីដេអូកាមេរ៉ាសុវត្ថិភាពរួមទាំងវត្ថុតាងផ្សេងៗទៀតត្រូវប៉ូលីសយកទៅរក្សាអស់ហើយ។»

មែនហើយ ម៉េចក៏ខ្ញុំគិតមិនឃើញពីចំនុចនេះសោះ។ ឱ្យតែខ្ញុំអាចឆែកកាមេរ៉ានោះ ខ្ញុំប្រាកដជាដឹងថាអ្នកណាខ្លះមកបន្ទប់វុធនៅថ្ងៃកើតហេតុ។ 

ខ្ញុំអរគុណអ្នកមីង រួចលាគាត់ចាកចេញពីបន្ទប់នោះ។ ដើរមកដល់មុខបន្ទប់របស់វុធ ខ្ញុំក្រឡេកមើលមាត់ទ្វារបន្ទប់ដែលបិទជិតទាំងបេះដូងលោតក្តុកក្តាក់ឥតឈប់។

ខ្ញុំសម្រេចចិត្តទៅប៉ុស្ត៍ប៉ូលីសដើម្បីរាយការណ៍ព័ត៌មាននេះ។ មិនដឹងថា ខាងប៉ូលីសគេនៅធ្វើការលើករណីនេះឬអត់ព្រោះបើគិតទៅវាកន្លងហួសទៅមួយខែហើយតាំងពីថ្ងៃកើតហេតុមក។ 

កំពុងធ្វើដំណើរតាមផ្លូវសំដៅទៅប៉ុស្តិ៍ប៉ូលីស សំឡេងទូរស័ព្ទខ្ញុំចាប់រោទិ៍ឡើង។ ខ្ញុំមិនចង់ទទួលទេព្រោះកំពុងជិះម៉ូតូផង តែក៏គិតថាប្រហែលអ្នកណាមានការអីសំខាន់ហើយ។ ខ្ញុំបន្ថយល្បឿនម៉ូតូ រួចជិះអែបខាងបន្តិចដើម្បីទទួលទូរស័ព្ទ។ គ្រាន់តែចុចទទួលរួច លើកទូរស័ព្ទដាក់ត្រចៀកមិនទាន់ទាំងបាននិយាយហេឡូផង…

ស្រាប់តែ….

ដៃមកពីណាលឿនដូចរន្ទះឆក់ទូរស័ព្ទពីដៃខ្ញុំទៅវឹង។ ខ្ញុំគាំងស្តូករកតែស្រែកឱ្យគេជួយមិនកើតផង។ ខ្ញុំឈប់ម៉ូតូសម្លឹងមើលម៉ូតូក្មេងស្ទាវនោះរត់យ៉ាងលឿនស្លេវទៅមុខ។ ពេលនោះ មីងៗដែលជិះម៉ូតូនៅខាងមុខខ្ញុំស្រែកឡើង៖

«ចោរៗ! ជួយចាប់ចោរ!»

គាត់ស្រែកព្រមទាំងលើកដៃចង្អុលទៅម៉ូតូក្មេងស្ទាវនោះផង។ គួរឱ្យសោកស្តាយណាស់ ពួកវាបើកលឿនដូចហោះ តែមួយប៉ព្រិចភ្នែកទៅឆ្ងាយបាត់ទៅហើយ។

«ស្រុកយើងឥឡូវសម្បូរណាស់អារឿងចោរប្លន់ចោរឆក់ហ្នឹង! ងាកប៉ះៗ»

មីងម្នាក់ដែលឈប់ម៉ូតូនៅក្បែរខ្ញុំនិយាយទាំងមួរម៉ៅ។

ខ្ញុំនៅតែស្ងៀមមិនស្តីមួយម៉ាត់ ខ្ជិលនិយាយបើពួកវាឆក់ទៅបាត់ហើយហ្នឹង។ នេះបើចំអ្នកផ្សេងវិញមិនដឹងជាជេរដាក់ទំនាយប៉ុន្មានកញ្ឆេហើយទេ។ ខ្ញុំបញ្ឆេះម៉ូតូបម្រុងជិះទៅមុខទៀត ចាត់ទុកជាថ្ងៃស៊យរបស់ខ្ញុំចុះ។ 

«អ្នកនាង! ទូរស័ព្ទនេះជារបស់អ្នកនាងមែនទេ?»

បុរសសង្ហាម្នាក់ មាឌមាំ រាងខ្ពស់សាហាវ ឈរចំហៀងខ្ញុំ ដៃម្ខាងហុចទូរស័ព្ទមក។ 

«ចា! នេះជាទូរស័ព្ទខ្ញុំ។ អរគុណពូខ្លាំងណាស់!» ខ្ញុំទទួលយកទូរស័ព្ទពីដៃគេទាំងត្រេកអរ។ 

«ផ្លូវនេះសម្បូរជនឆ្លៀតឱកាសណាស់ អ្នកនាងប្រុងប្រយ័ត្នផង!»

«ចាស! អរគុណ!» 

ខ្ញុំនិយាយតែប៉ុណ្ណេះក៏បើកម៉ូតូចេញទៅ។ ជិះហួសបន្តិចក៏នឹកក្នុងចិត្ត

«បើទោះជាមនុស្សបច្ចុប្បន្នកាន់តែមានចិត្តសាហាវឃោរឃៅក៏ដោយ តែមនុស្សល្អក៏នៅតែមានដែរ។»  

មកដល់ប៉ុស្ត៍ប៉ូលីសខ្ញុំរាងរារែកបន្តិច តែពាក្យសម្តីរបស់អ្នកមីងនួននៅបន្ទប់០២៣ និងការសង្ស័យក្នុងចិត្ត បានរុញជំហានខ្ញុំឱ្យដើរទៅមុខទាំងក្លាហាន។ 

«ជម្រាបសួរលោកពូ!»

«លើកដៃថ្វាយព្រះក្មួយ! ក្មួយមកទីនេះមានការអីដែរ?»

«ចាស! លោកពូក្មួយចង់ដឹងពីករណីអគ្គីភ័យកាលពីមួយខែមុន។»

«ករណីឆេះបន្ទប់០២២ ហើយសាកសពឆេះខ្លោចមើលមិនស្គាល់នោះមែនទេ?»

«ចាស! ករណីហ្នឹងហើយលោកពូ។»

«ក្មួយស្រីត្រូវជាក្រុមគ្រួសារជនរងគ្រោះមែនទេ?»

«ចាស! មិនមែនទេ។ តែខ្ញុំជាមិត្តជិតស្និទ្ធរបស់គាត់។»

«អ៊ីចឹងក្មួយស្រីចូលទៅអង្គុយរង់ចាំនៅបន្ទប់ខាងស្តាំដៃនោះសិនទៅ។ ចាំពូប្រាប់ក្រុមការងារឱ្យរៀបចំឱ្យ។»

«ចាស! អរគុណលោកពូ!»

ខ្ញុំដើរចូលទៅបន្ទប់ដែលពូនោះប្រាប់។ សំឡេងញាប់ញ័រនៃបេះដូងរបស់ខ្ញុំបានធ្វើឱ្យបន្ទប់ដែលស្ងាត់ឈឹងមួយនេះទៅជាអ៊ូអរមួយរំពេច។ តិចលោអ្វីដែលខ្ញុំសង្ស័យជាការពិតទៅ? 

សំឡេងសម្រឹបជើងមនុស្សម្នាក់ដើរចូលមកក្នុងបន្ទប់ ខ្ញុំប្រឹងសម្រួលអារម្មណ៍មកធម្មតាវិញ រួចបែរក្រោយ។ 

«អ្នកនាង….!»

«ពូ!»

ខ្ញុំនិងគេនិយាយដំណាលគ្នា។ គេសើចបន្តិចបញ្ចេញធ្មេញសស្គុស។ 

«ចៃដន់ណាស់! យើងជួបគ្នាម្តងទៀតហើយ។ មើលទៅប្រហែលជានិស្ស័យទេដឹង។»

ខ្ញុំមិនតបសម្តីគេវិញទេ គ្រាន់តែញញិមដាក់បន្តិច។ 

«និយាយអ៊ីចឹងអ្នកនាងមានត្រូវរបួសត្រង់ណាទេ? មុននេះមិនបានសួរព្រោះអ្នកនាងប្រញាប់ពេក។»

«ចាស! មិនអីទេ។ អរគុណពូម្តងទៀត។»

«មិនបាច់អរគុណអីទេ! អារឿងចាប់ចោរអីហ្នឹងជារឿងកំប៉ិកកំប៉ុកសម្រាប់ខ្ញុំសោះ។ ថ្ងៃក្រោយបើអ្នកនាងជួបបញ្ហាអីទៀត អាចទាក់ទងមកខ្ញុំគ្រប់ពេល។»

ម៉េចអ៊ីចេះ? តាប៉ិម្នាក់នេះបានខ្ញុំនិយាយបែបសុភាពដាក់ គាត់គិតចង់អូសក្រឡា? មិនបានទេ ខ្ញុំគួរកាត់ឱ្យដល់សាច់រឿងវិញទើបល្អ។ 

«លោកពូខាងនោះគាត់បានប្រាប់ពូឬនៅ?» 

«បាទ! ប្រាប់រួចហើយថាអ្នកនាងចង់ដឹងពីករណីភ្លើងឆេះកាលពីមួយខែមុន។»

«ចាសពូ! »

«ហៅខ្ញុំពិសិដ្ឋចុះ! ហៅពូ ស្តាប់ទៅដូចជាចាស់ណាស់។»

ខ្ញុំនឹកជ្រេញនឹងអត្តចរិតរបស់អាប៉ិនេះណាស់ តែមិនហ៊ានបញ្ចេញមកក្រៅ។ 

«ខ្ញុំនិយាយលេងទេ។ អ្នកនាងហៅអីក៏ហៅចុះ។ សំណុំឯកសារករណីដែលអ្នកនាងចង់ដឹងនោះ នៅក្នុងទូខាងណុះ។ អ្នកនាងសូមអញ្ជើញអង្គុយចាំបន្តិចសិន។»

ខ្ញុំអង្គុយលើកៅអីមួយ ក្នុងចិត្តនៅមិនទាន់បាត់ក្នាញ់រឿងពាក្យសម្តីលេបខាយរបស់គេឡើយ។ គេអង្គុយកៅអីក្បែរខ្ញុំ មាត់និយាយមិនឈប់។

«ម៉ូតខោអាវដែលអ្នកនាងពាក់នេះស្រស់ស្អាតណាស់ ទិញនៅឯណា ខ្ញុំរកទិញឱ្យមិត្តភក្តិខ្ញុំដែរ។»

ខ្ញុំធ្វើមុខធុញមិនមាត់តប។ គាត់នោះ មិនឈប់មាត់ត្រឹមហ្នឹង នៅបន្តទៀត៖

«អ៎! នឹកឃើញហើយ! ម៉ូតនេះឃើញគេស្លៀកច្រើនតើ តែឆ្ងល់ម៉េចមិនឃើញស្អាតដូចអ្នកនាងពាក់ចឹង? តាមពិតមិនមែនម៉ូតខោអាវស្អាតទេ តែម្ចាស់ស្អាតច្រើនជាង។»

«ពូជាអ្នកកាន់ព័ត៌មាននៅទីនេះមែន? បើមែនខ្ញុំត្រូវការព័ត៌មានបន្ទាន់។» ខ្ញុំឆ្លើយដោយខឹង ជ្រេញនឹងគាត់ហ្នឹងពេក។

«ឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅបន្ទប់០២២នៃអគារចាស់មួយ។ ជនរងគ្រោះឈ្មោះវុធបានឆេះស្លាប់។ ចង់ដឹងរឿងហ្នឹងមែន?» គេតបមកខ្ញុំរបៀបរាងឌឺ។ 

«ចាស! ថ្មីៗនេះខ្ញុំទើបទទួលបានព័ត៌មានមួយចំនួនពីអ្នកជិតខាងរបស់ជនរងគ្រោះ។ ខ្ញុំសង្ស័យថា ការផ្ទុះធុងហ្គាសមិនមែនជាឧបទ្ទវហេតុទេ។ វាគឺជាការរៀបចំរបស់នរណាម្នាក់ដើម្បីសម្លាប់ជនរងគ្រោះ។»

«អ្នកនាងចង់មានន័យថា រឿងនេះជាឃាតកម្មគិតទុកជាមុន មិនមែនគ្រោះថ្នាក់ដោយយថាហេតុទេ?»

«ចាស!»

«អ៊ីចឹងហេតុអ្វីអ្នកនាងមិនជូនដំណឹងដល់ប៉ូលីសតាំងពីដំបូង? មកដល់ពេលនេះវាកន្លងហួសទៅមួយខែហើយ។»

«ថ្ងៃកើតហេតុ ខ្ញុំជាប់រវល់ការងារនៅខេត្ត។ ពេលខ្ញុំមកភ្នំពេញវិញ សាកសពគេត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅវត្តទៅហើយ។ ម្យ៉ាងដោយសារខ្ញុំខូចចិត្តនឹងការបាត់បង់គេពេក ខ្ញុំក៏មិនបានទៅពិនិត្យកន្លែងកើតហេតុដែរ។»

«បុរសម្នាក់នោះប្រាកដជាសំខាន់ចំពោះអ្នកនាងណាស់មែនទេ?»

ខ្ញុំយកដៃញីភ្នែកប្រឹងទប់កុំឱ្យទឹកភ្នែកធ្លាក់មកទាន់។ វាជារឿងធម្មតាទៅហើយដែលខ្ញុំយំគ្រប់ពេលខ្ញុំរម្លឹកពីវុធ។ 

«គេជាមនុស្សដែលស្រលាញ់ខ្ញុំបំផុត។»

«ខ្ញុំចូលរួមសោកស្តាយផង។» 

គេហុចកូនកន្សែងតូចមួយឱ្យខ្ញុំក្រោយបញ្ចប់ប្រយោគនេះ។ 

«និយាយតាមត្រង់ចុះ រឿងនេះខ្ញុំក៏មានការសង្ស័យដែរ តែប៉ូលីសដូចគ្មានឃើញសកម្មភាពអីសោះ។ ការស្លាប់របស់ជនរងគ្រោះក៏ចម្លែកដែរ សូម្បីតែបុណ្យសពគឺមិត្តភក្តិរបស់ជនរងគ្រោះជាអ្នករៀបចំទាំងអស់។ គ្មានឃើញសាច់ញាតិណាមួយចូលរួមឡើយ។»

ខ្ញុំហាក់ចាប់អារម្មណ៍លើសម្តីរបស់គេកាន់តែខ្លាំង ក្រោយស្តាប់ឮថាគេក៏សង្ស័យលើរឿងនេះដែរ។ បានន័យថា មិនមែនមានតែខ្ញុំនិងមីងនួនអ្នកជិតខាងរបស់វុធទេដែលសង្ស័យនោះ។

«អ៊ីចឹងពូ! តើពូអាចធ្វើការស៊ើបអង្កេតករណីនេះឡើងវិញបានទេ?»

«មិនបានទេ!»

«ហេតុអីមិនអាច?»

«ព្រោះខ្ញុំមិនមែនជាប៉ូលីសផង។» 

ខ្ញុំនឹកក្នាញ់នឹងពូនេះកាន់តែខ្លាំង។ ពេលនេះហើយគេនៅឆ្លៀតលេងសើចទៀត។ គេក្រោកឈរ សើចញឹមៗហើយដើរមកក្បែរខ្ញុំ។

ប៉ូលីសម្នាក់ដើរចូលមក។

«សូមអ្នកទាំងពីរទៅកាន់បន្ទប់ខាងនោះដើម្បីជួបជាមួយក្រុមការងារយើង។»

គាត់និយាយតែប៉ុណ្ណេះ ក៏ចាកចេញទៅវិញ។ ខ្ញុំឡិងឡង់ៗ ឆ្ងល់ខ្លាំង! ពូម្នាក់ឈ្មោះពិសិដ្ឋនោះ ដើរចេញទៅ។ ដើរដល់មាត់ទ្វារ គេបែរមកហៅខ្ញុំ៖

«យ៉ាងម៉េចអត់ទៅទេ? ក្រែងថាមានតម្រុយចង់ប្រាប់ដល់ប៉ូលីសអី?»

«ចុះខ្ញុំប្រាប់ពូហើយតើ!»

«ខ្ញុំនិយាយហើយថាខ្ញុំមិនមែនជាប៉ូលីសទេ។ ខ្ញុំមកទីនេះក៏មកចង់ដឹងពីព័ត៌មានករណីនេះដែរ។»

គេឆ្លើយមកធូរល្ហុយ រួចដើរចេញទៅ។ ខ្ញុំឯណេះនឹកខឹងអាប៉ិហ្នឹងណាស់! មួយថ្ងៃហើយស្មានតែគាត់ធ្វើការនៅទីនេះតើ។ ខ្ញុំដើរចេញតាមគេ ទាំងមុខធ្មួង។

រាយការណ៍ដល់ប៉ូលីសរួច ខ្ញុំក៏ត្រលប់មកផ្ទះវិញ។ យប់ឡើងខ្ញុំគេងមិនលក់សោះ។ ក្នុងចិត្តចេះតែរសាប់រសល់គិតនេះគិតនោះជុំវិញតែរឿងការស្លាប់របស់វុធ។ ភ្នែកខ្ញុំសម្លឹងមើលទូរស័ព្ទមិនដាក់។ ក្នុងចិត្តបន់ឱ្យតែសារអនាមិកនោះលោតមកទៀតទេ ក្រែងលោមានតម្រុយអីថ្មី។ តែគ្មានសោះ! ចុះអ្នកណាអ្ហើយ! បើជ្រុលជាមកបង្ហើបឱ្យសង្ស័យហើយម៉េចមិនប្រាប់ឱ្យអស់មក? 

កំពុងតែរង់ចាំសារ ស្រាប់តែនីកាខលមក៖

«អាឡូធារី! ឯងមានបានជួបអ្នកស៊ើបអង្កេតដែលគ្នាជួលឱ្យទៅជួយឯងទេ។»

«នីកាឯងចង់និយាយពីអ្នកណា?»

«ខ្ញុំបានជួលអ្នកស៊ើបអង្កេតម្នាក់ឱ្យជួយឯងស៊ើបពីករណីស្លាប់របស់វុធ។ ខ្ញុំក៏មិនដឹងថាហេតុអីដែរ មួយខែហើយ ក្រុមប៉ូលីសគ្មានធ្វើសកម្មភាពអីសោះ។ ខ្ញុំសង្ស័យថាមានអ្នកណាម្នាក់នៅពីក្រោយរឿងនេះ បំបិទមិនឱ្យប៉ូលីសស៊ើប។»

«នីកា ឯងចង់និយាយពីអាប៉ិមួយមាត់មិនឈប់ហ្នឹងមែន? ជួបហើយ ជួបកាលពីថ្ងៃ។»

«គាត់ឈ្មោះពិសិដ្ឋ ជាអ្នកស៊ើបអង្កេតដ៏ចំណានម្នាក់។ ឯងសហការជាមួយគាត់ទៅ។»

«ខ្ញុំដឹងហើយ។» ខ្ញុំដាក់ទូរស័ព្ទចុះ។ ក្នុងចិត្តចេះតែគិតថា មើលតែចរិតតាប៉ិនហ្នឹងទៅ មិនសមឱ្យធ្វើការជាមួយសោះ។ 

ម៉ោង១២យប់ ស្រាប់តែគេខលមកខ្ញុំ។ គេបបួលខ្ញុំទៅពិនិត្យកន្លែងកើតហេតុ។ និយាយត្រង់ចុះ មិនចង់ទៅទេ តែដោយសារតែចង់ដឹងពីករណីស្លាប់របស់វុធខ្លាំងពេក ក៏សម្រេចចិត្តទៅជាមួយគេទៅ។

ម៉ោងជាង១២យប់ ខ្ញុំនិងអាប៉ិអ្នកស៊ើបអង្កេតមាត់ឆៅនោះ ទៅដល់បន្ទប់ស្នាក់នៅរបស់វុធ។ បើកទ្វារបន្ទប់ភ្លាម ធូលីដីហុយសំពោង។ ទើបតែបានមួយខែសោះម៉េចក៏ធូលីច្រើនយ៉ាងនេះ។ ខ្ញុំនិងពូនោះនាំគ្នាដើរចូលក្នុង។ ក្នុងបន្ទប់រញ៉េរញ៉ៃ របស់របរនៅរាយប៉ាយពាសពេញ។ របស់ទាំងនោះភាគច្រើនត្រូវបានឆេះខ្មៅរោល។ 

តាប៉ិមាត់ឆៅដើរយ៉ាងស្វាហាប់សំដៅទៅចង្ក្រានបាយ។ ខ្ញុំវិញដើរថ្នមៗ ភ្នែកមើលទៅក្រោមឥតដាក់។

ពូមាត់ឆៅឈរនៅចង្រ្កានបាយ ដៃចង្អុលមកតុមួយដែលនៅក្បែរបង្អួចខាងមុខ។  

«អ្នកនាងមើលចុះ ធុងហ្គាសនិងតុដែលជនរងគ្រោះផឹកស្រានៅឆ្ងាយពីគ្នាណាស់។ ម្យ៉ាងធុងហ្គាស​នេះ បាំងដោយជញ្ជាំងខ័ណ្ឌត្រឹមចង្កេះនេះទៀតផង មិនសមអាចធ្វើឱ្យជនរងគ្រោះឆេះរលេះរលួយមុខដល់ថ្នាក់មើលលែងស្គាល់សោះឡើយ។»

ពាក្យរបស់តាប៉ិមាត់ឆៅធ្វើឱ្យខ្ញុំសង្ស័យកាន់តែខ្លាំង។ ខ្ញុំស្រមៃដល់សាកសពវុធដែលខ្ញុំបានមើលនៅថ្ងៃបូជាសព។ ពុទ្ធោ! មុខមាត់គេឆេះខ្លោចទាំងអស់។ 

«វាហាក់ដូចជាខ្លួនរបស់គេនៅជាប់នឹងធុងហ្គាសផ្ទាល់តែម្តង? អាចទេដែលគេស្រវឹងដល់ថ្នាក់ដួលសន្លប់នៅកន្លែងធុងហ្គាសនេះ?»

«ទេ! មិនអាចទេ!» ខ្ញុំឆ្លើយតប។ 

«ខ្ញុំស្គាល់វុធច្បាស់ណាស់។ គេមិនមែនជាមនុស្សយកស្រាធ្វើត្រីមុខទេ។ បើទោះជាគេស្រវឹងក៏មិនដែលស្រវឹងដល់ថ្នាក់មិនអាចគ្រប់គ្រងខ្លួនឯងបានដែរ។»  

«រឿងនេះកាន់តែគួរឱ្យសង្ស័យហើយ។»

«គួរឱ្យសោកស្តាយ វត្ថុតាងត្រូវប៉ូលីសប្រមូលទុកអស់ បើសិនជានៅប្រហែលជាយើងអាចដឹងតម្រុយអីខ្លះ។»

ពូមាត់ឆៅស្រាប់តែដើរមកជិតខ្ញុំ ដកទូរស័ព្ទបង្ហាញខ្ញុំ។

«ចង់ធ្វើស្អី?»

«មើលរូបក្នុងទូរស័ព្ទទៅ។»

ខ្ញុំមើលរូបក្នុងទូរស័ព្ទតាមគេប្រាប់។ នោះគឺជារូបថតវត្ថុតាងដែលគេបានថតមក។ 

«ម៉េចក៏លោកមានរូបទាំងអស់នេះ?»

«អីយ៉ា ប្តូរពីហៅពូមកហៅលោកហើយតើ! សង្ស័យតិចទៀតហៅបងទេ។»

សែនជ្រេញម្នាក់នេះជាពន់ពេក តែមិនដឹងធ្វើម៉េច បើត្រូវធ្វើការជាមួយគេ។ 

«ខ្ញុំមានបណ្តាញនៅប៉ុស្ត៍ប៉ូលីស។ អ្នកនាងដឹងហើយ ឱ្យតែមានលុយចង់បានអីក៏បានដែរ។»

ខ្ញុំពិនិត្យមើលរូបថតវត្ថុតាងដោយប្រុងប្រយ័ត្ន។ ខ្ញុំស្រាប់តែចាប់អារម្មណ៍នឹងរូបមួយសន្លឹក។ វាគឺជារូបដបស្រាដែលមានម៉ាកXYZ។ ភា្លមនោះខួរក្បាលខ្ញុំស្រាប់តែនឹកឃើញរឿងមួយ។ 

«ខ្ញុំចាំបានថា វុធគេប្រតិកម្មនឹងស្រាម៉ាកនេះ។ ជាធម្មតាគេមិនដែលផឹកស្រានេះទេ ព្រោះវាធ្វើឱ្យគេឈឺក្បាលខ្លាំង។ តែមួយកែវក៏ធ្វើឱ្យគេដួលបានដែរ។ »

«តែអ្នកនាងមើលចុះ! នៅក្នុងរូបនេះមានដបស្រាទទេ៣ដប។ បើពិតដូចអ្នកនាងថា គេត្រូវស្រានេះតែមួយកែវដួលមែន អ៊ីចឹងម៉េចក៏មានដបស្រាដែលផឹកអស់ដល់ទៅ៣ដប? ឬមួយក៏…  

«ឬមួយក៏នរណាម្នាក់យកស្រានេះដើម្បីបំភាន់ភ្នែកថាមូលហេតុនៃគ្រោះថ្នាក់នេះដោយសារតែវុធស្រវឹងខ្លាំង?» ខ្ញុំនិយាយកាត់ពូមាត់ឆៅ។ 

ប្រាកដណាស់! ខ្ញុំប្រាកដហើយថាវុធមិនបានស្រវឹងនៅថ្ងៃកើតហេតុទេ។ នរណាម្នាក់បានចូលមកទីនេះ ហើយធ្វើរឿងទាំងអស់នេះ។ តែគេមិនដឹងថា ស្រាដែលគេដាក់បន្លំនេះជាស្រាដែលវុធមិនអាចផឹកបាន។ 

«ប្រហែលជាជនរងគ្រោះបានស្លាប់មុនពេលធុងហ្គាសផ្ទុះទៅទៀត។ ឃាតកៈធ្វើរឿងទាំងនេះដើម្បីបង្វែងដាន។» 

ព្រះអើយ! ស្មានមិនដល់ថាអ្វីដែលខ្ញុំសង្ស័យអាចជាការពិតសោះ។ អ្នកណា? អ្នកណា​ជាអ្នកធ្វើរឿងទាំងអស់នេះ?

មានភាគបន្ត…