រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៨

ជំពូក

ចិញ្ចៀនរបស់ប៉ា

ពន្លឺពណ៌លឿង​ស្រអាប់ស្ថិតនៅលើពិតាន ញ៉ាំងឱ្យស្រីស្អាតបើកភ្នែកឡើងយឺតៗ ក្រោយដំណេកមួយពេញបរិបូរណ៌ មិនខ្វល់ថាពេលវេលា​កន្លងទៅយូរប៉ុនណា។

…ចម្លែកពេកហើយ នីយ៉ាងគិតថា លើកនេះម៉េចក៏មកហូលីដេ​ហើយគេងដល់រកនឹកមិនឃើញ​ថាមកលេងកន្លែងណា? ជាមួយអ្នកណា?

«យូស៊ូ!»

នាង​រអ៊ូងំៗ ហើយច្រអូសរកកលនឹងធ្មេចវិញទៀតតែ….ក៏បើកភ្នែកខ្វាកមកវិញ ព្រោះស្រីស្រស់នឹកឃើញ​សន្សឹមៗ…មិនមែននៅក្នុងគុក ក៏មិនមែនជាខ្មោចទឹក បែរជានៅក្នុងភួយដ៏មានភាពកក់ក្ដៅ។

ងាកខ្លួនទៅទោះបីនៅឈឺស្នាមរបួសខ្លះ ប៉ុន្តែមានអារម្មណ៍ថាកក់ក្តៅដល់ហើយ។ កាលបើបើកភ្នែកភ្លាមឃើញមុនគេ គឺអំពូលភ្លើងក្រហមទុំចោមព័ទ្ធដោយស៊ុមដែលធ្វើអំពីផ្ដៅ។​ ទិដ្ឋភាពនា​ខាងបង្អួចសុទ្ធតែជាបែបផែនស្រុកស្រែ​ព្រៃភ្នំគួរឱ្យស្រឡាញ់ណាស់ ប៉ុន្តែអស់សង្ឃឹមបំផុតត្រង់ឮសំឡេង …..រលកសមុទ្រ។ ឮសូររលកបោក ​នាងក៏ចងចាំ​ដល់ពាក្យនេះឡើងវិញ «រត់ទៅប្អូនប៉ូលិស!» មនុស្ស​ដែលនាងស្អប់ នៅកត់ចំណាំសូម្បីសំឡេងគេច្បាស់ណាស់​ គេបានឌឺឱ្យនាងរត់ចោលសង្សារ​ ក្រោយមកនាង​បានលោតទៅក្នុងផ្ទៃជលសា​ដើម្បីរារាំងគេកុំឱ្យយកជីវិត​យូស៊ូ។

ដោយតក់ស្លុត​…នីយ៉ាស្ទុះក្រោកអង្គុយឡើងមកយ៉ាងរហ័សប្រុងអង្គុយ​និងឈាន​ចុះ ប៉ុន្តែត្រូវរុល​ខ្លួនត្រលប់ចុះក្នុងភួយវិញ ខណៈពេលដែលចាប់អារម្មណ៍ថារាងកាយរបស់ខ្លួនគ្មានខោអាវនោះទេ។

វ៉ាស!

តរុណី​ស្រែកតក់ស្លុតរួចលើកដៃមកខ្ទប់មាត់ផង ស្រវាស្រទេញ​ទាញភួយសក្បុសមកឱបជុំវិញខ្លួនជិតត្រឹមក។

ដោយ​មិនដឹង​ចម្លើយ​ថាអ្វីជាអ្វី នាងបិទភ្នែកទាំងសងខាងចង់យំបន្តិចស្រែក​បន្តិចប៉ុន្តែគ្មានទឹកភ្នែកនោះទេ។

«មានរឿងអីកើតឡើង? អ្នកណាដោះខោអាវយើងទៅ? យើងត្រូវគេធ្វើអីខ្លះហើយ?»

មនុស្ស​ចង្រៃណាដែលជាអ្នកធ្វើរឿងទុរយសនេះមកលើយើង យើងទៅសួរអ្នកណា។ នាងវង្វេងវង្វាន់ ព្យាយាមបិទភ្នែកព្រោះដាក់សំណួរចោទច្រើន​ចង់ឈឺក្បាលវិលមុខ​ស្លឺ។ ខណៈពេលដែលកំពុង​ផ្ចង់អារម្មណ៍វិលវល់ ស្នូរទ្វាររបើកចូលមកគ្រឹបធ្វើឱ្យស្រីស្នេហ៍ភ្ញាក់ក្រញាង លើកភួយគ្របមកដល់ច្រមុះសល់តែ​កែវភ្នែកក្រឡង់ពីរសម្លឹងទៅទ្វារ។

ធូរចិត្ត​វិញបន្តិច ជាមនុស្សស្រី!

មីងម្នាក់នេះមាន​​វ័យមិនក្រោម៥០ឆ្នាំទេ គាត់មាន​រាងទាប មានសាច់និង​ទឹកមុខញញឹម​ប្រិមប្រិយ​។ សក់គាត់​ត្រូវបានបិទបាំងក្នុងកន្សែង​ចង​ចំណែក​ការស្លៀកពាក់ដូចជា របៀបជាខ្មែរឥស្លាម។

ស្ត្រី​ហាក់ខំញញឹមកុំឱ្យនាងភ័យ ។

«មីង​ កន្លែងនេះ….ភូមិអ្នកនេសាទមែនទេ? ពួកគេជួយស្រង់ខ្ញុំមក?»

គាត់ញញឹមសម្លឹងជុំវិញបន្ទប់ហើយងាកមកនិយាយរដឺន៖

«គ្មានភូមិនេសាទសមុទ្រណាមាន​បន្ទប់ស្អាតយ៉ាងនេះទេក្មួយស្រី!»

នាង​នៅតែអើតកធ្វើភ្នែកក្រឡង់ៗ ខណៈគាត់ហុចស្បោងមកឱ្យមួយ…

«ទៅឆ្ងាយណាស់ទម្រាំរកបានខោអាវនេះបាន​មក!»

នាង​ឃើញ​ថង់សម្លៀកបំពាក់ហុចមកតែមិនទាន់លូកដៃយក។

«ឯណាខោអាវខ្ញុំ? មីង…..ដោះ….វាចេញ….មែនទេ?​ កន្សែងលើខ្លួនខ្ញុំនេះ​របស់អ្នកណា?»

គាត់សម្លឹងសម្រស់ដ៏គួរឱ្យសរសើរលើប្រាណនារីតូច។ ទឹកមុខគាត់បញ្ជាក់ស្រេចហើយ​ថា គាត់មិនចង់ឆ្លើយនឹងនាង​ច្រើនទេ។

«ខ្ញុំចេញ​សិនឱ្យក្មួយស្លៀកពាក់ ប្រហែលជាឃ្លានខ្លាំងហើយ ម្ហូបបាយនៅលើតុ!»

«កុំអាល ខ្ញុំអត់ឱ្យមីងទៅណាទេ!»

«មានន័យថាម៉េច» គាត់ងាកមកវិញស្លេកៗព្រោះមានចិត្តចង់គេចៗ។

«ខ្ញុំសុំព័ត៌មានមីង! កុំឆ្លើយខ្លីៗ» នាង​បង្គាប់​ដោយទឹកមុខ​ប្រញិបប្រញាប់។

«ពត័…ព័ត៌មាន​អី?»

«កុំនិយាយខ្លីៗអត់មាន​ក្បាលកន្ទុយ ណា៎​មីងណា៎​ មីង​និយាយទាំងអស់តាំងពីដើមមកចប់ ដល់ពេលដែលខ្ញុំឃើញ​ខ្លួនឯងក្រោកមកស្លៀកកន្សែងអ៊ីចឹង តើខ្ញុំមានរឿងអី? អ្នកណាយកខ្ញុំមកណឹង?»

«ចា៎ គឺលោកឥន្ត្រាបញ្ជាឱ្យខ្ញុំប្តូររ៉ូបរហែក​របស់ក្មួយស្រីចេញ!»

នាង​ធ្វើមុខ​ស្លឺ​ មាត់បើកធំចង់សែ្រកអ្ហះ? តែស្រែកមិនចេញ​បានត្រឹមស្កុប។ ពាក្យដែលនាងកំពុង​រងការវាយប្រហារគឺ ពាក្យ​រ៉ូបរហែក និងលោក…ឥន្ត្រា។

និយាយឈ្មោះនេះ នីយ៉ា​សម្គាល់បាន​ថា​ គាត់លែងញញឹមធ្វើមុខភ័យ។

«ខ្ញុំថាក្មួយស្លៀកពាក់សិនទៅនឹងបានហូបបាយ!»

«អ្នកណាគេ….លោក….ឥន្ត្រា ឥន្ទរៈហ្នឹង?»

មីងនេះ ដូចចង់តែគេចៗដើរចេញ។ នាង​ប្រុងចុះតាម​ តែកម្រើកខ្លួនបានបន្តិចក៏មាន​មានអារម្មណ៍ថា ឈឺចង្កេះនិងកញ្ចុំក្បាលក្រោយ។ នាង​មិនដឹងទេថា បុរសនោះបានទាញ​ភ្នួងសក់នាង​ទើបអាចអូស​យកស្រីស្អាតបញ្ច្រាសទឹកឡើងមកបាន។

«មីងអ្ហា៎ មីង!»

នាង​ហៅ​ហើយឱបពោះដែល​កូរធ្វើទុក្ខ​។ ស្ត្រីដែលបម្រុងចាកចេញងាកមុខញញឹមផ្ដាំ៖

«ខ្ញុំដាក់ម្ហូបអាហារផ្លែឈើនៅលើតុ ក្មួយស្លៀកពាក់ហើយឆាប់ញ៉ាំទៅ!​ ចង់បានអីទៀត​ខ្ញុំនៅក្បែរៗនេះទេ»

គាត់ថយភ្លាមៗ ហើយបិទទ្វារបន្ទប់ទៀត។

នីយ៉ាង​សម្លឹងពោះខ្លួនឯងដែលស្រែកឈឺចាប់ខ្វះអាហារ​។

ប៉ុន្មានថ្ងៃហើយដែលយើងក្លាយជាខ្មោចអត់បាយ?

សំឡេងមនុស្សជួរជាតិដែលនាង​ស្អប់ បានលាន់ឮមកវិញ​ក្នុងការចងចាំ។   ពាក្យ​គម្រាម​គ្រោត​គ្រាត​​មួយដែល​ជីវិតនេះនីយ៉ាសន្យាថា មិនអាច​ភ្លេច​នោះ គឺ​ពាក្យថា រត់មិនរួចលើកទីមួយ នឹងត្រូវ បង្អត់បាយបីថ្ងៃបីយប់ រត់មិនរួចលើកទីពីរនឹងត្រូវព្យួរជើងឡើងលើ។

នាងសើចស្រស់….

រួចខ្លួនហើយដឹង? មិនត្រូវបានមនុស្សកំណាចចាប់បាន​ជាលើកទីពីរនោះទេ បើសិនគេចាប់នាងបានមែនប្រាកដណាស់ មិនមែនអត់បាយប៉ុននោះទេ គឺត្រូវព្យួរជើងឡើងលើ។

ធូរទ្រូងវិញបន្តិច។

នាង​ស្លៀក​ខោអាវ​ពណ៌ខៀវទឹកសមុទ្រ ជាឈុត​រលោងសម្រាប់គេងប្រភេទខោវែងនិង​អាវ​ដៃវែងដែរ។ ពីក្នុងកញ្ចក់ នីយ៉ាឃើញ​រូបរាងនាងដែលស្អាតមួយបែបដូចជាទេពអប្សរនៅក្នុងស្រោមជនសាមញ្ញ ជាមួយនឹងសរសៃសក់វែងអន្លាយដែលស្ងួតច្រឺង ចិត្តស្រីសម្លឹងខ្លួនឯងក្តីងឿងឆ្ងល់។

បានអ្នកសម្ងួតសក់ឱ្យខ្ញុំទៀត?

«គាត់ឱ្យខ្ញុំងូតទឹកឱ្យក្មួយ!»

ស្ត្រីនោះវិលមកវិញជាមួយ​កំសៀវដាំទឹកខ្សែភ្លើងមួយនិងកែវមួយ។ នីយ៉ាតាមសម្លឹងគាត់ធ្មាំងៗ  នាង​គ្មាន​ពាក្យ​ស្រដី តែចិត្ត​កំពុង​រក​ពុទ្ធោ ថានាង​ដេកដូចស្លាប់ឬអី បានជាមានមនុស្សចម្លែកងូតទឹកឱ្យទៀត?

«ងូតទឹកឱ្យខ្ញុំ?»

នាង​និយាយខ្សាវៗ ភ្នែកក្រឡង់ៗ។ ស្ត្រីនោះ​សើចស្លូតបូត ក្រោយរៀបចំតុបាយ​ឱ្យនាងស្រួលបួលនិងដោតដាំទឹកក្តៅ។

«ក្មួយលង់ទឹក ក្មួយលង់ទឹកសន្លប់ឈឹង! ខ្លួន ក្បាលមានជាប់តាំងពីសារាយសមុទ្រ រហូត​ដល់កម្ទេចខ្សាច់​»

«អ្នកណានាំខ្ញុំមកកន្លែងនេះ? ​ប្រាប់ខ្ញុំឱ្យអស់មកមីង កុំឆ្លើយខ្លីៗ ខ្ញុំសុំអង្វរ​ណា៎!»

«ពិសាទៅ​ក្មួយ! ខ្ញុំមិនអាចនិយាយបានលើសហ្នឹងទេ!»

ដឹងតែគាត់រកផ្លូវទៀតហើយ នាង​រត់លឿនជាងនិងពាំងផ្លូវគាត់៖

«ខ្ញុំសូមសួរមួយមីង! ភូមិនេះជាកន្លែងអី? មីង! មីងស្គាល់ផ្លូវរត់ទេ?  មានកន្លែងណា ខ្ញុំអាចឡើងឡានទៅភ្នំពេញវិញបាន? ឡើងទូកក៏បានណាមីង!»

គាត់ធ្វើមុខឆ្លេឆ្លា។

ទោះគាត់ខំ​ងាកគេចមិនសម្លឹងនាង តែ​អ្វីមួយក្នុងកិរិយា​របស់គាត់បង្ហាញ នីយ៉ា​ថានាងប្រហែលជាស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកណាម្នាក់ដែលមានអំណាច។

មនុស្សស្រីវ័យចំណាស់ម្នាក់នេះ គ្រាន់តែជាជនតូចតាចម្នាក់ គេចាត់មកឱ្យចាំមើលថែទាំនាង។  អាចនិយាយពាក្យអាក្រក់ស្ដាប់មួយ គឺឃ្លាំមើលនាងមិនឱ្យរត់តែប៉ុននោះ គាត់មានរឿងអីព្រមធ្វើតាម​ពាក្យ​ស្នើរបស់នាង​?

«ច្បាស់ណាស់ យើង​ស្ថិតក្នុងដៃពួកនោះ! ចុះយូស៊ូ?»

ងាកមកពិនិត្យ​ជុំវិញខ្លួន ទោះណាជាកន្លែងថ្មីនេះឃើញ​​គ្រាន់បើបន្តិច មិនដូចគុកកម្មកាលពីដំបូង  យ៉ាងហោចណាស់មានគ្រែមួយសម្រាប់សំចត ប៉ុន្តែទោះបីជាទ្រុងនេះជាមាសសុទ្ធ​ ក៏គ្មាន​សត្វស្លាបណាចង់នៅដែរ។

ជាមួយការគិត​រំពឹងរហ័សរហួន នាងលើកម្រាមដៃរបស់ខ្លួនឡើងមកក៏ប្រទះឃើញចិញ្ចៀន។ ស្រី​ដកចេញមកដោយមិនបង្អង់ហើយហុចទៅនឹងមុខគាត់៖

«មីង!  របស់នេះជាកេរពីឪពុកខ្ញុំ! មីងយកទៅ ហើយជួយខ្ញុំ ឱ្យបានរត់ចេញ​ផង!»

ស្ត្រីក្រឡេកមើលចិញ្ចៀនហើយងាកមុខចេញភ្លាម។ នេះក៏មិនអាច​ទាយបាន​ដែរថា គាត់ខ្លាចឬមិនចង់បានទេ ​ប៉ុន្តែអ្វីមួយនេះ​ នីយ៉ា​គ្មាន​ភាពឈ្លាសវៃខ្លាំងក៏អាចមើលឃើញថា សភាពការណ៍ខាងក្រៅប្រហែលជា​ពិបាកធ្វើ ឬពិបាករត់ អាចថាគ្រោះថ្នាក់និង​ការប្រថុយ​អាចមាន​ទំហំធំ​ជាងតម្លៃរបស់នេះ។

ទោះយ៉ាងណាក្តី បេះដូងនាងមិនដែល​អស់សង្ឃឹមទេ។ ក្រៅពីមិនទទួលលាភសក្ការៈ នាងនៅមាន​ផ្លូវផ្សេង។ កែវគិតថា គួរតែធ្វើឱ្យបេះដូងមនុស្សស្រីម្នាក់នេះទោរទន់ក្នុងនាមជាម្តាយម្នាក់….

«មីង បើសិនជាមីង​ឃើញកូនស្រីខ្លួនឯងត្រូវគេចាប់មកឆ្ងាយ តើមីងបារម្ភទេ? មីងឃើញខ្ញុំអ៊ីចឹង? ខ្ញុំចង់ទៅផ្ទះវិញណាមីង! មីង​ជួយខ្ញុំដែរទេ? ខ្ញុំអត់មានម្តាយទេ! ម្តាយខ្ញុំស្លាប់បាត់យូរហើយ តាំងពីខ្ញុំនៅតូចណាមីង! ប៉ុន្តែខ្ញុំមានបងៗខ្ញុំ ប្រាកដជាព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្អូន!»

«បើ….ក្មួយ….ចង់ឱ្យខ្ញុំស្លាប់ ….!»

គាត់និយាយញ័រដៃ។

«ស្លាប់?»

នាង​ស្លឺ។

ពាក្យនេះនិយាយស្រួលម្ល៉េះ? អ្នកណាក៏សាហាវ….ហួស? ធ្វើមើលតែប្រទេសគ្មានច្បាប់?

«បងខ្ញុំជាប៉ូលិសណា៎មីង គាត់នឹង​ជួយ….!»

«ហៅបងប៉ូលិសរបស់ខ្លួន មកនាំខ្លួនចេញទៅឱ្យបានសិន ចាំអួត!»

ស្ត្រីភ្ញាក់ព្រើតងាកទៅទ្វារ ឯនាង​វិញរបូតចិញ្ចៀនតុកតាក់ទៅលើក្តារបិទឈើរលោង។​​ នីយ៉ាចំហមាត់ដែលត្រូវ​មកប្រឈមនឹងម្ចាស់សំឡេងម្នាក់នេះ សំឡេងគេពិតជាគួរឱ្យ….គ្រឺត តែមិនដែលចង់ឮបន្ថែមឡើយ។

គេបង្ហាញខ្លួនជាមួយពុកមាត់រឹមៗ។

«យើងដេកយូរប៉ុនណាហើយ? មនុស្សចង្រៃនេះ​ចាស់ខ្លាំងជាងថ្ងៃមុនទៅហើយនៀក?»

មីងឱនត្រុនៗចាកចេញ ​ខណៈប្រុសខ្ពស់លលៃក្រពាត់ដៃនៅមាត់ទ្វារបន្ទប់ឈើកោងកាង។

ស្រីក្របួចមាត់ភ្លេចអស់រឿងក្រពះទាមទារ។ ដោយសារមិនសប្បាយចិត្ត​ដែលចុងក្រោយ​ធ្លាក់ដដែលក្នុងដៃបុគ្គលនេះ នីយ៉ា​ថែមទាំងចន្លោះប្រហោងមិនបា​នសម្គាល់សង្កេត​សោះថា ជននេះកំពុង​​ធ្វើភ្នែកស្រទន់កម្រិតណាពេលឃើញមាត់បូញចុះឡើងរបស់នាង។ ស្នាមថើបនៅក្រោមទឹកទេដឹង ជាហេតុដែលគេត្រូវដេកមិនលក់​ដុះពុកមាត់ស្កះ ត្រឹមពេលមួយយប់?

នាង​ឱនមករើសចិញ្ចៀនស្របពេលគ្នាជាមួយគេ។ ​ព្រោះដៃនិងម្រាម​គេដែលវែងជាងលូកមកដល់បានមុន ហើយគ្រប់ពីលើអលង្ការកេរ។

ច្រមុះសឹងប៉ះគ្នាទៅហើយ​ នាង​ថយក្រោយសឹងទប់ជំហមិនទាន់។ ជាមួយស្មាប្រុសញាក់តិចៗ​របៀបមានទំនុកចិត្ត​ខ្ពស់ គេលើកចិញ្ចៀនឡើងមកមើល​ធ្វើហី រួច​ហើយក៏ឈរ​ត្រង់ខ្លួនខ្ពស់លលៃ​ ទុកឱ្យនាង​នៅអង្គុយ​សៅហ្មងលើក្តារម្នាក់ឯង។

«ឱ្យមកវិញឱ្យឆាប់!»

នាង​និយាយពាក្យទ្រគោះស្របនឹងចិត្ត​ស្អប់ និងទើសៗចំពោះជននេះ។ កន្ទុយភ្នែកគេរេមកនាង​។ បបូរមាត់គេមិនញញឹម ​តែពន្លឺភ្នែកគេនេះចេះញញឹម តែញញឹម​គួរឱ្យស្អប់។ ស្រី​ចំណាប់ខ្មាំង​​ក្រោកមកមិនទាន់ប្រុងប្រៀបរៀបចំគ្រប់គ្រាន់នឹងដណ្តើមយករបស់ខ្លួន​មកវិញផង ស្រាប់តែគេក្តាប់វាហើយបែរ​​ដើរចេញទៅក្រៅ​ លើកល្វែងហត្ថាបោះគ្រវាត់ប្រាវសំដៅទៅឆ្នេរ។

ស្រីស្ទុះតាម​ចេញពីក្រោយខ្នង សម្លឹងទៅឆ្នេរដែលស្រអាប់ព្រោះស្រទាប់សន្សើមត្រជាក់ លាយឡំនឹងរលឹមល្អិតៗ។

នាង​ហាមាត់សម្លឹង​វាលធំធេងនិងផ្ទៃទឹកប្រផេះ។ «មនុស្ស​ចង្រៃនេះ បានបំផ្លាញចោលសូម្បីកាដូចុងក្រោយជាអនុស្សាររបស់ប៉ាយើង?»

នាង​ស្រែកវ៉ាសរត់តក់ក្រហល់ទៅរុករក។ នាង​រត់ពីស្តាំទៅឆ្វេង ពីឆ្វេងទៅស្តាំ​ហើយចុះទឹកឡើងមកលើវិញ។ ដូចជាពាក្យចាស់លោកពោលថា «រាវរកម្ជុលក្នុងបាតសមុទ្រ» មានតែរកដល់សក់ស្កូវ។

ហត់ណាស់…កល្យាណអង្គុយ​សំកុកចុះផ្ទាល់លើឆ្នេរខ្សាច់ ឱបដៃយំ។ ទីបំផុតទៅ មនុស្ស​ស្រីពិតជាចម្លែក​ច្រើនចំណុចណាស់សម្រាប់ឥន្ត្រា។

«ក្រែងមិញ ដូចជាចង់ឱ្យគេនាំរត់ ឥឡូវមកអង្គុយយំ?»

គេសួរក្នុងសំឡេងទម្លាក់ស្រាលៗតែត្រជាក់ស្មើអាកាសធាតុ។ នារីយើងជូតទឹកភ្នែកភ្លាម ព្រោះថា ការយំនៅចំពោះមុខមនុស្សម្នាក់នេះ នាង​មានអារម្មណ៍រឹតតែឈឺចាប់ទ្វេ។ ជាមួយកែវភ្នែក​ក្រហម​ៗ ​​ស្រីស្អាតញីភ្នែក​ញាប់ៗ រួចច្រត់ដៃក្រោកឡើងពីឆ្នេរខ្សាច់ ភ្នែករំពៃរករបស់បន្តដោយមិនរវល់ជ្រលក់និយាយរក មនុស្សដែលនាង​តាំងចិត្ត«ស្អប់ពេញមួយជីវិតនេះ»។

«អ្ហះ?​ ប្អូនប៉ូលិស? ក្រែងចង់រត់? ឥឡូវនៅវាលហើយ អត់ជាប់ច្រវាក់ផង រត់ទៅប្អូនប៉ូលិស?»

ការអត់ទ្រាំរបស់នីយ៉ាមិនដែលបានយូរទេ។

នាង​ងាកមកទៀតហើយខាំមាត់តបតបវាចា៖

«មនុស្សចង្រៃ! កុំមកឱ្យខ្ញុំឃើញមុខណ៎ា!»

គេហាមាត់ដូចសើចស្ងួត​ តាមសម្លឹងនាងដែលកំពុងបែរខ្លួនត្រុនៗឱបពោះ បន្តដំណើរក្រោយដៀលគេរួច​។ នាង​ដើរទិសដៅផ្សេង ប្របមាត់ឆ្នេរ​ដោយជើងទទេ។

ទិដ្ឋភាពនេះ ល្អមើលគួរសម ​ដែលប្អូនស្រីនៃប៉ូលីសល្បីមកធ្លាក់ក្នុងសភាព​បែបនេះ​ នាង​ដើរ​ម្ដងចុះក្នុងទឹកម្តងឡើងលើខ្សាច់ ។ មុននេះគិតចង់ស្រែក​សម្លុតតបតកំហឹង​ទល់កំហល់ជាមួយនាយ ប៉ុន្តែសំឡេងនាងមិនអាចឮមាំឬច្បាស់បាន ដោយសារសុខភាពនាងខ្សោយចុះតាម​សន្ទុះកម្លាំងចិត្តកំពុងធ្លាក់ខ្សោយដូចគ្នា។

ម៉្យាងនីយ៉ាធ្លាប់គិតកាលនៅក្នុងបន្ទប់ថា បើសិនជានាងឱ្យចិញ្ចៀនទៅអ្នកស្រុកហើយរកផ្លូវរត់រំដោះទៅភ្នំពេញបានមែន ថ្ងៃណាមួយនាងក៏អាចត្រលប់មកសុំដូរយករបស់វិញ តែពេលនេះ សង្ឃឹមឯណា? ត្រូវមនុស្សនេះ ប្រមូល​បោះចោលទៅក្នុងលំហសមុទ្រ?

នាង​ឈឺចិត្ត​ណែនទ្រូង ដែលហេតុផលមួយ​ម៉ាត់ក៏មិនមាត់ ជនពាលលើកដៃក្តោបវត្ថុសំណព្វចិត្ត​គ្រវែង​ដូចសម្រាម តែនាងមិនមាន​ឱកាស​សូម្បីនឹងទះកំផ្លៀងគេ។

មនុស្សដុំទឹកកកម្នាក់នេះ ប្រហែល​គ្មាន​គ្រួសារ មិនដែលមានប្អូនស្រី មិនដែលមានឪពុកម្តាយ​ប្រដៅ មិនដែលស្គាល់បាបបុណ្យគុណទោស ឬចេះស្រឡាញ់ មានបេះដូង​លើ​របស់ទ្រព្យអីម្យ៉ាង​នឹងគេ​ទេឬក៏យ៉ាងម៉េចទេ បានជាគេកើតមកសម្រាប់បំផ្លាញនាង។

«លោកឯងលើករបស់ដ៏ស្អាតមួយ គប់ចោលទៅក្នុងសមុទ្រ​ទាំងមិនព្រេចភ្នែក! ​បិសាច អារក្ស​ក៏មិនសាហាវអ៊ីចឹង​ផង​! លោកឯងគង់តែត្រូវសងទេ!​ សងធ្ងន់ទៀតផង បិសាចទឹក​»

នាង​រអ៊ូ​ផង​ខឹងផង ដែលធ្វើអីគេមិនបានតាមចិត្ត​ខឹង ​ដៃកូនពៅ​អ្នកស្ទឹងត្រែងលើកជូតទឹកភ្នែក​ច្រវាត់ ខណៈវាជ្រៀតធ្លាក់ស្រក់ចុះមកមិនចេះស្ងួត មិនខ្វល់ថានៅពីក្រោយ​ខ្នង ​អ្នកណាតាមពិនិត្យ​​តាមសម្លឹងនាង​ឡើយ។

នៅឯណេះ ម្រាមដៃបុរសមុខស្មើ រអិលចុះឡើងនៅក្នុងវង់ចិញ្ចៀនដែលតាមការពិត គេនៅក្ដាប់ជាប់ក្នុងប្រអប់ដៃ។ គេគ្រាន់តែបញ្ឆោត​ប៉ុណ្ណឹង នាងរុករករហែកសមុទ្រនេះទៀត ក៏រកម៉េចនឹងឃើញទៅ?

«ស្រីល្ងង់?»

 គេរអ៊ូតិចៗដោយដើរតាមពីក្រោយនីយ៉ា។ ក្នុងចិត្ត​ឥន្ត្រា ស្រីម្នាក់នេះល្ងង់ខ្លៅពេកណាស់ សូម្បីតែពេលគេជឿថា យូស៊ូមករកនាងដើម្បីរំដោះនាង​? សូម្បីតែហ៊ាន​លោតចុះទៅក្នុងទឹក ព្រោះខ្លាច​យូស៊ូ​ស្លាប់ឬពិការ? សូម្បីតែពេលឱ្យចិញ្ចៀនខ្លួនឯងទៅគេគិតថាគេនឹងនាំរត់? ឥឡូវនេះជឿថាចិញ្ចៀនបាត់ទៅក្នុងទឹកដោយគ្រាន់តែពឹង​លើកាយវិការបោះដៃម្តង?

«ប្អូនប៉ូលិស មេឃភ្លៀង ប្រយ័ត្នរន្ទះ!»

«Save ពាក្យហ្នឹងទុកប្រើខ្លួនឯងទៅ រន្ទះបាញ់ក៏រើសមនុស្ស​សមនឹង​បាញ់ដែរ»

តបហើយ​ នីយ៉ាជូតទឹកភ្នែកទាំងខឹងចិត្តបន្តដើរទៀត​លឿនជាងមុន។

សភាពពិត បើនាងមានកម្លាំងជាងនេះ ឥតចំណងដូច្នេះ ច្បាស់ជាបែរ​ត្រលប់ក្រោយរត់បុកបំប៉ោងមនុស្ស​ជាសត្រូវម្នាក់នេះ ឱ្យដឹង​ម្ខាងៗ។ តែពេលនេះ នាង​នៅលើខ្សែបណ្ដោយឆ្នេរ សម្លឹងមើលមិនឃើញ​កោះ មិនឃើញភូមិករ មិនស្គាល់ផ្លូវ ឃើញតែលំហមេឃល្វឹងល្វើយ។ ឯនាយសមុទ្រសែនឆ្ងាយអនេក ងាកក្រោយមាន​តែ​កូនផ្ទះតឿតូច មាន​វត្តមានមនុស្សគួរឱ្យស្អប់ នាងមិនដឹងថា ត្រូវទៅតាមណា ឬត្រូវ​ប្រថុយ​ចូល​ព្រៃពីក្រោយផ្ទះនោះ ទើបអាចសង្ឃឹម​បាន​ទៅដល់ភូមិអ្នកស្រុក?

«នែ៎ បើថាមិនរត់ទេ អស់ពេលហើយ ត្រលប់ចូលវិញ! ភ្លៀងឥឡូវហើយឃើញទេ?»

សំឡេងរបស់គេធ្វើឱ្យស្រីរឹតតែបង្ខំចិត្តដើរបន្តទាំង​អស់ខ្យល់។ ទៅមុខទាំងជើងអស់កម្លាំងល្វើយឡើងៗ ដកដង្ហើមហត់ឡើងៗ។

«ប្អូនប៉ូលិស! ត្រលប់មកវិញ!»

ឮពាក្យប្អូនប៉ូលិសកាលណា ចិត្ត​នេះ​រឹត​ឆាបក្តៅ។ នីយ៉ា​ពិតជាកើតទោសៈចង់បែរបន់យ៉ាង​ឱ្យបងប្រុសបានមកប្រាកដកាយភ្លាមៗនឹងអាលបញ្ជោះឱ្យប្រដៅមនុស្សក្រៅច្បាប់ម្នាក់នេះចេញ មុនពេលដែលនាងមានកម្លាំងគ្រប់គ្រាន់នឹងដាល់មុខរបស់គេ និងស្នាមញញឹមឌឺក្នុងពន្លឺភ្នែកគេ។ ប៉ុន្តែក៏បានត្រឹមមួយជំហានទៀតប៉ុននោះ នាងវិលមុខស្លុប ទន់ជើងដួលទ្រេតមក​លើកម្រាល​ខ្សាច់។

«យើងមិនសន្លប់ទេ ក្រោកឡើង!»

នីយ៉ាប្រាប់ខ្លួនឯង។ នាង​មិនបាន​បាត់ស្មារតីពិតមែន ប៉ុន្តែត្រចៀកហ៊ឹងខ្លាំងណាស់។ ភ្លៀងធ្លាក់កាន់តែរីកគ្រាប់ ជាទម្លាប់នៃតំបន់សមុទ្រដែល​រលឹមហើយតែងតែមានភ្លៀងធំតាមមកពីក្រោយក្នុងពេលមិនយូរ។

«ជេន!»

នាង​យំហៅបងប្រុសតិចៗក្នុងចិត្ត​។

បាតដៃ ធំពីររបស់អ្នកណាម្នាក់លូកមកត្រកងប្រាណស្រីឡើងផុតដី។ ក្លិនម្យ៉ាង​នាង​ស្គាល់ ដូចជា​ពីពេលណា នឹកមិនឃើញ? យើងធ្លាប់នៅក្បែរជនពាលនេះពីពេលណាមក ក៏ចំណាំក្លិនគេ? នាង​មិនដឹងទេនោះជាអនុស្សារសល់ពីក្រោមទឹក ពេលគេនិងនាង​ស្ថិតក្នុងរង្វង់ដៃសម្រាប់គ្នាទៅវិញទៅមក។

ពេលនេះព្រិលភ្នែកតែនីយ៉ា​ខំ​សម្លឹងពិនិត្យ​។ ប្រអប់ដៃពិតជាមិនកំណាច ទន់ភ្លន់ ហាក់ចូលមកសង្គ្រោះ តែពេលមើលច្បាស់ ក៏ឃើញកែវភ្នែកច្រមុះមាត់ ពិតជាបិសាច​ទឹកកកដែលនាង​មិនចង់ជួប។

លើជំហាន​នីមួយៗ ដែលគេបីនាង​ដើរទៅ ដាក់ជើងធ្ងន់ៗលើឆ្នេរខ្សាច់ មនុស្សនេះមានកម្លាំងដូចជាសត្វដំរី។ ពេលនាង​បើកភ្នែក​ពិនិត្យ គេក៏មិនខ្ចីសម្លឹងមុខនាង ធ្វើឱ្យស្រីមើលឃើញច្រមុះស្រួច  ពុកមាត់រឹមៗ និងបបូរមាត់ ដែលហាម្ដងណាពិតជាគួរឱ្យចង់ទះ។

ដ្បិតតែ​ជើងទាំងគូអស់កម្លាំង ប៉ុន្តែដៃទាំងពីរនៅប្រើបាន។ ស្រីប្រញាប់​ប្រើកែងបុកគេផង ទះតប់ បោចបាចទ្រូងគេ​ ក្តិចមួលគេខ្ទេចខ្ទីសាច់​រហូតទាល់តែខាងប្រុស​អត់ទ្រាំលែង បានស្រែកគំហក៖

«នៅឱ្យស្ងៀម!»

តាមថាគេចង់ទម្លាក់នាងភឹងទៅលើដីវិញឱ្យដូចកាលដែលគេបោះនាងទម្លាក់ទៅក្នុងឃ្លុបឡាន ព្រោះស្អប់ពួកមនុស្សចេះល្បិច​បោកស្នេហ៍ យកសម្រស់ជាថ្នូរទាក់ប្រុសៗ មានសន្តានចិត្តមិនស្មោះត្រង់ យកស្នេហាមកធ្វើជាល្បែងប៉ុន្តែពេលនេះ ទើបតែប៉ុន្មានម៉ោងប៉ុននោះ គេមិនដាច់ចិត្ត សូម្បីតែដាក់នាងចុះ ត្រលប់ទៅកើយផ្ទាល់នឹងធរណីវិញផង កុំថាឡើយដល់ទម្លាក់ចោលដូចជាសត្វ។

ពាក្យគំរាមរបស់គេបានក្លាយទៅជាសកម្មភាព​ព្រមាន​លើកដំបូងនៅក្នុងជីវិតរបស់បុរសនេះដែល«និយាយហើយមិនធ្វើ!» ។

ទោះយ៉ាងណា នាងអាក់បន្តិចមែន​តែវិល​មកក្ដិចខ្ញាំ ប្រាថ្នាមិនឱ្យខាងប្រុសប៉ះសាច់​ឬគ្រប់គ្រងលើរាងកាយ​ទន់ខ្សោយនេះបានឡើយ។

ដោយ​អស់កម្លាំងពេក​ចុងបញ្ចប់នាងប្រុងហា​មាត់មកខាំត្របាក់ដៃគេ ដល់គេបើកភ្នែកក្រឡោតឱនមកសម្លុត៖

«ចង់ឱ្យអាយូស៊ូស្លាប់អត់?»

ប្រសិទ្ធភាពមែន។ ទើបតែក្រោកមកវិញនេះ នាងសឹងភ្លេចសង្សារឱ្យឈឹង។

អាល័យតែគិតពី​ប្រធានបទដំបូងគឺការរត់គេច បន្ទាប់មកប្រធានបទទីពីរគឺរឿងចិញ្ចៀន ចុងក្រោយគឺធ្វើយ៉ាងណាវាយបុរសនេះឱ្យមានស្នាមពេញខ្លួនតាមដែលយើងអាចធ្វើទៅបាន ប៉ុន្តែឥឡូវនេះ ពាក្យ«យូស៊ូ» កំពុង​ទាញបេះដូងទាំងមូលឱ្យ​វិលត្រលប់មករកសភាពចុះចាញ់ទន់ខ្សោយ។

«គេនៅឯណា?»

នាង​សួរខ្លួនឯងទាំងម្រាម​នៅគាំងលើកំភួនដៃប្រុស។

«ធ្វើអីគេហើយ?» នាង​សួរញ័រៗសម្លឹងមុខគេ​ទាំងកម្សត់រង់ចាំចម្លើយ។ ឃើញហើយ ប្រុស​មិនមាត់គិតពី​ បន្តដើរមាំៗវិលត្រលប់តម្រង់ទៅកាន់ទ្រនំចាស់។

 ស្រីស្អាតបម្រុងនឹង​ក្ដិចមួល​កំភួនដៃគេទៀត គេក៏ឈប់ង៉ក់ហើយខាំមាត់សម្លឹងនាង។

«មិនទាន់ស្លាប់ទេ!»

នាងភាំងៗ ព្រោះស្រមៃពីរូបរាងត្រូវរបួសរបស់សង្សារ។ «ម្នាក់រស់ម្នាក់ស្លាប់» នាង​ចាំបានសម្តីបុរសនេះនិយាយកាលពីមិនទាន់ធ្លាក់ទឹក ពេលនេះនាង​មានទាន់ស្លាប់ឯង គេក៏ទុកយូស៊ូឱ្យនៅរស់ដែរ គេចង់ធ្វើអីទៀត?

«គ្រាន់តែជិតស្លាប់»

គេបន្ថែមមក ទាំងទឹកមុខ​ឌឺអស្ចារ្យ​ មិនឱនសម្លឹងនាង​ទេ តែទម្លាក់ភ្នែក​សម្លឹងនាង​ដោយមុខស្មើដូចចង់សួរថា នាង​ចង់ធ្វើស្អីគេ បើគេធ្វើបាបសង្សារនាង​?

ម្រាម​ស្រី​ដែលកំណាចក្តិចខ្ញាំសាហាវពេលនេះឈប់ស្ងៀមនៅក្បែរកំភួនដៃរបស់គេ។

ថ្វីដ្បិតនីយ៉ា​​ទាំងកាច ​ទាំងចចេសនិងស្មោះត្រង់ ហើយក៏​ជាមនុស្ស​ក្លាហាន​ទៀត តែលើកនេះ មិនដឹងយ៉ាងម៉េចទ្រូងភ័យណាស់នឹងពាក្យថា«ជិតស្លាប់»។

គេត្រូវមនុស្សចង្រៃអស់នេះវាយរបួសដំណំ​ណាស់ហើយ ឬមួយក៏ទម្លាក់ទឹកឱ្យប្រឹងហែល​ទាំងរបួស​ខូចអស់សរសៃសសូងអវៈយវៈ?

នាង​មិន​ដឹងទេ អន្ទះសាណាស់ តើចោរសមុទ្រទាំងនេះ គេធ្វើអីខ្លះចំពោះមនុស្សដែលនាង​ស្រឡាញ់? កាន់តែ​មានឧសបសគ្គ ​ស្នេហានេះកាន់តែ​មាន​ឥទ្ធិពលធំឡើង ម្រាមដៃនាងភ័យពេក​មិនមែនក្ដិចគេ​ប៉ុន្តែបែរជាចាប់កាន់កំភួនដៃបុរសនេះ ទាំងត្រជាក់ល្អូក ក្នុងន័យស្លុតស្លុងមិនដឹងត្រូវម៉េចឱ្យសមនឹង​ដោះស្រាយបញ្ហា​បាន។