បបូរមាត់ស៊ីជម្ពូររបស់គេ ពេលដែលវារអិលទៅខាងស្ដាំផងឆ្វេងផងព្រោះគេនេះចេចចាច ពេលខ្លះពិតបង្ខំឱ្យដារ៉ុងខំបិទភ្នែក ព្យាយាមគ្រប់គ្រងអារម្មណ៍ ប៉ុន្តែមិនយូរមិនឆាប់ទេ នាងរុញគេឱ្យកាន់តែឆ្ងាយចេញហើយពីការដែលអាចគ្រប់គ្រងខ្លួនឯងបាន។
«សុំថើបមួយមក!»
គេខ្សឹបបែបនេះបញ្ចប់ការសន្ទនាកោកកាករបស់នាង។ កល្យាណឈប់សម្តីភ្លាមសម្លឹងមកទាំងមុខដូចឆ្ងល់ធ្វើដូចមិនបានដុតចិត្តអ្នកណាពីមុនមកសោះ?
មនុស្សស្រីគឺបែបនេះ?
ដារ៉ុងមើលទៅក្នុងភ្នែករបស់នាង មិនមានសូម្បីតែដាននៃការភ័យខ្លាចបន្តិចអី ។ នៅទីនោះគេកំពុងសម្លឹងមើលស្រីម្នាក់ដែលគិតថាប្រុសគ្រប់គ្នាគ្រាន់តែជារបស់លេងនៅក្នុងដៃរបស់នាង។
មិនមែនគេចង់បន្ទោសកល្យាណទេតែគេបានឃើញរបៀបដែលនាងពូកែទាក់ទាញចិត្ត។
«ណា៎ សុំថើប!»
នាងបានរុញស្មាគេចេញ ប៉ុន្តែដារ៉ុងនៅចចេសចូលដោយសារគិតថា ការច្រានចេញជាប្រតិកម្មធម្មជាតិរបស់មនុស្សស្រីមិនមែននាងចង់រុញបដិសេធទេ។ គេចង់រុលចូលទៀតស្រាប់តែនាងលើកដៃស្តាំឡើង…..ទះ?
« ទះខ្ញុំ! ដូចក្នុងកុនមិនមែន? ដើរចេញក៏បានដើម្បីការល្អ ខ្ញុំមិនមានអីស្តាយទេមនុស្សស្រីដូចនាង »
គេគិតបែបនេះហើយដកខ្លួនថយដោយមុខស្មើវិញ។ នាងមកកន្លែងនេះពីនាក់គេ នាងជាអ្នកផ្តើមញ៉ិកញ៉ក់ ព្យាយាមធ្វើឱ្យចង្កេះគេទន់«ចង់» អាអូនរបស់គេត្រង់ឡើងមកព្រោះចង់អើតករកមើលពីរបៀបដែលប្រុសនិងស្រីចចារគ្នាដោយស្នេហាក្នុងទសវត្សរ៍ទី២១ឥឡូវការយារដៃឡើងរបស់នាងនឹងនាំគេចាកចេញពីអារម្មណ៍ស្លុងក្នុងភាពរញ៉េរញ៉ៃដោយកាមារម្មណ៍ភ្លាម។
នាងអាចជាអ្នកផ្តើមតែក៏ជាអ្នកដែលអាចនាំគុកច្រវ៉ាក់មកឱ្យយើងបាន។
កាមគុណដែលដារ៉ុងបានគិតផងទាំងឡាយ រួមទាំងការតាំងចិត្ត ពីផ្ទះមកថា«កល្យាណជារបស់ខ្ញុំ» បានរលាយដូចអំបិល……ត្រូវទឹក។
«តាំងពីពេលដែលខ្ញុំក្រឡេកឃើញអ្ហែងនៅសាលាអង់គ្លេស ចាប់តាំងពីខ្ញុំបានលង់ចូលទៅក្នុងសម្រស់របស់កល្យាណឯងកាលពីផាតធីឆ្លងឆ្នាំយប់ថ្ងៃសៅរ៍ហើយអ្ហែងបានយកផ្លែស្ត្របឺរីមកឱ្យខ្ញុំ ខ្ញុំដឹងថា មាត់ខ្ញុំចង់…..វាទាមទារ….ថើប ……យល់ពីខ្ញុំខ្លះអត់?»
កល្យាណងក់ក្បាលដោយយកដៃនាងមកក្រពាត់ការពារខ្លួន។
នាងរកហារនិយាយអ្វី តែដារ៉ុងដូចមិនផ្តល់ឱកាសឱ្យនាងនិយាយទេ ព្រោះគេដឹងថា សំណួនវោហារបស់កល្យាណនឹងហូររហាចចេញពីបបូរមាត់នាង ពេលនាងចេចចាចម្តងទៀតគេមិនដឹងថា នឹងមានអ្វីកើតឡើងឡើយ។ អ្វីដែលគេដឹង គឺនាងជារបស់គេ។
«ទៅវិញក៏បាន!»
គេនិយាយផ្ទុយនឹងចិត្ត។ កល្យាណសម្រួចបបូរមាត់របស់នាងដូចខឹង។ ខណៈដដែលគេលបគិត
«បើយកមាត់របស់នាងមកទល់ជាមួយជាមួយខ្ញុំ យឺតៗ និងផ្អែមៗ ខ្ញុំអាចធ្វើឱ្យនាងដឹងថា អ្វីៗនេះលើសពីការដែលនាងស្មាន មនុស្សដូចខ្ញុំអាចនាំនាងដល់គែមឋានសួគ៌ល័យបាន។»
មិនយូរប៉ុន្មានទេបេះដូងគេរកតែឡើងកម្ដៅ មានតែសម្រេចចិត្តថាក្រោកចោលនាងល្អជាង ដើម្បីបញ្ជាក់លើសម្តីខ្លួនឯងផង តែ….នាងក៏យកដៃមកចាប់ឃាត់គេ។
នាងតោងដៃដារ៉ុងជាប់ដូចមិនចង់លែងខាងប្រុសបែរក្រឡេកមើលកល្យាណទាំងមុខស្រពោន។
មានអារម្មណ៍ថា នាងព្យាយាមផ្លាស់ទីមកក្បែរប្រាណគេដើម្បីឃាត់ គេរឹតតែបានចិត្ត៖
«តោះ!ជូនទៅផ្ទះវិញ!»
«ហ្នឹង? ដារ៉ុងឯងមកដើរលេងមកចង់អ៊ីចឹង!»
«អ៊ីចឹងម៉េចវិញ?!»
តាមពិតចិត្តគេ ចង់ឱ្យអ្វីៗរវាងគេនិងនាងបានផ្លាស់ទីផ្លាស់ប្តូរចែករំលែកជាមួយគ្នា បាននាងប៉ះពាល់ដៃជើងទៀត គេស្ទើរតែទប់ទល់នឹងការគ្រប់គ្រងចិត្តរបស់គេលែងជាប់ទៅហើយ។
ឱ្យតែកល្យាណបង្ហាញខ្លួនម្តងៗនៅសាលានាងមើល មករកដារ៉ុងដូចជា«នាងឃ្លាន»ចុះម្តេចពេលនេះ«យ៉ាប់?»។
គេបញ្ចេញដង្ហើមធំហើយងាកត្រឡប់មកវិញរកស្រីស្រស់ដែលនៅអង្គុយលើគ្រែឬស្សីនៅឡើយ ប៉ុន្តែមុននឹងនាងអាចតវ៉ាបានដៃគេក៏លូកមកច្បាមទាញក្បាលនាងពីក្រោយរុញមករកមុខគេដែលឱន អណ្តាតនិងមាត់របស់គេបានចូលទៅក្នុងមាត់នាងបេះដូងនាង។
នាងប្រកែកឡុលៗ តែមិនអាចទៅរួចទេ។ ការសុំថើបមុននេះមកពីគេគិតថាដារ៉ុងសុភាពពេកឬខ្វះបទពិសោធ? ពេលនេះមិនបាច់សុំតែម្តង។
ការថើបដំបូងនេះ គួរតែយូរនិងផ្អែមៗ នេះបង្ហាញថាតើដារ៉ុងចង់បាននាងប៉ុនណា។ មនុស្សដូចដារ៉ុងមិនដែលស្វែងរកការយកចិត្តទុកដាក់របស់មនុស្សស្រីណាពីមុនមកទេ។ មិនចាំបាច់ទេ គេកើតមកមានមនុស្សស្រីចាប់អារម្មណ៍ស្រាប់ហើយ។
គេមិនដែលចង់ដឹងថា មានអ្នកណាម្នាក់ចង់បានឬអត់ទេ ប៉ុន្តែគេសារភាពថា គេត្រូវការបង្កើតពេលវេលាល្អនិងពិសេសៗច្រើនឡើងៗជាមួយកល្យាណ ។
គេស្គាល់នាងនៅក្នុងសាលារៀនអង់គ្លេសថ្ងៃដែលគេកំដរមិត្តភក្តិទៅចុះឈ្មោះ តែគេក៏ត្រូវចុះឈ្មោះទៅវិញព្រោះមិត្តភក្តិដូរចិត្ត ឯគេក៏ត្រូវដូរចិត្តព្រោះឃើញនាង។
តាំងពីថ្ងៃនោះ គេចូលចិត្តមើលថា តើនាងចង់បានគេប៉ុណ្ណា។
វាដូចជាការញៀនសម្រាប់មនុស្សមានអារម្មណ៍ភេទនិងមានចុះស្នាមជាមួយស្រីៗច្រើននាក់ដូចដារ៉ុង។ គេមើលថាជាតួអង្គនៃការថើបគ្នា ជាជាងជាសង្សារធម្មតាៗ។
នាងច្រានស្មាគេដល់របូត តែមុខនាងមិនខឹងទេ។ ការសន្និដ្ឋានថ្មីសម្រាប់ដារ៉ុងគឺ យារដៃមុននេះប្រហែលជ្រលមិនមែនចង់ទះមែនឡើយ។
ការថើបលើកនេះ តែងនាំទៅដល់លើកក្រោយ។
ដារ៉ុងបាននាំនាងចេញមកវិញដោយសុវត្ថិភាពព្រោះថាទីនោះមិនអាច«លើសពីថើប»បាន។ តែភាពអន្ទះសារនៃការជួបគ្នាបានកើតឡើងនូវកម្មវិធីលើកទីពីរគឺ «ការទៅបោះជំរុំជាមួយគ្នាតែពីរនាក់»។
ស្មានថានាងបដិសេធ?
នាងមិនបានឆ្លើយយល់ព្រមតែការស្ងាត់ស្ងៀមបានន័យថា yes។
ពួកគេជិះម៉ូតូពីរនាក់ ដឹកសម្ភារៈខ្លះៗចំណែកតង់ជួលនៅនឹងកន្លែង។
យប់នេះមានភ្លៀងស្រិចៗមិនខាន វារឹតតែរ៉ូមែនទិកឡើងនេះតាមការមើលព្យាករណ៍អាកាសធាតុ។ ដារ៉ុងជាតួអង្គអ្នកដឹកនាំនៃដំណើរកម្សាន្តលើកនេះ គេក៏នឹកឃើញមធ្យោបាយពន្យារពេលលេងសើចនិងចុះអូសក្រឡាតាមផ្លូវទម្រាំបានមកដល់កន្លែងគឺយប់ងងឹត គ្មានអ្នកណាឃើញពីរនាក់គេទេ។
ភ្លៀងធ្លាក់មកមែន នាងអង្គុយនៅក្នុងត្របោមខ្លួនដណ្តប់កន្សែងព្រោះរងា ។ មានពន្លឺខ្លះៗតាមភ្លើងគោមជះមកនៅខាងក្រៅតង់ ប៉ុន្តែពួកគេនៅខាងក្នុង បាំងបិទជាមួយនឹងកំណាត់កៅស៊ូតង់សែនក្រាស់ល្មមមានទំនុកចិត្ត និងមិនមានអំពូលភ្លើងដែលធ្វើឱ្យគ្រប់យ៉ាងបញ្ចេញពន្លឺស្រអាប់ ប្រៀបបីដូចបន្ទប់ស្នេហ៍ពោរពេញដោយស្រមោលមនោសញ្ចេតនាជ្រៅ។
កល្យាណអង្គុយនៅក្នុងស្រមោលងងឹតរង់ចាំដារ៉ុងដែលដើរចុះឡើង ឡើងចុះរៀបចំខាងក្រៅក្រោមទឹកភ្លៀងល្អិតៗព្រុយៗមិនទាន់ទទឹក ។ ចិត្តគេយល់ថា គេបានយកឈ្នះលើបេះដូងនាងហើយ ហើយគេមិនខ្វល់ទេ យប់នេះនឹងមានរឿងល្អកើតឡើង គេនៅមានពេលច្រើន គេចាប់ផ្តើមអង្គុយក្បែរភ្នក់អុស រួច បង្កាត់ភ្លើងឱ្យឆេះឡើង។
«មេឃអ៊ីចឹងឆេះដែរ?» នាងសួរពីឆ្ងាយមក្រោយខ្នង។
«ឆេះ!» គេឆ្លើយហីមិនងាកមកទេ។
ឬកពារគេសង្ហាខ្លាំងណាស់ជាមួយចរិតមិនងាក មិនមើលមុខសូម្បីជិតក្លាយជា….. ។
យ៉ាងណាក៏ដោយ វាមិនលំបាកទេ សម្រាប់មនុស្សដែលមានបំណងកសាងអនុស្សាវរីយ៍ជាមួយគ្នានៅក្នុងសម័យកាលនេះ។
សម្រាប់ពេលឥឡូវ នៅក្នុងបរិយាកាសរបៀបនេះទៀត ភ្លៀងរិចៗ ខ្យល់ស្រៀវៗ កូនស្រីគេកំពុងតែអង្គុយរង់ចាំដារ៉ុង។
យុវជនងាកមកបំពក់ភ្នែកស្រទន់សម្លឹងនាង ។ មិនយូរមិនឆាប់ គេក៏ចាប់ផ្ដើមដើរមកក្បែរ ។ ប្រុសស្រីទាំងទ្វេហាចំណាយពេលវេលានិយាយតិចៗខ្សឹបខ្សៀវជាមួយគ្នាកណ្តាលធម្មជាតិដោយគ្មានទេអ្នកណាអាចមករំខាន។
យូរៗម្ដង ខាងប្រុសក៏មិនបានព្រងើយកន្តើយ ចំពោះរឿងដែលកាន់កាប់គំនិតពួកគេទាំងពីរតាំងពីខំមកពីភ្នំពេញផ្លូវអន្លាយនេះដែរ។
«រងាអត់?»
« ត្រជាក់ណាស់!»
ស្រីឆ្លើយដោយភ្នែកភ្លឺព្រិចៗកណ្ដាលធម្មជាតិរាត្រីកាល។ សភាពការណ៍ស្ងាត់ជ្រងំ ខ្យល់បោកបក់បំប៉ើងចុះឡើងទាញតួជម្រកតង់ឱ្យរេរាំដែរ។
«យើងប្រហែលជាចេញទៅអង្គុយកន្លែងភ្លើងអត់បានទេ !ភ្លៀងហើយ!» ប្រុសនិយាយខ្សឹប។
«អ៊ីចឹងយើងបិទតង់កុំឱ្យទទឹកឬក៏ម៉េច?»ប្រុសអូសក្រឡាបន្ថែម។ យុវនារីមិនមាត់ថ្វី នាងមានងក់តែក្បាលយល់ព្រម។
សំឡេងពួកគេរលត់បាត់ ជាមួយនឹងការចាប់ផ្តើមរាត្រីកាលមួយដែលដារ៉ុង មិនបាច់មានការក្លែងបន្លំ លាក់អារម្មណ៍អ្វីច្រើនទៀតនោះទេ។ សារជាតិជាប្រុសដៃដល់ គេតែងតែមានបំណងបង្ហាញឱ្យនាងដឹងច្បាស់ៗថា ខ្លួនគេរង់ចាំរយៈពេលនេះយ៉ាងអន្ទះសា អស់ច្រើនសប្ដាហ៍មកហើយក្រោយដែលពួកគេបានជួបប្រសព្វភ្នែកជាមួយគ្នា ហើយបានចែកចាយបណ្តាញសង្គមឱ្យគ្នា។
យប់នេះ គ្រប់យ៉ាងបានចូលមកដល់ដំណាក់កាលទុំជោរហើយ។ ជារឿង ធម្មតាដែលមនុស្សស្រីម្នាក់ទទួលយកបុរសពូកែដូចដារ៉ុងក្នុងផ្លូវស្នេហា ប៉ុន្តែ ជារឿងមិនធម្មតាទេសម្រាប់មនុស្សស្រីដូចកល្យាណព្រោះ ជាមួយនាងគេត្រូវការពេលយូរក្រែលដែរទម្រាំបានវេលានេះ។
អង្គុយបែរមុខទៅកាន់ដារ៉ុង តែពីរនាក់នៅក្នុងតង់ដោយទឹកមុខសុភាព ដូចមិនបានសង្ស័យអ្វីពីចេតនារបស់ប្រុសម្នាក់នេះទេ។ អាចនិយាយម្យ៉ាងថា ប្រហែលជាកល្យាណដឹងច្បាស់ ក៏ដូចជាតាំងចិត្តរួចស្រេចក្នុងការសាងអនុស្សាវរីយ៍ជាមួយគេ។
ស្រាប់តែដារ៉ុងសម្លឹងមុខនាងអស់ចិត្ត នាងក៏ច្រត់ដៃក្រោកឡើង ប៉ុន្តែ បានធ្វើឱ្យសង្សារទាញដៃត្រឡប់មកវិញទាំងភាព ងឿងឆ្ងល់មកជាមួយគ្នា។
«ម៉េចហ្នឹង?»គេខ្សឹបស្ទើរមិនចង់ឮ ទោះបីនៅក្នុងរាត្រីសែនស្ងាត់និងមានតែពីរនាក់។
ភាពច្របូកច្របល់នៅក្នុងផ្ទៃមុខកល្យាណ។
នាងបាននិយាយឡើងថា៖
«ចង់ចេញដើរក្រៅបន្តិច!»
«នៅភ្លៀងណា៎ ឮអត់?»
« អត់ទេ! លែងឮហើយទេតើ!»
« ជឿខ្ញុំទៅ! នៅស្រក់តិចៗ!»
«ខ្ញុំជឿ ប៉ុន្តែ….!»
«ប៉ុន្តែយ៉ាងម៉េច?»
«ខ្ញុំនៅក្នុងហ្នឹងយូរពេក ថប់ដង្ហើមម៉េចមិនដឹងទេ !»
«មានដង្ហើមហ្វ្រី អាចឱ្យខ្ចីប្រើខ្លះៗ»
បាននិយាយលេបខាយហើយកាលណាយុវជនទាញកាយស្រីត្រឡប់មកអង្គុយលើភ្លៅរបស់គេតែម្ដង ។ ជាលើកដំបូងដែលកល្យាណក្លាយជារបស់គេទាំងស្រុង គេសឹងតែមិនអាចជឿជាក់។
អ្វីមួយដែលកំពុងកើតឡើងដូចជាកំពុងស្រមៃ។
អាការៈរបស់នាង ឆ្គងៗព្រោះមិនធ្លាប់មានស្នេហាទេដឹង?
សក់របស់នាងរេប៉ះមកចំច្រមុះរបស់គេ គេមិនអាចទប់ចិត្តនឹងក្លិនខ្លួននួនស្រីទេ។ ដារ៉ុងបានចាប់ផ្តើមនិយាយ៖
« ខ្ញុំសង្ឃឹមថា កល្យាណ នឹងអភ័យទោសឱ្យខ្ញុំ !»
«រឿងអីទៅ?»
ស្រីស្រស់រូបល្អបានសពោលស្រដីសួរញ័រៗ ។ ដារ៉ុងមិនឃើញតបសោះ កល្យាណក៏ងាកសួរទៀត៖
«មានបញ្ហាអី?»
« ខ្ញុំទ្រាំមិនបានទេយប់នេះ !»
គេឆ្លើយយ៉ាងព្រហើនក្រមុំក៏ចាប់ផ្តើមឡើងក្រហមមុខ។ ដៃនាងតោងកគេទៅហើយ មាត់នាងបានស្រដីសួរទៀត៖
«ធ្លាប់ធ្វើអ៊ីចឹងជាមួយមនុស្សស្រីប៉ុន្មាននាក់ហើយ?»
« តែគ្មាននរណាម្នាក់អស្ចារ្យដូចកល្យាណទេ!»
យុវនារីឮហើយកាលណាធ្វើមុខទម្លាក់ក្រញ៉ូវភ្លាមនោះដែរ។ កល្យាណ រលាស់ដៃគេចេញពីព្រោះមានអារម្មណ៍ថា គេមានសង្សារច្រើនមកហើយ ប៉ុន្តែការពន្យល់បែបនេះ គឺសាមញ្ញណាស់។ មនុស្សស្រីតែងតែងរង៉ក់។ ដារ៉ុងញញឹមព្រោះយល់ន័យរបស់នាង ។ នាងងរច្រើនមានន័យថា យើងជាប្រុសអាចបន្តដំណើរផ្សងព្រេងទៅក្នុងបេះដូងរបស់នាងបាន។
យុវជនឱបប្រាណកល្យាណជាប់។
សំឡេងនាងបានលាន់ឮឡើងមកបន្ថែមដែរ៖
« បើច្បាស់លាស់ជាមួយខ្ញុំ ត្រូវចូលដល់ពុកម្តាយខ្ញុំ!»
« ចុះគ្រាន់តែថើបហ្នឹងចាំបាច់សុំពុកម៉ែសិនដែរ? មាត់របស់យើងសោះ!»
ស្រីស្រស់ឆើតនាងបែរមុខមកសម្លឹងភ្នែកស្រឹមៗនៃព្រាននារី រួចកាយទាំងពីរលូកក្ដិចក្នាញ់គ្នាចុះឡើងទីបំផុតក៏ស្ងប់ស្ងាត់ ចែករំលែកស្នាមថើបទីពីរជាមួយគ្នា។
«ប្រហែលជា….ខ្ញុំមិនគួរមកកន្លែងនេះទេ »
មាណវីស្រីបាននិយាយឡើងដោយស្តាយក្រោយការថើបបញ្ចប់ទៅ។ ដារ៉ុងញញឹម ព្រោះគេត្រៀមធ្វើអ្វីច្រើនទៀតលើសពីថើប។
សូរសំឡេងឡានម៉ូតូលាន់មកពីឆ្ងាយយ៉ាងទ្រហឹង។ ចាប់អារម្មណ៍ឃើញថាអ្វីៗដូចជាក្នុងយល់សប្តិ។ ពេលនេះ គេមានអារម្មណ៍ថា ហេតុអ្វីដូចជាកណ្តាលអធ្រាត្រហើយមានមនុស្សមកដល់ទៀត?
ដារ៉ុង គេងាកសម្លឹងមើលមុខនាង គេបានខ្សឹប៖
«ពួកនេះមកពីណារញ៉េរញ៉ៃម្ល៉េះ ?»
យុវជនពោលមកសង្សារក្នុងសភាពសោកស្ដាយថា អាចនឹងខូចបរិយាកាសអស់បង់។ ភា្លមនោះ ស្រាប់តែពួកគេបានឮស្នូរជើងធ្ងន់ៗរត់មកដល់ ។ សំឡេងមនុស្សប្លែកៗស្រែកឡើង….នៅក្នុងនេះ! នៅក្នុងតង់នេះពីរនាក់ហ្នឹង!។
អារម្មណ៍ហាក់ចម្លែកខ្លាំង។ គូស្នេហ៍ទាំងពីរសម្លឹងមុខគ្នាទៅវិញទៅមកដោយសង្ស័យ។ ស្របពេលដែលមានគេផ្សេង ជាសំឡេងមនុស្សប្រុសស្រែកហៅឈ្មោះនាងចំពីក្រៅថាកល្យាណៗ។
ដារ៉ុងស្លេកមុខ ងាកសម្លឹងយុវនារី។
ពួកគេឃ្លាតចេញពីគ្នាប្រុងប្រៀបបែរមុខទៅមាត់ទ្វារច្រកចេញ។ ពេលពិនិត្យដៃគូ ដារ៉ុងឃើញកល្យាណភ័យញ័រណាស់។
«ពួកគេជាអ្នកណា?»
គេចង់សួរទៀតថាហេតុអ្វីស្គាល់ឈ្មោះនាងច្បាស់? តែគេក៏ស្លន់ចិត្តលែងសួរនាំសិនសំកុកចាំតាមដានសភាពការណ៍សិន។
«អ្ហែងចេញមកភ្លាមអ្ហែងបើមិនចង់រឿងធំជាមួយអញ!»
ជាសំឡេងមនុស្សដូចជានៅក្បែរបង្កើយខុសគ្នាតែមួយចំអាមពីរចំអាមដៃតែប៉ុណ្ណោះ ។
ដារ៉ុងដាច់ចិត្តលើកដៃញ័រៗ ទៅរូតបើកតង់ចេញ។
គេរឹតតែស្លេកស្លាំងនៅពេលដែលមនុស្សជាច្រើនបានបញ្ចាំងពិលព្រមគ្នាពីរបីទិសចូលមកក្នុងតង់។ ចំណែកកល្យាណធ្វើមុខខ្មៅលូនចេញយឺតៗ ។
បុរសចំណាស់ម្នាក់បានធ្វើឱ្យបរិយាកាសកាន់តែអាសន្នឡើង ដោយស្ទុះមកទាញនាងអូសបង្ខំថា៖
«ទៅផ្ទះវិញមីកូនចង្រៃ!»
ប្រុសៗពីរនាក់ទៀតស្ទុះមកដាល់ ចំមុខ ដារ៉ុងមួយដៃ ចំណែកម្នាក់ទៀតធ្វើជាមកជួយឃាត់។ ដារ៉ុងមានអារម្មណ៍ថា ឈាមហូរចេញពីចង្វែកមាត់របស់គេ ប៉ុន្តែអ្វីៗ នៅមិនទាន់ធ្ងន់ធ្ងរស្មើទៅនឹងភាពភ័យស្លន់ ក្នុងចិត្តរបស់គេទេ។
មិនដែលមានបញ្ហាបែបនេះឡើយពេលណាត់ជួបជាមួយសង្សារមុនៗ។
ស្នូរឡានឪពុកនាំកូនស្រីចាកចេញទៅ បញ្ជាក់ឱ្យឃើញថា សង្សារបានត្រឹមប៉ុន្មានម៉ោងរបស់គេទើបតែបានគ្នាត្រឹមស្នាមថើបសោះ ត្រូវបានសាច់ញាតិនាងប្រដេញតាមមកទាន់នាំទៅបាត់មិនបានប្រកែករារែកឬក៏តស៊ូជាមួយគ្នាសោះ។
«កុំវ៉ៃខ្ញុំបង! កុំវ៉ៃខ្ញុំ !»
ពួកប្រុសៗដែលចោមរោមគេ ដារ៉ុងគិតថាជាបងប្រុសនាងឬក៏សាច់ញាតិអ្នកជិតខាងនាងដែលឪពុកនាងប្តឹងមកព្រួតគ្នាតាមវែកមុខគេ តាមពិតជារឿងផ្សេងព្រោះខណៈនោះដែរ ប្រុសសម្បុរខ្មៅម្នាក់ក្នុងចំណោមនោះបានស្រែកឡើង៖
«អាឯងណាត់ប្រពន្ធអញចេញមកកន្លែងនេះ ហើយមិនដឹងវាមានប្ដីទេ?»
លោះព្រលឹងធ្ងន់ត្រង់ពាក្យថាប្រពន្ធ។
មនុស្សម្នាក់នោះស្ទុះមកបម្រុងតែប្រើហិង្សាតែមានអ្នកជួយឃាត់ខ្លាចជ្រុលដៃជើង។
« បងអើយ យកអីយកទៅបង! យកអីក៏បានដែរ បង! ខ្ញុំអត់ដឹងថាគេមានប្តីទេ! ខ្ញុំស្មានតែគេនៅ..!»
«អ្ហែងស្មានអីគេ?»
ត្រូវថ្គាមមួយដៃទៀត សឹងតែបែកអំពិលអំពែក ។ ដារ៉ុងងងឹតមុខហើយ ។ គេគិតថា ម្ដងនេះបើមិនជ្រុះធ្មេញបាយចេញមក ក៏ប្រហែលជាមានបញ្ហាវៀចមុខខូចទ្រង់ទ្រាយដែរ។
យុវជនមានតែលើកដៃសំពះទៅកាន់មនុស្សប្រុសទាំងពីរបីនាក់រួចអង្វរដោយពាក្យដដែលៗថា៖
«បងយកអីយកទៅ ! កុំវាយខ្ញុំ»
មនុស្សទាំងអស់នោះ ចាប់ផ្ដើមសម្លុតគេខ្លាំងឡើងៗទាមទារលុយកាក់និងសោរម៉ូតូ។
តាមដំណឹងក្រោយមកដារ៉ុងត្រូវបានចំណាយលុយបន្ថែមរបស់ឪពុកម្តាយអស់រាប់ពាន់ដុល្លារទៀតដើម្បីបញ្ចប់រឿងពង្រត់ប្រពន្ធរបស់គេនេះ។
ពីរខែក្រោយមក…..
នៅសាលាភាសាដ៏ល្បីមួយកន្លែង ។
«សួស្ដីស្រីស្អាត! ខ្ញុំដូចជាមាននិស្ស័យ! ទើបតែឃើញផ្លាស់មករៀននៅនេះ?»
«ខ្ញុំឈ្មោះកល្យាណ!»
«បាទខ្ញុំឈ្មោះ វណ្ណា !»
នាងញញឹមចោលកន្ទុយភ្នែកដាក់វណ្ណា រួចទើបបន្តដើរអ៊ែនអនទៅមុខទៀត។
គ្មាននរណាដឹងឡើយថា មនុស្សស្រីម្នាក់នេះ ធ្លាប់បានធ្វើបែបហ្នឹងទៅកាន់មនុស្សប្រុសប៉ុន្មាននាក់ហើយនោះទេ។ លទ្ធផលចុងក្រោយគ្រប់យ៉ាងនៅតែជាការសម្ងាត់រវាងគ្រួសារនាង។
ពីដំបូង យើងអាចមើលឃើញថា កល្យាណគឺជាមនុស្សស្រីចិត្តងាយ ប៉ុន្តែក្រោយមក ត្រឹមតែសុំថើបមួយក៏អ្នកត្រូវបង់នូវតម្លៃជាច្រើន រហូតដល់សឹងថារាងចាលពីការធ្វើជាព្រាននារីអស់មួយជីវិតផង។
« សុំលេខទូរស័ព្ទបានអត់?»
វណ្ណាសួរពីក្រោយខ្នងនាង។
កល្យាណងាកមកជាមួយស្នាមញញឹមស្រស់សែនស្រស់។
ចុះអ្នកអានគិតថា កល្យាណនឹងឱ្យលេខទូរសព្ទទៅវណ្ណាដែរទេ?