ខ្ញុំបានរកឃើញការអភិវឌ្ឍរបស់ខ្ញុំខ្លួនឯង នៅក្នុងកម្រងប្រលោមលោកថ្មីដែលកំពុងតែសរសេរឡើងបន្តបន្ទាប់ជារៀងរាល់ថ្ងៃគឺ រឿងស្រឡាញ់បងជ្រៅជាងសមុទ្រ។
ភាគនិទានស្នេហ៍នេះកសាងឡើងតាំងពីឆ្នាំ២០១៩ប៉ុន្តែ យើងមានបញ្ហាខ្លះនៅលើការអភិវឌ្ឍចរិតតួអង្គ ហេតុផលធំ និងចំណុចប្រទាក់ ការបង្កើតជា Discovery ថ្មីៗទាក់ទងជាមួយនឹង ការពញ្ញាក់អារម្មណ៍អ្នកអានដែលយើងជាអ្នកនិពន្ធគប្បីបង្ហាញសាច់រឿងចេញមកម្តងមួយចំណុចៗ។
នៅពេលដែលខ្ញុំកសាងគ្រោង ហើយខ្ញុំបានធ្វើការត្រួតពិនិត្យឡើងវិញ ប្រទះឃើញថា អត់ស្រលាញ់ អត់មានអារម្មណ៍សរសេរ ។ ការបង្ហាញបញ្ហា ការកំណត់ចរិតតួអង្គឬក៏វគ្គសម្រាលបញ្ហាម្ដងមួយដំណាក់កាលៗ មានលក្ខណៈប្រហាក់ប្រហែលទៅនឹងអ្វីមួយដែលគ្រប់គ្នាបានជក់ចិត្តពីមុនមក គឺក្នុងប្រលោមលោកល្បីរួចហើយឈ្មោះ ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់។ នៅពេលដែលវាចេញមកបែបនេះ ខ្ញុំអត់សូវពេញចិត្តហើយស្ត្រេស។ សូម្បីអានឆ្អឹងមិនចង់ផង កុំថាឡើយសរសេរវា។
ចំណាយពេលគិត ខ្ញុំគិតនិងវិនិយោគពេលវេលាខ្លាំងលើការងារកសាងចរិតលក្ខណៈតួអង្គឥន្ត្រា។ ខ្ញុំខ្លាចបំផុត គឺគេនេះដូចនឹងគីម៉ាល់ក្នុងរឿងបេះដូងមេគង្គ ឬហួតយុត្ថានាក្នុងថ្ងៃមុនស្អប់…. ក្រោយមក ខ្ញុំក៏សប្បាយចិត្ត។ ខ្ញុំរកឃើញចរិតបុរសម្នាក់មកបំពាក់ឱ្យគេ គឺជាបុរសម្នាក់ដែលខ្ញុំអាចចូលចិត្តខ្លាំងអាចតស៊ូអង្គុយសរសេរក្នុងនាមជាអ្នកនិពន្ធ ។
ឥន្ត្រារបស់យើង នៅក្នុងស្រឡាញ់បងជ្រៅជាងសមុទ្រ តាមថា ជាមនុស្សត្រជាក់ ស្ងប់ស្ងាត់ តែមើលទៅគ្រោះថ្នាក់។ គេជាមនុស្សត្របុតត្របុយ និងមានការគិតដ៏ឃោរឃៅ ដាច់ខាត។ មើលប៉ុន្មានភាគដំបូងទៅដូចជា សត្វសាហាវ ខ្លាឬក៏ចចកដែរ គេសប្បាយរីករាយនៅពេលចាប់បានសត្រូវ គេជញ្ជក់នាងបន្តិចម្តងៗដូចជាសត្វពីងពាង ប៉ុន្តែរឿងដែលយើងអាចធ្វើឲ្យអ្នកអានភ្ញាក់ផ្អើលមិននឹកស្មានដល់ គឺសន្សឹមៗពីមួយភាគទៅមួយភាគ យើងបានរកឃើញអ្វីៗផ្សេងៗបន្ថែមនៅក្នុងជម្រៅចិត្តដ៏អាថ៌កំបាំង បេះដូងរបស់គេ ។ គេជាមនុស្សពិតប្រាកដ មិនមែនជាសត្វហើយគេមានបេះដូងឯកោមួយ។ គេតែងដើរតួនាទីជាកូនច្បងដែលការពារនិងកត្តិញ្ញូ ប៉ុន្តែ គេមិនដែលមានអារម្មណ៍ស្រលាញ់និងលះបង់ចំពោះសភាវទន់ភ្លន់នៃបេះដូងមនុស្សស្រីទេ។
ការរីកចម្រើនលឿនរវាងទំនាក់ទំនងឥន្ត្រានិងនីយ៉ានៅលើដីកោះ បន្ទាប់ពីជាសត្រូវមកជាចំណាប់ខ្មាំងបន្ទាប់ពីចំណាប់ខ្មាំងមកជាកូនអុកនយោបាយរវាងឪពុករបស់គេនិងបងប្រុសរបស់នាងដែលជាមេប៉ូលិស ភាពស្រឡាំងកាំងដែរអ្នកអានបានប្រឈមគឺ ឈុតឆាកដែលខ្ញុំបានបង្កើតឲ្យតួស្រីថើបគេ។
ព្រោះពេលនោះ នាងគិតថា នាងជិតស្លាប់ហើយ ហើយនីយ៉ាគិតថាមនុស្សដែលហក់ទៅក្នុងទឹកជួយនាងមិនអាចជាបិសាចទឹកម្នាក់នេះទេ ប្រាកដជាសង្សាររបស់នាងយូស៊ូ ។
មែន! គ្រប់គ្នាគិតថា ឥន្ត្រានឹងក្លាយទៅជាគូស្នេហ៍របស់នីយ៉ា ចំណុចនេះធម្មតាណាស់អ្នកនិពន្ធអត់បានលាក់ទេ អ្នកនិពន្ធអត់បានបញ្ចូលជាប្រស្នានៅកន្លែងនេះឡើយ ប៉ុន្តែស្នេហ៍របៀបម៉េច ស្នេហ៍ធំជាងយូស៊ូទេ? នាងស្លាប់សម្រាប់យូស៊ូបានតាំងពីដំបូងណ៎ា….ចម្លើយរបស់ខ្ញុំ វាទាក់ទងនឹងវត្ថុមួយ ដែលមានតម្លៃនៅក្នុងជីវិតមនុស្សយើងគឺ«ការពិត»….ហើយលោកនេះគ្មានអ្វីជាការពិតនោះទេ មានតែរបស់ម្យ៉ាងគត់ដែលជាការពិតគឺ ស្នេហា….។ ពាក្យថាស្នេហាមិនមែនរបៀបដូចដែលយើងគិតថា ជាការស្រឡាញ់ច្រើននោះទេ មិនគ្រប់ឡើយ បើសិនជាយូស៊ូស្រឡាញ់នាងពិតមែន បើស្នេហានេះជាការពិតគេនឹងមិនទ្រាំ បោកបោះរបស់របរក្នុងបន្ទប់ ដោយឃុំខ្លួនឯងមិនចេញទៅជួបនាងនោះឡើយ ក៏មិនមែនឈរស្ងៀមនៅពេលដែលឃើញនាងត្រូវរបួសហើយកំពុងតែដាក់សង្ស័យថា នាងស្រឡាញ់គេឬមិនស្រឡាញ់គេទៅជាយកនាងមកសាកចិត្ដអ៊ីចឹងដែរ។
ព្រោះស្នេហាដែលជា«ការពិត»គឺជារបៀប មួយផ្សេង!
អ្វីនេះ ដែលខ្ញុំកំពុងតែបង្កើតឡើងគឺស្នេហាពិតបង្ហាញក្នុង ឧបសគ្គ កាន់តែធំប៉ុណ្ណាទើបការពិតនោះលេចចេញឡើងបាន។
មនុស្សម្នាក់ស្រឡាញ់យើងដើម្បីខ្លួនគេឬមួយក៏គេស្រឡាញ់យើងដើម្បីយើង?
សូមកុំភ្លេចអានប្រលោមលោកនេះ ហើយខ្ញុំនឹងធ្វើការវិភាគជូនជាបន្តបន្ទាប់នូវអ្វីដែលខ្ញុំបានរកឃើញនៅក្នុងបទនិពន្ធរបស់ខ្លួនឯងក៏ដូចការអភិវឌ្ឍទៅមុខនូវជំនាញតែងនិពន្ធប្រលោមលោកមនោសញ្ចេតនារបស់ខ្ញុំ។
អរគុណច្រើនដែលបានអានអត្ថបទនេះ!