រឿង៖ ដានស្នេហ៍មាត់ឆ្នេរ

ក្រុងព្រះសីហនុ ឆ្នេរអូរឈើទាល

“ទីនេះ ពិតជាផ្លាស់ប្ដូរកែប្រែស្ដារូបរាងថ្មីច្រើនខ្លាំងណាស់…”

ខ្ញុំឧទានតែម្នាក់ឯងឡើង ភ្ញាក់ផ្អើលពេលឃើញសម្រស់ទិដ្ឋភាពដ៏ស្រស់ស្អាតនៅចំពោះមុខ។ ពិតណាស់ ក្រុងព្រះសីហនុ អតីតទីក្រុងឆ្នេរសមុទ្ទបែបស្ងប់ស្ងាត់ ដែលស្ថិតនៅឆ្នេរភាគខាងត្បូងនៃប្រទេសកម្ពុជា បានប្រែក្លាយខ្លួនទៅជាទីក្រុង Boomtowns មានសំណង់អាគារធំៗ ស្គឹមស្កៃ លូតខ្ពង់ប្រជែងអាកាស ដុះដូចម្រាមដៃ អួតប្រជែងសម្រស់គ្នា ជាមួយភ្លើងពណ៌លម្អររាត្រីចម្រុះភ្លឺភ្លែតទាំងយប់ទាំងថ្ងៃ លើផ្លូវថ្នល់កៅស៊ូរលោងស្រិល បរដោយរថយន្តតូចធំលើផ្លូវចេញចូលមិនដាច់កន្ទុយគ្នា។ ការអភិវឌ្ឍវិស័យអចលនទ្រព្យ ភាពផ្លាស់ប្ដូរថ្មីនៅទីនេះ គឺវាលឿនរហ័ស ស្ទើរតែមិនចង់ជឿថា ប្រទេសដ៏តូចមួយនេះ ខេត្តសមុទ្ទរបស់កម្ពុជា មានសក្ដានុពលទាក់ទាញអ្នកវិនិយោគទុនក្នុងស្រុក​និងអន្តរជាតិបានខ្លាំងក្លាបែបនេះ។

“និរតី អូនឃើញទេ? ស្រុកទីកំណើតរបស់អូន បានអភិវឌ្ឍយ៉ាងស្រស់ស្អាតច្រើនខ្លាំងប៉ុនណា…បើអូននៅទីនេះ អូន…អូនប្រហែលជាសប្បាយចិត្តប៉ុនណាទេ! និរតី…បងនឹកអូន”

ខ្ញុំពោលទាំងអារម្មណ៍សោកសង្រេងខូចចិត្ត សម្លឹងមើលទៅកាន់មាត់ឆ្នេរសមុទ្ទ សំឡេងទឹករលកបក់នាំគ្រាប់ខ្សាច់មកប៉ះបាតជើង ខ្យល់បរិសុទ្ធបក់ផាត់ត្រជាក់កាយ ធ្វើឱ្យខ្ញុំនឹកដល់រូបនាង…និរតី ភរិយារបស់ខ្ញុំ។

រយៈពេល៥ឆ្នាំហើយ ដែលខ្ញុំខានមកលេងនៅទីនេះ។ យូរដែរហើយ ខ្ញុំព្យាយាមគេចវេស មិនចង់នឹកដល់រូបនាង ព្រោះ…

សមុទ្ទ ជាទីសាងអនុស្សារ បន្សល់អនុស្សាវរីយជាច្រើនរវាងយើងទាំងពីរ…

សមុទ្ទជាកន្លែងដែលខ្ញុំស្គាល់រឿងស្នេហាដំបូង ហើយជាលើកចុងក្រោយនៃស្នេហារបស់ខ្ញុំមានដល់ទៅមនុស្សស្រីម្នាក់។

សមុទ្ទ រាល់ពេលដែលខ្ញុំឮពាក្យនេះ ខ្ញុំតែងតែគិតដល់នាង… និរតី មនុស្សស្រីម្នាក់ដែលឆក់យកបេះដូងខ្ញុំទៅ បន្សល់ទុកតែសម្បកខ្លួនដែលគ្មានវិញ្ញាណ។

“និរតី អូនដឹងទេ? ទំហំចិត្តស្រលាញ់ដែលបងមានចំពោះអូន វាធំធេងមានជម្រៅជ្រៅដូចសមុទ្ទ…បងចង់ប្រាប់អូនឱ្យដឹងថា ដ្បិតដង្ហើមបង រូបកាយបងនៅរស់ តែចិត្តបងបានស្លាប់…បានស្លាប់ទៅជាមួយអូនរួចបាត់ហើយ! អូនដាច់ចិត្តចាកចេញចោលបង ទុកឱ្យមនុស្សប្រុសដែលស្រលាញ់អូនម្នាក់នេះ រស់នៅតែម្នាក់ឯង…”

ខ្ញុំទម្លាក់ខ្លួនចុះ ខំប្រឹងហាមអារម្មណ៍ខ្លួនឯង កុំធ្វើជាមនុស្សទន់ជ្រាយ ទប់ទឹកភ្នែកខ្លួនឯង កុំឱ្យស្រក់ ព្រោះនេះជាអ្វីដែលខ្ញុំបានសន្យានិងនាង…នាដង្ហើមចុងក្រោយរបស់នាង ពេលចាកចេញទៅ…ប៉ុន្ដែចុងក្រោយ ខ្ញុំនៅតែក្បត់ពាក្យសន្យា…ខ្ញុំកំពុងស្រក់ទឹកភ្នែកហូរចុះទៅសមុទ្ទ…ទៅទីដែលនាងស្រលាញ់

“អូនដឹងទេ ថាបងនឹកអូនខ្លាំងប៉ុនណា? អារម្មណ៍បងក្រៀមក្រំពេលនេះ ព្រោះបងនៅតែគិតរឿងអនុស្សាររបស់យើង ថ្ងៃដែលយើងស្គាល់គ្នាដំបូង ថ្ងៃដែលបេះដូងបង មានវត្តមានរបស់អូន…ខ្យល់បក់នាំទឹករលកមកលាយឡំជាមួយទឹកនេត្រាដែលបងកំពុងស្រក់ ហាក់សួរបងថា ថ្ងៃណាទើបអូនវិលមករកបងវិញ? ទោះបីបងដឹងថាវាគ្មានថ្ងៃនោះទេ ថាអូនអាចនឹងវិលមកនោះ បងនឹកអូន…និរតី”

ខ្ញុំមើលរូបថតនារីម្នាក់ដែលកំពុងសម្លឹងមើលព្រះអាទិត្យរៀបអស្ដង្គតនៅក្នុងអេក្រង់ទូរស័ព្ទខ្លួន ទឹកភ្នែកស្រក់ហូរចុះសារជាថ្មី ពេលគិតដល់នាង កាលគ្រានោះ…

៥ឆ្នាំមុន

សួស្ដី, ខ្ញុំឈ្មោះ កុសល កំលោះចាស់ឯកោ មិនដែលធ្លាប់មានសង្សារម្នាក់និងគេ…ពេលខ្លះខ្ញុំមិនដឹងថា ព្រោះតែខ្ញុំសង្ហាពេក ឬនេះជាវាសនាដែលកំណត់មកជាស្រេច។ ឆ្នាំនេះ ខ្ញុំមានវ័យអាយុចូលក្បាល៣០ហើយ…គិតថាខ្លួនឯងនេះ លែងនៅក្មេង កំលោះទៀតហើយ  តែបើសួរខ្ញុំពីរឿងស្នេហាអូនបងនិងគេនោះ គឺសូន្យតែម្ដង! នេះហើយជាមូលហេតុដែល ខ្ញុំជាប់ឈ្មោះជាកំលោះចាស់ រហូតមានមិត្តភក្ដិប្រុសខ្ញុំដទៃទៀត តែងតែចំអន់ខ្ញុំពីរឿងនេះ លួចមានចិត្តច្រណែនពួកអស់ទាំងហ្នឹងដែរ ព្រោះថា ពួកវាអស់ទាំងហ្នឹង វាសុទ្ធស្គាល់អស់ហើយរឿងហ្នឹង…អ្នកខ្លះវិញ វាដល់ថ្នាក់រៀបការបានកូន១ឬ២ ឬអ្នកខ្លះទៀត វារកប្រពន្ធបានពីរម្ដងទៀត។

ណ្ហើយ… រឿងខ្លះទេវតាកំណត់ចារចែងរួចមកហើយ គូព្រេងខ្ញុំមិនទាន់ចួប តែដល់ពេលវេលាមួយណាហើយ ខ្ញុំច្បាស់ជាចួបនាងមិនខាន…ហើយពេលវេលាមួយនោះ ពិតជាមកដល់ពិតមែន!

វាចាប់ផ្ដើមពី…

និរតី សិស្សប្អូនជំនាន់ខ្ញុំ ដែលកំពុងហាត់ការងារនៅក្រុមហ៊ុនដែលខ្ញុំកំពុងធ្វើការ។ នាងជាអ្នកស្រុក រស់នៅទីក្រុងកំពង់សោម ដែលមករៀន និងរកការងារធ្វើនៅទីក្រុងភ្នំពេញ…

ថ្ងៃនេះជាពិធីអបអរ តែងតាំងបុគ្គលិកហាត់ការ ក្លាយជាបុគ្គលិកពេញសិទ្ធ ហើយក៏ជាថ្ងៃដែលនិរតី ត្រូវបានក្រុមហ៊ុនជ្រើសរើស តែងតាំងដំឡើងធ្វើជាបុគ្គលិកពេញសិទ្ធប្រចាំក្រុមហ៊ុនផងដែរ ដូច្នេះ លោកប្រធាន បានរៀបចំធ្វើដំណើរកម្សាន្តមួយ ទៅលេងមាត់សមុទ្ទ ក្រុងព្រះសីហនុ ឆ្នេរអូរឈើទាល ដែលជាស្រុកកំណើតរបស់នាងផងដែរ។

នៅមាត់ឆ្នេរសមុទ្ទ

ម្នាក់ៗនាំគ្នាទៅលេងទឹកសមុទ្ទ ដើរមើលតាមឆ្នេរ សល់តែខ្ញុំ និងនិរតី នៅកន្លែងពិធីជប់លៀងយប់ហ្នឹង កំពុងមមារញឹករៀបចំកៅអី តុ ចង្រ្កានសម្រាប់ជាកន្លែងអាំងសាច់នាពេលរាត្រី។ មួយសន្ទុះធំ ពួកយើងទាំងពីរក៏បានរៀបចំរួចហើយ ក៏អង្គុយសម្រាកកាយ នៅមាត់ឆ្នេរ ស្រាប់តែពេលនោះ…  

“បងកុសល! ខ្ញុំមានហ្គេមមួយចង់លេងជាមួយបង? ខ្ញុំគិតថាបងប្រហែលជាចាប់អារម្មណ៍ហ្គេមមួយនេះ!” នាងធ្វើមុខខ្យូតសម្លឹងមកកាន់ខ្ញុំ។

“តើហ្គេមអ្វីទៅ និរតី?” ខ្ញុំសួរបញ្ជាក់ទៅកាន់នាងវិញទាំងទឹកមុខងឿងឆ្ងល់។

“អ្ហ៎..វាជាហ្គេមស្រួលលេងបំផុត ហើយមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលអាចលេងហ្គេមមួយនេះបាន! បងគិតថាខ្ញុំយ៉ាងម៉េចដែរ? មិនអាក្រក់ណាស់មែនទេ?”

និរតី រាងអៀនពេលនាងសួរសំនួរមួយនេះដាក់ខ្ញុំ។ ខ្ញុំវិញរាងចម្លែកចិត្តពេលបានឮការបកស្រាយរបស់នាង វាជាហ្គេមអ្វីទៅ?

“បាទ! និរតី ពិតណាស់មិនអាក្រក់ទេ! ខ្ញុំគិតថា នាងស្រស់ស្អាតជាងមិត្តភក្ដិស្រីរបស់ខ្ញុំមួយចំនួនទៀតផង” ខ្ញុំឆ្លើយប្រាប់ទៅកាន់នាងវិញ។

ពេលនាងឮពាក្យសរសើររបស់ខ្ញុំបែបនេះ ថ្ពាល់ទាំងសងខាងរបស់នាងឡើងក្រហមដូចផ្លែប៉េងប៉ោះទុំ ខ្ញុំឃើញបែបនេះពិតជាគួរឱ្យក្នាញ់ក្នុងចិត្តចង់តែក្ដិចវាទេ?

“ពិតឬបង? អរគុណ បងណាស់! នេះបង ចេះពោលសម្ដីផ្អែមណាស់ដែរហ្នឹង! ខ្ញុំគិតថាសិស្សច្បងខ្ញុំ គាត់ជាប្រុសគល់ឈើហើយទេតើ មិនចេះពាក្យលួងស្រីៗទេ” នាងសើចតិចៗ

“…” ខ្ញុំគាំងពេលឮនាងនិយាយបែបនេះ

“អូហ៍ នេះខ្ញុំប្រាប់ពីហ្គេមដែលខ្ញុំចង់លេងជាមួយបង…បងធ្លាប់ស្ដាប់បទ សង្សារលេងៗ ដែលច្រៀងដោយ បងណុប បាយ៉ារិទ្ធដែរឬទេ?” នាងសួរមកខ្ញុំទាំងធ្វើមុខប្រាកដប្រជា

“បាទ ធ្លាប់តើ!” ខ្ញុំតបទៅនាងវិញ…តែនេះ…ដូចសង្ស័យណាស់

“គឺ…ខ្ញុំ…ខ្ញុំ…ហ្គេមដែលខ្ញុំចង់បបួលបងលេងជាមួយខ្ញុំនោះ គឺ…គឺជាហ្គេមសង្សារលេងៗបែបនោះ។ បងកុំខឹងខ្ញុំណា៎…គឺបែបនេះ…បងក៏នៅលីវ ខ្ញុំក៏ទំនេរ! អ៊ីចឹង បងឯងមកធ្វើជាសង្សារលេងៗខ្ញុំរយៈពេល ១០០ថ្ងៃ ហើយខ្ញុំក៏នឹងធ្វើជាសង្សាររបស់បងកុសលឯងរយៈពេល១០០ថ្ងៃដែរ។ ពួកយើងទាំងពីរ ធ្វើជាសង្សារលេងៗ១០០ថ្ងៃ តើបងគិតយ៉ាងម៉េចដែរ?”

ខ្ញុំគិតមួយសន្ទុះ ក៏ឆ្លើយតបទៅនាងវិញទាំងទឹកមុខញញឹមថា «ខ្ញុំយល់ព្រម» ។

ឮចម្លើយបែបនេះ និរតី សប្បាយចិត្តជាខ្លាំង នាងស្ទុះរត់សំដៅទៅមាត់ឆ្នេរ រួចស្រែកខ្លាំងៗដាក់ទៅមាត់ផ្ទៃសមុទ្ទល្វឹងល្វើយឡើងថា៖

“និរតី! ចាប់ពីថ្ងៃនេះទៅ ឯងមានសង្សារនិងគេហើយ! សិស្សច្បង…ម្នាក់នោះហើយ ជាសង្សាររបស់ឯង! ជ័យយោ…ឯងសម្រេចហើយ!”

ខ្ញុំឈរនៅពីក្រោយខ្នង មើលទៅកាន់នាង ស្នាមញញឹម ភាពរីករាយ កាយវិការដ៏ស្មោះរបស់នារីម្នាក់នេះ ធ្វើឱ្យខ្ញុំទ្រាំមិនញញិមចុងមាត់ គិតក្នុងចិត្តតែម្នាក់ឯងមិនបាន…ខ្ញុំមិនធ្លាប់គិតថា មានស្រីម្នាក់ គេលួចស្រលាញ់ខ្ញុំខ្លាំងបែបនេះ!

សំឡេងស្រែកយ៉ាងខ្លាំងរបស់នាង ធ្វើឱ្យមិត្តរួមការងារ​​​ និងមនុស្សនៅទីនោះ ដែលកំពុងលេងនៅម្ដុំហ្នឹង សម្លឹងមើលមកកាន់នាងយ៉ាងហួសចិត្ត។ ចំណែកខ្ញុំវិញក៏យកដៃជ្រប់មុខខ្លួនឯង ខ្មាស់អៀនជំនួសនាង…ស្រាប់តែពេលនោះ នារីវ័យក្មេងម្នាក់ អាយុប្រហែលនាងដើរកាន់ក្មេងប្រុសម្នាក់​អាយុប្រហែលជា៥ឆ្នាំ មកជិតនាងទាំងទឹកមុខភ្ញាក់ផ្អើល សួរដោយសំឡេងច្បាស់ៗថា…

“និរតី? នេះឯងពិតជាមានសង្សារមែនឬ? មិនមែនកុហកលួងខ្លួនឯងដូចលើកមុនទេ? ចៃដន់ណាស់ មកចួបឯងនៅទីនេះនោះ!!!”

“អូហ៍ អាភាទេឬ? ខានចួបឯងប៉ុន្មានឆ្នាំ កូនប្រុសឯងធំដល់ម្លឹងទៅហើយ…នែ៎! លើកនេះជាការពិត ហាហា…និរតី ស្រីស្អាតម្នាក់នេះ លក់ចេញហើយវ៉ើយ!” នាងសើចពេលគិតដល់រឿងនេះ

“ហើយនេះអាចប្រាប់បានទេ សង្សារឯងជានរណា? ពួកយើងស្គាល់ទេ?” មិត្តរួមការងារជំនាន់នាងម្នាក់ទៀត សួរប្រដេញ

“ប្រាកដជាស្គាល់ហើយ!” នាងនិយាយរួចក៏ចង្អុលមកកាន់ខ្ញុំ!

ឃើញបែបនេះ អ្នកដទៃផ្សេងទៀត លាន់មាត់ឧទានឡើងព្រមគ្នាថា៖

“ម្នាក់ប្រុសហ្នឹង?” ម្នាក់ស្រីឈ្មោះភា ឧទានឡើងចង្អុលមកកាន់ខ្ញុំបញ្ជាក់

“កុសល?” ម្នាក់ៗស្ទើរតែមិនជឿនឹងត្រចៀករបស់ខ្លួនគេ

“ត្រូវហើយ! ចាប់ពីថ្ងៃនេះទៅ ខ្ញុំនិងបងកុសល ជាសង្សារនិងគ្នាហើយ! ហាហា!” និរតី និយាយទាំងមានមោទនភាព

ម្នាក់ៗឃើញនាងបែបនេះ មានតែគ្រវីក្បាល ត្បាល់និងត្រចៀកខ្លួនឯង ខ្លាចស្ដាប់ច្រឡំ? នេះកំលោះចាស់ប៉ះក្រមុំក្មេងស្រីឆ្នាស់ប្រចាំក្រុមហ៊ុន ចាប់ដៃគ្នាធ្វើជាសង្សារឬ? ពិភពលោកនេះ ពិតជាមានរឿងមិនគួរឱ្យជឿច្រើនមែន។

“នែ៎? ខ្ញុំនិយាយពិតមែនណា…ម៉េចម្នាក់ៗធ្វើមុខបែបនេះ?”

នាងនិយាយរួច ក៏បកដៃហៅខ្ញុំឱ្យទៅរកនាង ឃើញបែបនេះ ខ្ញុំក៏រារែកចិត្ត ហេតុអ្វីខ្លួនឯងយល់ព្រម លេងហ្គេមឆ្កួតៗជាមួយនាងងាយស្រួលបែបនេះ? នេះខ្ញុំគិតខុសដែរឬទេហ្នឹង?

ខ្ញុំដើរទៅដល់នាងភ្លាម នាងពោលទៅកាន់ក្រុមមិត្តរួមការងារបញ្ជាក់បន្ថែមទៀតថា៖

“បងកុសល ជួយបញ្ជាក់ពីសម្ព័ន្ធភាពរវាងយើងទាំងពីរឱ្យអ្នកដទៃផ្សេងដឹងផង!” នាងរំអុកសួរសម្លឹងមកកាន់ខ្ញុំ

“ខ្ញុំ…ខ្ញុំ…និង…នាង…នាង..និង…ខ្ញុំ…”

ឃើញខ្ញុំនិយាយរដាក់រដុបបែបនេះ អ្នកផ្សេងៗខំយកដៃខ្ទប់មាត់របស់ខ្លួនឯងកុំឱ្យសើច ឯនិរតីវិញ នាងទ្រាំមិនបានក៏រុញដៃបុកពោះខ្ញុំ រួចនិយាយទាំងសំឡេងខឹងតិចៗថា៖

“បងកុសល!!!” 

“អូខេៗ និរតីកុំបង្ខំកុសលពេក! ហាហា” មិត្តរួមការងារម្នាក់សើចតិចៗ តែគេមិនហ៊ានសម្លឹងមើលមកកាន់និរតីពេលនេះឡើយ ព្រោះដឹងថានាងច្បាស់ជាសម្លក់មកកាន់គេចង់ស៊ីសាច់គេ ខឹងនិងខ្លួនជាមិនខាន

“មនុស្សស្រីដូចជាឯង គ្មានប្រុសណាគេហ៊ានយកធ្វើជាសង្សារនោះទេ! ឆឺស…”

ភា និយាយឌឺ រកពោលពាក្យជាន់បន្ថែមតែត្រូវបង្អាក់ ព្រោះតែរំពេចនោះស្រាប់តែឮសំឡេងទូរសព្ទរបស់នាងរោទ៍ឡើង នាងលើកនិយាយបានបន្ថិច ប្រែទឹកមុខមិនសូវស្រួល ប្រញាប់ អូសដៃកូនប្រុសខ្លួនចេញពីទីនោះ…ទំនងមានការងារប្រញាប់អ្វីមួយអ៊ីចឹង…

និរតី ឃើញម្នាក់ៗចោមរោមខ្លួន ប្រើក្រសែភ្នែកមួយដែលចំអក មាក់ងាយមិនជឿនាងបែបនេះ…នាងអារម្មណ៍ថាស្អប់ខ្ពើម ខកចិត្តខ្លួនឯង…ទឹកថ្លាៗដក់ជាប់និងកែវភ្នែកនាង រកនឹងស្រក់ចុះ…ខ្ញុំឃើញបែបនេះ កើតអារម្មណ៍ដឹងកំហុសធ្វើខុសដាក់នាង។ ខ្ញុំទាញនាង មកផ្ទប់នឹងទ្រូងខ្លួន រួចឈរពើងទ្រូងនិយាយយ៉ាងក្លាហានឡើងថា៖ 

“អូ..អូហ៍សូមទោស! គឺ…គឺដូចជានិរតី នាងប្រាប់អ្នកទាំងអស់គ្នាអីចឹង! ខ្ញុំនិងនាងគឺ…គឺជា…ជាសង្សារនិងគ្នាចាប់ពីថ្ងៃនេះតទៅហើយ” ខ្ញុំតាំងចិត្តនិយាយវាចេញ ពិតណាស់ក្នុងចិត្តនៅតែខ្លាចថា លើកនេះខ្ញុំបង្កើតកំហុសមួយដ៏ធំក្នុងជីវិតរបស់ខ្ញុំ តើមែនទេ?

“ពិតមែនឬ?”

“អ្ហា? នេះមិនមែនជាការយល់សប្ដិរបស់ខ្ញុំទេ? បងស្ដាប់ឮដូចខ្ញុំទេ? គេទាំងពីរនាក់ជាសង្សារនិងគ្នា!”

“បានហើយ! ម៉េចដែរស្ងប់ចិត្តបានហើយឬនៅ? ខ្ញុំមានសង្សារហើយ ប្រាប់ឱ្យដឹង!” និរតីប្រកាសក្ដែងៗ ប្រាប់អ្នកផ្សេងដទៃទៀតឱ្យគ្រប់គ្នាបានដឹង។

និយាយរួច នាងក៏អូសដៃខ្ញុំចាកចេញពីទីនោះ រួចដើរទៅកន្លែងផ្សេង ដោយលែងខ្វល់ពីអ្នកផ្សេងទៀតដែលកំពុងស្រឡាំងកាំងពេលបានព័ត៌មាន Hot news មួយនេះ!

មួយសន្ទុះក្រោយមក…

នៅលើឆ្នេរខ្សាច់សក្បុស វាយោខ្យល់បក់នាំរលកទឹកសមុទ្ទ បោកប្រះនិងមាត់ឆ្នេរ ខ្យល់វាយោត្រជាក់ល្វើយៗនៅពេលនេះ បង្កើតបានអារម្មណ៍យ៉ាងរ៉ូម៉េនទិកយ៉ាងចម្លែក…ខ្ញុំនិងនាង នៅតែពីរនាក់នៅពេលនេះ…

និរតីនាងអង្គុយបប៉្របនិងឆ្នេរសមុទ្ទ សណ្តូកដាក់ជើងទាំងគូតាមបណ្ដោយទឹករលក សម្លឹងទៅមើលព្រះអាទិត្យដែលកំពុងរៀបនឹងលិច។ ទិដ្ឋភាពបែបនេះ ខ្ញុំពិតជាគិតថានាង ស្រស់ស្អាតមែនទែននៅពេលនេះ។

ក្រិប! ក្រិប! ក្រិប! សំឡេងថតកាម៉េរ៉ាពីទូរស័ព្ទរបស់ខ្ញុំ។

“សូមទោសនិរតី ខ្ញុំថតរូបនាងដោយមិនទាន់បានសុំការអនុញ្ញាតពីម្ចាស់រូប” ខ្ញុំអៀនពេលខ្លួនឯងល្ងង់ដល់ថ្នាក់នេះ ភ្លេចបិទសំឡេងកាម៉េរ៉ាទូរស័ព្ទ។ នាងឃើញខ្ញុំបែបនេះ សើចតិចៗ រួចនិយាយមកកាន់ខ្ញុំថា៖

“សូមទោសខ្ញុំធ្វើអ្វី នេះយើងមិនមែនជាសង្សារនិងគ្នាទេឬ? បើសូម្បីថតរូបខ្ញុំប៉ុណ្ណឹង ខ្ញុំមិនឱ្យថតនោះ យើងទាំងពីរធ្វើជាសង្សារនិងគ្នាម៉េចបាន! បង ថតរូបខ្ញុំស្អាតដែរឬអត់ហ្នឹង? ខ្ញុំសុំមើលបន្ដិចទៅមើល?”

ខ្ញុំហុចទូរស័ព្ទរបស់ខ្លួនឱ្យនាងមើល។ ពេលនាងបានទូរស័ព្ទរួច នាងសម្លឹងមើលរូបភាពដែលខ្ញុំបានថតអម្បាញ់មិញ ពិនិត្យមួយសន្ទុះលាន់មាត់ឡើងថា៖

“ខ្ញុំពិតជាមិនដឹងថាខ្លួនឯងស្រស់ស្អាតបែបនេះសោះ? ហាហា…បច្ចេកវិទ្យាពិតជាទំនើបមែន ខ្ញុំគួរតែគិតប្ដូរទូរស័ព្ទកញ្ចាស់មួយនេះហើយ!”

នាងប្រហែលជាគិតថា មានFilter ឬBeautifyទៅលើរូបថតរបស់នាង ប៉ុន្ដែការពិតមិនមែនបែបនោះឡើយ…វាជាOriginal ខ្ញុំពិតជាមិនបានដាក់ Filterអ្វីទេ។ នាងពិតស្រស់ស្អាតមែននៅពេលនោះ តែខ្ញុំមិនបានប្រាប់ពាក្យនេះ ទៅនាងឡើយ!

“បង គិតថាខ្ញុំខុសមែនទេ ដែលប្រកាសប្រាប់ពីសម្ព័ន្ធភាពរវាងយើងទាំងពីរប្រាប់អ្នកផ្សេងទៀតឱ្យគេបានដឹង ទាំងមិនបានសុំការអនុញ្ញាតពីកុសលឯងជាមុននោះ?” នាងនិយាយទាំងទឹកមុខស្រងូតស្រងាត់

“…” ខ្ញុំមិនបានតបសំនួរនេះទៅនាងឡើយ ព្រោះមិនដឹងត្រូវឆ្លើយបែបណាទើបសម

“ប្រហែលក្នុងចិត្តបងនៅខឹងនិងខ្ញុំហើយមែនទេ? ប្រាកដណាស់ យើងទាំងពីរគ្រាន់តែការលេងហ្គេមជាមួយគ្នាតែប៉ុណ្ណោះ! ប៉ុន្ដែខ្ញុំចង់ឱ្យបងកុសលដឹងថា សម្រាប់ខ្ញុំរយៈពេល១០០ថ្ងៃនោះ ខ្ញុំចង់មានអនុស្សាវរីយល្អៗជាមួយគ្នា ទោះបីពេលចប់រយៈពេលនោះ ពួកយើងទាំងពីរក្លាយជាអ្វីផ្សេងទៀតក៏ដោយ!”

“…” ខ្ញុំមិនដឹងថាខ្ញុំគិតច្រើនតែម្នាក់ឯងឬយ៉ាងណា? ប៉ុន្ដែទឹកមុខរបស់នាងពេលនេះ ខ្ញុំមានអារម្មណ៍ថាខូចចិត្តក្រៀមក្រំយ៉ាងចម្លែក ហាក់បីដូចនាងដឹងថារវាងយើងទាំងពីរនៅថ្ងៃមុខនឹងជួបអ្វីមួយជាក់ជាមិនខាន។ ឃើញកែវភ្នែករបស់នាងដែលបង្កប់ភាពទុក្ខព្រួយ ខ្ញុំខ្លួនឯងក៏មានអារម្មណ៍មិនល្អទៅជាមួយនាងផងដែរ។

យើងម្នាក់ៗអង្គុយស្ងាត់ស្ងៀមមួយសន្ទុះ រង់ចាំមើលពន្លឺព្រះអាទិត្យដែលរៀបនឹងអស្ដង្គត អមជាមួយអារម្មណ៍សោកសៅយ៉ាងចម្លែក។

មួយសន្ទុះក្រោយមក និរតី ក៏ងើបឡើងដើរតាមបណ្ដោយឆ្នេរសមុទ្ទ សក់របស់នាងរំសាយ តាមកម្លាំងខ្យល់បក់ផាត់មាត់ឆ្នេរ ខ្ញុំដើរពីក្រោយនាងសម្លឹងឡើងជក់អារម្មណ៍ ស្រាប់តែនាងងាកមើលមកខ្ញុំនៅពីខាងក្រោយ រួចនិយាយតិចៗថា៖

“បង សម្រាប់ថ្ងៃទី១នៃសម្ព័ន្ធភាពរបស់យើង តើពួកយើងទាំងពីរគួរនឹងធ្វើអ្វីដែរ?”

“ខ្ញុំ…ខ្ញុំមិនដឹងទេ!” ខ្ញុំស្វាងពីអារម្មណ៍រវើរវាយមួយនោះ

“អូហ៍? អ៊ីចឹងយើងនាំគ្នាលេងពូនប្រាសាទខ្សាច់យ៉ាងម៉េចដែរ?” នាងផ្ដល់យោបល់

“ពូនប្រាសាទខ្សាច់? តែនេះល្ងាចហើយណា និរតី”

“អូហ៍មែនហើយ? អ្ហឹម…ពួកយើងខាតពេលមួយថ្ងៃ ហើយថ្ងៃដំបូងសម្រាប់សម្ព័ន្ធភាពរវាងយើងទាំងពីរទៀត!” នាងនិយាយទាំងទឹកមុខស្រពោនក្រៀមក្រំចិត្ត។ ខ្ញុំពិតជាមិនដឹងថាត្រូវលួងឬនិយាយអ្វីដែលល្អជួយឱ្យនាងមានអារម្មណ៍ល្អប្រសើរឡើងវិញបែបណាឡើយ។ ស្រាប់តែពេលនោះ មានក្មេងៗមួយក្រុម កាន់កន្ដ្រកដើរលក់តាមមាត់ឆ្នេរ ឃើញបែបនេះ ខ្ញុំនឹកឃើញដល់រឿងកុនកូរ៉េមួយភ្លាម។

មិនបង្អង់យូរ ខ្ញុំក៏រត់ទៅកាន់ក្រុមក្មេងៗមួយក្រុមនោះ រួចដើរមកវិញជាមួយកាំជ្រួចមួយថង់ធំ។ ខ្ញុំញញឹមទៅកាន់នាង រួចពោលថា៖

“និរតី នេះអី!” ខ្ញុំលើកថង់កាំជ្រួចបង្ហាញទៅកាន់នាង

“បងកុសល តែនេះមិនល្អទេដឹង…” នាងរាងស្ទាក់ស្ទើរចិត្ត

“អ្ហា? ដើម្បីអបអរនៅថ្ងៃទីមួយរបស់យើង និរតីមិនចង់បានអ្វីដែលរ៉ូមែនទិក ព្រឺព្រួចមែនទេ?” ខ្ញុំតបទៅកាន់នាងវិញ

“ហាហា…មែនហើយ នេះជាថ្ងៃទី១ ការចងចាំ បង្កើតអនុស្សាវរីយរវាងយើងទាំងពីរនាក់ ប្រាកដត្រូវតែជាអ្វីពិសេសជាងគេបន្ដិចហើយ! ខ្ញុំមិននឹកស្មានថាកុសលស្ងាត់ៗ សុភាពបែបនេះ ហ៊ានធ្វើបែបនេះសោះ!” នាងញញឹមស្រស់បស់ប្រសើរឡើងវិញ

បានការយល់ព្រមពីនាង យើងម្នាក់ៗនាំគ្នារៀបចំអនុវត្តគម្រោងការបន្ទាប់។ ខ្ញុំនិងនាងចាប់ផ្ដើមនាំគ្នា គូសសរសេរឈ្មោះខ្លួនឯងរៀងៗខ្លួន នៅលើឆ្នេរខ្សាច់ ហើយគូសរូបបេះដូងចងឈ្មោះយើងទាំងពីរ…ម្នាក់ៗញញឹមពេលឃើញបែបនេះ។ រួចហើយ យើងនាំគ្នាដាំកាំជ្រួចនៅលើវា រង់ចាំផ្ទៃមេឃងងឹតបន្ដិច ដើម្បីអុជអបអរថ្ងៃដំបូងរបស់យើង។

ប្រហែលជាង៣០នាទី ស្បៃរាត្រីក៏បានមកដល់ ដួងតារារាប់ពាន់ចាប់ផ្ដើមរះបង្អួតពន្លឺគ្នា ពេលវេលាដែលរង់ចាំក៏បានមកដល់ ខ្ញុំសម្លឹងមុខនាង នាងសម្លឹងមកកាន់ខ្ញុំ រួចពួកយើងពោលព្រមៗគ្នាឡើងថា៖

«១ ២ ៣» ខ្ញុំ

«១ ២ ៣» និរតី

ភាំង! ភាំង! ភាំង! «សំឡេងកាំជ្រួចហោះកាត់ជ្រែកស្បៃរាត្រី»

“និរតី! រីករាយថ្ងៃស្នេហាដំបូងរបស់យើងទាំងពីរ” ខ្ញុំកាន់កាំជ្រួចដែលកំពុងអុជចេះបញ្ចេញផ្កាភ្លើងយ៉ាងស្រស់បំព្រង

“កុសល! រីករាយថ្ងៃដំបូង!” នាងញញឹមយ៉ាងស្រស់បំព្រងមកកាន់ខ្ញុំ។ ម្នាក់ៗសម្លឹងមុខគ្នា យ៉ាងរ៉ូម៉េនទិក កម្លាំងដែកឆក់ប៉ូលជើងនិងប៉ូលត្បូង បានធ្វើឱ្យមុខរបស់យើងខិតចូលគ្នា ស្រាប់តែសំឡេងស្រែកកញ្ចែ…

«ច្រែក! ច្រែក! ច្រែក»

«នរណាគេឱ្យអ្នកទាំងពីរដុតកាំជ្រួចនៅទីនេះ?»

ឆ្មាំការពារសមុទ្ទ រត់សំដៅមកកាន់ពួកយើង! ឃើញបែបនេះ ខ្ញុំប្រញាប់កាន់ដៃនិរតីរត់។ ម្នាក់ៗលែងគិតអ្វីផ្សេងក្រៅពីសុំ កុំឱ្យខ្លួនត្រូវឆ្មាំការពារសមុទ្ទចាប់បាន ទោះបីរាងកាយជើងទាំងពីររបស់យើង ហត់នឿយខ្លាំង ប៉ុន្តែអារម្មណ៍ផ្ទៃមុខរបស់យើងទាំងពីរមិនបង្ហាញពីភាពហត់នឿយ ភ័យខ្លាចអ្វីឡើយ តែពេញដោយស្នាមញញិមនិងក្ដីសប្បាយរីករាយ។

“កុសល អរគុណណាស់សម្រាប់ពេលវេលាមួយនេះ! វាពិតជាអស្ចារ្យមែន!” និរតី និយាយទាំងខ្លួនគេកំពុងដង្ហក់រកខ្យល់ដង្ហើមដក

“ហាហា…សំណាងណាស់ដែលនិរតីពេញចិត្តនោះ!” ខ្ញុំតបទៅនាង។

បន្ទាប់ពីនោះមក ខ្ញុំក៏បានជូននិរតីត្រលប់ទៅបន្ទប់របស់ខ្លួនវិញ ដោយមិនភ្លេចនិយាយពាក្យថា«រាត្រីសួស្ដី»ទៅកាន់នាងឡើយ។

មកដល់បន្ទប់ខ្លួន ខ្ញុំបានបើកសៀវភៅកំណត់ហេតុរបស់ខ្លួន រួចសរសេរពីរឿងរ៉ាវក្នុងថ្ងៃនេះ និងបន្ថែមឃ្លាចុងក្រោយថា៖

«ថ្ងៃទីមួយដែលខ្ញុំបានចាប់ដៃនារីក្នុងនាមយើងជាសង្សារនិងគ្នា…វាពិតជាមានអារម្មណ៍ល្អមែនទែន។ អរគុណនិរតីដែលធ្វើឱ្យខ្ញុំស្គាល់អារម្មណ៍មួយនោះ វាពិតជាអនុស្សាវរីយល្អមួយដែលខ្ញុំនឹងគ្មានថ្ងៃបំភ្លេចវាឡើយ។»

បច្ចុប្បន្ន

 «ប៉ា!ប៉ា! បីអូន!» សំឡេងដ៏ខ្យូតក្មេងស្រីអាយុប្រហែលជិត៤ឆ្នាំ រត់សំដៅមកកាន់ខ្ញុំ ឃើញរូបគេហើយ រាល់ទុក្ខកង្វល់ដែលខ្ញុំមានទាំងប៉ុន្មានបានរលាយអស់

«អ្ហា? ម៏!..ចាំប៉ាបី! កូនរី របស់ប៉ាធ្ងន់ដល់ហើយ នេះម៉ាក់យាយប៉ូវកូនអ្វីខ្លះហ្នឹង ទើបកូនស្រីប៉ាឡើងមានសាច់បែបនេះនោះ?»

ខ្ញុំលើកបីកូនស្រីរបស់ខ្លួនឡើង រួចថើបថ្ពាល់ស្រីតូចទាំងសងខាង ថ្ពាល់ស្រីតូចឡើងពណ៌ស៊ីជម្ពូរ គួរឱ្យក្នាញ់ដូចម្ដាយនាងមិនខុសគ្នាឡើយ ពេលនាងអៀន

«ហិហិ» សំឡេងសើចចេញពីមាត់នាងតូចឈ្មោះ រី ពេលបានប៉ារបស់ខ្លួនបីស្រីតូចបែបនេះ

«តោះ! កូនស្រីប៉ា! យើងត្រលប់ទៅផ្ទះវិញ!»

សមុទ្ទខ្ញុំសូមលាអ្នកសិនហើយ អរគុណអ្នកសម្រាប់ការដែលនាំគេឱ្យមកស្រលាញ់ប្រុសគល់ឈើដូចជារូបខ្ញុំ។ និរតី…ប្រពន្ធសម្លាញ់របស់បង អរគុណអូនណាស់ ដែលធ្វើឱ្យប្រុសម្នាក់នេះស្គាល់អ្វីទៅជាក្ដីស្នេហាពិត ការលះបង់ និងសេចក្ដីសុខ សុភមង្គល ទោះបីជាពេលវេលាមួយនេះមានរយៈពេលខ្លីក៏ដោយ! បងពិតជាមានសេចក្ដីសុខណាស់ពេលមានអូននៅក្បែរ ហើយបងពិតជាមិនស្ដាយក្រោយទេ ដែលបងបានរៀបការជាមួយអូននោះ ព្រោះអូនផ្ដល់គ្រួសារមួយដ៏ពេញលេញឱ្យបង។ និរតី…អូនទៅឱ្យបានសុខចុះ កុំបារម្ភអ្នកខាងនេះអី ប្រសិនជាមានជាតិក្រោយបើពិតមែន សង្ឃឹមថាយើងបានធ្វើជាប្ដីប្រពន្ធនិងគ្នាម្ដងទៀត តែអូនកុំទុកចោលបងឱ្យនៅម្នាក់ឯងដូចជាតិនេះទៀតណា សន្យានិងបងណា? វត្តមានអូននៅក្នុងបេះដូងរបស់បងជានិច្ច…និរតី ប្រពន្ធសម្លាញ់របស់បង។

អរគុណសមុទ្ទ! អ្នកធ្វើឱ្យមនុស្សប្រុសម្នាក់នេះស្គាល់អ្វីទៅជាក្ដីស្រលាញ់ពិតប្រាកដ អ្វីទៅជាភក្ដីភាព ចិត្តស្មោះត្រង់របស់នារីម្នាក់…

ក្ដីស្នេហារបស់យើងមានរយៈពេលវេលាខ្លីពិតមែន តែចំណងអនុស្សាវរីយ សេចក្ដីលះបង់របស់យើង វាពិតជារឿងមួយដែលមនុស្សប្រុសម្នាក់នេះ ហ៊ាននិយាយពេញមាត់ថា…បងមិនស្ដាយក្រោយដែលបានស្រលាញ់អូន និរតី…សមុទ្ទរបស់បង៕

ចប់