ខេត្តកំពត
លើយានជំនិះដឹកសិស្សសម្រាប់ដំណើរទស្សនៈកិច្ចសិក្សា
“ប្អូនៗសិស្ស ទាំងអស់គ្នាដឹងទេ? កសិករយើង ដីស្រែមិនមែនត្រឹមតែអាចដាំធ្វើស្រូវតែមួយមុខតែប៉ុណ្ណោះទេ តែគេអាចយកវាទៅធ្វើអ្វីផ្សេងទៀតបាន ជាពិសេសបណ្តាខេត្តនៅជាប់ឆ្នេរសមុទ្រកម្ពុជាយើងតែម្ដង…តើមានប្អូនណាម្នាក់ ដឹងទេថាអ្នកគ្រូចង់និយាយសំដៅទៅលើអ្វី?”
សំឡេងអ្នកគ្រូវ័យក្មេង កំពុងនិយាយរៀបរាប់នៅលើឡានក្រុងមួយដែលពេញដោយសិស្សានុសិស្សថ្នាក់រៀនទី៦ កំពុងអង្គុយក្នុងឡានដោយសម្លឹងមើលទៅកាន់នាង និងស្ដាប់យ៉ាងយកចិត្តទុកដាក់ ទាំងទឹកមុខស្រស់ថ្លា រំភើបត្រេកអរ…ម្នាក់ៗបង្ហាញការពេញចិត្តនៃដំណើរទស្សនៈកិច្ចកម្សាន្តដែលសាលាខ្លួនបានរៀបចំ!
ស្រាប់តែសិស្សប្រុសម្នាក់ ឡើងដៃឡើង រួចនិយាយឡើង
“អ្នកគ្រូ សោភា…ខ្ញុំដឹង! អ្នកគ្រូ ចង់និយាយពីស្រែអំបិល!”
សិស្សក្មេងម្នាក់ ឆ្លើយតបភ្លាមដោយមានមោទនភាពនិងចម្លើយមួយនេះ…គេមានឈ្មោះថា ធាណា
ឮបែបនេះ សោភា ញញឹមទៅកាន់ធាណា ពេលបានចម្លើយឆ្លើយត្រូវនិងអ្វីដែលខ្លួនបានសួរ
“Bravo! ធាណា ប្អូនពិតជាពូកែ ឆ្លាតមែន! ប្អូនៗ ទះដៃឱ្យធាណាមួយ!”
ផ្លាប់ៗផ្លាប់!!! សំឡេងទះដៃរបស់សិស្សក្នុងថ្នាក់!
ឃើញអ្នកគ្រូបន្ទុកថ្នាក់ខ្លួនពោលសសើរ និងមិត្តរួមថ្នាក់ ទះដៃអបអរចំពោះខ្លួនបែបនេះ ធាណា សប្បាយចិត្ត មុខរីកដូចគ្រាប់ជី…
“មិនខុសពីអ្វីដែលប្អូនធាណា ឆ្លើយអម្បាញ់មិញនោះទេ…អ្វីដែលអ្នកគ្រូចង់ប្រាប់ទៅកាន់ប្អូនៗទាំងអស់គ្នាឱ្យដឹងនោះគឺ ស្រែអំបិល…ដីស្រែដែលកសិករយើង ប្រើសម្រាប់ធ្វើអំបិល…អំបិលដែលប្អូនគ្រប់គ្នា ហូបរាល់ថ្ងៃនោះឯង!”
“ពិតមែនឬ អ្នកគ្រូ?” សិស្សម្នាក់ ស្រែកសួរ
“ពិតណាស់.. ប្អូនដឹងទេ ខេត្តដែលយើងកំពុងធ្វើដំណើរទៅ គឺជាខេត្តអ្វី?”
“ខេត្តកំពត អ្នកគ្រូ!” សិស្សក្នុងឡាន ឆ្លើយព្រមគ្នា
“ហើយប្អូនដឹងទេ កំពត ក្រៅពីល្បីខាងគ្រឿងសមុទ្រ មឹកបង្គាក្ដាម ស្រស់ឆ្ងាញ់នោះ មានអ្វីក្រៅពីនោះទៀត?” សោភា សួរបន្ដ
“ធុរេន អ្នកគ្រូ! ខ្ញុំញុំាម្ដងហើយ មិនភ្លេចរសជាតិដ៏ផ្អែមមុត ជាប់មាត់ក្លិនវានោះទេ!”
“ម៉ាក់ប្រេង ម៉ាក់ប្រាំង អ្នកគ្រូ…ឆ្ងាញ់ណាស់ មួយជូរមួយផ្អែម មានអំបិលម្ទេស អ៊ែមតែម្ដង!”
“នំស្លឹកចាក អ្នកគ្រូ…ម៉ាក់ខ្ញុំមកលេងទីនេះ មិនភ្លេចទិញវាញុំានោះទេ! ឆ្ងាញ់អើយសែនឆ្ងាញ់ គ្រាន់តែហួសចិត្ត សាច់នំដូចនាងពួន…ញុំាមិនជាប់ជើងធ្មេញ!”
…
“អ្វីៗដែលប្អូនទាំងអស់គ្នា និយាយមកនេះ វាពិតជាត្រឹមត្រូវ មិនខុសនោះទេ ប៉ុន្ដែអ្វីដែលអ្នកគ្រូចង់ប្រាប់ប្អូនទាំងអស់គ្នានោះ ខេត្តកំពត ក៏ជាខេត្តមួយជាប់ចំណាត់ថ្នាក់ខាងផលិតអំបិលលេខមួយរបស់ប្រទេសកម្ពុជា មានឈ្មោះបោះសំឡេងជាច្រើនទសវត្សមកហើយ។ ប្អូនៗសាកក្រឡេងមើលនៅក្រៅកញ្ចក់ឡាន…ប្អូនៗឃើញអ្វីដែលឬទេ?”
ឮពាក្យសម្ដីអ្នកគ្រូពោលបែបនេះ សិស្សគ្រប់រូប នាំគ្នាងាកអើតមើលខាងក្រៅតាមកញ្ចក់ឡាន
“ដីស្រែ ដែលលាតសន្ធឹងល្វឹងល្វើយស្ថិតក្នុងសភាពសក្បុសដូចសំឡី មានក្រឡាដូចជាក្រឡារែកគួរឱ្យគយគន់មួយនេះ គឺគេហៅថាស្រែអំបិល។ ប្អូនៗក្រឡេកមើលនោះ នៅទីនោះ មានដីស្រែខ្លះ គេមានគរពូនជាពំនូកសៗ ម្ដុំៗ…នោះហើយជាអំបិល…”
“វ៉ាវ…ពិតជាស្រស់ស្អាតមែន អ្នកគ្រូ!” សិស្សម្នាក់ ឧទានឡើង
“ខ្ញុំនេះ ស្មានតែស្រុកខ្មែរយើងមានធ្លាក់ព្រិល…សក្បុសបែបនេះ ខ្ញុំគិតថាព្រិលដូចស្រុកគេ!” សិស្សម្នាក់ទៀត និយាយ
ហាហា…សំឡេងសើចលាន់បំពងអឺងកងពេញឡានឡើង ពេលឮសិស្សម្នាក់នោះពោលបែបនោះ!
“កនិកា ប្អូនគិតបែបនេះ មិនខុសទេ…ទេសភាពដ៏ស្រស់បំព្រងនេះ អាចធ្វើឱ្យយើងយល់ច្រឡំបានខ្លះ…ជាក់ស្ដែង បច្ចុប្បន្ន ភ្ញៀវទេសចរយ៉ាងច្រើន ចាប់ផ្ដើមមកទស្សនាទីកន្លែងនេះជារៀងរាល់ថ្ងៃ ដើម្បីផ្តិតយកទិដ្ឋភាពនៃវាលស្រែអំបិលទុកជាអនុស្សាវរីយ៍ និងបានយល់ដឹងពីការផលិតអំបិលរបស់ប្រជាកសិករខេត្តកំពតថែមទៀតផង…ដូចពួកយើងកំពុងតែធ្វើនោះអី! ត្រូវទេ ប្អូនៗ?”“បាទ/ ចាស៎ អ្នកគ្រូ!”
ស្រាប់តែរំពេចនោះ មានសិស្សស្រី កនិកា ភ្លាត់មាត់ ឧទានសួរ លើកដៃចង្អុលទៅកាន់ខាងក្រៅកញ្ចក់ឡាន ថា
“អ្នកគ្រូ…នោះជាទីងមោងឬ?”
គ្រប់គ្នារេភ្នែក ងាកទៅមើលតាមដៃរបស់នាង….គេគ្រប់គ្នានឹងឃើញថា វាពិតជាស្រមោលរូបរាងទីងមោងមួយដាក់សំកាំងនៅកណ្ដាលស្រែនោះមែន!
“ចាស៎…វាពិតជាទីងមោងមែន…” សោភា ល្មីល្មើ ឆ្លើយស្របទៅកាន់សិស្សខ្លួនវិញ ទាំងក្នុងចិត្តក៏មិនប្រាកដថា ហេតុអ្វីមានវត្តមានទីងមោងដាក់នៅទីនេះ…
“អ្នកគ្រូ? ចម្លែកណាស់នេះ ហេតុអ្វីមនុស្សទីងមោងមួយនេះ ដាក់សំកាំងនៅកណ្ដាលស្រែយ៉ាងនេះ?” កនិកា សួរប្រដេញ
“ថី? អ្ហាស៍ អាកា…មនុស្សទីងមោងគេដាក់នៅកណ្ដាលស្រែ ដេញបន្លាបចាប…វាខុសថី? ឯងនេះ ចេះតែនឹកឆ្ងល់ សួរអ្វីប្លែកៗ ឃើញអំបិល គិតថាព្រិល…ហើយនេះ មិនធ្លាប់ឃើញទីងមោងឬ ទើបមកឆ្ងល់បែបនេះ?” ឆរ៉ា មិត្តរួចថ្នាក់ អង្គុយជាប់នាង ពោលចំអក
“អ្ហឺ ហើយនេះ ឆ(ឈ្មោះឆរ៉ា កនិកាហៅកាត់) ឯង…មិនឃើញថា នេះយើងកំពុងស្ថិតនៅទីណាទេឬ? មិនមែនជាស្រែធ្វើស្រូវទេ…នេះជាស្រែ…ស្រែអំបិល ប៉ុណ្នឹងហើយ ឆឯងមិនយល់ថាប្លែកទេឬ?”
“អ្ហាហ៍! ស្រែអំបិល? អាកា និយាយអ៊ីចឹង…មែនតើ នេះទីងមោងមកនៅទីនេះបានដោយរបៀបណា? អ្នកគ្រូដឹងទេ?” កនិកា សួរ
“បែបនេះ…អ្នកគ្រូ ក៏មិនដឹងដែរ! តែនេះយើងសាកសួរទៅអ្នកផ្សេងទៅមើល…ប្អូនៗ មានអ្នកណា ដឹងពីរឿងនេះទេ?”
ស្រាប់តែពេលនោះ មានសិស្សម្នាក់ លើកដៃឡើង…
“អ្នកគ្រូ ខ្ញុំដឹង!”
“ធាណា ប្អូនដឹងឬ?” សោភា រាងភ្ញាក់ មិនគិតថា សំនួរនាង ពិតជាមានគេដឹង អាចប្រាប់ចម្លើយបានមែន
“បាទ…អ្នកគ្រូ ការពិតខ្ញុំជាអ្នកស្រុករស់នៅទីនេះ! ខ្ញុំមានដើមកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពតនេះឯង!” ធាណា ពន្យល់ប្រាប់
“អូហ៍…អ៊ីចឹងធាណា ប្អូនអាចស្រាយចម្ងល់ពីរឿងនេះ ប្រាប់ទៅកាន់មិត្តរួមថ្នាក់របស់ប្អូនបានទេ!”
“បាទ បានអ្នកគ្រូ…តែមុននឹងខ្ញុំនិយាយ ខ្ញុំសូមបញ្ជាក់ជាមុនសិន ការពិតនៅទីនេះ ពីមុនមិនមានរូបទីងមោងយកមកដាក់ដូចបែបនេះទេ ប៉ុន្ដែប៉ុន្មានខែមុន តាំងពីមានរឿងអកុសលកើតឡើងក្នុងភូមិដែលខ្ញុំរស់នៅនោះមក…ម្នាក់ៗ ក្នុងភូមិស្រាប់តែនាំគ្នាធ្វើទីងមោងដាក់តាំងនៅមុខផ្ទះខ្លួន រហូតដល់មានមកសំកាំងកណ្ដាលស្រែបែបនេះក៏មាន…”
ធាណា និយាយត្រឹមនេះ គេផ្អាកឃ្លាសម្ដីខ្លួន រួចដៀងភ្នែកទៅកាន់ស្រមោលទីងមោងនោះបន្ដិច ទឹកមុខគេប្រែប្រួល រាងភ័យខ្លាច ប្លែកៗដូចព្រួយបារម្ភនិងអ្វីម្យ៉ាង
“រឿងអកុសល?” សោភា ភ្ញាក់លាន់មាត់ឡើង
“រឿងនោះចាប់ផ្ដើមចេញពីគ្រួសារមួយ….”
[ធាណា និទាន]
នៅក្នុងស្រុកភូមិតូចមួយក្បែរជើងភ្នំ អ្នកភូមិនៅទីនេះ ភាគច្រើនជាកសិករ ប្រកបមករបរធ្វើស្រែអំបិល និងធ្វើចម្ការដាំដំណាំតិចតួចនៅក្បែរផ្ទះ…នៅក្នុងនោះភូមិនោះ មានគ្រួសារមួយឈ្មោះ សុខវឿន (ពូសុខ ប្ដីមីងវឿន) រស់នៅក្នុងកូនផ្ទះសង់ពីឈើតូចមួយចម្លែកខុសគេ ព្រោះផ្ទះរបស់គាត់ដែលកំពុងរស់នៅនោះ គឺមានដាក់មនុស្សទីងមោងចំបើង នៅជាប់មុខកាំជណ្ដើរឡើងផ្ទះ។
មនុស្សទីងមោង ដែលដាក់នៅមុខជាប់កាំជណ្ដើររបស់គ្រួសារពូសុខ គឺមើលទៅវាគួរឱ្យខ្លាចយ៉ាងម៉េចទេ…រូបរាងទីងមោងនោះ ធ្វើឡើងដូចជាមនុស្សធំ កម្ពស់ប្រហែល១ម៉ែត្រ៧០ កំពុងឈរលាតសន្ធឹងដៃសំកាំងទាំងសងខាង ស្លៀកពាក់ក្រណាត់ខោអាវខ្មៅចាស់ៗ រយាករយ៉ៃដូចយូរឆ្នាំហើយ ប៉ុន្ដែចម្លែកមិនមានឃើញមានស្នាមប្រឡាក់ឬធូលីដីជាប់លើក្រណាត់នោះទេ គឺមានតែស្នាមធ្លុះធ្លាយលេចចេញឱ្យឃើញពីសាច់ចំបើងដែលគេស៊កញាត់ធ្វើជារាងកាយវា។ ចំណែកក្បាលទីងមោងមួយនេះ គឺឆ្នាំងដីចាស់មានចងរុំជាមួយបាវក្រណាត់ ដេរជាប់ជាមួយគ្រាប់ឡេវធំៗពីរគ្រាប់ធ្វើជាភ្នែក និងគូសគំនូសធ្យូងខ្មៅរាងជាកោងធ្នូ លេចចេញជាស្នាមញញឹមលើបបូរមាត់ទីងមោងមួយនេះ…ក្បាលទីងមោងឈ្ងោកមុខចុះក្រោម ហាក់មិនចង់ឱ្យនរណាម្នាក់មើលឃើញមុខខ្លួន!
អ្នកភូមិក្នុងស្រុកជាប់របងរស់នៅទីនេះ ម្នាក់ៗពេលដើរកាត់មុខផ្ទះគ្រួសារគាត់ តែងតែមានអារម្មណ៍ព្រឺរោមត្រជាក់ ភ័យខ្លាច មិនហ៊ាននៅយូរពេកនោះទេ ព្រោះពួកគេខ្លាចមនុស្សទីងមោងចំបើងគ្រួសារគាត់តែម្ដង ជាពិសេសរឹតតែខ្លាចទៀតនោះ គឺពេលដែលឃើញមានកំប៉ុងចានជើងធូប ដាក់នៅពីមុខទីងមោងមួយនោះ រៀបចំធ្វើដូចជារោងសែនអ្នកតា។
…………………..
ផ្ទះគ្រួសារសុខវឿន
ពន្លឺភ្លើងចង្កៀងអំពូលភ្លឺតិចៗ តែសំឡេងស្រែកឈ្លោះប្រកែកគ្នារវាងមនុស្សប្រុសក្នុងផ្ទះលាន់ឮសូរដូចរន្ទះបាញ់នៅខែប្រាំង…
“នែ៎…កាវឿន អញ…អញនេះ ជាប្ដីហងឯង! អញប្រាប់ប៉ុន្មានដងហើយ ថាអាទីងមោងកញ្ចាស់មួយហ្នឹង ឱ្យយកវាទៅដុតចោល ឱ្យបាត់ពីភ្នែកអញទៅ តែហងឯងនេះ រឹងទទឹងចចេសណាស់…ចាត់ទុកវាធ្វើដូចជារបស់សំខាន់ ដុតធូបសែនរាល់តែថ្ងៃ! នេះហងឯង មិនដឹងទេថាព្រោះតែវានេះហើយ ទើបអញនេះ ត្រូវមនុស្សក្នុងភូមិ គេស្រែកចំអក ពេបជ្រាយ មិនហ៊ានចូលមករាប់អានគ្រួសារយើងនោះ!”
ពូសុខ ដៃម្ខាងកាន់ដបស្រា ដៃម្ខាងលើកបម្រុងទៅទះមុខរបស់ប្រពន្ធខ្លួន តែត្រូវបញ្ឈប់ប្ដូរទៅជាបោកចាន ទាត់ឆ្នាំងក្បែរនោះដែលមីងវឿនបានរៀបចំត្រៀមចាំប្ដីខ្លួនមកទទួលទានបាយល្ងាចជាមួយខ្លួន
“លោកប្ដី កុំគិតបែបនេះ! លោកម្ចាស់(ទីងមោង) គាត់ជាវត្ថុស័ក្ដិសិទ្ធិជួយថែរក្សាគ្រួសារអូនច្រើនជំនាន់មកហើយ…ម៉ែអូនផ្ដែផ្ដាំខ្លាំងណាស់ មិនឱ្យទៅបំពានរូបគាត់នោះទេ!”
មីងវឿន ខំទប់អារម្មណ៍ខ្លួនកុំឱ្យខឹងប្ដីប្រមឹក ញៀនល្បែងម្នាក់នេះ…គាត់សុំានឹងទង្វើរបស់ពូសុខដែលតែងតែរករឿងគាត់ពីរឿងទីងមោងនេះ។ លើកនេះក៏មិនខុសពីលើកមុន គាត់ព្យាយាមនិយាយលួងលោមប្រាប់ហេតុផលទៅកាន់ប្ដីខ្លួន ដែលកំពុងខឹងក្រេវក្រោធ ព្រោះតែចាញ់ល្បែង
“វត្ថុស័ក្កសិទ្ធិឬ? ហាហា…គួរឱ្យអស់សំណើចណាស់ នេះហងឯង សក់សពេញក្បាលហើយ នៅតែល្ងង់ជឿលើរឿងទាំងនោះទៀតឬ? កាវឿន មើលមកអញ…ហងឯង ឃើញសភាពអញនេះកំពុងយ៉ាប់យ៉ឺនខ្លាំងដល់កម្រិតណានោះទេ? ភ្នែកហងឯង មានឃើញទេ អញនេះពេញដោយស្លាកស្នាម របួសចាស់មិនទាន់ជាអស់ របួសថ្មីកើតទៀតហើយ? មើលមកនេះ…នេះស្នាមជាំថ្មីៗ ស្នាមផ្លែដំបង ស្នាដៃពីកូនចៅថៅកែ ស្រេង…”
“លោកប្ដី…” មីងវឿន ឃើញបែបនេះ ក៏រាងអាណិតប្ដីខ្លួនដែរ
“បើវានេះជាវត្ថុស័ក្កសិទ្ធិមែន ម៉េចមិនជួយអញផង! វត្ថុសក្ដិសិទ្ធរបស់នាងខ្មោចយក៍ស្អី…បើស័ក្ដិសិទ្ធិនោះ មិនមែនអញស្ថិតក្នុងសភាពបែបនេះទេ? ហើយគ្រួសារយើង មិនមែនធ្លាក់ខ្លួនកាន់តែយ៉ាប់យឺន ក្ររកអង្ករច្រកឆ្នាំងស៊ីមិនបានបែបនេះទេ…”
ឮបែបនេះ មីងវឿន នៅស្ងៀម មិនហ៊ានជំទាស់និងប្ដីរបស់គាត់ បានត្រឹមគិតក្នុងចិត្តថា គ្រប់យ៉ាងៗគឺជាទង្វើរបស់គេតែម្នាក់ប៉ុណ្ណោះ ខ្ចីបំណុល យកលុយទៅលេងល្បែង ស្រវឹងប្រមឹក គ្មានការងារ រកចំណូលមិនបានអ្វី…កេរទ្រព្យម៉ែឪចែកឱ្យខាងប្ដីខ្លួនក៏មិនមាន មានតែលក់ដីស្រែអាកររបស់ខ្លួន លោះបំណុលប្ដី តែបំណុលចាស់មិនទាន់សងអស់ បំណុលថ្មីកើនការប្រាក់ជាថ្មី…យូរៗទៅបំណុលចាស់បំណុលថ្មីជំពាក់វ័ណ្ឌករុំខ្លួនគាត់ជុំជិត…តើនេះមានវត្ថុស័ក្ដសិទ្ធិអ្វីទៅជួយគេទាំងពីរបាននោះ?
កំហុសខ្លួនឯងបែរជាមើលមិនឃើញ បែរជាចោទទៅលើវត្ថុដែលមិនដឹងអ្វីទៅវិញ…មោហ៍បាំងពិតណាស់!
“អញសង្ស័យយូរហើយ នេះវានេះមិនមែនជាវត្ថុស័ក្ដសិទ្ធិអ្វីនោះទេ…គឺវត្ថុចង្រៃច្បាស់តែម្ដង! តាំងពីអញចូលមករស់នៅក្នុងគ្រួសារនេះ គឺវាស៊យរហូត…លេងល្បែង ចាក់ឆ្នោត ធ្វើអ្វីមិនដែលសម្រេចជោគជ័យ មានសំណាងដូចគេដទៃទេ…គឺមានតែចាញ់…ចាញ់រហូត! អញ គុំយូរហើយ…លើកនេះ ហ៊ឹស! ហងឯង កុំមកឃាត់អញទៀត! អញទ្រាំលែងបានហើយ!”
និយាយរួច ពូសុខ ស្ទុះទៅកន្ទ្រាក់ទាញមនុស្សទីងមោង គ្រវាត់ចោលនៅនឹងដី…មីងវឿន ឃើញបែបនេះ ភ័យមុខសឡើងស្លេក ប្រញាប់ទាញឃាត់ដៃប្ដី…
“លោកប្ដី កុំ! កុំធ្វើបែបនេះ…”
“ចេញ! កុំចង់មកឃើញអញទៀត កាវឿន!” ពូសុខស្រែកគំហក រួចគ្រលាស់ដៃមួយទំហឹង ប៉ះចំផ្ទៃមុខមីងវឿន…កណ្ដាប់ដៃធ្ងន់របស់គាត់ ធ្វើឱ្យបបូរមាត់មីងវឿនបែកហូរចេញឈាម ខ្ទៀតប្រឡាក់ទៅលើមនុស្សទីងមោងដែលដេកនៅលើដី..
គូជម្លោះទាំងពីរ មិនបានចាប់អារម្មណ៍លើភាពចម្លែកកើតមានលើមនុស្សទីងមោងនោះថា ឈាមរបស់មីងវឿនដែលប្រឡាក់នោះ ត្រូវមនុស្សទីងមោងស្រូបស្ងួតអស់ ដូចដីដែលប្រេះក្រហែងប៉ះចួបតំណក់ទឹក ស្នាមទឹកអ្វីបន្ដិចក៏មិនមាន។
“បងសុខ កុំ…” មីងវឿន លាន់ស្រែកខ្លាំងឃាត់ប្ដីខ្លួន ពេលឃើញគាត់ កំពុងយកដបស្រារបស់ខ្លួន ចាក់ពីលើមនុស្សទីងមោង រួចទាញដែកបើកបញ្ឆេះ…
“អាទីងមោងចង្រៃយ៍! ចាំមើលអញដុតហែង ឱ្យសូន្យក្លាយជាផេះផង់ទៅមើល។ ហេងស៊យអី រាសីអញឡើង សំណាងអញដល់ខ្ពស់ត្រដែតជាងនេះផងក៏មិនដឹង? ឆឹស…អាចង្រៃយ៍!”
ពូសុខ ស្ដោះទឹកមាត់លើមនុស្សទីងមោងរួច បោះដែកកេះលើទីងមោង…កំទេចផ្កាភ្លើងបង្កើតជាអណ្ដាតភ្លើងឆាបឆេះមួយរំពេច ផ្សែងភ្លើង អណ្ដាតភ្លើងឆេះដុតរោលរាលសន្ធោសន្ធៅឡើង! មីងវឿន បានត្រឹមតែអង្គុយអស់សង្ឃឹម សម្លឹងមើលទីងមោង ដែលខ្លួនចាត់ទុកជាវត្ថុស័ក្កសិទ្ធិតតំណប្រចាំគ្រួសារត្រូវអណ្ដាតភ្លើងលេបត្របាក់ រលាយក្លាយជាផេះនៅមុខខ្លួន ដោយមិនដឹងត្រូវធ្វើអ្វីបន្ដ…គាត់គួរធ្វើយ៉ាងម៉េចវិញ?
ពូសុខ ប្ដីគាត់វិញ ឃើញទីងមោងឆេះក្លាយជាផេះបែបនេះ អារម្មណ៍គាត់ប្រែជាល្អច្រើនឡើងវិញ ក៏ដើរចេញពីផ្ទះ ទៅរកទិញស្រាផឹកនៅតៀមស្រា ថៅកែចិន ណាំ ដែលបើកនៅចុងភូមិបាត់ទៅ។
…
មេឃងងឹតយប់បន្តិចម្តងៗ ហើយខ្យល់ត្រជាក់ស្បៃរាត្រីចាប់ផ្ដើមធ្លាក់ចុះមកល្ហើយៗ បក់ផាត់នាំឱ្យត្រជាក់កាយ ភាពស្ងប់ស្ងាត់ជ្រងុំ គ្មានស្រមោលមនុស្សសត្វរួមផ្សំបែបនេះ បង្កឱ្យពូសុខដែលទើបតែចេញពីតៀមស្រាថៅកែ ណាំ ព្រឺសម្បុរត្រជាក់ចុងដៃចុងជើង រាងភ័យខ្លាចឡើង។
“យី…យប់នេះ អញមិនទាន់ស្រវឹងទេឬ ទើបសើវ៉ើៗ យ៉ាងម៉េចនេះ…”
គាត់ និយាយតែម្នាក់ឯង ងាកមើលឆ្វេង ងាកមើលស្ដាំ រកមើលស្រមោលមនុស្ស ចួនអីមានគេដើរឆ្លងកាត់ផ្លូវវាលស្រែមួយនេះដែរ…តែប្រឹងរកមើលយ៉ាងណាក៏មិនឃើញមនុស្សណាម្នាក់ឡើយ នេះសូម្បីស្រមើលសត្វ សំឡេងចង្រិតអ្វីក៏មិនឮសូរស្រែកយំ…ទីនេះស្ងាត់សូន្យ ប្លែកខុសពីសព្វមួយដង។
“ចម្លែកណាស់យប់នេះ…អញធ្លាក់ភ្នែកពេកដើរខុសផ្លូវទេឬ?”
គិតបែបនេះ គាត់ប្រឹងបង្កើតសំឡេងច្រៀងកំដរបរិយាកាសរាត្រី កុំឱ្យវាស្ងប់ច្រៀបពេក…ពន្រឿតជំហានជើងដើរទៅមុខ ទាំងដែលដើររារង់ ទ្រេតទ្រោត មិនត្រង់ផ្លូវ ដោយដៃម្ខាងមិនភ្លេចកាន់ដបស្រា ដើរបណ្ដាផឹកបណ្ដា លើកដៃម្ខាងទៀតរ៉េរាំ បែបបត់ជាចង្វាក់តាមភ្លេងមាត់ខ្លួនឯងច្រៀង…
សុំទឹកមួយផ្តិល ដោយដៃស្រីដង បានទេឱណានួនល្អង…
ផាំង!!!
ពូសុខ ដើរជំពប់ជើងដួលទ្រោបនិងដី…ជើងគាត់ ដូចជាបុកវត្ថុរឹងអ្វីមួយ…គាត់ក្រោកឈរឡើង ឱនមើលទើបដឹងថាវាដូចជាបង្គោលឈើ…បង្គោលប្រហែលៗធ្លាប់ឃើញនៅទីណា
“យីស! អារំបល់យក៍ណា មកចោលឈើអីនៅភ្លឺស្រែបែបនេះ! អានេះវ៉ើយ…អញដឹងថាជានរណានោះ ច្បាស់ជាវាយឯងនិងបង្គោលឈើនេះឱ្យដឹងស្គាល់អញជាមិនខាន!”
ពូសុខ ខឹងមុខក្រហម ដៃកាន់បង្គោលឈើនោះ បម្រុងដើរឈានដើរទៅមុខបន្ដទៀត តែស្រាប់តែងាកក្រឡេកឃើញ ស្រមោលព្រាងៗដូចជាមនុស្ស នៅខាងក្រោយខ្នងខ្លួន…
“យី? នរណាគេហ្នឹង មកនៅក្រោយខ្នងអញនេះ? ចម្លែកណាស់ អម្បាញ់មិញ អញមើលដូចជាមិនឃើញមានស្រមោលមនុស្សអ្វីផង…មិនមែនជាចោរទេដឹង?”
ពូសុខបែកញើស ឈរទ្រឹងទុចជំហាននៅស្ងៀម ពេលគិតយល់ឃើញបែបនេះ
“តែនេះអញគ្មានអ្វីត្រូវខ្លាចនោះ បើក្នុងខ្លួនអញនេះគ្មានរបស់មានតម្លៃជាប់និងខ្លួនផងហ្នឹង…ប្រាក់មួយរៀលក៏គ្មាន មានតែបំណុលជុំទិស! ណ្ហើយ…អាសុខអើយ ឯងនេះភ័យជ្រុលអីបែបនេះ! លោកចោរ ប្លន់ក៏វាមើលមនុស្សដែរ…មិនអ៊ីចឹង!”
គិតបែបនេះ ពូសុខកាន់បង្គោលឈើយ៉ាងណែន រួចបែរខ្នងងាកទៅខាងក្រោយខ្នង មើលឱ្យច្បាស់ម្ដងទៀត ដោយមិនភ្លេចយកដៃលវាយទៅលើអ្នកម្ខាងទៀត…
ពូសុខ បើកភ្នែកធំៗ ពេលឃើញរូបភាពនៅខាងមុខ…
វាមិនមែនជាមនុស្សរស់ដូចអ្វីដែលគាត់គិតនោះទេ តែវាជាទីងមោង…មនុស្សចំបើងដែលគេដាក់សំកាំងនៅតាមវាលស្រែ
“ពុទ្ធោអើយ…អាទីងមោងសោះ! អញខំតែខ្លាច…”
ពូសុខគ្រវីក្បាល ហើយសើចខ្លួនឯង… ពេលគាត់រៀបនឹងដើរចេញពីទីនេះទៅ ស្រាប់តែគុម្ពត្រចៀកគាត់ ហាក់បីដូចជាបានឮសំឡេងរអ៊ូរទាំ…សំឡេងមិនមែនជាប្រុសមិនមែនស្រី វាស្ដាប់ដូចជាសំឡេងម៉ាស៊ីននិយាយ សំឡេងរាងល្វើយៗអូសៗវែង ស្ដាប់ហើយព្រឺរោម ភ័យខ្លាចរន្ធត់ឡើង…
“សុខហ្អា៎…ហែងស្រវឹងខ្លាំងទៀតហើយ…”
“បាទ អញប្រហែលយប់ហ្នឹងផឹកស្រវឹងច្រើនពេកមែនហើយ”
ពូសុខតបទៅវិញដោយមិនដឹងខ្លួន ហាក់ដូចពេលខួរក្បាលមិនមែនបញ្ជាពីរូបគាត់នោះទេ តែត្រូវម្ចាស់សំឡេងមួយនោះជាម្ចាស់ការបញ្ជាគ្រប់គ្រងលើរូបគាត់បាន…
មួយរំពេចនោះ ពូសុខ ញោចភ្ញាក់ផ្អើលឡើង ឧទានលាន់មាត់និយាយតែម្នាក់ឯងឡើងថា…
“តើអ្នកណាកំពុងនិយាយនៅក្នុងវាលស្រែទទេមួយនេះហ្នឹង?”
ពេលនេះភាពភ័យខ្លាចចាប់ផ្ដើមវាយលុកចូលមកកាន់រាងកាយរបស់គាត់ លុបបំបាត់ភាពស្រវឹងរបស់ពូសុខស្ទើរតែបាត់ទៅហើយ ។ គាត់ព្យាយាមតាំងអារម្មណ៍ ធ្វើជាធម្មតា ប្រឹងដៀងក្រសែភ្នែកក្រឡេកមើលជុំវិញខ្លួន ប៉ុន្ដែ….
គ្មាននរណាម្នាក់សោះ!!!
“មិនអាចទៅរួចទេ? តើអញអម្បាញ់មិញកំពុងនិយាយជាមួយអ្នកណា?”
ពូសុខ សម្លឹងមើលទីងមោងនៅពីមុខគាត់ ដោយមិនដឹងខ្លួន កសិករ រួចនិយាយខ្សាវៗចោលតែម្នាក់ឯងទៀតថា
“អាចជាអាទីងមោងនេះទេ?”
ពូសុខ កើតគំនិតគិតគួរឱ្យអស់សំណើចបែបនេះចេញមក។ គាត់សម្លឹងមើលទីងមោងដែលនៅពីមុខគាត់មួយគ្រលៀសភ្នែក រួចផ្ទុះសំណើចខ្លួនឯង និយាយទាំងញញឹមអៀនខ្មាស់ថា
“ហិហិ…សង្ស័យអញពិតជាផឹកច្រើនពេកហើយ ម៉េចក៏ទៅគិតឆ្កួតឡប់អីដូចកាវឿននោះ យល់ថាទីងមោងចេះនិយាយអ៊ីចឹងនោះ? ត្រចៀកអញច្បាស់ជាឮសំឡេងខុសហើយ”
ក្រោយពីនិយាយលួងខ្លួនឯងបែបនេះហើយ ពូសុខក៏មានគម្រោងឈានជើងទៅមុខប្រញាប់ដើរត្រលប់ទៅផ្ទះវិញ។ ពាក្យសម្ដីដែលគាត់បានបញ្ចុះបញ្ចូលខ្លួនឯងយកលេសថា «ស្តាប់ខុស» ប៉ុន្តែក្នុងចិត្តគាត់ អារម្មណ៍ភ័យខ្លាចបានគ្របដណ្ដប់ទាំងស្រុងហើយ ភាពស្រពិចស្រពិលដោយអំណាចជាតិអាកុល ស្រវឹងស្រា បានរសាយបាត់អស់ ជំនួសជាមួយអារម្មណ៍ច្របូកច្របល់ ព្រឺព្រួច ភ័យខ្លាច ពេលក្រឡេកទៅមើលវាលស្រែដ៏ទទេរស្អាតកណ្ដាលរាត្រីតែម្នាក់ឯងពេលនេះ។
ក្នុងចិត្តរបស់គាត់ អ្វីដែលសំខាន់បំផុតគឺត្រូវចាកចេញពីទីនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្ដែជើងទាំងពីររបស់គាត់ ហាក់បីគ្មានកម្លាំងដើរទៅមុខដូចអ្វីដែលខ្លួនបានគិតសោះ…សំឡេងដែលគាត់យល់ថាជាការស្ដាប់ច្រឡំ ឮសូរជាថ្មីម្ដងទៀត…
“សុខហ្អា៎…យប់ងងឹតហើយ មើលឃើញផ្លូវច្បាស់ទេ? ប្រយ័ត្នផង ដើរយប់អ៊ីចឹង…ឱ្យខ្ញុំជូនទៅផ្ទះទេ…សុខហ្អា៎…”
លើកនេះ ជើងទាំងពីររបស់គាត់ ឈប់ទច់ឆ្កក់គាំងនៅនឹងកន្លែង…ញើសត្រជាក់បានហូរចេញពីថ្ងាសរបស់គាត់។
…ច្បាស់ណាស់ លើកនេះពិតជាឮច្បាស់ណាស់!
ពូសុខមើលជុំវិញខ្លួនឯងដោយភាពភ័យខ្លាច ញើសប៉ុនគ្រាប់ពោតពេញថ្ងាស…គាត់ប្រឹងជូតញើស មុខខ្លួនឯងក្លែងធ្វើជាធម្មតាមិនអី…ព្យាយាមធ្វើពុតធ្វើខ្លួនឯងជាអ្នកខ្លាំង ប្រឹងដំឡើងបំពង់កខ្លួន ស្រែកសួរដោយសំឡេងខ្លាំងៗលាន់សូរពេញវាលស្រែ
“អាណាគេវ៉ើយ! និយាយក្លែងធ្វើជាខ្មោចព្រាយលងទាំងយប់នេះ? ឈប់ធ្វើពុតទៀតទៅ អញមិនខ្លាចពួកអស់ហែងទេ!”
គាត់ប្រឹងស្រែកសួរស្ទើរដាច់បំពង់ក ប៉ុន្ដែគ្មាននរណាម្នាក់ឆ្លើយតបនឹងគាត់វិញនោះឡើយ…
ស្ងាត់សូន្យច្រៀបនៅក្នុងវាលស្រែដ៏ធំល្វឹងល្វើយមួយនេះ…
ខ្យល់ត្រជាក់ បក់រឹតតែត្រជាក់ឡើង ផ្សែងអ័ព្ទសចាប់ផ្ដើមធ្លាក់ចុះយ៉ាងចម្លែក…សំឡេងល្វើយៗ ឮសូរបន្ដបន្ទាប់គ្នា…សំឡេងនេះដែលពីដើមជាសំឡេងគួរឱ្យចង់ស្ដាប់ តែឥឡូវប្រែក្លាយដូចជាសំឡេងខ្សឹបរបស់ព្រាយបិសាច…សូរសំឡេងគ្រហឹមៗនេះ ហាក់ដូចជាមានក្រញាំដៃមុតស្រួចមួយគូ ចាប់អង្រួនរាងកាយវិញ្ញាណពូសុខ ធ្វើឱ្យបេះដូងដែលនៅផ្នែកខាងស្ដាំ លោតចង្វាក់ញាប់ស្ទើរតែស្ទុះចេញមកក្រៅទ្រូង។
“សុខអើយ…សុខហ្អា៎…”
“នរណា…នរណាវ៉ើយ! ឆាប់ចេញមក…អញ…អញ…”
ពូសុខ ស្រែកសួរជាថ្មីម្ដងទៀត គាត់ឆ្លេឆ្លា មើលមុខមើលក្រោយ តែយ៉ាងណាក៏នៅតែគ្មានឃើញស្រមោលអ្វីសោះ…ក្រៅពីទីងមោងដែលកំពុងឈរនៅមិនឆ្ងាយពីមុខគាត់!
“សុខអើយ…រកមើលអី…”
“សុខអើយ…សុខ…”
លើកនេះ សំឡេងនោះរាងឮសូរជាងមុន គាត់ផ្ចង់អារម្មណ៍ដើរតាមសំឡេង…ដើរកាន់តែទៅជិតទីងមោង សំឡេងរឹតតែឮសូរឡើង រហូតដល់ពេលនេះ ទីងមោងនៅនិងមុខគាត់តែម្ដង!!! សំឡេងដែលហៅរកគាត់ ក៏លែងឮ….គាត់ងាកមើលទីងមោងនេះ។
ក្រោមពន្លឺភ្លឺពីព្រះចន្ទ ទីងមោងមួយនេះមើលទៅដូចជាទីងមោងដទៃទៀតអ៊ីចឹង…វាសាមញ្ញណាស់…មនុស្សធ្វើពីចំបើង គ្របដោយក្រណាត់ពណ៌ខ្មៅកខ្វក់ ដាច់រយ៉េរយ៉ៃ ស្ទើរតែមិនអាចចាត់ទុកជាសម្លៀកបំពាក់គ្រងបិតបាំងអ្វីបាន តែនេះជារឿងធម្មតាហើយ ដែលគេប្រើក្រណាត់ចាស់បែបនេះ មុខទីងមោងវិញត្រូវបានកាត់អារដោយកាំបិត ហើយដេរថ្នេរខ្មៅខ្វែងជើងក្អែងជាជួរប្រើធ្វើជាមាត់ ភ្នែកមូលក្លំខ្មៅមួយគូធំៗ ដេរជាប់ដោយឡេវធំពីរ មួកក្ដោងធំទូលាយពាក់នៅលើក្បាល…បើជាពេលធម្មតា រូបរាងទីងមោងនេះ មើលទៅវាសមតែគួរឱ្យអស់សំណើចកំប្លែងច្រើនជាង ប៉ុន្តែពេលនេះក្នុងក្រសែភ្នែករបស់គាត់ ទីងមោងកំប្លែងនេះ វាមានអារម្មណ៍ថាចម្លែក គួរឱ្យខ្លាចទៅវិញ។
រឿងមួយដែលធ្វើឱ្យពូសុខរឹតតែភ័យនោះគឺ…
“អ្ហេហ៍? នេះអញកំពុងស្ថិតនៅក្នុងវាលស្រែអំបិលឬ? ហេតុ…ហេតុអ្វីទីនេះ…ទីនេះមាន…មានទីងមោងទៅវិញ?”
ពូសុខ ញ័រខ្លួន រំជួលចិត្ត រឹតតែគិតរឹតតែគួរឱ្យខ្លាច…គាត់ប្រាកដណាស់ លើកនេះ…លើកនេះគាត់ចួបខ្មោច!
គាត់ពិតជាបានឃើញខ្មោចមែន! ស្រាប់តែពេលនោះ ក្បាលទីងមោង ហាក់បីដូចជាមានគេទាញវិលមួយជុំ៣៦០ដឺក្រេ ងាកមកមើលសម្លឹងមុខគាត់ចំតែម្ដង…ថ្នេរស្នាមខ្មៅដែលដេរធ្វើជាបបូរមាត់ដែលធ្លាប់ត្រង់ ប្រែរូបរាងរឹតតែកោងច្បាស់ លេចចេញជាស្នាមញញឹម ជួ្រញដល់ជិតកន្ទុយភ្នែក…
ភាពផ្លាស់ប្ដូរ កាយវិការរបស់ទីងមោងមួយរំពេចភ្លាមៗនេះ ធ្វើឱ្យពូសុខ រន្ធត់គាំងភ័យ ដួលទច់ផ្អកផ្ងារក្រោយនឹងដី បើកភ្នែកធំៗ ភ័យញ័រខ្លួនទទ្រើត ខ្លាចឡើងបបូរមាត់ខ្លួនពណ៌ស្វាយ…
“ខ្មោច…ខ្មោច…”
“សុខអើយ…នេះមិត្តចាស់យើងតើ…សុខហ្អា៎ ភ្លេចម្នាក់នេះហើយឬ? ឃើញមុខគ្នារាល់ថ្ងៃតើ…”
ច្បាស់ណាស់ សំឡេងនោះចេញពីទីងមោងនេះ…
រំពេចនោះ ស្រាប់តែទីងមោងនោះ ទ្រេតខ្លួនចុះនៅចំពោះមុខគាត់ដែលកំពុងអង្គុយដង្ហក់ភ័យនិងដី ហាក់ដូចជាវាចង់ឱ្យគាត់ឃើញមុខឱ្យច្បាស់ ចំណាំថាវាជាអ្វី…
“មិនអាចទេ….មិនអាចជាឯងទេ!”
ពេលឃើញរូបរាងច្បាស់របស់អ្នកនៅខាងមុខ…ទីងមោង…ទីងមោងនេះជាទីងមោងតែមួយដែលដាក់នៅជាប់កាំជណ្ដើរនៅមុខផ្ទះគាត់!
“ទេ…ទេ មិនពិតទេ! ច្បាស់ណាស់ មិនអាចជាទីងមោងចង្រៃនោះទេ! ទីង…ទីងមោងនោះ អញ…អញដុតវា ឆេះ…ឆេះខ្ទេចអស់ហើយ!”
“សុខអើយ…ឯងឃោរឃៅ…ឃោឃៅខ្លាំងណាស់!”
ស្រាប់តែពេលនោះ ធ្នេរមាត់របស់ខ្មោចទីងមោង ប្រេះចំហរដូចគេហែក ចង្កូមធ្មេញស្រួចតូចធំរបស់សិប ហាតម្រង់ទៅកាន់គាត់…
“ទេ កុំ…កុំ…កុំ…កុំស៊ីអញអី…ខ្ញុំ…ខ្ញុំខ្លាច…ខ្លាចហើយ..”
ពូសុខរំជួលចិត្តភ្លាមៗ ញ័រខ្លួនទទ្រើក បែកញើសជោកអស់ពេញខ្លួន កន្លែងដែលគាត់អង្គុយចាប់ផ្ដើមសើមជោគដោយទឹកហូរចុះមកភ្លៅខោរបស់ខ្លួនដោយមិនដឹងខ្លួន។
ពូសុខភ័យខ្លាចខ្លាំងពេក រកស្ទុះងើបរត់គេចពីវា តែជើងទាំងពីររបស់គាត់ស្រាប់តែខ្សោយគ្មានកម្លាំង មិនអាចឈរបាន…ដឹងដូច្នេះគាត់ប្រើដៃទ្រខ្លួនលើដី ហើយវារថយក្រោយ ប្រឹងគេចពីវា…ប៉ុន្តែ ទីងមោងខ្មោច មិនព្រមលែងគាត់ឡើយ…ធ្មេញចង្កូមដ៏មុចស្រួចរបស់វា បានខាំត្របាក់ខ្មងជើងរបស់ពូសុខដាច់ដូចមិនពិបាកអ្វី…បាចឈាមរហាចលេចចេញពីស្នាមរបួស
“អួយ៍…ឈឺ! ជួយផង…ជួយផងខ្ញុំ…” ពូសុខ ទួញស្រែកឈឺដោយសោកសង្រេង…ភ្នែកគាត់ពេញដោយភាពតក់ស្លុត និងក្ដីឈឺចាប់ពេលឃើញទីងមោងខ្មោច ដើរមកកាន់តែជិតខ្លួន ខណៈក្នុងមាត់វាកំពុងខាំទំពារស៊ីសាច់ជើងស្រស់របស់ខ្លួន តំណក់ឈាមហូរស្រក់ចុះ ប្រឡាក់ពេញលើដីស្រែ…
ពូសុខ បានត្រឹមតែភ័យស្លបញ្ឈរភ្នែក មើលឃើញខ្លួនឯងក្លាយជាចំណីសម្រាប់ទីងមោងខ្មោចមួយនេះ…ស៊ីទាំងរស់ម្ដងបន្ដិចៗ ឈឺចុកខ្លោចផ្សាក្រៃលែង រហូតដល់ដង្ហើមចុងក្រោយ….គាត់បានត្រឹមតែសោកស្ដាយកំហុសរបស់ខ្លួន…បើគាត់កុំបំពានលើរូបអ្នកដទៃ ថារឿងនេះនឹងកើតមានចំពោះរូបគាត់ឬទេ?
ព្រឹកស្អែកឡើង
មនុស្សម្នាក្នុងភូមិនាំគ្នាផ្អើលឈូឆរ ចោមរោមជុំគ្នាមើលនៅកន្លែងកើតហេតុ ដ្បិតការបាត់ខ្លួនរបស់ពូសុខ ជារឿងមួយដែលចម្លែកបំផុត ព្រោះ….
រាងកាយសាកសពរបស់ពូសុខត្រូវបានបាត់សូន្យរកមិនឃើញ! គេឃើញមានតែសំណល់គំនរសម្លៀកបំពាក់ចាស់របស់គាត់ ដាក់គរនៅលើដីជាមួយស្លាកស្នាមឈាមពណ៌ក្រហមជាំឡើងខ្មៅចាស់…បន្សល់ទុកនៅត្រង់ទីនោះតែប៉ុណ្ណោះ។ អ្វីដែលរឹតតែគួរឱ្យប្លែកសង្ស័យទៀតនោះ គឺនៅក្បែរកន្លែងកើតហេតុ គេឃើញមានរូបទីងមោងឈរសំកាំងនៅទីវាលស្រែ ដែលទីងមោងរូបនេះជាទីងមោងតែមួយដែលដាក់នៅជាប់កាំជណ្ដើរផ្ទះរបស់គាត់!
[ចប់ការនិទាន ធាណា]
បច្ចុប្បន្ន
“អ្នកគ្រូ នេះហើយជាហេតុផល ជំនឿអ្នកភូមិរស់នៅក្នុងតំបន់នេះ…គ្រប់គ្នាជឿថា ទីងមោងនៅលើស្រែមួយនោះ មានវិញ្ញាណសណ្ឋិត…បើយើងមិនរំពានគេ គេក៏មិនព្យាបាទយើងដែរ” ធាណា និយាយប្រាប់បញ្ជាក់បន្ថែម
“អ្ហះ! នេះគួរឱ្យខ្លាចណាស់ អ្នកគ្រូ!” កូនសិស្សម្នាក់ឧទាន
“អ្នកគ្រូ…ខ្ញុំ..ខ្ញុំចង់ទៅផ្ទះវិញ” កូនសិស្សដទៃទៀត ឧទានឡើង ពោលដោយខ្លាចរអាលែងហ៊ានសម្លឹងមើលទៅកាន់ទីងមោងនោះទៀត ហើយម្នាក់ៗខ្លាច គិតចង់ត្រលប់មកផ្ទះ ជាជាងមកលេងនៅទីនេះ… ឃើញសភាពបែបនេះ អ្នកគ្រូសោភា ជ្រួញចិញ្ចើម រួចព្យាយាមនិយាយផ្លាស់ប្ដូរបរិយាយកាសមកវិញ
“ប្អូនៗទាំងអស់គ្នា…នេះអ្នកគ្រូសួរទៅមើល យើងទាំងអស់គ្នា ជាសិស្សល្អ កូនល្អ ស្តាប់បង្គាប់ម៉ាក់ប៉ារបស់ខ្លួនមែនទេ?”
“បាទ/ចាស៎ អ្នកគ្រូ!” សិស្ស ទាំងអស់ពោលស្រុះគ្នាឡើង
“អ៊ីចឹង ពួកប្អូនជាក្មេងល្អ ច្បាស់ជាបងទីងមោង គាត់មិនធ្វើបាបអ្វីដល់ពួកប្អូនឡើង…រឿងធាណា និយាយប្រាប់នោះ ព្រោះបងទីងមោង ធ្វើបាបតែអ្នកអាក្រក់ ធ្វើអំពើមិនល្អតែប៉ុណ្ណោះ! ត្រូវទេ ប្អូនៗទាំងអស់គ្នា?”
“បាទ/ចាស៎ អ្នកគ្រូ! ពួកខ្ញុំជាក្មេងល្អ”
“អ៊ីចឹង ពួកប្អូនមានអ្វីត្រូវឱ្យខ្លាចនោះ! ហ្អាស់? នេះយើងក៏៏ដល់កន្លែងត្រូវមកទស្សនៈកិច្ច…តោះ! ត្រៀមខ្លួន រៀបចំថតរូបក្រុម មុននឹងត្រូវដើរលេងនៅទីនេះ…”
“Yeahhh” សំឡេងហ៊ោកញ្ជៀវរបស់សិស្សក្នុងឡាន ពេលឮពាក្យថា«ថតរូប»
…ម្នាក់ៗចាប់ផ្ដើមភ្លេចពីភាពភ័យខ្លាចពីការនិទានរឿងទីងមោងខ្មោច ប៉ុន្ដែគ្រប់គ្នា ភ្លេចខ្លួនមិនបានចាប់អារម្មណ៍ទេថា…ទីងមោង ដែលនៅស្ងៀម ឱនក្បាលចុះ មិនបង្ហាញមុខខ្លួនឯងនោះ កាលគេឃើញពីមុន តែពេលនេះ ស្រាប់តែមានចលនាឡើង ងាកប្រែក្បាលខ្លួនឯង បែររេជាមុំ១៨០ដឺក្រេ ងាកសម្លឹងមើលទៅកាន់ឡានដែលខ្លួនគេកំពុងចត…បបូរមាត់កោងវែងស្ទើរដល់ចុងភ្នែកខ្លួន ញញឹមគួរឱ្យព្រឺកាន់ដល់អ្នកទាំងនោះ៕
ចប់