រឿង៖ សន្យាលើដែនកោះ

សម្រាប់ខ្ញុំ ពាក្យសន្យាគឺជាការកុហក ដែលមិនទាន់ត្រូវបានគេវែកមុខ។ ខ្ញុំមិនអាចចាំបានថា លើកចុងក្រោយបង្អស់ដែលខ្ញុំបានសន្យា គឺជារឿងអ្វី ហើយ​ជាមួយអ្នកណាឡើយ ព្រោះប៉ិនសន្យាពេក។

ជាការពិត ខ្ញុំអត់ល្អឥតខ្ចោះនោះទេ។

ខ្ញុំជាមនុស្សម្នាក់ធម្មតាៗ ប៉ុន្តែជីវិតបានបង្រៀនខ្ញុំឱ្យដឹងថា មនុស្សគ្រប់គ្នាដូចខ្ញុំអ៊ីចឹង គឺថាបើសិនងាយភ្លេច​ក៏និយាយសន្យា។

នៅពេលដែលយើងកំពុងសប្បាយចិត្តឬក៏រំភើបនឹង​អ្វីមួយ យើងតែងតែហ៊ានសន្យា។ យើងប្រើបេះដូងមកសន្យាដដែលជាដដែល ហើយភ្លេចវាទៀត។

នៅកោះកុងនេះ ​ខ្ញុំបានស្គាល់មនុស្សប្រុសពីរនាក់ អ្នកទីមួយឈ្មោះថា សុភ័ក្រអ្នកទីពីរឈ្មោះថា វីន។  ទាំងពីរនាក់ត្រូវបានខ្ញុំស្គាល់ពីកន្លែងខុសគ្នា ម្នាក់គឺនៅក្បែរផ្ទះខ្ញុំតាំងពីតូចហើយវីនតែងតែធ្វើល្អជាមួយខ្ញុំ ។ រឿងដំបូងដែលខ្ញុំចាំបានគឺ​ខ្ញុំបាន​ឈ្លោះគ្នាជាមួយគេ​កាលពីខ្ញុំអាយុបានប្រាំបួនឆ្នាំ វីននេះបានយកកូនក្រមុំដែលខ្ញុំស្រលាញ់បំផុតទៅគប់ចោល​ក្នុងគំនរសម្រាមក្បែរ ព្រៃកោងកាងដោយសារ​ខ្ញុំរពឹសដៃយក​ប៊ិចគូសជា​សញ្ញាខ្វែងខ្មៅៗជាច្រើនលើសៀវភៅ​របស់គេ។

ពេលនោះខ្ញុំយំជាខ្លាំងរហូតដល់វីនធំឡើងបន្តិច​ក៏បានទៅធ្វើការនៅច្រក​ព្រំដែន​ចាំយាម។ គេ​លបលាក់ធ្វើសំណង់កាស៊ីណូក្រៅម៉ោងសិក្សាហើយទិញកូនក្រមុំមួយមកសងខ្ញុំ។ ពេលនោះខ្ញុំឈប់លេងកូនក្រមុំហើយប៉ុន្តែខ្ញុំចាប់ផ្ដើមចង់សាកល្បងលេងជាមួយនឹងល្បាយមនោសញ្ចេតនា។

 ទើបតែបាន វ័យដប់ប្រាំមួយឆ្នាំពេលនោះ វីនគឺជាមនុស្សប្រុសដែលខ្ញុំយល់ថាសង្សារ ចំណែក​គ្រប់គ្នានៅតំបន់ភូមិអ្នកនេសាទនេះ តែងតែងទទួលស្គាល់ថា​ ពិតជាមានរឿងស្នេហាបរិសុទ្ធ​មួយកើតឡើងតាំងពីយូរ​មក ស្រីនិងប្រុស​ពីរនាក់ ស្គាល់គ្នាពីតូចរហូតដល់យើងធំ ចាន់ណា ជាខ្ញុំហើយគេគឺវីន។

ក្រោយមកទៀត ឡើងថ្នាក់ទីដប់ មករៀននៅវិទ្យាល័យឆ្ងាយពីផ្ទះខ្ញុំបានស្គាល់សុភ័ក្ត្រ។ គេជាកូនថៅកែ បោះដុំគ្រឿងសមុទ្ទហើយឮសូរថាប៉ាម៉ាក់គេធ្លាប់រកស៊ីខ្លឹម​ចន្ទ។

ក្រោយមកត្រូវប៉ូលិសព្រមាន គាត់ក៏ឈប់រកស៊ីរបរហ្នឹងវិញ។

គ្រួសារសុភ័ក្រមានបានគួរសម បណ្តាលឱ្យគេមានអ្វីជាច្រើនដែលវីនមិនមាននោះទេ។

ពាក្យសន្យារបស់ខ្ញុំជាមួយវីនដែលថា យើងនឹងរៀបការជាមួយ​គ្នាពេលធំឡើងបានក្លាយទៅជាអសារបង់នៅក្នុងអតីតកាល។

វាមិនដែលជារឿងសំខាន់នោះទេ ។

ពេលមានសុភក្ត្រ័ជាសម្ងាត់ក្នុងបេះដូងនេះ​ ខ្ញុំតែងតែប្រាប់អ្នកឯទៀតថា អ្នកណាក៏មានអតីតកាលដែរ។ ជីវិត​យើង ត្រូវតែឆ្ពោះទៅមុខ។

មានក្រមុំៗ នីត ដាវ៉ាន់ឬ ផានី ដែលតែងតែច្រណែននឹងខ្ញុំ អ្នកទាំងបីគឺជាកូនអ្នកភូមិដូចគ្នា រៀនមិនចេះ ម៉ែឪឱ្យឈប់រៀន​មកកាត់ដេរនិងលក់បាយវិញ។

ម្នាក់ៗតាមមើលវីនយូរមកហើយ ប៉ុន្តែប្រុស​គេ​មិនរវល់។

គេតែទំនេរពីការងារគិតតែមករវល់ជាមួយខ្ញុំ ទិញផ្លែឈើថៃពីព្រំដែនចាំយាម​ទាំងបេៗ(បាវ)មកផ្គាប់ម៉ាក់ប៉ាខ្ញុំ។

ភ្លេចប្រាប់រឿងមួយឈឹង ម៉ាក់វីន និងម៉ាក់ខ្ញុំមិនសូវត្រូវគ្នាទេ។ តាំងពីដើមឆ្នាំ៩០ប្លាយ មកគ្រួសារទាំងពីរពាក់មុខយក្សដាក់គ្នាដោយសារតែយើងមានទូកនេសាទដាក់ក្នុងតំបន់ជាន់ជា​មួយគ្នា ដែលភាគច្រើន​ទូកម្តាយខ្ញុំ ដើរប្រមូលទិញគ្រឿងសមុទ្ទ បានច្រើនជាងគ្រួសារវីន។

 នៅយប់មួយ ក្រោយពេលដែលខ្ញុំបានធ្វើឱ្យវីនឈឺចាប់នឹងការគេចមុខ ប្លុកហ្វេសប៊ុក ចុងក្រោយគឺដល់ការណាត់ជួបបង្ហើយដើម្បីប្រើពាក្យបែកគ្នា។

ពេលមកដល់ភ្លាម​គក៏និយាយឡើងថា៖

«ហើយ….ត្រឹម​ជួបគ្នាសោះ ចាំបាច់ឱ្យប៉ាមកតាម​ដែរ?»

ព្រោះប៉ាខ្ញុំនៅឈរចម្ងាយប្រហែលជាម្ភៃម៉ែត្រពីយើង ។ គាត់ធ្វើជាដើរចុះដើរឡើងនៅលើឆ្នេរ តាមពិតខ្ញុំសុំឱ្យគាត់មកតាមជួយមើលខ្ញុំ ព្រោះខ្ញុំបានប្រាប់ប៉ាម៉ាក់ខ្ញុំថា ជាថ្ងៃដែលខ្ញុំត្រូវនិយាយគ្នាជាមួយវីនផ្តាច់ព្រ័ត្រ ។

ឮកាលណា​ខ្ញុំស៊កឱ្យវីនវិញ៖

«ធម្មតា កូនគេក្រមុំ! គេមកតាមការពារ​មានអីប្លែកទៅ?»

ខ្ញុំនិយាយដោយក្រពាត់ដៃ បង្ហាញ​ថាធុញណាស់​មិនចង់ចំណាយពេល​ជួបគ្នាយូរអីទេ។

នេះខុសពីមុនស្រឡះដែលយើងស្និទ្ធស្នាលណាស់ ដូចជាគូស្នេហ៍ចេញមុខ។

ខ្ញុំដឹងថា វីនឈឺចាប់។ ទឹកមុខគេនៅមិនដាច់អាល័យពីស្នេហារបស់យើងពីក្មេង ប៉ុន្តែខ្ញុំដូចជាមិននៅចងចាំអ្វីច្រើនទេ។

គេថាឱ្យខ្ញុំកប់ៗ៖

«ខ្ញុំហ្នឹងចោរថៃ ឬមួយ​ចោរទឹក?  កោត! ភ្លេចពាក្យសន្យាបាន! »

ខ្ញុំធ្ងល់មុខខឹង។​ សន្យាស្អី​ចាំមិនបានសោះ​តែក៏ខ្ជិលឈ្លោះខ្ជិលឆ្លើយ។  

«ចាន់ណាឯងប្រាប់ប៉ាខ្លួនទៅ ​មិនបាច់យាមច្រើនទេ ! បើគេចេះអាក្រក់ ស្មានថារួចខ្លួន?»

ដោយសារពាក្យនេះ​ខ្ញុំឈប់និយាយរកវីនតែម្តង។ ខ្ញុំមិនដែល​គិតថា​បានធ្វើអ្វី​ខុសទេសម្រាប់រឿងជាមួយវីន។

មនុស្សនៅតូច នៅក្មេង និយាយស្ដីសម្ដីកូនក្មេងយកជាការអីបានដែរ?

ទោះយ៉ាងណា ម្ដងហើយម្ដងទៀត វីនមិនយល់ព្រមបែកចេញពីខ្ញុំសោះ ទោះខ្ញុំខាននិយាយរកគេពីរខែមកហើយក៏ដោយ។ សូម្បីតែផ្លូវណាមាន​ស្រមោល​គេឬម្តាយគេ​ ខ្ញុំក៏មិនដើរកាត់ដែរ។

ខ្ញុំសង្ឃឹមថាថ្ងៃណាមួយ​ខ្ញុំ បានចាកចេញពីភូមិនេសាទ ទៅនៅកន្លែងឆ្ងាយមួយ ប៉ុន្តែទៅជាមួយសុភ័ក្រដោយមិនមានពេលវែកញែក​អតីតកាលអីឱ្យមកជាប់ជាស្រមោលអន្ទោល​តាមប្រាណរបស់ខ្ញុំទេ។

នៅព្រលប់មួយ ដែលជាលើកចុងក្រោយនៅប្របឆ្នេរសមុទ្ទកោះកុងសុភ័ក្របាននិយាយនឹង​ខ្ញុំថា គេត្រូវចេញទៅរៀនបន្តនៅភ្នំពេញ ប៉ុន្តែគេសន្យាថាមិនមើល​ ស្រីណាផ្សេងនោះទេ។

ដ្បិតតែប៉ាម៉ាក់គេ ចង់ឱ្យគេ​ចេញទៅបន្តការរៀនបរិញ្ញា​នៅខេត្ត​ត្រាតប្រទេស​ថៃដូចកូនអ្នកកោះផ្សេងៗដែលគេធូរធារ បែរសុភ័ក្រគេជ្រើសទៅភ្នំពេញ​វិញព្រោះម្យ៉ាង គេដឹងខ្ញុំរៀនពូកែ​គង់តែខ្ញុំចប់បាក់ឌុបឡើងទៅតាមក្រោយមិនខាន​។

សុភ័ក្របាន​សន្យាដាច់អហង្កាថា មិនស្រលាញ់ស្រីណា ថែឱ្យខ្ញុំសន្យាដែរថា មិនពាក់ព័ន្ធជាមួយកំលោះណា​ផ្សេង។

ដោយការពិបាកចិត្ត អារម្មណ៍បែកទាំងស្រលាញ់ជាអារម្មណ៍ឈឺចាប់ខ្លាំង។ យប់នេះយើងជិះម៉ូតូឱបចង្កេះគ្នា​និងមិនចង់ចូលផ្ទះវិញសោះ។

ខ្ញុំក៏បានជ្រុលជ្រួសខ្លួនប្រាណជាមួយគេ។ ក្រោយគ្រប់យ៉ាងក្លាយជាបែបនេះ​ខ្ញុំរំអុកឱ្យគេ​ចូលស្តី​និងភ្ជាប់ពាក្យទុក ហើយ​ពេលនោះគេបានរកគ្រប់វិធី​ឱ្យពុកម្តាយគេចូលបាន​មែន បើមិនដូចនេះ គេថានឹងមិនទៅរៀន​។

ពិធីឆីស្លា​បានរៀបចំ​តិចតួច។

ក្រោយមកពីរបីថ្ងៃ ខ្ញុំឮដំណឹង​ថា វីនចេញពីភូមិទៅធ្វើការ​នៅបាងកក។

ខ្ញុំមិនរវល់ច្រើន ព្រោះគិតថាមិនរវល់ល្អជាង។

ចំពោះសុភ័ក្រ ខ្ញុំតែងរំអុកផ្ញើអ៊ីមែលទៅរកគេរាល់យប់ មិនលោះមួយថ្ងៃណា។ បើពេលណា​ខ្ញុំឃើញមាននារីជាច្រើនដែលស្អាតៗនិងហ្វ្រេនជាមួយគេនៅលើប្រូហ្វាល ខ្ញុំរករឿង​អត់និយាយរកគេ​ ឱ្យគេមកលេងខ្ញុំនៅកោះវិញ​ទាល់តែបាន។

ខ្ញុំតែងទាយទុកថា បើគេមិនឆាប់រៀបការ​ ថ្ងៃណាមួយគេនឹងក្បត់ខ្ញុំព្រោះគេ​ទៅនៅភ្នំពេញចោលខ្ញុំ ប៉ុន្តែគេបានសរសេរមកខ្ញុំជាញឹកញាប់ថាគេនៅឯណោះមិនស​ប្បាយចិត្ត​ទេ ។

ចំពោះគេ​ជាមនុស្ស​ស្រគត់ស្រគំ និងច្បាស់លាស់ណាស់ បើគេនិយាយថាធ្វើអ្វីមួយគេនឹងធ្វើវាឱ្យបាន។

« ខ្ញុំជឿម្ដេចទៅ មនុស្ស​នៅឆ្ងាយពីគ្នា?»

«ចាន់ណាជឿឬមិនជឿ បងមិនមាន​អីនិយាយ ព្រោះបងជឿលើចិត្ត​ខ្លួនឯង!»

«សូម្បីតែខ្លួនខ្ញុំ ក៏មានករណីលើកលែង ឱ្យខ្ញុំជឿមនុស្ស​ប្រុសម្នាក់ដែលភ្ជាប់ពាក្យខ្ញុំទុកចោល!»

«ត្រូវជឿលើខ្លួនឯង​អូនជាស្រីល្អបំផុតដែលបងបានជួប បងមិនស្រលាញ់ស្រីភ្នំពេញ​ទេ! បងសន្យា!»

ការសន្ទនា​របស់យើង មិនដែលមានអីក្រៅពី​ការងរង៉ក់​ និងមិនទុកចិត្ត​ក៏​ដូចជា ពាក្យសន្យានេះនុះ​​ចុះឡើងពីខាងគេ​។

ប៉ុន្តែ ខាងខ្ញុំ ខ្ញុំតែប្តេជ្ញា​នឹងធ្វើឱ្យប្រាកដថាគេមិនអាចរស់នៅដោយគ្មានខ្ញុំ គឺខ្ញុំនឹងធ្វើឱ្យអស់ពីលទ្ធភាពដើម្បីបង្ហាញថា ខ្លួនឯងគឺជាម្ចាស់របស់គេ គេ​ត្រូវទទួលខុសត្រូវចំពោះខ្ញុំ។

ដោយសារ​តែ​ចង់ឱ្យ​ស្រីទាំងអស់នៅលើបណ្ដាញសង្គមជាពិសេសស្ត្រីដែលភ្នំពេញស្គាល់ភ័ក្រទាំងអស់ ដឹងថា ខ្ញុំគឺជារបស់គេហើយគេគឺជារបស់ខ្ញុំ យើងក៏ផុសរូបជាមួយគ្នា និងដាក់Relationship។

ទោះបីជាសុភ័ក្របាន​យល់ព្រមតាមខ្ញុំសព្វបែបយ៉ាង ជារៀងរាល់ថ្ងៃ និងយល់ខ្ញុំនៅតែ​មានអារម្មណ៍ថាកាន់តែត្រូវការពាក្យ​សន្យាច្រើនឡើងៗ។

ខ្ញុំអង្គុយនៅលើឆ្នេរចាស់ដែលយើងតែងតែអង្គុយជជែកគ្នាហើយថតរូបសែលហ្វ៊ីធ្វើទឹកមុខក្រៀមក្រំ ទាំងតាមពិតខ្ញុំអត់សូវក្រៀមក្រំទេ ប៉ុន្តែខ្ញុំត្រូវការ ឱ្យគូដណ្តឹង​ចាប់អារម្មណ៍ខ្លាចគេ​ចេញពីរៀន ដើរលេង​នៅកន្លែងហាងឡូយៗ ចោលខ្ញុំ។

ធម្មជាតិ​របស់សុភ័ក្ត្រគឺជាមនុស្សស្លូត ។

គេដូចជាវីនដែរ ស្រលាញ់មួយ​ដឹងមួយ គ្រាន់តែវីននៅក្មេងឆេវឆៅនិងប្រចណ្ឌច្រើន ហើយចំណែកសុភ័ក្រតែងតែអត់ធ្មត់ធ្វើអ្វីៗមួយៗ តាមចិត្តខ្ញុំ ចំណែកពេលហានិយាយអ្វីៗ​ក៏​រើសតែពាក្យណា​ដែលខ្ញុំចង់ឮ ។

មាននារីម្នាក់ឈ្មោះចូលី ប្រហែលអ្នកភ្នំពេញ​ខ្ញុំឃើញ​មាន​នាង​មកlikeឬស៊ែរអ្វី​ៗ សូម្បីតែQuoteឬព័ត៌មាន​កូវីដ​ដែល​សុភ័ក្រផុសរហូត។ សម្គាល់យូរហើយ ខ្ញុំចូលមើលស្រីម្នាក់នោះដល់ប្រូហ្វាល់នាង ឃើញនាង​ឡូយខ្លាំង និងតែងខ្លួនដូចថៃ។

ខ្ញុំអន់ចិត្តណាស់ ខ្ញុំប្រាប់គេឱ្យប្លុកនាងចោល ព្រោះខ្ញុំមិនពេញចិត្ត​។ ដោយមិនឃើញ​គេធ្វើតាម​ខ្ញុំ យប់នោះខ្ញុំគេងទាំងមិនសប្បាយចិត្តជាខ្លាំងមិនតបឆាតគូដណ្តឹងទេ។

ស្រាប់តែព្រឹកឡើង ខ្ញុំឃើញសុភ័ក្រផុសរូបខ្ញុំជាចំហ ហើយសរសេរថា «ការសន្យា មិនចាំបាច់ទេ បើសិនអ្នកជាមនុស្សស្មោះត្រង់ដែលអាចទុកចិត្តបាន »

ខ្ញុំសប្បាយចិត្តដូចហោះដុះស្លាបបាន ពីព្រោះគេបានបង្ហាញរូបពួកយើង​ពាក់ខ្សែករភ្ជាប់ពាក្យ​។

«កូនឯងត្រូវប្រាប់វាឱ្យឆាប់នាំម្តាយមកគិតរើសថ្ងៃខែរៀបការ !»

ម្ដាយខ្ញុំនិយាយរឿងរៀបការជានិច្ចមួយរយៈចុងក្រោយ​នេះ ។ ពេលដែលគាត់កំពុងលាងចានចំណែកខ្ញុំនៅអង្គុយ​លេងទូរស័ព្ទមិនសូវជួយអ្វីម្តាយឡើយតាម​បែប​ខ្ញុំជាស្រីស្អាត។

ម្តាយខ្ញុំលំបាកពេញមួយជីវិតមកហើយ ទោះបីជា​គាត់មានកូនស្រីពីរនាក់មែន តែ​ប្អូនខ្ញុំនៅតូចឆ្ងាយ​ណាស់ ទើបតែអាយុប្រាំពីរឆ្នាំនាងរៀនថ្នាក់ទីពីរ ចំណែកខ្ញុំវិញរៀនថ្នាក់ទីដប់ពីរហើយប៉ុន្តែនៅតែមិនជួយការងារផ្ទះអ្វីច្បាស់លាស់​ច្រើនដដែល។

 ទោះបីយ៉ាងណាម្តាយខ្ញុំមិនដែលបន្ទោសទេ ព្រោះគាត់ស្រលាញ់ខ្ញុំ។ ម៉ាក់តែង​សង្ឃឹម​ថាខ្ញុំនឹងមានផ្ទះនៅភ្នំពេញ ។ គាត់ប្រាប់ខ្ញុំថា ដៃរបស់ខ្ញុំស្រលូនដូច្នេះខ្ញុំត្រូវបានប្តីជាអ្នកមាន គាត់មិនចង់ឱ្យខ្ញុំខូចដៃជើងដោយសារការងារផ្ទះលំបាកៗដូចគាត់នោះទេ។

ខ្ញុំមិនមែនជាមនុស្សងប់ងល់នឹងសម្រស់ទេប៉ុន្តែខ្ញុំជាមនុស្សដែលទាមទារការចាប់អារម្មណ៍​ហើយ ខ្ញុំវិញក៏ចាប់អារម្មណ៍​មនុស្សប្រុសណា​ដែលឡូយជាងគេប្រចាំភូមិដែរ។

មកដល់ថ្ងៃនេះមនុស្សប្រុសម្នាក់ បានផ្លាស់មកនៅកោះកុងក្តៅៗ។

គេប្រាប់ថាជាអ្នកកំពង់សោម។ រូបរាងគេខ្ពស់ស្រឡះសម្បុរស មុខជាកូនចិនគេមានឈ្មោះថា សេងឃាង។  តួនាទីរបស់គេគឺធ្វើការធនាគារ តែមិនដឹងតំណែងអ្វីទេ ជាធនាគារក្នុងខេត្តយើង។

ដោយសារ​គេមករកជួលបន្ទប់ដាក់ខែ ម្ដាយខ្ញុំតែង​មាន​រៀបចំបន្ទប់ពីរ​ ខាងក្រោយ​ផ្ទះ សម្រាប់រកចំណូលបន្ថែមខ្លះ ។ ឪពុកខ្ញុំយល់ព្រមជួលឱ្យគេភ្លាម ខុសទម្លាប់គាត់ពីមុនដែលត្រូវស៊ើបសួរសាវតាខ្លាំងក្លា ដោយសារឥឡូវនេះ គេមាន​ជំនាញគណនេយ្យ ជាជំនាញ​ដែលប៉ាខ្ញុំឱ្យតម្លៃខ្លាំង។

បើសិនជា គេនោះអាចជួយបង្រៀនខ្ញុំពីហិរញ្ញវត្ថុគាត់សប្បាយចិត្តខ្លាំងណាស់ ។

ប្រវត្តិប៉ាខ្ញុំពីក្មេងៗ រកស៊ីប្រមូលទិញផលសមុទ្ទ​បម្រើឈ្មួញធំៗតាំងពី២០​ឆ្នាំ ។ គាត់ធ្លាប់ជាអ្នកសិក្សាផ្នែកគណនេយ្យវគ្គខ្លី ប៉ុន្តែរៀនមិនបានចប់ដោយសារស្ថានភាពសុខភាពរបស់ឪពុកម្ដាយគាត់មិនអាចទ្រទ្រង់ការសិក្សាតទៀតបាន ដូច្នេះហើយគាត់ចង់ឱ្យខ្ញុំសម្រេចក្ដីស្រមៃរបស់គាត់។

បន្ទប់របស់បង​សេងឃាងម្នាក់នេះ​នៅឆ្ងាយពីយើង ប៉ុន្តែវត្តមានរបស់គេដូចជាផ្កាយមួយរះចិញ្ចែងក្នុងផ្ទះខ្ញុំ។ ប្អូនប្រុសខ្ញុំដែលមានអាយុដប់ពីរឆ្នាំចូលចិត្តគេជាខ្លាំងហើយបង្រៀនគេឱ្យចេះចេញទូកផង ពេលខ្លះបង្រៀនគេឱ្យចេះមុជទឹកជ្រៅទៀត។

រយៈពេលពីរអាទិត្យប៉ុណ្ណោះ ខ្ញុំចាប់ផ្តើមគិតឃើញដល់ស្រមោលមនុស្សថ្មីនេះ។

ជាមួយគូដណ្តឹង ខ្ញុំក៏មិនសូវរំអុកគេ មិនសូវរករឿងគេ ហើយមិនបាន​ទៅ​ចាប់អារម្មណ៍ថា គេផុសអ្វីលើហ្វេសប៊ុកដែរ។ ព្រោះខ្ញុំអាល័យតែចាប់អារម្មណ៍ពីហ្វេសប៊ុក​អ្នកផ្សេងទៅហើយ ។

ព្រឹកមួយ ខ្ញុំបានអនុញ្ញាតឱ្យគាត់បង្ហាញខ្ញុំពីរបៀបធ្វើឯកសារចំណូលចំណាយ ។ បងសេងឃាង ហាក់ឆ្លៀត​បញ្ចេញការ​ចាប់អារម្មណ៍របស់គាត់ចំពោះខ្ញុំជាសម្ងាត់។ គាប់ជួនពេលនោះ ខ្ញុំឮប្អូនខ្ញុំសួរគាត់ថា មានអាយុប៉ុន្មាន ក៏បានដឹងត្រឹមពេលនោះថា គាត់ទើបតែបងខ្ញុំតែបួនឆ្នាំតែប៉ុណ្ណោះ បានន័យថាគាត់មានអាយុទើបតែម្ភៃបីឆ្នាំទេនៅពេលដែលខ្ញុំមានអាយុដប់ប្រាំបួនឆ្នាំ។

គាត់បានសុំខ្ញុំធ្វើជាមិត្តជិតស្និទ្ធ ហើយខ្ញុំបានយល់ព្រម។

ភ្លាមនោះយើង​បានក្លាយជាមិត្តល្អបំផុតប៉ុន្តែបេះដូងរបស់យើងចាប់ផ្ដើមចែករំលែកនូវអាថ៌កំបាំងនៃភាពរំភើបញាប់ញ័រ ញញឹម​ញញែមអៀនប្រៀនដាក់គ្នា។

ចាប់តាំងពី​មានការផ្តើម ខ្ញុំនិងបងសេងឃាង​បង្ហាញការយកចិត្តទុកដាក់គ្នាទៅវិញទៅមកលើសមុន សូម្បីតែបែកគ្នាពីខាងក្រៅបន្តិច ចូលក្នុងបន្ទប់គេងក៏ឆាតរកគ្នាដែរ។

ថ្ងៃមួយពេលដែលខ្ញុំឈឺគ្រុន​ផ្តាសាយធំ រលាក​បំពង់ករ  ម្ដាយខ្ញុំស្លន់ស្លោមិនដឹងធ្វើយ៉ាងម៉េចនៅអង្គុយកោសខ្យល់មើលថែខ្ញុំ ចេញមកវិញខ្ញុំឃើញគាត់ប្រមូលយកអាវនៅក្នុងផ្ទះខ្ញុំទាំងអស់យកបោកជ្រះដែលខ្ញុំមិនដែលរំពឹងទុកទេមនុស្សប្រុសមកពីទីក្រុងដូចគេ បែរជាមកជួយធ្វើការងារផ្ទះ បោសផ្ទះសម្អាតផ្ទះនិងដាំបាយទៀត។

ខ្ញុំមិនចង់ឱ្យគាត់ធ្វើបែបនេះចំពោះខ្ញុំឡើយប៉ុន្តែខ្ញុំពិតជារំភើបចិត្តជាខ្លាំងនឹងទង្វើ​របស់គាត់។ នៅពេលដែលម្តាយខ្ញុំយក​ខ្ញុំទៅគ្លីនិកព្រោះខ្ញុំកាន់តែមិនស្រួលពេលនោះហើយ​ម្តាយ​ខ្ញុំប្រាប់ថា បាយសម្លនេះគឺគាត់ជាអ្នកធ្វើ ។

ទីបំផុតម្ដាយខ្ញុំសម្គាល់ឃើញរឿងនេះ ដោយសារយើងលបសម្លឹងគ្នាដោយ​ស្និទ្ធស្នាលរាល់ពេលយើងញ៉ាំបាយជុំគ្នា។ ភ្លេចប្រាប់! តាំងពីមានរឿងដែលគេជួយក្នុងគ្រួសារខ្ញុំមក គេត្រូវគ្នាជាមួយទាំងខ្ញុំ ប្អូនៗខ្ញុំ។ ​ពួកយើងក៏បានសុំឱ្យគេមកញ៉ាំបាយជុំ ទុកគ្នាថា ជាគ្រួសារតែមួយ។

ឪពុកខ្ញុំដែលសប្បាយចិត្តណាស់ដែរ ចំណែកម្តាយខ្ញុំគាត់មិនសូវសប្បាយចិត្តទេ។

ថ្ងៃមួយពេលកំពុងតែធ្វើម្ហូបគាត់ខ្សឹបប្រាប់ខ្ញុំថា មនុស្សប្រុសបើគេស្រលាញ់យើងគេត្រូវតែចូលដណ្ដឹងចំណែកឯងមានគូដណ្តឹងហើយ ឱ្យច្បាស់លាស់មួយៗ។

ខ្ញុំបាននិយាយជាមួយគាត់វិញថា ខ្ញុំស្តាប់ពាក្យនេះច្រើនដង អាពាហ៍ពិពាហ៍គឺជារឿងគួរឱ្យរន្ធត់សម្រាប់យុវវ័យដូចយើងសូម្បីតែខ្ញុំក៏ខ្ញុំមិនទាន់ចង់រៀបការភ្លាមៗ ដែរខ្ញុំនៅមានអ្វីជាច្រើន​ចង់កសាងនៅក្នុងយុវ័យរបស់ខ្លួនឯង។

គាត់ថា គាត់មិនយល់អំពីជំនាន់ពួកខ្ញុំទេ គាត់ថា កាលបើរៀបការ​ឆាប់ទាន់ក្មេង ឆាប់ចេះគិត ចេះសន្សំ​លុយនិងពេញកម្លាំងរកលុយ​​។

បន្ថែមពីនោះ ម្តាយខ្ញុំសួរទៀតថា ចុះបើថ្ងៃណាមួយ សុភ័ក្រចាំយើងយូរពេក គេរកឃើញមនុស្សម្នាក់ដែលយល់ថាល្អជាង ហើយគេស្រាប់តែរករៀបការជាមួយបាត់ យើងមាន​តែឈ្មោះម៉េម៉ាយខាន់ស្លា?

ចំណែក​ប្រុស​ដែលនៅកៀកនឹងយើងនេះវិញ យើងមានចំណងអីទៅចងគេ?

ខ្ញុំនៅស្ងៀមមិនមាត់​តែខ្ញុំមិនចង់ចងអ្នកណាម្នាក់នោះទេ។

ខ្ញុំជាយុវជនយុវវ័យសម័យថ្មី ទោះយ៉ាងណា កើតមក ប្រុសដែលខ្ញុំចង់បាន​ខ្ញុំច្រើនតែ​បានមកជាមនុស្ស​ស្រលាញ់ខ្ញុំ។

ប៉ុន្តែយប់នោះខ្ញុំចេះSadមិនដឹងហេតុ។

ស្រាប់តែដេកយំម្នាក់ឯងហើមភ្នែក។

សុភ័ក្របាន​ឆាតមកសួរខ្ញុំថា មានរឿងអី? ​ខ្ញុំបានប្រាប់វិញថា ៖

«អត់អីទេ ប៉ុន្តែខ្ញុំពិតជាស្មុគស្មាញ​ណាស់! សម្រាប់ខ្ញុំពិភពលោកនេះគ្មានអ្វីជាការពិតទាំងអស់! »

ខ្ញុំនិយាយបែបនេះព្រោះសូម្បីតែខ្លួនខ្ញុំក្បត់ សន្យាជាមួយវីននិងភ័ក្រទៅហើយ។ រយៈពេលប្រាំពីរខែដែលសុភ័ក្រ បាន​ចាត់ទុកខ្ញុំថាជារបស់គេដដែល គ្រាន់តែគេខំរៀននិងខ្ញុំវិញ​ប្រាប់គេជាលេសថា ខ្ញុំមិនទាក់ទងគេទៀតព្រោះទុកពេលឱ្យគេធ្វើ Assignment ឱ្យបានល្អប៉ុន្តែខ្ញុំនៅតែជារបស់គេ។

ខ្ញុំមិនដឹងថា ខ្លួនឯងបានជាយកជើងមួយជាន់ទូកដល់ទៅពីរពីពេលណាមកទេ។

ជាន់បែបនេះ ថ្ងៃណាមួយ​ឆាប់ៗនឹងធ្លាក់ទឹកស្លាប់ហើយគេស្រែកជេរថាល្ងង់ផង។

ទោះបីម៉េច​ក៏ដោយ ក៏ដំរីស្លាប់ បាំងដោយចង្អេរម៉េចជិត។

ប៉ាម៉ាក់ភ័ក្រប្រហែលនាំរឿង​សេងឃាងទៅជម្រាបជម្រាប់កូនប្រុសគេ​សុភ័ក្រក៏ឡើងមកកោះកុង​វិញបន្ទាន់។ គេទាមទាររៀបការ ក្រោយខ្ញុំប្រលងរួច។

ពេលនេះ​សម្រាប់ខ្ញុំប្រៀបធៀប ភ័ក្រនៅរៀន ចំណែក​បងសេងឃាងមានការងារធ្វើហើយ។

ខ្ញុំមាន​មនុស្ស​ពីរនាក់ដែលខ្ញុំមិនចង់បាត់បង់ទាំងពីរ។ ស្អែកឡើងម្តាយខ្ញុំមកខ្សឹបប្រាប់ខ្ញុំដោយ​រីករាយថា ម្តាយ​របស់​សុភ័ក្រខលមកប្រាប់ពីរឿង​ចែកផ្ទះមួយឱ្យពួកយើងក្រោយរៀប​អាពាហ៍ពិពាហ៍។

ខ្ញុំក៏អរដែរ។ ពេលខ្លះក៏ជារឿងល្អសម្រាប់មនុស្សដែលកំពុងស្រលាញ់គ្នាអាចរៀបការនឹងគ្នា។ ដ្បិតតែខ្ញុំជាមនុស្សស្រីដែលមានសំណាងតែងតែទទួលបានការចាប់អារម្មណ៍តបមកវិញ​ជាវិជ្ជមាន​ពីព្រោះប្រុសៗណា​ដែលខ្ញុំចាប់អារម្មណ៍គេ បានន័យថាខ្ញុំក៏មានសម្រស់មិនអន់ ប៉ុន្តែវត្តមានរបស់បងសេងឃាង និង អាកប្បកិរិយាដ៏ស្និទ្ធស្នាលរបស់គេ រឿងភ្ញាក់ផ្អើលមួយចំនួនបន្តបន្ទាប់​ដែលគេដាក់ខ្លួនមកធ្វើលើគ្រួសារយើង កាន់តែធ្វើឱ្យបេះដូងរបស់ខ្ញុំស្រាលនិងលោតញាប់។

មធ្យោបាយទាំងអស់ដែលគេបង្ហាញមក ជាមួយ​ការ​ រស់នៅកាន់តែកៀកគ្នាឡើងៗ ជារៀងរាល់វិនាទីខ្ញុំចាប់ផ្ដើមភ្លេចរឿងទាំងពួងសូម្បីតែមនោសញ្ចេតនា​ជាមួយ​សុភ័ក្រ។

ខ្ញុំដឹងថានេះគឺជាសញ្ញាដ៏បុរាណនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍ ឬហៅ​អាក្រក់ស្តាប់ថា ខ្ញុំនេះសាវ៉ា តែយ៉ាងហោចណាស់វាជាជីវិតខ្ញុំ ជាសិទ្ធិរបស់ខ្ញុំក្នុងការ​ជ្រើសរើស។

មិនថា​ខ្ញុំជាមនុស្សដែលមានស្នេហាច្រើនពីអតីតកាល យ៉ាងហោចណាស់ខ្ញុំ ចង់សម្រេចចិត្តលើអនាគត​ដោយខ្លួនឯងហើយធ្វើតាមបេះដូងខ្លួនឯង។

 ដូច្នេះ ពេលទុំជោរមួយ​ដែល​ខ្ញុំគិតថាខ្ញុំកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍បងសេងឃាង  ពីព្រោះផ្លូវចិត្តនិងសុខុមាលភាពផ្លូវចិត្តរបស់ខ្ញុំរឹតតែប្រសើរឡើង សម្បូរ​ទៅដោយ​ភាពកក់ក្តៅពេលមានគាត់មកនៅក្នុងផ្ទះ ផ្កាភ្លើងស្នេហាលើកនេះ​បាននាំឱ្យខ្ញុំសម្រេចចិត្តមុះមុតឡើង។

នេះដូចជាខុសពីពាក្យមួយគេតែងតែ​និយាយថា ស្នេហាដំបូងគឺមានឥទ្ធិពលខ្លាំង ប៉ុន្តែសម្រាប់ខ្ញុំ មានអារម្មណ៍ថារវាងមនុស្សប្រុសទាំងបី ខ្ញុំលង់ជាមួយបងសេងឃាង ច្រើនជាងអ្នកមុនៗទាំងអស់។

ថ្ងៃនោះ ខ្ញុំសម្រេចចិត្ត​ថា សុំផ្តាច់ពាក្យនឹងសុភ័ក្រ។

ហេតុអ្វី​បាន​ជា​ការ​បែក​គ្នា​ពិបាក​ធ្វើ? សម្រាប់ខ្ញុំប្រសិន ប្រហែលមកពីអំឡុងពេលយើង​គិត​ចង់​​បែក​គ្នា​ជាមួយ​នរណា​ម្នាក់ ​អារម្មណ៍​ច្របូកច្របល់​អំពី​រឿងនោះធ្វើឱ្យយើងខ្លាច​។

យ៉ាងណាមិញ យើងមិនអាចមាន​ដៃគូពីរឬប្រើជីវិតបីនាក់រួមគ្នាទេ។

បើយើង មានអារម្មណ៍ប្រាកដក្នុងការសម្រេចចិត្តហើយ​ ការបែកគ្នា ជារឿងល្អ។

«សង្ស័យ​អីចេះខុស ជាមួយអាអ្នកកំពង់សោមហ្នឹងមែនអត់?»

សុភ័ក្រនិយាយមកខ្ញុំទាំងខឹង។

ខ្ញុំដឹងថា មនុស្សដែលកំពុងត្រូវ​យើងសុំបែកគ្នា អាចមានអារម្មណ៍ឈឺចាប់ ខកចិត្ត សោកសៅ បន្ទោសខ្លួនគេ​ឬខូចចិត្តយូរ​តែខ្ញុំ មិនអាចចៀសរួចទេ។

«មកពីយើងនៅឆ្ងាយ! ធម្មតាទេ នៅឆ្ងាយពេក!»ខ្ញុំតបយករួចខ្លួន។

«លេសមួយបេនចាន់ណា!»

«ចង់ថាម៉េចថាទៅ!»

«ជូនពរឱ្យមានក្តីសុខ!»

«បើមិនមាន​រកទៀតទៅ! អត់ជាប់កាវនៅមួយកន្លែងទេ ! ជីវិតវែងឆ្ងាយ ជូនពរភ័ក្រដូចគ្នា!»

ខ្ញុំឆ្លើយហើយក៏បិទទូរស័ព្ទ។

តាមពិតវាជាការ​សន្ទនាដ៏លំបាកមួយ ដឹងៗៗនេះមិនមែនជាវិធីល្អបំផុតនោះទេ។ អ្នកអានស្អប់ខ្ញុំ​តែខ្ញុំមិនអាច​បំភ្លេច​ពីការ​ធ្វើតាម​បេះដូងឡើយ។ បើគិតបែបខ្ញុំ គេទុកថាជាស្រីសាវ៉ា​ឬកាកី​គេនិយាយអីនិយាយចុះ។

ការឈប់ស្រលាញ់ ហើយ​​ចៀសវាងប្រាប់ការពិត​ដល់គ្នា ​គ្រាន់តែ​អូសបន្លាយ​ស្ថានភាព (ហើយ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ដ៏ទៃ​កាន់តែ​ឈឺចាប់)។

ខ្ញុំយល់ថា ខ្លួនឯង គិត​បាន​ច្បាស់​លាស់ហើយថា ​ ​ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​បែក​គ្នា។

គឺខ្ញុំចង់បានសេរីភាពខ្ញុំមកវិញ។

ម្តាយ​គេជួបខ្ញុំចៃដន់ គាត់សម្លក់ខ្ញុំទុកជាសត្រូវ។

គាត់ចាស់Old Fashionហើយ​ខ្ញុំមិនខ្វល់ទេ។

មិននិយាយរកខ្ញុំក៏ល្អ សោះនឹង​ខ្ញុំមិនពិបាកនឹងទៅគួរសមផង។

តពីនោះ ជាពេល​បន្តជ្រាលជ្រៅរឿង​ខ្ញុំនិងបងសេងឃាង។

យើងទាំងពីរ​បានចេញ​ដើរលេងតំបន់សមុទ្ទ។ ពេលខ្ញុំឆាតទៅបបួលគាត់ហើយ គាត់ក៏និយាយថា អូខេភ្លាមឡើង។ មនុស្សនេះមិនដែល​បដិសេធ ឬធ្វើអ្វីគួរឱ្យខ្លាចចិត្ត​ទេ តែង​ធ្វើឱ្យ​ខ្ញុំមានអារម្មណ៍ស្រណុកស្រួលចិត្ត​រាល់តែពេលដែលខ្ញុំជជែកទៅកាន់គាត់។

ជាប្រតិកម្មមួយ ដែលធ្វើខួរក្បាលរបស់ខ្ញុំមានអារម្មណ៍ល្អ រាល់ពេលយើងនៅជាមួយគ្នា។

នៅលើឆ្នេរចាស់ដដែល សូម្បីតែពាក្យសន្យាជាមួយនិងសុភ័ក្រឬវីន ក៏ខ្ញុំមិនដែលឃើញថាជាកំហុស។ អតីតគឺជាអតីតហើយ​ ។

ពេលអង្គុយចុះជាមួយគ្នា គេប្រាប់ខ្ញុំថា​៖

«ថ្ងៃដប់មួយខែហ្នឹង បងទៅកំពង់សោម!»បងសេងឃាងប្រាប់ខ្ញុំ។​ គេទៅសែន​កុងគេ។

«មកវិញថ្ងៃណាឬទៅរហូត?»ខ្ញុំញិកញ៉ក់។

«មិនមកម៉េចបាន? ?»

«ហេតុអី?»ខ្ញុំដោយបានចិត្តជាខ្លាំង។

«បះដូងទុកនៅកោះនេះ!»

ប្រុសៗតាមយកចិត្ត​ ខ្ញុំធ្លាប់អស់ទៅហើយ តែនៅចង់ឮពាក្យស្នេហា​ល្អមិនចេះឆ្អែតទេមនុស្ស​មានបេះដូងលន្លង់លន្លោចសម្បូរស្នេហ៍ដូចខ្ញុំ។

សេចក្ដីស្នេហាលើកនេះ កើតឡើងចំពោះមុខអ្នកដែលមានបទពិសោធដូចខ្ញុំ។ ខ្ញុំធ្លាប់ស្រលាញ់មនុស្សប្រុសដល់ទៅបីនាក់ ហើយអ្នកដែលខ្ញុំបានអង្គុយជិតនៅពេលនេះ ខ្ញុំមានអារម្មណ៍ថា គេមិនបាច់សន្យាអ្វី​ទេ ខ្ញុំទុកចិត្តគេ។

ពេលវេលាកន្លងទៅ បន្ទាប់មកខ្ញុំក៏ប្រលងបាក់ឌុបជាប់។

ចាស់ៗក្នុងផ្ទះ ចាប់ផ្ដើមចង់កំណត់ថ្ងៃមង្គលការ ។

តែ មើលចុះ​រឿងត្រួតស៊ីគ្នាបានកើតឡើងសាជាថ្មីចំពោះរូបខ្ញុំ។

ខ្ញុំមិនអាចចាកចេញពីលំនាំចាស់បានទេ សូម្បីតែខ្ញុំមានភាពប្រាកដប្រជាជាមួយបងសេងឃាង។

មាន​ មនុស្សប្រុសម្នាក់ទៀតបានបង្ហាញខ្លួននៅក្នុងជីវិតខ្ញុំ នៅពេលដែលខ្ញុំចូលហាត់ការនៅក្នុងធនាគារថ្មីមួយ ។

មនុស្សប្រុសម្នាក់នោះ ដូចជាដឹងថា ខ្ញុំមាន​គូច្បាស់លាស់ រហូតដល់ចង់​រៀបចំ​អនាគតឆាប់ៗ​ដឹកគ្នា​រាល់ថ្ងៃ ប៉ុន្តែគេនៅតែបន្តក្នុងការ​តាមចាប់យកបេះដូង​ខ្ញុំ។

គេ​ជាអ្នកមកពីក្រុងភ្នំពេញ មានឈ្មោះថា វាសនា។ បងវាសនានេះមានអាយុលើសបងសេងឃាង​ពីរឆ្នាំគាត់មានតួនាទីធំជាងបន្តិច ប៉ុន្តែរូបរាងគាត់មិនប្រសើរជាងបងឃាងឡើយ។

គ្រាន់តែថាគាត់មានឡានជិះ។

ខ្ញុំមិនមែនជាមនុស្សសម្ភារៈនិយមផ្កាប់មុខ​ទេ ខ្ញុំស្អប់រឿងនេះណាស់ ប៉ុន្តែ រឿងដែលសំខាន់គឺមានមិត្តភ័ក្តខ្ញុំម្នាក់ដែលរាប់អានខ្ញុំជិតដិត តែងតែមកបញ្ចុះបញ្ជុល​ប្រាប់ខ្ញុំថា មនុស្សក្រោយនេះដូចជាសមជាមួយខ្ញុំជាងបងឃាង។

ជារៀងរាល់ថ្ងៃមនុស្សស្រីនោះបានផ្ញើសារមកខ្ញុំម្ដងហើយម្ដងទៀតថា បងឃាងមិនល្អ មិនលូត​អីលើសសព្វថ្ងៃទេណាមួយ គាត់មានបងប្អូន ច្រើន ចំណែកបងវាសនាវិញមានតែពីរនាក់បងប្អូនដូច្នេះបន្ទុកក៏តិចដែរ។

ខ្ញុំស្រាប់តែគិត​ដល់ពេលរៀបការទៅ​ហើយកូនកំលោះជាបងវាសនា​។

វាដល់ចំណុចមួយដែលខ្ញុំពិបាកនៅក្នុងការសម្រេចចិត្តពីព្រោះ បងវាសនានេះក៏ចេញមុខមកតាមស្រលាញ់ចង់ស្គាល់ប៉ាម៉ាក់ខ្ញុំ អ៊ីចឹងខ្ញុំពេល ខ្លះចង់បង្ក្រាបចិត្ត​ខ្លួនឯងឱ្យខ្ញុំឈប់ពីការងារហាត់ការនៅទីនោះប៉ុន្តែខ្ញុំមិនដាច់ចិត្ត​។

ការផ្គូរផ្គងគ្នារវាងអ្នកជិះឡានជិះម៉ូតូជារឿងធំ នៅពេលដែលយើងទទឹកភ្លៀង។

ខ្ញុំមានអារម្មណ៍ថាខ្មាសបងវាសនាពេលជិះពាក់អាវភ្លៀងជាមួយបងសេងឃាង។

ប៉ុន្តែរឿងនេះខ្ញុំមិនបាននិយាយជាមួយបងឃាងច្បាស់ៗទេលាក់ទុកម្នាក់ឯង។  ខ្ញុំដឹងថាយើងនៅតែសន្សំលុយទិញឡានបាននៅថ្ងៃណាមួយ ប៉ុន្តែចិត្តខ្ញុំដូចជាផ្អៀងទៅលើមនុស្សប្រុសដែលចាស់ជាងនិងមានបទពិសោធជាងបងសេងឃាងខ្លាំង។

អ្នកខ្លះប្រាប់ខ្ញុំថានៅពេលដែលយើងចម្រើនវ័យ យើងលែងស្រលាញ់បុរសដែលមានចរិតក្មេងទៀតហើយទោះបីបងឃាងនេះ មិនក្មេង​ពេក​ ប៉ុន្ដែគាត់មានចរិតលក្ខណៈដូចជាមានភាគរយស្រីច្រើន ចេះធ្វើការផ្ទះដូចជាមនុស្សស្រីហើយតាមដានព្រមទាំងជជីកសួរខ្ញុំច្រើនរហូតខ្ញុំចាប់ផ្ដើមរកឃើញគុណវិបត្តិរបស់គាត់«ធុញ»គាត់។

ជាការពិត នៅពេលដែលអ្នកទីបួនបង្ហាញខ្លួនក្នុងជីវិតខ្ញុំ ខ្ញុំដឹងថា ការក្បត់ចិត្ដសង្សារ​ឬគូណ្ដឹងម្តងហើយម្តងទៀត មិនល្អទេ។ ខ្ញុំក៏ជឿលើកម្មពៀរថាថ្ងៃណាមួយការក្បត់ពាក្យសន្យារបស់ខ្ញុំនឹងធ្វើឱ្យខ្ញុំជាន់ដានប៉ុន្តែទោះបីយ៉ាងណាខ្ញុំសន្យានឹងខ្លួនឯងថា ខ្ញុំបែបនេះតែម្ដងទៀតប៉ុណ្ណោះ។

ដូច្នេះហើយខ្ញុំក៏រកវិធីបែកគ្នាជាមួយនឹងបងសេងឃាង​ទាល់តែបានដូចលំនាំដែលខ្ញុំបែកគ្នាជាមួយសុភ័ក្រ​ឬវីន​ដែរ។

ខ្ញុំគ្មានការស្តាយក្រោយនឹង​ការ​ក្បត់ពាក្យសន្យាលើដីឆ្នេរចាស់នោះទេ ។

នៅពេលដែលគ្រប់យ៉ាងស្រូវស្រួលបួលហើយ ខ្ញុំចាប់ផ្ដើមណាត់ជួបជាមួយបងវាសនានៅលើឆ្នេរតាមធម្មតាៗដូចគូស្នេហ៍ដទៃ។

ដំបូង ខ្ញុំចង់និយាយប្រាប់គាត់អំពីរឿងរៀបចំអនាគតជាមួយគ្នា ពីព្រោះតាមខ្ញុំដឹងគាត់ដូចជាគ្រប់ដង្ហើមចេញចូលគេឆាតមករកខ្ញុំមិនអាចរស់នៅដោយគ្មានខ្ញុំទេ ណាមួយតាំងពីដើមមកខ្ញុំ មានជំនឿលើខ្លួនឯងអំពីសម្រស់ដ៏ទាក់ទាញរបស់ខ្ញុំជាមួយនិងមនុស្សប្រុស ដូច្នេះលើកនេះ ខ្ញុំបង្អង់វិញ ខ្ញុំខ្ជិលប្រញាប់ពេកណាស់រឿង​ដឹងឮដោយអ្នកផ្ទះអីច្រើន។

មិនទាន់បានជួបគ្នាផងនៅប្រហែលជាម៉ោងប្រាំល្ងាចខ្ញុំក៏ស្រាប់តែ​ ទទួលបាន​ការ​ហៅទូរស័ព្ទមួយពី​មនុស្សស្រីម្នាក់។ នាង​បានជេរប្រទេចខ្ញុំ ខ្ញុំមិនយល់ទេ ប៉ុន្តែខ្ញុំព្យាយាមស្ដាប់ដោយភ័ន្តភាំង នាង​ក៏បានប្រាប់ខ្ញុំថា នាងមានឈ្មោះចិន្ដារស់នៅក្រុងភ្នំពេញ ហើយនាងជាភរិយារបស់បងវាសនា។

មានគេប្រាប់ នាងថាបងវាសនាកំពុងតែតាមចែចង់ខ្ញុំដូច្នេះហើយនាងចង់ប្រាប់ខ្ញុំឱ្យដឹងថា បងវាសនាមិនមែន​កំលោះទំនេរ​បែបដូចដែលខ្ញុំគិតឃើញនោះទេ ។

អ្នកអាន​ដឹងទេថា ខ្ញុំមានអារម្មណ៍យ៉ាងណា?

ការបោះបង់ចោល​មនុស្ស​ប្រុសបីនាក់ដែលល្អចំពោះខ្ញុំ ខ្ញុំមិនរាប់អំពីរឿងអតីតកាលនោះឡើងវិញ​ក៏បាន ប៉ុន្តែតើអនាគតទៅខ្ញុំគួរតែ​ប្រើពាក្យសន្យា​បែបណាវិញ?

នេះជាស្នាដៃដំបូងដែលខ្ញុំបានចូលរួមជាមួយ​MSTដែននិរតី ខេត្តកោះកុង។ សុំឱ្យពិន្ទុនិងទៅជួយស៊ែរផងដែរ។