ការ​សរសេរឈុតឆាកប្រយុទ្ធដ៏ហ៊ឹកហ៊ាក់ក្នុងប្រលោមលោក

ឈុតឆាកប្រយុទ្ធគឺជាសិល្ប៍វិធី ពិបាកបំផុតមួយក្នុងចំណោម​របៀបពណ៌នាទាំងអស់ក្នុងការសរសេរប្រលោមលោក។ អ្នកនិពន្ធរឿងយុទ្ធគុនចិន​ជាច្រើន អាចសរសេរឈុតឆាកវាយប្រយុទ្ធ​ ដែល​ពួកគេថ្នឹក​ក្នុងការ​បង្កើតឡើង​ជារូបភាពល្អឥតខ្ចោះ​ សូម្បីយកមកថតជាកុននៅល្អមើលចាញ់កាលអានជាសៀវភៅ។

ប៉ុន្តែកុំអស់សង្ឃឹម មានយុទ្ធសាស្រ្តមួយចំនួនដែលអ្នកសរសេរអាចប្រើ ដើម្បីធានាថា ឆាកប្រយុទ្ធដែលពណ៌នា​ឡើង​ អាច​ចាប់យកអារម្មណ៍មិត្ត​អ្នកអានតាំងពីដើមដល់ចប់។

១ អនុញ្ញាត្តិឱ្យអ្នកអាន​ស្រមៃ

ជាទូទៅក្នុងការសរសេរឈុតនេះ អ្នកនិពន្ធ​ តែងទុកឲ្យអ្នកអានស្រមើលស្រមៃដោយបង្ហើបជាគោលនូវ​អាវុធ ពណ៌​សំឡេង​សន្ធឹក ខោអាវ ខ្លួនហក់ស្រាលស្ញើកឬធ្ងន់ កម្លាំងដៃជើង​ សន្ទុះចិត្ត​គោលដៅគ្រាប់សំណរ​។ល។ ក្បាច់ប្រយុទ្ធ​និងរយៈពេលដែលប្រើសម្រាប់ការពិពណ៌នាអំពីឈុតឆាកប្រយុទ្ធមើលកៀក មើលពីចំងាយ ប្រឹក្សា​រញ្ជួញញាក់អស់ស្លឹក ឬ ប៉ើងកំទេចធូលី សុទ្ធសឹងជាវិធីដ៏ល្អមួយ ដើម្បីគូសវាចេញ​នូវរូបភាពដែលសមហេតុផលក៏ជា​ វិធីដ៏ល្អ​ទាញ​អ្នកអាន​ឱ្យស្លុង​ចូលទៅក្នុងឆាក​នោះបានភ្លាមៗ។ អ្នកនិពន្ធពូកែ ចេះបង្វែរការវាយលុកទៅជា​ឈុត​ប្រដេញ​បន្តបន្ទាប់និងស៊កសៀត​ ភាសាកាយវិការ និងពាក្យញុះញង់ឬ​ចេតនាបង្កើនភាពតឹងតែងតាមរយៈពាក្យសម្តីខ្លីៗ និងច្បាស់ៗ។

២ ល្បឿននិងការបង្កើន​សន្ទុះប្រយុទ្ធ

ការបង្កើនល្បឿន នៃការសរសេរឆាកប្រយុទ្ធគេច្រើន​ប្រើ ប្រយោគដ៏ខ្លី និងសាមញ្ញ ឧទាហរណ៍ ភ្លាមមួយរំពេជ សឹងងាកគេចមិនទាន់ផង​វឹប! ប៉័ង​ខ្ចាយ…..។ល។រក្សាអ្នកអាននៅក្នុងឈុតឆាក​ដោយការពញ្ញាក់ជាមួយ​របៀប ប្រយុទ្ធមួយកើតឡើងយ៉ាងឆាប់រហ័សជាងការរំពឹងទុក​ ហើយការពណ៌នាត្រូវបង្កើនល្បឿន ពីធម្មតា​ទៅជាស្លាប់រស់​ឬតក់ក្រហល់ដែលជា ឈុតឆាកដ៏រីករាយជក់ចិត្ត​បំផុតសម្រាប់អ្នកអានផ្នែកយុទ្ធគុន​ឬអ្នកអាន​ដែលចូលចិត្ត​ឈុតឆាកហ៊ឹកហ៊ាក់។ រាល់ពេលដែលតួអង្គ​ធ្វើសកម្មភាពនៅក្នុងវគ្គ វាយប្រហារនីមួយៗ វាតែង​ក្លាយជាព្រឹត្តិការណ៍សំខាន់ភ្លាមៗសម្រាប់សន្ទុះចិត្ត​អ្នកអាន​​អ៊ីចឹង​ហើយគួរតែកុំបង្កើតឆាកវាយប្រហារ​ឱ្យតែបានៗ ត្រូវពាក់ព័ន្ធធំនឹងសាច់រឿង​ឧទាហរណ៍ ប្រយុទ្ធដណ្តើមអ្វីមួយ​ឬការពារអ្នកណាម្នាក់ ឆ្មក់ចាប់អ្នកណាម្នាក។ល។​ត្រូវចាំថា ថាមពលនៃឈុតឆាកប្រយុទ្ធក្នុងប្រលោមលោក​គឺសំខាន់ជាងព័ត៌មានលម្អិតអំពី​របៀបតួអង្គធ្វើ ថាមពលនេះសំដៅថា​តើគេប្រយុទ្ធគ្នា​លើកនេះខុសពីលើកមុនត្រង់ណា គេប្រើកម្លាំងឬក្បាច់អ្វី ហេតុអ្វីគេប្រយុទ្ធ​ចុះបើគេចាញ់? ចុះបើស្លាប់ទាំងសងខាង?

ឧទាហរណ៍ដូចជា ក្នុង​អក្សសិល្បរ៍ ទេពឥន្ទ្រីយ៍មហាបុរសដ៏ល្បីល្បាញរបស់លោក​ Jin Yong ដែលជានាមប៉ាកា​នៃ អ្នកនិពន្ធជនជាតិចិន ជាអ្នកកាសែត ជាអ្នកនិពន្ធរឿង និងអ្នកដឹកនាំរឿង ដែលទទួល មរណភាពនៅឆ្នាំ 2018 រឿងប្រឌិតរបស់គាត់ បានបន្សល់ទុកជាកេរដំណែលអក្សរសាស្ត្រដ៏សែនអស្ចារ្ស​ ក្នុងទស្សនវិស័យ បង្កើតមូលដ្ឋានគ្រឹះ សម្រាប់សិល្បៈក្បាច់គុននាពេលបច្ចុប្បន្ននេះផងដែរ​។ ឈុតឆាកជាច្រើនក្នុសសាច់រឿង​របស់គាត់បាន មើលឃើញច្បាស់តាមរយៈការអាន ជាមន្តនិទានដ៏វិសេសវិសាល​ មានអាយុចេរកាល​ក្នុងបេះដូង​អ្នកស្នេហា​ប្រភេទ​រឿង wuxia ដែលជាអាណាចក្រសំណេរ​នៃក្បាច់គុនចិន។

៣  ទស្សនវិស័យកំណត់ការរំភើបចិត្ត​

ពិតជាពិបាកខ្លាំងសម្រាប់អ្នកនិពន្ធក្នុងការ​បង្កើតបានជាការរំភើបចិត្តសម្រាប់អ្នកអាន​ប្រសិន​តួអង្គនោះមិនមែន​តួអង្គសំខាន់។ ហេតុនេះ​ឆាកប្រយុទ្ធតូចៗ​ដែលគេមើលរំលង​មិនសមមានច្រើន​ប៉ុន្មាន​ឡើងក្នុងប្រលោមលោក។ ឧទាហរណ៍ដូចជាក្នុង​ឥន្ទ្រីយ៍សេនាក្លាហាន អ្នកនិពន្ធបានរំលេចកំពូលយុទ្ធសិល្ប៍ទាំង៥ ដូចជា ផ្តល់រហ័សនាម​រំភើបៗ ទេវៈកណ្តាលឥសី Wang Chongyang បិសាចបូព៌ា Huang Yaoshi កំពូលមេពិស​បស្ចឹម Ouyang Feng អធិរាជរោមមាសនគរ​ខាងត្បូង Duan Zhixing ​មេស្មូម​ខាងជើង Hong Qigong​ ក៏បានដើរតួនាទីយ៉ាង​សំខាន់បម្រើ​ដល់ភាពរំភើបនៃប្រលោមលោករាប់ពាន់ភាគរបស់គាត់។

អាចនិយាយបានថា ភាពរំភើបនៅពេលយើង​ពណ៌នាអំពីឆាកប្រយុទ្ធអ្វីមួយ​ត្រូវ​ដោយចេតនាបង្ហាញ​ពីក្បាច់គុនឬចំណុចពិសេសនៃតួអង្គនោះ​ ដែលទោះអ្នកអានបានដឹងរួចហើយ នៅតែមាន​អារម្មណ៍​កាន់តែជក់ចិត្ត​ក្នុងការ​ចង់ដឹងថា ​តើមេពិស ឳ យ៉ាង ហ្វេង ពេល ប៉ះគ្នា ជាមួយ​បិសាចខាងកើតហួង​យ៉ាស៊ឺទៅរួចដែរ​ខ្លុយអន្ទងចិត្ត​របស់គាត់។

 នេះ​ជា​ហេតុផល​មួយ​ទៀតរាល់ការ​ប្រយុទ្ធ​​រៀបរាប់​ពី​សកម្មភាព​របស់​តួអង្គ​ទាំធំ​ងពីរ នឹង​ពិបាក​​កំណត់​ថា​តើអ្នកណា​ឈ្នះ​ហើយ​​ការ​ចាប់​យក​បទពិសោធន៍ពីគ្នា​​អាច​មានដល់​កម្រិត​ណា។ នេះជាគន្លឹះជំរុញអ្នកអានឱ្យចូលទៅក្នុងសកម្មភាពដ៏ស្លុង​ភ្លេច​បាយទឹកកិច្ចការផ្សេងៗ។

ដើម្បីឱ្យសាច់រឿង​កាន់តែស្វាហាប់ ដែលទំនងជាធ្វើឱ្យការប្រយុទ្ធនានា​កាន់តែប្លែក​និងកាន់តែទាក់ទាញ ឡើងការ ព្យាយាមធ្វើឱ្យអ្នកអានរន្ធត់ បន្ថែមជានិច្ច គឺធ្វើដោយប្រើមនោសញ្ចេនា​មកជាប្រស្នា​បំផុស​ដូចជា ការឱ្យអ៊ុំទទួលស្គាល់ក្មួយ(ចាងអ៊ូជី ឈុតឆាកប្រយុទ្ធ​លើភ្នំសាសនាមីង ក្នុងរឿង នាងក្រមុំដាវទិព្វស៊ូឡុង)នោះគឺជាបច្ចេកទេសរំញោច​ភាពរំភើបដ៏ខ្លាំងពូកែពិបាករកអ្នកជំនួស​របស់អ្នកនិពន្ធ​ Jin Yong ។

៤ ប្រើកិរិយាស័ព្ទមិនមែនប្រើគុណកិរិយា

ឈុតឆាកប្រយុទ្ធដ៏ស្វាហាប់ទាមទារភាពខ្លី ន័យណែ ជំនួសឱ្យប្រយោគថា «ដូនជីមៀវជា បានវាយអ៊ូជីយ៉ាងខ្លាំងសំដៅ​ទ្រូងប្រថ្នា​យកជីវិត  គួរប្រើមកខ្លីជាកិរិយាមានន័យពេញ​ ដូនជីដាល់ទ្រូងបុរសក្មេង​ប៊ឹង សំដៅសសៃឈាមផ្តាច់ជីវិតគេ»។ល ។ នៅពេល​ដែលមានប្រភេទពាក្យ​គុណកិរិយាច្រើនពេកនៅក្នុងឈុតឆាកប្រយុទ្ធធ្វើឱ្យអ្នកអានមាន​អារម្មណ៍ថាយឺតមិនសូវពុះកញ្ជ្រោល។ តែក៏មាន​ករណីលើកលែងមួយចំនួនដែរដូចជា

« ចឺរឺបានចាក់អ៊ូជីឈឹបនឹង​ដាវមាឃារបស់នាង» យើងអាចប្តូរមកប្រើលន្លង់លន្លោចវិញ​យឺតៗបាន ដោយ​ «ជាមួយ​ចុងដាវមុតស្រួចល្បីមករយឆ្នាំ តរុណីមកពីម៉ៃអើ បានចាក់គ្រឹប​ទៅក្នុងផែនទ្រូងត្រកូលចាង​បណ្តាលឱ្យយុវបុរសស្រឡាំងកាំងកណ្តាលចំណោមអ្នកគុននិយម»។ល។

ដោយសារពីរនាក់នេះជា តួអង្គឯក ការបន្លាយ​និងបន្ថែមមនោសញ្ចេតនាច្រើនឡើងក្នុងឆាកប្រយុទ្ធគឺអាចទទួលយកបាន ​ព្រោះអ្នកអាន​ចាប់អារម្មណ៍ពួកគេ​ខ្លាំង ប៉ុន្តែល្បិចនេះដំណើរការតែម្តងៗប៉ុណ្ណោះ ករណីប្រើច្រើនពេកនឹងក្លាយជា​ដដែលៗដូចកុនភាគឥណ្ឌា​ដែលយឺត និងគួរឱ្យអសសំណើច។

៥. ព័ត៍មាននៃអារម្មណ៍តួអង្គ

ការពណ៌នាអំពីឆាកវាយប្រយុទ្ធដែលមិនបង្ហើបអារម្មណ៍តួអង្គ​ធ្វើឱ្យការ​រំភើបចិត្ត​មិនដំណើរការ ការគិតវិភាគចុះទាប​អ្នកអាន​ធុញឬឈឺក្បាល។ ផ្ទុយទៅវិញ ស្ថានភាពរាងកាយដែល​រហ័សរហួន មានទំនោរមកជាមួយព័ត៌មានអារម្មណ៍ដូចជា រសជាតិនៃឈាមសងសឹក  សំឡេងរោទ៍ក្នុងត្រចៀករបស់ពួកគេទំពីទោសៈ  ការឈឺចាប់នៃរបួសស្នេហា​។ល។ ជាការ​ប្រើព័ត៌មានអំពីអារម្មណ៍ ដើម្បីជំរុញ​ធ្វើឱ្យឈុតឆាកប្រយុទ្ធអាចទាក់ទងបានដល់បេះដូងអ្នកអាន​មិនគ្រាន់តែជាសន្ធឹកផ្លែដាវនោះឡើយ។

ឧទាហរណ៍ ថ្វីបើបច្ចេកទេសដាវរបស់អ៊ូតាំង «Wudang Taiji» មានលក្ខណៈវាតទីទូលំទូលាយ និងញឹកស្មេ​ ស៊ីជម្រៅ ហើយ​រាល់ចលនាដាវតែង​បញ្ចេញថាមពលដ៏ខ្លាំងអស្ចារ្សសន្ធប់មកគ្រប់ទិស តែ Zhang Sanfeng(ចាំង​សានហ្វុង)នៅតែមិនអាចប៉ះពាល់លើកលែង​តែGuo Jing (គួកជីង)ដដែល​ព្រោះគេ​មានលទ្ធភាពសម្រេចបាននូវ ចលនាមនុស្ស​ពីរនាក់ក្នុងរាងកាយ ប្រយុទ្ធគ្រប់ទិស ពីទេពកោសល្យ​នៃ​នាគទាំង១៨​នៃមេ​បក្សស្មូម​ គេមិនខ្លាចរន្ទះដាវTaiji របស់អ៊ូតាំងទេ…..

មានជូនមកនូវ​មេរៀន​​បច្ចេកទេសសរសេរប្រលោមលោក​ច្រើនទៀត ដែលចេញផ្សាយបន្តបន្ទាប់ចាប់ពីនៅខែសីហានេះទៅ ហើយអានបាន​សម្រាប់តែអ្នកបង់ប្រាក់ក្នុង Premiumក្លឹប។

ចុះឈ្មោះត្រឹម១០០០០រៀលក្នុងមួយខែ ឬ៨០០០០រៀល​ក្នុងមួយឆ្នាំ​អានគ្រប់មេរៀន អានប្រលោមលោកបានគ្រប់ភាគគ្រប់រឿង។

ចុចសួរព័ត៌មាន