កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អ្នកនិពន្ធខ្មែរវ័យក្មេងៗ មួយចំនួនបានជួបប្រជុំគ្នា ជជែកពិភាក្សាលើប្រធានបទជាបែបផែនកម្មវិធីតុមូលមួយឈ្មោះថា វិថីជីវិតជាអ្នកនិពន្ធអាជីព។ នៅក្នុងនោះ គេក៏ឃើញមានអ្នកនិពន្ធដែលមានបទពិសោធក្រាស់ក្រែលចូលរួមផងដែរ ដូចជាលោក ឆោម សុពៅ ហៅ ពូJoon លោកសោម ដូរ៉េ និងអ្នកនិពន្ធជាច្រើនទៀត។
កញ្ញាអ៊ិន បូបូ អ្នកនិពន្ធមួយរូបនៅក្រុមទសប៉ាកកា ក៏ជាអ្នកដែលបានគ្រប់គ្រងគម្រោងបណ្តុះបណ្តាល MSTWriter បីរដូវកាលមកហើយបានប្រាប់ឱ្យដឹងថា នេះគឺជាជំនួបលើកដំបូងសម្រាប់ក្រុមអ្នកនិពន្ធមកពីរដូវកាលទីមួយ ក្រោមប្រធានបទអ្នកនិពន្ធក្រៅសាលា។
កញ្ញាបញ្ជាក់ឱ្យដឹងបន្ថែមថា ក្រុមនេះមានគ្នា១០រូបជាមួយរហ័សនាមថា ឥន្ទ្រីយ៍ MST ដែលបានបញ្ចប់វគ្គសិក្សានិងទទួលបានលិខិតបញ្ជាក់ជាមួយនឹងលទ្ធផលស្នាដៃនិពន្ធមួយចំនួន។
ក្នុងពេលជាមួយគ្នានោះដែរ ពិធីការិនីក៏បានបើកឱកាសជូនដល់បណ្តាអ្នកនិពន្ធមកពីមជ្ឈដ្ឋានផ្សេងៗចូលរួមបញ្ចេញទស្សនៈ ចែករំលែកនូវបទពិសោធការងារអ្នកនិពន្ធដល់ប្អូនៗជំនាន់ថ្មី ចែករំលែកនូវកម្លាំងចិត្តនិងជួយគាំទ្រគ្នា ដែលនេះគឺជាការត្រួសត្រាយផ្លូវឱ្យមានគម្រោងកិច្ចពិភាក្សាជាបន្តបន្ទាប់នៅលើកក្រោយៗទៀត។ កញ្ញា អ៊ិន បូបូ បានបញ្ជាក់ទៀតថា ការជួបជុំនៅក្នុងរូបភាពណាក្ដី ក៏ដើម្បីកុំឱ្យអ្នកនិពន្ធខ្មែរជំនាន់ក្រោយដែលមានទេពកោសល្យពោរពេញទៅដោយការភ័យខ្លាច អៀនប្រៀននិងមានការបាក់ទឹកចិត្តមិនដឹងថា ត្រូវចុះផ្សាយស្នាដៃរបស់ខ្លួននៅទីណា និងហ៊ានទទួលយកការកែតម្រូវ បទពិសោធបន្ថែម ដើម្បីជំរុញការងារសរសេររបស់ពួកគេ។
នៅក្នុងឱកាសនោះដែរយើងឃើញអ្នកនិពន្ធវ័យក្មេងជាច្រើន (នឹងបញ្ចេញនៅអត្ថបទបន្ត) បានបញ្ចេញនូវបទពិសោធរបស់ពួកគេ នៅពេលដែលធ្លាក់ទឹកចិត្តខណៈកំពុងសរសេររឿងមិនទាន់បានបញ្ចប់ ឬមួយក៏សរសេរចប់ប៉ុន្តែមិនបានទទួលការគាំទ្រខ្លាំងក្លា។
នៅក្នុងចំណោមនោះ អ្នកនិពន្ធ ហ៊ុយ សារ៉ាត់ ដែលជាម្ចាស់ប្រលោមលោករឿងព្រហ្មចារី ដែលមានអ្នកអានរហូតដល់ជាងប្រាំមួយពាន់ដងនៅក្នុងរដូវកាលទីមួយ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២១ រហូតដល់ខែវិច្ឆិកាឆ្នាំដដែលបានលើកឡើងថា លោកផ្ទាល់ធ្លាប់រងនូវការបាក់ទឹកចិត្តហើយបោះបង់ចោលការសរសេរបញ្ចប់ នូវគម្រោងប្រលោមលោកជាច្រើនចំណងជើង ។ លោកថា ពីដំបូងមានសន្ទុះចិត្ត ក្រោយមកមានអារម្មណ៍ថាស្នាដៃមិនសូវទទួលបានលទ្ធផលល្អដូចការគិតទុក ក៏បោះបង់ចោលការសរសេរ។
ដោយសារការសរសេរជាការងារមួយលំបាក ត្រូវការការតាំងចិត្តខ្ពស់ ត្រូវការអារម្មណ៍ល្អ និងត្រូវការកម្លាំងចិត្ត អ្នកនិពន្ធ ម៉ីសន សុធារី ដែលជាអ្នកផ្ដួចផ្ដើមឱ្យមានកម្មវិធីនេះឡើង បានរៀបរាប់ទៅកាន់អ្នកនិពន្ធទាំងឡាយក្នុងឱកាសនោះដែរថា ការលើកទឹកចិត្តគ្នាគឺជារឿងចាំបាច់ ពីព្រោះថានេះគឺជាការងារដែលទាមទារនូវការចែករំលែកចំណេះដឹង បទពិសោធ និងការជួយគ្នាទៅវិញទៅមកនៅ ជាពិសេស មិនគួរបញ្ចើចបញ្ចើរ ឬប្រញាប់ក្នុងការដាក់ខ្លួនឯងធៀបជាមួយអ្នកនិពន្ធដែលមានពិសោធខ្ពស់ពេកទេ នេះនាំឱ្យបាក់ទឹកចិត្ត។
អ្នកស្រីបន្ថែមថា អ្នកនិពន្ធ គួរកុំបញ្ឈប់ការសរសេរដោយគ្រាន់តែមិនទាន់ទទួលបានកម្រៃដូចគេមុនៗ ដោយថយមកសិក្សានូវគន្លឹះបច្ចេកទេសសរសេរបន្ថែមជានិច្ច ក៏ដូចជា ការស្តាប់ តាមដានការវិវឌ្ឍថ្មីនៅក្នុងនិន្នាការនៃសហគមន៍ដែលខ្លួនចង់បង្កើតក្រុមអ្នកអានរបស់ខ្លួន ថាកម្រិតណា គួរសរសេររឿងណា។ សូម្បីការជួបជុំបែបនេះ អ្នកនិពន្ធទាំងអស់នឹងអាចស្វែងយល់បានពីគ្នាទៅវិញទៅមកកាន់តែច្រើនឡើងថែមទៀត ទទួលបានជាកម្លាំងចិត្តនៅក្នុងការដាក់ស្នាដៃរបស់ខ្លួនចេញជាសាធារណៈ ដែលជាយាននាំទៅដល់ការរីកចម្រើនក្នុងអាជីពតែងនិពន្ធ។
រីឯអ្នកនិពន្ឌ រត្ន័ ឆារ៉ានន់ ដែលទទួលបានជោគជ័យចូលក្នុងកម្រិតប្រលោមលោក Premium ដំបូងគេសម្រាប់អ្នកអាននៅ meysansotheary.com ក្រោមចំណងជើងថា «ភូមិគ្រឹះដែលខ្ញុំធ្វើការ» កញ្ញាបានសង្កត់ធ្ងន់ថានេះជាកម្មវិធីដ៏មានតម្លៃសម្រាប់អ្នកនិពន្ធជំនាន់ថ្មីដូចនាង ជាពិសេសនាងរឹតតែមានកម្លាំងចិត្តនិងរំភើបសឹងមិនដែលស្មានដល់នៅពេលអ្នកនិពន្ធខ្មែរ ប្រែមកជាលើកតម្កើងគ្នា និងលើកទឹកចិត្តគ្នាក្នុងគ្រាដែលវិបត្តិពិតជាមានសម្រាប់អ្នកខំកសាងស្នាដៃដំបូងៗ។
ជាមួយនោះ អ្នកនិពន្ធ អ៊ែលលីស អ៊ែលលីសដែលមានស្នាដៃដ៏ល្បីនៅក្នុងសំណុំរឿងក្ដីស៊ើបអង្កេតលាយឡំស្នេហាយុវវ័យជាច្រើនចំណងជើងមកហើយ ក៏បានចូលរួមចែករំលែកបទពិសោធដោយសោមនស្សរីករាយដែរថាអ្នកនិពន្ធទាំងអស់ គួរពុះពារបញ្ចេញនូវស្នាដៃរបស់ខ្លួន ទោះនៅក្នុងជំហានណាក្ដី ឱ្យតែប្រកបទៅដោយគុណតម្លៃនិងមានភាពជឿជាក់ ប្រាកដប្រជា នៅក្នុងបទនិពន្ធរបស់ខ្លួន នោះថ្ងៃណាមួយនឹងទទួលបាននូវចំណេះដឹងបន្ថែមឈានទៅដល់កម្រិតទទួលបានជោគជ័យជាក់ជាមិនខាន។
នឹងមានអត្ថបទជាបន្តបន្ទាប់អំពីទស្សនៈរបស់អ្នកនិពន្ធជាច្រើនទៀតនៅក្នុងកម្មវិធីដ៏ល្អមួយនេះ។