កំណាព្យរឿង៖ និរាសកម្ម

១,ថ្លាថ្លែងសរសេរចារសេចក្តី                  កំណាព្យរឿងខ្លីលៃរ៉ាយរាប់

 រៀបរាប់ខ្លឹមសារតាមលំដាប់                  ដំណើរគូគាប់ឆ្គងមេបា។

២,សុខណាជាស្រីវ័យក្រមុំ                      រូបរាងសមរម្យស្បែកភ្លឺថ្លា

សក់សមស្រឡូនភ្នែកយង់ថ្លា                 រាងនាងជីវ៉ាគួរបេតី។

៣,សម្តីសំដៅមិនសូវច្បាស់                   ពាក្យខ្មែរខុសខ្លះឃ្លាតអត្ថន័យ

នាងកូនកាត់យួនរស់លើផ្ទៃ                    ទន្លេសាបថ្លៃពីយូរយារ។

៤,ស្រស់ស្រីមានពុកតែបាត់ម៉ែ               ទំគភ៌គ្រប់ខែម៉ែឃ្លាតឃ្លា

លោហិតហូរខ្លាំងខ្សោះវេទនា                សង្ខារផុតនាចាកផែនភព។

៥,ជីវិតនាងរស់ទាំងលំបាក                   ព្រឹកថ្ងៃតោកយ៉ាកប្រឹងពុំឈប់

ចងចាប់មច្ឆាធ្វើជាម្លប់                           ថ្ងៃខ្លះដាច់យប់ព្រោះក្រពះ។

៦,ចំណែកពុកថ្លៃឈឺប្រចាំ                    ថ្ងៃខ្លះដាច់ថ្នាំគ្មានប្រាក់កាស

នួននាងរត់ខ្ចីបុលគេខ្លះ                         ព្យាបាលពុកសះអរកាយា។

៧,តាំងពីស្រស់ស្រីពេញរូបរាង              កំលោះឈរផ្អៀងដោយកាមា

ចិត្តកួចចាប់ចិត្តផ្តិតចិន្តា                         លួចសរសើរថា ស្អាតគ្រាន់បើ។

៨,តែស្រីក្រមុំហាក់មិនចាប់                    កែវភ្នែកលួចប្រាប់តាមដំណើរ

ថានាងគ្មានចិត្តទេកុំស្នើរ                       យកពេលបម្រើលោកប្រពៃ។

៩,មានខ្លះចូលស្តីនាំម៉ែឪ                       ចាស់ទុំនាំផ្លូវតាមប្រពៃ

ណីល្អផូរផង់តាមទឹកដី                          ខ្មែរល្អប្រពៃគួរប្រតិបត្តិ។

១០,ចម្លើយតបវិញគឺខកចិត្ត                  សុំទោសវមិត្រសូមរៀមកាត់

ណងចូលស្តីទោះមានញត្តិ                    ក៏នាងសន្មតពុំយកថ្វី។

១១, កំលោះខ្លះខឹងចងគុំគួន                ប្រាថ្នាយកខ្លួននាងពិសី

 ឱ្យខូចខាតបង់កុំសល់អ្វី                       ឱ្យប្រុសដទៃក្រេបលម្អង។

១២,ថ្លែងពីតួប្រុសស្រស់សង្ហា               សម្បុរសថ្លាលើសអ្នកផង

ជាកូនអ្នកក្រុងឆ្ងាយកន្លង                     យូរៗមកម្តងលេងយាយតា។

១៣,កំលោះរៀនជ្រៅពេញចំណេះ       យល់ច្បាស់គិតត្រិះមុនវាចា

សម្តីផ្អែមល្អែមដូចសារិកា                     នាមប្រុសជីវ៉ាសុខ សិរី។

១៤,ថ្ងៃនេះរៀមបងមកលេងស្រុក         កំណើតខាងពុកនាទីនៃ

ក្រគរ ពោធិ៍សាត់កាត់ដងព្រៃ                 ជាប់ព្រំទឹកដីទន្លេសាប។

១៥,ចំខែវស្សាគង្គាឡើង                       លិចព្រៃក្រាស់ស្តើងដេកដួលដាប

សល់ចុងលឹមៗប្រឹងសារស័ព្ទ                 វាយោបក់ប្រាប់លំហើយកាយ។

១៦,នរៈចែវទូកតាមគង្គា                       ជជែកប្រាជ្ញគ្នាយ៉ាងសប្បាយ

ជាមួយបងប្អូនខាងសាច់ឆ្ងាយ               អតីតតូចកាយប្រាកដឡើយ។

១៧,គាប់ជួនសុខណានេសាទត្រី           ដោយមងទាក់ត្រីពុំកន្តើយ

ទឹកមុខញញឹមប្រឹងបង្ហើយ                    ឈ្មួញចាំដង្ហើយយោលអារម្មណ៍។

១៨,មាត់ច្រៀងកំដរបទប្រចាំ                 ខ្មែរយួនប៉ៃឡាំពីរោះសម

ឱនងើបៗចាប់ចងចំ                              ត្រីតូចត្រីធំដាក់ក្នុងទ្រុង។

១៩,សិរីរេភក្រ្តប្រទាក់ចិត្ត                       បេះដូងចងរឹតលើឆោមយង់

ចតទូកក្បែរព្រៃសល់ត្រឹមចុង                  ខ្សែភ្នែកធ្លាក់ផុងអន្ទាក់ស្នេហ៍។

២០,គេថាទាវទុំស្នេហ៍រន្ទះ                       ឃើញភ្លាមយល់ច្បាស់ស្លាប់គ្មានប្រែ

ប្តូរផ្តាច់ជីវីសុំរស់ក្បែរ                              ឋានៈទាញប្រែក៏រក្សា។

២១.កំលោះសិរីលើសទុំទាវ                    ចិត្តពុះកញ្ជៀវលើសុខណា

ផ្អៀងផ្អងដកកតាមរុក្ខា                           ដៃវែកកេសាប្រាកដច្បាស់។

២២,ខួរក្បាលបេះដូងបញ្ជាឡើង             ចូលទៅកុំឆ្មើងឱ្យរហ័ស

ផ្តោះផ្តងសារស័ព្ទសួររកផ្ទះ                     ម៉ែឪចាស់ៗងាយចំណាំ។

២៣,ចិត្តគិតនៅគិតមិនព្រមហា               មួយនៅខ្លាចថា ស្រស់ស្រងាំ

មិនតបវាចាធ្វើឫកមាំ                             ខ្លួនខ្មាស់យ៉ាងធំអ្នកនៅក្បែរ។

២៤,សុខណារេភ្នែកឃើញប្រុសរៀម       នាងស្ទុះទៅភ្លាមមិនហ៊ានបែរ

មើលមកម្តងទៀតខ្លាចក្រែងតែ               ប្រុសគិតឡប់ឡែលើកាយស្រី។

២៥,សិរីស្រវាចូកចែវតាម                  សួនវាចាហាមថាកុំវ៉ី

មើល​ឱ្យជាក់ច្បាស់មុនលកលៃ          អាចនាំគ្រោះភ័យដោយហេតុថា។

២៦,ម្យ៉ាងខ្លាចក្រែងនាងជាខ្មោចព្រាយ  ដូចគេនិយាយតតម្រា

រនាមមានខ្មោចកាចអស្ចារ្យ              បំភ័ន្តនេត្រាឆក់ជីវិត។

២៧, សម្តីសួនប្អូនហាក់ឃាត់ខ្លះ        រូបភាពប្រទះអាចមិនពិត

បើស្រីធម្មតាមិនហ៊ានស្និទ្ធ                ផ្ទៃទឹកកៀកកិតដូចស្នេហា។

២៨,រវល់តែគិតបាត់រូបថ្លៃ                 ភ្នែកគន់រំពៃលើជលសា

ស្តាយអើយសែនស្តាយក្នុងឱរ៉ា         មិនដឹងពេលណាបានចួបចួន។

២៩,កង្កែបយំយប់សាយសំឡេង       ក្តាត់លោតប្រឡែងហាក់បិទពួន

ជន្លេនលង់ទឹកខំគេចខ្លួន                  បែរចួបនឹមនួនសត្វប្រហារ។

៣០,វាយោបក់ផាត់ដោយទាំងក្លិន    ស្លែរភក់រសឆ្អិនលាយមច្ឆា

បបោសច្រមុះនាំកាមា                    ស្រមៃសព្វសារគន្ធរស។

៣១,សិរីកំលោះឈរប្រឡែង           មើលសព្វស្តាំឆ្វេងដោយច្រមុះ

ញញឹមពព្រាយលេចសម្រស់           ក្នុងភាពល្អស្រស់ហួសវាចា។

៣២,រូបភាពប្អូនស្រីក្នុងកែវភ្នែក        សម្រស់ល្អឯកប្រៀបបុប្ផា

មិនដឹងរសក្លិនល្អយ៉ាងណា              ចិត្តរៀមប្រាថ្នាក្បែររូបស្រី។

៣៣,បើសិនពេលនេះបានកៀកកិត  ប្រឡែងនែបនិត្យរួមមេត្រី

ក្តីសុខកើតមានយ៉ាងប្រពៃ               បានថ្នាក់ថ្នមបីពៅនួនល្អង។

៣៤,តែស្តាយសែនស្តាយមិនដឹងថា   ខ្លួនមានវាសនាចួបជាម្តង

ពីរដងទៀតទេពៅស្នេហ៍ស្នង            កំលោះសៅហ្មងបើឃ្លាតឃ្លា។

៣៥,សុរិយាប្រឹងរះឈ្នះពពក           បង្ហាញកាយមកលើអាកាស្យា

រស្មីល្អថ្លាជួយប្រជា                          បំភ្លឺនភាជះសង្ឃឹម។

៣៦,គង្វាលដេញគោនិងក្របី            កាត់ទឹកកាត់ព្រៃនៅញញឹម

បាយមូរស្លឹកចេកនៅចងត្រឹម            ចង្កេះកៀនផ្ទឹមនឹងដបទឹក។

៣៧,ត្រដោកលាន់ឡើងរំពងឋាន       កាណូតអូសដានឮសន្ធឹក

លើផ្ទៃគង្គាចន្លោះព្រឹក្ស                     ព្រៃសល់ពីទឹកលិចអន្លើរ។

៣៨,នរៈបបួលកំលោះសួន               ថាឱ្យនាំខ្លួនដោយការស្នើរ

ទៅឬមិនទៅកុំគ្រាន់បើ                     ទៅបានគ្នាដើរកុំឱ្យខ្លាច។

៣៩,សួនយល់ចិត្តថ្លើមនាយសិរី        ច្បាស់ចង់ចួបស្រីប្រឹងធ្វើកាច

លង់លក់សម្រស់ខ្ជិលមាត់ដាច         ក្រែងតាគាត់កាចសម្លុតស្តី។

៤០,កំលោះទាំងពីរដើរសំដៅ           ឧត្តរឆ្ពោះទៅឥតអាល័យ

ទូកយានចែវចូកកាត់ដងព្រៃ            ភ្នែកគន់រំពៃរកបុប្ផា។

៤១,ឃើញតែកុកក្រៀល ចាប លលក  មាន់ទឹកហើរមកទំរុក្ខា

យោលយោគទន់ទាបធ្លាក់ផល្លា       ហ្វូងត្រីហើបហាលោតតោងឆី។

៤២,អាអូតលបៗប្រឹងសម្លឹង           ត្រីក្រាញ់រត់វឹងព្រោះខ្លាចក្ស័យ

ប្រាប់ទៅត្រីផ្ទក់ត្រីដំរី                     កំផ្លៀញឆ្លាតវៃប្រឹងស្តាប់ដែរ។

៤៣,ចែវផងមើលផងមិនប្រទះ      ចិត្តនៅជម្នះចួបមាសស្នេហ៍

ដូចកុកលបចាប់ពួនក្បែរៗ           ក្រែងល៎ក្រែងតែបានសាសង។

៤៤,សួនថាសិរីខ្ញុំប្រញាប់             ទៅផ្ទះវ៉ឹងឆាប់យកគោចង

អាត្នោតវារោទិ៍ទ្រហឹងកង           ស៊ីស្រូវអ្នកផងបង្កើតក្តី។

៤៥,សិរីគិតគូររួចវាចា                ទៅមុនអើហាឯងកុំភ័យ

គ្នានៅគយគន់សម្រស់ព្រៃ         ព្រឹក្សាលកលៃទៅតាមក្រោយ។

៤៦,នាយសួនឮហើយអស់សំណើច   ភរអញទៅកើតអាហេងស៊យ

នៅក៏នៅចុះកុំបណ្តោយ           មើលឆ្វេងស្តាំវ៉ើយតិចក្រពើ។

៤៧,សិរីតបវិញដោយហានក្លា   កុំភ័យវ៉ើយហ្អា៎កុំមកធ្វើ

បន្លាចគ្នាថាមានក្រពើ               ទីនេះគ្នាដើរសព្វពេញទី។

៤៨,សួនដើរទៅមុនទុកកំលោះ  ទីក្រុងល្អស្មោះឈ្មោះសិរី

ឱ្យនៅតែឯងក្រែងចួបថ្លៃ         ក្រមុំជលស័យប្រទាក់ចិត្ត។

៤៩,រំពេចភ្លាមនោះសុខណាស្រី  ចែវទូកនិស្ស័យមកកៀកកិត

ទូកចាប់ដោះត្រីឥតភ័យភិត       និស្ស័យនាងស្និទ្ធលើជលសា។

៥០,សិរីឃើញភ្លាមខំគាស់កាយ  បែកទឹកឡើងខ្ចាយជិតជីវ៉ា

ក្រែងបានសាសងដោយផ្លែផ្កា     សម្តីវោហាផ្តោះលេបខាយ។

៥១,ក្រមុំទន្លេបែរសំដៅ             ចំប្រុសឆោមឆ្លៅពីនាយអាយ

នាងចាប់ច្រវាចូកប្រញាញ        តែប្រុសឆោមឆាយចាប់ទូកជាប់។

៥២,កំលោះសិរីផ្តើមសម្តី          ថាឱ!នួនស្រីជាគូគាប់

ក្រមុំភូមិណាមិនដែលធ្លាប់        ប្រទះប្រសព្វម្តងណាសោះ។

៥៣,មុខមាត់រូបរាងល្អប្រសើរ   រោមភ្នែកកោងលើសមឥតខ្ចោះ

បបូរមាត់រលោងថែមសម្រស់   មើលទៅគ្មានទាស់ត្រង់ណាឡើយ។

៥៤,បើបានស្តាប់នូវមន្តវាចា     ដឹងល្អយ៉ាងណាពៅត្រាណត្រើយ

បើបានកៀកកិតរៀមធូរស្បើយ  ថែមភ្លៅគេងកើយស្រណុកប្រាណ។

៥៥,ក្រមុំរូបស្រស់ពុំស្រដី        តបទៅសិរីនាំដេញដាន

កំលោះទីក្រុងច្រើនហំហាន     បានខ្លួនរួចច្រានគ្មានខ្លឹមសារ។

៥៦,ឬមួយនួននាងស្អប់មុខបង   ទើបមិនសាសងតបជាសារ

បើមិនស្អប់ខ្ពើមសូមមេត្តា        ឆ្លើយភ្លាមមកណាពៅព្រលឹង។

៥៧,នោះន៏!ក្រពើធំសម្បើម     ស្បែកវាខ្មៅគ្រើមមើលសម្លឹង

ចំថ្លៃហើយអូនឆាប់ស្ទុះវ៉ឹង      យកបងទីពឹងណាអូនណា៎។

៥៨,សុខណាឮហើយផ្ទុះសំណើច   តបដោយបញ្ចើចប្រុសជីវ៉ា

នេះឬស្ទាយញ៉ែលោកសង្ហា      ប្រៀបដូចកូនង៉ានៅបៀមដៃ។

៥៩,ឈប់ទៅខ្ញុំសុំនាំខ្មាសគេ    គេដឹងក្រែងតែហួសនិស្ស័យ

កំលោះទីក្រុងញ៉ែស្រីៗ         ដូចមិនយល់ន័យក្តីស្នេហា។

៦០,សិរីហួសចិត្តនឹងសម្តី     ក្រមុំជលស័យហ៊ានវាចា

ឡកឡើយសូកសៀតគ្មានមេត្តា    កំលោះប្រាថ្នាតាមលុះក្ស័យ។

៦១,ថាឱ!ប្អូនស្រីខ្មែរឬយួន           បានមកលាក់ពួននៅក្នុងព្រៃ

ចងដោះមងអួនស្ទាក់ចាប់ត្រី          ក្រមុំសព្វថ្ងៃនៅភូមិណា។

៦២,ខ្ញុំជាកូនយួននៅឯណោះ        ភូមិល្អឆើតស្រស់គួរទស្សនា

ភូមិកំពង់លួងលើជលសា              ក្រគរថ្លៃថ្លាខេត្តពោធិ៍សាត់។

៦៣,ចំណែកខ្ញុំវិញនៅទីក្រុង         បានចួបមាសទ្រង់បងខំស្កាត់

ចង់ចួបសាសងឱ្យច្រើនម៉ាត់         សូមកុំចិត្តដាច់ណាប្អូនស្រី។

៦៤,ត្រឹមតែសាសងខ្ញុំមិនថា          តែកុំស្នេហាមិនប្រពៃ

ខ្ញុំមិនប្រាថ្នាស៊ូនៅនៃ                    ក្រមុំល្អក្រៃចិញ្ចឹមពុក។

៦៥,កំលោះឥឡូវច្រើនឡូយឆាយ   ការងារជិតឆ្ងាយខ្ជិលរំអុក

យកមកថ្ងៃក្រោយក្រែងកើតទុក្ខ    លំបាកដល់ពុកគាត់ជរា។

៦៦,សិរីឮហើយកាន់តែអរ           នេះហើយស្រីល្អចង់រួមជា

សុខទុក្ខរួមជាតិមិនឃ្លាតឃ្លា         បើបានមិនដឹងជាល្អយ៉ាងណា។

៦៧,កំលោះសម្លឹងមិនដាច់ភ្នែក    សុខណារារែកយល់ឱរ៉ា

នាងបែរមុខចេញរួចវាចា             បើលោកអស់ការណ៍ខ្ញុំប្រញាប់។

៦៨,ពុកខ្ញុំនៅផ្ទះទន្ទឹងចាំ             បើតាមលោកផ្តាំវ៉ឹងឱ្យឆាប់

នាំគាត់ទៅពេទ្យតាមទម្លាប់         ថ្នាំចាក់ឱ្យជាប់ជំងឺស្រាន្ត។

៦៩,កំលោះទីក្រុងយល់សេចក្តី    ព្រមឱ្យនួនស្រីត្រលប់បាន

តែមុននឹងទៅជួយរំខាន             ឱ្យឈ្មោះកល្យាណក្នុងហ្វេសប៊ុក។

៧០,សុខណាលែងស្តីផ្តើមដំណើរ  យ៉ាងលឿនគ្រាន់បើឆ្ពោះទៅមុខ

បើនៅយូរទៀតធ្លាក់ជង្ហុក          ស្នេហ៍ប្រុសក្រៅស្រុកគ្រាំចិន្តា។

៧១,លោកថាជួញជិតល្អជាងឆ្ងាយ    បានស្គាល់រូបកាយពូជវង្សា

ស្គាល់ផ្ទះសម្បែងចរិតឫកពារ      ពេលឈ្លោះទាស់គ្នាមិនរត់គេច។

៧២,សិរីប្រឹងគាស់តាមមិនដាច់     ចិត្តគិតរួចស្រេចចាំឥតភ្លេច

ហោចណាស់បានលេខឆ្លងពាក្យពេចន៍     យូរទៅគង់លេចពន្លកស្នេហ៍។

៧៣,ទឹកស្រក់លើថ្មគង់របេះ       បញ្ហាចាក់ស្រែះគង់អាចកែ

បុប្ផាល្អឆើតគង់លង់ស្នេហ៍         កន្លង់ត្រឹបត្រែក្រេបលម្អង។

៧៤,ដូចការសង្ឃឹមមិនខុសអ្វី     សុខណាម្ចាស់ថ្លៃព្រមសាសង

ហ្វេសប៊ុកក៏បានលេខក៏ចង        ប្រុសអរកន្លងរំពឹងក្រៃ។

៧៥,រាល់យប់កំលោះឆាតសំណេរ   ផ្ញើទៅមាសស្នេហ៍ពីអត្ថន័យ

បេះដូងធ្លាក់ផុងចង់ថ្នមបី           រក្សារូបស្រីមិនឱ្យហ្មង។

៧៦,ស្អែកនេះរៀមចង់ចួបស្ងួនទៀត   មុននឹងខ្ញុំឃ្លាតកាយកន្លង

មិនដឹងពេលណាបានសាសង    ឆ្ងាយឃ្លាតចំណងចិត្តរឭក។

៧៧,ក្រមុំវៀតណាមមិនប្រកែក   ថាឱ្យចាំស្អែកបើពិតនឹក

កន្លែងដដែលនៅពេលព្រឹក         ចិត្តខ្ញុំក៏នឹកលោកដូចគ្នា។

៧៨,សុរិយាប្រឹងរះពីទិសបូព៌      នាំពន្លឺមកជូនប្រជា

បំភ្លឺទ្វីបលោកឱ្យស្បើយគ្រា        ងងឹតវេលាតាមធម្មជាតិ។

៧៩,កសិកររូតរះបោចស្មៅស្រែ   ទាន់រដូវខែឥតឃ្លាងឃ្លាត

ទឹកមុខញញឹមសង្ឃឹមទៀត         ផលស្រូវកើនមាឌថ្កើនថវិកា។

៨០,ឯអ្នកកំលោះក៏ឃ្មាតខ្មី           រៀបចំលកលៃយ៉ាងសង្ហា

ដើរឡើងដើរចុះអន្ទះសារ            ដូចមាន់បក្សារាន់រកពង។

៨១,បន់ឱ្យដល់ពេលនឹងប្រញាប់   នឹកស្រីស្ទើស្លាប់អាលសាសង

បើបានកៀកកិតល្អកន្លង             បន្ថែមថើបផងរឹតប្រពៃ។

៨២,ខណៈនេះទូរស័ព្ទក៏ផ្តើមរោទិ៍    លើកឡើងអាឡូលេខប៉ាថ្លៃ

ខលមកទាំងព្រឹកមានការណ៍អ្វី    សូមលោកស្រដីខ្ញុំចាំស្តាប់។

៨៣,ការណ៍នេះសំខាន់ស្មើជីវិត   កូនមកដឹងពិតប៉ារៀបរាប់

នៅផ្ទះទីក្រុងមកឱ្យឆាប់             តបតាមទូរស័ព្ទមិនយល់ការណ៍។

៨៤,សិរីអង្គុយទាំងស្រពោន     ខំរៀបចំខ្លួនចួបជីវ៉ា

តែបែរត្រូវឃ្លាតចោលសន្យា     មិនដឹងសុខណាខឹងឬទេ។

៨៥,ទៅមួយចោលមួយពិតពិបាក           ចិត្តគិតឥតស្រាកខំរិះរេ

គិតឡើងគិតចុះនៅត្រឹមតែ                     ស៊ូចោលមាសស្នេហ៍ដើម្បីប៉ា។

៨៦,ចំណែកសុខណាខំប្រញាប់              ចែវទូកស្វាហាប់អន្ទះសារ

កាត់ព្រៃលិចទឹកលើជលសា                  ហត់កាយយ៉ាងណាក៏ពុះពារ។

៨៧,តាមផ្លូវបំពេដោយបក្សា                 ស្រែកយំខ្ញៀវខ្ញារកគ្នាវា

សាស័ព្ទពីរោះគួររមនា                          បាត់ហត់មួយគ្រារំសាយចិត្ត។

៨៨,មកដល់ស្រីស្រស់រេនេត្រា              រកប្រុសជីវ៉ាតាមឆ្ងាយជិត

វែកដើមរំពាក់ដើមគគឹត                       ដើមរាំងធំពិតមិនរំលង។

៨៩,រងចាំច្រើនម៉ោងមិនប្រទះ             ទឹកភ្នែកយល់ម្ចាស់ស្រក់កាត់ឆ្លង

ដានលើថ្ពាល់ស្រីកើតចំណង              ឆ្អែតចិត្តកន្លងហួសវាចា។

៩០,ឯណាសន្យាប្រុសថាមក             ចួបប្អូនពន្លកឆ្លងស័ព្ទសារ

ថានឹកចង់ចួបលើជលសា                  ថ្នាក់ថ្នមកាយាតាមចំណង់។

៩១,ឬក៏គ្រាន់តែជាសម្តី                     ប្រុសព្រានអប្រិយចង់បំបង់

បោកចិត្តរូបខ្ញុំឱ្យធ្លាក់ផុង                    បានចិត្តគេចកុងរួចអាត្មា។

៩២,គិតទៅឈឺចិត្តពេកកន្លង             មិនគួរប្រុសបងចោលសន្យា

សម្តីបុរសឥតបានការណ៍                  ស៊ូនៅធ្វើការថែលោកពុក។

៩៣,ខកចិត្តលើកនេះជាមេរៀន         មនុស្សប្រុសច្រើនព្រានស្អាតតែមុខ

បោកចិត្តស្រីៗយកក្តីសុខ                  ទុកនាងជាអុកលេងកំដរ។

………………………………………………………………

                                             ជីវិត

៩៤,កត្តិកទឹកស្រកគីង្គក់យំ             ប្រាប់ទៅអ្នកភូមិជាសញ្ញា

ត្រីក្រាញ់ប្តូររសឆីរុក្ខា                     សារាយរីកថ្លាត្រៀមស្រពោន។

៩៥,រុក្ខជាតិតូចៗមានដង្ហើម           លោតរួចចេញដើមបង្កើតកូន

សម្លឹងព្រះអាទិត្យបាត់លោកសូន្យ   ច្រើនថ្ងៃសណ្តូនក្នុងជលសា។

៩៦,មាន់ទឹកមាន់ទោឱ្យសំឡេង      កុកក្រៀលលលេងត្រីចង្វា

កំប្រុកលោតប្លោតតោងគ្នាវា           ពពូលយំលារកចំណី។

៩៧,ទឹកស្រកថយបាត់ឆ្ងាយអ្នកភូមិ   ចូលព្រៃជុំឆោមតាមប្រពៃ

សុខណាថយដាននេសាទត្រី          ចូលជ្រៅគ្មានភ័យតាមទម្លាប់។

៩៨,ដ្បិតថាចិត្តស្រីនៅកង្វល់         រងទុក្ខអំពល់ជាញឹកញាប់

តែនាងបែងចែកបានល្អជាប់         ឪពុកសំណព្វជម្រើសពិត។

៩៩,យប់នេះដួងចន្ទពេញភ្លឺថ្លា      អមដោយតារាយ៉ាងប្រណីត

ឥតមានពពកមកផ្តេកផ្តិត            រំខានដល់ចិត្តស្រីនោះឡើយ។

១០០,នាងមើលម្នាក់ឯងតាមបង្អួច អារម្មណ៍នៅកួចប្រុសត្រាណត្រើយ

ចង់ផ្តាំតាមចន្ទជួយដង្ហោយ        សូមប្រុសបកក្រោយប្រសព្វស្ងួន។

១០១, ប្រសិនពេលនេះមានអ្នកក្បែរ   ក្រោមម្លប់ដួងខែថ្នមរូបអូន

ភ្លៅអ្នកជាខ្នើយកល់សណ្តូន        ក្តីសុខពេញខ្លួនយ៉ាងប្រាកដ។

១០២,ភ្លាមនេះទូរស័ព្ទរោទិ៍រន្ធាន់   សុខណាស្ទុះរាន់លើករួចមាត់

អាឡូអ្នកណាខលសន្មត           លេខខ្ញុំប្រាកដមានការណ៍ឬ។

១០៣,អាឡូបងទេគឺសិរី            ឃ្លាតអូនច្រើនថ្ងៃចង់បំភ្លឺ

ប្រាប់ស្ងួនថាស្អែកនេះបងគឺ       ទៅចួបពន្លឺចិត្តជាក់ជា។

១០៤,លោកមកមិនមកមានទាស់អ្វី     ចាំបាច់ស្រដីប្រាប់មុនគ្រា

ខ្ញុំខ្ជិលស្តាប់ណាស់នាំវេទនា      សម្តីយកគ្នាមិនបានសោះ។

១០៥,ឱ្យបងសុំទោសផងកល្យាណ     បងរវល់ខានទើបក្រៀមក្រោះ

មិនបានសាសងប្រាប់ដោយស្មោះ     ការងារចួបគ្រោះគ្មានភិតក្បត់។

១០៦,មេរៀនទីមួយខ្ញុំចាំជាក់           ឈឺណាស់ឈឺថ្នាក់ស្ទើតែរត់

គេចពីផែនដីឱ្យរលត់                       កុំឱ្យប្រុសក្បត់លើកទី២។

១០៧,នាងអួលដើមកខំស្រដី          បើប្រុសស្នេហ៍ថ្លៃទុកនាទី

ឱ្យខ្ញុំរស់នៅឈប់យាយី                  ខ្ញុំលើកដៃពីរសូមអង្វរ។

១០៨,ម្តេចអូនស្រដីថាដូច្នោះ          ចាក់ឱរ៉ាប្រុសបងឱ្យមរណ៍

ឈឺដូចវះសាច់ស្លាប់ទាំងឈរ          ដៃពីរលែងទ្រទម្ងន់ជាប់។

១០៩,ពាក្យថាយាយីរបស់ប្អូន         មានរសគ្មានខ្លួនគ្មានល្អគាប់

បងស្នេហ៍អូនពិតតាមទម្លាប់           ហើយការងារឆាប់ចូលចែចូវ។

១១០,បងច្បាស់ប្រាកដនិងកល្យាណ    បងស្បថក៏បានបើសមផ្លូវ

ហែកទ្រូងបងមើលរូងយកទៅ        ឱ្យតែពាលពៅព្រមប្រណី។

១១១,សុខណាឮហើយចុកឱរ៉ា       ទ្រូងអួលឈឺផ្សាលែងស្រដី

នាងយំខ្សិកខ្សួលបែបជាស្រី          ទឹកភ្នែកអាល័យស្រក់កាត់ថ្ពាល់។

១១២,សិរីព្យាយាមវាចាទៀត       បើស្អែករវាតមិនចួបផ្ទាល់

តាមពាក្យសន្យាសូមនិមល         ជេរស្តីបងទៅតាមចំណង់។

១១៣,ដោយក្តីស្រឡាញ់នៅដក់ដាម   សុខណាព្រមតាមឥតអែអង់

ស៊ូដូចវិធាវីក៏នៅរង់                     ចាំកំលោះក្រុងសារជាថ្មី។

១១៤,ទាំងពីរសាសងយល់ឱរ៉ា    បញ្ចប់ស័ព្ទសារក្នុងរាត្រី

ព្រះចន្ទពេញវង់បំភ្លឺដី                  ដ៏ស្រស់ប្រិមប្រិយគួរចាប់ចិត្ត។

——————————————————————————

                                       ឱ្យហេតុ

១១៥,សុរិយារះរៀងតាមលំអាន    ប្រាប់ទៅអស់ប្រាណរាល់ជីវិត

ចាប់ផ្តើមការថ្មីទោះឆ្ងាយជិត         ក្រពះរួតរិតទារចំណី។

១១៦,សុខណារៀបចំទៅនេសាទ   ព្រឹកព្រាងកុំខាតទាន់នាទី

សង្សារសំណព្វមកឆ្ងាយទី              ណាត់ចួបសំភីមុនបាយថ្ងៃ។

១១៧,នាងលាលោកពុកដោយកិរិយា   សម្តីទន់ថ្លាសមរម្យក្រៃ

ពុកអើយ ខ្ញុំលាទាំងអាល័យ           សូមពុកនៅនៃសុខសាន្តណា៎។

១១៨,លេបថ្នាំឱ្យទៀងតាមវេជ្ជ       បើមានអាការៈហៅមីងឡា

គាត់អាចជួយពុកតាមយល់ការណ៍   ពុកអាចព្រឹក្សានឹងគាត់បាន។

១១៩,ម្ហូបបាយចំណីខ្ញុំរៀបស្រេច    សូមពុកកុំភ្លេចពិសារកុំខាន

ពិសារច្រើនៗទើបពុកបាន              រាងកាយរត់ដានជាប្រក្រតី។

១២០,ពូហាវងក់ក្បាលទាំងពិភាល់   ហាក់ដូចមិនយល់ពីកូនស្រី

ឫកពារប្លែកៗពីសព្វថ្ងៃ                   មានរឿងហេតុអ្វីទេដឹងកូន។

១២១,មិនហ៊ានវាចាបានត្រឹមគិត     កប់ទុកគំនិតមិនប្រាប់ស្ងួន

កុំឱ្យនាងភ័យដោយសារខ្លួន          ញញឹមសមសួនឫកធម្មតា។

១២២,គាត់តាមសម្លឹងដំណើរបុត្រ   ទាំងមិនប្រាកដក្នុងឱរ៉ា

ម្យ៉ាងភ្នែកស្តាំញាក់ប្រាប់បញ្ហា        ធ្លាប់ដឹងតាមការជាទម្លាប់។

១២៣,គាត់ឱនមុខចុះទាញបារី       អុចជក់ងើបវៃឆ្ពោះប្រសព្វ

សម្លឹងដំណើរកូនយ៉ាងជាប់           ទ្រូងញ័រភ័យស្លុតប្លែកនេត្រា។

១២៤,ឃើញខ្លួនបាត់ក្បាលកូនស្រីពុក  ឬមានលាមកក្នុងនេត្រា

គាត់យកដៃញីក្រែងច្បាស់ការណ៍   បើកមើលធម្មតាគ្មានអ្វីប្លែក។

១២៥,តែដូចជាមិនស្រណុកចិត្ត    អារម្មណ៍ផ្តេកផ្តិតហាក់ចម្លែក

ប្រៀបដូចការចួបគ្មានដល់ស្អែក     កូនអើយពុករែកទុក្ខព្រោះកូន។

១២៦,ប្រសិនបើកាយពុកធម្មតា     ពុំមានរោគានៅក្នុងខ្លួន

ម្ល៉េះកូនមិនហត់ពុកសណ្តូន          ចិញ្ចឹមកូនស្ងួនរសាយកាយ។

១២៧,តែនេះកាយពុកពេញជំងឹ     ជួនជាជួនឈឺឥតរសាយ

ទ្រាំរស់ទាំងចិត្តមិនសប្បាយ         ឱ្យកូននឿយកាយលំបាកសព្វ។

១២៨,មិនយូរប៉ុន្មាននាងមកដល់    ជិតទីធ្លាប់យល់តែងប្រសព្វ

នេសាទមច្ឆាជាទម្លាប់                   ស្វាក់គ្រាន់បើកបប្រចាំថ្ងៃ                          

១២៩,ប្រឹងចូកប្រឹងចែវកាត់រុក្ខា     សត្វទាំងទ្វេហាផ្អើលពេញព្រៃ

ក្រមុំឈប់ទ្រឹងដូចសង្ស័យ            ខុសកាលរាល់ថ្ងៃស្ងាត់ជ្រងំ។

១៣០,សម្រែកស្រែកផ្អើលគួររន្ធត់  បើតាមសន្មតស្តាប់ស្វាយំ

ឱ្យហេតុទុកមុនមានគ្រោះធំ        តែណ្ហើយរូបខ្ញុំត្រូវក្លាហាន។

១៣១,ដោះត្រីចូលទូកយ៉ាងប្រញាប់     សោតាលួចស្តាប់ក្រែងដឹងដាន

តែស្ងាត់ទៅវិញលែងរំខាន                   សភាពស្ងប់សាន្តតែសូវភ័យ។

១៣២,ថ្ងៃនេះមងជាប់ច្រើនចម្លែក         រនងគ្រប់ផ្នែកពេញដោយត្រី

សប្បាយដោះណាស់ថវិកាក្រៃ             សុខណាគិតលៃទុកហូបខ្លះ។

១៣២,រវល់សប្បាយនឹងមច្ឆា               ភ្លេចមើលជលសារលកច្រាស់

មានទូកមួយមកសំដៅច្បាស់              បុរសចំណាស់រេសម្លឹង។

១៣៣,កែវភ្នែកមុតស្រួចដោយគំនុំ      គំគួនយូរម្តុំចងកំហឹង    

ដូចសត្វសីហៈរំពៃវ៉ឹង                        ម្រឹគាស្ងៀមទ្រឹងច្បាស់ជាក្ស័យ។

១៣៤,នារីសោភាងាកប្រទះ              នាងភ័យខ្លាំងណាស់តាំងស្មារតី

ញញឹមយកគួរតាមប្រពៃ                  បន្លប់ភាពភ័យធ្វើធម្មតា។

១៣៥,បងចនទៅណាមកណាដែរ    ព្រមទាំងបងសែមកជាគ្នា

មិនដែលឃើញបងមកក្បែរនា          ទីជិតរុក្ខាម្តុំនេះសោះ។

១៣៦,ឬបងមករកកន្លែងថ្មី               ដាក់មងយកត្រីគ្រប់ចន្លោះ

ខ្ញុំសូមប្រាប់បងដោយចិត្តស្មោះ        គន្លងព្រៃប្រោះគេដាក់ហើយ។

១៣៧,បុរសទាំងពីរពុំស្រដី             តបទៅស្រស់ស្រីមួយម៉ាត់ឡើយ

គេស្ទុះឆ្លងទូកមើលមុខក្រោយ        ដកកាំបិតហើយចូលសំដៅ។

១៣៨,សុខណាដឹងច្បាស់នឹងមានគ្រោះ  នាងថយប្រុងចុះលោតចូលទៅ

ទឹកហែលឱ្យឆ្ងាយចូលព្រៃជ្រៅ       នាយចនស្រែទៅច្បាស់ហ៊ានក្ស័យ។

១៣៩,ជួយផង!ជួយផង!ជួយខ្ញុំផង!   មានគេប៉ុនប៉ងលើរូបស្រី

មានអ្នកនៅជិតសុំប្រណី                បើខកច្បាស់ក្ស័យអស់សង្ខារ។

១៤០,នាយសែស្ទុះវ៉ឹងប្រុងចាប់ស្រី   សុខណាឈ្លាសវៃធាក់ដួលផ្ងារ

អុកគូទលើទូកទាំងច្រវា          នាងស្រែកទៀតថា ជួយខ្ញុំផង។

១៤១,នាយចនស្ទុះចូលកាន់កាំបិត    កែវភ្នែកមាំពិតចិត្តគុំចង

រំលោភបំបាត់ក្តីចំណង            ខំលួចស្នេហ៍ស្នងលេងឫកពារ។

១៤២,សុខណាថយក្រោយជិតផុតចុង  ភ្នែកស្រីរេរង់ក្រែងឃើញគ្នា

តែបានត្រឹមគិតគ្មាននរណា          ក្រៅពីប្រុសមារចិត្តអប្រិយ។

១៤៣,ហ៊ានចូលយើងនឹងលោតក្នុងទឹក   ឱ្យស្លាប់រម្លឹកកុំស្រមៃ

បានខ្លួនឱ្យសោះស៊ូក្ស័យន័យ       ជាងបង់កាយថ្លៃឱ្យតិរច្ឆាន។

១៤៣,កើតមកជាប្រុសពុំដូចគេ    យកភេទគ្រាន់តែអួតសណ្តាន

ចិត្តខ្មៅកង្វក់ជាប់ដក់ដាន             គ្រឿងញៀនផុងប្រាណលែងស្គាល់អ្វី។

១៤៤,បានហើយឈប់ដៀលតិចអញចាក់    ឱ្យស្លាប់ខានមាក់ងាយអញវ៉ី

អញជក់ អញ  ផុង ទើសនាងហ្អី   ម្តេចក៏ស្រដីមិនប្រមាណ។

១៤៥, យល់ល្អនិយាយអង្វរអញ   ក្រែងល៎អញចាញ់ឱ្យរួចប្រាណ

ជាជាងត្មិះដៀលដល់សន្តាន        នាងយួនថោកប្រាណកុំវាចា។

១៤៦,ខ្ញុំយួនមែនពិតតែស្គាល់ល្អ  ទឹកចិត្តស្មោះសរជូនខេមរា

មិនដូចឯងខ្មែរខុសតម្រា            គ្រឿងញៀនគ្រឿងម៉ាឆ្គងស្មារតី។

១៤៧,នាយចនលែងស្តីស្ទុះចូលឱប   សុខណាឈ្ងោកទ្រោបតប់ដោយដៃ

ជើងលើកប្រឹងទាក់ពុំត្រូវថ្វី         នាយចនផ្តួលស្រីដួលបះផ្ងារ។

១៤៨,ឱនស្ទុះចូលថើបដោយតម្រេក  ថ្ពាល់ក្រអូបពេកលង់កាមា

ច្រើនខ្សឺតមិនឈប់ទាំងកេសា    សក់ស្រីសុខណាគ្មានរបៀប។

១៤៩,នាយសែថានែ!ទុកអញផង    ដល់វេនអញម្តងតិចធ្លាក់ទាប

ជាំអស់ហើយវ៉ើយហាមសៀប្រៀប  ស៊ីអត់របៀបគ្មានមើលមិត្ត។

១៥០,កុំភ័យមើលហ្អា៎!អញថ្មមៗ   ទៅតាមក្រឹត្យក្រមគ្រាន់នែបនិត្យ

មិនប៉ុន្មានទេ កម្លាំងរិត           អស់លែងកើនពិតទុកឱ្យហើយ។

១៥១,នារីអភ័ព្ទឃើញដូច្នោះ   នាងធាក់កំលោះចនផ្ងារក្រោយ

ស្ទុះលោតចូលទឹកហែលរឿយៗ     កម្លាំងថមថយក៏តស៊ូ។

១៥២,ទោះបីនាងស្លាប់ក៏សុខចិត្ត   ជាជាងនៅនិត្យពុំសមគួរ

ចោលខ្លួនឱ្យព្រានគ្មានគម្រូ         អាក្រក់អាប់អួរថោកតម្លៃ។

១៥៣,នាយសែហក់ប្រូងហែលតាមកិត  ប្រវារជើងស្អិតតោងនួនស្រី

បំណងចាប់យកលើទូកលៃ      បំពានបំភ័យឱ្យអស់កេរ្តិ៍។

១៥៤,សុខណាខំរើធាក់ចេញឆាប់   ដៃហែលប្រញាប់គ្មានទំនេរ

បេះដូងស្រីលោតញាប់គ្នន់គ្នេរ      ដូចម្រឹគរត់កែពីសីហៈ។

១៥៥,តែអនិច្ចាកាយជាស្រី      កម្លាំងពុំវៃគ្មានសុខៈ

គេចាប់សក់ជាប់ជាអន្ទាក់      ឱ្យស្រីគ្រោះថ្នាក់មិនចាំស្អែក។

១៥៦,កម្លាំងប្រុសឈ្មោលពិតសាហាវ      មួយដៃអួលឆាវស្រវាំងភ្នែក

ណានៅក្នុងទឹកជ្រៅខ្លាំងពេក     មានតែប្រឹងផ្តេកតោងរុក្ខា។

១៥៧,នាយសែឱបនាងរួចស្រដី    បើព្រមនិស្ស័យពុំឈឺផ្សា

ម្ល៉េះសមស្រណុកផងកាយា      ពេលរួចកិច្ចការអញវិលវៃ។

១៥៨,ក្រមុំកម្សត់ប្រឹងសម្លឹង     ជនល្មោភស្រវឹងនឹងកាមកៃ្រ

គ្មានស្គាល់បុណ្យបាបក្នុងលោកិយ៍   ស្លាប់ទៅច្បាស់នៃចូលនរក។

១៥៩,អូសទាញលើកឡើងដាក់លើទូក    នាយចនឱនឈ្ងោកថើបញីញក់

ដោះអាវស្រាតខោក្រញាំខ្ទក់    នាយសែឈរងក់សម្លឹងផ្លូវ។

១៦០,ថាហ្អា៎!ប្រញាប់តិចគេមក    គេឃើញនាំយកប្តឹងតម្រូវ

ដេកគុកច្រើនឆ្នាំកម្លាំងសូវ           ក្រហមបាយនៅមិនសូវឆ្ងាញ់។

១៦១,នាយចនផ្អាកសិនរួចស្រដី   នែក៎!កុំគិតខ្លីអាសម្លាញ់

រំលោភនាងរួចយើងត្របាញ់        ទៅថៃវិលវិញជាធម្មតា។

១៦២,នាយងាកមកថើបសុខណាស្រី    ដែលអន់កាយនៃកម្លាំងសារ

ដោយសារប្រុសព្រានដាល់កាយា   ស៊ូទ្រាំដេកផ្ងាររក្សាជន្ម។

១៦៣,ទឹកភ្នែកនាងហូរកាត់ផែនថ្ពាល់   ស្រក់ឥតមង្គលមកទម្ងន់

បន្ថែមឈឺចាប់របួសធ្ងន់           ក្នុងទ្រូងរែកពន់ហួសវាចា។

១៦៤,បើនាងដាច់ចិត្តបញ្ចប់ក្តី    ត្រឹមលាលោកិយ៍ផ្តាច់សង្ខារ

អណ្តាតផ្តាច់ចោលឱ្យមរណា    ចុះពុកពិការរស់យ៉ាងម៉េច។

១៦៥,ណ្ហើយ!សុខចិត្តរស់ទាំងអប្រិយ   ជាប់ឈ្មោះជាស្រីប្រុសកម្ទេច

ព្រហ្មចារីអស់ក៏ស៊ូធ្មេច               ក៏មិនកែគេចនៅក្បែរពុក។

១៦៦,ពេលនឹកគិតដល់លោកសិរី  សុខណាគិតវៃខុសទំនុក

លែងចង់រស់ទៀតតទៅមុខ         ខ្មាសទាំងអ្នកស្រុកក្បែរជៀវជុំ។

១៦៧,គេដៀលដៀមដាមស្តីចុងដើម    ថាស្រីរលើមឥតក្រមុំ

ខាតបង់អសារលែងសុខុម        ប្រុសណារស់ជុំអាប់រាសី។

១៦៨,នាងប្រឹងងើបធាក់ចំពេញពោះ      នាយចនខ្ទាតមោះទៅម្ខាងនៃ

ដោយទាំងនាយសែពុំដឹងអ្វី      រួចនាងស្ទុះវៃហក់ចូលទឹក។

១៦៩,ម្តងនេះនាយចនផ្គើនកំហឹង    កែវភ្នែកសម្លឹងមើលឥតភ្លឹក

ដៃចាប់កាំបិតហក់ចូលទឹក      លាន់ឮសន្ធឹកសន្ធាប់សូរ។

១៧០,នាងឯងចង់ខ្លាំងនឹងគ្រោះថ្នាក់ អញចាប់បានចាក់ឱ្យឈាមហូរ

ឱ្យអស់មានៈក្រែងបន្ធូរ        សន្តានក្រែងដូរក្តីរឹងរូស។

១៧១,អំណាចកំហឹងលុបស្មារតី     កម្លាំងកើនវៃបំភ្លៃឈ្មោះ

ពាក្យថាមនុស្សត្រូវប្តូរជួស     សីហៈចាប់ឈ្លូសយ៉ាងក្លាវក្លា។

១៧២,ដៃស្តាំចាប់សក់ដៃឆ្វេងចាក់   ចំពោះវល័ក្ខណែនអួលផ្សា

កម្លាំងលែងមានទន់កាយា          ទីពីរប្រហារនាងស្ទើក្ស័យ។

១៧៣,ច្បាស់ណាស់នាយចនចាក់សុខណា      កាំបិតពីរចារហូរឈាមថ្លៃ

ចូលក្នុងគង្គាក្លិនឆ្អាបក្រៃ                 នាយលើកនាងបីដាក់ទូកក្តារ។

១៧៤,ប្រាប់ទៅនាយសែទាំងភ្នែកស    តិចនាងលែងល្អប្រែមរណា

លែងមានជីវិតលើលោកា              គេដឹងច្បាស់ជាយើងដេកគុក។

១៧៥,នាយសែស្ទុះភ្លាមស្ទាបដង្ហើម   ប្រាប់ទៅចនឆ្នើមយើងមានទុក្ខ

ដង្ហើមគ្មានទេច្បាស់ជាប់គុក        គួររត់ឬទុកនាងទីនេះ។

១៧៦,គិតឡើងគិតចុះប្រាំនាទី     ចនរកវិធីដោយតម្រិះ

កុំទុកនាងអីក្រែងសាបផ្អេះ          អ្នកកាត់ទីនេះដំណឹងដល់។

១៧៧,បើតាមខ្ញុំគិតគួរណាស់យក ក្រណាត់រុំមកកុំបន្សល់

ដាក់លើប្រគាបឈើខ្ពស់គល់         គ្មានអ្នកស្មានយល់ឬពុំប៉ះ។

១៧៨,ដាក់ក្នុងព្រៃឆ្ងាយជំរុំជ្រៅ       គ្មានសូម្បីផ្លូវឆ្ងាយពីផ្ទះ

ទម្រាំទឹកស្រកនឹងច្បាស់ណាស់      សពរលួយខ្លះពិបាកស្មាន។

១៧៩,នាយសែថាអើគំនិតល្អ          ប្រញាប់ឡើងមកក្រែងយើងសាន្ត

រួចខ្លួនពីទោសទាំងប៉ុន្មាន               បីថ្ងៃគេចប្រាណទៅស្រុកថៃ។

១៨០, គូកនប្រញាប់យ៉ាងបន្ទាន់      ក្រែងមានអាសន្នដោយស្នាដៃ

ល្ងង់ធ្លោយមួយឆាវធ្លាក់បាតដី         ជាប់ទោសក្នុងន័យសម្លាប់គេ។

១៨១,​ម្នាក់អុំម្នាក់គន់រំពៃព្រឹក្ស         ផ្លូវឆ្ងាយតាមទឹកលើទន្លេ

ទៅឱ្យឆ្ងាយឋានភ្នែកផងគេ             បំណងគេចកែបំភ័ន្តដាន។

១៨២,ត្រអួ ដើមរាំងមែកសាខា       នាយសែប្រាប់ថាវ៉ី!លឿនហាន

ទីនេះសមគួរកុំល្អក់ដាន                លើកនាងវ៉ឹងថ្កានធ្នើរឱ្យជាប់។

១៨៣, ដាក់ហើយនាយមនុស្សចិត្តតិរច្ឆាន   គេចខ្លួនយកសាន្តហាក់ឱ្យចប់

ត្រឹមការគេចខ្លួនពុំត្រលប់              ចូលឋានប្រសព្វធ្លាប់រស់នៅ។

១៨៤,មិនទាន់ឆ្ងាយផងប្រែខុសប្លែក   កើតហេតុចម្លែកបង្អាក់ផ្លូវ

កែវភ្នែកនាយសមិនហ៊ានទៅ        ខ្លាចនាំហ្មងសៅពិបាកស្មាន។

១៨៥,បក្សាតូចធំហើរច្រវ៉ាត់         ឃ្លាតទីប្រែស្ងាត់លែងសល់ដាន

សំឡេងសត្វយំក៏លែងមាន          ដូចមិនសុខប្រាណពិបាកនៅ។                                            

១៨៦,ពពកដេរដាសពីបូព៌ា          ពពូនចងគ្នាខ្មៅពេកកូវ

បង្កជាភ្លៀងខ្យល់នាំផ្លូវ                ហាក់ជួយសោកសៅបុប្ផាស្រី។

១៨៧,វាយោបក់បោកដើមរាំងរេ   សពនាងផ្អៀងទេរស្ទើផុតនៃ

ចាកពីព្រឹក្សាមកដល់ផ្ទៃ             ទឹកអាចនាំភ័យពិបាកស្មាន។

១៨៨, ផ្គរលាន់ក្ឌូងក្ឌាំងរង្គើរដែន  រន្ទះកាចសែនលូនចាកប្រាណ

រោលរាលសាកសពស្រស់ភុំផាន    ធ្លាក់ចុះទឹកខានទើររុក្ខា។

១៨៩,ខ្សែពួរដាច់ដោចចាកទីទៃ          ពីសពនួនស្រីគួរអនិច្ចា

លូនចុះចូលជ្រៅក្នុងគង្គា                 ជ្រៅឥតគណនាស្មានមិនត្រូវ។

១៩០,ឃាតកៈទាំងពីរភ័យញ័រមាត់     បើមិនឆាប់រត់ពិបាកនៅ

ព្រលឹងសុខណាស្ទាក់តាមផ្លូវ             ​នាមជាសត្រូវបំផ្លាញជន្ម។

១៩១,ខំគាស់កាយទឹកទាំងពីរនាក់      ឆ្ពោះទៅទីរាក់ឱ្យដល់មុន

ក្រែងចួបអ្នកស្គាល់គ្រាន់ជាទុន           តែក៏មិនទន់ប្រាប់រឿងហេតុ។                                        

១៩២,  ថ្លែងពីកំលោះនាដែនក្រុង       រូបល្អសមទ្រង់ខ្ពស់ត្រដែត

រូតរះបរចេញព្រោះដោយហេតុ           មិនអាចចាំស្អែកចួបសង្សារ។           

១៩៣, ដល់កំពង់លួងចតឡានទុក     តម្រង់ទៅមុខសួរប្រជា

អ្នកភូមិទីនេះក្រែងស្គាល់ថា               ផ្ទះម្ចាស់ចិន្តា សុខណាស្រី។

១៩៤,លុះបានដំណឹងច្បាស់ការហើយ    កំលោះពុំល្ហើយរកទូកខ្មី

ឱ្យគេជូនទៅដោយតម្លៃ                    សមគួរតាមលៃឱ្យដល់ឆាប់។

១៩៥,ដៃលើកសំពះជម្រាបសួរ         ជាការសមគួរមានសណ្តាប់

បែបផែនជាខ្មែរតាមទម្លាប់              ដែលប្រកាន់ភ្ជាប់តសាវតា។

១៩៦,បុរសពោះម៉ាយជនជាតិយួន  ស្លៀកខោលែងខ្លួននៅលើក្តារ

ដៃកាន់កាំបិតជួសមងត្រា              លើកដៃវាចាតបយ៉ាងសម។

១៩៧,ថាអ្នកកំលោះជានរណា      ចុះមកមានការណ៍អ្វីផ្ទះខ្ញុំ

មើលមុខសាច់ឈាមនេះមិនសម   អ្នកស្រុកធ្លាប់ជុំក្បែរលំនៅ។

១៩៨,ខ្ញុំជាអ្នកក្រុងមកពីឆ្ងាយ        ភ្នំពេញឆើតឆាយតម្រង់ផ្លូវ

រកផ្ទះសុខណាកូនពូហូវ               តាមអ្នកនាំផ្លូវថាហ្នឹងច្បាស់។

១៩៩,សិរីផ្អាកសួររេនេត្រា           រកមើលសង្សារយ៉ាងរហ័ស

តែពុំឃើញឡើយនៅក្នុងផ្ទះ        ឬមួយនាងផ្លាស់ទៅទីទៃ។

២០០,ពូហូវសម្លឹងមើលកំលោះ   ហាក់ដូចស្រណោះមាននិស្ស័យ

គាត់ឆ្លើយយ៉ាងលឿនតាមសេចក្តី    ហ្នឹងហើយផ្ទះស្រ័យខ្ញុំអាត្មា។

២០១,សូមលោកប្រាប់មកនូវធុរៈ       មានអ្វីកុំលាក់ចំពោះការណ៍

ខ្ញុំបាទនឹងឆ្លើយតាមបញ្ហា                 ដែលអាចវាចាសមសេចក្តី។

២០២,ខ្ញុំជាសង្សារសុខណាមុំ           យូរច្រើនគួរសមរាប់ជាថ្ងៃ

ឡើងខែក្បែរឆ្នាំសូមប្រណី             ខ្ញុំមកក្នុងន័យបង្ហាញប្រាណ។

២០៣,ថានឹងចូលសួរតាមតម្រា       ចូលដល់មេបាញាតិសន្តាន

ទៅមកតាមច្បាប់ពុំរអាន                ខុសត្រូវប៉ុន្មានសូមប្រណី។

២០៤,មើលឡើងមើលចុះមិនអស់ចិត្ត   ពូហាវភ្នកគិតដោយសង្ស័យ

មិនដែលឃើញមុខតិចបំភ្លៃ          ថាសង្សារស្រីសុខណាកូន។

២០៥,សម័យឥឡូវសម្បូរណាស់    ជនល្មោភបោកប្រាស់បន្លំខ្លួន

ល្បិចគ្រប់រូបភាពជាចំនូន              តោងជួយសណ្តូនពិបាកស្មាន។

២០៦,តែណ្ហើយ ប្រថុយមួយគ្រាចុះ   ទោះស្មោះមិនស្មោះក៏យល់ដាន

ស្គាល់មុខស្គាល់មាត់សម្គាល់បាន    ខុសត្រូវប៉ុន្មានចាំលកលៃ។              

២០៧, នាងទៅនេសាទយូរណាស់ហើយ តែមិនទាន់ឡើយឃើញវិលវៃ

បើតាមទម្លាប់គឺរាល់ថ្ងៃ               ថ្មើនេះយកត្រីឱ្យឈ្មួញស្រេច។

២០៨,គាត់ឈប់វាចាឱនមុខជ្រប់   អារម្មណ៍សញ្ជប់ចែកមិនដាច់

ខ្លាចកូនមានទុក្ខលើផ្លូវត្រាច់       សុខទុក្ខយ៉ាងម៉េចទេកូនស្រី។

២០៩,សិរីយល់ជាក់ពីទឹកចិត្ត     អ្នកមានគុណពិតដ៏ថ្លាថ្លៃ

កំលោះបង្វែរនាំសេចក្តី             និយាយទីទៃក្រែងលោកស្រាន្ត។

២១០, បើតាមសម្តីប្អូនសង្សារ    ធ្លាប់ប្រាប់ឡើងថាពុំដែលខាន

បេះដូងលោកខ្សោយញ័រសព្វប្រាណ   ដាច់ថ្នាំមិនបានគួរបារម្ភ។

២១១,អង្គុយរង់ចាំម៉ោងពីរជាង   នេត្រាមើលមៀងយ៉ាងក្រៀមក្រំ

មិនឃើញស្រមោលស្រីស្រងាំ   ខលទៅប្រចាំមិនទទួល។

២១២,សិរីមិនអាចចាំដូចមុន    កំលោះទោរទន់ទាំងកំសួល

រកកាណូតជូនបន្ថែមឈ្នួល      ក្នុងចិត្តមិនស្រួលហាក់យល់ហេតុ។

២១៣,កាណូតលយលឿនលើជលសា  ចន្លោះព្រឹក្សាដែលខណ្ឌចែក

រនាមព្រៃជ្រៅសល់ត្រឹមមែក       ឫសដើមផុងបែកបាត់កាយា។

២១៤,នេត្រាកំលោះគយសម្លឹង   គ្មានសល់ជុំហ្នឹងទាំងទុក្ខា

ក្នុងចិត្តវិយោគអួលឈឺផ្សា          មិនឃើញជីវ៉ាសូន្យដំណឹង។

២១៥,បងមានដឹងថា សុខណាថ្លៃ ដាក់មងរាល់ថ្ងៃលើផ្ទៃបឹង

ទន្លេសាបគង្គាដ៏សែនល្វឹង       ទីណាច្រើនហ្នឹងសកម្មញឹក។

២១៦,ជូនទៅឱ្យគ្រប់អស់មន្ទិល កុំឱ្យស្រពិលក្រោយក្រែងនឹក

បារម្ភនាងណាស់ខ្ញុំរម្លឹក           តោងថ្ងៃល្ងាចព្រឹកស្រពន់ចិត្ត។

២១៧,ពូជាអ្នកបរកាណូតស្តាប់     យល់ហើយប្រញាប់បន្ថែមវឹក

ចំហាយទឹកចេញយ៉ាងសន្ធឹក    លូនលឿនលើទឹកឆ្ពោះតម្រង់។

២១៨,រកគ្រប់កន្លែងមិនប្រទះ   ថ្ងៃរះលែងច្បាស់ធ្លាក់រយុង

ពពកបាំងបាត់អន្ធិការង់          ចូលវេនបម្រុងតាមវេលា។

២១៩,ក្មួយអើយយប់ហើយតោះទៅផ្ទះ  ងងឹតលែងច្បាស់ខ្លាចវេទនា

បង្កគ្រោះថ្នាក់លើជលធារ        បើកបរពុំជាមិនត្រង់ផ្លូវ។

២២០,សិរីសង្ខុញច្រត់ចង្កា       ប្រុងឆ្លើយឡើងហាខ្លាចពុំត្រូវ

មេឃងងឹតជាក់ច្បាស់ពិតនូវ    ធម្មជាតិតម្រូវផ្លាស់ប្តូរវេន។

២២១,កាណូតបរចេញទាំងអាល័យ    មន្ទិលសង្ស័យនៅពេញដែន

ទន្លេសាបព្រៃរនាមសែន          ចុកចាប់អួលណែនសង្វេគក្រៃ។

២២២,ពូហូវចំណាស់នៅមិនសុខ      ក្នុងចិត្តរំអុកភ្នកកូនស្រី

ដំណឹងបាត់សូន្យខានវិលវៃ              ថ្មើនេះកូនថ្លៃជាយ៉ាងណា។

២២៣,ក្រោមភ្លើងអំពូលចាំងឆ្លុះប្រាណ     ជម្រកចាស់ដានសល់ដូនតា

ពូហូវអង្គុយច្រត់ចង្ការ                ជួនយកក្រម៉ាបក់ដេញសត្វ។

២២៤,គាត់គិតក្នុងចិត្តទាំងក្រៀមក្រំ    តិចកូនស្រីខ្ញុំព្រាត់រសាត់

ដោយការធ្លាក់ទឹក ចូលជ្រៅបាត់     ឬមួយមានសត្វខ្មីយាយី។

២២៥,ឱ!កូនសម្លាញ់ពុកបារម្ភ       សូមគុណឧត្តមដ៏ប្រពៃ

ជួយការពារនាងពីចង្រៃ                គ្រោះហេតុម្តេចក្តីសូមចៀសឆាប់។

២២៦,សិរីមកដល់បង្ហាញភក្រ្ត       យល់ច្បាស់យ៉ាងជាក់មិនបាច់ប្រាប់

មិនឃើញសុខណា ពុកឈឺចាប់     កូនអើយប្រញាប់មកវិញណា។

២២៧,ទឹកភ្នែកមេបាស្រក់ដូចស្រី   កាត់ថ្ពាល់ដ៏ខ្លីដក់លើក្តារ

បន្តឥតដាច់ហៀរជលសា             ដង្ហោយវាចាក្តីឈឺចាប់។

២២៨,យំផងពោលផងគួរអាណិត  កូនអើយកម្មរឹតតាំងពីចាប់

កកើតឃើញថ្ងៃត្រូវម្តាយស្លាប់      ធំកាយរសាត់ពីពុកទៀត។

២២៩,ថ្លែងពីនាយដននិងនាយសែ   ភ័យព្រួយឥតល្ហែរងសម្ពាធ

ណាខ្លាចគេដឹងចាប់ចងសៀត      ណាខ្លាចខ្មោចទៀតលងយាយី។

២៣០,កែវភ្នែកដក់ដាមតែមុខនាង   មើលមកមុនរៀងចុងនាទី     

បើកឡើងធំៗសុំជីវី                      ដង្ហើមចាកទីដែនផែនភព។

២៣១, នាយសែបន្លឺទៅនាយដន   នែក! អាគូកនគួរតាំងស្ងប់

យកធម៌យកអារ្យតាំងជាម្លប់         ក្រែងបានប្រសព្វរួចទុក្ខទោស។

២៣២,នាយដនវាចាយ៉ាងរហ័ស   កម្មយើងក្រាស់ណាស់ពុំសណ្តោស

ផ្តាច់សង្ខារសត្វយ៉ាងទុរយស        ពាក្យថាជាមនុស្សពុំសមប្រាណ។

២៣៣,បុណ្យផ្សេងបាបផ្សេងឥតច្រឡំ  បើតាមគោតមពុទ្ធលោកត្រាន

ចងជាគម្ពីរតលំអាន                    មិនអាចលាងបានដោយអំពើ។

២៣៤, បើឯងដឹងខុសគឺប្រពៃ      តោះយើងលកលៃកែខៃមើល

រិះគិតបែបណាទើបប្រសើរ          បើតាមដំណើរជ្រុលផុងជ្រៅ។

២៣៥, អញថាយើងគួរស្រង់សពនាង   ដាក់ទើរក្រែងឆៀងមនុស្សតាមផ្លូវ

ចែវចូកបរកាត់អាចយកទៅ        ធ្វើបុណ្យតាមនូវប្រពៃណី។

២៣៦,គេថាដឹងខុសគឺប្រសើរ     ទោះបីដំណើរជ្រៅមិនថ្វី

ហោចណាស់ជួយខាងញាតិរវៃ   ទាន់សពថ្មីៗយល់អត្ត។

២៣៧,ព្រមព្រៀងតាមការណ៍រួចប្រញាប់  ព្រឹកឡើងស្វាហាប់ទាន់ត្រជាក់

ស្រង់សពសុខណាទាំងពីរនាក់       ធ្នើរលើមែកពាក់ក្បែរមាគ៌ា។

២៣៨,រួចហើយគេចខ្លួនទៅទីវត្ត      យល់តាមសន្មតប្តូរភេទជា

សង្ឃរៀនធម៌អាថ៍ព្រមវិជ្ជា              តាំងសីលភាវនាជូនកុសល។

២៣៩, ដល់ខ្មោចក្រមុំខ្លួនបំពាន      រោលរាលស្រេកឃ្លានធ្លោយបន្សល់

ជាជនឧក្រិដ្ឋគ្មានដឹងគល់               សីលធម៌ពុំយល់ដោយកាមា។

 ……………………………………………………………

                                         សោកសៅ

២៤០,រាត្រីត្រជាក់ខ្យល់ជំនោរ        បក់នាំយកមកទាំងរុក្ខា

ក្នុងទឹកក្លិនឆួលជាប់ឃានា             ចងជាអក្ខរាបំពេចិត្ត។

២៤១,សំឡេងរលកបន្លឺឡើង          ផ្ទប់ជាប់ដោយជើងសសរកិត

លេចចេញជាស្នូរដូចជីវិត               ចុះឡើងឥតពិតមានសុខទុក្ខ។

២៤២,សិរីអង្គុយមើលព្រះចន្ទ          ជាគូកំណាន់គ្រាមានសុខ

ពន្លឺល្អថ្លាផ្តល់ទំនុក                        សុខច្រើនជាងទុក្ខក្នុងជីវិត។

២៤៣,សំឡេងគ្រប់យ៉ាងត្រូវបានប្តូរ      ប្រែមកជាថ្នូរខុសការពិត

ដង្ហោយឱ្យជួយស្រង់ជីវិត              សំឡេងនៅជិតសោតាកាយ។

២៤៤,​ខ្ញុំរងារណាស់ ដង្ហើមថប់      ឈ្លក់ទឹកមួយយប់ពុំរសាយ

កាយខ្មៅរោលរាលដោយផ្សែងនាយ  រងទុក្ខសម្ពាយវេទនាក្រៃ។

២៤៥,កំលោះបែរភក្ត្រទៅសំឡេង  គ្មានឃើញអ្វីផ្សេងក្រៅរាត្រី

បាំងបាត់ពន្លឺព្រះចន្ទថ្លៃ               ពពកមូលមីរលើវេហាស៍។

២៤៦,គាត់ភ័យរន្ធត់ព្រឺរោមខ្ញាក   ក្រោកឈរប្រុងចាកលែងប្រាថ្នា

គយគន់សម្រស់ដ៏សោភា           ក្បែរខ្លួនដូចជាមានអ្វីម្យ៉ាង។

២៤៧,ជើងឈានដំណើរតែត្រចៀក    ស្តាប់ឮយល់ពាក្យមកពីម្ខាង

សំឡេងដដែលតែខុសរាង          បើស្តាប់ដោយផ្ទៀងដូចសុខណា។

២៤៨,ក្តៅណាស់!ជួយផង បងសិរី   សូមបងប្រណីជួយមួយគ្រា

ក្តៅដូចគេដុតដោយកាមា               ជាភ្លើងហិង្សាបំផ្លាញរូបំ។

២៤៩,សិរីឈប់ទ្រឹងរួចងាកមើល     ឆ្វេងស្តាំទៅលើមុខស្លេកស្លាំង

ជើងញ័រទទ្រើកគ្មានកម្លាំង             តែខំប្រឆាំងកុំឱ្យដួល។

២៥០,គ្រប់យ៉ាងទទេគ្មានរូបរាង     សុខៗមានភ្លៀងមួយកំសួល

រន្ទះពុះមេឃដូចមិនស្រួល            ថែមទាំងបបួលផ្គរលាន់ទៀត។

២៥១, ពន្លឺមួយនេះបង្ហាញច្បាស់   ខ្មោចស្រីម្ចាស់ផ្ទះពេញដោយមាឌ

ធំខ្មៅអាក្រក់ស្បែកគ្រោតគ្រាត     កែវភ្នែកបើកឡើងប៉ុនពងមាន់។

២៥២,ខ្មោច!ខ្មោច!សូមឆាប់ចេញភ្លាមទៅ  កុំបីឡើយនៅបង្កើតមន្ត

បន្លាចខ្ញុំអីនាំអាសន្ន                   កម្លាំងខ្ញុំអន់អាចគាំងស្លាប់។

២៥៣,ខ្មោចនេះចូលមកកាន់តែជិត   សិរីពិនិត្យរិតមុខយ៉ាប់

ភ្នែករូងខូងជ្រៅទាញធ្លាក់ទាប     សំឡេងខមស្តាប់ព្រឺបះសក់។

២៥៤,ទេ!កុំចូលមកខ្ញុំខ្លាចហើយ    សិរីដង្ហើយភ្ញាក់លែងលក់

រើចុះរើឡើងកន្ទេលខ្ទក់             ពូហាវស្ទុះមកផ្តើមវាចា។

២៥៥,ក្មួយមានរឿងអ្វីម្តេចស្រែកខ្លាំង     រើដោយកម្លាំងខុសធម្មតា

ទឹកមុខស្លេកស្លាំងផ្តើមដោយការ   ឬខ្មោចកម្លាជំនាងផ្ទះ។

២៥៦,មិនមែនទេ បើខ្ញុំចាំជាក់     យល់សប្តជំពាក់យ៉ាងជាក់ច្បាស់

សំឡេងសុខណាដង្ហោយដាស់   នាងរងាណាស់កម្សត់ប្រាណ។

២៥៧,សិរីរៀបរាប់តាមដំណើរ    ប្រាប់ទៅឥតបើខុសប្រមាណ

ពីក្នុងសុបិនទាំងប៉ុន្មាន              ទាំងពីរអង្គប្រាណរំពៃសោក។

២៥៨,បន់ឱ្យឆាប់ភ្លឺនឹងចេញចរ   តាមរកស្រីល្អឱ្យវិលមក

ជួបជុំរស់នៅក្នុងជម្រក               ថែរក្សាលោកអ្នកមេបា។

                             ស្វែងរក

២៥៩,សុរិយាប្រាកដលើនភា      អ្នកភូមិប្រជាចេញយាត្រា

នាំដោយកំលោះសិរីរ៉ា                     តាមរកសង្សារបាត់ដំណឹង។

២៦០,គ្រប់គ្នាចែកផ្លូវចូលក្នុងព្រៃ         ខ្លះខំលកលៃភ្នែករវឹង

រកទូកក្រែងម្ចាស់នៅក្បែរហ្នឹង             ខ្លះខំស្រែកប្រឹងរំពងព្រឹក្ស។

២៦១,មិនយូរប៉ុន្មានឮសំឡេង             អ្នកភូមិចាស់ក្មេងឡើងសន្ធឹក

បរទូកយ៉ាងលឿនឡើងខ្ចាយទឹក        សំឡេងអឹកធឹមក៏ផ្តួចផ្តើម។

២៦២,នាងណាស្លាប់ហើយខ្លួនឡើងខ្មៅ មើលតាមសំដៅផុតដង្ហើម

ប្រាកដណាស់ថារន្ទះឆ្នើម                  ផ្តាច់យកដង្ហើមនួននាងស្រី។

២៦៣,សិរីទន់ជើងទឹកភ្នែកស្រក់        ជាច្រើនដំណក់ចូលជលស័យ

ឱបសពសង្សារទាំងអាល័យ             សម្លឹងមុខស្រីគួរសង្វេគ។

២៦៤,ខ្សិកខ្សួលរៀបរាប់ពីជម្រៅ      ក្តីស្នេហ៍ដ៏ជ្រៅសួរទៅមេឃ

សួរទឹកសួរដីទាំងទឹកភ្នែក                 លោកដាច់ចិត្តពេកពង្រាត់ក្ស័យ។

២៦៥,ហេតុអីឱ្យចួបហើយឱ្យព្រាត់    ទាំងក្តីកម្សត់ខុសប្រពៃ

នាងស្លាប់ឱ្យខ្ញុំរស់ធ្វើអ្វី                    បើក្នុងហឫទ័យយល់តែទុក្ខ។

២៦៦,បើអាចសូមខ្ញុំស្លាប់ជួសនាង    ឱ្យខ្ញុំអ្នកលាងរាល់បន្ទុក

បាបកម្មទាំងឡាយយល់តែសុខ        ឱ្យនាងផុតទុក្ខកម្មវេរា។

២៦៧,ទឹកនេត្រាស្រក់ចុះលើភក្រ្ត      រូបស្រីវល័ក្ខចងន័យជា

ទំហំស្រឡាញ់ប្រាប់ពុំងារ                 ច្រើនឥតគណនាត្រឹមសម្តី។

២៦៨,បើមានជាតិក្រោយសូមចួបជួន   រស់នៅរលូនកុំព្រាត់ថ្វី

សាងសុខគ្រួសារប្រពន្ធប្តី                  រួមរស់ដល់វ័យជរារៀង។

២៦៩,សូមស្ងួនបានសុខក្នុងភពថ្មី      កំណើតប្រពៃកុំឱ្យល្អៀង

កើតមកជាមនុស្សប្រសើរជាង           អាយុស្រីនាងច្រើនរយខែ។

២៧០,កាណូតនាំយករូបកាយស្រី    បរលើជលស័យកាត់ស្រងែ

ឆ្ពោះទៅទីឋានដែលធ្លាប់តែ             រួមរស់នៅក្បែរលោកឪពុក។

២៧១,សាមសិបនាទីដល់ជម្រក     ពូហាវស្ទុះមកលើករំអុក

លើកកូនស្រីបីថ្លែងទំនុក              កូនអើយទ្រូងពុកស្ទើប្រេះឆា។

២៧២,អនិច្ចាជីវិតកូនខ្លីម្ល៉េះ           ចោលពុកម្នាក់នេះឱ្យកំព្រា

តែលតោលម្នាក់ឯងឥតមានគ្នា      ថ្ងៃក្រោយទៅជាយ៉ាងណាទេ។

២៧៣,ឱ!ព្រហ្មលិខិតកំណាចក្រៃ   លោកពុំប្រណីបំបែកគ្នេរ

គ្នារួមលោហិតប្រតិដ្ឋក្បែរ              ល្អាងកម្មឡប់ឡែបំណងអ្វី។

២៧៤,លោកជូតទឹកភ្នែកចេញពីថ្ពាល់   សភាពពុំយល់មើលសិរី

ឱ!ក្មួយប្រុសអើយជួយលកលៃ       គិតគូបច្ច័យធ្វើបុណ្យជូន។

២៧៥,ឱ្យកូនស្រីខ្ញុំបានទៅចាប់      កំណើតយ៉ាងឆាប់ទៅតាមក្បួន

កុំឱ្យអន្ទោលតាមដោយខ្លួន            ជាប់បាបធ្លាក់សូន្យឋានអប្រិយ។

២៧៦,គ្រួសារខ្ញុំក្រគ្មានលទ្ធភាព    ធ្វើបុណ្យបានទាបត្រឹមមួយថ្ងៃ

កន្លែងចង្អៀតពុំប្រពៃ                   កណ្តាលជលស័យពិបាកស្នាក់។

២៧៧, សិរីញញឹមទាំងទឹកភ្នែក    ថាពុកកុំរែករែងនាំធ្លាក់

កម្លាំងលោកខ្សោយនាំគ្រោះថ្នាក់  រឿងបុណ្យពំនាក់លើខ្ញុំបាន។

២៧៨, ខ្ញុំនឹងយកសពទៅបូជា       ទីឋានល្អជាច្រើនសន្តាន

ភ្ញៀងច្រើនអឹកធឹកឱ្យសមប្រាណ    ទីវត្តអារាមស្ថានដោយព្រះធម៌។

២៧៩,ពូហាវលើកដៃឡើងសំពះ    អរគុណក្មួយណាស់ដែលចិត្តល្អ

ជួយយកអាសាយ៉ាងស្មោះសរ      រូបខ្ញុំបាទក្រគ្មានអ្វីសង។

២៨០,  ពូកុំសំពះខ្ញុំបាទថ្វី            មើលទៅឃ្លាតវ័យថែមទាំងឆ្គង

ចាស់សំពះក្មេងគ្មានទំនង            ខ្ញុំជួយបំណងក្តីស្រលាញ់។

២៨១,និយាយគ្នាចប់ក៏រៀបដាក់    កាណូតទូកទាក់គ្មានកំណាញ់

ឱ្យជាសោហ៊ុយជូនទៅពេញ        ទីទួលឥតម្នេញឆ្ពោះទៅវត្ត។

២៨២,សម្តេចយស្សាវត្តសែនល្បី  មានធម៌វិន័យយ៉ាងហ្មត់ចត់

ទីធ្លាស្អាតស្ងប់គ្របដណ្តប់        ព្រឹក្សាក្បែរវត្តអមបុប្ផា។

២៨៣,ចេតិយតូចធំរៀបជាជួរ    មើលទៅគឺគួរទាក់នេត្រា

ព្រះវិហារប្រាកដលើវេហាស៍           ឈរយ៉ាងសង្ហាហាក់បេតី។

២៨៤,ដល់វត្តកំលោះចាត់ស្វាហាប់    ទៅតាមលំដាប់ប្រពៃណី

មួយថ្ងៃមួយព្រឹករួចវិលវៃ                 យកឆ្អឹងនាងស្រីទៅផ្ទះរ៉ា។

២៨៥,ព្រលឹមថ្ងៃរះពីទិសបូព៌           សិរីនាំយកធាតុសុខណា

បរទូកកាត់ទឹកទន្លេថ្លា                   ឆ្ងាយផ្ទះស្នាក់សាសច្ចាផ្សង។

២៨៦,មកដល់កំលោះរែងសញ្ជឹង   អារម្មណ៍ពុំនឹងជាប់ចំណង

ស្លាកស្នាមក្តីស្នេហ៍ដែលបានក្រង    ទោះខ្លីក៏ប៉ងរួមរស់ក្បែរ។

២៨៧,សំឡេងសត្វរំពេបន្លឺកាត់    សោតាកៀកកិតនឹកក្តីស្នេហ៍

គ្រាដែលសាសងក្បែរស្រងែ         រំពេយំថែពន្លកត្រួយ។

២៨៨,ក្រលេកមើលទឹកឡើងរលក   បុរសនឹកភ្នកនាគ្រាមួយ

ទូកមួយពីរនាក់ភាសាជួយ        ផ្តោះផ្តងជំនួយដោយកែវភ្នែក។

២៨៩,នាងសន្យាថានឹងរស់ក្បែរ  ឱ្យច្រើនរយខែកុំបីបែក

មិនខ្វល់មាត់ញាតិបន្លឺញែក         ខ្មែរយួនខុសប្លែករស់ពុំគាប់។

២៩០,រស់នៅលើដីប្រកបការ      ស្រួលជាងជលសាកុំត្រលប់

ពិបាករស់នៅពិបាកសព្វ           ផ្ទះតូចខ្វះទ្រព្យគ្មានអ្វីចែក។

២៩១,រាល់អនុស្សាចាំទាំងអស់   អារម្មណ៍ដែលស្មោះមិនអល់អែក

ទោះបាត់រូបកាយក៏ពុំប្លែក        បេះដូងលែងចែកឱ្យអ្នកផ្សេង។

២៩២,នេត្រាសម្រក់ចុះកាត់ថ្ពាល់     វាមានឫសគល់មិនសម្តែង

អារម្មណ៍ឈឺចាប់ពិបាកថ្លែង       ក្នុងទ្រូងអួលណែនចំបែងក្រៃ។

២៩៣,សិរីទម្លាក់ធាតុសង្សារ     ពោលតិចៗថាសូមរូបស្រី

ទៅកាន់ទីភពដ៏ប្រពៃ              បាបកម្មចង្រៃរសាត់ដាន។

២៩៤,សូមបុណ្យដែលខ្ញុំធ្លាប់បានធ្វើ  ជូនស្ងួនប្រសើរទទួលបាន

តិចក្តីច្រើនក្តីតាមលំអាន         សន្យាឥតខានជូនបន្ត។

២៩៥,កុំបីអាល័យអ្នកមានគុណ  ខ្ញុំស្ម័គ្ររែកពុនថែឱ្យល្អ

មើលថែទុកដាក់ដោយស្មោះសរ   ពុំមានល្អក់កកររួមលោហិត៕                                                                 

ចប់-