ដើមឡើយ ពិធីមង្គលការសម្រាប់ជនជាតិចិន និយមតែធ្វើឡើងយ៉ាងតឹងរ៉ឹង ព្រោះជាការតពូជត្រកូល និងផ្គាប់ចិត្តដូនតា។ តែតាមចាស់ៗមកពីស្រុកចិនប្រាប់ ក៏មានតំណាលមកថា ការរកមនុស្សរស់ យកមកសម្រាប់រៀបការជាប្រពន្ធឬប្តីឱ្យអ្នកស្លាប់ពិតជាធ្លាប់មាន។
ពិធីគួរឱ្យញញើតមួយនេះខ្លះៗគេលបលាក់ធ្វើឡើង ព្រោះគ្រួសារគេមានជំនឿខ្លាំង គេមិនចង់ឱ្យអ្នកនៅលីវជាកូនចៅរបស់គេ ដែលស្លាប់មិនទាន់រៀបការត្រូវនៅកំព្រាទេ។ នេះបានន័យថា រកមនុស្សមករៀបការជាមួយខ្មោចដែលទើបស្លាប់ឬស្លាប់យូរហើយ។
ឡានបោះពួយ….ផ្លូវរលោងស្រិលៗ ព្រោះភ្លៀងមិនដាច់គ្រាប់ មេឃត្រជាក់ គ្រប់យ៉ាងស្ងាត់ចម្លែក។ ឌឿននិង លីណាជាសង្សារគ្នា ពួកគេជិះនៅបាំងមុខ ចំណែកមុនី ជិះបាំងក្រោយ។
«អញវិញបើការប្រពន្ធ អញចង់បានកូនចិន! អស់អីអស់ទៅអ្ហ៎ា»មុនីមមើរនិយាយមានៈតាមជាតិស្រវឹង។
«ស្រវឹងហើយដេកទៅវ៉ី!» ឌឿនដឹងថា ពេលយប់ស្ងាត់និយាយឡូឡាប៉ះពាល់ពួកវិញ្ញាណឬ បង់បត់ដែលខ្មែរយើងប្រកាន់ណាស់ បានជាឃាត់មិត្ត។
តាមពិត មុនីនេះទើបជាម្ចាស់ឡាន ។ គេទារចេញមកលេងកំពង់សោមទាំងស្រវឹង ព្រោះល្ងាចហើយ ទើបនឹងចេញពីចូលរួមមង្គលការបងប្អូននៅជាយក្រុងកំពង់ស្ពឺ ។ ឃើញគេស្រវឹងពេក ឌឿននិងលីណាក៏ព្រមធ្វើតាម ដោយឌឿនទាមទារបើកឡានឱ្យ។
ខុរ….ឌឿនបើកឡានងាកមកមើលផង ។
«ដេកបាត់មែន!»
គេរអ៊ូតែពេលងាកមកមើលសង្សារលីណាក៏ហាមាត់ដែរ។ នៅម្នាក់ឯងឱ្យគត់។ រឿងចង្រៃជាងផ្លូវងងឹតទៀតនោះគឺ ខូចឡាន ។
«វ៉ាសៗ» លីណាភ្ញាក់បះដៃជើងរបៀបថាយល់សប្តិមិនល្អ ស្រែកផ្អើលរហូតដល់ភ្ញាក់ទាំងមុនីទៀត។ «ស្អីគេឯង? មុនីសួរដោយក្រោកឡើងច្បូតមុខ។
យលសប្តិ! នាងក្រោកអង្គុយត្រង់វិញដែរ ។ ញីភ្នែកងាកមើលរកសង្សារ។
«ឡានឈប់?»លីណាសួរឡើង។
ពេលនោះហើយដែលលីណាដឹងថាឡានកំពុងខូចពីព្រោះមើលពីនេះទៅសង្សារខ្លួនកំពុងតែជជែកឆ្ការដៃជើង ជាមួយនឹង អ្នកធ្វើឡាន នៅឃ្លុបខាងមុខ។
មុនីជាម្ចាស់ឡាន គេមិនមាត់ទេ។ គេប្រហែលជាឃើញដែរហើយបានជាគេចុះដើរទៅដោយមិនបិទទ្វារវិញនៅឡើយ។
លីណារៀបចំសក់ខ្លួន ទាញខោអាវស្រួលបួល ទើបចុះតាមក្រោយដែរ។
« ទាល់តែភ្លឺបានមានជាងមកធ្វើបាន!»
គ្រាន់តែឮសម្តីនេះនាងចង់ភ័យ។ ទាំងបីនាក់សម្លឹងជុំវិញខ្លួន នេះគឺជាកន្លែងធ្វើឡានដាច់ស្រយាលមួយ។ ជាងម្នាក់នោះ មានវ័យចំណាស់មានពុកមាត់ច្រម៉ុយៗដូចចិន គាត់សម្លឹងមុខនាងនិងសម្លឹងមកមិត្តទាំងពីរម្តងម្នាក់ រួចនិយាយបន្ថែម៖
«ជាងស្អែកបានមក! យប់ពេកពួកគេទៅផ្ទះអស់ហើយ! ពិបាកហៅគេមកណាស់ ឱ្យគេសម្រាកសិន !»
«ប៉ុន្តែធ្វើម៉េចទៅពូ?»
បីនាក់សម្លឹងទៅបរិវេណរោងជាងជួសជុលទ្រុឌទ្រោម ក្រោមពន្លឺម៉ាងសុង។ កន្លែងនេះសូម្បីតែដាក់កៅអីអង្គុយក៏គ្មានកៅអីស្រួលបួលផង កុំថាឡើយដល់គេងរំដោះយប់បាន។
«ដើរចូលក្នុងភូមិតែបន្តិចហ្នឹងមានផ្ទះអ្នកស្រុកសុំគេគេង១យប់សិនទៅ! ឡានទុកនៅនេះមិនអីទេ»
មុនីសម្លឹងមុខឌឿន។ គ្មានអ្នកណាចង់ទៅចោលឡានទេ។ ប៉ុន្តែក្រឡេកមើលសងខាងផ្លូវដូចជាស្ងាត់ពេក។
« ហើយ…នៅកន្លែងណានេះឌឿន? មិនមែនផ្លូវធំទេ?»មុនីសួរដោយពិបាកចិត្ត។
« អត់ទេ! យើងចូលផ្លូវលំមកតាមអ្នកស្រុកប្រាប់!»
« ហើយកន្លែងណាហ្នឹង ម្ដុំនេះ?»
មុនីឱនមើលទូរស័ព្ទគ្មានទេសេវា។
«គេហៅថាភូមិចិនចាស់!»
គេងើបមុខវិញសម្លឹងជាង។
គាត់បិទឃ្លុបឡានមកវិញហើយនិយាយបន្ថែម៖
«ភូមិចិនចាស់នៅក្នុងមានផ្ទះច្រើនគួរសមដែរ ផ្ទះគេធំៗ បរិបូរណ៍ណាស់ សុំគេសម្រាកទៅព្រឹកឡើងចាំគិត!»
«បាទ តែខ្ញុំ….ពួកខ្ញុំអត់ចង់រំ……ខាន!»
លីណាលូកមាត់មកគួរសមតែនាងទំនងជាចង់ឱ្យម៉ូទៅឌឿននិងមុនីថា វ៉ៃងាប់ក៏មិនដេកផ្ទះអ្នកស្រុកដែរ។
«បើថានេះ ពួកខ្ញុំបែបគេងក្នុងឡានហើយពូ!»
«ប៉ុន្តែ…ឈឺបត់ជើងណាស់ !» លីណាខ្សឹបប្រាប់ប្រុសស្នេហ៍។
មិនយូរទេ ពួកគេក៏សម្រេចចិត្តទុកឡាននៅនិងការ៉ាស់ព្រោះជឿសម្ដីពួកម្ចាស់នោះថា មិនឆ្ងាយប៉ុន្មានរួចពួកគេក៏ដើរតម្រង់ទៅក្នុងភូមិ។
មាន ផ្ទះមួយទៅដល់មុនគេ រាងទំនងជាងគេ ព្រោះថាមានពីរជាន់។ ខាងលើឈើខាងក្រោមថ្មប៉ុន្តែមានរបងពីមុខដោយព្យួរភ្លើងបំភ្លឺនៅមុខផ្ទះផង។
ពួកគេក៏សម្រេចចិត្តចុចកណ្ដឹង។ យូរបន្តិចទើបឃើញបុរសចំណាស់ម្នាក់ចេញមក ។ គាត់បង្ហើបទ្វាររបងជាបន្ទះឈើតែបន្តិច សម្លឹងពួកគេទាំងបីហើយនិយាយបដិសេធភ្លាមៗ៖
« យប់ហើយខ្ញុំមិនទទួលភ្ញៀវទេ!»
គាត់ជាមនុស្សចាស់សំឡេងរញីរញ័រប៉ៃឡាំៗ សមតែជាភូមិចិនចាស់ដូចគេប្រាប់មកមែន។
« ឱ្យគាត់ចូលសម្រាកមកអាប៉ា!»
សំឡេងស្រួយស្រឹបពីក្នុងនោះមកដែរ លាន់តាមខ្យល់ត្រសៀក។
«ហេតុអីបានជាមនុស្សស្រីនៅក្នុងដឹងថាពួកយើងចង់ចូលទៅសម្រាក?» មុនីគិតបែបនេះព្រោះនៅស្រឿងៗជាតិស្រវឹង។
ហើយពួកគេក៏ត្រូវបានបុរសចំណាស់បើកទ្វារឱ្យចូល។ ដូចជាគាត់ស្ដាប់បង្គាប់កូនស្រីរបស់គាត់ខ្លាំងណាស់ ឬមួយគាត់ស្រលាញ់នាងខ្លាំង។
ខាងក្នុងនេះសភាពដ៏ស្រស់ស្អាតនាផ្ទះបុរាណចិន មានបង្អួចសងខាងពីរ ទ្វារចំកណ្តាល អំពូលពងមាន់ក្រហមស្រទន់ព្យួរនៅខាងក្នុង។
ក្លិននំសែន និងមីឆា ក្លិនមាន់ ទាខ្វៃហើយមក។
នេះជាពេលយប់ដែលគួរមានក្លិនខ្យល់នឹងផ្កា ទីនេះបែរជាធំក្លិនធូបទៀន។
«យប់នេះសែនក្បាលទឹក »គាត់ប្រាប់ពេលពួកគេសម្លឹង មនុស្សស្រីម្នាក់មានសក់វែងអន្លាយកំពុងអង្គុយបែរខ្នងដុតក្រដាស់សែន។
«ខ្ញុំអត់សែន! ខ្មែរសុទ្ធបានជាមិនដឹង! សុំទោសដែលរំខានពូ»ឌឿនឆ្លើយ។
គាត់ថា«មិនអី!» រួចនាំដើរហួសទៅ។ កូនស្រីគាត់មិនរវល់នឹងបីនាក់នេះទេ នាងនៅបន្តការងារក្រហមងងាលម្នាក់ឯងក្នុងភាពរាត្រីកាល។
រហូតដើរមកកប់បាត់បាំងទៅក្នុងជញ្ជាំង ពួកគេឈប់ចាប់អារម្មណ៍ពីនាងក៏ក្រឡេកជុំវិញផ្ទះ។ តើហេតុអីបានជាទីនេះដូចជាស្ងាត់មានតែឪពុកនិងកូន?
ពាក្យថាឪពុកនិងកូនគឺសំដៅលើមនុស្សស្រីសក់វែងដែលនាងហៅបុរសចំណាស់អម្បាញ់មិញថាអាប៉ា។
«បន្ទប់ខាងឆ្វេងនេះអាចសម្រាកបាន!»
គាត់រុញទ្វារតែមិនចូលទៅនៅឡើយ។ បុរសជរា គាត់ងាកមកសម្លឹងលីណា ធ្វើឱ្យនាងដឹងស្រេចថាគាត់ដូចជាចង់បំបែកនាងចេញពីក្រុមរបស់នាង។
លីណានិយាយមុនតែម្តង៖
«ខ្ញុំនៅជាមួយពួកគេបាន!អត់អីទេ!»
បុរសចំណាស់ធ្វើទឹកមុខមិនពេញចិត្តភ្លាមដោយសម្លឹងបុរសពីរនាក់នោះរួចងាកមកសម្លឹងលីណាម្តងទៀត។ យុវជនទាំងបីដឹងថាជាទំនៀមទម្លាប់ចិនពួកគេប្រកាន់រឿងប្រុសស្រីនៅបន្ទប់ជាមួយគ្នានេះ ភ្លាមនោះលីណានិយាយថែម៖
«ម្នាក់នេះជាបងប្រុសខ្ញុំ ម្នាក់នេះជាបងជីដូនមួយខ្ញុំ!»
នាងនិយាយទាក់ៗធ្វើឱ្យមុនីនិងឌឿនងាកមសម្លឹង គ្នា។ បុរសចំណាស់ក៏ងាកមើលពួកគេម្ដងទៀតដែរ។
លីណាគ្រហែម។
បំបាត់ការភ័យចម្លែកចិត្តពេលគាត់នោះងាកទៅបើកទ្វារ។ គាត់ចុចភ្លើងជាអំពូលម៉ែត្រមួយព្រាកៗយូរជាង១០វិនាទីទើបលោតឆេះក៏មិនភ្លឺស្រឡះអីដែរ ប្រហែលជាដីរុំយូរ។
«ខ្ញុំសូមទៅបន្ទប់ទឹកបានទេ?»លីណាសួរ
«នៅខាងក្រោយ» គាត់ចង្អុលទៅក្រៅផ្ទះ។
ពួកគេមើលតាមចង្អុលដៃឃើញតែទីធ្លាងងឹតស្លុប។
«ចាំបងជូនទៅ!»
ឌឿនបើកពិលហើយដើរនាំមុខលីណា នាងដើរតាមពីក្រោយទៅ។ ទីនេះសល់តែមុនី គេខំញញិមទៅកាន់បុរសជរា ជាជាងបង្ហាញអាការៈសង្ស័យចំពោះបន្ទប់នេះ។
សម្លឹងមួយជុំ នេះជាបន្ទប់មានរបៀបរៀបរយមួយ មួយមានគ្រែពីរតូចៗ រៀបចំយ៉ាងមានសណ្ដាប់ធ្នាប់សមថា មានមនុស្សស្នាក់នៅ ប៉ុន្តែថ្ងៃនេះគេមិនមានវត្តមាន។
«បន្ទប់នេះ …..!»គេមិនទាន់សួរចប់ឃ្លាផងគាត់ពន្យល់វិញ៖
«ទុកចោលទេ!….តែកាលណាមានភ្ញៀវ ខ្ញុំទទួលគេទៅ! ពីមុនធ្លាប់ធ្វើជាផ្ទះសំណាក់ប៉ុន្តែឥឡូវនេះខ្ញុំចាស់ អត់ហ៊ានទទួលមនុស្សចម្លែកស្នាក់ទេ ខ្លាចមនុស្ស!»
គេយល់ហើយ។ គាត់មានកូនស្រីម្នាក់ ចំណែកឯរូបរាងមើលពីក្រោយអម្បាញ់មិញដូចជាមនុស្សស្រីស្អាតផង។
«ពូនៅតែពីរនាក់ទេ!»
« បីនាក់!» គាត់និយាយទាំងបែរខ្នងដូចជាមិនចង់ឆ្លើយឆ្លងច្រើន ហើយដើរទៅក្បែរទូបើកកាយយកភួយខ្នើយពីរបីជាគរដាក់មកឱ្យលើកំភួនដៃទាំងពីររបស់មុនី។
គេឈរធ្មឹងទទួលកាន់របស់ទាំងនេះ ជាការគួរសម។
«គ្រែមានតែពីរទេ!»គាត់ពោល។
«អត់អីទេ! អឺពូសម្រាកទៅសុំទោសដាស់ពូឡើងទាំងយប់អធ្រាត្រ!»
«មិនអី! នៅចង្ក្រានមានរបស់សែនខ្លះ! ក្មួយចង់ហូបខ្ញុំកំដៅឱ្យបាន!»
«ទេ! ខ្ញុំ….បីនាក់ខ្ញុំចេញមកពីហូបការគេឆ្អែតគ្រប់គ្នា! ពូអញ្ជើញសម្រាក!»
«ខ្ញុំឈ្មោះ អៀង ម៉េងគ្រប់គ្នាហៅខ្ញុំថាចឹកម៉េង!»
«បាទ ពូ….ចិ….ចឹក!»
គាត់មិនញញិមសោះតាំងពីបើកទ្វារឱ្យយើងចូលមក រហូតដល់ទីនេះ ទោះបីជាផ្ទៃមុខគាត់មើលទៅស្លូតនិងក្រៀមស្រពោន ។
គេថយមកអង្គុយមកលើគ្រែហើយភួយខ្នើយចុះយកទូរស័ព្ទមកមើល នៅតែគ្មានសេវាអូខេទុកចោលទៅម្ខាង សិនព្រោះបើវាគ្មានសេវាវាជាវត្ថុគ្មានន័យ។
យប់នេះប្រហែលជាវែងណាស់ហើយ! គេគិត ព្រោះថាបើយើងមិនគេង ច្បាស់ជាក្រភ្លឺ។
«សំណាងដែលបានដេកខ្លះអម្បាញ់មិញក្នុងឡាន!»
មុនីគិតហើយអង្គុយចាំផ្លូវពីរនាក់នោះមកវិញ។ គ្មានទេសម្រឹបជើង។ ទីនេះស្ងាត់គេរឹតតែមិនហ៊ានរើខ្លួនឮខ្លាចរំខានម្ចាស់ផ្ទះ។
«ហ៊ា! ហ៊ា!»
សំឡេងខ្សឹបលាន់មកស្រាលៗសឹងកៀកត្រជាក់។
គេស្វាងគេងភ្ញាក់បះដៃជើងឃើញខ្លួនឯងកំពុងអង្គុយទ្រេតនៅក្បាលគ្រែក្នុងផ្ទះចឹកម៉េង។ ងាកទៅគ្រែផ្សេងពីរនាក់នោះមិនទាន់មកវិញផង ចេះលក់មួយស្រលេតកើតដែរ?
«មិនដឹងវានាំគ្នាទៅសាសងស្នេហានៅកន្លៀតបន្ទប់ទឹកណាទេ ពួកនេះ!បើសិនជាឱ្យចឹកឃើញចរិតស្ទាវរបស់ពួកវាមិនដឹងថាមានអ្វីកើតឡើងទេយប់នេះ! យប់សែនរបស់គេផង!»
គេក្រោកមកបង្អួចសម្លឹងសួនខាងក្រៅ។ តើទីនេះមានត្រណមអីខ្លះក៏មិនដឹង ឈ្មោះជាភូមិចិនចាស់ ឈ្មោះប្លែក។
ធំក្លិនទៀនធូបជានិច្ច និងសាច់ខ្វៃ។
«អ្នកណាហៅខ្ញុំអម្បាញ់មិញ?»
គេសួរទៅមនុស្សស្រីដែលនៅតែបែរខ្នងដុតក្រដាសសែន។ គេមិនមែនចិន និងមិនដែលសែន មុនីរឹតតែឆ្ងល់ថា ហេតុអ្វីក៏នាងដុតដល់យប់ជ្រៅម្ល៉េះ?
សក់កូនស្រីម្ចាស់ផ្ទះប៉ើងរាយប៉ាយតាមខ្យល់ត្រជាក់ស្រៀវ ខ្នង។ នាងមិនឆ្លើយនឹងសំណួរភ្ញៀវប្រុស ថែមមិនបានបែរមកទេ។ ហេតុដូច្នេះ បាននាំឱ្យមុនីគិតក្នុងចិត្តឡើងថា៖
«ផ្ទះនេះមានបីនាក់នៅ! តិចគាត់មានកូនស្រី២នាក់?»
គេគិត តាមចិត្តខិលនៃប្រុសកំលោះដែលស្រមៃឃើញស្រីៗស្អាត ទុកថានិស្ស័យព្រេងនាយ។ ភ្លាមៗ កន្ទុយភ្នែកមុនីពើបឃើញអ្វីមួយមានចលនានៅម្ខាងទៀតនៃរបងផ្ទះ។ គេងាកនឹងឈានចេញទៅតាមភ្លាមព្រោះអម្បាញ់មិញនេះ មិនដឹងអ្នកណាទេហើយគេថា «ហ៊ា»។
ឮខាងក្នុងបន្ទប់មកច្បាស់ មិនមែនស្រមៃទេ។
ពិតជាឃើញអាវក្រហមដូចកូនក្រមុំចិនបែរខ្នងចេញពីម្តុំរបង រត់ទៅក្រោយផ្ទះ។
គេមិនព្រមនៅស្ងៀមក៏រត់ទៅតាមមើល។ ពីចម្ងាយនេះទៅពិតជាឃើញ មនុស្សរត់ចូលផ្ទះបាយខាងក្រោយនៅឆ្ងាយពីទីនេះ។
គេមិនបន្តដំណើរទេ ប្រុងថាងាកមកវិញស្រាប់តែឮសូរភ្លេងចិនងឺងង៉ាង….គេឈរស្ងៀមព្រោះឃើញមនុស្សជាច្រើនដើរដង្ហែអមគ្រែស្នែងចិនមួយក្នុងផ្សែងរាត្រី។ គ្រប់យ៉ាងមានពណ៌ក្រហមដូចពិធីរៀបការក្នុងកុនចិនបុរាណ។
គេមិនរវល់នឹងអ្នកណាគិតពីតាមសម្លឹងមនុស្សស្រីដែលជះរូបក្រោយស្បៃក្នុងស្នែងសែងនោះ។ ដូចគេគិតដែរ នាងក៏ផាត់ស្បៃបង្អួចចេញងាកមកគេ….
នាងគ្មានមុខនោះទេ…..មុនីស្រែកស្លុតរន្ធត់រត់ប្រវេប្រវាផ្ងារក្រោយជើងបីជើងបួន ចង់សំដៅវិលចូលក្នុងផ្ទះចឹកម៉េងវិញ ស្រាប់តែផ្ទះទាំងមូលរលាយអស់ប្រែក្លាយទៅជាវាលធំល្វឹងល្វើយងងឹតស្លុប គ្មានអ្វីទាំងអស់ ។
«អាឌឿន លីណា!»
គេស្រែកយ៉ាងរន្ធត់ហើយរត់ផាសក្រញាំកាត់ស្បៃរាត្រីកាត់ថ្លុក លុយភក់ ជាន់គ្រួស ក្រោមភាពស្រអាប់នៃមេឃខែរនោច សែនងងឹត ជាយប់មួយដែលចិននិយមជ្រើសមកសែនខ្មោច។
គេរត់មិនឈប់ ស្រែកដូចមនុស្សឆ្កួតឆ្ពោះតម្រង់ទៅកន្លែងណាក្តីដែលគេឃើញមានភ្លើងសញ្ញាព្រាលៗថាជាផ្លូវ។
រត់ត្រហេបត្រហបសឹងដាច់ផ្ងារ តែគេមិនចង់ដួលទេ គេដឹងថា គេត្រូវខ្មោចលង សង្ឃឹមដែរថាជា សុបិនអាក្រក់ព្រោះតែស្រវឹង ប៉ុន្តែមិនមែនទេវាជាការពិតភ្នែកស្រស់។
មុនីបានឃើញពន្លឺពិលឆ្លុះកង្កែបមកពីចម្ងាយ។
អ្នកស្រុក! អ្នកស្រុក!អ្នកស្រុក! គេអរណាស់ គេបានកម្លាំងចិត្តមកពីណាមិនដឹងទេ គិតពីហាស្រែកមួយទំហឹងឡើងថា៖
«ជួយផង! ជួយ! ជួយផង!»
ខណៈជើងទាំងពីពេលនោះក៏បង្កើនរត់លឿនកាន់តែរហ័ស តម្រង់ទៅឯខាងពន្លឺក៏លេចមកច្រើនគ្នាហើយតម្រង់មករកគេដែរ។
ជាបន្តបន្ទាប់ មានពិលបញ្ចាំងចេញពីមនុស្សមាឌតូចៗនិងមនុស្សធំបានន័យថា មានក្មេងចាស់ ដែលចេញជាក្រុមមករកកង្កែប។
«ពូ! ពូ! ពូ! ជួយខ្ញុំផង»
គេដួលភីងចម្ងាយប្រមាណបីបួនម៉ែត្រចំពោះមុខអ្នកស្រុកដែលរត់នាំគ្នាមកចោមព័ទ្ធគេ។
«ពូ! ខ្ញុំត្រូវខ្មោចលង!»
បន្ទាប់មកគេក៏ត្រូវអ្នកភូមិនាំទៅផ្ទះក្បែរនោះ។ គេបានរៀបរាប់ប្រាប់ គាត់អំពីរឿងឡានខូច និងហ្គារ៉ាស់ឡាន។ ពួកគេគ្រវីក្បាលវិញ ហើយប្រាប់ថានៅម្ដុំនេះគ្មានកន្លែងជួសជុលឡាននោះទេ ហើយក៏គ្មានភូមិចិនចាស់ស្អីនោះដែរ។
«ខ្ញុំមានមិត្តពីរនាក់ទៀតដែលបាត់ខ្លួននៅឡើយ!»
ពួកគេខំស្វែងរកដែរ ប៉ុន្តែមិនឃើញដានលីណានិងឌឿនទាល់តែសោះ។
ដោយទីនេះគ្មានសេវាគេមិនអាចរកបានទូរស័ព្ទខលទេ។
ចាស់ៗសម្រេចគ្នាថា ឱ្យគេទៅសម្រាកក្នុងភូមិសិន ចាំមិត្ដភក្ដិគេ គាត់ជួយរកឱ្យ។
ភ្លឺព្រហាមស្រាងៗ ដែលមុនីមិនបានគេងមួយស្រឡេតដោយអង្គុយលើអង្រឹងលេងជាមួយអ្នកភូមិ ក៏ត្រូវបានគេនាំដំណឹងមកប្រាប់ថាគេឃើញឡានខូចមួយទុកចោលនូវប្របផ្លូវ ក្បែរតំបន់ព្រៃខ្មោចដែលជាតំបន់អ្នកស្រុកមិនហ៊ានដើរកាត់នៅពេលយប់នោះទេ ចំណែកឯមិត្តភក្តិគេពីរនាក់ទៀត ប្រហែលជាមនុស្ស នៅភូមិផ្សេងរកឃើញផងក៏មិនដឹង។ ឡាននោះនៅពេលគេទៅដល់ មិនមានខូចអ្វីសោះ សោរក៏ជាប់នៅ។
មុន្នីពិតថប់បារម្ភជាខ្លាំង ដោយសារថាគេគ្មានទូរស័ព្ទគ្មានអ្វីទាំងអស់សម្រាប់ទូរស័ព្ទទៅផ្ទះព្រោះទូរស័ព្ទរបស់គេបិទទុកចោលក្នុងបន្ទប់ផ្ទះនោះមិនដឹងថាតាមពិតវានៅកន្លែងណាឡើយ។ គេមិនចង់ចេញទៅចោលមិត្តដូច្នេះហើយគេក៏សុំឡើងថា៖
« ខ្ញុំសូម បងប្អូនយើងជួយ ទៅផ្សាររកទូរស័ព្ទខលទៅរកមិត្តភក្តិខ្ញុំបានទេ!»
ពេលបានទូរស័ព្ទគេក៏ខលចូលលីណាហើយនិងឌឿន។ ពេលនោះដែលមុនីបានចេញឡានទៅជួបជុំគ្នាវិញ។ ពេលឡើងឡានត្រឡប់មកភ្នំពេញវិញ ឮសូរមិត្តភក្តិប្រាប់ថា ពួកគេក៏ជួបរឿងខ្មោចលងដូចគ្នាព្រោះពេលគេចេញមកបន្ទប់ទឹកគ្មានឃើញអ្វីក្រៅពីម៉ុងខ្មោចចិនជាច្រើនដង្ហែតាមវាល ពួកគេខ្លាចពេកប្រុងត្រលប់ក្រោយទៅហៅមុនីប៉ុន្តែផ្ទះនោះបានរលាយបាត់រកមិនឃើញទេ ឃើញតែព្រៃខ្មោច។
គេនាំគ្នារត់កាត់ទឹកលិច ទម្រាំដល់ភូមិដែលមានពន្លឺផ្លុងៗមើលពីចម្ងាយ។
លីណាប្រាប់ទៀតថា នៅពេលដែលពួកគេស្នាក់ អ្នកភូមិបានតំណាលពីស្ត្រីម្នាក់ កាលពីជំនាន់សង្គមរាស្ត្រនិយមដោយសារតែក្រពេកសុខចិត្តមករៀបការមកជាកូនប្រសារផ្ទះដង្ខៅអ្នកមាន ម្នាក់ឈ្មោះថាចឹកម៉េង ប៉ុន្តែមិនមែនរៀបការជាមួយគាត់ទេ ព្រោះគាត់ចាស់ណាស់ទៅហើយអាយុចិតសិបប្លាយរស់នៅម្នាក់ឯងគ្មានកូនជាទីពឹង នាងទៅរៀបការធ្វើជាកូនប្រសានៃខ្មោចកូនប្រុសគាត់ ដែលស្លាប់បាត់។
មុនី ហួសចិត្តខ្លាំងណាស់ព្រោះស្ដាប់មិនយល់ ពេលនោះឌឿនបានពន្យល់ថា កាលពីមុន ភូមិចិនពិតជាមានមែន ហើយគ្រួសារនេះបានរៀបចំអាពាហ៍ពិពាហ៍ខ្មោចឱ្យកូនប្រុសគាត់ដែលស្លាប់ពេលទៅ នេសាទ។ នារីនោះ ខ្ចីលុយគេព្យាបាលឪពុក តែមិនជា លុះពេលឪពុកទទួលមរណភាព គ្មានលទ្ធភាពសងប្រាក់ដែលជំពាក់ ពេលកាន់ទុក្ខរួចហើយក៏ព្រមរៀបការជាកូនប្រសារចឹកម៉េងមកថែទាំឪពុកក្មេក តាំងរូបកូនប្រុសគាត់ក្នុងបន្ទប់ដេកទុកដូចជាប្តី។ នេះជាទំនៀមទម្លាប់ចាស់គម្រឹលនិង ដ៏សំខាន់សម្រាប់ភូមិចិនចាស់សម័យកាលនោះ។ បែបនោះហើយបានជាខ្មោចនោះឆ្លើយនឹងមុនីថា គាត់មានគ្នាបីនាក់។
មកដល់ផ្ទះមុនីធ្លាក់ខ្លួនឈឺធ្ងន់ក្រោកមិនរួចទេ។ ជារៀងរាល់យប់គេយល់សប្តិឃើញតែកូនក្រមុំចិននិងគ្រែស្នែង។
«ហ៊ា អាចស្នាក់នៅទីនេះ ប្រសិនបើចង់រៀបការប្រពន្ធចិន!»
សំឡេងទាំងនេះឮមករហូតគ្មានប្រភពទេ វាស្ថិតក្នុងអារម្មណ៍របស់គេ គេខ្លាំងភ័យពេកចាប់ពីថ្ងៃដែលបានឃើញខ្មោច។ ការណ៍នេះ បានធ្វើឱ្យមុនីវង្វេងស្មារតីឡើងៗ។ ថ្ងៃមួយជីដូនគេ រកបានអាចារ្យចិនម្នាក់មកពីខេត្តកំពត។ ឃើញសភាពរបស់មុនីហើយ គាត់ងក់ក្បាលបន្តិច ដោយយកម្រាមដៃជូតមុខខ្លួនគាត់ហើយស្រែកសូត្រជាភាសាចិនឡូឡាឮៗ។
គាត់រៀបចំសំណែនជាមាន់និងនំគូឆាយ។
គាត់សូត្រធម៌បីយប់ជាប់ៗជាមួយខ្សែអង្កាំខ្មៅ។
នៅព្រឹកព្រហាមថ្ងៃទី៤ មុនីក្រោកដើរបាន អាចារ្យចិនបានឱ្យអ្នកផ្ទះនោះរកក្រូចក្រហមមកមួយកេសធំ ហើយប្រារព្ធការសែនព្រេនបង្ហើយ។ មុនីក៏លែងភ័យនិងលែងស្រមៃឮសំឡេងនាងទៀត។
ពេលទទួលបានសោហ៊ុយសម្រាប់វិលទៅវិញ អាចារ្យឆ្លៀតសួរគ្រួសារនេះថា តើអ្នកជឿលើទំនៀមទម្លាប់ដែលបានអនុវត្តអស់រយៈពេលប្រហែល 3,000 ឆ្នាំនៅចិនទេ។ នៅក្នុងអាពាហ៍ពិពាហ៍ខ្មោចរវាងមនុស្សនិងអ្នកស្លាប់ដែលមានបង់ថ្លៃទឹកដោះ និង បណ្ណាការ មានគ្រឿងអលង្ការ អ្នកបម្រើ និងខ្លះផ្ទេរកម្មសិទ្ធិផ្ទះទៀត នៅតែមានគេអនុវត្តនិងមានគេព្រមធ្វើ នៅភូមិចិនឆ្ងាយៗ។ ខ្មោចស្រីនេះបានស្លាប់យូរណាស់ហើយ ប៉ុន្តែដោយសារទីនោះស្ងាត់ពេក ពួកគេនៅតែគិតថា ពួកគេនៅមានជីវិតដដែល។
មានខ្លះជឿថា បើមនុស្សស្លាប់ក្នុងលក្ខណៈរង់ចាំគ្រួសារខ្លួន ប្តីឬប្រពន្ធ បែបនេះ ពួកគេនឹងមានការអាក់អន់ចិត្ត ចំពោះជោគវាសនារបស់ពួកគេហើយមិនទាន់បញ្ចប់ការទទូចទាមទារនៅលើឋានមនុស្សនៅឡើយ។ ខ្មោចរបស់ពួកគេនឹងបន្តនៅជុំវិញកន្លែងដែលបង្កឱ្យមានរឿងពីមុនៗ ដូច្នេះពួកគេនៅរស់ទៅនោះដូចធម្មតា។
យល់យ៉ាងណាដែរចំពោះរឿងនេះ?