រឿង៖ បើអាចស្រលាញ់

ក្រៅពីមិនដឹងថាខ្ញុំចាប់អារម្មណ៍លើគាត់ គាត់ចាត់ទុកខ្ញុំជាទីប្រឹក្សាស្នេហ៍។

រឿងស្នេហាគឺជាសមីការដែលពិបាកដោះស្រាយបំផុតក្នុងជីវិតខ្ញុំ តាំងពីដើមមកអ្នកដែលស្រលាញ់ខ្ញុំ ខ្ញុំមិនចាប់អារម្មណ៍ តែអ្នកដែលខ្ញុំមានចិត្តសុទ្ធតែរំលងខ្ញុំ។

គាត់ឈ្មោះ Ken ជាអាយធីក្នុងក្រុមហ៊ុន ឯខ្ញុំត្រឹមបុគ្គលិកសាមញ្ញធម្មតា ដែលរាល់ពេលត្រូវការឬមានបញ្ហា ឱ្យអាយធីជួយ ខ្ញុំមិនសូវពឹងគាត់ឡើយតែងរកអ្នកផ្សេង មកពីខ្ញុំអៀនគាត់ ម្យ៉ាងភាពព្រងើយកន្តើយ និងកាលដែលគាត់មិនចាប់អារម្មណ៍ខ្ញុំ គឺជាមូលហេតុដែលខ្ញុំត្រូវឃាត់ចិត្តមិនឱ្យទៅក្បែរគាត់ ហើយគេចវេះពីគាត់ជាចាំបាច់។

បង Ken ចូលចិត្តសួរនាំខ្ញុំ ហើយនិយាយលេងតែពីរឿងស្រីស្អាត ជួបពេលណាក៏និយាយថា៖

«មានបុគ្គលិកស្រីស្អាតចូលថ្មីទេ?»

ខ្ញុំគ្រាន់តែសើចធម្មតា ហើយក៏រើសរូបថតខ្លះបង្ហាញគាត់ពីអ្នកនេះអ្នកនោះ ឱ្យតែបានពាក្យសន្ទនាជាមួយគាត់ ហេតុតែជាមនុស្សយើងចូលចិត្ត។ គាត់ញញិមដាក់ខ្ញុំហើយក៏ដើរទៅបាត់។ ប៉ុន្តែស្រីស្អាតទាំងនោះ មិនស្មើស្រីស្អាត ល្អ ឆ្លាតដែលអង្គុយធ្វើការក្នុងការិយាល័យជាមួយគាត់ទេ ម្នាក់នោះទើបជាទំពក់ភ្ជាប់ចិត្តគាត់បាន។

ជឿទៅថា មនុស្សប្រុសពូកែ ល្អ ច្បាស់ជាមានតម្រូវការខ្ពស់ អ្នកដែលគេចាប់អារម្មណ៍ក៏សុទ្ធតែជាលំដាប់ស្រីស្អាត ឋានៈខ្ពស់ ម៉េចនឹងអាចមករវល់ស្រីដូចខ្ញុំ?

ដំបូងខ្ញុំហាក់មានសង្ឃឹមខ្លះ ព្រោះទង្វើរបស់គាត់ញ៉យដង តែងតែធ្វើឱ្យខ្ញុំគិតច្រើននិងសង្ឃឹមថា ពួកយើងមានចិត្តដូចគ្នា។ បង Ken ចូលចិត្តនិយាយធ្វើដូចគាត់ហ្នឹងខ្វល់ពីខ្ញុំ បារម្ភខ្ញុំ ចាប់អារម្មណ៍ខ្ញុំ តែឬក៏ដូចពាក្យគេថា បើកាលណាយើងលួចចាប់អារម្មណ៍គេ ហើយទង្វើតិចតួចស្តួចស្តើងរបស់គេដែលហាក់ធ្វើដូចមនុស្សទូទៅជុំវិញខ្លួនដែរនោះ គឺជាទង្វើនៃក្តីស្នេហា?

«ថ្ងៃ១៤កុម្ភៈមានអ្នកណាត់ឬនៅ?»

ខ្ញុំសើចឆ្លើយទៅគាត់តិចៗ៖

«មុខខ្ញុំហ្នឹងដែលមានសង្សារ?»

«បើអ៊ីចឹងបងណាត់!»

ថាតែមួយឃ្លានេះគាត់សើចហើយក៏ដើរទៅបាត់។ ថ្ងៃ១៤កុម្ភៈដែលចំថ្ងៃអាទិត្យខ្ញុំត្រូវអង្គុយស្រណោះស្រណោក ដេកអរដូចឆ្កួត បែរជាលួចរំភើបហើយរំពឹងថាគេនឹងមក។

វាជាពាក្យលេងសើចដែលអាចឱ្យខ្ញុំឈឺចាប់បាន បើខ្ញុំខ្លួនឯងបណ្តោយឱ្យអារម្មណ៍រសាត់តាមពាក្យគាត់ថា។

រួចពីថ្ងៃនោះមក មានប្រុសម្នាក់ដែលហាក់ចាប់អារម្មណ៍ខ្ញុំ គេតាមយកចិត្តទុកដាក់ បារម្ភ ខ្វល់ពីសុខទុក្ខខ្ញុំ។ គេនោះបបួលខ្ញុំប៉ាវបាយថ្ងៃច្រើនដង តែខ្ញុំមិនព្រម ព្រោះខ្ញុំមិនចង់ផ្តល់ក្តីសង្ឃឹមក្លែងក្លាយទៅអ្នកណា ដូចដែលអារម្មណ៍សោកសៅដែលខ្ញុំទទួលបានពីបង Ken នោះទេ។

តែមិនស្មានថាគេនោះបានទិញកាហ្វេ ដែលដឹងច្បាស់ណាស់ថារសជាតិខ្ញុំចូលចិត្តគឺអ្វី។ គេលបស្ងាត់លួចយកមកដាក់លើតុធ្វើការរបស់ខ្ញុំធ្វើឱ្យផ្អើលអស់មនុស្សគ្រប់គ្នា ដែលមិនស្មានថាបង Ken ក៏នៅទីនោះ ប្រតិកម្មគាត់កាន់តែដុតកម្លោចចិត្តខ្ញុំ។

គាត់បានសួរទៅមិត្តរួមការងារខ្ញុំហាក់ឌឺខ្ញុំ​៖

«នីតា! ឃ្លានកាហ្វេទេ ចាំបងប៉ាវ?»

គាត់និយាយតែកែវភ្នែកកាន់តែបញ្ជាក់ច្បាស់ថាសំដៅមកខ្ញុំ។ គាត់សម្លឹងទាំងមុខស្មើ ធ្វើឱ្យខ្ញុំពិបាកក្នុងការសម្លឹងគាត់វិញណាស់។ នីតាដែលត្រូវគាត់សុខៗយកជាប្រធានបទក៏ងាកមើលខ្ញុំម្តង មើលគាត់ម្តង ទាំងមិនយល់រឿង។

គាត់ដើរចេញពីការិយាល័យបាត់មិនបន្តអ្វីទៀត។

រឿងកាហ្វេនៅមួយទៀត ថ្ងៃមួយដែលមេប៉ាវកាហ្វេ គាត់ក៏មានចំណែក គ្រប់គ្នាយកអស់នៅសល់តែខ្ញុំចុងក្រោយ តែវាគឺជាតែបៃតងដែលខ្ញុំមិនចូលចិត្តនោះទេ។ គាត់មើលមុខខ្ញុំហើយសួរថា៖

«យក cappuccino ស្ករ 70 ភាគរយពីបងទេ? បងដូរឱ្យ»

ខ្ញុំសប្បាយចិត្តហើយក៏ប្រញាប់ដូរភ្លាម ពីមុនគាត់ក៏ដូចខ្ញុំ ពួកយើងចូលចិត្តរសជាតិដូចគ្នា គាត់និងខ្ញុំគឺមិនចូលចិត្តតែបៃតងនោះទេ តែពេលនេះគាត់សុខចិត្តដូរឱ្យខ្ញុំ បើមិនឱ្យខ្ញុំគិតថាគាត់បារម្ភឬគិតចំពោះខ្ញុំ តើជាអ្វី?

អស់ពីរឿងកាហ្វេ ល្ងាចមួយដែលកំពុងធ្វើការម៉ោងជាងបី គឺឃ្លានណាស់បន្ទាប់ពីបាយថ្ងៃត្រង់កន្លងទៅជាងបួនម៉ោង រឿងដែលមិននឹកស្មាន គាត់បានយកសេនវិចមួយឆ្លងការិយាល័យហុចឱ្យខ្ញុំ។

អារម្មណ៍ពេលនោះ សឹងថាបាត់ឃ្លានដោយមិនបាច់ហូបសេនវិចមួយដុំនោះឡើយ។ កាលនោះ ធ្វើឱ្យមិត្តរួមការងារម្នាក់ដែលលួចស្រលាញ់គាត់ ច្រណែនខ្ញុំខ្លាំង ហើយធ្វើជាខឹង និងមិនស្តីរកបើស្អែកគេគ្មានសេនវិចដូចខ្ញុំ​ដែរ​។

រឿងដែលហួសចិត្តលើហួសចិត្ត មនុស្សកំពុងតែមានមនោសញ្ចេតនាផង ក៏ស្រាប់តែខ្ញុំទទួលបានឈែតមួយពីគាត់ថា « I love you »។

បើជាធម្មតាច្បាស់រំភើបរកនឹកធ្វើអ្វីមិនត្រូវ តែម៉េចក៏ពេលនោះខ្ញុំធ្មឹង គ្មានអារម្មណ៍អ្វីសោះ?

មិត្តអ្នកអានដឹងទេ ព្រោះខ្ញុំទទួលបានអារម្មណ៍សោះកក្រោះ និងមិនខ្វាយខ្វល់ពីគាត់ច្រើនដងពេក ធ្វើឱ្យខ្ញុំបើទោះជាឈឺយ៉ាងណា ក៏ត្រូវបង្រៀនខ្លួនឯងឱ្យឆ្ងាយពីគាត់ដាច់ខាត។

ខ្ញុំមិនដឹងពីមូលហេតុ តែចិត្តខ្ញុំច្បាស់ណាស់ថា តាំងពីពេលស្រីស្អាតរួមការិយាល័យម្នាក់នោះចូលមក គាត់ឆ្ងាយពីខ្ញុំ ឆ្ងាយដាច់ប៉ាត់។

ចំពោះសារដែលខ្ញុំផ្ញើទៅគាត់ ទោះជារឿងការងារក៏ដោយ មិនមែនជាការងារក៏ដោយ លឿនបំផុតមួយម៉ោងទើបគាត់តប តែសម្រាប់អ្នកផ្សេងសេវាសម្រាប់ពួកគេគឺធម្មតា។ បែបនេះទើបខ្ញុំចូលចិត្តខលរកអាយធីផ្សេងជំនួស ឬប្រឹងបើក google ដើម្បីធ្វើវាខ្លួនឯង ដោយដឹងថានិស្ស័យពួកយើងគឺខ្សត់ខ្សោយយ៉ាងហ្នឹង ​រាល់ពេលឃើញគាត់នៅទីណា ខ្ញុំតែងដើរគេច ទោះជួបមុខក៏ខ្ញុំមិនហៅ មិនញញិម ចៀសបានគឺចៀសឱ្យផុត។

កុំថាខ្ញុំខឹងស្អប់គេដែលមិនស្រលាញ់ អត់ទេ គឺខ្ញុំកំពុងបង្វឹកចិត្តខ្លួនឯងឱ្យឈប់គិតច្រើនទៅលើគាត់។ បើគាត់សួរនាំខ្ញុំក៏ឆ្លើយធម្មតា តែបើគាត់ក៏ធ្វើដូចមិនចាប់អារម្មណ៍ មិនចង់និយាយរកខ្ញុំ ខ្ញុំគុណឱ្យគាត់នឹងពីរ គឺធ្វើលើសពីអ្វីដែលគាត់ធ្វើដាក់ខ្ញុំ ឃើញគាត់នៅឆ្វេង ខ្ញុំត្រូវរត់ទៅស្តាំចាំបាច់។

រឿងគ្មាននិស្ស័យ ឬស្នេហាមិនអាចបង្ខំ ខ្ញុំយល់ច្បាស់ជាងគេ ព្រោះខ្ញុំក៏កំពុងគេចវេះពីការតាមស្រលាញ់របស់ម្នាក់ប្រុសដែលទិញកាហ្វេឱ្យខ្ញុំនោះដែរ។

តែនិស្ស័យបែរឱ្យខ្ញុំជួបគាត់ម្តងទៀត ហើយស្និទ្ធិស្នាលជាងមុន​ តែម្តងនេះ គឺគាត់ជាអ្នកផ្តើម។

គាត់សួរខ្ញុំថា ធ្វើយ៉ាងណាញ៉ែមនុស្សស្រីម្នាក់បាន? សំណួរនេះចេញមក ខ្ញុំកាន់តែដឹងពីតួនាទីខ្លួនឯងច្បាស់ក្នុងចិត្តគាត់ ខ្ញុំគ្រាន់តែជាមិត្តឬប្អូនស្រីម្នាក់ ដល់ចំណុចនេះ បេះដូងខ្ញុំក៏លុបចោលនូវក្តីស្នេហាដែលសេសសល់ក្នុងចិត្តចំពោះគាត់ ខ្ញុំឈឺចាប់ខ្លាំង តែវាមិនយូរទេ។

ហើយចំពោះរឿងសារថាស្រលាញ់ ខ្ញុំក៏ដឹងថាមិត្តគាត់លេងសើចទេ គេយកទូរសព្ទគាត់ផ្ញើមកខ្ញុំ ព្រោះគាត់ក៏បានប្រាប់ការពិតភ្លាមៗ ដោយខ្លាចថាខ្ញុំយល់ច្រឡំ។

រឿងមួយទៀតដែលខ្ញុំទទួលបានពីស្នេហានេះ គឺខ្ញុំសប្បាយចិត្តបើទោះគេមិនស្រលាញ់ខ្ញុំ តែខ្ញុំពិតជាចង់ឃើញមនុស្សដែលខ្ញុំស្រលាញ់មានក្តីសុខ។ ខ្ញុំសើចហើយតបទៅគាត់វិញ៖

«គឺញ៉ែមនុស្សស្រីដែលលួចស្រលាញ់បង!»

គាត់ផ្ញើរូបសើចមកខ្ញុំ កាលដែលតបបែបនេះគឺវាការពិត ព្រោះមនុស្សស្រីដែលគាត់កំពុងញ៉ែ ជានារីរួមការិយាល័យជាមួយគាត់នោះ ក៏កំពុងលួចស្រលាញ់គាត់ដូចគ្នា ខ្ញុំហ៊ានអះអាងដោយអារម្មណ៍ជាមនុស្សស្រីដូចគ្នា ហើយក៏ចាប់អារម្មណ៍លើមនុស្សប្រុសតែម្នាក់ ទាស់ត្រង់ថាគេក្លាហាន ហើយខ្ញុំមិនដូចគេ។

ស្គាល់គាត់ក្រោយខ្ញុំ តែគេមានហ្វេសបុកគាត់មុនខ្ញុំ គាត់និងនាងលេងខំមិនជាមួយគ្នាជាសាធារណៈ ទាំងដែលរូបខ្ញុំឬ Story ខ្ញុំគាត់មិនឡែក មិនដែលចូលមើលផង។

គាត់សួរមកខ្ញុំបន្ថែម ពេលខ្ញុំលែងតប៖

«ចុះអ្នកណាកំពុងលួចស្រលាញ់បង?»

ខ្ញុំក៏ឆ្លើយដោយធម្មតាតាមរឿងពិតទៅវិញ៖

«គឺម្នាក់ដែលបងឯងកំពុងចង់ញ៉ែហ្នឹងហើយ!»

«ម៉េចក៏ដឹង?»

ខ្ញុំមិនឆ្លើយសំណួរបន្ទាប់នេះរបស់គាត់ តែក៏ប្រញាប់ឆ្លើយកាលពីសំណួរទីមួយដើម្បីឆាប់បញ្ចប់សេចក្តី៖

«ញ៉ែបានទាល់តែសារភាព បើមិនប្រាប់ គេគ្មានថ្ងៃដឹងទេ មនុស្សស្រីភាគតិចណាស់ ដែលហ៊ាននិយាយពីមាត់ថាស្រលាញ់ មុនមនុស្សប្រុស»

ខ្ញុំផ្ញើឱ្យគាត់ប៉ុននេះហើយមិនចង់ដឹង មិនខ្វល់ថាគាត់និងតបអ្វីយ៉ាងណា ខ្ញុំបិទទូរសព្ទហើយចាប់ផ្តើមទាញកំណត់ហេតុដែលជាអ្នកយល់ចិត្តខ្ញុំជាងគេមកសរសេរ។

អ្វីដែលត្រូវធ្វើខ្ញុំធ្វើហើយ ចិត្តដែលស្រលាញ់ ក៏ខ្ញុំស្រលាញ់ហើយ​ រឿងបន្ទាប់ដែលថាស្នេហាខ្ញុំជោគជ័យឬអត់ហើយត្រូវសម្រេចសម្រួលទទួលយកការពិតយ៉ាងណា គឺខ្ញុំខ្លួនឯងជាអ្នកត្រូវខ្វល់ ខ្ញុំលែងចង់ដឹងរឿងស្នេហារបស់គាត់ទៀតហើយ អ្វីម្យ៉ាងដែលអាចឱ្យខ្ញុំញញិមពេលនេះ គឺពួកគេសមគ្នា។

ទៅធ្វើការនៅកំពង់ឆ្នាំងលើកនេះខ្ញុំសល់បានបេះដូងខ្ទេចខ្ទាំមួយចំណែកមកតាមខ្លួន។ ចង់តែសើចពេលស្នេហាបាត់បង់ បែរជាមេតម្រូវឱ្យខ្ញុំបន្តទៅខេត្តពោធិ៍សាត់ ដូចដឹងខ្ញុំកំពុងឈឺចិត្ត? ចង់គេចវេះពីស្នេហា?

ជារឿងល្អដែលខ្ញុំមានឱកាសចាកចេញឱ្យផុតពីមុខពីមាត់ កុំបាច់ឆ្ងល់ថា គាត់គិតយ៉ាងណាពេលបាត់ខ្ញុំ ព្រោះស្នេហាសូន្យភាគរយតាំងពីដើម តែគាត់បែរជាមាន​ឱកាសបានទាក់ទងនឹងមនុស្សដែលគាត់ស្រលាញ់ ខ្ញុំអស់ចិត្តលើសពីអស់ចិត្ត។

តែរឿងដែលកើតឡើងបន្ទាប់នៅពោធិ៍សាត់…

ខ្ញុំស្រាប់តែបានជួបនឹងអ្នកដែលខ្ញុំធ្លាប់ព្យាយាមគេច។

រឿងរវាងខ្ញុំនិងគេកើតឡើងមុនពេលខ្ញុំបានទៅកំពង់ឆ្នាំង ហើយជួបបង Ken ទៅទៀត គេជាមនុស្សដំបូងដែលខ្ញុំពិបាកខ្លាំងណាស់ក្នុងការចាកចេញ ហើយទទួលយកការឈឺចាប់អួលណែនចំពោះឃ្លាចុងក្រោយមុនពេលបែក ហើយគេធ្លាប់ជាមិត្តដែលខ្ញុំទុកថាពិសេស ស្និទ្ធបំផុត ស្រលាញ់បំផុតកាលពីរៀននៅភ្នំពេញ។

ឆ្នាំនោះខ្ញុំមិនយល់ទេ ហេតុអ្វីគេរើសខ្ញុំធ្វើជាកូនក្រុម ហេតុអ្វីគេព្យាយាមស្និទ្ធស្នាលទាំងដែលខ្ញុំមិនចំណូលនឹងការរាប់អានជាមួយមិត្តភក្តិប្រុសទេតាំងពីក្មេងមក។

គេដើរចូលក្នុងជីវិតទាំងដែលខ្ញុំមិនបានត្រៀមខ្លួនសោះថា នឹងត្រូវសម្លឹងមើលអ្នកណាដោយក្តីស្រលាញ់ គិតខ្វល់ពីអ្នកណាជាស្នេហា តែពេលក្បែរគេយូរទៅ អារម្មណ៍និងមនោសញ្ចេតនានោះក៏កើតឡើងដោយខ្ញុំមិនបានបញ្ជា។

ពួកយើងទាក់ទងគ្នាប្រាំមួយឆ្នាំ ហើយក៏បែកក្រោមហេតុផលមួយថា ខ្ញុំទាមទារការស្រលាញ់ពីគេទាំងមិនសមហេតុផល គេប្រកាន់ដែលខ្ញុំត្រង់ បើកបង្ហាញក្តីស្រលាញ់ពេក​។

ខ្ញុំធ្លាប់សួរគេថា«ឯងប្រចណ្ឌខ្ញុំមែន?» គេឆ្លើយថាខ្ញុំឆ្កួត កោតតែពាក្យបែបហ្នឹងនិយាយចេញមកបាន? មិត្តភក្តិឆ្កួតអីទៅប្រចណ្ឌមើលតែសង្សារ?

កាលនោះក៏មកពីគេចូលចិត្តស្តីថាឱ្យខ្ញុំ ប្រដៅខ្ញុំរឿង Crush អ្នកនេះ Crush អ្នកនោះមិនឈប់ ទង្វើគេធ្វើមក កុំថាតែខ្ញុំ បើមនុស្សស្រីផ្សេងក៏គេយល់បែបនេះដែរ។

ខ្ញុំមិននិយាយអ្វីច្រើន តែទាក់ទងគ្នាប្រាំមួយឆ្នាំ មិនមែនខ្ញុំមិនយល់ពីគេសោះនោះទេ តែថ្ងៃដែលយើងប្រកែកគ្នាដល់ថ្នាក់ខ្ញុំអាន់ហ្វ្រេនគេ ក៏មកពីការយល់ច្រឡំដែលខ្ញុំមិនចង់បកស្រាយ។

ទំនាក់ទំនងស្និទ្ធស្នាលរវាងមនុស្សស្រីនិងមនុស្សប្រុសមិនអាចសុទ្ធតែប្រែទៅជាស្នេហា គេចង់ធ្វើជាមិត្តល្អ ខ្ញុំក៏មិនទាមទារលើសពីគំនូសព្រំដែននេះ តែកាលដែលខ្ញុំខឹងគេថ្ងៃនោះ អាន់ហ្វ្រេនគេ គឺមកពីខ្ញុំអន់ចិត្ត។

ទើបពេលនេះខ្ញុំមិនចង់ស្តី ចាត់ទុកថាជាមនុស្សមិនធ្លាប់ស្គាល់គ្នា បើទោះពិភពលោកសែនតូចចង្អៀត នៅឆ្លៀតឱ្យខ្ញុំនិងគេបានមកជួប ឈរទល់មុខគ្នា។

ខ្ញុំដើរគេចទៅផ្លូវផ្សេង ខ្ញុំស្ងើចខ្លួនឯង ប្រុងរត់គេចមនុស្សប្រុសបែបនេះដល់ពេលណា?

តែសំឡេងគេលាន់មកពីក្រោយខ្ញុំដូចខឹងណាស់៖

 «ចាំបាច់ដើរគេច? ស្រលាញ់មិនបាន ធ្វើមិត្តមិនបានទេអ្ហេស?»

ខ្ញុំមិនបែរមុខ ព្រោះហត់នឿយនឹងការពន្យល់ ការបកស្រាយ ពេលខ្លះដែលខ្ញុំគិតថា គេហាក់មានអំនួតលើខ្លួនឯងពេក គិតថាអ្វីដែលខ្ញុំគិត អ្វីដែលខ្ញុំកំពុងធ្វើ គឺមានសង្ឃឹមលើគេរឿងស្នេហាមាំណាស់?

មិនដឹងគេគិតថាវាជារឿងធម្មតា មិនដឹងជាខ្ញុំដែលយល់ច្រឡំ តែពាក្យស្រលាញ់ជាមួយខ្ញុំ ងាយផ្តើម ស្រួលបញ្ចប់ ស្រលាញ់គ្នាក៏ផ្តើមទំនាក់ទំនងទៅ មិនស្រលាញ់ក៏បញ្ចប់ទៅ មិនមែនជាស្នេហាក៏នៅអាចជាមិត្ត។

ខ្ញុំមិនចង់និយាយរកគេ ខឹងគេ ក៏ព្រោះសារដែលគេផ្ញើមកនៅថ្ងៃនោះថា៖

«ភាណាស្រលាញ់ខ្ញុំខ្លួនឯង ទើបមកឈឺចាប់ម្នាក់ឯង តាំងពីដើម ក្រែងដឹងហើយថាខ្ញុំមិនបានស្រលាញ់មនុស្សស្រីទេ? មិត្តភក្តិអីជួបទុក្ខទើបនឹកឃើញ ពេលសប្បាយបាត់សូន្យ?»

គេឆ្លើយមកវែងហូរហែ ទាំងដែលខ្ញុំគ្រាន់តែចង់ឱ្យគេនៅក្បែរ ត្រូវការការលួងលោមពីគេពេលខូចចិត្ត។ មែន! ខ្ញុំទទួលស្គាល់ពេលខ្លះ ខ្ញុំមិនសូវឈែតទៅរកគេមុន ទើបគេខឹង ហើយពេលពិបាកចិត្តទើបនឹកឃើញគេ តែគេមិនយល់សោះថា មនុស្សដែលខ្ញុំនឹកដល់មុនគេ មិនថាពេលរីករាយ ពេលឈឺចាប់ គឺជាគេ បើមិននិយាយរកគេ ខ្ញុំមានពេលសម្រាប់តែការងារនិងគេង ខ្ញុំមិនទម្លាប់និយាយលេងច្រើនជាមួយមិត្តភក្តិណា បើមិនចាំបាច់នោះទេ ព្រោះគេម្នាក់នេះខុសពីគេ គេជាមនុស្សពិសេស តែគេប្រកាន់។

ពេលខ្លះខ្ញុំគិតថា គេបានស្គាល់ខ្ញុំច្បាស់ជាងខ្ញុំខ្លួនឯង ហើយខ្ញុំក៏ស្គាល់គេច្បាស់ដូចគ្នា ព្រោះយើងប្រើពាក្យថា សម្លាញ់ ខ្ញុំចង់ឱ្យគេចែករំលែកក្តីស្រលាញ់ ការឈឺចាប់ដែលគេជួបប្រទះជាមួយខ្ញុំ តែមកពីខ្ញុំសោះកក្រោះពេក មិនចេះឈែតរកអ្នកណាមុន បើទោះខ្ញុំកំពុងអង្គុយនឹក គិត បារម្ភពីគេ។

គេត្រូវការក្តីស្រលាញ់ដែលជាទង្វើពិតប្រាកដ តែខ្ញុំមានត្រឹមក្តីស្រលាញ់ដែលលាក់ទុកក្នុងចិត្ត។

ខ្ញុំមិនតបទៅនឹងអ្វីដែលគេផ្ញើមក ខ្ញុំគ្រាន់តែសួរចង់ដឹងចិត្តគេនូវសំណួរខ្លី៖

«ចុះឥឡូវកំដរបានអត់? ជូនឯងទៅស៊ីមី»

«មិនទៅ! រវល់ធ្វើការ!»

គេសរសេរខ្លី តែដំណក់ទឹកភ្នែកខ្ញុំស្រក់បន្តវែងអន្លាយ។ ខ្ញុំដាច់ចិត្តសួរសំណួរចុងក្រោយ៖

«បើអ៊ីចឹងចាំឯងឡើងទៅភ្នំពេញ ចាំទៅហូបមីជុំគ្នា»

«អត់បានទៅទេ រវល់ធ្វើការ!»

ខ្ញុំផ្តល់ឱកាសឱ្យខ្លួនឯងបានធ្វើជាមិត្តល្អរបស់គេ បើគេពិតជាគ្មានចិត្តស្រលាញ់ ខ្ញុំផ្តល់ឱកាសឱ្យគេទទួលបានមិត្តភាពដែលខ្ញុំពិតជាខ្វាយខ្វល់ពីគេចេញពីចិត្ត តែគេជាអ្នកបដិសេធ ហើយខ្ញុំនៅបន្តធ្វើអី? អារម្មណ៍ខ្ញុំអួលណែន បាយថ្ងៃមួយពេលនោះ ខ្ញុំលេបមិនរួច វាចត់ខ្លាំង។

ដោយសារហេតុផលនោះ ខ្ញុំបានសុំមេត្រលប់ទៅភ្នំពេញវិញ សំណាងល្អគាត់យល់ព្រម ដោយយកលេសថា ខ្ញុំដូចចាញ់ទឹកដីនៅខេត្តពោធិ៍សាត់ ទើបចេះតែឈឺគ្រុនមិនបាត់។

តែរឿងមនោសញ្ចេតនាវិលវល់ណាស់ វាទៅណាមិនឆ្ងាយពីខ្ញុំ នឹកមិនចេញសោះថា យ៉ាងម៉េចបានជាបង Ken ត្រូវប្តូរទៅភ្នំពេញដែរ?

គាត់ដើរមកជិត ហើយស្តីឱ្យខ្ញុំ៖

«ម៉េចបានដូរខេត្តមិនប្រាប់បងមួយម៉ាត់?»

ទឹកមុខខ្ញុំនៅដដែល ភ្នែកនៅតែចាញ់ពន្លឺភ្នែកគាត់មិនហ៊ានសម្លឹង៖

«ស្មានថាបងឯងដឹង»

គាត់ធ្វើមុខញិមៗសម្លឹងខ្ញុំ។ តាមថាខ្ញុំចង់សួរនាំរឿងគាត់ដែលប្តូរមកភ្នំពេញនេះ តែបើសួរច្រើន នៅអង្គុយមើលមុខគ្នាកាន់តែយូរ ពេលនេះខ្ញុំចង់ដើរចេញ តែរកលេសមិនឃើញ។ អារម្មណ៍រញ៉េរញ៉ៃពិបាកនិយាយ ស្រាប់តែគាត់សួរមកថែម៖

«អត់មានអីត្រូវសួរបងទេ?»

ខ្ញុំក៏សួរទៅគាត់វិញ៖

«បងឯងមានអីចង់ប្រាប់ខ្ញុំមែន?»

គាត់សើច ហើយស្នាមញញិមមួយនោះហើយ ដែលរាល់ពេលបិទភ្នែកគឺខ្ញុំនឹកឃើញ។

មួយសន្ទុះគាត់ក៏និយាយឡើង៖

«បងមានរឿងនិទានមួយនិយាយឱ្យស្តាប់»

ខ្ញុំសម្លឹងគាត់ស្លឺព្រោះមិនជឿ។ សុខៗចេះចង់មានរឿងនិទានមកនិយាយ? គិតអីគាត់អ៊ីចេះ?

គាត់ក៏បន្តមកទៀត៖

«រឿងហ្នឹង…គឺពេលខ្លះពិបាកនិយាយ! មនុស្សប្រុសម្នាក់ហ្នឹងដូចជាស្រពេចស្រពិលណាស់ថា តើគេពិតជាលួចចាប់អារម្មណ៍លើក្មេងស្រីម្នាក់នោះឬមិនមែន? គេស្រលាញ់នាងឬគ្រាន់តែចូលចិត្ត រាប់អានជាមិត្ត ជាប្អូនស្រី?»

គាត់សម្លឹងមុខខ្ញុំហើយញញិម។ ខ្ញុំទើបនឹងភ្ញាក់ពីអារម្មណ៍ពិតដែលគាត់គិតចំពោះខ្ញុំកន្លងមក ទោះមិនប្រាប់ក៏ច្បាស់ណាស់ថា រឿងគាត់កំពុងនិយាយ គឺរឿងយើងទាំងពីរ។

គាត់ពិតជាខ្វាយខ្វល់មែនឬអំពីមនោសញ្ចេតនាយើងពួកយើង? គាត់បានធ្លាប់គិតថា វាជាស្នេហា?

ខ្ញុំមិននិយាយអ្វី បើទោះបេះដូងលោតញាប់យ៉ាងណា។ គាត់ក៏ចាប់និយាយបន្ត៖

«តែនៅថ្ងៃដែលនាងចាកចេញ គេដេកគិត អង្គុយគិត ក៏ច្បាស់ពីចម្លើយ…គេនិយាយប្រាប់ខ្លួនឯងថា បើអាច គេនឹងស្រលាញ់នាង!»

បេះដូងខ្ញុំឈួលតែនៅចង់សួរគាត់ថា៖

«ហេតុអី?»

គាត់ព្យាយាមសម្រួលអារម្មណ៍ ខ្ញុំមើលដឹងថាគាត់តានតឹង គឺក្រែងចិត្តខ្ញុំ ហើយក៏ប្រាប់ខ្ញុំថា៖

«មិនមែនមកពីសម្រស់ មិនមែនមកពីឋានៈ ក៏មិនមែនព្រោះហេតុផលអ្វីទាំងអស់ តែព្រោះបេះដូងមិនស្រលាញ់!»

ខ្ញុំពេលនោះគឺគ្មានអ្វីទាំងអស់ក្នុងចិត្ត វាដូចពេលដែលខ្ញុំនិងគាត់គ្រាន់តែស្គាល់គ្នាជាមិត្តរួមការងារធម្មតាដូចថ្ងៃទីមួយដែលបានជួប ព្រោះមនោសញ្ចេតនា ស្នេហាខ្ញុំមានឱ្យគាត់ វាលុបបាត់នៅថ្ងៃខ្ញុំចាកចេញពីកំពង់ឆ្នាំងនោះហើយ​។

តែខ្ញុំនៅចង់ដឹងទើបបន្តសួរ៖

«ចុះហេតុអីធ្លាប់គិត?»

«ក៏មកពីបេះដូងធ្លាប់យល់ច្រឡំទង្វើដែលទទួលបាន ទាំងដែលមនុស្សប្រុសម្នាក់ហ្នឹងមិនធ្លាប់ទទួលបានពីអ្នកណាដូចដែលនាងធ្វើ តែរឿងក៏មកតែពីបេះដូងមិនត្រូវប៉ាន់ មនោសញ្ចេតនានៅមិនជ្រៅ ទើបចេះតែចាប់អារម្មណ៍ខុស ហើយកាលដែលគេនិយាយថា បើអាចនឹងស្រលាញ់ ព្រោះបើគេនៅមិនអាចរកឃើញអ្នកណាដែលនាំឱ្យយល់ច្រឡំខ្លាំងជាងនេះ គេនឹងគិតស្រលាញ់នាង!»

ខ្ញុំសើចហើយក៏ឆ្លើយទៅគាត់មុនដើរចេញ៖

«បើមិនច្បាស់លាស់ កុំធ្វើឱ្យគេយល់ច្រឡំអី! ខ្ញុំគិតថាមកពីស្រីម្នាក់នោះច្បាស់លាស់ ទើបបង្ហាញអារម្មណ៍ឡើង ធ្វើទង្វើស្និទ្ធស្នាល ស្រលាញ់ក៏ស្រលាញ់ហើយ ចុងក្រោយត្រូវពឹងនិស្ស័យ? តែខ្ញុំមិនចង់ឱ្យនិស្ស័យនោះ លេងសើចនឹងខ្ញុំទេ!»

ខ្ញុំថារួចក៏ដើរចេញពីគាត់ ពួកយើងក៏ផ្តាច់ទំនាក់ទំនងចាប់ពីពេលនោះ។

ចុងក្រោយ ខ្ញុំត្រូវធ្វើយ៉ាងណាសុំមេប្តូរទៅកំពង់ឆ្នាំងវិញឱ្យបាន ខ្ញុំស្គាល់ច្បាស់ខ្លួនឯងថា ភ្នំពេញឬពោធិ៍សាត់ ខ្ញុំមិនចង់ទៅទេ ហើយក៏ជឿលើនិស្ស័យ ច្បាស់មិននាំខ្ញុំឱ្យជួបរឿងរញ៉េរញ៉ៃបែបនេះទៀតដែរ បើខ្ញុំខ្លួនឯងមានជំហររឹងមាំ៕