នាដើមខែសីហាឆ្នាំ២០២២ ក្រុមការងារបានរៀបចំកម្មវិធីជំនួបជាមួយអ្នកនិពន្ធវ័យក្មេងមកពីក្រុមឥន្រ្ទីយ៍ស្ដីពី «វិថីជីវិតជាអ្នកនិពន្ធ» ហើយមុននេះផងដែរ កម្មវិធី MST Writer បានរកឃើញនូវស្នាដៃប្រចាំខែកក្កដាដែលមានអ្នកចូលអានច្រើនជាងគេ ព្រមទាំងទទួលបានរង្វាន់លើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងរបស់ម្ចាស់ស្នាដៃផ្ទាល់។
មកទល់ពេលនេះ កម្មវិធី MST Writer បានដំណើរការមកដល់រដូវកាលទី៣ក្រោមប្រធានបទ «អ្នកនិពន្ធដែននិរតី» ដែលបានចេញផ្សាយស្នាដៃមួយចំនួនជាផ្លូវការរួចមកហើយចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ មកម្ល៉េះ។ ចាប់តាំងពី MST Writer រដូវកាលទី១ បានដំណើរការមក ក្រុមការងារនៅតែបន្តផ្តល់ជូនការលើកទឹកចិត្តជានិច្ច ចំពោះម្ចាស់ស្នាដៃដែលបានឈានដល់កំពូលមាតិកាទាំង២០ប្រចាំខែ។
១.ស្នាដៃរួមគ្នាពីក្រុមអ្នកនិពន្ធនាគា រឿង«សុបិនដើរ»

តំណាងក្រុមនាគាបាននិយាយថា នេះជាលើកទី២ហើយដែលស្នាដៃក្រុមរបស់ខ្លួនបានឡើងក្នុងលេខរៀងទី១១សម្រាប់តារាងទាំង២០ប្រចាំខែកក្កដា ដែលមានអ្នកចុចអានច្រើនជាងគេ។ ក្រោយពីបានទទួលដំណឹងភ្លាម សមាជិកក្រុមទាំងអស់ពិតជាសប្បាយរីករាយខ្លាំងមែនទែន ជាពិសេសមិននឹកស្មានថារឿងសុបិនដើរអាចទទួលបានការលើកទឹកចិត្តបែបនេះម្តងទៀតឡើយ។ សមាជិកក្រុមនាគាទាំងអស់សូមអរគុណដល់មិត្តអ្នកអានដែលគាំទ្រស្នាដៃរួមគ្នាមួយនេះតាំងពីដើមមក។ សូមអរគុណ!
២.អ្នកនិពន្ធទសប៉ាកកា ម្ចាស់រឿង«ម្ចាស់សារសម្ងាត់»

ចំពោះស្នាដៃមួយនេះ គឺជារឿងស៊ើបអង្កេតរួមគ្នារបស់ក្រុមទសប៉ាកកា ហើយបានចេញផ្សាយនៅលើវេបសាយ meysansotheary.com។ សម្រាប់ការទទួលបាន Top 16 នេះផងដែរក្នុងនាមជាអ្នកសរសេរផ្ទាល់ ខ្ញុំពិតជាមានទឹកចិត្តរំភើបដែលរឿងស៊ើបអង្កេតមួយនេះ ទទួលបានការគាំទ្រពីសំណាក់អ្នកអានរហូតអានឈានដល់ ប្រចាំខែកក្កដា។ ខ្ញុំសូមអរគុណដល់ប្រិយមិត្តអ្នកអានសម្រាប់ការចូលចិត្ត និងអរគុណដល់ក្រុមការងារ MST Writer ដែលបានចេញផ្សាយកម្រងរឿងស៊ើបអង្កេតមួយនេះ។
៣.អ្នកនិពន្ធ ប៉ូណា រ៉ូហ្សា ម្ចាស់រឿង«ព្រះរាជបុត្រាកំពូលស្នេហ៍»

ជម្រាបសួរបងៗនិងប្អូនៗទាំងអស់គ្នា! នាងខ្ញុំ មីងអ៊ិ ជាម្ចាស់ស្នាដៃរឿង “ព្រះរាជបុត្រកំពូលស្នេហ៍” ដែលជារឿងរ៉ាវប្រលោមលោកខ្នាតខ្លី និយាយរៀបរាប់ពីស្នេហាខុសវណ្ណៈ ប្រឆាំងនឹងធម្មជាតិ របស់ព្រះរាជបុត្រានៃនគរភូមិភាគខាងលិច ជាមួយនឹងមន្ត្រីរូបស្រស់នៃនគរភូមិភាគខាងកើត។ “ព្រះរាជបុត្រាកំពូលស្នេហ៍” អាចនិយាយបានថា ជារឿងដែលខ្ញុំស្រឡាញ់ជាងគេ ក្នុងចំណោមរឿងផ្សេងៗទៀតដែលខ្ញុំធ្លាប់សរសេរ ព្រោះដំណើររឿងគឺវាប្លែកថ្មី មិនដដែលៗ ហើយឈុតឆាកនៅក្នុងរឿងទៀតសោត ក៏មានសឹងតែគ្រប់រសជាតិ មិនថារន្ធត់ កម្សត់ សប្បាយ ហួសចិត្ត និង ខឹង ស្អប់។ បើនិយាយឱ្យត្រង់ទៅខ្ញុំស្រឡាញ់ចរិតតួប្រុសក្នុងរឿងនេះខ្លាំងមែនទែន អ្នកទាំងអស់គ្នាជឿរឺអត់ថា មួយរឿងនេះ តួប្រុសនិយាយថាស្រលាញ់តែម្ដងគត់ ហើយខ្ញុំជឿថាអ្នកដែលមានរសនិយមក្នុងរឿងស្នេហាដូចគ្នាជាមួយខ្ញុំ នៅពេលអានរឿងនេះហើយប្រាកដជា បាក់ចិត្តស្រឡាញ់តួប្រុសដោយទប់មិនបាន។ ជាចុងក្រោយខ្ញុំមានតែសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលអានរឿងដែលខ្ញុំប្រតិដ្ឋឡើងមកនេះរហូតដល់ចប់ និងសូមអរគុណដល់បងៗដែលជាក្រុមការងាររបស់អ្នកគ្រូម៉ីសន សុធារី ដែលបានជួយពិនិត្យអក្ខរាវិរុទ្ធ និងកែកំហុសឆ្គងនានាដែលកើតមានឡើងដោយអចេតនា។
៤.អ្នកនិពន្ធ ជូហ្វី ម្ចាស់រឿង«នាងជាខ្ញុំ ឬខ្ញុំជានាង»

សួស្ដីមិត្តអ្នកអានទាំងអស់គ្នា នាងខ្ញុំជូហ្វី ជាម្ចាស់រឿង នាងជាខ្ញុំ ឬខ្ញុំជានាង ដែលបានដាក់ផ្សាយក្នុង MST Writer រដូវកាលទី២។ រឿង នាងជាខ្ញុំ ឬខ្ញុំជានាង ជាសាច់រឿងប្រភេទថ្មី ប្លែកពីរឿងមុនៗដែលខ្ញុំបានសរសេរនិងចេញផ្សាយដូចគ្នាក្នុង MST Writer រដូវកាលទី១។ ខ្ញុំពិតជាមានអារម្មណ៍រំភើបដែលសាច់រឿងមួយនេះបានចូលក្នុង នៅក្នុងខែនេះ។ ខ្ញុំសូមអរគុណក្រៃលែងដល់មិត្តអ្នកអានដែលតែងតែគាំទ្រដល់ស្នាដៃរបស់នាងខ្ញុំ។
៥.អ្នកនិពន្ធ វិនិទ្រា ម្ចាស់រឿង«គំនូររស់»

សួស្ដីមិត្តអ្នកអានទាំងអស់គ្នា! នាងខ្ញុំ វិនិទ្រា ជាម្ចាស់រឿង គំនូររស់។ នាងខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលរឿងរបស់នាងខ្ញុំបានចូលដល់តារាង Top 19 នៅក្នុងខែនេះ ថ្វីដ្បិតថាត្រូវចំណាយពេលយូរគួរសមដើម្បីឡើងមកដល់ត្រឹមនេះក៏នាងខ្ញុំនៅតែសប្បាយរីករាយចំពោះការព្យាយាមរហូតមានលទ្ធផលដូចជាពេលនេះ។ ជាចុងក្រោយសូមឱ្យមិត្តអ្នកទាំងអស់គ្នានៅតែបន្តអានស្នាដៃរបស់អ្នកនិពន្ធដទៃទៀតដើម្បីអោយពួកគេមានកម្លាំងចិត្តដើរបន្តទៅទៀត។ សូមអរគុណ!
៦.អ្នកនិពន្ធ យាន ស៊ីធៀន ម្ចាស់រឿង«លក្ខខណ្ឌខ្មោចស្រី»

ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំវិញគឺពិតជាសប្បាយរីករាយណាស់ពេលឃើញស្នាដៃរបស់ខ្លួនជាប់ក្នុងតារាងកំពូលទាំង២០នេះ ព្រោះខ្ញុំមិនដែលផុសស្នាដៃអ្វីពីមុនមកទេ ហើយនេះជាលើកដំបូងបំផុតហើយដែលខ្ញុំបានទទួលជោគជ័យក្នុងការសរសេររឿងរបស់ខ្ញុំ ទោះវាជាជោគជ័យដ៏តូចមួយក៏ដោយ ខ្ញុំគ្មានអ្វីនិយាយក្រៅពីការរំភើបរីករាយទេ។ ហើយខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះកម្មវិធីតែងនិពន្ធមួយនេះ ព្រោះវាបានផ្តល់ក្តីសង្ឃឹមនិងលើកទឹកចិត្តដល់អ្នកដែលចង់ក្លាយជាអ្នកនិពន្ធជាច្រើនឲ្យដាក់ប្រឡងស្នាដៃរបស់ខ្លួនតាមក្តីស្រមៃដែលគិតប៉ងកន្លងមក ព្រោះពេលខ្លះអ្នកដែលចង់ក្លាយជាអ្នកនិពន្ធគាត់សរសេររឿងបានហើយតែមិនដឹងបញ្ចេញស្នាដៃរបស់ខ្លួនតាមណា ហើយកម្មវិធីនេះបានជួយពួកគាត់ឲ្យសម្រេចនូវក្តីស្រមៃរបស់ខ្លួនបណ្តើរៗហើយ ខ្ញុំពិតជាអរគុណអ្នកគ្រូម៉ីសនសុធារី និងបងៗក្រុមការងារខ្លាំងណាស់ដែលបានបង្កើតកម្មវិធីដ៏ល្អមួយនេះ។
ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែមិថុនា