ម្ចាស់ហាងGrey Universe ដែលជាហាងលក់សៀវភៅអនឡាញ ទើបនឹងចាប់កំណើតប្រមាណជាពីរឆ្នាំ កញ្ញា ស៊ុយស្រីនិច បានលើកឡើងថា ដោយសារការដាក់លក់ និងដឹកជញ្ជូនសៀវភៅ«ពេលវេលា»ដ៏ល្បីរបស់ តម្រា កញ្ញាមានឱកាសបានជជែកលេងជាមួយអ្នកធំ អ្នកជំនាញខាងពន្ធដារ ហិរញ្ញវត្ថុ ធនាគារនិង ឧកញ៉ាមួយចំនួនទៀតព្រោះពួកគេកោតសរសើរនិងជក់ចិត្តចំពោះសៀវភៅនេះ។
នៅក្នុងកម្មវិធីពិភាក្សាតុមូលរបស់ក្រុមMST ហ្វេនក្លឹប លើកទីពីរដែលបានប្រារព្ធនាពាក់ដើមខែធ្នូឆ្នាំ២០១៩កន្លងមកថ្មីៗ ម្ចាស់ហាង ក៏ជាប្រធានជំនាន់ទីមួយ នៃ អ្នកនិពន្ធ ម៉ីសនសុធារីហ្វេនក្លឹប ហៅកាត់ថា MST FCបានលើកឡើងដោយមោទនភាពថា សៀវភៅពេលវេលាគឺជាសៀវភៅដំបូងដែលហាងរបស់កញ្ញាអាចលក់ចេញដល់ទៅជាង៦០០ក្បាលក្នុងរវាងពេលត្រឹម២ខែ ក្នុងចំណោមសៀវភៅជាង៤០ចំណងជើងដែលកញ្ញាបានសាកល្បងយកមកលក់។ សៀវភៅផ្សេងៗ យ៉ាងច្រើនណាស់លក់ចេញបានម្ភៃក្បាលនៅហាងរបស់កញ្ញាប៉ុន្តែសៀវភៅពេលេវេលាមិនត្រឹមស្រួលប្រមូលលុយចំណេញថែមទំាងមានការកុម្ម៉ង់មិនឈប់ឈរ ដោយសារកេរ្ត៍ឈ្មោះនៃខ្លឹមសារសៀវភៅនេះ។
កញ្ញាបន្ថែមថា ៖
«មិនត្រឹមផ្លាស់ប្តូរជីវិតខ្ញុំ តែវាក៏បាននាំខ្ញុំឱ្យមានបណ្តាញជាមួយអ្នកអានសៀវភៅនេះច្រើនទៀតជាបុគ្គលល្បីៗក្នុងកម្ពុជា! ធម្មតា ហ្វេនក្លឹបមិនបានចូលរួមទិញសៀវភៅរបស់ខ្ញុំទេ ព្រោះពួកគេបានទទួលតម្លៃយ៉ាងពិសេសខ្លំាងពីបណ្តាអ្នកបោះពុម្ពសៀវភៅរបស់អ្នកស្រីម៉ីសនសុធារី ដូច្នេះការលក់នោះគឺលក់សម្រាប់អ្នកក្រៅសុទ្ធសាធ។»
MSTហ្វេនក្លឹបមានសមាជិកសកម្មប្រមាណជា៣២នាក់ហើយមកដល់ពេលនេះប៉ុន្តែពួកគេជឿថា ហ្វេនពិតរបស់អ្នកនិពន្ធនិងសៀវភៅពេលវេលាកំពុងមានឡើងនៅគ្រប់ខេត្តក្រុងទៅហើយ។
ជារៀងរាល់ខែពួកគេតែងប្រារព្ធកម្មវិធីតុមូលមួយនៅហាងwitty Cafeដែលជ្រើសរសើវាគ្មិនប្រមាណច្រើនបំផុតចំនួន៣០នាក់មកជជែកដេញដោលលើសៀវភៅណាមួយដែលជាស្នាដៃនៃអ្នកនិពន្ធរបស់ពួកគេ។ កម្មវិធីនេះតម្រូវបង់ប្រាក់១០០០០រៀល ហើយកំណត់ចំនួនផង។ ទោះយ៉ាងណាមនុស្សប្រមាណជា៥០នាក់បានចូលរួមក្នុងកម្មវិធីតុមូល នៃសៀវភៅពេលវេលា កាលពីថ្ងៃអាទិត្យទី១ខែធ្នូជាមួយនិងការពេញចិត្តជាខ្លាំង។
កញ្ញា ស៊ុយស្រីនិច បានអះអាងថានៅខែមករាឆ្នាំ២០១៩ នឹងមានការជជែកតុមូលដ៏សំខាន់មួយទៀតលើប្រធានបទ «តើពេជ្របណ្ឌិត សរសេររឿងមន្តអាគមខ្មែរចេញមកដោយវិធីណាខ្លះ?»។
កញ្ញារំពឹងថាអ្នកចូលរួមនិងទទួលបានចំណេះដឹង តាក់តែងប្រលោមលោកប្រភេទ មន្តអាគមក្នុងជំនឿខ្មែរយើងច្រើន តាមរយៈកិច្ចពិភាក្សានោះ។ អ្នកនិពន្ធម៉ីសន សុធារី បានប្រើនាមប៉ាកា ពេជ្របណ្ឌិតសម្រាប់បណ្តារឿងមន្តអាគមអូមអាមភ័យរន្ធត់ ដែលទទួលបានការពេញនិយមជាខ្លំាងដូចជា តាមរយៈរឿង អាគមបរព្រៃ ផ្ទះគ្រូទាយ របៀនងងឹត និងគាថាបុរាណ។ល។
តាមព័ត៌មានពី ក្រុមតម្រា កវីពេជ្របណ្ឌិតបានលក់សិទ្ធិទំាងស្រុងនៃប្រលោមលោកថ្មីសន្លាងរបស់ខ្លួនទៅឱ្យក្រុមនេះ ក្រោមចំណងជើងថា «សង្វៀនផ្លូវងងឹត»ដែលរំពឹងថា នឹងចេញជាសៀវភៅពាក់កណ្តាលខែក្រោយ។
ចំណែកសៀវភៅ ពេលវេលា ត្រូវបានសរសេរឡើង នៅក្នុងឆ្នាំ២០១៩ ហើយបោះពុម្ពក្នុងខែឧសភាឆ្នាំដដែល ចំនួន៣ពាន់ក្បាល ដែលមានតម្លៃ២៥០០០រៀលនិងបម្រុងបោះសារជាថ្មីក្នុងឆ្នាំ២០២០ជា Pocket Version ។
ទ៏ព័រមួយនៃសៀវភៅពេលវេលា