គ្រោះថ្នាក់សន្លប់៧យប់៧ថ្ងៃរបស់តាខ្ញុំ ដែលកូនៗគ្មានសង្ឃឹមគ្រប់គ្នានោះ ម៉ែថាមិនច្បាស់មកពីគាត់ជាន់ពែគេឬអត់ទេ។
កាលពីឆ្នាំ១៩៩៥…
តាខ្ញុំនៅដើរធ្វើម្ហូបការធម្មតា។ ជំនាន់នោះគាត់ជាចុងភៅម្នាក់ដែលចាត់ទុកថាជំនាញ ហើយមានអ្នកស្គាល់ច្រើន ដូច្នេះមិនមែនធ្វើត្រឹមរោងការក្នុងស្រុក ក្នុងខេត្តដែលរស់នៅទេ តាបានដើរទៅខេត្តជិតៗដូចជាកំពង់ស្ពឺនិងតាកែវជាដើម។
ម្ហូបគាត់អ្នកណាក៏ល្បីថាឆ្ងាញ់ហើយទាន់សម័យដែរកាលជំនាន់ហ្នុង ទើបតដល់ម្តាយខ្ញុំដែលពូកែធ្វើម្ហូបសព្វថ្ងៃ ម្យ៉ាងតម្លៃឈ្នួលក៏ធូរជាងគេទៀត។ រាល់ពេលដែលគាត់មកពីធ្វើម្ហូបការវិញ គាត់តែងវេចសាច់ជ្រូក ចាប់ឆាយ និងម្ហូបខ្លះផ្ញើអ្នកផ្ទះ បើទោះជាមកដល់កណ្តាលយប់ ក៏គាត់ដាស់កូនចៅឱ្យហូបបានជុំគ្នាដែរ។
ម៉ែប្រាប់ខ្ញុំថា ថ្ងៃមួយតាទៅធ្វើម្ហូបដល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានមិត្តភក្តិចាស់គាត់ស្គាល់គ្នាកាលពីជំនាន់ខ្មែរក្រហម ហើយត្រូវគេចាប់ទៅវៀតណាមជាមួយគ្នា…
នឹកដល់រឿងនេះ ម៉ែក៏ធ្លាប់ប្រាប់ខ្លះៗថា នៅឆ្នាំ១៩៧៩ ដែលសម័យខ្មែរក្រហមត្រូវផ្តួលរលំ តាមិនបានត្រលប់មកស្រុកដូចគេឯងទេ ព្រោះពេលនោះមានទាហានវៀតណាមមកឆែកឆេរបង្វេចតា ហើយបានឃើញតម្រាកំណើតក្មេង ដែលតាទួតខ្ញុំគាត់ជាគ្រូបន្សល់ទុកឱ្យ ដោយមិនចេះអានអក្សរខ្មែរ ហើយគិតថាទំនងតាខ្ញុំជាប់ពាក់ព័ន្ធនឹងឈ្លបខ្មែរក្រហម ជាមេខ្មែរក្រហម ក៏ចាប់តាទៅស្រុកវៀតណាមបាត់។
យាយខ្ញុំដែលបានទៅប្រមូលព័ស្តុភារពីកន្លែងស្រុក គេចែកចានឆ្នាំងដល់ប្រជាជនបន្ទាប់ពីសង្រ្គាម គ្រាន់តែបានឮថាតាត្រូវគេចាប់ គាត់ក៏ទម្លាក់របស់ទាំងនោះចោល ហើយប្រញាប់រត់ទៅរកតាភ្លាម។
តែមិនច្បាស់ថា តាត្រូវគេយកទៅតាមផ្លូវណា យាយដើររកមិនជួបឡើយ ដឹងត្រឹមថា គេចាប់គាត់ដាក់ឡានឃ្លុប ហើយបើកចេញទៅយូរណាស់មកហើយ។
យាយគាត់អស់សង្ឃឹម បានត្រឹមអង្គុយយំឱបកូន ព្រោះក្នុងអំឡុងពេលសង្រ្គាមអ្នកដែលបាត់ទៅកម្រនឹងបានត្រលប់មកវិញណាស់ គាត់ខ្លាចតាជួបរឿងដូចជំនាន់នោះដែរ។
តែយាយពេលនោះគាត់មិនដែលបោះបង់ការតាមរកដំណឹងប្តីគាត់ឡើយ។ រួចពីសង្រ្គាមដែលអ្នកស្រុកដទៃខំប្រមូលចាប់យកដី ដើម្បីធ្វើជាកម្មសិទ្ធិ បែរជាយាយខំលក់របស់ដើម្បីតាមរកប្តីទៅវិញ ទើបមកដល់ពេលនេះ យើងគ្មានដីធ្លីច្រើនដូចគ្រួសារដទៃ ហើយបន្ទុកមើលថែប្អូនៗត្រូវធ្លាក់ទៅលើម្តាយខ្ញុំទាំងអស់។
បែកគ្នារយៈពេល៩០ថ្ងៃ ស្រាប់តែតាបានមកដល់ផ្ទះវិញ។
គាត់ថាជនជាតិវៀតណាមចាប់គាត់ទៅសួរនាំដើម្បីជីកឫសរកបក្សពួកខ្មែរក្រហមដែលនៅសល់ តែតាខ្ញុំគ្រាន់តែជាប្រជាជនសាមញ្ញដែលត្រូវគេប្រើឱ្យលីសែង ធ្វើស្រែចម្ការដូចគេដូចឯងដែរប៉ុននោះក្នុងសម័យហ្នុង។ យប់ឡើងរួចពីសួរចម្លើយ តាត្រូវគេចងឱ្យដេកអត់ខោអាវសល់តែខោខ្លីមួយប៉ុននោះជាប់ចង្កេះ។
«បើមិនដោយសារវិជ្ជាចេះធ្វើម្ហូបនេះទេ ម្ល៉េះមិនបានរួចខ្លួនមកវិញដែរ!»
តាប្រាប់ប្រពន្ធគាត់ពេលបានជួបគ្នាវិញ ហើយគាត់ក៏រៀបរាប់បន្ត។ ទាហាននោះសួរតាជាភាសាវៀតណាមថា៖
«បើមិនមែនជាខ្មែរក្រហម មុខរបរឯងជាស្អី? ហើយម៉េចក៏មានបញ្ជីឈ្មោះប្រជាជននៅក្នុងដៃ?»
វាលើកបង្ហាញតម្រាមើលក្មេងរបស់តាទួតហើយចោទថាជាបញ្ជីឈ្មោះអ្នកប្រាជ្ញ ឬអ្នកមានចំណេះដឹងស្រុកខ្មែរ ទាំងដែលមានរូបកូនក្មេងលើសៀវភៅឱ្យច្បាស់ចែស ពេលនោះចេះមានអ្នកបកប្រែតាក៏រៀបរាប់ប្រាប់ការពិតពីសៀវភៅ ហើយក៏ប្រាប់ថាគាត់ជាចុងភៅម្នាក់កាលពីមុន ក៏គាប់ចួនពេលនោះ ខ្វះអ្នកចេះធ្វើម្ហូបស្រាប់ផង គេក៏ដកតាឱ្យទៅធ្វើជាចុងភៅនៅរោងទាហាននោះ ដោយឱ្យស្លៀកតែក្រមាពេលថ្ងៃ ហើយយប់ឡើងត្រូវជាប់ច្រវាក់ដេកអត់ខោអាវ។
ជាងបីខែ តាប្រែប្រួលរូបរាងទៅជាខ្មៅ ធាត់ ម៉ែនិងយាយមើលគាត់ទម្រាំតែស្គាល់។
រួចពីទុក្ខវេទនាបាត់ប្តី បាត់ឪពុកនោះមក អ្នកផ្ទះក៏បានជួបជុំគ្នាវិញ ហើយតាក៏ប្រកបរបរជាចុងភៅដូចដើម។
កន្លងមកដល់ឆ្នាំ១៩៩៥ ម្តាយខ្ញុំបានរៀបការរួចហើយ ហើយថ្ងៃមួយនោះតាទៅធ្វើចុងភៅនៅស្រុកបសេដ្ឋ ពេលត្រលប់មកវិញ ស្រាប់តែកើតរឿងហេតុ…
គាត់មកដល់ផ្ទះកណ្តាលយប់ ថ្ងៃនោះម៉ែថា គ្រាន់តែតាមកដល់ស្រាប់តែមានសំឡេងឆ្កែលូយ៉ាងគ្រលួច។
ប្អូនៗដេកលក់មិនដឹងរឿង តែម៉ែនិងយាយបានចេញទៅទទួលតា។ ព្រោះយប់ងងឹត ក្នុងផ្ទះមានតែពន្លឺភ្លើងចង្កៀង ម៉ែគាត់មិនបានលម្អិតពីទឹកមុខតាឡើយ ដឹងត្រឹមថា តាមិនស្តីនិយាយបើទោះយាយតាមសួរនាំគាត់យ៉ាងណា។ គាត់ទម្លាក់ម្ហូបលើគ្រែហើយក៏ឡើងទៅសម្រាន្ត។
«ពុកហត់ពេកមិនដឹងម៉ែ?»
ម្តាយខ្ញុំនិយាយនឹងម្តាយបណ្តើរ ស្រាយម្ហូបដាក់ឆ្នាំងបណ្តើរ។ យាយគាត់នៅមិនសុខដោយឃើញអាការៈប្តីដូចចម្លែក។ ព្រោះរាល់ពេលមកពីធ្វើចុងភៅលើកណាក៏គាត់ហៅកូនចៅជុំគ្នាដើម្បីហូបបាយ តែលើកនេះ មួយម៉ាត់ក៏គាត់មិនព្រមនិយាយ ហើយនៅឡើងទៅសម្រាន្តបាត់ទៀត។
«ដាក់ម្ហូបកំដៅទុកដាក់ឱ្យស្រួល ប្រយ័ត្នកណ្តុរស៊ី ម៉ែឡើងទៅមើលឪឯងបន្តិច»
មេឃយប់នោះរកតែផ្កាយមួយគ្រាប់គ្មាន ចួនអីក៏មានខ្យល់បក់ខ្លាំងមួយវឹប ម៉ែខ្ញុំព្រឺឆ្អឹងខ្នងខ្ញាក ឯទ្វារចង្រ្កានបាយក៏បោកគ្រាំងសឹងតែរលំ។
ម៉ែញ័រអស់ខ្លួនមិនហ៊ានចង់នៅក្រោមផ្ទះម្នាក់ឯង ក៏និយាយឡើង៖
«ហៅពុកឱ្យងូតទឹកសិនទៅហីម៉ែ! តិចគាត់ឈឺទេដឹង?»
ម៉ែនិយាយបន្លប់ ដើម្បីបានថាបើតាចុះមកអង្គុយក្រោមផ្ទះ ស្រួលមានអ្នកកំដរគាត់នៅកំដៅម្ហូប។ យាយដឹងថាម៉ែខ្លាចខ្មោច ព្រោះកូនគាត់ក៏ជាមនុស្សមានក្រយៅខ្មោចលងតាំងពីដើមមកដែរ។
គាត់ឆ្លើយលួងទៅកូនស្រី៖
«ម៉ែឡើងទៅហៅឪឯងចុះមកវិញឥឡូវហើយ!»
ពេលយាយឡើងទៅដល់លើផ្ទះឆ្កែក៏ស្រាប់តែលូឡើងបន្តបន្តាក់គ្នា សំឡេងស្លឹកឈើបោកព្រោះខ្យល់លាន់ឱ្យសន្ធឹក ម៉ែខ្លាចពេកក៏រត់ទៅអង្គុយពួនក្បែរចង្រ្កានកៀនគំនរឧស។ ដោយផ្ទះបាយយើងកាលនោះមានបង្អួចមួយនៅពីមុខចង្រ្កាន ម៉ែថាពេលគាត់ក្រឡេកមើលទៅក៏ហាក់ប្រទះនឹងអ្វីមួយស្ទុងៗពណ៌ស តែដោយវាលឿនពេកគាត់មិនច្បាស់ថាជាអ្វី។
មកពីគាត់ទម្លាប់ត្រូវខ្មោចលង គាត់ក៏គិតថាបែបជាខ្មោចហើយ ទើបឆ្កែលូមិនឈប់ ម៉ែលែងខ្វល់រឿងម្ហូបក៏រត់ប្រះអាយុឡើងទៅលើផ្ទះ។
គាត់ចូលទៅបន្ទប់រានហាលដែលតានិងយាយសម្រាន្ត ឃើញយាយកំពុងដាស់ហៅតាដែលរងាញាក់ខ្លួនទទ្រើកនៅក្នុងភួយ។
«ឪវា! កើតអី?»
ម៉ែឃើញសភាពតាពេលនោះ ភ័យជាងរឿងឃើញខ្មោចទៅទៀត។ គាត់ស្ទុះឡើងទៅក្បែរតាហើយខំចាប់ទាញភួយចេញពីខ្លួនតា៖
«ពុក! ពុក! ពុកកើតអីពុក?»
ម៉ែថាកម្លាំងតាពេលនោះមិនសមអ្នកគ្រុន ឬមនុស្សមកពីធ្វើការហត់នោះទេ គាត់ស្រាប់តែដូចមនុស្សដែលមានគីឡូធ្ងន់ ទាញភួយចេញពីដៃម៉ែនិងយាយសឹងតែផ្ងារជើងទៅក្រោយ ហើយរអ៊ូរង៉ូវតិចៗស្តាប់សឹងមិនសូវឮថា៖
«ក្តៅ! ក្តៅ!»
គាត់រើបម្រះពេញគ្រែ យាយនិងម៉ែក៏ទ្រហោភ័យស្លន់ស្រែកផ្អើលកូនៗដែលកំពុងដេក រួមទាំងអ្នកស្រុកជាប់ផ្ទះ ឈូរឈរមកមើលតាទាំងកណ្តាលយប់។
យាយរហ័សទាញធូបទានអុជបន់ក្រែងមានខុសត្រណមខាងម្តាយខាងឪពុក ឬដូនតាខាងណា។ ធូបអស់ជិតកន្លះដើមហើយ ក៏នៅមិនឃើញតាបានស្បើយក្រៅពីនិយាយម្នាក់ឯងមិនដឹងរឿងអី។
«យកគាត់ទៅពេទ្យទៅ តិចគ្រុនចាញ់!»
អ៊ំម្នាក់និយាយឡើង តែនៅជំនាន់នោះពេទ្យប្រចាំស្រុកមានតែម្នាក់ប៉ុននោះ ហើយយប់ជ្រៅទៅហើយ ពួកយើងធ្វើដំណើរដោយជិះកង់ ទម្រាំទៅដល់ពេទ្យក៏ជាងមួយម៉ោងដែរ មិនដឹងតាទ្រាំបានឬអត់ ហើយមិនច្បាស់ថាគេនឹងព្រមមកឬអត់ដែរ។
តែដោយហេតុបារម្ភពីឪពុកពេក ម្តាយខ្ញុំដែលជាកូនស្រីច្បងក៏គិតថា គាត់និងជិះទៅតាមពេទ្យខ្លួនឯង តែយាយខ្ញុំមិនអនុញ្ញាតឡើយព្រោះខ្លាចសុវត្ថិភាពម៉ែ ទើបពូៗខ្ញុំដែលមានអាយុជាងដប់ឆ្នាំហើយនោះ សម្រេចថាជាអ្នកទៅតាមពេទ្យ និងបានអ្នកស្រុកប្រុសៗពេញកម្លាំងពីរបីនាក់ទៀតជិះអមជាមួយ។
ឃើញប្អូនត្រលប់មកផ្ទះវិញ គ្មានគ្រូពេទ្យមកជាមួយ ម្តាយខ្ញុំអស់សង្ឃឹមជាខ្លាំង។
ខ្ញុំក៏ឆ្លៀតសួរម៉ែ៖
«ចុះម៉េចមិនយកតាពៅពេទ្យហ្មងទៅម៉ែ?»
«កាលហ្នុងស្រុកមិនទាន់មានពេទ្យទេ គ្រូពេទ្យគាត់រៀនចេះ បានត្រឹមជិះម៉ូតូចាក់ថ្នាំអ្នកស្រុកតាមភូមិ យប់ដែលពូឯងទៅសុំពេទ្យឱ្យមកមើលតា គាត់ថាទាល់តែព្រឹកទើបមកបាន ព្រោះមិនអាចទុកប្រពន្ធគាត់ឱ្យនៅផ្ទះម្នាក់ឯង!»
ខ្ញុំដកដង្ហើមធំខាំមាត់ តឹងចិត្តណាស់ ក៏ចង់សួរម៉ែថា ម្តេចមិននាំតាទៅដល់ផ្ទះពេទ្យនោះតែម្តងទៅ តែក៏នឹកឃើញរឿងសំខាន់មួយ ដែលម៉ែមិនបានរំឭក គឺវត្តមានពុក។
«ចុះពុក? ជំនាន់ហ្នុងគាត់ទៅណាម៉ែ?»
«ពុកឯងទៅធ្វើការនៅភ្នំពេញ ដល់តែតាសន្លប់បានបីថ្ងៃទើបគាត់មកដល់ផ្ទះ! ពេលនោះ ម៉ែក៏ចាប់មានឯងជាង៥ខែហើយ»
ខ្ញុំភ្ញាក់នឹងសម្តីម៉ែ បើកាលនោះគាត់កំពុងទម្ងន់ខ្ញុំ ចុះម៉េចក៏រត់ឡើងលើផ្ទះពេលខ្មោចលង ហើយនៅប្រទាញប្រទង់ជាមួយតាបានទៀត?
«ហើយតាគាត់សន្លប់ទាំងអស់ប៉ុន្មានថ្ងៃទៅម៉ែ? គាត់ដឹងខ្លួនវិញបានយ៉ាងម៉េច?»
ម៉ែក៏បានរៀបរាប់ប្រាប់រឿងតាបន្តទៀតថា យាយនិងគាត់ដើររកគ្រូមើលអស់ហើយ ឯពេទ្យក៏បានមកពិនិត្យដែរ តានៅចីបចរ នៅដង្ហើម តែមិនដឹងថាហេតុអ្វីទើបគាត់មិនដឹងខ្លួននោះទេ ទាំងផ្លូវងងឹត ទាំងវិជ្ជាពេទ្យ សុទ្ធតែកំបាំង មិនដឹងថាមកពីអ្វីឱ្យប្រាកដ។
ដោយសារតែដង្ហើមតានៅមាន ឯសាច់គាត់នៅទន់ ក្តៅដូចមនុស្សរស់ធម្មតា ក៏ម៉ែនិងយាយនៅរក្សាតា ហើយខំប្រឹងអស់ពីលទ្ធភាពដើម្បីព្យាបាលគាត់។
អ្នកណាក៏និយាយថាគ្មានសង្ឃឹមដែរ ព្រោះមួយថ្ងៃទៅមួយថ្ងៃហាក់គ្មានប្រសើរ គាត់គ្មានហូបអ្វីកើតក្រៅពីទឹកបបរដែលម៉ែនិងយាយ ក៏ដូចជាកូនៗគាត់ខំប្រឹងចាប់មាត់បង្អក់ដាក់ចូលទៅ។
ម៉ែយំរហូតស្ទើរតែដួលព្រោះអាណិតតា ដល់តែគាត់កំពុងមានទម្ងន់ផង ហើយក៏ឆ្នាំជាន់គ្នាជាមួយតាទៀត ចាស់ៗក៏បានណែនាំគាត់ឱ្យនៅឆ្ងាយពីតាមួយរយៈសិន។
យប់ថ្ងៃទី៧ដែលតានៅសន្លប់មិនដឹងខ្លួន ម៉ែក៏បានទៅសម្រាកនៅផ្ទះយាយខាងឪពុកខ្ញុំ គឺម្តាយក្មេកគាត់ដែលនៅភូមិជាមួយគ្នា។
ម៉ែថាពេលហ្នឹងគាត់អស់កម្លាំងពេកក៏ដេកលក់ភ្លឹងទៅ នៅម៉ោង២ជាងទាបភ្លឺហើយ។
«ម៉ែបានយល់សប្តិថា មានតាអាចារ្យម្នាក់មកហៅម៉ែ! គាត់សួរថា ចង់ទៅយកឪពុកឯងមកវិញទេ? ព្រោះគាត់បានដើរទៅដល់កោះជ្រៅមួយឆ្ងាយបាត់ហើយ វង្វេងរកផ្លូវមកផ្ទះមិនឃើញទេ!»
ខ្ញុំព្រឺឆ្អឹងខ្នង ហើយចង់ស្រក់ទឹកភ្នែកនឹងតំណាលពីអតីតកាលរបស់គ្រួសារខ្ញុំ។
ម៉ែក៏បានបន្តថា៖
«ខ្ញុំទៅលោកតា! ចៅទៅ! ឱ្យតែអាចនាំឪពុកចៅត្រលប់មកវិញបាន!»
«បើអ៊ីចឹងឯងមកតាមតាមក!»
ម៉ែបានដើរទៅតាមលោកតាអាចារ្យនោះឆ្ងាយសែនឆ្ងាយ ហើយគាត់មិនស្គាល់ថាកន្លែងនោះជាកន្លែងណាទេ ត្រឹមដឹងថាវាជាសមុទ្រ ជាដីកោះដែលធំល្វឹងល្វើយ។
គាត់ងាកមកនិយាយប្រាប់ម៉ែថា៖
«ពុកឯងនៅលើកោះនោះ បើឯងជួយគាត់បាន គាត់នឹងដឹងខ្លួនហើយ បើជួយមិនបាន ឯងក៏នឹងបែកពុកឯងរៀងរហូត!»
ម៉ែគាត់ស្រែកយំខ្លាំងៗតបទៅលោកតាថា៖
«ជួយ! ជួយ! ខ្ញុំនឹងជួយពុក! ពុកអើយពុក! ពុកនៅឯណា កូនមកជួយពុកហើយ!»
ម៉ែខ្ញុំឆ្លេឆ្លានៅពេលដែលលោកតាអាចារ្យស្លៀកសនោះក៏ស្រាប់តែបាត់មិនដឹងទៅណា។ ម៉ែដើររកផ្លូវនៅជុំវិញហាក់អស់សង្ឃឹមណាស់ តែពេលនោះគាត់ក៏បានប្រទះនឹងបន្ទះក្តារខ្មៅមួយដែលកំពុងត្រូវរលកបោកបក់ម្តងឃើញម្តងបាត់ គាត់អរណាស់ក៏រត់ទៅរើសហើយយកមកបួងសួងថា៖
«សូមឱ្យវត្ថុសក្តិសិទ្ធិ និងបុណ្យកុសលដែលកូនបានសាង សូមជួយឱ្យពុកបានឆ្លងគ្រោះកាចនេះ ត្រលប់មករកគ្រួសារវិញផងចុះ សាធុ សាធុ សាធុ!»
ថារួច ម៉ែបានដាក់បន្ទះក្តារនោះទៅលើទឹកក៏ស្រាប់តែមានរឿងអស្ចារ្យកើតឡើង ដោយបន្ទះក្តារតែមួយនោះបានបែងខ្លួនយ៉ាងច្រើនបន្តកន្ទុយគ្នារហូតដល់ដីកោះដែលដាច់ឆ្ងាយអនេក។
ម៉ែខំចាំមើលមួយសន្ទុះក៏ស្រាប់តែឃើញតាដើរតាមបន្ទះកា្តរនោះមក ម៉ែអរណាស់គាត់ក៏ស្ទុះទៅឱបតាជាប់ហើយស្រែកយំ៖
«ពុកៗ! ពុកមកវិញហើយពុក!»
«អើ! កូន! ពុកមកវិញហើយ អស់អីហើយ!»
ភ្លាមនោះ ម៉ែបានភ្ញាក់ព្រើតពីសុបិន ហើយវាជាយល់សប្តិដែលគាត់ច្បាស់ណាស់ថា ជាប្រផ្នូលនៃការពិត។ ម៉ែក៏បានដាស់ពុកនៅម៉ោងជាងបួនភ្លឺដើម្បីទៅរកតា៖
«ពុកវា! ជូនខ្ញុំទៅផ្ទះ! ពុកខ្ញុំដឹងខ្លួនហើយ!»
ពុកមិនមាត់អ្វីក៏ធ្វើតាមម៉ែ គ្រាន់តែទៅដល់លើផ្ទះភ្លាមក៏ស្រាប់ឃើញមនុស្សអង្គុយជុំវិញតា ហើយម៉ែឃើញតាបើកភ្នែកភ្លឹះៗស្រែកតិចៗថា៖
«ទឹក! ទឹក! ស្រែកទឹក!»
ម៉ែពេលនោះសប្បាយចិត្តរកអ្វីនិយាយមិនត្រូវ ហើយគាត់ក៏បានអុជធូបបន់អរគុណដល់លោកតាអាចារ្យដែលជាអ្នកនាំផ្លូវម៉ែឱ្យទៅរកតាឃើញ។
«តាអាចារ្យហ្នឹងជាអ្នកណាម៉ែ?»
ខ្ញុំសួរដូចឆោត ខ្លាចក្រែងម៉ែស្គាល់គាត់ ហើយជាដូនតាដែលជួយបង្ហាញផ្លូវ តែម៉ែតបទាំងសើចដោយហួសចិត្តនឹងខ្ញុំថា៖
«ម៉ែមិនស្គាល់ទេ! តែប្រហែលជាអ្នកតាដែលតាមថែរក្សាស្រុកភូមិ ព្រោះភូមិយើងមានអ្នកតាប្រាំបីទិសឯណោះ ដែលពួកយើងគោរពនិងសែនដល់រាល់ឆ្នាំ!»
ខ្ញុំក៏ចាប់សួរម៉ែបន្ត៖
«ពេលតាដឹងខ្លួនហើយ ម៉េចទៀតទៅម៉ែ?»
«ទាល់តែគាត់បានដឹងខ្លួនទើបមើលទៅឃើញថា តាឯងមានប៉ះពារលើព្រាយម្នាក់នៅលើដើមជ្រៃពេលគាត់ទៅធ្វើចុងភៅនៅបសេដ្ឋ! រោងចុងភៅតាដាក់នៅលើកន្លែងគេនៅ ហើយជះភ្លើង ជះខ្លាញ់ត្រូវគេ ទើបគេខឹង!»
ខ្ញុំព្រឺសម្បុរទៀត ហើយខិតទៅជិតម៉ែសួរបន្ត៖
«ចុះធ្វើម៉េចទៅម៉ែ ទើបគេឈប់ខឹង?»
«ពេលម៉ែយល់សប្តិ លោកតាបានប្រាប់ម៉ែរឿងមួយថា បើតាបានដឹងខ្លួនត្រូវតែលាសំណែនឱ្យបានប្រាំពីរវត្ត ហើយស្រោចទឹកឱ្យគ្រប់លោកប្រាំពីរអង្គ ទើបអាចដោះបណ្តាសាព្រាយនោះបាន!»
បន្ទាប់មកតាក៏ជាសះស្បើយ ហើយគ្រួសារបានរស់នៅធម្មតាវិញទៅ។
រឿងសន្លប់នេះ មិនមែនលើកទីមួយសម្រាប់គ្រួសារខ្ញុំទេ សូម្បីអ៊ំប្រុសខ្ញុំពេលកើតមកបានជាងមួយខែ ក៏ធ្លាប់សន្លប់បាត់ស្មារតី បីយប់បីថ្ងៃ ពីរបីដងដែរ តែឱ្យតែដល់ពេលគេយកទៅកប់ គាត់ក៏បានដឹងខ្លួនវិញ ម្ល៉ោះហើយទើបគេប្តូរឈ្មោះគាត់ថា«រស់»រហូតដល់សព្វថ្ងៃ។
ម៉ែបានប្រាប់ខ្ញុំបន្ថែមលើរឿងដើមជ្រៃនៅផ្ទះការនោះ ពេលតាដែលជាមិត្តភក្តិតាខ្ញុំមកលេងគាត់បានប្រាប់ថា តាំងពីការរួច ប្តីប្រពន្ធនោះនៅមិនចុះសម្រុងគ្នាទេ តែងមានរឿងឈ្លោះប្រកែក រហូត ដល់ថ្នាក់លែងលះទៀតផង តាបន្ថែមថា មកពីធ្វើរោងទន្រ្ទានលើទីលំនៅគេដោយមិនសុំ ហើយមកដោយឈឺទាំងដែលតាកំពុងរាសីដាក់ស្រុតតែម្តងទៅ។
ហើយរឿងដែលម៉ែមានក្រយៅខ្មោចលង ចាំមានឱកាស ខ្ញុំនឹងនិទានឱ្យស្តាប់នៅពេលក្រោយទៀត ព្រោះគាត់ជួបខ្មោចឡើងឆ្អែតតែម្តង៕
ចប់