រឿង ខ្សែភ្នែក

ពេលខ្លះ នារីម្នាក់នោះសម្លឹងមកខ្ញុំដោយលួចលាក់ អាថ៌កំបាំង តែក៏មានពេលខ្លះ​នាង​លួចមើលខ្ញុំដោយភ្លេចខ្លួន គឺមើលមកពីចម្ងាយ។

ក្រោយមកទៀត ខ្ញុំសម្គាល់បានទេ នាង​តែងតែលបសម្លឹងមើលមុខខ្ញុំយូរៗ កាន់តែយូរឡើងៗប្រសិនបើខ្ញុំបន្លំធ្វើមិនដឹងខ្លួន។

 បន្ទាប់មក ពេល​ខ្ញុំក្រឡេកទៅវិញ​វឹប​ដើម្បីចាប់ខ្សែភ្នែក«ចោរ»របស់នាង នាង​ក៏ធ្វើសកម្មភាពបន្លប់ចេញយ៉ាងរហ័សវិញដូចគ្នា។

ទោះយ៉ាងណាជារឿយៗថ្ពាល់នាង​ហាក់ដូចជាឡើងក្រហមពេលខ្ញុំឈាន​ចូលទៅ។

«ហេតុអ្វី? » ​​ខ្ញុំ​សួរ​នាង។

«នៅមិននៅមកសួរកំបុតមានន័យថាម៉េច?» នាង​ឆ្លើយអ៊ីចឹង ធ្វើដូចក្មេងមិនយល់រឿង។

«ហេតុអី​មើល​ខ្ញុំ!»

«មានភស្តុតាងអត់?»

«​ថា​ទេក៏បាន តែកុហកបេះដូង​ម៉េចបាន?»

នេះ​ហើយ​រាល់​ពេល​ដែល​ខ្ញុំ​ព្យាយាម​ចូល​ទៅ​ជិត​នាង នាង​ធ្វើ​ហាក់​មិន​ស្រួល? មិនសុខ​ មានសម្ពាធ មាន​ការលំបាកក្នុងការត្រង់ទៅត្រង់មកជាមួយគ្នា។

«ធ្វើមើលតែខ្លួនឯងហ្នឹងស្អាតផុតលេខអ៊ីចឹង!»

នាងរអ៊ូថាឱ្យខ្ញុំចំៗហើយដើរចេញ ។ ខ្ញុំនៅបែរខ្នង​ញញឹម​តែម្នាក់ឯង។

ខ្ញុំអាយុ២៦ឆ្នាំហើយ។ មនុស្ស​ស្រីដែល​លបមើលខ្ញុំក៏មានមិនក្រោម១០នាក់ដែរ។  រឿង​ខុសគ្នា​គឺ ពួកគេ​ខ្លះនៅពេលយើង​ចាប់ការសម្លឹងរបស់ នាងបាន នាង​ហាក់ដូចជាខ្មាស់អៀន ខ្លះទៀតចាក់បណ្តោយឱ្យយើង​ដឹងថានាង​មានចិត្ត​តែម្តង ចំណែក​អ្នកប្រកែកនិងធ្វើឡូយដូចគេម្នាក់នេះខ្ញុំទើបតែជួបទេ ។

«ឈ្លោះជាមួយ​ម៉ានីទៀតហើយ?»

គ្នាខ្ញុំម្នាក់នេះ​គេ​ឈ្មោះបញ្ញា គេមកសួរក្នុងនាមជាមិត្ត​ដែលក៏ជាអ្នកដឹងរឿង​បេះដូងខ្ញុំកន្លងមកគ្រប់យ៉ាង ។ បញ្ញា​ក្រៅពីជាក្មេងជិត​ខាង និងបាន​រៀនជាមួយគ្នាតាំងពីបថមមក​ពេលនេះមកធ្វើការនៅកន្លែងតែមួយទៀត។ គេ​តាមសួរ​ខ្ញុំពេលឃើញ​អានីចាកចេញ​ពីទីនេះទៅ​រ៉ុយ។

ខ្ញុំមិនឆ្លើយអ្វី​ព្រោះមិនចង់និយាយ។ ​រឿងលើកនេះមិនចង់ប្រាប់បញ្ញាសោះ ព្រោះទាំងបីនាក់នៅធ្វើការ​ជាមួយគ្នារាល់ថ្ងៃ ​តែត្រូវបញ្ញា​ថាមកទៀតមិនព្រមបង្អង់ទេ៖

«ត្រូវគេ​បដិសេធ?»

ខ្ញុំនៅតែមិនមាត់​ព្រោះដឹងថា អាចមកពីខ្ញុំប្រញាប់ពេក ​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​មិន​ស្រួល​ពេល​ដែល​ព្យាយាម​​ចូល​ទៅ​ជិត​នាង។

ពេលខ្លះក៏មិនយល់ថា ហេតុអ្វី​នៅឆ្ងាយ​លបមើលយើង ពេលមកក្បែរគេចចោលយើង?​មនុស្សស្រី! ខ្ញុំធុញ នឹងជីវភាព​ញ៉ែស្រីណាស់ បន្លាយពេក និងពិបាកយល់ និយាយរួមឈឺក្បាល!

«ទៅធ្វើការ​!!! ទំនេរ​ចង់ដឹងរឿងអញណាស់!»

ខ្ញុំថាហើយវាយស្មា​បញ្ញាមួយ​សំណុំឯកសារទើបចាកចោល​មិត្តឱ្យនៅឈរបន្តឆុងកាហ្វេទៀតចុះ។ ទោះយ៉ាងណា ខ្ញុំនៅតែបន្ត​Searchពីរឿង​ម៉ានី។ google ប្រាប់មកថា  ពេលណា​​មនុស្ស​ស្រីលប​​សំឡឹង​មើលមកយើង​​​ជា​សម្ងាត់ អាច​មាន​ន័យ​ថា គេ​​កំពុង​ពិនិត្យ​មើល​ចំណុចនានា​របស់យើង អាចជាកាយវិកា សម្តីសំដៅ​ រាងរៅ​តែ​ជាទូទៅ​ពួក​នាង​មិន​ចង់​ឱ្យ​យើង​ដឹង​ទេ។

អ៊ីចឹង​បានន័យថា ម៉ានី​មិនបាន​​ចែចង់ខ្ញុំទេ ពីព្រោះ​ថា តាម​និយមន័យ ការ​ចែចង់​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​តែឱ្យ​ អ្នក​ដែល​ត្រូវ​គេ​ចែចង់​​ដឹងខ្លួន​ថា ស្នេហា​​​កំពុង​កើត​ឡើងតែគេវិញ ទាំងលាក់ ទាំងបដិសេធ ទាំងត្រម៉ុតត្រម៉ុយ យកមកគិតនាំតែឆ្កួតចិត្ត​។

ខ្ញុំឈប់គិតពីគេ​ក៏បាន!

ចាប់ពីពេលនោះមក គេមើលអ្វី​ក៏ទុកថាគេ​ភ្លឹកអំពី​រឿងផ្សេងទៅចុះ។ ខ្ញុំធ្លាប់បែកសង្សារដំបូង​កាលនៅអនុវិទ្យាល័យ​ក៏ត្រូវ​ឈឺចិត្ត​រាប់ឆ្នាំ ក្រោយមកបែកសង្សារទីពីរនិងទីបីទៀត​ទោះមិនសូវឈឺ​តែខ្ញុំមិនចង់ព្យាយាម​ឬបន្លាយពេល​ចំណាយ​ច្រើនពេកក្នុងការតាមមនុស្សស្រីទេ។

សម័យនេះទៅហើយ ការចែចង់មិនគួរ​រំពឹង​ធ្វើដោយសម្ងាត់ ឬពីភាគី​តែម្ខាងទៀតឯណានាំតែយល់ខុស។ រឿង​អានី​និងខ្ញុំ មិនរាប់ថាជាការចែចង់នោះទេ  ព្រោះការចែចង់ពិតប្រាកដតែងតែពាក់ព័ន្ធនឹងមនុស្សពីរនាក់ ប៉ុន្តែ​ការ​ក្រឡេក​មើល​ដោយ​សម្ងាត់របស់​អាច​មានពាក់ព័ន្ធនិង​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះគឺខ្លួននាង​ថែមទាំងនាង​មិនចង់ឱ្យខ្ញុំដឹងទៀត។

នៅកន្លែងខ្ញុំមាន​បុគ្គលិកស្រី​ដ៏ស្អាតម្នាក់ឈ្មោះ​ តា។ សុជាតា​ទើបនឹងចូលថ្មី​តែរួសរាយ និងសក់វែងរលោង​ប្រុស​ៗជ្រួលជ្រើម​គ្រប់ផ្នែក ពិសេសកម្លោះៗ។ ក្នុងនោះ ខ្ញុំក៏មិនមែន​សត្វចម្លែកដែរ។

«ណេង នេះគេផ្ញើមក!»

សុជាតា​​ធ្វើការនៅផ្នែកទទួលភ្ញៀវ ។ ខ្ញុំតាមញញឹម​ដាក់នាង​យូរហើយ តែនាង​មិនដែលឃើញញញឹម​តបមកសោះ ទើបតែថ្ងៃនេះ​និយាយរកខ្ញុំជាលើកដំបូង ស្គាល់ទាំងឈ្មោះខ្ញុំច្បាស់ទៀត។

ខ្ញុំទទួលដែលគេផ្ញើមកនោះទាំងមិនរវល់បញ្ញើ ចិត្ត​ចង់តែចែចង់នាង។

«ជាការអរគុណ ​សុំប៉ាវកាហ្វេបានអត់?!»

នាងនៅទីរទើរហើយងាកមកវិញ ធ្វើជាសួរ៖

«និយាយ…ជាមួយខ្ញុំហ្មែន?!»

«មានអ្នកណានៅហ្នឹងទៀត?»ខ្ញុំតបដោយញញឹម។

«ប៉ាវកាហ្វេហ្អី? អឺ….អត់ញ៉ាំផង…..អត់ចេះញ៉ាំទេកាហ្វេ!»

នាង​ងាកទៅធ្វើការ​តែខ្ញុំដឹងច្បាស់ថានាងនឹងគិតពីខ្ញុមពេលនៅម្នាក់ឯង។

ជាធម្មតា លាក់ការសម្ងាត់នៃចិត្តប្រតិព័ទ្ធមិនដែល​ជួយជំរុញទំនាក់ទំនងស្នេហា​ឱ្យរីកចម្រើនទៅមុខនោះទេ ខ្ញុំមិនមែន​ជាប្រភេទមនុស្ស​លាក់បាំងអារម្មណ៍ស្នេហ៍ទុកជា អាថ៌កំបាំងឡើយព្រោះតែង​យល់ថា ទំនាក់ទំនងរវាងមនុស្ស​ពីនាក់នឹងកាន់តែល្អឡើងៗប្រសិនបើអារម្មណ៍ចំពោះភាគីទាំងសងខាងត្រូវបានបង្ហាញច្បាស់ៗ។

«ឮគេថាអ្ហែងញ៉ែអាតា?»

បញ្ញា​តាមប្រដញសួរខ្ញុំ ឯខ្ញុំវិញ​ដើរចេញ​ធ្វើមិនឮមិនឆ្លើយឆ្លងអ្វីទាំងអស់។

«ចុះម៉ានីអ្ហុះ?»

ភ្លាមនោះខ្ញុំនឹកឃើញ​ដល់វាក់អឺនាង​កាលពីព្រឹកពេលចុះជណ្តើរ។ ភ្នែកនាងម្តងទៀតហាក់ដូចមានការលាក់លៀមសម្លឹងមកខ្ញុំហើយគេចេញ​ដដែលៗ។

ប៉ុន្មាន​ថ្ងៃនេះ រវល់ជ្រួលជាមួយ​អ្នកឯទៀត​រឿង​បុគ្គលិកចូលថ្មី​ចង់ភ្លេចរឿងតាមចាប់ដានអ្នកលួចមើលខ្ញុំ។ កុំតែបានបញ្ញាជួយរំឮក។

ភ្លាមនោះខ្ញុំបង្វែរទិសដៅដើរទៅកាត់កន្លែងតុធ្វើការរបស់គេ​ដែលនៅជាន់ខុសពីខ្ញុំ។

តាមរយៈកញ្ចក់របាំងផ្សេងៗ ខ្ញុំឃើញម៉ានី​ចោលខ្សែភ្នែកមកមើលខ្ញុំពីក្រោយខ្នងទៀត។ ខ្ញុំ​មិនគិតថា​ខ្លួនឯងមាន​​សមត្ថភាព​ខ្លាំង​ក្នុង​ការទាក់ទាញមនុស្សស្រីទេ អាច​និយាយ​ថា ខ្ញុំ​ស្អប់មនុស្ស​មាន​​មោទនភាពជ្រុល តែខ្ញុំក៏មានទំនុកចិត្ត​ថា ខ្ញុំមិនពិបាកដូចគេ​ ក្នុង​ការរកបានសង្សារស្អាតៗជាបន្តបន្ទាប់ដែរ។

​ម្តងណេះ​ខ្ញុំងាកខ្វាច់ទៅឱ្យ​ចាប់នាង​បាន​តែម្តង។

នាង​គេចភ្នែក​មិនទាន់ទេ ក៏សម្លឹងខ្ញុំភាំង។

ខ្ញុំញញឹម​ដាក់ស្រីស្អាតមាត់រឹងម្នាក់នេះ ព្រោះមិនចង់ធ្វើជាមនុស្ស​ឆ្មើងឆ្មៃ។ អំនួត​មិន​មែន​ជាស្ទីល​ឬផ្នែកអាក្រក់ក្នុងចរិតលក្ខណៈខ្ញុំទេ តែ«មានៈ»វិញ​អាច​ថា មាន​ច្រើមនគួរសមដែរ។

ជាពិសេសម្នាក់ស្រីដែលពូកែ​លបមើលខ្ញុំបែប«Sad Sad» ។

«ទៅទិញកាហ្វេឥឡូវហើយ! ​យកដែរ? ​ចាំទិញផ្ញើ!»

ខ្ញុំនិយាយនេះ ព្រោះមកឈរ​ជ្រែងលេងរាងសង្ហា​នៅមុខ​គេ និង​ពិនិត្យ​ឃើញ​កែវកាហ្វេទទេ​របស់គេសល់ពីព្រឹកនៅលើតុនៅឡើយ។ ម៉ានីមិនអាចនិយាយបដិសេធ​ថា មិនចេះញ៉ាំកាហ្វេ​ដូច​សុជាតាទេ។

«ហេតុអ្វី?»នាងសួរ​មកវិញ​ទាំង​សម្លឹងមុខខ្ញុំដោយមិនញញឹម។

«អរគុណ!»

«រឿងអី?!»នាង​សួរទៀត​ដូចថង់លេងសម្តីនឹងខ្ញុំជានិច្ច​។

ខ្ញុំឱនទៅខ្សឹប៖

«អរគុណខ្សែភ្នែក!»

នាង​បង្ហាញ​ភាពឆ្ងល់ហើយ​មិនសម្លឹងខ្ញុំទៀតទេ។ នាង​ខ្លាចខ្ញុំឃើញ​ចិត្ត​ពិត​របស់នាង​ដឹង?​ខ្លាចអីទៅ? ខ្ញុំមិនមែន​យក្សា​ឯណា?

«ឱ្យខ្សែភ្នែកមកបញ្ជាក់ថាយកចិត្ត​ទុកដាក់!» ខ្ញុំនិយាយចែចង់ទាំងមាន​ទំនុកចិត្ត​។

​​«ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង» នាង​ថារអ៊ូតិចៗ​បន្ត​ការងារលើកំព្យូទ័រ​ដូចចង់ដេញខ្ញុំចេញ។ ខ្ញុំមិនព្រមចេញ នៅតែបន្តខ្សឹប៖

«ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯងគ្រាន់បើជាងកុហកខ្លួនឯង!»

នាង​តវ៉ាមកវិញ៖

«មានអីខុសគ្នា?»

«ហោចណាស់ខ្ញុំហ៊ានញ៉ែមនុស្ស​ដែលខ្ញុំចាប់ចិត្ត!»

«នៅឯណា? ហើយនេះម៉ោងធ្វើការ!» គេនៅតែថាមក រូៗមិនចាញ់ខ្ញុំហើយនឹងមាន​មាត់រឹងមិនសារភាពទេ។ ខ្ញុំចង្អុលទៅគេ​តិចៗមុនពេលចាកចេញ​ហើយខ្ញុំផ្ញើទុកសា្នមញញឹមគុំគួន​ថានឹងតាមគេឱ្យបាន ផ្ញើនៅទីនេះជាមួយ​គេ។

«អ្ហេ៎! ខ្ញុំអត់ញាំកាហ្វេតែខ្ញុំចេះញ៉ាំGreen Tea»

ជា​ឆាតសម្រាប់យប់នេះ។ តែកុំច្រលំណ៎ា មិនមែន​ម៉ានី​ទេ គឺអាតា​បុគ្គលិកចូលថ្មី។ នាង​នៅកន្លែងធ្វើការនឹងនរមែន មិនឆ្លើយមិនឆ្លងទោះមាន​អ្នកអុកឡុកច្រើន​តែយប់នេះនាងស្គាល់ទាំងឆាតខ្ញុំហើយ​សរសេរមកថ្មើរណេះ?

ចាំអង្កាល់?

​ឱកាសយកជ័យលើកម្លោះ​ៗផ្សេងៗទៀត​ត្រូវ​បាន​បង្ហាញ​មកដល់នឹង​មុខ​​ខ្ញុំ។ ប្រហែល​ជា​ខ្ញុំអាចចិត្តងាយ ពេល​ដែលមាន​មនុស្ស​ស្រីស្អាតៗសារភាព​ថា​គេ​ពិតជា​ទាក់​ទាញចិត្ត​នឹង​ខ្ញុំ ហើយ​នេះ​ជារឿងដែលខ្ញុំ​ចូលចិត្ត​ ព្រោះមនុស្ស​«កុហកខ្លួនឯង»ដូច​ម៉ានី វិញបុរាណ​ពេកណាស់សម្រាប់ខ្ញុំ។

មិនយូរទេ សម្រាប់​កសាង​ចំណង​ទាក់ទង​គ្នារវាង​តានិងខ្ញុំ។​ យើងទៅញាំ​កាហ្វេជាមួយគ្នាញឹកញាប់​រហូតដល់គ្រប់គ្នាដឹង នឹង​ខ្សឹបខ្សៀវរឿងយើង។ ប្រុស​ៗផ្សេងៗ​ក៏ឈប់មករញ៉ែរញ៉ៃនៅមុខតុនាង​ទៀតដែរ។

ដូចសង្សារគេដទៃ​ដែរ ខ្ញុំតែង​ព្យាយាមធ្វើឱ្យតា​មានអារម្មណ៍ពិសេស ខ្ញុំផ្ញើសារទៅគេ​ញឹកញាប់ ហើយថែមទាំងនិយាយអំពីពាក្យល្អៗកំដរ​​អារម្មណ៍គេ​យ៉ាងផ្អែមល្ហែម​។ គេវិញ ពិតជាមានមនោសញ្ចេតនា​ជ្រៅឡើងៗនឹង​ទំនាក់ទំនង​របស់យើង ថែមទាង​បដិសេធមិនព្រមដើរលេងជាមួយមិត្តភ័ក្តិណាទាំងអស់  ចំណាយពេលដែលសម្រាក តែជាមួយខ្ញុំ ។

យើងជា​គូស្នេហ៍ដែលញញឹមអង្គុយក្នុងហាងកាហ្វេ ហើយនិយាយគ្នាមិនចេះចប់ពីរឿងមួយ​ទៅរឿងមួយ។

«ម៉ាក់ខ្ញុំចង់ឃើញណេង!»

នាង​និយាយពាក្យនេះ ក្រោយយើងស្គាល់គ្នាទើបតែបានប្រហែលជា​៨អាទិត្យ បានន័យថា តា​ពិតជា​កំពុងជឿជាក់ថា ដើរលើផ្លូវត្រូវជាមួយ​ខ្ញុំក្នុងការកសាងស្នេហាពិត។

 ចំណែក​ខ្ញុំឯណេះវិញលេចចេញសញ្ញាសួរនៅពីលើក្បាល​ឡើងធ្ងន់។ តាមពិត ខ្ញុំបាន​ធ្វើរឿងទាំងអស់សមជាមិត្តប្រុសRomantic ម្នាក់សម្រាប់តា តែខ្ញុំមិនដែលបាន​ត្រៀមខ្លួនរួចជាស្រេចឬមាន​ការ​ប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះស្នេហា​នេះ​ជាអនាគតវែងឆ្ងាយនៅឡើយ។

«ពេលណា? ឱកាសអីទៅ? នៅរវល់បន្តិច!»

ខ្ញុំឆ្លើយបែបនេះ​គេអន់ចិត្ត​ជាខ្លាំង។

ភា្លមនោះខ្ញុំក្រឡេកគេចចេញពីកែវភ្នែក​របស់ត​ វាក់អើនឹងភ្នែកស្រពោន​របស់ម៉ានី​ដែលមិនដឹងជាសម្លឹងមកខ្ញុំតាំងពីពេលណា។ គេកំពុង​ឈរទិញកាហ្វេ គេឃើញ​ខ្ញុំនឹងតា ហើយលបសម្លឹងមកខ្ញុំទៀត។

គេគេចចេញ​វិញ​ភ្លាម​ដោយធ្វើមិនដឹង​ពេលខ្ញុំឃើញគេ​។

ខ្ញុំនឹង​តាមិននិយាយ​អ្វីបានទៀតទេពេលនេះ តាអន់ចិត្ត ឯខ្ញុំវិញ​​ក្នុងអំឡុងយប់នោះឱប សំណួរតែមួយគត់គឺ ហេតុអ្វី?

ហេតុ​អ្វី​បាន​ជាខ្ញុំចង់តែ​ ​ដក​ខ្លួន​ចេញពីចំណងជាមួយ​តា ​និងដូចជា​ ផ្លាស់ប្តូរចិត្តភ្លាមៗ ហើយឈប់ខិតខំប្រឹងប្រែងយកចិត្ត​គេ  ក្រោយពេលឃើញ​ម៉ានី?

សំខាន់បំផុត ហេតុអីនាង​នៅតែមើលមកខ្ញុំរបៀបនោះ? សំណួរសាំញ៉ាំទាំងនេះបាន​រត់ច្របល់ពេញក្បាលប៉ុន្តែមិនមានចម្លើយទេ។

បន្ទាប់មកខ្ញុំ ដឹងថា ខ្ញុំមិនសូវគិតពីរឿង​ខ្លាចបែកបាក់ជាមួយតាទេ ប្រហែលខ្ញុំតែងតែមាន​លទ្ធផល​បែបនេះជាមួយ​នឹង​អ្នកមុនៗ?

តានៅតែ​ធ្វើដដែល​របៀបជាសង្សារ​តែ​គ្រប់យ៉ាង​ពេលនេះគឺខ្ញុំរសាយចិត្ត​លែងចង់ពាក់ព័ន្ធនឹង​នាងទៀតទាំងមិនដឹងមូលហេតុ។ ជាមួយនឹងកម្រិតនៃការគោរពខ្លួនឯងក៏ដូចជា​ភាពស្មោះត្រង់ដែលតែងតែប្រកាន់យកមករហូតនោះ ខ្ញុំមិនចង់ធ្វើពុតទេ។

ខ្ញុំពិតជាមិនបានជួបអ្នកណា​ផ្សេងថែមទាំង មិនមាន ហេតុផល​ត្រឹមត្រូវ​សម្រាប់​ការ​បែកបាក់ដែល​ទាមទារ​រុកកួន ​នៅ​ក្នុង​ក្បាល​រាល់យប់ តែខ្ញុំពិតជាចង់បែកគ្នាជាមួយនាង។

«វាជា​រោគសញ្ញាច្របូកច្របល់» បញ្ញា​ជួយគិតខ្ញុំពេលខ្ញុំនិយាយប្រាប់គេ​ហើយគេ​យល់ថា​ខ្ញុំនេហកំពុងទទួលរងនូវរោគសញ្ញាច្រលំចិត្ត​ខ្លួន ឯង ដោយសារតែភ័យខ្លាច​ខាងស្រីជំរុញឱ្យរៀបការ​។

«បើច្របូកច្របល់ដូចឯងថាមែន មិនមែន​រឿងរៀបការទេ ​អញប្រហែលស្រលាញ់អ្នកផ្សេង!»

«អ្នកណា? ក៏….ចិត្ត​រាយមាយម៉េះអាណេង? »

បញ្ញាបន្ទោសខ្ញុំ ។ ខ្ញុំក៏ដឹងដែរថាខ្លួនឯងបាន​ក្លាយជាកំពូលមនុស្ស​ច្របូកច្របល់ ដែលមិនមានពេលសម្រាប់មើលឃើញ​តម្លៃនៃចិត្តស្នេហារបស់តា​ទេ។

ទស្សនៈនិងអារម្មណ៍របស់ខ្ញុំលើ​គេ(សុជាតា)បានផ្លាស់ប្តូរយ៉ាងខ្លាំង ហើយមិនដឹងហេតុអ្វី​ខ្ញុំតែងគិតនិងចង់ដឹងថា ម៉ានីកំពុងធ្វើអ្វី នាង​មានសង្សារឬនៅ? តែខ្ញុំមិនដែលនិយាយរឿងនេះប្រាប់បញ្ញាទេព្រោះ​មិន​ដឹង​ថា ​ត្រូវ​ធ្វើ ឬ​និយាយ ឬ​ចាប់​ផ្តើម​ពី​ណា។

​ទេ មែនទេ?

តមកនេះ ខ្ញុំ​អង្គុយសំកុក​​ក្នុង​ការិយាល័យ​ដោយ​មាន​ការ​ព្រួយ​បារម្ភ ពីររឿងគឺមិនយល់គំនិតខ្លយនឯងដែល​រក្សា​ការនឹករលឹកម៉ានី និង​ចិត្ត​មួយទៀត​ចង់តែគេចៗពីអាតា​ទាំងមិនទាន់បាននិយាយគ្នា​ដាច់ស្រេចសោះ។

នាងគ្មា​នកំហុសទេ ខ្ញុំជាអ្នកខុស។

ដល់យប់មួយ​ដែលគ្រប់គ្នាសប្បាយរីករាយ​តុបតែង​ខ្លួនស្អាតបាត​ គឺមានកម្មវិធីជប់លៀងនៅកន្លែងធ្វើការ​។  រាល់ពេលខ្ញុំតុបតែងនឹងសម្លឹងខ្លួនខ្ញុំក្នុងកញ្ចក់ ម្តេចខ្ញុំតែងលបគិតថា តើម៉ានីចង់ឃើញ​ខ្ញុំក្នុងរូបរាង​របៀបនេះដែរទេ? ខ្ញុំមិនបានគិតពីអាតាទេ។

ពាក្យមួយ​គេនិយាយថា បុរសដូចយើង​ច្រើនលង់ស្នេហ៍នឹង​មនុស្ស​ស្រី ណាដែលនាង​ព្រម​ទទួលយកយើង​ជាយើង ទាំងផ្នែកល្អនិងមិនល្អ  ​ហើយ​យល់​ពី​យើងដែរ​។ តែម៉ានី​វិញ មួយម៉ាត់ក៏មិនដែល​បង្ហើបទាក់ទង​នឹងរឿង​ខាងលើឯណា​ ឬមួយខ្សែភ្នែកនាង ដែលលួច​សម្លឹងមកខ្ញុំម្តងៗ ​ពិតជាមានអត្ថន័យ​ដល់រាប់សែនពាក្យ?

«អញចង់រាំជាមួយម៉ានី!»

មិនមែន​ខ្ញុំនិយាយទេគឺបញ្ញានិយាយប្រាប់ខ្ញុំ។ ខ្ញុំបែរខ្នង​ដាក់វា​លួចលើកស្រាអក​ ឯចិត្តខ្ញុំរោលរាល​ប្រចណ្ឌនិងច្រណែនគ្មានដំណើរដើមទង។

វាតែងតែមានហេតុផលសម្រាប់រាល់សកម្មភាពដែលយើងចង់ធ្វើ តែ​ឥឡូវនេះខ្ញុំមិនមានហេតុផលច្បាស់ថា ហេតុអ្វីបានជាឃើញ​អាតា​ខ្ញុំចង់តែរត់ ឃើញ​ម៉ានីខ្ញុំចង់តែ​ចូលទៅរកនាង?

សភាព​ខ្លាចអារម្មណ៍ខ្លួនឯងបានធ្វើឱ្យខ្ញុំស្រងូត​ព្រួយ​បារម្ភម្នាក់ឯងកណ្តាលភាពអ៊ឹកអធឹក។​ នៅពេលដែលយើង​មិនអាចដកយករូបភាព​នារីម្នាក់ចេញពីចិត្តរបស់យើងបាន ទាល់តែសោះ​នោះជាសញ្ញាអាសន្នហើយ ។ ទោះបីជាខ្ញុំព្យាយាមយ៉ាងណាក៏ដោយ ម៉ានី​តែងតែនៅទីនេះ ក្នុងគំនិតរបស់ខ្ញុំ។ គ្រប់យ៉ាង​អំពី​បេះដូងខ្ញុំ​អារម្មណ៍ខ្ញុំ ក្លាយជា​គ្មាននរណាម្នាក់អាចបំពេញបាន ក្រៅតែ​ពីឈ្មោះនាង​រូបភាព​នាង​ តាមរបៀបមួយ​ដែលមិនអាចពន្យល់បានងាយទេ។

ខ្ញុមមិនចង់មើលទៅគេ​រាំជាមួយបញ្ញាទេ​ស្រាប់តែ ខ្ញុំក្រឡេកទៅ​ដោយឥតព្រាងទុកក៏ឃើញ​គេមើលមកខ្ញុំទៀត។

អស្ចារ្ស​ហើយ!

ខ្ញុំមិនបាននៅក្បែរអាតាទៀតទេ​តាំងពី​មកដល់ពីធី​ ចំណែក​អាតា​ក៏នាង​ទំនង​​ដឹងពីអារម្មណ៍​«បែកគ្នា​»រវាងពួកយើង​ដែរ។

ខ្ញុំសរសៀរទៅ​រកម៉ានី​ទៀតទោះហាមខ្លួនឯងយ៉ាងណាក៏ដោយ​។

«តោះ​! រាំហ្អី?»

ស្មានមិនដល់ថា អ្នកដែលឡើងរាំជាមួយគេមិនមែនបញ្ញាគឺខ្ញុំ។

​ឥឡូវនេះ ដៃខ្ញុំនៅលើចង្កេះគេហើយ ចំណែកគ្រប់គ្នាក៏កំពុងមើលពីរនាក់យើងដែរ​ដូច្នេះខ្ញុំគ្មានពេលគិតថា បញ្ញាខឹង​ឬ​អាតា​អាម៉ាស់មុខទេ។ ចិត្តខ្ញុំផ្តោតតែ​លើម៉ានីម្នាក់គត់ពេលនេះវិនាទីនេះ។

ពេលកំពុង​រាំខ្ញុំបានឱកាសនិយាយនឹងនាងភ្លាមថា៖

«អានីឯងតាមពិត​ចូលចិត្ត​ខ្ញុំ តែអានីមិនដឹងចិត្ត​ខ្លួនឯង!»

«ប្រសិនបើខ្ញុំមិនដឹង បានន័យថា​ខ្ញុំមិនបាន​ចូលចិត្តណេងឯងទេ!» នាង​តមកទាំងកំពុង​សិតក្នុងទ្រូង​ខ្ញុំ។

«ខ្ញុំលង់ស្រលាញ់ស្រីមាត់រឹងហើយ!»

នាងញញឹម​តិចៗចំអក​ឱ្យ​ខ្ញុំ តែខ្ញុំនៅលង់តែជាមួយខ្សែភ្នែករបស់នាង​។

«ចុះអាតា?»

គេសួរមកខ្លីមែន​ក៏ប៉ុន្តែត្រូវចិត្តខ្ញុំណាស់​។ បានន័យថា ​ម៉ានី​បាន​តាមដានខ្ញុំយូរ​ហើយ គេអាច​​ប្រចណ្ឌហួងហែងទៀត?

​«អាតាល្អណាស់​តែខ្ញុំចង់ នៅជាមួយមនុស្សស្រីដែលខ្ញុំចូលចិត្ត១០០% !»

«មិនចេះខ្មាស់! ​គ្មា​នការទទួលខុសត្រូវ!»

គេថាឱ្យខ្ញុំទាំងមុខក្រញូវ តែខ្ញុំនៅតែមិនញិន​តបតវិញទៅកាន់គេ​៖

«ខ្ញុំទទួលខុសត្រូវ​គ្រប់ពាក្យដែលខ្ញុំកំពុង​និយាយជាមួយអានីយប់នេះ! ចេញពីនេះ​ទៅ​វគ្គពីរជាមួយគ្នាបានអត់?»

ខ្ញុំស្នើឡើងដោយមិនទាក់ទើរនេះ ព្រោះប្រាកដថា គេក៏ចូលចិត្តខ្ញុំ គិតពីខ្ញុំដូចគ្នា​ ប៉ុន្តែម៉ានីបែរជា​ញញឹម​ទៀតមុនពេលឆ្លើយ៖

« ឆ្ងល់អត់ដែលណេងឯងចេះនិយាយពាក្យនេះចេញរួច»

«មានអីឆ្ងល់? ​មាន​អ្វី​ខុស? ខ្ញុំគ្រាន់តែស្រលាញ់ម៉ានី!​ហើយ….»

«គួរឱ្យអស់សំណើចអត់ដែលខ្ញុំប្រាប់វិញថាមិនបាន​ចាប់អារម្មណ៍ ? កុំថាស្រលាញ់​សូម្បីរាប់អានក៏គ្មាន…»

កំប្លែង​បំផុត និង​គួរ​ឱ្យចុក​ចាប់ក្នុង​អារម្មណ៍​បំផុតដែរ ដែលមក​​ត្រូវ​នាង​បដិសេធ​របៀបនេះ។

គ្មាននរណាម្នាក់ចូលចិត្តការបដិសេធទេ តែខ្ញុំមិនបានខឹងនាង….ថែមទាំងព្យាយាមសួរ៖

«ហេតុអ្វីបានជាចូលចិត្ត​បដិសេធអារម្មណ៍ខ្លួនឯង? បានការអីទៅធ្វើអ៊ីចឹងនោះ?»

«អារម្មណ៍ខ្ញុំមាន​ទាក់ទងអីនឹងណេងឯង? ហើយណេង​ឯងក្លាយជាអ្នកស្គាល់អារម្មណ៍ខ្ញុំតាំងពីពេលណាមក?»

ខ្ញុំនៅតែប្រាប់ខ្លួនឯងថា ការបដិសេធនេះមកពី​ពេលវេលា​មិន​ត្រឹមត្រូវ​ឬហេតុផល​ ផ្សេងៗទៀត ឬមកពីខ្ញុំនៅមានអាតា។

«ខ្ញុំមានគម្រោងសុំបែកអាតា!»

ខ្ញុំសារភាពប្រាប់គេទាំងស្រវឹងតិចៗ។ គេហាក់សប្បាយចិត្ត។

«ល្អណាស់!»

ម៉ានីនិយាយខ្លីត្រឹម​ពីរម៉ាត់នេះ ឯខ្ញុំម៉ិចភ្នែក​តាមសម្គាល់ឬកពារ​ត្រេកអររបស់នាង​។ មិនចង់ឆ្ងល់យូរទេ​ខ្ញុំពោលសួរនាង​ឡើងភ្លាមថា៖

«បើមិនស្រលាញ់ខ្ញុំ​អរម៉េះពេលខ្ញុំបែកសង្សារ!»

«ព្រោះខ្ញុំស្រលាញ់គេ!​អាតា!»

ខ្ញុំភាំង។

តែអ្វីមួយ​ក្នុងពេលនេះខ្សឹបប្រាប់ខ្ញុំថា សម្តីនាង​អាចជាអ្វីមួយ​មានន័យពិតបើតាមភ្នែកនាងដែលបញ្ជាក់មកខ្ញុំច្បាស់ៗ។

«កំប្លែង!​»ខ្ញុំធ្វើជាសើចបន្លប់ហើយ​និយាយ​បន្ថែម៖«ប្រហែលជាម៉ានីមិនទាន់បានត្រៀមខ្លួនស្រេចបាច់និងខ្លាចអ្នកផង​គិតថាជាអ្នកទីបី?»

«មនុស្ស​ខ្ញុំមិនដែលខ្លាចអ្នកណានិយាយទេ!»

នាង​តបមកដោយ​តឹងរឹង។ កាយវិការម៉ានីចាប់ផ្តើម​រឹងៗ ហើយ​មានទឹកមុខ​ព្រមជាមួយកែវភ្នែករឹងមាំដូចជាមនុស្សប្រុស។ ទោះបីនាង​តែងតែមានការរស់នៅរបៀបរបរតុបតែងក្នុងសភាព​​ជាមនុស្សស្រី​ហេតុអ្វីពេលនេះម៉ោងនេះ​ខ្ញុំបែរ​ជា​រកឃើញ​ភាពជាមនុស្ស​ប្រុសក្នុងខ្លួននាង​?

រឿងកាន់តែសាមញ្ញ ឡើងនៅពេលនាង​ប្រាប់ថា នាង​តាមមើលខ្ញុំព្រោះនាង​ចង់ធ្វើចរិត​ឬកពារ​ដូចខ្ញុំ តែមិនមែន​ស្រលាញ់ខ្ញុំទេ។

នាងជាស្រីស្រលាញ់ស្រីដូចគ្នា។

«មិនត្រឹមតែមានគំនិតបុរាណ​​ ណេងឯង​មាន​ជំនឿខ្លាំងលើខ្លួនឯងពេកដឹង? ហើយ​យកការ​គិត​ស្រមៃ​របស់ណេងឯង ទៅវិនិច្ឆ័យថា ជាការពិត?»

ពិតជាខូចចិត្ត​និងអៀនខ្មាស់​ ។ ក្រោយមកខ្ញុំអានប៉ះសៀវភៅមួយដែលអ្នកចិត្តសាស្រ្តបានរកឃើញមាត្រដ្ឋានពីរមានឥទ្ធិពលលើ ទំនាក់ទំនងស្នេហា​របស់មនុស្ស​យើង។

ទីមួយ យើង​ឱ្យ​សារៈសំខាន់ លើចំណាប់អារម្មណ៍ដំបូង និងសញ្ញាដំបូងនៃភាពឆក់គ្នា រវាងភ្នែកនិងអារម្មណ៍ផ្ទាល់ខ្លួនដែល​ គេហៅថាទ្រឹស្តីទំនាក់ទំនងមិនច្បាស់លាស់បង្កើតការឈឺចាប់និងភាន់ច្រលំជាច្រើន។

 ទីពីរ​មនុស្ស​យើង​ មានធម្មជាតិ​ចាប់អារម្មណ៍ខ្លាំង​ពេក​ពី​ភាពខុសគ្នានៃអាកប្បកិរិយាដែល​មិនច្បាស់លាស់ ។ ការចង់ដឹង​ ការ​ឆ្ងល់ហួសហេតុ​ ថាមនុស្សម្នាក់​នោះកំពុង​គិតអ្វីពីយើង ក៏​អាចធ្វើឱ្យយើងច្រលំ និងពង្វក់ខ្លួន​ឯងទៅរកការលង់ចិត្ត​លើ​គេបានដែរ។

សម្រាប់ខ្ញុំ​ ​ខ្ញុំយល់ថា នោះជាពេលវេលា​មួយ​ក្នុងជីវិត​ដែលខ្ញុំបានឆ្កួតចិត្តព្រោះ«ខ្សែភ្នែក»មួយ​ដែលមិនមាន​អត្ថន័យ​ដូចខ្ញុំគិត​សោះ បែរជាខ្ញុំយកមក​ពង្វក់អារម្មណ៍ខ្លួនឯងជ្រៅឡើងៗ។

—–​

សួស្តី! រឿងខ្លីមួយនេះ អ្នកនិពន្ធ​បានព្យាយាម​សរសេរ​ចេញពីបទពិសោធន៍ពិត​របស់​នៃ​ហ្វេនម្នាក់! អរគុណដែលផ្តល់នូវសាច់រឿងពិតមកជាទុនបង្កើតឡើងនូវ​សំណៅ​រឿងខ្លី​ប្លែកមួយ​សម្រាប់យុវវ័យពិចារណា។

សូមជូនពរគ្រប់គ្នា​ដែលបានអាន អាច​រកបានស្មេហា​ស្មោះស្ម័គ្រនឹងគ្នា​រហូតរៀងទៅ។