អ្នកនិពន្ធវ័យក្មេង កញ្ញា ទឹម ផល្លីនដា ដែលបានដាក់ស្នាដៃនិពន្ធមកកាន់កម្មវិធី MSTWritersរដូវកាលទីមួយ (ក្រុមអ្នកនិពន្ធម៉ីសន សុធារី) ដែលមានប្រធានបទថា អ្នកនិពន្ធក្រៅសាលាបានក្លាយជាអ្នកចែករំលែកបទពិសោធន៍ដ៏ គួរឱ្យចាប់អារម្មណ៍ក្នុងកម្មវិធីជំនួបអ្នកនិពន្ធពីដើមខែសីហានេះ។

នៅក្រោមប្រធានបទថា វិថីជីវិតជាអ្នកនិពន្ធអាជីព កញ្ញា ទឹម ផល្លីនដា ដែលមាននាមប៉ាកាថា វិនិន្ទ្រាបានពេញចិត្តក្នុងការលើកឡើងពីការពិតមួយនៃការប្រលូកអាជីពតែងនិពន្ធរបស់នាង។
ម្ចាស់រឿង បាត់ខ្លួន២១ឆ្នាំ ដែលមានអ្នកអានយ៉ាងច្រើននិងរឿង ស៊ុមនាបណ្តូលចិត្ត រូបនេះបានលើកឡើងថា ជីវិតអ្នកនិពន្ធនៅក្នុងប្រទេសមួយដែលការអាននៅខ្សោយ នាងពិតជាលំបាកសម្រាប់ការសរសេរនិងឆ្ពោះទៅមុខប៉ុន្តែនាងបានជ្រើសវិធីសម្រាប់លើកទឹកចិត្តខ្លួនឯងដោយជឿលើទស្សនវិទ្យាសំខាន់របស់ក្រុមMSTគឺ «អ្នកនិពន្ធមិនទាមទារប៉ុន្តែផ្តល់ឱ្យ»។
«នៅអំឡុងពេលឡើងនិយាយហ្នឹងខ្ញុំមានអារម្មណ៍ទទួលបានការលើកទឹកចិត្តខ្លាំង! អារម្មណ៍មិនធ្លាប់មានពីមុនមក! ចំពោះខ្ញុំផ្ទាល់យល់ខ្ញុំថាអ្នកនិពន្ធជាច្រើនទុកណាជាមានទស្សនៈនិយមខុសគ្នា តែពួកគាត់មានគំនិតដ៏មានតម្លៃជារួមគឺ លើកទឹកចិត្ត ហើយចែករំលែក នេះជាវប្បធម៌ដែលខ្ញុំពិតជារំភើបដែលចាប់ផ្តើមមាននៅក្នុងប្រទេសយើង! ទោះជាយើងអត់ធ្លាប់ស្គាល់គ្នាពីមុនមកក៏គ្រប់យ៉ាងឆាប់យល់ និងមានតម្លៃ!»
កញ្ញាសង្កត់ធ្ងន់ទៀតថា៖
«សម្រាប់អាជីពនេះដោយសារតែយើងបានគិតថានឹងមានឧបសគ្គ ការបាក់ទឹកចិត្តច្រើន ប៉ុន្តែ យើងសម្រេចថាតស៊ូនឹងអាជីពដែលយើងខ្លួនឯងកំណត់គុណតម្លៃ»


កញ្ញា អិន បូបូ អ្នកនិពន្ធនិងជាអ្នកគ្រប់គ្រងគម្រោង MSTWriters

កញ្ញា ទឹម ផល្លីនដា ជាយុវនារីដែលមានឧបនិស្ស័យសុភាពរមទម្យ និងមានការងារយ៉ាងឱហាតតស៊ូ ជាពិសេសលើផ្នែកតែងនិពន្ធ។ នាងតែងតែមានសន្តានចិត្តបើកទូលាយ និងផ្តល់ការគោរព ទៅកាន់អ្នករួមអាជីព និង ទទួលខុសត្រូវចំពោះអ្នកអានរបស់ខ្លួន។
នាងបានដាក់ស្នាដៃដំបូងមកចូលរួមជាមួយកម្មវិធី MSTWritersរដូវកាលទីមួយ (ក្រុមអ្នកនិពន្ធម៉ីសន សុធារី) ដែលមានប្រធានបទថា អ្នកនិពន្ធក្រៅសាលាក្រោមនាមប៉ាកាថា វិនិន្ទ្រា។
កញ្ញាុំមានយោបល់ផងដែរថា សម្រាប់អ្នកដែលចង់ក្លាយជាអ្នកនិពន្ធគប្បីហ៊ានបញ្ចេញស្នាដៃដើម្បីសិក្សានិងទៅទទួលការបណ្ដុះបណ្ដាល ជំហានដំបូងអំពីមូលដ្ឋានគ្រឹះនៃការសរសេរប្រលោមលោក មិនថាបង្ហាត់បង្រៀនដោយស្ថាប័នណាក្តី។
«សម្រួចអាជីពទាន់យើងនៅក្មេង»
ឥឡូវនេះលោកអ្នកអាចចូលរួមជាមួយនឹង MSTWriters រដូវកាលទីពីរដែលមានប្រធានបទថា អ្នកនិពន្ធបឹងជុំវិញបឹងទន្លេសាប ដែលសរសេរអំពីខេត្តទាំងប៉ុន្មាននៅជុំវិញបឹងទន្លេសាប ឬក៏ចូលរួមជាមួយនឹងអ្នកនិពន្ធ MSTរដូវកាលទីបី ដែលមានប្រធានបទថា ដែននិរតីខ្លួនអ្នកផ្ទាល់ជាអ្នកនិពន្ធ ឬអ្នកចាប់ផ្ដើមតែងនិពន្ធដំបូង មកពីខេត្តក្រុងជុំវិញដែននិរតីនៃព្រះរាជាណាចក្រកម្ពុជា ឬក៏មកពីខេត្តក្រុងដទៃទៀតក៏អាចសរសេរអំពីដែននិរតីនៃព្រះរាជាណាចក្រកម្ពុជាមកចូលរួមដូចគ្នា។

