ឆ្លើយសំណួរជូន ចំនួន៣ទៀត

សំណួរទី៥ មនុស្ស​ដែលបងអ្នកនិពន្ធគោរពមានបុគ្គលិកលក្ខណៈបែបណា?

ក្នុងចំណោមសកម្មភាព ឬបុគ្គលិកលក្ខណៈ ដែលធ្វើឲ្យខ្ញុំមានការគោរពកាន់តែខ្លាំងនោះគឺ ការគ្រប់គ្រងអារម្មណ៍បានល្អ​។​ យើងខ្សោយចំណុចណា យើងគោរពមនុស្ស​ដែលធ្វើបានលើសយើង។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមិននៅក្បែរជន Yes / ok ទេ​ មនុស្ស​ចេះចែកច្បាស់ ឆ្លើយច្បាស់​ បដិសេធអ្វីមួយច្បាស់ ដែលគាត់ចាំបាច់​ត្រូវតែបដិសេធ ដូចខ្ញុំសរសេរក្នុងសៀវភៅ«ពេលវេលា»យើងអត់មាន​ពេលពង្វាងចុះឡើងទេ ។

មួយសំខាន់ទៀត ខ្ញុំតែងចុះខ្សោយចំពោះមុខ​សេចក្តីសប្បុរស ។ មនុស្ស​ចិត្តល្អ​ មិនបាច់ប្រាប់ទេ ខ្ញុំមើលដឹងច្បាស់ មិនអាចបន្លំទេ ​ហើយខ្ញុំឱនក្បាលបាន ចំពោះជនបែបនោះ។ ត្រង់ណេះត្រូវច្បាស់ថា មិនថា​គេជួយអ្នកដទៃ គេស្រង់អ្នកដ៏ទៃ មិនចាំបាច់ត្រូវ​ប្រព្រឹត្តអំពើល្អនោះ ឱ្យមកលើខ្ញុំទេ ខ្ញុំគោរពតែម្តង ឱ្យតែជួបគាត់។

ជនមានឋានៈធំ មានចំណេះខ្ពស់ ដែលដាក់កាយ​រាបទាប ទាក់ទងជាមួយអ្នកដទៃដោយសុភាព ដេកលើឥទ្ធិពល​តែចេះឱបគុណធម៌ ចេះបែងចែករវាងអ្វីដែលល្អ អ្វីដែលត្រូវ ជាបុគ្គលខ្ញុំព្រមដើរតាម ។ មនុស្ស​ពោលអំពីខ្លួនឯង ខ្ញុំមិនដែលនៅស្តាប់បានលើសពីមួយនាទីទេ អត់ចេះស្តាប់មនុស្ស​អួតពីខ្លួនឯង តែខ្ញុំស្តាប់ដដែលៗ​សម្តីមនុស្ស​ដែលគោរពខ្ញុំ និងផ្តល់តម្លៃដល់ខ្ញុំ​ ឬចេះផ្តល់តម្លៃអ្នកដទៃ។

ខ្ញុំគោរពមនុស្ស​ដែលគួរឱ្យមាន​ទំនុកចិត្ត មិនថាកាលៈទេសៈណា ធ្វើអ្វីៗគោរពខ្លួនឯង។ ក្នុងការគោរពខ្លួនឯង សុជីវធម៌ និងសិលធម៌ ឈរលេខរៀងទីមួយជានិច្ច។ ការប្រព្រឹត្តដោយការ​គោរព មិនមែន​គ្រប់គ្នា​សុទ្ធតែមាន​ទេ ​បើមានមែន គេជាបុគ្គលដ៏មាន​តម្លៃ។

សំណួរទី៦ ក្លាយជាអ្នកសម្ភាសន៍ពូកែម្នាក់ដែលអត់បានត្រៀមសំណួរមុន ត្រូវការចំណេះអ្វីខ្លះ?

ស្រាវជ្រាវ និងចេះស្តាប់ ចាប់ពាក្យគន្លឹះ។ មិនថា​ភ្ញៀវមកពី​វិស័យណា យើងត្រូវដឹងសាវតាគាត់ខ្លះ ជាមុននិង​នាំមុខដោយសំណួរ​ទួទៅមួយ ដែលគាត់ចង់ឆ្លើយបំផុត​ដូចជា សមិទ្ធិផលក្នុងជីវិត បទពិសោធន៍ល្អដែលគាត់ចង់ចែករំលែក បន្ទាប់ពីនោះ យើងនឹងស្មានដឹងពី​បុគ្គលភាពនិងសមត្ថភាពគាត់ក្នុងជំនាញវិជ្ជាជីវៈបានខ្លះ រួចហើយយើងចោះយកមកសួរ។ ក្នុងភាពជាអ្នកដឹកនាំគ្មានអ្វីសំខាន់ជាង ជំនាញ​ទន់របស់គាត់ដូចជា ទំនាក់ទំនង ការ​ដោះបញ្ហា​ ការសម្រេចចិត្ត។ល។ ចំណែកជំនាញរឹង​ អំពីការតស៊ូ ការ​សកម្មយកពិសោធន៍ដើម្បីថ្នឹកជំនាញ និង​ការដោះស្រាយចំពោះឧបសគ្គប្រកួតប្រជែង។ ការរៀបសំណួរទុក ​ភាគច្រើន​ធ្វើឱ្យ​បទសម្ភាសន៍មិនប្រទាក់​ដែលនាំឱ្យមានភាពធុញទ្រាន់។

សំណួរទី៨ តើ​មាន​អ្វី​ដែល​អ្នកគ្រូ​ស្រមៃ​ចង់​ធ្វើ​ជា​យូរ​មក​ហើយ? ហេតុអ្វីបានជាមិនធ្វើវា?

ខ្ញុំចង់សរសេររឿងគុននិយមមួយ​។ បានជាមិនធ្វើព្រោះគ្មាន តម្រុយ​។ ខ្ញុំមិនចង់សរសេរពីមហារំអិល​ ឬល្បុកតោ​ដោយគ្រាន់តែអានរឿងគេ​ហើយសរសេរតាមទេ។ យើងគ្មាន​ឯកសារច្រើន ហើយខ្ញុំមិនទាន់ដឹងឬសគល់ពិត ខ្ញុំមិនអាចចេញរឿងមួយដែលជារឿង​យុទ្ធគុនតែ​ឈុតឆាក ​Actions បែរជាប្រាប់មិនបង្ហាញលំអិតទៅវិញ។ ប្រលោមលោកប្រឌិតក្តីត្រូវតែច្នៃចេញពីមូលដ្ឋានពិត យើងសរសេរវិមាន​មួយមាន​ខ្មោចវាស្រួលណាស់ តែខ្មោចនោះមកពីណា មាន​អ្វី​ដែលអានហើយយល់ថាសមហេតុនិងផល? ខ្ញុំមិនស្គាល់គុនខ្មែរបែរទៅណានៅឡើយ​ តើ​សរសេរពិស្តារបែបណា? តែថ្ងៃណាមួយទេ! ខ្ញុំនឹងធ្វើបាន។

ចុចអានអត្ថបទនេះ

​លោកអ្នកត្រូវតែជាសមាជិកព្រីមៀមដើម្បីអានអត្ថបទនេះ​ចុចអាន