រឿងស៊ើបអង្កេត ជាប្រភេទមួយដែលតែងតែបន្លំឱ្យអ្នកអានមានការភ័ន្តច្រឡំ និងលាក់អាថ៌កំបាំង ការភ័យខ្លាច សង្ស័យ អេចអូចដែលបង្ហើបខ្លះ បំបិទដានវិញភ្លាមៗឱ្យកាន់តែជក់ស្លុង។ អ្នកនិពន្ធរឿងប្រភេទនេះគួររៀបរយចំណុចទាំងបីខាងក្រោមសិនមុនតាក់តែងឆ្អឹងរឿង៖
១ ធ្វើឱ្យអ្នកអានទទួលអារម្មណ៍ថាឆ្លាតរកឃើញចំណុចសង្ស័យ
២ ធ្វើឱ្យអាថ៌កំបាំងវិញរហូតដល់អ្នកអានទាក់ទាញដោយភាពរំភើប
៣ ពេលតួឯកកំពុងស្វែងរកជនល្មើស អ្នកអានចូលធ្វើការងារនេះដែរ
សម្រាប់ហេតុផលនោះ យើងនឹងបង្កើតបញ្ហាធំមួយ ឱ្យពួកគេលេង(ដោះស្រាយ) អាចជា ឃាតកម្ម ឧក្រិដ្ឋកម្ម ប្រស្នាស្លាប់រស់ ។ល។
ជារួម ខ្ញុំនិយមបែងចែកប្រលោមលោកមនេះ មកជាបីផ្នែកដោយ នៅក្នុងផ្នែកដំបូងៗ ខ្ញុំចងជាបញ្ហាស្លុប គ្មានមុខ សូន្យតម្រុយ ធំ និងគយរឱ្យខ្លាច បន្ទាន់និងចង្អៀតពិបាករកដាន ព្រោះនឹងកំណត់ប្រភេទ ប្រលោមលោករបស់យើង នៅទំព័រទីមួយថា តើគេចង់អានទៀតឬឈប់។

បន្ទាប់មកទៀត ខ្ញុំមានតួអង្គម្នាក់ ត្រូវបញ្ចេញមកឱ្យជាប់សង្ស័យនៅទំព័រទីពីរ ហើយខ្ញុំបង្កើតចង្កោមនៃពាក្យចម្លើយមួយចំនួន នៃសាក្សីដែលធ្វើឱ្យអ្នកអានស្លុងចូលស្រមៃដោយខ្លួនឯង។ ជាទូទៅក្នុងវគ្គនេះ ខ្ញុំលាតត្រដាងពិស្តារអំពីទីកន្លែង សកម្មភាព ទឹកមុខជនសង្ស័យ ប្រវត្តិអ្នកពាក់ព័ន្ធ (អ្នកកាន់សំណុំរឿងនេះ អ្នកស្លាប់ សាក្សីឬ អ្នកជាប់សង្ស័យ)។
វគ្គ ទីពីរ នេះ ក៏ជាពេលយើងបង្កើតចលាចល ដូចដកចោលពង្រាយល្បែងផ្គុំរូប រឿងយើងពីA-Z។ ខ្ញុំបញ្ចេញ Z រួចបកមក H រួចហួសទៅD ។ តែមិនទៅ XនិងYទេ ពីរតួនេះ នៅកៀកនឹងZពេក បើប្រាប់ដូចបញ្ចប់រឿង។
សូមអានឧទាហរណ៍ពីរឿង «រូបខ្មៅស្រអាប់»
«ឈ្មោះធីតាមែនដែរទេ?»
ប៉ូលិសម្នាក់នៅនឹងមុខគេ ទំនងមានវ័យហាប្លាយ ពោលសួរមកកាន់នាងភ្លាមៗ ខណៈអ្នកឯទៀតបន្ថយល្បឿននិងឈប់ដើរ រង់ចាំដំណើរមកដល់របស់នាងដែលកំពុងតម្រង់មក។
«ចា៎ពូ!»
នាងឆ្លើយខ្លីតែបន្សល់ទឹកមុខងឿងឆ្ងល់សម្លឹងពួកគេម្តងម្នាក់ៗ។ សំឡេងប៉ូលិសដដែលបន្លឺ៖
«ប៉ូលិសអញ្ជើញនាងទៅសហការ!»
«ខ្ញុំអត់យល់ទេពូ!»
«ព្រោះនាងមានវត្តមានជួបជំទាវចរិយាក្រោយគេ ពេលនេះជំទាវចរិយានៅបាត់ខ្លួននៅឡើយ ប៉ូលិសទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារគាត់!» ចុចអាន រឿង រូបខ្មៅស្រអាប់
ផ្នែកទី 3 ផ្នែកនេះជាការបង្វិលអ្នកអាក្រក់មកល្អ ល្អទៅជាគួរឱ្យឆ្ងល់
ក្នុងពេលនេះ យើងនឹងបញ្ចេញឬប្រើប្រាស់អ្នកនិទានរឿង (សាក្សី)ដែលមិនគួរឱ្យទុកចិត្តតែ អ្នកអានចង់ដឹងរឿងដែលគេកំពុងនិយាយដើម្បីគិតថា គេកុហកឬសារភាពពិត។ ឧទាហរណ៍
«សពនៅឯណា?»
«បាទបង ខាងកោសល្យវិច័យកំពុងតែចាត់ចែង! យ៉ាងយូរបំផុតព្រឹកស្អែកបានរបាយការណ៍ហើយ!»
«ល្អណាស់» គេឆ្លើយខ្សោយៗខណៈដំបងជាច្រើនបានសំពងមកផ្ទួនៗលើប៉ូលិសមូលដ្ឋាន ក្នុងរវាងប៉ុន្មានថ្ងៃចុងក្រោយនេះ តាមរយៈការស្លាប់ និងរបួសជាបន្តបន្ទាប់ក្នុងចំណោមអ្នកពាក់ព័ន្ធនានានៃសំណុំរឿងផ្ទះក្រអូប។ គេលើកដៃឱ្យសញ្ញាក្រុមការងារម្នាក់ដែលអង្គុយរង់ចាំធ្វើសេចក្តីរាយការណ៍។ គេនោះបានការយល់ព្រមពីនាយចៅហ្វាយ ក៏ផ្តើមរាយការណ៍បន្ថែមជាថ្មី៖
«តាមសាក្សីគឺ តាចាស់នោះមុនធ្លាក់ទឹក បានសារភាពថា គាត់ជាអ្នកដាក់ថ្នាំបំពុលទៅលើធឿនអ្នកបើកឡានឱ្យជំទាវវត្តី! សម្ដីសាក្សីដដែលបានអះអាងថា ការពារខ្លួនជំទាវបាន រត់រកឡានខ្លួន ប៉ុន្តែតាពិការបានប្រដេញតាម!»
ភារម្យងើបមុខ សម្លឹងទៅកាន់អ្នកសរុបរបាយការណ៍ម្នាក់នេះ។ ទោះបីថា គេមិនបាននិយាយអ្វី មិនបានសួរអ្វី ប៉ុន្តែចំពោះមុខ អធិការម្នាក់នេះកំពុងបង្ហាញ ភាពហួសចិត្ត។ ខ្លួនឯងរស់នៅរតនគិរីយូរយ៉ាងនេះ ធ្វើការតាំងពីជាប៉ូលិសតូចតាច រហូតក្លាយមកជាមេកោយគេ ក៏នៅតែមើលមិនដឹងថា លោកសំភិនបុរសឯកោគួរឱ្យអាណិតនៅផ្ទះក្រអូប និងដែលជាមនុស្សសំខាន់ម្នាក់របស់ឧកញ៉ាវុទ្ធី តាមពិតអាចដើរបាន។
ម្សិលមិញកាលពីនៅក្នុងពេទ្យម៉ៅបានរំឭកឡើងវិញអំពីរឿងនេះដែរ ប៉ុន្តែមិនភ្ញាក់ផ្អើលស្មើទៅនឹងសភាពទាំងឡាយដែលស្រមៃពីរបាយការណ៍របស់សាក្សីពេលនេះឡើយ។
«និយាយទៀត!» គេបញ្ជាតិចៗ។
«បាទ! តាមសម្ដីរបស់អ្នកស៊ើប ឯកជនស្រីម្នាក់នោះ….ម្សិលមិញ គាត់ឃើញជំទាវបង្ហាញខ្លួនត្រឡប់មករតនគិរីវិញ! គាត់បានតាម ទៅដល់កន្លែងកើតហេតុ បានហើយឃើញហេតុការណ៍ រហូតដល់ឈ្មោះធឿនត្រូវថ្នាំពុល!»
«ចង់និយាយថា គាត់បានជួយទាំងធឿន បានជួយទាំងជំទាវវតី្តពីអ៊ំសំភិន? អ៊ីចឹងមានន័យថាស្ត្រីអ្នកស៊ើបនេះអាចជាច្រានសម្លាប់អ៊ំសំភិនទេ?!»
«ក្នុងរបាយការណ៍អត់កត់មកទេ តែយើងនាំគាត់មកដល់ហើយ នៅក្នុងបន្ទប់ស្ទូឌីយោ!»
ភារម្យងក់ក្បាល៖
«អូខេ! បាន! ខ្ញុំចង់ជួបសាក្សីម្នាក់នោះ!»
«ឥឡូវនេះមេ? យប់ហើយ!»
ចុចអានប្រលោមលោកស៊ើបអង្កេតរឿងរូបខ្មៅស្រអាប់
តើយើងគួរមានសេចក្តីសន្និដ្ឋានក្នុងរឿងស៊ើបអង្កេតទេ?
ជាទូទៅ ខ្ញុំមិនចង់សរសេរសេចក្តីសន្និដ្ឋានក្នុងប្រលោមលោកទេ ដូចជា (ប្រាប់មិនបង្ហាញ) តែនៅស្រុកយើងកម្រិតនៃអ្នកអាន ប្រសិនយើងបិទឆ្កុយដូចប្រលោមលោកអាមេរិក ពួកគេតិចណាស់ដែលអាចចាប់សាច់រឿងចុងក្រោយទាន់ ដូច្នេះខ្ញុំតែង ឱ្យតួម្នាក់និយាយ ធ្វើការសន្និដ្ឋានឡើងវិញ។
ឧទាហរណ៍ក្នុងរឿង ស្ទូឌីយោលេខ៧
នៅក្នុងការសួរចម្លើយម៉ានិតដេត និងការឆែកឆេរបណ្ដាញទំនាក់ទំនងជាច្រើនរបស់ថូនី ប៉ូលិសបានរកឃើញមនោសញ្ចេតនាសម្ងាត់នេះនិងភស្តុតាងដាក់បន្ទុក ជាច្រើន ទៀត។ បុរសលុះក្រោមអំណាចស្នេហា ភេទដូចគ្នាប្រាថ្នាប្រើយុទ្ធសាស្ត្រដ៏ល្បីរបស់ទស្សនវិទូចិន”ព្រួញ មួយបាញ់បានសត្វ ពីរ” ដោយគេសង្ឃឹមថា ពេលដែលលោកនេះលែងមានវត្តមានឆវីវីន និងម៉ាណាទៀត គេក៏លែងមានគូប្រជែងស្នេហ៍ទៀតហើយដែរ។ ខ្ញុំឈប់អានកំណត់ហេតុរបស់ប៉ូលិសត្រឹមនេះ នៅពេលបាតដៃធ្ងន់កណ្ដុករបស់វិចិត្របានទម្លាក់មក លើស្មាខាងស្ដាំរបស់ខ្ញុំ។ ខ្ញុំងាកសម្លឹងទៅគេឃើញគេនិយាយបែបព្រងើយ៖ នាយ ថូនី ប្រហែលយល់ថា ប្រទេសកម្ពុជាដែលការរីកចម្រើននៅមានកម្រិត! មធ្យោបាយរាវរកឧក្រិដ្ឋជនរបស់ប៉ូលិសគ្មានអីគួរ អោយគេព្រឺ! ខ្ញុំមិនឆ្លើយតែបែរជាដកដង្ហើមធំ។ ភ្លាមនោះវិចិត្រនិយាយបន្ត៖វិទូនៅក្មេងតែបំបែក សំណុំរឿងបានច្រើនហើយ! ក្នុងចំណោមនោះមានសំណុំរឿងខ្លះ ស្ដាប់ទៅបះសក់ដែរហ្នឹង!តែមានសំណុំរឿងពិបាកស្មុគស្មាញជាងគេមួយ បងឯងចង់ស្ដាប់អត់? ខ្ញុំសួរវិញភ្លាម៖
រឿងអីទៅ? ឃាតកម្មទៀត? វិចិត្រកៀកស្មា ខ្ញុំដើរសំដៅរថយន្ត៖ មានសំណុំរឿងមួយធំកក្រើកនៅភ្នំពេញមុនពេលគេផ្លាស់មកកំពង់សោមនេះ គឺ ”ម៉ោង១២អាធាត្រ នៅសង្កាត់លេខ១” ។
អ្នកនិពន្ធត្រូវស្រាវជ្រាវពីច្បាប់ព្រហ្មទណ្និងឬច្បាប់នានាដែលពាកព័ន្ធក្នុងប្រទេសដែលសាច់រឿងយើងដំណើរការ
ចូរចាំថា ឧក្រិដ្ឋកម្ម គឺជាធាតុសំខាន់បំផុតនៃប្រលោមលោកស៊ើបអង្កេត ។ បន្ថែមពីនោះ យើងត្រូវប្រើពាក្យទាក់ទាញ លក្ខណៈច្បាប់ និងភាសាប៉ូលីស ដែលចាំបាច់សម្រាប់ទាញ ការចាប់អារម្មណ៍ពី អ្នកអាន។ អ្នកនិពន្ធត្រូវមាន តួឯកដ៏គួរឱ្យទាក់ទាញ (ល្អ សុចរិត ឬកាចខ្លាំង សាហាវពេក )ដែលនឹងទាញចិត្តអ្នកអានឱ្យចងចាំ។ សម្រាប់ហេតុផលនោះ ចូរចាប់ផ្តើមសិក្សាចរិតលក្ខណៈតួនោះថា ខែងរ៉ែង ឬវិបយោគ វិបល្លាស ឬ លាក់ពុតបែបណាក្តីដែលញែកធាតុដាច់ដោយឡែកលេចធ្លោលើសគេឯងទាំងអស់ក្នុងប្រលោមលោកទាំងមូល។
តើក្រៅពីតួអង្គប្រឌិត យើងត្រូវការធាតរួមបញ្ចូលអ្វីខ្លះទៀតផ្សេងពីប្រលោមលោកស្នេហា?
ក្រៅពីតួឯក(ឃាតករឬប៉ូលីស មេក្លោង) ដ៏គួរឱ្យទាក់ទាញជាធម្មតា។ បន្ទាប់មកយើងបង្កើតតួនាទីនៃអ្នកស៊ើបអង្កេត អាចជាភ្នាក់ងារស៊ើបអង្កេត/ភ្នាក់ងារនៅក្នុងអង្គការសម្ងាត់/ មន្ត្រី ស្ថាប័នរដ្ឋាភិបាល នាយកដ្ឋានប៉ូលីស មេធាវី ឬអ្នកពាក់ព័ន្ធជនរងគ្រោះ ប្តីឬសង្សារ ឬក្មួយ (ដូចជា ធីតាក្នុងរូបខ្មៅស្រអាប់)។

នៅក្នុងការជ្រើសរើសបទល្មើស ឬសំណុំរឿង កុំធ្វើស្រមៃហួសហេតុ ដែលលក្ខណៈងាយសរសេរដូចជា យានអវកាស មនុស្សភពផ្សេង ( ប្រសិនមែនត្រូវមានភស្តុតាងដែលគេអាចជឿបាន ផ្អែកលើទិន្នន័យណាមួយ)។ អ្នកអានប្រលោមលោកបែបនេះ ជាទូទៅជាអ្នកអានដ៏ឆ្លៀវឆ្លាត។ កុំបន្លំឱ្យតែបានៗ ឬរាក់ៗ។ អ្វីដែលយើងចង់សំដៅទៅលើសំណុំរឿងឧក្រិដ្ឋកម្មទាំងមូល ត្រូវច្បាស់នូវចំណុចទាំងនេះ ថា តើអ្វីទៅជាបញ្ហា ដែលត្រូវរកការពិត (ឃាតកម្ម ចោរកម្ម ចាប់ជំរិត រោងចក្រគីមី? សាកសពត្រូវបាត់ ? ទាហានសំយោគហ្សែន។ល។» រួចសឹមសម្រេចថា តើប្រភេទឧក្រិដ្ឋកម្មមួយណា ជាមេគោល? មួយណាទៀតជារឿងបន្ទាប់បន្សំសម្រាប់បន្លំបង្វែងដាន ឬហៅថាឧក្រិដ្ឋកម្មប្រភេទរង) ។
ប្អូនៗណាដែលមានសំណួរអ្វីបន្ថែម អាចទាក់ទងមកខ្ញុំបានដោយចុចទីនេះ