រឿង៖ តាមរកក្តីស្រមៃ

_ហេតុអីម៉ាក់ហែកសៀវភៅខ្ញុំចោល? ម៉ាកដឹងទេកូនខំសរសេរយូរថ្ងៃណាស់ទម្រាំតែបានប៉ុណ្ណឹង?

ខ្ញុំឈរសម្លឹងពីមាត់ទ្វារបន្ទប់មើលទៅសៀវភៅប្រលោមលោកដែលម៉ាក់របស់ខ្ញុំបានហែកវាជាផ្នែកៗដាច់រហែកពីគ្នា នេះមិនមែនជាលើកទីមួយទេដែលម៉ាក់ហែកសៀវភៅប្រលោមលោករបស់ខ្ញុំចោល ទាំងដែលគាត់ដឹងហើយថាខ្ញុំចំណាយពេលសរសេររាប់ថ្ងៃទើបបានចេញជាសៀវភៅមួយក្បាលនេះ ខ្ញុំដើរយឺតៗឱនរើសក្រដាសសៀវភៅ ដែលរហែកដាច់ចេញពីគ្នាជាផ្នែកៗរាយរប៉ាត់រប៉ាយនៅលើកម្រាលឥដ្ឋមកផ្គុំចូលគ្នាវិញទាំងទឹកភ្នែកហូរ៖

_កញ្ជានាម៉ាក់ប្រាប់កូនប៉ុន្មានដងហើយហ្អាស! ថាឱ្យឈប់ចំណាយពេលទៅលើក្ដីស្រមៃឆ្កួតៗនេះទៅ ទោះបីជាឯងខំប្រឹងយ៉ាងណាក៏វាមិនអាចក្លាយជាការពិតបានដែរ ម៉ាក់នឹងតាមរារាំងឯងឱ្យដល់ទីបំផុត មិនឱ្យឯងចំណាយពេលឥតប្រយោជន៍ទៅលើការសរសេរសៀវភៅប្រលោមលោកឆ្កួតៗបែបហ្នឹងទៀតទេ។

_ចុះម៉ាក់មានសួរកូនទេថា! កូនពេញចិត្តទៅរៀនផ្នែកគ្រប់គ្រងនេះឫអត់?  ការដែលខ្ញុំទៅរៀននេះ ក៏ព្រោះតែចង់បំពេញបំណងប៉ានិងម៉ាក់តែប៉ុណ្ណោះ វាមិនមែនជាអ្វីដែលកូនចង់រៀនទេ។ ក្ដីស្រមៃរបស់ខ្ញុំគឺគ្រាន់តែចង់ក្លាយជាអ្នកនិពន្ធម្នាក់ដែលមនុស្សនៅក្នុងសង្គមគេទទួលស្គាល់ កូនស្រឡាញ់ការសរសេរនេះតាំងពីនៅតូច កូនចង់ក្លាយជាអ្នកនិពន្ធសៀវភៅប្រលោមលោក។

_កុំសង្ឃឹមឱ្យសោះម៉ាក់មិនព្រមដាច់ខាត ម៉ាក់មិនយល់ពីឯងសោះឱ្យលុយទៅរៀននៅក្រៅប្រទេសដើម្បីមកវិញឱ្យឯងគ្រប់គ្រងការងារក្រុមហ៊ុនជំនួសប៉ាម៉ាក់ តែមើលឯងធ្វើចុះឱ្យទៅរៀនការងារនៅក្រុមហ៊ុនជាមួយប៉ាក៏មិនទៅ បែរជានៅសំងំសរសេរសៀវភៅដែលគ្មានបានប្រយោជន៍នេះទៅវិញ។ (គាត់និយាយទាំងគំហកៗ)

ដ្បិតរាល់ថ្ងៃនេះបើទោះបីជាខ្ញុំបានកើតមកក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិហូរហៀរក៏ពិតមែន ប៉ុន្តែមានអារម្មណ៍ថាជីវិតហាក់ដូចជាកំពុងស្ថិតនៅក្នុងគុកឥតជញ្ជាំង៖

_តាំងពីតូចមកដល់អាយុប៉ុណ្ណឹង ម៉ាក់មិនដែលឱ្យកូនធ្វើអ្វីដែលកូនស្រឡាញ់ចូលចិត្តទេ ម៉ាក់មិនដែលផ្ដល់សេរីភាពឱ្យកូនបានសម្រេចចិត្តដោយខ្លួនឯងទេ គ្រប់រឿងម៉ាក់ជាអ្នកសម្រេចចិត្តជំនួសខ្ញុំរហូត ម៉ាក់ចេះតែបង្គាប់ឱ្យកូនធ្វើនេះធ្វើនោះតាមតែចិត្តរបស់ម៉ាក់ ។ ប៉ុន្តែម៉ាក់មិនដែលយល់ពីកូនទេ ធ្លាប់សួរទេថាកូនចូលចិត្តអី ? កូនចង់បានអី? គ្រប់យ៉ាងគឺម៉ាក់ជាអ្នកសម្រេចទាំងអស់។

_ម៉ាក់ធ្វើនេះគឺចង់ឱ្យកូនល្អតើ ចង់ឃើញកូនមានអនាគតល្អ ចង់ឱ្យកូនមានការងារល្អ!

_កូនដឹងថាម៉ាក់ចង់ឱ្យកូនល្អ ហើយការងារជាអ្នកនិពន្ធក៏ល្អដែរតាស៎ម៉ាក់!

ទោះបីជាខ្ញុំព្យាយាមប្រាប់ហេតុផលគាត់យ៉ាងណាក៏គាត់នៅតែបដិសេធដដែល៖

_ការងារជាអ្នកនិពន្ធវាល្អ ប៉ុន្តែការងារនេះវាមិនសក្តិសមជាមួយកូនទេ! សាកគិតទៅមើលរៀនចប់មកពីបរទេស ហើយមកធ្វើការងារខុសពីជំនាញដែលបានរៀនបែបហ្នឹង ឯងគិតថាសមដែរហ្អ៎!

ខ្ញុំអង្គុយចុះនៅលើសាឡុងមិននិយាយអ្វីទាំងអស់ ជម្លោះរវាងម៉ាក់និងខ្ញុំមិនទាន់បញ្ចប់ត្រឹមនេះទេ ខ្ញុំក្រលៀសភ្នែកមើលទៅឃើញសញ្ញាបត្រដែលដាក់ព្យួរនៅជញ្ជាំងយ៉ាងស្រងេះស្រងោច រួចព្យាយាមរកលេសនិយាយតបទៅគាត់វិញ៖

_ម៉ាក់នៅមានប្អូន នីឡាមួយទៀតដែរតើម៉ាក់!

_នីឡាប្អូនឯងគេនៅក្មេងណាស់ទៅធ្វើការស្អីកើតទៅ ម៉ាក់ចង់ឱ្យឯងទៅធ្វើការជាមួយប៉ាមុន ក្រោយមកពេលនីឡារៀនចប់ម៉ាក់ នឹងឱ្យគេទៅជួយការងារកូន ហើយឱ្យប៉ាឯងបានសម្រាកម្ដងគាត់ចាស់ហើយ។

_ប៉ុន្តែម៉ាក់កូនធ្វើវាមិនកើតទេព្រោះខុសពីចំណូលចិត្តកូន អូននីឡាទើបជាអ្នកដែលសក្តិសមគេចូលចិត្តខាងហ្នឹងណាស់ខុសពីកូន។

_ឈប់រកលេសគេចវេសទៀត ម៉ាក់ឱ្យកូនរៀនជំនាញគ្រប់គ្រងមិនមែនតែងនិពន្ធទេ កូនត្រូវតែទៅរៀនការងារនេះជាមួយលោកប៉ា ប្រសើរជាងបណ្ដោយឱ្យកូនយកពេលទៅសរសេររឿងប្រលោមលោកមិនបានការនោះ។ ប៉ាមានក្រុមហ៊ុនមួយទាំងមូល បើកូនមិនទៅជួយបានអ្នកណាជួយទៅ?

ក្ដីស្រមៃមួយដែលមិនទទួលបានការគាំទ្រពីគ្រួសារវាពិតជាពិបាកជម្នះណាស់ យើងចង់ដើរតាមរកក្ដីស្រមៃខ្លួនឯង ប៉ុន្តែបើគ្មានកម្លាំងចិត្តពីគ្រួសារវាក៏ពិបាកនឹងដើរទៅមុខបន្តដែរ។ ទោះបីជាខ្ញុំព្យាយាមយ៉ាងណាក៏គ្រួសារមិនគាំទ្រ ប្រហែលជាខ្ញុំមិនអាចប្រឆាំងនឹងបញ្ជាគាត់បានទេ ៖

_ម៉ាក់ខ្ញុំសួរមួយ! អ្វីដែលខ្ញុំកំពុងតែធ្វើនេះជារឿងដែលអត់ប្រយោជន៍មែន?

សំណួរដែលខ្ញុំសួរគាត់មិនឆ្លើយ ប៉ុន្តែបែរជាបង្វែរសាច់រឿងទៅនិយាយរឿងផ្សេង៖

_ឥឡូវម៉ាក់សួរឯងវិញ! ការងារដែលកូនចូលចិត្តនឹងវាផ្ដល់ចំណូលបានប៉ុន្មានក្នុងមួយខែៗ? បើតាមម៉ាក់ដឹងមិនបាន៣០០ដុល្លាផងក្នុងមួយខែ ប្រាក់ចំណូលប៉ុណ្ណឹងឯងគិតថាវាអាចចញ្ចឹមឯងរស់ដែរហ្អ៎!

_ទោះបីជាការងារសរសេរសៀវភៅវាផ្ដល់កម្រៃឱ្យកូនតិចពិតមែន ប៉ុន្តែកូនពេញចិត្តនឹងធ្វើវា​ ។

រវាងការងារមួយដែលបានប្រាក់ខែច្រើនប៉ុន្តែយើងធ្វើវាទាំងមិនសប្បាយចិត្តនិងការងារមួយដែលបានប្រាក់ចំណូលតិចប៉ុន្តែជាការងារដែលយើងធ្វើមានអារម្មណ៍ថាសប្បាយចិត្តមួយណាសំខាន់ជាង? នេះជាសំណួរដែលខ្ញុំតែងតែសួរខ្លួនឯងរាល់ថ្ងៃ។

_ម៉ាក់មិនចង់ប្រកែកជាមួយកូនទៀតទេ ថ្ងៃស្អែកឯងត្រូវតែទៅបន្តធ្វើការក្រុមហ៊ុនជួយការងារលោកប៉ាដាច់ខាត។

_ប៉ុន្តែ…

ម៉ាក់និយាយកាត់សម្ដីខ្ញុំ…

_គ្មានតែគ្មានស្ករអីទេ ពេលនេះម៉ាក់មិនយល់ពីអ្វីទាំងអស់ កូនត្រូវតែធ្វើតាមម៉ាក់។

និយាយចប់គាត់ក៏សម្លក់មកមើលសៀវភៅប្រលោមលោកដែលដាច់រហែកចេញពីគ្នានៅក្នុងដៃរបស់ខ្ញុំនិងទូសៀវភៅដែលនៅជ្រុងម្ខាងនៃបន្ទប់ទាំងកំហឹង គាត់ប្រហែលជាចង់យកវាទៅដុតចោលណាស់មើលទៅ។

_ចាំមើលថ្ងៃណាមួយ ម៉ាក់នឹងយកសៀវភៅប្រលោមលោករបស់កូនទាំងអស់ទៅដុតចោល កុំឱ្យកូនចេះតែស្រមៃឆ្កួតៗដូចរាល់ថ្ងៃនេះទៀត។ ការងារក្រុមហ៊ុនមិនយកទុកដាក់ទេ ប៉ុន្តែមកយកចិត្តទុកដាក់ជាមួយអារឿងសរសេរសៀវភៅគ្មានប្រយោជន៍នេះទៅវិញ ម៉ាក់ពិតជាអស់សង្ឃឹមជាមួយកូនណាស់ ដឹងទេកញ្ជនា។

និយាយបានប៉ុណ្ណេះ ទឹកភ្នែករបស់ខ្ញុំមួយដំណក់ស្រក់ចុះមក សម្ដីរបស់ម៉ាក់ខ្ញុំធ្វើឱ្យផ្លូវចិត្តរបស់ខ្ញុំរងសម្ពាធយ៉ាងខ្លាំង ប៉ុន្តែគាត់ដើរចេញទៅមិនខ្វល់ពីខ្ញុំអីបន្តិច។ សញ្ញាបត្រផ្នែកគ្រប់គ្រង ដែលខ្ញុំទទួលបានវាមិនមែនជាអ្វីដែលខ្ញុំត្រូវការនោះទេ វាជាតម្រូវការរបស់ប៉ាម៉ាកខ្ញុំប៉ុណ្ណោះ! សម្រាប់ខ្ញុំ មិនដែលមានមោទនភាពចំពោះសញ្ញាបត្រនេះទេ ។ ខ្ញុំគ្រាន់តែចង់ធ្វើអ្វីតាមបេះដូងខ្លួនឯងត្រូវការប៉ុណ្ណោះ។  ខ្ញុំផ្ដេកខ្លួនទៅលើឥដ្ឋ គេងយំឱបសៀវភៅដែលរហែកដាច់ពីគ្នា ពេលនេះបេះដូងរបស់ខ្ញុំវាកំពុងតែរហែកដាច់ចេញពីគ្នាដូចជាសៀវភៅប្រលោមលោករបស់ខ្ញុំដែរ។ ពេលនេះខ្ញុំអាចធ្វើអ្វីបានទៅ? ជម្រើសល្អមានតែយល់ស្របតាមគាត់ប៉ុណ្ណោះ…

ក្រឺងៗ ក្រឺងៗ….

សំឡេងម៉ោងរោទ៍បានដាស់ឱ្យខ្ញុំក្រោកឡើងពីដំណេក ប្រញាប់ប្រញាល់ងូតទឹក រៀបចំខ្លួ

ទៅធ្វើការក្រុមហ៊ុនជាមួយលោកប៉ា ។ នៅក្នុងសាលប្រជុំមួយដែលមានការៀបចំយ៉ាងល្អ គ្រប់គ្នាដែលអង្គុយនៅតុវែងមានរាងការេ​ សម្លឹងមកមើលខ្ញុំហើយបង្ហាញទឹកមុខបែបឆ្ងល់ បន្តិចក្រោយមកលោកប៉ាបានណែនាំបុគ្គលិកនៅក្រុមហ៊ុនឱ្យបានស្គាល់ខ្ញុំ៖

_ថ្ងៃនេះខ្ញុំចង់ណែនាំមនុស្សម្នាក់ឱ្យអ្នកទាំងអស់គ្នាបានស្គាល់ នេះគឺជាកូនស្រីច្បងរបស់ខ្ញុំឈ្មោះ​កញ្ជនា បន្តិចទៀតគាត់នឹងបន្តតំណែងជានាយកបន្ទាប់ពីខ្ញុំ សូមទាំងអស់គ្នាជួយណែនាំខ្លួនម្នាក់ម្ដងឱ្យគាត់បានស្គាល់ផង។

_ខ្ញុំឈ្មោះសោភា ជាប្រធានផ្នែកជ្រើសរើសបុគ្គលិក

_ខ្ញុំបាទឈ្មោះវណ្ណា ជាប្រធានផ្នែកហិរញ្ញវត្ថុ…

……………

មួយខែក្រោយមក…

សំឡេងទូរសព្ទនៅលើតុបានរោទ៍ឡើង ៖

_ជម្រាបសួរខ្ញុំកញ្ជនានិយាយ!

_កញ្ជនា លោកនាយកឱ្យខលហៅអ្នកនាងទៅការិយាល័យជាបន្ទាន់!

ខ្ញុំដឹងច្បាស់ណាស់ថាលោកប៉ាប្រាកដជាហៅខ្ញុំទៅស្ដីឱ្យហើយ ព្រោះតែខ្ញុំមិនសូវយកចិត្តទុកដាក់ជាមួយការងារក្រុមហ៊ុន។

_លោកប៉ាហៅកូនមកមានការអ្វីមែនទេ!

_ប្រាកដជាមានហើយ! នេះឯងមើលឯកសារនៅលើតុប៉ាទៅមើល! នេះប៉ាឱ្យឯងទៅរៀននៅបរទេសដើម្បីជួយការងារប៉ា ហេតុអីកូនមិនយកចិត្តទុកដាក់លើការងារដែលប៉ាឱ្យធ្វើ?

ខ្ញុំឆ្លើយតបទៅប៉ាទាំងអារម្មណ៍ធុញថប់៖

_ក្រែងខ្ញុំបានប្រាប់លោកប៉ាហើយតើ ថាខ្ញុំមិនអាចធ្វើការងារនេះជំនួសប៉ាបានទេ ប៉ុន្តែប៉ានៅតែចង់ឱ្យខ្ញុំមកធ្វើទៀត កូនចង់ក្លាយជាអ្នកនិពន្ធមិនមែនជាអ្នកគ្រប់គ្រងស្អីនឹងទេ! ប៉ាឃើញការសាកល្បងការងារខ្ញុំមួយខែនេះហើយ ថាកូនមិនពូកែខាងហ្នឹងទេ។

លោកប៉ាក្រោកឈរពីកៅអី រួចយកដៃវាយលាន់សូរផាំង៖

_មួយម៉ាត់ណាក៏ចង់ក្លាយជាអ្នកនិពន្ធ តើឯងនេះបានរកចំណូលពីវាបានប៉ុន្មានហើយ?​ អ៊ីចឹងតើបានជាមិនយកចិត្តទុកដាក់ជាមួយការងារក្រុមហ៊ុនសោះ  មកពីកូនរវល់តែស្រមើលស្រមៃជាមួយអារឿងប្រលោមលោកឆ្កួតៗនឹង! ប៉ាឱ្យឯងជ្រើសរើសបើឯងនៅធ្វើការក្រុមហ៊ុនជាមួយប៉ា លុយឯងចង់ដកចាយប៉ុន្មានក៏បានដែរ ប៉ុន្តែបើឯងនៅតែចចេសចង់ក្លាយជាអ្នកនិពន្ធទៀត កុំថាប៉ាចិត្តដាច់ កុំថាឡើយ១០០ដុល្លាសូម្បីតែ១០០លុយខ្មែរក៏ប៉ាមិនឱ្យឯងដែរ!

_ក៏បានដែរលោកប៉ាកូនរង់ចាំពាក្យនេះយូរហើយ ខ្ញុំក៏មិនចង់នៅទ្រាំរងសម្ពាធផ្លូវចិត្តជាមួយការងារដែលខ្ញុំមិនពេញតទៅទៀតដែរ ចាប់ពីថ្ងៃស្អែកនេះទៅ ខ្ញុំឈប់មកធ្វើការក្រុមហ៊ុនជាមួយលោកប៉ាទៀតហើយ! ខ្ញុំនឹងដើរតាមក្ដីស្រមៃរបស់ខ្ញុំឈប់ដើរតាមការរៀបចំរបស់ម៉ាក់នឹងប៉ាទៀតហើយ! កូននឹងធ្វើឱ្យលោកប៉ាមានមោទកភាពចំពោះកូន ដោយសារតែសរសេរប្រលោមលោកឆ្កួតៗនៀក! នៅថ្ងៃណាមួយជាក់មិនខានទេ! លោកប៉ាចាំតែមើលទៅ!

គាត់ដាក់គូទអង្គុយចុះលើកៅអី កែវភ្នែកទាំងគូរសម្លក់មកខ្ញុំដោយមិននិយាយអ្វីទាំងអស់ ប៉ុន្តែគាត់មើលមកខ្ញុំទាំងទឹកមុខពោរពេញទៅដោយកំហឹង ហាក់ដូចជាចង់ស៊ីសាច់ខ្ញុំអ៊ីចឹង។ ខ្ញុំដោះខ្សែកាតបុគ្គលិកក្រុមហ៊ុនចេញពីកដាក់នៅលើតុ ហើយក៏ដើរចេញពីការិយាល័យរបស់ប៉ាទៅផ្ទះទាំងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះពេលនេះខ្ញុំមានសេរីភាពហើយ ខ្ញុំឈប់មានសម្ពាធជាមួយការងារដែលខ្ញុំមិនពេញចិត្តទៀតហើយ​ ខ្ញុំអាចធ្វើតាមបេះដូងខ្ញុំហើយ។ ប៉ុន្តែពេលត្រឡប់មកដល់ផ្ទះបែរជាជួបរឿងកាន់តែពិបាកចិត្តទៅវិញ៖

_ពុទ្ធោ! អ្នកម៉ាក់ ហេតុអ្វីម៉ាក់យកសៀវភៅប្រលោមលោករបស់ខ្ញុំមកដុតចោលបែបនេះ ពេលណាទើបម៉ាក់ឈប់រារាំងខ្ញុំ!

_ម៉ាក់មិនឈប់ទេ!ម៉ាក់នឹងប្រើគ្រប់វិធីធ្វើយ៉ាងណារារាំងកូន មិនឱ្យកូនបានធ្វើជាអ្នកនិពន្ធជាដាច់ខាត! ស្ដាប់លឺទេម៉ាក់មិនចូលចិត្ត! ឯងមិនបាច់ព្យាយាមទេ!

សម្ដីម៉ាក់ប៉ុណ្ណេះវាប្រៀបដូចជាគេយកកាំបិតមកចាក់ចំកណ្ដាលបេះដូងខ្ញុំអ៊ីចឹង ពេលនេះខ្ញុំមានអារម្មណ៍ថាហត់ ហត់នឹងតស៊ូប្រឆាំងជាមួយឧបសគ្គ។ ខ្ញុំលុតជង្គង់ចុះនៅលើស្មៅនៅខាងមុខផ្ទះ នៅកន្លែងដែលម៉ាក់យកសៀវភៅប្រលោមលោករបស់ខ្ញុំយកមកដុតចោល ដំណក់ទឹកភ្នែកខ្ញុំស្រក់មកដូចដំណក់ទឹកភ្លៀង នឹកតូចចិត្តនឹងខ្លួនឯង ហេតុអ្វីអ្នកនៅក្នុងផ្ទះនេះគ្មានអ្នកណាគេគាំទ្រ គ្មានអ្នកលើកទឹកចិត្តចំពោះក្ដីស្រមៃរបស់ខ្ញុំ ប៉ុន្តែមានតែអ្នកបំបាក់ទឹកចិត្តទៅវិញ។

_អ្នកនាងតូច!

ខ្ញុំងាកក្រោយមើលម្ចាស់សំឡេង ខ្ញុំស្គាល់ច្បាស់ណាស់ថាគាត់ជាអ្នកណា។ គាត់គឺជាអ៊ំភួង ជាម៉ែដោះរបស់ខ្ញុំ គាត់នៅទីនេះតាំងពីខ្ញុំនៅតូចម៉្លេះ។ គាត់ចូលមកជិតខ្ញុំ រួចយកដៃខាងស្ដាំមកជូតទឹកភ្នែករបស់ខ្ញុំ ចំណែកដៃខាងឆ្វេងមកអង្អែលស្មារបស់ខ្ញុំថ្នមៗដោយកាយវិការលួងលោម៖

_អ្នកនាងតូចរបស់អ៊ំ!​ ពេលនេះក្លាយជាមនុស្សធំហើយ កាលពីមុនយំដោយសារតែចង់បានរបស់លេង ប៉ុន្តែពេលនេះយំដោយសារតែចង់ដើរតាមក្ដីស្រមៃ!

_កាលពីតូចខ្ញុំយំចង់បានរបស់លេងអ្វីក៏ម៉ាក់ និងប៉ាគាត់រកឱ្យបានដែរ ប៉ុន្តែពេលនេះទោះខ្ញុំយំខ្សោះអស់ពីខ្លួនក៏ម៉ាក់ និងប៉ាមិនព្រមឱ្យខ្ញុំធ្វើជាអ្នកនិពន្ធដែរ ! ដូចម៉ែដោះឃើញស្រាប់ហើយគាត់មិនគាំទ្រខ្ញុំទេ។

_បើក្មួយស្រឡាញ់បន្តធ្វើវាទៅ ហើយខិតខំប្រឹងប្រែង បង្ហាញពួកគាត់ថាក្មួយពិតជាស្រឡាញ់ពេញចិត្តជាមួយអាជីពមួយនេះ ដើរលើអាជីពមួយនេះក៏ជោគជ័យដែរ ហើយអ្វីដែលសំខាន់ត្រូវតែធ្វើវាឱ្យក្លាយជាការពិត កុំបានត្រឹមតែស្រមៃ ប៉ុន្តែត្រូវតែធ្វើវាឱ្យក្លាយជាការពិត ដល់ពេលនោះគាត់គង់តែយល់ដោយខ្លួនឯង ហើយឈប់ជំទាស់ជាមួយក្មួយទៀតហើយ គ្មានអ្វីដែលមិនអាចទៅរួចទេឱ្យតែយើងតាំងចិត្តធ្វើវា ទោះបីពេលនេះគាត់មិនគាំទ្រក៏ដោយ ប៉ុន្តែអ៊ំជឿថានៅថ្ងៃណាមួយគាត់ប្រាកដជាគាំទ្រវិញជាក់ជាមិនខាន។

និយាយចប់ម៉ែដោះក៏ចាប់ខ្ញុំអោប រួចអង្អែលក្បាលខ្ញុំថ្នមៗ ដោយកាយវិការលួងលោមរួចនិយាយខ្សឹបៗដាក់ត្រចៀកខ្ញុំ៖

_កុំបោះបង់ណា! អ៊ំជឿជាក់លើក្មួយ! ប្រាកដជាធ្វើបាន! បើគ្មានអ្នកឱ្យកម្លាំងចិត្តអ៊ំនៅទីនេះចាំផ្ដល់កម្លាំងចិត្តឱ្យជានិច្ច។

_ពិតមែនហើយហេតុអីខ្ញុំត្រូវបោះបង់ក្ដីស្រមៃខ្លួនឯងចោល ខ្ញុំត្រូវតែបន្តធ្វើវាទៀត ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយ ខ្ញុំប្រាកដជាដើរទៅដល់ចំណុចមួយដែលចង់បាននៅថ្ងៃណាមួយ។

ភាពជឿជាក់លើខ្លួនឯងគឺជារឿងទីមួយដែលខ្ញុំត្រូវតែផ្ដល់ឱ្យខ្លួនឯង ធ្វើអ្វីក៏ដោយបើយើងមានជំនឿចិត្តលើខ្លួនឯងថាអាចធ្វើវាបានមិនយូរទេវានឹងក្លាយទៅជាការពិត។ ទោះបីពេលនេះខ្ញុំមិនទទួលបានកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនក៏ដោយ ក៏មានខ្លួនឯងនៅចាំជួយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងដែរ។ ស៊ូៗកញ្ជនាឯងប្រាកដជាដើរទៅដល់គោលដៅដែលឯងចង់បានអោយតែឯងមិនបោះបង់ ហើយរក្សាការព្យាយាម !

……………………..

ក្រឺងៗ! ក្រឺងៗ!…

សំឡេងម៉ោងរោទ៍ បានដាស់ខ្ញុំអោយភ្ញាក់ពីដំណេកយ៉ាងប្រញាប់ប្រញាល់រៀបចំកន្លែងគ្រែគេង។ ខ្ញុំតែងតែងើបពីគេងម៉ោង៤:៤៥នាទីជារៀងរាល់ព្រឹកដើម្បីសរសេរប្រលោមលោក។ ទោះបីជាត្រូវក្រោកពីម៉ោងព្រលឹមរាល់ព្រឹកក៏ខ្ញុំគ្មានអារម្មណ៍ថាហត់នឿយ ឫក៏ធុញទ្រាន់ដូចកាលដែលទៅធ្វើការជាក្រុមហ៊ុនជាមួយប៉ាដែរ។ ថ្ងៃថ្មីអ្វីៗគ្រប់យ៉ាងហាក់ដូចជាស្រស់ស្រាយខុសពីធម្មតា ខ្ញុំឈរសម្លឹងមើលទៅមេឃតាមបង្អួច ព្រះអាទិត្យរះបញ្ចេញពន្លឺយ៉ាងត្រចេះត្រចង់ចាំងពន្លឺចូលក្នុងបន្ទប់គេងរបស់ខ្ញុំ។ ខ្ញុំរស់នៅរងសម្ពាធផ្លូវចិត្ត ជាមួយការងារដែលខ្ញុំមិនពេញចិត្តយូរណាស់មកហើយ វាដល់ពេលដែលខ្ញុំត្រូវធ្វើតាមបេះដូងខ្លួនឯងហើយ ទោះបីជាមិនទទួលបានការគាំទ្រពីម៉ាក់ និងប៉ាក៏ដោយ ខ្ញុំមិនអាចឈប់ត្រឹមនេះបានទេ ត្រូវតែបន្តសរសេរវាដើម្បីបំពេញក្ដីស្រមៃ។

_នេះសំណាងណាស់ដែលម៉ាក់មិនលុបសាច់រឿងដែលខ្ញុំខំសរសេរហើយរក្សាទុកនៅក្នុងកុំព្យួទ័រ គាត់គ្រាន់តែយកសៀវភៅប្រលោមលោកខ្ញុំទៅដុតចោល តែគាត់មិនបានលុបរឿងដែលខ្ញុំសរសេរនៅក្នុងកុំព្យួទ័រទេ ។

គ្មានអ្វីដែលមានក្ដីសុខជាងបានធ្វើអ្វីដែលខ្លួនស្រឡាញ់ទេ បើយើងនៅតែរស់នៅក្រោមសម្ពាធនៃការមិនហ៊ានសម្រេចចិត្ត ជីវិតរបស់យើងកាន់តែខើចទៅពីមួយថ្ងៃទៅមួយថ្ងៃ បើសិនជាយើងមិនទាន់បានធ្វើអ្វីដែលយើងចង់ធ្វើ វាជារឿងមួយគួរអោយស្ដាយណាស់ ដូច្នេះត្រូវក្លាហានឡើងហើយចាប់ផ្ដើមធ្វើវាអោយចេញជារូបរាងឡើងមក ដើម្បីកុំឱ្យមានការស្ដាយក្រោយនៅថ្ងៃក្រោយ។ គ្មាននរណាម្នាក់អាចរារាំងការសម្រេចចិត្តយើងបានទេ ឱ្យតែយើងមានម្ចាស់ការលើខ្លួនឯង ការងារអ្វីក៏មានតម្លៃដែលឱ្យតែជាការងារសុចរិតមិនប៉ះពាល់ដល់អ្នកដទៃ ចំពោះការងារដែលយើងស្រឡាញ់វាមិនសំខាន់ទេថាវាផ្ដល់ប្រាក់ចំណូលតិចឫច្រើន ឋានៈទាប​​ឫខ្ពស់ទេ អ្វីដែលសំខាន់យើងពេញចិត្តអត់ ហើយរីករាយអត់នៅពេលធ្វើវា។ មានតែការស្រឡាញ់ទេ ទើបអាចឱ្យយើងហ៊ានតស៊ូប្រឆាំងជាមួយឧបសគ្គទាំងឡាយមុនពេលឈានទៅដល់គោលដៅមួយដែលយើងចង់បាន។

ខ្ញុំអង្គុយនៅលើសាឡុងភ្នែកសម្លឹងមើលព្រះចន្ទតាមបង្អួចកញ្ចក់នៃបន្ទប់គេងរបស់ខ្ញុំ គិតក្នុងចិត្តតែម្នាក់ឯងពីរឿងសៀវភៅដែលមិនទាន់បានបោះពុម្ពចេញជាសៀវភៅ វានៅជាឯកសារនៅឡើយ៖

_កញ្ជនាអើយ! ពេលនេះចប់មួយដំណាក់កាលហើយ នៅមួយដំណាក់កាលមួយទៀត សៀវភៅប្រលោមលោកទាំងប្រាំចំណងជើងមិនទាន់បានបោះពុម្ភវាចេញជាសៀវភៅនៅឡើយ តើឯងទៅរកលុយឯណាបានយកទៅបោះពុម្ពបើពេលនេះប៉ា និងម៉ាក់បានដកលុយពីក្នុងកុងអស់ទៅហើយហ្នឹង លុយសន្សំក៏ចាយជិតអស់ទៀតឯងបានលុយមកពីណាយកទៅបោះពុម្ពកញ្ជនា! អូហ៍ពិតមែនហើយខ្ញុំគួរតែយកសៀវភៅនេះទៅសួរគេនៅតាមបណ្ណាគារ។

………………..

មកដល់បណ្ណាគារធំមួយដែលមើលពីទ្វារកញ្ចក់ខាងក្រៅទៅ មានដាក់តាំងលក់សៀវភៅគ្រប់ប្រភេទ ខ្ញុំចុះពីលើតុកៗ ហើយដើរចូលទៅក្នុង ឃើញបងស្រីម្នាក់នៅឈរក្បែរកន្លែងគេគិតលុយ៖

_សួស្ដីបង! ត្រូវការទិញសៀវភៅអ្វីដែរ?

_សួស្ដីបង!ខ្ញុំអត់ត្រូវការទិញសៀវភៅទេ ប៉ុន្តែចង់សួរបងរឿងមួយបានទេ?

_ចាស! បានអូន!

_បងជាអ្នកគ្រប់គ្រងនៅទីនេះមែនទេ?

_ចាស! មានការអីមែនទេ?

_ខ្ញុំមានសាច់រឿងមួយ! ខាងបងមានទទួលយកស្នាដៃរបស់អ្នកនិពន្ធ ទៅបោះពុម្ពផ្សាយទេ ?

_ចាស! ខាងបងទទួលតែស្នាដៃអ្នកនិពន្ធណាដែលមានឈ្មោះល្បីស្រាប់ទេ ចំពោះអ្នកនិពន្ធថ្មីៗមិនទាន់ល្បីមិនទទួលទេអូន!

_ទោះបីជាខ្ញុំមិនទាន់ល្បី តែបងអាចអានសាច់រឿងខ្ញុំសិនបានណាបង ខ្ញុំធានាថាពេលបោះពុម្ពចេញមកប្រាកដជាលក់ដាច់ ព្រោះសាច់រឿងដែលខ្ញុំសរសេរនេះផ្ចិតផ្ចង់ណាស់បង។

_បងធ្លាប់ទទួលស្នាដៃអ្នកនិពន្ធថ្មីដូចជាអូនច្រើនអ្នកហើយ ប៉ុន្តែពេលសៀវភៅចេញមកគ្មានអ្នកទិញអានទេអូន។

ខ្ញុំព្យាយាមនិយាយផង សំពះគាត់ផងឱ្យព្រមទទួលស្នាដៃខ្ញុំប៉ុន្តែ គាត់នៅតែបដិសេដមិនព្រមទទួលឡើយ ពេញមួយថ្ងៃខ្ញុំខំដើរសួរគេពីបណ្ណាគារមួយទៅបណ្ណាគារមួយគ្មានអ្នកណាគេព្រមទទួលស្នាដៃនេះឡើយ ខ្ញុំត្រលប់មកផ្ទះវិញទាំងអស់សង្ឃឹម ដើម្បីក្លាយជាអ្នកនិពន្ធម្នាក់ដែលមនុស្សនៅក្នុងសង្គមទទួលស្គាល់ វាពិតជាមិនងាយស្រួលដូចខ្ញុំគិតឡើយ ទម្រាំតែសរសេរបានមួយរឿងៗចំណាយពេលរាប់ថ្ងៃ នៅពេលដែលសរសេររឿងចប់ហើយនៅពិបាកចិត្តត្រូវយកស្នាដៃខ្លួនទៅបោះពុម្ពផ្សាយទៀត គិតទៅជីវិតជាអ្នកនិពន្ធស្មុគស្មាញណាស់។ ខ្ញុំប្រះខ្លួនដេកទៅលើគ្រែដ៏ទន់ល្មើយ ទាំងអារម្មណ៍នឿយហត់ បម្រុងនឹងទាញទូរសព្ទយកមកមើល រំពេចនោះខ្ញុំឮសំឡេងសម្រឹបជើងម៉ាក់ដើរមកក៏ធ្វើជាដេកលក់៖

_ចាំមើលឯង ស៊ូបានបានប៉ុណ្ណាកញ្ជនា ទ្រាំមិនចាយលុយម៉ាក់បានប៉ុន្មានថ្ងៃ?

ម៉ាកនិយាយខ្សិបៗតែនៅតែឮដល់ត្រចៀកខ្ញុំ និយាយហើយគាត់ក៏ដើរចេញទៅបាត់។ពេលនោះដោយអារម្មណ៍ធុញថប់ ស្មុគស្មាញពេក ខ្ញុំក៏ទាញទូរសព្ទមកបើកហ្វេសបុកមើល អូសចុះអូសឡើងក៏ឃើញផេកមួយឈ្មោះ ផ្ទះសៀវភៅ បានប្រកាសថាមានការប្រកួតជ្រើសរើសស្នាដៃប្រលោមលោកណាដែលល្អមកបោះពុម្ពផ្សាយ ហើយបើស្នាដៃអ្នកនិពន្ធណាមានទីផ្សារខ្លាំង នឹងទទួលយកគ្រប់ស្នាដៃអ្នកនិពន្ធនោះមកបោះពុម្ពជាបន្តបន្ទាប់។ គ្រាន់តែឃើញព័ត៌មាននេះភ្លាម ខ្ញុំរំភើបលោតកញ្ឆាត់កញ្ឆែងម្នាក់ឯងនៅក្នុងបន្ទប់៖

_កញ្ជនាអើយ! ឱកាសរបស់ឯងហើយ! នេះពិតជារកអូសប្រទះឈើងាប់មែន!

ពេលខ្លះបើយើងអាចមានឳកាសអាចជួយឱ្យគោលដៅរបស់យើងកាន់តែឆាប់ទៅដល់កន្លែងមួយដែលយើងចង់បានគួរតែចាប់យកវាឱ្យបានកុំឱ្យវារបូតពីដៃ ឫបណ្ដោយឱ្យវាទៅហួស ព្រោះឱកាសមិនមែនចេះតែមានរហូតនោះទេត្រូវចេះចាប់វាឱ្យជាប់​ នៅខណៈដែលយើងកំពុងតែត្រូវការឱកាស អ្នកផ្សេងទៀតក៏កំពុងតែត្រូវការឱកាសដូចគ្នា។ បើយើងមិនចេះចាប់ឱកាសទេ មិនប្រាកដទេថាលើកក្រោយយើងអាចទទួលបានវាម្ដងទៀត។

……………………

មួយសប្ដាហ៍ក្រោយមក…

ខ្ញុំអង្គុយលើតុនៅជ្រុងម្ខាងសរសេរប្រលោមលោកចំណងជើងថ្មី ប៉ុន្តែគ្មានអារម្មណ៍សរសេរសោះក្នុងចិត្តនៅមិនសុខចេះតែចង់ចូលមើលហ្វេសប៊ុក ខ្ញុំអូសហ្វេសប៊ុកចុះឡើងៗចូលមើលផេក ផ្ទះសៀវភៅ ក្រែងល៎គេផុសប្រកាសស្នាដៃប្រលោមលោកដែលឈ្នះការប្រកួត។ ខណៈនោះស្រាប់តែទូរសព្ទខ្ញុំរោទ៍ឡើង! ជាមួយលេខមួយខ្សែដែលមិនស្គាល់។ គ្រាន់តែឃើញលេខចម្លែក នេះបេះដូងខ្ញុំលោតញាប់ខុសពីធម្មតា៖

_ជម្រាបសួរ!

_សួស្ដីខ្ញុំខលពីផ្ទះសៀវភៅ។ អូនឈ្មោះភារ៉ា កញ្ជនាមែនទេ?

គ្រាន់តែឮឈ្មោះថា ផ្ទះសៀវភៅនេះបេះដូងខ្ញុំលោតស្ទើរតែចង់ចេញមកក្រៅ នេះប្រាកដជាអ្វីដែលខ្ញុំកំពុងតែទន្ទឹងរង់ចាំហើយ៖

_ចាស គឺខ្ញុំកញ្ជនា!

_ពេលនេះស្នាដៃប្រលោមលោកដែលអូនបានដាក់ប្រកួត ទទួលបានជ័យលាភីលេខ១ហើយ!

គ្រាន់តែឮពាក្យនេះទឹកភ្នែកខ្ញុំក៏ហូរចេញមកដោយសារតែរំភើបពេក ខ្ញុំអរពេកនិយាយទាំងរដាក់រដុបទៅកាន់គេ៖

_ចាសបង! អ៊ីចឹងមានន័យថាស្នាដៃប្រលោមលោករបស់ខ្ញុំអាចបោះពុម្ពផ្សាយបានហើយមែនទេបង!

_ចាសអូន! បើសិនជាស្នាដៃរបស់បោះពុម្ពចេញទៅមានទីផ្សារខ្លាំង ខាងបងនឹងទទួលយកប្រលោមលោករបស់អូនមកបោះពុម្ពផ្សាយជាបន្តបន្ទាប់ទៀតណាអូន។ អ៊ីចឹងថ្ងៃស្អែកនេះ អូនអាចមកជួបផ្ទាល់នៅoffice (ការិយាល័យ) ម៉ោង៩ព្រឹកណា!

_ចាស! បានបង!

ខ្ញុំអង្គុយញញឹមម្នាក់ឯង ហើយក្ដិចខ្លួនឯងមើល ក្រែងល៎ខ្ញុំយល់សប្តិ! ខ្ញុំនៅឈឺតើ នេះខ្ញុំមិនមែនយល់សប្តិទេ វាជាការពិត! នេះស្នាដៃរបស់ខ្ញុំអាចបោះពុម្ពផ្សាយបានហើយមែនទេ? ពេលនេះអ្វីៗចាប់ផ្ដើមប្រសើរឡើងទៅមុខបន្តិចម្ដងៗហើយ សប្បាយចិត្តណាស់ពេលនេះខ្ញុំឈ្នះការប្រកួតហើយ ខ្ញុំមិននឹកស្មានទេថាអាចមានថ្ងៃនេះ ពេលនេះក្ដីសុបិន្តរបស់ខ្ញុំក្លាយជាការពិតហើយ ខ្ញុំត្រូវតែខិតខំធ្វើវាអោយបានល្អបំផុត។

មួយខែក្រោយមក…

ការខិតខំប្រឹងប្រែងរបស់ខ្ញុំពិតជាមិនធ្វើអោយខ្ញុំខកបំណងឡើយ ក្រោយពេលដែលបោះពុម្ពផ្សាយមានការគាំទ្រច្រើនពីមិត្តៗអ្នកអាន សៀវភៅប្រលោមលោករបស់ខ្ញុំមានទីផ្សារខ្លាំង ។ ក្រោយពីទទួលបានការគាំទ្រពីមិត្តអ្នកអានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ គេចាប់ផ្ដើមស្គាល់ខ្ញុំកាន់តែច្រើន។ នេះជាលទ្ធផលនៃការខំប្រឹងប្រែងរបស់ខ្ញុំ បូករួមជាមួយទេព្យកោសល្យដែលខ្ញុំមានពីកំណើតមក ធ្វើអោយខ្ញុំអាចសម្រេចរឿងមួយដែលខ្ញុំតែងតែស្រមៃ ហើយអាចទៅដល់គោលដៅមួយដែលខ្ញុំចង់បាន ប៉ុន្តែខ្ញុំត្រូវតែព្យាយាមអភិវឌ្ឍន៍សមត្ថភាពខ្ញុំបន្ថែមទៀត ស្វែងរកគំនិតច្នៃប្រឌិតថ្មីៗសម្រាប់អ្នកអាន។

………………

នេះគ្រាន់តែជាចំណុចជោគជ័យដំបូងប៉ុណ្ណោះនៃការចាប់ផ្ដើមនៅលើវិថីជាអ្នកនិពន្ធរបស់ខ្ញុំ ដំណឹងនេះបានដឹងដល់ម៉ាក់ ប៉ុន្តែនៅតែមិនទទួលបានការគាំទ្រ លើកទឹកចិត្តពីគាត់ដដែល ៖

_កញ្ជនាម៉ាក់បានឮដំណឹងថា ស្នាដៃប្រលោមលោករបស់ឯងជាប់ជ័យលាភីលេខ១ នៅក្នុងការប្រកួត តើពិតឫទេ?

_ចាសម៉ាក់! ស្នាដៃរបស់ខ្ញុំពេលនេះអាចបោះពុម្ពផ្សាយបានហើយ!

_នេះឯងគិតច្បាស់ហើយមែនទេ! ដែលសម្រេចចិត្តថាឈប់ធ្វើការក្រុមហ៊ុនជាមួយប៉ា ?

_ខ្ញុំមិនទៅវិញទេម៉ាក់ កូនសុំអង្វរណាម៉ាក់ ឈប់បង្ខំខ្ញុំអោយធ្វើអ្វីតាមបង្គាប់ម៉ាក់ទៀតទៅខ្ញុំធំហើយណា៎! ល្មមឱ្យខ្ញុំមានសេរីភាពក្នុងសម្រេចចិត្តធ្វើអ្វីដែលកូនស្រឡាញ់ផងទៅណាម៉ាក់។

គាត់ជ្រួញចញ្ចើមហើយសម្លក់មុខខ្ញុំ ដោយបង្ហាញពីទឹកមុខមិនពេញចិត្ត៖

_តែការដែលម៉ាក់បង្គាប់ឯងនេះ ក៏ព្រោះតែម៉ាក់គិតដល់អនាគតរបស់ឯង!

_ខ្ញុំធំហើយរឿងអនាគត ទុកឱ្យខ្ញុំជាអ្នករៀបចំវាដោយខ្លួនឯង​ម៉ាក់កុំបារម្ភអី សុំម៉ាក់បណ្ដោយកូនឱ្យដើរតាមផ្លូវកូនទៅណា!

_មិនឱ្យបារម្ភយ៉ាងមិចឯងនៅក្មេង ឯងដឹងទេថាម៉ាក់និងប៉ាមិនសប្បាយចិត្តជាមួយនឹងអ្វីដែលឯងកំពុងតែធ្វើទេ! ប្រាក់ចំណូលឯងប៉ុណ្ណឹងមិនអាចចញ្ចឹមជីវិតឯងឱ្យរស់បានស្រួលទេណាកូន!

ឪពុកម្ដាយណាក៏បារម្ភពីកូន ស្រឡាញ់កូនចង់ឃើញកូនល្អ ប៉ុន្តែហេតុអ្វីពេលខ្លះគាត់មិនព្រមបណ្ដោយឱ្យកូនធ្វើអ្វីដែលកូនចង់ធ្វើដើរតាមផ្លូវដែលគេចង់ដើរ តែបែរជាព្យាយាមឱ្យកូនដើរទៅតាមផ្លូវដែលគាត់ជាអ្នករៀបចំឱ្យទៅវិញ ។

_នៅក្នុងភ្នែកម៉ាក់កូននៅតែជាកូនក្មេងរហូតមែន! កូនស្រីម៉ាក់ធំហើយ ពេលនេះម៉ាក់ក៏ដឹងថាប៉ាបានដកលុយពីកុងកូនអស់ហើយ ប៉ុន្តែកូនអាចរកលុយចាយបានដោយខ្លួនឯងហើយ។ ទោះបីការងារនេះវាមិនផ្ដល់ប្រាក់ចំណូលឱ្យកូនរស់ស្រួលក៏ដោយ ប៉ុន្តែកូនសប្បាយចិត្តនឹងធ្វើវា ព្រោះវាជាការងារដែលកូនស្រឡាញ់!

ដោយសារតែការចចេសប្រឆាំងជាមួយការបង្គាប់របស់ម៉ាក់បាន ធ្វើឱ្យខ្ញុំមានឱកាសរីកចម្រើនជាងមុន អាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងបានប្រសើរជាងមុន។ នៅពេលដែលយើងបានធ្វើការងារដែលយើងស្រឡាញ់ ការងាររបស់យើងក៏ទៅមុខយ៉ាងរលូន ហើយមិនងាយបោះបង់ចោលទៀត។

គាត់ក្រវីក្បាល មិននិយាយអីទេ ខ្ញុំចូលទៅអង្គុយក្បែរគាត់រួចចាប់ដៃគាត់ថ្នមៗ៖

_ម៉ាក់ហ្អា! កូនធំហើយ! ពេលនេះកូនចេះគិតហើយមិនមែនកូនក្មេងដូចម៉ាក់គិតនោះទេ។ កូននឹងពិសោធន៍ឱ្យម៉ាក់ឃើញថាកូនក្លាយជាមនុស្សធំហើយ ប៉ុន្តែកូនត្រូវការពេលវេលាដើម្បីពិសោធន៍ឱ្យម៉ាក់ និងប៉ាបានឃើញ។

គាត់យកដៃរបស់គាត់ មកលេងក្បាលខ្ញុំដូចរបៀបកូនក្មេង៖

_នាងច្រម៉កអើយ! ពេលនេះចេះតវ៉ាជាមួយម៉ាក់ផង យើងអស់វិធីនឹងរារាំងឯងទៀតហើយ ទោះបីជាម៉ាក់ព្យាយាមយ៉ាងណាក៏មិនឈ្នះចិត្តរបស់ឯងដែរ។ តទៅនេះម៉ាក់ និងប៉ាឈប់ជំទាស់ជាមួយក្ដីស្រមៃឯងទៀតហើយ ឱ្យឯងធ្វើអ្វីដែលឯងចូលចិត្តចុះ! ប៉ុន្តែឯងត្រូវតែពិសោធន៍ឱ្យម៉ាក់បានឃើញថាឯងពិតជារឹងម៉ាំ សាកសមជាមនុស្សធំពិតប្រាកដមែន ធ្វើឱ្យក្ដីស្រមៃឯងក្លាយជាការពិត។ ចំណែកឯការងារគ្រប់គ្រងក្រុមហ៊ុនជំនួសលោកប៉ា ម៉ាក់សម្រេចចិត្តថាឱ្យនីឡាប្អូនស្រីឯង ជាអ្នកគ្រប់គ្រងជំនួសលោកប៉ាចុះ! ព្រោះពេលនេះនីឡាក៏គេជិតត្រឡប់ស្រុកខ្មែរវិញដែរ។

ទីបំផុតខ្ញុំក៏អាចជម្នះចិត្តម៉ាក់បាន ពេលនេះគាត់ឈប់រារាំងខ្ញុំទៀតហើយ៖

_នេះម៉ាក់និយាយលេងឫមែន! កូនស្ដាប់មិនច្រឡំទេ!

_នាងច្រម៉ក់អើយ! ម៉ាក់និយាយមែន! នេះឯងមិនទុកចិត្តម៉ាក់មែនទេ! ពេលនេះម៉ាក់ និងប៉ាឯងដឹងហើយថាការដែលជាព្យាយាមជំទាស់មិនឱ្យឯងធ្វើជាអ្នកនិពន្ធគឺខុសហើយ ម៉ាក់មិនគួរណារារាំងឯងតាំងពីដំបូង។

ម៉ាក់និយាយទាំងអួលដើមក ហើយរលីងរលោងស្រក់ទឹកភ្នែកចុះមក។ គាត់លើដៃមកឱបខ្ញុំយ៉ាងណែន រួចអង្អែលក្បាលខ្ញុំថ្នមៗ៖

_ម៉ាក់សុំទោសណានាងច្រម៉ក់! ម៉ាក់ជាមនុស្សដែលអាក្រក់ណាស់ ដែលបំបាក់ទឹកចិត្តឯង រារាំងគ្រប់វិធីមិនឱ្យកូនធ្វើអ្វីដែលឯងចូលចិត្ត ឯងប្រហែលជាខឹងម៉ាក់និងប៉ាណាស់មែនទេ!

_អត់ទេកូនមិនដែលខឹងម៉ាក់និងប៉ាទេ ដែលម៉ាក់ប៉ាធ្វើបែបនេះដាក់កូន ក៏តែព្រោះម៉ាក់និងប៉ាចង់ឱ្យកូនល្អ ចង់ឱ្យកូនមានការងារល្អ!

ខ្ញុំយកដៃជូតទឹកភ្នែកឱ្យគាត់រួចហើយក៏ លើដៃទៅឱបម៉ាក់ម្ដងទៀត ពួកយើងខានមានពេលវេលាបែបនេះយូរណាស់ហើយ៖

_កូនសុំមទោសណាម៉ាក់ ដែលកូនមិនអាចបំពេញបំណងម៉ាក់បាន ប៉ុន្តែកូនសន្យាថានឹងធ្វើឱ្យប៉ានិងម៉ាក់មានមោទកភាពជាមួយអ្វីដែលកូនកំពុងតែធ្វើនៅថ្ងៃណាមួយជាក់ជាមិនខាន!

_សុំទោសម៉ាក់ធ្វើអី! កូនធ្វើត្រូវហើយ ម៉ាក់ប៉ាទៅវិញទេជាអ្នកដែលខុស។

តាមពិតទៅនៅក្នុងកែវភ្នែកប៉ាម៉ាកខ្ញុំ គាត់នៅតែគិតថាខ្ញុំជាកូនក្មេងរហូត។ពេលនេះដល់ពេលហើយដែលកូនត្រូវតែធ្វើការពិសោធន៍ឱ្យម៉ាក់បានប៉ាបានឃើញ ។

……………

មួយឆ្នាំក្រោយមក…

នៅពេលនេះខ្ញុំឈប់យកប្រលោមលោកដែលខ្ញុំបានសរសេរទៅឱ្យខាងផេក ផ្ទះសៀវភៅបោះពុម្ពទៀតហើយ ខ្ញុំជាអ្នកបោះពុម្ពផ្សាយសៀវភៅដោយខ្លួនឯង។ នៅពេលនេះស្នាដៃរបស់ខ្ញុំមានអ្នកអានច្រើន គ្រប់ប្រលោមលោកដែលបោះពុម្ភចេញមក មិនដែលសល់ទេ ដោយសារតែខ្ញុំមានហ្វេនៗអ្នកអានច្រើនចាំគាំទ្ររាល់ស្នាដៃដែលខ្ញុំសរសេរចេញ។ ក្នុងនាមជាអ្នកនិពន្ធមិនមែនគ្រាន់តែសរសេរស្នាដៃចេញអោយតែរួចៗពីដៃ ឫក៏គិតតែលុយជាធំនោះទេ ប៉ុន្តែនៅក្នុងស្នាដៃគឺត្រូវតែមាន អត្ថន័យ អត្ថរូប អត្ថរស ហើយធ្វើឱ្យអ្នកអានទទួលបានពុទ្ធិក្រោយពីអានស្នាដៃរបស់ខ្លួនរួច។ ពេលនេះទោះបីខ្ញុំមិនទាន់ជោគជ័យជាដុំកំភួនទេ ប៉ុន្តែខ្ញុំពិតជាមានសេចក្ដីសុខណាស់នៅលើវិថីដែលខ្ញុំកំពុងតែដើរនេះ ហើយមិនដែលគិតថាបោះបង់វាចោលម្ដងណាឡើយ។

ខ្ញុំអង្គុយតែសរសេរប្រលោមលោកចំណងជើងថ្មី នៅជ្រុងម្ខាងនៃបន្ទប់នៅជិតបង្អួច។ រំពេចនោះស្រាប់តែម៉ាក់ខ្ញុំចូលមក គាត់យកទឹកដោះគោស្រស់មួយកែវយកមកឱ្យខ្ញុំ៖

_កញ្ចនា! កុំខំប្រឹងពេកកូនសម្រាកខ្លះទៅ! នេះម៉ាក់ឃើញឯងមិនទំនេរសោះសម្រាកខ្លះទៅកូន!ឯងមិនហត់ទេហ្អី?

_កូនអត់ហត់ទេម៉ាក់ នៅពេលធ្វើការដែលកូនចូលចិត្តកូនគ្មានអារម្មណ៍ថាហត់នឿយទេ វាហាក់ដូចជាការកម្សាន្តអ៊ីចឹងម៉ាក!

_មកដល់ថ្ងៃនេះម៉ាក់នៅតែមានអារម្មណ៍ថាខុសធ្ងន់ណាស់ចំពោះកូន ដែលព្យាយាមបញ្ឈប់ក្ដីស្រមៃរបស់ឯង ។

_ម៉ាក់ហ្អា! រឿងទាំងអស់នោះវាកន្លងហួសហើយ បើកុំតែបានម៉ាក់កូនក៏មិនអាចមានថ្ងៃនេះដែរ ប៉ុន្តែដោយសារតែម៉ាក់ព្យាយាមរារាំងកូន ទើបកូនមានការតស៊ូប្រឹងប្រែង ហើយអាចដើរមកដល់ចំណុចនេះបាន។

ខ្ញុំក្រោកពីកៅអីសរសេរហើយដើរទៅអង្គុយលើសាឡុងជាមួយគាត់៖

_មោនេះឱ្យកូនសុំឱបម៉ាក់មួយ! ចង់ប្រាប់ថាស្រឡាញ់ម៉ាក់ខ្លាំងៗ! ពេលនេះម៉ាកឈប់ចាត់ទុកខ្ញុំជាកូនក្មេងហើយឫនៅ? ពេលនេះអាចចាត់ទុកកូនជាមនុស្សធំហើយឫនៅ?

_នាងច្រម៉ក់ឯងនេះ! ទោះបីយ៉ាងណាពេលនេះកូនស្រីម៉ាក់ធំហើយ! ល្មមរកកូនប្រសារឱ្យម៉ាក់ហើយ! ម៉ាក់ចាស់ហើយចង់បានចៅពរនឹងគេ!

និយាយដល់ត្រង់ចំណុចនេះខ្ញុំអេះអុញ ទាល់គំនិតមិនដឹងថាឆ្លើយយ៉ាងមិចជាមួយគាត់ ព្រោះកុំថាឡើយរកកូនប្រសារ សូម្បីតែសង្សាររកមិនបានផងម៉ាក់អើយ។

……………… 

នៅក្នុងពិធីទទួលពានរង្វាន់អ្នកនិពន្ធឆ្នើម ដែលសម្បូរទៅដោយមនុស្សច្រើនកុះករ។ ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ខ្ញុំដែលទទួលបានពានរង្វាន់ជាអ្នកនិពន្ធឆ្នើមមួយរូប! ទីបំផុតពេលវេលាដែលខ្ញុំរង់ចាំ ក្ដីស្រមៃដែលខ្ញុំតែងតែប៉ងប្រាថ្នាវាបានក្លាយជាការពិតហើយ។ លទ្ធផលដែលខ្ញុំទទួលបានថ្ងៃនេះ វាបានមកពីការខិតខំប្រឹងប្រែងរបស់ខ្ញុំ ដែលខំជម្នះរាល់ឧបសគ្គទាំងឡាយ ដើម្បីតាមរកក្ដីស្រមៃរបស់ខ្លួនឯង ពេលនេះខ្ញុំធ្វើវាបានហើយ ។ ពេលនេះម៉ាក់ប៉ាក៏មានមោទកភាពចំពោះរូបខ្ញុំ៖

_កញ្ជនា! ប៉ាពិតជាមានមោទកចំពោះកូនណាស់ ដែលអាចយកឈ្នះចិត្តប៉ាម៉ាក់បាន ហើយដើរមកដល់ចំណុចនេះបាន។ នាងច្រម៉ក់ក្បាលរឹងរបស់ប៉ាពេលនេះក្លាយជាមនុស្សធំហើយ! តែប៉ុណ្ណេះប៉ានិងម៉ាក់អស់បារម្ភហើយ!

_ចាសលោកប៉ា កូនក៏អរគុណដល់អ្នកទាំងពីរដែល! បើគ្មានអ្នកទាំងពីរកូនក៏គ្មានថ្ងៃនេះដែរ!

ទម្រាំតែមានថ្ងៃនេះវាពិតជាពិបាកណាស់ ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនទើបមានថ្ងៃនេះបាន។ ការដែលចង់ដើរអោយទៅគោលដៅមួយ វាមិនពិបាកទេ ឱ្យតែយើងមានផែនការច្បាស់លាស់ ហើយមានឆន្ទៈថាពិតជាចង់បានវាពិតប្រាកដមែនហើយចាប់ផ្ដើមអនុវត្ត នោះយើងនឹងអាចរកផ្លូវទៅឱ្យដល់គោលដៅយ៉ាងងាយមិនវង្វេងដោយគ្រាន់តែដើរទៅតាមផ្លូវដែលយើងបានដៅវាទុករួចហើយ ។ ហើយត្រូវតែមានការតាំងចិត្តឱ្យបានខ្ពស់ទោះនៅតាមផ្លូវជួបឧបសគ្គអ្វីក៏ដោយនឹងមិនបោះបង់ចោលវាជាដាច់ខាត ។ ជាទូទៅនៅពេលដែលយើងសម្រេចចិត្តថាចង់ធ្វើអ្វីមួយគឺតែងតែមានអ្នកជំទាស់ផង ទាំងអ្នកគាំទ្រផង ដូច្នេះត្រូវស្ដាប់បេះដូងខ្លួនឯង គិតវិជ្ជមានជាមួយអ្វីដែលខ្លួនឯងកំពុងតែធ្វើ។ ដើរតាមបេះដូងខ្លួនឯង ទើបអាចសម្រេចការងារអ្វីមួយបានឆាប់រហ័ស។

មួយវិញទៀតបើទៅថ្ងៃក្រោយទៅ ខ្ញុំក្លាយជាម្ដាយគេខ្ញុំនឹងផ្ដល់សេរីភាពឱ្យកូនសម្រេចចិត្ត ធ្វើការងារ មួយដែលគេចង់ធ្វើ ឫក៏រើសជំនាញមួយដែលគេចង់រៀន។ នៅពេលដែលគេបានធ្វើការងារដែលគេពេញចិត្តនោះ គេអាចអភិវឌ្ឍខ្លួនឯងបានឆាប់រហ័ស៕