តើអ្នកជឿឬមិនជឿ នៅលើលោកនេះគឺពិតជាមានវិញ្ញាណ ព្រលឹងខ្មោចឬពពួកអមនុស្សដែរឬទេ? តែសម្រាប់ខ្ញុំ ខ្ញុំជឿព្រោះរឿងទាំងនេះវាកើតឡើងនៅលើរូបខ្ញុំផ្ទាល់…ពេលខ្លះខ្ញុំខ្លួនឯងមិនដឹងថា ហេតុអ្វីខ្លួនឯងចម្លែកខុសគេ តើនេះមកពីជាតិកំណើតខ្ញុំ ដែលគេចារថាមានក្រយ៉ៅខ្មោចនោះ? ឬមកពីគ្រោះថ្នាក់ដែលកើតឡើងនាពេលមួយគ្រានោះ…ថ្ងៃគ្រោះចំថ្ងៃខួបកំណើត១៨ឆ្នាំ!
…
កាលពី៣ឆ្នាំមុន
“Happy Birthday! រីករាយថ្ងៃខួបកំណើត ម៉ានុ!”
“អរគុណហើយ វ៉ាទិយ៉ា!”
ខ្ញុំញញិម ទៅកាន់មិត្តប្រុសដ៏សង្ហា មុខមាត់កូនកាត់អាស៊ីយើង ដែលកំពុងកាន់កូននំប៉ាវដោតកូនទៀនតូចមួយដើរ ឈរកាន់មុខញញិមនៅនិងមុខខ្ញុំ…គេឈ្មោះ វ៉ាទិយ៉ា ជាកូនកាត់ខ្មែរថៃ ដែលទើបតែផ្លាស់ប្ដូរថ្នាក់រៀនមកសាលាខ្ញុំ ដែលអង្គុយតុជាមួយខ្ញុំ ប៉ុន្ដែរឿងដែលចម្លែក ត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ ខ្ញុំនិងគេក្លាយជាមិត្តភក្ដិល្អនិងគ្នា អាចរាប់បានថាពួកយើងជាមិត្តល្អ ហាក់បីយើងម្នាក់ៗធ្លាប់ស្គាល់គ្នាយូរយារណាស់មកហើយ…ម្នាក់ៗធ្វើដូចជាស្រមោលរបស់អ្នកម្ខាងទៀត ទៅណាមកណា ឬធ្វើរឿងអ្វីក៏ដោយ ក៏តែងតែនៅធ្វើជាមួយគ្នា រហូតពេលខ្លះ សិស្សក្នុងថ្នាក់ខ្ញុំ គិតថាពួកខ្ញុំទាំងពីរជាគូសង្សារនិងគ្នាទៀតផង…ប៉ុន្ដែសួរថាខ្ញុំស្អប់ពាក្យទាំងនោះទេ…ខ្ញុំមិនច្បាស់ក្នុងខ្លួនឯងទេ គ្រាន់តែខ្ញុំដឹងច្បាស់ថា ពេលនេះសម្ព័ន្ធភាពរបស់យើងទាំងពីរគ្រាន់តែជាមិត្តល្អ មិនទាន់ហួសព្រំដែនខ្លួននៅឡើយ ប៉ុន្ដែនាពេលអនាគត រវាងយើងទាំងពីរនាក់ វានឹងវិវឌ្ឍនៈក្លាយជាបែបនោះមែន…ខ្ញុំមិនស្អប់វាទេ។
“នេះឯងចាំថ្ងៃកំណើតរបស់ខ្ញុំដែរឬ? ខ្ញុំមិនគិតថា នៅមានអ្នកចាំថ្ងៃកំណើតខ្ញុំទៀតទេ ក្រៅពី…” ខ្ញុំនិយាយត្រឹមនេះក៏គាំងអណ្ដាត និយាយលែងឮបន្ដទៀត អារម្មណ៍ដែលធ្លាប់ក្ដោបលាក់ ហាក់ពុះកព្រ្ជោលចង់ទម្លាយវាចេញមកក្រៅ ប្រាប់អ្នកខាងមុខ ប៉ុន្ដែតើគួរទេ?
រឿងដែលខ្ញុំគិតថាខ្លួនឯងជាអ្នកខុស ជាអ្នកបំផ្លាញគ្រួសារខ្លួន…ខ្ញុំស្អប់ពីវាសនាខ្លួនឯង ផ្កាយដុះកន្ទុយ ដែលបំផ្លាញអ្នកនៅជុំវិញខ្លួន!
“ម៉ានុ…នេះជាថ្ងៃកំណើតរបស់ឯង វាត្រូវតែជាថ្ងៃរីករាយ កុំធ្វើមុខដូចគ្រប់គ្នាជំពាក់ប្រាក់ឯង” វ៉ាទិយ៉ា ធ្វើនិយាយឌឺដងខ្ញុំ តែខ្ញុំដឹងថាគេមានបំណងបន្លប់ខ្ញុំកុំឱ្យគិតរឿងខូចចិត្តទាំងនោះទៀត…រឿងដែលយើងមិនអាចកែប្រែបាន!
“អរគុណ ឯងហើយ យ៉ា!” ខ្ញុំប្រឹងញញឹមទៅកាន់គេ
“យ៉ា? នែ៎…ប្រាប់ហើយថាកុំឱ្យហៅឈ្មោះខ្ញុំខ្លីៗបែបនេះ…វាឮដូចជាឈ្មោះរបស់មនុស្សស្រី! អានុ!”
“អូខេៗ ខេ…ខ្ញុំដឹង” និយាយរួច ខ្ញុំក៏ទាញយកនំប៉ាវដែលគេកំពុងកាន់ រួចយកមកផ្លុំទាន។ ផ្លុំរួច ខ្ញុំក៏កាច់នំប៉ាវនោះជាពីរ ម្ខាងផ្នែកមានពងទានៅខាងក្នុងហុចទៅឱ្យទៅគេ…
“អរគុណហើយ ម៉ានុ…តែនេះម៉េចបានជាឯងឱ្យស្នូលពងទាមកឱ្យខ្ញុំនោះ? នេះជាថ្ងៃកំណើតរបស់ឯងណា អ៊ីចឹងពងទានេះ គួរតែជារបស់ឯងទើបតឹ្រមត្រូវ”
វ៉ាទិយ៉ា បេះយកផ្នែកពងទានៅក្នុងផ្នែកខាងក្នុងរបស់នំប៉ាវ រួចចាប់មាត់ខ្ញុំបញ្ច្រកទាំងបង្ខំ។ ពួកយើងទាំងពីរនាក់រីករាយក្នុងបរិយាកាសបែបនេះណាស់..ម្នាក់ៗញញិម សម្លឹងមើលទៅអ្នកម្ខាងទៀតយ៉ាងរីករាយ ប៉ុន្ដែស្រាប់តែមួយសន្ទុះ ខ្ញុំសង្កេតឃើញទឹកមុខរបស់ វ៉ាទិយ៉ា ចាប់ផ្ដើមប្រែប្រួល រសេសរសល់ដូចមានរឿងអ្វីម្យ៉ាងចង់ប្រាប់ខ្ញុំ…ដៃរបស់គេទាំងពីរខ្ញាំចូលគ្នា បបូរមាត់សង្គ្រឺតធ្មេញ ឱនមុខចុះនិយាយដោយសំឡេងស្រាលៗ ស្ទើរតែមិនចង់ឮ
“ម៉ា…ម៉ានុ…ចុងសប្ដាហ៍នេះឯងទំនេរទេ?”
“ហ៊ឹម? ម៉េចសួរខ្ញុំបែបនេះ ឯងភ្លេចហើយឬថា ខ្ញុំជាប់ធ្វើការងារក្រៅម៉ោង ហាងកាហ្វេបងទិ ហ្នុង”
“ខ្ញុំដឹង តែ..តែឯងអាចសុំគាត់ ដាក់ច្បាប់ឈប់សម្រាកមួយថ្ងៃពីរបានទេ…”
“វ៉ាទិយ៉ា នេះឯងមានរឿងអីឬ?”
“ម៉ានុ…ខ្ញុំត្រូវចាកចេញពីទីនេះ ខ្ញុំ…ខ្ញុំត្រូវរើផ្ទះហើយ”
“រើផ្ទះ?”
“អ្ហឺម…គ្រួសារខ្ញុំត្រូវផ្លាស់រើផ្ទះត្រលប់ទៅរស់នៅទីក្រុងបាងកកប្រទេសថៃវិញហើយ…”
“ហ្អាស៎ ម៉េចអ៊ីចឹង? ហើយនេះ ឯងនឹងត្រូវឈប់រៀននៅទីនេះហើយឬ?”
“អ៊ឺម…ហ្នឹងហើយ!”
“វ៉ា…ទិយ៉ា…ខ្ញុំ…ខ្ញុំត្រេកអរឯងផង!” ដឹងបែបនេះ ខ្ញុំមិនដឹងត្រូវពោលពាក្យអ្វីនិយាយទៅកាន់គេ…មានតែពាក្យជូនពរ ឃ្លាត្រេកអរ…ក្នុងចិត្តខ្ញុំ កំពុងគិតអី?
វ៉ាទិយ៉ា ឮខ្ញុំពោលបែបនេះ ទឹកមុខគេស្រងូតស្រងាត់ឡើង ខ្ញុំមិនដឹងថា គេនិងខ្ញុំ គិតនៅលើខ្សែចិត្តដូចគ្នាឬយ៉ាងណា…ម្នាក់ៗមិនគិតថា ពួកយើងនឹងបែកគ្នាលឿនពេកនោះឡើយ!
“ម៉ានុ…”
“វ៉ាទិយ៉ា…”
ខ្ញុំនិងគេ និយាយព្រមគ្នា រួចខ្ញុំសម្លឹងមើលគេ ឆ្លើយទៅវិញថា
“ឯងនិយាយមុនទៅ…”
“ចុងសប្ដាហ៍ ឯងអាចនៅកំដរខ្ញុំទៅលេងកំពង់សោមជាមួយគ្នាបានទេ? ខ្ញុំចង់ទៅលេងសមុទ្ទនៅទីនេះ មុនពេលខ្ញុំត្រលប់ទៅថៃវិញ”
“អូខេ ខ្ញុំនឹងសុំច្បាប់ បងទិ!” ខ្ញុំឆ្លើយតបយល់ព្រមទៅកាន់អ្នកម្ខាងទៀតភ្លាម មិនគិតយូរ ព្រោះខ្ញុំដឹងថាអ្វីដែល វ៉ាទិយ៉ា ចូលចិត្តបំផុតគឺ សមុទ្ទ
ឮខ្ញុំឆ្លើយយល់ព្រមនិងគេបែបនេះ បបូរមាត់គេញញិមពព្រាយឡើង ដូចកូនក្មេងដែលទាមទារស្ករគ្រាប់ ហើយបានរបស់ដែលខ្លួនចង់បាន
“អ៊ីចឹងថ្ពក់ដៃនិងគ្នាណ៎ា…ជាកិច្ចសន្យារវាងយើងទាំងពីរ”
វ៉ាទិយ៉ា បង្ហាញកូនដៃនៅនិងមុខខ្ញុំ រួចស្រវាទាញចាប់ដៃខ្ញុំ បង្ខំឱ្យខ្ញុំថ្ពក់ដៃនិងគេ…នេះធ្វើដូចយើងទាំងពីរនៅក្មេងមិនដឹងអីអ៊ីចឹង
“ឯងនេះ ធំហើយ…តែនៅមានចរិតក្មេងទៀត” ខ្ញុំលាន់មាត់ថាឱ្យគេ ប៉ុន្តែក្នុងចិត្តលួចសើចសប្បាយតែម្នាក់ឯង…
រ៉ឺងៗរ៉ឹង!!! សំឡេងកណ្ដឹង លាន់ឮសូរស្រែក
“ការ៉េមទេ? ទិញការ៉េម ហ្អេស?” សំឡេងអ៊ុំប្រុសម្នាក់ កំពុងរុញរទេះការ៉េមកី ដើរត្រសងគែមចិញ្ចើមផ្លូវថ្នល់ គោះកណ្ដឹង ស្រែកអំពាវនាវហៅគេទិញ នៅឯជ្រុងផ្លូវម្ខាងទៀត ដែលខ្ញុំនិងវ៉ាទិយ៉ា កំពុងអង្គុយនៅ
“ពូ ឈប់! ខ្ញុំចង់ទិញការ៉េម”
វ៉ាទិយ៉ា ស្រែកកាត់ប្រាប់ទៅអ្នកម្ខាងទៀតមួយទំហឹងអស់ដង្ហើម រួចរត់ត្រុយមិនបង្អង់ តម្រង់សំដៅទៅកាន់អ៊ុំលក់ការ៉េម រំពេចនោះស្រាប់តែមានកុងតឺន័រ បើកបរលើផ្លូវលឿនស្លេវ ហាក់គ្មានសំឡេងបន្លឺអ្វីសោះ បររំកិលបុកមួយទំហឹងអ្នកនៅខាងមុខ…
ខ្ញុំ…ខ្ញុំ…ខ្ញុំឃើញ…ឃើញរូបភាពជាក់ស្ដែងនៅនិងភ្នែក ឈាមខ្ទាតប្រឡាក់នៅនិងមុខខ្ញុំ…ក្លិនឈាមរបស់គេ…
រូបភាពរាងកាយរបស់វ៉ាទិយ៉ា ដែលត្រូវបុកមួយទំហឹងពេញនិងរថយន្ដកុងតឺន័រដ៏ធំមួយនោះ…រាងកាយតូចស្ដើងរបស់គេដែលបុកប៉ើងខ្ចាយខ្ទាត ដេកក្រឡាប់ននៀលលើថ្នល់ បាញ់សាចឈាមប្រឡាក់ ដានបង្កើតជាថ្លុកឈាមហូរចេញពីរាងកាយមួយនោះ! រឹតតែរន្ធត់ កាន់តែអាក្រក់ទៀត រថយន្ដមួយនោះ មិនបង្អង់ឈប់ មិនចាប់ហ្វ្រាំងបញ្ឈប់នៅហ្នឹងកន្លែងទេ ប៉ុន្តែសូរសំឡេងម៉ាស៊ីនកាន់តែលាន់ឮសូរខ្លាំង ហាក់ដូចគេស្រែកជ្រែកកាត់អាកាស បើកបង្កើនល្បឿនលឿនស្លេវទៅមុខ ឥតប្រណី បរកិនលើរាងកាយអ្នកដែលកំពុងសន្លប់មិនដឹងខ្លួនក្រោមសម្បកកង់យក្សទាំង១០ ផ្ដាច់យកសង្ខារខ្យល់ដង្ហើមរបស់គេ…
រូបរាងកាយអ្នកនៅលើថ្នល់ពេលនេះ ក្លាយជាគំនរសាកសពមិនពេញលេញ ផ្ទៃមុខរបស់គេបង្ហាញពីភាពឈឺចុកចាប់ខ្លោចផ្សានាពេលវេលាចុងក្រោយរបស់ខ្លួន ដែលសភាពប្រឡាក់ពេញទៅដោយស្នាមឈាម របួសដាច់សាច់រលាត់ចេញពីរាងកាយខ្លួន សរីរាង្គទាំង៣២ គ្មានមួយណាមានសភាពល្អដូចដើម សូម្បីតែដងខ្លួនគេពេលនេះ ត្រូវបានរថយន្ដកុងតឺនឺរធ្ងន់កិនសង្កត់ ស្ទើរតែដាច់ចេញជាពីរ សរីរាង្គគ្រឿងខាងក្នុងរបស់គេ ត្រូវបែកម៉ដ្ឋ មើលដូចសាច់ជ្រូកចិញ្ច្រាំដោយម៉ាស៊ីនកិន ខ្ទាតខ្ចាយចេញ ប្រឡាក់ រាយប៉ាយចោលមកលើថ្នល់…មើលឃើញហើយយ៉ាងព្រៃផ្សៃ សង្វេគណាស់។
“វ៉ា…វ៉ាទិ…វ៉ាទិយ៉ា”
ឃើញទិដ្ឋភាពបែបនេះហើយ ខ្ញុំស្លុត…គាំងរហូតដល់លែងមានអារម្មណ៍អ្វីទៀត..ថ្ងៃខួបកំណើតខ្ញុំ ក៏ជាថ្ងៃខួបស្លាប់មិត្តល្អរបស់ខ្ញុំដែរ។
…
បច្ចុប្បន្ន
ខ្ញុំ វ៉ៃជន្ទល់ម៉ូតូរបស់ខ្លួន ឈប់ចតក្រោមបង្គោលភ្លើង យកដៃឱបខ្លួនដែលកំពុងរងា ពេលត្រូវខ្យល់ពេលរាត្រីនៃមាត់សមុទ្ទ បក់នាំភាពត្រជាក់មកប៉ះលើរាងកាយរបស់ខ្លួន.. ទីដែល ខ្ញុំ កំពុងនៅ គឺជាតំបន់គម្រោងអភិវឌ្ឍថ្មីនៃក្រុងព្រះសីហនុ ដែលសង់រៀបធ្វើជាផ្ទះអផាតមេនផ្ដុំចូលគ្នារស់នៅ សម្រាប់អ្នកមានជីវភាពគ្រួសាររធូធារ ក្រោមបរិយាកាសមាត់សមុទ្ទ លម្ហែកាយ សម្រាកពីការងារនិងរកភាពសុកស្រួលមួយសម្រាប់គ្រួសារ អ៊ីចឹងហើយនៅទីនេះ គឺ មិនមានអ្នកថ្មើរជើងដើរនៅលើផ្លូវច្រើនប៉ុន្មានទេ ម្ដងម្កាលគេឃើញមានមនុស្សពីរបីនាក់ រត់លំហាត់ប្រាណនៅទីធ្លាម្ដុំនេះ។
អផាតមេនដែលខ្ញុំ កំពុងសម្លឹងរកគឺផ្ទះលេខ៣១៤ ផ្លូវសិហ្ហ: ដែលបើរាប់ចាប់ផ្ទះពីលេខ ២០០ ដល់លេខ ៤០០ សុទ្ធតែជាផ្ទះក្រុង ស្ទីលបែបអ៊ឺរ៉ុបបុរាណ។ ប៉ុន្តែរឿងមួយដែលគ្រប់គ្នាដឹងនោះ មិនថាអ្នករស់នៅទីនេះ គេទិញ ឬជួលផ្ទះនៅទេ ពួកគេម្នាក់ៗយ៉ាងហោចណាស់ មានជីវភាពគ្រួសារធូធារ ជាវណ្ណៈកណ្តាលនៅសង្គមដែរ។ ជាក់ស្តែងផ្ទះលេខ ៣១៤ ខាងមុខហ្នឹង គឺជាអផាតមេន ដែលដែលរស់នៅដោយគ្រួសារមានសមាជិក៣នាក់… ម្ចាស់ផ្ទះជាវេជ្ជបណ្ឌិត ប្រពន្ធម្ចាស់ផ្ទះធ្ចើជាគ្រូបង្រៀន ហើយពួកគេមានកូនប្រុសអាយុប្រាំពីរឆ្នាំម្នាក់ទៀត។ នៅក្នុងផ្ទះនេះ ពេលថ្ងៃនឹងមានអ្នកបំរើមកសម្អាត និងរៀបចំផ្ទះ ប៉ុន្តែអ្នកបំរើមិនគេងនៅទីនេះឡើយ នាងនឹងត្រលប់ទៅផ្ទះវិញ បន្ទាប់ពីអាហារពេលល្ងាចរួចរាល់ រាល់ចប់ម៉ោងការងារយប់។
“ឯងច្បាស់ហើយឬ ថាកញ្ចប់មួយនេះគឺជារបស់គេម្នាក់ហ្នុង…លោកគ្រូពេទ្យសង្ហា?”
ខ្ញុំនិយាយតែម្នាក់ឯង ដូចនិយាយប្រាប់ខ្យល់ ប៉ុន្ដែស្រាប់តែសំឡេងល្វើយៗឆ្លើយតបនិងសំនួរខ្ញុំសួរអម្បាញ់មិញ
“អ៊ឺម…អ្នកផ្ញើ គឺគេប្រាប់មកបែបនេះ!”
ខ្ញុំសម្លឹងមើលកញ្ចប់ខ្មៅ៤ជ្រុងនៅក្នុងដៃ ពិតណាស់ អ្នករត់បញ្ញើរបស់ដូចខ្ញុំ គឺគ្មានសិទ្ធិត្រូវដឹងពីរបស់ខាងក្នុងជាអ្វីនោះទេ…អ្វីដែលសំខាន់គឺរបស់ដែលលគេផ្ញើត្រូវដល់ដៃអ្នកទទួល ប៉ុន្ដែរឿងចម្លែកនោះ គឺបញ្ញើដែលខ្ញុំកំពុងកាន់ជាប់ដៃនេះ ជាបញ្ញើពិសេស…អ្នកផ្ញើមិនមែនជាមនុស្សទេ តែគឺជាខ្មោច! ខ្ញុំជាអ្នករត់បញ្ញើខ្មោច…កែត ម៉ានុ។
“គួរតែម៉ាកនេះហើយ…” សំឡេងល្វើយៗ បន្លឺម្ដងទៀត ក្បែរត្រចៀករបស់ខ្ញុំ
“នែ៎ក លោកខ្មោចវ៉ាទិយ៉ា ឯងល្មមៗបានទេ? បង្ហាញខ្លួនសិនមក ចាំនិយាយប្រាប់គ្នា…ឯងសុខៗមកខ្សឹបក្បែរត្រចៀកខ្ញុំបែបនេះ ឯងមិនដឹងទេថាវាគួរឱ្យខ្លាច…ឯងនេះ ចង់បំភ័យខ្ញុំឱ្យស្លាប់ឬ?”
“មិន!…រូបរាងខ្ញុំអាក្រក់” សំឡេងល្វើយប្រែជាញ័រ
“ស្រេចចិត្តរបស់ឯងទៅអ៊ីចឹង!”
មែនហើយ! អ្នកដែលខ្ញុំកំពុងនិយាយនោះ គឺជាមិត្តល្អរបស់ខ្ញុំដែលបានស្លាប់កាលពីបីឆ្នាំមុន…វ៉ាសានុ វ៉ាទិយ៉ា! ខ្ញុំមិនដឹងថា ហេតុអ្វីគេមិនព្រមទៅចាប់ជាតិកំណើតជាថ្មី? ហេតុអ្វីគេអាចដើរនៅក្បែរខ្ញុំបាន ខុសប្លែកពីខ្មោច វិញ្ញាណដទៃទៀតដែលមិនអាចចាកឆ្ងាយពីកន្លែងដែលខ្លួនបានស្លាប់? ឬមួយមកពីគេ ស្លាប់មិនទាន់ស្ងប់ចិត្ត នៅមិនទាន់រកឃើញជនដៃដល់ តៃកុងឡានបើកកុងតឺន័រម្នាក់នោះ? ឬមួយនេះមកពីខ្ញុំជំពាក់អ្វីជាមួយគេ ជាប់ចំណងអ្វី?
ប៉ុន្ដែពេលខ្លះ ខ្ញុំគិតថា វាមិនអាក្រក់ទេដែលមានមិត្តជាខ្មោចនោះ…វ៉ាទិយ៉ា ទោះបីជាគេស្លាប់ឬនៅរស់ គេនៅតែមានចរិតល្អដូចដើម ដូចពេលនេះជាដើម ព្រោះតែគេ ទើបខ្ញុំមានឱកាសបានការងារមួយនេះ…អ្នករត់បញ្ញើខ្មោច វាងាយស្រួល និងរកចំណូលបានច្រើន ដោយមិនសូវហត់កម្លាំង ប្រើខួរក្បាលខ្លាំង…ព្រោះអតិថិជនរបស់ខ្ញុំ មិនមែនជាមនុស្សនិយាយច្រើន ហើយចិត្តទូលាយ ដៃធូរតែម្ដង…៣លេខ ៤លេខមិនពិបាកសុំគាត់ឡើយ ប្រសិនសម្រេចការរបស់គាត់។
“សួស្ដី…បងប្រុសមានបញ្ញើ!” ខ្ញុំសម្លឹងមើលទៅកាន់ បុរសក្នុងវ័យ៣០ឆ្នាំស្ដើង លោកគ្រូពេទ្យសង្ហា ហើយជាប្ដីរបស់គ្រូបង្រៀននិងជាឪពុករបស់ក្មេងប្រុសអាយុប្រាំពីរឆ្នាំ ដែលកំពុងមើលមុខខ្ញុំយ៉ាងងឿងឆ្ងល់ ព្រោះម៉ោងជិតប្រាំបួនយប់ហើយ ប៉ុន្ដែនៅមានគេដឹករបស់បញ្ញើមកដល់មុខក្លោងទ្វារផ្ទះរបស់ខ្លួនទៀត
“ប្អូនច្រឡំផ្ទះហើយ…ខ្ញុំគ្មានបានកុម្ម៉ង់ទិញរបស់អ្វីនោះទេ!” គាត់ព្យាយាមប្រកែក
“បងឈ្មោះ វ៉ា យុធ ត្រឹមត្រូវ?”
“បាទ…ខ្ញុំយុធ”
“អ៊ីចឹងកញ្ចប់នេះគឺជារបស់បងហើយ” ខ្ញុំហុចកញ្ចប់របស់ខ្មៅមួយនោះឱ្យគាត់ ដោយនិយាយថា “បងសូមជួយចុះហត្ថលេខាលើនេះផង”
ពេល គ្រូពេទ្យ យុធ ទទួលរបស់ពីកំលោះដឹកអីវ៉ាន់ គេរឹតតែចម្លែកទៀត ព្រោះកញ្ចប់ខ្មៅមួយនោះ គ្មានស្លាកប្រាប់បញ្ជាក់ពីឈ្មោះ ទីតាំង ឬហាងទទួលបញ្ញើអ្វីសោះ…គឺទទេរ!
“នេះជាស្អីគេហ្នឹង មិនមែនជារបស់ខ្ញុំទេ…ខ្ញុំមិនស៊ីញ៉េទទួលឡើយ…” គ្រូពេទ្យ យុធ ប្រកែកសារជាថ្មី
“បងស៊ីញ៉េទទួលឬមិនទទួល គឺលែងសំខាន់ទៀតហើយ របស់ដល់ដៃបងហើយ គឺភារកិច្ចខ្ញុំក៏ត្រូវចប់ដែរ…អរគុណសម្រាប់ការប្រើសេវាកម្មបញ្ញើ បាដាលដឹកជញ្ជូន! សូមលាសិនហើយ សំណាងល្អ!”
“ហ្អេស…ឈប់…ឈប់សិន…!”
ខ្ញុំ ធ្វើជាមិនឮ ឡើងជិះម៉ូតូ បើកចាកចេញពីទីនោះទៅ ដោយមិនខ្វល់ថានឹងមានអ្វីដែលកើតឡើង ក្រោយពីគ្រូពេទ្យ យុធ ម្នាក់នោះបានទទួលកញ្ចប់ខ្មៅមួយនោះ ពីភ្ញៀវរបស់ខ្ញុំ ប៉ុន្ដែ ខ្ញុំអាចស្មានដឹងបានថា…វាមិនមែនជារឿងល្អទេមើលទៅ ព្រោះកញ្ចប់ដែលពេញដោយគំនុំ ចំណងអាឃាត ភាយចេញមកក្រៅ ពេលគ្រូពេទ្យម្នាក់នោះបានប៉ះទទួលកាន់កញ្ចប់នោះ។
….
មកដល់បន្ទប់វិញ ខ្ញុំក្រឡេកមើលនាឡិកាជាប់ជញ្ជាំង ទ្រនិចចង្អុលជិតម៉ោង ១១យប់អធ្រាត្រជាងទៅហើយ ខ្ញុំទម្លាក់ខ្លួនដេកដោយមិនខ្ចីដោះសម្លៀកបំពាក់ដូរ ប៉ុន្ដែសុខៗស្រាប់តែសំឡេងដែលធ្លាប់ស្ងាត់ បន្លឺសូរជាថ្មីឡើង…
“ស្មោកគ្រោគ…មិនគិតថាឯងនេះ វាគគ្រិចបែបនេះសោះ”
“នែ៎ក…លោកខ្មោច ឯងមិនដឹងថាជាមនុស្សដូចគ្នា វាពិបាក ហត់នឿយខ្លាំងទេឬ? ឱ្យគ្នាសុំសម្រាកខ្លះ ធ្វើខ្លួនខ្ជិលខ្លះមិនបានឬ? មិនងូតទឹកមួយថ្ងៃ វាមិនគគ្រិចណាស់នោះទេ…ឯងមិនងូតទឹកផង នេះគេហៅបែបណាវិញ?”
“នេះឯងមកច្រណែនខ្មោចឬ?”
“អ៊ឺម…ព្រោះរាល់ថ្ងៃ ឃើញឯងមិនដែលហត់អ្វីផង! និយាយតាមត្រង់ ធ្វើជាខ្មោចដូចឯង គ្នាគិតថាល្អជាងធ្វើជាមនុស្សរស់ដូចខ្ញុំណាស់!”
ឮខ្ញុំនិយាយបែបនេះ លោកមិត្តខ្មោច វ៉ាទិយ៉ា ស្ងាត់មាត់ឆឹង…រូបរាងក៏មិនបង្ហាញឱ្យខ្ញុំឃើញ ឮតែសំឡេងបែបនេះ ខ្ញុំមិនដឹងថា គេខឹងឬអន់ចិត្តនិងសម្ដីខ្ញុំពោលបែបមិញឬទេ?
“វ៉ាទិយ៉ា ឯងនៅទីនេះទេ? គ្នាសូមទោស…”
“វ៉ាទិយ៉ា” ខ្ញុំ ហៅឈ្មោះគេម្ដងទៀត
“ម៉ានុ…ឯងគិតថា ក្លាយជាខ្មោចល្អឬ? វាមិនដូចអ្វីដែលឯងគិតនោះទេ…វាកម្សត់ណាស់ ឯកោណាស់ ហើយឈឺចុកចាប់ខ្លាំងណាស់ ពេលដែលគ្រាន់តែជាស្រមោលដែលបានត្រឹមតែលួចមើលគេតែម្ខាង គ្មានវត្តមានបង្ហាញប្រាប់ពីខ្លួនឯង គ្មានឱកាសនិងប៉ះពាល់ គ្រប់គ្រងដូចមនុស្សរស់”
“ប៉ុន្ដែយ៉ាងណា ឯងក៏នៅមានខ្ញុំ…ម៉ានុ ម្នាក់នេះនឹងចងចាំឯងជានិច្ច! វាមិនអាក្រក់ទេមែនទេ?”
“អ្ហឺ សម្រាប់ខ្ញុំ វាមិនអាក្រក់ទេ ប៉ុន្ដែប្រសិនជាព្រលឹង វិញ្ញាណ ខ្មោចដទៃទៀត ពួកគេមិនសំណាងដូចខ្ញុំដែលមានឯងនៅក្បែរ ចងចាំខ្ញុំនោះទេ..ម៉ានុ ឯងដឹងទេ មនុស្សរស់នៅលើលោកនេះបានមានអត្ថន័យ ព្រោះដោយសារតែការចងចាំ ដឹងពីវត្តមានរបស់អ្នកម្ខាងទៀត។ ខ្មោចក៏ដូចគ្នា បើបាត់វត្តមានអ្នកចងចាំរូបខ្លួនហើយ គេក៏ត្រូវរលាយរំសាយពីលើលោកនេះដែរ…អ្វីដែលចងរឹតគេ មិនចង់ឱ្យចាកចេញពីភពមួយនេះ គឺភាពចងចាំរឿងរ៉ាវរបស់ខ្លួនតែម្នាក់ឯង ប៉ុន្ដែការធ្វើបែបនេះ ការចងចាំតែម្នាក់ឯងមួយនោះ វានឹងក្លាយជាភ្លើងកំណាច ភ្លើងនរកដុតព្រលឹងរបស់គេ ឱ្យឆេះខ្លោច ដុតកម្លោចខ្លួនឯង ធ្វើទារុណកម្មខ្លួនឯង ជាមួយនិងភ្លើងគំនុំព្យាបាទ ចិត្តចងអាឃាត…មិនខុសពីម្ចាស់កញ្ចប់បញ្ញើដែលឯងទទួលពីយប់នេះទេ…ឯងមិនចង់ដឹងទេឬថាក្នុងនោះជាអ្វី?” សំឡេង ខ្មោចវ៉ាទិយ៉ា លួចខ្សឹបសួរគេ
“វាសំខាន់ដែរឬ?” ខ្ញុំឆ្លើយតបប្រាប់គេខ្លីៗវិញ ព្រោះខ្ញុំមិនចង់ដឹងរឿងអ្វីដែលខ្ញុំមិនគួរដឹងនោះឡើយ…ជីវិតខ្ញុំពេលនេះ គឺរស់នៅបានក្ដីសុខហើយ
“វាជាកញ្ចប់គំនុំដែលនាងមាន សន្សំទុកជូនចំពោះគ្រូពេទ្យម្នាក់នោះ…នាងស្អប់គ្រូពេទ្យម្នាក់នោះ ដែលផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយមួយទៅកាន់នាង…គេសម្លាប់នាងទាំងចិត្តទាំងកាយ!”
“គ្រូពេទ្យម្នាក់ហ្នឹង ជាឃាតកៈ?”
គ្រាន់តែឮបែបនេះ ខ្ញុំ រាងភ្ញាក់ព្រើតភ្លែត មិនគិតថាខ្លួនឯងចួបនិងមុខផ្ទាល់និងមនុស្សរោគចិត្ត ឃាតកៈសម្លាប់មនុស្សមិនញញើតដៃ តែសម្បកខាងក្រៅមើលទៅដូចជាមនុស្សធម្មតា…តែនេះ ខ្ញុំមិនមែនជាប៉ូលីសឬភ្នាក់ងារស៊ើបការឯកជនអ្វីឡើយ មិនមែនជារឿងដែលខ្ញុំត្រូវមកជាប់ពាក់ព័ន្ធអ្វីឡើយ ខ្ញុំគ្រាន់តែជាអ្នករត់បញ្ញើ…ទទួលរបស់ពីភ្ញៀវពិសេសរបស់ខ្លួន(ខ្មោច) តែប៉ុណ្ណោះ…សូមទោស បញ្ហារឿងក្ដីឃាតកម្មអី សូមខាងក្រុមប៉ូលីស តុលាការឬជនពាក់ព័ទ្ធអី ដោះស្រាយ ស៊ើបអង្កេតខ្លួនគាត់ទៅចុះ…ខ្ញុំសុំតែរស់មួយសុខដូចពេលនេះទេ!
គិតបែបនេះ ខ្ញុំធ្វើជាគេងលក់ លែងខ្វល់ពីសម្ដីរបស់អ្នកម្ខាងទៀត…គេប្រហែលជាដឹងពីគំនិតខ្ញុំ វ៉ាទិយ៉ា ក៏ឈប់និយាយអ្វី រលាយបាត់ពីទីនេះ ទៅកាន់ទីកន្លែងដែលខ្លួនគេគួរទៅ….សម្រាក។
នៅមានត…