មិនខុសពីខែកក្កដាឬខែមុនឡើយៗ កម្មវិធី MST Writer នៅតែផ្តល់ជូនការលើកទឹកចិត្តទៅដល់បណ្ដាម្ចាស់ស្នាដៃ ទាំង៣រដូវកាលដែលមានចំនួនអ្នកចុចអានច្រើន រហូតក្លាយជាកំពូលមាតិកាទាំង២០ប្រចាំខែនីមួយៗ។
នៅក្នុងខែកក្កដានេះផ្ទាល់ ស្នាដៃដែលបានឡើងដល់កំពូលមាតិកាទាំង២០ មានចម្រុះគ្នាតាំងពីរដូវកាលទី១រហូតដល់ទី៣ ដោយផ្អែកតាមចំនួននៃការចុចអាននៅលើវេបសាយផ្លូវការ meysansotheary.com ពីប្រិយមិត្តអ្នកអានផ្ទាល់។
១.អ្នកនិពន្ធ លោកម្ចាស់ ម្ចាស់រឿង«ដើមជ្រៃធំនៅស្រុកបសេដ្ឋ»
ជម្រាបសួរមិត្តអ្នកអានទាំងឡាយ! ខ្ញុំមាននាមប៉ាកកា លោកម្ចាស់ ជាអ្នកនិពន្ធរឿងដើមជ្រៃធំនៅស្រុកបសេដ្ឋ ដែលបានចេញផ្សាយក្នុងកម្មវិធី MST Writer រដូវកាលទី៣។ ខ្ញុំមិននឹកស្មានទេថា រឿងរន្ធត់មួយនេះ អាចទាញយកចំណាប់អារម្មណ៍ពីសំណាក់មិត្តអ្នកអានបាន ព្រោះថាខ្ញុំគ្រាន់តែចង់ចែករំលែករឿងរ៉ាវពិតដែលលោកតារបស់ខ្ញុំបានជួបប្រទះកាលពីជំនាន់នោះតែប៉ុននោះ ប៉ុន្តែរឿងមួយនេះក៏បានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍រហូតទទួលបាន Top 11 ប្រចាំខែសីហានេះ ដែលជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំ ជាអ្នកនិពន្ធថ្មីមួយរូប។
ខ្ញុំសូមអរគុណយ៉ាងខ្លាំងដល់មិត្តអ្នកអានទាំងអស់ ជាពិសេសសូមអរគុណដល់ក្រុមការងារដែលបានរៀបចំកម្មវិធីនេះឡើងដែលជាឱកាសមួយអាចឱ្យខ្ញុំបានបញ្ចេញស្នាដៃរបស់ខ្លួនបាន។
២.អ្នកនិពន្ធ ចាន់ ពុទ្ធី ម្ចាស់រឿង «គុយទាវគោក»
ជាថ្មីម្តងទៀត បន្ទាប់ពីបានចូលរួមក្នុងចែករំលែកនូវស្នាដៃរបស់ខ្លួនផ្ទាល់លើគេហទំព័រឬវេបសាយ meysansotheary.com នេះជាលើកដំបូងដែលអត្ថបទនិពន្ធរបស់ខ្ញុំត្រូវបានអ្នកអានពេញចិត្តច្រើន បន្ទាប់ពីកម្រងរឿងខ្លីរបស់ក្រុមនាគាដែលធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់ប្រជាប្រិយ២ដងកន្លងទៅ។ ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ចំពោះលទ្ធផលផ្លែផ្កានេះ វាបង្ហាញឱ្យខ្ញុំបានឃើញពីភាពរីកចម្រើនជាងមុនក្រោយពេលមកកាន់ទីនេះ។ ម្យ៉ាងទៀត ក្រៅពីអ្នកអានដែលបានជម្រុញកម្លាំងចិត្ត បណ្តាញក្រុមអ្នកនិពន្ធនេះគឺមានសារៈសំខាន់មែនទែនសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនង មិនតែប៉ុននោះជួយផ្តល់ឱកាសដល់អ្នកដែលមានទេពកោសល្យនិងស្រឡាញ់វិថីនេះបានស្វែងយល់នឹងត្រៀមខ្លួនដើម្បីសាកឈានជំហានរបស់ខ្លួនឯង។
ជាទីបញ្ចប់ ខ្ញុំសូមអរគុណដល់ក្រុមការងារ MST writer ទាំងអស់ដែលតែងជួយសម្របសម្រួលនិងចែករំលែកបទពិសោធគ្នាកន្លងមក។ សង្ឃឹមថាកម្មវិធីនេះនឹងកាន់តែរីកដុះដាលយ៉ាងទូលំទូលាយបន្ថែមទៀត។
៣.អ្នកនិពន្ធ ហេង អ៊ីឈង ម្ចាស់រឿង«ផ្ទះគេទុកចោល»
ទាំងអស់នេះជាអ្វីដែលខ្ញុំមិនរំពឹងសោះថា រឿងផ្ទះគេទុកចោល ដែលចេញផ្សាយតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានទទួលការគាំទ្រពីមិត្តអ្នកអាននាពេលនេះ រហូតបានឡើងដល់ Top 16 ក្នុងខែសីហានេះ។ នាងខ្ញុំសប្បាយចិត្តក្រោយពេលសរសេររឿងមួយចប់ ហើយកាន់តែរីករាយក្រោយទទួលដំណឹងថារឿងនាងខ្ញុំមានអ្នកអាន។ សូមអរគុណដល់ក្រុមការងារ MST Writer ដែលបានទទួលចេញផ្សាយស្នាដៃនាងខ្ញុំ។
៤.អ្នកនិពន្ធ ឈាន ឌី ម្ចាស់រឿង«ពិធីជប់លៀង»
តាមពិតទៅខ្ញុំមិនដែលគិតថារឿងរបស់ខ្ញុំបានចូលដល់ Top 18 ប្រចាំនេះនោះឡើយ ព្រោះថារឿងដែលខ្ញុំសរសេរនៅខ្វះចន្លោះច្រើន មិនទាន់ទាំងហ៊ាននិយាយថាចេះសរសេររឿងផង ម្យ៉ាងទៀតដោយសារនេះជារឿងដំបូងបំផុត គឺរឿងទី១របស់ខ្ញុំដែលបានសរសេរឡើង ទើបខ្ញុំគិតថារឿងខ្ញុំគ្មានអ្នកអានឡើយ។ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តដែលរឿងមួយនេះ ស្រាប់តែមានអ្នកអានច្រើនរហូតដល់បានចូលដល់មាតិកាទី១៨ប្រចាំខែសីហា។
ខ្ញុំសូមអរគុណដល់បងៗក្រុមការងារដែលបានចេញផ្សាយរឿងរបស់ខ្ញុំដាក់ក្នុងវេបសាយ meysansotheary.com ។ សូមអរគុណ!
៥.អ្នកនិពន្ធ ហ៊ុយ សារ៉ាត់ ម្ចាស់រឿង«ព្រហ្មចារី»
ជាដំបូង ខ្ញុំសូមនិយាយថា WOW! ដោយមិននឹកស្មានថារឿងនេះនៅតែទទួលបាននូវការគាំទ្រពីសំណាក់អ្នកអាន រហូតដល់ទទួលបាន Top 20 បែបនេះទេ។ នេះជាអ្វីដែលខ្ញុំមិនបានរំពឹងទុក ហើយវាបានកើតឡើងទាំងដែលមិនគួរឱ្យជឿ។ ខ្ញុំសូមអរគុណដល់ក្រុមការងារនិងអ្នកគ្រូម៉ីសន សុធារី ដែលបានរៀបចំកម្មវិធីនេះឡើង។ សូមឱ្យអ្នកនិពន្ធដែលមានបំណងដាក់ស្នាដៃក្នុងកម្មវិធីនេះ ទាំងរដូវកាលទី២និងទី៣ សូមរួសរាន់ឡើង ឱកាសមកដល់ហើយ គួរតែស្រវាចាប់យក។ ជាចុងក្រោយ ខ្ញុំសូមឱ្យអ្នកគាំទ្រស្នាដៃខ្ញុំ នៅតែបន្តគាំទ្រទៀតផង ព្រោះនៅរដូវកាលទី៣ ខ្ញុំនឹងមានអ្វីថ្មីសម្រាប់ចែកជូនការអានបន្ថែម។
៦.អ្នកនិពន្ធ រ៉ាហ្ស៉ី ម្ចាស់រឿង«មនុស្សទីងមោង»
សួស្តី ខ្ញុំរ៉ាហ្ស៊ី! អ្នកសរសេរមួយរូបដែលបានចូលរួមក្នុងការដាក់ស្នាដៃ MST Writer រដូវកាលទី៣នេះ។ ដំបូងខ្ញុំពិតជាមានអារម្មណ៍រំភើប ត្រេកអរណាស់ដែលស្នាដៃរឿងថ្មី “មនុស្សទីងមោង” បានជាប់ក្នុងតារាងកំពូលទី២០នៃតារាងមាតិកាកំពូលប្រចាំខែសីហា។
ពិតណាស់ រឿងនេះមិនមែនជារឿងដំបូង ឬរឿងទី២ទេ តែនេះជាស្នាដៃទី៨ ដែលខ្ញុំបានដាក់ចូលរួម។ ច្រើនណាស់មែនទេ? ហិហិ…ខ្ញុំក៏គិតមិនដល់ថាខ្លួនឯង មានរឿងច្រើនបានដាក់ចូលរួមក្នុងកម្មវិធីនេះច្រើនដល់ម្ល៉ឹងដែរ ប៉ុន្តែការសរសេរគឺជាចំណង់ចំណូលចិត្តមួយ ហើយខ្ញុំក៏ចង់ឃើញ មានគេបានអានរឿងដែលខ្ញុំសរសេរដែរ។ ដំបូងការសរសេរខ្ញុំមានចំនុចខ្វះខាតជាច្រើន ប៉ុន្តែក្រោយពីឆ្លងកាត់ការសរសេរច្រើន បានស្ដាប់ការបង្រៀនរបស់អ្នកគ្រូ ហើយអានអត្ថបទល្អៗនិងរឿងអ្នកគ្រូក្នុងវេបសាយរបស់គាត់ឬហ្វេសប៊ុកផេក ធ្វើឱ្យខ្ញុំដឹងថាខ្ញុំខ្លួនឯងមានចំនុចខ្វះខាត ត្រូវរៀនបន្ថែមត្រង់ណា ជំនាញខាងអ្វី និងចូលចិត្តសរសេរអ្វី។ បូករួមជាមួយការស្រឡាញ់ និងការចូលចិត្តអានសៀវភៅ ទើបខ្ញុំអាចតាក់តែងសាច់រឿងបានច្រើនបែបនេះ។ ដូច្នេះហើយ បើអ្នកមានបំណងចង់ក្លាយជាអ្នកសរសេរ អ្វីដែលចាប់ផ្ដើមដំបូងគឺសរសេរ…សរសេរទៀត…សរសេរអ្វីដែលអ្នកចង់ប្រាប់គ្រប់គ្នា រួចចែករំលែកប្រាប់ទៅកាន់គេផងដែរ…កុំកំណាញ់ទុកអានតែម្នាក់ឯង។
ចុងក្រោយ ខ្ញុំមានតែពាក្យអរគុណ អ្នកគ្រូម៉ីសនសុធារី និងក្រុមការងារដែលតែងតែជួយ ខ្នះខ្នែងជម្រុញឱ្យមានកម្មវិធីនេះឡើង និងអរគុណមិត្តអ្នកអានដែលតែងតែគាំទ្រស្នាដៃខ្ញុំមួយនេះ…អរគុណអ្នកអានគ្រប់គ្នានៅទីនេះ។
ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែកក្កដា