រឿង៖ ត្រណមច័ន្ទន៍ក្រស្នា

មេឃងងឹតតាំងពីព្រលឹម…..

ដីនៅសើមរអិល មូស​សុចចេញទាំងសម្បុកច្រវាត់រកចំណី។

ជំងឺគ្រុនចាញ់នៅកៀកៗនឹងខ្លួនយើងមិនឆ្ងាយប៉ុន្មាន​ដែរ។

ខែនេះ គ្មាននរណាគេចង់ចូលព្រៃទេលើកលែងតែពួកអ្នកក្របំផុតដូចខ្ញុំ។ មិនត្រឹមក្រពេលនេះគ្រួសារ​ខ្ញុំថែមទាំងទ័លជាទីបំផុត។ ដូចជាពេលនេះ បើសិនលើកនេះខ្ញុំមិនអាច​រកបាន​ខ្លឹមយកទៅលក់សងបំណុលចឹកប៉ោងដែលម្តាយខ្ញុំបានជំពាក់ ដីខ្ទមរបស់យើង​ក៏នឹងត្រូវគេអូសយក។

«ខ្ញុំសន្យាថាឈប់ចូលមកទៀតហើយតំបន់នេះ! កុំប្រកែប្រកាន់កូនចៅ ម្តងនេះទេ!»

ខ្ញុំបន់ក្នុងពោះស្ងាត់ៗ។  នេះជាវាលអន្លូង ដែលស្ថិតនៅជ្រៅក្នុងព្រៃ ឆ្ងាយពីផ្លូវជាតិជាងម្ភៃគីឡូម៉ែត្រ ។ ខ្មែរយើងម្តុំនេះ ជឿថាមាន​បារមីរក្សានៅមិន​ឱ្យមានការទន្ទ្រាន​កាប់ខ្លឹមចន្ទន៍ទេទោះវាលនេះល្បីថាមាន​ខ្លឹមច្រើន​ស្អេកស្កះ។

មិនដឹងឡើយអំពីការពិតកម្រិតណា តែជាង១០ឆ្នាំមុន ធ្លាប់មានពួកដង្ខៅជនជាតិថៃ មកបោះការដ្ឋាននៅកន្លែងនេះបានប៉ុន្មានខែ ក៏នាំគ្នាក្ស័យធនឈប់រកស៊ីរត់បាតជើងសព្រាត ត្រលប់ទៅស្រុកវិញអស់ដោយសារធ្លាយដានជើង​សត្វព្រៃធំៗ មិនគួរឱ្យជឿ និងមានអ្នកស្លាប់ពីរបីនាក់ព្រោះគ្រុនចាញ់ទឹកចាញ់ដី។

ជាតំណក្រោយមក អ្នកស្រុកជឿថា មានអ្នកថែរក្សាព្រៃខ្លឹមនៅវាល​ម្ដុំនេះ មិនឱ្យពួកសៀមចូលមករុករានទន្ទ្រានបានជាមាន​កាច់យកឱ្យឈឺស្លាប់ ឬក៏ត្រូវសត្វបង្អើល​ជាបន្តបន្ទាប់ រហូត​បានជាគ្មាននរណាហ៊ានព្រហើនរកស៊ីបន្ត។

« ខ្លាដំបងក៏កុំបញ្ចេញមុខឱ្យឃើញឱ្យសោះណា៎ ដំរីក៏អ៊ីចឹងអត់ចង់ចួបទេ គ្មានទូរស័ព្ទសម្រាប់សែលហ្វីជាមួយ!»

សម្តីឡូឡារបស់ភក្តិ ជាមិត្តរបស់សម្លាញ់ខ្ញុំម្នាក់ទៀត។ ខ្ញុំវិញបែរបន់ក្នុងចិត្តស្ងប់ស្ងាត់ នឹកគុណឪពុកម្ដាយព្រោះជាន់ដីវាលអន្លូង ខ្ញុំមិនចង់ចូលទេ ដូចខ្ញុំសន្យាឱ្យតែខ្ញុំដោះបំណុលចឹកប៉ោងបាន ខ្ញុំមិនមកទៀតដាច់ខាត។

ស្រាប់តែម្នាក់ឡូឡា​អម្បាញ់មិញឈ្មោះភក្តិស្ទុះមកកេះខ្ញុំ។

«វាលនេះមាន​ខ្លឹមមែនមេ?ហេវបាយហើយនៀកមេ»

ម្នាក់នេះខ្ញុំទើបតែស្គាល់ពីព្រឹក ឮថាធ្លាប់ទៅធ្វើកម្មករនៅថៃជាមួយនឹងសម្លាញ់ខ្ញុំអាស៊ាន។ អាស៊ាននាំភក្តិមក ទាំងស្រវឹងតិចៗផងបាន​ជាស្រែកឡូឡារំខានគេគេងមិនឈប់សោះ។

បានមកដល់ក្បែរខ្ញុំថាប្រដៅភ្លាម៖

«ភក្តិឯងដើរព្រៃ ឱ្យចេះសង្រួមចិត្ត​ស្ងប់ស្ងាត់ខ្លះទៅ កុំឡូឡាពេក! ផ្អើលសត្វអស់ហើយ! »

ប្រាប់ហើយមិនចេះដឹងប្រឹងសោះ បែរជាហ៊ាន​​ទះស្មាខ្ញុំភឹប ហើយនិយាយឡូឡាទៀត៖

«រកមួយព្រឹកថ្ងៃត្រង់ អត់បានឃើញខ្លឹមមួយដើមផង យប់នេះដើរកាត់រូងខ្លា​ ក៏មិនទៅវិញដែរបើដៃទទេ!»

ខ្ញុំឮហើយងាកទាំងភ្នែកនៅកញ្ចឹងកសម្លក់មួយជុំព្រៃព្រោះផ្អើលនឹងពាក្យខ្លា។ ធ្លាប់ឪម៉ែថាកាលពីជំនាន់គាត់នៅក្មេងៗ មានព្រាន​ព្រៃដើរប្រទះខ្លាចាស់ធំប៉ុនក្របី។ ព្រឺថែមលើព្រឺទ្រាំមិនបាន ខ្ញុំចេញ​ឆ្ងាយពីភក្តិ ហើយ​ក៏ងាកទៅរកស៊ានស៊ីញ៉ូភ្នែកឱ្យជួយហាមក្លើរបស់គេខ្លះម្តង​។

«អ្ហែង បិទមាត់ខ្លះមើល៍ អានេះ!»

ស៊ាន​សង្កត់សុភក្តិ​។ បានសុភក្តិស្ងាត់ បងម្នាក់ឈ្មោះធនគាត់មកតាមយើងដែរ គាត់មកពីរនាក់បងប្អូន ល្បីគាត់ខំពន្យល់ដែរថា៖

«នែ៎វើយ! ឮថាស័ក្តិសិទ្ធិណាស់វាលអន្លូងនេះ! អ្នកកោះកុងគ្មាននរណាហ៊ានមកដល់ទេ តែបើបានជាមកដល់ហើយក៏មិនមាត់ផ្ដេសផ្ដាសដែរ! កុំរលាម! កុំថាយើងអ្នកដើរ សូម្បីអ្នកផ្ទះក៏គិតពីបន់ស្រន់ចំតិតចំតូងមានក្បួនមិនខ្វះផង ឱ្យចេះក្រែង​មេឃក្រែងដីខ្លះ!»

ភក្តិនិងបងធនប្រហែលទើបស្គាល់គ្នា​ពេលនេះដែរទេ ។ ឮបងធនថាឱ្យក៏មិនមាត់ ភក្តិ​ដើរទៅមុខគេធ្វើវាហី។

បងធនងាកមកបែរបន់សំពះគ្រប់ទិស៖

«សុំសេចក្ដីសុខ ខ្ញុំនិងប្អូនលបមកនេះមិនឱ្យម៉ែពុកដឹងទេ ចាញ់បៀរជ្រុលអស់លុយពេក បើម៉ែពុកដឹងថាកូននាំគ្នាមកដល់វាលអន្លូង​គាំងបេះដូងគាត់មិនខាន!»

គាត់និយាយ​ផង ស៊ានហួចតាមខ្យល់បង្កើតសេចក្តីក្លាហានរុលទៅមុខ​សម្រាប់ក្រុមយើងផង។ ​នឹកឃើញកាលពីក្មេងមានម្តង ខ្ញុំតាមគ្នាខ្ញុំជំទង់ៗមាន១៣ឆ្នាំ មាន១៦ឆ្នាំមួយក្រុម៩នាក់ចូលព្រៃផ្សងព្រេងរកសម្បុកឃ្មុំលក់។

មួយក្រុមនេះមាន​តែខ្ញុំអត់ចេញហែល។

កាលណោះមាន​ដៃសមុទ្រមួយជាព្រែកតូច ពួកគេយោងខ្ញុំហែលមក។ ដល់ពេលយប់បកទៅវិញ ទឹកជោរពេក និងហូរលឿនទៀត គ្មាន​អ្នកណាយោងអ្នកណាបាន ពួកគេទៅចោលខ្ញុំអស់ មានតែស៊ានព្រមនៅកំដរខ្ញុំពីរនាក់។

យប់នោះ ខ្ញុំនឹង​វា អុចភ្លើងភ្នក់ចងអង្រឹង។ កណ្តាលយប់លក់មីងមាំង ស្រាប់តែភ្ញាក់ដឹងខ្លួន​ព្រើត​ដូចមានអ្នកណាដើរកាត់។ តែមិនឃើញអ្វីទាំងអស់។ ភ័យពេកក៏ដេកទៅវិញ។ ដល់ភ្លឺ ស៊ានថា យប់មិញយល់សប្តិឃើញមាន​ខ្លាដំបងដើរក្បែរអង្រឹងតែស្រែកអត់ចេញ បានដើមឈើដែលយើងជ្រក​ជួយវាស បណ្តេញ​ខ្លា។ ខ្ញុំវិញ​ភ័យផង​សារអីវ៉ាន់ផង មិនយូរប៉ុន្មាន​ក៏ឃើញ​ដានជើងខ្លាធំៗនៅចម្ងាយប្រហែលជា១០ម៉ែត្រ​ពីកន្លែងពួកខ្ញុំសម្រាក។

ចាប់ពីពេលនោះមក យើងមានទម្លាប់បែរបន់ផ្ញើប្រាណនឹងដើមព្រឹក្សព្រៃ។ យើងតែងជឿថាមានអ្នកតាឬអរូបស័ក្តិសិទ្ធិរស់នៅ បើយើងគិតល្អនិងបានល្អ។

«អឺ! បើឃើញដើមខ្លឹម​មែន ខ្ញុំដូរឱ្យម្នាក់!»

សម្តីភក្តិដដែលលាន់មកបែបនេះ ញ៉ាំងខ្ញុំបើកភ្នែកធំៗ លែងរវើរវាយ​នឹករឿងចាស់ទៀតហើយ។

«មិញនិយាយថាម៉េច​?»ខ្ញុំសួរទាំងស្លុតលាយខឹង។

ស៊ានក៏ខឹង គេស្ទុះមករាដៃ៖

«បាន! មិនបាច់និយាយទៀតទេ កុំបាច់និយាយម្តងទៀត! យី អា៎…..»

​បងធនរឹតតែខឹងគាត់កៀកកថុលជាប្អូន​ដើរហួសទៅដូចស្អប់ខ្ពើមលែងចង់និយាយអ្វីនឹងមនុស្ស​ឈ្មោះភក្តិនេះទៀត។

ដោយមិនអស់ចិត្ត ខ្ញុំលូកដៃទៅចាប់ស្មាវាក្ដាប់យ៉ាងណែនតាមកំហឹងរបស់ខ្ញុំ ហើយខាំមាត់សង្កៀតធ្មេញសួរ។

«ដឹងខ្លួនឯងកំពុងនិយាយពាក្យអីទេ ? បើរពឹសមាត់ណាស់ ទៅណាទៅៗ»

ស៊ានវិញដើរទៅមុខឆ្ងាយ​ហើយ​ ចំកោងខ្នងស្រែកជេរតែម្ដង៖

«អញប្រាប់ឯងហើយប្រាប់ទៀត​បើលោតែឯងឆ្កួតទេ ទៅឆ្កួតតែឯងទៅ!»

ខ្ញុំវិញ​ងាកមកលើកដៃសំពះបែរបន់ម្ចាស់ទឹកម្ចាស់ដី និងប្រកាសថា ឱ! អ្នកតាបង់បត់ សម្ដីស្រាទេ មនុស្សវាកំពុងស្រវឹងកុំយកជាការ ឱ្យសោះ។

គ្នាយើងមានសរុប​ប្រាំនាក់ ថុលហើយនិងធនជាបងប្អូនគ្នា ពួកគេមើលមុខគ្នា មិនមាត់មិនកព្រោះយល់ពីអារម្មណ៍ខ្ញុំនិងស៊ាន​ដែលកំពុងតែខឹងក្រោធ។

មិនយូរប៉ុន្មាន បងប្អូនពីរនាក់ដែលគេចទៅមុខមុននេះ ស្រាប់តែឈប់ដើរ។ ពេលដែលខ្ញុំមើលទៅពួកគេ​ក៏ឃើញ​ថុលជាប្អូន​ធ្វើមុខស្លេក​លើកដៃចង្អុលទាំងនិយាយមិនចេញ ។

ដើមចន្ទន៍ក្រស្នាមួយបង្ហាញខ្លួននៅចំពោះមុខពួកយើង។ ទំហំ​ដើមនេះ​ធំណាស់ ប៉ុនពីរឱបមនុស្ស​ចាស់។

ពួកយើងទាំងប្រាំលែងដើររួច។

ម្នាក់ៗសមណាស់តែ​អរហ៊ោរកញ្ច្រៀវ តែប្លែក​ពួកយើង​មើលមុខគ្នាភ័យ។ ស៊ាន​ចំហមាត់ធ្លុង។ ភក្តិវិញ​ក៏ឈរគាំង។

ដើមនេះធំណាស់ យើងមិនដែលស្រមៃទេ។

តើជារឿងចៃដន់? សម្តីភក្តិ​ឡូឡាផ្តាសមុននេះនៅតែបង្អើលក្នុងការចងចាំមិនទាន់រលត់ផង ភក្តិ​ស្រែកឡើងទៀត៖

«ចុមពួកនេះវើយ! ថាចង់បានខ្លឹម ដល់ឃើញខ្លឹម​ វានាំគ្នាខ្លាច?!»

 មនុស្សនៅកោះនេះ ជាពិសេស​អ្នកថ្នឹក​ខាងដើរព្រៃ មានជំនឿលើសលុបលើអាថ៌កំបាំងនៃវាលមួយនេះ ក៏ជាកន្លែងដែលគេជឿថា ដើមចន្ទន៍ក្រស្នាចេះលាក់កំបាំងខ្លួនឯង រហូតដល់មានពាក្យថា គ្មាននិស្ស័យមិនចួប។

« ទាល់តែអញដោះដូរបានចេញមុខមកមែនវ៉ី!»

ភក្តិថាហើយ សើច​ក្អាកក្អាយចង្អុលទៅរក​ដើមចន្ទន៍ក្រស្នាធំត្រឈៃ។

ស៊ានលើកដៃជូតញើសងាកមករង់ចាំការសម្រេចចិត្ត​របស់ខ្ញុំ។

ខ្ញុំគិត«អញមិនដឹងទេ អញត្រលប់ទៅផ្ទះវិញហើយ! អាណាចង់បាន​យកទៅ!»

គិតមែន តែ ខ្ញុំមិននិយាយ សម្លឹងថ្មែទៅធន។ ពីរនាក់បងប្អូននោះក៏កំពុងតែឈ្ងោកមុខគិតដូចគ្នាចំណែកភក្តិចាប់ផ្តើមទម្លាក់សាក់កាដូស្រាយយកអាវុធគឺកាំបិតហើយនិងរណារបស់វា។

« កុំអាលភក្តិ!»ស៊ាន​ហៅនៅពេលដែលភក្តិ​ធ្វើមុខហួសចិត្តងាកមកសម្លក់ពួកខ្ញុំម្តងម្នាក់។

«មកដល់កណ្តាលព្រៃជ្រៅហើយ បើមិនយកខ្លឹមត្រលប់ទៅវិញដៃទទេ ? រកតែលុយសងបំណុលប្រេងកាត់គេ​មិនបានផង!»

ដោយសារលើកនេះ​ទូកស៊ាន​ខូចបានជាយើងត្រូវមកជាមួយភក្តិគេមានទូក។

«អើ​បើគ្មាន​អ្នកណា​ជួយអញទេ អញក៏មិនឱ្យទូកចេញ ចាំមើលអាណាបានទៅផ្ទះ?!»

ស៊ានធ្វើដូចរាល់ដងចាប់ផ្តើមយក ចេកនិងដបទឹកចេញពីសាក់កាដូរបស់វាហើយដាក់ថ្វាយ​និង​អុចបែរបន់នៅគល់ឈើ។

ខ្ញុំវិញយល់ថា ការយកខ្លឹមជារឿងគួរហើយព្រោះពួកយើងពិតជាបានប្រថុយចូលមកជ្រៅដែរ។ ណាមួយគិតតាមវិទ្យាសាស្ត្រខ្លះថា មិនមែន​ដើមនេះបង្ហាញខ្លួនព្រោះសម្តីដោះដូររបស់អាភក្តិទៅចុះ។ តែមុននឹងធ្វើការ ខ្ញុំបានលបបែរបន់ទៀត«ម្ចាស់ទឹកម្ចាស់ដី កុំប្រកែប្រកាន់កូនចៅ! ខ្ញុំដោះបំណុលម្តាយទេ សូមឱ្យខ្ញុំបានសុខ»។

ចាប់ពីពេលនោះ គឺ ពីថ្ងៃត្រង់ចែសរហូតដល់កប់ល្ងាច ពួកយើង ផ្ដួលហើយយកបានខ្លឹមច្រើនលើសពីការគិតដោយ​ចែកចំណែកស្មើៗគ្នា ។

ទម្រាំឡើងមកដល់ទូកវិញមេឃងងឹតល្មម។ ពីទូកមកដល់ព្រៃលើហើយឆ្លងមកផ្លូវជាតិ យើងពិតជាប្រថុយខ្លាំងប៉ុន្តែមិនអីទេទីបំផុត រំលងអធ្រាត្រពួកយើងបានមកដល់ផ្លូវ និងរកបានឡានជិះត្រលប់ទៅភូមិវិញ ។
រឿងរ៉ាវនេះបានរំលងទៅប្រមាណមួយអាទិត្យ ទាំងដែលខ្ញុំអាចសងបំណុលទៅចឹកប៉ោងពិតមែន ។ ដោយ​ស្រាលខ្លួនពីរឿងបំណុលយើងក៏ភ្លេចពីរឿងភ័យៗ ដែលកើតឡើងកាលពីក្នុងវាលអន្លូង។

 ស្រាប់តែល្ងាចមួយ  កំពុងតែហូបបាយជាមួយម៉ែនិយាយពីរឿងទឹកព្រែកជន់ឡើងលិចស្ពានឈើស្រាប់តែ ថុល​ជិះកង់ មកប្រកូក។

«បងដា បងខ្ញុំមានការ ប្រាប់ឱ្យបងទៅជាប្រញាប់!»

 ខ្ញុំមិនដឹងថាមានរឿងអ្វីទេប៉ុន្តែគេបានធ្វើមុខស្លេកខ្លាំងណាស់។ ខ្ញុំសួរថាមានរឿងអ្វី ថុលគេធ្វើភ្នែកស៊ីញ៉ូដូចជាមិនចង់ឱ្យម្ដាយខ្ញុំឮ ខ្ញុំគិតថាប្រហែលជារឿងអ្វីដែលនាំម្ដាយខ្ញុំឮហើយមិនសប្បាយចិត្ត បានជាថុលលាក់។

ខ្ញុំស្រូតឡើងម៉ូតូទៅតាមថុល។

ទៅដល់ផ្ទះពីរនាក់បងប្អូន​នេះ ឃើញធនកំពុងតែដេកផ្ងារដៃជើងនៅលើគ្រែឫស្សីក្រោមផ្ទះ។

បងប្រុសឯងកើតអី?

គាត់ក្ដៅសន្ធំនិយាយផ្ដេសផ្ដាស បងឯងជួយស្ដាប់ចុះ។

ខ្ញុំឮហើយ​ក៏ចូលទៅក្បែរ ស្រាប់តែឮសូរធនស្រែកឡូឡាឡើងថា

«អញយកហើយ អញ​យកហើយ! ឯងថាឱ្យអញមួយ»

ខ្ញុំស្ដាប់មិនយល់ទេ ។ ធម្មតាមនុស្ស​បងធននេះមិនងាយ​និយាយព្រោះស្លូត មិនសូវបានសម្តី តែ​ពេលកាចក៏កាចខ្លាំង។ ចម្លែក​ឬក៏អ្វីពេលនេះគាត់គ្រុនក៏រវើរវាយ​និយាយ​ដូចត្រូវ​ ស្រា?

«បង! បងឯងនឹកឃើញរឿងយើងទៅវាលអន្លូងអត់?»

ថុលកេះសួរបែបនេះហើយខ្ញុំក៏នឹកឃើញរឿងឡើងវិញគឺត្រណមច័ន្ទក្រស្នាដែលអ្នកស្រុកតែងឱ្យតមមាត់កនៅពេលដែលយើងយកខ្លឹមចន្ទន៍ម្តងៗ។

ភ្លាមនោះយើងក៏ប្រកូកហៅស៊ានមក តែភក្តិមិនបានមកជាមួយគ្នាទេ ទៅធ្វើការនៅស្រុកថៃបាត់ហើយ។ ស៊ានមកដល់ឃើញសភាពរបស់ធនហើយក៏សារភាព​ប្រាប់ម្តាយឪពុកគ្រប់យ៉ាង។

យប់នោះចាស់ៗបានព្យាយាមចេញទៅរក​គ្រូខ្មែរភូមិផ្សេង មកជួយដោះស្រាយ​ព្រោះបងធនក្តៅអន្ទះអន្ទែងមិនព្រម​ស្រន់ទេ។

យប់ឡើងបាន​អាចារ្យម្នាក់ឈ្មោះតាតុប មកជួយមើល ក៏បង្គាប់ឱ្យ​ម្តាយពុកបងធន​ធ្វើតាមគាត់ រកសត្វមួយ​ទៅសែន​ដល់វាលនោះ។

នេះជាទម្លាប់របស់ពួកយើង ដែលតែងគិតថា មានខ្មោចឬវិញ្ញាណអរូប​ ក្បែរៗចូលមកជាន់សន្ធប់ បានជាមិនព្យាបាលដោយវិទ្យាសាស្ត្រទេ។

ខ្ញុំមិនបានទៅវាលអន្លូងជាមួយគ្រួសារ​ធនទេព្រោះគេមានបងប្អូនមកជួយច្រើន ណាមួយខ្ញុំរវល់មើលម៉ែផង តែស៊ានបានទៅជាមួយព្រោះស៊ានចំណាំផ្លូវ។

ក្រោយមកស៊ានប្រាប់ថា កាលសែន​នៅក្នុងព្រៃគឺយកមាន់មួយនិងផ្លែឈើ គ្រឿងក្រអូបទៅសែនលាពាក្យ​របស់ភក្តិ។

ទោះមិនមែន​ធននិយាយ​តែអ្នកស្រុកជឿថា ធនមានរាសីទាបជាងគេ​បានជាត្រូវរងនូវ​ពាក្យសម្តីឱ្យអ្នកផ្សេង។ រួចពីនោះបងធនក៏ជាវិញរកស៊ីធម្មតា​មានប្រពន្ធមាន​កូន។

ប្រហែលជាបីឆ្នាំក្រោយមក ខ្ញុំចេញមកកំពង់សោម តែបានដំណឹង​ពីថុលមកថា ភក្តិឈឺស្លាប់នៅថៃ។ មុនស្លាប់ ភក្តិ​មមើនិយាយ​មិនដឹងអីដូចកាលពី​បងធនឈឺបេះបិទ។

នេះជាប្រលោមលោក​ដំបូងរបស់ខ្ញុំ តើអ្នកអានមានអារម្មណ៍យ៉ាងណាដែរ?

ធ្លាប់ចួបករណី​ដូចខ្ញុំចួបដែរទេ?