«សំនួរពិបាក!»
ជាលើកដំបូងយើងឃើញគាត់ឆ្លើយបែបនេះ។ អ្នកស្រី ម៉ីសន សុធារី លើកឡើងថា អ្នកខ្លះមានទស្សនៈថា អ្នកនិពន្ធដែលគេស្គាល់ច្រើន អ្នកនិពន្ធដែលលក់ដាច់ខ្លាំង អ្នកនិពន្ធមានបណ្តាញសង្គមធំ អ្នកនិពន្ធដែលសរសេរប្រឆាំង អ្នកនិពន្ធដែលមានតម្លៃខ្លួនខ្ពស់…..អ្នកនិពន្ធដែល…។
«ចំពោះខ្ញុំ ក៏ជាអ្នកនិពន្ធម្នាក់ ខ្ញុំធ្វើឱ្យងាយស្រួលក្នុងការកំណត់រកអ្នកនិពន្ធដ៏អស្ចារ្យម្នាក់ដែរគឺ សៀវភៅគាត់អានជក់! ចប់ប៉ុណ្ណឹង!»អ្នកស្រីឆ្លើយទាំងសើចសប្បាយផង។
អ្នកស្រី ម៉ីសនសុធារី តែងតែចំណាយពេលមួយម៉ោងរៀងរាល់ខែឆ្លើយរាល់សំណួររបស់អ្នកនិពន្ធជំនាន់ថ្មី និងមិត្តអ្នកអានជុំវិញអាជីពតែងនិពន្ធ និងបច្ចេកទេសថ្មីៗក្នុងការតាក់តែងបែបស៊ើបអង្កេត ភ័យរន្ធត់ និងមនោសញ្ចេតនា។
អ្នកស្រី ម៉ីសន សុធារី បញ្ជាក់បន្ថែមទៀតថា ៖ «មានអ្នកខ្លះសួរខ្ញុំស្រដៀងហ្នឹង! សៀវភៅអានមួយដ៏មានគុណភាពសំដៅលើអី្វ? ខ្ញុំដឹងថាគេចង់សំដៅ ក្រប សន្លឹក កូដ ឌីសាញ Creative តែខ្ញុំឆ្លើយប្រាប់ខ្លួនខ្ញុំខ្លីថា វត្ថុគ្រប់យ៉ាងត្រូវធ្វើការងាររបស់វា សៀវភៅអានគឺដើម្បីអាន នេះជាមុខងាររបស់វា ចុះបើវាធ្វើមុខងារមិនបានល្អ គឺគេជាវហើយ ខូចចិត្ត អានមិនកើត អានមិនជក់ យកទៅឱប ទៅតាំង ទៅថត ដូចជា ខុសមុខងាររបស់វា! »។
ម្ចាស់រឿងស្រទន់មន្តស្នេហ៍បានពន្យល់ឡើងដែរថា មានអ្នកនិពន្ធថ្មី ក្មេងៗ អ្នកស្រីជាវសៀវភៅគាត់ទៅអាន អានជក់ អ្នកស្រីទុកថា ជាអ្នកនិពន្ធល្អ។
«កុំគិតថា យើងល្បីមិនល្បីនៅថ្ងៃនេះ ចាំពាក្យខ្ញុំថា សៀវភៅមានតួនាទីរបស់វា ភាពល្បីមានវិធីច្រើនដើម្បីល្បី តែសៀវភៅល្អមានតែវិធីមួយគត់គឺ សរសេរឱ្យគេអានដល់ចប់!»
ដើម្បីឱ្យគេអានសាច់រឿងរបស់យើងដល់ចប់ អាចមានវិធីខ្លះៗតាមពិសោធន៍ខ្ញុំដូចជា ៖ យកចិត្តទុកដាក់ពង្រឹងវិធីសាស្ត្រសរសេរពិស្តារ-លម្អិត។ កុំរំលងឈុតឆាកលំបាកៗ ដូចជា សកម្មភាពក្លៀវក្លា ឱ្យសមទំនង កុំគេចឈុតនេះ សរសេរតែឈុតងាយៗ ។ ទីពីរ សង្កេតការណ៍ ចំណាំសន្ទនាសម័យកាលថ្មី និងកែលម្អទៅតាមចរិតតួអង្គ យកចិត្តទុកដាក់ចំពោះការដំឡើងរចនាសម្ព័នរឿង ត្រូវមានឈ្នាប់មានចំណុចប្រទាក់ និងហេតុផលអម ហេតុផលកំពូល។ ទីបី កុំរឹងទទឹង។ កុំគិតថា សរសេរដើម្បីសរសេរ បើសរសេរអត់មានអ្នកអាន យើងនឹងក្លាយជាសៀវភៅតាំង។ បួន វាយតម្លៃការងាររបស់ខ្លួនឡើងវិញជានិច្ច មិនថាកិច្ចការនោះតូចធំប៉ុណ្ណាទេ ធ្វើការឥតឈប់ឈរដើម្បីឱ្យបានប្រសើរឡើងតាមរយៈវិន័យតឹងរ៉ឹងនិងគោរពអ្នកអានរបស់យើង កុំគិតថាគេល្ងង់ជាងយើង។ ទីប្រាំ ប្រើវាក្យសព្ទខ្លាំង(Vocabulary)ទ្រព្យសម្បត្តិដែលអ្នកនិពន្ធដ៏ល្អម្នាក់ៗគេសន្សំ គឺការប្រើពាក្យដែលអាចបង្កើតអារម្មណ៍ ពាក្យស៊ីអារម្មណ៍ ចូលដល់បេះដូង ជំនាញនេះជួយទាញឬ រក្សាចំណាប់អារម្មណ៍របស់អ្នកអាន ជក់ចិត្ត បំភ្លេចមិនបាន ឈានដល់ទន្ទេញយកទៅប្រើ។ ចុងក្រោយ មានចរិតបើកចំហ ទទួលស្គាល់ថាគ្រប់គ្នាមានចំណុចខ្សោយ ទទួលយកការកែសម្រួល និងការផ្ដល់យោបល់ពីខាងក្រៅ និងអភិវឌ្ឍខ្លួនឯងមិនឈប់ឈរ។
លីណា
តើមនុស្សដែលបងអ្នកនិពន្ធគោរពមានចរិតបែបណា? ចុចអានចម្លើយ