រឿង៖ យូរយ៉ាងណានៅតែស្រលាញ់អូន

ខ្ញុំយកលេសបដិសេធគេដោយលើកហេតុផលថា នៅក្មេង ជាសិស្សវិទ្យាល័យមិនគួរមានស្នេហា ទាំងដែលការពិតខ្ញុំកំពុងលង់ស្រលាញ់មនុស្សប្រុសម្នាក់ផ្សេង ទើបខ្ញុំខឹងគេដែលមកសារភាព ហើយស្អប់លែងនិយាយរក មិនសូម្បីតែនៅក្បែរបើទោះជាសិស្សនៅថ្នាក់ជាមួយគ្នា។

កាលនោះគឺឆ្នាំ២០១៣ ខ្ញុំទើបចាប់ផ្តើមប្រើFacebookលើកដំបូងហើយគេក៏ជាមនុស្សទី១ដែលគួរឱ្យស្អប់ឈែតមកសួរខ្ញុំ។ ខ្ញុំអាន់ហ្វ្រេនគេ ខ្ញុំលុបសារចោលជាច្រើនដង ព្រោះមិនដឹងធ្វើម៉េចកុំឱ្យគេមករញ៉េរញ៉ៃ ហើយឈែតសួរចុះឡើងទេ កាលនោះមិនទាន់ចេះប្លុក បានតែលុបហើយលុបទៀត មិនខ្ចីមើល មិនខ្ចីឆ្លើយ។

ខ្ញុំស្អប់គេដល់ឆ្អឹងកាលហ្នុង ព្រោះគេជាក្មេងប្រុសចូលចិត្តតែរឿងដើរលេង មិនខំរៀនសូត្រ ជាសិស្សបាតតារាង ឯមនុស្សប្រុសដែលខ្ញុំកំពុងលង់ស្រលាញ់ គេទាំងពូកែ ទាំងសុភាពបុរស និងខំប្រឹងក្នុងការរៀនសូត្រ។

មកពីស្អប់គេពេក ទើបឡើងថ្នាក់ទី១២ខ្ញុំខំប្រលងយកពិន្ទុល្អជាងនេះបានថ្នាក់មុខ លំដាប់ C D ព្រោះគេគ្មានសមត្ថភាពនឹងបានមកតាមខ្ញុំទេ គេជាសិស្សរៀនខ្សោយ គឺត្រូវនៅថ្នាក់ចុងប៉ូច H I J K អីអស់ហ្នឹង ធ្វើយ៉ាងណាត្រូវកុំឱ្យចួប បើទោះសាលាតែមួយក៏ដោយ។

ហើយខ្ញុំក៏គេចពីគេបានមែន ខ្ញុំរៀនថ្នាក់ D គេនៅថ្នាក់ I ដដែល។

វាជារឿងធម្មតារវាងមនោសញ្ចេតនាស្នេហាស្រីប្រុសដែលមានចរិតក្មេងខ្ចី ពេលមនុស្សម្នាក់មកសារភាព ហើយចួនពេលយើងកំពុងពេញចិត្តអ្នកផ្សេង ឬម្នាក់នោះមិនស្ថិតនៅក្នុងកម្រិតដែលយើងប្រាថ្នា គឺចៀសមិនផុតពីស្អប់ ពិបាកណាស់និងឱ្យរាប់អានគ្នាធម្មតា ធ្វើជាមិត្តភក្តិដូចគ្មានរឿងអីកើតឡើង។

ខ្ញុំមិនចង់ខ្វល់ពីអារម្មណ៍របស់គេយ៉ាងណា តែខ្ញុំគិតថាវាជាសិទ្ធដែលខ្ញុំត្រូវគេចពីគេបើមិនស្រលាញ់ ខ្ញុំស្អប់ ជារឿងដែលខ្ញុំហាមឃាត់មិនបានព្រោះមិនចង់បានគេមកក្នុងជីវិតគេមិនត្រូវស្តង់ដាខ្ញុំ។

មិត្តភក្តិខ្ញុំស្រីៗក៏ជាមិត្តស្និទ្ធជាមួយម្នាក់ប្រុសហ្នឹង ពួកគេចូលចិត្តប្រាប់ខ្ញុំពីរឿងផ្សេងៗអំពីគេដែលខ្ញុំមិនដែលចង់ដឹងឮ។

«គេស្រលាញ់ឯងស្រលាញ់មែនទែនសុជា!»

ខ្ញុំគិតថាវាគ្រាន់តែជារឿងយុវវ័យភ្លើតភ្លើនក្នុងវ័យរៀនសូត្រ បើមិនយកចិត្តទុកដាក់ មិនខ្វល់ខ្វាយក៏គ្មានខាតអ្វីដែរ អារម្មណ៍ចូលចិត្តបែបនោះមកតែពីមនុស្សចួបមុខគ្នារាល់ថ្ងៃទើបចេះតែលន្លង់លន្លោចចូលទៅក្នុងមនោសញ្ចេតនា បើតទៅ ពេលបញ្ចប់បាក់ឌុបក៏គង់នឹងដើរផ្លូវរៀងខ្លួន ហើយគេអាចនឹងចួបអ្នកផ្សេង ចូលចិត្ត ហើយក៏ស្រលាញ់មិនខុសអីពីគេប្រាប់ថាយកចិត្តទុកដាក់មកលើខ្ញុំពេលនេះដែរ។

«ពួកឯងទៅខ្វល់រឿងហ្នឹងច្រើនម្ល៉េះ? មិនគិតធ្វើម៉េចប្រលងបាក់ឌុបឱ្យជាប់ឆ្នាំនេះទេអ្ហែស? កំណែទម្រង់ថ្មី២០១៤ ត្រង់ជើងសិស្សស្តូក មិនចេះមានតែធ្លាក់ហើយ!»

ខ្ញុំស្តីឱ្យពួកម៉ាកដើម្បីបញ្ចប់ប្រធានបទពីម៉ារុណ។

ហើយតាំងពីប្តូរថ្នាក់លែងជុំគ្នាមក ខ្ញុំដូចមិនដែលបានឃើញមុខគេសោះ។

ពេលវេលាកន្លងទៅលឿនណាស់ តែមួយប៉ប្រិចភ្នែកថ្នាក់វិទ្យាល័យរបស់ពួកយើងក៏បានបញ្ចប់ ការប្រលងជូរចត់ ដោយខ្ញុំក៏មិនមែនជាសិស្សពូកែអីប៉ុន្មានទើបលើកទីមួយធ្លាក់ដូចគេដូចឯងដែរ។ សំណាងហើយដែលរាជរដ្ឋាភិបាលបើកឱកាសឱ្យសិស្សបានប្រលងលើកទីពីរបន្ទាប់ពីរៀនគួរមួយខែមក។

ពួកយើងជិះឡើងទៅខេត្តដើម្បីមើលលទ្ធផលប្រលង កាលពីលើកទី១ថ្នាក់ខ្ញុំជាប់សិស្សតែបីនាក់ទេ ខ្ញុំរៀនដាច់បាយដាច់ទឹក មកតែពីមុខវិជ្ជាគណិតខ្ញុំមិនល្អ អារម្មណ៍ខ្ញុំបែកវិលវល់ណាស់ ភ័យព្រួយបារម្ភហួសហេតុ ទើបធ្លាក់ដោយជោគជ័យ ឯលើកទីពីរនេះ ខ្ញុំខំអស់ពីលទ្ធភាពហើយ ក៏ចូលចិត្តរៀនមុខវិជ្ជាគណិត ក៏បានគ្រូគណិតលើកទឹកចិត្ត ការពិតគណិតមិនពិបាកអីណាស់ណាដូចដែលខ្ញុំគិតឡើយ ហើយខ្ញុំក៏បានជាប់ឯស៊ីថាមិត្តខ្ញុំនៅតែធ្លាក់។

ព្រោះតែមិនដឹងរៀនបន្តជំនាញអ្វី ម្យ៉ាងម្តាយស៊ីថាមិនចង់ឱ្យនាងទៅទីក្រុងឆ្ងាយភ្នែកច្រមុះគាត់ក៏ឱ្យស៊ីថារៀបការសាងគ្រួសារនៅអាយុ១៩ឆ្នាំជាមួយសង្សាររបស់នាង ហើយថ្ងៃនោះហើយ ដែលខ្ញុំបានឃើញទឹកមុខក្រៀមក្រំរបស់ម៉ារុណពេលគេសម្លឹងខ្ញុំ។

ខ្ញុំគិតថាដើរគេចមិនចួបគេ តែអ្វីមួយដែលខ្ញុំដឹងពីខ្លួនឯង អារម្មណ៍លើកនេះមិនដូចកាលនៅរៀនវិទ្យាល័យឡើយ។ ពេលនោះខ្ញុំគេចព្រោះខឹងគេដែលស្រលាញ់ខ្ញុំ តែពេលនេះ ខ្ញុំគេចព្រោះមិនដឹងថា ខ្ញុំនឹងមានអ្វីដើម្បីនិយាយជាមួយគេ ការពិត គឺខ្ញុំមិនហ៊ានប្រឈមមុខ ព្រោះចិត្តស្អប់របស់ខ្ញុំទៅលើគេលែងមានហើយ ចាប់តាំងពីខ្ញុំបានដឹងរឿងម៉ារុណនៅថ្ងៃភ្ជាប់ពាក្យស៊ីថាកាលពីខែមុន។

«សុជាដឹងទេ? ម៉ារុណក៏ប្រលងធ្លាក់ដែរ! ពេលនេះគេកំពុងខំរៀនប្រលងធ្វើប៉ូលិស!»

ខ្ញុំអង្គុយស្ងៀមបែរជាចង់ស្តាប់បន្ថែមពីអ្វីដែលស៊ីថាប្រាប់ ហើយមិនរកប្រធានបទផ្សេងមកកាត់សម្តីគេទៀត។ មកពីឃើញខ្ញុំដូចមិនចង់ហាមឃាត់ការនិយាយពាក់ព័ន្ធពីម៉ារុណបែបណាទើបស៊ីថានិយាយមកទៀត៖

«ហើយឯងដឹងទេ? ថាគេទៅធ្វើប៉ូលិសដើម្បីអ្វី?»

ខ្ញុំងាកសម្លឹងមុខស៊ីថាតែមិនតបអ្វី។ បែបគេស្រលាញ់ ឬគិតថាមិនដឹងធ្វើអ្វី គាប់ចួនគេមានសាច់ញាតិបងប្អូនខ្សែខាងហ្នឹងដែរទេដឹង ទើបចង់ធ្វើប៉ូលិសដូចបងប្អូនគេ?

តែស៊ីថាសម្លឹងមុខខ្ញុំហើយបន្តថា៖

«មកតែពីគេដឹងថាឯងហ្នឹង ចូលចិត្តមនុស្សប្រុសធ្វើទាហាន ឬប៉ូលិសហ្នឹងហើយ!»

ខ្ញុំភ្ញាក់សម្តីស៊ីថា ហើយក៏សម្គាល់ឮសូរសំឡេងបេះដូងខ្លួនឯងដែលលោតកន្រ្តាក់ខុសពេលធម្មតា។ ខ្ញុំគេចពន្លឺភ្នែកពីគេ ព្រោះមិនចង់ឱ្យស៊ីថាចាប់បានថាខ្ញុំកំពុងវិលវល់ពីអ្វីដែលនាងបានប្រាប់។

គេធ្វើដើម្បីខ្ញុំ? យ៉ាងម៉េចបាន? នៅចង់ធ្វើតាមបំណងប្រាថ្នាខ្ញុំ ទាំងដែលខ្ញុំធ្លាប់និយាយថាស្អប់គេយ៉ាងនេះ?

ស៊ីថាដូចយល់ពីខ្ញុំច្បាស់ណាស់។ មែនហើយ នាងតែម្នាក់ដែលច្បាស់ថា មនុស្សខ្ញុំតាំងពីដើមគឺចិត្តខ្លាំង មាត់រឹង តែចិត្តនិងបេះដូងការពិតគឺទន់ជ្រាយណាស់។

ខ្ញុំអាចនឹងមិនចូលចិត្តម៉ារុណព្រោះគេមិនខំរៀនសូត្រ តែខ្ញុំមិនដែលដឹងថាម៉ារុណរស់នៅក្នុងជីវភាពបែបណា ហើយរឿងដែលគេចូលចិត្តធ្វើខ្លួនគ្មានប្រយោជន៍មកពីអ្វី គេអាចជាមនុស្សប្រុសដែលមិនខំប្រឹងដើម្បីរឿងអនាគត ចុះម៉េចក៏ប្រលងបាក់ឌុបមិនជាប់ហើយនៅប្រឹងទៅរៀនប្រលងធ្វើមន្រ្តីប៉ូលិសដើម្បីខ្ញុំ?

មិត្តម្នាក់នេះវាល្មមដឹងហើយថា ពេលខ្ញុំបានដឹងពីរឿងមនុស្សប្រុសម្នាក់ដែលកំពុងព្យាយាមបំពេញបំណងប្រាថ្នាខ្ញុំ ចិត្តនិងបេះដូងខ្ញុំច្បាស់កញ្ជ្រោល បារម្ភ ហើយគិតពីគេ។

«ឯងនៅខឹងរឿងគេស្រលាញ់ឯងដល់ណាទៅសុជា? រយៈពេលដែលឯងខឹងមិននិយាយរកគេ ម៉ារុណខូចចិត្តណាស់ តែគេមិនហ៊ានរំខាន ព្រោះខ្លាចឯងកាន់តែស្អប់!»

ខ្ញុំនៅតែដូចមនុស្សដែលគ្មានអណ្តាតដើម្បីរលាស់ឆ្លើយតបទៅស៊ីថា។

«ព្រោះតែគេបានស្តាប់ឮពីមនុស្សប្រុសក្នុងក្តីស្រមៃដែលយើងធ្លាប់និយាយគ្នាលេងកាលពីថ្នាក់ទី១១ ទើបម៉ារុណមកសួរយើងបញ្ចាក់ ថាឯងពិតជាស្រលាញ់បុរសពាក់ ឯកសណ្ឋានប៉ូលិស ឬទាហានមែនអី? យើងថាបើមែនវាយ៉ាងម៉េច? ព្រោះឯងមិនចូលចិត្តមនុស្សប្រុសខ្ជិលរៀននោះទេ!»

ពេលនោះទើបខ្ញុំបានដឹងរឿងច្រើនរបស់ម៉ារុណពីស៊ីថា។

ជីវភាពគេមិនធូរធាទេ ម៉ារុណជាក្មេងប្រុសដែលមានតួនាទីចិញ្ចឹមប្អូនស្រីពីរនាក់ក្នុងបន្ទុក។ កាលពីថ្នាក់ទី១១ គេឆ្លៀតដើររកការងារធ្វើសព្វគ្រប់ដើម្បីបានប្រាក់រៀន និងជួយថ្លៃសិក្សាភាសាអង់គ្លេសរបស់ប្អូនស្រី។ ឪពុកម៉ារុណជាប៉ូលិសចរាចរណ៍ តែដោយសារម្តាយគេមានជំងឺប្រចាំកាយ ទើបប្រាក់ដែលឪពុករកបានមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារគេបាន។

បែបនេះទើបម៉ារុណចូលចិត្តសេពគប់មិត្តភក្តិអ្នកដើរលេងជាងអ្នករៀន មកពីពួកគេនោះជួយឱ្យការងារម៉ារុណធ្វើ ដូចជាដើរតាមរោងបុណ្យការ រត់តាមឡានដឹកទំនិញពីកំពង់សោមដល់ភ្នំពេញជាដើម។

បើទោះជាមិនបានរៀនជាប់លាប់ ឬគ្មានចំណូលចិត្តនឹងការរៀនសូត្រយ៉ាងណា គេមិនធ្លាប់បោះបង់ឡើយ ព្រោះម៉ារុណគិតថា បើគេរៀនមិនបានខ្ពស់ ក៏មិនអាចធ្វើមន្ត្រីប៉ូលិស ដែលជាបំណងប្រាថ្នារបស់ខ្ញុំបាន។

ស្តាប់ដល់ត្រឹមនេះ បេះដូងខ្ញុំលោតទៅគន្លងមួយដែលបញ្ជូនទៅខួរក្បាល ហើយដួងចិត្តក៏ប្រកែកថា មិនធ្លាប់ទទួលបាន។ ខ្ញុំស្រាប់តែស្រក់ទឹកភ្នែក តែក៏គេចមិនឱ្យស៊ីថាដឹង ព្រោះជិតម្ភៃឆ្នាំហើយ ជីវិតយុវ័យរបស់ខ្ញុំក៏បានឆ្លងកាត់រឿងជីវិតដែលគិតថាវាតិចតួច តែមិនធ្លាប់ចួបមិត្តភក្តិប្រុសដែលស្រលាញ់ ហើយបែបលះបង់ខំប្រឹងធ្វើតាមក្តីស្រមៃរបស់ខ្ញុំដូចគេទេ។

ហើយទាំងដែលខ្ញុំធ្លាប់ស្អប់គេដល់ឆ្អឹងពេលដឹងថាគេស្រលាញ់?

ស្តង់ដារគេមិនត្រូវចិត្តខ្ញុំ គេដូចតែមិត្តភក្តិប្រុសដទៃដែលបានស្គាល់ តែគេពិសេសជាងគេដែលបានគិតគូរពីអនាគត ខ្វល់ខ្វាយពីខ្ញុំ ចេះគិតពីអារម្មណ៍ និងនៅតែស្រលាញ់ បើដឹងថាខ្ញុំមិនព្រម។

ហើយគេក៏បានប្រែបេះដូងខឹងស្អប់របស់ខ្ញុំ តែអំឡុងពេលនោះ ជីវិតនិស្សិតក៏បានចូលមកដល់ ខ្ញុំគ្មានគិតអ្វីបន្ថែមលើសនេះព្រោះត្រូវបន្តការសិក្សានៅសាកលវិទ្យាល័យ។

ជីវិតប្រកួតប្រជែងក្នុងឈ្មោះនិស្សិតរិតតែធ្វើឱ្យខ្ញុំចាកឆ្ងាយពីរឿងស្នេហា។

ដ្បិតបានដឹងថាម៉ារុណធ្វើយ៉ាងណាខ្លះដើម្បីខ្ញុំពីមាត់ស៊ីថា តែតាំងពីបែកគ្នាថ្នាក់ទី១១ខ្ញុំនិងគេមិនធ្លាប់និយាយរកគ្នាទៀតឡើយ បើទោះធ្លាប់ចួបមុខគ្នាម្តងនៅថ្ងៃការស៊ីថា ក៏បានត្រឹមសម្លឹងមុខគ្នា ក៏ដើរផ្លូវរៀងខ្លួន។ ហើយវាកាន់តែឆ្ងាយ ព្រោះខ្ញុំនៅតែរឹងរុស មិនព្រមផ្ញើសារសួរសុខទុក្ខ ឬខលរកគេមុនដាច់ខាត។

វាជាចរិតធម្មជាតិរបស់ខ្ញុំតាំងពីដើម។

ខ្ញុំទទួលស្គាល់ថារំភើបពីចិត្តស្មោះត្រង់របស់គេ តែខ្ញុំមិនដឹងចាប់ផ្តើមវាពីចំណុចណាទេ ខ្ញុំស្ងប់ស្ងាត់ហួសពេក ខ្ញុំជាមនុស្សស្រីម្នាក់ដែលពិបាកផ្តើមក្នុងរឿងស្នេហា ហើយនៅតែអត់សង្សារបើគ្មានប្រុសណាហ៊ានមកញ៉ែខ្ញុំមុន ហើយព្រោះស្មានថាខ្ញុំនៅខឹង ទើបម៉ារុណស្ងាត់ដាក់ខ្ញុំរហូតមក។

នៅសាកលវិទ្យាល័យខ្ញុំទម្លាប់ខ្លួនជាមួយការងារនិងការរៀនសូត្រ កាន់តែឆ្ងាយពីរឿងមនោសញ្ចេតនា មិនស្មានថាឆ្នាំបញ្ចប់ ខ្ញុំទទួលដំណឹងពីមង្គលការរបស់ម៉ារុណ។

ខ្ញុំមិនដឹងថាបេះដូងនិងខួរក្បាលដើរស្របគ្នាឬអត់ទេ ដែលខ្ញុំមិនឈឺចាប់ មិនស្តាយក្រោយ ហើយសប្បាយចិត្តដែលម៉ារុណអាចបំភ្លេចខ្ញុំ និងរកបានសុភមង្គលមួយក្នុងជីវិត។

ការសម្រេចចិត្តរបស់ម៉ារុណដែលព្រមរៀបការជាមួយភរិយាតាមការផ្សំផ្គុំឪពុកម្តាយ គឺមកពីខ្ញុំនៅតែគ្មានប្រតិកម្មអ្វីក្រោយពេលដឹងរឿងដែលម៉ារុណខំប្រឹងលះបង់ដើម្បីខ្ញុំ។

«ប្រហែលរឿងបេះដូងនេះបង្ខំមិនបានទេស៊ីថា យ៉ាងណាក៏ច្បាស់ដែរ សុជាមិនដែលស្រលាញ់ខ្ញុំទេ!»

«ឯងមានធ្លាប់ឈែតទៅសួរគេបញ្ជាក់ទេម៉ារុណ?»

«ធ្លាប់! តែគេមិនមើល ហើយក៏មិនតបដែរ!»

«ហើយឯងគិតបែបណាទៀត?»

«ប្រលងជាប់ប៉ូលិស ប៉ាឱ្យខ្ញុំរៀបការជាមួយគេម្នាក់ហើយ!»

ស៊ីថាបានForward ពាក្យសន្ទនាទាំងនេះមកខ្ញុំ។ ខ្ញុំក៏បានទៅឆែកប្រអប់សារដែលបាន Request ព្រោះយើងមិនមែនជា Friend គ្នាក្នុងហ្វេសបុក។ ខ្ញុំក៏បានឃើញអត្ថន័យសាររបស់គេ។

«ខ្ញុំដឹងថាសុជាមិននិយាយរកខ្ញុំ ព្រោះមកពីដឹងថាខ្ញុំស្រលាញ់! សុំទោសដែលធ្វើឱ្យសុជាអារម្មណ៍មិនល្អព្រោះខ្ញុំ! ខ្ញុំគ្មានគំនិតអាក្រក់ទេសុជា ក៏មិនដែលគិតចង់បង្ខំសុជារឿងនេះដែរ! បើយើងមិនអាចជាមនុស្សរួមខ្សែនិស្ស័យ ត្រឹមជាមិត្តនឹងគ្នាបានទេ? ខ្ញុំនៅតែគិតថា​ សុជាជាមិត្តម្នាក់ដូចពីមុន អាចនិយាយលេងសើចជាមួយគ្នាដូចកាលពីថ្នាក់ទី១១បានទេ?»

គេផ្ញើសារនេះតាំងពី២០១៥ គឺនៅយប់ថ្ងៃដែលស៊ីថារៀបការ។

ខ្ញុំក៏ព្រម accept friend request របស់គេ ហើយតបជាមួយស្ទីកឃើរសើច។

គេប្រហែលដឹងថាខ្ញុំលែងខឹង លែងស្អប់ គិតថាគេប្រហែលគ្មានឱកាសតាមស្រលាញ់ទៀតទេ ព្រោះគេមានប្រពន្ធហើយ ទើបហ៊ានឈែតមកនិយាយលេងសើចយូរៗម្តង ហើយខ្ញុំក៏បានតបគេដូចមិត្តទូទៅ។

អារម្មណ៍របស់ខ្ញុំនៅតែធម្មតា ខ្ញុំប្រហែលជាមនុស្សគ្មានមនោសញ្ចេតនាជាមួយរឿងស្នេហ៍ទៀតទេ តាំងពីថ្ងៃដែលម៉ារុណបានសម្រេចចិត្តចាកចេញ ព្រោះក្រៅពីគេ គ្មានមនុស្សប្រុសណាដែលបង្ហាញភាពច្បាស់លាស់ បង្ហាញក្តីស្រលាញ់ ដែលធ្វើឱ្យចិត្តខ្ញុំបានកក់ក្តៅពេលនឹកឃើញម្តងៗដូចគេទេ។

ខ្ញុំមិនយល់ថាមកពីខ្ញុំនិងម៉ារុណជាមនុស្សដែលគ្មាននិស្ស័យស្មេហ៍ជាមួយគ្នា ឬក៏មកពីចរិតរឹងរុសរបស់ខ្ញុំ?

ហើយបែរជាខ្ញុំនៅតែបណ្តោយឱ្យគេទៅបាន។

ក៏មានថ្ងៃមួយ ពួកយើងជាមិត្តចាស់វិទ្យាល័យត្រូវចូលរួមពិធីរៀបការរបស់ផាន់នៅកំពង់ចាម។ ខ្ញុំគិតសុំដោយសារឡានស៊ីថាទៅជាមួយ ព្រោះមិនអាចជិះម៉ូតូម្នាក់ឯង។

ខ្ញុំរៀបចំខ្លួនអង្គុយចាំស៊ីថា តែមិនស្មានថាអ្នកដែលមកទទួលខ្ញុំគឺម៉ារុណ។

គេមកម្នាក់ឯង ទើបធ្វើឱ្យខ្ញុំទីទើរមិនហ៊ានចង់ឡើងឡានជិះជាមួយគេ បើមានប្រពន្ធគេមកជាមួយ ខ្ញុំមិនបាច់ត្រូវតឹងតែងចិត្ត គិតពិចារណាច្រើនដូចពេលនេះ។

ម៉ារុណចុះពីឡានដើរមកញញិមដាក់ខ្ញុំ៖

«ទៅឥឡូវ ឬយើងនៅចាំអ្នកណាទៀត?»

«ពួកគេទៅអស់ហើយមែន?»

«បាទ! ស៊ីថាប្រាប់ថាឡានគេពេញហើយ ទើបឱ្យខ្ញុំមកទទួលសុជា!»

ខ្ញុំគិតខឹងស៊ីថាភ្លាម នេះមិនមែនជាចេតនាគេដែលចង់ឱ្យខ្ញុំជិះឡានជាមួយម៉ារុណទេ? មិត្តម្នាក់នេះធ្វើអីឆ្កួត គេពេលនេះមិនមែនកំលោះ ដែលខ្ញុំអាចនឹងពិចារណា ឬស្និទ្ធិស្នាលជាមួយដូចកាលពីមុនទៀតឡើយ។

តែខ្ញុំប្រកែកមិនជិះមិនកើត។

ឡើងឡានគេ ខ្ញុំគិតបកទៅឆ្នាំ២០១៣ ដែលកាលនោះ មុនពេលម៉ារុណសារភាពប្រាប់ថាស្រលាញ់ខ្ញុំ ពួកយើងគឺដូចមិត្តរួមថ្នាក់ធម្មតា ដែលនិយាយលេងនិងគ្នា។ ម៉ារុណក៏ធ្លាប់មកផ្ទះខ្ញុំលេង ជាពិសេស គេគឺមនុស្សប្រុសដំបូងបំផុត ដែលបានមកទទួលខ្ញុំ ហើយឌុបខ្ញុំទៅជប់លៀងផ្ទះស៊ីថា។

ជាង៨ឆ្នាំហើយ ប្រុសម្នាក់ដែលខ្ញុំជិះជាមួយនៅតែជាគេ។

ខ្ញុំទប់ចង្វាក់បេះដូងដែលលោតញាប់មិនបាន តែទប់មិននិយាយរកគេសោះនៅតាមផ្លូវ។ ដ្បិតយ៉ាងនេះ ខ្ញុំនៅលួចដឹងថាគេមើលមកខ្ញុំញ៉យណាស់។

ឬប្រុសម្នាក់នេះនៅតែមានមនោសញ្ចេតនាស្នេហាជាមួយខ្ញុំដូចកាលពីមុនមិនប្រែប្រួល? ទាំងដែលគេបានរៀបការរួចមានកូនប្រុសម្នាក់ទៅហើយ?

ជិះបានមួយសន្ទុះ ម៉ារុណស្រាប់តែស៊ីញ៉ូឡានអែបគៀន។ ខ្ញុំសម្លឹងមុខគេជំនួសសំណួរព្រោះមិនសូវចង់និយាយរកគេតែម៉ារុណមិនតប គេស្រាប់តែទាញយកអាវឯកសណ្ឋានរបស់គេពីក្រោយឡានហុចឱ្យខ្ញុំ៖

«អត់មានភួយឬកន្សែងសាគួរទេ! សុជារងាដណ្តប់អាវនេះសិនទៅ!»

ខ្ញុំសម្លឹងស្លាកឈ្មោះលើឯកសណ្ឋានប៉ូលិសរបស់គេ។ ពន្លឺភ្នែកខ្ញុំ ទឹកមុខខ្ញុំដែលគាំងទ្រឹងពេលនោះពិតជាបង្ហាញពីអារម្មណ៍ខ្ញុំគ្មានចន្លោះ។ បើគេអាចយល់គេច្បាស់ដឹងថា ខ្ញុំមានមោទកភាពនិងការតស៊ូរបស់គេកម្រិតណា ហើយវាក៏បានបង្ហាញអារម្មណ៍អួលណែនភ្លាមក្នុងទ្រូងចង្អៀតរបស់ខ្ញុំ។

ឯងស្តាយគេឬសុជា? ខ្ញុំមិនជឿថាមនុស្សប្រុសបែបនេះសល់តែម៉ារុណម្នាក់ទេ។

តែខ្ញុំងាកចេញ ហើយបដិសេធមិនទទួលអាវរបស់គេ៖

«មិនអីទេ! បន្ថយម៉ាស៊ីនត្រជាក់បន្តិចបានហើយ!»

ខ្ញុំចាញ់រងា ហើយគេឃើញខ្ញុំឱបកាបូបជាប់ទើបយល់ច្បាស់ តែយ៉ាងណា​ ម៉ារុណក៏ព្រមតាមសម្តីខ្ញុំរហូតមក គេទុកអាវទៅកន្លែងដើមវិញ ហើយបន្ថយម៉ាស៊ីនត្រជាក់ឆ្លៀតសួរខ្ញុំបញ្ជាក់៖

«ប៉ុណ្ណេះបានទេ?»

ខ្ញុំងាកមុខចេញទើបឆ្លើយទៅគេ៖

«បាន!»

បើក្រោយពេលខ្ញុំបានដឹងរឿងរបស់គេ ហើយលែងស្អប់ខឹង ប្រុសម្នាក់នេះមានឱកាសនៅក្បែរខ្ញុំ ធ្វើល្អដូចពេលនេះ បើសិនគេមិនដែលបោះបង់ នៅតាមរង់ចាំមនុស្សស្រីម្នាក់ដែលគេស្រលាញ់អស់ពីចិត្ត ហើយមិនខ្វល់ពីចិត្តខឹងស្អប់របស់នាង បើគេមិនទាន់រៀបការ បើខ្ញុំព្រមឆែកមើលឈែតរបស់គេកាលពីប្រាំឆ្នាំមុន…

បើសិនមិនចប់ទេ…ស្នេហាសម្បូរដោយពាក្យ«បើសិន» គឺដូចខ្ញុំពេលនេះ ស្នេហ៍ពិតរបស់ខ្ញុំក្លាយជារបស់គេ ហើយខ្ញុំក៏ត្រូវរង់ចាំប្រុសម្នាក់ដែលដូចគេ?

នៅសុខៗគេស្រាប់តែសួរខ្ញុំ៖

«ថ្ងៃមិញម៉េចមិនតបសារ?»

ខ្ញុំងាកទៅរកគេមិនទាន់ឆ្លើយ ព្រោះអត់បានដឹងរឿងដែលគេកំពុងនិយាយទេហើយក៏ចង់ឱ្យគេសួរមកថែម៖

«ខ្ញុំឈែតសួរ សុជាទៅការផាន់ជាមួយអ្នកណា តែមិនឃើញសុជាតប!»

«អ៎! មកពីខ្ញុំរវល់ផាត់មុខទើបមិនបានមើល!»

ខ្ញុំឃើញគេញញិម ងាកមកខ្ញុំហើយក៏បែរចេញវិញ៖

«សុជាស្អាត!»

ពាក្យគេធ្វើឱ្យខ្ញុំអៀនតែក៏នៅតែមុខក្រម៉ូវ ព្រោះចង់ប្រាប់ថាខ្ញុំមិនចូលចិត្តស្តាប់បែបនេះ៖

«ខ្ញុំមិនដែលឮម៉ារុណថាខ្ញុំអាក្រក់ទេតាំងពីដើមមក!»

«ព្រោះខ្ញុំនិយាយតែការពិតទេសុជា!»

«លេងសើចច្រើនអ៊ីចឹង ប្រយ័ត្នប្រពន្ធប្រចណ្ឌទៅ!»

ប្រតិកម្មរបស់គេជាមួយពាក្យខ្ញុំគឺញញិម។

«ប្រពន្ធខ្ញុំអត់ចេះប្រចណ្ឌទេ ជាពិសេសជាមួយសុជា!»

ខ្ញុំមិនសូវយល់ពីអ្វីដែលគេកំពុងនិយាយ តែខ្ញុំទទួលអារម្មណ៍ច្បាស់ណាស់ថា ម៉ារុណពិតជាមិនទាន់រម្ងាប់ចិត្តពីខ្ញុំឡើយ មិនត្រឹមតែតិចតួច តែវាហាក់នៅពេញបេះដូងគេដដែល។

«ប្រពន្ធខ្ញុំក៏ដឹងថា សុជា ជាស្នេហាដំបូងរបស់ខ្ញុំ ហើយក៏ជាមនុស្សស្រីម្នាក់ដែលខ្ញុំមិនធ្លាប់បំភ្លេចតាំងពីស្រលាញ់ដំបូងមកទល់ពេលនេះ!»

ខ្ញុំមានតែងាកមុខចេញជំនួសអារម្មណ៍ភ័យ និងឈឺចាប់។ ខ្ញុំបង្ហាញថាមិនត្រូវការស្តាប់ មិនចង់ស្តាប់ពាក្យផ្អែមល្ហែមរបស់គេក្នុងកាលៈទេសៈបែបនេះ បើទោះទាំងនេះសុទ្ធតែជាក្តីស្រមៃរបស់មនុស្សស្រីដែលពេលខ្លះ ពិតជាត្រូវការភាសាស្នេហ៍ផ្អែមល្ហែមរបស់មនុស្សប្រុសមកបបោសដូងចិត្តដែលឯកា និងហត់នឿយ។

តែមិនមែនគេទេ មិនមែនមនុស្សប្រុសម្នាក់ដែលមានឈ្មោះជាប្តីគេទេ។

ខ្ញុំសួរគេខ្សាវៗតែមិនហ៊ានប្រឈមមុខនិងគេ៖

«ម៉េចក៏ប្រាប់គេ?»

«ប្តីប្រពន្ធ មិនត្រូវមានអ្វីជាអាថ៌កំបាំងជាមួយគ្នាទេ!»

«សូម្បីតែរឿងស្នេហាអតីតកាលដែរមែន? មិនគិតថាគេអាចនិងអន់ចិត្តទេ បើនិយាយបែបហ្នឹង?»

គេនៅស្ងៀម ខ្ញុំងាកឃើញទឹកមុខគេប្រែប្រួលទៅជាមាំទាំដែលមិនមែនញញិមរំភើបដែលបានធ្វើជាថៃកុងឡានរបស់ខ្ញុំដូចប៉ុន្មាននាទីមុននេះទេ។

ឆ្លងផុតស្តុបហួសឡើងស្ពានជ្រោយចង្វារ គេសួរខ្ញុំថា៖

«ហេតុអីក៏ពេលមុនសុជា អត់ចាប់អារម្មណ៍រឿងខ្ញុំអន់ចិត្តអ៊ីចឹង?»

តាមពិតគេនៅតែចង់ស្តាប់ចម្លើយផ្ទាល់មាត់ខ្ញុំតើគិតចំពោះគេបែបណា។ ម៉ារុណដែលពីមុនស្រលាញ់ខ្ញុំបែបណា ពេលនេះនៅតែដដែល បើទោះពេលវេលាប្រែប្រួលប្តូរគេពីកំលោះ ទៅជាស្វាមីគេ ឪពុកគេ។ ហើយថ្ងៃនេះគេក៏បានសួរសំណួរមួយដែលបានលាក់ទុកអស់ជាច្រើនឆ្នាំ។

«សុជា! ធ្លាប់ស្រលាញ់ខ្ញុំអត់?»

គេដឹងច្បាស់ណាស់ ថាមិនទទួលបានចម្លើយពីខ្ញុំដាច់ខាត។ គេមិនខ្វល់ពីខ្ញុំ គិតតែពីបន្ថែមល្បឿនរថយន្តដើម្បីបន្តដំណើរទៅរោងការ។ ស្ថានភាពក្នុងឡានពេលនោះ មានតែសំឡេងចម្រៀងសោកសៅមួយបទដែលគេបានចាក់ដើម្បីបកស្រាយពីការឈឺចាប់របស់គេគ្រប់យ៉ាង ជំនួសពាក្យសម្តីដែលអាចនិយាយរ៉ាយរ៉ាប់ប្រាប់ដល់ខ្ញុំ។

មកដល់ពេលនេះ បេះដូងនិងចិត្តខ្ញុំដែលគិតដល់គេយ៉ាងណានៅតែត្រូវលាក់ទុកជាអាថ៌កំបាំង។ ខ្ញុំខ្លាច ខ្លាចខ្លួនឯងគឺជាមនុស្សម្នាក់ដែលបំបែកគ្រួសារអ្នកដទៃ ខ្ញុំស្អប់ជនទីបី ខ្ញុំខ្លាចពាក្យមួយម៉ាត់ដែលខ្ញុំបានឮដោយចៃដន់នៅថ្ងៃបង្កក់កូនស៊ីថាអាចជាការពិត៖

«ឯងទៅទទួលសុជាបានអត់ម៉ារុណ?»

ស៊ីថាសួរទៅម៉ារុណ ហើយខ្ញុំបានឮពីទូរស័ព្ទផាន់ដោយចៃដន់ ពេលផាន់ចូលបន្ទប់ទឹក៖

«មិនហ៊ានទេស៊ីថា! ខ្ញុំមិនចង់ធ្វើឱ្យសុជាកាន់តែស្អប់ខ្ញុំទេ! ដូចពេលនេះព្រោះតែវត្តមានខ្ញុំ ទើបសុជាមិនមក! សាររបស់ខ្ញុំដែលផ្ញើទៅគេតាំងពីថ្ងៃការឯង គេនៅមិនទាន់តបនៅឡើយ! »

«ម៉ារុណ! យើងសួរឯង! ​បើពេលនេះសុជាប្រាប់ថាគេក៏មានចិត្តទៅលើឯង ឯងគិតម៉េច? អ្នកណាក៏ដឹងថាឯងរៀបការទាំងបេះដូងមិនជាប់ខ្លួនដែរ»

ខ្ញុំមិនឮសំឡេងអ្វីបន្ទាប់ តែទឹកភ្នែកខ្ញុំកំពុងស្រក់ហើយរង់ចាំ។ ខ្ញុំដឹងថាផាន់មិនព្រមបិទ ព្រោះគេកំពុងចង់ឱ្យខ្ញុំស្តាប់វាដូចគ្នា ទើបគេសំងំនៅក្នុងនោះមិនចេញ។

តែមិនស្មានសំណួរគេដែលសួរទៅស៊ីថា៖

«បើយើងសុំប្រពន្ធលែងគ្នា ដើម្បីបេះដូងខ្លួនឯងវាឃោរឃៅពេកទេ?»

យប់ពិធីនោះ ហាក់សោះកក្រោះណាស់។ បើទោះយើងខំបន្លប់អារម្មណ៍ដែលកំពុងឈឺចាប់ហើយធ្វើជាញញិមសប្បាយ តែបេះដូងមនុស្សពីរនាក់ដែលអង្គុយទល់មុខគ្នាកំពុងតែស្លោកស្រពោនទៅហើយ។

ស៊ីថានិងផាន់ច្បាស់ដឹងថាមានរឿងអ្វីកើតឡើង ព្រោះកាលដែលម៉ារុណមកទទួលខ្ញុំបាន ហើយអាចមានឱកាសជិះឡានតែពីរនាក់បកស្រាយរឿងក្នុងចិត្ត គឺជាការស្នើសុំរបស់ម៉ារុណ ទើបពេលនោះខ្ញុំខឹងស៊ីថា មិនជិះឡានជាមួយម៉ារុណពេលត្រលប់មកវិញទៀតទេ។

ខ្ញុំក៏ព្យាយាមគេចពីម៉ារុណជាថ្មី ទោះធ្វើមិនដឹងមិនឮសម្តីគេនៅផ្ទះស៊ីថាអស់ជាច្រើនឆ្នាំ ខំប្រឹងបំភ្លេច តែមកច្បាស់លាស់ ហើយពិបាកដោះស្រាយបំផុតនៅយប់នោះ គេជាមនុស្សហ៊ានថាហ៊ានធ្វើ ខ្ញុំខ្លាចមានពៀរ ក៏សូម្បីសាររបស់គេក៏មិនតប។

មិនថាជីវិតស្នេហារបស់ខ្ញុំត្រូវបញ្ចប់ដោយសារមនុស្សប្រុសម្នាក់នេះ ត្រឹមមនុស្សប្រុសម្នាក់នេះក៏ដោយ ដើរបន្តដោយគ្មានស្នេហាខ្ញុំធ្វើបាន តែខ្ញុំមិនដណ្តើមគេមកវិញទេ ហើយជឿថាខ្ញុំនិងភ្លេចគេបាន ទោះយូរប៉ុនណាក៏ដោយ។

តែមិនស្មានថាថ្ងៃមួយ ខ្ញុំទទួលបានព័ត៌មានបង្រ្កាបអ្នកជួយដូរគ្រឿងញៀន ប៉ូលិសពីរនាក់ត្រូវបាត់បង់ជីវិត ហើយក្រុមបង្រ្កាបក៏មានម៉ារុណ។

ខ្ញុំស្លុត បេះដូងខ្ញុំគាំងស្ទើរតែគ្មានដង្ហើម។ ខ្ញុំប្រឹងចុចមើលមុខប៉ូលិសដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះ ខ្ញុំបន់ស្រន់សុំមិនមែនគេ ខ្ញុំទន់ដៃ ហើយក៏ទទួលបានទូរស័ព្ទលេខចម្លែកមួយដែលខ្ញុំមិនធ្លាប់ស្គាល់។

«អាឡូ! អ្នកណា?»

«សុជា!»

ខ្ញុំស្គាល់សំឡេងគេ…គេនិយាយដាច់ៗដូចកំពុងឈឺនិងថប់ដង្ហើម។ ទឹកភ្នែកខ្ញុំស្រក់ចុះហើយក៏ស្រែកយំ៖

«សុំទោស!…សុំទោសដែល…ធ្វើឱ្យសុជាខឹងម្តងហើយម្តងទៀត! ពួកយើងជាមិត្ត…ជាមិត្តដូចពីមុន…​បានអត់?»

សំឡេងរបស់គេរលត់បាត់ ជំនួសដោយសំឡេងឡានស៊ឺរ៉ែន លាន់ទ្រហឹងក្នុងត្រចៀកខ្ញុំ។ ខ្ញុំទន់ជង្គង់ធ្លាក់ទូរស័ព្ទពីក្នុងដៃ បើចង់ទ្រហោយំឱ្យធូរក៏ធ្វើមិនបាន ព្រោះទ្រូងសែនតឹងថប់បារម្ភពីគេណាស់។

ក្នុងហេតុការណ៍នោះគេត្រូវរបួសធ្ងន់ ហើយប៉ូលិសពីរនាក់ដែលពលីជីវិតគឺជាមិត្តរួមការងាររបស់គេ។

ក្នុងពេលចួបទុក្ខសឹងបាត់បង់ជីវិត មនុស្សទី១ដែលគេនឹកដល់គឺជាខ្ញុំ? គេខ្លាចខ្ញុំនៅខឹង មិនព្រមអភ័យទោសឱ្យគេ ទើបខ្ចីទូរស័ព្ទពេទ្យដើម្បីទាក់ទងមកខ្ញុំ គេខ្លាចគេទៅបាត់ហើយមិនបាននិយាយជាមួយខ្ញុំ…

តែខ្ញុំមិនទៅមើលគេទេ ខ្ញុំខ្លាចបង្ហាញបេះដូងដែលស្រលាញ់គេខ្លាំងឱ្យគេបានដឹង ហើយពេលនោះ ខ្ញុំក៏ត្រូវគេងយល់សប្តិឃើញគេដល់ទៅបីថ្ងៃ ហើយក៏ដឹងថា អ្នកដែលលួចបេះដូងគ្មានការអនុញ្ញាតពីខ្ញុំគឺជាគេ។

មនុស្សប្រុសម្នាក់នេះស្រលាញ់ខ្ញុំខ្លាំងយ៉ាងនេះ តើខ្ញុំទៅរកអ្នកណាបានដូចគេ?

តែស្នេហានោះខ្ញុំនៅតែលាក់ទុកម្នាក់ឯងជានិច្ច រហូតទៅ ព្រោះពេលនេះ គេជាស្វាមីរបស់នារីផ្សេង ជាឪពុករបស់ក្មេងប្រុសដែលមិនដឹងអីម្នាក់ ខ្ញុំមិនអាចធ្វើតាមបេះដូងខ្លួនឯង ធ្វើជាជនទីបីទេ។

បើអាច ពួកយើងឈប់ចួបគ្នា ហើយក៏មិនបាច់ធ្វើជាមិត្តដែរ ដឹងត្រឹមថា ខ្ញុំនៅតែជាមនុស្សស្រីម្នាក់ដែលខឹង​ ស្អប់លោករហូតទៅម៉ារុណ…៕

ចប់