អាលីបាបានិង​ចោរ​៤០​នាក់ (ដកស្រង់​ពី​ ១០០១​ យប់)

ចុចអាន នាងcinderala

ក្នុងចំណោមរាត្រីទាំង១០០១របស់នាង Sheherazade មានតំណាលថា កាល​ពី​យូរលង់​មក​ហើយ នារាជនគរសារាហ្វហ្សាន ​នៃ​អាណាចក្រ​ពែក្ស​ មានគ្រួសារកសិករចំណាស់ជរាម្នាក់ពោះម៉ាយ មានកូនប្រុស ​ពីរ​នាក់បង​ប្អូន​គឺខាស្ស៊ីម និង អាលី បាបា។

ដឹងថា​ខ្លួនជិតចូលមរណា កសិករបានហៅ​កូនៗមកផ្តាំថា ៖«ចូរខាស្ស៊ីមជាបង ឯងចេះរក្សាប្អូនប្រុសតាម​ជ្រោមជ្រែងគ្នា ចំណែកឯងជាប្អូន ខុសត្រូវម្តេចក្តី ចូរគោរពស្រលាញ់បង ការពារបង!»

ចំណេរកាលក្រោយ ខាស្សីមមាន​ភាពវៃឆ្លាតក៏បាន​រៀបការ​ជា​មួយ​ធីតា​​ត្រកូល​អភិជន និង​បាន​រស់​នៅ​ក្នុង​ជីវភាព​ដ៏​ស្ដុកស្ដម្ភ។ ដោយសារ​បុរស​ជា​បង​និង​បង​ថ្លៃ​ស្រី​នោះ​មា​ន​ចរិត​កំណាញ់​និង​មិន អើពើ​រក្សា​ប្អូន អាលីបាបា​រស់នៅ​ដោយ​លំបាកលំបិន​ជាមួយ​ភរិយា​កូនប្រុស​និង​សត្វ​លា​កម្សត់កម្រ​មួយ​កេរ​ពី​ឪពុក​ជាមួយ​​របរ​កាប់​អុស​បាន​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ​។

ថ្ងៃ​មួយ ពេល​ដែល​ អាលី បាបា ចូល​ទៅ​កាប់​អុស​នៅ​ក្នុង​ព្រៃ​ជ្រៅ មួយ គាត់​បាន​បន្ត​ដំណើរ​ឆ្ងាយ​ទៅៗ​ដោយសារ​គាត់​ចង់​រក​បាន​កន្លែង​ដែល​មាន​ព្រៃឈើ​ច្រើន​ជាង​សព្វ​មួយ​ដង។​ដោយ​នឿយហត់​ខ្លាំង​គាត់​លាក់លៀម​ជា​ជំនិះ​នៅ​ក្រោម​ដើមឈើ​ធំ​មួយ​ហើយ​ស្រវា​ឡើង​លើ​មែក​ឈើ​ដ៏​សាខា​នោះ​ដេក​មួយ​ស្រឡេត​យក​កម្លាំង​។

សំឡេង​អ៊ូអរ​មួយ​បាន​ដាស់​គាត់​អោយ​ភ្ញាក់ ឡើង​មមីងមមាំង​ហើយ​ពីលើ​ប្រគាប​ឈើ​​គាត់​បាន​ឃើញ​មនុស្ស​ជិះ​សេះ​មួយ​ក្រុម​ហុយ​ដី​ផ្អោង​សំដៅ​មក​។

“១០០ភាគរយពួកវាជាចោរព្រៃ!ព្រះជាម្ចាស់​សូម​ជួយ​លាក់​កំបាំង ខ្ញុំ​អោយ​គេច​ចេញ​ពី​អាសន្ន​មរណា​ក្នុង​គ្រា​នេះ​អោយ​បាន ផង!ខ្ញុំមាន​ប្រពន្ធ​និង​កូន​នៅផ្ទះ​ដែល​មិនអាច​ស្លាប់​ក្នុង​ដៃ​ពួកវា​បាន​ដាច់ខាត​!”

ដោយ​អារម្មណ៍​ភ័យ​ខ្លាច​អាលី បាបា បា​សម្ងំ​លាក់​ខ្លួន​លើ​ដើម​ឈើ​សូម្បី​ដង្ហើម​ស្ទើរ​មិន ហ៊ាន​ដក។ ក្រុម​ជិះ សេះ​បាន​បញ្ឈប់​ជំនិះ​នៅ​មុខ​ជញ្ជាំង​ភ្នំ​ក្បែរ​ទី ពួន​លាក់ខ្លួន​របស់​អ្នក​កាប់ អុស​ក្រីក្រ​​។ពួក នោះ​​មាន​គ្នា​៤០​នាក់​​ដោះ​បង្ហៀរ​សេះ ​ចង​នៅ​នឹង​ដើម​ឈើ​ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​លោត​ចុះមក​ដី​ដោយ​ស្វាហាប់​ក្នុង​​សំលៀកបំពាក់​សមសួន​ជាង​គេ​ដែល​ អាលី បាបា​ទំនង​​ថា​ជា​មេក្រុម។ម្នាក់​នោះ​មាន​ភ្នែក​ធំៗ ពុក​ចង្ការ​ក្រាស់ និង​ថ្ងាស់ខ្ពស់​ពោរពេញ​ដោយអំណាច​។គេដើរ​ជ្រែក​កូន​គុម្ពោត​ព្រៃ ទៅ​ឈរ​នៅ​ចំ​ពី​មុខ​ជញ្ជាំង​ភ្នំ​ហើយ​​និយាយ​ថា៖

 “បើក សេសាម!”

គេ​និយាយ​វា​បី​ដង​ល្មម​អោយ អាលី បាបា ចាំ​បាន​ហើយ​ជញ្ជាំង​នោះ​ក៏​របើក ខ្វាក​ចេញ​ជា​រូបរាង​ទ្វារ​ធំ​មួយ​សម្រាប់​អោយ​ពួកគេ​ចូល​ទៅ​ខាងក្នុង​បាន។អាលីបាបា​ញី​ភ្នែក​ស្ទើរ​មិន ជឿ ហើយ​គាត់​ចំហ​មាត់​ធ្លុង។រំពេ ជ​នោះ​គាត់​ប្រមូល​បាន​ស្មារតី​មកវិញ​នៅ​ចន្លោះ​ភាព​ភិតភ័យ​និង​ត្រេកអរ​ហើយ​នឹក​ឃើញ​ទន្ទេ​ពាក្យ​ថា “បើក សេសាម!” ។​

នៅ​ខាងក្រោម​ឯណេះ​ពេល​ទ្វារ​ថ្ម​របើក ក្រុម​ចោរព្រៃ​ហក់​ចុះ​ពី​សេះ​ព្រូ​ៗ​ហើយ​ដើរ​ចូល​ទៅ​ក្នុង​ដោយ​មាន​ជញ្ជូន​របស់​របរ​លើ​ខ្នង​សត្វ​ជា​សន្ធឹក​ចូល​ទៅ​ផង។ចុងក្រោយ​មេ​ក្រុម​ពួក​នោះ​ក្រឡេក​មើល​ឆ្វេង​ស្តំា​អោយ​ទុកចិត្ត​ថា​គ្មាន​គេ​ឃើញ​សកម្មភាព​ពួកវា​ទើប បែរ​មក​រក​រូង​នោះ​ហើយ​ដើរ​​ចូល​ទៅ​តាម​ក្រោយ។​ទ្វារ​ក៏​បិទ​ទៅវិញ​ក្រាក​ដោយ​ខ្លួន​វា។

“ពួក នេះ​លួច​របស់​របរ​អ្នកជំនួញ​អ្នកដំណើរ​នានា​បាន​សន្ធឹក​ហើយ​នាំគ្នា​យក​មក​លាក់​នៅ​កន្លែង​នេះ​ច្បាស់លាស់​!ក្នុង​រូង​នោះ​ប្រាកដ​ជា​មាន​ទ្រព្យសម្បាច់​របស់ ពួកវា​យ៉ាង​មហាសាល!”អ្នក​កាប់ អុស​ក្រីក្រ​គិត​ម្នាក់​ឯង​ដោយ​សរសើរ​សំណាង​ខ្លួន​ផង។

​អាលី បាបា ត្រូវ​បង្ខំ​ចិត្ត​ពួន​សម្ងំ​លើ​ដើម​ឈើ​មិន​ហ៊ាន​ចុះ​ដី​ទេ​ព្រោះ​ខ្លាច​ពួកគេ​ចេញ​មក​ជួនគ្នា​ព្រោះ​​ចាប់​ខ្លួន​សម្លាប់​បំបិទមាត់​។ ទី​បំផុត​ទ្វារ​បើក​សាជាថ្មី ហើយ​ចោរ​ទាំង​៤០​នាក់​ចេញ​មក​ក្រៅ។ ប្រធាន​ក្រុម​ដែល​ចូល​ក្រោយ​គេ​បែរជា​ចេញ​មក​មុន​គេ ហើយ​ឱ្យ​កូន​ចៅ​ចេញ​ផុត​អស់​សិន​មុន​ពេល

សូត្រ​បាលី​​បិទ​ទ្វារ​ដោយ​និយាយ​ពាក្យ​​ថា​ “បិទ សេសាម!”

ពួកគេ​ពាក់​បង្ហៀរ​សេះ​រៀងៗ​ខ្លួន រួច​ឡើង​លើ​ខ្នង​សេះ ប្រធាន​ក្រុម​នាំ​មុខ​ត្រលប់​ទៅ​​វិញ​តាម ទិស​ដែល​ពួក​គេ​​បាន​មក​មុន​នេះ។ ទាល់​តែ​ស្នូរ​ជើង​សេះ​ទៅ​ឆ្ងាយ​សន្លឹម​ហើយ​ទើប​អាលី​ បាបា​ សម្រូត​ខ្លួន​ចុះ​ពី​ដើម​ឈើ​ជ្រែក​គុម្ពោត​ព្រៃ​ សំដៅ​ទៅ​ជញ្ជាំង​ភ្នំ​​ហើយ​ស្រែក​​ថា “បើក សេសាម!”។ស្រែក​បាន​បី​ដង​តាម​បាលី​ដែល​ខ្លួន​លួច​ទន្ទេញ​ចាំ  ទ្វារ​ក៏​បើក។

អាលី បាបា ​ភ្ញាក់ផ្អើល​ដោយសារ​​ពន្លឺ​ព្រះអាទិត្យ​ចាំង​ច្បាស់ បំភ្លឺ​ពេញ រូង​នោះ​ដែល​មុន​នេះ​គាត់​គិត​ថា​អាច​នឹង​ងងឹត​ស្លុប​ត្រូវ​ការ​ចន្លុះ​បំភ្លឺ​ហើយ​គាត់​គ្មាន​អ្វី​ក្នុង​ដៃ​ទេ​។តាមពិត​នោះ​ជា​​រូង​ភ្នំ​សម្ងាត់​​​ដែល​ត្រូវ​បាន​ជីក​​ខូង​ដោយ​ដៃ​មនុស្ស​​ក្នុង​សណ្ឋាន​ជា​ទូ​ដែក​ហើយ​អោយ​​ទទួល​ពន្លឺ​ពី​រន្ធ​តាម​​ពិតាន។

ដែល​រឹតតែ​អស្ចារ្យ​នោះ គឺ​គាត់​ឃើញ​មាន​រមូរ​សំពត់​សូត្រ​ដាក់​គរ​លើ​គ្នា លើស​ហាង​ធំៗ​ក្នុង​រាជធានី​ទំាង​ពួង​ហើយ​មាស​និង​ប្រាក់​ពូន​ជា​ពំនូក ត្បូង​មាន​តម្លៃ អលង្ការី​មក​ពី​ប្រទេស​នានា​ព្រម​ទាំង​វត្ថុ មាន​តម្លៃ​ជាច្រើន​ឥតគណនា​ទៀត។

“មិនមែន​អា​ពួក​៤០នាក់នោះ​ប្លន់​បាន​របស់​ច្រើន​ដល់​ម្លឹង​ទេ!រូង​នេះ​គួរតែ​តមក​តាំងពី​ជំនាន់​ដូនតា​របស់​ពួកវា​ទើប​សម។ទោះ​យ៉ាងណា​ នេះ​ជា​វាសនា​ដែល​ព្រះ​អាឡោះ​ផ្ដល់​មក​អោយ​ខ្ញុំ!” គាត់​គិត​ដោយ​រីករាយ​ហើយ​ឈាន​ចូល​ទៅ​បន្ទាប់​មក​​ចូ​ទ្វារ​ក៏​បិទ​ពី​ក្រោយ​គាត់។

 គាត់​មើល​អ្វីៗ​ផ្សេង​ក្រៅ​ពី​មាស​ទេ​ហើយ​​​យក​ស្បោង​មាស​សម​ល្មម​​តាម​ដែល​លា​កម្សត់កម្រ​​របស់​ដែល​កំពុង​ស៊ី​ស្មៅ​នៅ​ខាង​ក្រៅ​អាច​ដឹក​រួច ។

គាត់​លី​​វា​ចេញ​ម​ក​ហើយ​ដាក់​លើ​ខ្នង​លា​ដោយ​និយាយ ថា៖

“សម្លាញ់​អើយ!នេះ​ជា​អំណោយ​របស់​ព្រះ​សម្រាប់​បញ្ចប់​ភាព​ក្រ​វេទនា​របស់​ពួក​យើង!”។

អាលីបាបា​ដ៏​ឆ្លាតវៃ​បាន​រៀប​បាច់​អុស​គ្រប​ពី​លើ​ស្បោង​មាស​ហើយ​មិន​ភ្លេច​ងាក​ក្រោយ​ស្រែក​ពាក្យ​បាលី​ថា “បិទ សេសាម!” រួច​ទើប​រលះរលាំង​ចាកចោល​ទីនោះ​​ត្រឡប់​​ទៅ​ផ្ទះ​វិញ​។

ពេល​ព្រលប់​ហើយ​ទើប​គាត់​ទៅ​ដល់​ភូមិ​ដោយ​ស្រូតរូត​បរ​សេះ​ចូល​ក្នុង​ទីធ្លា​ផ្ទះ​ដ៏​ទ្រុឌ​ទ្រោម​នោះ​ហើយ​ប្រវា​ទាញ​​បិទ​ទ្វារ​របង។ គាត់​លី​ស្បោង​មាស​ទៅ​ជួប​ប្រពន្ធ​គាត់​ បន្ទាប់​ក៏​ចាក់​រលាក់​មាស​ចេញ​មក​នៅ​ចំពោះ​មុន​នាង។ នាង​ភ្ញាក់ផ្អើល​និយាយ​មិន​ចេញ​តែ​បន្ទាប់​មក​គាត់​បាន​ប្រាប់​នាង​តាម​ដំណើរ​រឿង​រហូត​ដល់​នាង​យល់​ការណ៍​ហើយ​អាលី បាបា បង្គាប់​ប្រពន្ធ​ឱ្យ​រក្សា​អាថ៌កំបាំង​នេះ​ និង​រិះរក​វិធី​លាក់​​កប់​មាស​ទាំង​នោះភ្លាមៗ។

ដើម្បី​ដឹង​ចំនួន​មាស ពេល​អាលី បាបា​កំពុង​ជីក​រណ្ដៅ​ទៅ នាង​ភរិយា​បាន​រត់​ទៅ​ផ្ទះ​បងថ្លៃ​​រក​ខ្ចី​ជញ្ជីង​​មក​ថ្លឹង​មាស​ទាំង​នោះ។ ​ប្រពន្ធ​របស់ ខាស្ស៊ីម​ដោយសារ​ដឹង​ថា អាលី បាបា រស់​នៅ​ក្នុង​ជីវភាព​ដ៏​ក្រីក្រ បង​ថ្លៃ​ស្រី​ម្នាក់​នេះ​ក៏​កើត​មន្ទិល​ចង់​ដឹង​ថា តើ​កាល​ដែល​ពួកគេ​មក​ខ្ចី​ជញ្ជីង​នេះ​គឺ​ដើម្បី​​ថ្លឹង​គ្រាប់​ធញ្ញជាតិ​អ្វី​ទៅ។ច្នោះ នាង​មាន​កល​ក៏​ប្រើ​ល្បិច​លាប​ខ្លាញ់​ចៀម​នៅ​នឹង​បាត​ជញ្ជីង។​ ភរិយា​របស់​អាលី បាបា មក​ដល់​ផ្ទះ​ក៏​ប្រញាប់ប្រញាល់​ចាប់​មាស​ថ្លឹង។ ពេល​ដឹង​ចំនួន​ជាក់លាក់​ហើយ នាង​ក៏​យក​ជញ្ជីង​ទៅ​សង​ប្រពន្ធ​ ខាស្ស៊ីម​ វិញ​ដោយ​មិន​បាន​ចាប់​អារម្មណ៍​ពី​កម្ទេច​មាស​តូច​មួយ​ជាប់​នៅ​នឹង​បាត​ជញ្ជីង។

ស្ត្រី​អភិជន​មាន​គំនិត​មិនល្អ​ជា​​ភរិយា​របស់​ ខាស្ស៊ីម​ រសាប់រសល់​នៅ​មិន​សុខ​ដោយសារ​តែ​ដឹង​ពី​ការ​យក​ជញ្ជីង​ទៅ​ថ្លឹង​មាស​នេះ។ ពេល​ដែល​ប្ដី​មក​ដល់​ផ្ទះ​នាង​ចាប់​ទាញ​ដៃ​គាត់​មក​រអ៊ូ​ដាក់​ថា៖​”ខាស្ស៊ីម ប្អូន​ប្រុស​របស់​អ្នក​​មាន​ទ្រព្យ​ច្រើន​ជាង​អ្នក​ រហូត​ដល់​គេ​គ្មាន​កម្លាំង​រាប់វាតែ​គេ​យក​ជញ្ជីង​ទៅ​ថ្លឹង”។

ខាស្ស៊ីម ឱ្យ​ភរិយា​ខ្លួន​ពន្យល់​ពី​ហេតុផល​ នាង​ក៏​បង្ហាញ​កម្ទេច​មាស​​ជាប់​នឹង​បាត​ជញ្ជីង​ដែល​ប្រពន្ធ​របស់ អាលី បាបា បាន​ខ្ចី​ទៅ​ថ្លឹង​។

ដោយ​អំណាច​ចិត្ត​លោភ​ខាស្ស៊ីម​ ពិត​ជា​ចង់​ដឹង​ការ​ពិត​ខ្លាំង​ណាស់ ពេញ​មួយ​យប់​នោះ​គេ​ដេក​មិន​លក់​ទេ។ ព្រលឹម​ឡើង ព្រះ​អាទិត្យ​មិន​ទាន់​រះ​ផង​គេ​ក៏​ចេញ​ដំណើរ​ទៅ​ផ្ទះ​របស់​ អាលី បាបា។ ជួប​ អាលី បាបា ភ្លាម ខាស្ស៊ីម លើក​កម្ទេច​មាស​បង្ហាញ​ ហើយ​និយាយ​ថា៖

 “អាលី បាបា ឯង​ធ្វើ​ពុត​ជា​ក្រីក្រ ប៉ុន្តែ​ឯង​យក​ជញ្ជីង​មក​ថ្លឹង​មាស”។

អាលី​ បាបា គ្មាន​អ្វី​លាក់លៀម​ទេ គាត់​យល់​ថា​ខាស្សីម​ជា​បង​បង្កើត​ក៏​សារភាព​រឿងរ៉ាវ​​ទាំង​អស់​ប្រាប់​ព្រម​ទំាង​បង្ហាញ​មាស​និង​​​ចែក​​មួយ​ចំណែក​ឱ្យ​ទៅ​ ទៀត។ តែ​បាន​មាស​មួយ​ចំណែក​ហើយ ខាស្ស៊ីម នៅតែ​យល់ថា​មិន​ស្កប់​ទើប​និយាយ​លួង​ប្អូនប្រុស​ថា ៖

“ប៉ុន្តែ​បង​ត្រូវ​តែ​ដឹង​ពី​កន្លែង​យក​ទ្រព្យ​នោះ​ផង​បើ​ឯង​ពិត​ជា​ស្មោះត្រង់​និង​បង”

 តាម​ពិត​ទៅ​ អាលី បាបា មិន​ចង់​អោយ​មាន​រឿង​វែងឆ្ងាយ​ជាមួយ​ពួក​ចោរព្រៃ​ទេ​ប៉ុន្តែ​ដោយ​ខាស្សីម​ចេះ​វិធី​លួងលោម​ទើប​គាត់​ដាច់ចិត្ត​ប្រាប់​ពី​ទី​កន្លែង នោះ​ដោយ​ថែម​ទាំង​ប្រាប់​បាលី​បើក​បិទទ្វារ​រូង​ភ្នំ​ច្បាស់លាស់​ផង។​

 ខាស្ស៊ីម ចេញ​ពី​ផ្ទះ​ អាលី បាបា ទៅ​ដោយ​គិត​ក្នុង​ចិត្ត​ថា នឹង​ក្លាយ​ជា​អ្នកមាន​បំផុត​លើ​លោក​នេះ​តាមរយៈ​សំណាង​ដែល​មាន​ក្នុង​ដៃ​ម្ល៉ោះ​ហើយ​​ព្រឹក​ព្រលឹម​ស្រាង​ៗ​សឹង​មិនទាន់​ បុរស​នេះ​​រៀបចំ​សេះ​ដប់​ក្បាល​ចេញ​ដំណើរ​ទៅ​។ មិន​យូរ​ប៉ុន្មាន​គាត់​បាន​រក​កន្លែង​ និង​រូង​ភ្នំ​​នោះ​ឃើញ​មែន។ 

ខាស្ស៊ីម និយាយ​ទៅ​កាន់​ជញ្ជាំង​ថ្ម​៣​ដង​​ថា “បើក សេសាម!” ។ទ្វារ​បើក​ និង​បិទ​​ទៅ​វិញ​ពេល​គាត់​ចូល​ទៅ​ក្នុង​ផុត។ ​មាស​ប្រាក់​​​ កែវ​កង បទុម​សូរ្យកាន្ត ទាំង​ឡាយ​នៅ​ទីនោះ​បាន​ធ្វើ​អោយ​ចិត្ត​លោភលន់​ហួស ពន់​ប្រមាណ​របស់​គាត់​គ្រប​បិទបាំង​លើ​សតិបញ្ញា​គាត់​អស់​រលីង។

​គាត់​នៅ​ឈរ​សម្លឹង​ភ្លឹក​យូរ​ណាស់​ទម្រាំ​ដឹង​ថា​ត្រូវ​យក​មួយ​ណា​ចោល​មួយ​ណា​ព្រោះ​ចិត្ត​គាត់​ចង់បាន​ទំាំង​អស់​តែ​ម្ដង។

ខាស្សីម​​ប្រញាប់ប្រញាល់​ប្រមូល​ទ្រព្យ​ទាំង​នោះ​យ៉ាងច្រើនណាស់​ព្រោះ​គាត់​មាន​សេះ ជាច្រើន​ចាំ​នៅ​ខាងក្រៅ​សម្រាប់​ដឹក​ទៅ​ផ្ទះ។​ទីបំផុត​គាត់​​​រៀបចំ​រួចរាល់​របស់​របរ​ដាក់​លើ​សេះ​បន្តបន្ទាប់​រហូត​ដល់​ស្បោង​ចុងក្រោយ​ដើម្បី​ចេញ​ដំណើរ​គាត់​ស្រាប់​តែ​​រក​នឹក​​ពាក្យ​ដើម្បី​បើក​ទ្វារ​ចេញ​​មិន​ឃើញ​គឺ​ភ្លេច​សូន្យ​ឈឹង​ដោយសារ​ការ​អន្ទះអន្ទែង​និង​កោលាហល​របស់​គាត់​ពេញ​មួយ​ថ្ងៃ​ចំពោះ​​ទ្រព្យ​មរតក​ពី​ក្រុម​ចោរ​ព្រៃ។

គាត់​មិន​និយាយ​ថា បើក​ សេសាម! បែរ​ជា​ទៅ​និយាយ​ថា បើក បាលី! គាត់​ព្យាយាម​និយាយ​ឈ្មោះ​គ្រាប់​ធញ្ញជាតិ​ជា​ច្រើន លើក​លែង​តែ​ឈ្មោះ​ដែល​ត្រូវ​មួយ​នោះ​ចេញ ដូច្នោះ​ហើយ​ទ្វារ​នៅ​តែ​បិទ​ជិត។

ពេល​វេលា​ចេះ​តែ​កន្លងទៅ​ដោយ​ទុក​អោយ​បុរស​នេះ​​ភ័យ​ស្លន់ស្លោ​រហូត​ដល់​ថ្នាក់​​ពាក្យ​ដែល​​ត្រូវ​ប្រើ​សម្រាប់​​បើក​ទ្វារ​នេះ​ទំាងស្រុង។

អំឡុង​ពេល​ថ្ងៃ​ត្រង់​ពួក​ចោរ​ប្លន់​បាន​ត្រលប់​មក​រូង​ភ្នំ​វិញ ហើយ​ឃើញ​សេះ​របស់​ ខាស្ស៊ីម ដើរ​ចរច្រប់​ស៊ី​ស្មៅ​ដោយ​មាន​ហិប​ប្រាក់​យ៉ាង​ធំ​នៅ​លើ​ខ្នង​ផង។ ឃើញ​បែប​នេះ​ពួក​គេ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​នាំ​គ្នា​ដក​ដាវ​រួច​សំដៅ​ទៅ​ទ្វារ​ដែល​បើក​ឡើង​បន្ទាប់​ពី​មេ​ក្រុម​និយាយ​ថា “បើក សេសាម!”

ខាស្ស៊ីម បាន​ឮ​សំឡេង​ជើង​សេះ​ដឹង​ថា​ ជីវិត​របស់​ខ្លួន​អាច​នឹង​ត្រូវ​បោះ​ចោល​នៅ​ទី​នេះ​ហើយ ដូច្នេះ​គេ​បាន​ប្រុងប្រៀប​ខ្លួន​ខណៈ​ដែល​ទ្វារ​បើក​គេ​បាន​លោត​ចេញ​មក​ក្រៅ​និង​រុញ​មេក្រុម​ចោរ​ឱ្យ​ដួល ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​គ្មាន​ប្រយោជន៍​ដែរ ពួក​ចោរ​ដែល​មាន​ដាវ​គ្រប់​ដៃ​ប្រើ​ពេល​មិន​យូរ​ទេ​ក៏​សម្លាប់​គាត់​បាន។

ពេល​ចូល​ដល់​ក្នុង​រូង​ពួក​គេ​ឃើញ​​មាសប្រាក់​រប៉ាត់រប៉ាយ​ គួរ​អោយ​សង្ស័យ។

“ហេតុអ្វី​មាន​គេ​ដឹង​អាថ៌កំបាំង​របស់​ពួក​យើង?ក្រៅ​ពី​អា ម្នាក់​នេះ​មាន​អ្នកណា​ទៀត​ដែរ​ទេ?”

នេះ​ជា​ប្រស្នា​ដែល​មេចោរ​មិន អាច​រស់​សុខ​បានទេ​បើ​គេ​រក​មិន​ឃើញ​ឫសគល់​វា​។ដូច្នេះ​គេ​បែក​គំនិត​ថា​នឹង​កាត់​សព​ខាស្សីម​ជា​បួន​កំណាត់​ចងបន្តោក​លើ​ជញ្ជាំង​ភ្នំ​នោះ​ដើម្បី​កម្លា​កុំ​អោយ​មាន​គេ​ហ៊ាន​មក​ក្បែរ។ រួច​រាល់​ពួក​គេ​ក៏​ចាកចេញ។

យប់​កាន់​តែ​ជ្រៅ ភរិយា​របស់​ ខាស្ស៊ីម កាន់​តែ​ព្រួយ​បារម្ភ​ឡើង។ទ្រាំ​មិន​បាន​នាង​ក៏​ចេញ​សំដៅ​ទៅ​ផ្ទះ​របស់​ប្អូន​ថ្លៃ​ប្រុស​ ហើយ​និយាយ​ប្រាប់​គេ​ថា​ប្ដី​របស់​ខ្លួន​បាន​ទៅ​​រូង​ភ្នំ​នោះ​តាំង​ពី​ព្រលឹម​ងងឹត​មិន​ឃើញ​មកវិញ​សោះ។ អាលី បាបា ដឹង​ថា​គ្រោះថ្នាក់​នៅ​បង្កើយ​តែ​គេ​ខំ​ប្រឹង​លួងលោម​នាង​ឱ្យ​ស្ងប់​ចិត្ត ឯ​ខ្លួន​ស្អែក​ឡើង​ភ្លាម​​ក៏​ចេញ​ទៅ​ព្រៃ​ដើម្បី​ស្វែង​រក​បងប្រុស។ វត្ថុ​ដំបូង​ដែល​ អាលី បាបា ឃើញ​គឺ​សព​បង​ប្រុស​របស់​គាត់។គាត់​ស្រែក​យំ​ហើយ​ឡើង​ស្រាយ​សព​ចុះ​មក។

សភាព​សព​ធ្វើ​អោយ​អាលីបាបា​ដឹង​ថា​គួរ​ធ្វើ​យ៉ាងណា ដូច្នោះ គាត់​ប្រមូល​សព​រៀបចំ​ដាក់​លើ​ខ្នង​សេះ​មួយ ហើយ​​មាសប្រាក់​បន្ថែម​ដាក់​លើ​ខ្នង​សេះ​ពីរ​ផ្សេង​ទៀត​បិទបាំង​ដោយ​បាច់​អុស​រួច​ទើប​ត្រលប់​ទៅ​ផ្ទះ​វិញ។ គាត់​បរ​សេះ​ពីរ​ដែល​ដឹក​មាស​ប្រាក់​ចូល​ទីធ្លា​ផ្ទះ ហើយ​មួយ​ទៀត​ដែល​ដឹក​សព​ទៅ​ផ្ទះ​របស់ ខាស្ស៊ីម។

នាង​ម៉ូជាណា ដែល​អាលី បាបា ស្គាល់​ថា​ជា​ទាសករ​ក្លាហាន និង​ឆ្លាតវៃ​របស់​បង​ខ្លួន​​បាន​រត់​មក​បើក​ទ្វារ។ ស្រាយ​របស់​ចេញ​ពី​ខ្នង​សេះ​ហើយ​អាលី បាបា និយាយ​ទៅ​កាន់​នាង​ថា “នេះ​ជា​សព​បង​យើង​​ដែល​ត្រូវ​ជា​ម្ចាស់​ដ៏​មានគុណ​របស់​នាង!គាត់​ត្រូវ​គេ​សម្លាប់ ប៉ុន្តែ​ជា​ការ​គោរព​គាត់ យើង​ត្រូវ​ការ​លាក់កំបាំង​សភាព​ស្លាប់​របស់​គាត់​ធ្វើ​ដូច​គាត់​ជា​អ្នក ស្លាប់​ដោយ​​ជំងឺ​នៅ​លើ​គ្រែ​វិញ​នាង​ត្រូវ​ធ្វើ​រឿង​នេះ​អោយ​បាន​ស្ងាត់​ល្អ​ដើម្បី​ម្ចាស់​របស់​នាង​ម៉ូជាណា “។

ភរិយា​របស់​ ខាស្ស៊ីម ឃើញ​ជោគ​វាសនា​របស់​ស្វាមី​នាង​ហើយ ក៏​យំសោក​បោក​ខ្លួន​គួរ​ឱ្យ​សង្វេគ ប៉ុន្តែ​អាលី បាបា ប្រាប់​ថា​នឹង​ទទួល​ឱ្យ​នាង​ទៅ​រស់​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ ប្រសិន​បើ​នាង​ព្រម​ស្ដាប់​តាម​គាត់​និង​ទុក​កិច្ចការ​ទាំង​ឡាយ​ទាក់ទង​នឹង​សព​របស់​ខាស្ស៊ីម ​ឱ្យ​ ម៉ូជាណា​និង​គាត់​ជា​អ្នក​ចាត់ចែង ។ស្ត្រី​​នោះ​គ្មាន​សង្ឃឹម​ក្រោយពេល​ក្លាយ​ជា​មេម៉ាយ​ក៏​យល់​ព្រម​ប្រគល់​វាសនា​អោយ​ប្អូន​ថ្លៃ​និង​ស្ដាប់​តាម​គេ​គ្រប់​ពាក្យ។

ដើម្បី​ដំណើរការ​បំភន្ត័​អ្នកផង ម៉ូជាណា បាន​រត់​ទៅ​ផ្ទះ​ឱសថ​ហើយ​ទិញ​សូន​គុលិកា (ថ្នាំ​គ្រាប់​មូល​តូចៗ)​ ខ្លះៗ។ នាង​ប្រាប់​អ្នក​លក់​ថ្នាំ​ថា “ម្ចាស់​ប្រុស​​របស់​ខ្ញុំ​បាយ​មិន​បាន​សម្រាន្ត​មិន​លក់​គ្មាន​នរណា​ដឹង​ថា គាត់​មាន​ទុក្ខ​សោក​អ្វី​ទេ”។ នាង​យក​ថ្នាំ​ទៅ​ផ្ទះ ហើយ​ស្អែក​ឡើង​នាង​ត្រលប់​មក​វិញ​ម្តង​ទៀត​ទាំង​​​យំ​អណ្ដឺតអណ្ដក ហើយ​សួរ​រក​ទិញ​ទឹក​អប​សម្រាប់​មនុស្ស​ដែល​ជិត​ស្លាប់។ ដូច្នោះ​ហើយ​ល្ងាច​ស្អែក​មក​ដល់​ពេល​ដែល​ប្រពន្ធ​របស់ ខាស្ស៊ីម និង​ម៉ូជាណា យំសោក​បោក​ខ្លួន​ដើរ​និយាយ​ប្រាប់​គេ​គ្រប់ៗ​គ្នា​ថា ខាស្ស៊ីម ស្លាប់​ហើយ​នោះ ។នៅ​ក្នុង​ភូមិ​​មិន​មាន​អ្នក​ណា​ចម្លែក​ក្នុង​ចិត្ត​ទេ​ព្រោះ​តំាំង​ពី​ម្សិលម​ក​គេ​គិត​ថា​​ថា​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ។

មួយ​ថ្ងៃ​ក្រោយ​មក ម៉ូជាណា បាន​ទៅ​រក​បាបា ម៉ាស្តាហ្វា ​ជាង​ដេរ​ស្បែក​ជើង​ចាស់​ម្នាក់​នៅ​ជិត​ទ្វារ​ក្រុង​ដែល​បើក​តូប​តាំង​ពី​ព្រលឹម ដោយ​​ហុច​មាស​មួយ​ដុំ​ឱ្យ​ទៅ​គាត់​ហើយ​ប្រាប់​គាត់​ឱ្យ​យក​ម្ជុល​និង​អំបោះ​ទៅ​តាម​នាង។  ​នាង​បាន​រុំ​ភ្នែក​គាត់​​នឹង​កន្សែង​ជូត​ដៃ​ហើយ​​នាំ​ជាង​ទៅ​ដល់​បន្ទប់​ដាក់​សាកសព​ក្នុង​ផ្ទះ​ទើប​​ទាញ​សំពត់​រុំ​សព​ចេញ ហើយ​បង្គាប់​ឱ្យ​គាត់​ដេរ​សព​៤​កំណាត់​នោះ​ភ្ជាប់​គ្នា រួច​រាល់​ហើយ​នាងក៏​រុំ​ភ្នែក​គាត់​វិញ​ហើយ​ក៏​​នាំ​គាត់​ចាកចេញ។ ក្រោយ​​មក​ពួក​គេ​ក៏​បញ្ចុះ​សព​​ខាស្ស៊ីម ហើយ​ម៉ូជាណា ជា​ទាសករ​រ​បាន​ទៅ​តាម​សព​ដល់​កន្លែង​បញ្ចុះ​សព​ដោយ​យំ​បោច​សក់​​ខ្លួន​ឯក​អណ្ដឺតអណ្ដក ចំណែក​ឯ​ប្រពន្ធ​របស់​គាត់​នៅ​ផ្ទះ​បន្លឺ​សំឡេង​ខ្សឹកខ្សួល​ដូច​អ្នក​មាន​ទុក្ខ​សោក​ដែរ។

ថ្ងៃ​ស្អែក​នាង​ប្រគល់​តូប​លក់​ឥវ៉ាន់​របស់​ខាស្ស៊ីម ​ឱ្យ​ទៅ​កូន​ប្រុស​ច្បង​រួច​ក៏​ចាកចេញ​ទៅ​រស់​នៅ​ជា​មួយ អាលី បាបា។

ចោរ​ទាំង​៤០​នាក់​ពេល​ត្រលប់​ទៅ​រូង​ភ្នំ​វិញមិនឃើញសព រឹត​តែ​ក្ដៅ​ក្រហាយ​ដោយសារ​សាក​សព​ក៏​បាត់​ ស្បោង​មាស​ប្រាក់​មួយ​ចំនួន​ក៏​បង់បន្ថែម។ មេ​ក្រុម​បាន​និយាយ​ទៅ​កូន​ចៅ​ថា៖

“ពេលនេះ​ មាន​មនុស្ស​ដឹង​ពី​អាថ៌កំបាំង​របស់​ពួក​យើង​ហើយ! បើ​មិន​អាច​ស្វែង​រក​អ្នក​ដែល​ដឹង​អាថ៌កំបាំង​នោះ​ទេ ទ្រព្យសម្បត្តិ​របស់​ពួកគេ​​នឹង​នៅ​តែ​បន្ត​បាត់​បង់ ដូច្នេះ​ត្រូវ​តែ​តាម​រក​ពួកវា​នោះ​ដល់​ឫសគល់”។

មេក្រុម​បាន​បញ្ជា​ទៅ​ចោរ​​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​ថា៖

“ចូរ​ឯង​​ចូល​ក្រុង​​ដោយ​ស្លៀកពាក់​ក្លែង​ជា​​អ្នក​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​ហើយ​ស៊ើប​ឱ្យ​ដឹង​​ពី​ការ​និយាយ​ត​គ្នា​​រឿង​មនុស្ស​ដែល​ត្រូវ​គេ​​សម្លាប់​ដោយ​កាប់​ជា​បួន​កំណាត់​នោះ​។ត្រូវ​ធ្វើ​កុំ​អោយ​​បរាជ័យ​ពុំនោះ​​ដូច​ធ្វើ​អោយ​វា​ដឹង​ខ្លួន ។បើ​បរាជ័យ​នឹង​ត្រូវ​បាត់បង់​ជីវិត ។”

ចោរ​ម្នាក់​នោះ​​ស្ដាប់​ច្បាស់លាស់​ក៏​ផ្តើម​បាន​បន្លំ​ខ្លួន​ចូល​ក្រុង​ពេល​ថ្ងៃ​ទើប​នឹង​រះ។​​ក៏​​បាន​ទៅ​ដល់​ក្បែរ​ទ្វារ​ក្រុង​ជួន​ជា​ឃើញ​ជាង​ដេរ​ចំណាស់ បាបា ម៉ាស្តាហ្វា ។ចោរ​ក្លែង​ជា​ទៅ​និយាយ​រាក់ទាក់​គាត់​លេង​នឹង​ស៊ើប​ដំណឹង​ថា​​មាន​អ្នកណា​ស្លាប់​អត់ ដោយ​ចាប់ផ្ដើម​ជាមួយ​ប្រយោគ​ថា​​​ “ម្នាល​ជន​ដ៏​​បរិសុទ្ធ​និង​ព្រះអើយ! អាយុ​ប៉ុណ្ណឹង​ហើយ​តើ​អ៊ុំ​នៅ​អាច​មើល​ឃើញ និង​ដេរ​​ស្បែក​ជើង​បាន​ដោយ​របៀប​ណា?”

ជាង​ដេរ​ស្បែក​ជើង​តប​ដោយ​អំនួត​ភ្លាម “​ចាស់​ចំណាស់​ខ្ញុំ​នេះ​ហើយ តែ​ភ្នែក​នៅ​ភ្លឺ​ល្អ​ណាស់! ហើយ​អ្នក​ជឿ​ខ្ញុំ​ទេ កុំ​ថា​ឡើយ​ស្បែកជើង​ស្បែក​សត្វ​សូម្បី​សព​មនុស្ស​​ភ្ជាប់​គ្នា​នៅ​ក្នុង​បន្ទប់​មិនសូវ​មាន​​ពន្លឺ​​ក៏​ខ្ញុំ​ធ្លាប់​ដេរ​ដែរ​”។

ការ​ប៉ប៉ាច់ប៉ប៉ោច​នោះ​ធ្វើអាយ​កូន​ចោរ​សប្បាយ​ហួស​នឹង​សំណាង​របស់​ខ្លួន ។គេ​ក៏​​ឱ្យ​មាស​មួយ​ដុំ​ទៅ​ជាង​ដេរ​ស្បែក​ សំណូមពរ​សុំ​ឱ្យ​គាត់​បង្ហាញ​ផ្ទះ​ដែល​គាត់​បាន​ដេរ​សព​នោះ​ផង​ព្រោះ​គេ​​ចង់​ដឹង​ប៉ុណ្ណោះ។ ដំបូង​ជាង​ដេរ​ស្បែកជើង​បដិសេធ​មិន​ព្រម​ធ្វើ​ទេ​ ដោយ​និយាយ​ថា​ គាត់​ត្រូវ​បាន​គេ​រុំ​ភ្នែក​ជិត​ពេល​ទៅ​ផ្ទះ​នោះ ប៉ុន្តែ​នៅ​ពេល​ដែល​កូន​ចោរ​ឱ្យ​មាស​គាត់​មួយ​ដុំ​ទៀត​គាត់​ចាប់​ផ្ដើម​គិត​ថា គាត់​ប្រហែល​ជា​អាច​ចាំ​បាន​ប្រសិន​បើ​គេ​រុំ​ភ្នែក​គាត់​វិញ​​ដូច​កាល​ពី​មុន។

 កូន​ចោរ​យល់ព្រម​ចងភ្នែក​បុរស​នោះ​ហើយ​អោយ​គាត់​ដើរ​ចំណាំ​ទៅ​មុន ឯ​ខ្លួន​ដើរ​ទៅ​តាម​ពី​ក្រោយ​​។ទីបំផុត​ជាង​​ដេរ​ស្បែកជើង​​បាន​ទៅ​ដល់​មុខ​ផ្ទះ​របស់​ខាស្ស៊ីម​នៅ​ពេល​យប់​ស្ងាត់​។  កូន​ចោរ​អរ​ណាស់​​វា​ចាប់​យក​​ដីស​ក្នុង​អាច​ចេញ​មក​​គូស​លើ​ទ្វារ​ផ្ទះ​របស់​ខាស្ស៊ីម​ដើម្បី​ចំណាំ​ទុក​ព្រោះ​សម័យកាល​នោះ​ផ្ទះ​អ្នកភូមិ​សឹងថា​​ដូចគ្នា​ទាំងអស់​ពិបាក​ចំណាំ​ជា​ខ្លាំង​ណា​មួយ​ពេលនេះ​យប់​ងងឹត​ទៀត។

បានសម្រេច ​ចោរ​នោះ​ក៏​​បាន​លា​ជាង​ដេរ​ស្បែកជើង​ ហើយ​ត្រលប់​ទៅ​រក​ក្រុម​វា​វិញ។  នៅ​ព្រឹក​បន្ទាប់​ម៉ូជាណា ចេញ​ក្រៅ​សំដៅ​ផ្សារ​មក​វិញ​ក៏​សង្កេត​ឃើញ​គំនូស​ចម្លែក​​ដែល​កូន​ចោរ​គូស​ ភ្លាម​ទោះ​​នាង​ដឹង​នឹង​មាន​ហេតុ​ភេទ​អ្វី​ល្អ​រឺ​មិន​ល្អ​ទាក់ទង​និង​គំនូស​នោះ​ក្តី​ក៏​នាង​រសាប់រសល់​រហូតដល់​ទៅ​យក​ដីស​ដើរ​គូស​ទ្វារ​ផ្ទះ​ទាំង​សងខាង​ប៉ុន្មាន​​ផ្ទះ​ទៀត​អោយ​ដូច​ៗ​គ្នា​ដោយ​មិន​បាន​ប្រាប់​ម្ចាស់​ប្រុស ឬ​ស្រី​​របស់​នាង​ទេ។

ចន្លោះ​ពេល​នោះ​កូន​ចោរ​បាន​ទៅ​ប្រាប់​បក្សពួក​របស់​ខ្លួន​ពី​ការ​រក​ឃើញ​នេះ។ មេ​ក្រុម​អរគុណ​គេ​ហើយ​បង្គាប់​ឱ្យ​បង្ហាញ​ផ្លូវ​ទៅ​រក​ផ្ទះ​នោះ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ពួកគេ​ឃើញ​មាន​ផ្ទះ​ប្រាំ​​ទៅ​ប្រាំ​មួយ​ដែល​មាន​ស្នាម​គំនូស​ដីស​ដូចៗ​គ្នា។ កូន​ចោរ​ស្រពិចស្រពិល​ ភាន់ភាំង​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​ថា​ម៉េច ហើយ​ពេល​ត្រលប់​ទៅ​ព្រៃ​វិញ​គេ​ត្រូវ​បាន​​មេក្រុម​កាត់​ទោស​កាត់​ក្បាល​ដោយសារ​តែ​បរាជ័យ​នេះ។

មេ​ក្រុម​បាន​បញ្ជូន​កូន​ចោរ​ទៅ​ម្នាក់​ទៀត មិន​ខុស​គ្នា​ពី​ចោរ​មុន​គេ​បាន​ទៅ​ពឹង​ជាង​ដេរ​ស្បែកជើង​ឱ្យ​ជូន​ទៅ ហើយ​បាន​គូស​ចំណាំ​ផ្ទះ​ដោយ​ដី​ក្រហម ប៉ុន្តែ​ម៉ូជាណា ឆ្លាតវៃ​ណាស់​ដូច្នោះ​ហើយ​អ្នក​នាំ​សារ​ទី​ពីរ​នោះ​ក៏​ត្រូវ​គេ​កាត់​ទោស​ឱ្យ​ស្លាប់​ដែរ។

ទី​បំផុត​មេក្រុម​សម្រេច​ចេញ​ទៅ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​គេ​ឆ្លាត​ជាង​កូន​ក្រុម គេ​មិន​គូស​ចំណាំ​ទេ ផ្ទុយ​ទៅ​វិញ​គេ​ទៅ​មើល​ឱ្យ​កៀក​និង​ផ្ចិតផ្ចង់​សព្វគ្រប់​ដើម្បី​កុំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ហើយ​ថែម​ទាំង​ចេញ​ទីផ្សារ​ស៊ើបដំណឹង​ពី​ម្ចាស់​ផ្ទះ នោះ​គ្រប់សព្វ​រហូត​ដល់​ច្បាស់​ក្នុង​ចិត្ត​ថា​ម្នាក់​នោះ​ពិត​ហើយ​ដែល​មានបាន​ដោយសារ​របស់របរ​ក្នុង​រូងភ្នំ​នៃ​ដូនតា​ចោរ​ច្រើន​ជំនាន់​របស់​ខ្លួន។

គេ​​​ត្រលប់​ទៅ​ព្រៃ​វិញ ដើរ​បណ្ដើរ​គិត​បណ្ដើរ​រហូត​ដល់​រក​ឃើញ​មធ្យោបាយ​សម្ងាត់​ក៏​​បង្គាប់​ទៅ​កូន​ចៅ​ថា​ម្នាក់​ថា៖

“ចូរ​ឯង​ទៅ​ភូមិ​ក្បែរ​នោះ​ទិញ​រទេះ​​សេះ​១៩​ ហើយ​ទិញ​ក្រឡ​ស្បែក​ទទេ​៣៨ មិន​ឱ្យ​ដាក់​អ្វី​ទាំង​អស់​លើក​លែង​តែ​មួយ​ចុងក្រោយ​ទី​៣៩​ត្រូវ​ដាក់​ប្រេង​ឱ្យ​ពេញ។”

ពេល​បាន​របស់របរ​មក​ស្រេច​វា​បញ្ជា​ទៀត​ថា

​”ចូរ​ឯង​ទំាង៣៧​​កាន់​​កាំបិត​ហើយ​ចូល​លាក់​ខ្លួន​​ក្នុង​ក្រឡ​ស្បែក​ទទេ​យើង​នឹង​លាប​ប្រេង​ពី​ក្រៅ។ធ្វើ​ដូច​ជា​ ឈ្មួញ​ប្រេង!ពេល​ដល់​ផ្ទះ​វា អញ​នឹង​សុំ​វា​សំណាក់​ទីនោះ ពេល​យប់ជ្រៅ​អញ​អោយ​សញ្ញា​ពួក ឯង​ត្រូវ​ចេញ​មក​ចាត់ការ​អ្នក​ផ្ទះ​នោះ​អោយ​សូន្យ បង់”។

ដូច​បាន​គ្រោងទុក ​រទេះ​សេះ​ទាំង​១៩​បាន​ដឹក​ចោរ​​​ក្រឡ​ប្រេង​ក្លែងក្លាយ​ពីរ​ៗ​សំដៅ ចូល​ទៅ​​ដល់​ក្រុង។ មេចោរ​ដែល​ស្លៀកពាក់​របៀប​អ្នក​ជំនួញ​ប្រេង​មក​ពី​ឆ្ងាយ​បាន​ឈប់​នៅ​​មុខ​ផ្ទះ​អាលី បាបា ហើយ​គោះទ្វារ។​ពេលនោះ​​អាលី​បាបា​​កំពុង​អង្គុយ​លេង​នៅ​សួន​ស្រាប់​ក៏​ចេញ​មក​ជួប មេចោរ។ចោរឆ្លៀត​ពេល​នោះ​ធ្វើ​ទឹកមុខ​ស្លូតបូត​ហត់នឿយ​ហើយ​​និយាយ​ទៅ​កាន់​​អាលី បាបាថា៖

 “ជន​ដ៏​សប្បុរស​នៃ​ព្រះ​ជា​ម្ចាស់​អើយ!ខ្ញុំ​ដឹក​ប្រេង​មក​ពី​ឆ្ងាយ​ដើម្បី​លក់​នៅ​ផ្សារ​ថ្ងៃ​ស្អែក​នេះ ប៉ុន្តែ​ឥឡូវ​មេឃ​ងងឹត​​ទៅ​ហើយ ខ្ញុំ​មិន​ដឹង​ថា​យប់​នេះ​ត្រូវ​ទៅ​សម្រាក​នៅ​ទី​ណា​ទេ ល្គឹក​ណា​​លោក​ម្ចាស់​​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​បាន​ចូល​សម្រាក​ក្នុង​ផ្ទះ​របស់​លោក”។

ទោះ​អាលី បាបា បាន​ឃើញ​មេក្រុម​ចោរ​នេះ​នៅ​ក្នុង​ព្រៃ ក៏​គាត់​មិន​អាច​ចំណាំ​ចោរ​នេះ​បាន​ដែរ​ដោយសារ​ការ​បន្លំ​ខ្លួន​ធ្វើ​ជា​ឈ្មួញ​ប្រេង។ អាលី បាបា ស្វាគមន៍​មេ​ចោរ ហើយ​បើក​ទ្វារ​របង​ឱ្យ​រទេះ​សេះ​ចូល រួច​ដើរ​ទៅ​រក ម៉ូជាណា បញ្ជា​ឱ្យ​នាង​រៀបចំ​គ្រែ​និង​អាហារ​ពេល​ល្ងាច​លៀង​ភ្ញៀវ​ទៀត។ មុន​ចូល​ផ្ទះ​​មេក្រុម​ចោរ​​ប្រាប់​មនុស្ស​របស់​គេ​ក្នុង​ក្រឡ​ម្តង​ម្នាក់ៗ​ថា៖

​​ “ចូរ​ឯង​ត្រៀម!ពេល​យើង​គប់​ដុំ​ថ្ម​តាម​បង្អួច​បន្ទប់​ដែល​យើង​ដេក​ចេញ​មក​ក្រៅ ត្រូវ​ពួក​ឯង​នាំគ្នា​យក​កូន​កាំបិត​កាត់​បើក​ស្បែក​គម្រប​ក្រឡ​​ចេញ​មក​ក្រៅ ​ហើយ​ទៅ​ជួយ​យើង​កម្ទេច​ផ្ទះ​នេះ”។

និយាយ​រួច​រាល់​ហើយ​​មេចោរ​ក៏​ដើរ​សុភាពរាបសារ​ទៅ​រក​ម្ចាស់ផ្ទះ។អាលីបាបា​អោយ​​ម៉ូជាណា នាំ​ចោរ​​ទៅ​បន្ទប់​សម្រាក​។ពួក​ទាសករ​ចាប់ផ្ដើម​ដាក់​ឆ្នាំង​​រម្ងាស់​ស៊ុប​ឱ្យ​ម្ចាស់​ប្រុស​នាង​ទទួល​ភ្ញៀវ​គាប់ ជួន​បន្តិច​ក្រោយ​មក​ចង្កៀង​ផ្ទះ​បាយ​រលត់​ដោយសារ​អស់​ប្រេង​នាង​ក៏​នឹក​ឃើញ​ដល់​ពាង​ប្រេង​ជាច្រើន​របស់​ឈ្មួញ​នៅ​ក្នុង​របង​ផ្ទះ​ក៏​ដើរ​សំដៅ​ទៅ ទីនោះ​ម្នាក់ឯង​ដើម្បី​រក​ប្រេង​បណ្ដោះអាសន្ន។

នាង​ដើរ​ទៅ​ជិត​ក្រឡ​មួយ​ក្នុង​ចំណោម​ក្រឡ​ប្រេង​ទាំង​៣៨បម្រុង​បើក​គម្រប​ស្បែក​ស្រាប់​តែ​លឺ​ចោរ​នៅ​ខាង​ក្នុង​នោះ​​និយាយ​សួរ​ដោយ​សម្លេង​ខ្សឹបៗ​ថា “ដល់​ពេល​ចាត់ការ​ហើយ​រឺ​នៅ?”

បើ​ទាសករ​នារី​ផ្សេង​មិនមែន​ ម៉ូជាណា ទេ​នោះ​ ពេល​ទៅ​រក​ប្រេង​បែរ​ជា​ដឹង​ថា​ បុរស​នៅ​ក្នុង​នោះ​ទៅ​វិញ​ប្រាកដ​ជា​ស្រែក​ឆោឡោ​ ប៉ុន្តែ​ដោយ​ភាព​វាងវៃ​នាង​គិត​បន្ទាន់​ថា ​ម្ចាស់​ប្រុស​របស់​នាង​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ដូច្នេះ​​មធ្យោបាយ​ចាំបាច់​គឺ​ត្រូវ​កែ​ស្ថានការណ៍​ដោយ​ប្រាជ្ញា​ ។នាងប្តូរ​សម្លេង​គ្រលរ​ហើយ​ខ្សឹប​វិញ​ថា”នៅ​ទេ !”។

នាង​ទៅ​មើល​​គ្រប់​ក្រឡ​រហូត​ដល់​រក​ឃើញ​ក្រឡ​ប្រេង​ពិត។ នាង​តាំងស្មារតី​​ត្រលប់​ទៅ​អុច​ចង្កៀង​នៅ​ចង្ក្រាន​ឱ្យ​ភ្លឺ​ឡើង ហើយ​ទើប​នាង​ត្រលប់​ទៅ​ម្ដង​ទីធ្លា​នោះ​ទៀត​ហើយ​យក​ប្រេង​ពេញ​មួយ​កំសៀវ​ស្ពាន់​ធំ​មួយ​ព្រម​ទាំង​រត់​យក​ទៅ​ដាំ​លើ​ភ្លើង។ នៅ​ពេល​​ប្រេង​ពុះ​នាង​​បាន​យក​ទៅ​ចោះ​​គម្រប​ស្បែក​ចាក់​ចូល​គ្រប់​​ក្រឡ​ទាំង​អស់​ ។​ពួក​ចោរ​ដែល​ពួន​ចង្អៀត​​នៅ​ខាង​ក្នុង​ត្រូវ​រលាក​រលួយ​ស្លាប់​អស់​គ្មាន​សល់។ ពេល​ដែល​កិច្ចការ​ចប់​សព្វគ្រប់​ហើយ​នាង​ត្រលប់​ទៅ​ផ្ទះ​បាយ​វិញ ពន្លត់​ចង្កៀង​ចាំ​មើល​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង។

មួយ​ស្របក់​ក្រោយ​មក​មេក្រុម​ចោរ​ដឹង​ខ្លួន ហើយ​ក្រោក​ទៅ​បើក​បង្អួច។ ដោយសារ​ឃើញ​សភាព​ស្ងៀមស្ងាត់​ គេ​បាន​គប់​គ្រាប់​គ្រួស​សំដៅ​ក្រឡ រួច​ចាំ​ស្ដាប់​ ពេល​ដែល​គ្មាន​នរណា​ម្នាក់​ចេញ​មក​ មេក្រុម​មួម៉ៅ​ក៏​ដើរ​ចូល​ទៅ​ក្នុង​ទីធ្លា។ ទៅ​ដល់​ក្រឡ​ទី​មួយ​ក៏​និយាយ​ថា “អា​ចោល​ម្សៀតឯង​ដេក​លក់?”។ គេ​ធំ​ក្លិន​ប្រេង​ក្ដៅ​ក៏​សង្ស័យ​បើក​គ្រប​មើល ទើប​​ដឹង​ថា​គម្រោង​ការ​សម្លាប់​អាលី បាបា របស់​គេ​ត្រូវ​បែក​ការ​ហើយ។

កូនចៅ​ខ្លួន​​បាន​ស្លាប់​អស់​ហើយ និង​បាត់​ប្រេង​អស់​ពី​ក្រឡ​ចុង​ក្រោយ​ ផង។មេចោរ​​គ្មាន​មធ្យោបាយ​​ក្រៅ​ពី​​រត់​គេច​ខ្លួន​ដោយ​ឡើង​ផ្លោះ​របង​ជា​ច្រើន​ដំណាក់​។ ម៉ូជាណា បាន​ឮ​និង​ឃើញ​រឿង​ទាំង​នេះ​នាង​ រីករាយ​នឹង​ជោគជ័យ​របស់​ខ្លួន​នឹង​ចូល​ដេក​បាត់​ទៅ។

ថ្ងៃ​រះ​ហើយ​អាលី​ បាបា ក្រោក​ពី​ដេក​ឃើញ​ក្រឡ​ប្រេង​នៅ​ទី​ធ្លា​នៅ​ឡើយ​ក៏​ឆ្ងល់​​ថា​ហេតុ​អ្វី​ឈ្មួញ​នោះ​មិន​ទាន់​បរ​សេះ​ចេញ​ទៅ​ទៀត។ ម៉ូជាណា​ក៏​នាំ​ម្ចាស់​ប្រុស​ឱ្យ​ទៅ​ពិនិត្យ​​មើល​ក្រឡ​ទី​មួយ​។ពេល​ឃើញ​មនុស្ស​ស្លាប់​ក្រញង់​នៅ​ក្នុង​នោះ​គាត់​រន្ធត់ រត់​​​ថយ​ក្រោយ​ដោយ​​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។ ម៉ូជាណា​ប្រាប់​គាត់​​ពី​ដើម​ដល់​ចប់​ទាក់ទង​និង​​ហេតុ​ភេទ​នៃ​ឈ្មួញ​នោះ​ទើប​អាលីបាបា​ដឹង​ថា​ គេ​មិន​មែន​ជា​ឈ្មួញ​ទេ។ នាង​ក៏​ប្រាប់​ទៀត​​ថា៖

“មិនដឹងជា​វា​នោះ​មក​ពី​ណា​ចង់​បាន​អ្វី​ពី​លោកម្ចាស់​ទេ​ប៉ុន្តែ​កន្លង​មក​ច្រើន​ថ្ងៃ​ហើយ​ខ្ញុំ​បាន​រក​ឃើញ​​ស្នាម​គំនូស​​ដីស​ពណ៌ស​បន្ទាប់​មក​គឺ​ពណ៌​ក្រហម​ដូច​ជា​មាន​អ្នកណា​ចង់​គូស​ចំណាំ​ផ្ទះ​យើង!តែ​ខ្ញុំ​ក៏​បាន​ទៅ​គូស​ផ្ទះ​អ្នក​ផង​អោយ​ដូចជា​ផ្ទះ​យើង​ដែរ!ប្រាកដ​ណាស់​គំនូស​នោះ​មាន​ទាក់ទង​នឹង​វា​នេះ!​។”

​អាលី បាបា កាត់យល់​ថា​នាង​ជា​ទាសករ​មាន​តម្រិះ​ពិបាក​រក​និង​មាន​គុណ​ជួយ​ជីវិត​ខ្លួន​ផង ក៏បាន​ផ្ដល់​សេរីភាព​ឱ្យ​នាង​ដោយ​និយាយ​ថា ៖

“នាង​ម៉ូជាណា​ខ្ញុំ​បាន​​ជំពាក់​ជីវិត​នាង​អាច​ចេញ​ពី​ភាព​ជា​ទាសករ​ពី​ពេលនេះ​ទៅ!​ចូរ​នាង​ទៅ​រស់នៅ​ដោយ​សុខសាន្ត ចុះ!”

​តែ​នាង​មិន​ព្រម​ចាកចេញ​ឡើយ​ដោយ​លើក​ឡើងវិញ​ថា៖

“លោកម្ចាស់​ដ៏​សប្បុរស!សូម​ទុក​ខ្ញុំ​ក្នុង​គ្រួសារ​នេះ​ផង!ឥឡូវ​ចោរ​នោះ​ក៏​វា​រត់​រួច​ទៅ​បាន មិន​ដឹង​នឹង​មាន​អ្វីៗ​ទៀត​អត់ទេ!ខ្ញុំ ពេញចិត្ត​នឹង​ការពារ​លោក​ម្ចាស់!”

អាលីបាបា​លឺ ហើយ​ពេញចិត្ត​នាង​ណាស់​ក៏​អោយ​រង្វាន់​ប្រាក់​មួយ​ចំនួន​ក្រែល​ហើយ​អោយ​ម៉ូជាណា​ទទួល​តំណែង​ថ្មី​ជា​អ្នក​គ្រប់គ្រង​ការងារ​ផ្ទះ​លើ​ពួក​ទាសករ​នានា។

ពួកគេ​កប់​សព​ចោរ​នៅ​ក្នុង​សួន​ហើយ​រាប់​ឃើញ​ថា​មាន​ចំនួន​៣៧នាក់។នាង​ជា​ម៉ូជាណា​យក​រទេះ​​សេះ​ទៅ​លក់​ចោល​អស់​ឯ​អាលីបាបា​នៅ​ផ្ទះ​ឯណេះ​ក៏​ចូល​ទៅ​ដេក​រិះគិត​ពី​គ្រោះថ្នាក់​នោះ​ដោយ​ដឹង​ថា​ពួក​នោះ​ច្បាស់​ជា​ក្រុម​ចោរ​ព្រៃ​ក្នុង​ចំណោម​៤០នាក់​ដែល​ខ្លួន​បាន​ឃើញ​នៅ​មុខ​រូង​មាស​ប្រាកដ​ណាស់។គាត់ គិត​ហើយ បារម្ភ​ជានិច្ច​ថា​នៅ​បី នាក់​ទៀត​មិនទាន់​ស្លាប់​នៅឡើយ​មិន​ដឹង​ថា​តទៅ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​គ្រួសារ​នេះ​ទៀត​ដែរ​ទេ។

ចំណែក​មេ​ចោរ​នោះ​ទោះ​​ត្រលប់​ទៅ​រូង​ភ្នំ​ជាមួយ​ភាព​​ឯកោ​រក៏​មិនព្រម​បំបាត់​ការ​តាំង​ចិត្ត​ថា​នឹង​សម្លាប់​អាលី បាបា អោយ​ខាង​តែ​បាន​ដើម្បី​សង​សឹក​ឱ្យ​បក្សពួក​របស់​ខ្លួន​នោះ​ដែរ។

ប៉ុន្មាន​ខែ​​ក្រោយ​មក​ គេ​ចាប់​ផ្តើម​ផែន​ការ​ថ្មី​ដោយ​កាត់សក់ កោរពុកមាត់ ស្លៀកពាក់​ថ្លៃថ្នូរ​ធ្វើ​ដំណើរ​ចូល​ក្រុង​រក​ទិញ​ដី​នៅ​ទល់​មុខ​នឹង​ហាង​​របស់​កូន​ប្រុស​អាលី បាបា។បន្ទាប់មក ក៏​សង់​ជា​ហាង​រកស៊ី​​​ហើយ​វិល​ទៅ​រូងភ្នំ​ជញ្ជូន​របស់របរ​​មាន​តម្លៃ និង​សំពត់ សូត្រ​ជា​ច្រើន ​បើក​ហាង​នោះ​លក់ដូរ​ធ្វើ​ដូចជា​អ្នក​រកស៊ី​នានា​​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា កូជា ហាស្សាម ។

​មិន​យូរ​ប៉ុន្មាន​គេ​ក៏​បាន​សម្រេច​ក្នុង​ការ​ទំនាក់ទំនង​រាប់​អាន​ជា​មួយ​កូន​ប្រុស​របស់​អាលី បាបា ។យូរៗទៅ​ចោរ​នោះ​ក៏​រក​បាន​មធ្យោបាយ​សុំ​កូន​ប្រុស​នោះ​​​ទៅ​លេង​សួរ​សុខទុក្ខ​ដល់​​អាលី បាបា​ជា​ឪពុក​ដល់​ផ្ទះ​។

អាលី បាបា ចង់​បង្ហាញ​តប​ពី​សន្ដាន​ចិត្ត​ល្អ​ចំពោះ​មិត្ត ភក្តិ​ជំនួញ​របស់​​កូន​ប្រុស​ខ្លួន​ក៏​បាន​អញ្ជើញ​គេ​ទៅ​ផ្ទះ​ខ្លួន​ឥត​សង្ស័យ​និង​ទទួល​រាក់​ទាក់​ទៀត​។

ល្ងាច​ឡើង​​ឈ្មួញ​​នេះ​ធ្វើ​ល្បិច​លា​​បម្រុង​ចាក​ចេញ​ទៅ​វិញ​ធ្វើ​អោយ​ អាលី​ បាបា នឹក​ឃើញ​​ឃាត់​គេ​ភ្លាម​ថា៖​

“តើ​​ប្រញាប់​ទៅ​ណា​ដោយ​តក់ក្រហល់​​មិន​នៅ​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​ខ្ញុំ​?”

បុរស​ជា​ឈ្មួញ​ធ្វើជា​បដិសេធ​ដោយ​និយាយ​ថា​ គេ​មាន​ហេតុ​ផល​មួយ។ ដោយសារ​អាលី បាបា ចង់​ឃាត់​គេ​ឱ្យ​នៅ​បរិភោគ​អាហារ​ពេល​ល្ងាច​ដោយ​ក្តី​រាប់អាន​និង​រឹកពារ​ស្លូតបូត​របស់​គេ ​ក៏​ជជីក​សួរ​ពី​ហេតុផល​នោះ។

ឈ្មួញ​នោះ​ក៏​ឆ្លើយ​ថា ៖ “លោក​ម្ចាស់​ តាម​ពិត​ខ្ញុំ​ទើសទាល់​ខ្លាចក្រែង​លំបាក​ម្ចាស់ផ្ទះ​ព្រោះតែ​ខ្ញុំ​ប្លែក​ខុស​គេ​ត្រង់​មិន​អាច​​បរិភោគ​អាហារ​ដែល​មាន​ដាក់​អំបិល​ទេ”។

អាលី បាបា ស្ដាប់​ហេតុ​ផល​ហើយ​ក៏​ឆ្លើយ​តប ៖

“បើ​នោះ​ជា​ការពិត គ្មាន​អ្វី​ត្រូវ​ព្រួយ​ទេ!​ដោយ​ក្តី​រាប់អាន​របស់​យើង យប់​នេះ​ទាំង​សាច់​ និង​នំប៉័ង​ដែល​យើង​បរិភោគ​គឺ​គ្មាន​ជាតិ​អំបិល​ឡើយ”។

ឈ្មួញ​ដឹង​ថា​ឱកាស​ដល់​ហើយ​ក៏​ងក់ក្បាល​ទទួល​តាម​សំណើ​ម្ចាស់ផ្ទះ​ភ្លាម​និង​ដោយ​រីករាយ​បំផុត។អាលីបាបា​ម្នីម្នា​ចូល​ទៅ​ខាង​ចង្ក្រាន​បង្គាប់​នាង​ម៉ូជាណា​អោយ​ចាត់ចែង​ពួក​ទាសករ​ចម្អិន​អាហារ​តែ​ហាម​បង់​អំបិល​ដែល​ប្រការ​ចម្លែក​ប្លែក​ពី​ប្រក្រតី​នេះ​​ធ្វើ​ឱ្យ​នាង​នឹក​ងឿងឆ្ងល់​។

នាង​ក៏​មិន អាច​អត់ទ្រាំ​បាន សួរ​ថា ៖

“មាន​មនុស្ស​ដែល​​បរិភោគ​អាហារ​សាបឈឹង​មិន​ដាក់​អំបិល​ដែរ?”

ម្ចាស់​ប្រុស​តប​ដោយ​ឥត​ខ្វល់ខ្វាយ​៖

 “គេ​ជា​ឈ្មួញ​ស្លូត​ត្រង់​រាប់អាន​កូនប្រុស​ខ្ញុំ! ដូច្នេះ​នាង​បំពេញ​បំណង​គេ​ទៅ”។

នាង​ទទួល​យល់ព្រម​តែ​អត់​ទ្រាំ​នឹង​ការ​ចង់​ឃើញ​មុខ​ជន​ចម្លែក​នេះ​មិន​បាន ​ក៏​ធ្វើ​ជា​​ជួយ​លើក​អាហារ ជាមួយ​ទាសករ​ផ្សេង​ ទៅ​ទីនោះ។នាង​មើល​ហាស្សាម​ដោយ​ពិនិត្យពិច័យ​ទីបំផុត​នាង​ឃើញ​គេ​​មាន​លាក់​កូន​កាំបិត​ស្នៀត​នៅ​ក្នុង​សំលៀកបំពាក់។ នាង​ភ្ញាក់ព្រើត​ខំ​រិះរក​នឹក​ពី​ភិនភាគ​គេ​ទើប ស្គាល់​ថា​ កូជា ហាស្សាម ជា​មេក្រុម​ចោរ​ដដែល​ដែល​ធ្លាប់​ពុត​ជា​អ្នក​លក់​ប្រេង។

នាង​នឹក​ក្នុង​ចិត្ត​ថា៖

 “បុរស​កំណាច​នេះ​នៅ​តែ​ចិញ្ចឹម​ចិត្ត​​ចង់​សម្លាប់​ម្ចាស់​ប្រុស​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​បំផ្លាញ​ផែនការ​អកុសល​របស់​គេ​​នេះ!គេ​មិន​ដាក់​អំបិល​ក្នុង​ម្ហូប​ប្រាកដ​ណាស់​មិន​ចង់​អោយ​អ្នកណា​ហូប​ម្ហូប​គិត​ពី​ហូប​ស្រា​នឹង​អាល​ស្រវឹងងាយ!”។

នៅ​ពេល​ម្ហូប​ចម្អិន​​រួច​រាល់​ហើយ​ពិធី​លៀង​ភ្ញៀវ​ចាប់ផ្ដើម។ នៅ​ក្នុង​បន្ទប់​អាហារ​​មាន​តែ កូជា ហាស្សាម ជា​មួយ​អាលី បាបា និង​កូន​ប្រុស​របស់​គាត់ ។​មេ​ចោរ​រូប​នេះ​ពិត​ជា​​មាន​បំណង​ឱ្យ​ពួក​គេ​ស្រវឹងលឿន​ ដូច្នេះ​គេ​មិន​អោយ​បង់អំបិល​ធ្វើ​អោយ​ឳពុក​កូន​នោះ​មិន​អាច​បរិភោគ​អ្វី​កើត​ក្រៅ​តែ​ពី​ផឹក​ស្រា​ឆាប់​ស្រវឹង​នឹង​អាល​ខ្លួន​អាច​ចាក់​​សម្លាប់​ពួក​គេ​ចោល​ទាំង​ពីរ​នាក់​ដោយ​មិន អាច​តដៃ​។

គេ​មិន​ដឹង​ទេ​ថា  ដើម្បី​ការពារ​ប្រការ​នេះ​នាង ម៉ូជាណា​ បាន​ស្លៀក​​ពាក់​ដូច​នារី​រាំ​របាំ​ យក​ខ្សែរ​​ចង​ចង្កេះ​ហើយ​សៀត​កូន​កាំបិត​ដង​ប្រាក់​មួយ និង​ប្រាប់​អេបដាឡា​ទាសករ​ម្នាក់​ទៀត ឱ្យ​យក​កូន​ស្គរ​ចេញ​ទៅ​សំដែង​ជូន​ម្ចាស់​ប្រុស​និង​ភ្ញៀវ​របស់​គាត់​ជា​មួយ​នាង។

អេបដាឡា​យក​ស្គរ​មក​លេង​ពី​មុខ​​ ម៉ូជាណា រហូត​ដល់​មាត់​ទ្វារ​ទើប​គេ​ឈប់​វាយ​ស្គរ ហើយ​ម៉ូជាណា ចូល​ទៅ​ឱន​លំទោន​គោរព​ម្ចាស់​និង​ភ្ញៀវ។ អាលី បាបា បង្គាប់ថា “ចូល​មក​ម៉ូជាណា ហើយ​សំដែង​ឱ្យ​ កូជា ហាស្សាម មើល​ថា​នាង​ចេះ​អ្វី​ខ្លះ​ទៅ” និយាយ​ហើយ​គាត់​ងាក​ទៅ​ប្រាប់​ កូជា ហាស្សាម “នាង​ជា​​មេផ្ទះ​របស់​ខ្ញុំ”។

កូជា ហាស្សាម មិន​សប្បាយ​ចិត្ត​ទេ​ព្រោះ​គេ​ខ្លាច​គម្រោងការ​សម្លាប់​ អាលី បាបា នឹង​ត្រូវ​ខកខាន​ដោយសារ​ការ​សំដែង​នេះ ប៉ុន្តែ​ដើម្បី​កុំអោយ​អ្នកផង​សង្ស័យ ​គេ​ធ្វើ​ពុត​ជា​អន្ទះសា​ចង់​ឃើញ​ការ​សំដែង​របស់ ម៉ូជាណា យ៉ាង​ខ្លាំង។

អេបដាឡា ចាប់​ផ្ដើម​លេង ឯ​ម៉ូជាណា​ចាប់​ផ្ដើម​រាំ។ ​នាង​រាំ​ជា​ច្រើន​បទ​ហើយ​ពេលខ្លះ​​ដក​កូន​កាំបិត​ដង​ប្រាក់​ចេញ​មក​គ្រវីគ្រវាត់ ពេល​ខ្លះ​ភ្ជង់​ដើម​ទ្រូង​ខ្លួន​ឯង  ពេល​ខ្លះ​ភ្ជង់​ម្ចាស់​របស់​នាង​។

 ភ្លាម​នោះ​នាង​កញ្ឆក់​ស្គរ​ពី​អេបដាឡា ដោយ​ប្រើ​ដៃ​ឆ្វេង ហើយ​កាន់​កូន​កាំបិត​ដៃ​ស្ដាំ ហុច​ស្គរ​ទៅ​ម្ចាស់​របស់​នាង។ អាលី បាបា និង​កូន​ប្រុស​ដាក់​មាស​មួយ​ដុំ​នៅ​លើ​ស្គរ ហើយ​កូជា ហាស្សាម ឃើញ​ថា​នាង​នឹង​មក​រក​ខ្លួន ក៏​លូក​ដៃ​បម្រុង​ទាញ​កាបូប​ចេញ​មក​ដើម្បី​ផ្ដល់​អំណោយ​ដល់​នាង​ ប៉ុន្តែ​ខណៈ​ដែល​គេ​លូក​ដៃ​ចូល ម៉ូជាណា តាំងស្មារតី​បុក​កាំបិត​មួយ​ទំហឹង​​ចាក់​សំដៅ​បេះដូង​គេ​អោយ​មេចោរ​ដួល​ដេក​ទៅ​ក្រោយ​ស្លាប់​ភា្លម​មួយ​រំពេជ។

អាលី បាបា ស្រឡាំងកាំង​ឯ​​កូន​ប្រុស​ស្រែក​ដោយ​រន្ធត់​ថា៖

 “​នាង​បង្ក​គ្រោះ​ដល់​​ពួក​យើង​ហើយ!នាង​សម្លាប់​គេ​ហើយ​ព្រះ អើយ!”

ម៉ូជាណា តប​ម្ចាស់​វិញ​ដោយ​ឥត​សង្ស័យ៖

 “គឺ​ដើម្បី​ការពារ​លោក​ម្ចាស់​ទេ !សូម​មើល​នេះ​ទៅ!”

នាង​ទាញ​កូន​កាំបិត​ដែល​ឈ្មួញ​ក្លែងក្លាយ​នេះ​បាន​លាក់​ចេញ​មក​បង្ហាញ​ម្ចាស់។ នាង​បន្ត ថា៖

“លោក​ម្ចាស់! ​ភ្ញៀវ​​ដែល​លោកម្ចាស់​កំពុង​រីករាយ​ជា​មួយ​មាន​លាក់​អ្វី​នឹង​ខ្លួន!ហើយ​តើ​លោក​ម្ចាស់​ចាំ​មុខ​គេ​ទេ? ចំណែក​ដែល​គេ​ធ្វើ​ពុត​ជា​មិន​បរិភោគ​អាហារ​មាន​អំបិល​ព្រោះ​មិន​ចង់​អោយ​លោក​​​ម្ចាស់​​មាន​អ្វី​ផ្សេង​បរិភោគ​ទៀត​ក្រៅ​ពី​ស្រា!តាម​ពិត​មើល​គេ​ទៅ! គេ​ជា​ឈ្មួញ​ប្រេង​ក្លែងក្លាយ កាល​ប៉ុន្មាន​ថ្ងៃមុន​ ជា​មេ​នៃ​ចោរ​​ក្នុង​ពាង​ទាំង​៣៧​នាក់​នោះ!គេ​មិន​បោះបង់​គំនិត​សម្លាប់​លោកម្ចាស់​សោះ!ដូច្នេះ​ខ្ញុំ ត្រូវតែ​សម្លាប់​គេ!”។

អាលី បាបា ភ្ញាក់ព្រើត​ចំពោះ​គ្រោះថ្នាក់​ដែល​ទើប​តែ​រំលង​ទៅ​ថ្មីៗ​នេះ។គាត់​នឹក​ដឹង​គុណ​ម៉ូជាណា ជា​ពន់ពេក​ដែល​នាង​​បាន​សង្គ្រោះ​ជីវិត​របស់​គាត់ ជាថ្មី។

គាត់​ហៅ​កូនប្រុស​មក​ប្រាប់​ថា៖

“​ម៉ូជាណា​ជា​ស្ត្រី​ដ៏​ល្អ!ចូរ​គុណ​សងគុណ​នាង​ដោយ​អោយ​នាង​រស់នៅ​ជា​ស្ត្រី​របស់​កូន​ក្នុង​ជីវិត​នេះ!មួយ​ទៀត​មាន​នាង​នៅ​ទីនេះ​នាង​អាច​ការពារ​គ្រួសារ​នេះ​ដោយ​បញ្ញា​និង​ភាព​ក្លាហាន​របស់​នាង​បាន!ពុក​សង្ស័យ​ថា​ក្រុម​ចោរ​នោះ​នៅ​មាន​គ្នា​ពីរ​នាក់​ផ្សេង​ទៀត​ដែល​មិនទាន់​ស្លាប់​នៅឡើយ​កូន!”

កូនប្រុស​មិន​បដិសេធ​អ្វី​ឡើយ​ដោយ​ព្រម​តាម​ឳពុក​ទាំងអស់​។ដូច្នេះ​ហើយ​គាត់​ក៏​សម្រេច​​ផ្សំផ្គុំ​នាង​ជា​មួយ​កូន​ប្រុស​របស់​គាត់​​ក្រោយ​ពី​ថ្ងៃ​កើត​ហេតុ​នោះ​យ៉ាង​អ៊ឹកធឹក​។

ច្រើន​ឆ្នាំ​ក្រោយមក​ អាលី បាបា សំងំ​ចាំ​​ដំណឹង​ពី​ចោរ​ពីរ​នាក់​ទៀត​មិន​ឃើញ​មាន​អ្វី​កើតឡើង​ ក៏​សាកល្បង​​​ចេញ​ទៅ​រូង​ភ្នំ​នោះ​ពិនិត្យ​មើល។

គាត់​និយាយ​ថា “បើក សេសាម!” ​ដើម្បី​បើក​ទ្វារ។

ស្ថានការណ៍​ទីនោះ​គ្មាន​អ្វី​ថ្មី ឡើយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ជា​សញ្ញា​ថា​​ ធ្វើ​អោយ​គាត់​​ដឹង​​ថា តាំង​ពី​មេក្រុម​ចោរ​ស្លាប់​ទៅ​មិនដែល​​មាន​នរណា​ចេញ​​ចូល​មក​ទី​នេះ​ទេ ដូច្នេះ​បាន​ន័យ​ថា​លែង​មាន​ចោរ​ពីរនាក់​នោះ​ទៀត​ហើយ​។

 គាត់​ដឹក​មាស​តាម​ដែល​គាត់​អាច​យក​បាន​ត្រលប់​ទៅ​ក្រុង​វិញ។

ពេល​ចូល​វ័យ​ចាស់ជរា​ជិតស្លាប់ គាត់​បាន​ប្រាប់​កូន​ប្រុស​គាត់​ពី​អាថ៌កំបាំង​នៃ​រូង​ភ្នំ​នោះ និង​បាលី​បើកទ្វារ​ផង​ដែរ។កូន​ប្រុស​របស់​គាត់​ក៏​បន្ត​​វេន​ទៅ​ដឹក​ទ្រព្យ​នោះ​មក ដូច្នេះ​ហើយ​កូន​និង​ចៅ​ជំនាន់​ក្រោយ​របស់​អាលី​ បាបា បាន​រស់​ក្នុង​ភាព​ស្ដុកស្ដម្ភ​រហូត​ត​រៀង​ទៅ៕

ចប់

ចុចអាន អាឡាដាំងនិងចង្កៀងទិព្វ